ព្រះពុទ្ធសាសនានៅវៀតណាម(ត)


ថ្ងៃសៅរ៍ ទី30.វិច្ឆិកា 2019.ម៉ោង 9:34

សេចក្តីបន្ថែមចុងក្រោយ

   ​ មុន​នឹង​ពណ៌​នា​ដល់​ហេតុ​ការណ៍​ផ្សេង​ត​ទៅ​ទៀត​ គួរ​នឹង​ជ្រាប​នូវ​សភាព​ការណ៍​មួយ​ចំនួន​របស់​ព្រះ​ពុទ្ធ​សាសនា​នៅ​វៀត​ណាម​ភាគ​ខាង​ត្បូង​ ឬ សាធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​បន្ថែម​បន្តិច​ទៀត​ គឺ​ ភូមិ​ស្រុក​វៀត​ណាម​ស្ទើរ​តែ​គ្រប់​ដំបន់​មាន​មជ្ឈ​ដ្ឋាន​ប្រជុំ​ជន​ពីរ​កន្លែង​ គឺ៖
   ​ ១. ខ្ទម​អ្នកតា​ ឬ អាស្រម​បូជា​ទេព្តា​អា​រក្ស​ដែល​ហៅ​ថា ដិន​(Dinh) ជា​សាលា​ប្រចាំ​ភូមិ​ស្រុក​ ឬ កន្លែង​ជំនុំ​របស់​អ្នក​ស្រុក​ និង ជា​ទី​បូជា​ទេព្តា​​អា​រក្ស​អ្នក​តា​ប្រចាំ​ភូមិ​ស្រុក​។
   ​ ២. វត្ត ឬ ចេតិយ​ដែល​ហៅ​ថា ចួ (Chua=pagoda) ដែល​ជា​កន្លែង​បូជា​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ និង វត្ថុ​ស័ក្តិ​សិទ្ធិ​នៃ​ព្រះ​ពុទ្ធ​សាសនា​ព្រម​ទាំង​ជា​ទី​ប្រកប​ពិធី​បូជា​ក្នុង​រដូវ​បុណ្យ​ខាង​ពុទ្ធសាស​នា​ ដូច​ជា​ពិធី​បុណ្យ​ថ្ងៃ ​១រោច​/កើត​ និង​ ១៥​រោច/កើត​ និង​ បុណ្យ​សែន​បុព្វ​ការី​ថ្ងៃ​ពេញ​បូណ៌​មី​ខែ​​៧ ​ជា​ដើម​ ព្រះ​ពុទ្ធ​សាសនា​ដូច​ដែល​គោរព​បដិ​បត្តិ​តាម​សាលា​ចេតិយ​ទាំង​នោះ​ ជា​រូប​បែប​ផ្សំ​ផ្គុំ​រវាង​និកាយ​ធៀន​(សេន) ជា​​មួយ​និកាយ​តិន​ដោ​ (Tinh do) ឬ​ជា​សាសនា​បែប​អ្នក​ស្រុក​ មិន​សូវ​មាន​ខ្លឹម​សារ​ធម៌​អាថ៌​ជ្រៅ​ជ្រះ​អ្វី​ប៉ុន្មាន​ទេ​ គឺ​ជា​លទ្ធិ​គោរព​បូជា​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ព្រះ​ពោធិ​សត្វ​ ព្រះ​អរហន្ត​ ឬ​ បូជ​នីយ​បុគ្គល​របស់​ជន​ជាតិ​ចិន​ គឺ​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ីម​ (ព្រះ​អវ​លោកិ​តេ​ស្វារៈ​ពោធិ​សត្វ​ ដែល​ចិន​កម្លាយ​ឲ្យ​ទៅ​ជា​ស្ត្រី)​ ព្រះ​ហ្វោ​ហៀន​ (ព្រះ​សមន្ត​ភទ្រ​ពោធិ​សត្វ)​ ព្រះវ៉ាន​ធូ​ (ព្រះ​មញ្ជុ​ស្រី​ពោធិ​សត្វ)​ ព្រះ​កស្សប​ ជា​ដើម​ ក្នុង​វត្ត​ជា​ច្រើន​កន្លែង​អាច​មាន​ព្រះ​សង្ឃ​នៅ​ប្រមាណ ​២​អង្គ​ខ្លះ ៣​អង្គ​ខ្លះ​ តាម​ធម្ម​តា​ លទ្ធិ​ផ្សំ​ផ្គុំ​​ដែល​ពោល​មក​នេះ​ មាន​ឧបា​សក​មួយ​ប្រ​ភេទ​នៅ​សម្រាប់​ធ្វើ​ពិធី​ករ​ និង​ ប្រកប​ពិធី​កម្ម​ផ្សេង​ៗ ខាង​សាសនា​ ហៅ​ថា​ អាគា​រិកៈ ​(Cusi) (គង់​ប្រ​ហែល​គ្នា​ជា​មួយ​លោក​សង្ឃ​ ពិធី​ករ​ក្នុង​និកាយ​ឈិន​របស់​ជប៉ុន​ទេ​ដឹង​)។

   ​ ក្រៅ​ពីបូជ​នីយដ្ឋាន​ពីរ​ប្រភេទ​នេះ​ហើយ ភូមិ​ស្រុក​មួយ​ចំនួន​អាច​មាន​ស្ថាន​ទី​សក្តិ​សិទ្ធិ​ក្នុង​លទ្ធិ​ខុងចឺ​ (Khong Tu) ហៅ​ថា ម៉ៀវ​ (Mieu) សឹង​កសាង​ឧទ្ទិស​ចំពោះ​អ្នក​ប្រាជ្ញ​ក្នុង​លទ្ធិ​ខុង​ចឺ បន្ថែម​មួយ​ប្រភេទ​ទៀត​ផង​ ចំណែក​វត្ត​ខាង​ព្រះ​ពុទ្ធ​សាសនា​ដែល​សំខាន់​មាន​មិន​ច្រើន​ប៉ុន្មាន​ទេ​ ភាគ​ច្រើន​ជា​វត្ត​និកាយ​ធៀន វត្ត​ទាំង​នេះ​ជា​កន្លែង​ផ្តល់​ការ​សិក្សា​រៀន​សូធ្យ​ផ្នែក​ធម្ម​វិន័យ និង ជា​ទី​ហ្វឹក​អប់​រំ​សមាធិ​ដល់​ព្រះ​សង្ឃ​និកាយ​ធៀន​ សាខា​ចាស់​ៗ ដែល​នៅ​សល់​ មាន​តែ​សាខា​មួយ​គឺ សាខា​ថាវ​ដឿង​ (និកាយ​ធៀន​ទី ​៣) សឹង​បច្ចុប្បន្ន​ជា​សាខា​តូច​តាច​ណាស់​ ក្រៅ​ពី​នោះ​ជា​សាខា​ដែល​កើត​ក្រោយ​ (និកាយ​ដែល​ចាស់​បំផុត​គឺ​ ត្រឹក​ឡឹម​ ចាប់​ផ្តើម​ ព.ស.១៨២១ ក្រៅ​ពី​នោះ​ចាប់​ផ្តើម​ពី​ពាក់​កណ្ដាល​ ព.សវ.ទី ២២មក) ប្រមាណ ​៦ ​ឬ ៧ សាខា​ទៀត​ សមណ​សក្តិ​របស់​ព្រះ​សង្ឃ​ចាត់​តាម​លំដាប់​ថ្នាក់​តាម​របៀប​ដែល​មាន​មក​តាំង​ពី​បូរាណ​ អ្នក​ដែល​អាច​ដម្លើង​សម​ណ​សក្តិ​បាន​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​ដោយ​រដ្ឋា​ភិ​បាល​​​ជា​អ្នក​ឃុំ​គ្រង​ សមណ​សក្តិ​ទាំង​អស់​នេះ​ នៅ​ពេល​ដែល​វៀត​ណាម​ត្រូវ​ធ្លាក់​ក្នុង​អនា​និគម​របស់​បារាំង​សេស​ ហើយ​ក៏​អស់​មាន​ប្រសិទ្ធិ​ភាព​ទៅ​ សូម្បី​តែ​មាន​ក៏​លុះ​ត្រា​តែ​បាន​បង្កើត​សមា​គម​ពុទ្ធ​ចក្រ​វៀត​ណាម​ឡើង​ក្នុង ព.ស.២៥០៧​ ហើយ​សភា​ជាន់​ខ្ពស់​របស់​គណ​សង្ឃ​ទើប​ចាត់​តាំង​របៀប​វិធី​ប្រឡង​តម្លើង​សមណ​សក្តិ​ថ្មី​ និង​ ឲ្យ​មាន​ការ​ប្រឡង​យ៉ាង​តឹង​រ៉ឹង​ ព្រះ​សម​ណសក្តិ​ដែល​ខ្ពស់​បំផុត​ហៅ​ថា​ ហ្វា​ ទឿង​​ (ព្រះ​ឧបជ្ឈាយ៍)​ រួម​គ្នា​បំពេញ​តួ​នាទី​ជា​​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​របស់​គណ​សង្ឃ​ ហើយ​គណ​មន្ត្រី​សង្ឃ​នេះ​បំពេញ​តួ​នាទី​ជា​មេ​ប្រយោគ​ចាត់​ប្រឡង​ព្រះ​សង្ឃ​ប្រមាណ​ ៧៥០​អង្គ ហើយ​ក៏​ត្រូវ​រួម​នៅ​ក្នុង​ពិធី​ប្រឡង​តម្លើង​សមណ​សក្តិ​ថ្នាក់​​ទាប​ចុះ​មក​ បុន្តែ​មុន​នេះ​វណ្ណ​កម្ម​ ឬ​ គម្ពីរ​ផ្សេង​ៗ ដែល​ព្រះ​សង្ឃ​វៀត​​ណាម​រៀន​សូធ្យ​ស្វាធ្យាយ​ភាគ​ច្រើន​ជា​ភាសា​ចិន​ មាន​ភាសា​សំស្ក្រឹត​ដែល​សរ​សេរ​ជា​ភាសា​ចិន​បន្តិច​បន្តួច​ប៉ុណ្ណោះ​ សម្រាប់​ប្រើ​នៅ​ក្នុង​ពិធី​កម្ម​ផ្សេង​ៗ​ តែ​នៅ​ពេល​កតាំង​សមា​គម​ពុទ្ធ​ចក្រ​វៀត​ណាម​រួច​ហើយ​ បាន​មាន​វណ្ណ​កម្ម​ពុទ្ធ​សាសនា​ជា​ភាសា​វៀត​ណាម​កើត​ឡើង​ជា​​ច្រើន​។​

   ​ ឯ​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​នៅ​វៀត​ណាម​នោះ​ ពី​ដើម​បាន​ចំកាត់​នៅ​ក្នុង​ជន​ជាតិ​ដើម​ខ្មែរ​ សឹង​រស់​នៅ​ក្នុង​ដែន​ដី​កូសាំង​ស៊ីន​ភាគ​ខាង​ក្រោម​ ដែល​ធ្លាប់​ជា​ដែន​ដី​មួយ​ភាគ​របស់​អាណា​ចក្រ​ខ្មែរ​ ពេល​ដែល​បារាំង​គ្រប់​គ្រង​ និង បាន​ចាត់​ឲ្យ​ដី​កូសាំង​ស៊ីន​ជា​ឧប​ភាគ​មួយ​នៃ​ប្រទេស​ឥណ្ឌូ​ចិន​របស់​បារាំង​ វត្ត​ និង ព្រះ​សង្ឃ​ថេរ​វាទ​នៃ​ជន​ជាតិ​ខ្មែរ​ទាំង​នេះ​ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រមុខ​សង្ឃ​កម្ពុជា​។

   ​ ប៉ុន្តែ​នៅ​ពេល​វៀត​ណាម​បាន​ឯក​រាជ្យ​ហើយ​ គណ​សង្ឃ​ថេរ​វាទ​នៅ​វៀត​ណាម​ខាង​ត្បូង​ក៏​បាន​ញែក​ខ្លួន​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​មន្រ្តី​សង្ឃ​កម្ពុ​ជា ​និង​ ចាត់​របៀប​គ្រប់​គ្រង​ឡើង​វិញ​ ជា​របៀប​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ ពេល​មាន​ការ​ស្ថាប​នា​កែ​ទម្រង់​កិច្ច​ការ​ខាង​ព្រះ​ពុទ្ធ​សាសនា​ មាន​ការ​ចាត់​តាំង​សមា​គម​ពុទ្ធិ​ក​សិក្សា​ឡើង​ក្នុង​កំឡុង​ពេល​មុន​កើត​សង្គ្រាម​លោក​លើក​ទី​ពីរ​ ​នោះ​ប្រជា​ជន​វៀត​ណាម​ ក៏​ចាប់​ផ្ដើម​បែរ​មក​ចាប់​អា​រម្មណ៍​នូវ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​សាសនា​និកាយ​ថេរ​វាទ​ លុះ​ក្រោយ​មក​មាន​ការ​បង្កើត​នូវ​អង្គ​ការ​សមា​គម​ពុទ្ធ​សាស​និក​ជន​ពិភព​លោក​ នា​ឆ្នាំ ព.ស.២៤៩៣ ប្រ​ជា​ជន​វៀត​ណាម​មាន​ឱកាស​ទំនាក់​ទំនង​ជា​មួយ​ប្រ​ទេស​ពុទ្ធ​សាស​នា​ថេ​រវាទ​ច្រើន​ឡើង​។ ចំណាប់​អារម្មណ៍​នោះ​ក៏​បាន​កើន​ឡើង​ថែម​ទៀត​ ព្រះ​ពុទ្ធ​សាសនា​និកាយ​ថេរ​វាទ​នៅ​វៀត​ណាម​ទើប​រីក​សាយ​ភាយ​ទៅ ​មាន​ការ​កសាង​វត្ត​នៃ​ពុទ្ធ​សាសនា​មហា​និកាយ​ថ្មី​ៗ​ ឡើង​ជា​ច្រើន​នៅ​វៀត​ណាម​ខាង​ត្បូង​ ដោយ​មជ្ឈ​ដ្ឋាន​គណ​សង្ឃ​មហា​និកាយ​តាំង​នៅ​វត្ត​ជេត​ពន​ទី​ក្រុង​ព្រៃន​គរ​។

   ​ ពេល​ដែល​ពុទ្ធ​សាស​និក​ជន​វៀត​ណាម​បាន​ចាត់​តាំង​សមា​គម​ពុទ្ធ​សាសនា​ឡើង​ ក្នុង ព.ស.២៥០៧ ហើយ គណៈ និង សាស​និក​ជន​និកាយ​ថេរ​វាទ​ ក៏​បាន​មាន​សិទ្ធិ​មាន​សម្លេង​ក្នុង​កិច្ច​ការ​ពុទ្ធ​សាសនា​ថេរ​វាទ​របស់​វៀត​ណាម​ខាង​ត្បូង​ស្មើ​ភាព​គ្នា​ជា​មួយ​និកាយ​មហា​យាន​ មូល​ហេតុ​ដែល​ពុទ្ធ​សាសនា​ថរ​វាទ​ខាង​ត្បូង​មាន​កេរិ៍្ត​កិតិ្ត​យស​ មាន​មុខ​មាន​មាត់​ដូច្នេះ​ មិន​ត្រឹម​តែ​ព្រោះ​សេច​ក្ដី​ត្រូវ​ការ​ដែល​ នឹង រួប​រួម​កម្លាំង​សាង​សាមគ្គី​ក្នុង​ពួក​ក្រុម​ពុទ្ធ​សាស​និក​ជន​ ដែល​មាន​ពួក​ក្រុម​ និង និកាយ​ផ្សេង​គ្នា​ ដើម្បី​បង្កើត​ឲ្យ​មាន​ស្ថេរ​ភាព​ជា​កង​​ជា​បាច់​គង់​វង់​ដល់​ពុទ្ធ​សាសនា​ ហើយ​ និង​ ជួយ​គ្នា​ស្ថាប​នា​ភាព​រីក​ចម្រើន​ឈាន​ទៅ​មុខ​ និង ប្រយោជន៍​ដល់​សង្គម​ត​ទៅ​ ពុំ​នោះ​សោត​ ថែម​ទាំង​ព្រះ​ពុទ្ធ​សាសនា​ និកាយ​ថេរ​វាទ​ជា​មូល​ដ្ឋាន​ទ្រ​ទ្រង់​នូវ​ឱវាទ​ពាក្យ​ប្រៀន​ប្រដៅ​ដើម​ដំបូង​ជា​ឫស្ស​គល់​ពិត​នៃ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ដែល​ពុទ្ធ​សាស​និក​ជន​វៀត​ណាម​សម័យ​ថ្មី​ មើល​ឃើញ​នូវ​តម្លៃ​ថា​ ​ជា​គោល​ធម៌​ដែល​ទាន់​សម័យ​ សម្តែង​ឲ្យ​ឃើញ​ថា​ជា​ភាព​ប្រសើរ​លើស​លប់​នៃ​ព្រះ​ពុទ្ធ​សាសនា​។

   ​ ដូច​ជា​ប្រាកដ​លក្ខណៈ​ម្យ៉ាង​បាន​លេច​ឮ​ឡើង​ នៃ​ការ​ស្ថាប​នា​ព្រះ​ពុទ្ធ​សាសនា​របស់​សាស​និក​ជន​សម័យ​ថ្មី​ របស់​វៀត​ណាម​បាន​ដល់​ការ​សម្ដែង​គោល​គំនិត​ថា​ ព្រះ​ពុទ្ធ​សាសនា​ ជា​សាសនា​តែ​មួយ​គត់​ដែល​មាន​លក្ខ​ណ​ជា​វិទ្យា​សាស្រ្ត​ ពុទ្ធ​សាសនា​មិន​ត្រឹម​តែ​រួម​បញ្ចូល​គ្នា​បាន​ជា​មួយ​វត្ថុ​ធាតុ​នៃ​វិទ្យា​សាស្រ្ត​សម័យ​ថ្មី​ ដែល​ស្រាវ​ជ្រាវ​រាវ​រក​ឃើញ​ប៉ុណ្ណោះ​ ថែម​ទាំង​សម្ដែង​នូវ​សច្ច​ធម៌​ឈាន​មុខ​ មុន​ការ​រក​ឃើញ​របស់​វិទ្យា​សាស្ត្រ​ទៀត​ផង​។ គោល​គំនិត​ដែល​ពោល​មក​ទាំង​នេះ​ក្តី​ ការ​អត្ថា​បដិ​រូប​គោល​ព្រះ​ធម៌​ក្នុង​ការ​នាំ​មក​អនុ​វត្តន៍​ក្នុង​ជីវិត​បច្ចុប្បន្ន​ ព្រម​ទាំង​ជា​គ្រឿង​បដិ​រូប​សង្គម​​ក៏​ដោយ បាន​ប្រាកដ​ក្នុង​វណ្ណ​កម្ម​ថ្មី​ របស់​ពុទ្ធ​សាស​និក​ជន​វៀត​ណាម​ ដែល​មាន​ជា​សន្ធឹក​សន្ធាប់​ក្នុង​ការ​សរ​សេរ​និពន្ធ​សម័យ​បច្ចុ​ប្បន្ន​របស់​និកាយ​ថេរ​វាទ​ ជា​ពិសេស​ ក្នុង​ប្រទេស​សិរី​លង្កា​ និង ប្រទេស​ភូមា​ ស​ឲ្យ​ឃើញ​ថា ​មាន​និន្នា​ការ​ជា​មួយ​គ្នា និង​ ជា​សេច​ក្ដី​ពិត​ប្រាកដ​មួយ​បញ្ជាក់​ថា​ វៀត​ណាម​ជា​ភាគី​ដែល​ទទួល​យក​នូវ​ទស្សន​គតិ​ ផ្ដើម​ចេញ​ពី​បណ្ដា​ប្រទេស​ពុទ្ធ​សាសនា​ថេរ​វាទ​ទាំង​នេះ​មិន​តិច​ក៏​ច្រើន​។

   ​ តាម​ធម្មតា​របស់​ពុទ្ធ​សាស​និក​ជន​និកាយ​មហា​យាន​ដែល​ប្រកាន់​ខ្ជាប់​នូវ​លក្ខណៈ​​របស់​ខ្លួន​ រហូត​អស់​រយ​កាល​ជា​ច្រើន​ ស.វ.​ មក​ហើយ​នោះ​ថា​ គតិ​ធម៌​របស់​ខ្លួន​ប៉ុណ្ណោះ​ឯង​ដែល​ល្អ​ប្រ​សើរ​លើស​លប់​ ការ​ដែល​និកាយ​ទាំង​ពីរ​មាន​ខ្សែ​គំ​និត និង ប្រ​ពៃណី​ផ្សេង​គ្នា​រហូត​បែង​ចែក​ឆ្ងាយ​ដាច់​ពី​គ្នា​ទៅ​ បែរ​ជា​មក​ពិចារ​ណា​អត្ថ​រស​នៃ​ព្រះ​ធម៌​ស៊ី​​បញ្ចូល​គ្នា​បាន​យ៉ាង​ទូលំ​ទូលាយ​ និង និកាយ​មហា​យាន​ព្រម​យក​ពាក្យ​ប្រៀន​ប្រ​ដៅ​ខាង​និកាយ​ថេរ​វាទ​ ចេញ​មក​នាំ​មុខ​បាន​​ដូច្នេះ​ នេះ​ពិត​ជា​រឿង​ដែល​គួរ​ឲ្យ​អស្ចារ្យ​មែន​ រាប់​ថា​ជា​ការ​ចលនា​របស់​មនុស្ស​ជំនាន់​ថ្មី​ ​ដែល​ប្រែ​អត្ថ​ន័យ​នៃ​ព្រះ​ធម៌​ឲ្យ​ចូល​ជា​មួយ​កាល​សម័យ​នេះ​ បាន​ជួយ​ឲ្យ​ពុទ្ធ​សាសនា​និកាយ​ផ្សេង​គ្នា​ឱន​លំ​ទោន​ចូល​មក​រក​គ្នា​យ៉ាង​ជិត​ដិត​ ដល់​ថ្នាក់​គិត​ថា​ កាល​ពី ២០ ឬ ៣០ ឆ្នាំ​មុន​គង់​មិន​អាច​ប្រព្រឹត​ទៅ​បាន​ទេ​ អ្នក​ប្រាជ្ញ​ឆ្លៀវ​ឆ្លាត​ក្នុង​រឿង​នេះ​ បាន​ពោល​ថា​ "ពិត​ប្រាកដ​ណាស់​ ហេតុ​ផល​ម្យ៉ាង​ បាន​បញ្ជាក់​ថា​ ពាក្យ​ប្រៀន​ប្រដៅ​ របស់​ពុទ្ធ​សាសនា​បែប​ដើម​ (ថេរ​វាទ) សម​ស្រប​គ្នា​ជា​មួយ​គតិ​គំនិត​ក្នុង​សម័យ​របស់​ពួក​យើង​ ប្រសើរ​ជាង​ពាក្យ​ប្រៀន​ប្រដៅ​របស់​មហា​យាន​ ដែល​ជាប់​រហូត​មក​ចំនួន​ច្រើន​ "១​ ការ​ប្រព្រឹត្តិ​ទៅ​បែប​​នេះ​បាន​ក្លាយ​ជា​លក្ខណ​ម្យ៉ាង​លេច​ធ្លោ​ឡើង​ របស់​វៀត​ណាម​ គឺ ជា​ប្រទេស​ក្នុង​អាស៊ី​តែ​មួយ​ក្នុង​បច្ចុ​ប្បន្ន​ដែល​មាន​ពុទ្ធ​សាសនា​មហា​យាន​ និង ថេរ​វាទ​ប្រព្រឹត្ត​ទៅ​ជា​មួយ​គ្នា​ និង សាស​និក​ទាំង​ពីរ​និកាយ​បាន​មាន​ឱកាស​ ដើម្បី​ធ្វើ​ការ​រួម​គ្នា​ក្នុង​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​។

   ​ ពុទ្ធ​សាសនា​នៅ​វៀត​ណាម​សម័យ​ដែល​បាន​ឯក​រាជ្យ​ពី​បារាំង​រួច​ហើយ​ មាន​ការ​ទាក់​ទិន​ជា​មួយ​ហេតុ​ការណ៍​ប្រ​ទេស​ជាតិ​ជា​ច្រើន​ ដូច​បាន​ឃើញ​ហើយ​ ដោយ​លំដាប់​មក​ ដើម្បី​ឲ្យ​យល់​ច្បាស់​បន្ថែម​ ខ្ញុំ​សូម​នាំ​យក​នូវ​ហេតុ​ការណ៍​ប្រទេស​ជាតិ​មក​ពិចារ​ណា​ជា​មួយ​ផង​។ លើក​នេះ​គួរ​បែរ​មក​រំពឹង​មើល​សេច​ក្ដី​ប្រ​ព្រឹត្ត​ទៅ​ ឯ​​ខាង​ប្រទេស​ជាតិ​ម្ដង​វិញ​ ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​គ្រា​នេះ​ក៏​ជា​រឿង​សង្គ្រាម​ស្ទើរ​តែ​ទូ​ទៅ​ទាំង​អស់​ ហើយ​សង្គ្រាម​វៀត​ណាម​សម័យ​ថ្មី​នេះ​ សហ​រដ្ឋ​អា​មេ​រិក​ក៏​បាន​ចូល​មក​មាន​តួ​នាទី​ជា​ច្រើន​ផង​ សូម​រំលឹក​ដើម្បី​យោង​ហេតុ​ការណ៍​ គឺ​ សហ​រដ្ឋ​អា​មេ​រិក​ក៏​បាន​ទំនាញ​ចូល​មក​មាន​បែប​បទ​នៅ​វៀត​ណាម​កាល​ពី​ ព.ស.​២៤៩៣​ ផ្ដើម​ដោយ​ប្រធា​នា​ធិបតី​ធ្រូ​ម៉េន​ បញ្ជូន​គណ​ទី​ប្រឹក្សា​ផ្នែក​ទាហាន​ ៣៥​នាក់​ មក​ជួយ​បារាំង​ដែល​កំពុង​ប្រ​យុទ្ធ​គ្នា​ជា​មួយ​វៀត​ម៉ីញ​ នៅ​ពេល​បារាំង​បាន​ចាញ់​សង្គ្រាម​ ដៀន​បៀន​ភូ វៀត​ណាម​បាន​ឯក​រាជ្យ​ បែង​ចែក​វៀត​ណាម​ខាង​ជើង​ វៀត​ណាម​ខាង​ត្បូង​ក្នុង ព.ស.២៤៩៧ ហើយ​បារាំង​ដក​ទ័ព​ចេញ​ទៅ​ សហ​រដ្ឋ​អាមេ​រិក​ក៏​បាន​ចូល​មក​មាន​ឥទ្ធិ​ពល​ជា​ច្រើន​ឡើង​ ដោយ​ជួយ​វៀត​ណាម​ខាង​ត្បូង​ស្ថាប​នា​ប្រទេស​ ប្រធា​នា​ធិបតី​អៃ​សេន​ហាវរ៍​ និង ប្រធានា​ធិបតី​ខែ​ណេ​ឌី ​បាន​បញ្ជូន​ទី​ប្រឹក្សា​រាជ​ការ​ស៊ី​វិល​ ហើយ​ក្រោយ​មក​បញ្ជូន​ទី​ប្រឹក្សា​ខាង​ទាហាន​មក​ជំនួយ​ ជួយ​ហ្វឹក​ហាត់​មនុស្ស​នៅ​វៀត​ណាម​ភាគ​ខាង​ត្បូង​ ចំណែក​វៀត​​ណាម​ ខាង​ជើង​លោក ហ៊ូ ជី​ម៉ីញ​ ក៏​បាន​ទៅ​ចុះ​ហត្ថ​លេខា​សន្ធិ​សញ្ញា​ជួយ​ ចិន និង សូវ៉ៀត ក្នុង ព.ស.២៤៩៨ បន្ទាប់​មក​ឆ្នាំ​ ​ព.ស​.​២៤៩៩ ប្រជា​ជន​កសិ​ករ​រើ​បម្រាស់​ប្រឆាំង​ នឹង គម្រោង​ការ​រួម​ក្សេត្រ​នៅ​វៀត​ណាម​ខាង​ជើង​ រដ្ឋា​ភិបាល​បាន​ប្រើ​កង​កម្លាំង​ទាហាន​បង្រ្កាប​រាប​ មក​ដល់​ឆ្នាំ ព.ស.២៥០២ ពួក​វៀត​កុង​ក៏​កើត​ឡើង​បង្ក​អុក​ឡុក​អសន្តិ​សុខ​ផ្សេង​ៗ​ ដល់​វៀត​ណាម​ខាង​ត្បូង​ ដើម្បី​ដំណើរ​ការ​តាម​ផែន​ការ​របស់​វៀត​ណាម​ខាង​ជើង​ ដែល​ នឹង បង្រួប​បង្រួម​វៀត​ណាម​ឲ្យ​ចូល​តែ​មួយ​។

   ​ ក្រោយ​មក​ឆ្នាំ​ ព.ស.​២៥០៣ ពួក​កុម្មុយ​និស្ត​នៅ​ភាគ​ខាង​ត្បូង​ ក៏​បាន​ចាត់​ក្បួន​ការ​មួយ​ឡើង​ហៅ​ថា​ ក្រុម​រណសិរ​សេរី​កា​ជាតិ​ (National Leberation Front) ធ្វើឲ្យវៀត​ណាម​ខាង​ត្បូង​មាន​ភារៈ​ក្នុង​ការ​តស៊ូ​ការ​ពារ​ជា​ច្រើន​ឡើង​រឿយ​ៗ​ បន្ទាប់​មក​ឆ្នាំ ព.ស.២៥០៦ វិបត្តិ​ពុទ្ធ​សាស​និក​ជន​បាន​កើត​ឡើង​ជា​លើក​ទី​មួយ​ ព្រោះ​រដ្ឋា​ភិបាល​គាប​ត្បិត​បាញ់​ប្រហារ​ប្រជា​ជន​។ សាសនា​ពុទ្ធ​ ដោយ​ការ​ដាក់​គំនៀប​ខាង​សាសនា​ រដ្ឋា​ភិបាល​ត្រូវ​ធ្វើ​រដ្ឋ​ប្រហារ​ ប្រធា​នាធិ​បតី ង៉ូ ឌិន យីម ត្រូវ​ប្រហារ​រដ្ឋា​ភិបាល​ដែល​ចាត់​តាំង​ឡើង​ ក្រោយ​ពី​នេះ​មក​ដល់​ឆ្នាំ ព.ស.​២៥០៨ ខ្វះ​ស្ថេរ​ភាព​ មាន​ការ​ផ្លាស់​ប្តូរ​ជា​ញយ​ដង​ព្រម​ទាំង​មាន​ហេតុ​ភេទ​ជ្រួល​ច្របល់​ពី​ពួក​ក្រុម​ដែល​ប្រ​ឆាំង​រដ្ឋា​ភិបាល​ជា​ច្រើន​ ជា​ពិសេស​គឺ​ពួក​ពុទ្ធ​សាស​និក​ជន​ ក្នុង​រវាង​នេះ​ ទី​ប្រឹក្សា​ទាហាន​របស់​សហ​រដ្ឋ​ នៅ​វៀត​ណាម​ខាង​ត្បូង​បាន​បង្កើន​ឡើង​ដល់ ១៥០០០ នាក់​ហើយ​តាំង​ពី​ ​ព.ស​.២៥០៦​។

   ​ លុះដល់ ព.ស.២៥០៧ កប៉ាល់​ពិឃាត​មួយ​គ្រឿង​របស់​សហ​រដ្ឋ​អាមេ​រិក ត្រូវ​ទូក​​តប៉ិដូ របស់​វៀត​ណាម​ខាង​ជើង​វាយ​ឆ្មក់​ក្នុង​ឈូង​សមុទ្រ​តុង​កឹង​ ប្រធានា​ធិប​តី​ចនស័ន ទើប​បញ្ជូន​ទាហាន​សហ​រដ្ឋ​វាយ​បក​ខាង​ផ្លូវ​អាកាស​តម្រង់​ទិស​ដៅ​សំខាន់​ៗ នៅ​វៀត​ណាម​ខាង​ជើង​ទុក​ជា​ការ​សង​គំនុំ​ ធ្វើ​ឲ្យ​ឆ្នាំ​បន្ទាប់​មក​គឺ ព.ស.​២៥០៨ ជា​ឆ្នាំ​ដែល​កង​កម្លាំង​ទាហាន​សហ​រដ្ឋ​ចាប់​ផ្តើម​បើក​បន្ទាយ​វាយ​ដោយ​ការ​ទម្លាក់​គ្រាប់​រំសេវ​នៅ​ឯ​វៀត​ណាម​ខាង​ជើង​ និង ប្រតិ​បត្តិ​កា​រ​វាយ​​បន្ត​នៅ​វៀត​ណាម​ខាង​ត្បូង​ ក្នុង​ឆ្នាំ​ដដែល​។ ឧត្តម​សេ​នីយ ង្វ៉ៀន កៅ ក៊ី មេ​ទ័ព​អាកាស​ បាន​ធ្វើ​ជា​នា​យក​រដ្ឋ​មន្ត្រី​ ដោយ​មាន​លោក​ឧត្តម​សេនីយ ង្វ៉ៀន វ៉័ង ទេវ ជា​ប្រមុខ​រដ្ឋ​ រដ្ឋា​ភិបាល​បាន​កើត​បដិ​បក្ស​គ្នា​ជា​មួយ​ពុទ្ធ​សាស​និក​ជន​យ៉ាង​ខ្លាំង​ក្លា​ ក្លាយ​ជា​វិបត្តិ​ពុទ្ធ​សាស​និក​លើក​ទី​២ ឧត្តម​សេនីយ ង្វ៉ៀន កៅ ក៊ី អាច​បង្ក្រាប​ហេតុ​ការណ៍​ចលា​ចល និង ការ​បះ​បោរ​ដ៏​រួត​រាប​ ព្រម​ទាំង​កំចាត់​ក្បួន​ការ​រឹង​ត្អឹង​របស់​ពុទ្ធ​សាស​និក​ជន​ឲ្យ​លិច​ស្រុត​ចុះ​ទៅ​បាន​ផង​ ទើប​កើត​មាន​រដ្ឋា​ភិបាល​រឹង​ប៉ឹង​ឡើង​វិញ​ម្ដង​ទៀត​។

   ​ ពេល​បង្ក្រាប​ការ​ចលា​ចល​ជ្រួល​ច្របល់​បាន​ស្ងាត់​ហើយ​ ឧត្តម​សេនីយ ង្វ៉ៀន កៅ ក៊ី ក៏​ព្យា​យាម​សាង​របប​នយោ​បាយ​ឲ្យ​មាន​ស្ថេរ​ភាព​ ដោយ​ប្រកាន់​យក​នូវ​គោល​នយោ​បាយ​របស់​ប្រធានា​ធិបតី​ បាករ៍ ចុង ហី ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​ជា​តួ​យ៉ាង​ នា​ដំណាច់​ឆ្នាំ ព.ស.២៥០៩ កង​កម្លាំង​ទាហាន​អាកាស​របស់​សហ​រដ្ឋ​នៅ​វៀត​ណាម​មាន​ទៅ​ដល់ ១៨៤.០០០​នាក់​។

   ​ ព.ស.២៥១០ មាន​ការ​បោះ​ឆ្នោត​ជា​ទូ​ទៅ ឧត្តម​សេនីយ​ ង្វ៉ៀន វ៉័ន ទេវ បាន​ធ្វើ​ជា​ប្រធានា​ធិប​តី លោក​ឧត្តម​សេនីយ៍ ង្វ៉ៀន កៅ កី ជា​អនុ​ប្រធា​នា​ធិបតី​ នៅ​ពេល​កង​កម្លាំង​​តស៊ូ​របស់​សហ​រដ្ឋ​ប្រតិ​បត្តិ​ការ​នៅ​វៀត​ណាម​ច្រើន​ឡើង​ៗ ក៏​បាន​កើត​ប្រតិ​កម្ម​ពី​ប្រជា​ជន​នៅ​សហ​រដ្ឋ​ឯង​ឯណោះ​វិញ​ ដាក់​ល័ក្ខ​ខណ្ឌ​ឲ្យ​មាន​ការ​ចំកាត់​កង​កម្លាំង​ទាហាន​សហ​រដ្ឋ​នៅ​វៀត​ណាម​មិន​ឲ្យ​មាន​ច្រើន​ជាង​៥៥០.០០០ នាក់ និង ក្នុង​ដំណាច់​ឆ្នាំ ព.ស.២៥១១ ទាហាន​សហ​រដ្ឋ​នៅ​វៀត​ណាម​បាន​មាន​ជិត​ដល់​៥២៥.០០០​នាក់ បន្ទាប់​មក​ឆ្នាំ​ ព.ស.២៥១២ ហ៊ូ ជី ម៉ីញ ប្រមុខ​រដ្ឋ​របស់​វៀត​ណាម​ខាង​ជើង​ បាន​មរណ​ភាព ប៉ុន្តែ​សង្គ្រាម​ឈ្មោះ​ថា​ដល់​ទី​បញ្ជប់​ក៏​ទេ​ដែរ​។ វៀត​ណាម​ខាង​ត្បូង​ត្រូវ​ដំណំ​របួស​ជា​ច្រើន​ពាស​ពេញ​ ព្រោះ​ជា​វេទិ​ការ​ជ្រៀត​ជ្រែក​ និង សង្គ្រាម​ចោរ​ឈ្មួញ​ រហូត​កំឡុង​ពេល​នេះ​ អង្គ​ការ​ពុទ្ធ​សាស​និក​ជន​ បាន​ជួយ​សង្គ្រោះ​ប្រជា​ជន​ដែល​ប្រជួប​ភ័យ​អន្ត​រាយ​ក្នុង​សង្គ្រាម​ ទាំង​ទាហាន​ទាំង​ពល​រដ្ឋ​ស៊ីវិល សង្គ្រោះ​ក្មេង​កំព្រា​ជា​ដើម​។​

   ​ នៅ​​ក្នុង​ឆ្នាំ​បន្ទាប់​មក ប្រធានា​ធិប​តី និក​ស័ន របស់​សហ​រដ្ឋ​ ត្រូវ​បញ្ជូន​ទាហាន​មក​ប្រតិ​បត្តិ​ការ​នៅ​កម្ពុជា​ ដើម្បី​ទប់​ស្កាត់​ផ្លូវ​ជ្រៀត​ជ្រែក​ និង ការ​ដឹក​ជញ្ជូន​អំពី​វៀត​ណាម​ភាគ​ខាង​ជើង​ ក្រោយ​ពី​នោះ​ កម្លាំង​ភាគ​ច្រើន​នៃ​សហ​រដ្ឋ​ត្រូវ​​ថយ​ត្រឡប់​ទៅ​វិញ​ ឆ្នាំ​ក្រោយ​មក​ ប្រធានា​ធិបតី​ ង្វ៉ៀន វ៉័ន ទេវ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​បន្ត​ដំណែង​បាន​ថែម ​៤​ឆ្នាំ​ទៀត​ ប៉ុន្តែ​ក្នុង​ឆ្នាំ​នោះ​រដ្ឋ​សភា​សហ​រដ្ឋ​បញ្ចេញ​មតិ ហាម​មិន​ឲ្យ​ប្រើ​កង​កម្លាំង​ទាហាន​របស់​សហ​រដ្ឋ​បដិ​បតិ្ត​ការ​ចម្បាំង​ជើង​គោក​ ឲ្យ​ប្រើ​ចំពោះ​តែ​ពល​ទាហាន​ជើង​អាកាស​។ ទ័ព​វៀត​ណាម​ខាង​ត្បូង​ត្រូវ​ជួយ​ខ្លួន​ឯង​ជា​ច្រើន​ឡើង​ ហើយ​ក្នុង​ឆ្នាំ​ដដែល​នេះ​ដែរ​ កង​ទ័ព​វៀត​ណាម​ខាង​ត្បូង​ដែល​ចូល​ទៅ​បដិ​បត្តិ​ការ​ទប់​ស្កាត់​ខ្សែរ​ដឹក​ជញ្ជូន​របស់​វៀត​ណាម​ខាង​ជើង​នៅ​ឯ​ប្រទេស​លាវ​ ធ្វើ​ការ​មិន​បាន​សម្រេច​ ត្រូវ​វាយ​បណ្ដេញ​បក​ថយ​ក្រោយ​។

   ​ ព.ស.២៥១៥ ប្រធានា​ធិបតី​ និក​ស័ន ទើប​បញ្ជា​ឲ្យ​ទម្លាក់​គ្រាប់​បែក​ទី​ក្រុង​ និង កំពង់​ផែ​សំខាន់​របស់​វៀត​ណាម​ខាង​ជើង​ បរិ​វេណ​ហាណូយ​ ហាយ​ផុង​ យ៉ាង​ធ្ងន់​ធ្ងរ​ ដើម្បី​គាប​ឲ្យ​វៀត​ណាម​ខាង​ជើង​យល់​ព្រម​ចរ​ចារ​ ដល់​ថ្ងៃ​ទី ២៧​មករា ព.ស.២៥១៦ អ្នក​ដំណាង​វៀត​ណាម​ខាង​ជើង​ វៀត​ណាម​ខាង​ត្បូង​ព្រម​ទាំង​សហ​រដ្ឋអា​មេរិក​ និង ក្រុម​រណសិរ​សេរី​ការ​ជាតិ​ ក៏​បាន​ចរ​ចារ​ព្រម​ព្រៀង​គ្នា​ដោយ​បាន​ចុះ​ហត្ថ​លេខា​ក្នុង​សន្ធិ​សញ្ញា​សន្តិ​ភាព​ឯ​ទី​ក្រុងប៉ា​រីស​ បញ្ចប់​សង្គ្រាម​ ដែល​អូស​បន្លាយ​វែង​ឆ្ងាយ​បំផុត​ក្នុង​ប្រវតិ្ត​សាស្ត្រ​សហ​រដ្ឋ​អាមេរិក​។

   ​ ទោះ​បី​សង្គ្រាម​បាន​បញ្ចប់ ប៉ុន្តែ​វៀត​ណាម​ខាង​ត្បូង​គង់​ត្រូវ​ប្រទះ​ជួប​ នឹង បញ្ហា​យ៉ាង​ធ្ងន់​ធ្ងរ​ ព្រោះ​ជា​សមរ​ភូមិ​នៃ​សង្គ្រាម​ រវល់​ជ្រួល​ច្របល់​ក្នុង​ការ​ការ​ពារ​ខ្លួន​ ជា​ភាគី​ទទួល​រង​ ហាយ​នភាព​ ទុក​មក​ជា​ច្រើន​ តើ​ នឹង អាច​លុប​បំពេញ​ភាព​រឹង​មាំ​និរ​ភ័យ​ជួយ​ខ្លួន​ឯង​បាន​ឬ​ទេ​? កសិករ​ជា​ច្រើន​លាន​នាក់​ជា​អ្នក​ក្រ​ក្សត់​អត់​ឃ្លាន​ ខ្វះ​ខាត​ដី​ធ្លី ប្រជា​ជន​ជា​ច្រើន​ក្នុង​ទី​ក្រុង​ធំ​ៗ​ ក៏​លំបាក​មិន​មាន​ការ​ងារ​ធ្វើ​ ធ្វើ​ឲ្យ​ប្រជា​ជន​ទូ​ទៅ​ចំនួន​តិច​តួច​ដែល​រួម​ចិត្ត​គំនិត​ជា​មួយ រដ្ឋា​ភិ​បាល ជាង​នោះ​ទៅ​ទៀត វៀត​ណាម​ខាង​ត្បូង​មាន​មនុស្ស​ជា​ច្រើន​ពួក​ច្រើន​ក្រុម​។ ក្រុម​ដែល​មាន​ឥទ្ធិ​ពល​ផ្សេង​ៗ ខាង​នយោ​បាយ​ក៏​ជួយ​កាត់​បន្ថយ​សេច​ក្តី​រឹង​ប៉ឹង​របស់​ប្រ​ទេស​ជាតិ​ឲ្យ​ថយ​ចុះ​មក​ទៀត​ គំនិត​បដិ​វត្តន៍​ប្រធា​នា​ធិបតី​ ទេវ បាន​ទ្វេ​ឡើង​ដោយ​លំ​ដាប់​។

   ​ លុះដល់ ព.ស.២៥១៧ ការ​ជ្រួល​ច្របល់​ផ្ទៃ​ក្នុង​ក៏​កើត​ឡើង​ទៀត​ ពួក​សាសនា​កាតូ​លិក សាសនា​ពុទ្ធ និង ពួក​អ្នក​នយោ​បាយ​ក្បាល​រឹង​មួយ​ចំនួន​ នាំ​គ្នា​បាតុ​កម្ម​យ៉ាង​ទូលំ​ទូលាយ​នៅ​ទី​ក្រុង​ព្រៃ​នគរ​ ស្រប​ពេល​ក្បែរ​ៗ​ នោះ ប្រធានា​ធិបតី​ និក​ស័ន អ្នក​គាំ​ទ្រ​ប្រធានា​ធិបតី​ ទេវ​ ក៏​លា​ចាក​ដំណែង​រដ្ឋា​ភិបាល​សហ​រដ្ឋ​ កាត់​ផ្ដាច់​ជំនួយ​ដល់​វៀត​ណាម​ខាង​ត្បូង។ វៀត​ណាម​ខាង​ត្បូង ក៏​ត្រូវ​កាត់​បន្ថយ​កម្លាំង​ជួយ​ខ្លួន​ឯង​ចុះ​មក​ទៀត​ ផ្ទុយ នឹង វៀត​ណាម​ខាង​ជើង​ សឹង​ជា​ភាគី​វាយ​បុក​ប្រតិ​បត្តិ​ការ​វាយ​ឆ្មក់​ក្រៅ​ដែន​ដី​របស់​ខ្លួន​ ពេល​បញ្ចប់​សង្គ្រាម​ ក៏​ប្រញ៉ាប់​ឆក់​ឱកាស​នោះ​ ប្រមូល​កម្លាំង​យុវ​ជន​ត្រឡប់​ពី​កង​ទ័ព​វិញ​ ដើម្បី​វិល​ទៅ​ជួយ​ស្ថាប​នា​ប្រទេស​របស់​ខ្លួន​ ជួស​ជុល​ផ្លូវ​ថ្នល់​គមនា​គម រោង​ឧស្សា​ហកម្ម​ដែល​ខូច​ខាត​ពីការ​ទម្លាក់​គ្រាប់​បែក​របស់​សហ​រដ្ឋ​ជួស​ជុល​ និង ប្រឡាយ​ទឹក​ធ្វើ​កសិ​កម្ម​ក្នុង​ខែត្រ​ដែល​ឧត្តម​សម្បូណ៌​ តាម​ជាយ​ទន្លេ​ក្រហម​ (song hong) ផលិត​ផល​កសិ​កម្ម​ក៏​បាន​រីក​ចម្រើន​កើន​ឡើង​ជា​លំដាប់ ព្រម​គ្នា​នោះ​ថែម​ទាំង​បាន​ទទួល​ការ​ជំនួយ​អំពី​ប្រទេស​កម្មុយ​និស្ត​នានា​ គឺ​ សូវ៉ៀត (ជួយ​១/២, ចិន​ជួយ ១/៣) និង បណ្ដា​ប្រទេស​កម្មុយ​និស្ត​នានា​នៅ​អីរ៉ុប​ អាស៊ី​បូព៌ា (ជួយ​ចំណែក​ដែល​នៅ​សល់)​ និង បញ្ជូន​កម្លាំង​មួយ​ភាគ​ ប្រមាណ​ពីរ​សែន​នាក់​ចូល​មក​វៀត​ណាម​ភាគ​ខាង​ត្បូង​ទៀត​ផង​ បង្កើត​ខ្សែ​ជ្រៀត​ជ្រែក​ និង​ ដឹក​ជញ្ជូន​ ចំណែក​ឯ​សន្ធិ​សញ្ញា​សន្តិ​ភាព​ក្នុង ព.ស.២៥១៦ ក៏​ត្រឹម​តែ​ជា​ការ​ធ្វើ​ទៅ​ដោយ​នីតិ​ន័យ​ហើយ​បាន​ទទួល​ផល​បន្តិច​បន្តួច​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។

   ​ នា​ឆ្នាំ​ត​មក​គឺ ព.ស.២៥១៨ ​សង្គ្រាម​ពេញ​បន្ទុក​ ក៏​បាន​ដំណើរ​ការ​ត​ទៅ​ភាគី​វៀត​ណាម​ខាង​ជើង​ វាយ​ដណ្ដើម​បាន​ទី​ក្រុង​ធំ​ៗ របស់​វៀត​ណាម​ខាង​ត្បូង​បន្ថែម​ជា​រឿយ​ៗ​ ទៀត​ លុះ​ដល់​ថ្ងៃ​ទី ៣០ មេសា ព.ស.២៥១៨​ កង​ទ័ព​វៀត​កុង​ និង​ វៀត​ណាម​ខាង​ជើង​ ក៏​រំកិល​ចូល​ដណ្ដើម​យក​បាន​ទី​ក្រុង​ព្រៃ​នគរ​ ក្នុង​ខណះ​ដែល​ប្រជា​ជន​នៅ​ព្រៃ​នគរ​ចំនួន​ច្រើន​កំពុង​សប្បាយ​រីក​រាយ​ក្នុង​រោង​បារ៍​ និង ក្លឹប​សមោស​​នានា​ ដោយ​មិន​ដឹង​ខ្លួន​សោះ​ថា​ ឥស្សរ​ភាព​កំពុង​បញ្ចប់​ទៅ​ហើយ​ ខ្លួន​ឯង​ក៏​ក្លាយ​ជា​អ្នក​កំពុង​ នឹង បាត់​បង់​ទ្រព្យ​សម្បត្តិ​ផ្ទះ​សម្បែង​ ឬ​ពុំ​នោះ​សោត​ដល់​ថ្នាក់​គ្មាន​ផែន​ដី​ នឹង ជ្រក​អា​ស្រ័យ ក្នុង​រវាង​ពេល​វេលា​មិន​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​។​

   ​ ពេល​ដែល​កម្មុយ​និស្ត​បាន​ជ័យ​ជំនះ​ហើយ​ ក៏​បាន​បង្កើត​រដ្ឋា​ភិបាល​បណ្ដោះ​អាសន្ន​ឡើង​មក​គ្រប់​គ្រង​វៀត​ណាម​ខាង​ត្បូង​ នៅ​ថ្ងៃទី​៦ មិថុនា និង ត​មក​បាន​ប្រកាស​ថ្ងៃ​ទី ​២​កក្កដា​ ព.ស​.​២៥១៩​ ឲ្យ​ជា​ថ្ងៃ​បង្រួប​បង្រួម​វៀត​ណាម​ជា​ផ្លូវ​ការ​ ដោយ​មាន​ហា​ណូយ​ជា​រដ្ឋ​ធានី​របស់​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ ទី​ក្រុង​ព្រៃ​នគរ​ (សាយហ្គន) ផ្លាស់​ជា​ទី​ក្រុង​ហ៊ូ​ជី​ម៉ីញ​។

   ​ សង្គ្រាម​អូស​បន្លាយ​បាន​បញ្ចប់​ហើយ​ បាន​ពង្រាត់​ប្រជា​ជន​វៀត​ណាម​អស់​ ១.៣០០.០០០​នាក់ ទាហាន​អា​មេរិ​កាំង​អស់ ៥៦.០០០នាក់ ព្រម​ទាំង​លុយ​ជួយ​សង្គ្រោះ​របស់​សហ​រដ្ឋ​ចំនួន​ ១៤១.០០០.០០០.០០០​ដុល្លារ ប្រជា​ជន​វៀត​ណាម​បាន​ភៀស​ខ្លួន​និរាស​ភ័យ​គេច​ចេញ​ចាក​ប្រ​ទេស​របស់​ខ្លួន​ទាំង​ខាង​ផ្លូវ​កប៉ាល់​ និង យន្ត​ហោះ ​ក្នុង​រយ​ពេល​ដើម​ដំបូង​ច្រើន​ជាង​ ១៤០.០០០ នាក់​ ភាគ​ច្រើន​រត់​ទៅ​សហ​រដ្ឋ​អាមេរិក​ ហើយ​រដ្ឋ​សភា​សហ​រដ្ឋ​ក៏​បាន​អនុម័ត​លុយ​ ៤០៥.០០០​ដុល្លាដ៍ អា​មេ​រិក​ដើម្បី​ជួយ​សង្គ្រោះ​ជន​ភៀស​ខ្លួន​នៅ​ឥណ្ឌូ​ចិន​ សឹង​ភាគ​ច្រើន​ជា​ពល​រដ្ឋ​វៀត​ណាម​ឲ្យ​តាំង​ទី​លំ​នៅ​ឯ​សហ​រដ្ឋ​។ ប្រជា​ជន​ចំនួន​ច្រើន​គង់​នៅ​មាន​ការ​រត់​គេច​ភៀស​ខ្លួន​ចាក​ពី​ប្រ​ទេស​របស់​ខ្លួន​ជា​រឿយ​ៗ​ មក​រហូត​ទល់​បច្ចុប្បន្ន​។ ជន​ ភៀស​ខ្លួន​ជន​ជាតិ​យួន​ នៅ​មាន​ជាប់​ស្លាក់​នា​បន្ទាយ​សង្គ្រោះ​ជន​ភៀស​ខ្លួន​ បំពួន​ភ័យ​ក្នុង​បណ្ដា​ប្រទេស​ជិត​ខាង​ ច្រើន​ជាង​​សែន​នាក់​ទៀត​ និង ចំនួន​ថ្មី​ក៏​នៅ​មាន​កំណើន​មក​ជា​ហូរ​ហែ​ បង្ក​ឲ្យ​កើត​មាន​វិតក្ក​ភាព​ក្នុង​កិច្ច​ការ​អន្តរ​ជាតិ​ ជា​បញ្ហា​ធំ​ម្យ៉ាង​ក្នុង​លោក​បច្ចុប្បន្ន​។​

   ​ នៅ​ពេល​ពួក​កុម្មុយ​និស្ត​វាយ​ដណ្ដើម​យក​វៀត​ណាម​ខាង​ត្បូង​បាន​ហើយ​ ក៏​បាន​ដំណើរ​ការ​ផ្លាស់​របប​គ្រប់​គ្រង​វៀត​ណាម​ខាង​ត្បូង​ឡើង​ថ្មី​ ហាម​ប្រាម​ក្បួន​ខ្នាត​ប្រវត្តិ​សាស្ត្រ​ដែល​សរ​សេរ​តាម​ទស្សន​របស់​អាមេរិក​ ចាត់​ការ​សមាជ​ ឲ្យ​មាន​ការ​សិក្សា​អប់​រំ​ថ្មី​ដល់​មន្ត្រី​រាជ​ការ​ និង​ ទាហាន​វៀត​ណាម​ខាង​ត្បូង​គ្រប់​គ្នា​ បណ្ដេញ​ជន​ជាតិ​បរ​ទេស​ឲ្យ​ចេញ​អស់​ សូម្បី​តែ​អ្នក​ដែល​រៀប​ការ​ជា​មួយ​ជន​ជាតិ​វៀត​ណាម​ រដ្ឋា​ភិបាល​បញ្ចុះ​បញ្ចូល​ ឬ គាប​សង្កត់​ពល​រដ្ឋ​ក្នុង​ក្រុង​ឲ្យ​ចេញ​ទៅ​រស់​នៅ​ធ្វើ​ស្រែ​ដាំ​ចំការ​តាម​ជន​បទ​ ប៉ុន្តែ​មិន​ទាន់​ដល់​ថ្នាក់​គាប​ត្បិត​យ៉ាង​កាច​សាហាវ​ដូច​នៅ​កម្ពុ​ជា​ទេ​ បង្កើត​អ្នក​នយោ​បាយ​យួន​ខាង​ជើង​ឲ្យ​ចូល​មក​ទទួល​ដំណែង​ជា​រដ្ឋា​ភិបាល​ភូមិ​ភាគ​នៅ​ភាគ​ខាង​ត្បូង​ ចំណេក​ព្រះ​សង្ឃ​វត្ត​វ៉ា​អារាម​ និង ស្ថា​ប័ន​ផ្សេង​ៗ ខាង​ព្រះ​ពុទ្ធ​សាសនា​ មិន​សូវ​មាន​លេច​ឮ​ពត៌​មាន​ចេញ​មក​ខាង​ក្រៅ​ មាន​​ពាក្យ​ពោល​ថា ត្រូវ​បណ្ដែត​បណ្ដោយ​ឲ្យ​ដូច​ជា​ដើម​ឈើ​អស់​ជីរ​ជាតិ​ ហើយ​ងាប់​ឯង​ទាំង​ឈរ​ ប៉ុន្តែ​ក៏​ត្រូវ​តែ​ប្រែ​រូប​តាម​របប​របស់​ពួក​ឈ្នះ​។​ ប្រវត្តិ​ពុទ្ធ​សាសនា​នៅ​វៀត​ណាម​ ទើប​បាន​មាន​ការ​ដាច់​រយៈ ​និង សាប​សូន្យ​ទៅ​អស់​មួយ​រយៈ​កាល​។​

   ​ ទោះ​បី​សង្គ្រាម​បាន​បញ្ចប់ស្ងប់​ស្ងៀម​ហើយ​ ប៉ុន្តែ​សេច​ក្តី​ទុក្ខ​លំបាក​របស់​ប្រជា​ជន​វៀត​ណាម​ខាង​ត្បូង​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​។ ភព​ផែន​ដី​វៀត​ណាម​ខាង​ត្បូង​នោះ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សភាព​ដែល​គួរ​ឲ្យ​ខ្លោច​ផ្សា​ ប្រៀប​ដូច​ជា​មនុស្ស​ដែល​មាន​សាច់​ឈាម​ខ្លួន​ប្រាណ​ពេញ​ដោយ​មុខ​របួស​ មាន​រណ្ដៅ​គ្រាប់​បែក​ខ្លះ​ កំទេច​ថ្ម​រំសេវ​ខ្លះ​ មាន​កំទេច​គ្រាប់​បែក​ កាំ​ភ្លើង​ និង គ្រាប់​បែក​ដែល​ផ្ទុះ​ខ្ចាត់​ខ្ចាយ​ពាស​ពេញ​ជា​ដើម​ខ្លះ​ ព្រៃ​ឈើ​ដែល​ត្រូវ​បំផ្លិច​បំផ្លាញ​នៅ​សល់​តែ​កំលោច​ និង​ បំពង់​ខ្លះ​ សុទ្ធ​សឹង​តែ​មិន​អាច​អំណោយ​ផល​ប្រយោជន៍​អ្វី​ដល់​ការ​ប្រើ​ប្រាស់​ក្នុង​ក្សេត្រ​កម្ម​។​ ប្រទេស​វៀត​ណាម​បច្ចុប្បន្ន​ កំពុង​ប្រឈម​មុខ​ទល់​ នឹង សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​ខាង​ផ្ទៃ​ក្នុង​ ហើយ​ នឹង មួយ​ចំនួន​ក៏​បាន​ចេញ​ទៅ​ប្រទេញ​ប្រទល់​ នឹង ជតា​កម្ម​អំពី​ការ​ភៀស​ភ័យ​ដោយ​ការ​តក់​ស្លត់​ក្នុង​ផ្ទៃ​នៃ​សាគរ​ យ៉ាង​ណា​ក៏​ដោយ​ ប្រការ​ដែល​ប្រទេស​ទាំង​ឡាយ​ចាប់​អារម្មណ៍​ជា​ពិសេស​គឺ​ នៅ​ពេល​ដែល​ការ​ត​ស៊ូ​សង្គ្រាម​ផ្ទៃ​ក្នុង​របស់​វៀត​ណាម​ឯង​បាន​ឆ្លង​ផុត​ហើយ​ ភាព​បដិ​បក្ស ការ​វិវាទ និង ការ​តស៊ូ​ចម្បាំង​ឈ្លាន​ពាន​ទឹក​ដី​រវាង​សាធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​ចិន និង កម្ពុជា គូ​ប្រកួត​គូ​ចម្បាំង​ក្នុង​អតីត​ ក៏​ចាប់​ផ្តើម​តាំង​​តួ​ឡើង​សា​ជា​ថ្មី​ ដូច​ប៉ះ​ជាន់​លើ​ដាន​ចាស់​ដដែល​ វិល​វង់​ប្រ​វត្តិ​សាស្ត្រ​ឲ្យ​រំកិល​ទៅ​សា​ឡើង​វិញ​។

   ​ ក្នុង ព.ស.២៥២០ សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ដែល​បាន​បង្រួប​បង្រួម​គ្នា​ហើយ​មាន​ផ្ទៃ​ដី ១២៨.៣០២mile2 ឬ ៣៣២.៥៥៩km2 មាន​ប្រ​ជាជន​ប្រមាណ ៤៧.៨៧៥.០០០ ​នាក់។

ឯកសារសំអាង
Buddhism in the modern wold. Edited by Heinrich Dumoulin and John C.Maraldo. New york: Macmillan Publishing Co.Inc.,1967
Encyclopedia Americana.1969 ed.,sv. “Vietnam”
Encyclopedia Britannica.1968 ed.,sv. “Vietnam”
Hall.D.G.E.A History of South-East Asia.New York: St.Martin Press,1970
Schecter,Jerrold. The New Face of Buddha.. Tokyo:John Weatherhill, Inc.,1976
Vien Hoa-Dao. The Uified Buddhist Church of Vietnam. Cholon: Vien Hoa Dao, Chu An Quang 243, Su Van Hanh, approx.1972
ឯកសារ​របស់​អ្នក​ដំណាង​អង្គការ​ ព.ស.ល. នៃ​វៀត​ណាម​ខាង​ត្បូង​ស្នើ​ដល់​ទី​ប្រជុំ​រឿង ​ការសិ​ក្សា​ជាន់​ខ្ពស់​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ របស់​អង្គ​ការ​សមាគម​ពុទ្ធ​សាសនា​ពិភព​លោក​ ក្នុងការិយា​ល័យ​ធំ​ ព.ស.ល.ទី​ក្រុង​បាងក​ក។ ថ្ងៃទី ៦-១០ ឧសភា ព.ស.២៥១១ ។
១ Buddhism in the Modern World, p. 192

តទៅលេខ 27