បទវិភាគលើរឿងពុទ្ធិសែននាងកង្រី៖ ដោយកែវឈុន: រឿង​ពុទ្ធិ​សែន​នាង​កង្រី ​ឬ រឿង​នាង​ពីរ​ដណ្ដប់​ជា​រឿង​មួយ​ល្បី​ល្បាញ​ និង​ជ្រួត​ជ្រាប​ក្នុង​សង្គម​ខ្មែរ​ដូច​រឿង​នាង​កាកី​ដែរ​ ប្លែក​គ្នាត្រង់​រឿង​កាកី​ល្បី​ខ្ចរ​ខ្ចាយ​នៅ​ក្នុង​សង្គម​ ត្រង់​អំពើ​ផិត​ក្បត់​របស់​នាង​កាកី​ ហើយ​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​បង់​ អែ​រឿង​ពុទ្ធិសែន​នាង​កង្រី ល្បី​ខ្ចរ​ខ្ចាយ​នៅ​ក្នុង​សង្គម​ខ្មែរ ព្រោះ​តែ​ជា​​រឿង​ស្នេហា​ដ៏​រំភើប​ កំសត់ ​ស្មោះ​ស្ម័គ្រ​ ​រវាង​ពុទ្ធិ​សែន និង នាង​កង្រី​។ សោក​នាដ​កម្មនៅ​ក្នុង​រឿង​ស្នេហា​នេះ​​ បាន​​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​អំពី​បរិយា​កាស​សង្គម​ខ្មែរ​កាល​សម័យ​អតីត​កាល​ជា​ច្រើន​បែប​យ៉ាង​៖​

សូម្បី​សាច់​រឿង​​​បាន​បង្ហាញ​ពី​ជំនឿ ទៅ​លើ​ការ​បន់​ស្រន់​ អាគម​វែទ​មន្ដ យក្ខ​​ប្រែ​ក្រឡា​យ៉ាង​ណា​ក៏​ដោយ​ ក៏​សាច់​រឿង​មាន​ទំនាក់​ទំនង​នឹង​វិទ្យា​សាស្ដ្រ​និយម​យ៉ាង​ស៊ី​ជំរៅ​ណាស់​ផង​ដែរ ​នាង​កង្រី​ ដែល​មាន​ស្នេហា​ស្មោះ​ស្មគ្រ​ភក្ដី​ស្រលាញ់ស្វាមី​​ខ្លាំង​ពេក​ នាង​បាន​នាំ​រិទ្ធិ​សែន​ចូល​ក្នុង​រាជ​វាំង ហើយ​ពន្យល់​ប្រាប់​រិទ្ធិ​សែន​អំពី​ភ្នែក​ដែល​គេ​ខ្វេះ​យក​មក​ទុក ហើយ​នឹង​ថ្នាំ​ដែល​គេ​អាច​យក​ទៅ​ដាក់​មើល​ភ្នែក​នោះ​​អោយ​ជា ​ប្រើ​ការ​បាន​ដូច​មុន​វិញ​ ត្រង់​នេះ​យើង​អាច​សន្មត​បាន​ថា អ្នក​កវី​និពន្ធ​ខ្មែរ​ជំនាន់​នោះ​ បាន​យល់ ​ហើយ​ងាក​មក​រក​វិទ្យា​សាស្ដ្រ​ទៅ​អនាគត​វិញ​​ លែង​ជឿ​ទៅ​លើ​មន្ដ​អាគម​ដែល​គ្មាន​សម​ហេតុ​សម​ផល​ផង​ដែរ​។

បើ​យើង​ងាក​មក​សិក្សា​អំពី​សង្គម​​​វិញ ពេល​នោះ​​គឺ​ជា​របប​សង្គម​សក្ដិ​ភូមិ​ ស្រុក​ទេស​សម័យ​នោះ​ហាក់​ពុំ​មាន​ច្បាប់​ទំលាប់​អ្វី​សោះ​ឡើយ​ កិច្ច​ការ​អ្វី​ៗ​គេ​ហាក់​ពឹង​ផ្អែក​តែ​ទៅ​លើ​ស្ដេច ស្ដេច​ជា​ព្រះ​អាទិ​ទេព ជា​អ្នក​ធំ ជា​អ្នក​សំ​រេច​ជោគ​វាសនា​ប្រជា​រាស្ដ្រ​គ្រប់​ៗ​គ្នា​បាន​។ សាច់​រឿង​ហាក់​មាន​ជំ​នឿ​យ៉ាង​ខ្លាំង​ទៅ​លើ​ទ្រឹស្ដី​ពុទ្ធ​និយម ដែល​មាន​ ធម៌​ មេត្ដាករុណា​អាណិត​អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក ជា​គោលធម៌​អប់​រំ​យ៉ាង​ធំ​ក្នុង​លទ្ធិ​ពុទ្ធ​និយម​នេះ​ តែ​​ភាព​កាច​សាហាវ​យ៉ាង​ខ្លាំង​ ក្នុង​សង្គម​សម័យ​នោះ គី​សេដ្ឋី​បាន​យក​កូន​ទៅ��បំ��រ​បង់​ប្រោស​ចោល​នៅ​កណ្ដាល​ព្រៃ​ស្ងាត់ ហើយ​មនុស្ស​ដល់​ទៅ​១២​នាក់​ត្រូវ​គេ​ខ្វេះ​ឆ្កៀល​ភ្នែក​ យក​ទៅ​ឃុំ​​ក្នុង​អណ្ដូង​រូង​ដី​​​ ដែល​រឿង​ខុស​សីល​ធម៌​យ៉ាង​ខ្លាំង ទាំង​ខាង​​​សីល​ធម៌​ពុទ្ធ​សាសនា ទាំង​ខាង​​សីល​ធម៌​សង្គម​មនុស្ស​។ កាម​កិលេស​ តណ្ហា​ក្រាស់​ឃ្មិក​ មិន​ចេះ​ស្កប់​ស្គាល់ នាង​ពីរ​ដណ្ដប់​ដែល​មាន​រូប​សម្ជស្ស​ល្អ​ដូច​ទេព​ធិតា​ បាន​ត្រូវ​ព្រះ​មក្សត្រ​ជ្រើស​តាំង​អោយ​ក្លាយ​ទៅ​ជា​ស្នំ​របស់​ព្រះ​អង្គ​ទាំង​១២​នាក់ ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ស្កប់​ស្កល់​ទៀត យក្ខិ​នី​សន្ធមារ​ ដែល​ក្លែង​ខ្លួន​ជា​ស្រី​ក្រមុំ​ស្អាត ក៏​ត្រូវ​ព្រះ​អង្គ​បញ្ជា​អោយ​គេ​នាំ​មក​ថ្វាយ​​តែង​តាំង​ជា​ស្នំ​អែក​ផង​ដែរ​។ យក្ខិនី​សន្ធ​មារ ដែល​ចេះ​មន្ដ​អាគម​តំណែង​ខ្លួន​ជា​ស្រី​មុំមាន​រូប​ល្អ​ដាច់​គេ ហើយ​បាន​ក្លាយ​ខ្លួន​ជា​ព្រះ​អគ្ក​មហេ​សី​ស្ដេច​ទៀត​ តែ​នៅ​តែ​ជៀស​កម្ម​ផល​អាក្រក់​មិន​បាន ត្រូវ​ចាញ់​រិទ្ធ របស់​ពុទ្ធិ​សែន បាត់​បង់​កូន​ស្រី​ គឺ​នាង​កង្រី​ផង​ ទាំង​នគរ​ក៏​ត្រូវ​រលត់​រលាយ​អស់​តែ​ម្ដង​ផង​។​

****************************************

រឿងនាងពីរដណ្ដប់
តាមការនិទាន

រឿង​ពុទ្ធិ​សែន នាង​កង្រី ជា​រឿង​ព្រេង​និទាន ដែល​ចាស់​ៗ​និយាយ​និទាន​ប្រាប់​កូន​ចៅ​ត​ៗ អោយ​ឈ្មោះ​មួយ​ទៀត​ហៅ​ថា រឿង​នាង​ពីរ​ដណ្ដប់​​។ នាង​ពីរ​ដណ្ដប់​ជា​បុត្រី​សេដ្ឋី​មួយ ដែល​ធ្លាក់​ខ្លួន​ក្រ រក​អា​ហារ​មក​ចិញ្ចឹម​ជីវិត​ទៀត​លែង​បាន ហើយ​បាន​ដាច់​ចិត្ដ​បរ​រទេះ​ យក​កូន​ទាំង ១២​នាក់​ទៅ​បំបរ​បង់​ចោល​នៅ​កណ្ដាល​ព្រៃ​ជ្រៅ​។

ពេល​ធំ​ដឹង​ក្ដី​រិទ្ធិ​សែន​តែង​ចេញ​ពី​អណ្ដូង​ទៅ​លេង​ជា​មួយ​ក្មេង​អ្នក​ស្រុក ហើយ​តែង​តែ​លេង​ឈ្នះ​គេ​ទាំង​អស់ ភាព​ល្បីល្បាញ​នេះក៏​បាន​លេច​លឺ​ទៅ​ដល់​ស្ដេច ហើយ​ដែល​នៅ​ទី​បំផុត​ព្រះ​អង្គ​បាន​ដឹង​ថា ជា​ព្រះ​រាជ​បុត្រ​របស់​ព្រះ​អង្គ​។ នាង​យក្ខ​ស្រី​កិច្ច​កល​សន្ធមារ​ ក៏​រក​លេស​កិច្ច​កល​ម្ដង​ទៀត​ដើម្បី​បញ្ជូន​រិទ្ធិ​សែន​ទៅ​នគរ​អោយ​នាង​កង្រី​កូន​ស្រី​របស់​ខ្លួន​សំលាប់​រិទ្ធិ​សែន​ចោល​តែ​ម្ដង​។ នៅ​ក្នុង​សំបុត្រ​ដែល​បញ្ជា​អោយ​រិទ្ធិ​សែន​ជិះ​សេះ​យក​ទៅ​ថ្វាយ​ដល់​នាង​កង្រី​ សន្ធមារ​សរ​​សេរ​ដាក់​ថា បើ​ដល់​ថ្ងៃ អោយ​ស៊ី​​ទាំង​ថ្ងៃ ​បើ​ដល់​យប់​អោយ​ស៊ី​ទាំង​យប់​ នៅ​ពេល​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ឈប់​សំរាក​ផ្ទំ​លក់ សំបុត្រ​នេះ​ត្រូវ​បាន​តាអី​សី​លួច​កែ​សេច​ក្ដីសរ​សេរ​ជា​ថ្មី​ថា «បើ​ដល់​ថ្ងៃ អោយ​រៀប​ការ​ទាំង​ថ្ងៃ បើ​ដល់​យប់​អោយ​រៀប​ការ​ទាំង​យប់​ ​វិញ​។

ទៅ​ដល់​នគរ​យក្ខ​សន្ធ​មារ នាង​កង្រី​កូន​កូន​ក្រមុំ​យក្ខ​ បាន​រៀប​ការ​ជា​មួយ​ពុទ្ធិ​សែន​ ហើយ​ស្រលាញ់​គ្នា​យ៉ាង​ខ្លាំង​ទៀត​ផង​។ ដោយ​សេច​ក្ដី​ស្រលាញ់​ស្មោះ​ស្មគ្រ​យ៉ាង​ប្ដូរ​ផ្ដាច់​ជា​មួយ​ស្វាមី នាង​កង្រី​បាន​ថ្វាយ​វត្ថុ​ទិព្វ និង កន្លែង​ទុក​គ្រប់​ភ្នែក​ម្ដាយ​ និង ម្ដាយ​​ធំ​ទាំង ១១​នាក់​អោយ​ព្រះ​ស្វាមី​បាន​ជ្រាប​។ ពេល​រាត្រី​យប់​ស្ងាត់​ពុទ្ធិ​សែន​បាន​លួច​ស្រាយ​ភ្នួង​សក់​ដែល​ចង​ភ្ជាប់​គ្នា​ជា​មួយ​កង្រី​រាល់​ពេល​ផ្ទំ ហើយ​ចូល​ទៅ​លួច​យក​វត្ថុ​ទិព្វ និង​ កែវ​ភ្នែក​ទាំង​អស់​ ជិះ​សេះ​រត់​ចោល​នាង​កង្រី​បាត់​ទៅ​។ នាង​កង្រី​បាន​រត់​ទៅ​តាម​ស្វាមី​ តែ​ត្រូវ​រិទ្ធិ​សែន​បាច​វត្ថុ​ទិព្វ​ក្លាយ​ជា​ភ្នំ ៧​ជាន់​ខាន់​ដោយ​ទន្លេ​មិន​អោយ​នាង​ទៅ​តាម​ព្រះ​ស្វាមី​ទាន់​ឡើយ នាកង្រី​ង​ឈឺ​ចិត្ដ ហើយ​ដួល​បោក​ក្បាល​នឹង​ថ្ម​ភ្នំ​អស់​ព្រះ​ជន្ម​ពេល​នោះ​ទៅ​។ ពុទ្ធិ​សែន​បាន​ធ្វើ​ដំណើរ​មក​ដល់​នគរ ហើយ​យក​​គ្រប់​ភ្នែក​ ​ព្យាបាល​​អោយ​ម្ដាយ និង ម្ដាយ​ធំ​ទាំង​១១​នាក់បាន​ជា​សះ​ស្បើយ​វិញ ហើយ​បាន​ត្រលប់​ទៅ​រក​នាង​កង្រី​វិញ តែ​នាអនិច្ចា​នាង​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ​។

រឿងភ្នំនាងកង្រី នៅខេត្ដកំពង់ឆ្នាំង
ប្រជុំរឿងព្រេងភាគ៥

នៅ​ឃុំ​ពង្រ ស្រុក​រលៀ​បៀរ ខេត្ដ​កំពង់​ឆ្នាំង មាន​ភ្នំ​មួយ​ខ្ពស់​ជាង​គេ មើល​ពី​ចំងាយ​ទៅ​ឃើញ​ដូច​មនុស្ស​ដេក​ផ្កាប់​មុខ សណ្ដូក​ខ្លួន​។ នៅ​លើ​ភ្នំ​នោះ​មាន​រុក្ខ​ជាតិ​តូច​ធំ​ដុះ​ជា​ច្រើន​ដូច​ភ្នំ​អែ​ទៀត​នៅ​ជុំ​វិញ​នោះ​ដែរ តែ​ប្លែក​ជាង​គេ​នៅ​ត្រង់​ចង្កេះ​​ភ្នំ​នោះមាន​ម្អម​ដុះ​ច្រើន​ណែន​តាន់​តាប់ អ្នក​ស្រុក​នៅ​ជុំ​វិញ​​ភ្នំ​នោះ គេ​មិន​បរិ​ភោគ​ម្អម​នោះ​ទេ​ ព្រោះ​គេ​លឺ​ចាស់​ៗ ដំណាល​ថា ម្អម​នោះ​កើត​ពី​រោម​យោនី នាង​កង្រីយក្ខិនី​ ជា​មហេសី​ព្រះ​ពុទ្ធិ​សែន ហើយ​គេ​សន្មត​ថា​ ម្អម​នោះ​​ជា​រោម​យោនី​នៃ​នាង​កង្រី​នោះ​អែង​។ មិន​តែ​ប៉ុណ្ណោះ​នៅ​លើ​ភ្នំ​នោះ មាន​ត្បាល់​ថ្ម​មួយ​ធំ តាំង​ពី​បុរាណ​មក​មិន​ដឹង​ជា​នរណា​​សាង​ទេ​។ ពួក​អ្នក​ឡើង​ដល់​ទី​នោះ លុះ​តែ​យក​អង្រែ​ថ្ម​បុក​ត្បាល់​ថ្ម​នោះ​ទើប​មិន​ចាញ់ ហើយ​នឹង​បាន​សុខ​សប្បាយ​ (នេះ​ជា​ជំនឿ​អ្នក​ស្រុក​ដែល​មាន​មក​តាំង​ពី​បុរាណ​កាល)​។

រឿង​នាង​កង្រី​មាន​សេច​ក្ដី​សង្ខេប​ដូច​ត​ទៅ​នេះ​៖ កាល​ពី​ព្រេង​នាយ​មាន​សេដ្ឋី​ម្នាក់​នៅ​នគរ​មួយ ជា​មនុស្ស​អិត​កូន បាន​នាំ​ប្រពន្ធ​ទៅ​បន់​សុំ​កូន​នៅ​ដើម​ជ្រៃ​មួយ​។ ក្រោយ​ពី​បន់​ប្រពន្ធ​មាន​កូន​១២​នាក់​សុទ្ធ​តែ​ស្រី លុះ​បាន​កូន​ហើយ​សេដ្ឋី​ធ្លាក់​ខ្លួន​ជា​អ្នក​ទ័ល​ក្ររក​អាហារ​ចិញ្ចឹម​កូន​គ្មាន​ ក៏​បរ​​រទេះ​ដឹក​កូន​ទាំង​១២​នាក់ ទៅ​ប្រោស​ចោល​ក្នុង​ព្រៃ​ជ្រៅ​មួយ​។

បណ្ដា​នាង​ទាំង​១២​នាក់​នោះ នាង​បង​១១​នាក់​ត្រូវ​គេ​ឆ្កៀល​ភ្នែក​ទាំង​សង​ខាង អែ​នាង​ពៅ​ត្រូវ​គេ​ឆ្កៀល​ភ្នែក​តែ​ម្ខាង ដោ យ​មក​ពី​ជាតិ​មុន​ នាង​ពៅ​ឆ្កៀល​ភ្នែក​ត្រី​តែ​ម្ខាង​ដែរ​។ នាង​ទាំង​១២​ដែល​មាន​គភ៌​នោះ នាង​ពៅ​បាន​ព្រះ​ពោធិ​សត្វ​មក​ចាប់​ផ្ទៃ​។ វេលា​បង​ៗ​កើត​កូន​មក​ភ្លាម​គេ​ក៏​ហែក​កូន​ចែក​សាច់​គ្នា​ស៊ី​អស់​ ចំណែក​នាង​ពៅ​កើត​កូន​មក​អោយ​ឈ្មោះ​ថា «ពុទ្ធ​សែន» ហើយ​លាក់​ទុក​មិន​អោយ​បង​ៗ​ដឹង​ទេ​។

ចំនេរ​កាល​មក​ខាង​ក្រោយ វេលា​ពុទ្ធិ​សែន​ធំ​ពេញ​ជំ​ទង់​ឡើង​ នាង​សុគន្ធ​មារ​ដឹង​ថា​ជា​កូន​នាង​ទី​១២ ក៏​ប្រើ​អោយ​ជិះ​សេះ​នាំ​សំបុត្រ​ទៅ​អោយ​នាង​កង្រី​ដោយ​ដាក់​សេច​ក្ដី​ថា «បើ​ពុទ្ធិ​សែន​មក​ដល់​យប់​អោយ​ស៊ី​ទាំង​យប់ ដល់​ថ្ងៃ​អោយ​ស៊ី ទាំង​ថ្ងៃ​»​។ តែ​ជា​ភ័ព​របស់​ពុទ្ធិ​សែន​ នៅ​ពេល​ជិះ​សេះ​ទៅ​ដល់​ពាក់​កណ្ដាល​ព្រៃ​ មហា​រិស្សី​បាន​ឃើញ​ពុទ្ធិ​សែន​កំពុង​ផ្ទុំ​លក់​ និង​ឃើញ​សំបុត្រ​ដែល​ចង​នៅ​សេះ មហា​រិស្សី​បើក​សំបុត្រ​នោះ​មើល​យល់​ន័យ​សេច​ក្ដី​ហើយ ក៏​ហែក​សំបុត្រ​នោះ​ចោល​ ហើយ​សរ​សេរ​សំបុត្រ​ជា​ថ្មី​ថា «បើ​ពុទ្ធិ​សែន​ដល់​យប់​អោយ​រៀប​ការ​ទាំង​យប់ បើ​ដល់​ថ្ងៃអោ​យ​រៀប​ការ​ទាំង​ថ្ងៃ​»​។ ពេល​ដែល​ពុទ្ធិ​សែន​ទៅ​ដល់​នគរ​យក្ស នាង​កង្រី​បាន​ឃើញ​សំបុត្រ​ ក៏​រៀប​ការ​ជា​មួយ​ពុទ្ធិ​សែន​ភ្លាម​។ ព្រះ​ពុទ្ធិ​សែន​បាន​សោយ​រាជ្យ​នៅ​នគរ​យក្ស​មិន​យូរ​ប៉ុន្មាន ដោយ​នាង​កង្រី​ថ្វាយ​ដំណឹង​អំពី​ប្រស្រី​ភ្នែក​មាតា​លោក​ និង អំពី​ថ្នាំ​សំរាប់​ដាក់​ភ្នែក​អោយ​ជា ហើយ​នឹង​ថ្នាំ​សំរាប់​បោះ​ទៅ​កើត​ជា​ទឹក​សមុទ្រ​ ជា​ភ្នំ​បាន​ក៏​ទ្រង់​លួច​រត់​ចោល​នាង​កង្រី​ទាំង​អធ្រាត​។ នាង​កង្រី​បាន​ធ្វើ​ដំណើរ​រត់​តាម​ពុទ្ធិ​សែន តែ​នាង​តាម​មិន​ទាន់​សោះ​ នាង​ក៏​កើត​ទុក្ខ​យំ​សោក​បោក​ខ្លួន​ស្លាប់​នៅ​កណ្ដាល​ព្រៃ​ រូប​កាយ​នាង​ក៏​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​ដែល​អ្នក​ស្រុក​ហៅ​ថា «ភ្នំ​នាង​កង្រី​»​។ ពុទ្ធិ​សែន​ក៏​មក​ដល់​នគរ​វិញ​ដោយ​សុវត្ដិ​ភាព ទ្រង់​ដាក់​ថ្នាំ​កែ​ភ្នែក​មាតា​ និង មាតា​ធំ​ទាំង​អស់​អោយ​ជា​ឡើង ហើយ​ទ្រង់​សំលាប់​នាង​សន្ធ​មារ​ទៅ​ ទ្រង់​បាន​សោ យ​រាជ្យ​ជំនួស​បីតា ជា​សុខ​ក្សេ​ម​ក្សាន្ដ​រហូត​ដល់​ទ្រង់​ចូល​ព្រះ​ទីវង្គត​។

អែក​សារ​ជា​ច្រើន​និយាយ​ត្រូវ​គ្នា​ថា ខ្មោច​​នាង​កង្រី​ដែល​ស្លាប់​នៅ​មាត់​ទឹក​នោះ កើត​បាន​ជា​ភ្នំ​កង្រី ហើយ​ថា​នៅ​ជិត​ភ្នំកង្រី​មាន​ភូមិ​ពីរ ឈ្មោះ​ភូមិ​កំពង់​ហៅ​មួយ និង​ភូមិ​កំពង់​លែង​មួយ​។ ភូមិ​កំពុង​ហៅ ជា​ទី​ដែល​នាង​កង្រី​ស្រែក​ហៅ​ព្រះ​ពុទ្ធិ​សែន ភូមិ​កំពុង​លែង​ជា​ទី​ដែល​ព្រះ​ពុទ្ធិ​សែន​លែង​ត្រូវ​ការ​នាង​កង្រី​។