៩ -អវសាន្ដបទ
ថ្ងៃសៅរ៍ ទី9.កុម្ភៈ 2019.ម៉ោង 9:04

    ព្រះទិន​បតី​សើច​ពព្រាយ​ពី​ជើង​មេឃ​ ភ្លឺ​ចិញ្ចាច មហា​សាគរ​ញញឹម​ទទួល​ពរ​ជ័យ រលក​ខ្ជោល​ៗ តាម​ជំនោរ ដែល​ធ្វើ​អោយ​ទង់​ជ័យ​ខ្មែរ​បក់​រីក​រាយ​នៅ​អែ​ដង​ក្ដោង​។ ក្ងាន​​សួគ៌ា​រត់​ដូច​ហោះ​ លើ​ពិភព​គង្គា​ល្ហ​ល្ហាច​ធំ​ជាង​ដី​បី​ដង​។ អច្ឆរិយា ពាក់​វែន​តា​ខ្មៅ​ច្រៀង​បទ​បុប្ផា​វៀង​ច័ន្ទ​ ដែល​ជា​ព្រះ​រាជ​និពន្ធ​នៃ​សម្ដេច​ព្រះ​ នរោត្តម សីហនុ​។ អ្នក​កាច់​ចង្កូត​ នាវា​នៅ​ចន្លោះ​ទេព​អប្សរ​ពីរ​រូប​ដែល​ស្លៀក​តាម​នារី​មាត់​សមុទ្រ​ គឺ​អាវ​ម៉ៃយូ ស្មា​រលោង​គល់​ សុដន​រលីង ភ្លៅ​រលើប …
    ប៉ៃ​អាខ្មោច​ឆៅ​អ្ហើយ​! ប្រសិន​បើ​ចេញ​ផុត​ពី​ដែន​ទឹក​សៀម​អីលូវ​នេះ​ អច្ឆរិយា មិន​បណ្ដោយ​អោយ​នាង​ម៉ែ​ ទាំង​កូន​អួត​ដាក់​សុវណ្ណ​ហុង​ជិះ​​ហង្ស​មាស​យ៉ាង​នេះ​យូរ​បាន​ម្ល៉េះ​ទេ​!​
   - បង អច្ឆរិយា … បង​ជា​កំពូល​បុរស​អែក​ដែល​កម្រ​រក​បាន​ … បង​និយាយ​ថា​អោយ​ អមរា វិល​ទៅ​បាង​កក​វិញ រឺ​ក្នុង ៤៨​ម៉ោង​ក្រោយ​នេះ​? នាង​ អមរា សួរ​អច្ឆរិយា​។
    - បង អច្ឆរិយា, លោក​ជំទាវ​សែស​ម៉ារីណា​និយាយ​ ជា​ភាសា​បារាំង​ បង​អែង​បញ្ជូន​អូន​ទៅ​អោយ​រៀប​ការ​ជា​មួយ​អា​កញ្ចាស់​ទំពែក​ប្រកិត​ពិផាត​មែន​រឺ​? ហើយ​បង​អែង​ នឹង រៀប​ការ​ជា​មួយ អមរា មែន​ទេ ​?
    កញ្ញា អមរា ដ៏​សោភា​បែរ​មើល​មុខ​ មាតា​ក្រៅ​ខោ​ហើយ​នាង​រលាស់​សំដី​ជា​ផាសា​អង់​គ្លេស​ដាក់​ អច្ឆរិយា​ថា ​៖
    - ទោះ​បី​ទេវ​តា​ចុះ​មក​មួយ​ពិភព​មេឃ​ទាំង​មូល លុត​ជង្គង់​អង្វរ​អមរា​អោយ​ឃ្លាត​ ចិន្តា​ចេញ​ពី​បង​ អច្ឆរិយា​ នោះ​ក៏​ពិត​ជា​អិត​បាន​ផល​ទេ ​… អូន​ទៅ​តាម​បង​រហូត​ដល់​ជើង​មេឃ​។
    ជាភាសាបារាំងសែស ដដែល​ភាសា​បី​ខុស​គ្នា​តែ​មាន​ន័យ​បន្ត​គ្នា​តែ​មួយ លោក​ជំទាវ​សែស​ម៉ារី​ណា​វ័ធ​សំដី​ខ្តតៗ​​ថា​៖​
    - ក្រែង​តែ​ផែន​ដី​នេះ​ប្រេះ​ជា​ពីរ​ទើប ម៉ារីណា សុខ​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​ទ្រូង​បង អច្ឆរិយា …
    ហង្សាសមុទ្រឃ្លាតចេញពីដែនទឹកអន្តរជាតិ រួចបំបែរក្បាលចូលក្នុងដែលទឹកនៃប្រទេកម្ពុជា។
    ប៉ៃអាគេដោតគូថ … លលក​ញី​ពីរ​សង្រ្គឹត​ភ្នែក​ដាក់​គ្នា ដើម្បី​ដណ្ដើម​លលក​ ឈ្មោល​តែ​មួយ អា៎!​ ប្រសិន​បើ​​អ្នក​និពន្ធ​ខ្ញុំ​នៅ​លើ​នាវា​នេះ​ដែរ​ប្រហែល​បញ្ហា​នេះ​ដោះ​ស្រាយ​បាន​យ៉ាង​ងាយ​។ ហើយ​នារី​ដែល​ខ្ញុំ​ត្របាក់​ដូច​ត្រី​ឆ្ដោ នោះ​ គឺ​លោក​ជំទាវ​សែស ម៉ារីណា មុន​គេ​ទាំង​អស់​! ខ្ញុំ​ចូល​ចិត្ត​តែ​ស្រី​ផិត​ប្ដី​! ។
    អច្ឆរិយា សើចខ្លាំងៗ ហើយនិយាយជាភាសាខ្មែរច្បាស់ៗ ថា៖
    - បង នឹង រៀប​ការ​អូន​ទាំង​ពីរ​យក​ធ្វើ​ប្រពន្ធ​ដើម​ពេញ​ច្បាប់​ទាំង​អស់​! អោយ​មាន​គត៌​ស្នើ​គ្នា​អោយ​ប្រសូត​បុត្រ​ស្មើ​គ្នា​អោយ​យំ​ស្មើ​គ្នា អោយ​សើច​ស្មើ​គ្នា អោយ​ស្លាប់​ស្មើ​​គ្នា។​
    រួច អច្ឆរិយា​ក៏​ប្រែ​ជា​សំដី​នេះ​ជា​ភាសា​សៀម​វិញ​។ នារី​ទាំង​ពីរ​ញញឹម​ខ្ជិប​ដាក់​គ្នា​មុខ​ក្រហម​។ អិន្ទ្រី​សមុទ្រ​ជ្រែក​ជលសា​ ចូល​ជ្រៅ​ណាស់​ទៅ​ហើយ​ក្នុង​ដែន​ទឹក​កម្ពុជា​។ ហា​និ​ភ័យ​ពុំ​អាច​កើត​មាន​ឡើយ​។
    - បងឃ្លាន​ណាស់មាន​អ្វី​ញ៉ាំទេ​អូនម៉ារីណា ​? យើង​ដល់​ដែន​ទឹក​ខ្មែរ​ហើយ​!
    អច្ឆរិយា ពន្លត់​ម៉ាស៊ីននាវា​។ ចុះ​ពុះ​ចង្កូត​រវៃ​យុថ្កា​ចុះ​ក្នុង​ឈួង​សមុទ្រ​ខ្មែរ​ដើម្បី​សម្រាក​ ដោយ​យល់​ច្បាស់​សប្បដិ​ភ័យ​ពិត​ជា​អិត​កំណើត​នៅ​ទី​នេះ​។ ទឹក​ចិត្ត​អច្ឆ​រិយា​ជា​ទឹក​ចិត្ត​ប្រតិ​កម្ម​។ អ្នក​ដើរ​សំដៅ​ធុង​ដាក់​កំណប់​​មាស​។ ធុង​នេះ​មាន​ដុះ​ស្លែ​ជិត​ និង ជាប់​ដោយ​អណ្ដាត​សោ​។ អច្ឆរិយា យក​ត្រែ​កាំភ្លើង​ការ៉ា​ប៉ីន​បញ្ចូល​ក្នុង​ប្រហោង​សោ​ ហើយ​គាស់​កៃ​ផូង​។ សោរ​បើក​។ អច្ឆរិយា បើក​គម្រប​ដែក​ដ៏​ធ្ងន់​នេះ​ ចំពោះ​មុខ​នារី​ខ្ចី​ទាំង​ពីរ​រូប​។ ចំលែក ផ្ទុយ​ពី​ធុង​ដែក​ដែល​មាន​ភាព គួរ​អោយ​ខ្ពើម​រអើម​ នៅ​ខាង​ក្នុង​មាស​កំណាត់​ដ៏​មាន​ទម្ងន់ ២៥ គ.ក្រ មួយ​ដុំ​ៗ​ ភ្លឺ​ចាំង​ចែង​ប្រណាំង​រស្មី​ព្រះ​សុរិយា​។
    - មាស! មាស! អោ បងអច្ឆរិយាមាសច្រើនម្ល៉េះបង មាស! មាស!
    នេះ​ជា​អុទាន​ស័ព្ទ​ដ៏​ដង្ហក់​នៃ​លោក​ជំទាវ​ក្រៅ​បញ្ជី​ម៉ារី​ណា​។ ផ្ទុយ​ទៅ​វិញ​កញ្ញា អមរា មើល​លោ​ហ​ធាតុ​ដ៏​ថ្លៃ​ថ្លា​នេះ​អិត​រំភើប​ចិត្ត​បន្តិច​សោះ​។
    នាងសែសម៉ារីណា មើលមាសរួចលួចមើលមុខអច្ឆរិយា ។
    អកុសល​គាប់​ជួន​ពេល​នោះ អមរា អោន​ចុះ លើក​មាស​នេះ​មើល​នាង​ចំហរ​ គល់​សុដន​ដ៏​សែន​សោភា​។ អច្ឆរិយា​សំលឹង​មើល​រហូត​ដល់អែ​ក្នុង​អាវ​។ បន្ទាប់​មក កំលោះ​ក្រមុំ​សំលក់​គ្នា​។
    ម៉ារីណា មើល​អ្នក​ទាំង​ពីរ​ដោយ​កន្តើយ​ តែ​ក្នុង​ខ្លួន​នាង​ធ្វើ​ការ​ដ៏​ខ្លាំង​ក្លា​។ តើ​នាង​គិត​ឃើញ​យ៉ាង​ណា ​? ម៉ារីណា បើ​ស្រលាញ់​នរណា​ ស្វិត​ស្វាញ​ណាស់។ ស្វិត​ជាង​ជាង​កាកី​ស្នា​ព្រហស្ដ​ព្រះ​ហរិក្សមា​រា​ទៅ​ទៀត​។
    អច្ឆរិយា អុទានខ្លាំងៗ ជារបៀបកំប្លែង :
    - អោមាស ! មាស​ដែល​កំហែង​ពិភព​លោក … មាស​ដែល​ធ្វើ​អោយ​មាន​សង្គ្រាម មាស​ដែល​ធ្វើ​អោយ​មាន​សន្តិ​ភាព​ មាស​ដែល​ធ្វើ​អោយ​មាន​ជីវិត មាស​ដែល​ធ្វើ​អោយ​មាន​មរណ:​
    - មក អមរា អូន​យើង​រៀប​អាហារ​! កុំ​ស្ដាប់​បង អច្ឆរិយា ប្រាជ្ញ​ព្រោក​ពេក​ ប្រយ័ត្ន​តែ​ចូល​ដល់​រឿង​ស្នេហា​ យើង​ទន់​ជង្គង់​ លូន​ក្រោម​បាត​ជើង​បង​អច្ឆរិយា​អីលូវ​ហើយ​។
    ម៉ារីណា ដើរ​ទៅ​ដោយ​រលាស់​គូថ​យ៉ាង​រលក​រលាម​ដំណើរ​ដូចស្ហឹង​។ អមរា​ដើរ​ទៅ​តាម ម្ដាយ​ចុង​ ក្រៅ​ខោ​ដោយ​ពត់​ចង្កេះ​រមួល​ល្អ​ល្អះ​បី​ដូច​សីហ​។
    អច្ឆរិយា ដក​ដង្ហើម​ធំ​យ៉ាង វែង​ដោយ​ពិបាក​ចិត្ត… ម្ដង​នេះ​លលក​ញី​ពីរ​ លើ​គ្រែ​តែ​មួយ មិន​មែន​ងាយ​ស៊ី​តាម​ចំណង់​ ដូច​កាល​ពី​មុន​នៅ​តែ​ម្នាក់​ត​តួ​ទេ … មែន​គ្នា​ច្រើន​សន្សម​ខ្លោច ​!
    អោ; អោ ! ផ្កាគគីរ កណ្ដុរមួយរូងពីរ មិនដឹងចូលរូងណា
    អច្ឆរិយា មួយ​សន្ទុះ​ក្រោយ ក្រោយ​ពី​បាន​បិទ​ហិប​មាស​វិញ​ហើយ​ ចុះ​ទៅ​អែ​បន្ទប់​ បរិ​ភោគ​បាយ​ដែល​ ស្ត្រី​ទាំង​ពីរ​អង្គុយ​ចាំ​ហើយ​។ គឺ​នំបុ័ង​ និង ត្រី​ខ​ប្រអប់​ ដែល​តែង​តែ​មាន​ក្នុង​ទូ​ទឹក​កក​ប្រចាំ​ជា​និច្ច​។
    អច្ឆរិយា អង្គុយ​នៅ​ម្ខាង​។ ស្រ្តី​ទាំង​ពីរ​អង្គុយ​ទល់​មុខ​គ្នា​។ បរិ​ភោគ​បាន​បន្តិច​ស្រាប់​តែ​លោក​ជំទាវ​ ម៉ារីណា​ងើប​ឈរ​ដៃ​ទាំង​ពីរ​កាន់​កាំ​ភ្លើង​ភ្ជង់​ចំ​អ្នក​ទាំង​ពីរ​។ ផាំង​ៗ ! កាំ​ភ្លើង​ដៃ​ឆ្វេង​ក្អួត​រំសេវ​ និង គ្រាប់​ទំ​លុះ​កណ្ដាល​ទ្រូង​ អមរា​។ លោ​ហិត​បាញ់​ច្រាល់​ៗ រួច​ជះ​សាច់​លើ​រង្វង់​ភក្ត្រ​ អច្ឆរិយា​ និង​លើ​ទ្រូង ម៉ារីណា​។ ម៉ារីណា​ បោះ​ចោល​កាំ​ភ្លើង​នោះ​ ព្រោះ​វា​អស់​គ្រាប់​។ នៅ​សល់​កាំភ្លើង​មួយ​ទៀត​។
- ទៅឋាន ភុជង្គនាគ ទៅហង អមរា ដន្ដើមបេះដូងអញអី?
- អូយ ! អូយ អមរាតំអូញរួចរលំគ្រាំងលើក្ដានាវា ។
អច្ឆរិយា ស្ទុះទៅត្រកងក្បាលកែវវរលក្ខណ៍ ។
- អមរា ! អមរា ! អូន ! បងប្រណីអូនណាស់ !
    - ពីរោះណាស់ចា៎ះ!! ចា៎ះ​អោបង អច្ឆរិយា បន្ដូល​ចិត្ត​អូន​! សំដី​បង​ពីរោះ​ណាស់​! អោ​ក្នុង​លោក​ដ៏​ក្រខ្វក់​នេះ​ តើ​មាន​អ្វី​ទៅ​ហ្ន៎ ដែល​ឆ្ងាញ់​ ដែលពីរោះ ដែល​ភិរម្យ​ជាង​ការ​ស្ថិត​នៅ​ក្នុង​រង្វង់​ដៃ ​និង ក្រោម​ទ្រូង​បង អច្ឆរិយា ​! អូន​ស្លាប់​ ក្នុង​ហត្ថា​បង​ អច្ឆរិយា យ៉ាង​នេះ​អូន​ត្រេក​អរ​ណាស់​! ជាតិ​ក្រោយ​អូន​សូម​សច្ចា​ធិដ្ឋាន​បួង​សួង​ សូម​អោយ​ព្រះ​អាទិទេព​បង្កើត​ អមរា ជា​ “នារី​ខ្មែរ” ហើយ​អោយ​បាន​​ជា​គូ រួមវាសនា​អស់​កាល​អនន្ត​ ជា​មួយ​បង អច្ឆរិយា!! កំពូល!! … ដួងចិត្ត!…ពុទ្ធោ ! … ពុទ្ធោ !…
   នេត្រានាងចំហ … អច្ឆរិយា យកដៃបិទ នេត្រាដែលមិនដាច់អាល័យ ពីអ្នកសោះ ។
    ហាស់ ! ហាស់ ! ហាស់ ! សម្លេងក្អាកក្អាយនៃជំទាវសែស ម៉ារីណា ។
   អច្ឆរិយា ដាក់​កេសា​អមរា យ៉ាង​ថ្នម​ៗ ដូច​ក្រែង​នាង​ឈឺ​ចាប់​ដូច្នោះ​ ហើយ​ងើប​មើល ម៉ារីណា ដែល​ភ្ជង់​កាំ​ភ្លើង​ចំ​មក​អ្នក​នៅ​ចម្ងាយ​ប្រមាណ​ជា​បី​ម៉ែត្រ​។
    - តើ អមរា មានទោសអ្វីបានជាអូនបាញ់នាងប្រហារទាំងក្មេងខ្ចីយ៉ាងនេះ ?
    - មាន​ទោសអ្វី ? អូន​យល់​ច្បាស់​ណាស់ ទឹក​អប់​ដែល​ជាប់​ក្លិន​ នៅ​អែ​ទ្រូង​បង​អែង​ម្សិល​មិញ​ គឺ​ខ្លួន​មី អមរា នេះ​ដែល​បាន​ប្រគល់​ទាំង​សាច់​ទាំង​ឈាម​អោយ​បង​អែង​ផ្ដេក​ផ្ដិត​។ វាហ៊ាន​ស៊ី​ថ្លើម​អូន​ទាំង​រស់! បង​អច្ឆរិយា អែង​ក៏​បាន​ក្បត់​អូន​ដែរ​!​
- សព្វបើរឿង បង្កើតកូននេះមិនគួរ អមរា មានទោសដល់ជីវិតសោះ !
- លើកដៃ មើលមុខអូនអោយច្បាស់ ! លើកដៃ ! អូនបាញ់ណា៎ !
អច្ឆរិយា បានឃើញសេចក្ដីសម្រេចចិត្តដ៏មធ្យ័តរបស់នាង ម៉ារីណា អច្ឆរិយា លើកដៃ ។
លោកជំទាវសែស សើចហ៊ីសៗ ព្រមទាំងវ័ធវោហារថា
    - មិន​មែន​រឿង​បង្កើត​ទេ​ ដែល​អូន​សំលាប់​មី​កំពិស​នេះ​ មក​ពី​អូន​ចង់​បាន​មាស ១០០០គ.ក្រ! បង​ធ្វើ​រង្វាន់​ដ៏​ប្រពៃ​នេះ​ អោយ​អូន​មែន​ទេ​? បង អច្ឆរិយា ?
    - អូនម៉ារីណា ចង់និយាយថាម៉េច? បងយល់មិនបានទេ ?
    - ងាយ​សោះ​ការ​នេះ!!... គឺ​បង​អែង​មិន​អាច​យក​មាស​នេះ​ទៅ ​ប្រគល់​ដល់​រាជ​រដ្ឋា​ភិបាល​ខ្មែរ​បាន​ទេ​ បី​វិនា​ទី​ទៀត​ទេ អូន​នឹង​យក​ម្រាម​ដៃ​សង្កត់​លើ​កៃ​នេះ​បង​អែង​និង​ទៅ​ឋាន​នរក​ដូច​មី​អមរា​​ដែរ​ហើយ​ មាស ១០០០ គ.ក្រ​នេះ​ជា​កម្ម​សិទ្ធិ​របស់​អូន​តែ​ម្នាក់​អែង អា​ក្បួន​ស្នេហា​ ៣៦ ​បែប​របស់​បង​អែង​នោះ​អូន​ជិន​ណាយ​ហើយ​ ...
    អច្ឆរិយាចោលក្រសែភ្នែកប្រតិកម្ម លើកាំភ្លើងដែល ម៉ារីណាកាន់ ។
    ប៉ៃ … អា​ខ្មោច​រស់​វិញ​! ជា​កាំ​ភ្លើង​របស់​ខ្មោច​អធិការ​ សាម៉ា​យ៉ា ដែល​ត្រូវ​ត្រី​ឆ្លាម​ស៊ី​តាម​ផែន​ទឹក​អន្តរ​ជាតិ​ទៅ​ហើយ​ កាំ​ភ្លើង​នេះ​នៅ​គ្រា​ដែល​អធិការ សាម៉ាយ៉ា ត្រូវ​ព្រួញ​របស់​អច្ឆរិយា បាន​រលំ​ស្លាប់​ដោយ​បំបោក​កាំភ្លើង​នេះ​បាក់ បំពង់​ត្រែ​ខ្ទប់​សំលេង​។
   - ម៉ារីណា អូន​មិន​អាច​សំលាប់​បង​បាន​ទេ បង​និយាយ​ប្រាប់​អូន​ក្នុង​ការ​ជួយ​ស្រោច​ស្រង់​ជីវិត​អូន​ក្នុង​ពេល​នេះ​។ បំពង់​ខ្ទប់​សំលេង​បាក់​ចុះ​ផ្អៀង​ចុះ​ក្រោម​ទៅ​ហើយ​ ប្រសិន​បើ​អូន​គាស់​កៃ​គ្រាប់​កាំភ្លើង​ នឹង ផ្ទុះ​ត្រូវ​អូន​វិញ​ …
   - អូន​មិន​នឹក​ថា​បង​អែង​ឆ្លាត​ដល់​ម្លឹង​សោះ បង​អច្ឆរិយា ម៉ារី​ណា ជា​កំពូល​នារី​ម្នាក់​ដែរ​ ។ អូន​បាន​ស្គាល់​អាក្បួន​បោក​ប្រាស់​នេះ​ តាំង​ពី​អូន​នៅ​បៀម​ដោះ​ម៉ែ​ម្ល៉េះ​! ភាវនា​ទៅ អច្ឆរិយា បេស​ក​កម្ម​ដ៏​វែង​របស់​បង​អែង​ ត្រូវ​ចប់​ថ្ងៃ​នេះ​ហើយ​!
- អូនអែងប្រាកដក្នុងចិត្តថាបាញ់បងហើយរឺ ?
- ទៅឋានបាតតាលទៅ អច្ឆរិយា !
ជំទាវសែស ម៉ារីណា គាស់កៃអាវុធនេះផាំង !
   អច្ឆរិយា អិត​បាន​កុហក​ជំទាវ​នេះ​ឡើយ គ្រាន់​តែ ម៉ារីណា​សង្កត់​កៃ​អាវុធ​ភ្លាម​គ្រាប់​កាំភ្លើង​ផ្ទុះ​ក្នុង​ដៃ​របស់​នាង​ខ្ទាត​មក​ទំ​លុះ​បំពង់​ក​របស់​នាង​មួយ​រំពេច​។
- អ្ហា៎ ! អូ … យ … !
រួច​នាង​ដួល​គ្រាំង​លើ​ក្ដារ​ក្រាល​នៃ​នាវា​ ដែល​ជា​កម្ម​សិទ្ធ​នៃ​អែក​អុត្តម ប្រកិត​ពិផាត​។ អច្ឆរិយា លូត​ដៃ​ទៅ​ក្នុង​អាវ​នាង​ស្ទាប​សុដន​ខាង​ឆ្វេង​។ ជីព​ចរ​ខ្ជិល​ដើរ​ទៅ​ហើយ​។
ភក្ត្រាម៉ារីណា ប្រែជាស្លេកស្លាំងជាសញ្ញានៃមរណ:មួយរំពេច ។
- យីស្រីៗ កំប្លែងណាស់ ធ្វើអ្វីតាមតែចំណង់នឹកឃើញតែប៉ុណ្ណោះ !
   មីស្រីខូច … វា​ចង់​សំលាប់​អច្ឆរិយា ហើយ​បង្វិល​ក្បាល​ នាវា​នេះ​សំដៅ​ក្រុង​ហុង​កុង​។ ដោយ​សម្ផស្ស​កាយ​ដ៏​សោភា​ នរលក្ខណ៍​របស់​នាង នាង​ហុច​សាច់​ឆៅ​អោយ​គយ​ហុង​កុង​ឆី​រួច​បោក​ប្រាស់​យ៉ាង​សំងាត់​បញ្ចេញ​មាស​ទៅ​លក់​។
    មីសែស ម៉ារីណា នេះ​មិន​មែន​ចង់​មាន​តែ​សម្បត្តិ​ម៉្យាង​ប៉ុណ្ណោះ​ទេ​ គឺ​នាង​ចង់​ផ្លាស់​ប្ដូរ​ស្នេហា​អោយ​ឆ្អែត ឆ្អន់​នឹងបុរស​គ្រប់​សាសន៍​ ខាង​ផ្លូកាម​រាគ​។
មីស្រីខូច … មីស្រីខូចទាំងអស់ !
   អច្ឆរិយា លើក​ជើង​នាង​គ្រវី​ពីរ បី​ជុំ​យក​ជំហរ​ ហើយ​លែង​ដៃ … សរីរ​កាយ​នាង​ហោះ​ រួច​ធ្លាក់​ ក្នុង​ផ្ទៃ​ជល​សា​គ្រាំង​! ផ្អើល​ នឹង សំលេង​ ធុំ​ក្លិន​ឈាម​របស់​សព​នាង​ ហូរ​ចេញ​គគុក​តាម​បំពង់​ក ត្រី​ឆ្លាម​ដ៏​គួរ​អោយ​ស្បើម​ បួន​ហែល​មក​គ្រប់​ទិស​ទាំង​បួន ខ្នង​មច្ឆា​សមុទ្រ​នេះ​អណ្ដែត​ចេញ​ផុត​ផ្ទៃ​ជលសា​គួរ​អោយ​ស្លុត​ស្មារតី។ សង្គ្រាមក្នុង​ទឹក​រវាង​សឹង្ហ​ សមុទ្រ​ទាំង​បួន​ ក៏​ចាប់​ផ្ដើម​ឡើង​មួយ​ខណ:​តែ​ប៉ុណ្ណោះ​រួច​ក៏​ស្ងាត់​ទៅ​វិញ​​។
   បាន​ន័យថា​ សរីរ:​កាយ ដ៏​សែន​ល្វត​ល្វៃ ដ៏​គួរ​អោយ​ស្រើប​របស់​ជំទា​វសែស ម៉ារីណា បាន​ត្រូវ​វិនាស​អស់​កាល​ជា​និច្ច​ កេសី​ពណ៌​ទង់​ដែង​ សុដន​ក្បំ​ពណ៌​កូលាប ផ្ចិត​ល្អ​ល្អះ​បី​ដូច​ដួង​ផ្កាយ​នា​រាត្រី​រនោច​ អោ​គួរ​អោយ​ស្ដាយ​អ្វី​ម្ល៉េះ ​!​
    អច្ឆរិយា បែរ​មក​មើល​សព​កញ្ញា អមរា … ភក្ត្រា​នាង​នៅ​ញញឹម ញញឹម​យ៉ាង​ក្រអូប​ដាក់ អច្ឆរិយា ញញឹម​ស្អី​ក៏​ដោយ​ អច្ឆរិយា លើ​ជើង​នាង​ប្រាថ្នា​ អោយ​នាង​ស្គាល់​វាសនា​កម្ម​ដូច​មីសែស​ ម៉ារីណា​ដែរ​។
    តែអនិច្ចា ! សំលេងនារីអមរា នេះហាក់បន្លឺជាថ្មីក្នុងមនោគតិអ្នកថា ៖
    - អោ ក្នុង​លោក​ដ៏​ក្រខ្វក់​នេះ​ អ្វី​ទៅ​ហ្ន៎​ ដែល​ឆ្ងាញ់ ដែល​ពីរោះ​ ដែល​ភិរម្យ​​ជាង​ការ​ដែល​បាន​ស្ថិត​នៅ​ក្នុង​រង្វង់​ហត្ថា និង នៅ​ក្រោម​ទ្រូង​បង​ អច្ឆរិយា​យ៉ាង​នេះ ​? ជាតិ​ក្រោយ​អូន​សូម​សច្ចា​ធិដ្ឋាន​ បួង​សួង​សូម​អោយ​ព្រះ​អទិ​ទេព​បង្កើត​ អមរា ជា​“នារី​ខ្មែរ”​ ហើយ​អោយ​បាន​ជា​គូ​ រួម​វាសនា អស់​កាល​អនន្ត​ ជា​មួយ​បង អច្ឆរិយា កំពូល​ដួង​ចិត្ត​របស់​អូន ។
 … ពុទ្ធោ … ពុទ្ធោ …
   មែន អមរា​នារី​សៀម​មុន​ នឹង ដាច់​ខ្យល់​លា​ផែន​ដី​នេះ​បាន ធ្វើ​សច្ចា​ធិដ្ឋាន​សុំ​អោយ​បាន​កើត​ជា “នារី​ខ្មែរ” ហើយ​អោយ​បាន​រស់​នៅ “ក្រោម​ទ្រូង​អច្ឆរិយា” អស់​កាល​អនន្ត​ជា​នារី​ដែល​ចេះ​គោរព​ព្រះ​ពុទ្ធ​ជា​ម្ចាស់។
   មែន , វិញ្ញាណក្ខន្ធ អមរា និងបានចាប់ភពបដិសន្ធិជា នារីខ្មែរ សមតាមបំនងហើយ …
      អច្ឆរិយា លុត​ជង្គង់​ចុះ នេត្រា​រលីង​រលោង​ នឹង ប្រណី​ដល់​នារី អមរា​ ដែល​បាន​សន្យា​ជា​មួយ​អ្នក​ក្នុង​អុទ្យាន​នៃ​ក្រុង​បាង​កក​ថា សុខ​ចិត្ត​ទៅ​តាម​ដាន​ជើង​​អ្នក​រហូត​ដល់​ចុង​ផែន​ដី​នេះ។ អ្នក​ត្រកង​រាង​កាយ​ដ៏​ល្វត​ល្វៃ ដាក់​លើ​គ្រែ​ក្នុង​បន្ទប់​នាង​ ម៉ារី​ណា​ដែល​អ្នក​បាន​ឃើញ​ភ្នែក​ក្រលោត​ៗ​ នៃ​អែក​អុត្តម​ ប្រកិត​ពិផាត​ ​សំលឹង​មើល​បុត្រី​បន្ដូល​ចិត្ត​រលត់​សង្ខារ មែន​ចំពោះ​អែក​អុត្តម​ប្រកិត​ពិផាត​នេះ​ អមរា ធីតា​ទោល​មាន​តំលៃ​ជាង​ផែន​ដី​, ព្រះ​ចន្ទ, ព្រះ​អាទិត្យ​ទៅ​ ទៀត​ព្រោះ​ តែ​សេច​ក្ដី​ស្នេហា​លើ​បុត្រី​ ជា​កំពូល​នេះ​ហើយ​ ដែល​បណ្ដាល​អោយ​បេសក​កម្ម​របស់​អ្នក​បាន​សម្រេច​ជា​ អវសាន អច្ឆរិយា មិន​ខ្ចី​អរគុណ​ទេ​ ប្រសិន​បើ​គ្មាន​ អមរា លើ​នាវា​នេះ​ អ្នក​ទៅ​ជួប​យម​បាល​រួច​ទៅ​ហើយ​!​។
   ក្ងាន​សមុទ្រ​លើក​យុថ្កា​ ហើយ​ចរ​យាត្រា​សំដៅ​កោះ​កុង​ដោយ​ដួង​ចិត្ត​កន្ដោច​កន្ដែង​ …កោះ​កុង​លេច​ធ្លោ​នៅ​បង្កើយ​ អច្ឆរិយា លើក​វិទ្យុ​អិត​ខ្សែ (T S F) ហើយ​ចុច​គន្លឹស​យន្ត​រួច​និយាយ​ថា៖
- អាលូ … ទីតៗ … ទីតៗ … លោកវរសេនីយអែកច័ន្ទសម្បត្តិ រឺ? ខ្ញុំបាទ អច្ឆរិយា
សំលេងពីក្នុងប្រអប់ យន្តបន្លឺតបមកថា ៖
- អច្ឆរិយា បេសក​កម្ម​យ៉ាង​ណា​ទៅ​ហើយ​? ខ្ញុំ​អោយ​នាវា​ត្រៀម​ចាំ​នៅ​កោះ​កុង​ ដើម្បី​ចាំ​ទទួល​លោក​អនុ​សេនីយ​អែក​
   អច្ឆរិយា អែង​ហ្នឹង​ណា៎ ដើម្បី​ទៅ​ផ្ទុក​មាស​បុព្វ​បុរស​ខ្មែរ ១០០០គ.ក្រ ​។ គ្មាន​ទទួល​ដំណឹង​អ្វី​សោះ​ ខ្ញុំ​រង់​ចាំ​បី​ថ្ងៃ​មក​ហើយ ឈឹង បាន​សំរេច​រឺ​មួយ​យ៉ាង​ណា ​?​
អច្ឆរិយា សើចខ្លាំងរួចរលាស់វាចាថា ៖
- សំរេចដល់កំពូល ខ្ញុំបាទនៅដែនទឹកខ្មែរហើយនាំទាំង មាស ១០០០គ.ក្រ មកផង
- បាននាវាពីណា ? លោកអនុសេនីយអែក អច្ឆរិយា ?
- នាវាអែកអុត្តម ប្រកិតពិផាត !
- ប្រកិតពិផាត រដ្ឋមន្ត្រីក្រសួងសន្តិសុខថៃ ?
   - ពិត​ហើយ​ទាន (ស្នូរដកដង្ហើមធំ) ខ្ញុំ​បាន​វ័ធ​ ទាំង​កូន​ក្រមុំ​ប្រកិត​ពិផាត​ នេះ​ផង​ មិន​តែ​ប៉ុណ្ណោះ​វ័ធ​ ទាំង​ប្រពន្ធ​ចបំរុង​ការ​ នៃ​អែក​អុត្តម​ប្រកិត​ពិផាត​នេះ​ផង​! ហើយ​អីលូវ​នេះ​ម៉ែ​ក្រៅ​ខោ និង កូន​ក្រមុំ​ក្រៅ​ខោ សំលាប់​គ្នា​តៃ​ស្មឹង​អស់​ទៅ​ហើយ​។
   - ឆើត​មែន វ័ធ​ទាំង​កូន វ័ធ​ទាំង​មេ​វា​ វ័ធ​ទាំង​កប៉ាល់​ វ័ធ​ទាំង​មាស​ នេះ​ជា​ព្រេង​វាសនា​ដ៏​ខ្ពង់​ខ្ពស់​របស់​អនុសេនី​យ​អែក​អច្ឆរិយា ដែល​ធ្វើ​ការ​នេះ​បាន​សំរេច​ស្នា​ដៃ​អែក​!។
    មិន​មែន​ព្រេង​វាសនា​របស់​ខ្ញុំ​បាទ​តែ​ម៉្យាង​ទេ បេសក​កម្ម​នេះ​សំរេច​ដោយ​ជោគ​ជ័យ ក្រោម​ឧបត្តមក៍ ដ៏​ថ្លៃ​ថ្លា​នៃ​ព្រះ វិញ្ញាណ​ក្ខន្ធ​ព្រះ​អតីត​មហាក្សត្រ​ខ្មែរ​ ដែល​មាន​ព្រះ​នាង អិន្ទ្រ​ទេវី​ និង ព្រះ​នរោត្តម​ សុវណ្ណ​កោដ្ឋ​ជា​ព្រះ​រាជ​តំណាង។
- សាធុ ! សាធុ ! ខ្ញុំជឿជាក់ណាស់ !
- ដូច្នេះ​សុំ​លោក​វរ​សេនីយ​អែក​បញ្ជូន​រថ​យន្ត​មក​ក្រុង​ព្រះ​ស៊ីហនុ​ ផ្ទុក​លោហ​ធាតុ​ដ៏​ថ្លៃ​ថ្លា​នេះ​ទៅ​កាន់​ក្រុង​ភ្នំ​ពេញ​ជា​ប្រយោជន៍​នៃ​ជាតិ​ខ្មែរ​​យើង​ជា​ម្ចាស់​ពិត​នៃ​កម្ម​សិទ្ធិ​នេះ​។
និយាយចប់អច្ឆរិយា បិទវិទ្យុអិតខ្សែនេះ ។
    អិទ្រ្ទីសមុទ្រចូលអែបច្រាំងកោះកុង ខែត្រថ្មី នៃព្រះរាជាណាចក្រខ្មែរ ។
    ក្រោយ​ពី​បាន​គ្រប​ និង យក​សម្ភារ​ធ្ងន់​ៗ​ សង្កត់​ពី​លើ​ធុង​មាស​ និង​បោះ​យុថ្កា​ ហើយ​អច្ឆរិ​យា ចូល​មក​មើល​សព​ នាង​អមរា​ដែល​គេង​លើ​ពូក​ញញឹម​បី​ដូច​ ទេព​ធីតា​ក្នុង​ព្រៃ​និទ្រា​។
   អច្ឆរិយា លុតជង្គង់ចុះ ជម្ពិត​ថ្ងាស​នាង​យ៉ាង​យូរ។ យូរ​អស់​កាល​ជានិច្ច ​… អមរា ​ជាតិ​ក្រោយ​ នឹង ចាប់​បដិ​សន្ធិ​ជា​នារី​ខ្មែរ​។
នៅពីផ្នូរដែលចារអក្សរមាសលើថ្មកែវថា
អមរា កំពូលដួងចិត្ត
អច្ឆរិយា ក្បាលឈ្ងោកចុះ ធ្មេចភ្នែក …
    រូប​ពិចិត្រ អមរា ប្រដាប់​កាយ​ដោយ​អាវ​យឺត​ឆ្នូត​ៗ វាល​ក្លៀក​ចេញ​រោម​ក្លៀក​វែង​ៗ​ ពណ៊​ទង់​ដែង​ ខោ​តឹង​ស្ទើរ​ប្រេះ​ដើរ​ចេញ​ពី​ផ្នូរ​មក​ញញឹម​ពព្រាយ​...
   រូប​ពិចិត្រ អមរា ប្រដាប់​កាយ​ដោយ​វិកូ​សា​រាត្រី ​៖ អាវ​ស៊ី​ជម្ពូ សំពត់​ពណ៊​ស្វាយ​រំលេច​ដោយ​គ្រាប់​មុក្ដា​ញញឹម​យ៉ាង​ក្រអូប...
    រូបពិចិត្រ អមរា ប្រដាប់​កាយ​ដោយ​សំលៀក​បំពាក់​នារី​មាត់​សមុទ្រ​ ពិត​ទ្រូង​ដ៏​សោភា​របស់​នាង​មក​លើ​ខ្នង​អ្នក មុត​ស្ទើរ​ធ្លុះ​បេះ​ដូង​ …
   រូប​ពិចិត្រ​អាក្រាត​នៃ​នាង អមរា គេង​លើ​ពូក​ក្រោម​ រស្មី​នៃ​ព្រះ​សូរិយា​ ដែល​ជះ​ចូល​តាម​បង្អួច នារី​ងើប​ឡើង​ហើយ​អោប​អច្ឆរិយា ​…
   អូន​សូម​សច្ចា​ធិដ្ឋាន​ បួង​សួង​អោយ​ព្រះ​អា​ទិទេព​បង្កើត​អូន​ជា​នារី​ខ្មែរ អោយ​បាន​​រស់​នៅ​ក្រោម​ទ្រូង​បង អច្ឆរិយា​អស់​កាល ជា​និច្ច ​!
   អច្ឆរិយា ឈរ​លើ​ហង្សា​សមុទ្រ​សំលឹង​ទៅ​ឆ្ងាយ​ មើល​ភ្នំ​ធំ​ធេង​វែង​រលឹក​ មើល​ទឹក​រលក​រលាម​សាយ​មើល​ដី​ដុះ​ វែង​អន្លាយ​ មើល​មេឃ​សែន​ឆ្ងាយ​ដូច​ឆ្ងាយ​ស្រី​...
   នាវា​សមុទ្រ​នាម​ថា​ ព្យុះ​ព្យោ​មា​ហែក​ផ្ទៃ​ជល​សារ​សំដៅ​ក្រុង​ ព្រះ​សីហនុ គឺ​នាម​ដ៏​ប្រសិទ្ធី​នៃ​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ​ព្រះ​បរម​នាម​ដ៏​ក្រអូប​នេះ​ ខ្មែរ​គ្រប់​ប្រាណ​តែង​លើ​តំកល់​ត​កើង​លើសិរសា …

====== ចប់បរិបូណ៌ ======