ស្រីហិតោបទេស
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹតដោយ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
**********************************************
ថ្ងៃសៅរ៍ ទី2.កញ្ញា 2017.ម៉ោង 8:18
កថាទី៧ រឿងភរិយាគោបាល និងសាយហាយពីរនាក់
នៅក្នុងបុរីទ្វារាវតី មានស្រ្តីម្នាក់ជាភរិយាគោបាល ជាស្រ្តីចិត្តចើករហីររហាយ ទៅចងចិត្តរីករាយដោយផ្លូវកាមលោកិយ និង មន្រ្តីកាន់ការជាទណ្ឌនាយក(1) (1)មេតំរួត មេនគរបាល) ព្រមទាំងបុត្រកំលោះគាត់ផងនៅក្នុងក្រុងនោះ ព្រោះ ថា៖
- ១១៥ - ភ្លើងតែងមិនឆ្អែតដោយអង្កត់អុសទាំងឡាយ មហាសមុទ្រតែងមិនឆ្អែតដោយទឹកស្ទឹងទាំងឡាយ ម្រឹត្យុតែងមិនឆ្អែតដោយសព្វសត្វទាំងឡាយ អែស្រ្តីមានរូបល្អតែងមិនឆ្អែតដោយប្រុសទាំងឡាយ។
- ១១៦ - ដោយការអោយរង្វាន់ក៏មិនបាន ដោយការយកចិត្តក៏មិនបាន ដោយការប្រើអាវុធបង្ខំក៏មិនបាន រឺដោយការប្រើច្បាប់ចរិយាបង្គាប់ក៏មិនបាន ដោយពិតស្រ្តីភាព គឺគេទូន្មានមិនងាយបានដោយប្រការទាំងពួង។
- ១១៧ ស្រ្តីភាព ចិត្តដាច់ណាស់ អាចលះបង់ប្តីដែលមានគុណប្រសើរ មានកិត្តិយស មានរូបល្អជាទីពេញចិត្ត ឆ្លាតក្នុងកាមវិធី មានទ្រព្យសម្បត្តិច្រើន រឺនៅក្មេងស្រលាងចោលភ្លាមមួយរំពេច ហើយរត់ទៅរើសរកប្រុសគំរក់តាមថ្នាល់ដែលអិតគុណ និងចរិយា។
- ១១៨ - ពិតប្រាកដណាស់! នារី សូម្បីដេកទេនសយនារចនាដ៏វិចិត្រប្រណិតគួរជាទីមនោរម្យ ក៏មិនគាប់ចិត្តស្អិតស្មើដោយក្តីភ្លើតភ្លើនរួមខ្នើយដោយប្រុសប្តីគេ ជាគូស្នេហាថ្មីប្លែកមុខ យកផែនដីជាគ្រែក្រាលដោយស្មៅក្រៀមក្រោះជាកន្ទេល។
ថ្ងៃមួយ ភរិយាគោបាលនោះ អង្គុយប្រលែងលេងជាទីរីករាយជាមួយ និង បុត្រទណ្ឌនាយកដោយកាមតណ្ហា។ កំពុង តែរីករាយដោយក្តីស្នេហា ទណ្ឌនាយកមកដល់ ភរិយាគោបាល ក៏លបយកបុត្រទណ្ឌនាយកនោះទៅលាក់ទុកក្នុងជង្រុកភ្លាម ហើយចេញមកសំណេះសំណាលជាមួយទណ្ឌនាយកវិញ និយាយសើច លេងក្អាកក្អាយដោយក្តីប្រតិព័ទ្ធ។ កាលនោះអែង គោបាលជាប្តីនាងនោះត្រលប់ពីឃ្វាលគោមកដល់។ ភរិយាគោបាលឃើញប្តីមកដល់ និយាយខ្សឹបៗ និងទណ្ឌនាយកថា «នែលោកទណ្ឌនាយក! លោកកាន់តំបងមួយហើយដើរចេញទៅយ៉ាងរហ័យ ធ្វើអាការហាក់ដូចជាក្រោធខឹងណាស់» និយាយរួចហើយទណ្ឌនាយកធ្វើតាមភ្លាម អែគោបាលចូលមកដល់ក្នុងផ្ទះសួរប្រពន្ធថា «ទណ្ឌនាយកនេះក្រោធខឹងរឿងអ្វីខ្លាំងម៉្លេះ?» ភរិយាគោបាលឆ្លើយប្រាប់ថា «លោកទណ្ឌនាយក លោកខឹងនឹងកូនលោក ខ្ញុំមិនដឹងជាមានហេតុអ្វីដែរ កូនលោកនោះរត់ចូលមកជ្រកក្នុងផ្ទះយើង អីលូវខ្ញុំជួយយកទៅលាក់ក្នុងជង្រុករក្សាទុកទៅហើយ លោកទណ្ឌនាយកចូលមកក្នុងផ្ទះយើង រកកូនលោកមិនឃើញ ខឹងណាស់មុខក្រញូវ ដើរចេញទៅវិញទៅ»។ ពេលនោះភរិយាគោបាល ចូលទៅនាំយកបុត្រទណ្ឌនាយកនោះចេញពីជង្រុកមកបង្ហាញប្តីព្រោះថា៖
១១៩ - បុគ្គលគប្បីជ្រាបថា ស្រ្តីបរិភោគអាហារទ្វេគុណ មានប្រាជ្ញាចតុគុណ មានកលមាយាឆគុណ និង បរិភោគកាមអដ្ឋគុណ។ ហេតុនោះហើយបានជាខ្ញុំ (ចចកទមនកៈ) ពោលថា «រីហេតុការណ៍ណាមួយដែលកើតឡើងភ្លាមៗដោយមិនដឹងខ្លួន» ដូច្នេះជាដើម (លេខ១១៤)។
ចចកករដកៈ ឆ្លើយឡើងថាៈ «អែងនិយាយនេះ តែងមានសេចក្តីពិតហើយ តែធ្វើដូចម្តេចហ៎ះ មេត្រីរាប់អានគ្នាទៅវិញទៅមកនៃសត្វទាំពីរនោះ កើតជាប់ជានិស្ស័យស្និទ្ធជិតជាប់លាប់ណាស់ទៅហើយ យើងធ្វើដូចម្តេចទើបអាច នឹង បំបែកគ្នាចេញបាន?។ ចចកទមនកៈឆ្លើយប្រាប់ថា «យើងរកអុបាយបំបែកអោយទាល់តែបាន ព្រោះថាៈ
១២០ កិច្ចការណាដែលគេអាចធ្វើអោយសំរេចបានដោយអុបាយ កិច្ចការនោះ គេមិនបាច់ប្រើកំលាំងព្យាយាមទេ ព្រោះប្រើអុបាយដោយខ្សែកជាវិការៈនៃមាស ក្អែកសំលាប់ពស់វែកបាន»។ ចចកករដកៈសួរថា «ចុះរឿងនោះដូចម្តេច?» ចចកទមនកៈនិយាយរឿងនោះថា៖
កថាទី៨រឿងក្អែកញីឈ្មោល និង ពស់
មានក្អែកញីឈ្មោលមួយគូ អាស្រ័យនៅលើដើមឈើមួយដើម ក្នុងព្រង់ដើមឈើនោះមានពស់វែកមួយ។ ពស់នោះវាតែងតែចាប់កូនក្អែកស៊ីជាចំណីអាហារ។ តមកក្អែកញីរកកល់ពងទៀតនិយាយទៅកាន់ប្តីថា អ្នកបងជាទីពឹង! គួរយើងលះបង់ចោលដើមឈើនេះទៅ ហើយហើរទៅរកដើមឈើអែទៀតអាស្រ័យនៅវិញ ព្រោះដើមឈ��� ជាទីលំនៅយើងនេះប្រកបដោយភ័យ ពស់វែកចង្រៃនេះវាចេះតែចាប់កូនយើងស៊ីញយៗ តទៅយើងអស់មានកូនចៅតពូជពង្សទៀតហើយ ព្រោះថា៖
១២១ - ភរិយាចិត្តអាក្រក់សាមាន្យ មិត្តជាសត្រូវ អ្នកបំរើប្រហើនពោលពាក្យតប នៅក្នុងផ្ទះមានពស់ទាំងអស់នេះ លោកថា សុទ្ធតែម្រឹត្យុអិតសង្ស័យឡើយ។
ក្អែកឈ្មោលនិយាយតបវិញថា «នែប្អូនសំលាញ់! ប្អូនកុំថប់អ្វីទុកងារអោយបង រឿងនេះ បងខំទ្រាំទល់ទុក្ខវេទនា ចំពោះកំហុសធំនៃពស់វែកនេះមកជាច្រើនដងច្រើនគ្រាណាស់ហើយ អីលូវនេះ បងអត់ទ្រាំទៅទៀតមិនបានទេ»។ ក្អែកញីនិយាយ នឹង ក្អែកឈ្មោលថា «ចុះអ្នកបងធ្វើដូចម្តេចទៅហ៎ះ បើពស់នេះវាមានកំលាំងខ្លាំងជាងយើងម្លេះ? អ្នកបងអាចហ៊ានទៅត នឹង វាបានរឺទេ?»។ ក្អែកឈ្មោលឆ្លើយថា រឿងនេះប្អូនកុំឆ្ងល់ធ្វើអ្វី នៅអោយស្ងៀមទៅ ព្រោះថា៖
១២២ នរជនមានប្រាជ្ញា នរជននោះនោះឈ្មោះថាមានកំលាំង អែនរជនមិនមានប្រាជ្ញា នឹង មានកំលាំងមកពីណា! ចូរមើល សឺហៈជោរឡើងចាងត្រូវទន្សាយសំលាប់បាន។ ក្អែកញី សើចចំអកហើយសួរថា «ចុះរឿងនោះ តើដូម្តេច?» ក្អែកឈ្មោលនិយាយរឿងរ៉ាវនោះប្រាប់ថា៖
កថាទី៩ រឿងសីហៈ និងទន្សាយ
នៅភ្នំមន្ទរ មានសីហៈមួយឈ្មោះទុទាន្ត។ ទុទាន្តតែងចាប់បសុសត្វទាំងឡាយច្រើន សំលាប់ស៊ីជាចំណីអាហាររាល់ៗថ្ងៃ។ សព្វសត្វទាំងឡាយភិតភ័យណាស់ បបួលគ្នាមកប្រជុំរិះគិតរកអុបាយ ហើយចូលទៅអង្វរករសីហៈថា «បពិត លោកជាស្តេចម្រឹគ ហេតុអ្វីក៏លោកចាប់សំលាប់បំផ្លាញបសុសត្វបរិភោគជាអាហារម្តងៗ ច្រើនដល់ម្លេះ? បើលោកជ្រះថ្លាយល់ព្រមតាមគំនិតយើង យើងខ្ញុំនឹងបញ្ជូនបសុសត្វមួយរាល់ៗថ្ងៃ ជាគ្រឿងបណ្ណាការមកជូនដើម្បី ជាអាហារលោក»។ ពេលនោះ ទុទាន្តឆ្លើយឡើងថា «បើអែងទាំងឡាយមានប្រាថ្នាដូច្នោះ អញត្រេកអរណាស់ ហើយអែងធ្វើតាមបំណងអែងចុះ តាំងពីពេលនេះតទៅ»។ ចំណេរកាលមក សីហលែងរវល់ចេញទៅបរបាញ់ចាប់សត្វដូចកាលសព្វដងទៀត នៅតែនឹងកន្លែងចាំទទួលបណ្ណាការ គឺបសុសត្វមួយៗដែលម្រឹគទាំងឡាយបញ្ជូនមកអោយរាល់ថ្ងៃ។ ថ្ងៃតមកដល់វេនទន្សាយចាស់មួយ ទន្សាយចាស់នោះគិតថា៖
១២៣ - បុគ្គលធ្វើសេចក្តីគោរពអោនលំទោន ព្រោះហេតុតែខ្លាចគេផង ព្រោះតែចង់អោយមានជីវិតរស់នៅផង ថាបើអាត្មាអញទៀងតែដល់បញ្ចភាពដដែល ប្រយោជន៍អ្វី អាត្មាអញត្រូវធ្វើសេចក្តីកោតក្រែងសីហៈនេះ។
ទន្សាយគិតបណ្តើរដើរបណ្តើរ ទៅសន្សឹមៗបន្តិចៗចូលទៅរកទុទាន្ត។ ពេលនោះ ទុទាន្តដែលមានសេចក្តីស្រេកឃ្លានបៀតបៀនខ្លាំងក្រោធច្រលោតខឹង និយាយទ្រគោះបោកបោះទៅអោយទន្សាយថាៈ «យីអានេះ! អាអែងអាល័យដើរទៅលេងជាប់នៅអែណាអោយយឺតយូរក្របានមកដល់ហ៎ះ!»។ ទន្សាយលោមទោមអង្វរថា «ទេវៈ! ខ្ញុំបាទមិនមានកំហុសទេ កាលខ្ញុំបាទកំពុងដើរមកតាមផ្លូវមានសីហមួយធំណាស់ មកចាប់ឃាត់ខ្ញុំបាទទាំងអំណាច ខ្ញុំបាទនិយាយអង្វរករស្បថស្បែចំពោះសីហៈកំណាចនោះថា នឹង ត្រលប់ទៅជួបវិញ សូមតែអនុញ្ញាតិអោយខ្ញុំបាទ ចូលមកជំរាបលោកម្ចាស់ក្នុងទីនេះ អោយបានជ្រាបជាមុនសិន ព្រោះហេតុនេះ បានជាយឺតយូរក្របានមកដល់ឆាប់»។ ទុទាន្តបានស្តាប់ហើយ ក្រេវក្រោធឆេវសួរតបទៅវិញទាំងកំរោលថា «បើដូច្នោះ អាអែងនាំអញទៅបង្ហាញអោយឆាប់អីលូវនេះ តើអាព្រហើនកោងកាចនោះវានៅអែណា?»។ ពេលនោះទន្សាយក៏នាំសីហៈ ទ្រនង់នោះ ទៅបង្ហាញអណ្តូងជ្រៅស្រលូងមួយ លុះដើរទៅដល់អណ្តូងនោះហើយ និយាយប្រាប់ថា «សូមលោកម្ចាស់អញ្ជើញទៅមើលខ្លួនអែងចុះ វានៅក្នុងអណ្តូងនោះអែង»។ អែទុទាន្ត ដើរចូលទៅជិតក្រលេកមើលក្នុងអណ្តូងឃើញស្រមោលខ្លួន សំគាល់ថាជាសីហៈមួយធំសំបើមអស្ចារ្យ ក្នាញ់ខ្លាំងណាស់ ដំឡើងប្រែងសំដែងរិទ្ធដ៏ឃោឃៅលោតចុះទៅសង្រ្គុបក្នុងអណ្តូងដោយក្តីទ្រនង់យង់ឃ្នង ក៏ដល់នូវបញ្ចភាព(2) ស្លាប់អៃដ៏កាលនោះទៅហោង។ ហេតុនោះហើយបានជាបង (ក្អែកឈ្មោល) និយាយប្រាប់ថា «នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថា មានកម្លាំង» ដូច្នេះជាដើម(លេខ១២២)។
ក្អែកញីសួរថា «អើខ្ញុំស្ដាប់អស់អាថិសេចក្តីហើយ តើអ្នកបងគិតធ្វើអុបាយនោះដូចម្តេច? ចូរប្រាប់អុបាយនោះ អោយខ្ញុំដឹងមើល!»។ ក្អែកឈ្មោលនិយាយប្រាប់ថា «នៅស្រះបោក្ខណីទឹកថ្លាយល់ដី ជិតឋានយើងនេះ មានព្រះរាជបុត្រទាំងឡាយតែងយាងចូលមកប្រពាតក្រសាលស្រង់ អុទកវារីលេងសប្បាយរាល់ៗថ្ងៃ ក្នុងស្នានសម័យ(3)ស្តេចតែងដោះខ្សែព្រះសូរងជាវិការៈនៃមាសសំរាប់តែព្រះអង្គ ទុកនៅលើផែនថ្មនាឆ្នេរស្រះហើយទើបចុះទៅស្រង់ ចូរប្អូនហើរចុះទៅឆក់លួចយកនូវខ្សែព្រះសូរងជាវិការៈនៃមាសនោះដោយចំពុស ហើយនាំយកមកទំលាក់ទុកក្នុងព្រង់ដែលពស់ចង្រៃវាអាស្រ័យនៅ»។ ថ្ងៃមួយព្រះរាជបុត្រទាំងឡាយស្តេចយាងមកស្រង់ក្រសាល អុទកវារី មេក្អែកក៏ធ្វើដូចបានគិតគូរគ្នាទុកមុន។ គ្រានោះអែង ព្រះរាជបុត្រទាំងឡាយ បានទតឃើញមេក្អែកលបឆក់យកខ្សែព្រះសូរងដូច្នេះ ស្តេចដេញតាមមេក្អែក ដើម្បីដណ្តើមយកខ្សែព្រះសូរងនោះរហូតទៅដល់ព្រង់ ទៅប្រទះឃើញពស់វែកនោះ ហើយក៏បបួលគ្នាវាយសំលាប់ចោលបង់សៀតទៅហោង។ ព្រោះហេតុនោះបានជាខ្ញុំ (ចចកទមនក)ពោលថា៖ «កិច្ចការណាដែលគេអាចធ្វើអោយសំរេចបានដោយអុបាយ» ដូចច្នេះជាដើម(១២០)
ចចកករដកៈនិយាយចាក់បណ្តាយថា «បើដូច្នោះចូរអែងទៅចាត់ចែងធ្វើការក្នុងកាលអីលូវនេះទៅ ហើយសូមអោយបានសំរេចសមប្រកបតាមក្តីប្រាថ្នាកុំបីខានឡើយ»។ លំដាប់នោះអែង ចចកទមនកៈដើរចូលទៅរកបិង្គលកៈ លុះចូលទៅដល់ហើយ លើកទសករប្រណម្យ ទើបពោលពាក្យថា «ទេវៈ! ខ្ញុំបាទសង្កេតឃើញហេតុការណ៍ប្រកបដោយភ័យធំគួរអោយវិតក្កខ្លាំង ទើបចូលមកជួបលោកជាម្ចាស់ ដោយប្រញាប់ប្រញាល់ព្រោះថា៖
- ១២៤ - ក្នុងគ្រាអន្តរាយ រឺក្នុងការដើរខុសគន្លងផ្លូវ រឺ ក៏ក្នុងការប្រព្រឹត្តិកន្លង អោកាសជាកាលគួរនរជនជាអ្នកធ្វើប្រយោជន៍ទូទៅ សូម្បីគេមិនសាកសួរ ក៏គប្បីស្នើណែនាំផ្លូវដោយពាក្យជាកល្យាណធម៌។
- ១២៥ - ព្រះរាជា ជាភាជន៍សំរាប់ត្រងរងនូវភោគសុខ(4) មិនមែនជាភាជន៍សំរាប់ ត្រងរងនូវរាជការទេ កាលបើរាជការវិនាសខូចខាតហើយ មន្រ្តីត្រូវជាប់ទោស។
ក្នុងករណីនេះ សូមលោកជាម្ចាស់ពិចារណាមើលចុះ ក្រមនេះជាវិធីដំណើរការ នៃអាមាត្យទាំងឡាយលោកថា៖
១២៦ ការស៊ូលះបង់ជីវិត ពុំនោះការកាត់សិរសាអាមាត្យអោយដាច់ចេញ ជាការគាប់ប្រសើរណាស់ តែអាមាត្យមានភក្តីធ្វើព្រងើយកន្តើយចំពោះអាមាត្យក្បត់ដែលប្រុងសំលាប់ម្ចាស់របស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផែនដីមិនគាប់ប្រសើរសោះឡើយ។
បិង្គលកៈត្រេកអរសាទរណាស់ សួរទៅវិញថា «បើដូច្នោះតើអែងត្រូវការនិយាយដូចម្តេចខ្លះ?»។ ចចកទមនកៈនិយាយឡើងថា «ទេវៈ! គោសញ្ជីវកៈ សំដែងអាការកិរិយាចំពោះមុខខ្ញុំបាទ មើលទៅហាក់មិនគួរគប្បីដល់លោកម្ចាស់សោះ មានពោលពាក្យនិន្ទាទ្រគោះបោកបោះមើលងាយព្រះចេស្តាសក្តានុភាពបីប្រការ(5) ប្រាថ្នាលោភលន់ប្រុងដណ្តើមយករាជសម្បត្តិ»។ បិង្គលកៈបានស្តាប់ពាក្យញុះញង់នេះហើយ ភ័យតក់ស្លុតនឹកអស្ចារ្យក្នុងចិត្តស្ថិតនៅស្ងៀមមិនចេញស្តីសោះ។ ចចកទមនកៈនិយាយបន្ថែមទៀតថា «ទេវ! លោកជាម្ចាស់ដកដាលបោះបង់ចោលអ្នករាជការចាស់មុនចោលអស់ ហើយតាំងសញ្ជីវកនេះអោយកាន់ដំណែងធំអភិបាលសំរេចរាជការផែនដីទាំងអស់ អំពើនេះ ជាទោសធំសំបើមណាស់ ព្រោះថា៖
១២៧ ស្រី(6)ទ្រទ្រង់នូវមន្រ្តីដែលមានសក្តានុភាពខ្លាំង និង ម្ចាស់ផែនដីអោយ រឹងជំហរ ហើយយកជើងទាំងពីរទប់ជ្រែង អែស្រីនោះជាស្រ្តីភាពមានសមត្ថភាព មិនអាចទប់ទល់នូវភារៈដ៏ធ្ងន់ទាំងពីរអោយប្រព្រឹត្តទៅបានទេ ម្ល៉ោះហើយតោងទំលាក់ភារៈណាមួយចោល ក្នុងភារៈទាំងពីរនោះគឺ ខ្ញុំបាទរឺលោកម្ចាស់។
១២៨ - ក្នុងកាលណាព្រះភូមិបតី ទ្រង់តែងតាំងមន្រ្តីណាមួយជាអែកអគ្គផ្តាច់ការ ក្នុងរាជ្យក្នុងកាលនោះ ក្តីស្រវឹងយសតែងហូរចូលទៅគ្របសង្កត់ចិត្តមន្រ្តីនោះដោយអំណាចមោហធម៌ មន្រ្តីនោះអែងរមែងទំលាយបង់នូវការងារ អោយវិនាស ដោយអំណាចស្រវឹងយស និង ក្តីខ្ជិលច្រអូសមិនខាន កាលបើការងារវិនាសហើយ សេចក្តីល្មោភអន្ទះអន្ទែង និង បង្កក្តីចង់បាន កាន់អំណាចដាច់ខាតខ្លួនអែងអោយកើតឡើងក្នុងចិត្តលំដាប់តទៅ ដោយសេចក្តីល្មោភអន្ទះអន្ទែង ចង់បានកាន់អំណាចដាច់ខាតខ្លួនអែងនេះ ជាមូលហេតុមន្រ្តីនោះ នឹង ទ្រុស្ត ធ្វើគតម្ចាស់ខ្លួនអោយដល់ក្តីក្ស័យប្រាណមិនខាន។
- ១២៩ - អាហារទទឹកជ្រាបដោយពិសពុល ធ្មេញដែលរង្គើ និង អាមាត្យប្រទុស ទាំងអស់នេះត្រូវកកាយដកចោល អោយទាល់តែអស់ដល់បាទដល់រិសគល់ ទើបបានសុខ។
- ១៣០ - ព្រះរាជាអង្គណាប្រគល់ព្រះរាជស្រី(7)អោយជាអាយ័តដាច់ខាតដល់មន្រ្តីណាហើយ ក្តីវិនាសអន្តរាយនឹងកើតមានប្រាកដក្នុងរឿងនេះព្រះរាជាអង្គនោះ នឹងទ្រង់ផ្ទំកើតទុក្ខសោកសៅក្តៅក្រហាយ ដូចមនុស្សខ្វាក់អិតអ្នកដឹកដៃ។
- សញ្ជីវកៈនេះធ្វើកិច្ចការសារពើបរិហារផែនដី តាមតែទំនើងចិត្តវា លោកម្ចាស់ជាបន្ទាល់សាក្សីក្នុងរឿងនេះស្រាប់ហើយ បានទាំងជ្រាបច្បាស់នូវកិច្ចការទាំងអស់នេះសព្វគ្រប់ផង ព្រោះថា៖
- ១៣១ បុរសណាមិនចង់បានទ្រព្យ បុរសនោះមិននៅក្នុងលោកនេះទេ ក្នុងលោកនេះ នរណាមួយមិនក្រលេកមើលដោយសាទរ ចំពោះប្រពន្ធក្មេងដែលមានរូបល្អគួរជាទីពេញចិត្តនៃជនដទៃ?។
- សីហៈពិចារណាមើលមួយស្របក់ ឆ្លើយតបទៅវិញថា «នែសំលាញ់! ពាក្យដែលអែងនិយាយនេះ ពិតមែនហើយទោះបីដូច្នោះគួរនឹកដល់ការកំសត់កម្រដែលយើង និង សញ្ជីវកៈនេះបានធ្វើក្តីស្និទ្ធស្នេហាយ៉ាងខ្លាំងមកយូរយាណាស់ហើយផង អែងចូរមើល! លោកថា
- ១៣២ - មិត្រណាជាទីស្រលាញ់ពេញចិត្ត បើទុកជាកុហកបោកប្រាសយើងខ្លះ មិត្តនោះនៅតែជាទីស្រលាញ់ពេញចិត្តដដែល ដូចរាងកាយយើង ទោះបីមានរោគាព្យាធិប្រទុសសព្វទាំងអស់ អ្នកណាមួយមិនស្រលាញ់រាងកាយខ្លួន។
- ១៣៣ - មិត្តណាជាទីស្រលាញ់ពេញចិត្ត សូម្បីធ្វើអោយយើងមិនពេញចិត្តច្រើនយ៉ាង មិត្តនោះនៅតែជាមិត្តជាទីស្រលាញ់ពេញចិត្តដដែល ដូចភ្លើងសូម្បីឆេះមន្ទីរមហាសាល អ្នកណាមួយលែងនិយមរាប់អានភ្លើងទៀត?។
- ចចកទមនកៈ និយាយថែមទៀតថា «ទេវៈ! រឿងនេះជាទោសកំហុសធំខ្លាំងណាស់ព្រោះថា៖
- ១៣៤ -ព្រះរាជា ទតព្រះនេត្រដោយក្រៃលែង ចំពោះជនណា ទោះជាព្រះរាជបុត្រក្តី ទោះជាអាមាត្យក្តី រឺក៏ជាជនបរទេសក្តី លក្ស្មី (ទ្រព្យ) តែងរត់ចូលទៅជាសិរីនៃជននោះ។ សូមលោកម្ចាស់ស្តាប់ពាក្យនេះតទៅទៀតថា៖
- ១៣៥ -ការរលត់បង់នូវពាក្យជជែក ដែលមិនជាទីពេញចិត្តតែងនាំមកនូវសេចក្តីសុខ ទីណាមានអ្នកនិយាយ ហើយមានអ្នកស្តាប់ទីនោះ ក្តីសំរេចផលគួរជាទីពេញចិត្តតែងកើតឡើង។
- ពេលនោះព្រះបាទជាម្ចាស់ដកដាល ខ្ញុំរាជការចាស់ជារិសគល់ចោលអស់ហើយ ទៅតាំងបន្តុបលើកដំកើងជនបរទេសអាគន្តុកជាត្រីមុខអោយជាធំជាងពួកខ្ញុំរាជការចាស់វិញ អំពើនេះមិនត្រឹមត្រូវតាមធម៌ទេ ព្រោះថា៖
- ១៣៦ -ព្រះភូមិបាល មិនគួរគប្បីរាប់អានលើកដំកើងជនបរទេសអាគន្តុកដោយអាងហេតុថា «ខ្ញុំរាជការចាស់ប្រព្រឹត្តខុស» ទេ អំពើនេះជាទោសធំណាស់ព្រោះថា ជនបរទេសយើងនឹងជឿទុកចិត្តបានថាមិនទំលាយរាជសម្បត្តិអោយវិនាសរឺអ្វី?។
- សីហៈនិយាយទទឹងទាស់ថា «ពាក្យអែងនេះ ប្លែកអស្ចារ្យណាស់មិនមែនរឺអ្វី? សញ្ជីវកៈនេះយើងបានអោយអភ័យហើយនាំយកមកទំនុកបំរុងអោយធ្វើការ អោយមានកិត្តិយស ហេតុដូចម្តេចក៏អែងសំគាល់យល់ថា វាគិតប្រទូសក្បត់រាជ្យយើងវិញ?»។ ចចកទមនកៈនិយាយបញ្ជាក់ថា«ទេវៈ!»
- ១៣៧ -មនុស្សទុរជន បើទុកជាលើកតំកើងអោយមានយសសក្តិជានិច្ចក៏ដោយ ក៏នៅតែមិនក្តីស្មោះត្រង់ មិនលះបង់ប្រក្រតីដើម ដូចកន្ទុយឆ្កែ សូម្បីគេយកប្រលោប រឹតអោយត្រង់ ក៏មិនលះបង់ចុងងស្ទើតទៅលើដូចប្រក្រតីវាឡើយ។
- ១៣៨ -ធម្មតាកន្ទុយឆ្កែ ទោះជាគេកែ យកប្រេងលាប យកខ្សែចង យកសំពត់រុំ ចងទុកអស់១២ឆ្នាំក៏អិតអំពើ កាលណាគេស្រាយចំណងចេញ ក៏ត្រលប់កងកន្ទុយង ក្ងក់ឡើងវិញដូចប្រក្រតីដើម។
- ១៣៩ -ការបណ្តុះបណ្តាលអោយចំរើន រឺការរាប់អានលើកតំកើងអោយប្រសើរ នឹងអាចញ៉ាំងមនុស្សខ្ជិលខូច ចិត្តអាក្រក់អោយត្រេកអរពេញចិត្តដូចម្តេចកើត? ដូចដើមឈើ មានពិសពុល សូម្បីយកទឹកអម្រឹតទៅស្រោចស្រពក៏មិនអាចត្រលប់ចេញផ្លែគួរជាទីប្រាថ្នាបានដូច្នោះដែរ។ ព្រោះហេតុនោះបានជាខ្ញុំនិយាយថា៖
១��០ -នរជនមិនចង់អោយកល្យាណមិត្តបានសេចក្តីវិនាស សូម្បីកល្យានមិត្តនោះ មិនសួរមុន ក៏គួរគប្បីប្រាប់អុបាយ អោយកើតប្រយោជន៍ដែរ នេះជាធម៌នៃលោកសប្បុរសទាំងឡាយ បើពុំនោះទេ នរជននោះនឹងធ្លាក់ក្នុងគតិនៃជនមានមតិថោកទាប (សេចក្តីដូចលេខ១២៤)។
១៤១ -នរជនណាឃាត់ហាមមិនអោយធ្វើអំពើអកុសល នរជននោះឈ្មោះថាជាមិត្តនាំអោយរិតតែរុងរឿង កម្មណាប្រាសចាកមន្ទិល គឺពាក្យតិះដៀល កម្មនោះឈ្មោះថាជាកម្មបរិសុទ្ធប្រពៃ ស្រីណាប្រព្រឹត្តកាមឆន្ទៈស្វាមី ស្រីនោះឈ្មោះថាជាភរិយា នរជនណាមានសប្បុរសទាំងឡាយគោរពបូជាសរសើរ នរជននោះឈ្មោះថាបណ្ឌិត ធម្មជាតិណាមិនធ្វើអោយស្រវឹងសៅហ្មង ធម្មជាតិនោះឈ្មោះថាជាសិរី នរជនណារួចពីខ្ញុំតណ្ហា នរជននោះឈ្មោះថាជា បុគ្គលមានសេចក្តីសុខ នរជនណាស្មោះត្រង់តាមប្រក្រតី នរជននោះឈ្មោះថាជាមិត្ត នរជនណាទូន្មានអិន្រ្ទីយបាន នរជននោះឈ្មោះថាជាបុរស។
- រឿងនេះ ថាបើលោកម្ចាស់មិនព្រមត្រលប់ស្មារតី បណ្តោយអោយសញ្ជីវកៈធ្វើ គតអោយរលត់ផុតជីវិតវិនាស ទាំងដែលទ្រង់បានជ្រាបរួចហើយ កំហុសដូច្នេះមិនមែនជាទោសអាមាត្យមុខមន្រ្តីខ្ញុំបំរើទេ ព្រោះថា៖
- ១៤២ - ព្រះនរបតី ជាប់ព្រះទ័យស្អិតក្នុងកាម មិនគយគន់មើលកិច្ចការរាជការ និងផលប្រយោជន៏ប្រទេសជាតិប្រព្រឹត្តធ្វើតាមតែទំនើងព្រះទ័យ ស្រវឹងពន់ពេក ក្រៃដូចដំរីចុះប្រេង កាលតមកទ្រង់កើនមានៈក្ស័ត្រគ្របសង្កត់ធ្លាក់ ព្រះអង្គទៅក្នុងជ្រោះជ្រៅ គឺសេចក្តីសោកសល្យហើយ ទ្រង់តែងដាក់ទោសទំលាក់ខុសមកលើអាមាត្យមុខមន្រ្តី មិនបាននឹកនាដល់ទោសពៃរ៍កំហុសកន្លងវិន័យព្រះអង្គឡើយ។ បិង្គលកៈនឹកតែក្នុងចិត្តថា៖
១៤៣ - ព្រះរាជា មិនត្រូវជាក់ទណ្ឌកម្មដល់ជនដទៃៗដោយអាងយកតែពាក្យពាល បង្ខុសនៃជនអែទៀតឡើយ គួរគប្បីសាកសួរអោយឃើញទោសប្រច័ក្សដោយខ្លួនសិន សឹមត្រូវចាប់ចងដាក់ទោស រឺពុំនោះត្រូវបូជា។
១៤៤ - នរជន មិនបានពិចារណាគុណ និង ទោសអោយឃើញម៉ត់ចត់តាមវិធីមុនសិនទេ មិនគួរអាណិតលើកលែង រឺ ដាក់ទោសទ័ណ្ឌទេ ដូចការមើលងាយយកដៃលូកទៅក្នុងមាត់ពស់ ឈ្មោះថា យកក្តីវិនាសមកអោយខ្លួនអែងពិតអិតសង្ស័យឡើយ។
នឹកឃើញដូច្នេះហើយ ទើបបិង្គលកៈប្រកាសខ្លាំងៗថា «បើដូច្នោះត្រូវហៅសញ្ជីវកៈអោយចូលមកនឹងប្រាប់អោយដឹងខ្លួនរឺអ្វី?»។ ចចកទមនកៈ ឆ្លើយដោយប្រញាប់ថា «ទេ!ទេ! មិនបានទេ!ធ្វើដូច្នេះនាំអោយគេអែងដឹងលឺច្រើន បែកការសំងាត់ អស់ហើយព្រោះលោកថា៖
១៤៥ ពូជគឺការសំងាត់នេះសូម្បីតែបន្តិច បុគ្គលគប្បីលាក់ទុកដោយប្រពៃ គប្បីរក្សាដោយម៉ឺងម៉ាត់តាមដែល នឹង អាចម៉ឺងម៉ាត់បាន បុគ្គលត្រូវប្រយ័ត្នកុំអោយបែកការឡើយ ការសំងាត់នោះបើបែកធ្លាយហើយ មិនដុះដាលបានផលសំរេចទេ។
១៤៦ -ការងារ ដែលត្រូវចាប់ធ្វើ រឺ ដែលត្រូវបង្គាប់គេ រឺ ដែលត្រូវធ្វើខ្លួនអែង បើបុគ្គលមិនគប្បីប្រញាប់ប្រញាល់ ធ្វើអោយបានរួសរាន់ទាន់ពេលទេ កាលវេលា នឹង ជញ្ជក់ក្រេបផឹកស៊ីរសជាតិការងារនោះអស់រលីង។ ព្រោះហេតុនោះ ការងារអ្វីមួយដែលនរជនប្រារព្ធធ្វើហើយត្រូវតែចាត់ការភ្លាមៗ ដោយការប្រយ័ត្នម៉ឺងម៉ាត់ដែលអាចនឹងប្រយ័ត្នបាន ព្រោះថា៖
១៤៧ -ការសំងាត់ ដូចទាហានមិនមានទឹកមាំមួន សូម្បីមានគ្រឿងក្រោះការពារសព៌ាង្គកាយបរិបូរណ៌ហើយ ក៏មិនអាចធន់ទ្រាំ នឹង នៅក្នុងកន្លែងអស់កាលយូរបាន ព្រោះក្តីរង្គៀសខ្លាចក្រែង អាចអោយសត្រូវតយុទ្ធទំលាយបាន។ បើទុកជាសញ្ជីវកៈនេះមើលឃើញទៅកំហុសខ្លួន ហើយចូលមកលោកម្ចាស់ សូមអោយលោះលាត្រាប្រណីអភ័យទោស ក៏មិនគួរគប្បីសំដែងមេត្រីយកជាមិត្ត តទៅមុខទៀតដែរ ព្រោះថា៖
១៤៨ នរជនណា ចង់ចងសម្ពន្ធមេត្រីម្តងទៀតចំពោះមិត្តដែលបានប្រទូសរួចម្តងហើយ ជរជននោះអែងឈ្មោះថា ទៅកាន់យកម្រឹត្យុតែម្តង ដូចមេសេះ ពផ្ទៃសេះអស្សតរដូច្នោះអែង។ សីហៈនិយាយដោយក្លាហានថា៖ «យើងចង់ដឹងដែរ តើសញ្ជីវកៈនេះវាអាចហ៊ានធ្វើគតដណ្តើមរាជ្យយើងម្ល៉ាទៅ។ ចចកទមនកៈឆ្លើយតមទៅវិញថា៖
១៤៩ នរជន មិនដឹងភាវៈនៃការទាក់ទងនឹងជនដទៃហើយមិនត្រូវគេ្នរចុះមតិសំគាល់សមត្ថភាពគេថាដូចម្តេចឡើយចូរមើល! សមុទ្រក៏ចាលចាញ់តេជដៃសព្វបើត្រដេវវិចដែរ។ សីហៈសួរថា «ចុះរឿងនោះតើដូចម្តេច»។ ចចកទមនកៈនិយាយរឿងដូចតទៅថា៖
- (1)មេតំរួត មេនគរបាល។ (2) សេចក្ដីស្លាប់។ (3)ពេលមុជទឹក។ (4)សេចក្តីសុខដែលកើតមានពីទ្រព្យសម្បត្តិ) ។
- (5)រាជភណ្ឌ៣ប្រការគឺៈ ប្រភាវៈ មហាអំណាច (ពលានុភាព អំណាចគ្រប់គ្រង តេជានុភាព គុណានុភាព) ១ មន្រ្ទៈ មន្រ្ទចំណេះវីជ្ជា១ និង អុស្សាហៈ កំលាំងសក្តានុភាព១។
- (6)ពាក្យនេះមានន័យច្រើន បាលីថា សិរី ប្រែថា សេចក្ដីរុងរឿង សោភាលំអ សេចក្ដីចំរើន ទ្រព្យ សេចក្ដីសុខ សម្បត្ដិឃ្លាំងទ្រព្យ តេជានុភាព សក្ដានុភាព និង លក្សីដែលជាឈ្មោះទេពតា ទ្រព្យសម្បត្ដិ ។
- (7)បាលីរាជសិរិ អធិបតេយ្យព្រះរាជ។