ការ​រស់​នៅ​ក្នុង​ពន្ធនា​គារ​មួយ​ឆ្នាំ ប្រៀប​ដូច​យើង​រស់​នៅ​ខាង​ក្រៅ​មួយ​សត​វត្ស​។ លោក​អាចារ្យ​ហែម ចៀវ ចាប់​តាំង​ពី​បារាំង​ផ្សឹក​មក លោក​មិន​ដែល​ទទួល​ទាន​អាហារ​ល្ងាច​ទេ​។ វីរ​ជន​នេះ​មិន​ត្រឹម​តែ​មិន​ពិសារ​អាហារ​ល្ងាច​ប៉ុណ្ណោះ​ទេ គឺ​លោក​រក្សា​សិល​ប្រាំបី​ជាប់​ជា​និច្ជ​ផង​។ ទឹក​ភ្នែក​របស់​លោក​អាចារ្យ តែង​ធ្លាក់​ស្ទើរ​រាល់​ទិវា​រាត្រី ដោយ​ឃើញ​មនុស្ស​ទោស​ទាំង​នោះ ត្រូវ​គេ​ធ្វើ​បាប​ជាង​សត្វ​តិរច្ឆាន​ទៅ​ទៀត​។ ពេល​នោះ​ហើយ​ដែល​ព្រះ​អាចារ្យ​យក​គុក​ជា​សាលា​រៀន ស្តី​ពី​សង្គម​សាស្ត្រ​។ មហា​បុរស​នេះ​នឹក​គិត​ថា «ក្នុង​លោក​សន្និ​វាស​យើង​នេះ គ្មាន​សត្វ​ណា​អាក្រក់​ជាង​មនុស្ស​យើង​ទេ​! មួយ​ថ្ងៃ​ៗ ឃើញ​តែ​កាប់​ចាក់ ទាត់ ធ្លាក់ ដាក់​ខ្នោះ វាយ​ដំ ប្រហារ​ជីវិត​គ្នា​ដោយ​អិត​ត្រា​ប្រណីអ្វី​ឡើយ​។ មើល​ចុះ​! អ្នក​ធំ​ធ្វើ​បាប​អ្នក​តូច​! ស្តេច​ហុត​ឈាម​រាស្ត្រ សំលាប់​រាស្ត្រ​តាម​ទំនើង​ចិត្ត​របស់គេ​។

ប្រទេស​តូច​តាច​ត្រូវ​មហា​អំណាច​ប្លន់​ត្រួត​ត្រា​! អ្នក​ស្រែ​ចំការ​ធ្វើ​ការ​ពី​ព្រលឹម​ទល់​ព្រលប់ គ្មាន​បាន​របស់​អ្វី​ឆ្ងាញ់​ក្រៅ​ពី​បាយ និង​ប្រហុក​មួយ​ខ្នប់​ឡើយ​។ អែ​ស្តេច​មន្ត្រី​ធំ​ៗ នាយ​ទុន ដេក​ស្រណុក ស៊ី​សុទ្ធ​តែ​ម្ហូប​ឆ្ងាញ់​ៗ​! មាន​តែ​ស្ថាន​សួគ៌​របស់​មនុស្ស​? គ្មាន​ទេ​ព្រះ​អើយ​! មាន​តែ​ស្ថាន​នរក​អព្វ​មង្គល​តែ​មួយ​ប៉ុណ្ណោះ​! ការ​ពិត​សង្គម​នុស្ស​ចំរើន​តែ​អំពើ​អយុត្តិ​ធម៌ អមនុស្ស​ធម៌ ហុត​ឈាម​គ្នា​អិត​ឈប់​ឈរ​សោះ​ តាំង​ពី​ផែន​ដី​នេះ​កើត​ឡើង! អោ​បង​ប្អូន​រួម​ជាតិ​អើយ​! ចូរ​ភ្ញាក់​ស្មា​រតី​ឡើង ទើប​យើង​កំចាត់​ពួក​បារាំង រឺ​ពួក​អភិ​ជន​អោយ​វិនាស​សាប​សូន្យ​បាន​! រាស្ត្រ​នេះ​ហើយ ដែល​ដឹង​ទុក្ខ​ធុរ​រាស្ត្រ​ពិត​ប្រាកដ កុំ​ចេះ​តែ​ជឿ​សំដី​បោក​ប្រាស់​របស់​គេ​នោះ មិន​សម​ជា​ពុទ្ធ​បរិស័ទឡើយ​ ព្រះ​អង្គ​យក​ខ្លួន​យើង​ជា​រំពឹង យក​អ្នក​ដទៃ​ជា​ពឹង មិន​មែន​ជា​វិធី​ទៅ​កាន់​សេច​ក្តី​សុខ​ទេ... យើង​នឹង​នាំ​ខ្លួន​យើង​អោយ​ធ្លាក់​ចុះ​ក្នុង​ទាស​ភាព​គេ​មិន​ខាន​។

ក្នុង​វាល​វដ្ត​សង្សារ​ដ៏​ធំ​ធេង​នេះ​ គ្មាន​អ្វី​ប្រ​សើរ​ជាង​ការ​ធ្វើ​ខ្លួន​យើង​ម្នាក់​ៗ អោយ​មាន​សេរី​ភាព​សម្បូ​សប្បាយ​នោះ​ឡើ យ ចំ​ណែក​ខ្លួន​ខ្ញុំ ៗ​រើ​បំរះ​មិន​រួច​ទេ​តាម​ផ្លូវ​កាយ តែ​តាម​ផ្លូវ​ចិត្ត​វិញ​ខ្ញុំ​ឈ្នះ​ជន​កំណាច​ឈ្លាន​​ពាន​នេះ ហើយ​សូម​បង​ប្អូន​បន្ត​កិច្ច​ការ​នេះ​កុំ​បី​រុញ​រាអោយ​សោះ ទើប​យើង​បាន​សុខ បើ​យើង​ខ្លាច រឺ មិន​ស្រុះ​ស្រួល​គ្នា​ ការ​ប្រយុទ្ធ​របស់​យើង​មុខ​ជា​មិន​ឈ្នះ​យ៉ាង​ដាច់​ខាត​។ ជីវិត​យើង​រស់​គ្មាន​សេរី តើ​យើង​រស់​ថោក​ទាប​ដូច​សត្វ​តិ​រច្ឆាន​? «ខំ​ទៅ​នឿយ​មុន​ស្រណុក​ក្រោយ!»​។ លោ​ក​គិត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ចំពោះ​សេច​ក្ដី​ទុក្ខ​របស់​ប្រជា​រាស្ត្រ​ស្លូត​ត្រង់​។

រំលង​ជា​ច្រើន​ខែ​មក ទើប​ឃើញ​លិខិត​របស់​លោក​ប៉េ​តាំង ប្រមុខ​រដ្ឋា​ភិបាល​បារាំង​ផ្ញើ​មក​ចាង​ហ្វាង​តុលា​ការ អនុញ្ញាត​អោយ​លោក​ទាំង​បី​នាក់ នៅ​ត្រឹម​ជាប់​គុក​អស់​មួយ​ជីវិត ហើយ​ធ្វើ​ការ​ជា​ទំងន់​ផង​។ ថ្វី​បើ​ការ​សំរេច​ទោស​យ៉ាង​នេះ​ក៏​ដោយ លោក​ទាំង​បី​ពុំ​សប្បាយ​ចិត្ត​នឹង​អំពើ​នេះ​ទេ​។ លោក​មិន​ចង់​រស់​ទទួល​គ្រោះ​ថ្នាក់​បែប​នេះ​ត​ទៅ​ទៀត​ឡើយ... លោក​ចង់​សំលាប់​ខ្លួន​អោយ​ហើយ​តែ​ម្តង​ទៅ​! តែ​លោក​ចង់​ឃើញ​វាសនា​ប្រ​ទេស​នឹង​ទៅ​បែប​ណា!​៖

ខែ​មិថុនា​១៩៤៣ លោក​ប៉ាច ឈឺន លោក​នួន ឌួង និង​ព្រះ​អាចារ្យ​ហែម-​ចៀវ ត្រូវ​បារាំង​បញ្ជូន​ពី​គុក​ធំ​ព្រៃ​នគរ​ទៅ​គុក​ធំ អែ​កោះ​ត្រលាច​។ គេ​ដាក់​លោក​ទាំង​៣ នៅ​គុក​លេខ​៤ ដែល​ជា​កន្លែង​ទោស​ឧក្រិដ្ឋ​អស់​មួយ​ជីវិត​។ ទី​នេះ​ហាម​មិន​អោយ​ អ្នក​ក្រៅ​ចូល​សួរ​សុខ​ទុក្ខ​ទេ​។ អ្នក​ទោស​ត្រូវ​ធ្វើ​ការ​គ្រប់​បែប​យ៉ាង​ ដែល​បារាំង​វា​តំរូវ​អោយ​ធ្វើ​។ កោះ​​ត្រលាច មាន​វិសាល​ភាព​ដ៏​ធំធេង​ ស្ថិត​ក្នុង​កណ្ដាល​សមុទ្រ​។ មាន​ផ្ទះ​រាប់​ពាន់​ខ្នង សង់​តាម​មាត់​សមុទ្រ ព្រៃ​ព្រឹក្សា​គ្រប​លើ​ភ្នំ​គួរ​អោយ​សង្វេគ​។ ដី​មាន​ជីរ​ជាតិ​ល្អណាស់​។ គេ​អោយ​អ្នក​ទោស​ដាំ​ដំណាំ​គ្រប់​មុខ​។ ជន​ដែល​មាន​ចិត្ត​ស្រាល តែង​យំ​នឹក​ស្រុក​កំណើត​ស្ទើរ​រាល់​ថ្ងៃ​។ អ្នក​ទោស​ត្រូវ​បង្ខំ​អោយ​ធ្វើ​ការ​ជាង​សត្វ​ពាហនៈ មាន​ជន​ខ្លះ​រស់​នៅ​លើ​កោះ​ត្រលាច​បាន​តែ​ពីរ​បី​ថ្ងៃ​ក៏​ឈឺ​ស្លាប់​ទៅ ​។

នៅ​រដូវ​រងារ​ម្តង​ៗ អ្នក​ទោស​មាន​សេច​ក្តី​ទុក្ខ​វេទនា​សំបើម​ណាស់ ដោយ​ខ្លួន​គ្មាន​អ្វី​ការ​ពារ​អោយ​បាត់​ត្រជាក់​បាន​ទេ​។ ព្រះ​អាចារ្យ ហែម ចៀវ និង​លោក នួន ឌួង ដែល​មិន​សូវ​មាន​សុខ​ភាព​ស្រាប់​ផង​ក៏​មាន​ជំងឺ​ជា​ញឹក​ញយ​។ លោក​នៅ​ក្នុង​តំបន់​ដិយុក​បាន​ប្រ​ហែល​៦ខែ​ ស្រាប់​តែ​មាន​ជំងឺ​មួល​មក​រុក​រាន​កាយ​ជា​ទំងន់​។ ជំងឺ​កាន់​តែ​ដាប​ណាស់​ទៅ​ហើយ​លោក​អាចារ្យ ហែម ចៀវ ក៏​បន្លឺ​វា​ចា​ទៅ​កាន់​អាចារ្យ នួន ឌួង ជា​កូនសិស្ស៖

- អាចារ្យ ឌួង ?
- មានការអីព្រះតេជព្រះគុណ!?..
- អាការ​រោគ​ខ្ញុំ​ប្រហែល​មិន​ជា​ទេ​អាចារ្យ​អើយ ខ្ញុំ​ស្តាយ​ណាស់ ស្តាយ​ដោយ​មិន​បាន​វិល​ទៅ​ជួប​មុខ​ប្រជា​រាស្ត្រ​យើង​វិញ​! ខ្ញុំ​មុខ​ជា​ចោល​ឆ្អឹង​នៅ​កោះ​ត្រលាច​នេះ​ជា​មិន​ខាន សូម​អាចារ្យ​អែង​តាំង​ស្មារ​តី​អោយ​មែន​ទែន បើ​ខ្ញុំ​ស្លាប់​ទៅ​! កុំ​តក់​ស្លុត​អោយ​សោះ​ ធ្វើ​ម៉េច​សង្ខារ​មនុស្ស រមែង​ស្លាប់​ទៅ​ជា​ធម្មតា​។
-ព្រះតេជ​ព្រះគុណ​! សូម​កុំ​ទាន់​អស់​សង្ឃឹម​ពេក មុខ​តែ​នឹង​ជា​វិញ​ទេ​!.. គ្រូ​ពេទ្យ​គេ​កំពុង​ព្យា​បាល​យើង​រាល់​ថ្ងៃ​!
- គេព្យាបាលយើងមែន តែ​គេ​ធ្វើ​សោះ ​នឹង​ខាន យើង​ឃើញ​ស្រាប់​ហើយ មាន​ថ្នាំ​អី​អោយ​យើង​ផឹក​! រោគ​មួល​នៅ​ទី​នេះ​មិន​មែន​ស្រួល​មើល​ដូច​នៅ​ស្រុក​យើង​ទេ គឺ​៩០​ភាគ​រយ​ត្រូវ​ស្លាប់​!.. ខ្ញុំ​រាល់​ថ្ងៃ​ដេក​ចាំ​តែ​ស្លាប់​ប៉ុណ្ណោះ​។​ ​តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ សុំ​ធ្វើ​ចិត្ត​ព្រងើយ​កុំ​កើត​ទុក្ខ​អី​ចំពោះ​រូប​ខ្ញុំ​មួយ​!...​។
 - យើងពីរនាក់គឺជីវិតតែមួយ...! បើព្រះតេជព្រះគុណស្លាប់ ខ្ញុំក៏ស្លាប់ ដែរ! ។
- វាពិតហើយអាចារ្យ ឌួង យើងបានបំរើជាតិរួមគ្នា ជាប់គុកក៏រួមគ្នាទៀត ។

ព្រះ​អាចារ្យ ហែម ចៀវ ពោល​មក​ដល់​ត្រឹ​ម​ណេះ​ក៏អួល​ដើម​ក​ហារ​មាត់​និយាយ​ត​ទៅ​ទៀត​ពុំ​កើត ក៏​ទាញ​កន្សែង​ជូត​ទឹក​ភ្នែក ដែល​កំពុង​រមៀល​ចេញ​ពី​រន្ធ​ភ្នែក​ដ៏​ខូង កាត់​តាម​ថ្ពាល់​ជ្រីវ​ជ្រួញ​នៃ​រដ្ឋ​បុរស​អភ័ព្វ​។ រី​អែ​លោក នួន ឌួង ថ្វី​បើ​ខ្លួន​លោក​មាន​ជំងឺ​ដែរ​ក៏​ដោយ​ លោក​នៅ​ថែ​ទាំ​បំរើ​គ្រូ​របស់​ខ្លួន អិត​ហ៊ាន​ដើរ​ចោល​ទៅ​ណា​ឡើយ​។

- ព្រះតេជព្រះគុណ កុំគិតច្រើនពេក!
សំដីលោក នួន ឌួង ចេញទាំងរអាក់​រអួល​ដូច​កូន​ក្មេង​ត្រូវ​គេ​វាយ​ដំ​។ លោក​មាន​អុទាន​វាចា​បន្ត​ទៅ​ទៀត​
- បើសង្ខារយើងមិនអស់ មិនស្លាប់ទេ! យើង​នឹង​រស់​នៅ ហើយ​បាន​វិល​ទៅ​ស្រុក​ថែម​ទៀត​។
- អើខ្ញុំស្តាប់បានហើយ! តែ​ពី​យប់​មិញ​នេះ​សុបិន្ត​​និមិត្ត​ប្រាប់​ខ្ញុំ​ថា «សង្ខារ​ចៀវ​អែង​ត្រូវ​អស់​ពេល​នេះ​ហើយ!» អាចារ្យ​ឌួង!
- មិន​មែន​ទេ​ព្រះ​គុណ! គឺ​ពិត​ជា​ការ​ស្រមើ​ស្រមៃ​របស់​ព្រះគុណ​!. សុំ​អោយ​ព្រះ​តេជ​ព្រះ​គុណ​សំងំ សំរាក​កុំ​អោយ​និយាយ​ច្រើន​ពេក នាំ​តែ​អស់​កំលាំង​អិត​ប្រយោជន៍​ទេ​។
- អាចារ្យ ឌួង តើលោកប៉ាច ឈឺន បាន​ដឹង​ថា​ខ្ញុំឈឺ​រឺ​ទេ ​?
- លោកថីមិនដឹង! ពីម្សិលមិញលោក​បាន​មក​សួរ​សុខ​ទុក្ខ​ដែរ ប៉ុន្តែ​ព្រះ​តេជ​ព្រះ​គុណ​សន្លប់​មិន​ដឹង​ខ្លួន​!​។
- ចុះប្អូន ប៊ុណ្ណចន្ទ-ម៉ុល ?
- ប្អូនម៉ុលមិនទាន់មកទេ គ្រាន់​តែ​ផ្ញើ​ថ្នាំ​មក​នឹង​គេ អោយ​យើង​ថា​មក​មិន​ទាន់​រួច​។
- ខ្ញុំចង់ឃើញមិត្តយើងទាំងអស់ណាស់ មុននឹងលាលោកនេះទៅ...
- លោកគ្រូ! បានស្រួលខ្លួនខ្លះរឺទេ ?
- មិនអីទេប្អូនម៉ុល ។
លោកអាចារ្យ ហែម ចៀវ ប្រឹងញញឹមទាំងទឹកភ្នែក បែរមុខទៅកាន់លោកប៊ុណ្ណចន្ទ-ម៉ុល រួចបន្លឺវាថា
- កុំព្រួយអី​ប្អូន! រូប​ខ្ញុំ​ស្លាប់​ចុះ​មិន​ស្តាយ​ទេ ខ្ញុំ​ស្តាយ​តែ​ខាន​បាន​ទៅ​ឃើញ​វាសនា​ប្រទេស​យើង​ប៉ុណ្ណោះ​។ សូម​កុំ​ភ្លេច​ការ​បដិ​វត្តន៍​របស់​យើង​ណា៎! យើង​ត្រូវ​តែ​ធ្វើ​អោយ​បាន​សំរេច​កុំ​បោះ​បង់​ចោល​!
- បាទលោកគ្រូ! ដរាបណាខ្ញុំនៅរស់នឹងធ្វើតាមបន្ដាំលោកគ្រូរហូតបានសំរេចទើបឈប់ ។
- លោកម៉ុលអែង ចេះតែបានសុខសប្បាយទេរឺសព្វថ្ងៃ ?
- បានសុខសប្បាយទេ!
- លោកម៉ុលអែងល្មមវិលទៅវិញចុះ ក្រែងគេធ្វើទោស យើងទាំងពីរត្រេកអរណាស់ ដែលលបមកសួរជំងឺខ្ញុំដូច្នេះ!
- បាទមិនអីទេ! ខ្ញុំចង់មកថែទាំណាស់ តែធ្វើទៅពុំកើត!
- កុំគិតវែងឆ្ងាយពេក នៅទីនេះមិនមែនផ្ទះយើងទេ យើងបានជួបមុខគ្នាប៉ុណ្ណេះ គឺជាសំនាងធំហើយមែនទេឌួង ?
- ត្រូវហើយ! ទីនេះជាស្ថាននរក មិនមែនជាមន្ទីរពេទ្យទេ ។

ការ​សន្ទនា​គ្នា​ផ្សេង​ៗ​បាន​ប្រ​ព្រឹត្ត​ទៅ​អស់​រយ​ជិត​មួយ​ម៉ោង ទើប​លោក​ប៊ុណ្ណ​ចន្ទ-ម៉ុល​វិល​ត្រលប់​ទៅ​កន្លែង​វិញ​។ មួយ​ថ្ងៃ​កន្លង​មក ស្តេច​មច្ជុ​រាជ​ក៏​មក​ផ្តាច់​សង្ខារ​លោក​គ្រូ​អាចារ្យ ហែម ចៀវ​ចោល​លោក​ នួន ឌួង អោយ​នៅ​តែ​អែង ត្រមង់​ត្រមោច​កណ្ដាល​កោះ​ត្រលាច​។ មហា​បុរស​រដ្ឋ​នេះ​បាន​ទទួល​មរណ​ក្នុង​ជន្មាយុ​៤៥​ឆ្នាំ ក៏​ព្រោះ​តែ​ស្រលាញ់​ជាតិ​មាតុ​ភូមិ មិន​ព្រម​រស់​នៅ​ក្រោម​អណា​និគម​និយម​បារាំង​សែស​។ ពីរ​ថ្ងៃ​ក្រោយ​មក​លោក​ប៊ុណ្ណចន្ទ ម៉ុល បាន​មក​សួរ​ទៀត​ស្រាប់​តែ បាត់​លោក​គ្រូ​អាចារ្យ​ហែម ចៀវ ឃើញ​តែលោក​ នួន ឌួង កំពុង​សំរាន្ត​ដោយ​អស់​សង្ឃឹម​៖

- ប្អូនម៉ុល! លោកគ្រូអាចារ្យយើងស្លាប់ ទៅហើយ!
- លោកស្លាប់ពីថ្មើរណា ? មានផ្តាំអ្វីខ្លះទេ ?
- លោកស្លាប់ពីរថ្ងៃហើយ! ស្លាប់នៅលើភ្លៅរបស់ខ្ញុំ! មុននឹងស្លាប់ លោកបាននិយាយថា
សូម​អាចារ្យ​អែង​ប្រាប់​មិត្ត​ទាំង​ឡាយ​ថា ខ្ញុំ​មិន​រស់​ទេ ការ​កសាង​ទឹក​ដី​ធ្វើ​តែ​ម្នាក់​អែង​ពុំ​បាន​សំរេច​ជោគ​ជ័យ​ជា​ដាច់​ខាត ត្រូវ​រួម​គ្នា​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ច្រើន ហើយ​ចេះ​តែ​ធ្វើ​ត​ទៅ​ទៀត​! ចូរ​អស់​លោក​ខំ​កសាង​ជំនួស​រូប​ខ្ញុំ​ត​ទៅ​ទៀត​ចុះ​។ ខ្ញុំ​ពរ​ដែន​ដី​ម្នាក់​អែង​មិន​រួច​ទេ ផែន​ដី​យើង​ទាំង​អស់​គ្នា ខ្ញុំ​មិន​ខ្លាច​សេច​ក្តី​ស្លាប់​ទេ តែ​ខ្ញុំ​នៅ​នឹក​ស្តាយ​ត្រង់​មិន​បាន​ឃើញ​ប្រ​ទេស​កម្ពុ​ជា​បាន​អែក​រាជ្យ​ម៉្យាង​ប៉ុណ្ណោះ​។ សូម​លោក​នៅ​អោយ​បាន​សុខ​កុំ​បី​ខាន បើ​ចង់​អោយ​ប្រ​ទេស​យើង​បាន​សុខ​ត្រូវ​រៀប​ចំ​ជា​សាធា​រណ​រដ្ឋ កុំ​ភ្លេច​ណា៎​! ខ្ញុំ​លា​ហើយ​លោក...»​។

បណ្ដាំ​ដ៏​មាន​ខ្លឹម​សារ​នេះ ធ្វើ​អោយ​លោក​ប៊ុណ្ណ​ចន្ទ ម៉ុល​កត់​ត្រា​ទុក​ក្នុង​បេះ​ដូង​រហូត​ដល់​សព្វ​ថ្ងៃ​។ លោក​បាន​ទៅ​រៀប​ចំ​ផ្នូរ អោយ​វីរ​បុរស​យើង​យ៉ាង​សម​រម្យ​ទៀត​ផង​។

មិត្ត​អ្នក​អាន​ជា​ទី​មេត្រី​! ព្រះ​អាចារ្យ​ហែម ចៀវ​បាន​ស្លាប់ នៅ​កោះ​ត្រលាច​ក៏​ពិត​មែន​ហើយ តែ​ព្រលឹង​របស់​លោក​ហោះ​ហើរ​មក​សន្ធិត​ក្នុង​ខួរ​ក្បាល​កូន​ខ្មែរ អ្នក​ស្នេហា​ជាតិ​គ្រប់​ៗ​កាល​។ ដោយ​សារ​វីរ​ភាព​របស់​លោក​នេះ​ហើយ ដែល​ញ៉ាំង​ខ្មែរ​យើង​អោយ​នាំ​គ្នា​ធ្វើ​នយោ​បាយ​ដេញ​បារាំង​ខ្ទាត​ចេញ​ពី​មាតុ​ភូមិ​យើង រហូត​ដល់​បាន​របប​សាធា​រណ​រដ្ឋ​។ យើង​ទាំង​អស់​គ្នា សូម​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​គ្រូ​អាចារ្យ​ហែម ចៀវ​រដ្ឋ​បុរស​ខ្មែរ និង​កល្យាណ​មិត្ត​លោក​លុះ​ដល់​ថ្ងៃ​ស្លាប់​។

 អ្នករៀបរៀង គង់ សម្ភារ

ពិធីទទួល​អដ្ឋិ​ធាតុ​អាចារ្យ​ហែម ចៀវ នៅ​ថ្ងៃ​ទី​៤ កក្កដា ១៩៧២ គឺ​ជា​ថ្ងៃ​ប្រវតិ​ស្តាស្ត្រ​ថ្មី​មួយ ដែល​រដ្ឋា​ភិបាល​បាន​នាំ​ព្រះ​អដ្ឋិ​ធាតុ​ព្រះ​អាចារ្យ​ហែម ចៀវ ពី​កោះ​ត្រលាច​មក​ធ្វើ​បុណ្យ​នៅ​ប្រទេស​យើង​វិញ ក្រោម​អធិ​បតី​ភាព​នៃ​សម្ដេច​សង្ឃ​ទាំង​ពីរ​គណ និង​លោក​ប្រធានា​ធិបតី លន់-នល់ ព្រម​ទាំង​ជន​រួម​ឈាម​ជា​ច្រើន​ផង​។ ធាតុ​វីរ​បុរស​នេះ បាន​តម្កល់​ទុក​នៅ​វត្ត​ឧណ្ណា​លោម​សព្វ​ថ្ងៃ​។