វិចារកថា៖ ដោយកែវឈុន: រឿងភ្នំបាយ៉ងកោរ ជារឿងព្រេងនិទានមួយ ដែលទាក់ទងស៊ីជម្រៅយ៉ាងជ្រាលជ្រៅ នៅក្នុងប្រវត្ដិសាស្ត្រប្រ ទេសកម្ពុជាយើង។ ព្រះនាងសក់ក្រអូប អគ្គមហេសីព្រះបាទបាយ៉ងកោរ មានរូបឆោម ល្អល្អះយ៉ាក្រៃលែង គ្មាននារីណាប្រដូចបាន ព្រះនាង មានសក់ក្រអូប សាយក្លិនរហូត១យោជន៍។ រូបសម្រស់ល្អឆើតរបស់ព្រះនាងសក់ក្រអូប ធ្វើអោយស្ដេចសៀមកើតសេចក្ដីប្រតិព័ទ្ធស្នេហា លើរូបព្រះនាងយ៉ាងខ្លាំង ហើយបញ្ជូនទ័ពមួយសែននាក់ អោយមកចាប់ដណ្ដើមយកព្រះនាង។ តែព្រះនាងត្រូវបានព្រះស្វាមីព្រះបាទបាយ៉ង កោរ នាំភៀសខ្លួនគេចផុតពីកណ្ដាប់ដៃទ័ពសៀម ទៅតាំងព្រះរាជតំណាក់ទៅលើភ្នំបាយ៉ង។

    ដំណឹងនេះបានលិចលឺទៅដល់ពួកសៀម ពួកសៀមដែលនៅតែប៉ុនប៉ងស្វែងរកចាប់ព្រះនាងនៅឡើយ។ ម្ដងនេះពួកសៀម ប្រើវិធីសម្ដែង ល្ខោនមហោស្រព បំពុលពង្វក់ស្មារតី ពួកបរិវារព្រះបាទបាយ៉ង និងព្រះនាងសក់ក្រអូប អោយសប្បាយឈ្លក់វង្វេងភ្លេចខ្លួន ហើយចាប់យក ព្រះនាងបានទៅដោយស្រួល​។ យ៉ាងណាមិញ ក្នុងសម័យបចុប្បន្ននេះ ក៏មិនខុសគ្នាពីសម័យព្រះនាងសក់ក្រអូបនោះទេ ដោយសារតែមហោ ស្រពសិល្បៈ វប្បធម៌បរទេនេះហើយ ដែលជួនកាលធ្វើអោយកូនខ្មែរភ្លេចស្មារតី នាំគ្នាបោះបង់ សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ល្អៗរបស់ខ្លួនចោលអស់រលីងតែម្តង។

    ដោយសារការវង្វេងភ្លេចភាន់ភាំងស្មារតីនេះហើយ ពេលដែលបរទេសសៀមចាប់យកព្រះនាងសក់ក្រអូបទៅ បុត្រព្រះនាង ព្រះបាទដៃខ្លី បានតាមទៅរកព្រះនាងនៅឯស្រុកសៀម ដោយកូនពុំស្គាល់ម្ដាយ ម្ដាយពុំស្គាល់កូន ព្រះបាទដៃខ្លី និងព្រះនាងសក់ក្រអូប បានទាក់ទងស្នេហា គ្នា រហូតបានរួមរក្សសេពសន្ថវ ជាមួយទៀតផង។ ពេលបានដឹង អ្វីៗវាបានកន្លងហួសអស់ទៅហើយ ដើម្បីលុបលាង ស្មាលាទោសជាមួយ ម្ដាយ ព្រះអង្គដៃខ្លីត្រូវជីកអង្គ (ស្រះ) មួយពាន់មួយស្រះ (១០០១) ហើយពីរពាន់ឆ្នាំក្រោយមក ពេលស្រះទាំងនេះរលុបស្មើ ក្លាយជាវាល ស្រែ ទើបកូននោះរួចកម្មពៀរបាន។

    ទោសដ៏ធ្ងន់ធ្ងរក្រៃលែង ដែលព្រះបាទដៃខ្លីបានប្រព្រឹត្ដទៅលើម្ដាយខ្លួនឯង ហាក់ដូចជាដិតជាប់ជាក់ស្ដែងមិនអាចប្រកែកបាននៅឡើយ គ្រាន់តែនៅជុំវិញ អង្គតាសោម (ស្រុកត្រាំកក់ ខេត្ដតាកែវ) ក្នុងដីប្រមាណ១០ គីឡូម៉ែត្របួនជ្រុង យើងឃើញមានអង្គជាច្រើន ដូចជានៅ ខាងលិចអង្គតាសោមបន្ដិច មានអង្ករការ ងាកខាងត្បូងបន្ដិច អង្គស្លែង អង្គរុន អង្គរនាប ងាកខាងកើត អង្គសំរិទ្ធ ត្រពាំងអង្គ អង្គតាមោក អង្គតាសូរ មានច្រើនទៀតជាដើម។ ម្យ៉ាងទៀតទាក់ទងនឹងរឿងស្ម័គ្រស្មន់អន្ធករនេះ នៅក្នុងសង្គមខ្មែរមានពាក្យជេរប្រទិច ដាក់បណ្ដាសា គ្នាថា «ចុយម្រាយ» ឬ «ចុយម៉ាយ» ពាក្យនេះប្រហែលជាបុព្វបុរសក្នុងសម័យដើម ចង់ពោលដាក់ទោសដល់អ្នកដែលប្រព្រឹត្ដខុស អោយ មានទុក្ខទោសលំបាកដូចព្រះបាទដៃខ្លីដែរ តែនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន អ្នកដែលខឹងជេរ ជេររត់មាត់ ឬភ្លាត់មាត់ ជាទម្លាប់សឹងគ្រប់ៗគ្នា លែង ដឹង លែងយល់អត្ថន័យ អ្វីអស់រលីងទៅហើយ។

  ក្នុងសម័យព្រេងនាយ នៅប្រទេសខ្មែរមានស្ដេចមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទបាយ៉ង់(២) មានព្រះដំណាក់នៅភ្នំដងរែក មានអគ្គមហេសី ល្អណាស់ ទ្រង់ព្រះនាមនាងសក់ក្រអូប ប្រកបដោយរូបព្រះឆោមព្រះភក្រ្តល្អប្រិមប្រីយសម្បុរភ្លឺថ្លាដូចនាងទេពធីតា ក្លិនក្រអូបសាយចេញ ជុំវិញព្រះកាយមួយយោជន៍ ល្បីកិត្ដិយសសុសសាយទៅដល់ព្រះចៅក្រុងសៀម ព្រះចៅសៀមចាត់អោយមនុស្សមកស៊ើបអង្កេតបានដឹងពិត ថា ល្អឆើតឆាយមែន ដាច់ស្រីទាំងឡាយ ជាស្រីបរិបូណ៌ដោយលក្ខណៈគ្រប់យ៉ាង។

    ស្ដេចសៀមរកឧបាយកលចូលមកចាប់ព្រះនាងយកទៅ ដើម្បីជាតិត្ដិយសប្រទេសខ្លួន។ ស្ដេចបាយ៉ង់ទ្រង់ជ្រាបការដូច្នោះ ក៏នាំនាងអគ្គ មហេសីនូវពួកស្រីស្នំក្រមការ និងពលសេនាទាំងឡាយ ចុះសំពៅភៀសព្រះអង្គរត់ចេញចោលព្រះដំណាក់ទាំងវេលាយប់ បើកសំពៅសំដៅ ទៅទិសអគ្នេយ៍។ មុននឹងស្ដេចយាងចេញទ្រង់លើកព្រះហស្ដប្រណម្យ ដាក់លើសិរសា សច្ចាបន់ស្រន់ទេវតារក្សាទឹកថា សូមអោយបាន សំរេចសេចក្ដីប្រាថ្នាបីប្រការគឺ៖

  1. ១. សូមអោយបានសុខក្នុងដំណើរផ្លូវសាគរ,
  2. ២. សូមកុំអោយពួកសៀមតាមទាន់,
  3. ៣. សូមអោយជួបប្រទះកន្លែងជាទីគាប់ចិត្ដ។

     បើបានសំរេចដូចបំណង នឹងកោរព្រះកេសាថ្វាយ។ ស្ដេចទ្រង់ព្រួយព្រះទ័យជាខ្លាំង ទ្រង់បើកសំពៅទាំងយប់ទាំងថ្ងៃគ្មានឈប់ឈរ។ លុះ ទ្រង់ប្រមើលមើលឃើញថា ចេញមកបានឆ្ងាយណាស់ហើយ ទើបទ្រង់ងាករេទៅរកតំបន់មួយ ដើម្បីចតសំពៅ ជូនជាខណនោះខ្យល់ព្យុះ មកដល់ បក់បោកសំពៅអោយវិលវល់បាក់ចង្កូត ទើបទីត្រង់នោះមានឈ្មោះថា «ភូមិបាក់ចង្កូត» ជាប់មក តែសព្វថ្ងៃគេហៅក្លាយមកជាភូមិ បាក់ភូត។ ស្ដេចទ្រង់ភ័យហើយលើកព្រះហស្ដអំពាវថា «អោយបាត់ព្យុះខ្យល់ នឹងសូមសែនថ្វាយដល់ពពួកអារក្សទឹកទាំងឡាយ» ។ គ្រានោះ ខ្យល់ព្យុះក៏សាបសូន្យអស់ សំពៅទៅបានបន្ដិចទៀត ឈប់បោះយុថ្កាចត ទើបទីនោះមានឈ្មោះថា «កន្លែងចត» ជាប់មក តែសព្វថ្ងៃគេហៅ ក្លាយមកជាភូមិកន្លែងចត»។ ការឈប់ចតនេះគឺដើម្បីនឹងរៀបចំចំណីអាហារសែនថ្វាយអារក្សទឹក និងធ្វើចង្កូតសំពៅថ្មី។ ត្រង់តំបន់ថ្វាយអា ហារនោះ មានឈ្មោះជាប់មកដល់សព្វថ្ងៃថា «ភូមិសែនបន់»។ ទាំងបីកន្លែងនេះ នៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ដតាកែវ។

     លុះសំរេចកិច្ចនៅកន្លែងនេះសព្វគ្រប់ហើយ ទ្រង់ក៏ចេញសំពៅទៅទៀត សំដៅទិសអគ្នេយ៍ដដែល។ លុះដល់កន្លែងមួយសំពៅធ្លាយ ទ្រង់ ក៏ចាប់ធ្វើសំពៅបណ្ដើរបើកបណ្ដើរទៅ។ ត្រង់កន្លែងនោះជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថា«សំពៅធ្លាយ»។ បើកបន្ដិចទៀតទៅដល់កន្លែង មួយឃើញ មានស្បូវដុះជាច្រើន ក៏បោចស្បូវនោះចុកសំពៅដែលធ្លាយ។ ត្រង់កន្លែងនោះជាប់ឈ្មោះមកដល់សព្វថ្ងៃថា «ភូមិព្រែកស្បូវ» ហើយបើកសំពៅធ្វើដំណើរទៅទៀត ដល់កន្លែងមួយទៀត ព្រះនាងសក់ក្រអូបទ្រង់កើតទុក្ខព្រួយព្រះហរិទ័យច្រើនប្រការ គឺណាមួយអំពី សំពៅដែលចេះតែទៅ ៗ រកទិសសំណាក់មិនឃើញ ណាមួយអំពីពួកសៀមថា មុខជាគេនឹងតាមមកមិនខាន។ ព្រះនាងទ្រង់អុជទៀននមស្ការ បន់ស្រន់ដល់អារក្សទឹក អារក្សគោក អ្នកតាព្រៃភ្នំក្រំថ្មសព្វទីកន្លែងថា «សូមអោយបានជួបនឹងទីសុខប្រសើរសូមអោយចោរសៀមចិត្ដ អប្រិយបរាជ័យវិនាសក្នុងសាគរ»។ ត្រង់កន្លែងដែលព្រះនាងអុជទៀនបន់នោះ នៅជាប់ឈ្មោះមកដល់សព្វថ្អៃហៅថា «ភូមិអន្លុងទៀន»។

     ពិធីនមស្ការអំពាវនាវរបស់ព្រះនាងនោះ បានសំរេចដូចក្ដីប្រាថ្នាមែន គឺសំពៅស្ដេចសៀម ដែលបានបញ្ជូនពលចំនួនមួយសែននាក់ អោយ ចេញទៅតាមស្កាត់រកព្រះនាងនោះ ជ្រួសផ្លូវគ្នាដោយសំពៅស្ដេចបាយ៉ង់ ចេញផ្លូវក្រោមផ្នែកខាងកើត សំពៅសៀមចេញផ្លូវលើផ្នែកខាង លិច។ ក្រោយដែលព្រះនាងបន់ស្រន់រួចហើយ សំពៅស្ដេចបាយ៉ង់ ក៏ងាកសំដៅទិសនីរតីបន្ដិច។ បន្ទាប់ពីនោះស្រាប់តែមានខ្យល់ព្យុះយ៉ាង សំបើមអស្ចារ្យ បក់បោកសំពៅសៀមខ្ទេចខ្ទីលិចលង់ងាប់អស់ពួកពល នៅក្នុងមហាសាគរ។ ត្រង់កន្លែងនោះមានឈ្មោះថា «ភូមិសែនលង់» ជាប់មក តែសព្វថ្ងៃហៅក្លាយជា «ភូមិសន្លុង» វិញ។

     ចំណែកសំពៅស្ដេចបាយ៉ង់ កាលបើកលឿនត្រង់ទៅទិសនិរតី ស្ដេចទតឃើញកោះ និង ភ្នំច្រើនត្រៀបត្រា ព្រះអង្គ ក៏ចូលទៅបោះយុថ្កា ចតសំពៅ នៅក្បែរកោះមួយ ស្ដេចយាងឡើងទៅលើកោះនោះ ដើម្បីរកទីកន្លែងដ៏សមគួរនឹងជ្រក ព្រះអង្គបានទតឃើញកន្លែងដ៏ល្អៗជា ច្រើន ប៉ុន្ដែមិនសូវគាប់ព្រះទ័យ ក៏អោយពួកពលជញ្ជូនចេញពីសំពៅ នាំព្រះអគ្គមហេសី យាងចូលទៅក្នុងព្រៃច្រកបុព្វតា ហើយចតសំពៅ នៅត្រង់កន្លែងនោះ។ គ្រាន់តែស្ដេចយាងចេញផុតភ្លាមមហាមេឃ ក៏ងងិតបណ្ដាលអោយទៅជាមានភ្លៀងផ្គរយ៉ាងខ្លាំង។ ក្រោយពីស្ដេច និង ព្រះនាងព្រមទាំងព្រះរាជបរិពារឡើងគោកហើយ ស្រាប់តែរន្ទះបាញ់សំពៅក្រលាប់លិចលង់នៅកំពង់នោះ។ ត្រង់កន្លែងនោះជាប់ឈ្មោះថា «ភ្នំរន្ទះ» រហូតដល់សព្វថ្ងៃ។

     បន្ទាប់ពីនោះស្ដេចបាយ៉ង់ចេះតែខិតខំស្វែងរកទីភូមិឋានដើម្បីបានសង់ព្រះរាជដំណាក់ ស្នាក់អាស្រ័យ។ គ្រានោះទ្រង់បានជួបនឹងទីទួល មួយខ្ពស់ល្អគួរជាទីរីករាយក្រៃពេក ក៏ទ្រង់ធ្វើព្រះពន្លាបណ្ដោះអាសន្ននៅទីនោះ។ លុះស្ដេចបានស្នាក់អាស្រ័យបានស្រួលបួលហើយ ក៏ទ្រង់ សំណេះសំណាលជាមួយ នឹងព្រះអគ្គមហេសី អំពីសេចក្ដីកំសត់ ទុក្ខវេទនារបស់ព្រះអង្គ នឹងព្រះនាងតាំងពីដើមទីមក។ ព្រះនាងទ្រង់រំលឹក ព្រះរាជាពីរឿងទ្រង់បន់ថា «នឹងដាក់ព្រះកេស (កោរសក់) ថ្វាយអារក្សទឹកនោះ ពេលនោះព្រះអង្គត្រូវដាក់ព្រះកេសលាបំណន់»។ ព្រះរាជាក៏ ទ្រង់ចាត់អោយធ្វើពិធីដាក់ព្រះកេសាលាបំណន់ក្នុងវេលានោះឯង។ ព្រោះស្ដេចបាយ៉ង់ទ្រង់បន់កោរ ហើយទ្រង់កោរព្រះកេសថ្វាយអារក្ស ទឹកលាបំណន់ដូច្នេះ បានជាជាប់ព្រះនាមថា «ស្ដេចបាយ៉ាង់កោរ» ហើយនិងដីទួលខ្ពស់ដែលទ្រង់ធ្វើពន្លាជាប់ឈ្មោះថា «ភ្នំបាយ៉ង់កោរ» រហូតដល់សព្វថ្ងៃនេះ។

  ស្ដេចបាយ៉ងកោរទ្រង់គង់នៅលើភ្នំនោះ ជាមួយព្រះនាងសក់ក្រអូប ជាព្រះអគ្គមហេសីបានសេចក្ដីសុខសាន្ដជាង២ឆ្នាំ ព្រះអគ្គមហេសីទ្រង់ ព្រះគ៌ភ។ លុះគ្រប់ទសមាសទ្រង់បានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ដាក់នាមថា «ព្រះបាទដៃខ្លី»។ ព្រះរាជបុត្រនេះពិតមែនតែមានព្រះនាមថា ព្រះបាទដៃខ្លី តែទ្រង់មានព្រះសិរិអវយវពេញលក្ខណទាំងអស់ ជាបុរសក្លាហានអង់អាច ព្រះរូបឆោមក៏ស្អាតសក្ដិសមឥតខ្ចោះនាំអោយព្រះវរ មាតាសព្វព្រះហរិទ័យពន់ពេក។

  តាំងពីស្ដេចបាយ៉ងកោរ និងព្រះនាងសក់ក្រអូបភៀសព្រះអង្គមកគង់នៅកោះនោះរវាង ៧-៨ឆ្នាំ ពុំមានលេចលឺដំណឹងអំពីស្ដេចសៀមបន្ដិច បន្ដួចសោះ ព្រះអង្គក៏នៅជាសុខសប្បាយឥតមានទុក្ខភ័យ ឥតនឹកដល់ស្ដេចសៀមឡើយ។ ក្រោយពីនោះ៥ឆ្នាំ ស្ដេចសៀមរកកលល្បិចដើម្បី យកព្រះនាងសក់ក្រអូបអោយទាល់តែបាន ក៏ចាត់ការជ្រើសរើស រកក្រុមល្ខោនភ្លេងពិសេស ហើយនឹងជ្រើសរើសយកពពួកមន្រ្ដីរាជការជា ច្រើនរូបទៀត ដែលឈ្លាសវៃក្នុងល្បិចស៊ើបការណ៍ផ្សេងៗ ព្រះទាំងរេហ៍ពលជាច្រើន បញ្ជូនអោយចុះសំពៅទៅទិសទក្សិណ ដើម្បីស្វែងរក ព្រះនាងសក់ក្រអូបជាព្រះអគ្គមហេសីស្ដេចបាយ៉ង់កោរម្ដងទៀត។ ពួកមន្រ្ដីពួកល្ខោន ហើយនិងពួកពលទាហានទាំងអស់ គេបានពិភាក្សាគ្នា ដឹងកិច្ចការជាស្រេចដោយគេយល់ថា ស្ដេចបាយ៉ង់កោរ និង ព្រះនាងសក់ក្រអូប ប្រាកដជាទៅនៅក្នុងកោះមួយខាងនាយសមុទ្រ គេក៏ចេញ សំពៅជាច្រើនថ្ងៃយប់ សំដៅទៅកោះនោះ ដល់ហើយក៏បោះយុថ្កាចតសំពៅនៅជិតឆ្នេរកោះ ដែលស្ដេចបាយ៉ងកោរគង់ស្នាក់អាស្រ័យនៅ ចំងាយប្រមាណ ១២សិនប៉ុណ្ណោះ។ ត្រង់កោះដែលទីចតសំពៅរបស់ពួកស្ដេចសៀមនោះជាប់ឈ្មោះថា«ជើងប្រជុំ»តមក តែសព្វថ្ងៃគេហៅ ក្លាយមកជា«ជើងកញ្ជំ»។

     ឯពួកសេនាសៀម កាលគេបានចតសំពៅបោះយុថ្កាស្រួលហើយ គេក៏ដាក់ឈើធ្វើជាស្ពាន តពីលើសំពៅរបស់គេមកភ្ជាប់នឹងកំពង់កោះ នោះហើយក៏តាំងរៀបពិធីលេងល្ខោននៅក្នុងសំពៅនោះរាល់ថ្ងៃរាល់យប់។ មនុស្សប្រុសស្រីក្នុងកោះទាំងប៉ុន្មាន ដោយពុំដែលបានមើលអ្វី អោយសប្បាយសោះ ក៏នាំគ្នាទៅមើលល្ខោននោះយ៉ាងកុះករ ហើយបានទទួលបដិសន្ឋារកិច្ចយ៉ាងប្រសើរ អំពីពួករាជការសៀមទាំងនោះ។ លុះរំលងយូរទៅ សេក្ដីរីករាយរបស់មនុស្សអ្នកកោះនោះ ក៏កើតមានឡើង សិល្បៈរបាំរបស់ស្ដេចសៀមបណ្ដាលអោយអ្នកោះ និងពួក សៀមសិទ្ធស្នាលគ្នាយ៉ាងប្រពៃ។ ចំណែកពួកសៀមអ្នកខាងស៊ើបការណ៍ ក៏យកការណ៍បានច្បាស់លាស់ថា ស្ដេចបាយ៉ងកោរពិតជានៅស្នាក់ ពួនក្នុងកោះនេះមែន។

  អ្នកមើលល្ខោនទាំងប៉ុន្មាននោះ កាលបើត្រលប់ទៅផ្ទះវិញ ក៏នាំគ្នានិយាយអួតអាងសរសើរអំពីស្រីរបាំ និងពួកល្ខោនដែលទៅមើលល្ខោន ចេះរាំយ៉ាងទន់ភ្លន់ និង អំពីការរៀបទទួលភ្លៀវយ៉ាងប្រសើររបស់ពួកសៀម។ ឯពួកភីលៀង និងពួកបាយ៉ងកោរ ដែលបានទៅមើលល្ខោននោះ ជាមួយអ្នកកោះនោះ ក៏នាំគ្នាទូលស្ដេចបាយ៉ងកោរ និងព្រះនាងសក់ក្រអូបរៀងរាល់ថ្ងៃដែលបានទៅមើល។ ថ្ងៃមួយព្រះនាងអត់ទ្រាំ នឹង សេចក្ដីសប្បាយរីករាយនៅពុំបាន ដោយពួកភីលៀងចេះតែក្រាបទូលញឹកញយពេក ព្រះនាងក៏ក្រាបបង្គំទូលព្រះស្វាមីថា ចង់ទៅមើល ល្ខោន នឹងគេអោយបានឃើញម្ដង ព្រោះពួកភីលៀងនិយាយអួតថាល្អមើលណាស់។ ស្ដេចបាយ៉ងកោរក៏ទ្រង់ស្ងៀមមិនអនុញ្ញាតអោយទៅ និងមិនឃាត់ឡើយ។

     ព្រះនាងក៏ទុកព្រះរាជបុត្រ ដែលមានព្រះជន្មទើបនឹងបាន ៦ព្រះវស្សាអោយនៅជាមួយភីលៀងក្នុងព្រះរាជដំណាក់។ ហើយព្រះនាងទ្រង់ យាងចេញទៅស្រង់ទឹកនៅកំពុងនោះ លុះស្រង់រួចហើយក៏ទ្រង់គ្រឿងអលង្ការ មានបរិវារប្រុសស្រីជូនព្រះរាជដំណើរផង ទៅទតល្ខោននោះ ។ លុះចូលទៅដល់ពួកមន្រ្ដី និងពលសេនាសៀមបានឃើញក៏ស្គាល់ថា ជាព្រះនាងសក់ក្រអូប ជាមហេសីស្ដេចបាយ៉ងកោរពិត ដែលពួកគេ ស្វែងមករកទៅថ្វាយស្ដេចគេ តាមព្រះរាជបញ្ជា ឥឡូវព្រះនាងបានយាងចូលមកក្នុងកលឧបាយគេហើយ គេបានរៀបចំបដិសន្ឋារកិច្ច យ៉ាង គួរសមចំពោះព្រះនាង និងបានរចនាអាសនយ៉ាងវិចិត្រសំរាប់ព្រះនាង។ កាលព្រះនាងគង់ស្រួលបួលហើយ គេបានប្រគំបទភ្លេងមួយយ៉ាង ពីរោះឈ្មោះថា «ទបលោមនាង» រួចគេប្រគំបទជើតទៀតជាកិច្ចបើកឆាកល្ខោនរបស់គេ ជាលំដាប់ហូរហែទៅ។ អារម្មណ៍របស់ព្រះនាង បានដិតជាប់ក្នុងសាច់រឿង និងបទភ្លេងដ៏ពីរោះនៃល្ខោននោះ។

     ចំណែកខាងពួកសៀម ដែលគេបាននិយាយណាត់គ្នារួចស្រេចហើយនោះ គឺគេណាត់គ្នាដោយចង្វាក់ស្គរ និងទំនុកផ្សេងៗ។ សំពៅរបស់ គេ គេចងខ្សែយុថ្កាមួយនៅទិសឦសាន ចំងាយប្រមាណ ៦-៧សិន សំរាប់រវៃអោយសំពៅថយ កន្លែងនោះជាប់ឈ្មោះថា ភូមិយុថ្កា មកដល់ សព្វថ្ងៃ។ លុះគេដឹងថា ព្រះនាងកំពុងតែជាប់យ៉ាងមាំចំពោះសាច់រឿង និងភ្លេងហើយ គេក៏ប្រគំបទមួយហៅថា «បទស្រាវខ្សែយុថ្កា» រួចគេ ចាប់រវៃខ្សែយុថ្កា ហើយសំពៅក៏ចេះតែថយទៅបន្ដិចម្ដងៗ។ ឯព្រះនាងសក់ក្រអូប និងពួកភីលៀងឥតដឹងខ្លួនថា សំពៅចេញសោះឡើយ ដោយជក់ព្រះទ័យនឹងរឿងល្ខោននោះយ៉ាងក្រៃលែង។

     សំពៅថយចេញឆ្ងាយទៅៗ ដល់យប់កាន់តែជ្រៅទៅទើបព្រះនាង នឹកចង់មកព្រះដំណាក់វិញ។ លុះទ្រង់ងាករកផ្លូវយាងចុះចាកអាសនៈ ល្ឌោនស្រាប់តែឃើញទឹកល្ហល្ហាចរកកោះត្រើយមិនឃើញ ព្រះនាងក៏ស្រលាំងកាំងភ័ន្ដភាំងញ័រចំប្រប់កណ្ដាលមហាសាគរ។ ព្រះនាងទ្រង់ នឹកឃើញដល់រឿងដើម កាលពីរត់ពីភ្នំដងរែកដើម្បីអោយផុតពីកណ្ដាប់ដៃសៀម ឥឡូវនេះគេចមិនផុតត្រលប់វិលមកក្នុងឧបាយរបស់សៀម ទៅវិញ ក៏ទ្រង់ព្រះកន្សែងសោកដោយកៀមក្រំថា «អោ!! ថ្ងៃនេះហើយដែលអញត្រូវព្រាត់ប្រាស់ ពីប្ដីកំសត់ និងកូនជាទីស្នែហា។

     ឯពួកពលសៀមគេច្រានអស់ពួកភីលៀងរបស់នាងសក់ក្រអូប អោយចុះក្បូនត្រលប់មកវិញ វាយកតែព្រះនាងមួយព្រះអង្គទៅជាមួយ ប៉ុណ្ណោះ។ លុះវាបានព្រះនាងហើយ វាយកទៅថ្វាយស្ដេចសៀមតាមបំណង ស្ដេចសៀមត្រេកអរណាស់ បានអោយរង្វាន់ខាន់ខៅយ៉ាងច្រើន ដល់ពួកសេនាទាំងនោះ។ ស្ដេចសៀមយកព្រះនាងសក់ក្រអូបទៅអោយគង់ក្នុងប្រាសាទដោយឡែកតែមួយព្រះអង្គ ជាមួយស្រីស្នំក្រមការ អ្នកបំរើតែប៉ុណ្ណោះ ចាំអោយព្រះនាងស្រាកស្រាន្ដពីសេចក្ដីទុក្ខសិន សឹមយកមកអោយគង់ជាមួយព្រះអង្គ។

     ចំណែកស្ដេចបាយ៉ងកោរ កាលទ្រង់ជ្រាបថាពួកពលសៀម នាំយកព្រះអគ្គមហេសីទៅហើយ ព្រះអង្គក៏កើតទុក្ខសោកសង្រេងសង្រៃ ក្រៃលែង ក្នុងមួយថ្ងៃៗ ព្រះអង្គលែងធ្វើកិច្ចការអ្វីកើតទាំងអស់ មានទឹកព្រះនេត្រហូរជាប់ជានិច្ច ជាមួយនឹងព្រះរាជបុត្រកំព្រាមួយព្រះអង្គ។ ព្រះអង្គទ្រង់គង់គយគន់ទៅក្នុងមហាសាគរ ស្ទើរតែបែកព្រះនេត្រ តែមិនបានឃើញអ្វីក្រៅពីមហាមេឃដ៏ធំល្វឹងល្វើយ និងរលកបោកបែក ផ្កាត្រែងនោះឡើយ ទ្រង់ងាកមកមើលលើកោះក៏ទ្រង់ឃើញតែរុក្ខាលតាវល្លិ ដែលជាធម្មជាតិរស់រវើកហាក់ដូចចង់ជួយរំលែកក្ដីទុក្ខរបស់ ព្រះអង្គដែរ។ ព្រះអង្គតែងពោលថា «កំសត់អើយសែនកំសត់! បងស្រណោះកាលបងនាំអូនរត់អោយផុតពីដៃសៀម ឥឡូវមិនផុត គង់ភ្លាត់ ស្នៀតបានអោយបងទីមទាមនៅម្នាក់ឯង។

     ចំណែកឯព្រះនាងសក់ក្រអូប ដែលគង់នៅក្នុងប្រាសាទមួយ តែមួយព្រះអង្គនោះ មានព្រះភក្រ្ដស្រពាប់ស្រពោនជានិច្ចទោះបីស្រីស្នំក្រម ការ ខំយកចិត្ដទុកដាក់បំរើផ្គាប់ផ្គុនយ៉ាងណាក៏មិនស្រាកស្រាន្ដ អំពីសេចក្ដីទុក្ខដែរ បា្រសាទធំល្វឹងល្វើយ តែហាក់ដូចជាចង្អៀតរកផ្លូវដើរគ្មាន មួយថ្ងៃៗ ព្រះនាងតែងគង់អើតតាមបង្អួចខាងត្បូងជានិច្ច សម្លឹងរកមើលក្រែងបានឃើញមនុស្ស ដែលព្រះនាងធ្លាប់ស្គាល់។ ស្ដេចសៀម អោយទាហានយាមទ្វារជានិច្ច មិនអោយព្រះនាងចេញទៅណាទេ ព្រះនាងកើតទុក្ខសង្រេងសង្រៃរៀងរាល់ថ្ងៃ ណាមួយនឹកមកព្រះរាជបុត្រ តូចជាទីស្រលាញ់ ណាមួយនឹកមកព្រះស្វាមីជាគូកំសត់។

     លុះ១២ ឆ្នាំក្រោយមក ព្រះអង្គម្ចាស់ដៃខ្លី ជាព្រះរាជបុត្រក៏មានវ័យវឌ្ឍនាការចំរើនធំឡើង សួរព្រះបិតារកព្រះមាតា «ព្រះមាតាទៅណា បាត់មិនដែលឃើញព្រះភក្រ្ដសោះ?»។ ស្ដេចបាយ៉ងកោរជាព្រះបិតា ក៏ប្រាប់តាមដំណើរហេតុគ្រប់បែបយ៉ាង ព្រះអង្គក៏កើតក្ដីក្ដៅក្រហាយ ជាខ្លាំង លូមលាព្រះបិតាតាមរកព្រះមាតាមកវិញ។ ព្រះបិតាក៏មានព្រះបន្ទូលថា «បើកូនទៅតាមរកព្រះមាតា នឹងទៅដៃទទេពុំបានទេ ទោះ បីកូនយកម្ដាយកូនមកវិញ ក៏នឹងមានគេតយុទ្ធគ្នាខាងផ្លូវសង្រ្គាមជាមិនខាន ដូច្នេះកូនកុំអាលទៅចាំឳពុក កេណ្ឌសេនារេហ៍ពលអោយបាន ច្រើនទៅកំដរ បើមានអាសន្នមកដល់ កូនអាចដោះខ្លួនបាន»។ ទើបស្ដេចបាយ៉ងកោរទ្រង់ជ្រើសមនុស្ស ដែលក្លាហានស្ម័គ្រចិត្ដចូលខ្លួនធ្វើ ជាពលសេនា បានចំនួនរាប់ម៉ឺននាក់ អោយមកប្រជុំកន្លែងមួយតាំងសិល្ប៍វិជ្ជាការ ហាត់រៀនមន្ដអាគមគាថានៅទីលានមួយ ទើបនៅទីនោះ ជាប់ឈ្មោះថា «ស្រែចមពល» រហូតមកដល់សព្វថ្ងៃ។ លុះទ្រង់យល់ថាបានការល្មមជាទីទុកចិត្ដហើយ ទើបទ្រង់អោយព្រះបាទដៃខ្លីជាព្រះ រាជបុត្រចុះសំពៅ ទៅតាមផ្លូវទឹកសំដៅទិសពាយ័ព្យ អស់ពេលរវាង៣សប្ដាហ៍ទើបទៅដល់ព្រំដែនសៀម។

     ព្រះអង្គម្ចាស់ដៃខ្លីក៏អោយចតសំពៅនៅកំពង់នៃកោះមួយ ដែលមានផែនទីជាប់នឹងព្រំប្រទល់សៀម ល្មមយាងចូលស្រុកសៀមបាន។ ដូច ពោលមកហើយ ព្រះអង្គម្ចាស់ដៃខ្លី ពិតមែនតែព្រះនាមថាដៃខ្លី តែព្រះអង្គមានព្រះហស្ដល្អ មានរូបឆោមឆើតឆាយគួរជាទីពិតពិលរមិល នៃ ពួកស្រីក្រមុំៗ ព្រះអង្គផ្ដាំពួកពលទាំងអស់ថា «អោយនៅចាំសំពៅក្នុងទីនេះ យើងទៅតែម្នាក់ឯង ហើយមិនកំណត់ថា ថ្ងៃណា នឹងមកវិញទេ លុះតែយើងបានសំរេចតាមសេចក្ដីប្រាថ្នាទើបត្រលប់មកសំពៅវិញ»។ ព្រះអង្គម្ចាស់ក៏ធ្វើដំណើរចូលទៅដល់ក្រុងសៀម ក្នុងព្រះទ័យចេះតែ គិតបណ្ដើរថា «បើប្រសិនបានជួបព្រះមាតា ប្រហែលជាមិនស្គាល់ព្រះភក្រ្ដលោកទេ ចំណែកព្រះមាតាវិញក៏ប្រហែលជាមិនស្គាល់ព្រះអង្គ ដែរព្រោះបែកគ្នាយូរឆ្នាំមកហើយ។

     គាប់ជួនថ្ងៃមួយព្រះអង្គម្ចាស់ព្រះបាទដៃខ្លី កំពុងតែសំលឹងមើលនាយមើលអាយ ស្រាប់តែបានជួបប្រះនឹងនាងសក់ក្រអូប ជាព្រះមាតាដែលគង់ត្រង់បង្អួចប្រាសាទទត មើលខាងក្រៅតែមួយព្រះអង្គ តែទ្រង់មិនស្គាល់ជាព្រះមាតាសោះ ទ្រង់សំគាល់ថាជា ស្រីសៀម មានរូបឆោមស្អាតស្រស់បំព្រង មុខមូលក្រលង់ដូចវង់ចន្រ្ទា បបូរមាត់ក្រ ហមឆ្អៅគួរជាទីទស្សនា ទ្រង់កើតព្រះទ័យស្នេហា ក៏ទ្រង់ពោលបញ្ឆិតបញ្ឆៀងផ្ដោះផ្ដង អោយ។ ឯព្រះនាងសក់ក្រអូបវិញ ក៏មិនស្គាល់ជាព្រះរាជបុត្រដែរ សំគាល់ថាប្រុស សៀមសុទ្ធសាធ ក៏កើតចិត្ដប្រតិព័ទ្ធយ៉ាងខ្លាំង រហូតដល់បានជួបពាក្យសំដីចេចង់គ្នាតាម ធម្មតារបស់ស្រ្ដី នឹងប្រុស ព្រះនាងបានផ្ដាំព្រះអង្គថា «ដល់ពេលព្រលប់ធំចូលមកក្នុង ទីនេះទៀត ព្រះនាងនឹងចុះមកពីប្រាសាទមកចាំផ្លូវ»។ ព្រះនាងបានបញ្ជាក់ថា ទីនេះស្ងាត់ ល្អណាស់ឥតមានមនុស្សចេញចូលញឹកញាប់ទេ។ ព្រះអង្គម្ចាស់ព្រះបាទដៃខ្លីមានព្រះ ទ័យរីករាយណាស់ ដោយសេចក្ដីស្នេហាជាខ្លាំង ទ្រង់គិតថា «អញចង់កូនក្រមុំសៀម នេះអោយបានហើយនាំពង្រាត់យកទៅទុកឯសំពៅសិន សឹមដើរទៅរកម្ដាយអញតទៅ ទៀត។ លុះដល់ពេលព្រលប់ធំព្រះអង្គម្ចាស់ក៏ត្រលប់ទៅកាន់ប្រាសាទព្រះនាងវិញ តាម បណ្ដាំពីពេលមុន។ ព្រះនាងក៏ចេញមកជួបនាំឡើងទៅព្រះដំណាក់។ លោកទាំងពីរ ក៏និយាយសំណេះសំណាលលួងលោមគ្នាដោយសេចក្ដី ស្នេហា បានប្រព្រឹត្ដស្មន់អន្ធករនឹងគ្នា ហើយក៏នាំគ្នាចេញពីដំណាក់សំដៅទៅកំពង់ជាទីសំចតសំពៅ។ លុះមកដល់សំពៅព្រះនាងស្គាល់អា មាត្យជាក្រុមញាតិខ្លះ ជាអ្នកបំរើខ្លះ អ្នកទាំងនោះក៏ភ្ញាក់ខ្លួន ហើយសាកសួរទៅវិញទៅមកភ្លាម ក៏បានដឹងច្បាស់ស្រ្ដីនេះជាព្រះនាងសក់ក្រ អូបជាព្រះមាតា ព្រះអង្គម្ចាស់ព្រះបាទដៃខ្លីជាព្រះរាជបុត្រ។ ព្រះនាងក៏បានជ្រាបថា បុរសនេះជាព្រះរាជបុត្រជាទីកំសត់របស់ព្រះនាង ដែល ព្រះនាងប្រាសចាកចោលមកអស់រយកាលជាង ១០ឆ្នាំហើយ។

     ព្រះមាតា និងព្រះរាជបុត្រ ក៏យំអោបគ្នាទៅវិញទៅមកដោយសេចក្ដីនឹករលឹកយ៉ាងសែនកំសត់។ ឯសេចក្ដីស្នេហាដោយតណ្ហាក៏រលាយ បាត់ក្នុងពេលនោះគ្មានសល់។ ព្រះរាជកុមារក៏មានសេចក្ដីរន្ធត់ញាប់ញ័រ ជាពន្លឹកចំពោះអំពើពុំគប្បីដែលទ្រង់បានធ្វើចំពោះមាតា ទោះព្រះមាតា អត់ទោសអោយយ៉ាងណា ក៏មិនបានស្ងប់ស្ងាត់សេចក្ដីញាប់ញ័រនោះឡើយ។

     ពួកពលសេនាកាលបានព្រះនាងហើយ ក៏នាំគ្នាបើកសំពៅយ៉ាងលឿនលន់ពេញទំហឹង ឥតមានបង្អង់ ឆ្ពោះទៅកាន់ព្រះរាជដំណាក់ព្រះបាទ បាយ៉ងកោរវិញ។ បីសប្ដាហ៍ក្រោយមក សំពៅក៏បានមកដល់ព្រះដំណាក់។ ស្ដេចបាយ៉ងកោរនិងព្រះនាងសក់ក្រអូបបានជួបជុំគ្នាដោយសេចក្ដី រីករាយ និងដោយសោកសង្រេង ទង្គិះខ្សឹកខ្សួល ព្រោះសេចក្ដីនឹករលឹក និងសេចក្ដីស្នេហាជាទីបំផុត។ កាលបានជួបព្រះភស្ដាជាទីស្រលាញ់ ហើយ ព្រះនាងក៏ក្រាបបង្គំទូលរៀបរាប់តាមដំណើរ ដែលព្រះនាងត្រូវស្ដេចសៀមចាប់នោះថា «គេនាំយកខ្ញុំម្ចាស់ទៅ ឲ្យនៅក្នុងប្រាសាទ មួយតែម្នាក់ឯង មានពួកស្រីៗនៅកំដរបំរើគ្រប់ពេល ស្ដេចសៀម ឬ កំលោះណាម្នាក់ឥតបានមកជិត មកបៀតបៀនខ្ញុំម្ចាស់ទេ ពេលដែលកូន ទៅដល់ខ្ញុំម្ចាស់មិនស្គាល់កូនយើងសោះ នឹកស្មានថាប្រុសកំលោះពីណាមក ចំណែកកូនយើងវិញក៏ពុំស្គាល់ខ្ញុំម្ចាស់ជាម្ដាយដែរ បានជួបគ្នាក៏ កើតសេចក្ដីប្រតិព័ទ្ធស្នេហា រហូតស្ម័គ្រស្មន់អន្ធករ ជាមួយកូនរបស់យើងនេះទៅហើយ សូមព្រះស្វាមីអភ័យដល់រូបខ្ញុំម្ចាស់ព្រមទាំងកូនផង ។

     ស្ដេចបាយ៉ងកោរទ្រង់ជ្រាបហេតុសព្វគ្រប់ តាមពាក្យទូលនៃព្រះនាងហើយក៏ទ្រង់អនុញ្ញាតឥតមានខ្ញាល់ឡើយ ដោយព្រះអង្គទ្រង់ពិចារ ណាថា «ធម្មតាម្ដាយនិងកូនទោះបីយ៉ាងណា ក៏មិនហានប្រព្រិត្ដអំពើពុំគប្បីរបៀបនេះដែរ នេះគឺពីហេតុមិនស្គាល់គ្នា បានជាហានប្រព្រឹត្ដ អានាចាយ៉ាងនេះ។

     រឿងនេះស្ដេចបាយ៉ងកោរព្រះអង្គ នៅមានសន្ទិះសង្ស័យក្រែងលោព្រះរាជបុត្រមានបាបកម្មធ្ងន់ធ្លាក់ដល់អបាយ ទើបព្រះអង្គ អោយហៅ អ្នកប្រាជ្ញបណ្ឌិត កវី ហោរា ជាដើមមកជួបជុំជំនុំពិគ្រោះមើលក្រែងមានកម្មពៀរវេរាទៅជាតិខាងមុខ។ លុះជំនុំពិគ្រោះធៀបមើលហេតុផល សព្វគ្រប់ទៅ ក៏បានវិនិច្ឆ័យសំរេចថា«ត្រូវតែព្រះរាជបុត្រទទួលទណ្ឌកម្ម គឺត្រូវជីកស្រះអង្គចំនួន ១០០១អង្គ»ស្ដេចបាយ៉ងកោរ ក៏ទ្រង់អោយ ពលករចំនួន ១០០១នាក់ ជួយជីកស្រះព្រះរាជបុត្រដែរ។ លុះជីករួចបានកើតជាស្រះហើយ ក៏ទ្រង់ចាត់ចែងធ្វើបុណ្យឆ្លង ហើយព្រះរាជបុត្រ ទ្រង់អធិដ្ឋានថា «ស្រះអង្គទាំង១០០១ ដែលជាស្នាដៃខ្ញុំសាងនេះ ខ្ញុំឧទ្ទិសទុកជាប្រយោជន៍ដល់សត្ដនិករ ដើម្បីនឹងបានប្រើទឹកតទៅ ដរាបណា ស្រះអង្គនេះ លែងដក់ទឹកជាប់ហើយដីដុះឡើង រាបស្មើដូចធម្មតាវិញ ដរាបនោះសូមអោយទោសរបស់ខ្ញុមរលាយជាអហោសិកម្មទៅ។

     ហេតុនេះបានជានៅក្នុងខេត្ដតាកែវទាំងមូល មានទីកន្លែងមានឈ្មោះថា «អង្គៗ» នេះច្រើនណាស់ ដូចជាអង្គរកា អង្គសឹង្ហ ជាដើម។

     ១ ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទំលាប់លេខ ២៨-១៥៦ រៀបរៀងដោយលោក វាន់ គូ នៅឃុំអង្គតាសោមស្រុកតាំកក់ ខេត្ដតាកែវ។
     ២ តាមឯកសារក្រុមជំនុំទំនៀបទំលប់លេខ ២៧-១៨០ ដោយលោក ញែម ខឹម នៅពុទ្ធសាសនបណ្ឌិត្យ និយាយពីរឿងនេះមានទំរង់រឿងជាមួយគ្នាប្លែកៗ តែឈ្មោះ ស្ដេចឈ្មោះនគរ និង សេចក្ដីខ្លះ ដូចស្រង់មកដោយសង្ខេបថា នៅនគរស្រីអយុធ្យាមានស្ដេចមួយព្រះអង្គព្រះនាមថា ស្ដេចគំលង់ ព្រះអគ្គមហេសីព្រះនាមសក់ក្រអូប ស្ដេចគង់នៅភ្នំបាជាន់ជុំ មានព្រះរាជបុត្រាមួយ ព្រះនាមស្ដេចបាយ៉ាង់កោរ ព្រះរាជបុត្រីមួយព្រះនាម សបូភារ ស្ដេចសៀមអោយពួករបាំ បើកសំពៅមកលេងល្ខោន ថ្វាយ ស្ដេចគំលង់ចាប់ព្រះនាងសក់ក្រអូបនាំទៅស្រុកសៀម ស្ដេចបាយ៉ង់កោរ ជាព្រះរាជបុត្រទៅតាមច្បាំងដណ្ដើមបាន មកយកជាព្រះមហេសីដោយពុំស្គាល់ជា មាតា ដល់ស្ដេចត្រលប់មកនគរវិញ ទ្រង់ជ្រាបថាព្រះអង្គមានកំហុសជាទំងន់ទ្រង់សាងព្រះចេតិយ១០០០ ស្រះ១០០០ ស្មាលាទៅ។