ព្រះពុទ្ធសាសនានៅអាស៊ីកណ្ដាល


ថ្ងៃសៅរ៍ ទី14.ធ្នូ 2019.ម៉ោង 8:40

    អាស៊ី​ភាគ​កណ្ដាល​ឬ​ក្រុម​ទន្លេ​តា​រិម (Tarim) ជា​ជំនុំ​ជន​នៃ​សិប្ប​កម្ម​វត្ថុ​សម្រាប់​គោរព​បូជា​ព្រះ​ពុទ្ធ​សាសនា​ ទី​ធ្លាប់​បាន​ជា​មជ្ឈ​មណ្ឌល​ ​និង ជា​វិថី​សំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​អស់​កាល​ជា​ច្រើន​សត​វត្សរ៍​។ ព្រះ​ពុទ្ធ​សាសនា​ពី​ប្រទេស​ឥណ្ឌា​ផ្សាយ​ចូល​មក​កាន់​ប្រទេស​ចិន​ភាគ​ច្រើន​ក៏​អាស្រ័យ​មាគ៌ា​នេះ​។ អាស៊ី​កណ្ដាល​ជា​ប្រជុំ​មាគ៌ា​ផ្លូវ​ពាណិជ្ជ​កម្ម​សំខាន់​រវាង​ចិន​ ឥណ្ឌា ​និង ​ប្រទេស​ផ្សេង​ៗ​ ជា​ច្រើន​ ដូច្នេះ​ទើប​ជា​ទី​ប្រចួប​នៃ​វប្បធម៌​ច្រើន​ក្រុម​ច្រើន​បែប​ និង មាន​អនុស្សាវ​រីយ៍​នៃ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​អតីត​ជា​ច្រើន​ប្រការ​ មាន​ទាំង​វត្ត​វ៉ា​អារាម​ ល្អាង​ ស្ថូប​ វិចិត្រ​កម្ម​ បដិមា​កម្ម​ គម្ពីរ ​និង​ ឯក​សារ​កំណត់​ហេតុ​ផ្សេង​ៗ​ ជា​ច្រើន​ ជា​ភាសា​បាលី​ខ្លះ​ ភាសា​សំស្រ្កឹត​ខ្លះ​ ភាសា​កូ​តាំង​ខ្លះ ​ចិន​ខ្លះ​ ព្រម​ទាំង​ភាសា​ផ្សេង​ៗ​ ជា​ច្រើន​ភាសា​។

    មជ្ឈ​មណ្ឌល​សំខាន់​បំផុត​នៃ​ព្រះ​ពុទ្ធ​សាសនា​នៅ​អាស៊ី​កណ្ដាល​គឺ​ កុឆះ ឬ កូចា ​និង​ ព្រះ​សង្ឃ​ដែល​មាន​កិត្តិ​នាម​បំផុត​ គឺ ព្រះ​កុមារ​ជីព​ នៃ​ពុទ្ធ​សតវត្សរ៍​ទី​៩​។ ព្រះ​តេជ​គុណ​អង្គ​នេះ​លោក​បាន​សិក្សា​វណ្ណ​កម្ម​នៃ​ព្រះ​ពុទ្ធ​សាសនា​នៅ​ក័ស​ស្មៀរ៍​ ជា​ច្រើន​ឆ្នាំ​ដល់​ថ្នាក់​ចាក់​ធ្លុះ​ ពេល​ត្រឡប់​មក​នៅ​ឯ​កូចា​វិញ​ ក៏​ប្រាកដ​កិត្តិ​គុណ​ជា​អ្នក​ប្រាជ្ញ​ ជួន​ជា​ស័យ​នោះ​ចិន​កើត​ការ​វិវាទ​ជា​មួយ​កូចា​ ព្រះ​កុមារ​ជីព​ត្រូវ​បាន​ចិន​ចាប់​ទៅ​ធ្វើ​ជា​ឈ្លើយ និង​ បាន​ប្រតិ​បត្តិ​សាសន​កិច្ច​នៅ​ប្រទេស​ចិន​អស់​លយៈ​កាល​ប្រមាណ ១៥​ឆ្នាំ​ រហូត​ដល់​មរណ​ភាព​នៅ​ទី​នោះ​។ លោក​បាន​បង្រៀន​ទស្សន​វិជ្ជា​ពុទ្ធ​សាសនា​ ហើយ​បាន​ប្រែ​គម្ពីរ​ព្រះ​ពុទ្ធសាស​នា​ មក​ជា​ភាសា​ចិន​ជា​ច្រើន​ ជា​បុគ្គល​សំខាន់​ម្នាក់​ នៃ​ប្រវត្តិ​សាស្ត្រ​ពុទ្ធ​សាសនា​របស់​ប្រទេស​ចិន​។

ព្រះពុទ្ធសាសនានៅអាហ្វហ្គានិស្ថាន

    កាល​​ពី​ដើម​ អាហ្វ​​ហ្គា​​និស្ថាន​​ ​គឺ​​ជា​ភូមិ​ភាគ​មួយ​នៃ​ដែន​ដី​ជម្ពូ​ទ្វីប​ព្រះ​ពុទ្ធ​សាសនា​បាន​ផ្សាយ​ចូល​មក​ដែន​ដី​បរិ​វេណ​នេះ​តាំង​តែ​ពី​សម័យ​ ដែល​ដែន​ដី​ចំណែក​មួយ​នៃ​អាណា​ចក្រ​ព្រះ​បាទ​អសោក​មហា​រាជ​ ក្រោយ​មក​ភូមិ​ភាគ​នេះ​ត្រូវ​បាន​ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អាណា​ចក្រ​កុសា​ណៈ ​និង​ បាន​ក្លាយ​ទៅ​ជា​មជ្ឈ​ដ្ឋាន​សំខាន់​នៃ​សិល្ប​កម្ម​គន្ធារៈ​ ដូច​បាន​ឃើញ​ប្រាកដ​ពី​សំណល់​បូរាណ​វត្ថុ​ ឯ ​បេ​ក្រេម ​និង​ ​ផា​មិយ៉ាន​។

ព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា

យុគទី ១ ការរក្សាសង្ឃមណ្ឌលឲ្យគង់វង់
យុគទី ២ ព្រះពុទ្ធសាសនារុងរឿងទូទាំងជម្ពូទ្វីប និង ផ្សាយចេញទៅប្រទេសនានា
យុគទី ៣ ការបំបែកខ្លួនចេញ និង រីកចម្រើនរុងរឿង នៃព្រះពុទ្ធសាសនាមហាយាន
យុគទី ៤ មណ្ឌលដ្ឋានការសិក្សា វប្បធម៌ប្រពៃណី និង ការផ្សំផ្គុំជាមួយសាសនា ហិណ្ឌូ
យុគទី ៥ សេច​ក្ដី​អន់​ថយ និង សាប​សូន្យ​ចាក​ពី​ប្រទេស​ឥណ្ឌា សម័យ​បច្ចុប្បន្ន ហេតុ​ដែល​នាំ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​សាប​សូន្យ​ពី​ប្រ​ទេស​ឥណ្ឌា​។
ប្រវត្តិ​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​ឥណ្ឌា​សម័យ​ពុទ្ធ​កាល​ ជា​រឿង​ដែល​មាន​នៅ​ក្នុង​ពុទ្ធ​ប្រវត្តិ​ទើប​មិន​យក​មក​សម្ដែង​ ក្នុង​ទី​នេះ​ នឹង ពោល​ចំពោះ​តែ​ប្រវត្តិ​ក្រោយ​ពី​ព្រះ​ពុទ្ធ​បរិ​និព្វាន​ បើ​សិន​ជា​បែង​ឲ្យ​ទូលាយ​ ប្រវត្តិ​ពុទ្ធ​សាសនា​ក្នុង​ប្រទេស​ឥណ្ឌា​ប្រាកដ​មាន​ជា​សម័យ​ដូច​ត​ទៅ​នេះ ​៖​
១. ពុទ្ធសាសនាថេរវាទរុងរឿង ព.ស.១ ដល់ ៥០០
២. ពុទ្ធសាសនាមហាយានរុងរឿង ព.ស. ៥០០ ដល់ ១០០០
៣. ពុទ្ធសាសនាបែបតន្ត្រៈរុងរឿង ព.ស.១០០០ ដល់ ១៥០០
៤. ពុទ្ធសាសនាតន្ត្រៈអន់ថយរហូតដល់ពុទ្ធសាសនាសាបសូន្យចាកប្រទេសឥណ្ឌា ៥. ១៥០០ ដល់ ១៧០០
ដើម្បីងាយស្រួលដល់ការសិក្សា អាចបែងប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌាជា ៥យុគគឺ ៖
យុគទី ១ ការរក្សាសង្ឃមណ្ឌលឲ្យគង់វង់
(រាប់តាំងតែព្រះពុទ្ធបរិនិព្វាន ដល់មុនសម័យព្រះបាទអសោកមហារាជ ឬ ប្រមាណ ព.ស.១ ដល់២០០ សេស)

    ព.ស. ១ : ក្រោយ​ពី​ពុទ្ធ​បរិ​និព្វាន​បាន​ប្រមាណ ៣​ខែ មាន​ការ​ធ្វើ​សង្គាយ​នា​នៅ​ក្រុង​រាជ​គ្រឹះ ប៉ុន្តែ​ពេល​ការ​សង្គាយ​នា​ចប់​សព្វ​គ្រប់​ហើយ​ ព្រះ​សង្ឃ​មួយ​ក្រុម​មាន​ព្រះ​បុរណៈ​ ជា​ប្រធាន​ មិន​ទទួល​ស្គាល់​នូវ​ការ​សង្គាយ​នា​គ្រា​នោះ​។

    ព.ស. ១០០ : ពួក​ភិក្ខុ​វជ្ជី​បុត្រ​ ប្រកាន់​យក​វិន័យ​ប្រតិ​បត្តិ​ស្ដី​ពី​វត្ថុ ១០​យ៉ាង​ ដែល​ខុស​ឆ្គង​ពី​ព្រះ​ធម៌​វិន័យ​ ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ការ​ធ្វើ​ទុតិ​យ​សង្គាយនា​ ក្នុង​ក្រុង​វេសា​លី តែ​ព្រះ​សង្ឃ​មួយ​ពួក​មាន​ចំនួន​ច្រើន​ដែល​បដិ​បត្តិ​ខុស​ បាន​នាំ​គ្នា​បំបែក​ទៅ​ធ្វើ​សង្គាយ​នា​ដោយ​ឡែក​រៀង​ខ្លួន​ ហៅ​ថា​ មហា​សង្គីតិ​ ​និង​ មាន​នាម​ថា​ មហា​សង្ឃិកៈ​ គឺ​ពួក​សង្ឃ​ចំនួន​ច្រើន​ ជា​ហេតុ​នាំ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ចាប់​ផ្ដើម​បែក​ចេញ​ជា​ពីរ​និកាយ​ធំ​ៗ​ គឺ ​និកាយ​ថេរ​វាទ​ បាន​ប្រកាន់​ខ្ជាប់​គោល​ធម៌​តឹង​រឹង​តាម​ធម៌​វិន័យ​ក្នុង​គ្រា​សង្គាយ​នា​លើក​ទី​១​ ជា​មួយ​ និង​ ពួក​អាចា​រិយ​វាទ​ ដែល​បដិ​បត្តិ​តាម​ពាក្យ​ប្រៀន​ប្រដៅ ​និង​ ខ្លឹម​សារ​ដែល​អាចារ្យ​ជំនាន់​ក្រោយ​ចង​ក្រង​ទុក​មក​ ប៉ុន្តែ​ការ​បែក​បាក់​មិន​ទាន់​ប្រាកដ​ឡើង​ដល់​ថ្នាក់​ដាច់​ដោយ​ឡែក​ពី​គ្នា​។​

    យុគទី​២ : ព្រះ​ពុទ្ធ​សាសនា​រុង​រឿង​ទូ​ទាំង​ជម្ពូ​ទ្វីប​ និង ផ្សាយ​ចេញ​ទៅ​ប្រទេស​នានា​ (ចាប់​តាំង​ពី​ស្ដេច​ចក្រ​ពត្តិ​ទី​១​ នៃ​ព្រះ​បាទ​អសោក​មហា​រាជ​ ដល់​ស្ដេច​ចក្រ​ពត្តិ​ ទី​២ ​នៃ​ព្រះ​បាទ​កនិសកៈ​ ប្រមាណ ព.ស.​២៥០ ​ដល់ ​ព.ស.៥០០)​។

    ព.ស. ២១៨ : ព្រះ​បាទ​អសោក​មហា​រាជ​បាន​ឡើង​សោយ​រាជ្យ​ក្នុង​នគរ​បាត​លី​បុត្រ​ ទ្រង់​បែរ​មក​កាន់​ព្រះ​ពុទ្ធ​សាសនា​ ​និង​ ទំនុក​បំរុង​ព្រះ​សង្ឃ​ជា​ច្រើន​ក្រៃ​លែង​ ជា​ហេតុ​នាំ​ឲ្យ​ពពួក​តិរ្ថិយ​ និង​ ពួក​ដែល​សម្លឹង​ឃើញ​តែ​លាភ​សក្ការៈ​ បន្លំ​ចូក​មក​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ជា​ច្រើន​ សម្ដែង​ធម៌​ វិន័យ​ខុស​ឆ្គង​ភ្លាំង​ភ្លាត់​ទៅ​ជា​ច្រើន​ ដោយ​ឡែក​​និកាយ​ធំ​ៗ​ មាន​ទៅ​ដល់ ១៨​និកាយ​ ព្រះ​បាទ​អសោក​មហា​រាជ​ ទើប​ទ្រង់​ចាត់​ការ​ជម្រះ​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​បរិ​សុទ្ធ​ ទ្រង់​អារា​ធនា​ព្រះ​មោគ្គល្លី​បុត្ត​តិស្ស​ត្ថេរ​ ចាត់​ចែង​ធ្វើ​សង្គាយ​នា​លើក​ទី​៣​ ក្នុង​ក្រុង​បាត​លី​បុត្ត​ នៅ​ប្រមាណ​ ព.ស​.​២៣៦​ ទ្រង់​កសាង​ព្រះ​វិហារ​ចំនួន​ ៨៤.​០០០ កន្លែង​ សាង​សិលា​ចារិក​ប្រកាស​ពុទ្ធ​សាសនា​តាម​នយោ​បាយ​ធម្ម​វិជ័យ​ ទូ​ទាំង​មហា​អណា​ចក្រ​ ផ្ដល់​សេរី​ភាព​ក្នុង​ការ​គោរព​សាសនា​ បម្រុង​រក្សា​ឧ​បត្ថម្ភ​រាល់​សាសនា​ ទ្រង់​បញ្ជូន​សមណ​ទូត​ទៅ​ប្រកាស​ពុទ្ធ​សាសនា​ចំនួន​ ៩​កន្លែង​ ​ទាំង​ក្នុង​រដ្ឋ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​ និង ប្រទេស​ផ្សេង​ៗ ​ទៀត​។ សិល្ប​កម្ម​រីក​ចម្រើន​រុង​រឿង​ ចាប់​ផ្ដើម​មាន​ស្ថាបត្យ​កម្ម​ដែល​ធ្វើ​ដោយ​សិលា​ដុះ​ដាល​ក្នុង​ដែន​ជម្ពូ​ទ្វីប​ជា​លើក​ដំបូង​។​

    ព.ស.៣៥៩ : បុស្សយ​មិត្ត​ មហា​អាមាត្យ​ព្រាហ្មណ៍​បាន​ចាត់​វិធាន​ការ​ធ្វើ​គត់​ព្រះ​បាទ​ព្រឹហទ​រត្ថក្ស​ត្រ​​កាន់​ពុទ្ធ​សាសនា​ ​អង្គ​ចុង​ក្រោយ​បង្អស់​ ជា​ក្រ​សែ​ព្រះ​វង្ស​ នៃ​ព្រះ​បាទ​អសោក​មហា​រាជ​ ក្នុង​រាជ​វង្ស​មោ​រិយៈ​ ហើយ​ឡើង​គ្រង​រាជ​ជា​រាជ​វង្ស​សុង្គៈ​ក្នុង​ក្រុង​បាតលី​បុត្ត​ជំនួស​វិញ​ ដែល​ជា​ភាគី​ព្រាហ្មណ៍​ (រាជ​វង្ស​សង្គៈ​សោយ​រាជ្យ​បាន​ប្រមាណ ១១១​ឆ្នាំ)​ ធ្វើ​ពិធី​អស្វ​មេធ​ កំចាត់​ព្រះ​ពុទ្ធ​សាសនា​ដោយ​ការ​ដុត​បំផ្លាញ​វត្ត​វ៉ា​អារាម​ សម្លាប់​ព្រះ​សង្ឃ​ ​និង​ ឲ្យ​រង្វាន់​ដល់​បុគ្គល​ដែល​សម្លាប់​ពុទ្ធ​សាស​និក​រាល់​គ្នា​ ប៉ុន្តែ​ការ​កំចាត់​ពុទ្ធ​សាសនា​របស់​ព្រះ​បាទ​បុស្សយ​មិត្រ​ មិន​បាន​សម្រេច​ ព្រោះ​ព្រះ​ពុទ្ធ​សាសនា​បាន​រីក​សាយ​ភាយ​ចាក់​ឫស​យ៉ាង​គង់​វង់​ក្នុង​សទ្ធា​របស់​ប្រជា​ជន​រួច​ទៅ​ហើយ​ ព្រម​ទាំង​ព្រះ​រាជា​អ្នក​គ្រប់​គ្រង​អា​ណា​ចក្រ​ផ្សេង​ៗ​ ក៏​ក្រោក​ឡើង​ប្រឆាំង​កាល​ពី​ចក្រ​ពត្តិ​របស់​ព្រះ​បាទ​អសោ​ក​មហា​រាជ​កំពុង​បំបែក​ខ្លួន​ បាន​ទ្រង់​មាន​សទ្ធា​ និង​ ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​សំខាន់​ គឺ​ ព្រះ​បាទ​មិលិន្ទ​ ឬ​ Menander (ព.ស.​៣៦៨​-​៣៩៣ ឬ​ ប្រមាណ ព.ស.៥០០) ព្រះ​មហា​ក្សត្រ​ជន​ជាតិ​ក្រិក​ ឬ​យោនក គ្រង​រាជ្យ​នៅ​សាគ​លនគរ​ ក្នុង​អាណា​ចក្រ​បាក​ត្រៀ​ (បរិ​វេណ​ដែន​គន្ធារៈ​ ​និង បញ្ចប់​ភាគ​ឥសាន​នៃ​ជម្ពូ​ទ្វីប​)​ ព្រះ​អង្គ​ទ្រង់​ជា​អ្នក​ប្រាជ្ញ​ បាន​ទ្រង់​ចោទ​ឆ្លើយ​សន្ទនា​ធម៌​ជា​មួយ​ព្រះ​នាគ​សេន​ រួច​ហើយ​ទ្រង់​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។​ តាម​រឿង​រ៉ាវ​ដែល​ប្រាកដ​ក្នុង​រឿង​មិ​លិន្ទប្បញ្ហា​ ព្រះ​ពុទ្ធ​សាសនា​បាន​ទទួល​ការ​ទំនុក​បម្រុង​ឲ្យ​រុង​រឿង​ សិល្ប​កម្ម​ក្រិក​ផ្សំ​ផ្គុំ​ជា​មួយ​ឥណ្ឌា​ ហៅ​ថា​សិល្បះ​បែប​គន្ធារះ​ ក៏​ផ្ដើម​កើត​មាន​ឡើង​ដោយ​អាស្រ័យ​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ អ្នក​ប្រាជ្ញ​បាន​សន្និដ្ឋាន​ថា​ ជា​​សម័យ​ដំបូង​ដែល​មាន​ការ​កសាង​ព្រះ​ពុទ្ធ​រូប​។

    ចំណែក​ខាង​ទិស​បស្ចឹម​ និង​ ទិស​ទក្សិណ​ចុះ​មក​ គឺ​ ភាគ​កណ្ដាល​នៃ​ប្រទេស​ឥណ្ឌា​ទាំង​មូល​ ​ដែល​មាន​អាណា​ចក្រ​តាំង​ខ្លួន​ជា​ឥស្សរៈ​ឡើង​ ហើយ​ក្រោយ​មក​ក៏​រុង​រឿង​ គឺ​អាណា​ចក្រ​របស់​ក្សត្រ​រាជ​វង្ស​សត្ត​វាហនៈ​ នៃ​អាណា​ធរ​នគរ​ សឹង​មាន​មណ្ឌល​នៃ​សេច​ក្ដី​ចម្រើន​នៅ​ក្នុង​អម​រវតី​ (អម​រវតី​ជា​រាជ​ធានី​ចាស់​ ក្រោយ​មក​បាន​ផ្លាស់​ទៅ​នៅ​ក្រុង​ប្រតិស្ឋាន)​។ អាណា​ចក្រ​នេះ​បាន​ចាប់​ផ្ដើម​កកើត​ឡើង​នៅ​ចុង​សម័យ​នៃ​រាជ​វង្ស​មោ​រិយៈ​ ពេល​ដែល​អាណា​ចក្រ​នៃ​ព្រះ​បាទ​អសោក​មហា​រាជ​កំពុង​បែក​បាក់​ទន់​ខ្សោយ​ បាន​ច្បាំង​ឈ្នះ​ក្សត្រ​នៃ​ក្រុង​មគធៈ​ នៅ​ប្រមាណ​ ព.ស.​៤៥៥​ ហើយ​មាន​អំណាច​រុង​រឿង​ត​មក​បាន​ប្រមាណ ៣​សត​វត្សរ៍ (រវាង​ក្សត្រ​នេះ​រុង​រឿង​ គឺ​ប្រមាណ​ ព.ស.៤០០ ដល់ ៧០០ ត្រូវ​ នឹង សម័យ​រាជ​វង្ស​កុសាណៈ​ក្នុង​យុគ​ទី៣​ )ក្សត្រ​រាល់​ព្រះ​អង្គ​ក្នុង​រាជ​វង្ស​នេះ​ ជា​មិត្រ​ក្នុង​ព្រះ​ពុទ្ធសាសនា​ ​និង​ ទ្រង់​បាន​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ពិត​ប្រាកដ​រៀង​មក​អស់​ជា​ច្រើន​ព្រះ​អង្គ​ ជា​យុគ​សម័យ​ដែល​ប្រជា​ជន​និយម​ចូល​ចិត្ត​កសាង​វត្ត​ និង បូជា​ព្រះ​ចេតិយ​ មាន​វត្ត​វ៉ា​អារាម​ជា​ច្រើន​ ​និង​ សិល្បះ​វប្ប​ធម៌​បាន​រីក​ចម្រើន​រុង​រឿង​អស់​មួយ​គ្រា​ ស្ថាន​ទី​សំខាន់​ខាង​ព្រះ​ពុទ្ធ​សាសនា​ដែល​បាន​ទទួល​ព្រះ​បរម​រាជូ​បត្ថម្ភ​ទំនុក​បម្រុង​ពី​ព្រះ​រាជ​វង្ស​នេះ គឺ​សាញ្ចិ​ អមរ​វតី​ នាគារ​ជុន​កោណ្ឌៈ ​ជាដើម​។

    យុគទី ៣ ៖ កា​រ​បំបែក​ខ្លួន​ចេញ​ និង​ រីក​ចម្រើន​រុង​រឿង​នៃ​ព្រះ​ពុទ្ធ​សាសនា​មហា​យាន (ចក្រ​ពត្តិ​ទី២ នៃ​ព្រះ​បាទ​កនិ​សកៈ​មហា​រាជ​ នៃ​រាជ​វង្ស​កុសាណៈ​ ប្រមាណ​ ព.ស.​៥០០​ ដល់​ ៧០០​)​

    ព.ស.៥១៣ ៖ ក្សត្រ​នៃ​រាជ​វង្ស​កុសាណៈ ​បាន​វាយ​ឈ្នះ​ក្សត្រ​ក្រិក និង​ ក្សត្រ​រាជ​វង្ស​សកៈ​ ចូល​មក​គ្រប់​គ្រង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ឥណ្ឌា​ ទ្រង់​មាន​សទ្ធា​ជ្រះ​ថ្លា​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​ (ជា​ជន​ជាតិ​កុសាណៈ​ កុល​សម្ព័ន្ធ​ម៉ុង​ហ្គោលី​ ពី​ដើម​នៅ​អាស៊ី​ភាគ​កណ្ដាល​ ត្រូវ​ជន​ជាតិ​​ ហ័ន​ រុក​រាន​ទន្ទ្រាន​ ទើប​ជម្លៀស​ខ្លួន​ចេញ​មក​គ្រប់​គ្រង​ដែន​ដី​បរិ​វេណ​នេះ​ ហើយ​ផ្សាយ​អំណាច​ចេញ​ទៅ​​រហូត​ក្លាយ​ជា​អាណា​ចក្រ​រុង​រឿង​ មាន​អាណា​ខេត្ត​ប្រៀប​ស្មើ​បច្ចុប្បន្ន​គឺ​​ មួយ​ចំណែក​របស់​ ប៉ើ​ស៊ៀ​ កូតាន​នៅ​អាស៊ី​កណ្ដាល​ អាហ្វ​ហ្គា​និស្ថាន​ ប៉ា​គិស្ថាន​ភាគ​បស្ចឹម​ស្ទើ​រ​តែ​ទាំង​មូល​ ដែន​កៈស្មៀរ៍​ ឬ​ គែស្មៀរ៍​ ដែន​បញ្ចាប់​ ចុះ​មក​ខាង​ទិស​បូព៌ា​រហូត​ដល់​ក្រុង​ពារាណ​សី​ រួម​មាន​ប្រមាណ​ពាក់​កណ្ដាល​​ចក្រ​ពត្តិ​នៃ​ព្រះ​បាទ​អសោក​មហា​រាជ​​ មុន​ដំបូង​រាជ​វង្ស​កុសាណៈ​ តាំង​រាជ​ធានី​នៅ​ក្រុង​កាបុល​ រួច​ក៏​ផ្លាស់​មក​កាន់​បុរុស​បុរៈ​ ឬ ​Peshawar ហើយ​ទី​បំផុត​ផ្លាស់​មក​កាន់​​មថុរា​។ នៅ​ក្នុង​សម័យ​ជា​មួយ​គ្នា​​នេះ​ មហា​អាណា​ចក្រ​ដែល​រុង​រឿង​ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​កណ្ដាល​ ក៏​គឺ​ អាណា​ចក្រ​នៃ​រាជ​វង្ស​​សាត​វា​ហនៈ​ សឹង​បាន​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាស​នា​មក​ជា​ច្រើន​ដូច​គ្នា)​។​

    ព.ស.៦២១ ៖ ព្រះ​បាទ​កនិសកៈ​ ក្សត្រ​អង្គ​ទី​៣ នៃ​រាជ​វង្ស​កុសាណៈ​ ឡើង​គ្រង​រាជ្យ​ក្នុង​ក្រុង​​បុរុស​ បុរៈ​ ជា​ក្សត្រ​មាន​តេជា​នុភាព​បំផុត​ក្នុង​ជម្ពូ​ទ្វីប​ ក្រោយ​អំពី​សម័យ​នៃ​ព្រះ​បាទ​អសោក​មហា​រាជ​ ​ទ្រង់​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ និកាយ​មហា​យាន​យ៉ាង​ក្លៀវ​ក្លា​ ទ្រង់​ឧបត្ថម្ភ​​ពុទ្ធ​សាសនា​មហា​យាន​ក្នុង​ការ​ធ្វើ​សង្គាយ​នា​ទី​៤ ចង​ក្រង​ព្រះ​ត្រៃ​បិដក​ជា​ភាសា​សំស្ក្រឹត​។​ មហា​​​យាន​​បាន​បំបែក​ចេញ​យ៉ាង​ច្បាស់​លាស់​ និង​ រីក​ចម្រើន​រុង​រឿង​សាយ​ភាយ​ មាន​​អ្នក​ប្រាជ្ញ​​ជា​ទី​ប្រឹក្សា ​ជា​កវី​ក្នុង​ព្រះ​រាជ​សំណាក់​ទាំង​ព្រះ​សង្ឃ​ទាំង​គ្រហស្ថ​ ទ្រង់​បាន​បញ្ជូន​សម​ណ​ទូត​ទៅ​​ផ្សព្វ​ផ្សាយ​សាសនា​នៅ​អាស៊ី​ភាគ​កណ្ដាល​ ធ្វើ​ឲ្យ​ពុទ្ធ​សាសនា​រីក​ដុះ​ដាល​ទៅ​ដល់​ប្រទេស​ចិន​​ កូរ៉េ​ ម៉ុង​ហ្គោលី​ និង ជប៉ុន​។ សម័យ​ក្រោយ​មក​ទ្រង់​បាន​កសាង​ស្ថូប​ វត្ត​អារាម​ជា​ច្រើន​ ហើយ​ក៏​ជា​សម័យ​​ដែល​សិល្ប​កម្ម​គន្ធា​រៈ​បាន​រីក​ចម្រើន​ដល់​ទី​បំផុត​។ អាណា​ចក្រ​កុសាណៈ​បាន​រុង​រឿង​ហើយ​ជា​ស្ពាន​ចម្លង​រវាង​អារិយ​ធម៌​ឥណ្ឌា​​ ចិន និង រ៉ូម៉័ង​ ឬ​​បច្ឆឹម​ និង​ បូព៌ា​អស់​ប្រមាណ ២០០​ឆ្នាំ​ នៅ​ចុង​សម័យ​ បាន​សន្សឹម​ៗ​​ ត្រូវ​បាត់​បង់​ទឹក​ដី​ឲ្យ​ទៅ​ពួក​​ព្រហ្មណ៍​ដោយ​លំដាប់​ លុះ​ដល់​ដើម​ពុទ្ធ​សត​វត្សរ៍​ទី​៩ ក៏​សាប​សូន្យ​ព្រះ​រាជ​វង្ស​ និង ​​មាន​​អាណា​ចក្រ​គុបតៈ​ នៃ រាជ​វង្ស​ខាង​ព្រាហ្មណ៍​រុង​រឿង​ឡើង​ជំនួស​វិញ​។​

    យុគទី៤ ៖ មណ្ឌល​ដ្ឋាន​ការ​សិក្សា​ វប្ប​ធម៌​ប្រពៃណី​ និង ​ការ​ផ្សំ​ផ្គុំ​ជា​មួយ​សាសនា​ហិណ្ឌូ (យុគ​សុវណ្ណ​ នៃ ឥណ្ឌា​ ក្នុង​សម័យ​អាណា​ចក្រ​ហិណ្ឌូ​-​ពុទ្ធ​ របស់​ចក្រ​ពត្តិ​គុបតៈ​ទី​៣ នៃ​ព្រះ​​បាទ​​ហស្ស​វឌ្ឍនៈ​ អា​ណាចក្រ​ពុទ្ធ​របស់​រាជ​វង្ស​មៃត្រកៈ​ ប្រមាណ​ ព.ស.៨០០ ​ដល់ ១២៥០)​។

    ព.ស.៨០០ ៖ នៅ​ពេល​រាជ​វង្ស​កុសាណៈ​ អន់​ថយ​អំណាច​ទៅ​ហើយ​ អាណា​ចក្រ​គុ​បតៈ​ បាន​កកើត​​ឡើង​នៅ​​ដែន​មគធៈ​ ពី​ដើម​មាន​រាជ​ធានី​នៅ​ឯ​ក្រុង​បាតលី​បុត្ត​ តែ​ក្រោយ​មក​រជ្ជ​កាល​ទី​២​ បាន​ពង្រីក​អាណា​​ចក្រ​ចេញ​ទៅ​ខាង​ទិស​បស្ចឹម​រហូត​មាន​អាណា​ខេត្ត​ទល់​ទន្លេ​ទាំង​​សង្ខាង​ គឺ​ខាង​កើត​ទល់​ឈូង​​សមុទ្រ​បេង​​កល​ បរិ​វេណ​បាំង​ខ្លា​ឌែស​ និង​ ក្រុង​ក័ល​កត្តា​ ខាង​លិច​ទល់​សមុទ្រ​អារាប​ នៅ​ជ្រោយ​​គុជ​រ័ត ខាង​ទិស​ឥសាន​ និង​ ទិស​ឧត្តរ​ ស៊ី​ជម្រៅ​ចូល​ទៅ​ដល់​ដែន​រាជា​ស្ថាន​មួយ​ភាគ​ បញ្ចាប​​មួយ​ភាគ និង​ ឧត្តរ​ប្រទេស​ភាគ​ច្រើន​ ទិស​ទក្សិណ​ទល់​ដង​ភ្នំ​វិន​ធ័យ​ រួម​អាណា​ខេត្ត​ទាំង​អស់​​ប្រមាណ​មួយ​ភាគ​បី​នៃ​ចក្រ​ពត្តិ​ព្រះ​បាទ​អសោក​មហា​រាជ​។

    ក្នុង​រជ្ជ​កាល​នេះ​ បាន​ផ្លាស់​រាជ​ធានី​ទៅ​​កាន់​ ក្រុង​អយុធ្យា​ ក្សត្រ​ត្រកូល​នេះ​បាន​គ្រង​រាជ្យ​អស់​ប្រមាណ ​២​សត​វត្សរ៍​ ទោះ​បី​ជា​ក្សត្រ​​ត្រកូល​ហិណ្ឌូ​ ប៉ុន្តែ​ ព្រះ​រាជា​ស្ទើរ​រាល់​ព្រះ​អង្គ​ទ្រង់​ឧបត្ថម្ភ​ព្រះ​ពុទ្ធ​សាសនា​ និង​ មាន​ក្សត្រ​ជា​ច្រើន​​ព្រះ​អង្គ​ទ្រង់​ផ្លាស់​មក​កាន់​ពុទ្ធ​សាសនា​វិញ​។​

    គួរ​ឲ្យសង្កេត​ថា​ រាជ​វង្ស​កុសាណៈ ​ជា​ជន​ជាតិ​ផ្សេង​ដែល​ចូល​មក​គ្រប់​គ្រង​ប្រទេស​ឥណ្ឌា​ និង ​បាន​គោរព​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ក្រៃ​លែង​ នៅ​នា​ចុង​សម័យ​ពេល​ដែល កុសាណៈ​ចុះ​ខ្សោយ​​អំណាច​ទៅ​ កុល​សម្ព័ន្ធ​ផ្សេង​ៗ​​ ដែល​បាន​ក្រោក​ឈរ​តាំង​ខ្លួន​ជា​ធំ​ ក៏​បាន​ចាប់​យក​ឱកាស​ ដែល​​ក្សត្រ​កាន់​ពុទ្ធ​សាសនា​នេះ​ថា​ ជា​រឿង​របស់​ជាតិ​ដទៃ​ទៅ​ជា​មួយ​ផង​ ហើយ​បូក​ភាព​ជា​ហិណ្ឌូ​​បញ្ជូល​​ និង ភាព​ជា​ឥណ្ឌា​ សាសនា​ហិណ្ឌូ​ ទើប​មាន​ភាព​ជា​ជាតិ​និយម​ និង ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ចាញ់​​ប្រៀប​ជា​ច្រើន​ តែ​ដោយ​អាស្រ័យ​ពុទ្ធ​សាសនា​បាន​ប្រតិស្ឋាន​យ៉ាង​គង់​វង់​ ប្រជា​ជន​បាន​គោរព​បូជា​ ​ទូ​ទៅ​សព្វ​ហើយ​ វត្ត​ដែល​ជា​ស្ថាប័ន​ពុទ្ធ​សាសនា​មាន​ឋានះ​ជា​ស្ថាប័ន​ការ​សិក្សា​ចំពោះ​ខ្លួន និង​ ​ជា​រឿង​ដែលប្រ​ព្រឹត្ត​ទៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​គ្រប់​គ្រង​ ទោះ​បី​ជា​ប្រជា​ជន​ហិណ្ឌូ​ក៏​ទំនុក​បម្រុង​​វត្ត​អារាម​ក្នុង​នាម​ជា​ស្ថា​ប័ន​ការ​សិក្សា​របស់​រដ្ឋ​ ជួន​កាល​ក៏​មាន​ព្រះ​មហេសី​ជា​ពុទ្ធ​សាស​និក​ ឬ​​មិន​ដូច្នោះ​ទេ​ ក៏​មាន​ទី​ប្រឹក្សា​រាជ​ការ​ជា​ពុទ្ធ​សាស​និក​ ដូច​ជា​ ក្សត្រ​អង្គ​ទី​២ (សមុទ្រ​គុបត៍) មាន​លោក​ឧប​រាជ​ វសុ​ពន្ធុ​ ជា​ទី​ប្រឹក្សា​ខាង​ចាត់​របប​ការ​គ្រប់​គ្រង​រាជ​ការ​ជា​ដើម​ យ៉ាង​ណា​ក៏​ដោយ​ ការ​ដែល​សាសនា​ហិណ្ឌូ​​​ជា​គោល​នៃ​រាជ​វង្ស​នេះ​ ក៏​ជា​ហេតុ​នាំ​ឲ្យ​ពុទ្ធ​សាសនា​មាន​ការ​ផ្សះ​ផ្សា​ជា​​មួយ​សាសនា​ហិណ្ឌូ​ ជា​ច្រើន​ឡើង​រឿយ​ៗ ដែល​អាច​ចាត់​ថា​ ជា​មូល​ហេតុ​នាំ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​​អន់​​ថយ​ម្យ៉ាង​ដែរ​។​

    សម័យ​គុបតៈ​នេះ​ ជា​សម័យ​ដែល​រុង​រឿង​ទៅ​ដោយ​សិល្ប​វិជ្ជា​ការ​ វណ្ណ​កម្ម​ភាសា​សំស្ក្រឹត​​បាន​រីក​ចម្រើន​ដល់​ទី​បំផុត​ មាន​កវី​សំខាន់​ដូច​ជា​ កលិ​ទាស​ ជា​ដើម​ មាន​ការ​រួប​រួម​គម្ពីរ​ធម្ម​សាស្ត្រ​​ ចង​ក្រង​គម្ពីរ​មហា​ភារតៈ​ រាមា​យណៈ ​និង បុរាណៈ​ មាន​អ្នក​តារា​សាស្រ្ត​សំខាន់​ម្នាក់​ឈ្មោះ​ អារ្យ​ភដ្ឋ​ អ្នក​គណិត​សាស្ត្រ​សំខាន់​ម្នាក់​ឈ្មោះ​ វរាហ​មិហិរៈ​​សល្យ ​ពេទ្យ​​ម្នាក់​​ឈ្មោះ​ សុស​រុតៈ​ សិល្ប​កម្ម​​ផ្សេង​ចម្រើន​លូត​លាស់​ថ្វី​ដៃ​ប៉ិន​ប្រសប់​ សាសនា​ហិណ្ឌូ​ ក៏​កែ​ទម្រង់​ខ្លួន​ឯង​ឡើង​ក្នុង​រូប​បែប​ថ្មី វត្ត​ក្នុង​​ព្រះ​ពុទ្ធ​សាសនា​ក្លាយ​ជា​មហា​វិហារ​ ជា​ស្ថា​ប័ន​ការ​សិក្សា​ដូច​មាន​ឈ្មោះ​ថា​ មហា​វិទ្យា​ល័យ មហា​វិហារ ដែល​កំពុង​ក​កើត​ឡើង​យ៉ាង​ល្បី​ល្បាញ​ជា​ពិសេស​ក្នុង​សម័យ​នេះ​ គឺ​​ សកល​វិទ្យា​ល័យ​នាលន្ទា​។

    លក្ខណ​ពិសេស​ម្យ៉ាង​ទៀត​ក្នុង​សម័យ​នេះ​ គឺ​ ការ​ដែល​ព្រះ​សង្ឃ​ និង​ ពួក​អ្នក​គោ​ចរ​ចារិក​​ទៅ​​មក​ក្នុង​រវាង​ ឥណ្ឌា​​ ជា​មួយ​អាណា​ចក្រ​នានា​ក្នុង​អាស៊ី​កណ្ដាល​ បាន​នាំ​គម្ពីរ​ពុទ្ធ​សាសនា​ និង​ ​ព្រះ​​សារី​រិក​ធាតុ​ ទៅ​ជា​មួយ​ខ្លះ​ផង​ មាន​អ្នក​មក​ប្រែ​គម្ពីរ​យក​ទៅ​ខ្លះ​ផង​ អ្នក​ប្រាជ្ញ​ឥណ្ឌា​ ទៅនៅ​ក្នុង​រាជ​​សំណាក់​ផ្សេង​​ៗ​ផង​ សកល​វិទ្យា​ល័យ​នា​​នា​ ដោយ​ឡែក​គឺ​ នាលន្ទា​ បាន​ជា​មជ្ឈ​មណ្ឌល​ផ្សព្វ​​ផ្សាយ​​ ​វប្ប​ធម៌​រវាង​ប្រ​ទេស​មួយ​ទៅ​ប្រទេស​មួយ​ក្នុង​យុគ​នេះ​​ ​និង​ បាន​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​​រីក​ចម្រើន​ដុះ​ដាល​គង់​វង់​ទូ​ទាំង​អាស៊ី​បូព៌ា​។ អ្នក​គោ​ចរ​ចារិក​ម្នាក់​ដែល​ប្រាកដ​ឈ្មោះ​ក្នុង​ប្រ​វត្តិ​សាស្ត្រ​​យុគ​នេះ​គឺ លោក​សង្ឃ​ចិន​ ឈ្មោះ​ហ្វា​ហៀន​ ដែល​ចារិក​នៅ​ក្នុង​ប្រទេស​​ឥណ្ឌា​ប្រមាណ​ ព.ស.​​៩០០​។

    ព.ស.១០០០ ៖ កុលសម្ព័ន្ធ​ហូណៈ​ ឬ​ហ័ន​ខាវ​ មាន​មិហិរ​កុលៈ​ជា​ប្រធាន​​ បាន​ចូល​រុក​រាន​ឥណ្ឌា​ រឹប​អូស​បាន​គន្ធារៈ​ និង​ ​ក័ស​ស្មៀរ៍​បាន​។ ពួក​ហូណៈ​គោរព​បូជា​សាសនា​ហិណ្ឌូ​ និកាយ​សៃវៈ​ បាន​បំផ្លាញ​​។

    វត្តអារាម សម្លាប់​ព្រះសង្ឃ ជា​ពិសេស​តក្ក​សិលា​ដែល​ជា​មជ្ឈ​មណ្ឌល​ការ​សិក្សា​រៀន​សូធ្យ​​ វប្ប​ធម៌ និង​ ព្រះ​ពុទ្ធ​សាស​នា​នៅ​ក្នុង​ភូមិ​ភាគ​នេះ ត្រូវ​បាន​កំទេច​អស់​ក្នុង​គ្រា​នេះ​។​ ពួក​ហូណៈ​នេះ​បាន​បន្ត​រុក​រាន​ចូល​មក​រហូត​​ដល់​ក្រុង​កោ​សម្ពី​ ប៉ុន្តែ​ នឹង ដណ្ដើម​យក​អាណា​ចក្រ​គុបតៈ​តែ​ម្តង​ឲ្យ​ហួស​ពី​នេះ​ទៅ​ទៀត​មិន​បាន​ ទោះ​ជា​ដូច្នោះ​តែ​ក៏​ញ៉ាំង​ឲ្យ​គុបតៈ​ទន់​ខ្សោយ​ទៅ​ ពួក​ហូណៈ​បាន​គ្រប់​គ្រង​អំណាច​អស់​​ប្រមាណ ៥០​ឆ្នាំ​ ទើប​ត្រូវ​ក្សត្រ​គុបតៈ​បង្ក្រាប​ចុះ​បាន​ ពួក​គុបតៈ​ដែល​នៅ​ក្នុង​ឥណ្ឌា​ក៏​បាន​ទទួល​​យក​វប្ប​ធម៌​ឥណ្ឌា​ រួច​ក៏​ក្លាយ​ជា​ឥណ្ឌា​ទៅ​តែ​ម្តង​ ចំ​ណែក​រាជ​វង្ស​គុប​តៈ​ទោះ​បី​ដណ្ដើម​អំណាច​មក​វិញ​បាន​​ តែ​រុង​រឿង​ត​មក​បាន​មិន​យូរ​ប៉ុន្មាន​ក៏​សាប​សូន្យ​អំណាច​ទៅ​។

    ព.ស.១១០០ ៖ ព្រះ​បាទ​ហស្សៈ​ នៃ​រាជ​វង្ស​វឌ្ឍនៈ​ ជា​វណ្ណៈ​វេស្ស​ បាន​កំចាត់​បង់​អំណាច​របស់​ក្សត្រ​ គុបតៈ​នៃ​​វណ្ណៈ​ព្រាហ្មណ៍​បាន​ ហើយ​បាន​ឡើង​គ្រង​រាជ្យ​ជា​មហា​ក្សត្រ​ដ៏​អស្ចារ្យ​មួយ​អង្គ​ មាន​អាណា​ខេត្ត​មក​លើ​​ឥណ្ឌា​ភាគ​ខាង​ជើង​ចំនួន​ច្រើន​ គឺ​តាំង​តែ​ជិត​ឈូង​បេង​កល​ ទៅ​រហូត​ដល់​ក្រុង​វលភី​ នៃ​ក្សត្រ​រាជ​​វង្ស​មៃ​ត្រកៈ​ (មាន​នាម​ថា​ជា​​ចក្រ​ពត្តិ​នៃ​អាណា​ចក្រ​ទាំង​ ៥​ ​គឺ​ បញ្ចាប​ កនោជៈ​ គៅឌៈ​ ឬ បេង​កលៈ​ មីថិលា ឬ ពិហារ និង ឱរិស្សា) តាំង​រាជ​ធានី​នៅ​ក្រុង​កាន្យ​កុពជៈ​ ឬ​ កនោជ​ ឬ​ កនៅ​ជ៍ (Kanauj) ព្រះ​អង្គ​ទ្រង់​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​យ៉ាង​ក្រៃ​លែង​ បាន​ទ្រង់​ទំនុក​បម្រុង​​មហា​វិទ្យា​ល័យ​នា​លន្ទា​ យ៉ាង​ល្អ​ប្រសើរ​ ទ្រង់​លើក​ស្ទួយ​សិល្ប​វណ្ណ​កម្ម ​និង​ វិជ្ជា​ការ​ ជា​យុគ​ខ្លី​ៗ ដែល​ធ្វើ​ឲ្យ​អារ្យ​ធម៌​ឥណ្ឌា​រីក​ចម្រើន​ដល់​ទី​បំផុត​ម្តង​ទៀត​ ប៉ុន្តែ​ ពុទ្ធ​សាសនា​សម័យ​នេះ​បាន​ចាប់​​ផ្ដើម​ក្លាយ​ជា​បែប​តន្ត្រៈ​យាន​ទៅ​ហើយ​ និង រំសាយ​ចូល​គ្នា​ជា​មូយ​សាសនា​ហិណ្ឌូ​ យ៉ាង​ជិត​ដិត​ព្រម​​ទាំង​ប្រើ​វណ្ណ​កម្ម​ជា​ភាសា​សំស្ក្រឹត​ទៀត​ផង​ ចំណែក​ហិណ្ឌូ​ ទោះ​ជា​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ព្រះ​​បាទ​ហស្សៈ​ តែ​ក៏​មិន​ពេញ​ចិត្ត​ក្នុង​ការ​ដែល​ព្រះ​អង្គ​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ក្រៃ​លែង​ផង​​ដែរ​ ដល់​ថ្នាក់​រក​មធ្យោ​បាយ​ធ្វើ​គត់​ព្រះ​អង្គ​ លើក​ដំបូង​ត្រូវ​ចាប់​បាន​ តែ​ទី​បំផុត​ព្រះ​បាទ​ហស្សៈ​ ក៏​ត្រូវ​​ធ្វើ​គត់​បាន​សម្រេច​ ក្នុង​សម័យ​នេះ​មាន​លោក​សង្ឃ​ចិន​សំខាន់​ចារិក​មក​មួយ​អង្គ​ទៀត​ ឈ្មោះ​ ហៀន​ចាំង​ ឬ​ យួន​ឆាង​ ទាំង​សំចាំង​ (Duong Tam Tang) លោក​បាន​សរ​សេរ​កំណត់​ហេតុ​ទុក​មក​ជា​ប្រយោជន៍​​ដល់​ផ្នែក​ខាង​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​។

    នា​លន្ទា​មហា​វិហារ​ ឬ​ សាលក​វិទ្យា​ល័យ​នា​លន្ទា​ក្នុង​សម័យ​នេះ មាន​អាចារ្យ​ជា​មួយ​ នឹង សិស្ស​​ស្នាក់​អាស្រ័យ​ប្រមាណ ១០.០០០​អង្គ​ សិក្សា​​ធម៌​អាថ៌​ខាង​និកាយ​មហា​យាន​ជា​មុខ​វិជ្ជា​ចាប់​បង្គាប់​ ក្រៅ​ពី​នោះ​សិក្សា​មុខ​វិជ្ជា​ធម៌​អាថ៌​វិន័យ​ផ្នែក​ហីន​យាន និរុត្តិ​សាស្ត្រ តក្ក​សាស្រ្ត ទស្សន​វិជ្ជា វេជ្ជ​សាស្រ្ត សិល្បៈ ​ត្រៃ​វេទ​ ជា​ដើម​ មាន​អ្នក​សិក្សា ទាំង​បព្វ​ជិត​ ទាំង​គ្រ​ហស្ថ​ ទាំង​ហីន​យាន​​ទាំង​មហា​យាន​ ទាំង​ពុទ្ធ​ទាំង​មិន​មែន​ពុទ្ធ​ ទាំង​ប្រជា​ជន​ឥណ្ឌា​ទាំង​ជន​ជាតិ​បរ​ទេស​ មាន​ការ​​ប្រឡង​បញ្ចុះ​ដើម្បី​ចូល​សិក្សា​ មាន​បណ្ណា​ល័យ​ ​និង​ អាគារ​ផ្សេង​ៗ​ ដ៏​ធំ​ដុំ ​វិចិត្រ​ដោយ​សិល្ប​កម្ម​​យ៉ាង​ប្រណិត​​​ជា​ច្រើន​។​

    ព.ស.៩៥០-១២៥០ ៖ ក្នុង​រយៈ​កាល​នេះ​​ មាន​អាណា​ចក្រ​តូច​មួយ​កន្លែង​ របស់​ក្សត្រ​រាជ​វង្ស​មៃ​ត្រកៈ ដែល​តាំង​រាជ​​ធានី​នៅ​ក្រុង​វលភី​ (នៅ​លើ​ជ្រោយ​គុជ​រ័ត ដង​ទន្លេ​បស្ចឹម​របស់​ឥណ្ឌា)​ ក្សត្រ​រាជ​វង្ស​អង្គ​នេះ​បាន​​ទ្រង់​​ឧបត្ថម្ភ​​​ មហា​វិហារ​មួយ​កន្លែង​ ហៅ​ថា​ វលភី​ ឬ ទុឌឌា​ (ហៅ​ឈ្មោះ​ពេញ​ថា​ទុឌ​ឌា​​វិហារ​មណ្ឌល​ ប្រែ​ថា ចំណោម​វត្ត​របស់​ព្រះ​នាង​ទុឌ​ឌា​ ដែល​ជា​ក្សត្រិ​យានី​ទ្រង់​បាន​សាង​វត្ត​នេះ​ជា​ដំបូង)​ ជា​ប្រចាំ​គ្រប់​ព្រះ​អង្គ​។ វលភី ជា​សកល​វិទ្យា​ល័យ​ពុទ្ធ​សាសនា​ហីន​យាន​ ដែល​លេច​ឮ​រន្ទឺ​ ជា​ស្ថា​ប័ន​​ការ​​សិក្សា​ដែល​មាន​កិត្តិ​នាម​ល្បី​ល្បាញ​ទន្ទឹម​គ្នា​ ឬ​គូ​ប្រកួត​ជា​មួយ​ នឹង សាកល​វិទ្យា​ល័យ​នាលន្ទា​ ដែល​​លេច​ឮ​ផ្នែក​ខាង​មហា​យាន​ តែ​ត្រូវ​កង​ទ័ព​មុស្លីម​ កំទេច​អស់​គ្មាន​សល់​នៅ​ពេល​ឥស្លាម​ចូល​មក​​រុក​រាន​ប្រមាណ​ ព.ស.​១៣៥០​ ដល់ ១៤០០)​។

    យុគទី៥ ៖ សេច​ក្ដី​អន់​ថយ​ និង សាប​សូន្យ​ចាក​ពី​ប្រទេស​ឥណ្ឌា សម័យ​បច្ចុប្បន្ន​ ហេតុ​ដែល​នាំ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​សាប​សូន្យពី​ប្រទេស​ឥណ្ឌា​ (អាណា​ចក្រ​ពុទ្ធ​នៃ​រាជ​វង្ស​បាលៈ​​ពុទ្ធ​សាសនា​បែប​តន្ត្រៈ​ ​និង​ ការ​រុក​រាន​របស់​កង​ទ័ព​មុស្លីម​ ប្រមាណ​ ព.ស.​១២៥០-​១៧០០)​។

    ព.ស.១២៥០ ៖ ក្រោយ​ពី​ព្រះ​បាទ​ហស្ស​វឌ្ឍនៈ​ សោយ​ទិវង្គត​ហើយ​ ជម្ពូ​ទ្វីប​ត្រូវ​ជ្រួល​ច្របល់​មិន​ឈប់​ឈរ​អស់​​ប្រមាណ ១​សតវត្សរ៍ បន្ទាប់​មក​មាន​ពួក​វណ្ណៈ​សូទ្រ​ នៅ​ខាង​ទិស​ឥសាន​ ក​កើត​រាជ​វង្ស​បាលៈ​ ឡើង​​គ្រប់​គ្រង​អាណា​ចក្រ​តូច​មួយ​កន្លែង​ មាន​អាណា​ខេត្ត​ធៀប​ជា​មួយ​បច្ចុប្បន្ន​បាន​ដល់​រដ្ឋ​ពិហារ​ និង ​បេង​កលៈ​។​ ក្សត្រ​រាជ​វង្ស​នេះ​ជា​ពុទ្ធ​មា​មកៈ​ បាន​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​ជា​ច្រើន​ ជា​ពិសេស​​គឺ សកល​វិទ្យា​ល័យ​នា​លន្ទា​ ​និង ​មហា​វិហារ​ផ្សេង​ៗ​ ហើយ​ទ្រង់​បាន​សាង​សាលា​មហា​វិទ្យា​ល័យ​ថ្មី​ៗ​ នៃ​រាជ​វង្ស​បាលៈ​ជា​ច្រើន​កន្លែង​ទៀត​ គឺ​​ ឱទន្ត​បុរៈ​ វិក្រម​សិលា​ សោម​បុរៈ​ ​និង​ ជគ័ទ្ទ​លៈ ឬ​ វ៉ា​រេន​ទ្រី​ ស្ថា​ប័ន​ទាំង​នេះ​នៅ​តែ​ធ្វើ​តួ​នាទី​ជា​មជ្ឈ​មណ្ឌល​ការ​សិក្សា​ ​និង​ ផ្សព្វ​ផ្សាយ​វប្ប​ធម៌​អន្តរ​ជាតិ​រហូត​មក​បាន​យ៉ាង​ល្អ​ប្រសើរ​ ដូច​ជា​ក្សត្រ​ស្រី​វិជ័យ​មួយ​ព្រះ​អង្គ​ ទ្រង់​បាន​កសាង​វត្ត​ថ្វាយ​នា​លន្ទា​ កាល​ពី​​​ប្រមាណ ​ព.ស.​១៣៥០​ ព្រះ​សាន្ត្រ​ក្សិតៈ​ និង​ បទ​ម​សម្ភវៈ​​ បាន​ធ្វើ​ដំណើរ​ពី​នា​លន្ទា​ទៅ​ផ្សព្វ​ផ្សាយ​ពុទ្ធ​​សា​ស​នា​​ក្នុង​ប្រទេស​ទី​បេ នៅ​ពុទ្ធ​សត​វត្សរ៏​ ទី​១៤​ និង ព្រះ​អតិស​ បាន​និមន្ត​ពីសកល​វិទ្យា​ល័យ​​វិក្រម​សិលា​ ទៅ​ប្រកាស​ពុទ្ធ​សាសនា​នៅ​ទី​បេ​ក្នុង​ពុទ្ធ​សត​វត្សរ៍​ទី​​១៦ ជា​ដើម​ ចំណែក​វិក្រម​សិលា​​នោះ​ ក្រោយ​មក​បាន​រីក​ចម្រើន​លូត​លាស់​ជាង​នា​លន្ទា​ទៅ​ទៀត​។

    យ៉ាងណា​ក៏​ដោយ ស្ថា​ប័ន​ពុទ្ធ​សាសនា​ទាំង​នេះ​​ទោះ​ជា​មាន​ចំនួន​កើន​ឡើង និង បាន​ទទួល​​ការ​ទំនុក​បម្រុង​យ៉ាង​ប្រសើរ​ តែ​ក្នុង​សម័យ​នេះ​ បាន​បែរ​មក​សង្កត់​ធ្ងន់​ចំពោះ​តែ​ការ​សិក្សា​ព្រះ​ពុទ្ធ​​សាសនា​បែប​តន្ត្រៈ​ម្យ៉ាង​ប៉ុណ្ណោះ​ ហើយ​ពុទ្ធ​សាសនា​ដែល​ចម្រើន​រុង​រឿង​ក្នុង​សម័យ​នេះ​ ក៏​តែ​ពុទ្ធ​​​សាសនា​បែប​តន្ត្រៈ​ដែល​មាន​រូប​ភាព​ស្រដៀង​គ្នា​នឹង​តន្ត្រៈ​ក្នុង​សាសនា​ហិណ្ឌូ​គ្រប់​កន្លែង​ ជា​​ភាព​រីក​​ចម្រើន​​ដែល​អន់​ថយ​នាំ​ឲ្យ​សាប​សូន្យ​នៅ​ទី​បំផុត​នោះ​ឯង​។

    ព.ស.១៣០០​ ៖ សង្ក​រា​ចារ្យ​ អ្នក​បួស​ក្នុង​សាសនា​ហិណ្ឌូ ​និកាយ​សៃវៈ​ អ្នក​ប្រកាស​ទស្សន​វិជ្ជា​​វេ​ទាន្តៈ បាន​នាំ​យក​គោល​ធម៌​ និង ទស្សន​វិជ្ជា​ក្នុង​ពុទ្ធ​សាសនា​ទៅ​កែ​ឆ្នៃ​ជា​ថ្មី​ឲ្យ​ទៅ​ជា​ពាក្យ​ប្រៀន​ប្រ​​ដៅ​ក្នុង​សាសនា​ហិណ្ឌូ​ ដើរ​ប្រកាស និង ចោទ​ឆ្លើយ​ក្នុង​ភូមិ​ស្ថាន​នានា ​និង នាំ​យក​គតិ​នៃ​ការ​បង្កើត​​គណៈ​សង្ឃ និង សាង​វត្ត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​​ ទៅ​ចាត់​តាំង​គណៈ​អ្នក​បួស​ (ស័ន​យ៉ា​សី)​ និង​ សាង​វត្ត​​ហិណ្ឌូ​ឡើង​ ផ្សព្វ​ផ្សាយ​សាសនា​ និង សង្គ្រោះ​ប្រជា​ជន​ ធ្វើ​ឲ្យ​សាសនា​ហិណ្ឌូ​រីក​ចម្រើន​ឡើង​យ៉ាង​​ឆាប់​រហ័ស​ ចំណែក​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ដែល​កំពុង​វង្វេង​ភ្លេច​តួ​នាទី​របស់​ខ្លួន​ ​និង​ មាន​​គំនិត​វិប្ប​រិត​ទៅ​ ទើប​ត្រូវ​ធ្លាក់​នៅ​ក្នុង​សភាព​ចាញ​ប្រៀប​ ថែម​ទាំង​​ជម្រុញ​ឲ្យ​ទន់​ខ្សោយ​រឹត​តែ​​ឆាប​ឡើង​ទៀត​។​

    ព.ស.១៥០០ ៖ ចាប់​ពី​ពេល​នេះ​ទៅ​ ពុទ្ធ​សាសនា​បែប​តន្ត្រៈ​ បាន​ប្រែ​រូប​ទៅ​ក្នុង​ផ្លូវ​អន់​ថយ​ជា​ខ្លាំង​ឡើង​ វង្វេង​ងប់​ងល់​ក្នុង​រឿង​អប្បិយ​ជំនឿ​ មន្ត​អាគម​គាថា​ យន្ត​ ការ​សម្ដែង​ខាង​ភេទ​អនា​ចារ​ផ្សេង​ៗ​ រហូត​​ដល់​ញែក​មិន​ចេញ​អំពី​តន្ត្រៈ​តាម​លទ្ធិ​សក្តិ​សិទ្ធិ​នៃ​សាសនា​ហិណ្ឌូ​ ​និង ផ្សព្វ​ផ្សាយ​លទ្ធិ​នេះ​ចេញ​ទៅ​កាន់​​ទី​បេ នេ​បាល ជា​ដើម​ទៀត​ផង​ សភាព​បែប​នេះ​បាន​ប្រ​ព្រឹត្តិ​ទៅ​រហូត​ដល់​ទី​អវ​សាន​នៃ​​ពុទ្ធ​សាសនា​ក្នុង​ ព.ស.១៧០០​។

    ព.ស.១៧០០ ៖ ក្នុង​ខណៈ​ដែល​ប្រទេស​ឥណ្ឌា​កំពុង​ចុះ​ខ្សោយ​ មិន​អាច​រួម​កម្លាំង​គ្នា​ជា​អាណា​ចក្រ​មួយ​ធំ​បាន​​នេះ កង​ទ័ព​មុស្លីម​ ក៏​បាន​រុក​រាន​ទន្ទ្រាន​ចូល​មក​តាំង​តែ​ពី​ទិស​ពាយ័ព្យ​​រហូត​ស្ទើរ​ទូ​ទាំង​ជម្ពូ​ទ្វីប​ គ្រប់​កន្លែង​ដែល​កន្លង​ទៅ​នោះ​។ ទ័ព​មុស្លីម​បាន​សម្លាប់​ព្រះ​សង្ឃ​ ដុត​បំផ្លាញ​វត្ត​ និង វត្ថុ​សម្បត្តិ​ខាង​​ព្រះ​ពុទ្ធ​សាសនា​ រួម​ទាំង​បណ្ណា​ល័យ​ និង​ គម្ពីរ​ក្បួន​ខ្នាត​ផ្សេង​ៗ​​ គ្រប់​យ៉ាង​ទាំង​អស់​ កន្លែង​ខ្លះ​សូម្បី​​តែ​​សព​ខ្មោច​ក៏​មិន​ទុក​ឲ្យ​សល់​។ ព្រះ​សង្ឃ​មួយ​ចំនួន​ក៏​រត់​គេច​ទាន់​ បាន​គេច​ទៅ​នៅ​នេ​បាល​ខ្លះ ទីបេ​ខ្លះ​ អាច​និយាយ​បាន​ថា​ ព្រះ​ពុទ្ធ​សាសនា​ដែល​កំពុង​ទន់​ខ្សោយ​ស្រាប់​ ​ក៏​បាន​សាប​សូន្យ​ចាក​​ប្រទេស​ឥណ្ឌា​ក្នុង​ពេល​នេះ​ ចំណែក​សាសនា​ហិណ្ឌូ​ ទោះ​ជា​ត្រូវ​បំផ្លិច​បំផ្លាញ​ដូច​គ្នា​ ប៉ុន្តែ​ដោយ​ស​ភាព​ផ្សេង​គ្នា​ ដូច​ជា​អ្នក​បួស​ហិណ្ឌូ​ខ្លះ​អា​ស្រ័យ​នៅ​ក្នុង​ផ្ទះ​សម្បែង​ស្លៀក​ពាក់​ដូច​ជា​អ្នក​ស្រុក​ធម្មតា​​ ជា​ហេតុ​នាំ​ឲ្យ​ពិបាក​ញែក​ឲ្យ​ច្បាស់​ ទើប​សេស​សល់​នៅ​ ធ្វើ​ឲ្យ​សាសនា​ហិណ្ឌូ​កម្រើក​ខ្លួន​ឡើង​វិញ​​បាន​នៅ​ពេល​ខាង​ក្រោយ​។​ ចាប់​តាំង​ពី​ពេល​នេះ​ត​ទៅ​ គឺ​ជា​យុគ​នៃ​អាណា​ចក្រ​មុស្លីម​ អូស​វែង​អន្លាយ​អស់​កាល​​ប្រមាណ ៥០០​ឆ្នាំ​។ ក្នុង​យុគ​នេះ​ជា​ទី​រួម​អំណាច​របស់​ចក្រ​ពត្តិ​ម៉ោ​កុល​ ឬ​ មុខុល​ បាន​​ច្រើន​បំផុត​ តាំង​ពី ​ព.ស.​២០៦៩ ដល់ ​២៣២៧ និង រយៈ​កាល​ដែល​រុង​រឿង​បំផុត​ គឺ​រជ្ជ​កាល​នៃ​ព្រះ​បាទ​អាក់​បារ៍​​មហា​រាជ (ព.ស.​២០៩៩-​២១៤៨)​ សឹង​ជា​ក្សត្រ​មុស្លីម​ដែល​បន្ធូរ​បន្ថយ​ ឲ្យ​ឱកាស​ក្នុង​ការ​គោរព​​សាសនា​។