ព្រះពុទ្ធសាសនានៅប្រទេសថៃ(ត)


ថ្ងៃសៅរ៍ ទី31.សីហា 2019.ម៉ោង 14:15

៥. សម័យបច្ចុប្បន្ន (រជ្ជកាលទី ៥ ដល់បច្ចុប្បន្ន)
    ព.ស. ២៤១១ : ព្រះ​បាទ​សម្តេច​ព្រះ​ចុល្ល​ចម​ក្លៅ​ចៅ​យ៉ូហ៊ួ​ ទ្រង​ឡើង​គ្រង​រាជ្យ​ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​ ២៤​កញ្ញា ២៤១៦ ទ្រង់​បាន​សាង​ព្រះ​ផ្នួស​ ១៥​ថ្ងៃ​ នា​វត្ត​ព្រះ​ស្រី​រតន​សាស្តា​រាម​ ទ្រង់​​បាន​សាង​វត្ត​ថ្មី​គឺ​ វត្ត​រាជ​​បពិត្រ​ វត្ត​ទេព​សិរិន្ទ្រា​វាស​ វត្ត​បញ្ច​ម​បពិត្រ​ ​វត្ត​អស្តាង្គ​និមិត្ត​ វត្ត​ ចុ​​ឌា​​ទិស​រាជ​ធម្ម​សភា​ និង វត្ត​និវេស​​ធម្ម​ប្រវត្តិ​។ ទ្រង់​ជួស​ជុល​វត្ត​មហា​ធាតុ​ដោយ​ព្រះ​​រាជ​ទាន​រាជ​ទ្រព្យ​ផ្ទាល់​​ របស់​សម្តេច​ព្រះ​បរម​ឱ​រសា​ធិ​រាជ​ ចៅ​ផា​មហា​វជិ​រុណ​ហិសៈ​ ដោយ​​បន្ថែម​ខ្សែ​ព្រះ​នាម​ថា​ “វត្ត​មហា​ធាតុ​យុវ​រាជ​រាំង​ស្រិដ្ឋិ​” និង ទ្រង់​ជួស​ជុល​វត្ត​ផ្សេង​ៗ​ ទៀត​​​ជា​ច្រើន ទ្រង់​ពេញ​ព្រះទ័យ​ក្នុង​ការ​សិក្សា​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្លាំង​ ​ទ្រង់​ព្រះ​រាជ​​​​និពន្ធ​​​រឿង​ទាក់​ទង​ នឹង ព្រះ​ពុទ្ធ​សាស​នា​ទុក​ជា​ច្រើន​រឿង​ ទ្រង់​ឧបត្ថម្ភ​ និង ​ផ្តើម​​រឿង​​ទាក់​​ទង​នឹង​សៀ​វ​ភៅ​ព្រះ​ពុទ្ធ​សាសនា​ ជា​ហេតុ​នាំ​ឲ្យ​កើត​សៀវ​ភៅ​ដ៏​មាន​ប្រ​​យោជន៍​ក្នុង​ការ​​សិក្សា​​ព្រះ​​ពុទ្ធ​សាសនា​យ៉ាង​ពន់​ពេក​ ដូច​ជា​ សៀវ​ភៅ​នវ​កោ​វាទ​ (ប្រជុំ​​កង​ធម៌)​ ការ​បោះ​ពុម្ភ​​គម្ពីរ​អដ្ឋ​កថា​ ការ​ប្រែ​និបាត​ជា​តក​ ជា​ដើម​។ កិច្ច​​កម្ម​​ព្រះ​​ពុទ្ធ​​សាសនា​​ដែល​គួរ​​កំណត់​​ថា​ជា​ហេតុ​ការណ៍​ពិសេស​នៅ​មាន​ដូច​ត​ទៅ​នេះ ​៖​

   ​ ព.ស. ២៤១៤ : ទ្រង​​យាង​​ទៅ​បរ​ទេស​ ពេល​ដល់​ប្រ​ទេស​ឥណ្ឌា​ ទ្រង់​ស្វែង​រក​សាសន​វត្ថុ​ និង​រូប​ព្រះពុទ្ធ​ចេតិយ​ជា​ច្រើន​កន្លែង​ ធ្វើ​ឲ្យ​អ្នក​សិក្សា​ព្រះ​ពុទ្ធ​សាសនា​ ផ្លាស់​ប្តូរ​វិថី​ពី​ប្រ​ទេស​សិរី​លង្កា​ បែរ​ទៅ​ចាប់​អារម្មណ៍​រឿង​ឥណ្ឌា​ជា​បន្ត​បន្ទាប់​ និង ក្នុង​រជ្ជកាល​នេះ​ ក៏​បាន​ ពូជ​ព្រះ​សិរី​មហា​ពោធិ៍​ ពុទ្ធ​គយា​ដោយ​ត្រង់​ ដោយ​មិន​បាន​ឆ្លង​កាត់​ប្រ​ទេស​សិរី​លង្កា​ បញ្ជា​ឲ្យ​ដាំ​នៅ​វត្ត​បញ្ចម​បពិត្រ​ និង វត្ត​អស្តាង្គ​និ​មិត្ត​។

   ​ ក្នុង​ឆ្នាំ​ជា​មួយ​គ្នា​នេះ​ដែរ​ ព្រះ​អង្គ​មាន​ព្រះ​បរម​រាជ​ឱង្កា ​“សព្វ​ព្រះ​រាជ​ហឫ​ទ័យ​​ ឲ្យ​​មាន​លោក​គ្រូ​អាចារ្យ​បង្រៀន​អក្សរ​សាស្រ្ត​នៅ​គ្រប់​អារាម​”​។ ហេតុ​ការណ៍​នេះ​ ជា​ការ​ចាប់​ផ្តើម​ការ​សិក្សា​សម័យ​ថ្មី​ ក្នុង​ប្រ​ទេស​ថៃ​ ដោយ​ឲ្យ​ព្រះ​សង្ឃ​ទទួល​ភារៈ​ជួយ​បណ្តុះ​​បណ្តាល​ការ​សិក្សា​របស់​ជាតិ​ រហូត​ដល់​ ព.ស. ២៤២៧ ចាត់​ឲ្យ​មាន​ការ​កសាង​សាលា​ រៀន​ហ្លួង​សំរាប់​ប្រជា​រាស្រ្ត​ឡើង​តាម​វត្ត​ ដោយ​ចាប់​ផ្តើម​នៅ​វត្ត​មហន្វា​រាម​ ជា​វត្ត​ដំបូង​​បំផុត​។ លុះ​ដល់​ ព.ស. ២៤៤១ មាន​ព្រះ​បរម​រាជ​ឱង្កា​រ​ប្រកាស​ចាត់​ការ​សិក្សា​នៅ​តាម​ បណ្តាល​ខេត្ត​ក្រុង​ ជា​ការ​ប្រកាស​ឲ្យ​ព្រះ​សង្ឃ​ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​ យក​ចិត្ត​ទុក​ដាក់​បង្រៀន​ ព្រះ​ធម៌​ដល់​ប្រជា​ជន​ និង ហ្វឹក​ហាត់​ចំណេះ​វិជ្ជា​ផ្សេង​ៗ ដល់​កុល​បុត្ត​ ទ្រង់​អារាធ​នា​ក្រម​​ហ្មឺន​វជិ​រញាណ​វរោរស​ ចៅ​គណៈ​ធំ​ បញ្ជា​ការ​ព្រះ​អារាម​នៅ​ក្នុង​ក្រុង​ ក្នុង​ផ្នែក​ព្រះ​សាស​នា​ និង​ ការ​សិក្សា​ និង ទ្រង់​ប្រគល់​ការ​ការ​ងារ​ក្រម​ហ្មឺន​ដំរង​​រាជា​នុ​ភាព​ជា​មន្ត្រី​ចាត់​ការ​ ឧបត្ថម្ភ​ក្នុង​ផ្នែក​កិច្ច​ការ​របស់​ឃារា​វាស​។

   ​ ព.ស. ១៤៣០ : ទ្រង់​សព្វ​ព្រះ​ទ័យ​ ប្រកាស​តែង​តាំង​ក្រម​សិក្សា​ធិការ​​ សម្រាប់​បង្គាប់​​បញ្ជា​ផ្នែក​​សិក្សា​ទាំង​ពួង បន្ទាប់​មក ព.ស. ២៤៣២ អនុញ្ញាត​ឲ្យ​រួម​ក្រម​ធម្ម​ការ​សង្ឃ​ការី​ ក្រម​​សិក្សា​ធិការ​ ក្រម​ព្យា​បាល​ ក្រម​ផែន​ទី​ និង សារ​មន្ទីរ​ ចូល​ក្រម​ធម្ម​ការ​ និង ត​មក​ថៃ្ង​ទី១ មេសា ២៤៣៥ មាន​ព្រះ​បរម​រាជ​ឱង្ការ​ប្រកាស​​តែង​តាំង​ក្រម​ធម្ម​ការ​ឡើង​ជា​​ក្រសួង​ធម្ម​ការ​ ព្រម​ជា​មួយ​ក្រសួង​ផ្សេង​ៗ​ រួម​១០​ក្រសួង​ សិក្សា​ជាតិ​ និង សាសនា​ ថិត​នៅ​ក្នុង​​នយោ​បាយ​ជា​ធ្លុង​មួយ​។

   ​ ព.ស. ១៤៣១ : សប់​ព្រះ​រាជ​ហ​ឫទ័យ​បញ្ជា​ឲ្យ​បោះ​ពុម្ភ​ព្រះ​ត្រៃ​បិដក​ច្បាប់​ភាសា​ថៃ​​ ក្នុង​មួយ​ចប់ ៣៩​ក្បាល​ ចំនួន ១០០០​ចប់​ ជា​គ្រា​ដំបូង​ដែល​ការ​បោះ​ពុម្ភ​ ព្រះ​ត្រៃ​បិដក​ជា​អក្សរ​ថៃ​​។​ សម្រេច​ហើយ​ឆ្លង​ក្នុង​ ព.ស. ២៤៣៦​ ព្រម​ជា​មួយ​បុណ្យរជ​តា​ភិសេ​ក​ និង ទ្រង់​​​អនុញ្ញាត​​ឲ្យ​តែង​ និង​ បោះ​ពុម្ភ​គម្ពីរ​ទេស​នា​។​ ព្រះ​រាជ​ទាន​ព្រះ​អា​រាម​ហ្លួង​ និង​ វត្ត​រាស្រ្ត ​ទាំង​ក្នុង​​ក្រុង​​ និង តាម​ខេត្ត​ជា​ទូ​ទៅ​ ក្នុង​ ព.ស. ២៤៣១ ​នោះ​។

   ​ ព.ស. ២៤៣២ : ទ្រង់​បញ្ជា​ឲ្យ​បំលាស់​រាជ​បណ្ឌិត​ស្ថាន​ បង្រៀន​ព្រះ​បរិ​យត្តិ​ធម៌​ដល់​ភិក្ខុ​សាម​ណេរ​ ពី​វត្ត​ព្រះ​សិរី​រតន​ស្តា​​រាម​ ចេញ​មក​ជា​សាលា​បាលី​វិទ្យា​ល័យ​ឡើង​នៅ​វត្ត​មហា​ធាតុ​ តាំង​​នាម​ថា​ “មហា​ធាតុ​វិទ្យាល័យ​” ជា​គ្រា​ដំបូង​បំផុត​ដែល​ប្រើ​នាម​ជា​វិទ្យា​ល័យ​ក្នុង​ប្រ​ទេស​ថៃ​ និង​បន្ទាប់​មក​ក្នុង​ថ្ងៃ​ទី​​១៣​ កញ្ញា ២៤៣៩ ស្តេច​ទ្រង់​យាង​ទៅ​សម្ពោធិ៍​សង្ឃ​សេនា​សនៈ រាជ​វិទ្យា​ល័យ​ ប្រកាស​ព្រះ​រាជ​ប្រារព្ភ​ប្រែ​នាម​មហា​ធាតុ​វិទ្យា​ល័យ​ជា​ “មហា​ចុឡា​លុង​កន​ រាជ​វិទ្យា​ល័យ​” ឲ្យ​ជា​​ទី​សិក្សា​ព្រះ​បរិ​យត្តិ​ធម៌​ និង វិជ្ជា​ជាន់​ខ្ពស់​ត​ទៅ​ទៀត​​។

   ​ ព.ស. ២៤៣៦ : សេ្តច​ទ្រង់​យាង​ទៅ​បើក​ មហា​ម្កុដ​រាជ​វិទ្យា​ល័យ​ ដែល​សម្តេច​ព្រះ​មហា​សម​​ណ​ចៅ ​ក្រម​ព្រះ​វជិ​រញា​ណវ​រោ​រស​ទ្រង់​ផ្តើម​សាង​ឡើង។
   ​ ព.ស. ២៤៤១ : ឧបរាជ​ ចក្រ​ភព​អង់​គ្លេស​ អ្នក​គ្រប់​គ្រង​អាណា​និគម​ប្រ​ទេស​ឥណ្ឌា​ បាន​ផ្ញើ​ព្រះ​បរម​សារី​រិក​ធាតុ​ ដែល​បាន​គាស់​ឃើញ​នៅ​ទី​ក្រុង​កបិល​ភ័ស្តុ​ មក​ថ្វាយ​ដល់​ប្រ​ទេស​ថៃ ​ទ្រង់​អនុញ្ញាត​ឲ្យ​បញ្ចុះ​ក្នុង​ព្រះ​ស្ថូប​លើ​កំពូល​បរម​បព៌ត​ ភូខៅ​ថង​ (ភ្នំ​មាស) វត្ត​ស្រះ​កេ​ស​ នៅ ព.ស. ២៤៤២​។

   ​ ព.ស. ២៤៤៥ : នា​ថ្ងៃទី​ ១៦ មិថុនា មាន​ព្រះ​បរម​រាជ​ឱង្ការ​ប្រកាស​ ព្រះ​រាជ​បញ្ញត្តិ​លក្ខណ ការ​​គ្រប់​គ្រង​គណ​សង្ឃ​ រ.ស.​ ១២១ ដើម្បី​ឲ្យ​ភាគី​ពុទ្ធ​ចក្រ​មាន​ការ​គ្រប់​គ្រង​ជា​គូ​​ និង​ ព្រះ​រា​ជា​ណា​ចក្រ​ដែល​ទ្រង់​បាន​កែ​ប្រែ​ឡើង​រួច​ហើយ​។ ព្រះ​រាជ​បញ្ញត្តិ​នេះ ជា​ផល​កើត​ឡើង​ ពី​ការ​ប្រកាស​ចាត់​ការ​សិក្សា​​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នៅ​ ព.ស. ២៤៤១ ដោយ​ព្រះ​រាជ​​តម្រិះ​ថា​ ការ​ចាត់​ការ​តាម​ប្រកាស​ច្បាប់​នោះ​បាន​ផល​​ល្អ​ សម​គួរ​តាំង​ជា​បែប​យ៉ាង​​ បែប​​ផែ​នៃ​ការ​ទ្រង់​​គ្រង​គណៈ​សង្ឃ​ឲ្យ​មាន​សន្តិ​សុខ​រៀប​រយ​បាន​។

   ​ ព.ស. ២៤៥៣ : ព្រះ​បាទ​សម្តេច​ព្រះ​ម្កុដ​ក្លៅ​ចៅ​យូហួរ​ ស្តេច​ឡើង​គ្រង​រាជ្យ​ ព្រះ​អង្គ​ទ្រង់​ព្រះ​ប្រី​ជា​ ក្លៀវ​ក្លា​ក្នុង​វិជ្ជា​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ណាស់​ រហូត​ដល់​ទ្រង់​ទេសនា​ប្រៀន​ប្រដៅ​ពួក​​រាជ​​ការ​ដោយ​ព្រះ​អង្គ​ឯង​​ និង ទ្រង់​ព្រះ​រាជ​និពន្ធ​សៀវ​ភៅ ​ស្តែង​ពុទ្ធ​សាស​នូវាទ​ជា​ច្រើន​ រឿង​​ដូច​ជា ​ទេសនា​ខ្លា​ព្រៃ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ត្រាស់​ដឹង​អ្វី​ ស្តែង​គុណា​នុ​គុណ​​ជា​ដើម​។
   ​ ព.ស. ២៤៥៦ : អនុញ្ញាតឲ្យប្រើ ពុទ្ធ​សករាជ​ ជា​សក​រាជ​ផ្លូវ​ការ​ ជំនួស​រតន​កោ​សិន្ទរ​ស័ក​ តាំង​ពី​ថ្ងៃ​​ទី ១​មេសា​។
   ​ ព.ស. ២៤៦២ : អនុញ្ញាត​ឲ្យ​ប្រែ​ឈ្មោះ​ក្រសួង​ធម្ម​ការ​ជា​ក្រសួង​សិក្សា​ធិការ​ និង បម្លាស់​ក្រម​ធម្ម​ការ​ ចេញ​ទៅ​រួម​នៅ​ជា​មួយ​ក្នុង​រាជ​សំណាក់​តាម​ប្រពៃ​ណី​ដើម​ ចាត់​ជា​ការ​បំបែក​ការ​សិក្សា​​ផ្នែក​ប្រ​ទេស​ជាតិ​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ស្ថិត​ជា​សម្ព័ន្ធ​គ្នា​ផង​​។
   ​ ព.ស. ២៤៥៤ : សម្តេច​ព្រះ​មហា​សម​ណ​ចៅ​ ក្រម​ព្រះ​យាវ​ជិ​រ​ញា​ណោ​រស​ ទ្រង់​នាំ​ពិធី​ប្រែ​ ដោយ​​សរ​សេរ​មក​ប្រើ​ក្នុង​ការ​ប្រឡង​បាលី​ស្នាម​ហ្លួង​ ជា​គ្រា​ដំបូង​បំផុត​ ផ្តើម​ពី​ប្រ​យោគ ១-​២ និង​ ប្រកាស​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​សម្រាប់​គ្រប់​ប្រយោគ​ក្នុង​ ព.ស​. ២៤៥៨​ រហូត​ដល់​គ្រប់​ ៩​​ប្រយោគ​ ក្នុង ព.ស. ២៤៦៩​។ ទ្រង់​ផ្តើម​ការ​សិក្សា​ព្រះ​បរិយត្តិ​ធម៌​សា​ជា​ថ្មី​ឡើង​​ មួយ​កម្ម​វិធី​ទៀត​ ហៅ​ថា​​ព្រះ​ធម៌​ ប្រឡង​គ្រា​ដំបូង​បំផុត​នៅ​ ខែ​តុលា​ ២៤៥៤ (ដំ​បូង​​ហៅ​ថា “អង្គ​រ​បស់​សាម​ណេរ​ដឹង​ធម៌​”​)​។
   ​ ព.ស. ២៤៥៩ : បញ្ជា​ឲ្យ​រំ​បម្លាស់​បណ្ណា​ល័យ​សំរាប់​ព្រះ​នគរ​ មក​តាំង​នៅ​អាគារ​សង្ឃ​សេនា​សន​​រាជ​វិទ្យា​ល័យ​។

   ​ ព.ស. ២៤៦២-២៤៦៣ : បញ្ជា​ឲ្យ​បោះ​ពុម្ភ​គម្ពីរ​អត្ថ​កថា​នៃ​ព្រះ​ត្រៃ​បិដក​​ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​រាជ​កុសល​ ចំពោះ​សម្តេច​ព្រះ​ហ្លួង​ពាន់​ឆ្នាំ​ និង ស្ថិត​ក្នុង​ឱកាស​​បំពេញ​ព្រះ​រាជ​កុសល​ថ្វាយ​ចំពោះ​​សម្តេច​មហា​សមណៈ​ចៅ​ក្រម​ព្រះ​យាវ​ជិ​រញា​ណោ​វ​រោ​រស​ ក្រៅ​ពី​នេះ​ ព្រះ​បរម​វង្សា​នុ​​វង្ស​ ទ្រង់​នៅ​បាន​បរិច្ឆាគ​រាជ​ទ្រព្យ​បោះ​ពុម្ព​អត្ថ​កថា​ជាតក​ និង​គម្ពីរ​ផ្សេង​​ៗ​ ដូច​ជា វិសុ​ទ្ធិ​មគ្គ​ និង​មិលិន្ទ​បញ្ហា​ ជា​ដើម​ ក្នុង​ឱ​កាស​ផ្សេង​ៗ​។

   ​ ព.ស. ២៤៦៨ : ព្រះ​បាទ​សម្តេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួរ​ ស្តេច​ទ្រង់​ឡើង​គ្រង​រាជ្យ​ បញ្ជា​ឲ្យ​ចាត់​បោះ​ពុម្ព​ព្រះ​ត្រៃ​បិដក​ច្បាប់​ស្យ៉ាម​រដ្ឋ​ ក្នុង​មួយ​ចប់​ ៤៥​ក្បាល​ ចំនួន ១៥០០​ចប់​ ដើម្បី​ឧទ្ទិស​ ថ្វាយ​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​បាទ​សម្តេច​ព្រះ​ម្កុដ​ក្លៅ​ចៅ​យូ​ហ៊ួរ ព្រះ​រាជ​ទាន​ទៅ​កាន់​​នានា​ប្រ​ទេស​ប្រមាណ​ ៤០០​-​៤៥០ ចប់​។ បញ្ជា​ឲ្យ​ចាត់​ពិធី​សម្ពោធ​ក្នុង​ថ្ងៃ​ ២៥-២៧ វិច្ឆិកា ព.ស. ២៤៦៨​។
   ​នៅ​មាន​គម្ពីរ​ផ្សេង​ៗ​ ដែល​ចាត់​បោះ​ពុម្ពត​ៗ មក​ក្នុង​រជ្ជ​កាល​នេះ​ គឺ​ អភិ​ធម្មត្ថ​​វិភា​​វិនី​ និង​ ដីកា​វិសុទ្ធិ​មគ្គ​
   ​ព.ស. ២៤៦៩ : បញ្ជា​ឲ្យ​បម្លាស់​ក្រម​ធម្មការ​ត្រឡប់​ចូល​មក​រួម​ជា​មួយ​ក្រសួង​សិក្សា​ធិការ​ និង ប្រែ​​ឈ្មោះ​​ក្រសួង​សិក្សា​ធិការ​ជា​ក្រសួង​ធម្ម​ការ​ដូច​ដើម​វិញ​ ដោយ​មាន​ព្រះ​រាជ​តម្រាស់​ថា​ ការ​សិក្សា​មិន​គួរ​ញែក​ចេញ​ឲ្យ​ដាច់​ពី​វត្ត​។
   ​ ព.ស. ២៤៧១ : ក្រសួង​ធម្ម​ការ​ប្រកាស​បន្ថែម​កម្ម​វិធី​សិក្សា​ផ្នែក​ខាង​ចរិយ​សិក្សា​សំរាប់​អ្នក​រៀន។
   ​ ព.ស.២៤៧២ : ទ្រង់​បញ្ជា​ឲ្យ​រាជ​បណ្ឌិត​សភា​បើក​ការ​ប្រកួត​និពន្ធ​សៀវ​ភៅ​បង្រៀន​ព្រះ​ពុទ្ធ​សាស​នា​សំរាប់​កុមារ​ក្នុង​រាជ​ពិធី​វិសាខ​បូជា​។ សៀវ​ភៅ​ក្បាល​ដម្បូង​ដែល​បាន​ទទួល​រង្វាន់​ គឺ​ “សាសនា​គុណ”​ របស់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រីយ៍​ពូន​ពិ​សម័យ​ តិស​កុល ក្នុង​ឆ្នាំ​នេះ​ចាប់​ផ្តើម​​បើក​ឱកាស​​ឲ្យ​ឃរា​វាស​រៀន​ព្រះ​បរិ​យត្តិ​ធម៌​ផ្នែក​ព្រះ​ធម៌​ ដោយ​ញែក​ចេញ​ពី​ព្រះ​ធម៌​សំ​រាប់​ភិក្ខុ​ និង​ សាម​ណេរ​​ហៅថា​ “ធម្ម​សិក្សា​”​។

   ​ ព.ស. ២៤៧៥ : ក្រុមប្រជា​រាស្រ្ត​បាន​ធ្វើ​ការ​បដិវត្តន៍​ កែ​ប្រែ​ការ​គ្រប់​គ្រង​ជា​របប​ប្រជា​ធិប​តេយ្យ​ នៅ​ថ្ងៃ​ទី ២៤ ​មិថុ​នា បន្ទាប់​មក ព្រះ​បាទ​សម្តេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូ​ហ៊ួរ​ ទ្រង់​បាន​លះ​បង់​​រាជ​សម្បត្តិ​ នៅ ព.ស. ២៤៧៧ ព្រះ​បាទ​សម្តេច​ព្រះ​ចៅ​យូហ៊ួរ​អានន្ទ​មហិ​ដុន​ឡើង​គ្រង​​រាជ្យ​ជា​រជ្ជ​កាល​ទី​៨​។
   ​ ព.ស. ២៤៨៣ : ចាប់ផ្តើមប្រែ​ព្រះ​ត្រៃ​បិដក​ជា​ភាសា​ថៃ បែង​ចេញ​ជា​ពីរ​ប្រភេទ​គឺ​ ប្រែ​ដោយ​អត្ថ​ បោះ​ពុម្ព​ជា​សៀវ​ភៅ​ ៨០​ក្បាល​​ហៅ​ថា “ព្រះ​ត្រៃ​បិដក​ភាសា​ថៃ​” ម៉្យាង​ទៀត​ដោយ​សំ​ណួន​ទេសនា​ បោះ​ពុម្ព​ជា​លក្ខណៈ​ស្រ្តា​ស្លឹក​រឹត​ បែង​ចេញ​ជា​ ១២៥០ ​កណ្ឌ ហៅ​ថា​ “ព្រះ​​ត្រៃ​បិដក​ច្បាប់​ហ្លួង​” មួយ​ទៀត​ច្បាប់​ខាង​ក្រោយ​នេះ​សម្រេច​រៀ​ប​រយ​នៅ​ ព.ស. ២៤៩២ តែ​ច្បាប់​ខាង​ដើម​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ និង បាន​នាំ​មក​ដំណើរ​ការ​បន្ត​ដោយ​ចាត់​ ជា​សមិទ្ធិ​ផល​ក្នុង​វរោ​កាស​នៃ​បុណ្យ​ឆ្លង​ពុទ្ធ​សត​វត្សទី​ ២៥ (២៥០០ ឆ្នាំ) ចំនួន ២៥០០​​ចប់​ ​។
   ​ព.ស. ២៤៨៤ : រដ្ឋាភិបាលសាង វត្ត​ព្រះ​សិរី​មហា​ធាតុ​​ ឡើង​នៅ​ខ័ណ្ឌ​បាង​ខេន​ អារា​ធនា​ព្រះ​សង្ឃ​ ទាំង​ពីរ​និកាយ​ទៅ​គង់​នៅ​រួម​គ្នា​ ដើម្បី​បង្រួប​បង្រួម​និកាយ​សង្ឃ​ទាំង​ពីរ​គណៈ​បញ្ចូល​តែ​មួយ ប៉ុន្តែ​បន្ទាប់​មក​ប្រាកដ​ថា​មិន​បាន​សម្រេច​។
   ​ព.ស. ២៤៨៤ : ផ្លាស់​ឈ្មោះ​ក្រសួង​ធម្ម​ការ​ជា​ ក្រសួង​សិក្សា​ធិការ​ និង​ ក្រម​ធម្មការ​មាន​ឈ្មោះ​ថ្មី​ថា​ ក្រម​ការ​សាសនា​ ថិត​នៅ​ក្នុង​ឆ្នាំ​ជា​មួយ​គ្នា​នេះ​ដែរ​ រដ្ឋា​ភិបាល​បាន​ចេញ​ ព្រះ​រាជ​បញ្ញត្តិ​ គណៈ​សង្ឃ ​ព.ស. ២៤៨៤ នៅថ្ងៃទី ១៤ តុលា ដើម្បី​ផ្លាស់​ប្តូរ​របប​គ្រប់​គ្រង​គណៈ​សង្ឃ​ ឲ្យ​សម​ស្រប​ទៅ​ នឹង ការ​គ្រប់​គ្រង​ផ្នែក​ខាង​ប្រទេស​ជាតិ​​។
   ​ ព.ស. ២៤៨៨ : មហា​ម្កុដ​រាជ​វិទ្យា​ល័យ​ ដែល​បាន​បង្កើត​ឡើង​កាល​ពី ព.ស​. ២៤៣៦ បាន​ប្រកាស តាំង​ជា​មហា​វិទ្យា​ល័យ​សង្ឃ​ នាម​ សភា​ការ​សិក្សា​មហា​ម្កុដ​រាជ​វិទ្យា​ល័យ​ នៅ​ថ្ងៃ​ទី ​១០​ធ្នូ​ ២៤៨៨ និង​បើក​បង្រៀន​តាំង​តែ​ពី​ថ្ងៃ​ទី ១៦​កញ្ញា ២៤៨៩ ជា​ដើម​មក​ ផ្តល់​បរិញ្ញា​ប័ត្រ​​ហៅ​ថា សាសនា​សាស្រ្ត​បណ្ឌិត​។

   ​ ព.ស. ២៤៨៩ : ព្រះ​បាទ​សម្តេច​ព្រះ​ចៅ​យូហ៊ួរ​អា​នន្ទ​មហិ​ដុន​ ត្រូវ​បាន​លប​ធ្វើ​ឃាត​ នៅ​ថ្ងៃ​ទី ​៩​ ​មិថុនា និង​ ព្រះ​បាទ​សម្តេច​ព្រះ​ចៅយូហ៊ួរភូមិពលអតុលយតេជ ស្តេចទ្រង់បានឡើង គ្រងរាជ្យជារជ្ជកាលទី ៩ បន្តមកក្នុងរជ្ជកាលនេះ មានការចាប់អារម្មណ៍សិក្សាព្រះពុទ្ធ​សា​សនា កើនឡើងជាលំដាប់ នៅក្នុងចំណោមពុទ្ធបរិស័ទផ្នែកខាងគ្រហស្ថ មានសមា​គម​ពុទ្ធសាសនាកើតឡើងជាចំនួនច្រើន ដូចជា ពុទ្ធសមាគម យុវពុទ្ធិកសមគម ជាដើម ។ ទោះបីក្នុងមហាវិទ្យាល័យ និងវិទ្យាល័យផ្សេង ៗ ក៏មានស្ថិតិអ្នកសិក្សាចាត់តាំងក្រុម ឬ ជុំនុមជនខាងពុទ្ធសាសនាក្នុងឈ្មោះផ្សេង ៗ កើតឡើងជាច្រើនស្ថានប័ន ។

   ​ ព.ស. ២៤៩០ : មហា​ចុឡា​លុង​កន​រាជ​វិទ្យា​ល័យ​ ដែល​បាន​តាំង​ឡើង​កាល​ពី​ ព.ស. ២៤៣២ និង​​បាន​នាម​ក្នុង​បច្ចុប្បន្ន​ នៅ ព.ស. ២៤៣៩ បាន​តាំង​ជា​មហា​វិទ្យា​ល័យ​ផ្នែក​ខាង​ព្រះ​ពុទ្ធ​​សាសនា ក្នុង​ថ្ងៃ​ទី ៩ មករា ២៤៩០ និង​បើក​ការ​សិក្សា​តាំង​តែ​ពី​ថ្ងៃ​ទី ១៨​កក្កដា​ ២៤៩០ ជា​ដើម​មក​ ផ្តល់​បរិញ្ញា​ប័ត្រ ពុទ្ធ​សាស្រ្ត​បណ្ឌិត​។
   ​ ព.ស. ២៤៩៩ : ព្រះ​បាទ​សម្តេច​ព្រះ​ចៅ​យ៉ូ​ហ៊ួរ រជ្ជ​កាល​ទី ​៩ ស្តេច​ទ្រង់​ព្រះ​ផ្នួស​​នា​វត្ត​​ព្រះ​​សិរី​​រតន​​ស្តា​រាម​ ក្នុង​ថ្ងៃ​ទី​ ២២ តុលា និង​ទ្រង់​គង់​ចាំ​វស្សា​នៅ​វត្ត​បវរ​និវេស​វិហារ​ អស់​រយៈ​​កាល ១៥​​ថ្ងៃ ​ទើប​ទ្រង់​លា​ចាក​សិក្ខា​បទ​។
   ​ព.ស. ២៥០០ : មាន​ពិធី​បុណ្យ​ឆ្លង​ ពុទ្ធ​សត​វត្សរ៍​ ក្នុង​ថ្ងៃ​ទី​ ១២​-​១៨​ ឧសភា​ នា​មណ្ឌល​ពិធី​លាន​​ព្រះ​រាជ​វាំង​។
   ​ព.ស. ២៥០១ : ចាប់​ផ្តើម​កើត​មាន​ សាលា​រៀន​ពុទ្ធ​សាសនា​ថ្ងៃ​អា​ទិត្យ​ឡើង​ជា​គ្រា​ដំបូង​ នា​ម​ហា​ចុឡា​លុង​កន​រាជ​វិទ្យា​ល័យ​ តាំង​តែ​ថ្ងៃ​ទី ១៣​កក្កដា​ ចាប់​ពី​ពេល​នោះ​មក​ មាន​អ្នក​​និយម​ចាត់​តាំង​សាលា​រៀន​ប្រ​ភេទ​នេះ​ កាន់​តែ​ច្រើន​ឡើង​ យ៉ាង​ឆាប់​រហ័ស​​។​
   ​ ព.ស. ២៥០៥ : រដ្ឋា​ភិ​បាល​ចេញ​ព្រះ​រាជ​បញ្ញត្តិ​គណៈ​សង្ឃ ព.ស. ២៥០៥ ប្រកាស​ក្នុង​រាជ​កិច្ចា​នុ បេក្ខា​ ថ្ងៃ​ទី ៣១ ធ្នូរ ២៥០៥ ចាប់​ផ្តើម​បង្គាប់​អនុ​វត្តន៍​ តាំង​តែ​ ១​មករា​ ២៥០៦ ជា​ដើម​​មក​ ដោយ​មាន​ហេតុ​ផល​ នឹង កែ​ទម្រង់​ការ​ដំណើរ​ការ​កិច្ច​ការ​គណៈ​សង្ឃ​ ឲ្យ​សម្តេច​ព្រះ​ សង្ឃ​រាជ​ ទ្រង់​បញ្ជា​ការ​គណៈ​សង្ឃ​ខាង​មហា​ថេរ​សមា​គម​ដោយ​ត្រង់​ មិន​អនុញ្ញាត​ឲ្យ​ មាន​ការ​បែង​ចែក​អំណាច​ដើម្បី​ឲ្យ​មាន​តុល្យ​ភាព​នៃ​អំណាច​ ដូច​យ៉ាង​នៃ​ព្រះ​រាជ​បញ្ញត្តិ​ គណៈ​សង្ឃ​ ព.ស.​ ២៤៨៤​។
   ​ ព.ស. ២៥០៧ : គណៈ​សង្ឃ​ប្រកាស​អនុ​វត្តន៍​កម្ម​វិធី​សិក្សា​ព្រះ​បរិ​យត្តិ​ធម៌​ ដូច​ដែល​បាន​កែ​ទម្រង់​​ថ្មី ឬ ហៅ​ដោយ​ងាយ​ថា​ “បាលី​បែប​ថ្មី​” នៅ​ថ្ងៃ​ទី ៧​ឧសភា។
   ​ព.ស. ២៥០៨ : អង្គការ​ពុទ្ធ​សាស​និក​សម្ព័ន្ធ​ពិភព​លោក​ បាន​មក​តាំង​ការិ​យា​ល័យ​ធំ​ នៅ​ប្រទេស​ថៃ​ តាម​ការ​កំណត់​វេលា​ ៤​ឆ្នាំ​ ត​មក​ក្នុង​មហា​សន្និ​បាត​ គ្រា​ទី ៩​របស់​អង្គ​ការ​នៅ​ ព.ស.​២៥១២​។ អង្គ​ប្រជុំ​បាន​មាន​មតិ​ឲ្យ​ការិ​យា​ល័យ​ធំ​ តាំង​នៅ​ក្នុង​ប្រទេស​ថៃ​ជា​ស្ថា​ពរត​ទៅ​។
   ​ ព.ស. ២៥០៩ : នា​ថ្ងៃ​ទី ១ ​សីហា ព្រះ​បាទ​សម្តេច​ព្រះ​ចៅ​យូហ៊ួរ​ភូមិ​ពល​អតុល្យ​តេជ​ ស្តេច​ទ្រង់​ជា​ ប្រធាន​បើក​វត្ត​ពុទ្ធប្ប​ទីប​ ក្នង​ទី​ក្រុង​ឡុងដ៍​ (London) ប្រទេស​អង់​គ្លេស​ ដែល​ជា​វត្ត​ថៃ​ដំ​បូង​បំផុត​ នៅ​ក្នុង​បស្ចឹម​ប្រទេស​។​
   ​ ព.ស. ២៥១៥ : មហា​ថេរ​សមា​គម​​ចេញ​បញ្ជា​រឿង​ការ​សិក្សា​របស់​មហា​វិទ្យា​ល័យ​សង្ឃ​ នា​ថ្ងៃ​ទី ២៦ ឧសភា និង ចេញ​បញ្ជា​សភា​ការ​សិក្សា​របស់​គណៈ​សង្ឃ​ នៅ​ថ្ងៃ​ទី​ ៣០​ ធ្នូ ២៥១២​។
   ​ ព.ស. ២៥១៤ : ក្រសួង​សិក្សា​ធិការ​ ដោយ​មាន​ការ​យល់​ព្រម​ និង​ រួម​សហ​ការ​របស់​គណៈ​សង្ឃ​ បាន​ចាត់​ធ្វើ​កម្ម​វិធី​សិក្សា​ព្រះ​បរិយត្តិធម៌​ ផ្នែក​សាមញ្ញ​សិក្សា​ តាំង​តែ​ថ្នាក់​បឋម​សិក្សា​ដល់​ អនុ​វិទ្យា​ល័យ​សិក្សា​ ដល់​ថ្នាក់​មធ្យម​សិក្សា​ និង ចេញ​របៀប​ក្រសួង​សិក្សា​ធិការ​ ស្តី​ពី​សាលា​រៀន​ព្រះ​បរិ​យត្តិ​ធម៌ ផ្នែក​សាមញ្ញ​សិក្សា​ ព.ស. ២៥១៤ នា​ថ្ងៃ​ទី​ ២០​កក្កដា​។

   ​ ព.ស. ២៥១៤ : នា​ថ្ងៃ​ទី ​២២ ធ្នូ​ កំណើត​វត្ត​ថៃ​ដំបូង​បំផុត​បាន​ចាប់​បដិ​សន្ធិ​ឡើង​នៅ​សហ​រដ្ឋ​អា​មេ​​រិក​ នៅ​ទី​ក្រុង​ឡូស​អញ្ជ​ឡែស​​ រដ្ឋ​កាលី​ផ​នៀ មាន​ឈ្មោះ​នៅ​គ្រា​ដំបូង​ថា “មជ្ឈ​មណ្ឌល​​ពុទ្ធ​សាសនា​ថេរ​វាទ​” (ប្រែ​ឈ្មោះ​មក​ជា​វត្ត​ថៃ​ឡូស​អញ្ជឡែស​”​ នៅ​ថ្ងៃ​ទី ១១ ​មិថុនា​ ២៥២២) រយៈ​កាល​ចាប់​ពី​ពេល​នោះ​មក​ មាន​ព្រះ​សង្ឃ​ថៃ​ និមន្ត​ទៅ​បំពេញ​ការ​បដិ​បត្តិ​ សាសន​កិច្ច​ក្នុង​ប្រទេស​ផ្សេង​ៗ​ ជា​ចំនួន​ច្រើន​ និង មាន​វត្ត​ថៃ​កើត​ឡើង​ក្នុង​ប្រ​ទេស​ផ្សេង​ៗ​ ជា​ពិសេស​នៅ​សហ​រដ្ឋ​អា​មេរិក​ មាន​ចំនួន​កើន​ឡើង​យ៉ាង​លឿន​ (ក្នុង ព.ស. ២៥២៧​ មាន​វត្ត​ថៃ​នៅ​សហ​រដ្ឋ​អាមេ​រិក​ ប្រមាណ​ ១៥ ​វត្ត ប្រ​ទេស​ផ្សេង​ៗ​ ដែល​មាន​វត្ត​ថៃ​ ដូច​ជា​ ណេ​ធើ​លែន​ អូស្រ្តាលី ញ៉ីវ​​ស៊ីឡែន) ថិត​នៅ​ក្នុង​រយៈ​កាល​នេះ​ដែរ​ មាន​ជាតិ​បស្ចឹម​ធ្វើ​ដំណើរ​មក​សិក្សា​ព្រះ​ពុទ្ធ​សាស​នា​ក្នុង​ប្រ​ទេស​ថៃ​ជា​ចំនួន​ច្រើន​ ហើយ​មួយ​ចំនួន​បាន​បួស​​​ជា​ភិក្ខុ​ បំពេញ​សម​ណ​ធម៌​ ចំរើន​កម្ម​ដ្ឋាន​ នៅ​ក្នុង​ទី​ផ្សេង​ៗ​ រហូត​ដល់​មាន​វត្ត​មួយ​ ជា​សំណាក់​របស់​ភិក្ខុ​ជាតិ​បរ​ទេស​ ជា​ពិសេស​គឺ​ វត្ត​ប៉ា​នានា​ជាតិ​ (វនា​រាម​នានា​ជាតិ)​ នៅ​ក្នុង​​ខេត្ត​អុប៊ុល​រាជ​ធានី​ (សាខា​របស់​ណង​ប៉ា​ពុង​ ដែល​ព្រះ​ពោធិ​ញាណ​ថេរ​ ឬ​ព្រះ​តេជ​គុណជា​ ជា​ចៅ​អធិការ​)​។

   ​ ព.ស. ២៥២២ : នៅ​ ព.ស. ២៥២០ ព្រះ​ពោធិ​ញាណ​ថេរ​ ឬ ​ព្រះ​តេជ​គុណ​ជា​ ​នៃ​វត្ត​ណង​ប៉ាពុង ខេត្ត​អុប៊ុល​រាជ​ធានី​ បាន​​ទទួល​ការ​និមន្ត​ពី English Sangha Trust (មូល​និធិ​ដែល​ពុទ្ធសាស​និក​អង់​គ្លេស​បាន​បង្កើត​ឡើង​ក្នុង​ទី​ក្រុង​ឡុងដ៍​ នៅ​ឆ្នាំ ២៤៩៩ ដើម្បី​ប្រតស្ឋាន​គណៈ​​សង្ឃ​ក្នុង​ប្រ​ទេស​អង់​គ្លេស)​ ឲ្យ​និមន្ត​ទៅ​កាន់​ប្រ​ទេស​អង់គ្លេស​។ ព្រះ​ពោ​ធិញាណ​ថេរ​ បាន​នាំ​ព្រះ​ភិក្ខុ​សុ​មេធោ​ ជា​សិស្ស​ជន​ជាតិ​អា​មេរិក​ទៅ​ជា​មួយ​ផង និង បាន​ប្រ​គល់​នាទី​ ឲ្យ​ភិក្ខុ​សុមេ​ធោ​បដិ​បត្តិ​សាស​ន​កិច្ច​នៅ​ទី​ក្រុង​ឡុងដ៍​ បន្ទាប់​មក​ភិក្ខុ​សុមេ​ធោ ​បាន​ក្លាយ​ជា​មេ​ដឹក​នាំ​​ក្នុង​ការ​បង្កើត​វត្ត​ប៉ា​ចិត្ត​វិវេគ​ ឬ​ Chithust Forest Monastery ឡើង​ជា​វត្ត​​ព្រៃ​ដំបូង​​បំ​ផុត​​នៅ​ប្រ​ទេស​អង់​គ្លេស​ នី​ West Sussex ក្នុង ព.ស. ២៥២២ ​។ ការ​ផ្សព្វ​ផ្សាយ​ព្រះ​​ពុទ្ធ​សាសនា​ប្រ​ព្រឹត្តិ​ទៅ​ដោយ​ល្អ ត​មក​នៅ​ក្នុង​ខែ​សីហា​ ២៥២៧ ក៏​បាន​កសាង​វត្ត​ថ្មី​ឡើង​ ជា​មជ្ឈ​មណ្ឌល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង បដិ​បត្តិ​ធម៌​ជិត​ក្រុង​ឡុងដ៍​​ មាន​នាម​ថា​ វត្ត​អម​រាវ​តី ​(Amaravati Buddhist Center) ក្រៅ​ពី​នេះ​ នៅ​បាន​បើក​សំណាក់​សាខា​ថ្មី​នៅ​ឯ​ហារ៍ណាម (Harnham) ក្នុង​ឆ្នាំ​ ២៥២៤ នៅឯ ដេវ៉ន (Devon) ក្នុង​ឆ្នាំ ២៥២៦ នៅ​ឯ​វែល​លីង​តន​ ប្រ​ទេស​ញ៉ីវ​ស៊ី​ឡែន​ នៅ​ក្នុង​ឆ្នាំ ២៥២៨ នឹង​បើក​ត​ៗ​ ទៀត​​នៅ​ក្នុង​ប្រទេស​ស្វីស​ស្លែនត៍ អ៊ី​តាលី ​ជា​ដើម​។

   ​ មាន​សម​ណ​សិស្ស​របស់​ព្រះ​តេជ​គុណ​មួយ​អង្គ​ទៀត​ នាម​ភិក្ខុ​ ជា​គរោ ​ជា​ជន​ជាតិ​​អូស្ត្រាលី ​ក៏​បាន​បង្កើត​វត្ត​ឡើង​នៅ​សើ​ផែន​ថៃន៍​ ក្នុង​ប្រ​ទេសអូស្រ្តាលី​ ភាគ​ខាង​លិច​ នៅ​​ខែ​ធ្នូ​ ២៥២៦ មាន​នាម​ថា​ វត្ត​ពោ​ធិញាណ​ ដោយ​មាន​មជ្ឈ​មណ្ឌល​ផ្សព្វ​ផ្សាយ​នៅ​ពុទ្ធ​សមា​គ​ម​ ក្នុង​ទី​ក្រុង​ពើរ៍ធ​ (Perth)​។

   ​ ព.ស. ២៥២៥ : មាន​បុណ្យ​ខួប​គ្រប់ ​២០០​ ឆ្នាំ​នៃ​ក្រុង​រតនៈ​កោ​ស៊ិន ជា​ឆ្នាំ​ដ៏​សំខាន់​ ដែល​មាន​ពិធី​ សម្ពោធ​​ព្រះ​ពុទ្ធ​រូប​ប្រធាន​ពុទ្ធ​មណ្ឌល​ នា​បរិ​វេណ​ពុទ្ធ​មណ្ឌល​ ស្រុក​នគរ​ជ័យ​សិរី​ ខេត្ត​នគរ​បទុម​ ដោយ​សម្តេច​ព្រះ​ទេព​រតនា​រាជ​សុតា​ ស្យ៉ាម​បរម​រាជ​កុមារី​ ស្តេច​ទ្រង់​ជា​ព្រះ​រាជ​ដំណាង​​នៃ​ព្រះ​បាទ​សម្តេច​ព្រះ​ចៅ​យូហ៊ួរ យាង​ទៅ​ប្រកប​ពិធី​បើក​ផ្លាក​ព្រះ​នាម​ ព្រះ​ពុទ្ធ​រូប​ប្រ​ធាន​ពុទ្ធ​មណ្ឌល​ (ព្រះ​សិរី​សាក្យ​ទស​ពល​ញាណ​ ប្រធាន​ពុទ្ធ​មណ្ឌល​សុ​ទស្សន៍ កម្ពស់ ២៥០០ ក្រះ​បៀត​) នា​ថ្ងៃ​អង្គារ ទី​ ២១ ធ្នូ ២៥២៥ (ពុទ្ធ​មណ្ឌល​នេះ​មាន​​ផ្ទៃ​ដី ២៥០០ រ៉ៃ (២.៥ គម)​ ព្រះ​បាទ​សម្តេ​ច​ព្រះ​ចៅ​យូហ៊ួរ​ ទ្រង់​បាន​បាន​យាង​ទៅ​កាន់​​មណ្ឌល​រដ្ឋ​ពិធី​បង្កើត​ឫក្ស​ ព្រះ​ពុទ្ធ​មណ្ឌល​ នា​ដំណែង​មូល​ដ្ឋាន​ព្រះ​ពុទ្ធ​រូប​ ព្រះ​ប្រធាន​​ពុទ្ធ​មណ្ឌល​ នៅ​ថ្ងៃទី​ ២៩ កក្កដា ២៤៩៨)​។

   ​ ព.ស. ២៥២៧ : រវាង ព.ស. ២៥០៥-២៥០៨ សាសន​ចក្រ​កាតូ​លិក​បាន​ចាត់​មហា​សន្និ​បាត​ ហៅ​ថា​ សង្គាយ​នា​វ៉ាតិ​កាំង​ គ្រា​ទី ​២​ (Vativan Council II) និង មាន​សេច​ក្តី​ប្រកាស​មួយ​ ដែល​​កំណត់​ឥរិ​យា​បថ​ និង បដិ​បក្ខ​វិធី​របស់​សាសន​គ្រឹស្ត​ចំពោះ​សាសនា​ផ្សេង​ៗ​ ដោយ​​ផ្លាស់​​ពី​ភាព​បដិ​បក្ខ​មក​ជា​បញ្ចុះ​បញ្ចូល​ (បន្ស៊ី​គ្នា)​ វិញ​ ត​មក​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​របស់​ សាស​ន​​ចក្រ​​កាតូ​លិក​ ក៏​បាន​ដាក់​នយោ​បាយ​សាសន​សម្ព័ន្ធ​ បែប​បញ្ចុះ ​និង​ បញ្ចូល​ចំ​ពោះ​​ព្រះ​ពុទ្ធ​សាសនា​។ រយៈ​ពេល​ជិត​ ២០ ​ឆ្នាំ​កន្លង​ផុត​ ពុទ្ធ​សាស​និក​មួយ​ចំនួន​ក្នុង​ប្រទេស​​ថៃ​បាន​យល់​ឃើញ​ថា​ អ្នក​ផ្សព្វ​ផ្សាយ​សាសនា​គ្រឹស្ត​ បាន​ប្រើ​ឧបាយ​បដិ​បត្តិ​ការ​​ផ្សេង​​ៗ​ ក្នុង​​ការ​បញ្ចុះ​ និង បញ្ចូល​ព្រះ​ពុទ្ធ​សាសនា​រួច​ទៅ​ជា​ច្រើន​ ដូច​ជា​កែ​ទម្រង់​ទ្រឹស្តី​ ថា​ ព្រះ​​ពុទ្ធ​ជា​ម្ចាស់​ជា​អាវ​តា​ (បកា​សក)​ របស់​ព្រះ​ (គ្រឹស្ត)​ ជា​ម្ចាស់​ ជា​ដើម​។​ ពុទ្ធ​សាស​​និក​​អស់​​ទាំង​នេះ​ បាន​ភ្ញាក់​រលឹក​ឡើង​ និង ​ចលនា​ការ​ពារ​ព្រះ​ពុទ្ធ​សាសនា​ ផល​ម្យ៉ាង​​ដែល​​កើត​​ចេញ​​ពី​ការ​ចលនា​នេះ ​គឺ ​ជា​កម្លាំង​ចល​ករ​ឲ្យ​មាន​ការ​ចាត់​ពិធី​សប្តាហ៍​ទ្រង​ទ្រង់​​​ព្រះ​ពុទ្ធ​​សាសនា ក្នុង​ពេល​នៃ​បុណ្យ​វិសាខ​បូជា​ តាំង​តែ​ពី​ ព.ស.២៥២៧ ជា​​ដើម​​មក​។

   ​ ព.ស. ២៥៣០ : គណៈ​រដ្ឋ​មន្រ្តី​ មាន​មតិ​ក្នុង​ការ​ប្រជុំ​ប្រឹក្សា​ នៅ​ថ្ងៃ​ទី​ ២៧ វិច្ឆិកា ២៥២៧​ យល់​ព្រម​ ក្នុង​គោល​ការណ៍​សង្គាយ​នា​ព្រះ​ពុទ្ធសាសនា​ធម្ម​វិន័យ​ ត្រួត​ពិនិត្យ​ជំរះ​ព្រះ​ត្រៃ​បិដក​​ច្បាប់​ហ្លួង​ ទាំង​ភាសា​មគធៈ ​និង ភាសា​ថៃ​ ដើម្បី​បោះ​ពុម្ព​ចំរើន​ព្រះ​ជន្ម​ ស្ថិត​ក្នុង​វរោ​កាស​ ដែល​ព្រះ​បាទ​សម្តេច​ព្រះ​ចៅ​យូហ៊ួរ​ ចំរើន​ព្រះ​ជន្មាយុ​ ៥០ ​វស្សា ក្នុ​ង ព.ស. ២៥៣០ តាម​ព្រះ​រាជ​តម្រិះ ​របស់​សម្តេច​ព្រះ​សង្ឃ​រាជ​។​ ពិធី​ត្រួត​ជំរះ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​​ក្នុង​ពាក់​កណ្តាល​ ព.ស. ២៥២៨ នៅ​ពេល​ដែល​ដល់​ព្រះ​រាជ​ពិធី​មហា​មង្គល​ចំរើន​ព្រះ​​ជន្ម ៥០​វស្សា ​ក្នុង​ថ្ងៃ ទី​៥ ធ្នូ​ ២៥៣០ ​បាន​បោះ​ពុម្ព​ព្រះ​ត្រៃ​បិដក​ ច្បាប់​ភាសា​មគធៈ​ សម្រេច ១​ក្បាល​ ភាសា​ថៃ​សម្រេច​ ៣​ក្បាល​។​

   ​ បច្ចុប្បន្ន​ អ្នក​ដែល​មាន​ការ​សិក្សា​ និង​ ជាតិ​បស្ចឹម​បាន​បែរ​មក​ចាប់​អារម្មណ៍​សិក្សា​ បដិ​បត្តិ​ផ្នែក​ខាង​ព្រះ​ពុទ្ធ​សាសនា​កាន់​តែ​ច្រើន​ឡើង​ និង ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​ ឬ​ ការ​បាន​ទទួល​ការ​ណែ​នាំ​ អធិប្បាយ​ពី​ក្រុម​ឯក​ជន​មួយ​ចំនួន​ ក៏​មាន​អ្នក​បែរ​មក​គោរព​ព្រះ​ពុទ្ធ​សាសនា​ ដោយ​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​សតិ​បញ្ញា​កាន់​តែ​ច្រើនឡើង​ជា​រឿយៗ​​។ ម្តង​ម្នាក់​ពីរ​​នាក់​តាម​លំដាប់​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពុទ្ធ​សាស​និក​​ជន​ក្នុង​រដាប់​មូល​ដ្ឋាន​ទូ​ទៅ ​ជា​ពិសេស​ប្រជា​ជន​នៅ​ជន​បទ​ មិន​មាន​ឱកាស​ចូល​ទៅ​ដល់​ស្ថាន​ទី​សិក្សា​ទាំង​នេះ​ឡើយ​ និង មិន​មាន​កិច្ច​កម្ម​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​ចូល​ទៅ​​ដល់​ ទើប​ត្រូវ​បាន​ទទួល​ទំនាញ​ឲ្យ​ផ្លាស់​ប្តូរ​ទៅ​គោរព​សាសនា​ដទៃ​ ដោយ​វិធី​រៀប​អា​ពាហ៍​ពិពាហ៍​ម្តង​ម្នាក់​ពីរ​នាក់ ដោយ​ការ​ងារ​បែរ​ទៅ​តាម​អាមិស​ និង ឧប​ករណ៍​ទទូច​ផ្សេង​ៗ​ អាស្រ័យ​ទៅ​តាម​ភាព​ក្រីក្រ​ និង​ការ​ខ្វះ​ការ​សិក្សា​ គ្រា​ខ្លះ​ទាំង​តំបន់​ ខ្លះ​ទាំង​ក្រុម​។​ ចំនួន​ពុទ្ធ​សាស​និក​ក្នុង​ប្រទេស​ថៃ​ទើប​ថយ​ចុះ​ជា​រឿយ​ៗ​។​

   ​ បច្ចុប្បន្ន​ប្រទេស​ថៃ​មាន​ប្រជា​ជន​ ៥៣,៥៦៥,៥៧១ នាក់។ ក្នុង​ចំនួន​នេះ​ជា​ពុទ្ធ​សា​ស​​និក តាម​ស្ថិតិ​ជា​ផ្លូវ​ការ​ ៥០,៨២៨,០២៨ នាក់ ឬ ៩៤.៨៨ % (ឆ្នាំ ​២៥៣០)។