ថ្ងៃបុណ្យមាឃបូជា

ឱវាទបាតិមោក្ខ

   ឱវាទបាតិមោក្ខ គឺជាពាក្យប្រៀនដៅដ៏សំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ឬ យើងអាចនិយាយបានម្យ៉ាងទៀតថា គឺជាបេះដូងនៃព្រះពុទ្ធ សាសនា ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែង ដល់ព្រះភិក្ខុសង្ឃ ១២៥០រូប ដែលបានចូលទៅប្រជុំគ្នាដោយពុំមានការណាត់ទុកជាមុន នៅថ្ងៃពេញបូណ៌មីខែមាឃ ដែលយើងហៅថាមាឃបូជា ហើយដែលពុទ្ធសាសនិកជនគ្រប់ៗរូប គួរស្វែងយល់ និងសិក្សារៀនសូត្រអោយ បានគ្រប់ៗគ្នា។

   ការមិនធ្វើនូវអំពើអាក្រក់ទាំងឡាយ គឺកំចាត់ និង ការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតទាំងតាមផ្លូវកាយ ឬវាចា ។ ការធ្វើតែអំពើល្អ សំអាត ថែរក្សាចិត្ដ ភ្លឺជ្រះថ្លា គឺកំចាត់ហ្វូងកិលេសទាំឡាយអោយអស់រលីងធេង រហូតចិត្ដបរិសុទ្ធសាត។ ខន្ដិ គឺការអត់ធ្មត់ គឺជាតបៈយ៉ាងសំ ខាន់ ក្នុងការធ្វើអំពើល្អ និង កំចាត់អំពើអាក្រក់ ព្រះសម្មាសម្ពុទ្ធទាំងឡាយទ្រង់ត្រាស់ថា និព្វានជាបរមធម៌ ជាធម៌ដ៏សុខក្រៃលែង ជាធម៌អស់ ទៅនៃទុក្ខទាំងពួង។ អ្នកណាបៀតបៀន សម្លាប់ជីវិតអ្នកដទៃ អ្នកនោះមិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។ ការមិនច្រណែនឈ្នា និស តិះដៀលបៀតបៀនអ្នកដទៃ ការសង្រួមក្នុងបាតិមោក្ខ ការធ្វើជាអ្នកដឹងប្រមាណនៃការបរិភោគ មានទីដេកទីអង្គុយដ៏ស្អប់ស្ងាត់ ទាំងអស់ នេះជាពាក្យប្រៀនប្រដៅនៃព្រះសម្មាសម្ពុទ្ធទាំងឡាយ។

   គោលការណ៍នៃអ្នកកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និង ពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើអោយសំរេច។ សន្តិភាព ឬនិញ្វន មិនមែនកើតឡើងដោយការ សុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើត ឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្តស្រលាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គ ណាមួយឡើយ។

ព្រះភិក្ខុ សែម ចាន់ធីរ៍ ធម្មសិរី
ពន្យល់អំពីថ្ងៃបុណ្យមាឃបូជាដូចខាងក្រោមនេះ៖

   ៩ ខែ បន្ទាប់អំពីការត្រាស់ដឹង និង ៣ ខែមុនការបរិនិព្វានរបស់ព្រះបរមសាស្តា មានកាលសម័យ និងហេតុដ៏សំខាន់ ២ យ៉ាង ដែលពុទ្ធបរិ ស័ទទាំងអស់ទួទាំងសកលលោកមិនអាចបំភ្លេចបាន ហើយបាននាំគ្នាធ្វើការគោរពបូជារំឭកនឹកដល់មហាអភិលក្ខិតសម័យទាំងនោះ រហូត មកដល់សព្វថ្ងៃនេះ ហើយដែលយើងនិយមហៅថា មាឃបូជា ព្រោះតែងរឿងរ៉ាវទាំងនោះបានកើតឡើងត្រង់ចំពោះថ្ងៃពេញបូណ៌មី ១៥ កើតខែមាឃដូចគ្នា នោះឯង ។

   សួរថា តើព្រឹត្តិការណ៍ទាំងពីរប្រការនោះមានអ្វីខ្លះ?
   ឆ្លើយថា ព្រឹត្តិការណ៍ទាំងពីរប្រការនោះគឺ៖

  1. រំឭកដល់កាលដែលព្រះសាស្តាបានប្រជុំធ្វើចតុរង្គសន្និបាតព្រះភិក្ខុសង្ឃ ដើម្បីទ្រង់សម្តែងនូវព្រះឱវាទបាតិមោក្ខ ។
  2. កាលដែលព្រះអង្គទ្រង់ដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ។

     ស. តើហេតុអ្វីបានជាពួកពុទ្ធបរិស័ទនាំគ្នារំឭកដល់រឿងទាំងនោះ ?
     ឆ. ព្រោះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ។
     ស. តើសំខាន់ដូចម្តេចទៅ ដែលចាំបាច់ប្រារព្ធធ្វើជាប្រចាំយ៉ាងនេះ ?
     ឆ. ព្រះពុទ្ធទាំងឡាយគ្រប់ ៗ ព្រះអង្គ តែងធ្វើ ព្រោះដូច្នោះ បានជាចាំបាច់សម្រាប់ពុទ្ធបរិស័ទ។
     ស. ចុះចតុរង្គសន្និបាតនោះ មានន័យដូចម្តេចទៅ?
     ឆ. មានន័យថា ការប្រជុំប្រកបដោយអង្គ ៤
     ស. តើអង្គទាំង ៤ នោះ គឺអ្វីខ្លះទៅ ? ចូរបកស្រាយមកមើល ។

     ឆ. អង្គទាំង ៤ នោះ គឺ៖

  1. ជាថ្ងៃពេញបូណ៌មី ខែមាឃ ដែលមានព្រះចន្ទពេញវង់ ភ្លឺច្បាស់ល្អ
  2. ភិក្ខុចំនួន ១,២៥០ អង្គ បាននិមន្តមកកាន់អង្គប្រជុំដោយមិនបានណាត់គ្នាទុកជាមុន
  3. ភិក្ខុទាំងនោះ សុទ្ធតែជាព្រះអរហន្តខីណាស្រព បែកធ្លាយក្នុង បដិសម្ភិទា ៤ វិជ្ជា ៣ និង អភិញ្ញា ៦
  4. ភិក្ខុទាំងនោះ សុទ្ធតែបានឧបសម្បទាជា ឯហិភិក្ខុ

     ស. ភិក្ខុបួសដូចម្តេច បានជាហៅថា ឯហិភិក្ខុ ?
     ឆ . គឺភិក្ខុដែលបានបំបួសផ្ទាល់ដោយព្រះសម្មាសម្ពុទ្ធ ។
     ស. ចុះព្រះអង្គធ្វើសាវកសន្និបាតនេះ នៅក្នុងវស្សាទីប៉ុន្មានដែរ និងនៅទីណា?
     ឆ. ក្នុងកាលចេញវស្សាទី ១ គឺ ៩ ខែ បន្ទាប់ពីការត្រាស់ដឹង នាវត្តវេឡវ័ន ហៅព្រៃឬស្សី ។
     ស. កាលណោះ មានតែព្រះសង្ឃ ចំនួនតែ ១,២៥០ អង្គ ប៉ុណ្ណឹងទេឬ?
     ឆ. មិនមែនទេ គឺនៅមានច្រើនជាងហ្នឹងទៀត ។
     ស. ហេតុអ្វីបានជាមានត្រឹមតែ ១,២៥០ អង្គ ដូច្នេះ ដែលនិមន្តមកចូលរួមប្រជុំ ?
     ឆ. ព្រោះនៅក្នុងបឋមពោធិកាលនៅឡើយ មិនទាន់មានភិក្ខុសង្ឃច្រើននៅឡើយទេ នាក្រុងរាជគ្រឹះ ក្នុងកាលណោះ ហើយភិក្ខុ ៩០
     អង្គដទៃទៀត លោកមានភារកិច្ចផ្សព្វផ្សាយសាសនា នៅទីផ្សេង ៗ ។
     ស. តើភិក្ខុអង្គណាខ្លះដែលមិនបាននិមន្តមកចូលរួមអង្គប្រជុំដ៏សំខាន់នេះ ?
     ឆ. គឺបញ្ចវគ្គិយភិក្ខុ ទាំង ៥ ព្រះអង្គ ព្រះយស និងព្រះអរហន្តជាសម្លាញ់ទាំង ៥៤ ព្រះអង្គ និង ភទ្ទិយភិក្ខុដ៏ចម្រើនទាំង ៣០ រូប ។
     ស. ចុះភិក្ខុទាំង ១,២៥០ អង្គនោះ ជានរណាទៅវិញ ហើយមកពីណាដែរ ?
     ឆ. គឺ ជដិល ៣ នាក់ បងប្អូន និងពួកគណៈ រួមគ្នាជា ១,០០០ នាក់ ដែលព្រះអង្គបានបំបួសក្នុងព្រះរាជដំណើរមកកាន់ក្រុងរាជគ្រឹះ និង
     ព្រះសារីបុត្ត ព្រះមោគ្គល្លាន ជាមួយបរិវាររួមជា ២៥០ រូប ដែលបានបួសក្នុងវត្តនោះ ។
     ស. ចុះដែលថាព្រះសម្ពុទ្ធទ្រង់សម្តែងព្រះឱវាទបាដិមោក្ខនោះ តើព្រះអង្គសម្តែងធម៌អ្វីដែរ ? សូមលើកចំណុចណាមួយមកបញ្ជាក់ផង
មើល ។
     ឆ. ព្រះអង្គសម្តែងជាព្រះឱវាទទូន្មានដូចជាគោលធម៌ ដល់សាវ័កទាំងឡាយ សម្រាប់គោរពប្រតិបត្តិ។ ដូចជាព្រះឱវាទទីមួយមានបែប យ៉ាងនេះថា

សព្វបាបស្ស អករណំ    កុសលស្សូបសម្បទា
សចិត្តបរិយោទបនំ    ឯតំ ពុទ្ធាន សាសនំ

     កិរិយាមិនធ្វើនូវបាបទាំងពួង ១ កិរិយាបំពេញកុសល ១ កិរិយាសម្អាតចិត្តរបស់ខ្លួនឲ្យផូរផង់ ១ ទាំង ៣ នេះ ជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធ ទាំងឡាយគ្រប់ៗ ព្រះអង្គ ។
     ស. ព្រះឱវាទបាតិមោក្ខនេះ ព្រះភិក្ខុសង្ឃត្រូវសូធ្យរៀងរាល់កន្លះខែម្តងឬ ?
     ឆ. មិនមែនចាំបាច់សូធ្យរៀងរាល់កន្លះខែនោះទេ ហើយក៏មិនមែនសម្រាប់តែព្រះសង្ឃនោះដែរ ទោះជានរណាក៏អាចសូធ្យបានដែរ សូធ្យ កាន់តែញឹកគឺកាន់តែប្រសើរ សម្រាប់ដាស់តឿនចិត្តរបស់យើង ។
     ស. ចុះដែលថា ព្រះសង្ឃត្រូវសូធ្យបាតិមោក្ខរាល់កន្លះខែនោះ តើលោកសូធ្យធម៌អីវិញ បើមិនមែនធម៌ហ្នឹង ?
     ឆ. នុះ គឺលោកសូធ្យសិក្ខាបទដែលព្រះបានបញ្ញត្តទុកពេលក្រោយហើយទេ ហៅថា អាណាបាតិមោក្ខ មិនមែនឱវាទបាតិមោក្ខទេ ។
     ស. ណ្ហើយ! ចំណុចទីមួយប៉ុណ្ណឹងចុះ រីឯចំណុចទីពីរ វិញ តើមានសេចក្តីដូចម្តេចដែរ ? សូមថាមកមើល ។
     ឆ. ព្រះសម្មាសម្ពុទ្ធទ្រង់បានដាក់ព្រះជន្មាយុសង្ខារនៅចំពោះមុខមារាធិរាជយ៉ាងនេះថា៖

អប្បោសុកោ្ក ត្វំ បាបិម ហោហិ ន ចិរំ តថាគតស្ស បរិនិព្វានំ
ភវិស្សតិ ឥតោ តិណ្ណំ មាសានំ អច្ចយេន តថាគតោ បរិនិព្វាយិស្សតិ ។

     ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លង ៣ ខែអំពីថ្ងៃនេះទៅ តថាគត នឹងបរិនិព្វានហើយ ។

     ស. តើព្រះអង្គទ្រង់ដាក់នូវព្រះជន្មាយុនៅវស្សាទីប៉ុន្មាន នៅទីណាដែរ ?
     ឆ. គឺនៅវស្សាទី ៤៥ គឺ ៣ ខែមុនទ្រង់ចូលនិព្វាន នៅនាបាវាលចេតិយ ទៀបក្រុងវេសាលី ។
     ស. មុននឹងទ្រង់ប្រាប់សាវ័កថា ទ្រង់បរិនិព្វាននោះ តើទ្រង់មានព្រះដំបូន្មានយ៉ាងណាដែរទេ ?
     ឆ. ព្រះអង្គឲ្យព្រះអានន្ទប្រកាសហៅភិក្ខុសង្ឃមកជុំគ្នាក្នុងពេលនោះ រួចទ្រង់ត្រាស់ដូច្នេះថា៖

ហន្ទទានិ ភិក្ខវេ អាមន្តយាមិ វោ វយធម្មា សង្ខារាអប្បមា
ទេន សម្បាទេថ ន ចិរំ តថាគតស្ស បរិនិព្វានំ ភវិស្សតិ
ឥតោ តិណ្ណំ មាសានំ អច្ចយេន តថាគតោ បរិនិព្វាយិស្សតិ ។

   ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងដាស់តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយមានសេចក្តីវិនាសទៅជាធម្មតា អ្នកទាំងឡាយ ចូរញ៉ាំង កិច្ចទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាននឹងមានដល់តថាគតមិនយូរឡើយ កន្លង ៣ ខែអំពីថ្ងៃនេះទៅតថាគតនឹងបរិនិព្វាន ហើយ។ ដើម្បីរំឭកដល់ហេតុទាំងនេះ ទើបពួកពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើនូវ បុណ្យមាឃបូជា នេះ ។ សេចក្តីពិស្តារនៃចំណុចទីពីរ សូមអានព្រះ សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ មហាបរិនិព្វានសូត្រ លេខ ១៦ ទំព័រ ២១៥ ។

-----------------------------------------------------------