៧ - ស្រីអើយៗស្រី
ថ្ងៃអាទិត្យ ទី3.មករា 2016.ម៉ោង 9:34

                                                                                                                                                                                                                                                                                          
ចូលចិត្តក្បត់ប្ដី  អប្រីយ៍អ្វីម្ល៉េះ កាលប្រពន្ធខ្លួន
ក៏យ៉ាងដូច្នេះ អីលូវប្រទះ ស្រីអាសទៀតហើយ។
 ជួយសង្គ្រោះគេ កម្មក្រាសចូលផ្ទេរ ទុក្ខទ្វេគ្មានស្បើយ
ជីវិតរង់ចាំ ចាំគ្មានចំលើយ បងលាពៅហើយ
រសាត់តាមកម្ម ។

អធ្រាត្រ​ស្ងាត់​ សព្វ​សត្វ​ចូល​និន្រ្ទា​អស់ លោក​គ្រូ​ពេទ្យ​សែន​មេត្តា​ បុរស​អភ័ព្វ​ស្នេហា​ដូច​ជា​កុសល​ដែរ ដេក​សន្ធឹង​សន្ធៃ​រង់​ចាំ​មើល​ដំណើរ​ប្រពន្ធ​ ត្រលប់​មក​ពីរ​ដើរ​លេង​ជា​មួយ​សារី​វិញ​ដោយ​ដួង​ភ័ក្រ្ត​ស្រ​ពាប់​ស្រពោន​។ បញ្ជាក់​អាការ​ទុក្ខ​កប់​ក្នុង​សន្ទះ​បេះ​ដូង​លោក​គ្រូ​អោយ​ឃើញ​ច្បាស់​។ រលាយ​អស់​រលើង​ហើយ វិមាន​ស្នេហ៍​ដែល​លោក​គ្រូ​ខំ​ថែ​មក​ជា​យូរ​ឆ្នាំ​។ ចន្ទី​ក្បត់​ចិត្ត​លោក​គ្រូ​ពេទ្យ​យ៉ាង​អាក្រក់​ជួរ​ជាតិ ទោះ​ជា​លោក​គ្រូ​ក្រើន​រំលឹក​ដាស់​តឿន​យ៉ាង​ណា​ក៏​ដោយ​ ចន្ទី​មិន​ព្រម​យក​ត្រចៀក​ផ្អៀង​ស្ដាប់​មធុ​រស​​វាចា​របស់​លោក​គ្រូ​ឡើយ​។ ចង់​ដើរ ចង់​ដេក រឺ​ ទៅ​ណា​មក​ណា​យប់​អធ្រាត្រ​ធំ ស្រេច​នៅ​លើ​ក្បាល​ចិត្ត​នាង​បញ្ជា​។ រាត្រី​នេះ​ក៏​ដូច​រាត្រី​មុន​ៗ​ដែរ ដល់​លោក​គ្រូ​ពេទ្យ​ត្រូវ​ដេក​​បង្ហូរ​ទឹក​​ភ្នែក​រង់​ចាំ​ដំណើរ​​ប្រពន្ធ​។ សូរ​រថ​យន្ត​មក​ឈប់​ពន្លត់​ម៉ា​ស៊ីន​មុខ​ផ្ទះ​។ លោក​គ្រូ​ពេទ្យ​ក្រោក​ស្ទុះ​ឈ្ងោក​មើល​តាម​ស្លាប​ព្រិល​ ដោយ​រាត្រី​នេះ​ជា​រាត្រី​ខ្នើត លោក​គ្រូ​ឃើញ​ចន្ទី​ប្រពន្ធ​សំលាញ់​បើក​ទ្វារ​រថ​យន្ត​ចេញ​ ហើយ​អោន​​ថ្ពាល់​ទៅ​អោយ​សារី​ថើប​ជញ្ជក់​​មា​ត់​គ្នា​របៀប​បារាំង​ អស់​ពេល​មួយ​សន្ទុះ​ ទើប​នាង​លើក​ដៃ​គ្រវី​ជា​សញ្ញា​លា​ឈាន​ជើង​ឡើង​កាំ​ជណ្ដើរ​ផ្ទះ ដូច​នៅ​អា​លោះ​អាល័យ​ នឹង សហាយ​មិន​ចង់​ចាក​ឃ្លាត​។

ចន្ទី​ច្រាន​ទ្វារ​បន្ទប់​ចូល​មក គ្រ​វាត់​ការ​បូប​ស្បែក​ទៅ​លើ​កូន​តុ​តូច​។ នាង​ប្រាស​ខ្លួន​ដេក​ទាំង​សំលៀក​បំពាក់​ក្នុង​ឈុត​រាត្រី​រលាស់​ស្បែក​ជើង​កែង​ចោទ​ឃ្ទាត​ទៅ​ប៉ះ​ជញ្ជាំង​លឺ​បាំង​! ហើយ​ក៏​យក​ដៃ​គង​ថ្ងាស ដេក​មើល​ទៅ​លើ​ពិដាន​គ្មាន​រវល់​អើ​ពើ នឹង ប្ដី​ដែល​ដេក​បើក​ភ្នែក​រង់​ចាំ​ដំណើរ​នាង​បន្ដិច​បន្ដួច​ឡើយ​។ លោក​គ្រូ​ពេទ្យ​អភ័ព្វ​ស្នេហ៍ ដក​ដង្ហើម​ធំ​ខំ​ប្រឹង​ បិទ​ភ្នែក​សំងំ​អោយ​លក់ ដើម្បី​បំភ្លេច​ភាព​ដ៏​សែន​ឈឺ​ចាប់​ក្នុង​ដួង​ចិត្ត​អំបាញ់​មិញ​អោយ​រសាយ​បាត់​ពី​ដួង​អារម្មណ៍​។ តែ​ទោះ​ជា​ខំ​បិទ​យ៉ាង​ណា​ភ្នែក​កម្ម​នេះ​មិន​ព្រម​លក់​សោះ​។ ទី​បំផុត​លោក​គ្រូ​ក៏​ដាច់​ចិត្ត​សួរ​ទៅ​ចន្ទី​ថា​៖​

- ចន្ទី . .! អូនមកពីណាបានជាមកដល់ផ្ទះយប់ជ្រៅម្ល៉េះ?
- ចាស! ខ្ញុំមកពីដើរលេង
ចន្ទីឆ្លើយសោះកក្រោះទៅលោកគ្រូពេទ្យយ៉ាងខ្លីដូចរិស្សីកំបុកចុង។
- អូនអីលូវដើរលេងយប់ជ្រុលបន្តិចហើយ បងសូមអង្វរអូនអោយលះបង់ការកំសាន្តនេះចោលចេញខ្លះបានទេ ?
ចន្ទី បែរខ្វាប់មកសំលក់ដាក់ប្ដី នាងនិយាយតបទៅលោកគ្រូពេទ្យវិញដោយវាចាគំរោះគំរើយថា
- ពេលនេះខ្ញុំឆ្លើយប្រាប់បងមិនទាន់បានទេ! ខ្ញុំងងុយគេងណាស់! មានអ្វីយើងទុកនិយាយគ្នាស្អែកចុះ
ថា​ហើយ នាង​ក៏​បែរ​ខ្លួន​មក​វិញ​ទាញ​ភួយ​គ្រលុំ​ជិត​ក្បាល​មិន​អោយ​ប្ដី​សាក​សួរ​អ្វី​បាន​ទៀត​។ លោក​គ្រូ​ពេទ្យ​ហេតុ​តែ​មិន​ដាច់​អាល័យ​ពី​ចំណង​ស្នេហ៍​ប្រពន្ធ​ ក៏​ខំលើក​ដៃ​ទៅ​អោប​គេ តែ​ចន្ទី​ច្រាន​ចេញ​បើក​មុខ​ស្ដី​គំហក​អោយ​ទៀត។​
- មិនដឹងជាអោបស្អីទេ! ក្ដៅបែកញើញស្ទើរប្រកាច់! បើចង់អោបម្ដេចក៏មិនអោបខ្នើយទៅ
ស្ដាប់​ចុះ! នេះ​ហើយ​សំដី​ស្រី​មាន​សាហាយ ប្ដី​អោប​សុទ្ធ​តែ​ក្ដៅ​សុទ្ធ​តែ​ងងុយ​ដេក បើ​ប៉ះ​សហាយ​វិញ​ដេក​ចំខែង​អោយ​គេ​លួង​លោម​លូក​កកាយ​បាយ​បិណ្ឌ​បាយ​បាត្រ​តាម​ចិត្ត​។
- អូនចន្ទីអីលូវ! ខុសពីអូនចន្ទីប្រពន្ធបងឆ្ងាយណាស់ តើហេតុអ្វីដែលបណ្ដាលអោយចិត្តអូនវិបរិតយ៉ាងដូច្នេះ?
- ហ៊ឺ! (ចន្ទីស្រែកគ្រហឹម) អោយ​ល្មម​ៗ បាន​ហើយ​ណា​បង​មេត្តា ពេល​នេះ​ខ្ញុំ​មិន​ត្រូវ​ការ​ស្ដាប់​សំដី​អត់​ខ្លឹម​សារ​របស់​បង​អែង​ទេ​
ទោះជាយ៉ាងនេះ លោកគ្រូនៅតែមុខក្រាស់ប្រឹងនិយាយតទៅទៀត
- អូនចន្ទីពីដើមមិនចេះដើរលេងយប់! មិនចេះប្រើពាក្យគំរោះគំរើយដាក់ប្ដីសោះអីលូវ
- ខំនិយាយដល់ណាទៀតបងមេត្តា! ម៉ោង​ពីរ​ម៉ោង​បី​ទៅ​ហើយ មិន​ទុក​ពេល​អោយ​គេ​បាន​ដេក​សំរាក​ផង​ទេ​រឺ​យ៉ាង​ម៉េច ​?​

កាល​បើ​ចន្ទី​ប្រើ​សំដី​ធំ​ៗ ស្ទើរ​ទៅ​ជា​សំលេង​ស្រែក​លោក​គ្រូ​ពេទ្យ​ខ្លាច​ខ្មាស​គេ ទី​បំផុត​ក៏​​ទ្រាំ​នៅ​ស្ងៀម​ទាំំង​ខ្លោច​ផ្សា​។ ការ​រអាក់​រអួល​​ក្នុង​គ្រួសារ​ រវាង​លោក​គ្រូ​ពេទ្យ​ នឹង ចន្ទី​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង​ៗ ជា​លំ​ដាប់​។ ចន និង​ កល្យា ណ​នឹក​អាណិត​លោក​គ្រូ​ពេទ្យ​ខ្លោច​ថ្លើម​ប្រមាត់​ តែ​ក៏​មិន​អាច​ជួយ​អ្វី​កើត​ ក្រៅ​ពី​លួច​អង្គុយ​សំរក់​ទឹក​ភ្នែក​ប៉ុណ្ណោះ​។​ ចន បាន​ដឹង​ច្បាស់​ថា​ចន្ទី​លប​មាន​សហាយ​ស្មន់​ជា​មួយ​សារី​ នរៈ​នឹក​ទៅ​ដល់​អតីត​ភាព​ពី​បួន​ឆ្នាំ​មុខ ភ្លើង​កំហឹង​ក៏​ឆាប​ឆេះ​សន្ធោ​សន្ធៅ​ពេញ​ក្នុង​អោ​រា អ្នក​ចង់​តែ​សំលាប់​អា​សត្វន​រក មី​សត្វ​នរក​នេះ​អោយ​ផុត​ពូជ​ពី​ក្នុង​លោក​។ តែ​ចិត្ត​មួយ​ធ្វើ​អោយ​នឹក​ឃើញ​ថា នេះ​វា​ជា​រឿង​របស់​អ្នក​ក្រៅ​ខ្លួន មិន​ត្រូវ​ការ​ឈឺ​ឆ្អាល​អ្វី​អោយ​ហួស​ពី​ការ​គួរ​ទេ​ ណា​មួយ​ទុក្ខ​ទោស​របស់​អ្នក​ក៏​នៅ​ជ្រងោ​មិន​ទាន់​រលប់​បាត់​ស្នាម​នៅ​ឡើយ​។

មួយ​ខែ​ដែល​ប្រកប​ទៅ​ដោយ​ស្រមោល​ទុក្ខ ក៏​បាន​រំលង​ផុត​ទៅ​ទៀត​។ ថ្ងៃ​នេះ ហេតុ​ការណ៍​ផ្ទះ​លោក​គ្រូ​ពេទ្យ​សែន​មេត្តា​ដែល​គ្មាន​អ្នក​ចាប់​ភ្លឹក​ នឹក​ស្មាន​ថា កើត​ឡើង​ក៏​ស្រាប់​តែ​កើត​មាន​ឡើង​។ ចន្ទី​លួច​រត់​ចេញ​ពី​ផ្ទះ​តាម​សារី​ ហើយ​បាន​លួច​ប្រមូល​ប្រាក់​កាស​មាស​ពេជ្រ​ក្នុង​ទូ​ដែក​យក​ទៅ​អស់​រលីង​។ លោក​គ្រូ​ពេទ្យ កាល​ត្រលប់​មក​ពី​ព្យា​បាល​ជម្ងឺ​អ្នក​ស្រុក​វិញ​ បាន​ទទួល​ដំណឹង​នេះ​លោក​គ្រូ​ក៏​ទៅ​ជា​ខូច​ចិត្ត​លែង​ស៊ី​បាយ​ទឹក​ គិត​តែ​ផឹក​ស្រា ជួន​សើច​ជួន​យំ​ដូច​មនុស្ស​វិ​កល​ចរិត​។ ពេល​យប់​ស្ងាត់​ មនុស្ស​ក្នុង​ផ្ទះ​ដេក​លក់​ស្កប់​ស្កល់​អស់​ទៅ​ហើយ លោក​គ្រូ​នៅ​អង្គុយ​ជ្រងុក​មុខ​រូប​ថត​ចន្ទី​ដែល​ដាក់​តាំង​លើ​ក្បាល​គ្រែ​ដេក​។ និយាយ​រអ៊ូស​ៗ​ទៅ​រក​រូប​ថត រួច​ហើយ​ក៏​ចាក់​ស្រា​ផឹក ផឹក​ទាល់​តែ​រលើង​ពី​បាត​ដប ហាក់​ដូច​ជា​ទឹក​សុរា​គ្មាន​ជាតិ​ស្រ​វឹង​អ្វី​បន្ដិច​បន្តួច​សោះ​។

ឱ! ស្រី ចិត្ត​នាង​អ្វី​ក៏​ប្រែ​ប្រួល​ឆាប់​ម្ល៉េះ​! ហា​! ហា​! ហា​! ទឹក​ចិត្ត​ស្រី​នឹក​ឃើញ​គួរ​អោយ​អស់​សំណើច​មែន​... ក្នុង​លោក​យើង​នេះ​ នរ​ណា​ទៅ​ជឿ​ចិត្ត​ស្រី​បាន ចិត្ត​ស្រី​រេ​ដូច​ចុង​ស្រល់​ត្រូវ​ខ្យល់​បោក​បក់​! អ្នក​ណា​ហ៊ាន​ជឿ​ចិត្ត​ស្រី អ្នក​នោះ​ត្រូវ​ស្លាប់... វាចារ​វើរ​វាយ​តែ​ម្នាក់​អែង​អស់​ចិត្ត​អស់​ចង់ ហើយ​លោក​គ្រូ​ពេទ្យ​ក៏​ចាក់​ស្រា​ផឹក​ត​ទៅ​ទៀត​។ ផឹក​អស់​មួយ​កែវ​ថែម​មួយ​កែវ​ ផឹក​ទាល់​តែ​ស្រវឹង​ដួល​ដេក​ក្បែរ​ជើង​គ្រែ​ក្នុងគ្រា​នោះ​។ ទុក្ខ​សោក​របស់​លោក​គ្រូ​ពេទ្យ​ ក៏​ដូច​ជា​ទុក្ខ​សោក​របស់​ចន​អែ​ដែរ​។ ចន​មាន​សេច​ក្ដី​កង្វល់​ជា​ខ្លាំង​ដោយ​មិន​អាច​រក​ផ្លូវ​ដោះ ស្រាវ​វិថី​ជីវិត​ដ៏​អាប់​អួរ របស់​លោក​អ្នក​មាន​ឧបការគុណ​គេ​បាន​។ ចំណែក​កល្យាណ​មិន​បាច់​និយាយ​ឡើយ​ថា​នាង​ពិបាក​ចិត្ត​ចំពោះ​រឿង​បង​ប្រុស​នាង​ប៉ុណ្ណា​? មាណ​វី​ម្ងៃ​ៗ​អង្គុយ​សំ​កុក យំ​អាណិត​បង​ ស្ទើរ​តែ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ខូច​សតិ​ម្នាក់​ទៅ​ទៀត​។ នាង​យល់​ច្បាស់​ថា​បង​នាង​មិន​អាច​រស់​ខ្វះ​រូប​ចន្ទី​បាន​ទេ ទោះ​ចន្ទី​ក្បត់​ប៉ុណ្ណឹង​ហើយ​បង​នាង​ក៏​ត្រូវ​ការ​អោយ​នាង​វិល​មក​វិញ​ជានិច្ច​។ ល្ងាច​នេះ​នាង​ក្រលេក​ឃើញ​ចន អង្គុយ​សំកុក​សុប​សៅ​ក្រោម​ដើម​ជម្ពូ​ចំហៀង​ផ្ទះ ស្រស់​ស្រី​ក៏​ដើរ​ទៅ​ជិត​។ ចន​បែរ​មក​ឃើញ​ញញឹម​ស្ងួត​ដាក់​នាង​បន្តិច​។

- កល្យាណ! ណាវីគេងលក់ហើយរឺ?
- ចា៎! គេងហើយបង
- ចុះលោកគ្រូ?
- បងមេត្តាផឹកស្រានៅក្នុងបន្ទប់ … អីលូវ​គាត់​ស្ទើរ​ក្លាយ​ទៅ​ជា​មនុស្ស​វិកល​ចរិត​ទៅ​ហើយ​!
វា​ចា​ចប់ តំណក់​ទឹក​ភ្នែក​ពីរ​តំណក់​ក៏​ហូរ​តាម​ប្រឡាយ​ថ្ពាល់​នារី​
- បងអាណិត​លោក​គ្រូ​ណាស់​អូន! ហេតុ​តែ​គាត់​ចិត្ត​មិន​ដាច់​ពី​លោក​ស្រី​! ទោះ​បី​លោក​ស្រី​ធ្វើ​អំពើ​អាក្រក់​យ៉ាង​នេះ​ក៏​ដោយ លោក​គ្រូ​ក៏​នៅ​តែ​ស្រែក​នឹក​ដើម​រក​ទៀត​ . . ​ហ៊ឺ​ …​!
- ពិតហើយបង បងមេត្តាគាត់ចិត្តមិនដាច់ពីបងចន្ទីទេ តែបងចន្ទីចិត្តដាច់ពីគាត់អាក្រក់សែនអាក្រក់!
ចនមុខក្រៀម
- រឿង​ប្រពន្ធ​ផិត​ប្ដី វា​ជា​ផ្លូវ​របស់​ព្រហ្ម​លិ​ខិត​គូស​អោយ​យើង​មក​ពី​អតីត​ជាតិ​ទេ​អូន​! ក្នុង​លោក​យើង​នេះ​នៅ​មាន​ច្រើន​ណាស់​បុរស​ដែល​ត្រូវ​ទទួល​ផល​អា​ក្រក់​ពី​ប្រពន្ធ​ដូច​យ៉ាង​លោក​គ្រូ​
- បងជួយគិតអូនផងមើល? តើយើងត្រូវជួយបងមេត្តាដោយវិធីណា៎ ?
ចន នៅស្ងៀមរកគិតមួយសន្ទុះ ក៏ឆ្លើយទៅសង្សារថា
- មានតែផ្លូវម្យ៉ាងទេ! គឺខបងត្រូវទៅតាមយកខ្លួនលោកស្រីចន្ទីមកប្រគល់អោយលោកគ្រូវិញណា៎អូន
- បងដឹងកន្លែងគាត់នៅរឺ ?
- បងសង្ឃឹមថាអាចរកឃើញ! លោកស្រីនឹងសារីមិនទៅណាឆ្ងាយពីភ្នំពេញទេ ។
កល្យាណ មុខដែលក្រៀមស្រពោនអំបាញ់មិញត្រលប់ជាមនាស្នាមញញឹមបន្តិចឡើងវិញ
- បងចន ...! បងប្រញាប់រៀបចំដំណើរទៅរកតាមបងចន្ទីភ្លាមៗ
- មិនអីទេអូន! បងនឹងទៅព្រឹកស្អែក

ពេល​នោះ លឺ​សូរ​តូង​តាង​គ្រុង​គ្រាំង​លេច​ចេញ​ពី​បន្ទប់​លោក​គ្រូ​ពេទ្យ សង្សារ​ទាំង​ពីរ​ក៏​ផ្អាក​ការ​សន្ទនា នាំ​គ្នា​រត់​សំដៅ​​ទៅ​កាន់​កន្លែង​សូរ​សព្ទ​មួយ​រំពេច​។ ព្រឹក​ស្អែក​ឡើង ចន​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ពេញ​ដោយ​មិន​បាន​ប្រាប់​លោក​គ្រូ​ពេទ្យ​អោយ​ដឹង​ទេ​។ ជន​ឃាត​ករ ខំ​ដើរ​ស៊ើប​រក​ចន្ទី និង សារី​គ្រប់​ច្រក​ល្ហក​ទាំង​ថ្ងៃ​ទាំង​យប់​។ មិន​យូរ​ប៉ុន្មាន​គេ​ក៏​តាម​ដាន​សារី និង ចន្ទី​ជាប់​ ហើយ​ដឹង​ច្បាស់​ថា​អ្នក​ទាំង​ពីរ​សព្វ​ថ្ងៃ​សំណាក់​នៅ​សណ្ឋា​គារ (លិមិន​សួស្ដី) នៅ​ខាង​ជើង​ផ្សារ​ធំ​ថ្មី​។ ថ្ងៃ​មួយ​ខណ​ដែល​សារី​ ​និង ចន្ទី​មក​ពី​ដើរ​លេង​ចូល​បន្ទប់​ចាក់​សោរ​។ កំពុង​លួង​​លោម​ប្រលោម​ស្នេហ៍​អាស​អា​ភៀស​ទាំង​ថ្ងៃ​ភ្លឺ​ក្រ​លែត​។ ចន​ក៏​ឡើង​តាម​ហើយ​ឈ្ងោក​មើល​ទៅ​ក្នុង​បន្ទប់​សោរ​។ ភាព​ដែល​គេ​ឃើញ​ខណ:​នេះ វា​មិន​ខុស​ពី​សភាព​សោ​ភ័ណ​ប្រពន្ធ​គេ​នឹង​សាហាយ​ ដែល​គេ​បាន​បាញ់​សំលាប់​កាល​ពី​បួន​ឆ្នាំ​មុន​ឡើយ​។ ជន​ឃាតករ​ ដក​កាំ​ភ្លើង​គូ​ជីវិត​ដែល​គេ​យក​ជាប់​ខ្លួន​មក​រហូត​តាំង​ពី​បួន​ឆ្នាំ​មុន លើក​ភ្ជង់​មាត់​ត្រែ​តាម​ប្រលោះ​រន្ធ​សោរ​ប្រុង​ប្រហា​ជីវិត​អ្នក​ទាំង​ពីរ​អោយ​បាត់​បង់ តែ​អ្នក​ទន់​ដៃ​ស៊ក​កាំ​ភ្លើង​ចូល​ក្នុង​អាវ​វិញ ពេល​នេះ​អ្នក​មិន​ត្រូវ​សំលាប់​ចន្ទី​ទេ​។ គឺ​អ្នក​ត្រូវ​យក​ចន្ទី​ទៅ​ប្រគល់​អោយ​លោក​គ្រូ​ពេទ្យ ជា​គោល​បំណង​ដែល​អ្នក​ត្រូវ​បំពេញ​ ដើម្បី​តប​ស្នង​ករុ​ណា​ទិគុណ​ដ៏​ធំ​លើស​លប់​របស់​អ្នក​មាន​ឧប​ការ​គុណ​ធ្ងន់​ក្នុង​ជីវិត​។ ចន​ខំ​ប្រឹង​ប្រមូល​កំលាំង​ពលំ​ធាក់​ទ្វារ​បន្ទប់​អស់​ទំហឹង​។

- គ្រាំង! ក្រាក …!
ទ្វារ​បន្ទប់​ទ្រាំ​នឹង​ទំងន់​ជើង​មិន​បាន​ក៏​របើក​ឃ្វាំង​​។ ចន្ទី​ភិត​ភ័យ​អៀន​ខ្មាស​ប្រញាប់​យក​កំរាល​ពូក​មក​រុំ​កាយ​ដែល​អាក្រាត​។ ចំណែក​សារី​ ដៃ​កាន់​ឡេវ​ខោ​ប្រុង​ប្រលេះ​ចាត់​ការ​ក៏​​ទៅ​ជា​ភាន់​ភាំង​ឈរ​ទ្រឹង ទាល់​តែ​ចន​ដើរ​ចូល​មក​ជិត​ ទើប​ភ្ញាក់​ស្មារ​តី​ស្រែក​ថា ៖
- ចន... ចន. អែងចូលមកនេះប្រាថ្នាអ្វី ?
- ហា! ហា! ហា! (ចនសើចហើយដើរចូលទៅជិតទៀត) អញមកនេះ ដើម្បី​យក​ឈាម​ក្បាល​ដ៏​ខ្មៅ​ក្រខ្វក់​មិន​ស្គាល់​បង​មិន​ស្គាល់​ប្អូន​របស់​អា​អែង​ចេញ
សារី ភិតភ័យមុខស្លឺតស្លាំងដូចមាន់​គ្រៀវ តែ​មិន​ដឹង​រត់​គេច​ទៅ​ខាង​ណា​ផុត ក៏​ខំ​កំលា​ចិត្ត​ខ្លួន​អែង​អោយ​ក្លា​ហាន ស្រែក​គំរាម​ទៅ​ចន​ថា
- ហ៊ឺះ! អាចន! អញមិនខ្លាចអែងទេ ថ្ងៃនេះគឺជាថ្ងៃស្លាប់របស់អែងហើយ

និយា​រួច សារី​ក៏​លោត​ទៅ​ដាល់​ចន​ទាំង​កំរោល​ តែ​ចន​ដឹង​ខ្លួន​មុន​ប្រុង​ប្រយ័ត្ន​ស្រេច​ក៏​គេច​ខ្លួន បណ្ដាល​អោយ​សារី​ខុសបំណង​ជ្រុល​អាត្មា​ទៅ​មុខ​។ ចន​ងាក​មក​សង​ជំងឺ​ចិត្ត​មួយ​ជើង​ស្ដាំ​ចំពាក់​កណ្ដាល​កញ្ចឹង​ក រួច​វ័ធ​អា​ឆ្វេង​ផ្ទប់​ទៅ​ទៀត សារី​ក៏ដួល​ដេក​លើ​កំរាល​អិដ្ឋ បែក​មាត់​ចេញ​ឈាម​សន្លប់​បាត់​ស្មារតី​លែង​ក្រោក​មក​សំដែង​វិទ្ធ​ទៀត​រួច​។ ចន្ទី ឆ្លៀត​ពេល​គេ​កំពុង​ប្រ​វាយ​ប្រ​តប់​គ្នា​ស្លៀក​សំពត់​ពាក់​អាវ​អោយ​បាន​ស្រួល​បួល​ឡើង​វិញ​។ ចំណែក​ចន កាល​បើ​ឃើញ​គូ​សត្រូវ​សំងំ​ ដេក​លក់​ដាស់​​លែង​ក្រោក​ហើយ ក៏​បែរ​មក​មើល​មុខ​ចន្ទី ដោយ​ក្រ​សែ​ភ្នែក​ឃោរ​ឃៅ​ក្រហម​ដូច​រងើក​ភ្លើង​។ ជន​កំសត់​សួរ​ទៅ​ស្រី​កាកី​ថា​៖

- យ៉ាង​ម៉េច​លោក​ស្រី​! សប្បាយ​ចិត្ត​ទេ​បាន​មក​ដេក​នៅ​ជា​មួយ​សាហាយ ហ៊ឺះ​! លោក​ស្រី​មាន​រូប​ស្អាត​ប្រៀ ប​បាន នឹង នាង​ទេព​អប្សរ!​ តែ​ចិត្ត​គំនិត​លោក​ស្រី​វិញ​ថោក​! ថោក​ជាង​ឆ្កែ​ក្រោម​ផ្ទះ​ទៅ​ទៀត​! ឆ្កែ​គេ​ចិញ្ចឹម​អោយ​បាយ​ស៊ី វា​ចេះ​នៅ​ស្រ​លាញ់​ម្ចាស់​! តែ​លោក​ស្រី​វិញ​អត់​ចេះ​ស្រ​លាញ់​ប្ដី​ទេ​! លោក​ស្រី​ជា​នារី​មាន​តណ្ហា​ក្រាស់​អាក្រក់​ជួ​រជា​តិ​ លោក​ស្រី​ជា​នារី​ដែល​កើត​ឡើង​មក​សំរាប់​តែ​បង្អាប់​កិក្តិ​យស​នារី​ទូទៅ​ លោក​ស្រី!… ខ្ញុំ​មិន​ដឹង​ប្រៀប​លោក​ស្រី​ទៅ នឹង អ្វី​អោយ​សម​ទេ​ បើ​តាម​ប្រ​លោម​លោក​សាស្រ្តា​ស្លឹក​រិត​បូរាណ លោក​ស្រី​គឺ​ប្រាកដ​ជា​នាង​កាកី នាង​ល្អ​តែ​ខាង​ក្រៅ ដូច​ផ្លែ​ល្វា នាង​ទេព​អប្សរ​ច្រលំ​ភព​។

ពាក្យ​ជេរ​ច្រាស​ឆ្អេះ​ត្មះ​តិះ​ដៀល​របស់​ចន ប្រៀប​បាន​នឹង​ទឹក​មន្ត​ដ៏​សក្ដិ​សិទ្ធ រោគ​ឆ្កួត​តណ្ហា​បាន​ដក​ឃ្លាត​ចេញ​អស់​ពី ខួរ​ក្បាល​ចន្ទី​ហើយ​។ អីលូវ​នាងយល់​នូវ​កំហុស​ខ្លួន​អែង​នាង​នឹក​អាណិត​ប្ដី ហើយ​ក៏​នឹក​ខ្លាច ចន​ដែល​នាង​ធ្លាប់​តែ​ស្ដីអោយ​ដូច​បាវ​បំរើ​កាល​ពីមុន​។ ស្ត្រី​ឆ្កួត​តណ្ហា​លូន​ទៅ​សំពះ​ទាប​បាទ​ជើង​ចន​និយាយ​ទាំង​យំ​សស្រាក់​ថា៖​

- ខ្ញុំពេលនេះដឹងខ្លួនខុសហើយចន សូម​ចន​អាណិត​អភ័យ​ទោស​អោយ​ខ្ញុំ​ផង ធ្វើ​ម្ដេច​វា​ជា​កម្ម​របស់​ខ្ញុំ …!
ចន​លើក​ចន្ទី​អោយ​អង្គុយ​លើ​គ្រែ កំហឹង​ឆាប​ឆួល​អំបាញ់​ម៉ិញ​រលាយ​អស់​ទៅ​វិញ​ខ្លះ​ហើយ គេ​និយាយ​ទៅ​កាន់​នាង​ដោយ​សំលេង​ធម្មតា​ថា​៖
- តើ​លោក​ស្រី​ជ្រាប​ទេ​?​ អំពើ​ដែល​លោក​ស្រី​ប្រព្រឹត្ត​ហួស​មក​​ហើយ​នេះ ធ្វើ​អោយ​លោក​គ្រូ​ពេទ្យ​លោក​កើត​ទុក្ខ​​រីង​រៃ​ដោយ​សារ​លោក​ស្រី​ប៉ុណ្ណា​! បើ​លោក​ស្រី​យល់​ថា​ខ្លួន​ខុស ត្រូវ​តែ​លោក​ស្រី​ត្រលប់​ទៅ​គៀន​ស្វាយ​ជា​មួយ​ ខ្ញុំ​អីលូវ​នេះ​
- ចាស ចន ខ្ញុំ​ព្រម​ទៅ​តាម​ហើយ (ចន្ទី​និយាយ​ទាំង​នៅ​ទឹក​ភ្នែក) ពេល​នោះ​ទោះ​ជា​បង​មេត្តា​ដាក់​ទុក្ខ​ទោស​ខ្ញុំ​ដល់​ថ្នាក់​ណា​ក៏​ដោយ ខ្ញុំ​ពេញ​ចិត្ត​ទទួល​ផល​កម្ម​អាក្រក់​នេះ​ទាំង​អស់​។
- បើអិចឹង! សូមអញ្ជើញលោកស្រី
ចន​នាំ​ចន្ទី​ចុះ​មក​ក្រោម​សណ្ឋា​គារ​ ហើយ​ជួល​តាក់​ស៊ី​ភ្នំពេញ​ព្រៃ​វែង​ដាក់​ចន្ទី​ទៅ​គៀន​ស្វាយ​ភ្លាម​ក្នុង​គ្រា​នោះ​។ និយាយ​ពី​សារី កាល​បើ​ដឹង​ខ្លួន​ឡើង​វិញ​ក៏​នឹក​ភ័យ​ក្រោយ​ប្រ​ញាប់​ប្រញល់​លាង​មុខ លាង​មាត់​បំរុង​ចុះ​ទៅ​ក្រោម​ តែ​ពេល​នោះ​ភ្នែក​គេ​ក្រ​លេក​ទៅ​ឃើញ​ អត្ត​សញ្ញាណ​បណ្ណ​ដែល​មាន​រូប​ប្រាសាទ​គូស​ឆ្នូត​ទទឹង​។ សារី​អោន​ទៅ​​រើស​យក​មក​ក៏​ស្រាប់​តែ​ភ្ញាក់ បើក​ភ្នែក​ធំ​ៗ ឧទាន​ចេញ​មក ៖
- យី! កាត្រលោកអនុសេនីត្រីសោមកុសល? អូ! ចនហ្នឹងគឺជាកុសលហើយ។ សារី​ឈរ​ភាំង​មួយ​សន្ទុះ ដូច​ជា​រក​រឿង​អ្វី​មួយ​ដែល​កប់​បាត់​ក្នុង​ខួរ​ក្បាល​ជា​យូរ​ឆ្នាំ បន្ទាប់​មក​គេ​ក៏​ងក់ក្បាល​ញញឹម​និយាយ​ខ្លាំង​ៗ ចេញ​មក​ថា ៖
- អូ! វា​ហ្នឹង​ហើយ​តើ ការ​សែត​ប្រកាស​អោយ​រក​ចាប់​ខ្លួន​ក្នុង​បទ​សំលាប់​នមុស្ស​ដោយ​ចេតនា​ តែ​ប៉ុណ្ណេះ​អញ​បាន​សង​សឹក​វិញ​ហើយ​អាចន ហា​! ហា​! ហា​!​។
សារី​ប្រញាប់​រត់​ចុះ​មក​ខាង​ក្រោម បើក​រថ​យន្ត​ទៅ​ប្ដឹង​ក្រុម​ព្រះ​នគរ​បាល​ជាតិ​ជា​បន្ទាន់​។ ចន នាំ​ចន្ទី​ប្រគល់​អោយ​​លោក​គ្រូ​ពេទ្យ​វិញ ពេល​នោះ​លោក​គ្រូ​ពេទ្យ​កល្យាណ​បាន​ចេញ​មក​ទទួល​ចន្ទី​នៅ​មុខ​ផ្ទះ​។ ស្រី​ភ្ញាក់​ខ្លួន យំ​គឃូ​រ​ត់​ទៅ​ អោប​បាទ​ជើង​ប្ដី​និយាយ​សុំ​ទោស​ជុំរះ​វាចា​អន្ដឺត​អន្ដក់​ថា​៖
- អូនខុស​ហើយ​បង​! អូន​ជា​ស្រី​អាក្រក់​! ស្រី​ក្ងោក​មាស​ពេល​នេះ​អូន​ព្រម​ទទួល​ទុក្ខ​ទោស​ពី​បង​គ្រប់​យ៉ាង​សូម​បង​ដាក់​ទុក្ខ​ទោស​លើ​ប្រពន្ធ​ក្បត់​ចុះ…ធ្វើ​ម្តេច​អូន​ជ្រុល​ខុស​រួច​ទៅ​ហើយ​ថ្ងៃ​មុខ​អូន​សូម​សន្យា​ថា នឹង​ប្រែ​ចិត្ត​គំនិត​ ​លែង​ប្រ​ព្រឹត្ត​អំពើ​ថោក​ទាប​ក្បត់​ប្ដី​របៀប​នេះ​ទៀត​ជា​ដាច់​ខាត​។
គ្រូពេទ្យលើកចន្ទីក្រោកឈរ ប្រឹងញញឹមទាំនៅស្នាមសោកសៅ
- ក្រោកឡើងចន្ទី … បង​សប្បាយ​ចិត្ត​ណាស់ ដែល​អូន​ភ្ញាក់​កំណើត​យល់​នូវ​កំហុស​របស់​ខ្លួន​អែង បង​មិន​ដែល​តាំង​ចិត្ត​នឹក​ប្រកាន់​ រឺ ខឹង​នឹង​អូន​ទេ មាន​តែ​អូន​ទេ​តើ​ខឹង​បង​ ហើយ​រត់​ចោល​បង​ !
- បងមេត្តាយំរឺ ?
- ត្រូវហើយ​អូន​បង​យំ​! យំ​ព្រោះ​ត្រេ​អរ​ដោយ​បាន​ឃើញ​អូន​ភ្ញាក់​ខ្លួន … ទឹក​ភ្នែក​នេះ​គឺ​ជា​ទឹក​ភ្នែក​នៃ​សេច​ក្ដី​សុខ​របស់​បង​ណា៎​អូន​!
វាចាចប់ លោកគ្រូពេទ្យ​ក៏​បែរ​ទៅ​ចាប់​ដៃ​ចន​ និង កល្យាណ​ម្នាក់​ម្ខាង អោយ​មក​ឈរ​ប្រឈម​មុខ​គ្នា ហើយ​លោក​មាន​ប្រសាសន៍​ថា
- ថ្ងៃនេះខ្ញុំត្រេកអរណាស់ ព្រោះ​ពន្លឺ​ជីវិត​របស់​បង ត្រូវ​បាន​ភ្លឺ​ឡើង​វិញ ហើយ​បង​ដឹង​ទៀត​ថា អូន​ទាំង​ពីរ​លួច​ស្រលាញ់​គ្នា ពេល​នេះ​បង​មិន​រា​រាំង​ដំណើរ​ស្នេហា​អូន​ទាំង​ពីរ​ទេ​ចន​! ចន​​ចាប់​ដៃ​កល្យាណ​ទៅ​ ជា​សញ្ញា​សុភ​មង្គល​ក្នុង​ ជីវិត​ត​ទៅ​ពេល​អនាគត​ ​។
ចន លូក​ដៃ​ទៅ​ចាប់​ក​ដៃ​កល្យាណ​តាម​បញ្ជា​លោក​គ្រូ​ពេទ្យ​។ ក្រ​សែ​ចក្ខុ​ និង ​ក្រ​សែ​ចក្ខុ បាន​ឆ្លុះ​ចាំង​ចំ​គ្នា​សារ​ជា​ថ្មី​ម្ដង​ទៀត​។ ម្នាក់​សុទ្ធ​សឹង​សង្ឃឹ​មញញឹ​ម​ទុក​ថា​ខ្លួន​គេ​ នឹង បាន​រស់​នៅ​ជា​ប្ដី​ប្រពន្ធ​ជា​មួយ​គ្នា ប្រកប​ទៅ​ដោយ​សេច​ក្ដី​សុខ​ក្នុង​ ពេល​ខាង​មុខ​នេះ​ពុំ​ខាន​។

អនិច្ចា​! ផល​កម្ម​នៅ​តាម​មក​ផ្តន្ទា​ឈ្នា​និស​មិន​ចេះ​អស់​មិន​ចេះ​ហើយ​។ ខណ:​ដែល​សង្សារ​ទាំង​ពីរ​ប្រាណ​បាន​ទទួល​ សេច​ក្ដី​សុខ​តែ​ក្នុង​រយ:​ពេល​ដ៏​ខ្លី​នោះ​។ រថ​យន្ត​ហ្សឺប​របស់​ក្រុម​ព្រះ​នគរ​បាល​ជាតិ ដែល​ស្ថិត​នៅ​ក្រោម​កិច្ច​បញ្ជា​លោក អធិ​កា���​ វណ្ណ​​ណា​រា មិត្ត​ចាស់​របស់​ជន​ឃាត​ករ​ដែល​ទើប​ផ្លាស់​មក​ពី​ខេត្ត​ពោធិ​សាត់ ក៏​រត់​មក​ឈប់​ស្ងៀម​នៅ​មុខ​ផ្ទះ​លោក​គ្រូ​ពេទ្យ​សែន​មេត្តា​។ ភ្នាក់​ងារ​ក្រុម​ព្រះ​នគរ​បាល​ជាតិ​រត់​ស្រ​ទៅ​ហ៊ុំ​ព័ទ្ធ​ចន តែ​ចន​យល់​គ្រោះ​អាសន្ន​មក​ដល់​ខ្លួន​ អ្នក​ក៏​ហួត​កាំ​ភ្លើង​ឡើង​ភ្ជង់​ រេ​ទៅ​ភ្នាក់​ងារ​ទាំង​អស់​គ្នា ធ្វើ​អោយ​លោក​គ្រូ​ពេទ្យ​មេត្តា ចន្ទី​ និង កល្យាណ​ដែល​មិន​បាន​ដឹង​រឿង​ហេតុ​ពី​មុន​ មាន​សេច​ក្ដី​តក់​ស្លុត​ភិត​ភ័យ​ជា​ខ្លាំង​។

- គ្នាយើងកុំចូល! ថយ ក្រោយអោយអស់មក!
លោកអធិការស្រែកប្រាប់ទៅភ្នាក់ងារ រួចខ្លួនលោកក៏ដើរតំរង់ទៅរកមុខកាំភ្លើងចនដោយអិតតក់ស្លុត។
- កុសលអែងចង់បាញ់ខ្ញុំរឺ ?
លោកវណ្ណ ណារ៉ា សួរ
- ខ្ញុំនឹងបាញ់គ្រប់គ្នាដែលចូលមកប្រាថ្នាចាប់ខ្ញុំ
លោកគ្រូពេទ្យ អត់ទ្រាំងឿងឆ្ងល់មិនបាន ក៏សួរទៅលោកអធិការថា
- ចន! គេមានរឿងអ្វីលោក ?
លោកអធិការ បែរទៅ ងក់ក្បាលគោរពដល់លោកគ្រូពេទ្យបន្តិច ទើបមានប្រសាសន៍ថា៖
- បាទ នេះមិនមែនឈ្មោះចនទេ គឺឈ្មោះសោម កុសល អ្នកទោសបទឧក្រិដ្ឋកាលពីរបួនឆ្នាំមុន
- អូ! ហ្នឹងរឺលោកកុសល ?
លោកគ្រូពេទ្យអុទាន។
លោកអធិការដើរចូលទៅជិតកុសលបន្តិចទៀត លោកមានប្រសាសន៍ដោយសំលេងទន់ភ្លន់ថា៖
- កុសលសូមមិត្តកុំចង់តស៊ូនឹងខ្ញុំធ្វើអ្វី! ចូរមិត្តប្រគល់ខ្លួនអោយរាជការមក យើងធ្វើខុសត្រូវហ៊ានទទួលខុស
- ទេ! ពេលនេះខ្ញុំគ្មានមិត្តជាមួយលោកប៉ូលិសទេ បើខ្ញុំជាមិត្តលោក ម្តេចក៏លោកតាមមកចាប់ខ្ញុំយ៉ាងដូច្នេះ។
ពេល​នេះ កុមារី​ណាវី​មិន​ដឹង​ចេញ​មក​ពី​លេង​កន្លែង​ណា​ឃើញ​ប៉ូលីស​ឈរ​ហ៊ុំព័ទ្ធ​ចាប់​ឳពុក​ ក៏​យំ​ហ៊ូ​ស្ទុះ​រត់​ទៅ​អោប​ជើង​និយាយ​យ៉ាង​គួរ​អោយ​សង្វេគ​ក្នុង​ដួង​ចិត្ត​ថា
- ប៉ា! កុំព្រួយប៉ូលីស លោកអុំប៉ូលីសអើយកុំបាញ់ប៉ាណាវីអី ប៉ាណាវីមិនមែនជាចោរទេ ?
លោកគ្រូពេទ្យឃើញទិដ្ឋភាពដ៏សែនខ្លោចផ្សាដូច្នេះក៏អត់ទ្រាំទប់ទឹកភ្នែកពុំបាន ។
- កុសល! ចូរប្អូន​ប្រគល់​ខ្លួន​អោយ​រាជ​ការ​ចាប់​ចុះ​! ច្បាប់​គង់​រក​យុត្តិ​ធម៌​អោយ​អូន​បាន​ជា​មិន​ខាន បង​នៅ​ខាង​ក្រៅ​ចាំ​ជួយ​តស៊ូ​ក្ដី​អោយ​អូន ហើយ​អាណិត​ណាវី​! គ្នា​កំព្រា​ម្ដាយ​ផង​។
កុសល កាន់កាំភ្លើងឈរស្ងៀមមិនវាចា។ លោកធអិការ ឈ្លៀតអោកាសនេះនិយាយពន្យល់លួងលោមជនឃាតករទៀតថា ៖

- មិត្ត​អែង​មើល​នុ៎ះ​ន៎! សូម្បី​តែ​ក្មេង​តូច​មួយ​វា​ក៏​ចេះ​ស្រលាញ់​ឳពុក​ ចុះ​មិត្ត​ជា​អ្នក​អោយ​កំណើត​ដល់​វា​ម្តេច ក៏​មិន​ចេះ​ស្រលាញ់​វា​ផង​? ត្រូវ​មិត្ត​ដឹង​ថា​ បើ​មិត្ត​ស្លាប់​ពេល​នេះ គឺ​ស្លាប់​យ៉ាង​មនុស្ស​កំសាក​ មិន​មែន​ស្លាប់​ដោយ​ក្លា​ហាន​ទេ​ អ្នក​ណា​ចិញ្ចឹម​កូន​អោយ​? ទៅ​ពេល​អនាគត​ តើ​គ្នា​នឹង​វេទ​នា​យ៉ាង​ណា​? កំព្រា​ម្ដាយ​ហើយ​ត្រូវ​កំព្រា​ឳពុក​ទៀត។ នៅ​មុខ​តុលា​ការ​មិត្ត​ឆ្លើយ​ក្នុង​ការ​ធ្វើ​ឃាត​កម្ម ចំពោះ​ប្រ​ពន្ធ​ និង សាហាយ​អោយ​ឃើញ​ច្បាស់​ថា​ ដោយ​មក​ពី​ហេតុ​អ្វី​ទៅ​? បើ​មិត្ត​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ មិត្ត​អាច​បាន​ទទួល​ការ​សំរាល​ទុក្ខ​ទោស​ពី​តុលាការ​ខ្លះ​ជា​ពុំ​ខាន បើ​មិត្ត​មិន​ហ៊ាន​អោយ​គេ​ចាប់​បញ្ជូន​ទៅ​តុលា​ការ​កាត់​ទោស​ គឺ មិត្ត​ជា​អ្នក​ខុស ខុស​អស់​មួយ​ជីវិត​។ កុសល​ ទន់​ចិត្ត​នឹក​អាណិត​កូន​ទំលាក់​កាំ​ភ្លើង​បោះ​ចោល​ទៅ​លើ​ស្មៅ​ សំរូត​ខ្លួន​ចុះ​មក​អោប​ថើប​បុត្រី​ទាំង​ហូរ​ហៀរ​ទឹក​ភ្នែក​។

- ណាវីកូនមាសពុក កូន​នៅ​ជា​មួយ​លោក​អុំ​ចុះ​ណា៎​! កូន​កុំ​យំ ថ្ងៃ​ណា​មួយ​ប៉ា​គង់​បាន​វិល​មក​ជួប​មុខ​កូន​វិញ​ជា​ពុំ​ខាន​។
កុសល ក្រោកឈរមើលទៅ​លោក​គ្រូពេទ្យ ចន្ទី​ និង កល្យាណ ដោយ​ក្រ​សែ​ចក្ខុ​អាលោះ​អាល័យ​មិន​ចង់​ចាក​ឃ្លាត​។
- លោកគ្រូ​លោក​ស្រី ខ្ញុំ​បាន​បំពេញ​ភារៈ​តប​ស្នង​សង​គុណ​លោក​ទាំង​ពីរ​រួច​ហើយ ពេល​នេះ​ខ្ញុំ​សូម​អោយ​លោក​ទាំង​ពីរ​អាណិត​ណាវី​កូន​ខ្ញុំ​ផង កល្យាណ​ឈប់​យំ​សោក​ទៅ​អូន បណ្ដោយ​បង​រសាត់​តាម​កម្ម​មួយ​គ្រា​សិន​ចុះ​បើ​ យើង​ជា​គូ​ព្រេង នឹង គ្នា​​ពី​ជាតិ​មុន បង​ព្រាត់​ទៅ​នេះ​មិន​មែន​ព្រាត់​ស្លាប់​អែ​ណា​អូន!
- បងចន !
- កល្យណ ស្រែក​ហៅ​ឈ្មោះ​កុសល​បាន​តែ​មួយ​មាត់​ ក៏​ដួល​សន្លប់​បាត់​ស្មារតី​ក្នុង​ពេល​នោះ​ទៅ​។ រី​អែ​កុមារី​ណាវី ក៏​ទៅ​អោប​ជើង​ឳពុក​យំ និយាយ​អង្វរ​ទៅ​លោក​អធិការ​ វណ្ណ​ណា​រ៉ា​ដោយ​វាចា​គួរ​អោយ​អាណិត​ថា ៖
- លោកអុំប៉ូលិស កុំចាប់ប៉ា​ណាវី​យក​ទៅ​ណា៎ ប៉ា​ណាវី​អត់​មែន​ចោរ​លួច​អីវ៉ាន់​គេ​ទេ សូម​លោក​អុំ​ប៉ូលិស​អាណិត​លែង​ប៉ា​ទៅ ​។
ផុតពីពោលពាក្យអង្វររកក្រុមប៉ូលិស កុមារីអភ័ព្វក៏បែរមកវាចាជាមួយអូវពុកម្ដងថា ៖
- ប៉ាអង្វរ​អុំ​ប៉ូលិស​ទៅ​កុំ​អោយ​ចាប់​ ប៉ា​កុំ​ទៅ​ណា​ចោល​ណាវី​ណា៎ ប៉ា​ឈប់​ស្រលាញ់​ណាវី​ហើយ​រឺ? ប៉ា​អើយ . . . ណា​វី​ស្រលាញ់​ប៉ា… ហើយ​អា​ណិត​ប៉ា​ណាស់​​។
ទឹកភ្នែកឃាតករ ស្រក់ព្រូចុះម្ដង​ទៀត​។ អ្នក​អោន​ថើប​កូន​ព្រម​ទាំង​អង្អែល​ស្រាល​ៗ ហាក់​ដូច​ជា​មិន​ចង់​ឃ្លាត​ចេញ​ឆ្ងាយ​សោះ ​។
- ណាវី​កូន​សំលាញ់​ប៉ា​តែ​មួយ​អើយ កូន​ឈប់​យំ​សោក​ទៅ លោក​អុំ​ប៉ូ​លិសមិន​បាន​ចាប់​ប៉ា​យក​ទៅ​ធ្វើ​បាប​ទេ កូន​ទ្រាំ​ខ្វះ​រូប​ប៉ា​មួយ​គ្រា​ជា​មួយ​មីង​យ៉ាន​ លោក​អុំ​​ប្រុស​លោក​អុំ​ស្រី​សិន​ចុះ! បើ​សំណាង​ផល​បុណ្យ​ប៉ា​មាន ប៉ា​គង់​វិល​មក​ជួប​មុខ​ណាវី​កូន​សំលាញ់​ប៉ា​វិញ​មិន​ខាន កូន​ឈប់​យំ​ទៅ​ណា៎​កូន​ណា៎​ ប៉ា​មិន​ចង់​ឃើញ​កូន​យំ​​អីចឹង​ទេ​
កុសលនិយាយចប់ លោកអធិការក៏តឿនឡើងថា៖
- ប៉ុណ្ណឹងបានហើយកុសល.! ចូរមិត្តខំកាត់ចិត្តកាត់ថ្លើមខ្លះទៅ ធ្វើម្តេចវាជាកម្មផលរបស់យើងចៀសមិនរួច
- សូមមិត្តនាំខ្ញុំទៅចុះ ខ្ញុំក៏គ្មានកិច្ចការនិយាយផ្តែផ្ដាំអ្វីទៀតដែ
ថាហើយ ជនឃាតករក៏លើកដៃទៅ​អោយ​ភ្នាក់​ងារ​ក្រុម​ព្រះ​នគរ​បាល​ដាក់​ខ្នោះ​។ លោក​គ្រូ​ពេទ្យ សែន​មេត្តា ដឹង​ថា​កុសល​ សឹង​ត្រូវ​គេ​នាំ​ទៅ​ហើយ លោក​ក៏​ខំ​ប្រឹង​មាន​ប្រសាសន៍​ផ្ដែ​ផ្ដាំ​ជា​លើក​ចុង​ក្រោយ​៖
- ប្អូន​កុសល​! ចូរ​ប្អូន​ខំ​តាំង​ចិត្ត​សតិ​អា​រម្មណ៍​អោយ​ស្ថិត​ជា​ប្រ​ក្រតី​ណា៎​? ប្អូន​ឆ្លើយ​សារ​ភាព​តាម​រឿង​ពិត​ចុះ​ទោស​របស់​ប្អូន នឹង​ត្រូវ​តុលា​ការ​បន្ធូរ​បន្ថយ​អោយ​ខ្លះ​មិន​ខាន បង​នៅ​ខាង​ណេះ​ នឹង​ខំ​តវ៉ា​ក្ដី​អោយ​អូន​ទាល់​តែ​ផុត​ សមត្ថ​​ភាព​!។
- បាទ​លោកគ្រូ !… ខ្ញុំ​បាទ​ត្រេក​អរ​ណាស់​! សូម​លោក​គ្រូ​អាណិត​ជួយ​ថែ​រក្សា​កូន​ស្រី​ខ្ញុំ​បាទ និង អាណិត​ជួយ​សង្រ្គោះ​ខ្ញុំ​បាទ​ផង ខ្ញុំ​បាទ​មិន​ដឹង​ជា​ថ្ងៃ​ណា​ទើប​បាន​ចេញ​ពី​ពន្ធនា​គារ​មក​ជួប​កូន​វិញ​ទេ។
- កុំព្រួយបារម្ភចន (លោកស្រីចន្ទីនិយាយ) សូម​ចន​ទៅ​អោយ​បាន​ជួប​តែ​សេច​ក្ដី​សុខ​ចុះ មិន​យូរ​ប៉ុន្មាន​ចន​គង់​បាន​រួច​ទុក្ខ​ទោស​មក​វិញ​ទេ។

នៅ​ពេល​ដែល​ភ្នាក់​ងារ​ព្រះ​នគរ​បាល​ជាតិ​បណ្ដើរ​កុសល​អោយ​ឡើង​រថ​យន្ត​។ កុមារី​ណាវី​តោង​ជើង​អូវ​ពុក​ជាប់ នាង​ស្រែក​យំ ខំ​ប្រលេះ​ដៃ​ប៉ូលិស​ទាញ​អូវ​ពុក​នាង​មក​វិញ​។ លោក​គ្រូ​ឃើញ​ដូច្នេះ​ដើរ​ទៅ​ចាប់​បេះ​ដៃ​ណាវី​លើក​ពរ​មិន​​អោយ​ជិត​អូវ​ពុក​។ រថ​យន្ត​ក្រុម​ព្រះ​នរគ​បាល​ជាតិ បាន​ឃ្លាត​ចេញ​ទៅ​ឆ្ងាយ​ហើយ​កុសល​លើក​ដៃ​ដែល​ជាប់​ខ្នោះ​គ្រវី​បោក​បក់​មក​លា​អ្នក​ទាំង​អស់​គ្នា​ដោយ​សេច​ក្ដី​សោក​អាល័យ​ក្នុង​ជីវិត​។

កន្លះ​ខែ​ក្រោយមក កុសល​ក៏​ត្រូវ​តុលា​ការ​កាត់​ទោស​ក្នុង​បទ​សំលាប់​គេ​ដោយ​ចេតនា និង លួច​រត់​ចោល​ដំណែង​រាជ​ការ តែ​សំណាង​មាន​សាក្សី​ជួយ​ខាង​ជន​ឃាត​ករ​ច្រើន ឆ្លើយ​ប្រាប់​តុលា​ការ​ថា ឃាត​ករ​សំលាប់​មនុស្ស​ទាំង​ពីរ​នាក់​នោះ​មក​ពី​ម្នាក់​ជា​សាហាយ​ប្រពន្ធ​​របស់​ខ្លួន ហើយ​ឡើង​មក​ដេក​រួម​រក្ស​លើ​ផ្ទះ​របស់​ខ្លួន​ទៀត​ ដោយ​អំណាច​ខឹង​ខ្លាំង​ខ្លួន​ក៏​បាញ់​សំលាប់​សាហាយ​នឹង​ប្រពន្ធ​ទៅ សឹង​មាន​សាក្សី​ជួយ​ដឹង​លឺ​ជា​ភស្ដុ​តាង​បញ្ជាក់​ស្រាប់​។ ដោយ​តុលា​ការ​យល់​ថា ជន​ឃាត​ករ​សំលាប់​អ្នក​ទាំង​ពីរ​កំពុង​សាហាយ​ស្មន់​គ្នា​នៅ​លើ​ផ្ទះ​របស់​ឃាត​ករ ហើយ​រក​ឃើញ​ភស្ដុ​តាង​នៃ​ការ​ពិត​គ្រប់​គ្រាន់ តុលា​ការ​ក៏​សំរេច​សំរាល​ទោស​ពី​បទ​ឧក្រិដ្ឋ​មក​ត្រឹម​មជ្ឃិម​វិញ ហើយ​ផ្តន្ទា​ទោស​មួយ​ផ្នែក​ទៀត​ទៅ​លើ​ជន​ឃាតករ​ ដែល​លួច​រត់​ចោល​មុខ​តំណែង​រាជ​ការ​ ហើយ​ហ៊ាន​យក​ទាំង​កាំ​ភ្លើង​រាជ​ការ​ទៅ​ជាប់​ជា​មួយខ្លួន​។

កុសល​ ត្រូវ​តុលា​ការ​កាត់​ទោស​អោយ​ជាប់​គុក​បី​ឆ្នាំ​។ ក្រុម​គ្រួសារ​លោក​គ្រូ​ពេទ្យ​សែន​មេត្តា​ត្រេក​អរ​ណាស់ ចំពោះ​កញ្ញា​កល្យាណ នាង​មាន​បិតិ​សោម​នស្ស​ជាង​គេ​អែង​ទាំង​អស់​ព្រោះ​ក្នុង​កំលុង​បី​ឆ្នាំ​ខាង​មុខ នាង​ប្រាកដ​បាន​ជួប​ប្រុស​ បន្ដូល​ចិត្ត​វិញ​ហើយ​។

បីឆ្នាំក្រោយមក កុសល​ក៏​រួច​ទុក្ខ​ទោស​ត្រ​លប់​មក​នៅ​គៀន​ស្វាយ​ជា​មួយ​លោក​គ្រូពេទ្យ​សែន​មេត្តា​វិញ​។ លោក​គ្រូ​ពេទ្យ និង​លោក​ស្រី​ចន្ទី អិត​មាន​ស្អប់​ខ្ពើម​កុសល​ទេ គ្រូ​ពេទ្យ​បាន​រៀប​ចំ​ផ្សំ​រៀប​ការ​កុសល និង កល្យាណ​ប្អូន​ស្រី​លោក​ អោយ​ទៅ​ជា​ស្វា​មី​ភរិយា​ រស់​នៅ​ជា​សុខ​សាន្តរៀង​រហូត​មក។

****************************** ចប់បរិបូណ៍ ***************************