ព្រះពុទ្ធសាសនានៅប្រទេសកម្ពុ​ជា(ត)
ចំណាត់ភាគ



ថ្ងៃសៅរ៍ ទី8.មិថុនា 2019.ម៉ោង 7:42

៤.យុគក្រោយអង្គរ(ព.ស.១៩៧៥ ដល់បច្ចុប្បន្ន)

    យុគ​ក្រោយ​នេះ ​កម្ពុជា​មាន​កម្លាំង​រឹង​ប៉ឹង​ខ្លះ​ក្នុង​រយៈ​ដំបូង​ តែ​ព្រោះ​ការ​ធ្វើ​សង្រ្គាម​ ជា​មួយ​អាណា​ចក្រ​ថៃ​ ក៏​ត្រូវ​បាត់​បង់​អំណាច​ទៅ​ទៀត​ ក្លាយ​ជា​ប្រទេស​ឋិត​នៅ​ក្រោម​ចំណុះ​របស់​ថៃ ក្នុង​ផែន​ដី​ព្រះ​មហា​ក្សត្រ​ព្រះនាម​ន រេ​សួន​មហា​រាជ​ ចាប់​តាំង​ពី ​ព.ស.២១៣៧ ដល់ ព.ស.២១៦១​។ គ្រា​បាន​ឯក​រាជ្យ​មក​វិញ​ហើយ​ ស្រាប់​តែ​ត្រូវ​ចំ​រយៈ​ ពេល​ដែល​ប្រទេស​វៀត​ណាម​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង​ ព្រោះ​ប្រទេស​វៀត​ណាម​ជា​គូ​សឹក​សង្រ្គាម​ ជា​មួយ​ប្រទេស​ចម្ប៉ា​ បាន​បង្រ្កាប​ចម្ប៉ា​ជា​ដាច់​ខាត​ ហើយ​រួម​ប្រទេស​ចម្ប៉ា​ជា​ដែន​ដី​របស់​វៀត​​ណាម​ តាំង​តែ ​ព.ស.២០១៤ រហូត​ដល់​ពាក់​កណ្តាល​ ព.សវ.២២ ក៏​បាន​ឱកាស​ដែល​កម្ពុជា​បើក​អោយ​ ទើប​វៀត​ណាម​ចូល​មក​រួម​វង់​សង្រ្គាម​ក្នុង​ភាគ​ខាង​លេច​ តាំង​ពី​ពេល​នោះ​មក​។​ កម្ពុជា​ក៏​ចាប់​ផ្តើម​មាន​ភាព​ទន់​ខ្សោយ​ទៅ ​ៗ​ ព្រោះ​តែ​សង្រ្គាម​ជា​មួយ​ថៃ​ផង​ វៀត​ណាម​ផង​ ការ​ដណ្តើម​រាជ្យ​ និង​ ការ​ធ្វើ​សង្រ្គាម​ផ្ទៃ​ក្នុង​ផង​ ពឹង​ថៃ និង វៀត​ណាម​អោយ​ចូល​មក​កណ្តាល​ ជា​វេទី​សង្រ្គាម​ របស់​ប្រទេស​ទាំង​ពីរ​នោះ​ផង​ ជា​របាំង​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ផង​ បាន​ក្លាយ​ជា​ប្រទេស​ឋិត​នៅ​ក្រោម​ចំណុះ​របស់​ថៃ​ផង​ វៀត​ណាម​ផង​ បាន​ជា​ប្រទេស ឋិត​នៅ​ក្រោម​ចំណុះ​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​ជា​មួយ​ផង​ក៏​មាន​។​ មាន​ការ​ផ្លាស់​ប្តូរ​ទី​ក្រុង​ច្រើន​លើក​ច្រើន​គ្រា​ រហូត​ដល់​ជិត​ចុង​ ព.សវ.២៤ ប្រទេស​បារាំង​សេស​បាន​ចាប់​ផ្តើម​ចូល​មក​មាន​តួ​នាទី​ក្នុង​ឥណ្ឌូ​ចិន​ ត​មក​មិន​យូរ​កម្ពុជា​ ក៏​បាន​ក្លាយ​ជា​រដ្ឋ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​បារាំង​សេស​ក្នុង​ ព.ស.២៤០៦ ហើយ​បាន​ក្លាយ​ជា​ប្រទេស​អាណា​និគម​របស់​បារាំង​សេស​នៅ​ ព.ស.២៤១០ ដរាប​ដល់​ ព.ស.២៤៩៧ ទើប​បាន​ឯក​រាជ្យ​មក​វិញ​ ហើយ​ត្រូវ​បាន​តាំង​នាម​ថា​ “ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​” មាន​រាជ​ធានី​ឈ្មោះ​ថា​ “ភ្នំពេញ” មាន​ព្រះ​មហា​ក្សត្រ​គ្រង​រាជ្យ​តាំង​ពី ព.ស.២៤៨៣ ព្រះ​នាម​ថា​ព្រះ​បាទ​នរោត្តម​សីហនុ​។

    ត​មក​ ព.ស.២៤៩៨ ព្រះ​បាទ​នរោត្តម​សីហនុ​បាន​លះ​បង់​រាជ្យ​សម្បត្តិ​អោយ​ព្រះ​បាទ​នរោត្តម​សុរា​ម្រិត​ ជា​រាជ​បិតា​ឡើង​គ្រង​រាជ្យ​ជំនួស​ ហើយ​ព្រះ​អង្គ​ក៏​បាន​បង្កើត​គណៈ​បក្ស​នយោ​បាយ​ឈ្មោះ​ថា​ “សង្គម​រាស្រ្ត​និយម​” ហើយ​ព្រះ​អង្គ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ជា​នាយក​រដ្ឋ​មន្រ្តី ​ប្រកាន់​ “នយោ​បាយ​អព្យា​ក្រិត្យ​”​ (មិន​ចូល​បក្ស​សម្ព័ន្ធ​)​ ពេល​ដែល​ព្រះ​បាទ​នរោត្តម​សុរា​ម្រិត​ ទ្រង់​សោយ​ទិ​វង្គត​ ព្រះ​បាទ​នរោត្តម​សីហនុ​ ទ្រង់​ជា​ប្រមុខ​រដ្ឋ​ តែ​ទ្រង់​មិន​បាន​គ្រង​រាជ្យ​ជា​ស្តេច​ផែន​ដី​ទេ​។ ផ្នែក​ខាង​សាសនា​ព្រះ​អង្គ​ទ្រង់​ជា​ពុទ្ធ​មាមកៈ ​ហើយ​ទ្រង់​បាន​ចាត់​ព្រះ​ពុទ្ធសាសនា​ជា​ “សាសនា​ប្រចាំ​ជាតិ​” ជា​ផ្លូវ​ការ​។ ព្រះ​បាទ​នរោត្តម​សីហនុ​ទ្រង់​សាង​ព្រះ​ផ្នួស​ជា​ភិក្ខុ​ភាវៈ​ពីរ​លើក​ ក្នុង​ ព.ស​.២៤៩០ និង ព.ស. ២៥០៦។ ទ្រង់​មាន​ ព្រះ​រាជ​ តម្រេះ​​បង្កើត​ទ្រឹស្តី​ពុទ្ធ​សង្គម​និយម​ខ្មែរ​ឡើង​ ដើម្បី​អោយ​បាន​ជា​លទ្ធិ​នយោ​បាយ​ ឬ​ជា​របប​គ្រប់​គ្រង​របៀប​ថ្មី​ដែល​ប្រកាន់​យក​ពុទ្ធ​ធម៌​ជា​គោល​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ ឬ​ន័យ​ម្យ៉ាង​ទៀត​គឺ​ បង្កើត​លទ្ធិ​សង្គម​និយម​ បែប​ថ្មី​ដែល​មាន​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​សាសនា​ជា​មូល​ដ្ឋាន​។​

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ក្នុង​សម័យ​ថ្មី​នេះ​ឋិត​នៅ​ក្នុង​ យុគ​ដែល​អាស៊ី​អាគេ្នយ៍​ ជា​វេ​ទិការ​នយោ​បាយ​បរ​ទេស​ ជា​ពិសេស​ជា​កន្លែង​ប្រជែង​ ដណ្តើម​អំណាច​គ្នា​រវាង​ពួក​សេរី​និយម​ និង​ កម្មុយ​និស្ត​និយម​ ទើប​ជួប​ប្រទះ​នូវ​បញ្ហា​ជា​ច្រើន​ ទាំង​ផ្នែក​ខាង​កិច្ច​ការ​បរ​ទេស​​ និង ជំលោះ​រឿង​ព្រំ​ដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ជា​ដើម​ ជា​ពិសេស​ជា​មួយ​ប្រទេស​វៀតណាម​ ដែល​ជា​គូ​សត្រូវ​ពី​អតីត​។ លុះ​ដល់ ព.ស.២៥១៣ ព្រះ​បាទន​រោត្តម​សីហនុ​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​ដណ្តើម​អំណាច​ (ព្រះ​អង្គ​អស់​អំណាច​) លទ្ធិ​ពុទ្ធ​សង្គម​និយម​សាប​សូន្យ​។​ ក្រុម​បុគ្គល​ដែល​ដណ្តើម​អំណាច​បាន​ប្រកាស​ផ្លាស់​ប្តូរ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ជា​សាធា​រណ​រដ្ឋ​ខ្មែរ​ មាន​ប្រធានា​ធិបតី​ លន់ នល់ ជា​ដំបូង​។ រដ្ឋា​ភិបាល​ថ្មី​ប្រកាស​បញ្ជាក់​ថា នៅ​តែ​គោរព​ព្រះ​ពុទ្ធ​សាសនា​ ជា​សាសនា​ប្រចាំ​ជាតិ​ និង​ ឧបត្ថម្ភ​ការ​ពារ​អោយ​បាន​រឹង​ប៉ឹង​ ក្នុង​ថ្នាក់​​ជា​ស្ថាប័ន​សាកល​អន្តរ​ជាតិ​ ចំណែក​ឯ​ព្រះ​សង្ឃ​ក៏​បាន​ប្រកាស​ ឥរិ​យាបថ​មិន​អោយ​ព្រះ​សង្ឃ​ពាក់​ព័ន្ធ​ នឹង នយោ​បាយ​។​

    ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា​ ក្រោយ​សម័យ​អង្គរ​ មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ខ្លាំង​ណាស់​ ប្រៀប​ជា​មួយ​ព្រះ​ពុទ្ធ​សាសនា​នៅ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ ទាំង​ផ្នែក​ខាង​សាសន​មណ្ឌល​ នឹង​ វប្បធម៌​ ប្រពៃ​ណី ដូច​ជា​មាន​វត្ត និង ភិក្ខុ​សាម​ណេរ​ជា​ច្រើន​។ ព្រះ​សង្ឃ​បាន​ទទួល​ការ​គោរព​យ៉ាង​ខ្ពស់​ពី​ប្រជា​ជន​ បំពេញ​នាទី​ជា​គ្រូ​បា​អាចារ្យ​ មាន​ប្រ​ពៃ​ណី​បញ្ជូន​ក្មេង និង យុវ​ជន​អោយ​ស្នាក់​នៅ​ក្នុង​វត្ត​ជា​ក្មេង​វត្ត​ ឬ​បួស​ជា​ភិក្ខុ​សាម​ណេរ​ជា​ដើម​។ ទាំង​នេះ​ព្រោះ​ភាគ​ច្រើន​ជា​គតិ​ដែល​ផ្សព្វ​ផ្សាយ​ ឬ​ នាំ​យក​មក​ពី​ប្រ​ទេស​ថៃ ហាក់​បី​ដូច​ជា​ការ​តប​ស្នង​ក្នុង​ការ​ដែល​ថៃ​ធ្លាប់​បាន​ទទួល​ឥទ្ធិ​ពល​វប្ប​ធម៌​របស់​ខ្មែរ​ ក្នុង​ពេល​មុន​ តួ​យ៉ាង​ដូច​ជា​សំណាក់​រាជ​វាំង​ថៃ​បច្ចុប្បន្ន​ ប្រើ​រាជ​ស័ព្ទ​ភាសា​ខ្មែរ​ និង​ សំណាក់​រាជ​វាំង​ខ្មែរ​ប្រើ​រាជ​ស័ព្ទ​ភាសា​ថៃ​។​

    ព្រះ​សង្ឃ​មាន​ពីរ​និកាយ​គឺ​ មហា​និកាយ​ និង ធម្ម​យុត្ត​ ដូច​ប្រទេស​ថៃ​ ទាំង​នេះ​កើត​មក​ពី​ការ​ដែល​សម្តេច​ព្រះ​សុគន្ធា​ធិបតី​ (ប៉ាន) និមិន្ត​ទៅ​សិក្សា​បរិ​យត្តិ​ធម៌​នៅ​ទី​ក្រុង​បឹង​កក​ ព្រះ​រាជា​ណា​ចក្រ​ថៃ​ បាន​សិក្សា​បែប​ផែន​របស់​គណៈ​ធម្ម​យុត្ត​ ហើយ​នាំ​យក​របប​ធម្ម​យុត្តិ​​កនិ​កាយ​មក​តាំង​នៅ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា​ នៅ ​ព.ស.​២៤០៧ ហើយ​ព្រះ​អង្គ​ទ្រង់​ជា​សម្តេច​ព្រះ​សង្ឃ​រាជ​អង្គ​ដំបូង​នៃ​គណៈ​ធម្ម​យុត្តិ​កនិកាយ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​។

    ប្រជា​ជន​ខ្មែរ​នៅ​ ព.ស.២៥១៣ មាន​ប្រមាណ​ ៧,០០០,០០០ នាក់​ ជា​ពុទ្ធ​សាស​និក ៩០​ភាគ​រយ​ មាន​វត្ត​ចំនួន​ ៣៣៦៩វត្ត (វត្ត​មហា​និកាយ​ ៣២៣០​វត្ត វត្ត​ធម្ម​យុត្ត ១៣៩​វត្ត) មាន​ភិក្ខុ​សាម​ណេរ​ទាំង​អស់ ៦៥,០៦៣ អង្គ (មហា​និកាយ ៦២,៦៧៨ អង្គ ធម្ម​យុត្ត ២៣៨៥ អង្គ) ការ​គ្រប់​គ្រង​ទាំង​ពីរ​គណៈ​នេះ​ ចែក​ចេញ​ដាច់​ដោយ​ឡែក​ពី​គ្នា​។​ គណៈ​នីមួយ​ៗ មាន​ប្រមុខ​របស់​ខ្លួន​ មិន​ចំណុះ​គ្នា​ឡើយ​។​ ប្រមុខ​ទាំង​ពីរ​និកាយ​អាច នឹង ប្រកាស​សេច​ក្តី​ថ្លែង​ការណ៍​រួម​គ្នា​បាន​។ ប្រមុខ​សង្ឃ​ទាំង​ពីរ​គណៈ​ហៅ​ថា​ “សម្តេច​ព្រះ​​មហា​សុមេធា​ធិបតី​សង្ឃ​នាយក​គណៈ​មហា​និកាយ​” (បច្ចុប្បន្ន តាំង​នាម​ថ្មី​ថា សមេ្តច​ព្រះ​ អគ្គ​មហា​សុមេធា​ធិប​តី​សង្ឃ​នាយក​គណៈ​មហា​និកាយ​)​ ប្រមុខ​សង្ឃ​ផ្នែក​ធម្ម​យុត្តិ​កនិកាយ​ហៅ​ថា​ “សមេ្តច​ព្រះ​មហា​សុមេ​ធា​ធិប​តី​សង្ឃ​នាយក​គណៈ​ធម្ម​យុត្តិ​កនិកាយ​ ”បន្ទាប់​មក​ពេល​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ផ្លាស់​ជា​សាធារណ​រដ្ឋ​ខ្មែរ​ ហើយ​ប្រធា​នា​ធិបតី​ លន់ នល់ បាន​ប្រកាស​ថ្វាយ​ព្រះ​កិត្តិ​នាម​លើក​ដម្កើង​ព្រះ​សង្ឃ​នាយក​ទាំង​ពីរ​និកាយ​នោះ​ ជា​ព្រះ​សង្ឃ​រាជ​ នៅ​ថ្ងែ​ទី​ ១៥ មករា ២៥១៥​។​

    ផ្នែក​ខាង​ពុទ្ធិ​កសិក្សា​ ចាត់​បាន​ថា​ទទួល​បែប​ផែន​ និង​ ឥទ្ធិ​ពល​ពី​ប្រទេស​ថៃ​ជា​ ចំណែក​មួយ​មក​តាំង​តែ​ពី​ដំបូង​ម្ល៉េះ​ ពោល​គឺ​សមេ្តច​ព្រះ​សង្ឃ​រាជ​ ទៀង​ ពេល​ព្រះ​អង្គ​នៅ​ជា​យុវ​វ័យ​ ព្រះ​អង្គ​បាន​និមន្ត​ទៅ​បំពេញ​ការ​សិក្សា​ព្រះ​ពុទ្ធ​សាសនា​នៅ​ទី​ក្រុង​បឹង​កក់​ រហូត​ដល់​ចប់​ប្រយោគ​ខ្ពស់​បំផុត​។ បន្ទាប់​មក​ព្រះ​មហា​វិមល​ធម៌​ (ថង) ​សិស្ស​របស់​សមេ្តច​ព្រះ​សង្ឃ​រាជ​ទៀង​ ក៏​បាន​និមន្ត​ទៅ​សិក្សា​នៅ​ទី​ក្រុង​បឹង​កក់​ដែរ​ ហើយ​ក៏​បាន​និមន្ត​ត្រឡប់​មក​ចាត់​តាំង​សាលា​រៀន​ពុទ្ធិ​កសិក្សា​លើក​ដំបូង​នៅ​កម្ពុជា​ សាលា​បាលី​ដំបូង​បំផុត​តាំង​នៅ​អង្គរ​វត្ត​ ព.ស.២៤៥២ ត​មក​នៅ​ ព.ស.២៤៥៧ បំលាស់​មក​សាង​នៅ​ក្នុង​ក្រុង​ភ្នំ​ពេញ​ហៅថា​ “សាលា​បាលី​ជាន់​ខ្ពស់​” រយៈ​ក្រោយ​មក​សាលា​នេះ​មាន​ការ​រីក​ចំរើន​ហើយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ “ពុទ្ធិក​វិទ្យា​ល័យ​”​ ហើយ​មាន​មហា​វិទ្យា​ល័យ​ព្រះ​ពុទ្ធ​សាសនា​ដែល​សមេ្តច​ព្រះ​នរោត្តម​សីហនុ​ទ្រង់​បាន​សាង​ ហៅ​ថា “មហា​វិទ្យា​ល័យ​ព្រះ​ពុទ្ធ​សាសនា​សីហ​នុរាជ​ បច្ចុប្បន្ន​ជា​សាកល​វិទ្យា​ល័យ​សីហនុ​រាជ​” ចាប់​ផ្តើម​បង្រៀន​ថ្នាក់​បរិញ្ញា​ប័ត្រ​នៅ​ ព.ស.២៥០២ ថ្នាក់​អនុបណ្ឌិត​នៅ​ ព.ស. ២៥០៥ ហើយ និង មាន​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ទៅ​ទៀត​ក្នុង​ឆ្នាំ ព.ស.២៥១៥ មាន​ព្រះ​សង្ឃ​រៀន​ថ្នាក់​បរិញ្ញា​ប័ត្រ​ ១៥០ អង្គ រៀន​ថ្នាក់​អនុបណ្ឌិត​ ៥៤​អង្គ​។​

    មុន ព.ស.២៥០៤មាន​ព្រះ​សង្ឃ​ខ្មែរ​ចំនួន​ច្រើន​អង្គ​និមន្ត​ទៅ​បំពេញ​ការ​សិក្សា បរិយត្តិ​ធម៌​ផ្នែក​ភាសា​បាលី និង មហា​វិទ្យា​ល័យ​សង្ឃ​នៅ​ប្រទេស​ថៃ​ ស្នាក់​នៅ​ក្នុង​វត្ត​ ផ្សេង​ៗ​ក្នុង​ក្រុង​បឹង​កក់ តែ​ក្រោយ​មក​ប្រទេស​កម្ពុជា​បាន​កាត់​ផ្តាច់​សម្ព័ន្ធ​ភាព​ជា​មួយ​ ប្រទេស​ថៃ​នៅ ព.ស.២៥០៤ ហើយ​ការ​និយម​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ជា​បន្ត​បន្ទាប់​។​

    ក្នុង ព.ស.២៥១១ ព្រះ​​រាជា​​ណា​​ចក្រ​​កម្ពុជា​​បាន​​រៀប​​ចំ​​បក​​ប្រែ និង​ បោះ​​ពុម្ភ​​ព្រះ​ត្រៃ​​បិដក​​សម្រេច​​ជា​ស្ថាពរ​ ហើយ​ក៏​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅឆ្នាំ​​បន្ទាប់​មក​។ ព្រះ​ត្រៃ​បិដក​ច្បាប់​នេះ​មាន​ពីរ​ភាសា​ គឺ ភាសា​បាលី ​និង​ ភាសា​ខ្មែរ​រួម​គ្នា​ ចាប់​ផ្តើម​ចង​ក្រង​ និង បក​ប្រែ​នៅ​ ព.ស. ២៤៧២ មាន​ចំនួន​ ១១០ ព្រះ​វិន័យ​ ១៣​ក្បាល​ ព្រះ​សូត្រ ៦៣​ក្បាល​ និង ព្រះ​អភិធម្ម​ ៣៤​ក្បាល​។​

    ឋិត​នៅ​ក្នុង​សង្គម​សម័យ​ថ្មី​ ដែល​មាន​ការ​បដិ​វត្តន៍​យ៉ាង​លឿន​ មាន​សភាព​ការណ៍​ ខាង​ព្រះ​ពុទ្ធ​សាសនា​គួរ​អោយ​ព្រួយ​បារម្ភ​ច្រើន​យ៉ាង​ ជា​ពិសេស​ក្នុង​តំបន់​អភិ​វឌ្ឍន៍​ ដូច​ជា​ទី​ក្រុង​ជា​ដើម​ យុវជន​យុវ​នារី​សម័យ​ថ្មី​បាន​ទទួល​ការ​សិក្សា​តាម​បែបប​ស្ចឹម​ប្រទេស​ ទោះ​បី រដ្ឋា​ភិបាល​ចាត់​អោយ​មាន​ការ​បង្រៀន​ព្រះ​ពុទ្ធ​សាសនា​នៅ​គ្រប់​កំរិត​ ក្មេង​ក៏​ចំរើន​វ័យ​ឡើង​តាម​បែប​លោក​ខាង​លិច​ មាន​សម្ព័ន្ធ​ភាព​ជា​មួយ​វត្ត​ និង​ ព្រះ​សង្ឃ​តិច​ទៅ​ៗ​ ការ​បួស​រៀន​នៅ​មាន​ចំពោះ​តែ​ក្រុម​ក្មេង​ជន​បទ​ ចំណែក​ឯ​ក្មេង​នៅ​ទី​ក្រុង​កម្រ​ នឹង ​បួស​រៀន​ណាស់​ សូម្បី​តែ​បួស​រយៈ​ខ្លី​ក៏​មាន​ចំនួន​តិច​តួច​ដែរ​ លើស​ពី​នេះ​ទៅ​ទៀត​ នៅ​ក្នុង​ទី​ក្រុង​ ញាតិ​ញោម​ដែល​មាន​សទ្ធា​ដាក់​បាត្រ​ក៏​មាន​ការ​ថយ​ចុះ​ ជា​ហេតុ​នាំ​អោយ​ព្រះ​សង្ឃ​និមន្ត​ចេញ​បិណ្ឌ​បាត្រ​ថយ​ចុះ ​ព្រះ​សង្ឃ​ត្រូវអា​ស្រ័យ​ចង្ហាន់​ ដែល​ចម្អិន​ដោយ​ខ្លួន​ឯង​ដើម្បី​ចិញ្ចឹម​ជីវិត​។​ កិច្ចការ​ខាង​ព្រះ​ពុទ្ធ​សាសនា​ដោយ​ទូ​ទៅ​ផ្តោត​សំខាន់​ទៅ​ខាង​សង្គម​ច្រើន​ជាង​ ស្មារតី​ (វិបស្សនា) ការ​បដិ​បត្តិ​ខាង​ផ្នែក​សមា​ធិ​ភាវ​នា​ក៏​មិន​មាន​ការ​ចាប់​អារម្មណ៍​។ ពុទ្ធិក​សិក្សា​​ផ្តោត​សំខាន់​ទៅ​លើ​ហេតុ​ផល​ លះ​បង់​អបិយ​ជំនឿ​ផ្សេង​ៗ​ក៏​ពិត​ តែ​អ្នក​រៀន​រមែង​ប្រាថ្នា បរិញ្ញា​ប័ត្រ​ សញ្ញា​ប័ត្រ​ និង ​ការ​ឈាន​មុខ​ក្នុង​សង្គម​ច្រើន​ជាង​វិជ្ជា​ការ​ស្រាវ​ជ្រាវ​ និង​ ការ​លើក​កំពស់​កំរិត​ភូមិ​ធម៌​ខាង​ផ្លូវ​ចិត្ត​។ ប្រជា​ជន​ទូ​ទៅ​មាន​ភាព​ញាប់​ញ័រ​ (មិន​នឹង​នរ​) មិន​មាន​ភាព​ប្រាកដ​ក្នុង​ចិត្ត​ទាក់​ទង​ទៅ​នឹង​ប្រសិទ្ធ​ភាព​របស់​ព្រះ​ពុទ្ធ​សាសនា​ ព្រោះ​គោល​ការណ៍​ដែល​ប្រកាន់​មក​ថា​ ជាតិ​ សាសនា និង ព្រះ​មហា​ក្សត្រ​ត្រូវ​នៅ​រួម​គ្នា​មិន​អាច​បំបែក​បាន​ ក៏​ត្រូវ​បាន​បំបែក​។ ទ្រឹស្តី​ពុទ្ធ​សង្គម​និយម​ដែល​ថា នឹង នាំ​ឆ្ពោះ​ទៅ​រក​សន្តិ​ភាព​ពិត​ប្រាកដ​ នៅ​មិន​ទាន់​ប្រសូត​ចេញមក​នៅ​ឡើយ​ ក៏​មាន​ភាព​ស្រពាប់​ស្រពោន​ជា​មុន​រួច​ទៅ​ហើយ​ ធ្វើ​ឲ្យ​ប្រជា​ជន​ចាំ​បាច់​ត្រូវ​សង្ឃឹម​ទៅ​លើ​គោល​ការណ៍​ ទ្រឹស្តី ឬ​របប​ដទៃ​ទៀត​។​

    ចាប់​តាំង​តែ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ បាន​បដិ​វត្តន៍​ជា​សាធា​រណៈ​ ខ្មែរ​នៅ​ក្នុង​ព.ស. ២៥១៣ ហើយ ប្រទេស​ជាតិ​ក៏​ជួប​ប្រទះ​បញ្ហា​ចលា​ចល​សឹក​សង្រ្គាម ជា​រៀង​រហូត​ ទាំង​ជា​មួយ​វៀត​ម៉ិញ​ វៀត​កុង និង​ ខ្មែរ​ក្រហម​ រហូតដល់​ថ្ងៃ​ទី ១៦ ​មេសា ព.ស. ២៥១៨ ក៏​បរាជ័យ​ ត្រូវ​ខ្មែរ​ក្រហម​ចូល​មក​កាន់​កាប​ទាំង​ស្រុង​ កង​ទ័ព​កម្មុយ​និស្ត​ព្រម​ជា​មួយ​យុវ​បដិ​វត្តន៍​បាន​ដំណើរ​ការ​ចាត់​របៀប​ប្រទេស​ជាតិ​សា​ជា​ថ្មី ​ដោយ​វិធាន​ការ​បន្ទាន់​ និង​ ហឹង្សា សម្លាប់​អ្នក​មិន​យល់​ស្រប​ និង ទាហាន​រដ្ឋា​ភិបាល​មិន​មេត្តា​ប្រាណី​ ជម្លៀស​ប្រជា​ជន​ចេញ​ពី​ទី​ក្រុង​ភ្នំ​ពេញ​ទាំង​អស់​ ហើយ​ទៅ​តាំង​ទី​លំ​នៅ​ក្នុង​ព្រៃ​ ចាត់​របៀប​កាប់​ឆ្ការ​ទី​ធ្វើ​ស្រែ​ចំការ​តាម​បែប​ថ្មី​។ សាធារ​ណៈ​រដ្ឋ​ខ្មែរ​ក៏​បាន​ផ្លាស់​ទៅ​ជា​ “កម្ពុជា​ប្រជា​ធិប​តេយ្យ​”​ ប្រើ​របប​គ្រប់​គ្រង​សង្គម​និយម​កុម្មុ​និស្ត​ ចំណែក​ឯ​ផល​ដែល​កើត​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ ដែល​កើត​មក​ពី​ការ​បដិ​វត្តន៍​នេះ​ ប្រាកដ​ចំពោះ​ខ្សែ​ភ្នែក​ពុទ្ធ​សាស​និក​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ ហាក់​បី​ដូច​ជា​ចំណុច​អាវសាន​ ដែល​បាំង​ដោយ​រនាំង​វាំង​នន​ពណ៌​ខ្មៅ ​ឬ​យ៉ាង​ហោច​ណាស់​ហាក់​ដូច​ជា​ទាញ​ឆាក​ពណ៌​ខ្មៅ​មក​បាំង​។​

    ព្រះ​ថេរៈ​ថ្នាក់​ដឹក​នាំ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ ដែល​បាន​ភៀស​ខ្លួន​នៅ​សហ​រដ្ឋ​អា​មេរិក​ បាន​ថ្លែង​ចំពោះ​ទី​ប្រជុំ​នា​សាលា​ក្រុង​បុស្តន​ កាល​ពី​ខែ​មេសា ព.ស. ២៥២១ មួយ​ប្រយោគ​​ថា​ “ដូច​ដែល​អស់​លោក​ជ្រាប​ស្រាប់​មក​ហើយ​ ប្រជា​ជន​កម្ពុជា​ជាង​ ១ភាគ​​ ៣​ត្រូវ​បាន​ប្រហារ​ជីវិត​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ កន្លង​មក​នេះ​ (គឺ​ក្នុង​របប​ ៣​ឆ្នាំ ៨ ខែ​២០​ ថ្ងៃ​)​ រួម​ទាំង​ព្រះ​សង្ឃ​ទាំង​អស់​ជិត ៨០,​០០០ អង្គ​។ ព្រះ​ពុទ្ធ​សាសនា​ក្នុង​សម័យ​នេះ​ពោល​បាន​ឈ្មោះ​ថា​សូន្យ​ ព្រោះ​មិន​មាន​ព្រះ​​សង្ឃ​នៅ​សល់​ទៀត​ទេ​ តែ​ក្រោយ​ពេល​រំដោះ​ទើប​មាន​ការ​បំបួស​ព្រះ​សង្ឃ​សា​ជា​ថ្មី​ ដោយ​បញ្ជូន​កុល​បុត្ត​ទៅ​បំបួស​នៅ​វៀត​ណាម​ភាគខាង​​ត្បូង​ដោយ​គណៈ​សង្ឃ​ថេរ​វាទ​វៀត​​ណាម​ កុល​បុត្ត​ដែល​ត្រូវ​បំបួស​ក្នុង​សម័យ​នោះ​ មាន​សម្តេច​ព្រះ​អគ្គ​មហា​​សុមេ​ធា​ធិប​តី​​សង្ឃ​​នាយក​គណៈ​មហា​និកាយ​ នា​ពេល​បច្ចុប្បន្ន​ជា​ដើម​។​

    ក្នុង​ថ្ងៃទី ៧ មក​រា ព.ស. ២៥២២ កង​ទ័ព​នៃ​សភា​បដិ​វត្តន៍​ប្រជា​ជន​កម្ពុជា​ ដែល​​វៀត​​ណាម​ឋិត​​នៅ​ពី​ក្រោយ​បាន​ចូល​មក​កាន់​កាប់​ក្រុង​ភ្នំ​ពេញ ហើយ​ប្តូរ​ឈ្មោះ​​ទៅ​ជា “សាធា​រណៈ​រដ្ឋ​ប្រជា​ជន​កម្ពុជា” ដោយ​មាន​សម្តេច​ ហេង​ សំរិន្ទ ជា​ប្រធានា​ធិប​តី​។ កង​​ទ័ព​​​នៃ​​​រដ្ឋា​ភិបាល​កម្ពុជា​ប្រជា​ធិប​តេយ្យ​បាន​ដក​ថយ​ចូល​ទៅ​នៅ​ក្នុង​ព្រៃ ហើយ​ធ្វើ​សង្រ្គាម​ដណ្តើម​ អំណាច​ តែ​ការ​តស៊ូ​ដំណើរ​ទៅ​មុខ​រក​​សេច​ក្តី​សុខ​ សន្តិ​ភាព​​មិន​​មាន​​ក្នុង​ពេល​នោះ​។​

ឯកសារពិគ្រោះ :
ភិក្ខុ វិរិយបណ្ឌិតោ ប៉ាង ខាត, បាថកថារឿង ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនានៅសាធារណៈរដ្ឋ ខ្មែរ, ក្រុងបាងកក ព.ស. ២៥៣៤.
សារានុក្រមថៃ ច្បាប់រាជបណ្ឌិត្យស្ថាន (ព.ស. ២៤៩៨-២៥២១) កម្ពុជា ខ្មែរ ចម្ប៉ា ចេនឡា
Encycolopedia, Americana. 1969 ed., s.v. “Angkor”, Cambodia Indochina, Southeast Asia”
Encyclopaedia Britannica. 1968 ed., s.v. Buddhism” , Cambodia, “India Art”
Hall. D.G.E, A History of South-East Asia. New York: St. Martin’s Press, 1970
Harrison, Brian. South-East Asia, A short History. London: Macmillan & Co., Ltd.,1963.
Somdech Preah Mhasumedhadhipati. The Governing of the Buddhist Order in Cambodia vesakha Puja 2519, Bangkok 1976, PP. 40-47
Zago, Marcello. “Contemporary Khmer Buddhism” in Buddhism in the modern world” Edited by Heinrich Dumoulin and John C. Maraldo New York: Macmillan Publishing Co., Inc., 1976.