អ្នក​តស៊ូ​ខ្មែរ​មួយ​រូប ក្នុង​ចំណោម​អ្នក​ត​ស៊ូ​ជា​ច្រើន​ទៀត ដែល​បាន​បូជា​ជីវិត​ក្នុង​ការ​ប្រ​យុទ្ធ​ប្តូរ​ផ្តាច់ ប្រឆាំង​នឹង​ការ​ជិះ​ជាន់​សង្កត់​សង្កិន​របស់​អណា​និគម​និយម​បារាំង ហើយ​ដែល​ត្រូវ​ប្រ​វត្តិ​សាស្ត្រ​ជាតិ​បាន​បំភ្លេច​ចោល​ក្នុង​សម័យ​រាជា​និយម បាន​ទទួល​កិត្តិ​យស​រស់​ឡើង​វិញ​។ គឺ​ឆ្អឹង​របស់​លោក​អាចារ្យ ហែម ចៀវ ដែល​គេ​បាន​បំបរ​បង់​ទុក​ចោល​នៅ​បរ​ទេស​ស្រុក​យួន បណ្ដាល​អោយ​ពេល​វេលា​ស៊ី​បំផ្លាញ​បំបាត់​ភស្តុ​តាង​យ៉ាង​ងាយ​បំផុត​នូវ​វីរភាព​មួយ ទើប​តែ​នឹង​ត្រូវ​ដឹក​នាំ​តាម​យន្ត​ហោះ ​វិល​ត្រលប់​មក​កាន់​ទឹក​ដី​ដែល​បាន​ផ្តល់​កំណើត​ដល់​លោក ហើយ​លោក​បាន​បង្ហូរ​ឈាម​ដើម្បី​តប​ស្នង​គុណ​វិញ​។

ក្នុង​សម័យ​រាជ​និយម​សក្តិ​ភូមិ អ្នក​កាន់​អំណាច​តែ​ភ័យ​ព្រួយ​បារម្ភ​ចំពោះ​គំនិត​បដិ​វត្តន៍​។ ហេតុ​នេះ​ជី​វ​ប្រវត្តិ​នៃ​អ្នក​តស៊ូ​ដើម្បី​ជាតិ​ មាន​ការ​ប្រឆាំង​នឹង​ពួក​អណា​និគម​និយម​ជា​ដើម បាន​ត្រូវ​គេ​បំភ្លេច​ចោល​ បំផ្លាញ​ស្នា​ដៃ​បំបាត់​ភស្តុ​តាង ហើយ​ខំ​បំប៉ន​ទំព័រ​ប្រ​វត្តិ​សាស្ត្រ​អោយ​លើក​ដំកើង​វណ្ណ ដែល​បាន​ទទួល​បុព្វ​សិទ្ធិ​ក្នុង​ការ​ជិះ​ជាន់ ប្រវ័ញ្ជ​ពី​ជិត​ក្តី​ឆ្ងាយ​ក្តី លើ​ប្រជា​រាស្ត្រ​តែ​ប៉ុណ្ណោះ​។ ហេតុ​នេះ​ទៀត​ អក្សរ​សិល្ប៍​ជាតិ​យើង ដែល​បាន​បំភ្លេច​ចោល​សូន្យ​សុង​នូ​វ​ដំណក់​ឈាម​នៃ​អ្នក​ដែល​បាន​បូជា​ជីវិត​ជូន​ជាតិ គួរ​តែ​បំផុស​រឿង​បដិ​វត្តិន៍​របស់​អ្នក​ស្នេហា​ជាតិ អោយ​បាន​ពិស្តារ​ឡើង​វិញ​។

ក្នុង​កាល​ទេស​ដ៏​លំបាក​ ដែល​ខ្មែរ​យើង​ត្រូវ​ពង្រឹង​មន​សិការ​ជាតិ​អោយ​កាន់​តែ​បាន​រឹង​ប៉ឹង​ជា​អតិ​មរមា ដើម្បី​អាយុ​ជីវិត​ជាតិ​ ហើយ​ដែល​ខ្មែរ​យើង​កំពុង​លើក​ដំកើង​គំនិត​បដិ​វត្តន៍​ស្នេហា​ជាតិ​នោះ ក៏​គួរ​តែ​យើង​ចេះ​រួប​រួម​គ្នា រឺ​មួយ​ចេះ​ចែក​ផ្លូវ​គ្នា​ដើរ​តាម​លទ្ធិ​ប្រជា​ធិប​តេយ្យ​យ៉ាង​ច្បាស់​លាស់​មួយ ( La vraie démocratie est de savoir se diviser )។ បើ​ពុំ​ដូច្នោះ​ទេ ការ​បំផុស​មន​សិការ​ជាតិ​គ្រាន់​តែ​បណ្ដោយ​អោយ​ប្រវត្តិ​សាស្ត្រ​ថ្មី​សើច​ចំអក ដើម្បី​បង្កើត​ទណ្ឌ​កម្ម​ដល់​យើង​ថែម​ទៀត​ប៉ុណ្ណោះ​ទេ​។ ហើយ​គំនិត​របស់​លោក​អាចារ្យ​ហែម ចៀវ ដែល​ទើប​នឹង «រស់» ឡើង​វិញ​នេះ​ក្តី ក៏​នឹង​ត្រូវ​សាប​សូន្យ​ទៅ​វិញ​មិន​ខាន​។

នគរធំ
(ចេញថ្ងៃទី៥ កក្កដា ១៩៧២)

អាចារ្យ ហែម ចៀវ

លោក​ប៊ុណ្ណចន្ទ ម៉ុល បាន​ធ្វើ​សំភាសន៍​ក្នុង​ទូរ​ទស្សន៍​ខ្មែរ​ថ្ងៃ​ទី៧ ខែ​នេះ​អំពី​អដ្ឋិ​ធាតុ​លោក​អាចារ្យ​ហែម ចៀវ ដែល​លោក​បាន​ទៅ​គាស់​យក​មក​ពី​កោះ​ត្រលាច ដើម្បី​យក​មក​ធ្វើ​បុណ្យ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​មុខ​។ លោក​ពន្យល់​អោយ​យើង​រាល់​គ្នា​គិត​ឃើញ​ថា ទោះ​លោក​ស្លាប់​​ទៅ​ជាង​៣០​ឆ្នាំ​ហើយ គង់​តែ​ជាតិ​មិន​ភ្លេច​គុណ​លោក​អាចារ្យ​ហែម ចៀវ ដែល​លោក​បាន​ធ្វើ​ចំពោះ​ជាតិ​។ តាម​លោក​ប៊ុណ្ណ​ចន្ទ ម៉ុល ហើយ​តាម​យើង​បាន​ដឹង​ខ្លះ​ៗ​មក លោក​អាចារ្យ​ហែម ចៀវ​ច្បាស់​ជា​អ្នក​ភ្ញាក់​រលឹក​ទី​មួយ ចំពោះ​វាសនា​ជាតិ​មែន​។ យើង​ជា​ពល​រដ្ឋ​សាធា​រណ​រដ្ឋ​ខ្មែរ​មាន​ចិត្ត​ជា​ខ្មែរ​ទាំង​អស់​គ្នា គួរ​ចាំ​អោយ​ច្បាស់​នូវ​ពាក្យ​លោក​ប៊ុណ្ណ​ចន្ទ ម៉ុល ដែល​លោក​បាន​រំលឹក​ថា «ស្រុក​ណា​ក៏ដោយ គេ​តែង​មាន​មនុស្ស​ជា​គំរូ ដែល​ត្រូវ​យក​ឆាយា​ល័ក្ខណ៍ មក​ទុក​នៅ​ផ្ទះ​ជា​គ្រឿង​សក្ការ​បូជា​»​។

នៅ​ស្រុក​ក្លឹង​គេ​ទុក គន្ធី ជា​មនុស្ស​ទី​១ ដែល​ពល​រដ្ឋ​គេ​មាន​រូប​ទុក​ជា​វត្ថុ​សក្ការ​បូជា​គ្រប់​ៗ​គ្នា គេ​យក​នារី​ម្នាក់ គឺ​នាង​សាន​ដាក ដែល​រាស្ត្រ​នៅ​ស្រុក​បារាំង គេ​ទទួល​ស្គាល់​ជា​ព្រះ​មួយ​រូប​ដែរ ( Sainte Jeann D'Arc )នៅ​ស្រុក​អែ​ទៀត​ក៏​មាន​មនុស្ស​ដែល​ស្លាប់​ទៅ​យូរ​ហើយ​ ដែល​រដ្ឋ​គេ​មិន​ភ្លេច​សង​គុណ​ឡើយ​។ តែ​យើង​គួរ​កត់​សំគាល់​ថា មនុស្ស​ដែល​គេ​គួរ​គោរព គឺ​ច្រើន​តែ​មនុស្ស​ស្លាប់​យូរ​ទៅ​ហើយ​ៗ ដែល​គ្មាន​នរ​ណា​អាច​ប្រ​កែក​បាន​ថា​មិន​មែន​ជា​អ្នក​ស្នេហា​ជាតិ​ឡើយ​។

ស្តេច​សីហនុ​បាន​បើក​ឆាក​មុន​គេ​អោយ​គេ​គោរព​ទាំង​អស់ យើង​បាន​ឃើញ​ហើយ​ថា ការ​គោរព​នេះ​បាន​ធ្វើ​ទៅ​ក្នុង​ការ​បង្ខិត​បង្ខំ ហើយ​ដែល​ស្តេច​នេះ​ដើរ​ខុស​ផ្លូវ​យក​សត្រូវ​ធ្វើ​ជា​មិត្ត យក​មិត្ត​ធ្វើ​ជា​សត្រូវ យើង​រាល់​គ្នា​មិន​ត្រឹម​តែ​លែង​គោរព យើង​បាន​ទាំង​កាត់​ទោស​ស្តេច​នេះ ថា​ជា​ស្តេច​ក្បត់​ជាតិ ត្រូវ​មាន​ទោស​ប្រហារ​ជីវិត​ផង​។

ស.សស្រង់ចេញពីសារពត៌មានសង្គ្រោះជាតិ
ថ្ងៃទី១០ កក្កដា ១៩៧២

អត្ថ​បទ​ទាំង​ពីរ​ខាង​លើ​នេះ​ស​អោយ​ឃើញ​ថា ព្រះ​អាចារ្យ​ហែម ចៀវ មិន​មែន​ជា​មនុស្ស​ធម្មតា​ទេ គឺ​លោក​ពិត​ជា​បាន បំពេញ​មហា​ពលិ​កម្ម​ដ៏​ប្រសើរ​ ជូន​ជាតិ​សាសនា​ដ៏​អិត​ប្រកែក​បាន​ឡើយ​។ យើង​មាន​ការ​សោក​ស្តាយ​ណាស់ ដោយ​មិន​បាន​ចុះ​អត្ថ​បទ​សំខាន់​ៗ​នៃ​សារ​ពត៌​មាន​ដទៃ​ទៀត ព្រោះ​កុំ​អោយ​ក្រាស់​ពេក​។

ប្រកាសនីយប័ត្រ រដ្ឋបុរសជាតិ

បាន​ឃើញ សេច​ក្តី​សំរេច​របស់​គណ​រដ្ឋ​មន្ត្រី​សម័យ​ប្រជុំ​ នា​ថ្ងៃ​ទី ២២ មីនា គស ១៩៧២ ស្តី​ពី​ការ​ទទួល​ស្គាល់ និង​ការ​ផ្ទេរ​ធាតុ​លោក​អាចារ្យ​ហែម ចៀវ មក​ពី​កោះ​ត្រលាច​បាន​ឃើញ​សេចក្ដី​សំរេច​របស់​គណ​រដ្ឋ​មន្ត្រី សម័យ​ប្រជុំ​នា​ថ្ងៃ​ទី ១៤ កក្កដា គស ១៩៧២ តំ​កល់​តំកើង​ឋានៈ លោក​អាចារ្យ​ហែម ចៀវ ជា​រដ្ឋ​បុរស​ជាតិ ក្នុង​បច្ឆា​មរណ​ប្រធា​នាធិបតី នៃ​សាធា​រណ​រដ្ឋ​ខ្មែរ​ប្រកាស​ថា :

បាន​ទទួល​ស្គាល់​នូវ​អំពើ​ល្អ​ទាំង​ឡាយ​របស់​លោក​គ្រូ​អាចារ្យ​ហែម ចៀវ ដែល​បាន​ធ្វើ​ជូន​ប្រ​ជា​ជាតិ​ខ្មែរ គឺ​សកម្ម​ភាព​មុះ​មុត​អង់​អាច កាល​ពី​រវាង គស ១៩៤២ ដើម្បី​ដាស់​សតិ​កូន​ខ្មែរ​អោយ​ប្រឆាំង និង​រើ​បំរះ​ចេញ​ពី​នឹម​អណា​និគម​និយម​បរទេស​។ ប្រជា​ជាតិ​ខ្មែរ​សូម​តំកល់​លោក​គ្រូ​អាចារ្យ​ហែម ចៀវ ទុក​ជា​រដ្ឋ​បុរស​ជាតិ និង​ជា​គំរូ​ដ៏​ឧត្តម​សំរាប់​កុល​បុត្ត​ខ្មែរ​ទូទៅ​។

ធ្វើនៅភ្នំពេញ, ថ្ងៃទី ២០ កក្កដា គស ១៩៧២
សេនាប្រមុខ លន់-នល់

ស្រណោះអាចារ្យ ហែម ចៀវ
និពន្ធដោយសិស្ស ពៅសុទ្ធី
«ជូនដល់អ្នកស្នេហាជាតិខ្មែរគ្រប់រូប»
ផ្តើម សំលេងកប៉ាល់ទូន! ទូន!...

១ - សំរែកនាវាលាកំពង់ផែ ទៅមុខអិតបែរដឹកនាំជនខ្មែរអ្នកស្នេហាជាតិ
សែនចុកឈាមណាស់ អោរាចង្អៀត លាអស់ផៅញាតិ ឃ្លាតទាំងសាសនា ។

២ -មុខគួរសង្វេគក្រោមមេឃបណ៌ប្រាក់ ដៃជាប់ច្រវ៉ាក់ជើងប្រឹងទធ្លាក់សែន
វេទនា ខំផ្ជង់អញ្ជលីស្រដីឡើងថា អោយជាតិខេមរា នាំគ្នាភ្ញាក់ឡើង ។

បន្ទរ- អោ! សំដីចុងក្រោយដង្ហោយហៅខ្មែរ សូមជួយកែប្រែជាតិអោយថ្កើង
ធ្វើម្តេចរូបលោកបានជាជ្រុលជើង ទុកអោយរូបយើងសោកស្តាយគ្រប់គ្នា ។

៣ -ហែម ចៀវ កំសត់ព្រាត់រូបបាត់ទៅ តែកេរ្តិ៍ឈ្មោនៅះរន្ទឺក្រអៅពេញលោកា
រដ្ឋបុរសនៃជាតិខេមរា បូជាកាយាជូនប្រទេសជាតិ ។

ចំរៀងនេះ មិត្តសិល្បករណាក៏អាចយកទៅច្រៀងបានដែរអោយតែរក្សាឈ្មោះអ្នកតែង

ឱ! កោះត្រលាច
បទភ្លេង-ទំនុកច្រៀង ច្រៀងដោយ យ៉ង់ -ឈាង សំនៀង-រិទ្ធី

ផ្តើម - អោ! ទឹកដីព្រៃព្រឹក្សានាកោះត្រលាច ខ្ញុំសូមផ្ញើព្រះអដ្ឋិធាតុលោកគ្រូអាចារ្យហែម ចៀវ និងខ្មែរស្នេហាជាតិអែទៀតផង
១- អោ! កោះត្រលាច គួរអោយខ្លាច ហើយរន្ធត់ ដែលបានរំលត់ វិញ្ញាណក្ខន្ធអាចារ្យហែម ចៀវ ចារឹកដោយឈាម លើផែនដី ស្រែកហោរកញ្ជៀវខំអំពាវនាវ ហៅរកកូនខ្មែរ អ្នកបដិវត្តន៍ ។
២- កោះត្រលាចអើយ ខ្ញុំលឺហើយៗសច្ជា ការពារសាសនាបន្តការលុះ​ត្រាជោគជ័យ ទឹកចិត្តកូនខ្មែរនាសម័យ សាធារណរដ្ឋ មិនដែលភាំងភាត់ភ្លេចបុព្វបុរសអុត្តមអតីតឡើយ។

អំនោយពីលោកយ៉ង់-ឈាង អ្នកនិពន្ធបទភេងនិងទំនុកច្រៀងបដិវត្តន៍ដ៏ល្បីល្បាញ ក្នុងសាធារណរដ្ឋខ្មែរ