៥ - កម្មកាចលោកីយ
ថ្ងៃអាទិត្យ ទី20.ធ្នូ 2015.ម៉ោង 8:44

                                                                                                                                                                                                                                                                                                                                
ស្បថស្មាលាស្រី លែងខ្ចីប្រាថ្នា ប្រពន្ធមុនក្បត់
ទឹកភ្នែកខ្លោចផ្សា មេរៀនស្នេហា ចារជាប់ក្នុងចិត្ត ។
អីលូវយល់ភក្រ្ត ស្រស់ស្រីវរលក្ខណ៍ ទាញទាក់អាណិត
ភ្លេចអស់រឿងដើម កាលពីអតីត  ផ្ដើមស្នេហ៍ផ្ដើមស្និទ្ធិ
សាងជីវិតថ្មី ។

កាល​បើ​ចន​បាន​ផ្លាស់​ជីវ​ភាព​ពី​កម្មករ​ធាក់​រ៉ឺ​ម៉ក មក​រស់​នៅ​ក្រោម​ដំបូល​គេ​ហដ្ឋាន​លោក​គ្រូ​ពេទ្យ​សែន​មេត្តា​ សេច​ក្ដី​ទុក្ខ​ព្រួយ​នឿយ​ហត់​ដែល​ធ្លាប់​មាន​ពី​មុន​ៗ​មក ក៏​រសាយ​បាត់​ទៅ​វិញ​ម្ដង​បន្តិច​ៗ ជា​លំ​ដាប់​។ លោក​គ្រូ​ពេទ្យ​សែន​មេត្តា​ ស្រ​លាញ់​រាប់​អាន​ទុក​ដូច​ជា​ប្អូន​រួម​សរ​សៃ​លោ​ហិត​ លោក​មិន​ដែល​ប្រើ​ចន​អោយ​ធ្វើ​ការ​អ្វី​ធ្ងន់​ រឺ ពោល​ពាក្យ​ទ្រគោះ​ បោះ​បោក​ ជេរ​ស្ដី​បន្ទោស​ដល់​ជន​កំសត់​ម្ដង​ណា​ឡើយ​។ រី​អែ​ចំណង​មិត្ត​ភាព​រវាង​ចន និង​ កញ្ញា​កល្យាណ ក៏​កាន់​តែ​ស្និទ្ធ​ស្នាល​រីក​ចំរើន​រៀង​រាល់​ថ្ងៃ​ មិន​យូរ​ប៉ុន្មាន​ចំណង​មិត្ត​ភាព ប្រកប​ទៅ​ដោយ​លេស​ន័យ​នេះ ក៏​ប្រែ​រិត​ជា​ចំណង​ស្នេហា​លួច​លាក់​វិញ គឺ​មិន​មែន​លួច​លាក់​រវាង​គ្នា​និង​គ្នា​ទេ គេ​ថែម​ទាំង​លួច​លាក់ មិន​អោយ​លោក​គ្រូ​ពេទ្យ និង​ ភរិយា​លោក​ដឹង​ផង​។ ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ពេល​ល្ងាច​ត្រ​ជាក់ កល្យាណ​ដឹក​ដៃ​ណាវី​ទៅ​អង្គុយ​លេង​ជើង​ម៉ា​ឈើ​មួយ​នៅ​ក្នុង​ចំការ​ចេក​។ ជា​ដំបូង​នាង​សួរ​ទៅ​ណាវី​ដោយ​សំលេង​ផ្អែម​ស្រទន់​ថា​៖

- ណាវី! សព្វថ្ងៃណាវីស្រលាញ់មីងទេ ?
កុមារីតូច ធ្វើកាយវិការទ្រង់ភ្ញាក់ បើកភ្នែកធំៗ រួចសើចបញ្ចេញធ្មេញដង្កូវស៊ីស្ងេញស្ញាញឆ្លើយទៅនាងវិញថា៖
- សព្វថ្ងៃណាវីស្រលាញ់មីងណាស់
- ស្រលាញ់ប៉ុណ្ណា ធ្វើដៃអោយមីងមើលមើល៍ ?
- ណាវីស្រលាញ់​មីង​ប៉ុណ្ណេះ​ណែ! (កុមារី​សំដី​បាន​លាត​ដៃ​សន្ធឹង​អស់​ហើយ​សើច​) ចុះ​មីង​យ៉ាន​ស្រលាញ់​ណាវី​ផង​ទេ​?
កល្យាណងក់ក្បាលឆ្លើយ
- ចា៎ះ! មីងស្រលាញ់ណាវីធំប៉ិនមេឃនិងដី ច្រើនជាងណាវីស្រលាញ់មីងផងណា៎ !
- បើអិចឹង ! មីងស្រលាញ់ប៉ាណាវីផងទៅ ?
- កុំនិយាយផ្ដេសផ្ដាសមីងមិនចូលចិត្តទេ ថ្ងៃក្រោយមីងលឺណាវីនិយាយរបៀបនេះទៀត មីងវាយណា៎
កល្យាណនិយាយធ្វើមុខក្រញូវដាក់ណាវី តែណាវីត្រលប់ជាទន្រ្តំជើងយំនិយាយខ្លាំងៗ ថា
- ហ៊ឺ! ហ៊ឺ! ណាវីអត់សុខចិត្តទេ មីង​យ៉ាន​ស្រលាញ់​តែ​ណាវី​ម្នាក់​អែង អត់​ស្រលាញ់​ប៉ា​គេ​ផង​នោះ​! ចាំ​មើល៍ ណាវី​ឈប់​លេង​ជា​មួយ​មីង​ទៀត​ហើយ​ប្រាប់​អោយ​ដឹង​! ហ៊ី! ហ៊ី! ហ៊ី!
និយាយរួច កុមារីក៏រត់ទៅប្រាសខ្លួនដេកននាលយំក្បែរគុម្ពចេក ។
កល្យាណ ខ្លាចណាវីយំខ្លាំងតទៅទៀតក៏ប្រញាប់ដើរទៅលើកណាវីឡើង ហើយនិយាយលួងលោមថា ៖
- ឈប់យំទៅណាវី ! ចាំស្អែកមីងនាំទៅផ្សារទិញនំញ៉ាំទៀតណា៎
ណាវី គ្រវីក្បាលមិនយល់ព្រម
- ទេ អត់ខ្ចីញ៉ាំនំទេ មីងអែងថាអត់ស្អប់ប៉ាណាវីទៅ បានណាវីឈប់យំហើយស្អែកព្រមទៅផ្សារញ៉ាំនំជាមួយមីងទៀត
កល្យាណ ដកដង្ហើមធំនឹកហួសចិត្តនឹងសំដីក្មេងតូចនេះ។ ទ្រាំមិនបាននាងក៏ព្រមឆ្លើយថា
- ឈប់យំទៅណាវី មីងព្រមស្រលាញ់ប៉ាណាវីហើយមីងអត់ស្អប់ទៀតទេ
- ហេ! ជយោ! ជយោ! មីងយ៉ានព្រមស្រលាញ់ប៉ាណាវីហើយ ណាវីសប្បាយចិត្តណាស់ !
កុមា​រី​តូច​ឈប់​យំ បែរ​ជា​សើច​ក្បាច់​កាច់​រាង​រាំ​អោយ​កល្យាណ​មើល​មួយ​រំពេច​។ នៅ​មិន​ឆ្ងាយ​ពី​កន្លែង​កល្យាណ​អង្កុយ​លេង​ប៉ុន្មាន​ ចន​ឈរ​កំប៉ាង​នឹង​គុម្ព​ចេក​លប​ស្ដាប់ និង លប​មើល​អ្នក​ទាំង​ពីរ​ដោយ​អា​រម្មណ៍​រីក​រាយ គេ​អត់​ទ្រាំសើច​មិន​បាន​ ចំពោះ​កាយ​វិការ​ក្រ​ម៉ាច់​ក្រមើម​របស់​បុត្រី​កំព្រា​ម្ដាយ​។ ណាវី ចាប់​ទាញ​ដៃ​កល្យាណ​អោយ​ក្រោក​ឈរ​ហើយ​និយាយ​ថា៖
- មីងយ៉ាន! ថ្ងៃនេះយើងលេងពួនទៀតទេ ?
កល្យាណមិនឆ្លើយតប គ្រាន់តែងងក់ក្បាលជាសញ្ញាយល់ព្រម។
- មីងអែងចាំចាប់ណា៎? ទុកអោយណាវីទៅពួន អ្នកលួចមើលដង្កូវស៊ីភ្នែក
ណាវី ហូត​កូនក​ន្សែង​ពី​ហោ​ប៉ៅ​កល្យាណ​យក​មក​ចង​មុខ​នាង​ជិត រួច​ហើយ​ក៏​រត់​ទៅ​ពួន​គុម្ព​ចេក​ក្បែរ​កន្លែង​ដែល​ចន​ពួន ស្រែក​ប្រាប់​ទៅ​កល្យាណ
- គុក! គូ! បានហើយមីងយ៉ាន
- មីងទៅចាប់ហើយណា៎
- ចា៎ះ!
កល្យាណ ដើរ​យឺត​ៗ គ្រវាស​ដៃ​រាវ​រក​ណាវី​តាម​សំលេង​ដែល​ស្រែក​ប្រាប់​។ រី​អែ​ណាវី​ចេះ​តែ​រត់​គេច​កាល​បើ​ឃើញ​កល្យាណ​មក​ជិត​។ ណាវី​គេច​ឡើង​គេច​ចុះ​ក៏​ទៅ​ចំ​កន្លែង​ដែល​ចន​ពួន​ នាង​រៀប នឹង ស្រែក​ហៅ​ឳពុក​ តែ​ចន​រហ័ស​ជាង​ ស្ទុះ​ទៅ​ក្ដោប​មាត់​កូន ខ្សឹប​ដាក់​ក្បែរ​ត្រចៀក​តិច​ៗ​ថា៖
- កុំមាត់អោយគេដឹងថាប៉ាមក
ណាវីងក់ក្បាលទទួលពាក្យឪពុក។ រត់​ទៅ​ពួន​ក្រោយ​ខ្នង​ហើយ​ស្រែក​ប្រាប់​ទៅ​កល្យាណ​ ដែល​កំពុង​ដើរ​គ្រ​វាស​ដៃ​រាវ​ដូច​មនុស្ស​ខ្វាក់​ភ្នែក​
- គុក! គុក! មីងយ៉ានណាវីនៅអែណេះ
- អើ! តែប៉ុណ្ណេះគេចមិនរួចពីដៃមីងទេ
កល្យាណ ស្ទុះ​រត់​ទៅ​រក​សំលេង​ណាវី​ទាំង​ភ្នែក​ងងឹត​ នាង​រាវ​ចំ​ចន​ហើយ​អោប​យ៉ាង​ខ្លាំង​។ តែ​ហើយ​ស្រាប់​តែ​នាង​លា​ដៃ​ចេញ​រត់​ថយ​ក្រោយ​បើក​កន្សែង​ចង​មុខ​មើល​មួយ​រំពេច​។ កាល​បើ​ដឹង​ថា​ខ្លួន​នាង​អំបាញ់​មិញ​ច្រលំ​អោប​ចន ខាង​​ក៏​មាន​សេច​ក្ដី​ខ្មាស​អៀន​ជា​ខ្លាំង​។ យុវតី​​បែរ​ខ្នង​អោយ​ប្រុស​កំសត់​ជំរុះ​វាចា​បន្លប់​ខ្មាស​ថា៖
- បងមកកន្លែងនេះយូរហើយរឺ?
- បាទ! ខ្ញុំទើបមកអំបាញ់មិញនេះអែង!
ណាវី ចាប់ដៃកល្យាណ និង អូវពុកម្នាក់ម្ខាង បែរផ្អៀងផ្អងមើលមុខមួយសន្ទុះ ក៏និយាយប្រាប់អូវពុកថា ៖
- ប៉ា! ប៉ា! មីងយ៉ានអត់ស្អប់ប៉ាទេ! គាត់ស្រលាញ់ប៉ាដូចណាវីដែរ ប៉ាអែងអរទេ ?
កល្យាណ បែរខ្វាប់មកសំលក់អោយកុមារីតូច ដែលចេះនិយាយហួសព្រុំដែន។
- ហ៊ឹះ! ណាវីអីលូវកាន់តែផ្តេសផ្ដាសខ្លាំងហើយ!
ចនឈរសើចពេញចិត្ត នឹងកិរិយាងរង៉ក់របស់កលល្យាណ។ គេធ្វើជាស្ដីអោយកូនថា
- ប្រយ័ត្នណា៎! ថ្ងៃក្រោយកុំនិយាយអិចឹងទៀត តិចមីងយ៉ានវាយប៉ាអត់ហ៊ានជួយទេ
កុមារី​តូច​មិន​ឆ្លើយ​តប នាង​ក្រ​លេក​ឃើញ​មេ​អំបៅ​មួយ​ហ្វូង​ប្រ​កប​ទៅ​ដោយ​ស្លាប​ចំរុះ​ពណ៌ ក៏​រត់​វឹង​ទៅ​ដេញ​ចាប់​លេង មិន​ខ្ចី​នៅ​ស្ដាប់​អ្នក​ទាំង​ពីរ​សាក​សង​ឆ្លង​សំដី​គ្នា​ទៀត​ឡើយ​។
- អ្នកនាង !
- ចា៎ !
- ខ្ញុំចង់ជំរាបរឿងអ្វីម្យ៉ាង … តើអ្នកនាងអនុញ្ញាតិទេ?
- ចា៎ះ! បើ​ពាក្យ​ដែល​បង​និយាយ​នោះ​ប្រកប​ទៅ​ដោយ​សុជី​វ​ធម៌ និង​លក្ខណ​ថ្ងៃ​ថ្នូរ ខ្ញុំ​អនុញ្ញាតិ​អោយ​បង​ជា​និច្ច ​
- បើអិចឹង! សូម​អ្នក​នាង​អាណិត​ចំណាយ​ពេល​ទៅ​អង្កុយ​មាត់​ស្រះ​ខាង​មុខ អោយ​ខ្ញុំ​បាន​ជំរាប​រឿង​ពិត​ដល់​អ្នក​នាង​ផង​ណា៎​
- ចា៎. . . បងចន !

ចន​ដើរ​នាំ​មុខ​ឆោម​នារី​ទៅ​អង្គុយ​លើ​ស្មៅ​​មាត់​​ស្រះ​ដែល​ប្រកប​ដោយ​រុក្ខ​ជាតិ​ខៀវ​ស្រងាត់​ព័ទ្ធ​ជុំ​វិញ​។ ទឹក​ក្នុង​ស្រះ ថ្លា​ឆ្វង់​ដូច​កញ្ចក់​ឆ្លុះ​ឃើញ​បាត​ដី ផ្កា​រំចង់​ប្រឹង​អើត​ចេញ​វា​រី ប្រ​ណាំង​ប្រ​ជែង​លំអ​​នឹង​បុប្ផា​នានា​ដុះ​នៅ​មាត់​ស្រះ​។ គួរ​ជាទី​ សប្បាយ​មែន​ចំពោះ​គូ​សង្សារ​ថ្មី​ថ្មោង​។ បុរស​អភព្វ​ស្នេហ៍ ទាញ​ដៃ​ស្រស់​ស្រី​មក​កាន់ បន្លឺ​វាចា​ស្រ​ទន់​ក្រោម​សំលេង​តន្រ្តី​ធម្ម​ជាតិ​ ដែល​ប្រគុំ​ឡើង​ដោយ​ហ្វូង​ចាប​ស្រុក​មួយ​ហ្វូង​យំ​ស្រែក​ខ្ញៀវ​ខ្ញារ​នៅ​លើ​ចុង​អំពិល​មាត់​ស្រះ​។

- លាក់​បាំង​អ្វី​អ្នក​នាង ខ្ញុំ​សព្វ​ថ្ងៃ​ស្រ​លាញ់​អ្នក​នាង​ស្ទើរ​តែ​បាត់​មុខ​មិន​បាន សេច​ក្ដី​ស្រលាញ់​ផុះ​ចេញ​ពី​បេះ​ដូង​បរិ​សុទ្ធ​នេះ​ ជំរុញ​មាត់​ខ្ញុំ​អោយ​ហ៊ាន​ជំរាប​អ្នក​នាង​ទាំង​ញញើត​ញញើម​។
កល្យាណ​ ដក​ដៃ​មក​វិញ​នៅ​ស្ងៀម​ស្ងាត់​មិន​ព្រម​ឆ្លើយ​។ ការ​ពិត​នាង​អិត​ស្អប់​គេ​ទេ នាង​ចង់​នៅ​ជិត​គេ​ចង់​រស់​ក្បែរ​គេ​ជា​និច្ច តែ​សេច​ក្ដី​អៀន​ខ្មាស់​ដែល​ជា​រនាំង​ធំ​បំផុត​សំរាប់​ស្រ្តី​ធ្វើ​អោយ​នាង​រក​ឆ្លើយ​ទៅ​វិញ​មិន​រួច​។
- ម្ដេច​អ្នក​នាង​មិន​និយាយ​? (ចន​បន្ថែម​ពាក្យ​មក​ទៀត​) រឺ​មួយ​ពាក្យ​ពិត​ដែល​ខ្ញុំ​សារ​ភាព​នេះ​ធ្វើ​អោយ​អ្នក​នាង មិន​ពេញ​ចិត្ត​? បើ​ដូច្នោះ​មែន​ អោយ​ខ្ញុំ​សុំ​ទោស​ផង​ទៅចុះ​ ខ្ញុំ​ជា​មនុស្ស​ខ្វះ​សុជី​វធម៌ ខ្វះ​លក្ខណ:​ថ្លៃ​ថ្នូរ ផ្លូវ​ដ៏​ប្រសើរ​របស់​ខ្ញុំ​ គឺ​ខ្ញុំ​ត្រូវ​និរ​ទេស​ខ្លួន​ចេញ​អោយ​ឆ្ងាយ​ពី​អ្នក​នាង​។
ចន ក្រោក​ដើរ​ចេញ​ពី​មាត់​ស្រះ ដោយ​ទឹក​មុខ​ក្រៀម​ស្រ​ពោន​។ ស្រស់​នារី​បែរ​មើល​តាម​ដំណើរ​ដ៏​ល្ហិត​ល្ហៃ​របស់​គេ​ហើយ​នាង​ក៏​ដាច់​ចិត្ត​ស្រែក​ឃាត់​គេ
- ឈប់សិនបងចន !…
- ខ្ញុំសូមលាហើយអ្នកនាង
- បងខឹងនិងអូនរឺ ?
ចន ទុចដំណើរឈប់ង៉ក់ដូចចាប់ហ្រ្វាំង គេឈរទ្រឹងបន្តិចក៏ដើរមកអង្គុយកន្លែងដែលវិញ ។
- បាទអត់ទេ !… អ្នកនាងទេតើគួរខឹងនឹងខ្ញុំ…!
- ចា៎ះ! អិត អត់ខឹងបងទេ! ផ្ទុយទៅវិញចិត្តអូន គឺ …អ៊ី …អា
ពេលនោះ ណាវីកាន់កន្ទុំរុយមួយរត់ចូលមករកអូវពុកកល្យាណក៏បង្អាក់សំដីនាងតែត្រឹមណេះ ។
- លែងវាអោយមានអិស្សភាពវិញទៅកូន…! ខំវាស្លាប់កូនអែងបាបណា៎
- ចា៎ះ! ប៉ា! ណាវីលែងវាវិញហើយខ្លាចបាបណាស់!

និយាយ​រួច ណាវី​ក៏​ព្រ​លែង​កន្ទុំ​រុយ​អោយ​ហើរ​បាត់​ទៅ​។ កល្យាណ លើក​នាឡិការ​ដៃ​ឡើង​មើល​ឃើញ​ម៉ោង​ជិត​ប្រាំ​មួយ​ហើយ នាង​ក៏​បបួល​ចន​ត្រលប់​ទៅ​ផ្ទះ​វិញ​។ រាត្រី​នេះ មេឃ​ស្រលះ​ប្រាស​ចាក​ពពក ព្រះ​ច័ន្ទ​បញ្ចេញ​ភ័ក្រ្ត​មូល​ក្រលង់​កណ្ដាល​នភា​ល័យ​ រស្មី​សាច​ជះ​ទៅ​គ្រប់​ទិស​ទី​ វា​យោ​បក់​រំភើយ​ៗ ធ្វើ​អោយ​ធាង​ដូង​ដែល​ស្ថិត​នៅ​ប្រប​កា្រក​ ហាក់​ដូច​ជា​ជួយ​បន្ទរ​ នឹង​​សំលេង​ចន​ច្រៀង​រៀប​រាប់​ អំពី​ក្ដី​ទុក្ខ​សោក​របស់​ខ្លួន​ចំពោះ​ដួង​ភ័ក្រ្ត​ព្រះ​ចន្រ្ទា​ អោយ​កាន់​តែ​លន្លង់​លន្លោច​ កំសត់​ខ្លាំង​ណាស់​ទៅ​ទៀត​។ កល្យាណ រាត្រី​នេះ​នាង​ដេក​មិន​លក់​សោះ​។ យុវ​នារី​រសាប់​រសល់​ក្នុង​ខ្លួន​ប្រែ​ប្រួល​ពេញ​លើ​គ្រែ​។ នាង​ខំ​បំភ្លេច​ហេតុ​ការណ៍​ពី​ល្ងាច​ ខំ​បិទ​ភ្នែក​សំងំ​អោយ​ដេក​លក់ តែ​សំលេង​ចំរៀង​របស់​ចន បាន​អណ្ដែត​ទៅ​តាម​សរ​សៃ​ព្រះ​ពាយ​កន្ត្រាក់​អង្រួន​បេះ​ដូង​នាង​អោយ​ទ្រាំ​សំងំ​នៅ​លើ​គ្រែ​ត​ទៅ​ទៀត​លែង​បាន​។ មាណវី​​ក្រោក​ពី​លើ​គ្រែ​ចុះ​ដើរ​ចុច​កែង​​ជើង​ស្រាល​ៗ បើក​ទ្វារ​បន្ទប់​ដើរ​ទៅ​ឈរ​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​ចន ដោយ​នរៈ​ ពុំ​បាន​ដឹង​ខ្លួន​ថា​ ពេល​នេះ​មាន​គេ​ឈរ​លប​ស្ដាប់​ពី​ក្រោយ​ខ្នង​ឡើយ​។ ចន​ច្រៀង​ចប់ កល្យាណ​ក៏​បន្លឺ​វាចា​តិច​ៗ​ឡើង​ថា​៖

- បងចន…! បងមិនគេងទេរឺ ?
ចន ភ្ញាក់ពីភវ័ង្គបែរមកមើល
- បាទ! យប់នេះខែភ្លឺពេញបូណ៌មី ខ្ញុំដូចជាមិនទាន់ងងុយសោះអ្ននាង
កល្យាណ ទាញដៃ​ចន​មក​កាន់ បេះ​ដូង​លោត​ញាប់​ខុស​ធម្មតា​។ នេះ​ជា​លើក​ដំបូង​បំផុត​ក្នុង​ជីវិត​ ដែល​នាង​ហ៊ាន​ចេញ​មក​ជួប​ប្រុស​ក្នុង​ពេល​រាត្រី​ស្ងាត់ ហើយ​ហ៊ាន​ចាប់​ដៃ​គេ​ដូច្នេះ​។
- បងចន! បងប្រាកដស្រលាញ់អូនពិតមែនរឺ ?
ប្រុសប្រាណ លើកដៃទៅច្បូតសក់ឆោមនារីបន្ថើរៗ ដោយក្ដីស្រលាញ់។ គេនិយាយឆ្លើយទៅនាងវិញថា
- ខ្ញុំស្រលាញ់អ្នកនាងស្មើរជីវិត…! មានតែព្រះចន្ទទេដែលជាសាក្សីដឹងចិត្តខ្ញុំ! ថាស្រលាញ់អ្នកនាងប៉ុណ្ណា
- ចុះប្រពន្ធបងមុនគេទៅណាហើយ ?
លឺ​សូរ​កល្យាណ​សួរ​ ពី​ប្រពន្ធ​មុន ទឹក​មុខ​ចន​ដែល​ញញឹម​រីក​រាយ​អំបាញ់​មិញ​ក៏​ប្រែ​ជា​ក្រៀម​ក្រំ​មួយ​រំពេច​។ គេ​ដក​ដៃ​ចេញ​យក​មក​អោប​ទ្រូង ហើយ​ទឹក​ភ្នែក​ក៏​ហូរ​ហៀរ​ចេញ​មក​ដែរ​។
- ប្រពន្ធខ្ញុំមុន? (ចនឧទាន) ហ៊ឹះ​! ខ្ញុំ​ដូច​ធ្លាក់​​ឋាន​​នរក​​ទៅ​ហើយ ខ្ចាត់​ខ្ចាយ​ឆ្ងាយ​ស្រុក​មក​រស់​នៅ​កៀន​ស្វាយ​សព្វ​ថ្ងៃ​ក៏​ ព្រោះ​តែ​រឿង​ស្រី ខ្ញុំ​បាន​ស្បថ​រួច​ម្ដង​ទៅ​ហើយ​ថា​ លែង​ទាក់​ទង​នឹង​ស្រី​ទៀត ព្រោះ​ស្រី​ធ្លាប់​ធ្វើ​អោយ​ខ្ញុំ​ខួច​អនាគត​ក្នុង​​ជីវិត តែ​ទី​បំផុត​ខ្ញុំ​ក៏​គេច​ពី​ការ​ស្រលាញ់​អ្នក​នាង​មិន​រួច​! អ្នក​នាង​ជា​អោ​សថ​ទិព្វ សំរាប់​ជួយ​ព្យា​បាល​ដំបៅ​ចាស់​ខ្ញុំ​អោយ​ជា​សះ​ស្បើយ​បាន។
- បងយំរឺ ?
- បាទ! ត្រូវហើយខ្ញុំយំ … ខ្ញុំយំដើម្បីបញ្ជូនកងទុក្ខកងសោកអោយអន្តែតទៅតាមទឹកភ្នែកនេះ ?
- ឈប់យំទៅបង? … កល្យាណនេះមិនធ្វើអោយបងខូចចិត្តជាគ្រាទីពីរទេ...
ចន​ប្រែ​ជា​ញញឹម​ចាប់​ទាញ​ប្រាណ​ដ៏​ល្វត​ល្វៃ​ស្រស់​ស្រី​មក​នែប​និត្យ​អោរា​។ គេ​ចង្គុល​អោយ​យុវ​តី​មើល​ទៅ​ដួង​ព្រះ​ចន្ទ​ដែល​កំពុង​សំលឹង​ឆ្ពោះ​ព្រះ​ភ័ក្ត្រ​មក​ចំគេ​ថា៖
- អ្នកនាងមើលព្រះ​ចន្ទ​ន៎! រស្មី​ភ្លឺ​ថ្លា ប្រាស​ចាក​ដុំ​ពពក​ខ្មៅ​បាំង​បិទ​ ជា​និមិត្ត​រូប​បញ្ជាក់​អោយ​យើង​ដឹង​ថា សេច​ក្ដី​ស្នេហា​របស់​យើង​ពីរ​នាក់​ស្ថិត​នៅ​លើ​មាគ៌ា​សុភ​មង្គល មិន​អាច​មាន​ឧប​សគ្គ​អ្វី​ចូល​មក​ជ្រៀត​ជ្រែក រា​រាំង​ក្នុង​ដំណើរ​ ជីវិត​បាន​ឡើយ​។
- ចា៎ះ! អូន​ជឿ​បង​ហើ​យ​! ក្នុង​ជីវិត​នេះ​អូន​សូម​ស្មោះ​ត្រង់​ចំពោះ​រូប​បង​ម្នាក់​ត្រា​ជន្ម​ជីព​ក្ស័យ សូម​បង​អាណិត​កុំ​បោះ​បង់​ចោល​អូន​អោយ​ធ្លាក់​ចុះ​ក្នុង​រណ្ដៅ​ទឹក​ភ្នែក​ ទៅ​ថ្ងៃ​ក្រោយ​ណា៎​បង​ណា៎ ។
ជនឃាតករ ភ្លើយមុខសង្សារអោបថើបស្រាលៗ រួចបញ្ចេញវាចាស្រទន់ថា
- ជឿ​ចិត្ត​បង​ចុះ​កល្យាណ​! បង​មិន​បោះ​បង់​ចោល​អូន​អោយ​រង​កម្ម​ទេ បង​ស្រលាញ់​ហើយ​ថ្នាក់​ថ្នម​អូន​លុះ​ត្រា​អវ​សាន្ត​នៃ​ជីវិត​។

ពេល​នោះ ព្រះចន្ទ​ដែល​កំពុង​បញ្ចេញ​រស្មី​ភ្លឺ​ត្រចះ​ត្រ​ចង់​ក៏​ប្រែ​ជា​ងងឹត​ឈ្លប់ មេឃ​មាន​ដុំ​ពពក​ខ្មៅ​ហើរ​គ្រឿង​ៗ​មក ពី​ជើង​មេឃ​អែ​នាយ​បាំង​បាត់​រស្មី​។ ចន​ និង​ កល្យាណ នៅ​ឈរ​សំណេះ​សំណាល​ពាក្យ​ពេចន៍​ស្នេហា​រំលង​អាធាត្រ​ ទើប​អ្នក​ទាំង​ពីរ​បែក​គ្នា​ទៅ​កាន់​បន្ទប់​រៀង​ៗ​ខ្លួន​វិញ​។