ចាស់​ដំណាល​ត​ៗ​គ្នា​មក​ថា កាល​ពី​ព្រេង​នាយ នៅ​ស្រុក​សន្ទុក ខេត្ដ​កំពង់​ធំ​សព្វ​ថ្ងៃ​នេះ មាន​ស្ដេច​មួយ​ព្រះ​អង្គ​ទ្រង់​មាន​អគ្គម​ហេសី​ ព្រះ​រាជ​បុត្រ ស្រី​ស្នំ​ក្រម​ការ​សេនា​ទា​ហ៊ាន​ និង នា​ម៉ឺន​មុខ​មន្រ្ដី​ជា​ច្រើន​។ ស្ដេច​ទ្រង់​មាន​ព្រះ​រាជ​បញ្ជា​ឆ្ការ​​ព្រៃ​មួយ​កន្លែង​សង់​ប្រាសាទ​ ព្រះ​រាជ​វាំង និង គុក​គុហារ​នៅ​ទី​នោះ ត្រង់​ទី​សង់​ប្រា​សាទ​នោះ​ ជាប់​មាន​ឈ្មោះ​ថា ភូមិ​ប្រា​សាទ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

លុះ​សង់​ប្រា​សាទ​នោះ​ហើយ ទ្រង់​ត្រាស់​បង្គាប់​អោយ​ឆ្ការ​ព្រៃ​មួយ​កន្លែង​ទៀត​ឆៀង​ខាង​ជើង ខាង​លិច​ប្រា​សាទ​នោះ​ធ្វើ​ទី​សំរាប់​ស្រី​ស្នំ មាន​កំពែង​ជុំ​វិញ ទី​នោះ​ជាប់​មាន​ឈ្មោះ​ថា ភូមិ​វាំង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ លុះ​ធ្វើ​ព្រះ​រាជ​វាំង​ហើយ​ ទ្រង់​ត្រាស់​បង្គាប់​អោយ​កាប់​ឆ្ការ​ព្រៃ​មួយ​កន្លែង​ទៀត​ នៅ​ខាង​លិច​ប្រា​សាទ សង់​ឃ្លាំង​សំរាប់​ដាក់​ព្រះ​រាជ​ទ្រព្យ សឹង​មាន​សសរ​កប់​ក្នុង​ដី​ដល់​សព្វ​ថ្ងៃ​នេះ ជា​ភស្ដុ​តាង​ស្រាប់​ ទី​នោះ​ជាប់​មាន​ឈ្មោះ​ថា ភូមិ​សង់​ឃ្លាំង​ តែ​ក្រោយ​ពី​នោះ​យូរ​មក​ ហៅ​ថា​ភូមិ​តាំង​ក្រសាំង​វិញ​ ដែល​សព្វ​ថ្ងៃ​រាជ​ការ​តាំង​សាលា​ស្រុក​នៅ​ទី​នោះ​។

ថ្ងៃ​មួយ​ព្រះ​រាជា​ទ្រង់​នាំ​ព្រះ​អគ្គ​ម​ហេ​សី ព្រម​ទាំង​ព្រះ​រាជ​បុត្រ​ទៅ​ក្រសាល​លើ​ភ្នំ​នោះ ព្រះ​រាជ​បុត្រ​ទ្រង់​ប្រឈួន​ជា​ខ្លាំង​ ព្រះ​អង្គ​គង់​នៅ​លើ​ភ្នំ​នោះ​ពុំ​បាន ទ្រង់​ចាត់​អោយ​ឆ្ការ​ព្រៃ​មួយ​អន្លើ ធ្វើ​ព្រះ​ពន្លា​នៅ​ខាង​ជើង​ភ្នំ ហើយ​ក៏​នាំ​បណ្ដោះ​ព្រះ​អគ្គ​មហេ​សី​ ព្រះ​រាជ​បុត្រ និង​ ស្រី​ស្នំ​ព្រម​ទាំង​រេហ៍​ពល​ ចុះ​ពី​លើ​ភ្នំ​នោះ​តាម​ផ្លូវ​ជ្រុង​ខាង​លិច មក​សំចត​ឈប់​សំរាក​នៅ​ក្នុង​ព្រៃ​មួយ ទី​នោះ​ជាប់​ឈ្មោះ​ថា ភូមិ​បណ្ដោះ​ត​មក​តែ​សព្វ​ថ្ងៃ ហៅ​យារ​ៗ​មក​ថា​ភូមិ​ក្រ​កោះ​វិញ​។ បន្ទាប់​មក​ព្រះ​រាជា​ ទ្រង់​នាំ​ព្រះ​រាជ​បុត្រ​មក​គង់​នៅ​ព្រះ​ពន្លា​ដែល​ធ្វើ​នៅ​ជើង​ភ្នំនោះ​ បាន​ទ្រង់​រក​ពេទ្យ​ហ្ម​មក​ព្យា​បាល​ព្រះ​រោគ​ព្រះ​រាជ​បុត្រ មិន​ធ្វេស​ប្រហែស​សោះ ប៉ុន្ដែ​ទោះ​បី​មាន​អោសថ​ និង ពេទ្យ​ហ្ម​យ៉ាង​ពូ​កែ​ព្យា​បាល​យ៉ាង​ណា ក៏​ព្រះ​រោគ​ព្រះ​រាជ​បុត្រ​នោះ នៅ​តែ​មិន​ស្រាក​ស្រាន្ដ​ឡើយ រិត​តែ​ប្រឈួន​ខ្លាំង​ឡើង​ៗ ដរាប​ដល់​អស់​ព្រះ​ជន្ម​នៅ​ទី​នោះ​។ ព្រះ​រាជា​ និង ព្រះ​អគ្គមហេ​សីទ្រង់ព្រះកន្សែង ស្រី​ស្នំ​និង​ពួក​ពល​ទាំង​អស់​យំ​សោក​គ្រប់​ៗ​គ្នា​។ ព្រះ​រាជា​ទ្រង់​ចាត់​ចែង​ធ្វើ​ឈា​បន​កិច្ច​ជា​អោឡា​រិក​នៅ​ទី​នោះ​។ ទី​ជើង​ភ្នំ​ដែល​ព្រះ​រាជា​ ធ្វើ​ព្រះ​ពន្លា​ថែ​រក្សា​ព្រះ​រោគ​ព្រះ​រាជ​បុត្រ​ លុះ​ដល់​ព្រះ​ជន្ម​អាសន្ន​នោះ​ ជាប់​មាន​ឈ្មោះ​ថា ភូមិ​អាសន្ន​ទុក្ខ​ត​មក​គេ​ហៅ​យារ​ថា ភ្នំ​សន្ទុក​(២) និង​ភូមិ​សន្ទុក​វិញ​ មក​ដល់​សព្វ​ថ្ងៃ​។ ក្រោយ​ពេល​ដែល​​ព្រះ​រាជា​ និង ព្រះ​អគ្គ​មហេ​សី ទ្រង់​មាន​ទុក្ខ​ជា​ទំងន់​ ទ្រង់​ចេញ​ព្រះ​រាជ​ដំណើរ​ចាក​ទី​នោះ ទៅ​ឈប់​សំចត​នៅ​មាត់​ស្ទឹង​សែន​ ដើម្បី​លំហើយ​ព្រះ​រាជ​ហរ​ទ័យ​រំដោះ​ទុក្ខ​ តែ​មិន​ដូច្នោះ​បែរ​ជា​រិត​តែ​កើត​ទុក្ខ​ផ្ទួន​ឡើង​។ គ្រា​នោះ​សាមណេរ​មួយ​ព្រះ​អង្គ​បាន​និមន្ដ​ ទៅ​ជួប​នឹង​ព្រះ​រាជា​នៅ​ទី​នោះ​។ លោក​បាន​ឃើញ​ព្រះ​រាជា​ និង ព្រះ​អគ្គ​មហេ​សី​សោយ​ទុក្ខ​ជា​ទំងន់​ដូច្នោះ​ បាន​ថ្វាយ​ព្រះ​ពរ​សួរ ព្រះ​រាជា​ក៏​ទ្រង់​ថ្លែង​សេច​ក្ដី​ទុក្ខ អំពី​ព្រះ​រាជ​បុត្រ​ដែល​រលត់​ខ័ន្ធ​ទៅ​នោះ​។ ទោះ​បី​សាមណេរ​បាន​អធិប្បាយ​ពន្យល់​ធម៌​អាថិ ល្អិត​ល្អន់​យ៉ាង​ណា​ក៏​ព្រះ​រាជា និង​ព្រះ​អគ្គ​មហេ​សី​នៅ​តែ​មិន​បាត់​សេច​ក្ដី​ទុក្ខ​វិយោគ​សោក​ស្ដាយ​នោះ​ឡើយ​។ សាម​ណេរ​ជ្រាប​រឿង​នោះ​ក៏​ថ្វាយ​ព្រះ​ពរ​ថា «បើ​ព្រះ​អង្គ​ចង់​ឃើញ​ព្រះ​រូប​ព្រះ​រាជ​បុត្រ​របស់​ព្រះ​អង្គ សូម​ទ្រង់​អោយ​ជាង​ម្សៅ រឺ ដី​ មក​សូន្យ​ធ្វើ​ព្រះ​រូប​ព្រះ​រាជ​បុត្រ ទុក​គ្រាន់​ទត​លំហែរ​ព្រះ​ទ័យ​រំដោះ​ទុក្ខ​»​។ ព្រះ​រាជា​បាន​លឺ​ព្រះ​ពុទ្ធ​ដិកា​ លោក​សាមណេរ​នោះ​ហើយ ក៏​មាន​ព្រះ​រាជហ​រិទ័យ​ត្រេក​អរ ទ្រង់​ចាត់​អោយ​ជាង​ធ្វើ​សំណាក​ ព្រះ​រូប​ព្រះ​រាជ​បុត្រ​ទុក​នៅ​ព្រៃ​មួយ លុះ​ធ្វើ​ព្រះ​រូប​ព្រះ​រាជ​បុត្រ​រួច​ហើយ​ ព្រះ​រាជា​ទ្រង់​ទត ទ្រង់​សព្វ​ព្រះ​រាជ​ហ​រិទ័យ​ ក៏​ទ្រង់​បាន​ស្រាក​ស្រាន្ដ​ទុក្ខ​សោក​នោះ ដោយ​សារ​បាន​ទត​សំណាក​ព្រះ​រូប​ព្រះ​រាជ​បុត្រ​ជា​តំណាង​។ កន្លែង​ដែល​ធ្វើ​ព្រះ​រូប​ព្រះ​រាជ​បុត្រ​នោះ​ឈ្មោះ​ថា ភូមិ​សំណាក​ដល់​សព្វ​ថ្ងៃ​។

ក្រោយ​មក​ព្រះ​រាជា​ទ្រង់​បាន​នាំ​ព្រះ​អគ្គ​ម​ហេ​សី​និង​ស្រី​ស្នំ ព្រម​ទាំង​ពួក​ពល​ទៅ​ក្រសាល​ទី​មួយ ខាង​ជើង​ទី​តំកល់​ព្រះ​រូប​សំណាក​នោះ​ ទ្រង់​បាន​ឃើញ​ឆ្អឹង​ក្បាល​ក្រពើ​មួយ​ធំ ដែល​ស្លាប់​យូរ​ហើយ​នៅ​ទី​នោះ ទី​ដែល​ព្រះ​រាជា​ទ្រង់​ទត​ឃើញ​ ក្បាល​ក្រពើ​នោះ ជាប់​ឈ្មោះ​ថា ភូមិ​ត្បូង​ក្រពើ​ ដរាប​មក​ដល់​សព្វ​ថ្ងៃ​។

១ = ស្រង់​ពី​អែក​សារ​ក្រុម​ជំនុំ​ទំនៀម​ទំលាប់​លេខ ២៧-១០៨ រៀប​រៀង​ដោយ គន់ ជូរ អាចារ្យ​រង​វត្ដ​ពោធិ​ស្រះ​ស្រង់​ឃុំ​បឹង​ល្វា ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ​។