ថ្ងៃសៅរ៍ ទី2.ធ្នូ 2017.ម៉ោង 7:25
កថាទី១១ រឿងពស់ និងកង្កែប

៦២ - ជន​ណា មិន​លះ​បង់​គ្នា​ចោល​ចូល​មក​អង្គុយ​ជិត​ក្នុង​កាល​ក្ដី​អន្ដរាយ​ ក្នុង​ក្ដី​វិនាស​ ក្នុង​កាល​ទុរ​ភិក្ស​ ក្នុង​កាល​រាស្រ្ដ​បះ​បោរ​ ក្នុង​ទ្វារ​នៃ​ព្រះ​រាជា​ និង​ក្នុង​ព្រៃ​ស្ម​សាន​ ជន​នោះ​ជា​ផៅ​ពង្ស​។​
កាល​នោះ​អែង​ មាន​ព្រាហ្មណ៍​អ្នក​លាង​បាប​ម្នាក់​ឈ្មោះ​កបិលៈ ​ឃើញ​កៅ​ណ្ឌិន្យ​យំ​សោយ​សោក​បំរះ​ននៀល​ខ្លាំង​ពេក ក៏​និយាយ​បន្ទោស​ថាៈ​ «នែ​កៅ​ណ្ឌិន្យ​ចង្រៃ​! អែង​ម៉េច​ក៏​ល្ងង់​អ្វី​ម៉្លេះ​ អ្នក​ណា​គេ​ដែល​យំ​សំលាប់​ខ្លួន​ដូច្នេះ​ អែង​ស្ដាប់​មើល​ហ្ន៎​៖​

  ៦៣ -អនិច្ច​ធម៌​ ទុក​ដូច​ជា​មាតា​ អោប​ក្រសោប​ចិញ្ចឹម​អ្នក​បដិ​សន្ធិ​ទុក​ក្នុង​ទ្រូង​តាំង​ពី​ប្រថម​ម្ល៉េះ​ អែ​មាតា​ជា​អ្នក​បង្កើត​នេះ​ មាន​ក្នុង​កាល​ជា​ខាង​ក្រោយ​ទេ​ បើ​ដូច្នេះ​តើ​អ្នក​អែង​ខំ​យំ​សោយ​សោក​ធ្វើ​អ្វី​?​។
៦៤ - ព្រះ​រាជា​ភូមិ​បាល​ទាំង​ឡាយ ប្រកប​ដោយ​រេហ៍​ពល​សែន្យា​នុភាព​យាន​ពាហនៈ​ ទាំង​ឡាយ​ច្រើន​ដល់​ម្ល៉េះ អីលូវ​នេះ​ ស្ដេច​ទៅ​ណា​អស់​ទៅ​ហ្ន៎​? ផែន​ប្រថពី​ឋិត​ថេរ​គង់​នៅ​ រហូត​មក​ដល់​ថ្ងៃ​នេះ​ជា​សាក្សី​នៃ​ការ​ព្រាត់​ប្រាស​ព្រះ​រាជា​ទាំង​ឡាយ​នោះ​ស្រាប់​។
៦៥ - គួរ​សង្វេគ​ណាស់​! រាង​កាយ​នេះ​កើត​ឡើង​ហើយ​ក៏​ដល់​នូវ​វិការ​បែក​ធ្លាយ​ទៅ​វិញ​ ការ​ជួប​ជុំ​គ្នា​កើត​មាន​ហើយ​ ក៏​ដល់​នូវ​ការ​ព្រាត់​ប្រាស​គ្នា​ទៅ​វិញ​ សារ​ពើ​វត្ថុ​ទាំង​ឡាយ​ មាន​ការ​កើត​ឡើង​ និង​ការ​បាក់​បែក​ពុក​ផុយ​រលួយ​ទៅ​វិញ​ យ៉ាង​នេះ​ជា​ធម្មតា​។
៦៦ - កាយ​នេះ ​រលត់​រលាយ​ទៅ​គ្រប់​ខណៈ​​កាល​កំពុង​រលាយ​ទៅ​ បុគ្គល​កំណត់​មើល​មិន​ឃើញ​ទេ​ ដូច​ឆ្នាំង​ជា​វិការ​នៃ​ដី​ដែល​គេ​ដុត​មិន​ល្អ​ ឋិត​នៅ​លើ​ទឹក​រលាយ​បន្ដិច​ម្ដង​ៗ ដល់​បែក​បាក់​ហើយ​ទើប​គេ​មើល​ឃើញ​ច្បាស់​។
៦៧​ មរិត្យុ​តែង​ដើរ​ចូល​ទៅ​ជិត​សត្វ​រាស់​ៗ​ថ្ងៃ អែ​សត្វ​ដែល​គេ​នាំ​ចូល​ទៅ​រក​ទី​សំលាប់​ កាន់​តែ​ជិត​សេច​ក្ដី​ស្លាប់​រាល់​ជំហាន​ជើង​។
៦៨ - អនិច្ចា​ធម៌​ យោ​វន​វ័យ​ រូប​ ជីវិត​ ការ​សន្សំ​ក​ពូន​ទ្រព្យ​អិស្ស​រិយ​យស​ ការ​នៅ​រួម​មួយ​អន្លើ​ដោយ​ជន​ជា​ទីស្រ​លាញ់​ ទាំង​អស់​នេះ​បណ្ឌិត​មិន​វង្វេង​ភ័ន្ដ​រហូត​ដល់​កើត​អុបា​ទាន​ប្រកាន់​ស្អិត​យ៉ាង​នេះ​ទេ​។
៦៩ - កំណាត់​មួយ​ និង កំណាត់​មួយ​ទៀត​ រមែង​រសាត់​ទៅ​ជួប​គ្នា​ក្នុង​មហា​សមុទ្រ​ លុះ​បាន​កប់​ប្រសព្វ​ជួប​គ្នា​ហើយ​ ក៏​ឃ្លាត​ឃ្លា​ព្រាត់​ប្រាស​គ្នា​ទៅ​វិញ​យ៉ាង​ណា​ ការ​ជួប​រួម​គ្នា​នៃ​ជន​ដែល​កើត​មក​ក្នុង​លោក​នេះ​ ក៏​យ៉ាង​នោះ​ដែរ​។
៧០ - មែន​ពិត​ អ្នក​ដំណើរ​ទាំង​ឡាយ​ចូល​ទៅ​ឈប់​សំរាក​កម្លាំង​ក្រោម​ម្លប់​ដើម​ឈើ ​ហើយ​ថិត​នៅ​ជួប​ជុំគ្នា​រហង់​ លុះ​ឈប់​សំរាក​កំលាំង​រួច​ហើយ​ ធ្វើ​ដំណើរ​ត​ទៅ​ទៀត​ មាន​អុបមា​យ៉ាង​ណា​ ការ​ជួប​ជុំ​នៅ​រួម​គ្នា​នៃ​ជន​ដែល​កើត​មក​ក្នុង​លោក​នេះ​ ក៏​យ៉ាង​នោះ​ដែរ​។
៧១ - រាង​កាយ​យើង​នេះ​ ធម្ម​ជាតិ​និមត្ដិ​ដោយ​ធាតុ​ទាំង​៥​ យ៉ាង​ ហើយ​បែក​ធ្លាយ​ត្រលប់​ទៅ​កាន់​ធាតុ​ទាំង​ ៥​យ៉ាង​វិញ​ជា​ធម្មតា​ បើ​ដូច្នេះ​តើ​យើង​មក​យំ​សោយ​សោក​ក្នុង​រឿង​រាង​កាយ​នេះ​ធ្វើ​អ្វី​?
៧២ - ដរាប​សត្វ​លោក​ណា​ធ្វើ​សម្ព័ន្ធ​ជា​មួយ​ញាតិ​សន្ដាន​ជា​ទី​ស្រលាញ់​ទុក​ក្នុង​ចិត្ដ​ ដ៏រាប​នោះ​ ឈ្មោះ​ថា​កប់​ទុក​នូវ​ បន្លា​គឺ​សេច​ក្ដី​សោក​ក្នុង​ចិត្ដ​ស្រេច​ទៅ​ហើយ​។
៧៣ - (1)ការ​នៅ​ជួប​ជុំ​គ្នា​រហូត​ដល់​ទី​បំផុត​នេះ​ មិន​មាន​អ្នក​ណា​មួយ​បាន​សោះ​ កុំ​ថា​ឡើយ​ដល់​ញាតិ​សន្ដាន​ សូម្បី​តែ​រូប​រាង​កាយ​ខ្លួន​អែង​​ភាគ​ណា​មួយ​ ក៏​អិត​មាន​នរ​ណា​មួយ​បាន​​ដែរ​ ចាំ​បាច់​និយាយ​ថ្វី​ដល់​ញាតិ​សន្ដាន​ដែល​នៅ​ក្រោយ​​ពី​កាយ​។
៧៤ - មែន​ពិត​ ការ​នៅ​ជួប​ជុំគ្នា​ ឈ្មោះ​ថា​អោយ​កំណើត​ដល់​ការ​ព្រាត់​ប្រាស់​គ្នា​វិញ អែ​កំណើត​ក៏​ឈ្មោះ​ថា​នាំ​មក​នូវ​មរិត្យុ​​ធម៌​​នេះ​មិន​មាន​បុគ្គល​ណា​មួយ​កន្លង​បាន​ឡើយ​។​
 ៧៥ - ការ​សាប​សូន្យ​ទៅ​នៃ​ការ​ជួប​ជុំ​ជា​ទី​រីក​រាយ​នេះ​លឿន​ភ្លែត​ទៅ​មួយ​អន្លើ​ដោយ​ជន​ជា​ទី​ស្រលាញ់​ទាំង​ឡាយ​ ជា​ធម៌​ទារុណ​ក្រៃ​លែង​ណាស់​ ដូច​ជា​ការ​បញ្ចុះ​អាហារ​ស្លែង​ដ៏​អា​ក្រក់​ក្រៃ​លែង​ដូច្នោះ​ដែរ​។
៧៦ -​ ខ្សែ​ទឹក​ក្នុង​ស្ទឹង​ទាំង​ឡាយ​ តែង​ហូរ​ទៅ​ៗ​ ហើយ​កាន់​យក​សំណាត់​ទៅ​ជា​មួយ​ផង មិន​ដែល​ត្រលប់​ថយ​ក្រោយ​​វិញ​ទេ​ គ្រប់​ៗ​កាល​ មាន​អុបមា​យ៉ាង​ណា​ យប់​ នឹង ថ្ងៃ​ ក៏​ចាប់​ឆក់​យក​នូវ​អាយុ​នៃ​សត្វ​ទាំង​ឡាយ​ហើយ​ទៅ​មិន​ត្រលប់​ថយ​ក្រោយ​វិញ​គ្រប់​ៗ​កាល​ មាន​អុប​មេយ្យ​យ៉ាង​នោះ​ដែរ​។​
៧៧ - ក្នុង​សំសារ​វដ្ដ​នេះ​ ការ​នៅ​ជួប​ជុំ​មួយ​អន្លើ​ដោយ​ជន​ជា​ទី​ស្រលាញ់​ណា​ដែល​មាន​​រស គឺ​សេច​ក្ដី​សុខ​នៅ​ជា​ខាង​ដើម​ ការ​នៅ​ជួប​ជុំ​មួយ​អន្លើ​ដោយ​ជន​ជា​ទី​ស្រលាញ់​នោះ​ ក៏​ចង​ជាប់​ជា​មួយ​នឹង​នឹម​នៃ​សេច​ក្ដី​ទុក្ខ​ ព្រោះ​ការ​ជួប​ជុំ​នោះ​ ​​មាន​ការ​ព្រាត់​ប្រាស​នៅ​ក្នុង​ទី​បំផុត​។​
៧៨ - ហេតុ​នេះ​អែង​បាន​ជា​សប្បុស​ទាំង​ឡាយ​មិន​ប្រាថ្នា​នូវ​ការ​ជួប​ជុំ​មួយ​អន្លើ​ដោយ​​ជន​ជា​ទី​ស្រលាញ់​ ព្រោះ​មិន​មាន​ថ្នាំ​រក្សា​ចិត្ដ​ដែល​មុត​ដោយ​ដាវ​គឺ​សេច​ក្ដី​ព្រាត់​ប្រាស​អោយ​សះ​ស្បើយ​បាន​ឡើយ​។​
៧៩ - អំពើ​ជា​កុសល​ទាំង​ឡាយ​ (ដូច​ស្វមេធៈ​) ដែល​ព្រះ​បាទ​សគរៈ​ (2) និង​ព្រះ​រាជា​ទាំង​ឡាយ​ដទៃ​បាន​ធ្វើ​ហើយ​ដោយ​ប្រពៃ​ អំពើ​ជា​កុសល​ទាំង​ឡាយ​​នោះ​អែង​ ក៏​ដល់​នូវ​ការ​ប្រល័យ​អស់​រលីង​។
៨០ - (3)កាល​បើ​គិត​ហើយ​គិត​ទៀត​ នូវ​អំណាច​មរិត្យុ​ដែល​មាន​ជា​អាជ្ញា​ដ៏​អាក្រក់​​ក្រៃ​លែង​​នេះ សេច​ក្ដី​ព្យាយាម​ ប្រឹង​ប្រែង​ទាំង​អស់​នៃ​មនុស្ស​សូម្បី​ជា​អ្នក​ប្រាជ្ញា​ក៏​ថម​ថយ​ចាញ់​ដៃ​ ប្រៀប​ដូច​ខ្សែ​ពាន​ជា​វិការៈ​នៃ​ស្បែក​ដែល​ទទឹក​ ដោយ​ទឹក​ភ្លៀង​។
៨១ - នរ​ជន​សូម្បី​វិរ​បុរស​ដែល​ចូល​ទៅ​ចាប់​បដិ​សន្ធិ​ ទៅ​កាន់​គភ៌​ក្នុង​បថម​រាត្រី​ណា ចាប់​តាំង​ពី​បឋម​រាត្រី​នោះ​មក វីរ​បុរស​នោះ​ដើរ​ត្រង់​រឿយ​ចូល​ទៅ​កាន់​មរិត្យុ​រាល់​ៗ​ថ្ងៃ​។

បើដូច្នោះ ចូរ​អ្នក​ពិចារ​ណា​មើល​ សំសាវ​ដ្ដ​នេះ​ចុះ សេច​ក្ដី​សោក​នេះ ជា​គ្រឿង​ចំរើន​នៃ​មោហៈ​ទេ​តើ​ ចូរ​មើល​ហ៎ៈ!​
៨២ - (4)ថា​បើ​សេច​ក្ដី​ព្រាត់​ប្រាស​ជា​ហេតុ​នៃ​សេច​ក្ដី​សោក​ មិន​មែន​មោហៈ​ជា​ហេតុ​ទេ​ ហេតុ​អ្វី​ថ្ងៃ​ដែល​កន្លង​ទៅ​ៗ​ សេច​ក្ដី​សោក​ក៏​មិន​ចេះ​តែ​ចំរើន​ឡើង​ៗ​រាល់​ថ្ងៃ​ទៅ​ហៈ​?​។

នែអ្នក​ដ៏ចំរើន​អើយ​! ចូរ​ធ្វើ​ចិត្ដ​អោយ​ស្ងប់​លះ​លែង​និយាយ​ពី​សេច​ក្ដី​សោក​នេះ​អោយ​ស្រលះ​ទៅ​ ព្រោះ​ថា៖
៨៣ - សេច​ក្ដី​សោក​ធ្ងន់​ខ្លាំង​ណាស់​ ទុក​ដូច​ជា​សរ​ដែល​បាញ់​មក​មុត​ចំសាច់​ឈឺ​ជាង​គេ​ ហើយ​ជា​ធម្ម​ជាតិ​ត្រូវ​តែធ្លាក់​ចុះ​មក​ មិន​ចាំ​បាច់​សព្វ​សត្វ​គ្រប់​គ្នា​ដឹង​ខ្លួន​មុន​ទេ​ ការ​ប្រហារ​បំបាត់​សេច​ក្ដី​សោក​នេះ​មាន​តែ​ការ​មិន​គិត​មួយ​ទេ​ ដែល​ទុក​ជា​មហា​អោ​សថ​ទិព្វ​ជួយ​រក្សា​បាន​។ កាល​បាន​ស្ដាប់​ពាក្យ​ព្រាហ្មណ៍​កបិលៈ​ដូច្នេះ​ហើយ​ ព្រាហ្មណ៍​កៅ​ណ្ឌិន្យ​ ក៏​ដូច​ជា​ភ្ញាក់​ខ្លួន​ព្រើត​ ក្រោក​ឡើង​ហើយ​និយាយ​ថាៈ​ «អីលូវ​នេះ​ ការ​នៅ​ក្នុង​ផ្ទះ​នរក​ល្មម​ប៉ុណ្ណឹង​ហើយ​ ខ្ញុំ​ទៅ​នៅ ​ព្រៃ​ប្រសើរ​ជាង​»​។ ព្រាហ្ម​ណ៏ក​បិលៈ​និយាយ​ត​ទៅ​ទៀត​ថាៈ

៨៤ - ការ​នៅ​ក្នុង​ព្រៃ​ មាន​ទោស​កើត​ឡើង​ច្រើន​ប្រការ​ដល់​ជន​ដែល​ប្រកប​ដោយ​រាគ​ នៅ​ក្នុង​ផ្ទះ​ ការ​ផ្ទញ់​ផ្ទាល់​​អិន្រ្ទិយ​ទាំង​៥​ប្រកា​រ ក៏​ឈ្មោះ​ថា​ប្រពៃ​បំ​ពេញ​តបៈ​បាន​ដែរ​ ជន​ណា​មិន​ប្រ​ព្រឹត្ដ​កម្ម​លាមក​ ផ្ទៃ​នៃ​ជន​នោះ​ដែល​មាន​រាគៈ​រំលត់​ហើយ​ក៏​ឈ្មោះ​ថា​ជា​តបោ​វ័ន​ព្រៃ​បំពេញ​តបៈ​បាន​។
៨៥ - បុគ្គល​មាន​សេច​ក្ដី​ទុក្ខ​ ចង់​ប្រ​ព្រឹត្ដ​ធម៌​ ត្រេក​អរ​ពេញ​ចិត្ដ​នៅ​ក្នុង​អាស្រម​ណា​មួយ​ ហើយ​ធ្វើ​ចិត្ដិ​អោយ​មាន​​មេត្ដា​ផ្សាយ​ស្មើ​ភាគ​ទូ​ទៅ​ដល់​សព្វ​សត្វ​ទាំង​ឡាយ​ ក៏​ឈ្មោះ​ថា​ប្រ​ព្រឹត្ដ​ធម៌​បាន​ ព្រោះ​ថា ភេទ​ខាង​ក្រៅ​មិន​មែន​ជា​ហេតុ​នៃ​ធម៌​ទេ​។
៨៦ - ជន​ណា មាន​ភោជន​គ្រាន់​តែ​ញ៉ាំង​ជីវិត​អោយ​ប្រ​ព្រឹត្ដ​ទៅ​ មាន​មេ​ថុន​គ្រាន់​តែ​បណ្ដុះ​ពូជ​ មាន​វាចា​សំរាប់​តែ​ពោល​ពាក្យ​សច្ចៈ​ជន​នោះ​ឈ្មោះ​ថា​កន្លង​ផុត​នូវ​អុប​ស័គ្គ​ដ៏​លំបាក​បាន​ហើយ​។​
៨៧ - ម្នាល​បាណ្ឌុ​បុត្រ​! អាត្មា​យើង​នេះ​ទុក​ជា​ស្ទឹង​ ដ៏​មាន​ការ​សង្រួម​ជា​កំពង់​បុណ្យ​ (បុណ្យ​តិថិ​)​ មាន​ពាក្យ​សច្ចៈ​ជា​​ទឹក​​ មាន​សីល​ជា​ត្រើយ​ មាន​ករុណា​ជា​រលក​ អ្នក​អភិ​សេក​ គឺ​ចូល​មុជ​ក្នុង​ស្ទឹង​គឺ​អត្ដ​ភាព​នេះ​ចុះ​ អន្ដរា​ត្មា​គឺ​ចិត្ដ​ខាង​​ក្នុង​មិន​មែន​បរិ​សុទ្ធ​បាន​ដោយ​ទឹក​ទន្លេ​ទេ​។​
៨៨ - សំសារ​វដ្ដ​នេះ​ អិត​ខ្លឹម​សារ​ទេ​ កើត​ឡើង​ពេញ​ដោយ​អុប​ទ្រព​ចង្រៃ​ គឺ​ទុក្ខ​វេទ​នា​ដែល​កើត​ពី​កំណើត​ មរិត្យុ​ ជរា​ និង ព្យាធិ​ជន​ណា​មួយ​លះ​បង់​សំសារ​វដ្ដ​នេះ​បាន​ ទើប​បាន​សេច​ក្ដី​សុខ​។
៨៩ - ក្នុង​លោក​នេះ​មាន​តែ​សេច​ក្ដី​ទុក្ខ​មួយ​ចំណែក​ពិត​ មិន​មាន​សេច​ក្ដីសុខ​ទេ​ ដំណើរ​នេះ​ បុគ្គល​កំណត់​ឃើញ​ ជាក់​ច្បាស់​ណាស់​ព្រោះ​ថា​ កាល​បាន​ជួយ​ការ​ពារ​បុគ្គល​ដែល​មាន​សេច​ក្ដី​ទុក្ខ​អោយ​រួច​ស្រលះ​ហើយ​ ទើប​គេ​សំគាល់​ថា​មាន​សេច​ក្ដី​សុខ​បាន​។

កៅ​ណ្ឌិន្យ​និយាយ​សរ​សើរ​ក​បិលៈ​ «អ្នក​និយាយ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​»​។ តាំង​ពី​កាល​នោះ​មក ខ្លួន​ខ្ញុំ​ (ពស់) ត្រូវ​កៅ​ណ្ឌិន្យ​ដែល​សោយ​សោក​នេះ​ដាក់​បណ្ដា​សា​ថា​ តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ​ អែង​ត្រូវ​ ទៅ​ជា​ពាហនៈ​កង្កែប​កុំ​ខាន​ឡើយ​»​។ លំដាប់​ត​មក​ព្រាហ្ម​ណ៍​កបិលៈ​និយាយ​លួង​លោម​បន្ថែម​ទៀត​ថាៈ​ «អីលូវ​នេះ​ អ្នក​មិន​ចង់​ស្ដាប់​អុប​ទេស​ខ្ញុំ​ទេ​ ព្រោះ​ចិត្ដ​អ្នក​កំពុង​ពេញ​ដោយ​ពិស​គឺ​សេច​ក្ដី​សោក​ ដូច្នេះ​ត្រូវ​អ្នក​ចាំ​ស្ដាប់​អំ​ពើ​ដែល​ត្រូវ​ធ្វើ​ត​ទៅ​ទៀត​។
៩០ - គួរ​លះ​បង់​កិច្ច​ដែល​​ជាប់​ជំពាក់​នេះ​ចេញ​អោយ​ស្រលះ​ពី​ខ្លួន​ ថា​បើ​មិន​អាច​លះ​បង់​បាន​ទេ​ គួរ​សមា​គម​មួយ​អន្លើ​ដោយ​សប្បុ​រស​ទាំង​ឡាយ​ ព្រោះ​ថា កា​រស​មា​គម​មួយ​អន្លើ​ដោយ​សប្បុ​រស​ទាំង​ឡាយ​ ជា​ភេសជ្ជៈ​កែ​រោគ​សេច​ក្ដី​ទុក្ខ​បាន​។​
៩១ - គួរ​លះ​បង់​កាម​អោយ​ស្រលះ​ ថា​បើ​អត់​ទ្រាំ​ទប់​ទល់​កាម​មិន​បាន​ទេ​ គួរ​សេព​គប់​ចំពោះ​តែ​ភរិយា​ខ្លួន​មួយ​ប៉ុណ្ណោះ​ហើយ​ ព្រោះ​ថា​ភរិយា​ជា​ភេសជ្ជៈ​កែ​រោគ​បាន​។

កៅ​ណ្ឌិន្យ​ លុះ​បាន​ស្ដាប់​ហើយ​ ភ្លើង​គឺ​សេច​ក្ដី​សោក​ក៏​រលត់​ដោយ​ទឹក​អម្រឹត​ គឺ​ពាក្យ​អុប​ទេស​នៃ​កបិល​ព្រាហ្មណ៍​នោះ​ កាន់​យក​ឈើ​ច្រត់​ហើយ​ដើរ​ចេញ​ទៅ​បួស​តាម​លទ្ធិ​ពីធី​ទៅ​។ តាំង​ពី​កាល​នោះ​មក​ រូប​ខ្ញុំ​(ពស់) តាំង​ទី​ឋាន​នៅ​ទី​នេះ​ដើម្បី​ទទួល​ផល​បណ្ដា​សា​នៃ​កៅ​ណ្ឌិន្យ​ព្រា​ហ្មណ៍​ធ្វើ​ជា​ពាហនៈ​នៃ​កង្កែប​ទាំង​ឡាយ​។​ លំដាប់​នោះ​កង្កែប​ នោះ​បាន​ដឹង​ព្រឹត្ដិ​ការណ៍​នេះ​ហើយ​ ចូល​ទៅ​ប្រាប់​កង្កែប​ឈ្មោះ​ជល​បាទ​ជា​មេ​លើ​កង្កែប​ទាំង​ឡាយ​។​ កាល​មេ​កង្កែប​នោះ​មក​ដល់​ហើយ​ លោត​ទៅ​ជិះ​លើ​ខ្នង​ពស់​ដោយ​ក្ដី​រីក​រាយ​។ អែ​ពស់​ក៏​បញ្ជិះ​មេ​កង្កែប​ ហើយ​លូន​លោត​លែង​ កញ្ឆក់​កញ្ឆេង​ដោយ​ក្ដី​រីក​រាយ​សប្បាយ​តាម​អំពើ​ចិត្ដ​។ ចំណេរ​ត​មក​ ដោយ​ហេតុ​តែ​ខ្លួន​ចាស់​ជា​រា​ហើយ​អស់​កំលាំង​ ពស់​មិន​អាច​វា​លោត​លេង​ សប្បាយ​ដូច​សព្វ​មួយ​ដង​ ទើប​កង្កែប​សួរ​ថាៈ​ «នែ​អ្នក​ដ៏ចំ​រើន​អើយ​! ហេតុ​អ្វី​ថ្ងៃ​នេះ​ក៏​អ្នក​លូន​យឺត​ៗ​ម្លេះ​?​»​។ ពស់​ឆ្លើយ​ប្រាប់​ថា «ទេវៈ​! ខ្ញុំ​បាទ​អស់​កំលាំង​ណាស់​ព្រោះ​អត់​អាហារ​​មក​​យូរ​ថ្ងៃ​ហើយ​ បាន​ជា​លូន​លឿន​កញ្ឆក់​កញ្ឆេង​អោយ​សប្បាយ​មិន​បាន​»​។ មេ​កង្កែប​និយាយ​ថាៈ​ «បើ​ដូច្នោះ​ អែង​ចូរ​ស៊ី​កង្កែប​ចុះ​តាម​អាជ្ញា​យើង​ កាល​នោះ​ពស់​រីក​រាយ​សប្បាយ​ណាស់​និយាយ​ថាៈ​ «ខ្ញុំ​សូម​សំដែង​សេច​ក្ដី​រីក​រាយ​ដ៏​ក្រៃ​លែង​ចំពោះ​លោក​ម្ចាស់​»​ និយាយ​ហើយ​ក៏​លោត​ទៅ​ចាប់​កង្កែប​មក​ស៊ី​ជា​ចំណី​អាហារ​រឿយ​ៗ​ទៅ​ ស៊ី​ទាល់​តែ​អស់​កង្កែប​​ជាបរិ​វារ​ ហើយ​ក៏​ចាប់​មេ​កង្កែប​ស៊ី​ក្លែម​ចុង​បំផុត​ថែម​ទៀត​ ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ (ក្អែក​មេឃ​ពណ៌​) ពោល​ថា​ «អ្នក​ប្រាជ្ញ​» ដូច្នេះ​ជា​ដើម​ (លេខ​៦១)​។ ក្អែក​មេឃ​ពណ៌​និយាយ​ត​ទៅ​ទៀត​ថាៈ​ «ទេវៈ​! ពេល​នេះ​ គួរ​លើក​លែង​និយាយ​រឿង​បូរាណ​ចោល​ចេញ​ទៅ​ រាជ​ហង្ស​ហិរណ្យ​គភ៌ៈ​នេះ​ គួរ​យើង​ធ្វើ​សន្ដិ​ភាព​ស្ងប់​សឹក​ហើយ​ដោយ​ប្រការ​ទាំង​ពួង​ នេះ​ ជា​មតិ​ខ្ញុំ​បាទ​»​។ ក្ងោក​ចិត្រ​ពណ៌​ឆ្លើយ​តប​វិញ​ដោយ​យល់​ទាស់​ថាៈ​ «ការ​ពិចា​រណា​យល់​ឃើញ​របស់​អ្នក​ ម្ដេច​ក៏​យ៉ាង​នេះ​ហ្ន៎​? បើ​យើង​មាន​ជ័យ​ប្រាកដ​ដូច្នេះ​​ហើយ​ ត្រូវ​បង្គាប់​អោយ​វា​ចូល​មក​ជា​ឈ្លើយ​សឹក​របស់​យើង​ទើប​សម​ បើ​មិន​ដូច្នោះ​ទេ​ យើង​គួរ​លើក​ទ័ព​ទៅ​វាយ​កំទេច​វា​ម្ដង​ទៀត​»​។ ក្នុង​ខណៈ​ដែល​កំពុង​និយាយ​ សេក​មក​ដល់​ពី​ជម្ពូ​ទ្វីប​ ហើយ​ចូល​ទៅ​និយាយ​ប្រាប់​ក្ងោក​ចិត្រ​ពណ៌​ថាៈ​ «ទេវៈ​! អីលូវ​នេះ​ កុក​ឈ្មោះ​មហា​ពល​នៃ​សីហ​ល​ទ្វីប​លើក​ទ័ព​ចូល​ទៅ​លុក​វាយ​យក​ជម្ពូ​ទ្វីប​សោយ​រាជ្យ​ហើយ​»​។ ក្ងោក​ចិត្រ​ពណ៌​ភ្ញាក់​ព្រើត​សួរ​ភ្លាម​ថាៈ​ «ថា​ម៉េច​! ថា​ម៉េច​ហ៎ាៈ​?»​។ សេក​និយាយ​ប្រាប់​ប្រ​ព្រឹត្ដិ​ការណ៍​តាំង​ពី​ដើម​ដល់​ចុង​ ប្រាប់​គ្រប់​ប្រការ​។ ត្មាត​ទុរ​ទសី​ជា​ប្រធាន​រដ្ឋ​មន្ដ្រី​គិត​ក្នុង​ពោះ​​ខ្លួន​អែង​ថា​ «សាធុ​! ចាក្រ​ពាក​សវិជ្ញៈ​ប្រធាន​រដ្ឋមន្ដ្រី​ សាធុ​! សាធុ​!​។ ក្ងោក​ចិត្រ​ពណ៌​ក្រេវ​ក្រោធ​ច្រលោត​និយាយ​ថាៈ​ «ណ្ហើយ​បណ្ដោយ​អោយ​វា​នៅ​ក្នុង​ទី​នោះ​ចុះ​ អញ​នឹង​ទៅ​គាស់​រំលើង​ទាំង​រិស​ទាំង​គល់​វា​​អោយ​អស់​រ​លីង​អីលូវ​នេះ​»​។ ត្មាត​ទុរ​ទសី​ជា​ប្រធាន​រដ្ឋ​មន្ដ្រី​លឺ​ពាក្យ​នេះ​ហើយ​ សើច​ឃឹក​និយាយ​ថា​៖​

៩២ - បុគ្គល​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ក្ដុង​ក្ដាំង​ ដូច​ផ្គ​រគំរាម​គ្រេង​គ្រាំ​ដូច​មេឃ​ក្នុង​សរទ​​កាល​ទេ​ អ្នក​មាន​បុណ្យ​ធំ​មិន​ត្រូវ​ប្រកាស​ជ័យ​ រឺ​បរា​ជ័យ​នៃ​សត្រូវ​ទេ,

៩៣ - ព្រះ​រាជា​ជា​ធំ​ មិន​ត្រូវ​ធ្វើ​សង្រ្គាម​ក្នុង​កាល​តែ​មួយ​ចំពោះ​សត្រូវ​ច្រើន​នាក់​ទេ​ ដូច​ពស់​សូម្បី​មាន​ពិស​ក្លៀវ​ក្លា​ ត្រូវ​ហ្វូង​កណ្ដូប​បំផ្លាញ​សំលាប់​បាន​ដោយ​ពិត​, ទេវៈ​! លោក​ម្ចាស់​នឹង​លើក​ទ័ព​យាត្រា​ត្រលប់​ទៅ​វិញ​ដោយ​មិន​បាន​ធ្វើ​សន្ដិ​ភាព​រឺ​អ្វី​?​ ថា​បើ​ធ្វើ​ដូច្នេះ​មុខ​ជា​រាជ​ហង្ស​ហិរណ្យ​គភ៌​នឹង​លើក​មក​វាយ​រំខាន​យើង​ពី​ខាង​ក្រោយ​ខ្នង​មិន​ខាន​ឡើយ​ព្រោះ​

៩៤ - ជន​ពាល​ល្ងង់​ មិន​ដឹង​ច្បាស់​នូវ​សេច​ក្ដី​ពិត​នៃ​ប្រយោ​ជន៍​យក​តែ​អំណាច​នៃ​សេច​ក្ដី​ក្រោធ​ ជន​នោះ​នឹង​ត្រូវ​ក្ដៅ​ក្រហាយ​ស្ដាយ​ក្រោយ​ដូច​ព្រាហ្មណ៍​សំលាប់​ស្ការ​។ ក្ងោក​ចិត្រ​ពណ៌​សួ​រ​ថា រឿង​នោះ​តើ​ដូច​ម្ដេច​?​)។ ត្មាត​ទុរទសី​ជា ប្រធាន​រដ្ឋ​មន្រ្ដី​និយាយ​រៀប​រាប់​ប្រាប់​ថា​៖ តទៅកថា១២ តទៅកថា១២

(1) ហិតោ​ប​ទេស​ សេច​ក្ដី​ប្រែ​ជា​ភាសា​បារាំង​នៃ​លោក​ឡង់​សឺរ៉ូ​មាន​គាថា​លើស​ដូច្នេះ​គឺ​ ការ​ស្វែង​រក​ការ​ជាប់​​លាប់​ក​នៅ​ក្នុង​ជីវិត​មនុស្ស​ និង ការ​ស្វែង​រក​ការ​ជាប់​លាប់​ដើម​ចេក​ក៏​អិត​ប្រយោ​ជន៏​ដូច​គ្នា ដូច​គេ​ច​ង់​អោយ​ក្រ​ពេញ​ទឹក​ថិត​ថេរ​យូរ​ដូច្នោះ​ដែរ​។
(2) ព្រះ​រាជា​ក្នុង​សម័យ​បុរាណ​ដែល​សូម​ព្រះ​គង្គា​ អោយ​ហូរ​ចេញ​មក​ពី​ឋាន​សួគ៌​។
(3) ហិ​តោប​ទេស​សេច​ក្ដី​ប្រែ​ ជា​ភា​សា​បារាំង​នៃ​លោក​ឡង់​សឺរ៉ូ​មាន​គា​ថា​លើស​ដូច្នេះ​គឺ​ ការ​យំ​សោយ​សោក​ចំពោះ​ព្រះ​រាម​ ជា​បុត្រ​ព្រះ​រាយុ​ នៃ​ព្រះ​វរ​មាតា​បិតា​ និង ប្រយូរ​វង​ ដែល​ស្រលាញ់​ព្រះ​ នាំ​ធ្វើ​អោយ​ព្រះ​រាម​​ខាន​បាន​ឋាន​សួគ៌​ ដោយ​ការ​សំរក់​ទឹក​ព្រះ​នេត្រ​យំ​សោយ​សោក​ដល់​ព្រះ​អង្គ​នេះ​អែង​។
(4) ហិ​តោ​បទេស​សេច​ក្ដី​ប្រែ​ ជា​ភាសា​បារាំង​នៃ​លោក​ឡង់​សឺរូ​មាន​គាថា​លើស​ដូច្នេះ​គឺ​ បើ​មិន​ដូ​ច្នេះ​មិន​គួរ​គិត​ដល់​លោក​នេះ​ឡើយ​ ការ​សោយ​សោក​យ៉ាង​នេះ​ ទុក​ជា​សំដែង​អោយ​ឃើញ​មោហ៍​បាំង​ពិត​តែ​ម្ដង​​។