ប្រវត្ដិសង្ខេប
បណ្ឌិតសាស្ដ្រាចារ្យ
កេង វ៉ាន់សាក់
Prof.Dr. Keng Vannsak
ថ្ងៃសៅរ៍ ទី16.កុម្ភៈ 2019.ម៉ោង 8:47

ប្រវត្តិសង្ខេប
ឈ្មោះពេញ          :     កេង​ វ៉ាន់សាក់
ថ្ងៃកំណើត           :     ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥
ទីកន្លែងកំណើត     :     ស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង
ឪពុកឈ្មោះ          :     កេង ស៊ីផាន់
មា្តយឈ្មោះ         :     អ្នកម្នាង ជៀស ហន
រៀបការ             :     ភរិយាមាននាម ស៊ុយស្ហាន កុលលើវីល(1)
មរណៈភាព         :      ថ្ងៃទី ១៨ ខែធ្នូ ២០០៨
ស្នាដៃ និង ការតែងនិពន្ធ
- អ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខ និង​ធ្លាប់​បាន​
- និពន្ធ​សៀវភៅ​ស្រាវ​ជ្រាវ​វប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ ជាច្រើនមាន៖
រឿង ល្ខោន៖
- សាច់ពុំបាន​ស៊ី​យក​ឆ្អឹង​ព្យួរក​ ៥ឈុត​សំដែង​នៅឆ្នាំ​ ១៩៤៤
- អន្ទិត​គោលោត​ ៥ឈុត​សំដែង​នៅ​ឆ្នាំ​ ១៩៤៤ (ពណ៌នាពី​បញ្ហា​ទំនៀម​និយម​ និង ​ទំនើប​និយម​)
កំណាព្យ៖
- ចិត្ដ​ក្រមុំ​, ភ្នំពេញ​, ១៩៥៤
- គុកកាមកិលេស, ភ្នំពេញ ១៩៥៦
- អន្ដ្រែង​ៗ ក្រលិតក្ដអែង Montmorency/ 1972
- អោយតែ​ខ្មែរ​រស់ Montmorency/ 1972
- ធើទៅអាថា Montmorency/ 1978
- អាទួអាទា Montmorency/ 1979
- ខ្មែរស្លាប់​ខ្មែររស់ Montmorency/ 1981
- ចិនទេសង់អង្គ Montmorency/ 1986
សិក្សាកថា
- មូលភាព​នៃ​ការបង្កើត​ពាក្យ​ថ្មី​, ភ្នំពេញ​ មហាវិទ្យា​ល័យ​អក្សរសាស្ដ្រ​ ១៩៦៤។
- សូរស័ទ្ធខ្មែរ​, ភ្នំពេញ​ មហា​វិទ្យា​ល័យ​អក្សរសាស្ដ្រ​ ១៩៦៦
- Quelqes aspects de la littérature Khmère. Phnom Penh Faculté des Lettre 1965 (Réedité Réflexion sur la literature Khmère La revue francaise “présente le Cambodge” Paris 1968 P31-34
- Ramker ou Ramayana khmer Phnom Penh 1969
- Recherche d’un fond culturel Khmère these de doctorat de 3éme cycle, Université der Paris IV 1971
- Apperçu de la Révolution Palpoliste (Khmer-Rouge) Montmorency 1977
- Tragédie d’un people(Khmère) Montmorency 1981 (Peème)

ការសិក្សា និង មុខងារ
    លោក​បណ្ឌិត​សាស្ដ្រា​ចារ្យ​កេង វ៉ាន់សាក់ មាន​ឈ្មោះ​ល្បី​សុះ​សាយ ក្នុង​ក្នុង​សង្គម​ខ្មែរ គ្រប់ៗ​ជំនាន់​។ លោក​គឺ​ជា​មនុស្ស​ម្នាក់​ពូក​កែ មិន​ងាយ​នឹង​រក​មនុស្ស​ដទៃ​ណា​មក​ប្រៀប​ធៀប​បាន​ឡើយ​។​ នៅ​យុវ​វ័យ​ ពេល​ប្រលង​ជាប់​មធម្យ​សិក្សា​ប័ត្រ​ភាគ​២ ខាង​ផ្នែក​ទស្សនៈ​វិជ្ជា​នៅ​ឆ្នាំ ១៩៤៦ លោក​បាន​ទៅ​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​បារាំង​។ នៅ​ក្រុង​បារីស ប្រទេស​បារាំង​ ពេល​កំពុង​សិក្សា លោក​បាន​ធ្វើ​ជា​ជំនួយ​ការ សាស្ដ្រា​ចារ្យ​ភាសា​ខ្មែរ នៅ​សាលា​ភាសា​បូព៌ា​ប្រទេស ពី​ឆ្នាំ ១៩៤៧ រហូត​ដល់​ ឆ្នាំ ១៩៥១ នៅ​ក្នុង​ចន្លោះ​ពេល​នេះ​លោក​បាន​ប្រលង​ជាប់ បរិញ្ញា​ប័ត្រ​អក្សរ​សាស្ដ្រ ផ្នែក​ទស្សន​វិជ្ចា​នៅ​មហា​វិទ្យា​ល័អក្សរ​សាស្ដ្រ​ មនុស្ស​សាស្ដ្រ​ក្រុង​បារី នៅ​ឆ្នាំ​១៩៥១​។

    ត្រង់​នេះ​ ក៏​អាច​បញ្ជាក់​អោយ​ឃើញ​ថា​ លោកបណ្ឌិត​សាស្ដ្រា​ចារ្យ​ កេង វ៉ាន់​សាក់ ​មិន​មែន​ស្ថិត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​បញ្ហា​ ចំរូង​ចំរាស់​ ច្របូក​ច្របល់​ណា​មួយ​ឡើយ ប៉ុន្ដែ ​ជា​គ្រួសារ​ដ៏​មាន​សមត្ថភាព និង ប្រកប​ដោយ​ភាព​ខ្នះ​ខ្នែង​ក្នុង​ការ​លើក​ស្ទួយ​បុត្រធីតា​អោយ​មាន​ការ​សិក្សា​រៀន​សូត្រ​ ទាំង​សីលធម៌ ទាំង​វប្ប​ធម៌​បាន​យ៉ាង​ខ្ពង់​ខ្ពស់​ ដោយ​​មេត្ដា​​អាណិត​​ស្រ​សាញ់​ ​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​សង្គម​រស់​នៅ​។

    ការ​​ដាក់​ជំនឿ​អរូបិយ​ទៅ​លើ​បាតុភូត​ធម្ម​ជាតិ​ណាមួយ ជា​កំហុស​ឧប​ទ្រព្យ​ចង្រៃ​ពី​បុគ្គល​នេះ​ មនុស្ស​នេះ ​បាន​នាំ​មក​នៅ​សោក​នាដ​កម្ម​ ដ៏​គួរ​អោយ​ភ័យ​ខ្លាច​យ៉ាង​​ខ្លាំង​ក្រៃ​លែង​។ ប្រវត្ដិ​សាស្ដ្រ​អតី​កាល​ក្នុង​រាជ​ព្រះ​ស្រី​សុគន្ធ​បទ ទ្រង់​​ព្រះ​​សុបិន​​និមិត្ត​​ឃើញ​​ មាន​នាគ​មួយ​ធំ​មាន​ឫទ្ធិ​មហិមា​ មក​ដេញ​ព្រះ​អង្គ​ និង​ មនុស្ស​ម្នា​ ឲ្យ​រត់​ចេញ​អស់​ពី​ព្រះ​រាជ​វាំង​ ហើយ​ព្រួស​ពិស​ជា​ភ្លើង​ឆេះ​ដាល​ពេញ​ទាំង​ព្រះ​មហា​នគរ​។ អំណាច​ភ្លើង​នោះ​ ក្ដៅ​ពន់​ប្រមាណ​ណាស់​ ឃើញ​ហាក់​ដូច​ជា​នាគ​នោះ​ ស្ទុះ​ចូល​មក​ខាំ​ពាំ​ស្វេត​ច្ឆ័ត្រ​ នាំ​ទៅ​កាន់​ទិស​បូព៌ា​។ ព្រះ​អង្គ​បាន​យក​សុបិន​និមិត្ដ​ទៅ​អោយ​ហោរា​ទស្ស​ទាយ។ ហោរា និង មន្ដ្រី​រាជ​រាំង ដែល​មាន​ការ​ច្រណែន គំកួន ស្អប់​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន ​ដែល​កើត​ឆ្នាំ​រោង ត្រូវ​នឹង​ពង្ស​នាគ ជា​មនុស្ស​ម្នាក់​មាន​ឋានៈ​ មក​ពី​ពល​ព្រះ មាន​សតិ​បញ្ញា​វៃ​ឆ្លាត ​សិក្សា​រៀន​សូត្រ​អ្វី​ៗ​ឆាប់​ចេះ​ឆាប់​ចាំ​ គ្រប់​បែប​យ៉ាង ហើយ​ត្រូវ​បាន​តែង​តាំង​​ជា ឃុន​ហ្លួង​ព្រះ​ស្ដេច​ ធ្វើ​អោយ​ពួក​មន្ដ្រី​បរម​រាជ​រាំង​ មិន​ពេញ​ចិត្ដ​ហើយ​ថែម​ទាំង​ចង់​កំចាត់​ចោល​​អោយ​ផុត​ទៅ​។ ហោរា​ តាំង​​លេខ​​តំរា​ គន់​​គូរ​​បូក​​ហត្ថ​​ទៅ​ទៀត​ ដឹង​ច្បាស់​ក្នុង​តំរា​ហើយ​ក្រាប​ទូល​ថា ​: " រាជ​សត្រូវ​នោះ​ នៅ​ក្នុង​ព្រះ​នគរ​"​។ វា​កើត​ឆ្នាំ​រោង​ ពង្ស​នាគ​។ ទំនាយ​នេះ​ ឃើញ​ចំពោះ​ ត្រូវ​ត្រង់​ខ្លួន​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន​ ដ្បិត​ជតា​រាសី​របស់​វា​កំពុង​ឡើង​ខ្លាំង​ណាស់​។​ ទំនាយ​ថា​ បើ​កើត​កលិ​យុគ​ម្ដង​នេះ​ គឺ​កើត​មក​ពី​ឃុន​ហ្លួង​​ព្រះ​ស្ដេច​កន​នេះ​​ឯង​ ព្រោះ​វា​កើត​ឆ្នាំ​នាគ​។​ នាគ​ដើម​ឆ្នាំ​នេះ​ កំពុង​ក្លា​ហាន​ណាស់​ សូម​ទ្រង់​ជ្រាប​។ សូម​ព្រះ​អង្គ​ ស្ដេច​កុំ​ប្រ​ហែស​ព្រះ​អង្គ​ឡើយ​។​

    ចាប់​តាំង​ពេល​នោះ​មក ព្រះ​សុគន្ធ​បទ ក៏​រៀប​ចំ​គំរោង​ដើម្បី​កំចាត់​ឃុន​ហ្លួង​ព្រះ​កន​ចោល ដោយ​ធ្វើ​កិច្ច​កល ​ទៅ​បង់សំណាញ់​ និង សំលាប់​ឃុន​ហ្លួង​ចោល​នៅ​កណ្ដាល​ទន្លេ​ទឹកជ្រៅ​។ ឃុន​ហ្លួង​ព្រះ​ស្ដេច​កន មិន​ស្លាប់ ​ហើយ​បានរត់ទៅ​ករ​ទ័ព​ច្បាំង​ក្បត់​ផែន​ដី​មែន​ទែន​តែ​ម្ដង​ទៅ​។​ រឿង​មិន​ចុះ​សំរុង​គ្នា មិន​ទុក​ចិត្ដគ្នា បាន​អូស​បន្លាយ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​មិន​ចប់​មិន​ហើយ​ ការ​ផ្ទុះ​សង្គ្រាម កាប់​សំលាប់​គ្នា ក៏​មិន​ចប់​មិន​ហើយ​។

    បទកំនាព្យពាក្យសំដី ក្នុងកាព្យទាំងនេះហើយ អាចអោយយើងធ្វើការសិក្សា ពីភាពប្រាកដនិយម និង អំពី​ភាព​ទន់​ភ្លន់​ នៃ​កវី ដ៏​ពោរ​ពេញ​ទៅ​ដោយ​វោ​ហារ ជានិមិត្ដរូបារម្មណ៍ ​ផ្អែម​ត្រជាក់​ ពីរោះ​មាន​ន័យ​ដ៏​ធំ​ធេង​ ដោយ​​អិត​បាន​រក​រឿង​តវ៉ា​អ្វី​សោះ​ឡើយ​។​ មុន​ នឹង​ចាប់ផ្ដើម​ លោក​បាន​ពន្យល់​យ៉ាង​ច្បាស់​អំពី​ «គុក» គុក​នៅ​ទី​នេះ​ គឺ​មិន​មែន​មាន​សេច​ក្ដី​ខ្លឹម​សារ​ត្រឹម​ជា​នាម​ស័ព្ទ គឺ​ រណ្ដៅ​​ដែល​គេ​ជីក​លង់​ដី​ធ្វើ​ជា​ជើង​ក្រាន​សម្រាប់​ដាំ​ខ្ទះ​ ឬ ​ថ្លាង​ធំៗ ស្ងោរ​, រំងាស់​, ដាំស្ល ឬ ក៏ ជាកន្លែង​សម្រាប់​ដាក់​ឃុំ​ខាំង​មនុស្ស​ទោស​ នោះទេ។ «គុក» ដែល​លោក​បាន​ពោល​លើក​ឡើង​ គឺ​មាន​ន័យ​ប្រៀប​ធៀ ​គឺ​ ខ្លួន​អែង​ ជាប់​ នឹង ខ្ឡួន​អែង​ ​ជា​គុក គឺ​ថា​យើង​នៅ​ជំពាក់​វាក់​វិន​ នឹង​ខ្លួន​អែង​នេះ​ជា​និច្ច​មិន​អាច​ចេញ​ទៅ​ណា​បាន​ ហើយ​ខ្នោះ​ច្រវាក់ ​ឬ​ ជញ្ជាំង​គុក ដែល​ឃុំ ​ចង​ ខ្លួន​ នោះ​គឺ ចិត្ដ​ នាម​រូប ​កាយ​ ដែល​ការ​រស់​នៅ ​រង ​សុខ​-​ទុក្ខ​វេទនា​ហ្នឹង​អែង​។ បច្ចុប្បន្ន​ក៏​គុក អតីត​ក៏​គុក អនាគត​ក៏​គុក ក្នុង​ខ្លួន​ក៏​គុក ​ក្រៅ​ខ្លួន​ក៏​គុក​ទាំង​អស់​។​ លោក​បាន​បន្ទោស​ទៅ​លើ​កម្ម​ផល ដោយ​ពាក្យ​យ៉ាង​សុភាព​រាប​សា​ទន់​ភ្លន់​យ៉ាង​ពីរោះ ​បែប​ពុទ្ធ​និយម​ទៅ​វិញ​ថា​៖​

អោយបងបានអីលួងលោមស្រស់ស្រីក្រៅពីចិន្ដា
សូមអូនកុំឆ្ងល់កម្មផលទេណាអោយបងអសារ
បាត់បង់សេរី។
កាលបងនៅក្មេងកាលគ្មានអីលេងបងបានចាប់ត្រី
ដាក់ដបចិញ្ចឹមត្រីក្រឹមពីរបីបំបាត់សេរី
មច្ឆាកំសត់។
រស់ គឺប្រាថ្នាសង្ឃឹមចេតនារាល់រូបរាងកាយ
ទោះបានក្រីក្របានអរ បានស្ដាយព្រួយ ឬ សប្បាយ
សង្ឃឹម ទៀតដែរ។

    យើង​ឃើញ​ទឹក​ចិត្ដ​ដ៏​មោះ​មុត របស់​កវី ដែល​ស្វិត​ក្រៀម​ស្រពោន​ ប្រើ​វិធី​លួង​លោម​ខ្លួន​អែង​ម្យ៉ាង​ ដោយ​ទស្សនៈ​បរិ​សុទ្ធ​និយម​ ក្នុង​សីល​​ធម៌​មនុស្ស​​ជាតិ​​យ៉ាង​​ខ្ព​ង់​ខ្ពស់​ ដោយ​ក្ដី ស្នេហា ស្រលាញ់ និង ក្ដី​សង្ឃឹម​ជានិច្ច​។ អោយ​តែ ​រស់​ គឺ សង្ឃឹម ជា​ដរាប​ តំលៃ​ជីវិត​មនុស្ស​រស់​នៅ​ គឺ «សង្ឃឹម» យក​សេច​ក្ដី​​សង្ឃឹម​​ទៅ​វាយ​បំបែក​អោយ​ធ្លាយ​ជញ្ជាំង​ «គុក​កាមកិលេស» ហើយ​នឹង​ប្រែ​ទៅ​ជា​ស្ថាន​សួគ៌​វិញ​។

    កំណាព្យ «គុកកាមកិលេស» ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ នៅ​ពេល​ដែល​លោក​រួច​ខ្លួន​ចេញ​ពី​គុក ​ហើយ​បាន​ទទួល​អិទ្ធិពល​ ដ៏​ខ្លាំង​ក្លា​ទៅ​លើក​វិនិពន្ធ​ខ្មែរ នៅ​ជំនាន់​នោះ​។ ពីឆ្នាំ ១៩៥៨ ដល់ ១៩៦២ លោក​មាន​តំណែង​ ជា​ព្រិទ្ធ​បុរស​មហា​វិទ្យា​ល័យ​អក្សរ​សាស្ដ្រ និង មនុស្ស​សាស្ដ្រ និង ជា​ចាង​ហ្វាង​វិទ្យា​ស្ថាន​ជាតិ​គរុ​កោសល្យ ១៩៥៨ - ១៩៦០ ។ លោក​បាន​ទៅ​បង្រៀន​អក្សរ​សាស្ដ្រ វប្ប​ធម៌ អរិយ​ធម៌ ខ្មែរ នៅ​មហា​វិទ្យា​ល័យ​ អក្សរ​សាស្ដ្រ និង មនុស្ស​សាស្ដ្រ ​ហើយ​និង ពុទ្ធិក សកល​វិទ្យា​ល័យ ភ្នំ​ពេញ​រហូត​ដល់​ឆ្នាំ ១៩៦៨​។ នៅពាក់​កណ្ដាល​​ឆ្នាំ ១៩៦៨ រដ្ឋា​ភិបាល បញ្ឈប់​លោក​អោយ​លែង​ប​ង្រៀន​ហើយ​បាន​អោយ​ភ្នាក់​ងារ​ឃ្លាំ​​មើល​គេហ​ដ្ឋាន​លោក​ទៀត​ ដោយ​ជាប់​ចោទ​ថា​ ជា​អ្នក​បំបះ​បំបោរ​និស្សិត​ និង សិស្ស​នានា​អោយ​ធ្វើ​សកម្ម​ភាព​ប្រឆាំង​រដ្ឋា​ភិបាល​ជំនាន់​នោះ​។ អាជ្ញា​ធរ​ជំនាន់​នោះ​បានឆែក​រុក​រក​នៅ​ផ្ទះ​សាស្ដ្រា​ចារ្យ​នេះ​ ឃើ​ញ​មាន​សៀវ​ភៅ​ «ម៉ាក, ម៉ៅ» និង ទស្ស​នា​វដ្ដី​ប្រទេស​ចិន។ល។ នៅ​បណ្ណា​​ល័យ​​ផ្ទាល់​របស់​លោក​ ជា​ហេតុ​នាំ​អោយ​​ អាជ្ញា​ធរ​ក្រ​សួង​​សន្ដិ​សុខ​ចាប់​លោក​ឃុំ​ នៅ «រាជ​បណ្ឌិត​សភា​នគរ​បាល​»​ ជា​មួយ​​លោល​សូ នែម​ និង លោក​ ភួង កុន​ ដោយ​​ចោទ​​​ថា​ ជា​ពួក​កុម្មុយ​និស្ដ​និយម​ បាន​បំបះ​បំបោរ​និស្សិត​ និង ប្រជា​ជន​អោយ​ប្រឆាំង​ នឹង រាជ​រដ្ឋា​ភិបាល​​សង្គម​រាស្ដ្រ​និយម​។​

    បន្ទាប់ពីសភាពការណ៍នយោបាយ​ នៅ​ឆ្នាំ​ ១៩៧០ ដែលធ្វើ​ឡើយ​ដោយ​ឧត្ដមសេនីយ​ លន់​ នល់​ ប្រ​ទេស​កម្ពុជា​បាន​ក្លាយ​ជា​សាធារណ​រដ្ឋ​ខ្មែរ​ រដ្ឋា​ភិបាល​ថ្មី​បាន​ផ្ដល់​និតិ​សម្បទា​ អោយ​លោក​វិញ​ ហើយ​បាន​បង្កើត​ «វិទ្យាស្ថាន​ខ្មែរ​​-​មន» ដោយ​តែង​តាំង​លោក​ជា​មេ​ដឹក​នាំ​ស្ថាប័ន​នេះ​ក្នុងគោល​បំណង​លើក​ដំកើង​វប្បធម៌​ខ្មែរ​-មន​ អោយខ្ពង់ខ្ពស់​ ដើម្បី​អោយ​ជន​ជាតិ​ខ្មែរ​មាន​មោទន​ភាព​ជា​ខ្មែរ​ និង បង្រួបបង្រួម​ខ្មែរ​ទូទៅ​នោះជុំ​វិញ​កេរ្ដិ៍​ មរតក​វប្បធម៌នេះ ជាអាវុធ​អាច​ប្រឆាំង​ នឹង ចក្រ​ព័ត្រ​ យៀក​ណាម​កុម្មុយ​និស្ដ​។ លោកបាន​ធ្វើ​និក្ខេបបទមួយ​ ដែល​បាន​ការ​ពារ​នៅ​សកល​វិទ្យា​ល័យ​ស្ហកបោន (Sorbonne) នៅ​ឆ្នាំ​ ១៩៧១ មានចំណង​ជើង​ថា Recherche d’un fond Culturel Khmer ការស្រាវជ្រាវ​រក​រិស​គល់​មួយ​នៃវប្បធម៌​ខ្មែរ​។ សាស្ដ្រាចារ្យ​កេង វ៉ាន់សាក់​ជាបញ្ញាជន​មួយ​រូប​ក៏កម្រ​ ដែល​មាន​ចក្ខុ​វិស័យ​ និង គំនិត​សាកល​វែង​ឆ្ងាយ​ លើវប្បធម៌​អរិយ​ធម៌​ខ្មែរ​យើង​។ សាស្ដ្រាចារ្យ​រូប​នេះ​មាន​អិទ្ធិពល​ទៅ​លើ​សាស្ដ្រា​ចារ្យ​អក្សរ​សាស្ដ្រ​ខ្មែរ​ជា​ច្រើន​ជំនាន់​នៅ​ស្រុក​ខ្មែរយើង​។ ក្រោយ​បានទទួល​តំណែងជា​ភួឈួយ​ប្រតិ​ភូអចិន្ដ្រៃយ៍ នៅ​អង្គការ​អុយនេស្កូ (Unesco) ក្នុងក្រុងប៉ារីស នៅ​ឆ្នាំ​ ១៩៧១ ហើយ​បន្ទាប់មក​មាន​តួ​នាទី​ ជាភរធារី​នៃរដ្ឋា​ភិបាល​សាធារ​ណរដ្ឋ​ខ្មែរ​ប្រចាំ​ ម៉ុងម៉ូ​រ៉ង់​ស៊ី​ (Montmorency) នៅជា​យ​ក្រុង​បារីស​។

    នៅម៉ុងម៉ូរ៉ងស៊ី ​ឆ្នាំ ១៩៧២ លោក​បណ្ឌិត​សាស្ដ្រា​ចារ្យ​កេង វ៉ាន់​សាក់​បាន​បោះ​ពុម្ព​កំណាព្យ «ចំរៀង​ចាប៉ី» អន្ដ្រែង ​អន្ដ្រែង ក៎ល៉ិត​ក្ដ​អែង​ អន្ដ្រែង​អោយ​គេ ដែល​ហាក់​​មើល​ទៅ​ដូច​ជា​ចំរៀង​​សោការ​​មួយទៀត ដ៏​កំសត់​​ ផុស​​ចេញ​ពី​បេះ​ដូង​មនុស្ស​ម្នាក់​​ ដ៏​ស្លូត​បូត ពូកែ​វោហារ​សាស្ដ្រ មាន​ប្រាជ្ញា​វ័យ​ឆ្លាត ពោរ​ពេញ​ដោយ​សមត្ថ​ភាព​ដោះ​ស្រាយ​បញ្ហា​​ផ្សេង​ៗ​ មាន​​បញ្ហា​ស្រុក​ទេស​ជា​ដើម​ តែ​ដល់​ពេល​ចូល​ជរា​ភាព​ ស្រុក​​ចុះ​ដុន​ដាប ខ្មែរ​​បែក​សាមគ្គី​គ្នា​ អ្នក​​កាន់​អំណាច​​ខ្មែរ​មាន​ចិត្ដ​ទន់​ខ្សោយ​ ខ្មាំង​ចូល​រុក​រាន​ពាស​ពេញស្រុក លោក​បណ្ឌិត​សាស្ដ្រា​ចារ្យ​ហាក់​​ធ្វើ​អ្វី​លែង​កើត​ត​ទៅ​ទៀត​​​។​ នៅ​ក្នុង​បទ​សម្ភាស​មួយ​ជា​មួយ​វិទ្យុ​អាស៊ី​​សេរី​​លោក​ធ្លាប់​មាន​​ប្រសាសន៍​ថា «កាល​ហ្នឹង ខ្ញុំ​ជា​អ្នក​ស្រលាញ់​ជាតិ ស្រលាញ់​ស្រុក ស្រលាញ់​ខ្មែរ​ហ្នឹង​ ហើយ​ដឹង​ថា​ខ្មែរ​ហ្នឹង​កំពុង​តែ​ជាប់​ភាសា​បារាំង​ ភាសា​ចិន ភាសា​យួន ដោយ​សារ​មេ​ដឹក​នាំ​ខ្មែរ​ពុក​រលួយ​ ដោយ​សារ​ស្ដេច​យើង ដឹង​​អាហ្នឹង​​ទៅ​ឈឺ​​ចាប់​​រហូត​​អ៊ី​ចឹង​មក​»

    ចំរៀង, ភ្លេង, ​ស្ដាប់​ចំរៀង​​​ ឬ ច្រៀង​, លេងភ្លេង​តន្ដ្រី​ គឺ​ជា​គ្រឿង​ឧប​ករណ៍​ នៃ​ការ​លួង​លោម​ចិត្ដ​ម្យ៉ាង​ កុំ​អោយ​សោក​សៅ ឬ​ នឿយ​​ហត់​ពេក​​​។ ចំរៀង​ចាប៉ី គឺ​ជា​ចំរៀង​ខ្មែរ​សុទ្ធ​សាធ​ តាំង​ពី​បូរាណ​កាល​មក​ ​ច្រើន​លើក​ច្រៀង​អំពី​រឿង​ ជាតក ទស​​ជាតក​ លាយ​​លំ​​ដោយ​​វោហារ​​សាស្ដ្រ លែប​ខាយ​ ពាក្យ​សំដី​ចុង​ជួន ​កំប្លែង​​រស់​រវើក​ នៃ​ពិធី​បុណ្យ​ ធ្វើ​អោយ​ពីធីបុណ្យ សប្បាយ​រីក​​រាយ​អ‌៊ឹក​អធឹក​ពន់​ពេក​​ ហើយ​បាន​ជាទី​ពេញ​និយម​របស់​ប្រជា​ជន​ខ្មែរ​ចាស់​ក្មេង​គ្រប់​ច្រក​ល្ហក​​ទូទៅ​។​

    «អន្ដ្រែ​ង​​ៗ» ចំរៀង​ចាប៉ី​របស់​លោក​បណ្ឌិត​សាស្ដ្រា​ចារ្យ​កេង វ៉ាន់​សាក់​ មិន​មែន​ច្រៀង​ពី​រឿង​ជាតក​នោះ​ទេ​ តែ​មាន​ន័យ​​ពីរោះ​ជក់​​ចិត្ដ​ ​ដូច​រឿង​​​ជាតក រឿង​រាម​កេរ្ដិ៍​ផង​ដែរ​​​ ព្រោះ​មាន​​អត្ថ​ន័យ​ប្រៀ​ប​ធៀប​ ​ក្នុង​​បញ្ហ​​សង្គម​​ បញ្ហា​​នយោ​​បាយ​​ដឹក​នាំ​ស្រុក​ជា​​ដើម​ដែរ​​ «អន្ដ្រែង​ អន្ដ្រែង ក៎ល៉ិត​ក្ដ​អែង​សោះ ដើរ​អន្ដ្រែង​អោយ​គេ ក៏​មាន​ន័យ​ថា​ ​ អ្នក​ប្រព្រឹត្ដ​នូវ​កំហុស​ខ្លួន​អែង​សោះ ក៏​យក​ទៅ​បោះ​ទំលាក់​កំហុស​ (អន្ដ្រែង) អោយ​គេ ចោទ​​ប្រ​កាន់​​គេ ដោយ​​​ទោស​ផ្សេង​​ ​ហើយ​ក៏​ចាប់​ទាំង​មេ​​ទាំង​កូន​​តែ​ម្ដង​ គឺ​ជា​បទ​ពិសោធន៍​ដ៏​វែង​ឆ្ងាយ​នៃ​​​សកម្ម​​ភាព​​ក្នុង​​ឆាក​នយោ​​បាយ​​ស្រុក​ទេស​ ដែល​លោក​បណ្ឌិត​សាស្ដ្រា​ចារ្យ​​កេង វ៉ាន់​សាក់ ចង់​លាត​ត្រដាង​បង្ហាញ​មហា​ជន​អោយ​​បាន​​ឃើញ​​បាន​ដឹង​​ច្បាស់​គ្រប់​គ្នា​។

អានបន្ដ

(1)អ្នកស្រី ស៊ុយស្ហាន កេង​វ៉ានសាក់ (១៩២១ ២០០៣) បាន​ប្រលង​ជាប់​បរិញ្ញា​ប័ត្រ​រូប​វិទ្យា​ឆ្នាំ ១៩៤៣ នៅ​មហា​វិទ្យា​ល័យ​ក្រុងកង់ (Caen)។ អ្នក​ស្រី​បាន​យក​ចិត្ដ​ទុក​ដាក់​លើ​ការ​សិក្សា​ផ្នែក​អាស៊ី​អគ្នេយ៍ ហើយ​អ្នក​ស្រី​បាន​ប្រលង​ជាប់​សញ្ញា​ប័ត្រ​ភាសា​ថៃ​នា​ឆ្នាំ ១៩៤៥ ហើយ​បាន​ប្រលង​ជាប់​សញ្ញា​ប័ត្រ​ភាសា​លាវ​ និង ភាសា​ខ្មែរ ឆ្នាំ​១៩៤៧​។ ទន្ទឹម នឹង ការ​សិក្សា​ទាំង​នេះ​ អ្នក​ស្រី​បាន​សិក្សា​អក្សរ​សាស្ដ្រ​បារាំង​។ ប្រវិត្ដិ​សិល្ប និង ភូម​វិទ្យា​ទូទៅ​។ នៅឆ្នាំ ១៩៤៥ អ្នក​ស្រីបាន​បង្រៀន​ភាសា​ថៃ ហើយ​នៅ​ឆ្នាំ ១៩៤៧ បាន​ទទួល​ការ​តែង​តាំង​សហការី​នី​ វិទ្យា​សាស្ដ្រ​នៅ​ក្រសួង​ឧតុ​និយម​ជាតិ​ប្រទេស​បារាំង​។​ នា​ឆ្នាំ​សិក្សា​ ១៩៥១ -៥២ អ្នក​ស្រី​បាន​បង្រៀន​ភាសា​លាវ នៅ​សាលា​បូព៌ា (Langues Onrientales) ជំនួស​លោក​សាស្ដ្រ​ចារ្យ រេ នន (M Reinhom) ។ អ្នក​ស្រី​បាន​លះ​បង់​ការ​ងារ​ដ៏​ប្រពៃ​នៅ​ទី​ក្រុង​បារីស របស់​អ្នក​ស្រី ដើម្បី​ចូល​ទៅ​នៅ​ភ្នំ​ពេញ​តាម​ស្វាមី​ នា​ឆ្នាំ ១៩៥២ ហើយ​អ្នក​ស្រី​បាន​ធ្វើ​ជា​សាស្ដ្រា​ចារ្យ​រូប​វិទ្យា​នៅ​វិទ្យា​ល័យ​ស៊ីសុ​វត្ដិ, វិទ្យា​ស្ថាន​ជាតិ​គរុ​កោសល្យ​ និង​ បន្ទាប់​មក​បាន​បង្រៀន​នៅ​មហា​វិទ្យា​ល័យ​ វិទ្យា​សាស្ដ្រ​ភ្នំ​ពេញ​រហូត​ដល់​ ចុង​ឆ្នាំ​សិក្សា ១៩៧១​។ អ្នក​ស្រី​បាន​បង្រៀន​សិស្ស និង​ និស្សិត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ជំនាន់​។ នា​ពេល​ចុង​ក្រោយ​អ្នក​ស្រី​បាន​ត្រលប់​មក​ធ្វើ​ការ​នៅ​ប្រទេស​បារាំង​វិញ​ នា​ខែ​កញ្ញា ១៩៧១ រហូត​ដល់​ពេល​ចូល​និវត្ដន៍​ ហើយ​បាន​រស់​នៅ​ជាយ​ក្រុង​បារីស​ ក្នុង​ស្រុក​ម៉ុង​ម៉ូរ៉ង​ស៊ី (Montmorency) លុះ​ដល់​អវសាន​ជីវិត​នា ឆ្នាំ​ ២០០៣​ ។