ចំណុចដែលគេត្រូវដឹងក្នុងរឿងបញ្ញា
ថ្ងៃសុក្រ ទី30.ឧសភា 2014.ម៉ោង 10:48

    ដើម្បីអោយឃើញជាបញ្ញា កាលបើរួមចូលជាមួយនឹងធម៌ដទៃៗហើយ ដែលលោកបានអោយពិន្ទុច្រើន ជាងធម៌0ទាំងឡាយ​ដទៃ ព្រោះ​លោក​មាន​គំ​ហើញ​យ៉ាង​ណា​នោះ ក្រៅពីមើលឡើងវិញអោយឃើញថា សទ្ធាដែលមានបញ្ញាជាបង្កូលឬជាចំរានឬជាទំនប់ ដូច​បាន​ពោល​មក​ហើយ​ ខ្ញុំ​សូម​ស្នើ​ធម្មៈ ផ្នែក​ដទៃ​ទៀត​មាន ដូចនេះ៖

  • លំដាប់នៃការប្រតិបត្ដិធម៌៣ថ្នាក់ (អនុបព្វបដិបទា)
    • ១ -សីល រក្សាកាយវាយអោយមានរបៀបរៀបរយ
    • ២ -សមាធិ ធ្វើចិត្ដអោយមានលំនឹងមាំមួន
    • ៣ -បញ្ញា ធ្វើខ្លួនអោយមានសេចក្ដីចេះដឹងច្រើន
  • ការអប់រំចិត្ដ ២ថ្នាក់ (ភាវនា)
    • ១ -សមថភាវនា អប់រំសមាធិ
    • ២ -សមថវិបស្សនា អប់រំបញ្ញា
  • រួបរួមល័ក្ខឋានដែលលើកតំកើងបញ្ញា
    • ១ -មនុស្សដែលរស់ក្នុងលោកនេះ អ្នកមានទង្វើប្រកបដោយបញ្ញារមែងរកឃើញនូវសេចក្ដីសុខដែលមាន​នៅ​ក្នុង​សេចក្ដី​ទុក្ខ​
    • ២ -បញ្ញាជាបន្លឺរស្មីក្នុងពិភពលោក
    • ៣ -បញ្ញាជាដួងកែវនៃជីវិតរបស់នរជន
    • ៤ -សាវករបស់ព្រះសម្មាសម្ពុទ្ធ រមែងមានជីវិតរុងរឿងដោយបញ្ញា
    • ៥ -បណ្ឌិតទាំងឡាយមានពំនោលថា បញ្ញាប្រសើរបំផុតដូចដួងច័ន្ទប្រសើរជាងផ្កាយទាំងឡាយ គុណធម៌​ទាំង​ឡាយ​មាន​សីល ជា​ដើម របស់​ជន​អ្នក​ប្រ​ព្រឹត្ដ​ធម៌​ល្អ​រមែង​ជា​របស់​ប្រព្រឹត្ដទៅតាមអ្នកមានបញ្ញា (គឺ បញ្ញា មានហើយធាតុល្អដទៃៗ ដណ្ដើម​ជើង​គ្នា ដើរ​តាម​បញ្ញា)​
    • ៦ -អ្នកប្រាជ្ញទាំងឡាយស្ដីថា ជីវិតរបស់បុគ្គលរស់នៅដោយបញ្ញាជាជីវិតប្រសើរបំផុត
    • ៧ -បញ្ញាគ្រប់គ្រងរក្សាមនុស្ស មានភាពស័ក្ដិសិទ្ធជាងអ្វីៗទាំងអស់
    • ៨ -បញ្ញាដែលបុគ្គលមានហើយ ជាហេតុអោយគេទំលាយកិលេសចោលបាន
    • ៩ -បញ្ញាកើតបានដោយអាស្រ័យសេចក្ដីព្យាយាម
    • ១០ -កាលណាបុគ្គលឃើញដោយបញ្ញាថា សង្ខារទាំងពួងមិនទៀងជាទុក្ខ ធម៌ទាំងពួងមិនមែនខ្លួន​ប្រាណ កាល​នោះ គេ​រមែង​មាន​ចិត្ដ​ធុញ ក្នុង​ទុក្ខ​។ នេះ​ឯង​គឺ​ជា​ផ្លូវ​នៃ​សេច​ក្ដី​បរិសុទ្ធ​
    • ១១ -បុគ្គលល្ងង់មានជីវិតរស់នៅ១០០ឆ្នាំ ពុំប្រសើរ ស្មើនឹងបុគ្គលដែលមានជីវិតរសនៅតែមួយថ្ងៃតែមានបញ្ញា។

    អាគតស្ថាន និងគុណភាពនៃបញ្ញា ដែលលើកយកមកបរិយាយដោយសង្ខេបនេះបញ្ជាក់អោយឃើញថា ព្រះពុទ្ធសាសនា​ប្រកាន់​យក​បញ្ញា​ជា​ធំ​ ​ជា​គុណ​ធម៌​សំខាន់​ ព្រោះ​បញ្ញា​ជា​ចង្កៀងឬពន្លឺនៃជីវិត ឬជាធាតុនាំផ្លូវ នៃវិញ្ញាណអោយចេញចាកទីងងឹត ទៅកាន់​ទី​ភ្លឺ​ស្វាង​។ ព្រម​គ្នា​នេះ​បញ្ញា​ជួយ​គ្រង​រក្សា​មនុស្ស​អោយ​រស់​ក្នុងសេចក្ដីសុខ ជួយកំចាត់ទុក្ខចាស់ និងជួយការពារទុក្ខថ្មី។ ជាពិសេសជួយរកសេច​ក្ដី​សុខ ដែល​កប់​នៅ​ក្នុង​សេច​ក្ដី​ទុក្ខ ជូន​បញ្ញា​ជន​បាន​គ្រប់​ពេល​វេលា​។

    ប្រសិនបើមនុស្សយើង មិនស្គាល់សេចក្ដីពិត ដោយបញ្ញា ដោយពន្លឺនៃគំនិត គេអាចសំគាល់ទុក្ខថា ជាសុខ តែបើកាលណា​គេ​មាន​បញ្ញា គេ​លែង​ច្រលំ​លែង​ចូល​ចិត្ដ​ខុស​គឺ លែង​ច្រលំទុក្ខថាជាសុខ ដូចធ្លាប់មានក្នុងកាលមុនហើយ។

  • បញ្ញា២
    • ១ -លោកិយបញ្ញា បញ្ញាថ្នាក់លោកិយ
    • ២ -លោកុត្ដរបញ្ញា បញ្ញាថ្នាក់លោកុត្ដរ។
  • បញ្ញា២ ទៀត
    • ១ -សេក្ខបញ្ញា បញ្ញារបស់បុគ្គលដែលនៅមានការសិក្សាទៀត
    • ២ -អសេក្ខបញ្ញា បញ្ញារបស់បុគ្គលដែលអស់មានការសិក្សាទៀត។
  • បញ្ញា៣
    • ចិន្ដាមយបញ្ញា បញ្ញាកើតពីគំនិត
    • សុត្ដាមយបញ្ញា បញ្ញាកើតអំពីសំដាប់ (ការស្ដាប់)
    • ភាវនាមយបញ្ញា បញ្ញាកើតអំពីការអប់រំ។
  • បញ្ញា៣ ទៀត
    • អាយកោសល ចំណតក្នុងភាពចំរើន
    • អបាយកោសល ចំណតក្នុងភាពសូន្យ
    • ឧបាយកោសល ចំណតក្នុងកិច្ចកល។

សតិជាគូនឹងបញ្ញា

    ដូចបាននិយាយមកហើយ ក្នុងសប្បុរិយធម៌ (ធម៌មនុស្សល្អ) កំរងធម៌នេះមានសតិ និង បញ្ញានៅជាមួយគ្នា ឬជា​គូ​គ្នា​។ ខ្មែរ​យើង​ខ្លះ ចូល​ចិត្ដ​ថា ការ​មាន​តែ​សតិ ក៏​មាន​តែ​ការ​ចាំ តែគ្មានចេះ ការមានតែបញ្ញា ក៏គឺមានតែចេះ តែគ្មានចាំ។ អ្នកខ្លះមានមតិថា សតិ​សម្ប​ជញ្ញៈ មិន​មែន​ជា​ធម៌​អ្វី​ដទៃ​ទេ គឺ​សតិ និង​បញ្ញា​បូក​គ្នា​ហ្នឹង​ឯង​។

  • បញ្ញា៤
    • ស្គាល់ទុក្ខ
    • ស្គាល់ហេតុនៃទុក្ខ
    • ស្គាល់ភាពរលត់ទុក្ខ
    • ស្គាល់ផ្លូវប្រតិបត្ដិអោយដល់ភាពរលត់ទុក្ខ។

    អ្នកសិក្សាគប្បីធ្វើសេចក្ដីសង្កេតថា ពុទ្ធសាសនា ពុំបានប្រកាន់យកបញ្ញា ដែលមានមកអំពីកំណើត ដែល យើងធ្លាប់​ហៅ​ថា សេច​ក្ដី វៃ​ឆ្លាត ទុក​ជា​បញ្ញា​ជាន់​ខ្ពស់ តែ​ប្រ​កាន់​យក​បញ្ញា ដែលគេបានធ្វើអោយកើត ដោយអាស្រ័យការគិត ការសិក្សា និង ការប្រតិបត្ដិ​ធម៌ ឬ ការ​អនុ​វត្ដន៍​ទុក​ជា​បញ្ញា​ជាន់​ខ្ពស់​បំផុត ដែល​អាច​ជួយ​ចំលង​មនុស្សអោយផុតទុក្ខបាន។

    ដូចនេះព្រោះអ្វី ព្រោះសេចក្តីវៃឆ្លាត ជារបស់ដែលមនុស្សយើងមាននោះ មានភាពមិនដូចគ្នាទេ។ ចំណែកបញ្ញា ប្រភេទ​ដែល​គេ​អប់​រំ ដោយ​កើត​បាន​នោះ មាន​ភាព​មិន​ដូច​គ្នា​ទេ។ ចំណែកបញ្ញា ដែលប្រភេទ ដែលគេអប់រំ ដោយកើតបាននោះ ជាធាតុដែលមនុស្ស​រាល់​រូប មាន​សិទ្ធិ សិក្សា​រៀន​សូត្រ​ ស្រាវ​ជ្រាវ និង ប្រ​តិបត្ដិ ឬ អនុវត្តន៍អោយកើត មានស្រេចហើយ តែសេចក្ដីត្រូវការរបស់ខ្លួន។

    បញ្ញាឬសេចក្ដីវៃឆ្លាតពីកំណើត ដែលអាចប្រើការបានជាស្ថាពរ ឬគ្មានភាពឋិតនៅអស់ចិរកាលនោះក៏មានទំនាក់ទំនង​មិន​ខុស​គ្នា នឹង ភ្លើង​ធម្ម​ជាតិ​ទាំង​ឡាយ មាន​ភ្លើង​ព្រៃ​ជា​ដើម ដែលគេមិនអាច នឹង ប្រើភ្លើងនេះ អោយបានប្រយោជន៍គ្រប់ពេលវេលា ដែល​ត្រូវ​ការ​។ ដោយ​អាស្រ័យ​ ភាព​មិន​ឋិត​ឋេរ​នៃ​ភ្លើង​ទាំង​ឡាយ​នេះ​ហើយ ទើបបានមនុស្សយើងបង្កើតឈើគូស ដែកភ្លើងរហូតដល់អគ្គិសនី និង គ្រឿង​ឧប​ករណ៍​អគ្គិស​នី ​ដើម្បី​យក​ភ្លើង​ប្រើ​​អោយ​បាន​គ្រប់​ឱកាស ដែលត្រូវការ។ សូម្បីបញ្ញាញាណ នៃព្រះសម្មាសម្ពុទ្ធ ព្រះអង្គឯង ក៏ពុំមែន​បាន​មក​ដោយ​ទង្វើ​ផ្សង​ព្រេង​ឡើយ​ គឺ​កើត​ឡើង​ដោយ​អា​ស្រ័យ​សេច​ក្ដី​ព្យាយាម ជាមួយ នឹង ការតស៊ូយ៉ាងប្ដូរផ្ដាច់ទើបបានសំរេច ក្នុងទីបំផុត​។ ពុទ្ធ​សាសនា មិន​បាន​បង្រៀន​មនុស្ស​ អោយ​ដេក​ចាំ​ទទួល​សេចក្ដីសុខដែលផ្ដល់អោយដោយធម្មជាតិ ឬ ដោយអាទិទេព ឬ រង់ចាំ​ជោគ​វាស​នា ដែល​រិក្ស​យាម ថ្ងៃ ​ខែ​ ឆ្នាំ​ ល្អ​ផ្ដល់​អោយ​ឡើយ​។ ពុទ្ធ​សាសនា បង្រៀន​មនុស្ស អោយធ្វើការគ្រប់យ៉ាង នៅក្នុងក្របខ័ណ្ឌ នៃគំនិតបញ្ញា ឬ ក្រប​ខ័ណ្ឌ​នៃ​ហេតុ​ផល​ដើម្បី​ទទួល​យក​ផល​ដែល​មាន​គុណ​ភាព​ខ្ពស់​សមតាមសេចក្ដីត្រូវការរបស់ខ្លួន។ ពុទ្ធសាសនា គ្មានបង្រៀនមនុស្ស​អោយ​ផ្ញើ​ជោគ​វាសនា​របស់​ខ្លួន​លើ​គ្នា​ឯង ឬ​លើ​ពួក​ទេព​ណា​មួយ​ឡើយ​។ មតិនេះមានសំអាងលើគម្ពីរ អត្ថកថា ទុក្កនិបាតអង្គុត្ដរនិកាយ ក្នុងចំណុចថា ការ​ខ្វះ​សម្ប​ជញ្ញៈ ក៏​គឺ​គ្មាន​ញាណ​ឬ​បញ្ញា​។

ការប្រើបញ្ញាដំណោះទុក្ខ

    ពុទ្ធសាសនាមានជំនឿថា ដំណោះស្រាយទុក្ខជាបញ្ហាសំខាន់ ហើយជាទិសដៅយ៉ាងខ្ពស់បំផុត របស់បុគ្គលអ្នកឃើញទោស នៃ​សេច​ក្ដី​ទុក្ខ​។ ចំ​ពោះ​បញ្ហា​នេះ អ្នក​ផង​សឹង​បាន​ឃើញ​ហើយថា ទ្រឹស្ដី អរិយសច្ចៈ៤ប្រការ គឺទ្រឹស្ដីដំណោះស្រាយទុក្ខយ៉ាងចំៗ តែ​ជា​ទ្រឹស្ដី មាន​ភាព​ចំលែក​ជាង​ធម្មតា​ គឺ​ទ្រឹស្ដី​ធម្មតា វា​ជា​រឿង​នៃ​គំនិត​ប្រកាន់​យក ឬ ទង្វើសាកល្បង រៀបចំអោយមានជាគោលការមុន ទើបធ្វើការ​ពិ​សោធន៍​ជា​ខាង​ក្រោយ​។​

    តែទ្រឹស្ដីអរិយសច្ចៈរបស់ព្រះសម្មាសម្ពុទ្ធ មិនមែនជាគំនិតយល់សប្ដិ រឺ គំនិតត្រិះរិះគ្នាន់គ្នេ ហើយប្រកាន់យក ឬ​អនុវ​ត្ដ​ទេ គឺ​ព្រះ​អង្គ​បាន​ប្រើ​ជី​វិត​របស់​ព្រះ​អង្គ​អែង ជា​ដើម​ធាតុ​ក្នុង​ការ​សាក​ល្បងស្រាវជ្រាវ លុះត្រាបានសំរេចផល បានរួចចាកទុក្ខទាំងពួងពិត​ប្រាកដ​ហើយ ទើប​បាន​ប្រ​កាស​ទ្រឹស្ដី​នេះ​ចេញ​មក ព្រម​គ្នា​នេះ​បាន​ធ្វើសេចក្ដីថ្លែងការបញ្ជាក់ថា ដរាបណាព្រះអង្គមិនបានរកឃើញសេចក្ដីពិត ឬ​ ប្រតិ​បត្ដិ​ធម៌ មិន​បាន​សំ​រេច​ផល​ដោយ​ខ្លួន​ឯង ព្រះ​អង្គ នឹង មិន​ធ្វើ​សេចក្ដីប្ដេជ្ញាជាដាច់ខាតថា ព្រះអង្គជាព្រះពុទ្ធ បានត្រាស់ដឹងនូវអនុត្ដរ សម្មា​សម្ពោ​ធិ​ញ្ញាណ​ឡើយ​។​

    ព្រោះហេតុនេះ ការពិចារណាដល់កំណែ ឬ ដំណោះសេចក្ដីទុក្ខតាមលំអាននៃព្រះពុទ្ធ សាសនា យើងត្រូវពិចារណាដោយ​ត្រង់​ៗ​ចំ​ៗ ទៅ​លើ​អរិយ​សច្ចៈ មួយ​ចំណែក ជា​មួយ​គ្នា​នេះ គេត្រូវប្រើគោលគំនិត នៅក្រោមខ្សែបន្ទាត់នៃអរិយសច្ចៈ ដើម្បីចំអិនបញ្ញារឿយៗ ប្រកប​ដោយ​ព្យា​យាម​យ៉ាង​ខ្លាំង​ក្លា​មោះ​មុត​។

ក កំណែទុក្ខតាមគំនោលអរិយសច្ចៈ ឬ សច្ចៈ

    ១ - មុនដំបូងអោយស្គាល់ថា អ្វើជាភាពទុក្ខ ពេលខ្លះគេចូលចិត្ដត្រលប់ត្រលិន ឃើញសុខជាទុក្ខ ឬ ឃើញទុក្ខជាសុខ។ ដូច​នេះ ទើប​គេ​ត្រូវ​ប្រកាន់​យក​គោល​ការ​ថា ទុក្ខ​មាន ៣បែប គឺទុក្ខប្រចាំបានដល់សេចក្ដីកើត សេចក្ដីចាស់ សេចក្ដីឈឺ សេចក្ដីស្លាប់។ ទុក្ខ​បាន​ដល់​សេចក្ដី​ សោក​ សេច​ក្ដី​ខ្សឹក​ខ្សួល សេច​ក្ដី​មិន​សប្បាយ​កាយ សេចក្ដីមិនសប្បាយចិត្ដ សេចក្ដីចង្អៀតចង្អល់ជាដើម៘

    ២ - អោយស្គាល់ថាអ្វីជាដើមហេតុរបស់ទុក្ខ មានមនុស្សច្រើនណាស់ ដែលមានប្រាថ្នាចង់រំដោះទុក្ខ ឬ ធ្វើកំណែទុក្ខ ត្រលប់​ជា​រវើ​រវាយ​ ទៅ​ធ្វើ​ផល​នៃ​ទុក្ខ​ទៅ​វិញ ដូច​នេះ ទើប​កំណែ​របស់​គេ វាទៅជាគ្មានបានផលបានប្រយោជន៍អ្វី គឺវានៅជាទុក្ខ ជាព្រួយដដែល៘

    ៣ - អោយស្គាល់ភាពរលត់ទុក្ខថា បានដល់អ្វី រឺមានអ្វីជាធាតុសំរាប់រំលត់ទុក្ខ។ ពុទ្ធសាសនាបានបង្ហាញផ្លូវថា ការរំលត់​ទុក្ខ មិន​មែន​រំលត់​ ផល​ទេ ​គឺ​រំលត់​ហេតុ​។ បើ​រំលត់​តែ​ផល ហេតុ​នៅ​ដដែល ទុក្ខ​នឹង​កើតឡើងទៀត ដូចនេះការរំលត់ទុក្ខក្នុងទីនេះ គឺ ត្រូវរំលត់ហេតុ​ បាន​ដល់​តណ្ហា​ទាំង​៣ អោយ​បាន​ដាច់​ខាត​។

    ៤ - អោយស្គាល់ថា ភាពរលត់ទុក្ខ មិនអាច នឹង កើតបានស្រួលៗ ធូរៗ ទេត្រូវមានការប្រតិបត្ដិធម៌អោយដល់នូវភាពរលត់​ទុក្ខ​។ សេច​ក្ដី​ប្រ​តិបត្ដិ​នោះ​លោក​ហៅ​ថា មជ្ឈិម​បដិប​ទា​។

    សេចក្ដីពិស្ដារនៃរឿងនេះ មានក្នុងបទដទៃខ្លះហើយ បើមិនទាន់គ្រប់គ្រាន់តាមសេចក្ដីត្រូវការមេត្ដាមើលសៀវភៅ និព្វាន​ទស្ស​នៈ និង​សៀវ​ភៅ ទស្សនៈ​សកល របស់​ខ្ញុំ​ប្រកប​ផង​។

    កាលណាមានរឿងកើតទុក្ខ រឿងអស់សង្ឃឹម រឿងមិនសមតាមប្រាថ្នា សូមអោយនឹកជានិច្ច ដល់ព្រះពុទ្ធតំរាស់ថា តណ្ហា​ជា​ហេតុ​អោយ​កើត​ទុក្ខ​ គំនិត​នេះ​នាំ​អោយ​កើត​បញ្ញា បង្រៀនខ្លួនឯង អោយចេះសន្ដោសចេះបន្ធូរបន្ថយចំណង់ ក្នុងទីបំផុតសេចក្ដីអផ្សុក ស្អុះ​ស្អាប់ ក្រ​វល់​ក្រ​វាយ​ចិត្ដ បាន​ត្រូវ​រលាយ​បាត់​បន្ដិច​ម្ដង​ៗ រហូតដល់សូន្យបាត់ក៏មាន ប្រសិនបើគេបានអនុវត្ដន៍មគ្គ ៨ប្រការ អស់ពីកំលាំង និង សមត្ថ​ភាព​ក្នុង​ពេល​នោះ​។​

    ចំពោះរឿងសេចក្ដីស្នេហា ព្រះសម្មាសម្ពុទ្ធបានមានព្រះតំរាស់ថា ស្នេហាមួយមានទុក្ឌមួយ ស្នេហាមួយរយមានទុក្ខមួយ​រយ​៘ អ្នក​ណា​ថា​មិន​ពិត រឺ មាន​យោ​បល់​ទំនាស់​នឹង​ពុទ្ធ​តំ​រាស់​នេះ ក៏ស្រេចតែក្បាលចិត្ដរបស់គេចុះ។ គំនិតខ្ញុំឃើញថា ពុទ្ធតំរាស់នេះ បើទុក​ដាក់​ជា​គណិត​សាស្រ្ដ​ក៏​បាន ព្រោះ​ខាង​គណិត​សាស្រ្ដ​តែង​តែមានស៊ីមាន សង ឬបើនឹងទុកដាក់ ជាគ្រឿងប្រដាប់សំរាប់ ទប់សំរាប់ហាមបាន ព្រោះ​បើ​គ្មាន​គ្រឿង​ប្រដាប់​ហាម​កង់​ កង់​ក៏​មិន​ឈប់​វិល រថ​យន្ដ​ក៏​មិន​ឈប់​បុក ឬ​ភ្លូក​។ ចំណែកចិត្ដមនុស្សវិញ បើគ្មានធម្មៈ សំរាប់ទប់ សំរាប់​ហាម​សេច​ក្ដី​ស្នេហា​ក៏មិន​ឈប់​កើត ទុក្ខ​ក៏​មិន​ឈប់​មាន បើសេចក្ដីស្នេហារបស់មនុស្សកាន់តែដើរហួសព្រំដែន ម្នាក់ណា ក៏ដូច ជាម្នាក់ណា ពិភព​លោក​ក៏​ត្រូវ​តែ​ឆេះ​ដោយ​វា​គគ្ដិ នៃ​ប្រជា​សត្វ​ជា​មិន​ខាន​។

   ពំនោលនេះត្រូវចំរើនលើពុទ្ធភាសិតថា គ្មានភ្លើងណា មានកំដៅខ្លាំងក្លាជាងភ្លើង​ស្នេហា​គ្មាន​ព្រំ​ដែន​ គ្មាន​ស្កប់​​។ គ្មាន​កំហុស​ណា​មាន​ពិស​អំណាច​ជាង​កំហុស​នៃ​កំហឹង​។ គ្មាន​សំណាញ់​ណា​មាន​ជំនាប់ មាំ​មួន​ជាង​សំណាញ់ គឺ​កំឡៅ​។ គ្មាន​ស្ទឹង​ណា​ហូរ​ជាប់ អត់​ឈប់​ដូច​ស្ទឹង​គឺ​​ស្នេហា​។​

និត្ថិរាគ សមោ អគ្គិនត្ថិ ទោសោ សមោគហោ
នត្ថិមោហ សមំ ថាលំ ទត្ថិ តណ្ហា សមា នទី

    «គ្មានភ្លើងណា មានកំដៅខ្លាំងក្លាជាងសេចក្ដីស្នេហា អត់មានចប់ អត់មានព្រំដែន គ្មានកំហុសភ្លាំងភ្លាត់ណា បង្កើត​គ្រោះ​ថ្នាក់​ស្មើ​ដោយ​ទោសៈ​ គ្មាន​ទុក្ខ​ណា ញាំ​ញី​កំទេច​មនុស្ស​ស្មើ​ដោយ​ខន្ធ​៥ គ្មាន​ស្ទឹង​ណា​ហូរ​ជាប់​អស់​កាល​ជានិ​រន្ដរ៍ ស្មើដោយស្ទឹងគឺសេចក្ដីស្នេហា គ្មាន​ចប់​គ្មាន​ទី​បំផុត​»​។

នត្ថិ រាគ សមោ អគ្គិ នត្ដិ ទោសោ សមោ
កលិនត្ថិខន្ធា សមា ទុក្ខា នត្ថិ តណ្ហា សមា នទី

    ជីវិតទាសៈ នៃសេចក្ដីស្នេហា (តណ្ហា) ឃើញពិភពលោកមានទំហំតូច មានភាពចង្អៀត ជឺវិតសន្ដោស (ស្កប់ចិត្ដ) ឃើញ​ពិភព​លោក មាន​ទំហំ​ធំ ​មាន​សភាព​ទូលំ​ទូលាយ ពិ​ភព​លោកកើតសង្គ្រាមដោយភ្លើង រាគៈ ទោសៈ មោហៈ ដែលអាស្រ័យនៅក្នុងចិត្ដមនុស្ស ឬ​ ដែល​មាន​ចិត្ដ​សត្វ​លោក​ជា​ជើង​ក្រាន​ ពិភព​លោក​មាន​សន្ដិ​ភាព​ដោយអាស្រ័យសេចក្ដីសន្តោស ដែលមាននៅក្នុងចិត្ដមនុស្ស ឬ ដែលមានចិត្ដ សត្វ​លោក​ជា​លំនៅ​ឋាន​។​ ពិភព​លោក​មាន​សេក្ដី​ចំរើន​រុង​រឿង ដោយអ្នកសាសនា ឬអ្នកវិទ្យាសាស្រ្ដមាន ចិត្ដកុសល ឬ រស់នៅក្នុងព្រហ្ម​វិហា​​ធម៌ ពិភព​លោក​វិនាស​ ដោយ​អ្នក​សាសនា​ និង អ្នកវិទ្យាសាស្រ្ដគ្មានសីលធម៌ គ្មានអនុវត្ដព្រហ្មវិហារធម៌ ឬមានចិត្ដអកុសល៘