រឿងកូរសមុត្រទឹកដោះ
ថ្ងៃសៅរ៍ ទី17.តុលា 2015.ម៉ោង 20:31

មានរឿងដំណាលថា៖
នៅ​ពេលនោះ​ក្នុង​នាម​ជា​ស្តេច​នៃ​ពួក​ទានព ដែល​ប្រឆាំង​នឹង​ពួក​ទេវលោក មហា​ពលី​បាន​​ចាញ់​សង្គ្រាម​ហើយ​រត់​ទៅ​ពឹង សុក្រឆរ្យៈ ដែល​ធ្លាប់​ត្រូវ​ព្រះឥន្ទ្រ​ និង ​បក្ស​ពួក​ប្រមាថ​មើល​ងាយ។ សុក្រ​ចរិយា ក៏​យល់​ព្រម​ចង​សម្ព័ន្ធមិត្រ​ជា​មួយពួក​ទានព។ កាលកេតុ​ក៏​ធ្វើ​សង្គ្រាម​នឹង​ព្រះឥន្ទ្រ តែ​ពេល​នោះ​ កាលកេតុ​ចាញ់​សង្គ្រាម។ ព្រះឥន្ទ្រ​ក៏​ទទួល​បាន​ជ័យ​ជម្នះ ហើយ​មាន​អំនួត​​នឹង​ខ្លួនឯង​ជា​ខ្លាំង។

មាន​កាល​មួយ​នោះ​ព្រះ​ឥន្ទ្រ ជិះ​ដំរីឰរវ័ត កាត់​អ្នក​សច្ចំ​ម្នាក់​ឈ្មោះ​ថា ទុរពាស។ ទុរពាស បាន​ជូន​កម្រង​ផ្កា​ពិសេស​មួយ​ដល់​ព្រះ​ឥន្ទ្រ។ ព្រះឥន្ទ្រ​ក៏​ទទួល​យក​កម្រង​ផ្កា​របស់​ទុរពាស តែ​ព្រះ​ឥន្ទ្រ​យក​ទៅ​ដាក់​នៅ​លើ​ប្រមោយ​ដំរី។ ដំរី​មិន​អាច​ទ្រាំ​នឹង​ក្លិន​ផ្កា​នោះ​បាន ក៏​ក្រវាត់​កម្រង​ផ្កា​ចោល​ទៅ​លើ​ដី។ អ្នក​សច្ចំ​នោះ​ក៏​ខឹង​យ៉ាង​ខ្លាំង ព្រោះ​ថា​កម្រង​ផ្កា​ជា​គ្រឿង​សិរីសួស្តី គួរ​តែ​គេ​គោរព​ដូច​ជា​ប្រាសាទ។ សច្ចំ​ទុរពាស ក៏​ជេរ​ដាក់​បណ្តាសា​ព្រះឥន្ទ្រ អោយ​រលាយ​អស់​សីល​ មហិទ្ធិរិទ្ធ​ទាំង​ឡាយ។ ព្រះឥន្ទ្រ​គង់​លើ​ដំរីឰរវ័ត រូប​ចម្លាក់​នៅ​ប្រាសាទ​បន្ទាយ​ស្រី។

កាល​កេតុ និង មហា​ពលី​ រួម​គ្នា​នឹង សុក្រឆរ្យៈ ធ្វើ​សង្គ្រាម​នឹង​ព្រះឥន្ទ្រ។ សុក្រឆរ្យៈ រត់​ទៅ​ពឹង​ព្រះ​សិវៈ សុំ​ សំជីវិនមន្ត្រ ដែល​អាច​ប្រស់​អ្នក​ស្លាប់​អោយ​រស់​វិញ​បាន។ ព្រះ​ឥន្ទ្រ​ក៏​ទៅ​សុំ​មន្ត្រៈនេះ​ពី​ព្រះសិវៈ​ដែរ។ សុក្រឆរ្យៈ ត្រូវ​ព្រះសិវៈ​ប្រាប់​អោយ​ធ្វើ​តបៈ រយៈពេល​មួយ​ឆ្នាំ ដោយ​អត់​អាហារ ដាំក្បាល​ចុះ​ក្រោម ទើប​អាច​ទទួល​នូវ​មន្ត្រ​នេះ​បាន។ ព្រះឥន្ទ្រ​គិត​ថា​ខ្លួន​មិន​អាច​ធ្វើ​បាន។

កាលកេតុ និង មហា​ពលី​ ក៏​សុំ​ សុក្រឆរ្យៈ លះបង់​នូវ​តបៈ​នេះ ព្រោះ​អាច​ធ្វើ​អោយ​គាត់​គ្រោះថ្នាក់​ដល់​ជីវិត​បាន តែ​សុក្រចរិយា​មិន​ស្តាប់​តាម​អ្នក​ទាំង​ពីរនាក់​នេះ​ឡើយ។ គាត់​បាន​ព្យូរ​ខ្លួន​គាត់​លើ​ដើម​ឈើ​មួយ​ដើម​ដោយ​ដាំ​ក្បាល​ចុះក្រោម ហើយ​នៅ​ពីក្រោម​​គាត់​បាន​ដុត​មែក​ឈើ​ចាស់​បង្កើត​ជា​ផ្សែង​ដែល​ហុយ​មក​កាត់​មុខ​របស់​គាត់។ ព្រះម៉ែធរណី​និយាយ​ថា “មាន​តែ​អ្នក​ដែល​អាច​ប្រឈម​នឹង​ការសាកល្បង​បាន​តែ​ប៉ុណ្ណោះ​ ដែល​អាច​ប្រឈម​នឹង​ជ័យ​ជម្នះ​បាន។” ព្រះ​វិស្ណុ​បាន​កោត​សរសើរ​សុក្រឆរ្យៈ​ជា​ខ្លាំង​ ព្រោះ​តែ​ក្តី​​តាំងចិត្ត​របស់​គាត់​ ហើយ​បរិមាណ​នៃ​ទម្ងន់​ការងារ​ដែល​គាត់​បាន​ធ្វើ ដើម្បី​សំរេច​អ្វី​ដែល​គាត់​ចង់​បាន។

នរទៈ ក៏​ទៅ​ជួប​នឹង​ព្រះឥន្ទ្រ ដែល​កំពុង​តែ​ជឿជាក់​ថា សុក្រឆរ្យៈ​​ប្រាកដ​ជា​មិន​អាច​សំរេច​តាម​ប្រាថ្នា​ឡើយ ហើយ​ប្រាប់​ព្រះ​ឥន្ទ្រ​ថា សុក្រឆរ្យៈ​ ប្រាកដ​ជា​បាន​សំរេច​តាម​ប្រាថ្នា។ ពេល​នោះ​ព្រះឥន្ទ្រ​មាន​ការភិត​ភ័យ។ នរទៈ ក៏​ទៅ​ជួប​នឹង​នាង​លក្ស្ម៊ី ហើយ​ប្រាប់​ថា “រឿង​ខ្លះ​បើ​ទោះ​ជា​មិន​មែន​ជា​រឿង​ពិត​តែ​ជា​រឿង​ដែល​ល្អ​នឹង​ស្តាប់ រឿង​ខ្លះ​បើ​ទោះជា​រឿង​ពិត​ក៏​នៅ​តែ​ជា​រឿង​មិន​គួរ​ស្តាប់។” ម្តាយ​របស់​ សុក្រឆរ្យៈ​​ក៏​ទៅ​ជួប​នឹង​ សុក្រឆរ្យៈ​ ហើយ​និយាយ​លើក​ទឹក​ចិត្ត​កូន​របស់​គាត់។ ព្រះ​វិស្ណុ​ឃើញ​បែប​នេះ ទ្រង់​មាន​ការ​កោតសរសើរ​ ដោយ​ទ្រង់​ចាត់​ទុក​ថា ទំនាក់​ទំនង​ម្តាយ​និង​កូន​ ជា​គ្រឿង​ដែល​គួរ​ជាទី​ពេញ​ចិត្ត​បំផុត និង គ្រប់គ្រាន់​បំផុត។ ទ្រង់​ក៏​នមស្ការ​អស់​អ្នក​ម្តាយ​បែប​នេះ ព្រោះ​ពួក​គេ​​ចេះ​ចែក​រំលែក​នូវ​ទុក្ខ​ជា​មួយ​កូន​ៗ។

ព្រះឥន្ទ្រ​ ឆ្លេឆ្លា ក៏​ពឹងក៏​ពឹង​ស្រី​អប្សារាបីនាក់ ទៅ​ជួប​នឹង​ សុក្រឆរ្យៈ​ ដើម្បី​រំខាន​តបៈ​របស់​គាត់។ តែ​ពួក​ទេព​អប្សរ​បដិសេធ ដោយ​ចាញ់​បារមី​របស់​សុក្រ​ចរិយា។ នៅ​ពេល​នោះ កូន​ស្រី​របស់​ព្រះឥន្ទ្រ ទ្រង់នាម ជ័យន្ធី ចេញមក ហើយ​និយាយ​ថា “ស្ត្រី​មិន​គួរ​យក​មក​ធ្វើ​​ប្រើ​ដូច​ជាភាព​ទន់​​ខ្សោយ​របស់​បុរស​ទេ ព្រោះ​ស្ត្រី​នៅ​ទីនេះ​ដើម្បី​ជា​កម្លាំង​ចិត្ត​របស់​បុរស​ទៅ​វិញ។ ស្ត្រី​មិន​មែន​សម្រាប់​តែ​កាម​តណ្ហា​តែ​មួយ​មុខ​ប៉ុណ្ណោះ។ ស្ត្រី​ត្រូវ​បាន​បង្កើត​មក​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​បុរស ដើម្បី​បង្កើត​នូវ​ចំណង​ស្នេហា​រវាង​បុរស​និង​នារី ហើយ​គឺ​ដោយសារ​ហេតុ​ផល​នេះ​ហើយ ដែល​ស្ត្រី​ត្រូវ​ធ្វើ​ខ្លួន​ជា​អប្សារា។”

តែ​ទោះ​យ៉ាង​ណា នាង​ក៏​ស្ម័គ្រ​ខ្លួន​ដើម្បី​ទៅ​រំខាន​ពិធី​តបៈ​របស់​សុក្រឆរ្យៈ។ នាង​លក្ស្ម៊ី មាន​សេចក្តីតានតឹង​ក្នុង​ចិត្ត ត្បិត​ឆាកល្ខោន​របស់​នាង​ជ័យន្ធី​ហាក់​ដូច​ជា​មិន​មាន​ប្រយោជន៍​អ្វី​ទាំងអស់ ព្រោះ​នាង​មិន​អាច​ធ្វើ​បាន​សំរេច​ទេ។ ព្រះ​វិស្ណុ​និយាយ​ថា “វា​ពិបាក​ណាស់ ដែល​នឹង​កំណត់​ពី​ជ័យជម្នះ និង​បរាជ័យ​ ព្រោះ​ពេល​ខ្លះ​ អ្នក​ខ្លះ​ឈ្នះ​ដោយ​សុខចិត្ត​ចាញ់ អ្នក​ខ្លះ​ចាញ់​ព្រោះ​តែ​ឈ្នះ។” ជ័យន្ធី​ទៅ​ជិត​សុក្រឆរ្យៈ ដោយ​បន្លំ​ខ្លួន​ ធ្វើ​ជាមាន​បំណង​ល្អ។ តែ​តាម​ពិត​នាង​បាន​ដាក់​ម្ទេស​ក្នុង​គំនរ​ឧស​ដែល​ដុត​បង្ហុយ ដែល​ធ្វើ​អោយ​ផ្សែង​កាន់​តែ​ហឹរឡើង មិន​អាច​ដកដង្ហើម​បាន ឬ​ក៏​ទៅ​ក្បែរ​បាន។ សុក្រឆរ្យៈ​ពិបាក​ទ្រាំ​ជា​ខ្លាំង តែ​នៅ​តែ​ព្យាយាម​តាំង​ខ្លួន​ក្បាល​ចុះ​ក្រោម។ នេះ​ជា​បទឧក្រិដ្ឋ​ដែល​នាង​ជ័យន្ធី​បាន​ប្រព្រឹត្ត​ ដែល​នាង​គួរ​តែ​ទទួល​ផល​អាក្រក់​វិញ​នៅ​ពេល​ក្រោយ​មក​ទៀត។

ផ្សែង​ដែល​មានក្លិន​ហឹរ ក្តៅ មិន​អាច​ដកដង្ហើម​បាន​បន្ត​ហុយទ្រលោម។ សុក្រ​ឆរ្យៈ​បន្ត​រង​នូវ​ទុក្ខវេទនា។ បន្តិច​ក្រោយ​មក​ គាត់​ក៏​ចេញ​ឈាម​តាម​ច្រមុះ មាត់​ និង ភ្នែក។ ជ័យន្ធី​ភ័យ​ស្លន់​ស្លោ​ចំពោះ​ទង្វើ​របស់​ខ្លួន។ នាង​ក៏​ព្យាយាម​ពន្លត់​ភ្លើង​នោះ​វិញ ប៉ុន្តែ​មហាពលី និង កាលកេតុ បាន​ចាប់​នាង​បោះ​ចេញ​ពី​ទី​នោះ រួច​ពួក​គេ​ក៏​ព្យាយាម​ពន្លត់​ភ្លើង​នោះ តែ​ត្រូវ​សុក្រឆរ្យៈ​ហាម​ប្រាម។ ជ័យន្ធី​កើតទុក្ខ។ នាង​ស្គាល់​ពី​ទង្វើ​ឆ្កូត​លីលា​របស់​ខ្លួន ហើយ​ស្តាយ​ក្រោយ ហើយ​អង្វរ​ព្រះ​សិវ​អោយ​ជួយ​សង្គ្រោះ​សុក្រឆរ្យៈ។

ព្រះ​សីវៈ​ក៏​សង្គ្រោះ​សុក្រឆរ្យៈ​ភ្លាមៗ ហើយ​បង្គាប់​អោយ​​សុក្រឆរ្យៈ​​ឈប់​ធ្វើ​តបៈ​បន្ត​ទៀត ព្រោះ​ទ្រង់​​សំរេច​ចិត្ត​ថា ​សុក្រឆរ្យៈ​ ជា​អ្នក​ដែល​គួរ​ទទួល​នូវ​សំជីវិន​មន្ត្រ​នេះ ដោយ​​ព្រះឥន្ទ្រ​​ប្រើ​មធ្យោបាយ​​មិន​យុត្តិធម៌។ ដូច្នេះ​ព្រះ​សីវៈ​ក៏​ប្រគល់​សំជីវិន​មន្ត្រ​ដល់​សុក្រឆរ្យៈ។​ សុក្រឆរ្យៈ​មាន​សេចក្តី​ត្រេក​អរ​ជា​ខ្លាំង។ វា​ក៏​សម្លាប់មហាពលី រួច​ក៏​ប្រស់​អោយ​រស់​ឡើង​វិញ ដោយ​ប្រើ​សំជីវិន​មន្ត្រ​ ដើម្បី​ជា​ការ​ល្បង​មើល។

ក្នុង​ពេល​ប្រារព្វ​នូវ​ជ័យ​ជម្នះ​របស់​គាត់ ជ័យន្ធី បាន​សុំ​ទោស​សុក្រឆរ្យៈ ដោយ​សុំ​តាម​បម្រើ​គាត់​មួយ​ជីវិត​ សុខ​ចិត្ត​ធ្វើ​ជា​ភរិយា​របស់​គាត់ ដោយ​សារ​តែ​បទឧក្រិដ្ឋ​ដែល​នាង​បាន​ធ្វើ​ដាក់​គាត់ ដើម្បី​អោយ​នាង​អស់​ចិត្ត​និង​ស្ងប់​ចិត្ត​ដោយ​សារ​តែ​កំហុស​របស់​ខ្លួន។ សុក្រឆរ្យៈ​ស្រឡាំងកាំង។ តើ​បុត្រីទេវ​មក​រៀបការ​នឹង​ទានព​យ៉ាង​ម៉េច​នឹង​កើត?។ ជ័យន្ធី​ និយាយ​ថា វា​ដូច​គ្នា​នឹង​​បុរស​ម្នាក់​រៀប​ការ​នឹង​ស្ត្រី​ម្នាក់​ជា​ធម្មតា​តែ​ប៉ុណ្ណោះ។ នាង​អង្វរ​អោយ​សុក្រឆរ្យៈ​យល់​ព្រម។ សុក្រឆរ្យៈ​វង្វេងស៊ុង។គាត់​ប្រាប់​នាង​ពី​ឋានៈ​របស់​នាង​ ហើយ​ប្រាប់​ពី​គម្រោងការ​របស់​គាត់​ក្នុង​ការ​ធ្វើ​សង្គ្រាម​នឹង​បិតា​របស់​នាង ហើយ​ថា​គោល​បំណង​របស់​នាង​គឺ​ការ​រំខាន​ដល់​តបៈ​របស់​គាត់​នោះ គ្រាន់​តែ​ជា​លទ្ធ​នៃ​សេចក្តី​ស្នេហា​រវាង​ឪពុក​និង​កូន​តែ​ប៉ុណ្ណោះ វា​មិន​មែន​ជា​បទឧក្រិដ្ឋ​អី​ធ្ងន់​ធ្ងរ​នោះ​ទេ ហើយ​ថា​នាង​អាច​ចាក​ចេញត្រឡប់​ទៅ​វិញ​ដោយ​មិន​បាច់​ទទួល​ទោស​អ្វី​ទាំងអស់។ តែ​នាង​ជ័យន្ធី​មិន​កែ​ប្រែ​សេចក្តី​សំរេច​ចិត្ត​ឡើយ។ សុក្រ​ឆរ្យៈ​ក៏​យល់​ស្រប​តាម​នាង។

ព្រះ​ឥន្ទ្រ​ស្រឡាំងកាំង​ដោយ​កូន​ស្រី​របស់​ខ្លួន​រៀបការ​នឹង​ទានព​ម្នាក់។ ប៉ុន្តែ​មហេសី​ព្រះឥន្ទ្រ​ជំទាស់​នឹង​ព្រះឥន្ទ្រ ព្រោះ​ព្រះឥន្ទ្រ​ខ្លួន​ឯង​ក៏​រៀប​ការ​នឹង​ បុត្រី​ទានពដែរ (ខ្លួន​នាង) ដូច្នេះ​គ្មាន​អ្វី​ចោទ​ទេ​ ដែល​ទានព​ម្នាក់​រៀប​ការ​នឹង​បុត្រី​ទេវ​នោះ។ ព្រះឥន្ទ្រ​ក៏​ដាក់​​មុខ​ចុះ។ ​សុក្រឆរ្យៈ​ក៏​ប្រកាស​សង្គ្រាម​។ ព្រះ​ឥន្ទ្រ​ក៏​ប្រកាស​សង្គ្រាម។ ជ័យន្ធី ជា​អ្នក​ចាញ់​ បើ​ទោះ​ជា​ខាង​ណា​ចាញ់​ក៏​ដោយ។ ដូច្នេះ​នាង​ក៏ស្នើ​​សុំ​សេចក្តី​សម្រប​សម្រួល តែ​សុក្រឆរ្យៈ​បដិសេធ។ ដូច្នេះ​នាង​ក៏​ឈរ​នៅ​ខាង​គាត់ ដោយ​នាង​ជា​ភរិយា​របស់​គាត់ ដែល​ជា​ទី​មួយ​សមគួរ​ជាង​ឪពុក​នាង។ សង្គ្រាម​ក៏​ចាប់​ផ្តើម​។ រាល់​លើក ពេល​ដែល​ទ័ព​របស់​ព្រះឥន្ទ្រ​សម្លាប់​ពួក​ទានព​បាន​ម្នាក់ សុក្រ​ឆរ្យៈ ប្រោះ​អោយ​រស់​ឡើង​វិញ ដោយ​ប្រើ​សំជីវិន​មន្ត្រ។ ភ្លើង​សង្គ្រាម​ក៏​ឆេះ​សន្ធោសន្ធៅ​ឡើង។ ព្រះឥន្ទ្រ​មើល​ឃើញ បរាជ័យ​របស់​ខ្លួន ក៏​រត់​ភៀស​ខ្លួន​ជាមួយ​និង​ទាហាន​របស់​ខ្លួន​។ ពួក​ទានព​ប្រារព្វ​ពិធី​ជ័យ​ជម្នះ។ ព្រះឥន្ទ្រ​និង​បក្ស​ពួក ព្រួយ​បារម្ភ​ពី​ដំណោះ​ស្រាយ​តទល់​នឹង​សំជីវិន​មន្រ្ត​។ ដូច្នេះ​ព្រះឥន្ទ្រ​និង​បរិវា​ក៏​ទៅ​ពឹង​ពាក់​ព្រះ​វិស្ណុ ដែល​នៅ​ពេល​នោះ​ព្រះ​វិស្ណុ​ប្រាប់​ថា​ដំណោះ​ស្រាយ​តប​នឹង​សំជីវិន​មន្ត្រ​គឺ​ទឹក​អម្រឹត។

វិស្ណុ​ក៏​ហៅ​នរទ​ មក​ជួយ​ដោះ​ស្រាយ​បញ្ហា​បន្តិច​បន្តួច។ នៅ​ពេល​កូរ​សមុទ្រ ភ្លើង​បាន​កើត​ចេញ​ពី​មាត់​របស់​វសុកិ ដូច្នេះ​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​កាន់​វសុកិ នៅ​ពេល​នោះ​ទេវតា​មិន​មែន​ជា​អ្នក​កាន់​ខាង​ក្បាល​ទេ។ នរទ​ធានា​ចំពោះ​មុខ​ព្រះ​វិស្ណុ​ថា គាត់​នឹង​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ។ ប្រាកដ​​ណាស់​ នៅ​លើ​មាត់​ឆ្នេរ​ជម្លោះ​​បាន​កើត​ឡើង ​ដោយសារ​តែ​រឿង​ខាង​ណា​ត្រូវ​នៅ​ខាង​ក្បាល ខាង​ណា​ត្រូវ​នៅ​ខាង​កន្ទុយ​ពស់។ នរទ​ប្រាប់​ថា អ្នក​ដែល​ខ្លាំង​ជាង​គេ​ ត្រូវ​នៅ​ខាង​ក្បាល។ គាត់​និយាយ​ប្រាប់​ពួក​ទានព​ថា ពួក​ទេវតា​ជា​អ្នក​ខ្លាំង​ជាង។ ប៉ុន្តែ​ពួក​ទានព​ និយាយ​ថា ក្នុង​សង្គ្រាម​លើក​ក្រោយ​បង្អស់​ គឺ​ពួក​ទានព​ដែល​ជា​អ្នក​ឈ្នះ មិន​មែន​ពួក​ទេវតា​ទេ ដូច្នេះ​ពួក​គេ​ជា​អ្នក​ខ្លាំង​ពូកែ​ជាង។ ដូច្នេះ​នរទ​ក៏​យល់​ព្រម ហើយ​បង្គាប់​ពួក​ទេវតា​អោយ​កាន់​ខាង​កន្ទុយ រី​ឯ​ពួក​ទានព​កាន់​ខាង​ក្បាល។ ពួក​ទេវតា​ក៏​យល់ព្រម។ សុក្រ​ឆរ្យ​ខឹង​យ៉ាង​ខ្លាំង។ គាត់​ស្គាល់​អំពី​ភ្លើង។ ដូច្នេះ​គាត់​ក៏​បន្ទោស​ខ្លួន​ឯង​ដែល​មិន​បាន​នៅ​កន្លែង​ពេល​នោះ ហើយ​បន្ទោស​ពួក​ទានព​ដែល​ល្ងង់​ខ្លៅចាញ់​បោក​ ការ​បញ្ជោរ​ពី​នរទ។ ប៉ុន្តែ​ពួក​ទានព​បាន​សំរេច​ចិត្ត​រួច​ស្រេច​ទៅ​ហើយ​ មិន​អាច​កែប្រែ​វិញ​បាន​ឡើយ។ ដូច្នេះ​ សុក្រឆរ្យៈ​​​ក៏​បញ្ជូន​គ្នា​គាត់​ម្នាក់​ទៅ​បន្លំ​នឹង​ពួក​ទេវតា​ដើម្បី​កុំ​អោយ​ចាញ់​បោក​ពួកទេវតា​ទៀត។

អ្វីៗ​គ្រប់​យ៉ាង​បាន​រៀប​ចំ​ជា​ស្រេច ព្រះឥន្ទ្រ​ក៏​សុំ​អោយ​បក្សីរាជ​លើក​ភ្នំ​មន្ទរៈ​មក​ដាក់​ក្នុង​សមុទ្រ ដើម្បីអោយ​ពួក​គេ​កូរ​សមុទ្រ។ បក្សី​រាជ​ដោយ​មាន ​វសុកិ​ ជា​ជំនួយ​បាន​លើក​ភ្នំ​មន្ទរៈ​មក​ដាក់​ក្នុង​សមុទ្រ តែ​ដោយសារ​សមុទ្រ​ជ្រៅ​ពេក​ ភ្នំ​ក៏លិច​ចូល​ក្នុង​សមុទ្រ។ ពួក​គេ​មិន​អាច​កូរ​ទឹក​សមុទ្រ​បាន បើ​ភ្នំ​នេះ​មិន​អាច​ដាក់​ក្នុង​សមុទ្រ​ដោយ​មិន​លិច​បាន​ទេ។ ​ពួក​ទានព​ព្រមាន​ថា​នឹង​លះបង់​បេសកម្ម​ដែល​មិន​អាច​នេះ។ ព្រះឥន្ទ្រ​និយាយថា​ បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​ នៅ​ពេល​ដែល​គេ​ត្រូវ​ការ​វត្ថុ​ធំ​សម្បើម​ដូច​ជា​​ទឹក​អម្រឹត​នោះ។ គាត់​និង​ពួក​ទេវតា បាន​ហៅ​ព្រះវិស្ណុ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។

អវតារ កូម៌

ព្រះ​វិស្ណុ​ប្រាប់​នាង​លក្ស្ម៊ី​ថា ទ្រង់​ត្រូវ​យាង​ចេញ​ទៅ​ផែន​ដី។ តែ​នាង​លក្ស្ម៊ី រំលឹក​ថា ទ្រង់​គួរ​តែ​ធ្វើ​បែប​នេះ តែ​នៅ​ពេល​ដែល​ពួក​មាណព​ (មនុស្ស)​ មានគ្រោះថ្នាក់​តែ​ប៉ុណ្ណោះ។ ព្រះវិស្ណុ​ក៏​ពន្យល់​ថា បើ​សិន​ជា​ពួក​ទានពឈ្នះ នោះ​វា​ច្បាស់​ជា​មាន​គ្រោះថ្នាក់​ដល់​ពួក​មាណព​មិន​ខាន ដើម្បីកុំ​អោយ​​រឿង​បែប​នេះ​កើត​ឡើង​បាន ទ្រង់​ត្រូវ​តែ​យាង​ចេញ​ទៅ។ នាង​ក៏​សួរ​ថា ចុះ​នាង​វិញ?។ នាង​មិន​អាច​រស់​នៅ​បែក​គ្នា​ពី​ព្រះវិស្ណុ​បាន​ទេ។ ព្រះ​វិស្ណុ​ធានា​ថា ការ​វិល​មក​ជួប​គ្នា​វិញ បន្ទាប់​បី​បែក​គ្នា ជា​រឿង​ដែល​គួរ​អោយ​រំភើប​បំផុត ការជួប​គ្នា​លើក​នេះ​ពិត​ជា​មហា​អស្ចារ្យ​ណាស់។​ គាត់​និយាយ​ថា ទោះបី​ជា​នាង​លេច​មក​ជា​មួយ​ដោយ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​ សម្រាប់​គាត់​ នាង​មាន​តម្លៃ​ជាង​ទឹក​អម្រឹត​ទៅ​ទៀត ព្រោះ​ទឹក​អម្រឹត​សម្រាប់​ទេវតា រី​ឯ​នាង​វិញ នាង​ពោរពេញ​ទៅ​ដោយ​​​សេចក្តី​ស្រឡាញ់ ​និង​ជា​ម្តាយ​នៃ​សេចក្តី​ស្រឡាញ់ ជា​វត្ថុ​តែ​មួយ​គត់​ដែល​ឱប​ក្រសោប​លោក​នេះ​អោយ​នៅ​តែ​មួយ។ ដូច្នេះ​ទ្រង់​ក៏​កោត​សរសើរ​នាង​ដែល​មាន​លក្ខណៈ​យ៉ាង​ដូច្នេះ ហើយ​សុំ​អោយ​នាង​ទុក​ចិត្ត​លើ​ទ្រង់​ពេល​ដែល​ទ្រង់​ចុះ​ទៅ​ផែន​ដី​​ជា​អណ្តើក​។ ដូច្នេះ​អវតា​រជា​អណ្តើក​កូម៌​ក៏​ចាប់​ផ្តើម។ វិស្ណុ​ ជា​អណ្តើក ប្រាប់​ព្រះឥន្ទ្រ​ថា គាត់​នឹង​ជួយ​ទ្រ​ភ្នំ​មន្តរៈ លើ​ខ្នង ក្រោម​សមុទ្រ នៅ​ពេល​ដែល​កូ​រវឹក​ទឹក​សមុទ្រ​នោះ។ អ្នក​ទាំងអស់​គ្នា​សប្បាយ​រីករាយ។ អណ្តើក​បំពេញ​តួនាទី​របស់​ខ្លួន។ ក្បាល ​វាសុកិ​ បាន​មក​ខាង​ពួក​ទានព។ ខាង​កន្ទុយ​បាន​ទៅ​ពួក​ទេវតា។ ភាគី​ទាំង​ពីរ​ចាប់​ផ្តើម​កូរទឹក​សមុទ្រ។ ភ្នំ​វិល​ចុះឡើងៗ។

នីលកណ្ឌ

ទឹក​អម្រឹត​នេះ​ជា​អ្វី​ដែល​ពួក​គេ​ចង់​បាន។ ប៉ុន្តែ​ការពិត​បានលេច​​ឡើង។ គឺ​ថ្នាំ​ពុល កាលកូដ[1]។ ភាពជ្រួលច្របល់​បាន​កើត​ឡើង។ គ្រប់​គ្នា​ មាន​ពួក​ទានព ទេវតា និង​មនុស្ស ភ័យ​ស្លន់​ស្លោ​ រត់​ប្រាស​អាយុ គេច​ចេញ​ពី​ថ្នាំ​ពុល​នេះ​អោយ​បាន​ឆ្ងាយ​បំផុត។ ទានព​ក៏​ទៅ​ជួប​នឹង​សុក្រឆរ្យៈ ហើយ​សុំ​ផ្អាក​ការ​កូរសមុទ្រ​ទឹក​ដោះ។ សុក្រឆរ្យៈ​ប្រាប់​កុំអោយ​​ខ្លាច ព្រោះ​គាត់​អាច​ប្រោះ​អ្នក​ស្លាប់​អោយ​រស់​វិញ​បាន ហើយ​កើត​ក្តី​សង្ស័យ​ចំពោះ​ពួក​ទេវតា។ ទេវតា​ក៏​ទៅ​ជួប​នឹង​ព្រះវិស្ណុ ហើយ​និយាយ​ទូលពិត​ថា “តើ​រឿង​ចង្រៃ​ស្អី​គេ​ហ្នឹង​ព្រះ​អង្គ?” ព្រះ​វិស្ណុ​ក៏​តប​ថា បើ​ការ​ស្វែង​រក​ទឹក​អម្រឹត​វា​ជា​ការ​ងាយ​ស្រួល តើ​មានន័យ​អី​ទៅ? ឆាក​ល្ខោន​ជីវិត​គឺ​ជា​ការ​លេង​បិទ​ពួន​ជា​មួយ​នឹង​សេចក្តីស្លាប់។ គេ​ត្រូវ​តែ​ចេះ​ប្រថុយ​ប្រថាន។ ឧទាហរណ៍​ដូច​ ទារក​និង​ម្តាយ​​ស្ទើរ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្នុងដំណើរការ​​រយៈ​កាល​ប្រាំបួន​ខែ ហើយ​នៅ​​កើត​ចេញ​មក លោក​ទាំង​មូល​ញញឹម​ដាក់។​ ដូច្នេះ​ទឹក​អម្រឹត​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ នៅ​ពេល​នោះ​ព្រះ​វិស្ណុ​យក​រាង​កាយ​ជា​មនុស្ស ដែល​នៅ​ពេល​ជា​មួយ​គ្នា​អវតា​រ​របស់​ព្រះ​អង្គ​ជា​អណ្តើក​កូម៌។ ដូច្នេះ​ព្រហ្មា ក៏​សួរ​ព្រះ​វិស្ណុ​ពី​សុវត្ថិភាព​របស់​ភាវ​ ដែល​ទ្រង់​បាន​បង្កើត​គឺ​ពួក​មនុស្ស ចំពោះ​មុខថ្នាំ​ពុល​​ កាលកូដ​នេះ។ ព្រះ​វិស្ណុ​ក៏​អល់​អែក។ ជា​ចុងក្រោយ​ពួក​គេ​ ក៏​ទៅ​ពឹង​ព្រះ​សិវៈ ព្រះ​សិវៈ​ក៏​ធានា​ថា​នឹង​ជួយ​ដោះ​ស្រាយ​វិបត្តិ​នេះ។ ព្រះ​សិវៈ​សប្បាយ​រីករាយ​ដោយ​ឃើញ​ព្រហ្មា និង​ព្រះ​វិស្ណុ ព្រម​ទាំង​ពួក​ទេវតា​ផង​ដែរ។ ទ្រង់​ស្វាគមន៍​ពួក​គេ​យ៉ាង​សមរម្យ។ ព្រះ​សិវៈ​មាន​បន្ទូល​​ប្រាប់​កុំ​អោយ​ពួក​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​អី។ ពួក​គេ​ទាំងអស់​គ្នា​ក៏​ចុះ​ទៅ​សមុទ្រ។ ព្រះ​សិវៈ​សុខ​ចិត្ត​លេប​ថ្នាំ​ពុល​ កាលកូដ ​នោះ​ទាំងអស់ រួច​ហើយ​ក៏​បោះ​ថូរ​ទទេ​នោះ​ចោល។

ព្រះ​វិស្ណុទ្រង់​​កោត​សរសើរ​ព្រះ​សិវៈ​ ជា​ខ្លាំង​ដែល​បាន​សង្គ្រោះ​លោក។ ទ្រង់​គោរព​ព្រះ​សិវៈ​ ហើយ​ហៅ​ព្រះ​សិវៈ​ថា នីលកណ្ឌ មានន័យថា ​អ្នក​មាន​ក​ខៀវ ដោយ​ព្រះ​សិវៈ​បាន​បញ្ឈប់​ថ្នាំ​ពុល​នោះ​ត្រឹម​បំពង់​ក​ ធ្វើ​អោយ​ក​របស់​ទ្រង់​ក្លាយ​ជា​ខៀវ។ ព្រាហ្ម​ក៏​សម្តែង​សេចក្តី​អរគុណ​ដែរ ព្រោះ​ថា​​ពួក​ទានព​មាន​សុក្រឆរ្យ ពួក​ទេវតា​មាន​ព្រះ​វិស្ណុ តែ​សម្រាប់​ពួក​មនុស្ស​ ព្រះ​វិស្ណុ​ជា​អ្នក​ទទួល​ខុសត្រូវ ហើយ​មាន​តែ​ព្រះសិវៈ​មួយ​អង្គ​គត់​ដែល​អាច​សង្គ្រោះ​ពួក​គេ​បាន។ ព្រះសិវៈ​ក៏​ពន្យល់​ពី​ភាព​ចាំបាច់​នៃ​ថ្នាំ​បំពុល។ នៅ​ទី​ណា​មានអម្រឹត នៅ​ទី​នោះ​ត្រូវ​តែ​មាន​ថ្នាំ​ពុល។ ថ្នាំ​បំពុល​មិន​អាច​លុប​បំបាត់​ទាំង​ស្រុង​បាន​ទេ តែ​ឥទ្ធិពល​របស់​វា​អាច​កាត់​បន្ថយ​បាន។ ​ជា​ម្តង​ទៀត​ព្រះ​វិស្ណុ​ សម្តែង​ក្តី​ពេញ​ចិត្ត​ដល់​ព្រះ​សិវៈ។ តែ​ព្រះ​អង្គ​ផ្តន្ទា​អ្នក​ដែល​បាន​បំពុល​ទឹក​ ដោយ​បោះ​វត្ថុ​មិន​ល្អ​ចូល​ក្នុង​សមុទ្រ​ ដែល​ក្លាយ​ទៅ​ជា​ថ្នាំ​ពុល ដែល​មាន​ផល​មិន​ល្អ​ដល់​សត្វ​ក្នុង​ទឹក។

ព្រះ​ឥន្ទ្រ​ក៏​ទៅ​ជួប​នឹង​សុក្រឆរ្យ ហើយ​និយាយ​ប្រាប់​ថា ថ្នាំ​ពុល​កាលកោត​ត្រូវ​បាន​បញ្ចប់​ហើយ។ សុក្រ​ឆរ្យ​សន្និដ្ឋាន​ថា មាន​តែ​ព្រះ​សិវៈ​មួយ​អង្គ​គត់​ដែល​អាច​បញ្ឈប់​រឿង​នេះ​បាន។ ព្រះ​ឥន្ទ្រ​ក៏​ស្នើ​សុក្រឆរ្យ​អោយ​បញ្ជូន​បរិវារ​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ ដើម្បី​បំពេញ​ការងារ​ឡើង​វិញ។ ពួក​គេ​មាន​ការស្ទាក់​ស្ទើរ តែ​សុក្រឆរ្យ​យល់​អំពី​ផលប្រយោជន៍​របស់​អម្រឹត ដូច្នេះ​គាត់ប្រាប់​​អោយ​គ្នីគ្នា​របស់​គាត់​ចេញ​ទៅ ហើយ​បញ្ជា​អោយ​ស្វន៌ភានុ​ឃ្លាំ​ចាំ​មើល​ការងារ​នេះ ដូច​លើក​មុន។

ស្វយំ​វរៈ

បន្ទាប់​ពី​ព្រះ​សិវៈ​បាន​លេប​ថ្នាំ​ពុល​រួច​ហើយ ពួក​ទេវតា​និង​ពួក​អសុរា​ក៏​ចាប់​ផ្តើម​កូរ​ទឹក​សមុទ្រ​ម្តង​ទៀត។ វត្ថុ​ដែល​ផុស​ចេញ​ពី​សមុទ្រ​ គឺ​មេ​គោ​កមធេនុ ។ ពួក​ព្រាហ្មណ៍​​ទាម​ទារ​យក​មេ​គោ​​នេះ ដោយ​អះអាង​ថា ព្រាហ្មណ៍​មាន​សិទ្ធិ​យក​វត្ថុ​ដែល​ផុស​ចេញ​ដំបូង។ តែ​ដោយ​ពួក​ទេវតា​និង​អសុរា​បាន​លើក​អំពី​កាលកោត​ ព្រាហ្មណ៍​ក៏​ហើប​មាត់​លែង​ចេញ។ ប៉ុន្តែ​ដោយ​សារ​ទាំង​ទេវៈ​និង​អសុរៈ សុទ្ធ​តែ​គោរព​បូជា​ព្រាហ្មណ៍​ដូច​គ្នា ពួក​គេ​ក៏​យល់​ព្រម​អោយ​មេគោ​នេះ​ដល់​ព្រាហ្មណ៍។

វត្ថុ​ដែល​ផុស​ចេញ​បន្ទាប់​មក​ទៀត​គឺ​សេះក្បាល​ប្រាំ​ពីរ​​ដ៏ស្អាត មាន​ឈ្មោះ​ថា ឧច្ឆៃស្រវ័ស។ ព្រះ​ឥន្ទ្រ​ត្រូវ​បាន​ព្រះ​វិស្ណុ​ប្រាប់​កុំ​អោយ​ទារ​យក​សេះនេះ ដូច្នេះ​គាត់​ក៏​នៅ​ស្ងៀម។ ស្តេច​អសុរា​ មហាពលី ក៏​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​សេះ​នេះ ហើយ​គេ​ក៏​អនុញ្ញាត​អោយ​គាត់​យក​សេះ​នេះ។ សេះ​ឧច្ឆៃស្រវ័ស​នេះ​តំណាង​អោយ​ការ​លើក​តម្កើង​ ភាព​ក្រអឺត​ក្រទម ដែល​អាច​នាំ​អោយ​អ្នក​ស្វែង​រក​វិជ្ជា​ប្រាសចាក​ពី​ផ្លូវ​របស់​ខ្លួន។

ពួក​អសុរៈ​និង​ពួក​ទេវៈ​កើត​ពី​ឪពុក​តែ​មួយ គឺ​បណ្ឌិត កស្យបៈ តែ​ម្តាយ​ទី​ទៃ។ ពួក​ទេវ​កើត​ពី​អទិតិ មាន​ន័យ​ថា​មិន​ព្រិល​ភ្នែក មិន​ស្រវាំង​ភ្នែក មិន​ច្រលំ​ភ្នែក។ ម្តាយ​របស់​ពួក​អសុរៈ​គឺ​ទិតិ មាន​ន័យ​ថា​មើល​អ្វី​ច្រើន​តែ​ច្រលំ មិន​យល់​ស៊ី​ជម្រៅ​ពី​វត្ថុ​ដែល​ឃើញ។ វត្ថុ​ផុស​ចេញ​បន្ទាប់​មក​ទៀត​គឺ​ដំរី​ឰរវ័ត ជា​ស្តេច​ដំរី​ស។ ដោយសារ​តែ​ពួក​អសុរៈ​បាន​យក​សេះ​ទៅ​ហើយ​ដូច្នេះ ពេល​នេះ​ជា​វេណ​របស់​ទេវៈ​វិញ ដូច្នេះ​ព្រះ​ឥន្ទ្រ​ក៏​យក​ដំរីឯក​នេះ ជា​ជំនិះ​របស់​គាត់។ ដំរី​ដែល​មាន​ភ្នែក​តូច​ជាង​ខ្លួន​ខ្លាំង តំណាង​អោយ​សមត្ថភាព​មើល​ឃើញ​នូវ​ចំនុច​សំខាន់​នៃ​វត្ថុ​នានា។ បន្ទាប់​មក​ទៀត​ក៏​ផុស​គ្រឿង​អលង្ការ​ កោស្តុភា ព្រះ​វិស្ណុក៏​យក​ធ្វើ​ជា​គ្រឿង​លម្អ។ បន្ទាប់​មក​ទៀត​ក៏​ផុស​ចេញ​ដើម​ឈរ​បំពេញ​ប្រាថ្នា បរិជាត និង​ ស្រី​ទេពអប្សរ ដែល​ទាំង​ពីរ​នេះ​ក្រោយ​មក​ក្លាយ​ជា​វត្ថុ​សក្ការរបស់​ស្ថាន​សួគ៌។ បន្ទាប់​ពី​កូរ​បាន​ច្រើន​ដង​រួច​មក ក៏​លេច​ចេញ​ព្រះ​នាង​លក្ស្ម៊ី ដែល​ស្អាត​ដូច​រាល់​ដង។ តែ​ពេល​នោះ​នាង​លេ​ច​ចេញ​មក​ជា ​ស្រី។ កាលកេតុ រៀបរាប់​បបូរមាត់​នាង ភ្នែក​ មុខមាត់ ចរឹក សក់ ដំណើរ ដោយ​ពាក្យ​ពេចន៍​ល្អ​សព្វ​បែប​យ៉ាង​ ហើយ​បាន​ដាស់​អោយ​តណ្ហា​របស់​ខ្លួន​គាត់​ស្ងើន​ឡើង។ សុក្រឆរ្យ​សុំ​ព្រះឥន្ទ្រ​យក​នាង។ តែ​ព្រះឥន្ទ្រ​តប​ថា នាង​ជា​ទេពី ជា​ទេពធីតា​សម្រាប់​ទេវតា​មួយ​អង្គ។ ដូច្នេះ​ព្រះឥន្ទ្រ​បដិសេធ។

កាល​កេតុ​និង​បក្សពួក​ដើរ​ចេញ ហើយ​និយាយ​ថា ពួក​គេ​នឹង​ធ្វើ​សង្គ្រាម​ដើម្បី​កំណត់​ថា​ នរណា​ជា​អ្នក​ត្រូវ​បាន​ស្រីនេះ។ ភាគី​ទាំង​ពីរ​ក៏​ឈប់​កូរ​ទឹក​សមុទ្រ​ ហើយ​ទៅ​លាន​ចម្បាំង​ប្រយុទ្ធ​គ្នា​ដណ្តើម​ស្រី។ នាង​លក្ស្ម៊ី​មាន​ទុក្ខ​ព្រួយ​ដោយ​មិន​អាច​រក​ព្រះ​វិស្ណុ​ឃើញ។ អារម្មណ៍​នាង​ស្រែក​ហៅ​រក​ទ្រង់ ភ្នែក​របស់​នាង​សម្លឹង​រក​ទ្រង់ គ្រប់​ភាគ​ទាំងអស់​នៃ​កាយ​នាង​ត្រូវ​ការ​ទ្រង់។

ដូច្នេះ​ព្រះ​វិស្ណុ​ក៏​មក​ដល់។ ព្រះ​វិស្ណុ​និង​នាង​លក្ស្ម៊ី​ក៏​បាន​ជួប​គ្នា​ប្រកប​ដោយ​ក្តីរីករាយ​ឥត​ឧបមា​ ប៉ុន្តែ​ព្រះ​វិស្ណុ​ មាន​កែវ​ភ្នែក​ប្រកប​ដោយ​អាថ៌កំបាំង​ ប្រាប់​នាង​លក្ស្ម៊ីថា ឥលូវ​នេះ​នាង​ចេញ​មក​ពី​សមុទ្រ ដូច្នេះ​នាង​ជា​​សាគរបុត្រី ដូច្នេះ​នាង​ត្រូវ​ទៅ​ជួប​អ្នក​បង្កើត​សមុទ្រ ព្រហ្មា ដើម្បី​កំណត់​ពី​វាសនា​របស់​នាង រួច​ក៏​ទុក​នាង​ចោល​តែ​ម្នាក់​ឯង​ទៅ។ ដូច្នេះ​នាង​លក្ស្ម៊ី​ក៏​ទៅ​ជួប​នឹង​ព្រហ្មា​ ហើយ​ប្រាប់​នាង​ពី​តម្រូវ​ការ​ចាំបាច់​របស់​នាង​ចំពោះ​​ព្រះវិស្ណុ​ ហើយ​ប្រាប់​អំពី​ចម្បាំង​រវាង​ពួក​ទានព​និង​ទេវតា។ ព្រហ្មា​និយាយ​ថា “អី​ក៏​សំរាម​ម្ល៉េះ!” ហើយ​ក៏​យាង​ទៅ​​លាន​សង្គ្រាម។ គាត់​ទៅ​ដល់​ត្រឹម​ពេល​ដែល​សង្គ្រាម​ហៀប​នឹង​ចាប់​ផ្តើម ហើយ​ប្រាប់​ពួក​ទេវតា​និង​ពួក​ទានព​ អំពី​គោលការណ៍​របស់​ស្រី។ ទ្រង់​ប្រាប់​ពួក​គេ​អំពី​សិទ្ធិរបស់​ស្ត្រី​ ហើយ​ថា​ស្ត្រី​មិន​អាច​ចាត់​ទុក​ដូច​ជា​ ​របស់​គ្មាន​ជីវិត​បាន​ទេ ​ដែល​គ្មាន​នរណា​អាច​យក​ជា​កម្មសិទ្ធិ​បាន​ទេ។ ដូច្នេះ​គាត់​ក៏​ចាប់​ផ្តើម​ពិធី​ថ្មី​មួយ​ហៅ​ថា ស្វយំវរៈ ដែល​ក្នុង​នោះ​ស្រី ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ លើ​បុរស ដែល​នាង​ជ្រើស​រើស មាន​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​បុរស​ដែល​នាង​ពេញ​ចិត្ត ហើយ​មិន​អាច​បុរស​ណា​មក​ជ្រើស​រើស​យក​នាង​បាន​ឡើយ។

មហាពលី​និយាយ​លើក​កាលកេតុ​ថា កាល​កេតុ​ខ្លាំង ដូច្នេះ​នាង​នឹង​ជ្រើស​រើស​យក​គាត់​តែ​ម្នាក់​គត់ តែ​កាលកេតុ​បើក​ភ្នែក​ធំៗ ​តែ​ក្នុង​ចិត្ត​គិត​ថា​វា​មិន​អាច​រួច​ជា​ស្រេច​ទៅ​ហើយ។ នាង​លក្ស្ម៊ី​មាន​ការ​ព្រួយ​បារម្ភ។ នរទ​ក៏​លេច​ចេញ​មក។ គាត់​ប្រាប់​នាង​ថា​ ស្នាម​ញញឹម​របស់​នាង​ ជា​វត្ថុ​ដែល​អាច​ផ្តល់​ជីវិតឡើង​វិញ​​ដល់​ភាវរស់​ជា​ច្រើន ហើយ​ឥលូវ​នេះ​ស្នាម​ញញឹម​នោះ​ម្តេច​ក៏​ស្លាប់​បាត់​អញ្ចឹង។​ តើ​អ្វី​ទៅ​ជា​បញ្ហា?។ នាង​ក៏​តប​វិញ​ថា នៅ​ក្នុង​ពិធី​ស្វយំវរ​ដែល​នឹង​មក​ដល់​នេះ មាន​តែ​ពួក​ទេវតា​និង​ទានព​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ចូល​រួម តែ​នរាយណ​ របស់​នាង​មិនអាច​មក​ចូល​រួម​បាន​ទេ។ តើ​អោយ​នាង​អាច​ជ្រើស​រើស​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ទ្រង់​បាន?។ ​នាង​ក៏​សុំ​អោយ​ នរទ ​ជួយ​យ៉ាង​ណា​អោយ​នរាយណៈ​ មក​ចូល​រួម​ក្នុង​ពិធី ស្វយំវរៈ។ នរទៈ​មិន​អាច​និយាយ​អ្វី​ចេញ​បាន ដោយ​ នរាយណៈ​មិន​ត្រូវ​បាន​គេ​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​នេះ​ទេ។ ​ស្វយំវរៈ​ក៏​ចាប់​ផ្តើម។ គ្មាន​សញ្ញា​អំពី​ព្រះ​វិស្ណុ​ក្នុង​ពិធី​នេះ​ទេ។ មាន​តែ​ពួក​ទានព​និង​ទេវតា​ប៉ុណ្ណោះ។ សាគរ​បុត្រី មាន​ចិត្ត​ព្រួយ​បារម្ភ​ជា​ខ្លាំង។ នាង​រង់​ចាំអ្វី​មួយ។ ព្រហ្មា ជា​រៀប​ចំពិធី ក៏​ប្រកាស​បើក​ពិធី​ស្វយំវរៈ ជា​លើក​ដំបូង​មិន​ធ្លាប់​មាន ជា​ពិធី​មួយ​ដែល​ស្ត្រី​មាន​សិទ្ធី​ជ្រើស​រើស​បុរស​ដែល​នាង​ពេញ​ចិត្ត។

នាង​សាគរបុត្រី​នៅ​តែ​បារម្ភ​ក្នុង​ចិត្ត នាង​ដើរ​កាត់​ហ្វូង​ទេវតា​និង​ទាណព នាងបដិសេធ​ទាំងអស់ ​នៅ​ពេល​នោះ​ភ្នែក​របស់​នាង​សម្លឹង​មើល​ទៅ​តែ​ទ្វារ សង្ឃឹម​ថា​ព្រះ​វិស្ណុ​នឹង​ចូល​មក។ តែ​គ្មាន​ទេ។ នាង​បដិសេធ​គេ​គ្រប់​គ្នា។ នៅ​ក្នុង​ចិត្ត​របស់​នាង​បាន​គិត​ក្នុង​ចិត្ត​ថា៖
១ ​- អ្នក​ខ្លះ​ចេះ​ទ្រាំ​នឹង​ការ​លំបាក​បែប​យ៉ាង​ ប៉ុន្តែ​មិន​ចេះ​គ្រប់​គ្រង​កំហឹង​របស់​ខ្លួន (ដូច​ជា​ឥសី​ទុរវ័សជា​ដើម)។
២ - អ្នក​ខ្លះ​ចេះ​ច្រើន​ តែ​ចូល​ចិត្ត​នាំ​​រឿង​ដាក់​ខ្លូន (​ដូច​ជា សុក្រឆរ្យៈ​នេះ​ជា​ដើម)។
៣ - ​អ្នក​ខ្លះ​ទៀតឧត្តុង្គ​ឧត្តម​​ណាស់ តែ​មិន​អាច​ជម្នះ​លើ​តណ្ហា​បាន (ដូច​ជា​ព្រះ​ព្រហ្ម)។
៤ - អ្នក​ខ្លះ​ទៀត​ខ្លាំង​ពូកែ​ល្បី​ល្បាញ​ណាស់ (ដូច​ជា​ព្រះ​ឥន្ទ្រនេះ) តែ​បាន​ប្រយោជន៍​អ្វី បើ​អ្នក​នោះ​នៅ​តែ​ពឹង​គេ​អោយ​ជួយ​ការពារ​ដដែលនោះ។
៥ - អ្នក​ខ្លះ​ថ្វី​បើ​ហ្មត់ចត់​ក្នុង​ការ​តាំង​ធម៌ តែ​ខ្វះក្តី​មេត្តា (ដូច​ជា​បរសុរម)។
៦ - ​អ្នក​ខ្លះ​ងប់នឹង​ពលីកម្ម (ដូច​ជា​ស្តេច សិពិ) តែ​ ពលីកម្ម មិន​គ្រប់​គ្រាន់​សម្រាប់​មុក្តិ​ទេ។
៧ - អ្នក​ខ្លះ​គ្មាន​ញាតិ​មិត្រ អ្នក​នោះ​នឹង​មិន​ចេះគិត​គូរ​ដល់​​អ្នក​ដទៃ​ ដូច​ជា​ភរិយា​ទេ ដូច្នេះ​មិន​អាច​មាន​ទំនាក់​ទំនង​បាន​ទេ។
៨ - អ្នក​ខ្លះ (ដូច​ជា​ឥសី មរ្កន្ទេយ) ដែល​មាន​អាយុ​វែង តែ​ពួក​គេ​គ្មានអធ្យាស្រ័យល្អ ​ដែល​ស្ត្រី​ពេញ​ចិត្ត។ អ្នក​ដែល​មានអធ្យាស្រ័យល្អដែល​ស្ត្រី​ពេញ​ចិត្ត តែ​មាន​អាយុ​ខ្លី​ទៅវិញ។
៩ - អ្នក​ដែល​មាន​ទាំង​ពីរ (អាយុ​វែង និង​មានអធ្យាស្រ័យល្អ ដូច​ជា​ព្រះ​សីវៈ​) បែរ​ជា​រស់​នៅ​​ដោយ​គ្មាន​រស​ជាតិ​ទៅ​វិញ។
១០ - អ្នក​ដែល​រស់​នៅ​ប្រកប​ដោយ​រសជាតិ​ផ្អែមល្ហែម ជីវិត​អមតៈ និង​មាន​អធ្យាស្រ័យ​មិន​កំណត់ គ្មាន​នរណា​ផ្សេង​ទៀត​ទេសម្រាប់​ខ្ញុំ (ព្រះ​វិស្ណុ)។

ប៉ុន្តែ​នៅ​ចុង​ក្រោយ សល់​តែ​កាលកេតុ​ម្នាក់​គត់ ដែល​នាង​មិន​អាច​បដិសេធ​បាន។ ដោយ​គាត់​ជា​បុរស​តែ​ម្នាក់​គត់​ដែល​នៅ​សល់ នាង​ត្រូវ​តែ​ជ្រើសរើស​យក​គាត់។ នាង​រួញ​រា។ នាង​អល់​អែក ក្នុង​ចិត្ត​ច្របូក​ច្របល់​ជា​ខ្លាំង។ ស្រាប់​តែ​ពេល​នោះ ព្រះ​វិស្ណុ​ក៏​ចូល​មក​ដល់​មែន។ លក្ស្ម៊ី​ត្រេក​អរ​ជា​ខ្លាំង។ នាង​ចាប់​អារម្មណ៍​លើ​ទ្រង់។ នាង​រីក​រាយ​គ្មាន​ដែន​កំណត់។ នាង​ស្រក់​ទឹក​ភ្នែក នាង​រត់​ទៅ​រក​ទ្រង់ ហើយ​ជ្រើស​រើស​យក​ទ្រង់​ជា​បុរស​របស់​នាង។ ពួក​ទេវតា​កោត​ស្ញប់​ស្ញែង​ជា​ខ្លាំង។ ជំនួប​រវាង​លក្ស្ម៊ី​និង​វិស្ណុ ក្លាយ​ជា​ប្រវត្តិ​មួយ ដូច​ដែល​ព្រះ​វិស្ណុ​បាន​សន្យា។ រំភើប​លាយ​ភ័យ តាម​តែ​អាច។ ពួក​ទាណព​អន់​ចិត្ត​ជា​ខ្លាំង ក៏​ទៅ​ជួប​សុក្រឆរ្យៈ សុំ​ឈប់​បន្ត​កូរ​សមុទ្រ​ទឹក​ដោះ​បន្ត​ទៀត។ ប៉ុន្តែ​សុក្រឆរ្យ​មិន​យល់​ស្រប​តាម។

អវតារ​មោហិនី

ការ​កូរ​ទឹក​សមុទ្រ​ក៏​បន្ត។ បន្ទាប់​មក​ទៀត​ក៏​ផុស​ចេញនារី​ម្នាក់ មាន​ភ្នែក​ជា​ផ្កា​ឈូក នាង​គឺ​វរុនី ជា​ទេពធីតា​នៃ​សុរា។ ពួក​អសុរា​ក៏​ចាប់​យក​នាង។ ជា​ចុង​ក្រោយ​ក៏​ផុស​ចេញ​បុរស​ម្នាក់​មាន​ដៃ​វែង​ សាច់ដុំ​ធំ កាន់ថូរ​មួយ​ដាក់​ទឹក​អម្រឹត​។ អ្នក​នោះ​គ្មាន​នរណា​ក្រៅ​ពី ធន្វន្ត​រី[1] ទេ គឺ​ជា​អ្នក​បង្កើត​អយុរវេទ។ ពួក​ទេវតា​និង​ទានព​ជ្រួល​ច្របល់​ជា​ខ្លាំង។ មាន​ពួក​ទាណព​ម្នាក់​​ ដែល​លោភលន់​ជា​ខ្លាំង ក៏​ឆក់​យក​ទឹក​អម្រឹត​រួច​រត់​ទៅ​បាត់​ទៅ។ ដូច្នេះ​ពួកទេវតា​​គេ​ក៏ពឹង​​ព្រះ​វិស្ណុម្តង​ទៀត ដែល​ពេល​នោះ​ព្រះ​វិស្ណុ​មាន​ព្រះ​បន្ទូល​ថា មិន​អាច​អោយ​ពួក​ទាណព​គ្រប់​លោក​បាន​ជា​ដាច់​ខាត។ បើ​បណ្តោយ​អោយ​ដូច្នេះ រោមនឆន របស់​ជីវិត​នឹង​ត្រូវ​បំផ្លាញ​ជា​មិន​ខាន។ ដូច្នេះ​គាត់​ក៏​យល់​ព្រម​ជួយ​ពួក​ទេវតា។

នៅ​ពេល​នោះ ពួក​អសុរា​ក៏​កំពុង​តែ​ឈ្លោះ​គ្នា​ដណ្តើម​ផឹក​ទឹក​អម្រឹត​មុន។ ព្រះវិស្ណុប្រែកាយ​ជាស្រី​ស្អាត​ម្នាក់​មាន​ឈ្មោះ​ថា ​មហិនី។ មាន​សម្បុរ​ខ្មៅ​ភ្លឺ កាយ​ស្រឡូន និង​ទាក់​ទាញ​ជា​ខ្លាំង។ នៅ​ពេល​ដែល​មហិនី​ចូល​ទៅ​ដល់​ក្នុង​វាំង​របស់​ពួក​ទាណព ពួកទាណព​មិន​ទាន់​ផឹក​អម្រឹត​នៅ​ឡើយ។ ដំណើរ​របស់​នាង ស្នាម​ញញឹម​របស់​នាង​ កែវ​ភ្នែក​របស់​នាង បាន​ធ្វើ​អោយ​ពួក​ទាណព​ឈ្លក់​វង្វេង ពួក​គេ​រវល់​គិត​តែ​អំពី​នាង ក៏​ទុក​អម្រឹត​ចោល។ ពួក​អសុរា​ក៏​សួរ​នាង​ថា “​ស្រី​ស្អាត នាង​ជា​នរណា? នាង​មក​ពី​ណា? ប្រាប់​ពួក​យើង​មក​នាង​ជា​កូន​នរណា។ នាង​ស្អាត​ណាស់។ នាង​មក​ទី​នេះ​ចំ​ជា​ឱកាស​ល្អ​មែន។ ឥលូវ​នេះ​ពួក​អសុរា​យើង​ ពិត​មែន​តែ​មាន​ឪពុក​តែ​មួយ​មែន តែ​ពួក​យើង​កំពុង​ឈ្លោះ​គ្នា​ដណ្តើម​ទឹក​អម្រឹត។ យើង​ចង់​អោយ​នាង​ជួយ​ចែក​​ទឹក​អម្រឹត​ដល់​ពួក​យើង ដូច្នេះ​ពួក​យើង​នឹង​មិន​ឈ្លោះ​គ្នា​ទៀត​ទេ”។

នាង​មោហិនី តប​ថា “តើ​បុគ្គល​ខ្ពង់​ខ្ពស់​ដូច​​ជា​អស់​លោក​ អាច​ទុក​ចិត្ត​នឹង​ស្រ្តី​ចូល​ចិត្ត​សប្បាយ​ដូច​ខ្ញុំ​យ៉ាង​ដូចម្តេច​ទៅ? មែន​ហើយ​គ្មាន​បណ្ឌិត​ណា​ដែល​ធ្វើ​បែប​នេះ​ទេ”។ ដោយ​ពាក្យ​រំលឹក​បែប​នេះ នាង​បាន​ធ្វើ​អោយ​ពួក​អសុរា​កាន់​តែ​ទុក​ចិត្ត​នាង​ថែម​ទៀត។ ពួក​គេ​បាន​សើច​ក្អាក​ក្អាយ ដោយ​ដៃ​កាន់​ទឹក​អម្រឹត​ទៅ​អោយ​នាង។ ដោយ​ទទួល​យក​ទឹក​អម្រឹត​បាន​ហើយ នាង​មោហិនី និយាយ​ដោយ​សំដី​ផ្អែម​ល្ហែម​ថា “អ្នក​ត្រូវ​យល់​ព្រម​តាម​អ្វី​ដែល​នាង​ខ្ញុំ​សំរេចអោយ​ធ្វើ ត្រូវ​ក៏​ដោយ​ខុស​ក៏​ដោយ បែប​នេះ​ទើប​ខ្ញុំ​យល់​ព្រម​ចែក​ទឹក​អម្រឹត​អោយ”។ ពួក​អសុរា​ ប្រាជ្ញា​របស់​ពួក​គេ​ងងិត​ស្លុប​ដោយ​សារ​តែ​សម្រស់​របស់​នាង មិន​បាន​ពិចារណា​លើ​សំដី​របស់​នាង​អ្វី​បន្តិច​ ក៏​យល់​ព្រម​នឹង​លក្ខខណ្ឌ​របស់​នាង។

នាង​និយាយ​ថា ពួក​ទេវតា​នឹង​ត្រូវ​អញ្ជើញ​​ដើម្បី​មក​បង្ហាញ​ថា ទាណព​ខ្លាំង​ពូកែមែន បង្ហាញ​ថា ពួក​ទាណព​មាន​កិត្តិយស​ និង​ស្រឡាញ់​យុត្តិធម៌។ បន្ទាប់​ពី​រួញ​រា​ចិត្ត​បន្តិច​មក កាលកេតុ​ក៏​យល់​ព្រម ហើយ​ពួក​ទាណព​ក៏​អញ្ជើញ​ពួក​ទេវតា។ ក្នុង​នាម​ជា​អ្នក​អធិថិសត្ករ មហិនី​ក៏​សុំ​កាលកេតុ យក​អម្រឹត​ទៅ​ចែក​ចាយ​ដល់​ភ្ញៀវ​ដែល​ជា​ពួក​ទេវតា។ កាលកេតុ​ក៏​យល់​ព្រម​ដោយ​គ្មាន​ការ​សង្ស័យ។ ទាណព ស្វរភានុ សង្ស័យ​ជា​កល​ល្បិច ក៏​បន្លំ​ខ្លួន​ជា​ពួក​ទេវតា រួច​ចូល​រួម​ក្នុ​ង​ចំណោម​ពួក​ទេវតា។ មហិនី​មិន​ដឹង ក៏​ចែក​ទឹក​អម្រឹត​ទៅ​អោយ​គាត់។ តែ​ទេវតា ចន្ទ្រា​ទេវ ដឹង​ទាន់​ ក៏​ប្រាប់​រឿង​នេះ​ដល់​មោហិនី ​ មោហិនី​ក៏​កាឡា​ជា​ព្រះ​វិស្ណុ​វិញ។ ព្រះ​វិស្ណុ​ខឹង ក៏​កាត់​ស្វរភានុ​ដាច់​ជា​ពីរ។ នៅ​ពេល​ដែល​ស្វរភានុ​ត្រូវ​បាន​ព្រះ​វិស្ណុ​សម្លាប់ សូម្បី​តែ​អម្រឹត និង សំជីវិន​មន្ត្រ​​ក៏​មិន​អាច​ជួយ​ស្រោច​ស្រង់​ជីវិត​គាត់​បាន​ដែរ។​ស្វរភានុ​ត្រូវ​បាន​កាត់​ជា​ពីរ​កង់ ក្បាល​និង​ខ្លួន។ ក្បាល​ក៏​ក្លាយ​ជា​រាហូ និង ខ្លួន​ក្លាយ​ជា​ កេតុ។ ដោយ​ព្រះ​ចន្ទ​ជា​អ្នក​បក​អាក្រាត​កល​ល្បិច​របស់​ស្វរភានុ រាហូ​និង​កេតុ​ក្លាយ​ជា​សត្រូវ​របស់​ចន្ទ្រា​ទេវ​ជា​រៀង​​រហូត​មក។

ពួក​ទាណព​ ដឹង​ថា​មោហិនី តាម​ពិត​ជា​ព្រះវិស្ណុ។ កាលកេតុ​ភ័យ​ព្រួយ ពេល​ដឹង​ថា អម្រឹត​អស់​រលីង​ពី​ថូរ​ទៅ​ហើយ។ អម្រឹត​ទាំងអស់​ត្រូវ​ពួក​ទេវតា​ផឹក​អស់​ហើយ។ កាលកេតុ​ក្តៅ​ក្រហាយ ក៏​ប្រញាប់​ទៅ​សម្លាប់​ព្រះ​វិស្ណុ។ តែ​ព្រះ​វិស្ណុ​គេច​ខ្លួន។ នៅ​ចុង​បញ្ចប់ កាលកេតុ​និង​បក្សពួក ដឹង​ខ្លួន​ថា​ចាញ់​បោក​គេ​ម្តង​ទៀត ហើយ​ពេល​នេះ​ច្បាស់​​ជា​ចាញ់សង្គ្រាម​មិន​ខាន។ សុក្រឆរ្យ​ក្តៅ​ក្រហាយ​ជា​ខ្លាំង។ គាត់​ប្រកាស​ថា នរណា​ដែល​ធ្លាក់​ក្នុង​សំណាញ់​សម្រស់​របស់​ស្ត្រី មិន​អាច​ធ្វើ​អ្វី​បាន​សំរេច​ទេ ក្នុង​ជីវិត។

[1] អាន​ថា ធន់ ន្វាន់ តៈ រ៉ី។ ធន្វន្តរី ជា​គ្រូពេទ្យ​ឥណ្ឌា​សម័យ​បុរាណ និង​ជា​គ្រូ​ពេទ្យ​វះ​កាត់​ដំបូង​បង្អស់​ម្នាក់​លើ​លោក។ តាម​ប្រពៃណី​ហិន្ឌូ គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​បង្កើត​អយុរវេទ។ គាត់​ពូកែ​ខាង​ប្រើ​​រុក្ខជាតិឱសថ ហើយ​ជា​អ្នក​រក​ឃើញ​លក្ខណៈ​អង់ទី​សិបទិច របស់​រមៀត និង​លក្ខណៈ​របស់​អំបិល​ដែល​អាច​ប្រើ​សម្រាប់​រក្សា​សាច់ (ដូច​ជា​ប្រើ​អំបិល​ប្រលាក់​ត្រី..) ដែល​គាត់​បាន​យក​មក​ប្រើ​ក្នុង​ការ​ព្យាបាល​របស់​គាត់។​ ការ​វះ​កាត់​របស់​គាត់​ទាំង​អស់​ ធ្វើ​ទៅ​ដោយ​គ្មាន​ប្រើ​ថ្នាំស្ពឹក​នោះ​ទេ តែ​ទោះ​ជា​យ៉ាង​ណា វិធី​សាស្ត្រ​របស់​គាត់​ត្រូវ​បាន​គេ​កត់​ត្រា​មក​ថា ទទួល​បាន​ជោគ​ជ័យ​ភាគ​ច្រើន។