សង្រ្គាមឆាបឆេះនៅប្រទេសកម្ពុជា

     ក្នុងទសវត្សឆ្នាំ១៩៧០ ព្រឹត្ដិការណ៍ប្រត្ដិសាស្រ្ដសំខាន់ៗ ជាច្រើន នៃប្រទេសកម្ពុជា បានកើតឡើងឥតឈប់ឈរ។ ភ្លើងសង្រ្គាមដែលឆេះ ឆាបនៅក្នុងប្រទេសវៀតណាម បានរាលដាលមកដល់ប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ១៩៦៩ សម្ដេចសីហនុ ខ្វល់ខ្វាយយ៉ាងខ្លាំង ក្នុងការបង្រ្កាបពួកឆ្វេងនិយមផង និង ពួកស្ដាំនិយមផង ដែលញ៉ាំងអោយសេដ្ឋកិច្ចនៃប្រទេសកម្ពុជាចុះដុនដាបយ៉ាងខ្លាំង បន្ថែមលើឥទ្ធិពល សង្រ្គាមនៅប្រទេសវៀតណាមកំពុងជះយ៉ាងខ្លាំង មកលើលំនឹងនយោបាយនៃប្រទេសកម្ពុជាផង។

     សម្ដេចនរោត្ដមសីហនុទ្រង់បានសារភាពទទួលស្គាល់ អំពីបរាជ័យនៃនយោបាយសេដ្ឋកិច្ច និង កំហុសដែលព្រះអង្គទ្រង់អោយកងទ័ពវៀក កុងតាំងមូលដ្ឋានទ័ពនៅលើកទឹកដីខ្មែរ ពេលនោះវៀកកុងបានកាន់កាប់ទឹកដីខ្មែរអស់ ២ភាគ៣ទៅហើយ។ មកដល់ ឆ្នាំ១៩៧០ វៀកកុងមាន កងទ័ពចំនួន ២សែននាក់ តាំងមូលដ្ឋានទ័ពនៅពាសពេញព្រៃនៃប្រទេសខ្មែរ។ សម្ដេចសីហនុ ដែលបានចាត់អោយ លន់ នល់បង្កើតរដ្ឋាភិបាល មួយឈ្មោះ «រដ្ឋាភិបាលស្រោចស្រង់ជាតិ» ហើយនៅពេលដែលស្ថានភាពនយោបាយ កំពុងវឹកវរយ៉ាងខ្លាំង ព្រះអង្គទ្រង់បានយាងទៅកាន់ទី ក្រុងបារីសបាត់ទៅ ទើបជំរុញអោយមានរសៀល ថ្ងៃ ១៨មិនា ឆ្នាំ១៩៧០ ដ៏អាប់អួរកើតឡើងនៅពេលដែលព្រះអង្គទ្រង់គង់នៅទីក្រុងមូស្គូ។

ជនភៀសខ្លួនខ្មែរ

     សង្រ្គាមបានបន្ដឆាបឆេះនៅប្រទេសកម្ពុជា រហូតដល់ឆ្នាំ ១៩៧៤-៧៥ ខ្លាំងឡើងៗ រាស្រ្ដខ្មែរនៅស្រែចំការរំខានយ៉ាងខ្លាំង ហើយត្រូវខ្មាំង កាប់សំលាប់ឥតត្រាប្រណី ក៏សំរេចចិត្ដលះបង់ ដីស្រែចំការ ផ្ទះសំបែង ភៀសខ្លួនចូលមករស់នៅទីក្រុងភ្នំពេញយ៉ាងច្រើនឥតគណនា ដែល ទីក្រុងដ៏តូចមួយនេះផ្ទុកមនុស្សរហូតដល់ ជាង៣លាននាក់។

     ខែមេសា អាកាសធាតុក្ដៅបែកផ្សេង រុក្ខជាតិនានាក្រៀមស្វិតស្រពោន ដូចគេក្រាបសំពះ សុំក្ដីអង្វរមេត្ដាពីនរណាម្នាក់។ ព្រឹត្ដិការណ៍ចប់ សង្គ្រាម “១៧មេសា ១៩៧៥ ហូរតាមរលកធាតុអាកាស ផ្សាយដំណឹងតាមវិទ្យុជាតិ ប្រាប់ប្រជាជនខ្មែរគ្រប់រូប អោយមានទឹកមុខញញឹម សង្ឃឹមថាបានសុខសាន្ដគ្រប់ៗគ្នា ជាថ្ងៃដ៏មហាអស្ចារ្យ មហារុងរឿង នៅក្នុងប្រវត្ដិសាស្ដ្រនៃកម្ពុជា ជាថ្ងៃនៃការចាប់ផ្ដើមសករាជថ្មី មួយ ដែលខ្មែរក្រហមពោលថា «មហាលោតផ្លោះ មហាអស្ចារ្យ» ត្រចះត្រចង់មួយជាងសម័យអង្គរទៅទៀត។

   រំដោះបានភ្លាម ពួកខ្មែរក្រហមជំលៀសប្រជាជនទាំងអស់ដែលនៅទីក្រុង អោយទៅធ្វើស្រែចំការ តាមជនបទ ព្រៃភ្នំនានា។ ក្នុងពេលនោះ ប្រជាជនមួយភាគតូច ដែលរស់នៅជិតព្រំដែនថៃ ក៏បានភៀសខ្លួន ចូលមកដល់ទឹកដីថៃផងដែរ។ មានជំរំភៀសខ្លួនខ្មែរពីរនៅនៅខេត្ដចន្ទបុរី គឺជំរុំឆ្មាន់ ជំរំកំពុត ហើយខិតទៅខាងជើង មានជំរំអារញ្ញ និងជំរំ កាប់ជើងនៅខេត្ដសុរិន្ទរ។

   ប្រទេសកម្ពុជា ដែលត្រូវបានរំដោះកាលពីថ្ងៃ១៧ មេសា ត្រូវបានរុំព័ទ្ធដោយជញ្ជាំង ខណ្ឌដាច់យ៉ាងស្ងៀមស្ងាត់ ពីពិភពលោកអស់រយកាល ៣ឆ្នាំ ៨ខែ ដែលក្នុង១ថ្ងៃៗ មានមនុស្សស្លាប់ ជាមធ្យមប្រមាណ ១១៥០នាក់ ហើយត្រូវបានទំលុះ លុកលុយចូលដោយកងទ័ពវៀតណាមនៅ ថ្ងៃ ៧មករា ឆ្នាំ១៩៧៩។

ដំណើរទៅកាន់ប្រទេសស្វីស

យុវនារីកំព្រាម្នាក់

     មនុស្សម្នាក់ៗ ដែលបានឆ្លងកាត់សម័យខ្មែរក្រហមពីឆ្នាំ១៩៧៥-១៩៧៩ សុទ្ធតែមានរឿងប្រវត្ដិអនុស្សាវរីយ៍ដ៏ជូរចត់ ចុកចាប់ឈឺផ្សារៀងៗ ខ្លួន ស្រមោលអតីកាលដ៏ឈឺចុកចាប់ខ្លោចផ្សានេះ បានដិតជាប់ក្នុងអារម្មណ៍រហូតគេងលក់ ក៏នៅតែយល់សប្ដិដ៏គួរអោយភ័យខ្លាចដែរ។ ក្នុង គ្រួសារនិមួយៗ យ៉ាងតិចណាស់ ក៏មានសមាជិកគ្រួសារម្នាក់បាត់បង់ជីវិតដែរ យុវនារីកំព្រាម្នាក់ឈ្មោះមុំ បាននិយាយដំណើររឿងរបស់នាង ប្រាប់ខ្ញុំដោយទឹកមុខស្រងូតស្រងាត់ស្ទើរស្រក់ទឹកភ្នែកថា៖

     ខ្ញុំបានលួចរត់ពីកងចល័តមកផ្ទះ គ្រាន់តែឈានជើងជាន់ ចូលមកដល់មាត់ទ្វារខ្ទមផ្ទះ ម្ដាយរបស់ខ្ញុំដែលដាច់អាហារជាច្រើនថ្ងៃមកហើយ ដកចង្កាមាន់ផុតដង្ហើម ដាច់ខ្យល់ស្លាប់ភ្លាម គ្មានការធ្វើបុណ្យឧទ្ទិស ឬគោរពវិញ្ញាណក្ខន្ធអ្វីទេ... ខ្ញុំ និង ប៉ាខ្ញុំ លើកជាយកន្ទេលម្ខាងម្នាក់ អូស ខ្មោចម៉ាក់ខ្ញុំយកទៅកប់នៅខាងក្រោយខ្ទមប្រហែល ១០០ម៉ែត្រ។ ពេលនោះទាហានខ្មែរក្រហមកំពុងដើរដេញ កៀរប្រជនអោយទៅជាមួយ ពួកវា ព្រោះកងទ័ពយួន វាយលុកជិតមកដល់ទីនោះហើយ។ ប៉ាខ្ញុំ គ្រាជីដូន ខ្ញុំដឹកដៃប្អូនប្រុសខ្ញុំម្នាក់ទៀត ដើរជាមួយអ្នកស្រុកអ្នកភូមិជាច្រើន ទៀត ទៅតាមទិសដៅដែលពួកទាហានខ្មែរក្រហមកំណត់ បង្ខំអោយទៅ។

     ហ្វូងប្រជាជនពពាក់ពពូន ស្ពាយរែកបង្វិចរបស់កំប៉ិចកំប៉ុកបន្ដិចបន្ដួច ត្រាច់ចរទៅដូចហ្វូងស្រមោចបែកសំបុក។ ជីដូនចាស់របស់ខ្ញុំ គាត់ ដើរមិនរួច ដើរបានបន្ដិចឈប់ៗ...។ ប៉ារបស់ខ្ញុំ ក៏ចេះតែឈប់ចាំ និងគ្រាគាត់ដើរជានិច្ច មិនព្រមដើរចោលគាត់ទេ ធ្វើអោយមេព្រាយបិសាច ស្រេកឃ្លានឈាមខ្មែរក្រហម ដែលកំពុងដេញកៀរនោះ មិនពេញចិត្ដ គេរុញច្រាន ប៉ា និង ជីដូនខ្ញុំអោយងាកអែបខាងផ្លូវបន្ដិច ទាញកាំភ្លើង ខ្លីពីចង្កេះបាញ់ផាំង.. ផាំង.. ប៉ា និង ជីដូនខ្ញុំដួលព្រួសៗ ទៅដី នៅទីនោះ មុននឹងដាច់ខ្យល់ស្លាប់ ខ្ញុំក្រលេកឃើញប៉ារបស់ខ្ញុំលើកដៃឡើងបន្ដិច ហាក់ដូចជាចង់ហាហៅរកខ្ញុំ ឬនណាម្នាក់អោយជួយគាត់ ខ្ញុំលឺគាត់ស្រែកបានមួយម៉ាត់ដោយសំលេងស្អកៗថា «ជួយមើលកូនខ្ញុំផង»។

     អនិច្ចា!... ព្រះជាម្ចាស់ខ្ញុំអើយ!!...ខ្ញុំមិនហានឈប់មើល ប៉ា និង ជីដូនខ្ញុំទេ ដឹកដៃប្អូនប្រុសគេចចេញពីទីនោះភ្លាមៗ ព្រោះពួកទាហានខ្មែរ ក្រហមកំពុងសង្ខុញដេញខ្លាំងណាស់។ តាំងពីថ្ងៃនោះមកខ្ញុំលែងមានប៉ា លែងមានម៉ាក់ហៅទៀតហើយ ខ្ញុំបានដើរសាត់ត្រាត់សែងត្រែងជា មួយនឹងហ្វូងមនុស្សជាច្រើនទៀត...។

     ច្រើនថ្ងៃកន្លងមក!!.. ប្អូនប្រុសរបស់ខ្ញុំក៏ដើរលែងរួច ដោយដើរច្រើនថ្ងៃមកហើយ បាតជើងរបស់វាឡើងពងប៉ុនៗ មេដៃ ខ្ញុំខំព្យាយាម ជួយបីពវាខ្លះៗដែរ តែវាក៏ចាប់ផ្ដើមគ្រុន... គ្រុនក្ដៅខ្លាំងទៅៗ!!.. ខ្លាំងរហូតដល់ទីបំផុត...។ មកដល់ត្រង់នេះ ទឹកភ្នែកថ្លាដូចកញ្ចក់ជាច្រើន ដំនក់ រមៀលធ្លាក់មកលើផែនថ្ពល់នាងមុំ នាងយកដៃផ្ដិតជូតទឹកភ្នែករអាក់រអួលស្ទះដើមក បាត់មាត់មួយសន្ទុះ ទើបបន្ដថា៖

   ខ្ញុំលើកដៃសំពះបន់ទេវតា ទុកខ្មោចប្អូនប្រុសចោលនៅទីនោះ ហើយធ្វើដំណើរតាមហ្វូងមនុស្សបន្ដទៅទៀត មិនដឹងជាអស់រយៈពេលយូរ ប៉ុន្មានថ្ងៃនោះទេ ខ្ញុំ និងហ្វូងមនុស្សជាច្រើនទាំងនោះ បានមកដល់ជាយដែនថៃត្រង់ម្ដុំបានឡែម។ នៅទីនោះយើងបានជួបប្រទះនូវបញ្ហាអត់ ឃ្លាន និងការធ្វើបាបជិះជាន់យ៉ាងព្រៃផ្សៃបំផុតពីសំណាក់ទាហានថៃ។ មានអង្គការកាកបាតក្រហម និង អង្គការមនុស្សធម៌ជាច្រើនបានមក ជួយចែកស្បៀងអាហារ ផ្ដល់ថ្នាំពេទ្យ អោយដល់ពួកយើង ក្នុងនោះមានអង្គការមនុស្សធម៌ស្វីសមួយក្រុមបានចូលទៅកត់ឈ្មោះពួកយើង ប្រមាណជា ២០០រយនាក់ ហើយដឹកចេញភ្លាមៗសំដៅទៅទីក្រុងបាងកក។

     មកដល់ត្រង់នេះ យុវនារីមុំ ហាក់មានទឹកមុខស្រស់ជាងមុនបន្ដិច នាងញញឹមតិចៗ អធិប្បាយបន្ដថា វាជាការមួយគួរអស់សំណើច មិនតិចទេ នៅពេលដែលយើងនឹកឃើញ នូវអតីតកាលខ្លះៗ ពីជិត៣០ឆ្នាំមុន ដែលយើងទើបមកដល់ប្រទេសស្វីស ពេលនៅក្នុងជំរំអង្គការ មនុស្សធម៌ស្វីសបានចែកខោអាវពីសាមា (ខោអាវសំរាប់ស្លៀកពាក់ដេក) អោយពួកយើង ពួកយើងមិនរវល់ ខ្វល់ គិតពីអាវពីសាមា អាវដេក អ្វីនោះទេ បានសំលៀកបំពាក់ថ្មីត្រេកអរសឹងស្លាប់ ស្លៀកពាក់យ៉ាងហ៊ីហាដើរកាត់ផ្លូវទៅផ្សារ យ៉ាងមានទឹកមុខរីករាយសប្បាយដូចបានឡើង ស្ថានសួគ៌ថ្មី សូមជំរាបត្រង់នេះបន្ដិច នៅតាមផ្លូវពីជំរំទៅផ្សារនោះមានមន្ធីរពេទ្យឆ្គួតមួយកន្លែង អ្នកផងទាំងឡាយដែលបានឃើញពួកយើង តែងខ្លួនយ៉ាងដូចនេះ ពួកគេគង់គិតថា ពួកនេះច្បាស់ជាលួចចេញមកពីមន្ទីរពេទ្យឆ្គួតនេះហើយមើលទៅ ទៅដល់ផ្សារ ពួកយើងមានលុយ បន្ដិចបន្ដួច ដោយអង្គការមនុស្សធម៌ទើបចែកអោយថ្មីៗ យើងនាំគ្នាទិញមាន់រោទី (មាន់អាំងទាំងមូល) មកហែកចែកគ្នាបរិភោគ ដូចជា ព្រាយបិសាច ទើបឡើងពីស្ថាននរក។ ស្រេកឃ្លានឥតឧបមា យើងទិញផ្លែឈើ មានផ្លែប៉ោមភាគច្រើនកាន់ជ្រែកដៃ យកទៅទុកបរិភោគ ដោយគិតថាវាជាផ្លែឈើដ៏មានតំលៃខ្លាំងបំផុតសំរាប់ពួកយើង។

ការកសាងសង្គខ្មែរនៅប្រទេសស្វីស

     ជនភៀសខ្មែរ ដែលបានទៅតាំងទីលំនៅ នៅប្រទេសទី៣ តាមរយៈអង្គការមនុស្សធម៌នានា បានគេចរួចផុតចាកពីទុក្ខមួយគ្រា មា្នក់ៗមាន មុខមាត់ស្រស់បស់ សប្បាយរីករាយក្នុងចិត្ដ មានស្លៀកមានពាក់ មានចំណីអាហារបរិភោគគ្រប់គ្រាន់ មានសាលារៀន មានផ្ទះដេកលក់យ៉ាង ស្កប់ស្កល់ លែងភ័យព្រួយ នឹងគ្រប់កាំភ្លើង គ្រាប់មីនផ្ទុះយ៉ាងភ័យរន្ធត់ទៀតហើយ តែសត្វលោកកើតមកជួប នឹង ទុក្ខ ព្រោះនៅជុំវិញខ្លួនសុទ្ធ តែដុំទុក្ខ គ្មានអ្វីដែលមិនទុក្ខមិនប្រែប្រួល មិនមានបញ្ហានោះឡើយ ម៉្លោះហើយ សត្វលោកត្រូវតែជួប នឹង ទុក្ខ កាលបើដូចនេះ គេក៏ខំគេចពី ទុក្ខមករកសុខទៀត។ សង្គមមនុស្ស (ដូចយើងបានឃើញមកហើយ មានអង្គកាមនុស្សធម៌នានា) រដ្ឋ ឬប្រទេសនិមួយៗ មិននៅស្ងៀមទេ គេ ខំរិះរកគ្រប់មធ្យោបាយការពារទប់ទល់ នឹងសេចក្ដីទុក្ខនេះដោយខំបង្កើតជាអង្គការផ្សេងៗ ជួយផ្ដល់សេចក្ដីសុខដល់ប្រជាជនថែមទៀតច្រើន ណាស់ដែរ ប៉ុន្ដែមនុស្សមិនទាន់អស់ទុក្ខ អស់បញ្ហានៅឡើយ ទើបកើតមានសាសនាឡើង ដើម្បីជួយដោះស្រាយបញ្ហានេះ។

     ដោយជនជាតិខ្មែរ មានអរិយធម៌ ទំនៀមទំលាប់ គោរពព្រះពុទ្ធសាសនា ទើបយើងឃើញ អរិយធម៌ទំនៀមទំលាប់នេះនៅដិតជាប់ជានិច្ច ក្នុងដួងព្រលឹង ចិត្ដគំនិតកូនខ្មែរ ដូចនេះទើបយើងឃើញជនភៀសខ្លួនដែលបានមករស់នៅប្រទេសទី៣ បានខំប្រឹងប្រែង ស្រាវជ្រាវ បង្កើត សមាគម បង្កើតវត្ដព្រះពុទ្ធសាសនា ថែរក្សាទំនៀបទំលាប់ ប្រារព្ធពីបុណ្យ មានបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន បុណ្យចេញវស្សា ចូលវស្សា មាឃបូជា ពីសាខបូជា រៀងៗរាស់ឆ្នាំមិនដែលដាច់ នៅស្ទើរគ្រប់ប្រទេសដែលខ្លួនបានទៅតាំងទីលំនៅ។ 

     នៅថ្ងៃ ១៧មេសា ១៩៧៥ កម្ពុជាបានធ្លាក់ចូលទៅក្នុងឆ្នាំសូន្យម្ដងទៀត គ្រាន់តែបានរំដោះភ្លាមប្រទេសកម្ពុជាត្រូវហ៊ុំព័ទ្ធខណ្ឌដោយជញ្ជាំង យ៉ាងស្ងៀមស្ងាត់មួយ ហើយបន្ទាប់មកត្រូវវាយចូលលុកលុយដោយកងទ័ពយួន ឈ្លានពានទៀត។ ទោះជាជួបប្រទះភ្លើងសង្រ្គាមជាញឹក ញាប់យ៉ាងណាក្ដី ទោះជាបាក់បែកប្រាត់ប្រាស់ភៀសខ្លួនទៅដល់ទីណាក្ដី ជនជាតិខ្មែរនៅតែប្រមូលកំលាំងគ្នាបានវិញ អរិយធម៌ខ្មែ វប្បធម៌ ខ្មែរនៅតែរស់រវើក រឹងប៉ឹងដូចថ្ម ​ ដូចសង្ឃដីការបស់សម្តេចជួន-ណាត សរសរទុក្ខក្នុងបទនគររាជថា «ជាតិខ្មែរដូចថ្ម គង់វង់នៅល្អ រឹងប៉ឹង ជំហរ !» យ៉ាងដូចនេះឯង។

     បទនគររាជ    «ប្រាសាទសិលា កំបាំងកណ្ដាលព្រៃ គួរអោយស្រមៃ នឹកដល់យសស័ក្តិ មហានគរ ជាតិខ្មែរដូចថ្ម គង់វង់នៅល្អ រឹងប៉ឹងជំហរ យើង សង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា មហារដ្ឋ កើតមានយូរអង្វែងហើយ» ។