៤- គ្រូពេទ្យចិត្តធម៌
ថ្ងៃសៅរ៍ ទី12.ធ្នូ 2015.ម៉ោង 9:06

សង្រ្គោះអ្នកក្រ ស្មោះសល្អ មិនថាថ្ងៃយប់
អិតឈប់សំច ទោះទីជិតឆ្ងាយ គ្មានស្ដាយកម្លាំង។
អាចោរអប្បលក្ខណ៍ ធ្លាប់ធ្វើអិស្សរ ចិត្តខ្មៅដូចខ្មាំង
លបលួចចូល ប៉ុនប៉ងប្រឆាំង អោយពេទ្យរណំ
សង្ខារក្សិនក្ស័យ ។
ព្រឹក​ស្អែក​ឡើង នៅ​ពេល​លោក​គ្រូ​ពេទ្យ​ត្រលប់​មក​ផ្ទះ​វិញ ការ​ឈ្លោះ​ប្រ​កែក​គ្នា​រវាង​លោក​គ្រូ​ និង ភរិយា​ក្មេង​ក៏​ចាប់​ផ្ដើម​ម្ដង​ទៀត​។
- អូន​មិន​គួរ​ខឹង​ នឹង បង​សោះ​! សព្វ​រឿង​ប៉ុណ្ណឹង​ទៅ​ជា​យំ​ស្រែក​មិន​ចេះ​ខ្មាស​គេ ករណីយ​កិច្ច​របស់​គ្រូពេទ្យ​វា​អីចឹង​ណា៎​អូន​?​
លោកគ្រូប្រឹងនិយាយលួងលោមប្រពន្ធដោយឃើញចន្ទីខឹងខ្លាំង។
- ហ៊ឹះ! ករណីកិច្ច! ចុះត្រង់គេរាល់គ្នា គេគិតដូចបងអីចឹងដែររឺ ?
ចន្ទី ឆ្លើយរ៉ាវទាំងទឹកភ្នែកមកប្ដីវិញ
- អូនយកគេ យកមកប្រៀបនឹងបងមិនបានទេ! ព្រោះចិត្តគំនិតមនុស្សយើងវាខុសគ្នា!
- ចាប់តាំងពីបងមកនៅធ្វើពេទ្យស្រុកគៀនស្វាយ មិនទាន់ឃើញបានផលអ្វីសោះ !
- ម្ដេចក៏អូនថាមិនបាន ?
- ចុះបានអ្វីខ្លះទៅ ?
ចន្ទីសួរសង្ឃកទៅប្ដី តែលោកគ្រូពេទ្យនៅញញឹមដោយអារម្មណ៍ត្រជាក់
- អូនមិនទាន់ដឹងថាបានអ្វីខ្លះរឺ? គឺ​បាន​ប្រយោជន៍​ជូន​ជាតិ បាន​សេច​ក្ដី​សុខ​ជូន​រាស្រ្ត​ខ្មែរ បាន​ជួយ​សង្រ្កោះ​ជីវិត​អ្នក​ជំងឺ​អោយ​រួច​ពី​សេចក្ដី​ស្លាប់​
- ច៎ាះ! បានប៉ុណ្ណឹង? ចំណែក​លុយ​កាក់​មាស​ប្រាក់​គ្មាន​បាន​ទេ រវល់​តែ​យោគ​យល់​អ្នក​នេះ​អ្នក​ក្រ​អ្នក​នោះ គ្មាន​ប្រាក់ ហ៊ឺ​! មិន​យូរ​ប៉ុន្មាន​មុខ​តែ​ខ្វះ​ប្រាក់​ទិញ​ថ្នាំ ហើយ​ខ្វះ​អង្ករ​ច្រក​ឆ្នាំង​ជា​ពុំ​ខាន​
- ចន្ទី! អូនកុំមើលឃើញប្រាក់ធំជាងមនុស្សធម៌ណា៎ ជីវិតមនុស្សថ្លៃជាងប្រាក់ឆ្ងាយណាស់
- តែមនុស្សមានសេចក្ដីសុខ អាចរកសុភមង្គលបានក៏ដោយសារប្រាក់
លោកគ្រូពេទ្យ នឹកហួសចិត្តនឹងប្រពន្ធ ក្រវីក្បាលសើច
- ហះ! ហា! អូនកំពុងយល់ខុសធំហើយ
- យល់ខុសរឿងអ្វី ?
ចន្ទី​សួរ​ទៅ​ប្ដី​ធ្វើ​មុខ​ក្រញ៉ូវ​ដោយ​មិន​ពេញ​ចិត្ត​។ លោក​គ្រូ​ពេព្យ​ចង់​ឆ្លើយ​ឆ្លង ជូន​ចិត្ត​ប្រពន្ធ​ក្មេង​លេង​ត​ទៅ​ទៀត តែ​ពេល​នោះ​កល្យាណ​លើក​ថាស​នំបុ័ង​កា​ហ្វេ​ចូល​មក លោក​គ្រូ​បង្អាក់​ប្រយោគ​ត្រឹម​ហ្នឹង បែរ​មក​សួរ​កល្យាណ​ថា៖
- អូនកល្យាណ . . . ! ណាវីទៅអែណាហើយម្ដេចក៏មិនឃើញ ?
- ចា៎:! ណាវីនៅគេងមិនទាន់ភ្ញាក់ទេបង! ឆ្លើយរួចយុវតីក៏ដើរចេញទៅក្រៅទៅ ។

លោក​គ្រូ​ពេទ្យ​និង​ភរិយា នាំ​គ្នា​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក ដោយ​សភាព​ស្ងប់​ស្ងាត់​។ ទឹក​មុខ​ក្រៀម​ក្រោះ​ជា​ទី​បំផុត​។ លំដាប់​ត​ទៅ​នេះ អ្នក​និពន្ធ​សូម​នាំ​ក្រ​សែ​ចក្ខុ​អស់​លោក​អ្នក​អាន​ទៅ​អោយ​ស្គាល់​ប្រវត្តិ​លោក​គ្រូ​ថ្នាំ​ខ្មែរ រឺ​លោក​គ្រូ​​ឈុន​ម្ដង​។ លោក​គ្រូ​ឈុន​គ្មាន​ចេះ​ដឹង​ខាង​វិជ្ជា​ពេទ្យ​ទេ​ លោក​គ្រូ​ពី​ដើម​ជា​មេ​ឥស្សរ​ចាស់​ ធ្លាប់​រស់​នៅ​តាម​ព្រៃ​ក្រំ​ថ្ម ជ្រោះ​ជ្រង​ជ្រ​លង​ដង​អូរ ម្ល៉ោះ​ហើយ​ក៏​បាន​រៀន​តាម​គេ​តាម​អែង​អំពី​របៀប​ផ្សំ​ថ្នាំ​រិស​ឈើ និង​ប្រទាល​ផ្សេង​ៗ ដែល​ជា​ឱសថ​ដោះ​ទាល់​មួយ​ដង​មួយ​យាម​ក្នុង​ព្រៃ​ភ្នំ​ដោយ​មិន​ដឹង​រត់​ទៅ​រក​ថ្នាំ​ពេទ្យ​អែ​ណា​។ លុះ​ស្រុក​ទេស​សាន​ត្រាន​បាន​​អែក​រាជ្យ​ លោក​គ្រូ​ឈុន​ក៏​សារ​ភាព​ខ្លួន​ចូល​មក​ធ្វើ​ពល​រដ្ឋ​ត្រឹម​ត្រូវ​ ដូច​គេ​អែង​ក្នុង​ស្រុក​គៀន​ស្វាយ ហើយ​ក៏​ប្រកប​មុខ​​របរ​ជា​លោក​គ្រូ​មើល​ជំងឺ​ដោយ​ថ្នាំ​រឺស​ឈើ ​រឺ​ថ្នាំ​ខ្មែរ​នេះ​។

លោក​គ្រូ​ឈុន​ជា​មនុស្ស​បូជា​ទឹក​ប្រាក់​ជាង​ជិវិត​មនុស្ស​។ អ្នក​ជំងឺ​ដែល​ចូល​មក​រក​លោក​សុំ​អនុ​គ្រោះ យំ​ទឹក​ភ្នែក​ទឹក​សំបោរ​ លោក​គ្រូ​មើល​ឃើញ​ទៅ​ជា​នុយ​ដ៏​មាន​អោ​ជា​រស ប្រឹង​លេប​ត្របាក់​ដោយ​អិត​កេរ​ខ្មាស់​។ តែ​បើ​ជន​ជំងឺ​នោះ ជា​អ្នក​ក្រី​ក្រ​ គ្មានប្រាក់​គ្រាន់​នឹង​ទ្រនឹប​គ្រូ​របស់​លោក​គ្រូ​វិញ លោក​គ្រូ​បណ្ដេញ​អោយ​ចុះ​ចេញ​ពី​លើ​ផ្ទះ​យ៉ាង​គ្មាន​ធម៌​មេត្តា​ ព្រោះ​លោក​គ្រូ​មាន​ឧត្ត​គតិ​ប្លែក​ពី​គ្រូ​គេ​ដទៃ គី​និយម​តែ​លោក​ប្រាក់​ម្យ៉ាង​ប៉ុណ្ណោះ​។

អីលូវ​នេះ លោក​គ្រូ​ឈុន​មាន​ការ​កង្វល់​ជា​ខ្លាំង​ ដោយ​មក​ពី​អ្នក​ស្រុក​លែង​មាន​ជំនឿ​ទៅ​លើ​ថ្នាំ​រឺស​ឈើ ហើយ​បែរ​នាំគ្នា​ទៅ​ជឿ​ពេទ្យ​អស់​។ សត្រូវ​ទី​មួយ​របស់​លោក​គ្រូ គឺ​លោក​គ្រូ​ពេទ្យ​សែន​មេត្តា​ លោក​គ្រូ​ដែល​ស្រ​លាញ់​ជីវិត​មនុស្ស​ ជាង​ទឹក​ប្រាក់​ ផ្ទុយ​ស្រលះ​ពី​គោល​គំនិត​របស់​លោក​គ្រូ​ឈុន​មេឃ និង ដី​។ ម្ល៉ោះ​ហើយ​លោក​គ្រូ​ឈុន ជា​មនុស្ស​ចិត្ត​ឃោរ​ឃៅ​ធ្លាប់​រស់​នៅ​ក្នុង​ជី​វភាព​អិស្សរ​ មក​ពី​មុន​ស្រាប់ ក៏​នឹក​ច្រណែន​ឈ្នា​និស​ ដើរ​ហៅ​ដើរ​កេណ្ឌ​ពួក​កូន​ចៅ​ចាស់​ៗ មក​ប្រជុំ​គ្រោង​ការ​ណ៍​ព្យា​បាទ​មួយ ចំពោះ​លោក​គ្រូ​ពេទ្យ​សែន​មេត្តា​ជា​សំងាត់​។

នែ! ពួកអារាល់គ្នា! (លោក​ឈុន និ​យាយ​ទៅ​កាន់​កូន​ចៅ​ចាស់) អញ​សព្វ​ថ្ងៃ​រក​ស៊ី​លែង​បាន​ដូច​មុខ​ទៀត​ហើយ អ្នក​ស្រុក​គេ​ស្អប់​អញ​គេ​លែង​ជឿ​ថ្នាំ​រិស​ឈើ បែរ​ជា​នាំ​គ្នា​ទៅ​ជឿ​ថ្នាំ​ពេទ្យ​អស់​រលីង ទាំង​នេះ​គឺ​មក​តែ​ពី​មាន​អាលោក​គ្រូ​ពេទ្យ​សែន​​មេត្តា​នោះ​អែង។
- ចុះលោកគ្រូ ហៅពួកខ្ញុំមកប្រជុំនេះដើម្បីសំរេចពីគោលបំណងអ្វីដែរ ? កូនចៅចាស់ម្នាក់សួរឡើង។
- អើ! អា​ដុន​ ចិត្ត​អញ​​ដូច​ពួក​អែង​រាល់​គ្នា​ធ្លាប់​ស្គាល់​ស្រាប់​ អញ​មិន​ដែល​អោយ​ចាញ់​ប្រៀប​អ្នក​ណា​ទេ អញ​ហៅ​ពួក​អែង​រាល់​គ្នា​មក​ប្រជុំ​នេះ គឺ​បបួល​គ្នា​ទៅ​ប្លន់​ផ្ទះ​អា​លោក​គ្រូ​ពេទ្យ​មេត្តា​ កាប់​សំលាប់​វា​មួយ​ផ្ទះ​កុំ​អោយ​សល់ តើ​ពួក​អែង​យល់​ព្រម​ចូល​ដៃ​ជា​មួយ​អញ​ទេ ​?
- បាទ! យល់ព្រមលោកគ្រូ!
- ពួកកូនចៅចាស់ ឆ្លើយឡើងស្រុះគ្នាវៀរលែងតែដុនម្នាក់ មិនព្រមឆ្លើយ
- យើងគិតចូលប្លន់ផ្ទះវាថ្ងៃណាលោកគ្រូ ? កូនចៅម្នាក់ទៀត ឈ្មោះគ្រឿងសួរទៅលោកគ្រូឈុន
-លោកគ្រូចិត្តចោរ អង្គុយស្ងៀមគិតមួយស្របក់ ក៏ក្តក់ដៃ ឆ្លើយទៅបរិវារជំនិតថា ៖
- យើង​ចូល​ប្លន់​ផ្ទះ​វា នៅ​ពេល​ម៉ោង ​១២ យប់​ស្អែក​នេះ​ អា​គ្រឿន​អែង​រៀប​ចំ​គ្នា​យើង​អោយ​ស្រួល​បួល​ ហើយ​កុំ​អោយ​បែក​ការណ៍​ណា៎​ បើ​អញ​ដឹង​ថា បែក​ការណ៍​ពី​អាណា​មួយ អញ​នឹង​សំលេះ​វា​ចោល​មួយ​រំពេច​ ចិត្ត​ថ្លើម​អញ អែង​ធ្លាប់​ដឹង​ស្រាប់​មក​ហើយ​កាល​នៅ​ធ្វើ​មេអិស្សរ​វា​សំបើម​យ៉ាង​ណា​។
កូន​ចៅ​លោក​គូ្រ​ឈុន​ស្ងាត់​ច្រៀប​ គ្មាន​នរ​ណា​ហ៊ាន​ជំទាស់​ រឺ​បញ្ចេញ​យោ​បល់​អ្វី​ឡើយ​ ព្រោះ​ម្នាក់​ៗ​សុទ្ធ​តែ​ធ្លាប់​បាន​ដឹង​ហើយ នូវ​បទ​បញ្ញាត្តិ​ច្បាប់​ព្រៃ​របស់​លោក​គ្រូ បើ​អ្នក​ណា​ហ៊ាន​ប្រឆាំង​ ក៏​ដូច​ជា​នាំ​ខ្លួន​ទៅ​រក​សេច​ក្ដី​ស្លាប់​ឆាប់​ប៉ុណ្ណោះ​។
- អែង​រាល់​គ្នា​ត្រូវ​ខិត​ខំ​ធ្វើ​ការណ៍​នេះ​អោយ​សំរេច (លោក​គ្រូ​មាន​វាចា​ត​ទៅ​ទៀត) បើ​សំរេច​បាន​សេច​ក្ដី​ថា អា​មេត្តា​វា​ត្រូវ​ស្លាប់​ បើ​បែរ​ជា​មិន​បាន​សំរេច​សម​គោល​បំណង​ទៅ​វិញ ពួក​អែង​ និង អញ​ប្រាកដ​ជា​ស្លាប់​ រឺ​មិន​ដូច្នោះ​ពួក​អ្នក​រាជ​ការ​ចាប់​បាន​ជា​មិន​ខាន ព្រោះ​សម័យ​នេះ​ជា​សម័យ​ប្រទេស​អែក​រាជ្យ​សុខ​សាន្ត​ ការ​ប្លន់​កាប់​សំលាប់​មិន​មែន​សប្បាយ​ដៃ​ដូច​សម័យ​អាណា​និ​គម​និយម​បារាំង​សែស​ទេ ហេតុ​នេះ​អែង​ត្រូ​វ​ទន្ទេញ​ធម៌​ប្រយ័ត្ន​អោយ​ជាប់​ជានិច្ច។
- សូមលោកគ្រូទុកចិត្តលើខ្ញុំចុះ ខ្ញុំនឹងខិតខំធ្វើការនេះបំរើលោកគ្រូទាល់តែសំរេច

នាយគ្រឿន និយាយបញ្ចេញសេចក្ដីស្វាមី​ភ័ក្រ្ត​របស់​ខ្លួន​ចំពោះ​ចៅ​ហ្វាយ​ចាស់ដោយ​ទឹក​មុខ​មុត​មាំ​​។
លោកគ្រូឈុន នៅ​និយាយ​ពន្យល់​អំ​ពី​ល្បិច​កល​សំងាត់​ប្លន់​ផ្ទះ​លោក​គ្រូ​ពេទ្យ​សែន​មេត្តា​ ប្រាប់​ដល់​ពួក​បរិ​វារ​ខ្លួន​មួយ​សន្ទុះ​មក​ទៀត ទើប​អោយ​ពួក​ទាំង​នោះ​បែក​ខ្ញែក​គ្នា​ចេញ​ពី​ជំរុំ​សំងាត់​ទៅ​ផ្ទះ​វិញ​។ ដុន ត្រលប់​ទៅ​ដល់​ផ្ទះ​បាន​និយាយ​រឿង​ហេតុ​លោក​គ្រូ​ឈុន​ប្រើ​ខ្លួន និង​បក្ស​ពួក​អោយ​ទៅ​ប្លន់​ផ្ទះ​លោក​គ្រូ​ពេទ្យ សែន​មេត្តា នៅ​រាត្រី​ស្អែក​ប្រាប់​ប្រពន្ធ​​យ៉ាង​ល្អិត​ល្អន់​​។ ទី​បំផុត អតីត​កូន​អិស្សរ​ចាស់ ក៏​និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ទៅ​កាន់​ប្រពន្ធ​ថា​៖​

- ហ៊ឺ …! បង​មិន​ដាច់​ចិត្ត​ចូល​រួម​ដៃ​ទៅ​ប្លន់​ផ្ទះ​លោក​គ្រូ​ពេទ្យ​មេត្តា​ទេ​អូន បង​នៅ​ចាំ​មិន​ភ្លេច​កាល​យប់ ដែល​អូន​ចុក​ពោះ​ខ្លាំង បើ​កុំ​បាន​លោក​គ្រូ​ពេទ្យ​អញ្ជើញ​មក​មើល​អូន​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ​ ប្រ​ហែល​ជា​អូន​អស់​មាន​ជីវិត​ទៅ​ហើយ អីលូវ​លោក​គ្រូ​ឈុន​ប្រើ​ដូច្នេះ តើ​យើង​ចាត់​វិធាន​ការណ៍​ជួយ​សង្រ្គោះ​ ជីវិត​លោក​គ្រូ​ពេទ្យ​ចិត្ត​បុណ្យ​យ៉ាង​ម៉េច​ទៅ​វិញ​អូន​?

- យើង​ជំពាក់​គុណ​បុណ្យ​លោក​គ្រូ​ពេទ្យ​មេត្តា​ធ្ងន់​ណាស់​! (ប្រ​ពន្ធ​ដុន​និយាយ​ ព្រម​ទាំង​ហៀរ​ហូរ​ទឹក​ភ្នែក​រ​ហាម)​ លោក​គ្រូ​ឈុន ជា​មនុស្ស​ចិត្ត​កាច​សាហាវ​អាក្រក់​ឃោរ​ឃៅ​ផុត​លេខ​ កាល​ខ្ញុំ​ឈឺ​បង​ទៅ​អញ្ជើញ​អោយ​គាត់​មក​​មើល គាត់​មិន​ព្រម​មក​អែ​ណា ទាំង​នេះ​មក​ពី​គាត់​ឃើញ​យើង​ទី​ទ័ល​ក្រ​មិន​អាច​រក​ប្រាក់​អោយ​គាត់​បាន បើ​កុំ​តែ​បាន​ចិត្ត​សប្បុរស​ធម៌​របស់​លោក​គ្រូ​ពេទ្យ​មេត្តា ម្ល៉េះ​សម​ខ្ញុំ​ស្លាប់​ចោល​បង​និង​កូន​តូច​យើង​ទៅ​ហើយ អីលូវ​បើ​លោក​គ្រូ​ពេទ្យ​មេត្តា​មាន​ទុក្ខ យើង​ត្រូវ​សំដែង​សេច​ក្ដី​កតញ្ញូ​កត​វេទី​តប​ស្នង​សង​គុណ​លោក​វិញ​ណា៎​បង ….ប្រពន្ធ​ដុន​ឈប់​ស្ងៀម​បន្តិច ទើប​បន្ត​ពាក្យ​ទៅ​ទៀត៖

- បងត្រូវ​យក​ដំណឹង​នេះ ទៅ​ប្រាប់​ដល់​លោក​គ្រូពេទ្យ ហើយ​រក​កែណ្ឌ​កម្មករ​គ្នា​យើង​អោយ​ប្រុង​ជើង​ការ​ជួយ​គាត់​ក្នុង​ពេល​យប់​ស្អែក​អោយ​មែន​ទែន។ ចំណែក​រូប​បង​ក៏​មិន​ត្រូវ​ទៅ​រួម​ជា​មួយ​ពួក​ទុច្ច​រិត​ទាំង​នោះ​ដែរ។
- ត្រូវ​ហើយ​អូន! បង​និង​ប្រាប់​ពួក​កម្មករ​ធាក់​រ៉ឺ​ម៉ក​ទាំង​អស់​អោយ​បាន​ដឹង​ដំណឹងនេះ​ អូន​អែង​នៅ​មើល​ផ្ទះ​ចុះ​បង​ទៅ​ហើយ​!​
វាចា​ចប់ ដុន​ក៏​លោក​ភ្លែត​ចុះ​ពី​លើ​ផ្ទះ​រត់​តំរង់​ទៅ​ចំណត​រ៉ឺម៉ក​អែ​ផ្សារ​​គៀន​ស្វាយ​យ៉ាង​ប្រញាប់​។ ដុន​បាន​និយាយ​រឿង​រ៉ាវ​ ដែល​គេ​បាន​ដឹង​ប្រាប់​ទៅ​ពួក​កម្មករ​ទាំង​អស់ ជា​ពិសេស​គេ​ប្រាប់​ចន​កម្ម​ករ​ចិត្ត​មួយ​ថ្លើម​មួយ​ថា​៖
- រឿងនេះ បង​ចន​យក​ដំណឹង​ទៅ​ជំរាប​លោក​គ្រូ​ពេទ្យ​អោយ​បាន​ដឹង​ផង​ ខ្ញុំ​មិន​ហ៊ាន​ទៅ​ជំរាប​គាត់​ទេ​ខ្លាច​ពួក​លោក​គ្រូ​ឈុន​ឃើញ​នាំ​បែក​ការណ៍​ អាច​មាន​អន្ត​រាយ​ដល់​ជីវិត​ខ្ញុំ​ទៀត ចំណែក​មិត្ត​យើង​រាល់​គ្នា​នោះ​ទុក​អោយ​ខ្ញុំ​ចាត់​​ការ​ម្នាក់​អែង​បាន​ហើយ។
- មិនអីទេដុន! ចាំខ្ញុំទៅជំរាបលោកគ្រូពេទ្យ ដុនអែងទៅនិយាយពន្យល់ពួកយើងអោយស្គាល់បានមែនទែនទៅណា៎
- បាទបងកុំព្រួយ
ចន និយាយ​ផ្ដាំ​ផ្ញើ​បន្ថែម​ពាក្យ​ នឹង ដុន​មួយ​ម៉ាត់​ពីរ​ទៀត​អ្នក​ក៏​ធាក់​រ៉ឺម៉ក​ចេញ​ពី​បន​តំរង់​ទៅ​ផ្ទះ​លោក​គ្រូ​ពេទ្យ​សែន​មេត្តា​។ ពេល​នោះ កល្យាណ និង ណាវី​កំពុង​លេង​វាយ​សី​នៅ​វាល​មុខ​ផ្ទះ​។ កុមារី​តូច​ក្រលេក​ឃើញ​រ៉ឺ​ម៉ក​ឳពុក​បត់​ក្បាល​ចូល​មក​នាង​ក៏​ស្រែក​ប្រាប់​កល្យាណ​ដោយ​អំណរ​ថា៖​
- មីងយ៉ាន! មីងយ៉ាននុ៎ះ! ប៉ាណាវីមកលេងទៀតហើយ
ណាវី ទំលាក់​សី​ចោល​រត់​អោប​ឳពុក កល្យាណ​ឃើញ​មុខ​បុរស​នេះ​សេច​ក្ដី​អៀន​អន់​ក៏​កើត​មាន​ដល់​រូបនាង​មួយ​រំពេច​ស្រី​ក្រមុំ​ងាក​មុខ​ចេញ​ពី​ចន ធ្វើ​ជា​មើល​ទៅ​ដើម​ផ្កានានា​ដែល​កំពុង​រីក​ស្គុះ​ស្គាយ​នា​ពេល​សាយណ្ហសម័យ​​។​ ចន​ដឹក​​ដៃ​កូន​ដើរ​មក​ដល់​ជិត​យុវតី ក៏​សួរ​ទៅ​នាង​ថា៖
- អត់ទោសអ្នកនាង! លោកគ្រូលោកមាននៅផ្ទះទេ?
- ចា៎:! គាត់នៅខាងលើផ្ទះ
- បាទ! អរគុណហើយអ្នកនាង
ពេលនេះមិនដឹងបណ្ដាលមកពីហេតុអ្វី កល្យាណដាច់ចិត្តសួរទៅចនទាំងលាយអៀនអន់ថា៖
- បង! អញ្ជើញមកយកណាវីត្រលប់ទៅផ្ទះវិញល្ងាចនេះរឺ ?
- បាទមិនមែនទេអ្នកនាង! ខ្ញុំមកមានកិច្ចធុរ:ផ្ទាល់ខ្លួននិងលោកគ្រូបន្តិច អា៎! ខ្ញុំសូមលាឡើងទៅលើផ្ទះមុនហើយ
និយាយរួចក៏ដឹកដៃកូនដើរ ឡើងជន្ដើរទៅលើផ្ទះបាត់ទៅ។

កល្យាណ នឹក​សប្យាយ​ចិត្ត​កាល​បើ​បាន​ដឹង​ថា ចន​មក​នេះ​មិន​មែន​មក​យក​ណាវី​ ដែល​នាង​ស្រលាញ់​បាត់​មុខ​មិន​បាន​ទេ​។ តែ... ហើយ​នាង​ក៏​នឹក​អៀន​ខ្មាស​ត្រង់​ដែល​នាង​ហ៊ាន​ហៅ​គេ​​បង​ៗ ពេញ​មាត់​។ នាង​រក​នឹក​មិន​ឃើញ​សោះ​ថា ហេតុ​អ្វី​បាន​ជា​បណ្ដាល​អោយ​ចិត្ត​នាង​ហ៊ាន​កាត់​ការ​អៀន​ខ្មាស​ហៅ​គេ​ដូច្នេះ​ ?​។ លោក​គ្រូ​ពេទ្យ​សែន​មេត្តា បាន​ដឹង​ដំណឹង​ថា​ លោក​គ្រូ​ឈុន​ប៉ុន​ប៉ង​អា​ឃាត​ព្យា​បាទ​ចូល​ប្លន់​ផ្ទះ​នៅ​រាត្រី​ស្អែក​ លោក​ក៏​មាន​ទឹក​មុខ​ក្រៀម​ក្រម​ស្រពោន​ សំដែង​សេច​ក្ដី​ព្រួយ​បារម្ភ​ពន់​ប្រមាណ​។ លោក​ពេទ្យ មាន​ប្រសាសន៍​មួយ​ៗ ទៅ​កាន់​ចន​កម្មករ​ភក្ដី​ភាព​របស់​លោក​ថា ៖

- ម្ដេចក៏​មាន​គេ​ស្អប់​ខ្ញុំ​អីចឹង​? ខ្ញុំ​ខំ​ធ្វើ​បុណ្យ​ធ្វើ​អំពើ​ល្អ​ចំពោះ​អ្នក​ស្រុក​អស់​ប៉ុណ្ណឹង​ហើយ​ចន​! ចំពោះ​លោក​គ្រូ​ឈុន​ក៏​ខ្ញុំ​មិន​ដែល​ទាស់​សា​រហេតុ​អ្វី នឹង គ្នា​ម្ដង​សោះ​ហេតុ​ដូច​ម្ដេច​ក៏​គេ​ចូល​ចិត្ត​ចង់​ធ្វើ​បាប​ខ្ញុំ​ទៅ​វិញ​?
- មនុស្ស​ផ្គាប់​ចិត្ត​មនុស្ស​ដូច​គ្នា​មិន​ត្រូវ​ទេ​លោក​គ្រូ (ចន​និយាយ សូម្បី​តែ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ​ជា​មហា​បុរស​ដ៏​ប្រសើរ​ក្នុង​ត្រៃ​ភព​ក៏​គង់​មាន​មារ​តាម​ជ្រែក សូម​លោក​គ្រូ​កុំ​ព្រួយ​បារម្ភ​អោយ​សោះ ទុក​កិច្ច​ការ​ទាំង​នេះ​ជា​ភារ:​របស់​​ខ្ញុំ​ចុះ​យប់​ស្អែក​ខ្ញុំ នឹង បបួល​កម្មករ​រ៉ឺ​ម៉ក​ទាំង​អស់​គ្នា​មក​ជួយ​ការ​ពារ​ផ្ទះ​លោក​គ្រូ​។
លោកគ្រូពេទ្យ បានស្ដាប់វាចាដ៏ស្រទន់ប្រកបដោយសេចក្ដីស្វាមីភក្ដរបស់ចន សែនរីករាយក្នុងដួងរិទ័យ។ លោកគ្រូទះខ្នងមាណពស្រាលៗ ជំរុះវាចាសំដែងអំណគុណមកបុរសកំសត់វិញ ៖
- ចនអែងជាមនុស្សល្អ នឹង ខ្ញុំ​ណាស់​! ក្នុង​មួយ​ជីវិត​នេះ​ខ្ញុំ​មិន​អាច​បំភ្លេច​គុណ​របស់​ចន​បាន​ឡើយ​
- កុំ​មាន​ប្រសាសន៍ដាក់ខ្លួនដូច្នោះលោកគ្រូ​! លោក​គ្រូ​ក៏​មាន​គុណ​ធ្ងន់​លើ​ខ្ញុំណាស់​ដែរ ជីវិត​ណាវី​កូន​ស្រី​ខ្ញុំ​ បើ​កុំ​បាន​លោក​គ្រូ​ព្យា​បាល ប្រ​ហែល​ស្លាប់​បាត់​បង់​ទៅ​យូរ​ហើយ​​
លោក​គ្រូពេទ្យ ឈោង​ដៃ​ទាំង​ពីរ​ទៅ​ចាប់​ស្មា​ចន សំដែង​ការ​ពេញ​ចិត្ត និង​សែន​ស្រលាញ់​ចន​។ ក្នុង​ជីវិត​លោក​គ្រូ លោក​គ្រូ​ទើប​តែ​ឃើញ​ចន​ជា​ដំបូង​បំផុត​ ដែល​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ​ ស្វាមី​ភ័ក្ដ​ភក្ដី​ភាព​ចំពោះ​លោក​គ្រូរ​ក​អ្នក​អែ​ណាមក​ប្រ​ដូច​មិន​បាន។

រាត្រី​នេះ ជា​រាត្រី​ខាង​រនោច​ ដួង​ព្រះ​ចន្រ្ទា​មិន​អើត​ព្រះ​ភ័ក្រ្ត​ញញឹម​បញ្ចេញ​រស្មី​ភ្លឺ​ផ្លេក​មក​ពិ​​ភព​លោក​ទេ​។​ ទុក​អោយ​ស្រមោល​អន្វ​ការ​លាត​សន្ធឹង​ស្បៃ​ខ្មៅ​គ្រប​ដន្ដប់​គ្រប់​គ្រប់​ទិស​ទី​។ ហ្វូង​តារា​តូច​ៗ រាប់​រយ​ពាន់​ដួង​បញ្ចេញ​កំញ៉ម​​ពេជ្រ​ភ្លឹ​​ភ្លេត​ៗ ចួន​ឃើញ​ចួន​បាត់​ ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត​ស្រមោល​រាត្រី​ខាង​រនោ​ច​នេះ​ឡើយ​។ អំពិល​អំពែក​ហើរ​ឆ្វាត់​ចុះ​ឆ្វាត់​ឡើង​ធ្វើ​អោយ​យើង​មើល​ឃើញ​អ្វី ដែល​កប់​បាត់ នឹង​ស្រមោល​ងងឹត​បាន​មួយ​ខណៈ​ រួច​ហើយ​ក៏​ស្ថិត​នៅ​ក្នុង​សភាព​ដើម​ដដែល​។ ផ្ទះ​លោក​គ្រូ​ពេទ្យ​សែន​មេត្តា​ស្ថិត​នៅ​ក្នុង​សភាព​ស្ងាត់​ច្រៀប​។ យូរ​ៗ​គេ​ឃើញ​ក្រោម​ផ្ទះ​នេះ មាន​ស្រមោល​មនុស្ស​ធ្វើ​ចលនា​ផ្លាស់​ប្ដូរ​ទី​កន្លែង​ម្ដង​ៗ គឺ​ជា​ពួក​របស់​កម្មករ​រ៉ឺ​ម៉ក​ស្ម័គ្រ​ចិត្ត នៅ​ក្រោម​បង្គាប់​បញ្ជារ​បស់​ចន សំងំ​ពួន​ប្រុង​ជើង​ការ ចាំ​ប្រយុទ្ធ​ត​ទល់​ហ្វូង​ខ្មាំង​ដែល​នឹង​ចូល​មក​យាយី​គ្រប់​កាល​ទេស​។

ប៉ូក! ប៉ូក! ប៉ូក! ស្នូរ​ត្រដោក​ផ្លាស់​យាម​នៅ​ប៉ុស្តិ​កង​រាជ​តម្រួត​ក្បាល​ភូមិ អណ្ដែត​រសា​ត់​តាម​រលក​ព្រះ​ពាយ លឺ​រវើយ​ៗ កណ្ដាល​អធ្រាត្រ​ស្ងាត់​។ ស្រមោល​ភ្លើង​គប់​មួយ​ចំនួន​ កំពុង​ខិត​ចូល​មក​ជិត​ផ្ទះ​លោក​គ្រូ​ពេទ្យ​ជា​លំដាប់​។ អ្នក​ទាំង​អស់​គ្នា​ពួន​នៅ​ក្រោម​ផ្ទះ ដឹង​ជា​ស្រេច​ថា មិន​មែន​អ្នក​ណា​ក្រៅ​ពី​ក្រុម​ចោរ ដែល​ប្រុង​យាយី​ផ្ទះ​លោក​គ្រូ​ពេទ្យ​នៅ​ពេល​បន្តិច​ទៀត​នេះ​។ កាល​បើ​ភ្លើង​គប់​មក​ដល់​មុខ​ផ្ទះ​ សូរ​ស្រែក​យក​ជ័យ​ពី​ក្រុម​ចោរ​ក៏​លាន់​លឺ​ឡើង​។

- ចូល! ចូល! អាកូនចូល!
បន្ទាប់មក
- បុ័ង! បុ័ង! បុ័ង!
- ឆាំង! ឆាំង! ឈឹប !
សូរកាំភ្លើង និង សូរ​ដំបង​កាំបិត រវាង​ពួក​កម្មករ​ការ​ពារ​លោក​គ្រូពេទ្យ និង ពួក​ចោរ​ខ្មាំង​​ក៏​​ចាប់​​បើ​ក​ឆាក​ប្រយុទ្ធ​កាប់​សំលាប់​បង្ហូរ​ឈាម​គ្នា​ទៅ​វិញ​ទៅ​មក​គួរ​ស្ញើប​រន្ធត់​។ ហើយ​សំរែក​ដ៏​គួរ​សង្វេគ​ដួង​ចិត្ត​នៃ​អ្នក​រង​គ្រោះ ក៏​លាន់​លឺ​ឡើង​ក្នុង​ពេល​នោះ​ដែរ​។
- អូយ! អូយ
- អ្ហា៎…! អៃយូយ
- ឈឹប! អឿក! អា
ពួក​ចោរ​ខ្មាំង ដែល​មិន​បាន​ដឹង​ថា​ មាន​គេ​ពួន​នៅ​ក្រោម​ផ្ទះ​ប្រុង​ចាំ​ប្រយុទ្ធ ក៏​សំរុក​ចូល​ទៅ​អិត​ប្រុង​ប្រយ័ត្ន​បណ្ដាល​អោយ​ខាង​ពួក​កម្មករ​រ៉ឺ​ម៉ក​មាន​ប្រៀប​ជាង ចាក់​កាប់​សំលាប់​ចោរ​ខ្មាំង​អស់​ជា​ច្រើន​។ ខណ​ដែល​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​លោក​គ្រូ​ឈុន​ក្រលេក​មើល​ទៅ​ឃើញ​ដុន​ស្គាល់​ក៏​ស្រែក​គំរាម​ដូច​ខ្លា​​ត្រូវរបួសថា៖
- យើ! អាដុន! អាក្បត់ ! អែងហ្នឹងហើយធ្វើអោយអញជាប់ឡោមរបស់អាអែង។
- បុ័ង! បុ័ង! បុ័ង!
គ្រាប់កាំភ្លើងបីគ្រាប់ របូតចេញពី​កាណុង​លោក​គ្រូ​ឈុន​ទៅ​ទំ​លុះទ្រូង​ដុន​បុរស​កំសត់ អោយ​ដល់​នូវ​ក្ដី​មរណ:​មួយ​រំពេច​តែ​ពេល​នោះ​កម្ម​ពៀរ​នៃ​អំពើ​ទុច្ច​រិត​ក៏​បាន​មក​សង​ឈាម​វា​វិញ​យ៉ាង​ទាន់​ហន់ ចន​លប​ចូល​មក​ពី​ក្រោយ​លើក​ខ្វែវ​កាប់​ចំពាក់​កណ្ដាល​ខ្លួន​អស់​ទម្ងន់​ដៃ​។
- ខ្វាក់! អូ . . . យ …!
លោកគ្រូឈុន​អស់​​រិទ្ធ ដួល​ដេក​ក្នុង​ថ្លុក​ឈាម​ដាច់​ខ្យល់​ស្លាប់​តាម​ព្រលឹង​ដុន ទៅ​ស៊ី​សង​ចង​ពៀរ​គ្នា​ទៀត​អែ​បរលោក​។ អនិច្ចា! ខណ:​ដែ​ល​ចន​បែរ​ខ្លួន​មក​ក្រោយ​បំរុង​ទៅ​ជួយ​មិត្ត​ដែល​កំពុង​ជាប់​ដៃ​នៅ​មុខ​ផ្ទះ ស្រាប់​តែ
- បុ័ង!
- អូយ! អូយ !
គ្រាប់កាំភ្លើងពួកខ្មាំង​មួយ​គ្រាប់ បាញ់​មក​ត្រូវ​ដើម​ដៃ​ខាង​ឆ្វេង​របស់​ចន ធ្វើ​អោយ​ចន​ចុក​ចាប់​ដួល​សន្លប់​បាត់​ស្មារតី​ក្នុង​គ្រា​នោះ​ទៅ​។

ព្រះ​អរុណោ​ទ័យ​នៃ​ថ្ងៃ​ថ្មី បញ្ចេញ​រស្មី​ក្រហម​ព្រឿង​ៗអែ​ទិស​បូព៌​។ ចន បុរស​កំសត់​ដេក​លើ​គ្រែ​ដៃ​ខាង​ឆ្វេង​មាន​រុំ​ក្រណាត់​ស​ប្រលាក់​ទៅ​ដោយ​ក្រម៉រ​ឈោម​កក​ក្រាំង​។ យុវ​ជន​ដឹង​ខ្លួន​ពី​សន្លប់​បើក​ភ្នែក​ឡើង​ ក៏​ឃើញ​កល្យាណ​និង​ណាវី​នៅ​ក្បែរ​ខ្លួន​គេ​បង្កើយ​ ចន​មាន​សេច​ក្ដី​ងឿង​ឆ្ងល់​ក្រៃ​លែង គេ​មិន​ទាន់​ស្លាប់​ទេ​រឺ? កាល​ពី​យប់​ម៉ិញ​គេ​ចាំ​បាន​ថា​គេ​ប្រយុទ្ធ​នឹង​ពួក​ចោរ​ សំលាប់​លោក​គ្រូ​ឈុន​បាន​ហើយ គេ​ត្រូវ​គ្រាប់​របស់​ពួក​ចោរ ផុត​ពី​ហ្នឹង​គេ​ក៏​លែង​នឹក​ឃើញ​អ្វី​ទាំង​អស់​។ ចន​បំរុង​ស្ទុះ​ក្រោក​អង្គុយ​ កល្យាណ​ក៏​ច្រាន​គេ​អោយ​ដេក​ទៅ​វិញ នាង​ញញឹម​យ៉ាង​មាន​ស្នេហ៍​និយាយ​ទៅ​កាន់​ចន ​៖

- បងមេត្តាកុំទាន់អាលប្រឹងក្រោក។
- អត់ទោសអ្នកនាង ហេតុ​អ្វី​បាន​ជា​ខ្លួន​ខ្ញុំ​មក​នៅ​កន្លែង​នេះ​? ពួក​ចោរ​យ៉ាង​ម៉េច​ទៅហើយ​ សូម​អ្នក​នាង​អាណិត​មេត្តា​អធិប្បាយ​អោយ​ខ្ញុំ​ដឹង​ផង​ !
មាណវិញញឹមងក់ក្បាលទទួលពាក្យ
- ចា៎! កាល​ពីយប់​មិញ​ខណ​ ដែល​បង​ត្រូវ​ពួក​ចោរ​បាញ់ កង​រាជ​តម្រួត​នៅ​អែ​ក្បាល​ភូមិ​លឺ​សូរ​កាំ​ភ្លើង​ក៏​នាំ​គ្នា​មក​ជួយ​ លុះ​ពួក​ចោរ​ឃើញ​ថា​មិន​អាច​​ឡើង​មក​លើ​ផ្ទះ​នេះ​បាន​ វា​នាំ​គ្នា​រត់​ចូល​ព្រៃ​អស់​ទៅ​ ពួក​វា​ងាប់​ច្រើន​ណាស់​ខាង​ យើង​ស្លាប់​ពីរ​នាក់ ចំណែក​ពួក​ចោរ​ជាង​ដប់​នាក់​ដែល​កង​រាជ​តំរួត​ចាប់​ខ្លួន​បាន គេ​បញ្ជូន​វា​ទៅ​ខេត្ត​អស់​ហើយ ពេល​នោះ បង​សន្លប់​បាត់​ស្មារតី​ បាន​ជា​មិន​ដឹង​រឿង​ហេតុ​ខាង​ក្រោយ​នេះ​។

មា​នព​កំសត់ ខំ​រក​នឹក​ប្រមូល​ស្មារ​តី​កាល​រាត្រី​កន្លង​ទៅ អោយ​ចូល​មក​ប្រមូល​ក្នុង​អារម្មណ៍​ម្ដង​ទៀត គេ​ចាំ​ច្បាស់​ថា គេ​កាប់​លោក​គ្រូ​ឈុន​មួយ​ខ្វែវ ហើយ​ដុន​ត្រូវ​ស្លាប់​ព្រោះ​លោក​គ្រូឈុន​បាញ់​។ គេ​នឹក​អាណិត​ដុន ដែល​មាន​សេច​ក្ដី​ស្វាមី​ភក្ដី​ចំពោះ​លោក​គ្រូ​រហូត​ទាល់​តែ​ស្លាប់​ខ្លួន ចោល​ប្រពន្ធ​ និង កូន​នៅ​អែ​ផ្ទះ​។ ម្ល៉េះ​សម​ប្រពន្ធ​ដុន​សោយ​សោក​យ៉ាងណា​ទៅ​ កាល​បើ​ដឹង​ថា​ប្ដី​ស្លាប់​យ៉ាង​ទាន់​ហន់​ដូច្នេះ ​? ជនមានរបួសអុទានតិចៗ ចេញមកថា៖

- ដុន . . ! ដុន មិត្ត​ស្លាប់​ទៅ​ហើយ​សូម​វិញ្ញណ​មិត្ត​ទៅ​កាន់​សុខ​គតិ​ភព​ចុះ ធ្វើ​ម្ដេច​ជាតិ​នេះ​ដុន​មាន​វាសនា​បាន​មក​ស្គាល់​ខ្ញុំ​តែ​ត្រឹមណេះ !
- បងកំពុងនឹកឈ្មោះអ្នកណាហ្នឹង ?
កល្យាណសួរដោយងឿងឆ្ងល់និងអុទានសព្ទរបស់ចន ។
បុរសកំសត់ភ្ញាក់និងសំលេងយុវតីប្រញាប់ឆ្លើយឡើងថា ៖
- បាទ! ខ្ញុំកំពុងនឹកដល់មិត្តជួយការពារយើងម្នាក់ ត្រូវស្លាប់ក្នុងការប្រយុទ្ធកាលពីយប់ម៉ិញ
ពេល​នោះ​លោក​គ្រូ​ពេទ្យ និង ចន្ទី​បើក​ទ្វារ​បន្ទប់​ចូល​មក ក៏​បង្អាក់​វាចា​ចន​តែ​ត្រឹម​ណេះ​។ លោក​គ្រូ​ចិត្ត​សប្បុ​រស​ដើរ​ចូល​មក​អង្គុយ​ជើង​គ្រែ​ជិត​ចន ហើយ​សួរ​ទៅ​អ្នក​ថា​៖
- អន់ឈឺហើយរឺនៅចន ?
ចនញញឹម
- បាទ! អន់ឈឺហើយលោកគ្រូ !
លោកគ្រូពេទ្យងក់ក្បាលមានប្រសាសន៍តទៅទៀត
- ខ្ញុំជំពាក់បុណ្យ​គុណ​ចន​អែង​ច្រើន​ណាស់ បើ​កុំ​បាន​ចន​ជួយ​ខ្ញុំ ប្រ​ហែល​ជា​ខ្ញុំ​ត្រូវ​ស្លាប់​ដោយ​ស្នា​ដៃ​ចោរ​មិន​ខាន ចន​អែង​ជា​មិន​បាច់​ទៅ​រក​ស៊ី​ធាក់​រ៉ឺ​ម៉ក​ដូច​មុន​ៗទៀត​ទេ ចន​នៅ​ជា​មួយ​ខ្ញុំ​ចុះ​! ខ្ញុំ​ជួយ​ឧបត្ថម្ភ​អោយ​ទៅ​ជា​មនុស្ស​មាន​មុខ​មាត់​ នឹង​គេ​ម្នាក់​នៅ​ពេល​អនាគត ​។
បុរស​កំសត់​សែន​តាន​តឹង​ក្នុង​ដួង​ចិត្ត ករុណា​ទិគុណ​ដ៏​ធំ​លើស​លុប​របស់​លោក​គ្រូ​ពេទ្យ មិន​អាច​ធ្វើ​អោយ​គេ​ភ្លេច​ទៅ​វិញ​បាន​ឡើយ​ ក្នុង​ជីវិតនេះ​។ ចន​ចង់​លើក​ដៃ​សំពះ​លោក​គ្រូ​ពេទ្យ​អោយ​សម​អំណរ​គុណ តែ​អ្នក​មិន​អាច​លើក​រួច​ ម្ល៉ោះ​ហើយ​ ក៏​បាន​តែ​ជំរុះ​វាចា​ទាំង​សោមនស្ស​ថា ៖
- ជាព្រះគុណដល់ខ្ញុំធ្ងន់​ណាស់​! ខ្ញុំ​បាទ​សូម​អរ​គុណ​លោក​គ្រូ លោកស្រីរហូត​អស់​មួយ​ជីវិត ចន្ទី​ឈរ​ញញឹម​យ៉ាង​ពេញ​ចិត្ត​។
- កុំសូវ​គិត​អ្វី​អោយ​ច្រើន​ពេក​ចន! មិន​មែន​តែ​ខ្ញុំ​អែ​ណា៎​ដែល​មាន​គុណ​លើ​ចន​? រូប​ចន​អែង​ក៏​មាន​គុណ​លើ​ខ្ញុំ​ដែរ បើ​កុំ​បាន​ចន​ជួយ ចោរ​វា​ឡើង​មក​អារ​ក​អស់​បាត់​ទៅហើយ​​។
ចន្ទី ដើរទៅទាញដៃណាវីអោយមកអង្គុយជិតអូវពុក រួចនាងនិយាយទៅកាន់កុមារី
- ណាវី! ម៉េចក៏មិនទៅជិតប៉ា! ឡើងជួយច្របាច់ជើងអោយប៉ាទៅ
កុមារីឡើងទៅអង្គុយជិតអូវពុកតាំងប្របាច់ជើងផ្អៀងផ្អងមើលមុខហើយក៏សួរថា
- ប៉ាៗ ប៉ាអែងបាត់ឈឺដៃហើយនៅ ?
ចនញញឹមលូកដៃស្ដាំទៅអង្អែលក្បាលកូនដោយក្ដីស្រលាញ់
- ប៉ានៅមិនទាន់បាត់ឈឺទេកូន . . !
- បើអិចឹង! ម៉េចក៏ប៉ាអែងមិនយំ? ហ៊ឺះ! កាលណាវីឈឺ ណាវីយំ ហើយ​មីង​យ៉ាន​ទិញ​នំ​អោយ​ញ៉ាំ​ផង អីលូវ​ប៉ាអែង​យំ​ទៅ ​!
កល្យាណ នៅ​អង្គុយ​ក្បែរ​នោះ​លួច​សើច​ នឹង ​សំដី​ម្ញិម្ញ៉ក់​របស់​កុមារី​តូច​។ ចន​អត់​ទ្រាំ​មិន​បាន​អ្នក​ក៏​ញញឹម​ចេញ​មក​ដែរ​។ លោក​គ្រូ​ពេទ្យ​បែរ​ទៅ​មើល​មុខ​ប្អូន​ក្រមុំ​ហើយ​និយាយ​ថា
- កល្បាណ! បន្តិចទៀតអូនទៅដួសបបរមកអោយចនញ៉ាំផងណា !
- ចា៎: ! បង !
លោកគ្រូពេទ្យ ក្រោកឈរកាន់ដៃប្រពន្ធរៀបដើរចេញទៅក្រៅវិញ លោកងាកមកនិយាយជាមួយចនម្ដងទៀតថា
- ចនគេងចុះណា៎! ខ្ញុំមានការត្រូវទៅមើលអ្នកជំងឺក្នុងភូមិបន្តិច !
- បាទមិនអីទេលោកគ្រូ !
កាល​បើ​លោក​គ្រូ​ពេទ្យ​មេត្តា និង អ្នក​ស្រី​ចន្ទី​ដើរ​ទៅ​ក្រៅ​ផុត​ទៅ កល្យាណ​នាង​ក៏​ចេញ​ទៅ​ដួស​បបរ​យក​មក​អោយ​ចន​។ ណាវី អង្គុយ​ច្របាច់​ជើង​អូវ​ពុក​ហត់​ក៏​ឈប់​សំរាក​។ ងាក​ទៅ​មើល​ឃើញ​កល្យាណ កាន់​ចាន​បបរ​ចូល​មក ក៏​សួរ​ទៅ​អូវ​ពុក​ថា​៖​
- ប៉ាអែងឃ្លាតបបរហើយរឺនៅ ?
ចនមិនឆ្លើយតបគ្រាន់តែញញឹម។
- ប៉ាអែងខំញ៉ាំបបរអោយច្រើនៗទៅ ឆាប់ជា ដល់ប៉ាជា ចាំ​ណាវី​ប្រាប់​មីង​យ៉ាន​អោយ​ទិញ​កូន​ឡាន​អោយ​លេង​ណា​ប៉ាណា៎​
- ប៉ាអត់ចេះលេងទេកូន
- ណាវី! ខិតចេញឆ្ងាយពីប៉ាបន្តិចអោយប៉ាញ៉ាំបបរ (កល្យាណ​ប្រាប់​អោយ​ណាវី​ខិត​ចេញ​ឆ្ងាយ នាង​ក៏​លើក​ចាន​បបរ​ទៅ​ចន​) បង​ពិសារ​បប​រអី​លូវ​ រឺ ?
- បាទ! អ្នកនាង
ចនប្រឹងក្រោកអង្គុយ កល្យាណឃើញក៏ស្ទុះទៅចាប់អោយដេកដូចដើមវិញ។
- បងក្រោកមិនទាន់បានទេ ខំឈាមចេញច្រើនទៀតហើយ គេងអោយស្រួលចុះចាំខ្ញុំបញ្ចុក

ថា​ហើយ​ស្រី​ក្រមុំ​ក៏​កាន់​ស្លាប​ព្រា​ដួស​បបរ​បញ្ចុក​ចន​ដូច​ជា​កញ្ចុក​កូន​ក្មេង​តូច ដែល​មិន​ទាន់​ចេះ​កាន់​ស្លាប​ព្រាខ្លួន​អែង​។ ក្រ​សែ​ចក្ខុ​បាន​ពើប​ពះ​ប្រទះ​គ្នា​លើក​ដំបូង​ក្នុង​ជីវិត​ អាការ​ឈឺ​ចាប់​ក្នុង​ខ្លួន​បុរស​កំសត់​ទាំង​ប៉ុន​ន្មាន អន្តរ​ធាន​អស់​ក្នុង​គ្រា​នេះ​ ស្រី​ក្រមុំ​ត្រូវ​គេ​មើល​ចំ​ខ្លាំង​ពេក នាង​ក៏​ដាក់​មុខ​ចុះ​ដោយ​សេច​ក្ដី​អៀន​អន់​តាម​វិស័យ​នារី​ក្រមុំ​ព្រហ្ម​ចារីយ៍​។ ចំលើយ​ស្នេហា​បាន​ឆ្លើយ​ប្រាប់​ពី​ការ​សំងាត់​ នៃ​ប្រអប់​បេះ​ដូង​នរៈ​នារី​រៀង​ៗ​ខ្លួន​ ថា​គេទាំ​ង​ពីរ​នាក់​គ្មាន​ការ​ង្គៀស​ចិត្ត​រវាង​គ្នា​នឹង​គ្នា​ឡើយ​​។​

អោ! អនិច្ចា … វាសនា​ឃាតករ​ និង​ស្រី​ល្អ​រូប​ស្រស់ ព្រហ្ម​លិខិត​កំហិត​ជោគ​ជតា​ តើ​សេច​ក្ដី​ស្នេហា​ដែល​ប្រកប​​ដោយ​ស្រមោល​កម្ម​ដូច​កុសល ​រឺ ចន​នឹង​ប្រែ​ប្រួល​យ៉ាង​ម៉េច​ទៅ​វិញ​? សំំណៅ​ព្រហ្ម​ខិត និង សំពាយ​កម្ម​របស់​ចន ដែល​មិន​ទាន់​ លាត​ត្រដាង​អោយ​ឃើញ​ជា​អ្វី​នោះ សូម​អស់​លោក​អ្នក​អាន​ធ្វើ​ណើរ​ឆ្លង​កាត់​តាម​ស្ទឹង​វាសនា​ ជា​មួយ​អ្នក​និពន្ធ​ខ្ញុំ​ត​ទៅ ​មុខទៀត​។