កំនាព្យផ្សេងៗ
ដោយបណ្ឌិតសាស្ដ្រាចារ្យ
កេង វ៉ាន់សាក់
Prof.Dr. Keng Vannsak
ចំណាត់ផ្សាយលេខ

ថ្ងៃសៅរ៍ ទី6.មេសា 2019.ម៉ោង 9:13

កំនត់ចំណាំ៖ មាន​កំណាព្យ​ផ្សេង​ៗ​ ជា​ច្រើន​ទៀត​របស់​លោក​បណ្ឌិត​សាស្ដ្រា​ចារ្យ​កេង វ៉ាន់សាក់ ត្រូវ​បាន​រក​ឃើញ និង ចង​ក្រង​ឡើង​វិញ​ដោយ​លោក​បណ្ឌិ ឃឹង ហុកឌី បណ្ឌិត​អក្សរ​សាស្ដ្រ និង មនុស្ស​សាស្ដ្រ នៅ​សាកល​វិទ្យា​ល័យ ស្ហរ​បោន​ក្រុង​បារី។
ខ្ញុំសូមធ្វើការដកស្រង់ និង ចុះផ្សាយឡើងវិញដូចតទៅនេះ៖

អោយតែខ្មែររស់
កេង វ៉ាន់សាក់
១. ​សំពះព្រះគ្រូឃ្លាឃ្លោង​ចត់ជូរជួយព្រួយស្រុកខ្មែរ
ជាតិយំរហាមឈាមដាមស្រូវស្រែក្រែងព្រួយព្រឺដែរ
ព្រោះឈាមខ្មែរច្រាល។
២.កាសែតអ្នកខ្លះលេងល្បែងដៀលត្មះកាច់មួយអុចអាល
ខ្ញុំសូមលេងល្បោយកុំអោយរាលដាលកាព្យឃ្លោងសំរាល
រឿងខ្មែរគ្នាឯង។
៣. ​ល្បោយក្លែបអន្លក់ឆ្ងាញ់មិនលង់លក់ជាតិលេងជាល្បែង
ល្បិចក្រៅល្បិចក្នុងក្រែងផុងជាប់កែងលេងលក់ជាតិឯង
ព្រោះល្បែងមួយឆ្អែត។
៤.​ខ្មាំង​វ៉ៃគគ្រេងធើអីលេង​-លេងឱអ្នកកាសែត
មកច្បាំងប្រជែងគ្នាឯងរកហេតុរឿងជាតិក្រល៉ែត
ទាស់អីខ្ញុំដែរ?។
៥.​ចោមចោត​ទៀតហើយកាលមុនលោកអើយគេថាទាស់តែ
មានវាហ្នឹងមួយ១នាំព្រួយស្រុកខ្មែរចាប់វាបានបែរ
រកសុខវិញបាន។
៦.ចាប់លែងក្លែងច្បាប់​កុំអោយជាតិស្លាប់ចាប់ចុះសុខសាន្ដ
ខ្ញុំមួយដូចចៃមិនថ្លៃប៉ុន្មានញិចអោយខ្មែរបាន
រស់រានគ្រប់គ្នា។
៧,​ឥលូវកាសែតមកសូត្រកែត-កែតចំពេលវេលា
ខ្មាំងយួនខ្មាំងស្ដេចមកផ្ដាច់អ្នកជាចំចេះការពារ
គ្នីគ្នាយើងមែន។
៨.​អាក្រក់ឬល្អពោះវៀនខ្មៅសធ្លាយមកបត់បែន
ពេលខ្មាំងប្រញាប់ប្រកាប់កៀរកែនដឹកខ្មែរទាំងសែន
វាយដំច្របាច់។
៩.​ឱ! អ្នកកាសែតរកពិតរកហេតុអោយជាតិចេះក្នាញ់
អាងអីសេរីអួតអីត្របាញ់ពិតអីត្រង់អញ
ត្រូវខ្លាញ់ខ្លាំងខ្លប។
​ស្អាតស្អំជាងគេមិនស៊ីទេមេស៊ីកូនកើនកប
ស៊ីស្អីរហាមស៊ីតាមរបបពាន់ស្អីកន្ទប
វាត់ស្អីគ្នាឯង។
១១.​វាត់ខ្មែរអែទៀតសុទ្ធសឹងចោលម្សៀតតាមខ្មាំងវាថ្លែង
ពួកពុករលួយរងួយដូចស្រែងរងើមបែកបែង
ដង្កូវរុករើ។
១២.​ដូចមុនម៉្លេះទេធំជើច-តូចជេរតាមជើងខ្យល់ដើរ
មុនជើតជាព្រះសំពះល្ងក់ល្ងើក្បត់ជាតិហើយតើ
ឪពុករលួយ។
១៣.​ កូនធ្លាប់ហែហមធ្លាក់ខ្លាចខ្លបខ្លមចេស្ដាតែមួយ
កូនចៅពេញស្រុកធ្លាប់សុខរលួយឪអើយមកជួយ
ទៀតទៅអាពុក។
១៤.​អាជើងអាដៃអាចោរអាចៃកុំបាច់អុកល៉ុក
វាកែខ្លួនហើយកនអើយទៅមុខវាត្បុលត្រសុក
ចាំឪវាទេ។
១៥.​ចាំខ្វល់ស្អីទៀតចាំតែឈ្លបឆ្លៀតចាក់ខ្សែតាមមេ
ធើ-ថាសិនទៅជាងនៅទំនេរខ្មែរដូចឯងទេ
ស៊ីជាតិដូចគ្នា។
១៦.​បើយួនវាវ៉ៃអ្នកថាអោបដៃក្រាបដូចសត្វទា
បែរថ្កោលទោសទ័ពអ្នកងាប់ធានាសងឈាមអ្នកជា
អោយសល់ដីនៅ។
១៧.​មានហើយរដ្ឋរាស្ដ្របោះឆ្នោតពេញពាសឃ្លោកលិចលង់ទៅ
អំបែងអណ្ដែតត្រសែតហ្មងសៅមិនដឹងសំដៅ
កោះត្រើយត្រង់ណា។
១៨,​ធ្លាប់គេទីមទៀមធ្លាប់អោបដៃស្ងៀមទូលរាជ្យសាសនា
ខ្លុះខ្លបស្រួលណាស់មានម្ចាស់ត្រួតត្រាត្រៀមចាំការងារ
បានព្រឹកបាត់ល្ងាច។
១៩.​រឿងចាស់រឿងថ្មីជាប់មេក្រមីរឿងមេអង់អាច
ប្រកាន់រាស្ដ្ររដ្ឋមេមត់អំណាចមិនស្លូតមិនកាច
ចេះប្រើអ្នកចេះ។
២០.​ក្រអីកាសែតក្រជែងធ្វើពេទ្យជូនជាតិត្រិះរិះ
រឿងខ្មែរពូកែដូចខ្មែរសំគីសកែចុះមះមិះ
អោយតែត្រង់ត្រូវ។
២១.​ពិតខ្ញុំពិតគេសូមលោកបកកេរអោយពិតពេកកូវ
ខុសខូចត្រង់ណាចរចាចែចូវអោយតែរកផ្លូវ
ជូនជាតិបានរស់។
២២.​ឃើញខ្ញុំលក់ខ្លួនចំណេញចំនួនបានប្រាក់សក្ដិយស
ម្ដេចម្ដាប៉ុន្មានមានបានខ្ពង់ខ្ពស់ជាក្បាលពីរពស់
សូមកុំប្រណី។
២៣. ​ហែកហួរត្រដាងញោចញាតិជិតខាងដឹងដើមសេចក្ដី
ពុតពូជពន្លាក់លាមលាក់ក្រមីជេរចុះកុំប៉ី
ញើតញាក់ចាក់ដោត។
២៤.​ជេរចោត«ខ្ញុំចាញ់»រត់ជើងត្របាញ់ដោយឈឺ«ចាញ់ឆ្នោត»
ត្រង់ណាស់ជាឈ្នាន់គេជាន់លោភលោកត្រង់ណាចាញ់ឆ្នោត
«គេបាក»ខ្ញុំបាន។
២៥​សូមឆ្កិះសូមឆ្កៀលសូមត្មះតិះដៀលកាច់មួលរំខាន
អោយតែខ្លួនឯងខះខែងថ្កើងថ្កាន ថាខ្លួនក្លាហាន
ចេះរេតាមខ្យល់។
២៦.​កាលហែហៃអើខ្ញុំឥតអើពើចោទលោកជាពល
លុតចុះអបលិបរបបអំបល់-កាច់ហើយកែកល
កែកុនទៀតទៅ។
២៧.​អោយតែជាតិយើងរលូតរលើងរួចពីរណ្ដៅ
ពិសពុករលួយលាស់ត្រួយសំដៅលូតទៀងរៀងទៅ
សុខសាន្ដសួស្ដី។
២៨.​កូរកាយមកចុះតាំងពីរឿងជុះអាច់(ម៍)ខ្មែរ-បាលី
រឿង«ខ្មែរគ្មានចោរ»ពូនពោរជាក្ដីបាញ់ចោលព្រោះអី
គ្នាគិតជាខ្មែរ។
២៩.​បើលោកថាត្រូវយកខ្ញុំជាផ្លូវឈ្នែឈ្នាន់លោកដែរ
ជាន់ជើតតាមចិត្ដលូនលិតបត់បែរធ្វើអីអោយតែ
ខ្មែរមិនស្លាប់។
៣០. ​ទាស់តែខ្មែរអើយស្លាប់យូរមកហើយក្នុងការប្រកាប់
ប្រធាក់ប្រជែងគ្នាអែងសំលាប់អោយគេកាន់កាប់
ត្រួតក្បាលពីក្រៅ។
៣១.​មានអីជាខ្មែរនាំគ្នាគាស់កែបង្វែរដានដៅ
មិនសុខចិត្ដទេខ្មែរមេជាតិដៅលុះត្រាពីក្រៅ
ទើបក្បាលរាបដី។
៣៣.​ខ្លាំងណាស់ត្រង់អួតពើងប៉ោងកោងកួតនឹងខ្មែរដូចគ្នា
សាច់ឈាមតែមួយរលួយទៅជាខ្មែរខ្លាំងពានពារ
កំទេចជាតិឯង។
៣៤.​ឪអ្នកកាសែតអ្នកទរប៉េតប៉ែតខ្លាឃ្លោកក្លាក្លែង
រឿងគេរឿងខ្ញុំអ្នកផ្ដុំផ្លុំផ្សែងឆេះខ្មែរគ្នាឯង
ជួយជាតិអ្នកណា?។
៣៥.​បើជាតិ​«ខ្លួនអញ»ចេះចុះស្រលាញ់តែឯងឯកា
ខ្ញុំមិនផ្ទឹមទេនឹងមេស្នេហាជួជាតិអាត្មា
ជួយជាតិផ្ទាល់ខ្លួន។
៣៦. ​ខ្មែរពូជអ្នកជាចេះរកគ្នីគ្នាអង់អាចធន់ធួន
អាចគិតអាចការធំធារមាំមួនគេមិនគុំកួន
នឹងជាតិគេទេ។
៣៧.​គេឯងចេះដែររាស្ដ្រទាសកូនខ្មែរចេះស្ដីមិនជេរ
ស្អាតស្អំនៅសល់កឿងកលទំនេរឃើញខ្យល់មិនរេ
ហែហមហៃអើ។
៣៨.​កូនខ្មែរបែបនេះម្ដេចលោកបោចបេះឬបែរធ្វើពើ
មិនចង់មើលស្គាល់ក្រែងទាល់សើរើគេលឿនលើសលើ
សាងជាតិខែងរ៉ែង។
៣៩.​ឯឈ្មោះខ្ញុំមួយអោយ«ពុករលួយ»ខ្ញុំឥតគិតក្រែង
សូមលោកឈ្នះទៅឈប់នៅទាស់ទែងច្បាំងខ្មែរគ្នាឯង
ច្បាំងជួយជាតិវិញ(1)

11 កេង វ៉ាន់សាក់ អោយតែខ្មែររស់ (pour que les Khmers survivent Montmorency Septembre 1972 ទំព័រ ១-១៣។ យើងរក្សាអក្ខរាវិរុទ្ធដើមរបស់កវិនិពន្ធ។