ថ្ងៃសៅរ៍ ទី25.វិច្ឆិកា 2017.ម៉ោង 8:20
កថាទី៩រឿងព្រាហ្មណ៍ និងអ្នកលេង

នៅ​អរញ្ញ​នៃ​ព្រះ​គោ​តម​ មាន​ព្រាហ្មណ៍​ម្នាក់​ល្ងង់​ឆោត​ដោយ​ពាក្យ​សរ​សើរ​ ព្រាហ្មណ៍​មាន​ប្រាថ្នា​ធ្វើ​យញ្ញ​ពិធី​ ហើយ ​ចូល​ទៅ​គ្រាម​មួយ​រក​ទិញ​ពពែ​ ទិញ​បាន​ហើយ លើក​លី​លើ​ស្មា​ដើរ​ត្រលប់​មក​វិញ​ មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​ ជួប​នឹង​ អ្នក​លេង​៣​នាក់​។ អ្នក​លេង​ទាំង​ឡាយ​នោះ​ លុះ​ឃើញ​ព្រាហ្ម​ណ៍​លី​ពពែ​មក​ដល់​ ក៏​គិត​គ្នា​ថាៈ​ «បើ​យើង​ដើរ​កល​អុបាយ​ យក​ពពែ​នេះ​បាន​ ទុក​ជា​យើង​ចេះ​កល​អុបាយ​ឆ្លាត​មែន​»​ គិត​ដូច្នេះ​ហើយ​ ទើប​បបួល​គ្នា​ទៅ​អង្គុយ​ក្រោម​ដើម​​ឈើ​មួយ​ម្នាក់​ៗ​ គ្រប់​ទាំង​បី​នាក់​ នៅ​បណ្ដោយ​ផ្លូវ​ដែល​ព្រាហ្មណ៍​នោះ​ដើរ​ទៅ​ឃ្លាត​ចាក​ពី​គ្នា​ប្រ​ហែល​មួយ​ក្រោសៈ​ (1) ប៉ុណ្ណោះ​។ កាល​ដែល​ព្រាហ្ម​នោះ​ដើរ​មក​ដល់​ អ្នក​លេង​ទី​១​ សួរ​ទៅ​ថាៈ​ «នែ​ព្រាហ្ម​ណ៍​ដ៏​ចំរើន​! អ្នក​លី​អ្វី​លើ​ស្មា​ មើល​ទៅ​ដូច​ឆ្កែ​ យក​ឆ្កែ​ទៅ​ធ្វើ​អ្វី​ហ្នឹង​?​»​។ ព្រាហ្ម​ឆ្លើយ​តប​ថាៈ​ «ទេ​! មិន​មែន​ឆ្កែ​ទេ​ ពពែ​ទេ​តើ​ ខ្ញុំ​យក​ទៅ​ធ្វើ​យញ្ញ​ពិធី​»​។ ព្រាហ្ម​ដើរ​ត​ទៅ​ទៀត​ ទៅ​ជួប​អ្នក​លេង​ទី​ពីរ​ អ្នក​លេង​ទី​ពីរ​និយាយ​សួរ​ដដែល​ដូច​អ្នក​​លេង​ទី​១​ទៀត​។ ព្រាហ្មណ៍​បាន​ស្ដាប់​លឺ​ពាក្យ​ដដែល​ៗ​ដូច្នោះ​ នឹក​អៀន​ហើយ​រង្គៀស​ខ្លួន​ក៏​ទំ​លាក់​ពពែ​ចោល​នៅ​ លើ​ផែន​ដី សំលឹង​ពិនិត្យ​មើល​ ផ្អៀង​ផ្អង​មួយ​ស្របក់​មើល​ហើយ​មើល​ទៀត​មិន​អស់​ចិត្ដ​ នឹក​ស្ដាយ​ក៏​លើក​ពពែ​នោះ​លី​លើ​ស្មា​ដើរ​ត​ទៅ​ទៀត​ ហើយ​ចេះ​តែ​មាន​សេច​ក្ដី​សង្ស័យ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ដ​មិន​អស់​ចិត្ដ​មិន​ហើយ​ព្រោះ​ថា​៖

៥៤ ទៀង​ណាស់​មតិ​នៃ​សប្បុ​រស​ទាំង​ឡាយ​ ក៏​អាច​ទន់​រេ​ទៅ​តាម​សំដី​ទុរ​ជន​ទាំង​ឡាយ​ដែរ ជន​ដែល​ជឿ​ទុក​ចិត្ដ​ទុរ​ជន​ទាំង​ឡាយ​នេះ​ នឹង​ដល់​នូវ​សេច​ក្ដី​ស្លាប់​ដូច​អូដ្ឋ​ឈ្មោះ​ចិត្ដ​កណ៌ៈ​។ ក្ងោក​ចិត្រ​ពណ៌​សួរ​ថាៈ​រឿង​នោះ​ដូច​ម្ដេច​? ក្អែក​មេឃ​ពណ៌​និយា​រឿង​នោះ​ប្រាប់​ថា​៖​

កថាទី១០រឿងសីហៈ ក្អែក ខ្លា ចចក និង អូដ្ឋ

៥៥ - ស្រី​ភាព​ដែល​អត់​ឃ្លាន​ហើយ​ សូម្បី​កូន​អែង​ក៏​លះ​បង់​ចោល​ ពស់​ដែល​អត់​ឃ្លាន​ហើយ​សូម្បី​ពង​អែង​ក៏​ស៊ី​ នរ​ណា​ហ្ន៎​ដែល​ត្រូវ​ទុក្ខ​វេទនា​ដោយ​អត់​ឃ្លាន​ នឹង​មិន​ហ៊ាន​ធ្វើ​បាប​? នរ​ជន​ទាំង​ឡាយ​ដែល​អត់​ឃ្លាន​ហេវ​កំលាំង​ហើយ​ នឹង​ត្រលប់​ទៅ​ជា​មនុស្ស​អិត​ករុណា​។
៥៦ មនុស្ស​ស្រវឹង​ស្រា​ មនុស្ស​ឆ្កួត​ មនុស្ស​កាច​កំរោល​ មនុស្ស​អស់​កំលាំង​ មនុស្ស​ក្រោធ​ មនុស្ស​អត់​ឃ្លាន​មនុស្ស​​ល្មោភ​ មនុស្ស​ខ្លាច​ មនុស្ស​រហ័ស​ភ្លែត​ និង មនុស្ស​បរិភោគ​កាម​ មនុស្ស​ទាំង​អស់​នេះ​មិន​ចេះ​ធម៌​ទេ​។

សត្វ​ទាំង​ឡាយ​គិត​គូរ​​គ្នា​ឃើញ​ដូច្នេះ​ហើយ​ ក៏​បបួល​គ្នា​ទៅ​កាន់​សំណាក់​សីហៈ​។ សីហៈ​សួរ​ថាៈ​ «បាន​អ្វី​ជា​អាហារ​​បរិ​ភោគ​រឺ​ទេ​ថ្ងៃ​នេះ​?​»​។ សត្វ​ទាំង​ឡាយ​ឆ្លើយ​ប្រាប់​ថាៈ​ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ខំ​ប្រឹង​ស្វះ​ស្វែង​រក​ណាស់​ តែ​រក​មិន​បាន​សោះ​។ សីហៈ​សួរ​ត​ទៅ​ទៀត​ថាៈ​ «ចុះ​ធ្វើ​ម្ដេច​ទៅ​អីលូវ​នេះ​ យើង​នឹង​រក​អុបាយ​ចិញ្ចឹម​ជីវិ​ត​បាន​ហ៎ៈ​?​»​។ ក្អែក​និយាយ​ប្រាប់​ថា​ «ទេវៈ​! មក​តែ​ពី​លោក​ម្ចាស់ ​លះ​បង់​អាហារ​ដែល​មាន​ក្នុង​អំណាច​លោក​ម្ចាស់​ ថាបាន​​ជា​​សេច​​ក្ដី​វិ​នាស​​ចូល​មក​ជិត​ដល់​យើង​គ្រប់​គ្នា​»​។ សីហៈ​សួរ​ថាៈ​ «អាហារ​អ្វី​ហ្ន៎​ដែល​នៅ​ក្នង​អំណាច​យើង​?​។ ក្អែក​ចូល​ទៅ​ជិត​និយាយ​​ខ្សឹប​ដាក់​ត្រ​ចៀក​សីហៈ​ថា​ «ចិត្រ​កណ៌ៈ​នេះ​អែង​»​។ សីហៈ​យក​ជើង​ជាន់​ដី​ហើយ​ស្ទាប​ត្រចៀក(2)​ (2) ទាំង​ពីរ​ ទើប​ពោល​ថាៈ​ យើង​បាន​អោយ​អភ័យ​វាចា​ហើយ​ នឹង​ទៅ​ធ្វើ​ទារុណ​កម្ម​ដូច​ម្ដេច​កើត​?​​ ព្រោះ​ថា​៖

៥៧ ការ​អោយ​ផែន​ដី​ ការ​អោយ​ប្រាក់​មាស​ ការ​អោយ​គោ​ ការ​អោយ​បាយ​ទឹក​ លោក​មិន​ហៅ​ថា​មហា​ទាន​ទេ​ បណ្ដា​ទាន​ទាំង​ឡាយ​នេះ​ អភ័យ​ទាន​ទើប​លោក​ចាត់​ថា​ជា​មហា​ទាន​។​
៥៨ - ផល​នៃ​អស្វ​មេធៈ​ណា ​(3)(3) ដែល​អាច​ញ៉ាំង​សេច​ក្ដី​ទាំង​ពួង​អោយ​សំរេច​បាន​ ផល​នោះ​ គឺ​បុគ្គល​គប្បី​បាន​ក្នុង​ការ​រក្សា​ជន​ណា​ដែល​មក​សូម​ទីពឹង​។​

ក្អែក​ពោល​ថាៈ​ «អូដ្ឋ​ លោក​ម្ចាស់​មិន​ត្រូវ​សំលាប់​ដោយ​ខ្លួន​អែង​ទេ​ គឺ​វា​សុខ​ចិត្ដ​ប្រគល់​ខ្លួន​វា​អោយ​ជា​ទាន​យ៉ាង​ណា ​យើង​ខ្ញុំ​ទាំង​ឡាយ​ នឹង ​ធ្វើ​យ៉ាង​នោះ​។ សីហៈ​បាន​ស្ដាប់​ពាក្យ​ ក្អែក​ពន្យល់​អុបាយ​យ៉ាង​នេះ​ហើយ​ ក៏​ទាល់​គំនិត​នៅ​ស្ងៀម​​។ កាល​នោះ​ ក្អែក​បាន​អោ​កាស​ នឹង​ប្រើ​អុបាយ​កោង​ ក៏​ទៅ​នាំ​យក​សត្វ​ទាំង​ឡាយ​អែ​ទៀត​អោយ​ចូល​ទៅ​កាន់​​សំណាក់​សីហៈ​ ហើយ​និយាយ​ថាៈ​ «ទេ​វៈ​! យើង​គ្រប់​គ្នា​ប្រឹង​ស្វះ​ស្វែង​រក​ចាប់​សត្វ​ជា​ចំណី​អាហារ​អស់​ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​បាន​សោះ​ អែ​លោក​ម្ចាស់​អត់​ឃ្លាន​អាហារ​យូរ​ថ្ងៃ​ដែរ​មក​ហើយ​ បើ​ដូច្នេះ​សូម​លោក​ម្ចាស់​ស៊ី​សាច់​​យើង​ជា​អាហារ​ចុះ​ ព្រោះ​ថា​៖

៥៩ មែន​ពិត​ កិច្ច​ការ​រដ្ឋ​បាល​ទាំង​អស់​មាន​លោក​ម្ចាស់​ជា​មូល​ជា​ទង់​ជ័យ​ ដូច​ជា​នរ​ជន​ដែល​ប្រយ័ត្ន​ រក្សា​ដើម​ឈើ ​ព្រម​ទាំង​គល់​តែង​បាន​ផល​។

សីហៈ​ពោល​ថាៈ​ «ការ​សុខ​ចិត្ដិ​ព្រម​លះ​បង់​ជីវិត​ប្រសើរ​ តែ​ការ​ប្រព្រឹត្ដិ​ធ្វើ​អំពើ​អាក្រក់​ប្រាកដ​ដូច្នេះ​ មិន​ប្រសើរ​​សោះ​ឡើយ​»។ ចចក​ពោល​ដូច​ក្អែក​ទៀត​។ សីហៈ​និយាយ​ទៅ​ទៀត​ថាៈ​ «ទេ​!.ទេ​! កុំឡើយ​បា​អើយ​!»​។ កាល​នោះ​ ខ្លា​និយាយ​ទៀត​ថាៈ​ «បើ​ដូច្នោះ​ សូម​លោក​ម្ចាស់​បរិ​ភោគ​ខ្ញុំ​ចុះ​ ដើម្បី​លោក​មាន​ជីវិត​»​។ សីហៈ​ឆ្លើយ​ដោយ​អស្ចារ្យ​ ក្នុង​ចិត្ដ​ថាៈ​ «ក្នុង​កាល​ណា​ក៏​ដោយ​ មិន​មាន​អ្នក​ណា​និយាយ​ដូច​អែង​ទេ​ ពាក្យ​អែង​និយាយ​នេះ​មិន​គួ​រ​សោះ​ឡើយ​»​។ ពេល​នោះ ​អូដ្ឋ ចិត្រ​កណ៌ៈ​ដែល​ជា​សត្វ​មាន​ការ​ជឿ​ទុក​ចិត្ដ​ពី​កំណើត​ ក៏​និយាយ​ប្រគល់​ខ្លួន​ដូច​សត្វ​ទាំង​ពួង​ កាល​ដែល​អូដ្ឋ​និយាយ​បរិ​ចាគ​ប្រាណ​ស្ទើរ​តែ​មិន​ទាន់​ផុត​សំដី​ផង​ ខ្លា​ស្ទុះ​ភ្លែត​ទៅ​ចាប់​ហែក​ជញ្ជែង​ផ្ទៃ​អូដ្ឋ​សំលាប់​មួយ​រំពេច​ ហើយ​ចែក​គ្នា​ស៊ី​បំពេញ​ផ្ទៃទៅ​ហោង​។ ព្រោះ​ហេតុ​នោះ​ បាន​ជា​ខ្ញុំ​បាទ​ (ក្អែក​មេឃ​ពណ៌) ពោល​ថា «ទៀង​ណាស់»​ ដូច្នេះ​ជា​ដើម​ (លេខ​៥៤)​។

តមក​ ព្រាហ្ម​បាន​ស្ដាប់​ពាក្យ​អ្នក​លេង​ទី​៣​ ទៀត​ទើប​កំណត់​ទុក​ដាច់​ខាត​ថា​ មតិ​របស់​ខ្លួន​ខុស​ពិត​ ហើយ​បោះ​ទំលាក់​ពពែ​នៅ​លើ​ស្មា​ចោល​បង់​ ដើរ​ទៅ​ងូត​ទឹក​ជំរះ​អាត្មា​រួច​ដើរ​ទៅ​ផ្ទះ​ដៃ​​ទទេ​ទៅ​។ អែ​ពពែ​នោះ ត្រូវ​អ្នក​លេង​ទាំង​៣​នាក់​ សែង​យក​ទៅ​សំលេះ​បរិភោគ​​ជា​អាហារ​ទៅ​ហោង​ ហេតុ​នោះ​បាន​ជា​ខ្ញុំ​បាទ​ (ក្អែក​មេ ឃ​ពណ៌​) និយាយ​ថាៈ​ «ជន​ណា​ដឹង​ថា​ទុរ​ជន​ដូច្នេះ​ ជា​ដើម​ (លេខ៥៣) កាល​នោះ​ក្ងោក​ចិត្រពណ៌​សួរ​ត​ទៅទៀ​តថាៈ​  «នែ​មេឃ​ពណ៌​! អែង​​ធ្វើ ​ដូច​ម្ដេច​ បាន​ជា​អែង​នៅ​ក្នុង​កណ្ដាល​សត្រូវ​បាន​យូរ​ម្លេះ?​ ធ្វើ​ដូច​ម្ដេច​បាន​ជា​ស្និទ្ធ​ស្នាល​ ជិត​គ្នា​ម្លេះហ្ន៎​?»។ ក្អែក​មេឃ​ពណ៌​និយាយ​ថា «ទេវៈ​! កិច្ច​ការ​ជា​ប្រយោជន៍​នាយ​ចៅ​ហ្វាយ​ និង​កិច្ចការ​ធ្វើ​អោយ​សំរេច​ប្រយោជន៍​ដល់​ខ្លួន​ គេ​នឹង​មិន​ត្រូវ​ធ្វើ​រឺ​អ្វី​?»​ ព្រោះ​ថាៈ ​

៦០ - បពិត្រ​ព្រះ​រាជា​! មនុស្ស​លោក​ ទូល​អុស​ដែល​ឆេះ​នៅ​លើ​ក្បាល​មិន​បាន​រឺ​អ្វី​? ខ្សែ​ទឹក​ស្ទឹង ហូរ​ទៅ​ស្រោច​ដើម​ឈើ ​នឹង​រំលើង​រិស​ឈើ​មិន​បា​ន​រឺ​អ្វើ?​។
៦១ - អ្នក​ប្រាជ្ញ បើ​មាន​កិច្ច​ការ​ណា​មួយ​ដែល​ត្រូវ​ធ្វើ​ខាន​មិន​បាន​ សូម្បី​សត្រូវ​ក៏​ទូល​លើ​ក្បាល​ ដូច​កង្កែប​ត្រូវ​ពស់​ចាស់​សំលាប់​បាន​។ ក្ងោក​ចិត្រ​ពណ៌​សួរ​ថាៈ​ «ចុះ​រឿង​នោះ​តើ​ដូច​ម្ដេច​?​» ក្អែក​មេឃ​ពណ៌​និយាយ​រឿង​នោះ​ប្រាប់​ថា​។ ។

តទៅកថា១១

(1) ប្រ​ហែល ១/៤​ យោជន៍​។ (2) ករិ​យា​សំដែង​សេច​ក្ដី​គោរព។​ (3) អគ្វ​មេធៈ​ ពិធី​សំលាប់​សេះ​បូជា​យញ្ញ​ដែល​ប្រកាន់​ជឿ​ថា​បាន​បុញ្ញា​ភិ​និហារ​ ដ៏​ក្រៃលែ​​ង​រហូត​បាន​ជា​ស្ដេច​ទេវ​តា​នៅ​ឋាន​ត្រៃ​ត្រឹង​។