រឿងរសាត់តាមកម្ម
ដោយ ហាក់ ឆៃហុក
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
៦ - កុំទុកចិត្តមេឃ
ថ្ងៃសៅរ៍ ទី26.ធ្នូ 2015.ម៉ោង 22:00
កុំទុកចិត្តផ្កាយ | ឆ្ងាយពីផែនដី | មនុស្សស្រីប្រុស |
កើតក្នុងលោកីយ៍ | បងថ្លៃប្ងូនថ្លៃ | កុំបីជឿចិត្ត ។ |
ទៅរៀនស្រុកច្រើន | មិនបានចំរើន | ខាងប្រាជ្ញបណ្ឌិត |
ត្រលប់ជាឆ្កូត | ខិលខូចហួសគិត | វិលវល់ប្រុងយិត |
ឌឺតបងថ្លៃអែង។ |
ប្រាំខែកន្លងផុតទៅ។ ថ្ងៃនេះលោកគ្រូពេទ្យសែនមេត្តា ត្រលប់មកពីក្រុងភ្នំពេញវិញ ឃើញមានកញ្ចិបកញ្ចប់ជាច្រើន ដាក់ណែនល្វែងខាងក្រោយរថយន្តប៊ឺហ្សូ ៤០៣ (Peugeot 403) អីវ៉ាន់ទាំងនេះសុទ្ធសឺងជាគ្រឿងថ្នាំពេទ្យ និង ប្រដាប់ប្រដាដាក់ប្រើប្រាស់ខ្លះដែលលោកគ្រូទិញមកសំរាប់ខ្លួនអែង និង ផ្ញើចន។ ក្រោយពីចែកវត្ថុទិញមកពីទីក្រុងគ្រប់ៗគ្នា ហើយលោកគ្រូក៏ហូតសារទូរលេខពីក្នុងហោប៉ៅ បង្ហាញទៅភរិយាសំលាញ់ ដោយនិយាយបន្ថែមលើសេចក្ដីក្នុងទូរលេខនោះថា៖
- - ប្អូនជីដូនមួយបង គេនឹងត្រលប់មកពីស្រុកបារាំងនៅថ្ងៃចន្ទខាងមុខនេះ
- - ប្អូនមួយណាទៅបង ?
- ចន្ទីសួរទ្រង់ឆ្ងល់
- - សារីនោះអី! អូនភ្លេចគេហើយរឺ?
- ចន្ទីនៅស្ងៀមមួយសន្ទុះក៏ងក់ក្បាលរកនឹក
- - អូ៎! ខ្ញុំនឹកឃើញហើយ! លោកសារីដែលបងធ្លាប់និយាយប្រាប់ខ្ញុំថា ទៅរៀនខាងសាលាភាពាណិជកម្មនោះ រឺ ?
- - ហ្នឹងហើយអូន !
- - ខ្ញុំពុំដែលស្គាល់មុខច្បាស់សោះធ្លាប់ឃើញតែក្នុងរូបថត
- - ម្ដេចអូនស្គាល់ច្បាស់! បើកាលសារីនៅស្រុកខ្មែរបងមិនទាន់រៀបការអូនផង! ក្នុងប៉ុន្មានថ្ងៃខាងមុខនេះអូននឹងបានឃើញបានស្គាល់គេច្បាស់ហើយ
- មួយអាទិត្យក្រោយមក សារីក៏ធ្វើដំណើរមកដល់មាតុប្រទេសវិញ។ គ្រាន់តែមកដល់ភ្នំពេញមួយថ្ងៃ និស្សិតបរទេសក៏បើកឡានមកលេងជាមួយបងជីដូនមួយភ្លាម ដោយសេចក្ដីនឹកក្នុងការព្រាត់គ្នាយូរឆ្នាំ និង ចង់ឃើញមុខបងថ្លៃ ដែល
ល្បីថាស្អាតណាស់នោះផង។
ពេលដែលសារីបើកឡានមកដល់ ជាពេលលោកគ្រូពេទ្យ និង ចន្ទីនៅលើផ្ទះ ឃើញចន នឹកស្មានជាអ្នកបំរើថែសួនច្បារ ក៏ប្រើវាចាគំរោះគំរើយដូចចោលដឹងទាំងដង តាមអារ្យធម៌បរទេសចក្រពត្រនិយមថា៖ - - នែ! អាគាត់នេះ! លោកគ្រូមាននៅផ្ទះទេ?
- ចន លឺដែរតែធ្វើមិនលឺគិតតែខំជ្រុំដីដាំផ្កាតទៅទៀត
- សារីឃើញចនមិនងាកក្រោយ នឹកស្មានថាថ្លង់ក៏គំហកអោយខ្លាំងជាងមុន
- - អាគាត់ថ្លង់ស្អីគេនេះ! លឺអញសួរទេលោកគ្រូពេទ្យនៅរឺមិននៅ ?
- ម្ដងនេះអត់ទ្រាំស្ងៀមមិនបាន ចនក៏បែរមកឆ្លើយវិញថា៖
- - លោកសួរអ្នកណាទាន ?
- - អញសួរអាគាត់អែង ដែលជាគូលីដាំផ្កាហ្នឹងណា៎!
- - ហ៎ៈ! ហា! (ចនសើចចំអក) អត់ទោសទៅចុះលោក! ខ្ញុំមិនមែនឈ្មោះអាគាត់នេះទេ? ហើយបើទុកជាខ្ញុំគូលី ក៏មិនមែនគូលីលោកអែងដែរ
- និស្សិតបរទេស ភ្លើងកំហឹងឆាបឆេះក្រហមមុខដូចមាន់គកមួយរំពេច។ នាយសួរទៅចនចង្អុលដៃមកខ្លួនអែងញ័រទទ្រើត
- - អែងដឹងអញហ្នឹងជាស្អីទេ
- - បាទដឹង! លោកជាមនុស្សដើរលើដីដូចជាខ្ញុំអីចឹងដែរ
- - យើ! អាព្រហើន! តិចអែងអា
- សារីរៀបស្ទុះទៅវាយចន ទទួលឃើញលោកគ្រូពេទ្យចេញមកក៏អាក់ខាន
- - សារីប្អូនឡើងមក! យី! មិនហ៊ានអោយដំណឹងមុនសោះតេម្ដង
- - ចុះបងប្អូនអែងចាំបាច់ទៅធ្វើអ្វី អោយវាអធិកអធមហួសហេតុ ខ្ញុំមិនចង់អោយបងរវល់កំប៉ិកកំប៉ុក ដោយសាតែខ្ញុំមកលេងទេ
- ថាហើយ សារីក៏ដើរឡើងជណ្ដើរទៅលើផ្ទះ ងាកមើលចនម្ដងទៀតដោយក្រសែភ្នែកគុំគួន តែចនត្រលប់ជាសើចចំអកបញ្ជូនដំណើរអោយគេទៅវិញ។ ក្រោយពីអង្កុយសាកសួរសុខទុក្ខ របៀបបងប្អូនព្រាត់គ្នាយូរបន្តិចហើយ សារីក៏សួរលោកគ្រូពេទ្យពីរឿងចន
- - ម្នាក់ប្រុសដែលនៅដាំផ្កាមុខផ្ទះបងវាជាគូលីរឺ ?
- - មិនមែនទេប្អូន! គេជាប្អូនចិញ្ចឹមរបស់បងទេតើ
- សារីហូតបារីស៊ីហ្គា (Cigar) មកអុជជក់គ្រវីក្បាលរួចនិយាយ
- - ម្នាក់ហ្នឹងបើតាមខ្ញុំសង្កេតមើលលក្ខណ: អិរិយាបថដូចជាមនុស្សមិនគួរអោយទុក្ខចិត្តសោះ
- - ទេ! បើតាមបងមើលដូចជាមនិអី! លោកគ្រូដឹងថាសារីស្អប់ចនក៏នាំនិយាយបន្លប់ផ្លាស់រឿង
- - ប្អូនមកដល់ស្រុកខ្មែរវិញហើយ មិនទាន់គិតគូររឿងប្រពន្ធទេរឺ ?
- សារីបង្ហុយផ្សែងស៊ីហ្គា (Cigar) គ្រវីក្បាលញាក់ស្មារបៀបជនអឺរុប
- - នៅស្រុកបារាំងវាសប្បាយឆ្អែតឆ្អន់ណាស់ទៅហើយ ខ្ញុំមកដល់ស្រុកខ្មែរពីរថ្ងៃថ្មីៗ ដូច្នេះរឿងប្រពន្ធកូនដូចជាមិនទាន់នឹកឃើញសោះ !
- ចន្ទី នឹកពេញចិត្តរាងដ៏ស្រស់ស្អាតសង្ហារបស់ប្អូនថ្លៃ ។ នាងញញឹមដាក់សារីបន្តិចទើបនិយាយថា៖
- - យើងខ្មែរ! ម៉េចៗកុំភ្លេចស្រីខ្មែរ សាសន៍ជាតិយើងបានហើយ
- - អូ៎! អារឿងភ្លេចមិនភ្លេចទេ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ?
- - បើត្រូវចិត្តមួយណា អាណិតប្រាប់អោយបងបានដឹងផង (លោកគ្រូពេទ្យនិយាយ)
- - កុំព្រួយអោយសោះបងរឿងហ្នឹង! ដល់ខ្ញុំមានការខ្ញុំគង់តែមកពឹងពាក់បងទាំងពីរទេ
- សារី នៅលេងទាល់តែរសៀលត្រជាក់់ទើបលាត្រលប់ទៅភ្នំពេញវិញ ដោយសន្យាថា នឹង មកលេងនៅព្រឹកថ្ងៃអាទិត្យក្រោយទៀត។ រថយន្តសារី បើកចេញផុតពីរបងផ្ទះកល្យាណក៏ដើរទៅជិតចនហើយនិយាយថា៖
- - ខ្ញុំដូចជាស្អប់ឫកលោកសារីស្អីគេហ្នឹងដល់ហើយបងចន
- - ហេតុបានជាអូនស្អប់ ? (ចនសួរមកវិញ)
- - កាច់រាងជ្រុល! ទៅរៀនបរទេសយូរ ត្រលប់មកវិញចង់ភ្លេចទំនៀបទំលាប់ខ្មែរអស់ សូម្បីតែស្រីៗ ជំរាបសួរក៏ចាប់ដៃដែរ! បើអង្គុយនិយាយវិញញាក់ស្មាអោយពព្រើតដូចស្វាអីចឹង
- - មនុស្សគេថ្លៃថ្នូរចង់ធ្វើយ៉ាងម៉េចក៏នៅតែសមដែរកល្យាណ
- ថាហើយ ចនក៏លើកចបកាប់គាស់ដីតទៅទៀត។ លោកគ្រូពេទ្យដើរចុះពីលើផ្ទះសំដៅតំរង់មកកាន់កន្លែងចននិងកល្យាណ
- - ចនអែងព្រឹកមិញ! មានកើតរឿងអ្វីជាមួយសារីរឺ ?
- លោកគ្រូពេទ្យសួរ
- ចន ដាក់ចបចុះពីដៃបន្ទន់ខ្លួនឆ្លើយទៅលោកពេទ្យដោយគោរព
- - បាទ! អត់ទោសទាន! លោកសារីគាត់អញ្ជើញមកដល់ក៏តាំងសួរដោយពាក្យគំរោះគំរើយថា អាគាត់នេះ លោកគ្រូពេទ្យមាននៅផ្ទះទេ? ខ្ញុំបាទក៏ឆ្លើយដោយស្រួលតបទៅលោកវិញ ថាខ្ញុំបាទមិនមែនឈ្មោះអាគាត់នេះទេ គ្រា ន់តែប៉ុណ្ណឹង លោកសារីក៏ខឹងច្រលោតតោតតូងដាក់ខ្ញុំបាទ …!
- - ណ្ហើយ! ថ្ងៃក្រោយខ្ញុំសូមចិត្តចន កុំអោយមានរឿងកំប៉ិកកំប៉ុកមិនសមជារឿងដូច្នេះកើតឡើងបានទៀត
- វាចាចប់លោកគ្រូពេទ្យក៏ដើរចេញពីកន្លែងចន តំរង់ទៅរោងទុកឡានបើកចេញទៅបាត់ទៅ ។
- ********************************************************************
មួយអាទិត្យក្រោយមកសារីក៏មកលេងផ្ទះលោកគ្រូពេទ្យម្ដងទៀត តាមពាក្យសន្យា។ ការទាក់ទងរាប់អានជិតដិតស្និទ្ធស្នាលរវាងសារី នឹង ភរិយាក្មេងលោកគ្រូពេទ្យកាន់តែរីកចំរើនឡើងជាលំដាប់។ អីលូវនេះសារីមកលេងផ្ទះលោកគ្រូពេទ្យសែនមេត្តា ស្ទើរតែរាល់ថ្ងៃ ហើយរាល់លើកដែលគេមកលេងគេតែងបបួលចន្ទីអោយជិះឡានជាមួយគេ ដើរលេងតាមទីក្រុង និង តាមទីកន្លែងសប្បាយៗ អែទៀតជាច្រើន ទាល់តែល្ងាច រឺ យប់បានជូននាងត្រលប់មកផ្ទះវិញ។ លោកគ្រូពេទ្យអិតដែលគិតប្រច័ណ្ឌ រឺ អាក់អន់ចិត្តអ្វី នឹង ភរិយាទេ លោកគិតថា អ្នកទាំងពីរស្រលាញ់រាប់អានក្នុងឋានជាបងប្អូនប៉ុណ្ណោះ ណាមួយលោកគ្រូខ្លួនអែងគ្មានពេលទំនេរនាំប្រពន្ធដើរលេងបាន សារីនាំដើរអោយនាងរីករាយដូច្នេះ ធ្វើអោយលោកមានបីតិសោមនស្សរីករាយកាន់តែច្រើនឡើង។
តែអនិច្ច! សារី និង ចន្ទីបានប្រព្រឹត្តហួសពីការយល់របស់លោកគ្រូពេទ្យសែនមេត្តាទៅហើយ អ្នកទាំងពីរកំពុងនាំគ្នាចុះមុជទឹកក្ដៅក្នុងខ្ទះទង់ដែងនរកលោកីយ៍។ មើលចុះថ្ងៃនេះសារីនាំបងថ្លៃចិត្តកាកី មកលេងផ្ទះទឹកជ្រោះអំពិលស្ងាត់តែពីរនាក់ ។ ចន្ទីស្លៀកម៉ៃយោបញ្ចេញសាច់ភ្លៅសស្គុះទ្រលុកទ្រលន់ រីអែសុដន់ទាំងគូរបស់នាង ប្រឹងស្ទុះដកដង្ហើមចេញពីសាច់អាវទទឹកទុលស្ទើរប្រេះ។ សារីដេកកើយភ្លៅជួនគេអោប ជួនគេជញ្ជក់សាច់សខ្ចីគល់ភ្លៅ ផុតពីហ្នឹងគេឈោងដៃទៅច្របាច់ដោះ ធ្វើកាយវិការដូចជាច្របាច់ស៊ីហ្លេរថយន្ត។ អោ! នរក! នេះប្រាកដជាសត្វនរកទាំងពីរនាក់មែន តើបងថ្លៃប្អូនថ្លៃរបៀបនេះ ក្នុងលោកនៅមានក្រៅពីសត្វនរកសារី និង ចន្ទីទេ! បើនៅមានច្រើនទៀត សូមអិន្រ្ទព្រហ្ម យមលោក និង អារក្សអ្នកតារក្សាទឹកដីទាំងប៉ុន្មានជួយផ្ដន្ទាទោសអូសក ទំលាក់ចុះទៅក្នុងខ្ទះទង់ដែងអោយអស់ពូជសូន្យសុង កុំអោយនៅមានយល់ស្រមោលរបៀបនរកភ្នែកស្រស់អីចឹងទៀត។ ជួយមើលចុះ! អាសត្វនរកឈ្មោលដេកកើយភ្លៅមេសត្វនរកញី។ មេសត្វនរកប្រាំពីរពាន់ ជាតិមិនឃ្លាតឆ្ងាយពីខ្ទះទង់ដែង បកផ្លែសាវម៉ាវស៊ីនៅក្នុងមាត់វាហើយខ្ជាក់បញ្ជូកទៅក្នុងមាត់អាសត្វនរកឈ្មោល អានោះត្របាក់ត្រីឃើញនុយបណ្ដាលអោយមីឆ្អឹងស៊ុបខ្ទះទង់ដែងសើចកាច់កកាច់ស្រង់ និយាយមាយាដកខ្ញីថា៖
- - ស្អប់ណាស់បងសារី! ត្របាក់រកតែគេដកដៃមិនទាន់ តែដាច់ដៃអូនហ៊ឹះ! បងអែងប្រយ័ត្ន
- សារី ស្ទុះក្រោកភ្លែតអង្គុយទល់មុខចន្ទីទាញប្រាណទេពធីតាក្នុងរាងកាយនរក មកអោបថើបញក់ញីអស់ចិត្តអស់ចង់ទើបលឺនិយាយថា៖
- - ចន្ទីអូន យើងកាលណាទៅហ្ន៎? នឹងបាននៅរួមគ្នាជាប្ដីប្រពន្ធពេញលក្ខណៈ របៀបលួចលាក់ដូចសព្វថ្ងៃបងតឹងទ្រូងណាស់!
- - អូនក៏អីចឹងដែរ! សព្វថ្ងៃបន់អោយតែបងមេត្តាស្លាប់ឆាប់ៗទៅទេ នឹងអាលយើងបានរស់នៅជាមួយគ្នាអស់ការព្រួយបារម្ភ
- - ហ៊ឺ! សព្វថ្ងៃបងស្រលាញ់អូនស្ទើរលេប បើលេបបាន ម៉្លេះសមបងលេបអូនទុកក្នុងពោះបាត់ទៅហើយ
- - ចុះបងខ្ជាក់អូនចេញមកនៅពេលណាវិញ ! រឺទុកក្នុងពោះរៀងរហូតទៅ !
- ចន្ទីស្រីកាកី និយាយធ្វើភ្នែកព្រឹមៗ បំពក់ភ្លើងកាមរាគ សារីអោយពុះពោរដល់កំរិត ។ សារីលឺដូច្នោះស្ទុះទៅថើបញក់ញីម្ដងទៀត។
- - បងមិនលេបអូនទុកក្នុងពោះ រហូតទេ បង នឹងខ្ជាក់អូន យកអូនចេញប្រលែងនៅកន្លែងស្ងាត់ ហើយមានបន្ទប់យ៉ាងដូច្នេះ។
ថាហើយ បុរសកំពុលមុខដោយពិសតណ្ហា ក៏បីប្រាណនាងកាកីចូលទៅសំរេចគោលបំណងនៅក្នុងបន្ទប់ផ្ទះទឹក ពេលនៅនោះទៅ។ នៅខាងក្រៅ ផ្ទៃទន្លេឡើងរញ្ជួញបែករលកបោកផ្កាត្រែងរលកតូចៗ រាក់រយពាន់ នាំគ្នារត់ទៅបោកខ្លួនប៉ះគែមផ្ទះទឹកស្ថានសួគ៌ជ្រោយអំពិលលឺសូរគិប! គិប! ហាក់ដូចជាជួយធ្វើចង្វាក់បន្ទរអោយសត្វនរកទាំងពីរនៅខាងក្នុងបន្ទប់រឹងរិតមានសកម្មភាពជ្រួលជ្រើមក្នុងសមុទ្រតណ្ហាកាន់តែខ្លាំងឡើងៗ ជាលំដាប់។ សមដូចពាក្យព្រូឡានចំណាំនិយាយ ចំអន់គ្នាលេងថា ៖ «លោកគ្រូវ៉ាឡានមុខ កុំទុកឡានក្រោយ ថ្ងៃនេះប៉ៃអោយអស់ដួយ»។