ព្រះពុទ្ធសាសនានៅនានាប្រទេស
ចុះផ្សាយដោយកែវ ឈុន
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
ពុទ្ធសាសនានៅប្រទេសស្រីលង្កា
ថ្ងៃសៅរ៍ ទី7.ធ្នូ 2019.ម៉ោង 7:32
ប្រវត្តិសាស្ត្រសិរីលង្កាបានចាប់ផ្ដើមស្មើ នឹង ពុទ្ធសក្ករាជ គម្ពីរមហាវង្ស ដែលជាគម្ពីរពង្សាវតារ នឹង ជាតំណាលព្រះពុទ្ធសាសនារបស់សិរីលង្កាពោលថា ព្រះអង្គម្ចាស់វិជ័យ រាជឱរសរបស់ព្រះរាជសិហពាហុ ព្រះមហាក្សត្រ នៃ កាឡប្រទេសក្នុងជម្ពូទ្វីប (នៅក្នុងខែត្រដែនបេនកល) បានស្ដេចទ្រង់យាងដោយទូកព្រមដោយរាជបរិវារ ៧០០ នាក់ ឡើងមកកោះលង្កា ក្នុងស្រុកដែលហៅថា តម្ពបណ្ណិ ក្នុងថ្ងៃជាមួយគ្នា នឹង ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់យាងចូលកាន់បរិនិព្វាន ហេតុការណ៍គ្រានេះចាត់ថាជាការចាប់ផ្ដើម ដែលកុលសម្ព័ន្ធ សីហលៈ ចូលមកប្រទេសលង្កា និង ព្រះបាទវិជ័យជាព្រះមហាក្សត្រអង្គដំបូងរបស់លង្កាទ្វីប។ ក្នុងការដែលស្ដេចយាងចូលមកគ្រប់គ្រងនៅលង្កាទ្វីប ព្រះបាទវិជ័យ គង់ និង បាននាំព្រះពុទ្ធសាសនាមកជាមួយផង តែមិនប្រាកដភស្ដុតាងថា មានការរីកដុះដាលនោះយ៉ាងណាឡើយ។
តាមពិតប្រវត្តិសាស្ត្រពុទ្ធសាសនានៅលង្កាទ្វីបបានចាប់ផ្ដើមក្នុងរជ្ជកាលព្រះបាទទេវានម្បិយតិស្សៈ (ព.ស.២៣៦-២៧៦) អ្នកគ្រប់គ្រងអនុរាធបុរៈ។ ព្រះមហាក្សត្រអង្គនេះទ្រង់មានមេត្រីភាពស្និទ្ធស្នាលជាមួយព្រះបាទអសោកមហារាជ នៃជម្ពូទ្វីប។ ព្រះបាទអសោកមហារាជ ទ្រង់បានបញ្ជូនព្រះមហិន្ទត្ថេរ ព្រមជាមួយគណ (ព្រះភិក្ខុបួនអង្គ សាមណេរមួយអង្គ និង ឧបាសកម្នាក់) មកផ្សព្វផ្សាយព្រះពុទ្ធសាសនានៅលង្កាទ្វីប។ គណសាសនទូតបានទទួលការស្វាគមន៍អំពីព្រះមហាក្សត្រ និង ប្រជាជនលង្កាយ៉ាងកក់ក្ដៅ ព្រះពុទ្ធសាសនាបានជ្រួតជ្រាបយ៉ាងឆាប់រហ័សមានមនុស្សជាច្រើនចូលមកឧបសម្បទា។
ព្រះនាងឧនុឡាទេវី និង ស្រ្តីជាបរិវារចំនួនច្រើនប្រាថ្នាចង់ឧបសម្បទាខ្លះ ព្រះបាទទេវានម្បិយតិស្ស ទើបទ្រង់បញ្ជូនគណទូតឲ្យទៅកាន់រាជសំណាក់ព្រះបាទអសោក ទូលអារាធនាព្រះនាងសង្ឃមិត្តាថេរី និង មែកព្រះស្រីមហាពោធិខាងទិសទក្សិណមកកាន់ប្រទេសលង្កាផង។
ការអារាធនាមែកព្រះស្រីមហាពោធិ ពីពុទ្ធគយា ក្នុងគ្រានេះ រាប់ថាជាហេតុការណ៍មួយដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា និង ប្រជាជននៅលង្កា ព្រះបាទទេវានម្បិយតិស្ស ទ្រង់ឲ្យដាំមែកស្រីមហាពោធិ ទុកក្នុងព្រះនគរអនុរាធបុរៈ ដើមពោធិនេះបច្ចុប្បន្នជាដើមឈើប្រវត្តិសាស្ដ្រដែលមានអាយុច្រើនជាងគេបំផុតក្នុងលោក ប្រការសំខាន់ក្រៅពីនេះគឺ បានកសាងមហាវិហារ និង ថូបារាម ដែលជាព្រះចេតិយដំបូងរបស់លង្កាទុកក្នុងនគរជាមួយគ្នា។
ក្រោយពីរជ្ជកាលព្រះបាទទេវានម្បិយតិស្សមក លង្កាទ្វីបត្រូវធ្លាក់នៅក្នុងការគ្រប់គ្រងរបស់ក្សត្រទមិឡ និង ក្សត្រជាតិផ្សេងៗ ទៀត ជិតមួយសតវត្សរ៍ បន្ទាប់មកព្រះបាទទុដ្ឋគាមណី (ព.ស.៣៨២-៤០៦) ទ្រង់រំដោះរាជបល្ល័ងមកវិញបាន ព្រះអង្គទ្រង់មានរាជសទ្ធាចាស់ក្លា បានទ្រង់កសាងលោហប្រាសាទ ៧ជាន់ ជារោងឧបោសថនៃមហាវិហារ និង មហាស្ថូប ឬចេតិយរុវ័នវេលី ឯនគរអនុរាធបុរៈ។
យុគសំខាន់មួយទៀតនៃប្រវត្តិពុទ្ធសាសនានៅលង្កា គឺរជ្ជកាលព្រះបាទវដ្ដគាមណីអភ័យ (ព.ស.៤៣៩ និង ព.ស.៤៥៤-៤៦៦) ពេលព្រះអង្គឡើងគ្រងរាជ្យមិនយូរប៉ុន្មាន ពួកទមិឡវាយដណ្ដើមយកអំណាចបាន ហើយចូលទៅគ្រប់គ្រងនគរអនុរាធបុរៈអស់ ១៤ឆ្នាំ រវាងនេះ ប្រទេសកើតយុគគម្ហែងទៅដល់មានការស៊ីសាច់មនុស្ស។ ព្រះមហាថេរទាំងឡាយចំនួន ៥០០អង្គខ្លាចក្រែងព្រះពុទ្ធសាសនា នឹង ត្រូវសាបសូន្យទើបមកប្រជុំគ្នានៅអលុវិហារ ក្នុងក្រុងមាតលេ ធ្វើការចារឹកពុទ្ធវចនទុកក្នុងស្លឹករឹតលើកដំបូង (ថៃរាប់ហេតុការណ៍នេះជាសង្គាយនាលើកទី ៥ តែជាទូទៅរាប់ថាជាលើកទី៤) ព្រះបាទវដ្ដគាមណីអភ័យទ្រង់កំពុងគេចព្រះកាយ តែនៅទីបំផុតក៏ទ្រង់យកជ័យជំនះពីពួកទមិឡមកវិញបាន ហើយទ្រង់កសាងអភ័យគិរីវិហារ ថ្វាយព្រះមហាតិស្សត្ថេរ អ្នកមានឧបការគុណដល់ព្រះអង្គ និង ពួកមន្ត្រីទាហានក្នុងគ្រាទុក្ខលំបាក។
ប្រការនេះបានក្លាយជាហេតុនាំឲ្យព្រះសង្ឃលង្កាបែកខ្ញែកចេញជាជាពីរពួកគឺ ពួកមហាវិហារ សឹងជាពួកប្រកាន់ខ្ជាប់នូវគោលធម៌ និង បែបផែនប្រពៃណីបូរាណ ជាមួយពួកអភ័យគិរីវិហារ សឹងមាននាមថាជាពួកនិកាយធម្មរុចិ មានគំនិតគិតឃើញជាឥស្សរៈ ទទួលយកទស្សនៈថ្មីៗ ពីបរទេស សិក្សាទាំងរឿងរបស់ថេរវាទ និង មហាយាន។ អភ័យគិរីវិហារនេះ ក្រោយមកបានក្លាយជាមជ្ឈមណ្ឌលសំខាន់យ៉ាងក្រៃលែងនៃពុទ្ធសាសនាមួយគ្រា។
ប្រវត្តិសាស្ត្រសម័យតមក មានការជ្រួលច្របលខាងនយោបាយ ដែលពាក់ព័ន្ធជាមួយគណសង្ឃជាច្រើន ដល់ថ្នាក់ធ្វើឲ្យមហាវិហារដែលមានឥទ្ធិពលយ៉ាងខ្លាំងត្រូវធ្លាក់ចុះអស់មួយរយៈ តែឥទ្ធិពលដែលឋិតថេរគង់វង់ ក៏ជាហេតុនាំឲ្យមានការស្ថាបនាឡើងសាជាថ្មីទៀត ចំណែកអភ័យគិរីវិហារក៏នៅតែជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនាតរៀងមក។
ក្នុងរជ្ជកាលព្រះបាទសិរិមេឃវណ្ណ ពេលគ្រងរាជ្យមកបាន ៩ឆ្នាំ (ព.ស.៨៥៤) បានមានការអារាធនាព្រះទាឋាធាតុ (ព្រះចង្កូមកែវ) អំពីទន្តបុរៈក្នុងនគរកលិង្គរដ្ឋ មកកាន់លង្កាទ្វីប ព្រះរាជាទ្រង់ឲ្យរក្សាទុកក្នុងព្រះនគរ និង នាំចេញមកឲ្យប្រជាជនក្រាបនមស្សការ ឯអភ័យគិរីវិហារជាប្រចាំរាល់ឆ្នាំ (ស្រុកដែលសាងវិហារដំកល់ព្រះទន្តធាតុនេះ បច្ចុប្បន្នហៅថា ស្រុកកែនដី។ ព្រះទន្តធាតុជាគ្រឹះស្ថានរួមចិត្តមួយដ៏សំខាន់បំផុត នៃប្រជាជនលង្កា រហូតមកទល់បច្ចុប្បន្ន) លុះដល់រជ្ជកាលព្រះបាទមហានាម (ព.ស.៩៥៣-៩៧៥) ព្រះពុទ្ធឃោសាចារ្យ អដ្ឋកថាចារ្យមួយអង្គដ៏ឆ្នើម បាននិមន្តមកពីជម្ពូទ្វីបមកស្នាក់អាស្រ័យនៅមហាវិហារ និង ប្រែអដ្ឋកថាភាសាសីហលៈមកជាភាសាមគធ។
លោកសង្ឃចិន ឈ្មោះ ហ្វាហៀន បាននិមន្តមកនាពាក់កណ្ដាលពុទ្ធសតវត្សទី ១០ បានពោលថា អភ័យគិរីវិហារមានព្រះសង្ឃ ៥០០០អង្គ ចំណែកមហាវិហារមានព្រះសង្ឃចំនួន ៣០០០អង្គ។ ក្នុងរយពេលនេះ លង្កាចាត់ថាជាមជ្ឈមណ្ឌលសំខាន់មួយកន្លែងនៃព្រះពុទ្ធសាសនា វត្តនានាមានកិត្តិនាមថា ជាមណ្ឌលឋាននៃការសិក្សា ធ្វើឲ្យមានអ្នកប្រាជ្ញពីដែនឆ្ងាយនាំគ្នាមកសិក្សាស្រាវជ្រាវ។
នៅពុទ្ធសតវត្សទី ១២ ការសិក្សាផ្នែកព្រះអភិធម្មបានទទួលការនិយម និង រុងរឿងជាខ្លាំង ក្រោយមកក្នុងសតវត្សទី ១៣ លង្កាបានប្ដូររាជធានី ពីអនុរាធបុរៈ មកនៅឯបូលូន្នរុវៈ ឬ បុរត្ថិបុរៈ ព្រោះហេតុផលខាងផ្នែកយុទ្ធសាស្ត្រជាសំខាន់ ក្រៅពីនេះ មណ្ឌលវប្បធម៌ក៏ប្ដូរមករួមគ្នានៅទីក្រុងថ្មី អនុរាធបុរៈ ក្លាយជាទីក្រុងបូរាណ មានន័យទៅខាងភាពសក្តិសិទ្ធិ រឿងរាវនៃមហាវិហារ អភ័យគិរីវិហារជាដើម ក៏ត្រូវអណ្តែតត្រសែតទៅ។
ដើមសម័យរាជធានីថ្មីនេះ កើតការនិយមលើកដំកើងព្រះសង្ឃពួកបង្សុកូលិកៈ (គឺអ្នកកាន់សំពត់បង្សុកូលជាវត្ត) កើតឡើង មានទំនងជាប្រតិកិរិយាដល់ការរស់នៅបែបសុខសប្បាយហួសប្រមាណនៃព្រះសង្ឃជំនាន់នោះ និង ក្រោយមកក៏មានការនិយមរាប់អានការប្រព្រឹត្តរបស់សាសនាព្រាហ្មណ៍ច្រើនឡើង មានការសាងទេវរូប ទេវស្ថាន និង មានចំណងសម្ព័ន្ធយ៉ាងជិតដិតរវាងពុទ្ធសាសនាជាមួយព្រហ្មញ្ញសាសនាជាខ្លាំងឡើង។
ពោលដោយសរុប ក្នុងរវាងពុទ្ធសតវត្សទី ១៣ ដល់ទី ១៧ ជាសម័យដែលលង្កាប្រទះជួបការជ្រួលច្របល់មកពីការត្រូវរុករានពីប្រទេសឥណ្ឌាផង ផ្ទៃក្នុងមិនស្ងប់រម្ងាប់ផង។ ក្នុងសម័យនេះឯង ភិក្ខុនីសង្ឃត្រូវសាបសូន្យអស់ និង ព្រះភិក្ខុសង្ឃក៏អន់ថយ រហូតដល់សម័យព្រះបាទវិជ័យពាហុ ទី១ ទ្រង់មានព្រះរាជបំណង នឹង ស្ថាបនាសាសនាក្នុង ព.ស.១៦០៩ ទ្រង់ស្វែងរកភិក្ខុដែលឧបសម្បទាត្រឹមត្រូវតាមព្រះវិន័យស្ទើរតែមិនគ្រប់ ៥អង្គ និង ទ្រង់អារាធនា ព្រះសង្ឃពីប្រទេសភូមាភាគខាងត្បូងមកធ្វើឧបសម្បទាកម្មដល់ព្រះសង្ឃលង្កា។
មកដល់សម័យនៃមហារាជសំខាន់មួយព្រះអង្គរបស់លង្កា គឺ ព្រះបាទបារក្កម្មពាហុ ទី១ (ព.ស.១៦៩៧-១៧៣០) ជាព្រះរាជឱរសរបស់ព្រះបាទវិជ័យពាហុទី១ ព្រះអង្គជាបុគ្គលដ៏ឆ្នើមខាងចម្បាំង និង គ្រប់គ្រងប្រទេស ព្រះអង្គបានចាត់របៀបគ្រប់គ្រងយ៉ាងត្រឹមត្រូវ ស្ថាបនាប្រឡាយទឹកពង្រីកកសិកម្មបានយ៉ាងប្រសើរ។ មានសេចក្ដីដំណាលថា ព្រះអង្គត្រាស់ថា នឹងមិនព្រមបណ្ដោយឲ្យដំណក់ទឹកភ្លៀងហូរចុះទៅទន្លេដោយមិនបានធ្វើប្រយោជន៍អ្វីដល់ប្រជាជនជាដាច់ខាត។
ផ្នែកខាងសាសនា ទ្រង់បានជម្រះមន្ទិលក្នុងព្រះពុទ្ធសាសនាឲ្យបរិសុទ្ធ បង្រួបបង្រួម គណសង្ឃឲ្យរួមចូលគ្នាជាតែមួយក្រុមបានម្ដងទៀត។ ព្រះមហាក្សត្រទ្រង់ស្ថាបនាសម្ដេចព្រះសង្ឃរាជគ្រប់គ្រងព្រះសង្ឃទូទាំងប្រទេសជាលើកដំបូង ទ្រងសាងវត្តវាអារាម ជាសម័យដែលមានសិល្បកម្មដ៏ស្រស់បំព្រង ហើយលង្កាក៏បានក្លាយជាមជ្ឈមណ្ឌល នៃ ការសិក្សាព្រះពុទ្ធសាសនាដ៏ល្បីល្បាញទូទាំងពិភពលោក, មានព្រះសង្ឃ និង អ្នកប្រាជ្ញពីប្រទេសជិតខាងមកសិក្សាព្រះពុទ្ធសាសនាហើយ នាំទៅផ្សព្វផ្សាយក្នុងប្រទេសរបស់ខ្លួនជាច្រើន។ ព្រះពុទ្ធសាសនាបានរុងរឿងអស់មួយរយៈ តែផុតពីរជ្ជកាលនេះទៅ ពួកទមិឡពីប្រទេសឥណ្ឌាឈ្លានពាន និង ពង្រីកទឹកដីមកជារឿយៗ ធ្វើឲ្យអាណាចក្រសីហលៈ ត្រូវថយចុះមកភាគខាងត្បូងវិញ ផ្លាស់ប្ដូររាជធានីជាញឹកញាប់ ព្រះពុទ្ធសាសនាក៏រីកចម្រើនមិនរួច ក្រៅពីការរក្សាបូរណភាពទឹកដី ហេតុការណ៍សំខាន់ម្យ៉ាងទៀតគឺ ក្នុង ព.ស.២០១៩ ព្រះសង្ឃមួយក្រុមមកពីភូមា បានមកឧបសម្បទានៅលង្កា និង នាំយកគម្ពីរភាសាបាលីមួយច្បាប់សម្បូណ៌ទៅកាន់ប្រទេសភូមាទៀតផង។
ក្នុងកាលលង្កាត្រូវចុះខ្សោយព្រោះជម្លោះរវាងកុលសម្ព័ន្ធទាំងពីរនោះ ប្រមាណ ព.ស.២០៥០ ជនជាតិ Portuguese ក៏បានចូលមកឈ្លានពានថែមទៀត។ ជនជាតិ Portuguese បានចូលមកជួញដូរ ទន្ទឹម នឹង នោះក៏បានស្វែងរកផលប្រយោជន៍អំពីជម្លោះនៃប្រជាជនទាំងពីរនោះ ហើយគ្រប់គ្រងបានដែនដីមួយចំណែក និង ព្យាយាមគាបសង្កត់ប្រជាជនដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ឲ្យប្តូរទៅកាន់សាសនាគ្រឹស្តនិកាយកាតូលិក។ សម័យមួយបានដណ្ដើមអំណាចពីព្រះរាជាលង្កាបាន ស្ថានភាពពុទ្ធសាសនាក៏សាបសូន្យជាខ្លាំងឡើង រហូតដល់ត្រូវនិមន្តព្រះសង្ឃពីភូមាមកប្រកបពីធីឧបសម្បទាកម្មម្ដងទៀត។
រយៈកាលនេះ ប្រជាជនហូឡង់ដ៍ បានប្រកបពាណិជ្ជកម្ម មានអំណាចខ្លាំងឡើងក្នុងដែនដីបរិវេណនេះ លង្កាបានស្វាគមន៍ជនជាតិហូឡងដ៍ឲ្យចូលមកដើម្បីជួយបណ្ដេញជនជាតិ Portuguese រហូតបានសម្រេចក្នុង ព.ស.២២០០ តែទីបំផុតហូឡងដ៍ក៏បានដណ្ដើមយកទឹកដីមួយភាគ គ្រប់គ្រងជំនួស Portuguese។ ហូឡងដ៍បានព្យាយាមប្រតិស្ឋានគ្រឹស្តសាសនា និង ហាមឃាត់ព្រះពុទ្ធសាសនា ប៉ុន្តែមិនបានសម្រេច ព្រះមហាក្សត្រលង្កាបានទទួលពាក្យណែនាំរបស់ព្រះរាជសរណង្ករ ពី ព.ស.២២៩៤ ឲ្យបញ្ជូនព្រះសង្ឃទៅកាន់ប្រទេសថៃ ហើយនាំព្រះសង្ឃមួយគណចំនួន ១០អង្គមានព្រះឧបាលីជាប្រធាន មកប្រកបពិធីឧបសម្បទាកម្មក្នុងស្រុក កែនឌី មានអ្នកចូលរួមឧបសម្បទាទៅដល់ ៣០០០នាក់ ព្រះសរណង្ករ បានឧបសម្បទាជាភិក្ខុថ្មីក្នុងគ្រានេះ បានទទួលព្រះរាជទានដំណែងពីព្រះមហាក្សត្រឲ្យជាសម្ដេចព្រះសង្ឃរាជ ជាការប្រតិស្ឋានគណសង្ឃឧបាលីវង្ស ឬសៀមវង្ស ឬនិកាយសៀម នៅលង្កាទ្វីប។
ហូឡងដ៍កាន់កាបអំណាចបានមិនយូរប៉ុន្មានក៏អនថយ អង់គ្លេសក៏ចូលមកជំនួសនៅបរិវេណមាត់ទន្លេ ប្រមាណ ព.ស.២៣៤០ និង ១៩កន្លងមក អំណាចរបស់អង់គ្លេសបានគ្របដណ្ដប់ទូទាំងលង្កាទ្វីប ដោយអង់គ្លេសវាយឈ្នះព្រះរាជានៃកែនឌី ហើយចុះសន្ធិសញ្ញាធានាសិទ្ធិនៃភាគីខាងលង្កា និង ការពារព្រះពុទ្ធសាសនាក្រោយមក ព.ស.២៣៦២ កើតមានការក្បត់ឡើងយ៉ាងខ្លាំងក្លា ពេលអង់គ្លេសបង្ក្រាបរាបហើយ ក៏កែប្រែសេចក្តីក្នុងសន្ធិសញ្ញាសាជាថ្មី រាជវង្សលង្កាតាំងពីបូរាណក៏ត្រូវបញ្ចប់ត្រឹមនេះ។
ពេលលង្កាទ្វីបត្រូវធ្លាក់នៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសរយៈកាលដំបូង គណសង្ឃមានឥស្សរច្រើនឡើង បន្តពីសន្ធិសញ្ញាការពារព្រះពុទ្ធសាសនាដូចបានពោលមកហើយនោះ មានព្រះសង្ឃជាច្រើនគណ បាននិមន្តទៅឧបសម្បទា ឯប្រទេសភូមាត្រឡប់មកវិញ ក៏បង្កើតមជ្ឈដ្ឋានបន្តឧបសម្បទវង្សរបស់រៀងខ្លួន ឥស្សរភាពរបស់ព្រះពុទ្ធសាសនាប្រព្រឹត្តទៅបានប្រមាណពាក់កណ្ដាលសតវត្សរ៍ប៉ុណ្ណោះ រដ្ឋាភិបាលក៏ត្រូវគាបត្បិតអំពីគ្រឹស្តសាសនា ឲ្យលើកលែងឈប់ទាក់ទងជាមួយព្រះពុទ្ធសាសនាគ្រប់យ៉ាង មេដឹកនាំគ្រឹស្តៀនបានដំណើរការផ្សព្វផ្សាយសាសនារបស់ខ្លួន និង ប្រឆាំងជាមួយពុទ្ធសាសនាជាធំ ដល់ថ្នាក់វាយប្រហារពុទ្ធសាសនានៅកណ្ដាលទីសាធារណៈ រាប់ថាព្រះពុទ្ធសាសនាត្រូវជួប នឹង ភយន្តរាយយ៉ាងមហន្ត ពីចលនាប្រឆាំង និង បំផ្លិចបំផ្លាញពុទ្ធសាសនា ដែលរដ្ឋាភិបាលបរទេសគាំទ្រ ក្នុងកំឡុងពេលជាង ៣០០ឆ្នាំ ប្រការសំខាន់នេះជាហេតុឲ្យប្រជាជនលង្កាស្ទុះស្ទា តស៊ូទាមទារឥស្សរភាព ដើម្បីនាំសាសនាប្រចាំជាតិរបស់ខ្លួនត្រឡប់មកវិញ។ ប្រទេសលង្កាបានទទួលឥស្សរភាពនាឆ្នាំ ព.ស.២៤៩១ ការវាយប្រហារគាបសង្កត់ពីគូបដិបក្សចំពោះពុទ្ធសាសនា បង្កឲ្យកើតប្រតិកិរិយាបង្ខំឲ្យមានការស្ថាបនាស្រោចស្រង់ព្រះពុទ្ធសាសនា និង បង្កើតនូវភាពរឹងប៉ឹងខ្នះខ្នែង ធ្វើយ៉ាងប្រកដប្រជា ក្នុងការរក្សាការពារសាសនាវប្បធម៌ប្រពៃណី ប្រចាំជាតិរបស់ខ្លួនឲ្យរឹតតែល្អប្រសើរឡើង ហើយអាការបែបនេះក៏បានស្ថិតស្ថេរគង់វង់នៅរហូតដល់បច្ចុប្បន្ននេះ។
គណសង្ឃនៅប្រទេសលង្កាបច្ចប្បន្ននេះមាន ៣និកាយគឺ សៀមវង្ស ឬឧបាលីវង្ស អមរបុរនិកាយ និង រាមញ្ញវង្ស។ សេចក្ដីផ្សេងគ្នាមានត្រឹមបន្តិចបន្តួច ហើយជារឿងនៃប្រវត្តិសាស្រ្ត គឺ កើតមកពីឧបសម្បទវង្សបន្តមកពីប្រទេសថៃឬភូមា។