សុទ្ធិកបាចិត្ដិយ ៩២

   សុទ្ធកបាចិត្ដិយ ៩២ ចែកចេញជា៩វគ្គគឺ៖ មុសាវាទវគ្គទ១, ភូតគាមវគ្គទ១, អោវាទវគ្គ១, ភោជនវគ្គ១, អចេលកវគ្គ១, សុរាបានវគ្គ១, សប្បាណកវគ្គ១, សហធម្មិកវគ្គ១, រតនវគ្គទី១។

មុសាវាទវគ្គទ១

  • ១ - មុសាវាទ ភិក្ខុពោលពាក្យកុហកដោយមិនដឹងខ្លួន ត្រូវបាចិត្ដិយ។
  • ២ - អោមសវាទ ភិក្ខុពោលពាក្យចាក់់ដោតភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
  • ៣ - បេសុញ្ញ ភិក្ខុញុះញង់ភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
  • ៤ - បទសាធម្ម ភិក្ខុបង្រៀនធម៌ជាបទចំពោះអនុបសម្បន្ន ត្រូវបាចិត្ដិយ។
  • ៥ - បថមសហសេយ្យ ភិក្ខុដេកជាមួយគ្នានិងអនុបសម្បន្នឲ្យលើស ជាងពីរ ឬបីយប់ឡើងទៅ ត្រូវបាចិត្ដិយ។
  • ៦ - ទុតិយសហសេយ្យ ភិក្ខុដេកជាមួយគ្នា និងមាតុគ្រាម ត្រូវបាចិត្ដិយ។
  • ៧ - ធម្មទេសនា ភិក្ខុសំដែងធម៌ចំពោះមាតុគ្រាមឲ្យលើសជាង៦ មាត់ឡើងទៅ ត្រូវបាចិត្ដិយ។
  • ៨ - ភូតារោចន ភិក្ខុប្រាប់អុត្ដរិមនុស្សធម្ម ដែលខ្លួនបានពិតមែនដល់អនុបសម្បន្ន ត្រូវបាចិត្ដិយ។
  • ៩ - ទុដ្ឋុល្លារោចន ភិក្ខុប្រាប់ទុដ្ឋល្លាបត្ដិដល់អនុបសម្បន្ន ត្រូវបាចិត្ដិយវៀរលែងតែបាន សម្មតិពីសង្ឃ។
  • ១០ - បថវីខណន ភិក្ខុជីកដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឲ្យជីកក្ដីនូវផែនដី ត្រូវបាចិត្ដិយ។

ភូតគាម វគ្គទី២

  • ១ - ភូតគាម ភិក្ខុធ្វើភូតគាមឲ្យវិនាស ត្រូវបាចិត្ដិយ។
  • ២ - អញ្ញវាទក ភិក្ខុពោលពាក្យដ៏ទៃ ឬធ្វើឲ្យសង្ឃបានសេចក្ដីលំបាក ត្រូវបាចិត្ដិយ។
  • ៣ - អុជ្ឈាបនក ភិក្ខុបង្គាប់ភិក្ខុឯទៀត ឲ្យពោលទោសភិក្ខុផងគ្នា ឬតិះដៀលភិក្ខុផងគ្នាខ្លួនឯង ត្រូវបាចិត្ដិយ។
  • ៤ - បថមសេនាសន ភិក្ខុយកគ្រែក្ដី តាំងក្ដី ពួកក្ដី កៅអីក្ដី ជារបស់សង្ឃ ទៅតាំងទុកនៅទីវាលហើយ កាលចៀសចេញចាកទីនោះ
       មិនយកទៅទុកដាក់ដោយខ្លួនឯងក្ដី មិនប្រើអ្នកដទៃឲ្យយកទៅទុកដាក់ក្ដី ចៀសចេញទៅត្រូវចិត្ដិយ។
  • ៥ - ទុតិយសេនាសន ភិក្ខុយកកំរាលជារបស់សង្ឃមកក្រាលដេកក្នុងកុដិ ជារបស់សង្ឃ កាលនឹងចៀសចេញទៅចាកទីនោះ មិនយក
       ទៅទុកដាក់ដោយខ្លួនឯងក្ដី មិនប្រើអ្នកដទៃឲ្យយកទៅទុកដាក់ក្ដី ចៀសចេញទៅត្រូវបាចិត្ដិយ។
  • ៦ - អនុប្បខជ្ជ ភិក្ខុដឹងថាកុដិជារបស់សង្ឃ មានភិក្ខុចូលទៅនៅមុនហើយ ក្លែងយកកំរាលទៅក្រាលដេក ហើយបាន អង្គុយ ឬដេក
     ជ្រៀតបៀតក្នុងទីនោះ ដើម្បីនឹងឲ្យភិក្ខុដែលនៅមុននោះ មានសេចក្ដីចង្អៀតចង្អល់ទាស់ចិត្ដ ហើយនឹងចៀសចេញទៅត្រូវបាចិត្ដិយ។
  • ៧ - និក្កឌ្ឍន ភិក្ខុក្រោធខឹងនិងភិក្ខុផងគ្នា ហើយបណ្ដេញខ្លួនឯងក្ដី ប្រើគេឲ្យបណ្ដេញក្ដី ឲ្យចេញចាកកុដិរបស់សង្ឃ ត្រូវបាចិត្ដិយ។
  • ៨ - វេហាសកុដិ ភិក្ខុអង្គុយក្ដី ដេកក្ដី លើគ្រែ ឬតាំងដែលមានជើងគេគ្រា ន់តែផ្គុំទុក នៅមិនទាន់បានបោះគន្លាស់ ឬនៅមិនទាន់បានចង
       រូតរិតឲ្យណែន ដែលគេដាក់តំកល់នៅលើធ្នីរសំរាប់ទើរវត្ថុក្នុងកុដិ ត្រូវបាចិត្ដិយ។
  • ៩ - មហល្លក ភិក្ខុ នឹងយកដី ឬកំបោរបូកកុដិ គប្បីបូកយ៉ាងច្រើនបំផុត ត្រឹមបីជាន់ បើបូកឲ្យលើសជាងបីជាន់ ឡើងទៅ ត្រូវបាចិត្ដិយ។
  • ១០ - សប្បាណក ភិក្ខុដឹងថាទឹកមានសត្វរស់ ហើយយកទៅចាក់ស្រោច ខ្លួនឯង ឬប្រើគេឲ្យចាក់ស្រោចនូវស្មៅ ឬដី ត្រូវបាចិត្ដិយ។

ឱវាទ វគ្គទី៣

  • ១ - ភិក្ខុនោវាទ ភិក្ខុដែលសង្ឃមិនបានសន្មត ហើយពោលប្រដៅភិក្ខុនី ត្រូវបាចិត្ដិយ។
  • ២ - អដ្ឋង្គត សូម្បីភិក្ខុដែលសង្ឃបានសន្មតហើយ កាលបើព្រះអាទិត្យអស្ដង្គទៅហើយ ពោលពាក្យប្រដៅភិក្ខុនី ត្រូវបាចិត្ដិយ។
  • ៣ - ភិក្ខូនូបស្សយ ភិក្ខុចូលទៅប្រដៅភិក្ខុនីដល់ទីលំនៅ ត្រូវបាចិត្ដិយ វៀរលែងតែភិក្ខុនីដែលមានជំងឺ។
  • ៤ - អាមិស ភិក្ខុតិះដៀលភិក្ខុឯទៀតថា ភិក្ខុទាំងឡាយប្រដៅភិក្ខុនីព្រោះហេតុតែអាមិស ត្រូវបាចិត្ដិយ។
  • ៥ - ចីវរទាន ភិក្ខុឲ្យចីវរដល់ភិក្ខុនី ដែលមិនមែនជាញាតិ ត្រូវបាចិត្ដិយ វៀរលែងតែប្ដូរគ្នា។
  • ៦ - ចីវរសិព្វន ភិក្ខុដេរដោយខ្លួនឯងក្ដី ប្រើឲ្យអ្នកឯទៀតដេរក្ដី នូវចីវររបស់ភិក្ខុនីដែលមិនមែនជាញាតិ ត្រូវបាចិត្ដិយ។
  • ៧ - សំវិធាន ភិក្ខុបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា សូម្បីតែចន្លោះស្រុកមួយ ក៏ត្រូវបាចិត្ដិយ វៀរលែងតែផ្លូវដែលមាន
       រង្កៀស មានភ័យផ្សេងៗ។
  • ៨ - នាវាភិរូហណ ភិក្ខុបបួលភិក្ខុនីជិះទូកមួយជាមួយគ្នាទៅច្រាសទឹកក្ដី បណ្ដោយទឹកក្ដី ត្រូវបាចិត្ដិយ វៀរលែងតែជិះឆ្លងទទឹង។
  • ៩ - បរិបាចន ភិក្ខុដឹងហើយ ឆាន់ចង្ហាន់បិណ្ឌបាតដែលភិក្ខុចាត់ចែង ត្រូវបាចិត្ដិយ វៀរលែងតែចង្ហាន់ដែលគ្រហស្ថ គេផ្ដើមឡើងជាមុន។
  • ១០ - រហោនិសជ្ជ ភិក្ខុអង្គុយឬដេក ក្នុងទីកំបាំងតែពីរនាក់នឹងនាងភិក្ខុនីត្រូវបាចិត្ដិយ។

ភោជន វគ្គទី៤

  • ១ - អាវសថបិណ្ឌ ភិក្ខុមិនមានជំងឺ ត្រូវឆាន់អាវសថបិណ្ឌបាត (ភោជនាហារជាទាន ដែលគេចាត់ចែងក្នុងរោង មិនចំពោះបុគ្គណាៗ
        គេឲ្យជាទានត្រឹម តែមួយឆ្អែតម្នាក់ៗ)បានតែម្ដង បើឆាន់ឲ្យលើសកំណត់នេះទៅត្រូវបាចិត្ដិយ។
  • ២ - គណភោជន ភិក្ខុត្រូវបាចិត្ដិយ ព្រោះទទួលគណភោជនព្រមគ្នា វៀរលែងតែមានសម័យ គឺសម័យដែលមានជំងឺ១ សម័យ
       ដែលគេឲ្យចីវរ១ សម័យដែលគេធ្វើចីវរ១ សម័យដែលដើរផ្លូវឆ្ងាយ១ សម័យដែលឡើងជិះទូក១ សម័យដែលមានភិក្ខុច្រើនរូប១
        សម័យនៃសមណភត្ដ១។
  • ៣ - បរម្បរភោជន ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ ព្រោះឆាន់បរម្បរភោជន វៀរលែងតែមានសម័យ គឺសម័យដែលមាន ជំងឺ១ សម័យដែល
       គេឲ្យចីវរ១ សម័យដែលធ្វើចីវរ១។
  • ៤ - កាណមាតា បើទាយកបវរណាភិក្ខុ ដែលចូលទៅកាន់ត្រកូលដោយនំក្ដី ដោយសតូវក្ដី ដើម្បីឲ្យនាំទៅបានតាមប្រាថ្នា ភិក្ខុមាន
       សេចក្ដីត្រូវការ ត្រូវទទួលត្រឹមពេញពីរបីបាត្របាន បើទទួលឲ្យលើលពីកំណត់នេះទៅ ត្រូវបាចិត្ដិយ នំ ឬ សតូវដែលបានច្រើនមក
       នោះ ត្រូវរំលែកចែកឲ្យភិក្ខុឯទៀតឆាន់ផងទើបគួរ។
  • ៥ - បថមប្បវារណា ភិក្ខុឆាន់ហើយបានហាមហើយ ទំពាស៊ីក្ដី បរិភោគក្ដី នូវខាទនីយាហារ ឬភោជនីយាហារ ដែលជាអនតិរិត្ដៈ
       ត្រូវបាចិត្ដិយ។
  • ៦ - ទុតិយប្បវារណា ភិក្ខុមួយនាំភត្ដទៅបវារណា បង្ខំភិក្ខុដែលឆាន់ហើយ ហាមភោជនហើយ ដោយខាទនីយាហារឬភោជនាហារ
        ដែលជាអនតិរិត្ដៈនោះ ភិក្ខុនោះត្រូវបាចិត្ដិយ។
  • ៧ - វិកាលភោជន ភិក្ខុឆាន់ភោជន ឬខាទយាហារក្នុងវេលាវិកាល ត្រូវបាចិត្ដិយ។
  • ៨ -សន្និធិការក ភិក្ខុឆាន់ភោជន ឬខាទយាហារ ដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ត្រូវបាចិត្ដិយ។
  • ៩ - បណីតភោជន ភិក្ខុមិនមានជំងឺ សូមបណីតភោជន៩យ៉ាងគឺ៖
    • ទឹកដោះគោរាវ១, ទឹកដោះខាប់១, ប្រេង១, ទឹកឃ្មុំ១, ស្ករអំពៅ១, ត្រី១, សាច់១, ទឹកដោះស្រស់១, ទឹកដោះជូរ១
    • វត្ថុណាមួយអំពីគ្រហស្ថដើម្បីប្រយោជន៍ដល់ខ្លួនហើយឆាន់ ត្រូវបាចិត្ដិយ។
  • ១០ - ទន្ដបោណ ភិក្ខុឆាន់អាហារ ដែលមិនបានទទួលប្រគេន ត្រូវបាចិត្ដិ យវៀរលែងតែទឹកសុទ្ធ និង ឈើសូន។

អចេលកវគ្គទី៥

  • ១ - អចេលក ភិក្ខុឲ្យខាទនីយាហារ ឬភោជនីយាហារ ដល់អចេលកក្ដី បរិញ្វដកក្ដី បរិញ្វដកក្ដី ដោយដៃរបស់ខ្លួនត្រូវបាចិត្ដិយ។
  • ២ - អុយ្យោជន ភិក្ខុបបូលភិក្ខុដទៃទៅបិណ្ឌបាតជាមួយគ្នា គិតនឹងប្រព្រិត្ដ អានាចារ្យ ហើយបណ្ដេញភិក្ខុនោះអោយត្រលប់មកវិញ ត្រូវបាចិត្ដិយ។
  • ៣ - សភោជន ភិក្ខុរុករានចូលទៅអង្គុយក្នុងត្រកូលដែលមានជនតែពីនាក់ គឺប្ដីនិងប្រពន្ធ ត្រូវបាចិត្ដិយ។
  • ៤ - រហោបដិច្ចន្ម ភិក្ខុសំរេចការអង្គុយលើអាសនៈ ជាទីស្ងាត់កំបាំងជាមួយនឹងមាតុគ្រាម ត្រូវបាចិត្ដិយ។
  • ៥ - រហោនិសជ្ជ ភិក្ខុសំរេចការអង្គុយក្នុងទីស្ងាត់ជាមួយ និងមាតុគ្រាមតែ ម្នាក់ឯងនិងម្នាក់ ត្រូវបាចិត្ដិយ។
  • ៦ - ចរិត្ដ ភិក្ខុបានទទួលនិមន្ដន៍គេហើយ ឈ្មោះថាជាអ្នកមានភត្ដហើយ មិនបានលា ឬប្រាប់ភិក្ខុផងគ្នា ដែលមាននៅ ហើយត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្ដក្ដី ក្រោយភត្ដក្ដី ត្រូវបាចិត្ដិយ វៀរលែងតែមានសម័យ គឺសម័យដែលគេឲ្យចីវរ១ សម័យដែលធ្វើចីវរ១។
  • ៧ - មហានាម បើបវរណាដោយបច្ច័យ៤ កំណត់ត្រឹម៤ខែ ភិក្ខុគប្បីសូមគេបានត្រឹមតែកំណត់នោះប៉ុណ្ណោះ បើសូមឲ្យលើសកំណត់នោះទៅ ត្រូវបាចិត្ដិយ វៀរលែងតែគេបវរណាថែមទៀត ឬគេបវរណាជានិច្ច។
  • ៨ - អុយ្យុត្ដ ភិក្ខុទៅដើម្បីមើលកងទ័ពដែលគេលើកចេញទៅ ត្រូវបាចិត្ដិយ។ វៀរលែងតែមានហេតុ
  • ៩ - សេនាវាស បើភិក្ខុនោះ មានហេតុអ្វីមួយដែលគួរនឹងទៅ គប្បីនៅក្នុងកងទ័ពបានពីរ ឬបីរាត្រី បើនៅឲ្យលើសកំណត់នេះទៅ ត្រូវបាចិត្ដិយ។
  • ១០ - អុយ្យោធិក កាលបើភិក្ខុនៅក្នុងកងទ័ព តាមកំណត់នោះ ទៅកាន់ទី ដែលគេច្បាំងគ្នាក្ដី ទីដែលគេត្រួតពលក្ដី ទីដែលគេចាត់ក្បួនទ័ពក្ដី មើលពួកសេនាដែលគេរៀបក្បួនទ័ពហើយក្ដី ត្រូវបាចិត្ដិយ។

សុរាបានវគ្គទី៦

  • ១ - សុរាបាន ភិក្ខុផឹកសុរា និងមេរ័យ ត្រូវបាចិត្ដិយ។
  • ២ - អង្គុលិប្បតោទក ភិក្ខុចាក់ក្រឡេកប្រឡែងគ្នា ដោយជន្លូញគឺម្រាមដៃ ត្រូវបាចិត្ដិយ។
  • ៣ - ហាសធម្ម ភិក្ខុលេងទឹក ត្រូវបាចិត្ដិយ។
  • ៤ - អនាទរិយ ភិក្ខុសំដែងសេចក្ដីមិនអើពើ ត្រូវបាចិត្ដិយ។
  • ៥ - ភិសាបន ភិក្ខុពញ្ញាក់ ឬបន្លាចភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
  • ៦ - ជោតិសមាទហន ភិក្ខុមិនមែនជំងឺ បង្កាត់ភ្លើងខ្លួនឯងក្ដី ប្រើអ្នកដទៃឲ្យបង្កាត់ក្ដី ដើម្បីនឹងអាំង ត្រូវបាចិត្ដិ យវៀរលែងតែមានហេតុ។
  • ៧ - នហាន ភិក្ខុ (នៅក្នុងមជ្ឈឹមប្រទេស) បើមិនទាន់ដល់កន្លះខែហើយ ងូតទឹក ត្រូវបាចិត្ដិយវៀរលែងតែមានសម័យ។
  • ៨ - ទុព្វណ្ណករណ ភិក្ខុបានចីវរថ្មីមកហើយ បើត្រូវការប្រើប្រាស់ គប្បីធ្វើពិន្ទុ ដោយពណ៌បីយ៉ាងគឺ ពណ៌ខៀវ១ ពណ៌ ភក់១ ពណ៌ខ្មៅជាំ១ ពណ៌ណានិមួយសិន បើមិនធ្វើពិន្ទហើយប្រើប្រាស់ ត្រូវបាចិត្ដិយ។
  • ៩ - វិកប្បន ភិក្ខុបានវិកប្បចីវរដោយខ្លួនឯងចំពោះភិក្ខុក្ដី ភិក្ខុនីក្ដី សិក្ខមានក្ដី សាមណេរក្ដី សាមណេរីក្ដី អ្នកទទួលវិកប្បមិនបានដកវិកប្បឲ្យសិន ស្រាប់ តែយកចីវរនោះមកប្រើប្រាស់ ត្រូវបាចិត្ដិយ។
  • ១០ - អបនិធាន ភិក្ខុលាក់ខ្លួនឯង ឬប្រើគេឲ្យលាក់ នូវបរិក្ខារ គឺបាតក្ដី ចីវរក្ដី និសីទនៈក្ដី បំពង់ម្ជុលក្ដី វត្ដពន្ធក្ដី របស់ភិក្ខុផងគ្នា ដោយមានបំណង នឹង សើចលេង ត្រូវបាចិត្ដិយ។

សប្បាណកវគ្គទី៧

  • ១ -សញ្ចិច្ចបាណ ភិក្ខុក្លែងសំលាប់សត្វមានជីវិត ត្រូវបាចិត្ដិយ។
  • ២ -សប្បាណក ភិក្ខុកាលដឹងថា ទឹកមានសត្វរស់ហើយប្រើប្រាស់ទឹកនោះ ត្រូវបាចិត្ដិយ។
  • ៣ - អក្ដោដន ភិក្ខុកាលដឹងថា អធិករណ៍ដែលសង្ឃបានរំងាប់ដោយត្រឹមត្រូវតាមធម៌ហើយ ត្រលប់សើរើជាថ្មីវិញត្រូវបាចិត្ដិយ។
  • ៤ - ទុដ្ឋុល្លប្បដិច្ឆានទ ភិក្ខុកាលដឹងហើយបិទបាំងទុកនូវ ទុដ្ឋុល្លាបត្ដិ របស់ ភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
  • ៥ - អុនវីសភិវស្ស ភិក្ខុកាលដឹងហើយ ឲ្យសម្បទាដល់បុគ្គលដែល មានអាយុមិនទាន់គ្រប់២០ឆ្នាំ ត្រូវបាចិត្ដិយ។
  • ៦ - ថេយ្យសត្ថ ភិក្ខុកាលដឹងហើយ បបួលពួកឈ្មួញជាចោរ ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ដោយហោចទៅសូម្បីតែចន្លោះស្រុកមួយ ត្រូវបាចិត្ដិយ។
  • ៧ - សំវិធាន ភិក្ខុបបួលមាតុគ្រាមដើរទៅផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីតែចន្លោះស្រុកមួយ ត្រូវបាចិត្ដិយ។
  • ៨ - អរិដ្ឋ ភិក្ខុប្រកាន់ទិដ្ឋិបាបខុសធម៌វិន័យ ភិក្ខុឯទៀតហាមប្រាមមិនស្ដាប់ សង្ឃបានសូត្រសមនុភាសនកម្ម ចប់អនុស្សាវនាជាគំរប់៣ហើយ នៅតែមិនលះបង់ ត្រូវបាចិត្ដិយ។
  • ៩ - អុក្ខិត្ដសម្ភោគ ភិក្ខុដឹងថាភិក្ខុនោះមិនទាន់លះបង់ទិដ្ឋិបាប ហើយបរិភោគរួមគ្នាក្ដី នៅរួមគ្នាក្ដី ត្រូវបាចិត្ដិយ។
  • ១០ - កណ្ឌក ភិក្ខុដឹងថា សាមណេរដែលភិក្ខុឯទៀតឲ្យវិនាសហើយ ព្រោះទោសដែលឃើញខុសចាកធម៌វិន័យហើយ ប្រលោមសាមណេរនោះឲ្យមកបំរើខ្លួនក្ដី រួមបរិភោគក្ដី សំរេចការដេកជាមួយគ្នាក្ដីត្រូវបាចិត្ដិយ។

សហធម្មិកវគ្គទី៨

  • ១ -សហធម្មិក ភិក្ខុប្រព្រឹត្ដអាណាចារ ភិក្ខុឯទៀតដាស់តឿន ក៏និយាយប្រកែកថា ខ្ញុំករុណាមិនទាន់សិក្សាសិក្ខាបទនេះទេ ចាំសាកសួរលោកអ្នកចេះដឹង អ្នកទ្រទ្រង់វិន័យសិន ពោលពាក្យដូច្នេះ ត្រូវបាចិត្ដិយ។
  • ២ -វិលេខន ភិក្ខុដទៃកំពុងសំដែងបាតិមោក្ខ ភិក្ខុនិយាយយ៉ាងនេះថា ប្រយោជន៍អ្វីដោយសិក្ខាបទតូចតាច ដែលសំ ដែងហើយទាំងនេះ សិក្ខាបទទាំងនេះប្រព្រឹត្ដទៅគ្រាន់តែដើម្បីសេចក្ដីក្ដៅក្រហាយចិត្ដ សេចក្ដីលំបាកចិត្ដ និងសេចក្ដីរសេមរសាមចិត្ដប៉ុណ្ណោះឯង ត្រូវបាចិត្ដិយ។
  • ៣ - មោហន ភិក្ខុណាមួយ កាលបើភិក្ខុឯទៀតកំពុងសំដែងបាតិមោក្ខ ពោលយ៉ាងនេះថា ខ្ញុំទើបតែដឹងអំបាញ់មិញនេះឯងថា សេចក្ដីនេះមានក្នុងបាតិមោក្ខ បើភិក្ខុឯទៀតដឹងថា ភិក្ខុនោះធ្លាប់ដឹងមកពីមុនហើយតែពោលដូច្នោះ គឺក្លែងពើធ្វើមិនដឹងទៅទេ សង្ឃគប្បីសូត្រប្រកាស មោហោរោបនកម្ម កាលបើសង្ឃ សូត្រកម្មនោះចប់ហើយ នៅតែក្លែងពើដូច្នោះទៀត ត្រូវបាចិត្ដិយ។
  • ៤ - បហារទាន ភិក្ខុក្រោធខឹងហើយប្រហារភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
  • ៥ -តលសត្ដិក ភិក្ខុក្រោធខឹងហើយងារឡើងនូវលំពែងគឺបាតដៃ សំដៅភិក្ខុផងគ្នា ត្រូវបាចិត្ដិយ។
  • ៦ - អមូលក ភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្ដិសង្ឃាទិសេសមិនមានមូល ត្រូវបាចិត្ដិយ។
  • ៧ - សញ្ចិច្ច ភិក្ខុក្លែងបង្ករហេតុឲ្យមានសេចក្ដីរង្កៀសសង្ស័យដល់ភិក្ខុផងគ្នា សូម្បីមួយស្របក់ ត្រូវបាចិត្ដិយ។
  • ៨ - អុបស្សុតិ កាលបើភិក្ខុទាំងឡាយកំពុងវិវាទទាស់ទែងគ្នា ភិក្ខុទៅលបចាំស្ដាប់ដោយគិតថា គេនិយាយពាក្យណាអញ នឹង ស្ដាប់ពាក្យនោះ ហើយមានបំណងនឹងចោទផង ត្រូវបាចិត្ដិយ។
  • ៩ - កម្មប្បដិពាហន ភិក្ខុបានឲ្យឆន្ទៈដើម្បីកម្មទាំងឡាយដែលប្រកប ដោយធម៌ហើយ ដល់មកខាងក្រោយ ត្រលប់តិះដៀលវិញត្រូវបាចិត្ដិយ។
  • ១០ - បក្កមន កាលបើសង្ឃកំពុងប្រជុំគ្នាវិនិច្ឆ័យអធិករណ៍ ភិក្ខុមិនឲ្យឆន្ទៈហើយក្រោកចាកអាសនៈចៀសចេញទៅ ត្រូវបាចិត្ដិយ។
  • ១១ - ខីយធម្ម ភិក្ខុព្រមព្រៀងជាមួយនិងសង្ឃ បានឲ្យចីវរដល់ភិក្ខុរូប ណាមួយហើយ លុះមកខាងក្រោយត្រលប់តិះដៀលថា ការឲ្យនោះគឺដោយយល់មុខ ត្រូវបាចិត្ដិយ។
  • ១២ - បរិណាមន ភិក្ខុដឹងហើយ បង្អោនលាភដែលគេបំរុងនឹងប្រគេនសង្ឃ ត្រលប់មកដើម្បីបុគ្គលវិញត្រូវបាចិត្ដិយ។

រតនវគ្គទី៩

  • ១ - អង្ដេនបុរ ភិក្ខុមិនបានទទួលព្រះរាជនុញ្ញាតិជាមុនហើយ ចូលទៅក្នុងល្វែងក្រឡាព្រះបន្ទំ ដែលព្រះមហាក្សត្រមុទ្ធាពិសិត្ដរាជ កំពុងគង់ជាមួយព្រះមហេសី ត្រូវបាចិត្ដិយ។
  • ២ - រតន ភិក្ខុរើសខ្លួនឯង ឬប្រើគេឲ្យរើស នូវរតនក្ដី នូវវត្ថុដែលគេ សន្មតជារតនៈក្ដី ត្រូវបាចិត្ដិយ វៀរលែងតែក្នុងវត្ដ ឬក្នុងទីនៅអាស្រ័យដែលភិក្ខុត្រូវ តែរើសទុកឲ្យគេផង។
  • ៣ - វិកាលគាមប្បវេសន ភិក្ខុមិនបានលាភិក្ខុផងគ្នាដែលមាននៅ ហើយ ចូលទៅកាន់ស្រុកក្នុងវេលាវិកាលត្រូវបា ចិត្ដិយ វៀរលែងតែមានកិច្ចប្រញឹកប្រញាប់។
  • ៤ - សូចិឃរ ភិក្ខុឲ្យគេធ្វើបំពង់ម្ជុល ជាវិការនៃឆ្អឹងក្ដី ជាវិការនៃភ្លុកក្ដី ជាវិការនៃស្នែងក្ដី ត្រូវភេទនកបាចិត្ដិយ។
  • ៥ - មញ្ច ភិក្ខុឲ្យគេធ្វើគ្រែថ្មីក្ដី តាំងថ្មីក្ដី គប្បីធ្វើឲ្យមានជើងកំពល់ត្រឹម៨ធ្នាប់ ដោយធ្នាប់ព្រះសុគត បើធ្វើឲ្យលើសពីណត់នោះទៅ ត្រូវឆេទនកបាចិត្ដិយ។
  • ៦ - តូលោនន្ធ ភិក្ខុឲ្យគេធ្វើគ្រែថ្មីក្ដី តាំងថ្មីក្ដី ញាត់ដោយគរ ឬសំលី ត្រូវអុទ្ទាឡនកបាចិត្ដិយ។
  • ៧ - និសីទន ភិក្ខុឲ្យគេធ្វើសំពត់និសីទនៈ គប្បីឲ្យគេធ្វើឲ្យត្រូវ និងប្រមាណគឺ បណ្ដោយ ២ចំអាម ទទឹង ១ចំអាយកន្លះ ដោយចំអាមព្រះសុគត បើធ្វើឲ្យកន្លងហួសពីនោះទៅ ត្រូវឆេទនកបាចិត្ដិយ។
  • ៨ - កណ្ឌុប្បដិច្ឆាទិ ភិក្ខុឲ្យគេធ្វើសំពត់សំរាប់គ្របបូស ឬកម គប្បីឲ្យគេធ្វើឲ្យត្រូវនិងប្រមាណ គឺ បណ្ដោយ ៤ចំអាម ទទឹង ២ចំអាម ដោយចំអាមព្រះសុគត បើធ្វើឲ្យកន្លងនោះទៅ ត្រូវឆេទនកបាចិត្ដិយ។
  • ៩ - វស្សិកសាដិកា ភិក្ខុឲ្យគេធ្វើសំពត់ សំរាប់ងូតទឹកភ្លៀងគប្បីឲ្យគេធ្វើឲ្យត្រូវនិងប្រមាណ គឺបណ្ដោយ ៦ចំអាម ទទឹង ២ចំអាមកន្លះ ដោយចំអាមព្រះសុគត បើធ្វើឲ្យកន្លងហួសពីនោះទៅ ត្រូវឆេទនកបាចិត្ដិយ។
  • ១០ - នន្ទ ភិក្ខុឲ្យគេធ្វើចីវរប៉ុនចីវរព្រះសុគត ឬធំជាង ត្រូវឆេទនកបាចិ ត្ដិយ ឯចីវរព្រះសុគតនោះ គឺបណ្ដោយ ៩ចំអាម ទទឹង ៦ចំអាម ដោយចំអាមព្រះសុគត។

បាដិទេសនិយ៤

  • ១ - ហត្ដតោបដិគ្គហណ ភិក្ខុទទូលខាទនីយភោជនីយាហារ អំពីដៃភិក្ខុនី មិនមែនជាញាតិដែលចូលទៅកាន់ចន្លោះផ្ទះ ដោយដៃខ្លួនឯងមកបរិភោគ ត្រូវបាដិទេសនីយ។
  • ២ - កុលេសុ និមន្ដិត ភិក្ខុកំពុងឆាន់ បើមានភិក្ខុនីមកហែហៃឲ្យគេយករបស់នេះរបស់នោះប្រគេនភិក្ខុ ភិក្ខុគប្បីបណ្ដេញភិក្ខុនីនោះចេញបើមិនបណ្ដេញចេញទេ ត្រូវបាដិទេសនីយ។
  • ៣ - សេក្ខសម្មត ភិក្ខុមិនមានជំងឺ ទទួលខាទនីយភោជនីយាហារ អំពីត្រកូលដែលសង្ឃសន្មតថាជាសេក្ខត្រកូលហើយ ដែលគេអិតបាននិមន្ដឡើយយកមកបរិភោគ ត្រូវបាដិទេសនីយ។
  • ៤ - អារញ្ញកសេនាសន ភិក្ខុនៅក្នុងសេនាសនៈក្នុងព្រៃ ដែលជាទីមានរង្កៀសមានភ័យ បើមិនមានជំងឺទេ ទទួលខាទនីយភោជនីយាហារអំពីទាយកដែល គេមិនបានឲ្យដំណឹងជាមុនដោយដៃខ្លួនឯងមកបរិភោគត្រូវបាដិទេសនីយ។

-----------------------------------------------------------