ព្រះពុទ្ធសាសនាដូចម្ដេច?

ដោយ ព្រះវីរិយបណ្ឌិតោ ប៉ាង-ខាត់
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធុស្ស
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធុស្ស
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធុស្ស
អ្នកមេគិត (Grands Penseurs) ទាំងអស់ បានធ្វើការពិសោធន៍ពីលទ្ធិសាសនា ពិសោធហើយ ពោលអះអាងថាមាន «អាទិទេព» (Dieu) ជាមហេសូរ «មហាទេពជាកំពូល» ឬ ប្រជាបតិ «ម្ចាស់សព្វសត្វ» ។ គំនិតបែបនេះមាននៅក្នុងគម្ពីរលទ្ធិសាសនា មានគម្ពីរវេទ (ឧបនិបទ) និងសៀវភៅជាស្នាដៃលោកប្លាតុង (Platon) អារិស្តូត (Aristote) ជាដើម ។ នៅក្នុងសៀវភៅ សាំងតូម៉ាសដាកាំង (Saint Thomas D’Aquin) មានសេចក្តីថា បានពិសោធឃើញថាមានអាទិទេពហើយដែរ ។
ទស្សនវិទូ ដូចលោក កង់ (Kant) បញ្ចោញទ្រឹស្តីថា “ជំនឿដែលជឿស៊ប់ថា មានអាទីទេពតែងតែមានកើតនៅក្នុងសន្តានចិត្តមនុស្សទូ ទៅ” ។ លោក ហេគេល (Hegel) ស្តីទុកថា “គំនិតដែលជឿថាមានអាទិទេពនេះកើតមានឡើង ក៏កើតដោយសារតែមានវិជ្ជាដែលជារបស់ មនុស្សនេះឡើង” ។ រីលោក មហាត្មគន្ធិ លោកចូលចិត្តមានប្រសាសន៍ថា “សច្ចធម៌ ជាអាទិទេព” តែ “អាទិទេពពុំមែនជាសច្ចធម៌ទេ” (Truth is god and not is truth) ។
ដូច្នេះ លទ្ធិសាសនាទាំងអស់ ឬ ពាហិរសាសនា (Religions) ជាមេនាំអាទិធ្វើអោយមានជំនឿថាមាន “អាទិទេព” ហើយអាទិទេពនេះ មិន គឺអ្វីដទៃទេគឺ “សច្ចធម៌” នេះឯង (God is truth) ពោលគឺ អាទិទេពនេះជា “ភាវៈនៃសច្ចធម៌ = សត្យស្វរូប” ។ សេចក្តីនេះ បើនិយាយ អោយងាយយល់ យើងគួរនិយាយថា “អ្នកមេគិតទាំងអស់ បានគន់គិតរកថាអ្វីជាសេចក្តីពិត = សច្ចធម៌” រកទៅឃើញតាមគំនិតរបស់ខ្លួន ហើយបញ្ញត្តនាមតាមភាសារបស់ខ្លួន បើជាហិណ្ឌូថា ទេវៈ “ទេពតា” បើជាអ្នកបស្ចឹមថា Dieu ”អាទិទេព” បើជាចិនថា តៅ “សភាវធម៌” តមក ក្នុងកាលជាខាងក្រោយ នាមទាំងនេះ កើតបានជាបញ្ញត្តសព្ទ ( Concept) ជាប់ក្នុងសន្តានចិត្ត ហើយមានជំនឿឥតហេតុផល (Foi, croyance) នៅកើតឡើង ទើបប្រកាន់យកទិដ្ឋិ (Dogme) របស់ខ្លួន ។ ព្រះយេស៊ូគ្រិស្ត (Jesus Christ) សំដែងទុកថា “សច្ចធម៌មាននៅ ក្នុងខ្លួនយើង ហើយធ្វើអោយខ្លួនយើងមានសេរីភាព” ។ ឯពាក្យដែលព្រះយេស៊ូទេសនាទុកថា “ចូរស្នេហាចំពោះព្រះអាទិទេពអោយអស់ ពីចិត្ត” នោះ បានសេចក្តីថា “ចូរស្នេហាព្រះអាទិទេពដោយប្រាជ្ញាជាធម៌សំខាន់ដែលមាននៅក្នុងខ្លួនមនុស្សលោក” ។
សេចក្តីពិត ដើមឡើយ គម្ពីររិគ្វេទ បានបញ្ជាក់ថា ធម្មជាតិ គឺ ទឹក-ដី-ភ្លើង-ខ្យល់ ជាវត្ថុធាតុដើម ដែលជនហិណ្ឌូយល់ថា ញ៉ាំងជីវិតខ្លួន អោយរស់នៅបាន ទើបគេនាមថាជា “ទេវៈ =ទេវតា” មិនគឺអ្វីដទៃទេ ។ តមក ក្នុងកាលជាខាងក្រោយ អស់កាលយូរច្រើនសតវត្សរ៍ ទើប ពាក្យថា “ទេវៈ” នេះឯង រីកសាយន័យ ហើយកើតបានទៅជា “មហេសូរ ឬ ប្រជាបតិ”(Dieu)ទៅតាមសភាវគតិ ជាធម្មតាមនុស្សលោក។ សព្វថ្វៃនេះ ពាក្យថា “ទេវៈ” ដែលគ្រាន់តែជាតួបុគ្គលាធិដ្ឋាន ឬជាបញ្ញត្តសព្ទ (Concept) នេះ កើតជាឧបក្កិលេស ធ្វើអោយសៅហ្មង ចាក់ រិសគល់ជាប់ស្អត្អិក្នុងសន្តានចិត្តមនុស្សសត្វទួទៅ ក៏បបួលគ្នា ឬបង្ខំអោយយល់ថាជា “សច្ចធម៌” ពោលគឺ “អាទិទេព” ពិតប្រាកដ ហើយ ចងជាទ្រឹស្តីទុកថា “មានទេពតា” ដែលទស្សនវិទូទួទៅប្រើពាក្យថា ភាពមានអត្ថិភាព (Entité) នៃទេពតា ។
ឯពាក្យដែលថា “ទេវៈ” ជា “សច្ចធម៌” ឬជា “ឯកសទអធ្វិតីយម” មានសច្ចតែមួយ មិនមានពីរ (Unique) នេះទៀត ក៏ជាទ្រឹស្តីរបស់ មនុស្សដែលជឿថា “មានទេពតា” ជាពាក្យវាយសេចក្តីអោយឃើញថា “មានពិត” ប្រសើរវិសេស ហើយគេទុកជា “សច្ចធម៌” ។ សច្ច ធម៌នេះ បើជាមានពិតមែន ក៏ជាសម្មតសច្ច “សច្ចដោយសន្មត” ពុំមែនជាអរិយសច្ច “សច្ចប្រសើរពិត” នោះទេ ។
ព្រះសម្ពុទ្ធសមណគោតម ទ្រង់ពុំមែនជា “អាទិទេព” (God Dieu) ដូចជាមានទ្រឹស្តីនៃលទ្ធិសាសនា ឬពាហិរសាសនា បានបញ្ញត្តទុកមក នោះទេ ។ ព្រះអង្គជា “មនុស្ស” មនុស្សរកសភាវធម៌ពិត ឃើញតាមពិត ហើយទ្រង់បានជា “អ្នកយថាភូត” (Objectif) ទ្រង់ឃើញតាម ពិតថា “ការកើត = ជាតិ” នេះជាទុក្ខ ពោលគឺ “បើមានកើត = ជាតិ” នេះហើយ ធម៌ទាំងឡាយដែលជាបច្ច័យ គឺជរា ព្យាធិ មរណៈ ក៏តែង តែកើតមានឡើងជាធម្មតា ។ ទ្រង់ឃើញសភាវធម៌ពិតថា “លោកនេះជាទុក្ខ” ដូច្នេះហើយ ទើបទ្រង់ស្វះស្វែងរកផ្លូវប្រតិបត្តិ “បដិបទា” ជាសន្តិវរបទ “សន្តិភាពស្ថាពរ” ហៅថា មជ្ឈិមាបដិបទា គឺផ្លូវកណ្តាល ផ្លូវត្រង់ ជាផ្លូវដែលអាចដោះលោក គឺទុក្ខនៃមនុស្សជាតិនេះ បាន អស់ជើង មិនគួរមានសន្ទិះសង្ស័យឡើយ ។
តើព្រះសម្ពុទ្ធនេះ គឺអង្គលោកណា?
ប្រមាណជា៦២៣ឆ្នាំ មុនគ្រិស្តសករាជ កាលនោះ មានសក្យរាជមួយព្រះអង្គ កើតឡើងក្នុងរដ្ឋនេប៉ាលដែនដីប្រទេសឥណ្ឌា មាននាមប្រា កដថា គោតម សិទ្ធត្ថរាជកុមារ ។ ព្រះជន្មាយុ១៦វស្សាទង់រៀបចំមង្គលាភិសេកជាមួយព្រះនាងពិម្ពាយសោធរា ដែលជាខត្តិយាណីព្រះ ញាតិដ៏ជិត ។
អស់កំលុង ១៣វស្សា ក្រោយប្រាប្តាភិសេក ទ្រង់សោយក្តីសុខជាខត្តិយ សុខុមាលជាតិ ។ ទ្រង់ប្រថាប់នៅក្នុងផ្ទៃព្រះបរមរាជវាំង បរិបូណ៌ ដោយផាសុកគ្រប់ប្រការ មានប្រាសាទ៣ខ្នងសំរាប់រដូវកាលទាំង៣ មួយអន្លើដោយស្រីស្នំក្រមការស្រឹង្គារ ច្រៀងរាំ ប្រគំ ដេញ ដំ តូរ្យ តន្ត្រីកំសាន្តព្រះរាជហរិទ័យឥតមានមោះហ្មងអ្វីឡើយ សូម្បីតែគ្រឿងទ្រង់ព្រះពស្ត្រភូសា ក៏សុទ្ធសឹងតែកោសេយ្យពស្ត្រដែនកាសី ទ្រង់ ពុំដែលបាននឹកនាដល់ទុក្ខវេទនា ក្នុងជីវភាពប្រជាជនព្រះអង្គ ដែលរស់នៅក្រៅទ្វារព្រះបរមរាជវាំងឡើយ ។ លុះកាលវេលាមកដល់ ទើប សច្ចធម៌កើតមានឡើងនៅក្នុងព្រះទ័យព្រះអង្គ ។
ព្រះជន្មាយុ២៩វស្សា ព្រះសិទ្ធត្ថរាជកុមារ ស្តេចចេញប្រពាតក្រសាលកំសាន្តព្រះទ័យខាងក្រៅព្រះបរមរាជវាំង ទ្រង់បានជ្រាបសេចក្តី ពិត ពោលគឺការទល់ទុក្ខវេទនាគ្រប់ប្រការទាំងអស់ ដែលលោកហៅថា “ទេវទូត = ទូតទេពតា” ពោលគឺសេចក្តឺពិតនៃសភាវធម៌ទាំង ឡាយ។ ទេសកាលនោះឯង ព្រះរាជបុត្រ គឺរាហុលកុមារប្រសូតថែមទៀត ។ ព្រះទ័យព្រះអង្គស្លុតរន្ធត់ដូចត្រូវរន្ទះបាញ់ទាំងប្រាំបីទិស។ ធម៌ទាំងនេះហើយ ជាទេវទូតមកគំរាមព្រះអង្គ ទ្រង់សន្លប់មួយសន្ទុះ ភ្ងារព្រះអង្គឡើង ទ្រង់ដកដង្ហើមវែង ។ លាន់ព្រះឱសខ្លាំងៗថា “អា៎! រាហូចាប់អាត្មាអញហើយតើ!” ។ ធម៌មានប៉ុណ្ណេះជាដើម ដែលទ្រង់ទុកជាអន្ទាក់ចងព្រះអង្គ ព្រោះថាធម៌ទាំងអស់នេះហើយ សុទ្ធ តែជាធម៌នាំអោយមាន “ការកើតទៀត = បុនព្ភវោ” ។ ដោយទ្រង់យល់ច្បាស់ថា “នេះជាទុក្ខសកលលោក” ទើបទ្រង់មានព្រះទ័យ ចេញ ស្វះស្វែងរកឱសថសព្វគុណ (Panacea) ដើម្បីរក្សាជំងឺសកលមនុស្សលោក ។
កាលនោះ ព្រះអង្គបោះបង់រាជសម្បត្តិចោល ឥតស្រណោះ កាន់យកភេទជាតាបសសន្យាសិន ត្រាច់រង្គាត់ដើរស្វះស្វែងរកសច្ចធម៌ ។ ទ្រង់បានប្រាស្រ័យជាមួយនឹងតាបសច្រើននាក់ ដែលសុទ្ធតែជាអ្នកទទួលស្គាល់ថាជា “បរមគ្រូ” ប៉ុន្តែពុំមានតាបសណា សូម្បីតែម្នាក់ ដែលមានភូមិការសិក្សាបរិបូណ៌ ល្មមនឹងថ្វាយវិស្សជ្ជនាដោះអាថ៌ប្រស្នា ធ្វើព្រះអង្គអោយពេញព្រះទ័យបានឡើយ ព្រោះតាបសទាំងនោះ គ្រាន់តែមាននាមថា “ទស្សនវិទូ“ ប៉ុណ្ណោះ ហើយជាអ្នកមិនមានបញ្ញាចក្ខុ ដូចមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ លិចកប់បាត់នៅក្នុងអវិជ្ជា ដូច សុភាសិតបុរាណខ្មែរថា “ដំរីខ្វាក់ ទ្រមាក់ឆ្កួត” ហើយអណ្តែតទៅតាមខ្សែទឹក ពោលគឺវាលវែងវដ្តសង្សារ ។
ក្នុងការស្វែងរកសច្ចធម៌ ទ្រង់សាកល្បងរកគ្រប់វិធី ដែលគេយល់ថាជាផ្លូវនាំទៅកាន់ការរួចចាកទុក្ខ (មោក្សធម៌) ។ ទ្រង់ប្រព្រឹត្តព្រហ្ម ចរិយធម៌តាមបែបព្រាហ្មណ៍ គឺប្រព្រឹត្តយោគៈ “វិធីទូន្មានចិត្ត” ប្រព្រឹត្តយោគៈហើយ ទ្រង់ឃើញថាពុំមែនជាផ្លូវត្រង់ទៅកាន់ទីបំផុតទុក្ខ ទ្រង់ប្រព្រឹត្តតបធម៌ “វិធីទូន្មានកាយ”ទៀត ដែលយើងគ្រប់គ្នាដឹងថា ទុក្ករកិរិយា “ការធ្វើបានដោយកម្រក្រៃលែង” ។ ព្រះអង្គប្រព្រឹត្តតាម វត្តប្រតិបត្តិសាសនាព្រាណ៍ទាំងអស់ ដែលគេយល់ថា ជាវិធីប្រសើរក្នុងកាលនោះ ទ្រង់ប្រព្រឹត្តលាងបាបមួយបែបហើយមួយបែបទៀត អាំងភ្លើងដុតកំដៅបាប មួយហើយមួយទៀត ទាល់តែព្រះវរកាយស្គាំងស្គមរីងស្ងួតនៅតែស្បែកដណ្តប់ឆ្អឹង មើលទៅឃើញតែគ្រោងឆ្អឹង ចង្គ្រឹង ធ្វើម្លឹងហើយ នៅតែមិនបានសំរេចតាមពុទ្ធបំនងទៀត ។ វិធីព្រហ្មចរិយធម៌បែបនេះហើយពន្យល់ព្រះអង្គថា នេះពុំមែនជាវិធីទេ នេះពុំមែនជាអភិសម័យរបស់ព្រះអង្គទេ ក៏ព្រះអង្គបោះបង់ចោលទាំងអស់ទៅ ហើយតាំងព្រះទ័យស្វែងរកដោយទំនើងព្រះអង្គវិញ ទ្រង់ ចៀសវាងផ្លូវចុង២ប្រការ គឺការពំនឿយខ្លួនឥតអំពើ (អត្តកិលមថានុយោគ) និងការច្របូកច្របល់ដោយកាម (កាមសុខល្លិកានុយោគ) ដាច់ស្រលះ ។ ការស្វែងរកសច្ចធម៌នៃព្រះអង្គនេះ ប្រកបដោយវិរិយភាពខ្លាំងក្លាបំផុត ហួសកំលាំងមនុស្សធម្មតា ដែល នឹង អាចធ្វើបាន ហើយត្រូវប្រើវេលាប្រាំមួយវស្សាទៀត ។ ទីបំផុត ទ្រង់ឃើញថា ផ្លូវដែលទ្រង់ប្រតិបត្តិតាមលទ្ធិព្រាហ្មណ៍នេះ ពន្យឺតវេលានាំមិនអោយ លុះពោធិញាណ ហើយផ្លូវដែលទ្រង់រកឃើញតាមទំនើងព្រះអង្គនេះ ធ្វើអោយព្រះអង្គភ្ញាក់រលឹកកើតបញ្ញាញាណបាន ។ ផ្លូវថ្មីដែលទ្រង់ រកឃើញ ជាផ្លូវកណ្តាល ហៅថា មជ្ឈិមាបដិបទា ជាផ្លូវប្រើការបាន ត្រង់ទៅរកពោធិញាណ ហើយបានជាមាគ៌ាត្រង់មួយក្នុងពុទ្ធសាសនា សំរាប់សកលលោក ។
ព្រឹកថ្ងៃជ័យមង្គលមួយ នាពេញបុណ្ណមីខែពិសាខ ទ្រង់ប្រថាប់ក្រោមពោធិមណ្ឌល ឥតមានអានុភាពទេពតាណាមួយមកជួយណែនាំ ព្រះអង្គទេ មានតែវីរិយនិងបញ្ញាញាណរបស់ព្រះអង្គប៉ុណ្ណោះ ទ្រង់កំចាត់បង់នូវកិលេសាសវៈ ព្រមទាំងមោហន្ធការដាច់ខាត ហើយទ្រង់ លុះសម្មាសម្ពោធិញ្ញាណ “ត្រាស់ដឹងធម៌” បានសំរេចភាពជា “ពុទ្ធ = អ្នកត្រាស់ដឹង” ក្នុងជន្មាយុ ៣៥ វស្សា នៅអុរុវេលប្រទេស (ពុទ្ធគយា) ដែនមគធៈ (រដ្ឋពិហារ) ។ បានត្រាស់ដឹងធម៌ហើយ ទ្រង់ឧទ្ទិសព្រះវរកាយ ព្រះវរជន្មជីព មានតំលៃឥតអ្វីប្រៀបផ្ទឹមបាន ដើម្បីសកលលោក ដោយពុទ្ធចរិយាជាគំរូ និងដោយធម្មវិន័យជាដំបូន្មាន ពុំមានមនុស្ស ឬទេពតាឯណាមួយប្រសើរត្រឹមស្មើនឹងព្រះអង្គបានឡើយ ។ ព្រះអង្គ ទ្រង់បំពេញកិច្ចការរាល់ទិវារាត្រី ហៅថាពុទ្ធកិច្ច ”កិច្ចដែលព្រះពុទ្ធត្រូវធ្វើរាល់ទិវារាត្រី” មាន៥ពេលគឺ ?
- ១- ពេលព្រឹក ទ្រង់បិណ្ឌបាត;
- ២- ពេលរសៀល ទ្រង់ប្រទានធម្មទេសនាប្រោសសត្វ;
- ៣- ពេលពន់ព្រលប់ ទ្រង់ប្រទានឱវាទភិក្ខុសង្ឃ;
- ៤- ពេលអធ្រាត្រ ទ្រង់វិសជ្ជនាអាថ៌ប្រស្នា ដែលទេពតាមកក្រាបទូលសួរ;
- ៥- បច្ចូសសម័យ ទ្រង់ប្រមើលមើលឧបនិស្ស័យសត្វ ដែលទ្រង់ត្រូវប្រោស។
គិតទៅ ក្នុង២៤ម៉ោង ទ្រង់មិនផ្ទំលក់ដូចមនុស្សធម្មតាទេ ទ្រង់ប្រព្រឹត្តយ៉ាងនេះជានិច្ចកាលអស់រយៈវេលា៤៥វស្សា រហូតដល់និព្វាន គ្រាន់តែសំរាកព្រះកាយមួយស្របក់ លាតតំរង់ព្រះបិដ្ឋិលើសង្ឃាដី ដែលព្រះអានន្ទត្ថេរតែងតែក្រាលថ្វាយ ។ ក្នុងលោកនេះ តើមាន មនុស្ស ឬទេពតាណា ធ្វើការដើម្បីសកលលោក មិនចេះឈប់យ៉ាងនេះ ក្នុងមួយជីវិត ដូចព្រះសម្ពុទ្ធដែរឬទេ ? ដោយទ្រង់ជាមនុស្សជាតិ ទ្រង់ធ្វើការខ្លាំងពេក ត្រូវតែគ្រាំគ្រាព្រះវរកាយត្រូវតែទៅតាមធម៌អនិច្ចំ “ពុំថេរនៅនិត្យ” ហើយបរិនិព្វានក្នុងព្រះជន្មាយុ ៨០ ព្រះវស្សា ។
សេចក្តីខ្លីនេះ បញ្ជាក់គ្រប់គ្រាន់ថា “ ព្រះសម្ពុទ្ធជាមនុស្ស ” ទ្រង់សោយព្រះជាតិជាមនុស្ស មានព្រះជីពជន្មជាមនុស្ស ដោយទ្រង់ជា មនុស្ស មានព្រះជីពជន្ម ទ្រង់ត្រូវតែអស់ព្រះជន្មដូចមនុស្សធម្មតា ។ ប្លែកតែព្រះអង្គជាអច្ឆរិយមនុស្ស = មនុស្សអស្ចារ្យ ដែលសកល លោកពុំដែលមាន។ នេះជាចំនុចធំបំផុត នៅក្នុងសក្ខីភាពចំពោះអង្គព្រះសម្ពុទ្ធ ពុំមានចន្លោះត្រង់ណាមួយ ដែលគួរអោយភ័ន្តច្រលំ ឬ ទំនង អោយយល់ថា “ព្រះអង្គជាអមរទេពតា មិនចេះស្លាប់” នោះឡើយ ។ ដូច្នេះ ពុំគួរចាត់ទុក អង្គព្រះសម្ពុទ្ធជា “អាទិទេព” ទេ ឬនឹងទុកអង្គព្រះ សម្ពុទ្ធជាអវតា (Incarnation) ព្រះវិស្ណុ ដូចអ្នកផងធ្លាប់តែជឿមកនោះក៏ទេដែរ ឬក៏នឹងទុកព្រះអង្គថាជាត្រាតា “អ្នកជួយលាងបាប” (Saviour) ដែលជួយលាងបាបអ្នកដទៃអោយរួចចាកភ័យដោយភក្តិមាគ៌ា (Salvation) របស់ព្រះអង្គ ក៏ពុំមែនទៀត ។ សេចក្តីពិត ព្រះ សម្ពុទ្ធជាសាស្តាចារ្យ បណ្តុះកំលាំងចិត្តសាវកព្រះអង្គ អោយចេះទីពឹងខ្លួនឯង ដើម្បីរួចចាកខ្លួនឯង បញ្ចោះអោយយល់ពិតថា ក្តីបរិសុទ្ធិ និងមិនបរិសុទ្ធិ ស្រេចហើយតែបុគ្គលម្នាក់ៗទេ ។ ក្នុងធម្មបទ ព្រះសម្ពុទ្ធទ្រង់ត្រាស់ទូន្មានថា “អ្នកទាំងឡាយ ត្រូវធ្វើការអោយបានសំរេច ដោយខ្លួនឯង តថាគតគ្រាន់តែជាអ្នកប្រាប់ផ្លូវ = តុម៉េហិ កិច្ចមាតប្បំ អក្ខាតារោ តថាគតា” ។ ដូច្នេះ ព្រះសម្ពុទ្ធជាអ្នកចង្អុលប្រាប់ផ្លូវ បង្រៀនអោយចេះដើរខ្លួនឯង ទុកអោយយើងគ្រប់គ្នាធ្វើខ្លួនឯង ពោលគឺប្រតិបត្តិតាមមាគ៌ាដ៏ត្រង់នោះដើម្បីបានក្តីបរិសុទ្ធិខ្លួនឯង ។ និយាយខ្លី “ទីពឹងអ្នកដទៃ ដើម្បីរួចចាកភ័យខ្លួនឯង ជាអវិជ្ជមាន(Negative) ពុំមែនជាវិធីទេ ទីពឹងខ្លួនឯងដើម្បីរួចចាកភ័យខ្លួនឯង ទើប ជាវិជ្ជមាន (Positive) ទើបជាវិធី” ពោលគឺទីពឹងអ្នកដទៃ បានសេចក្តីថា “យើងព្រមទទួលចាញ់វីរិយភាពបុគ្គលដទៃ ”ពិតប្រាកដឥតជជែក បានឡើយ។ ពុទ្ធវចនៈដែលបណ្តុះកំលាំងចិត្តសាវកទាំងឡាយអោយចេះទីពឹងខ្លួនឯង ព្រះសម្ពុទ្ធទ្រង់ត្រាស់ទុកនៅក្នុងមហាបរិនិព្វានសូត្រ ថា ? “ភិក្ខុទាំងឡាយ!អ្នកទាំងឡាយ ចូរយកខ្លួនជាកោះពឹងខ្លួនឯង ចូរយកខ្លួនជាទីពឹង ចូរកុំយកអ្នកដទៃមកធ្វើជាទីពឹងខ្លួនឡើយ = ភិក្ខវេ អត្តទីបា វិហរថ អត្តសរណ អនញ្ញសរណ ” ។
ដោយវិសេស ព្រះសម្ពុទ្ធ មិនមានពុទ្ធបំនងនឹងកាន់កាប់កិច្ចការបែបជា ឯកាធិបតេយ្យ (Monopoly) អោយសំរេចពុទ្ធភាពដាច់មុខ តែ មួយព្រះអង្គទេ សេចក្តីពិត ពុទ្ធភាពនេះ ពុំមែនជាបុព្វសិទ្ធិ (Prerogative) សំរាប់បុគ្គលវិសេសណាមួយទេ ទ្រង់បានឡើងឋានៈខ្ពង់ខ្ពស់ ប្រសើរយ៉ាងនេះ ដោយបារមីធម៌ (State of Perfection) ដែលបុគ្គលណាមួយប្រាថ្នាចង់បាន ក៏អាចសំរេចដូចគ្នាដែរ ពុំមែនជាការបិទទ្វារ នៃសាស្តាចារ្យណាមួយថា បើនឹងបាន លុះត្រាតែបានទទួលទេវឱង្ការ ហើយទើបសំរេចបាននោះទេ ។ ពុទ្ធវចនៈដែលមានប្រាកដក្នុងព្រះ ត្រៃបិដក ស្តីទុកថា ជនណាម្នាក់ ក៏អាចលុះភាពជាព្រះពុទ្ធបានដូចៗគ្នា អោយតែអ្នកនោះ ប្រតិបត្តិត្រឹមត្រូវទៅតាមគន្លងបារមីធម៌ ដែលជា មាគ៌ាដើរត្រង់ទៅកាន់ ពោធិញ្ញាណ ។ ព្រះសម្ពុទ្ធ ពុំចេះដាក់ទោសបុគ្គលណាម្នាក់ ដោយពុទ្ធដីកាថា “អ្នកត្រូវមានទោស” ដូច្នេះទេ ផ្ទុយទៅ វិញ ទ្រង់តែងតែព្រះមេត្តាប្រោសទេសនាទូន្មានដោយពុទ្ធដីកាថា ? “ភិក្ខុទាំងឡាយ! ចិត្តជាធម្មជាតិបរិសុទ្ធផូរផង់ពីកំនើត តែចិត្តនេះ កាល ណាបើមានឧបក្កិលេសថ្មីចូលទៅ ទើបសៅហ្មង =បភស្សរបិទំ ភិក្ខវេ ចិត្តំ តពី ខោ ចិត្តំ អាភន្តុកេហិ ឧបក្កិលេសេហិ ឧបក្កិលិដ្ឋំ ” ។
តាមពុទ្ធវចនៈនេះ ពិភពលោកយើងនេះ ពុំមែនជាអាក្រក់ទេ ប៉ុន្តែសត្វទាំងឡាយ តែងតែវង្វេងដោយអំណាចអវិជ្ជា ដែលជាធម៌សឹក សត្រូវធំបំផុតរបស់សត្វទាំងឡាយ ។ ទ្រង់តែងតែមានមេត្តាប្រោសប្រទានឱវាទ ដល់សាវកព្រះអង្គ កុំអោយមានចិត្តរួញរា ធ្វើសាវក ព្រះអង្គ អោយដកដង្ហើមស្រួល អោយរីករាយ អោយអាចហ៊ាន អោយក្លាហាន អោយទុកចិត្តខ្លួនឯង ហើយអោយប្រើវីរិយភាពខ្លួនឯង អោយមុះមុត ដើម្បីបានឃើញធម៌ដូចព្រះអង្គ ។
ពិសេសទៅទៀត ដោយព្រះអង្គមានភាពជាមនុស្ស ហើយប្រើវីរិយភាពខ្លាំងក្លាអោយបានសំរេចភាពជា “ពុទ្ធ” ទ្រង់ប្រកាសប្រាប់លោក ទាំងមូលអោយយល់ច្បាស់តាមពិតថា “មនុស្សលោកមានភាពអាចបាន” (Possibilitie) និង “អានុភាពអាចធ្វើអោយសំរេចបាន” (Crea-tive Power) កប់នៅក្នុងខ្លួនមនុស្ស ។ ធម៌ជាអាថ៌កំបាំងទាំងនេះហើយ ទុកជាអាទិទេពមានអំណាចលើមនុស្ស លុះត្រាតែអាទិទេពនេះប្រ ទាន ទើបមនុស្សលោកអាចសំរេចប្រយោជន៍ខ្លួនឯងបាន ។ ព្រះសម្ពុទ្ធ ទ្រង់ចាប់លើកយកធម៌អាថ៌កំបាំងគឺ “ភាពអាចបាន” និង “អានុភាព អាចធ្វើអ្វីអោយសំរេចបាន“ ទាំងពីរប្រការនេះ ទុកជាធម៌មានតំលៃប្រសើរបំផុតមកបង្ហាញ មកប្រទានដល់មនុស្សលោក ព្រមទាំងទេវ លោក អោយឃើញច្បាស់ អោយយល់ប្រយោជន៍ពិត ។ សេចក្តីពិតមនុស្សលោក ជាកែវមណីជោតិខ្លួនឯងដ៏វិសេស សំរាប់បក់បោយ យកប្រយោជន៍គ្រប់យ៉ាងនៅលោកនេះនិងបរលោក ។ វាសនាខ្លួន ឋិតនៅកប់ក្នុងខ្លួនមនុស្ស ឋិតនៅក្នុងកណ្តាប់ដៃមនុស្ស។ ទ្រង់ទេសនា ពន្យល់ថា “មនុស្សអាចទទួលនិយ្យានិកធម៌ដោយវីរិយភាពខ្លួនឯងមិនបាច់ពឹងពាក់អាទិទេព ឬអ្នកអាជ្ញាកណ្តាលណាមួយទេ“ ។ អាត្ម័ន = ព្រលឹងកណ្តាល (Egocentric) នៃពិភពលោកនេះ មិនគឹអ្វីដទៃទេ គឺឧត្តមគតិដ៏ប្រសើរដែលស្តីថា ៖ មិនមានខ្លួនឯង = អនត្តា .. នេះឯង ។ មិនមានវណ្ណៈ ចាត់ថ្នាក់មនុស្សលោកអោយទាបខ្ពស់ពីកំនើតទេ មនុស្សជាតិមានភាពស្មើគ្នា មានកាលគួរត្រូវបានសំរេចដូចគ្នា នៅក្នុង ដំនើរនៃជីវិតមនុស្សគ្រប់គ្នា ។
ព្រះសម្ពុទ្ធជាអ្នកបើកទ្វារអោយមនុស្សលោកបានសំរេចផល ចំរុងចំរើន ថ្វីត្បិតតែមានការកើត = ជាតិនេះ ជាកំពែងរារាំង ។ ទ្រង់បើក សេរីភាពពេញបរិបូណ៌ប្រទានដល់សត្វលោកក្នុងការគិត ការធ្វើ ការនិយាយ បំបើកភ្នែកសត្វលោក អោយមើលឃើញអ្វីៗ ឃើញពិត តាមពិត ជាយថាភូតទស្សនញាណ (Objectim) ទ្រង់សំដែងធម៌ប្រោសសត្វដែលមានការព្រាត់ប្រាសអោយមានចិត្តរឹងប៉ឹង អោយមានចិត្ត ក្សេមក្សាន្តដោយពុទ្ធភាសិតគួរអោយមានក្តីកក់ក្តៅ ។ ទ្រង់ជាគ្រូពេទ្យព្យាបាលរោគចិត្ត ដែលគេរក្សាបានដោយក្រ អ្នកមានជំងឺអោយចេះ បន្សាត់បង់ អោយដកដង្ហើមស្រួលធូរទ្រូង ។ ទ្រង់ជួយអ្នកក្រីក្រដោយព្រះតំរាស់អោយចេះអប្បមាទធម៌ “ធម៌មិនប្រមាទ” ។ ទ្រង់ទូន្មាន អ្នកធ្វើអំពើអាក្រក់ អោយចេះធ្វើអំពើល្អ អោយចេះធ្វើខ្លួនអោយបរិសុទ្ធ ។ ទ្រង់ទេសនាប្រោសអ្នកច្រអូសអោយមានក្តីក្លាហាន អ្នក បំបែកបំបាក់គ្នាអោយមានសាមគ្គី អ្នកល្ងង់ខ្លៅអោយចេះដឹងអ្វីដែលមានអាថ៌កំបាំង អោយមានពន្លឺ អ្នកទាបថោកអោយខ្ពង់ខ្ពស់ អ្នកមិន ប្រសើរអោយបានប្រសើរ ។ អ្នកមាននិងអ្នកក្រ សប្បុរស អសប្បុរស ពេញចិត្តព្រះអង្គគ្រប់ៗគ្នា ។ ព្រះរាជាសង្កត់សង្កិនរាស្ត្រ ព្រះរាជា ទសពិធរាជធម៌ ក្សត្រខ្ពង់ខ្ពស់ ក្សត្រទាបថោក វរជន មហាសេដ្ឋីចិត្តសប្បុរស មហាសេដ្ឋីកំនាញ់ អ្នកប្រាជ្ញជាន់ខ្ពស់ អ្នកប្រាជ្ញជាន់ទាប អ្នក ទុរគតតោកយ៉ាក អ្នកបោសថ្នល់ដែលត្រូវគេបៀតបៀន ពេជ្ឈឃាត នគរសោភិនី ទាំងអស់គ្នានេះ សុទ្ធតែត្រូវបានទទួលស្គាល់ពុទ្ធវចនៈ ដែលជាធម៌នាំអោយកើតបញ្ញា និងនាំអោយកើតព្រហ្មវិហារធម៌ ។
ចរិយាដ៏ប្រសើររបស់ព្រះពុទ្ធ ជាប្រភពដ៏វិសេសសំរាប់មនុស្សគ្រប់គ្នា បក់បោយយកមកធ្វើជាតំរាប់ខ្លួន ធ្វើគំរូគិតប្រចាំជីវិតខ្លួនបាន ។ មេត្តាគុណ ករុណាគុណ បញ្ញាគុណ របស់ព្រះសម្ពុទ្ធ គួរជាទីជ្រះថ្លា គួរជាទីគោរពបូជា គួរជាទីពេចពិលរមិលមើលនៃពួកជនអ្នកមាន សទ្ធាទាំងឡាយ ។ ពុទ្ធវចនៈ ជាប្រភពនាំអោយកើតសន្តិភាព ជាធម៌សន្តិវរបទ គួរបានទទួលស្វាគមន៍ពីមជ្ឈដ្ឋានទូទៅ ដោយក្តីរីករាយ ក្រៃលែង ហើយជាធម៌អោយផលជានិច្ចនិរន្ត ដល់ជនទាំងឡាយដែលមានវាសនាបានស្តាប់ បានប្រតិបត្តិតាមធម៌ព្រះអង្គ។ ធម៌ដែលព្រះ អង្គបានសំដែងហើយដោយប្រពៃនេះ បានផ្សព្វផ្សាយទូទៅពេញសកលលោក ហើយដក់ជាប់នៅក្នុងសន្តានចិត្ត កើតបានជាធម្មចរិយា ឬជាអរិយធម៌នៃប្រជាជនក្នុងសកលលោក ។ ការជឿនលឿនខាងវប្បធម៌នៃប្រទេសកាន់ពុទ្ធសាសនា សុទ្ធតែបានមកដោយអាស្រ័យ ពុទ្ធវចនៈដ៏ប្រសើរនេះឯង ។ ពុទ្ធសាសនានេះ សូម្បីកើតមានឡើងក្នុងលោក អស់ប្រមាណជា ២៥១៣ ឆ្នាំហើយ តែបុគ្គលិកលក្ខណៈអង្គ ព្រះសម្ពុទ្ធ និងព្រះធម៌ព្រះអង្គ នៅតែមានឥទ្ធិពលដ៏ខ្លាំងក្លាទៅលើពួកជនដែលបានទទួលក្រេបផឹករសព្រះធម៌ថ្លៃវិសេសនេះដរាប ។