បើយើងធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ពី​ភ្នំ​ពេញ​ទៅ​ខេត្ដ​បាត់​ដំបង​ ដល់​ទៅ​ឃុំ​គួយ​ជីក​ដី ក្នុង​ស្រុក​មោង​រិស្សី ហើយ​ចុះ​ពី​ថ្នល់​ជាតិ​តាម​ផ្លូវ​ជើង​ ចេញ​ពី​សាលា​ស្រុក​មោង​រិស្សី ឈម​មុខ​ទៅ​ទិស​អាគ្គេយ៍​ចំងាយ​​ប្រហែល​១០ គីឡូ​ម៉ែត្រ​ រឺ ​ដើរ​ចុះ​ពី​ថ្នល់​ជាតិ​កាត់​ត្រង់​ស្ថានីយ៍​រថ​ភ្លើង​ទៅ​ស្វាយ​ព្រៃ ដែល​នៅ​ខាង​កើត​សាលា​ស្រុក​មោង​រិស្សី ៧​គីឡូ​ម៉ែត្រ​ រួច​ឈម​មុខ​ទៅ​ទិស​ទក្សិណ​ ចំងាយ​ប្រ​ហែល​៤ គីឡូ​ម៉ែត្រ​ យើង​នឹង​ឃើញ​បឹង​មួយ​ហៅ​ថា «បឹង​ទុំលែង» មាន​ទទឹង​ប្រមាណ​១០០​ម៉ែត្រ​បណ្ដោ​យ៤០០​ម៉ែត្រ​។

បឹង​នោះ​សព្វ​ថ្ងៃ​ជា​បឹង​សក្ដិ​សិទ្ធិ មាន​មច្ឆា​ជាតិ​គឺ​ត្រី អណ្ដើក​ជា​ដើម ច្រើន​ណាស់​ ដោយ​ហេតុ​អ្នក​ស្រុក​ពុំ​ហ៊ាន​ទៅ​មក​រក​ធ្វើ​នេសាទ​កម្ម ហើយ​មាន​ទាំង​ម្រឹគ​ជាតិ​ គឺ ប្រើស ក្ដាន់ ឈ្លួស រមាំង ជា​ដើម​។ នៅ​ក្នុង​ព្រៃ​ជុំ​វិញ​បឹង​នោះ​ផង ជា​ទី​ចូល​ចិត្ដ​ដល់​ពពួក​អ្នក​បរ​បាញ់​ក្រៃ​ពេក​។ រឿង​ព្រេង​ទាក់​ទង​នឹង​ដើម​កំណើត​នៃ​បឹង​នោះ មាន​ដំណាល​ដូច​ត​ទៅ​នេះ៖

អែ​ព្រះ​មហាក្ស​ត្រ​កាល​បើ​ទ្រង់​ជ្រាប​ថា រមាស​បោល​ផ្ដាច់​ខ្សែ​ដូច្នេះ​ហើយ ស្ដេច​ក៏​ធ្វើ​គម​នា​គម​ទៅ​តាម​ដែរ​។ លុះ​នាយ​ទុំ​តាម​ទាន់​ត្រង់​វាល​មួយ​ ក៏​តោង​កន្ទុយ​រមាស​ជាប់ ​តែ​រមាស​ពុំ​ព្រម​ឈប់​សោះ​។ នាយ​ទុំ​បាន​ឈរ​ជ្រែង​ជើង​ទប់​ដី ដី​​ក៏​របើក​ទាំង​ផ្ទាំង​ៗ ព្រះ​មហា​ក្សត្រ​ទ្រង់​ទត​ឃើញ​ដូច្នោះ​ ក៏​ទ្រង់​ស្រែក​ពី​ក្រោយ​ថា «ទំលែង​ៗ» ទើប​នាយ​ទុំ​លែង​រមាស​នោះ​។ អែ​រមាស​ក៏​បោល​ចូល​ព្រៃ​បាត់​ទៅ​ ជាប់​ទាំង​អាន​ដែល​នៅ​លើ​ខ្នង​នោះ​ទៅ​ផង​។

ព្រះ​មហា​ក្សត្រ​ខ្ញាល់​ណាស់ ទ្រង់​ដាក់​បន្ដា​សា​ដល់​សត្វ​រមាស​នោះ​ថា ពូជ​អា​អែង​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ត្រូវ​ស៊ី​តែ​បន្លា​ជា​អាហារ និង ផឹក​តែ​ទឹក​ល្អក់​ជា​ដរាប​។ ព្រោះ​ហេតុ​ដូច្នោះ​អែង បាន​ជា​នៅ​សើ​ខ្នង​សត្វ​រមាស​ទាំង​ឡាយ សព្វ​ថ្ងៃ​នេះ​មាន​ស្រ​ទាប់​លើ​ខ្នង​ សន្ឋាន​ដូច​ជា​គេ​ចង​អាន​ទុក​ ស្បែក​ក៏​ក្រហេង​ក្រហូង​ជា​ច្រើនស្រទាប់​ ជា​ទី​ជ្រក​នៃ​សត្វ​ក្អែប​ និង ខ្ទួយ​ ហើយ​ស៊ី​តែ​ឈើ​ រឺ វល្លិ​ណា​ដែល​មាន​បន្លា​ជា​អាហារ ផឹក​តែ​ទឹក​ល្អក់ ទោះ​បី​ទឹក​ថ្លា​ក៏​វា​យក​ជើង កូរ​អោយ​ទាល់​តែ​ល្អក់​សិន​ ទើប​បាន​ផឹក ដោយ​ត្រូវ​បន្ដាសា​ព្រះ​មហា​ក្សត្រ​តាំង​ពី​ពេល​នោះ​អែង​។

អំពី​បឹង​ទុំ​លែង​ទៅ​ភូមិ​មុខរាហ៍​នោះ មាន​ចំងាយ​ប្រ​ហែល​៨​គីឡូ​ម៉ែត្រ​។ បើ​ត្រូវ​ការ​ទៅ​បឹង​ទុំ​លែង ទៅ​ភូមិ​មុខ​រាហ៍ យើង​ត្រូវ​ធ្វើ​ដំនើរ​ឈម​មុខ​ទៅ​ទិស​ខាង​កើត​ចំងាយ​៨​គីឡូ​ម៉ែត្រ​ទើប​បាន​ទៅ​ដល់​ភូមិ​នោះ​។ តំបន់​ដែល​ព្រះ​មហា​ក្សត្រ​ទ្រង់​ទត​ព្រះ​នេត្រ​ឃើញ​ស្រ្ដី​ម្នាក់​ប្រ​ហែល​នាង​មុខ​រាហ៍​នោះ​ហៅ​ថា ភូមិ​ប្រ​ហែល ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​គេ ហៅ​ក្លាយ​មក​ថា ភូមិ​ប្រហាល​ រឺ ប៉ា​ហារ​ទៅ​វិញ​។ អែ​ភូមិ​ប្រហាល​សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​ឃុំ​តាលោ​ ស្រុក​បាកាន ខេត្ដ​ពោ ធិ​សាត់​។ បើ​ធ្វើ​ដំណើរ​ពី​ភូមិ​ប្រហាល​ ទៅ​ភូមិ​មុខ​រាហ៍​ត្រូវ​ចេញ​ឈម​មុខ​ទៅ​ទិស​ពាយព្យ​ប្រមាណ​ជាង​៧ ​រឺ ៨​គីឡូ​ម៉ែត្រ​ទើប​បាន​ទៅ​ដល់​ភូមិ​មុខ​រាហ៍​នោះ​។

ជា​ទំនៀម​នៅ​បឹង​ទុំ​លែង​នោះ អ្នក​ស្រុក​តែង​ហាម​ឃាត់ អស់​ពួក​មន្រ្ដី​ដែល​ឈរ​ត្រួត​ត្រា លើ​ស្រុក​មោង​រិស្សី​នោះ មិន​អោយ​ដើរ​កាត់​មុខ​ គឺ​ខាង​កើត​បឹង​នោះ​ឡើយ អោយ​ដើរ​បាន​តែ​ពី​ក្រោយ​ដោយ​ហេតុ​ថា បើ​មន្រ្ដី​ណា​ដើរ​កាត់​មុខ​បឹង គេ​ថា​មន្ត្រី​នាះ​នឹង​ត្រូវ​ខូច​បុណ្យ​ថ្លស់​យស រឺ​ ត្រូវ​រា​ជ​ការ​ផ្លាស់​ចេញ​ពី​ស្រុក​នោះ ដោយ​ឆាប់​រហ័ស​ ម្លោះ​ហើយ​អស់​លោក​ណា​ដែល​និយម​ជឿ​តាម​ទំនៀម​នោះ មិន​ហ៊ាន​ប្រព្រឹត្ដ​កន្លង​ពាក្យ​ហាម​នោះ​ឡើយ​។

(១) ស្រង់​ពី​អែក​សារ​របស់​ក្រុម​ជំនុំ​ទំនៀម​ទំលាប់​លេខ ២៧-០០៦ រៀប​រៀង​ដោយ​លោក គឹម សាន នៅ​ភូមិ​ក្សាម​ស្រុក​រលៀ​បៀរ ខេត្ដ​កំពង់​ឆ្នាំង​។