វ័យ​១៦​ឆ្នាំ​ក៏​ចូល​មក​ដល់ លោក​មេ​ស្រុក​ហែម​និង​ភរិយា​បាន​ជំនុំ​គ្នា អំពី​ការ​បំបួស​កូន​ជា​សាម​ណេរ ហើយ​មូល​មតិ​ថា ត្រូវ​បំបួស​នៅ​វត្ត​ឧណ្ណា​លោម ហើយ​អោយ​គង់​សំណាក់​សិក្សា​បតិ​បត្តិ​ធម៌​នៅ​វត្ត​ឧណ្ណា​លោម​ដដែល​។ លុះ​បួស​រួច​ហើយ សាម​ណេរ​ចៀវ​ទន្ទេញ​មេ​សូត្រ (មូល​វេយ្យា​ករណ៍​បាលី​) ចាំ​យ៉ាង​ស្ទាត់​ជំនាញ​។ ថ្ងៃ​ខែ​ចេះ​តែ​កន្លង​ជា​លំដាប់ សាម​ណេរ ហែម ចៀវ អាយុ​បាន​២០​ឆ្នាំ ក៏​បំពេញ​ឧប​សម្បទា ជា​ភិក្ខុ​ភាវ ក្នុង​ពុទ្ធ​សីមា​នៅ​វត្ត​លង្កា ដែល​មាន​ព្រះ​មហា វិមល​ធម្ម ថោង (ចាង​ហ្វាង​សាលា​បាលី​ជាន់​ខ្ពស់​មុន​ដំបូង) ជា​ឧបជ្ឈាយ មាន​ព្រះ​គ្រូ​បវរ​វិជ្ជា ល្វី​ អែម និង​ព្រះ​គ្រូស​ង្ឃ​សត្ថា ជួន​-​ណាត ជា​គ្រូ​សូត្រ​។ នៅ​ពេល​បំពេញ​ជា​ភិក្ខុ​ហើយ លោក​ក៏​បាន​ប្រឡង​ចូល​រៀន​សាលា​បាលី​ជាន់​ខ្ពស់​ជាប់​ដូច​ចិត្ត​ប្រាថ្នា​។ ការ​សិក្សា​ចំនួន​៧​ឆ្នាំនៅ​សាលា​បាលី​ជាន់​ខ្ពស់ ធ្វើ​អោយ​លោក​ចេះ​ដឹង​ផ្លូវ​លោក ផ្លូវ​ធម៌ ល្មម​ប្រើ​ការ​បាន​ដោយ​ពេញ​បរិ​បូណ៌​ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​។ លោក​ជា​សិស្ស​សំនប់​មួយ​រូប នៃ​ព្រះ​គ្រូ​សង្ឃ​សត្ថា​ជួន ​ណាត ដែល​លោក​ស្រលាញ់​ជាង​គេ ដោយ​ភិក្ខុ​ហែម ចៀវ​ជា​បព្វ​ជិត ឈ្លាស​វៃ​រហ័ស​រហួន ចេះ​គួរ​សម​ទៅ​តាម​ឋាន​ជា​មនុស្ស​ដូច​គ្នា​។ លុះ​គំរប់​ឆ្នាំ​ទី​៧ លោក​បាន​ប្រឡង​យក​សញ្ញា​ប័ត្រ​ឌី​ប្លូម​សាលា​បាលី​ជាន់​ខ្ពស់​ជាប់​លេខ​៦ ខាង​ភាសា​បាលី​ដែល​សម័យ​នោះ ខ្មែរ​យើង​កំពុង​រាប់​អាន​ណាស់​។

នៅ​ពេល​ប្រឡង​ចេញ​ពី​សាលា​បាលី​ហើយ ក្នុង​ឆ្នាំ​១៩២៧ កាល​ណោះ​លោក​រ៉េ​ស្យូម ជាតិ​បារាំង ធ្វើ​ជា​រ៉េ​ស៊ីដង់​ខេត្ត​កំពត បាន​ពឹង​លើ​លោក​មេ​គណ​វត្ត​អង្គ​សុរភី​ហៅ​កន្ថោ ស្រុក​កំពង់​ត្រាច អោយ​ជួយ​រក​លោក​សង្ឃ​មួយ​អង្គ ដែល​មាន​សញ្ញា​ប័ត្រ​សាលា​បាលី​ជាន់​ខ្ពស់ ក្នុង​កាល​នោះ​ លោក​គ្រូ​មេ​គណ​វត្ត​​កន្ថោ និមន្ត​មក​អែ​វត្ត​ឧណ្ណា​លោម​ក្រុង​ភ្នំ​ពេញ មក​ពឹង​ព្រះ​គ្រូ​សង្ឃ​សត្ថា ជួន ណាត សូម​និមន្ត​លោក​មួយ​អង្គ​ដែល​មាន​សញ្ញា​ប័ត្រ​ឌីប្លូម​សាលា​បាលី​ជាន់​ខ្ពស់ ទៅ​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​ខេត្ត​កំពត ដោយ​ហេតុ​លោក​រ៉េ​ស៊ី​ដង់ រ៉េ​ស្យូម ខេត្ត​កំពត​បង្កើត​អង្គ​ការ​សិក្សា​អក្សរ​សាស្ត្រ​ខ្មែរ អោយ​មានរបៀប​ត្រឹម​ត្រូវ​ឡើង​។

កាល​នោះ​ព្រះ​គ្រូសង្ឃ​សត្ថា បាន​ចាត់​លោក​អាចារ្យ ហែម ចៀវ អោយ​ទៅ​បង្រៀន​អក្សរ​សាស្ត្រ​ជាតិ​អែ​ខេត្ត​កំពត​ យក​វត្ត​ក្រាំង​ដូង ស្រុក​បន្ទាយ​មាស និង​វត្ត​កន្ថោ​ស្រុក​កំពង់​ត្រាច​ជា​មជ្ឈម​ណ្ឌល​។ គ្រូ​អាចារ្យ ហែម ចៀវ បាន​ទៅ​នៅ​បង្រៀន​អក្សរ​សាស្ត្រ​ជាតិ​ក្នុង​ខេត្ត​កំពត​អស់​៦​ឆ្នាំ ​គឺ​តាំង​ពី​ឆ្នាំ​១៩២៧ ដល់​១៩៣២ ទើប​ត្រលប់​មក​នៅ​ភ្នំ​ពេញ​វិញ រួច​បាន​ប្រឡង​ជាប់ ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់​ខ្ពស់​ក្នុង​ឆ្នាំ​នោះ​អែង​។

ក្រៅ​ពី​ម៉ោង​បង្រៀន​សិស្ស លោក​អាចារ្យ​តែង​និមន្ត​ទៅ​ទេសនា​ជា​ញឹក​ញយ​។ ទេសន៍​កន្លែង​ណា​ក៏​ដូច​កន្លែង​ណា​ដែរ លោក​ច្រើន​តែ​យក​ពុទ្ធ​ភាសិត​ថា «វិរិ​យេន ទុក្ខ​រច្ឆេតិ »ហើយ​និង «អត្តា ហិ អត្ត​នោ នាថោ » មក​អធិប្បាយ​ពន្យល់​លើក ឧទាហរណ៍​ដើម្បី​អោយ​ពុទ្ធ​បរិស័ទ​ងាយ​ស្តាប់​បាន​។

លក្ខណខ្លះដែលគួរដឹង

លោក​គ្រូ​អាចារ្យ ហែម ចៀវ មាន​សំលេង​ធំ​ក្រអួន មាន​ទឹក​ដម​គួរ​អោយ​ចង់​ស្តាប់​​ហើយ​​​ស្តាប់​ទៀត មាន​វោ​ហា​ក្បោះ​ក្បាយ​រ​អិល​ទៅ​មុខ​ជា​ដរាប ពុំ​មាន​ខ្ជួន​ពាក្យ​ដដែល​ៗ សូម្បី​តែ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ​។ ប៉ុន្តែ​លោក​ពុំ​សូវ​ពូកែ​ខាង​សរ​សេរ សៀវ​ភៅទេ ព្រោះ​សំបូណ៌​ពាក្យ​ពេចន៍ និង​ រវល់​បង្រៀន​ទេសនា​ពេក។ ចំណែក​ដំណើរ​ទេសនា​ចេញ​បែប​ដូច​គ្រូ​របស់​លោក​បេះបិត គឺ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (តាម​ប្រសាសន៍​របស់​លោក ឈឹម-ស៊ុម)​។ ត្រង់​នេះ​បាន​សេច​ក្តី​ថា លោក​គ្រូ​ព្រះ​បាលាត់​ឃោសនា​នាគ ហែម ចៀវ មាន​លក្ខណ​មិន​ខុស​ពី​សម្ដេច​ព្រះសង្ឃ​រាជ​ប៉ុន្មាន​ទេ​។

ចំពោះ​ភ្លៀវ​ពន្លឺ​លោក​ទទួល​ដោយ​រាក់​ទាក់ អិត​រើស​មុខ​ថា អ្នក​មាន​អ្នក​ក្រ​អ្វី​ទេ​។ ជន​ណា​ដែល​បាន​ប្រា​ស្រ័យ​ជា​មួយ​លោក​ម្តង​ហើយ ជន​នោះ​រមែង​ចង់​ប្រា​ស្រ័យ​ម្តង​ទៀត ដើម្បី​ស្តាប់​លោក​អធិប្បាយ​ញែក​វែក អំពី​ទ្រឹស្តី​ព្រះ​ពុទ្ធ​ដែល​ដឹក​នាំ​សត្វ​លោក​អោយ​ដល់​ត្រើយ​នៃ​សុភ​មង្គល​ ។ រី​អែ​ការ​បង្រៀន​សិស្ស​វិញ ពូកែ​ពន្យល់​ខាង​ចេះ​ធ្វើ​អោយ​សិស្ស​ចូល​ចិត្តរៀ​នណាស់​សូម្បី​តែ​សាស្ត្រា​ចារ្យ​នៅ​សាលា​បាលី​ជាន់​ខ្ពស់ ក៏​មិន​អាច​អត់​ទ្រាំ​សរសើរ​លោក​បាន​ដែរ​។

 សិស្ស​របស់​លោក​ស្រលាញ់​លោក​គ្រប់​ៗ​គ្នា ព្រោះ​ជា​សាស្ត្រា​ចារ្យ​មិន​ប្រកាន់​ធម៌​អគតិ​។ បើ​ឃើញ​សិស្ស​ណា​ខ្ជិល​រៀន​សូត្រ លោក​តែង​ពោល​ចំពោះ​សិស្ស​នោះ​ដោយ​សំលេង​ថ្នម​ៗ ចូរ​លោក​​ខំ​រៀន​ឡើង​! កុំ​បណ្ដែត​បណ្ដោយ​ ព្រោះ​យើង​ជា​ភេទ​ដែល​អ្នក​ផង​គេ​គោរព​រាប់​អាន គេ​ផ្ញើ​ទាន ម៉ែ​ឳ​យើង​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​បរ​ទេស ព្រះ​ពុទ្ធសាស​នា​ត្រូវ ចុះ​អន់​ថយ​ជា​លំដាប់ អក្សរ​សាស្ត្រ​យើង​ស្ទើរ​​សាប​សូន្យ​ទៅ​ហើយ​គួរ​យើង​ប្រឹង​ប្រែង​កុំ​ខ្លាច​នឿយ​ហត់ ដើម្បី​ស្រោច​ស្រង់​មាតុ​ភូមិ​អោយ​រួច​ពី​ខ្ញុំ​កញ្ជះ​បារាំង កុំ​ភ្លេច​ខ្លួន​អោយ​សោះ​ថា យើង​ជា​អ្នក​បួស​រស់​ដោយ​សារ​ប្រ​ជា​ជន​ចិញ្ជឹម ត្រូវ​តែ​មាន​ចំណេះ​វិជ្ជា​ជ្រៅ​ជ្រះ ទើប​ធ្វើ​អោយ​អ្នក​ចិញ្ជឹម​យើង​មាន​សទ្ធា​ជ្រះ​ថ្លា​។ ចុះ​បើ​យើង​ល្ងង់​ខ្លៅ តើ​ដឹក​នាំ​គេ​ម្តេច​កើត​? តើ​នរណា​គេ​គោរព​រាប់​អាន​យើង​? បញ្ហា​នេះ​សូម​លោក​គិត​ពិចារណា​មើល​អោយ​មែន​ទែន បំណាច់​យើង​ចោល​ស្រុក​ចោល​ស្រែ​ចំការ​ ម៉ែ​ឳ​បង​ប្អូន​មក​រៀន​នៅ​ទី​នេះ តើ​យើង​មក​ដើម្បី​អ្វី​? យើង​សុទ្ធ​តែ​កូន​អ្នក​ក្រ​ដូច​គ្នា​ត្រូវ​ជួយ​គ្នា​ឡើង កុំ​ធ្វេស​ប្រហែស​អោយ​សោះ ប្រយ័ត្ន​គេ​មើល​ងាយ​ណា ខ្ញុំ​គ្មាន​អ្វី​ជួយ​លោក​ទេ មាន​តែ​ចំណេះ​វិជ្ជា​ដ៏​ស្តួច​ស្តើង​ប៉ុណ្ណោះ​។ លោក! ការ​ដែល​ខ្ញុំ​និយាយ​នេះ​មិន​មែន​ជា​ការ​ប្រៀន​ប្រដៅ​ទេ គឺ​ជា​ការ​រំលឹក​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ថាន​ជាកូន​អ្នក​ស្រែ និង​អ្នក​បួស​ដូច​គ្នា យើង​ត្រូវ​តែ​ណែ​នាំ​គ្នា​ ដើម្បី​ស្វែង​រក​សុភ​មង្គល​អោយ​ប្រទេស​យើង​ដែល​បាន​បាត់​បង់​ច្រើន​ឆ្នាំ​មក​ហើយ​។ ...។

ពាក្យ​ដាស់​តឿន​របស់​លោក​គ្រូ​បាលាត់​ឃោស​នាគ ហែម ចៀវ ធ្វើ​អោយ​សិស្ស​សាលា​បាលី​ជាន់​ខ្ពស់​ស្រលាញ់​គ្រូ ហើយ​ខិត​ខំ​រៀន​សូត្រ​អិត​ហ៊ាន​ធ្វេស​ប្រហែស​សោះ​ឡើយ​។ មិន​ត្រឹម​តែ​ស្រលាញ់​ខំ​រៀន​ប៉ុណ្ណោះ​​ទេ ថែម​ទាំង​មាន​ការ​ឈឺចាប់​នឹង​ពួក​អនា​និគម​បារាំង​ខ្លាំង​ឡើង​ៗ​ជា​លំដាប់ ធ្វើ​អោយ​មជ្ឈ​ដ្ឋាន​អ្នក​ស្នេហា​ជាតិ​កោត​សរ​សើរ សិស្ស​សាលា​បាលី​ជាន់​ខ្ពស់​គ្រប់​ៗ​គ្នា​។

ក្នុង​ពេល​នោះ​ហើយ ដែល​ធ្វើ​អោយ​កិត្តិ​នាម​របស់​លោក​គ្រូ​ព្រះ​បាលាត់​ហែម ចៀវ​ក្រអូប​គ្រប់​ទិស​ទី​។ ស្រុក​ណា ភូមិណា ខេត្តណា ក៏​ចង់​និមន្ត​លោក​ទៅ​សំដែង​ធម៌​ទេសនា​ដែរ ម៉្លោះ​ហើយ​លោក​មាន​ពេល​សំរាក​តិច​ណាស់​។