គុកកម្មកិលេស
ដោយបណ្ឌិតសាស្ដ្រាចចារ្យ
កេង វ៉ាន់សាក់
Prof.Dr. Keng Vannsak
ថ្ងៃសៅរ៍ ទី00.កញ្ញា 0000.ម៉ោង 23:3

អ្នកតា
កេង វ៉ាន់សាក់
ស្រុកមានគូលី‌‌‌មានអ្នកតាពីរមួយនៅក្នុងព្រៃ
មួយនៅក្នុងស្រុកសំកុកមមៃតែចេះបំភ័យ
ទារយកសំណែន។
មួយប្រើជំងឺ ធ្វើអោយគេឈឺ រត់មករកសែន
មួយប្រើអំណាចកោងកាចកៀរកេណ្ឌអោយរាស្ដ្រគ្នាសែន
ជួយជាតិអាត្មា។
លក់ស្បៃវ័ណ្ឌខ្លួនអោយពេញសំនួនសំណូកពន្ធដារ
លក់កូនលក់ចៅបំបៅអ្នកតាលក់ខ្លួនជាការ
សែនទិញជីវិត។
នៅតែអ្នតាមិនឆ្អែតអាត្មាលួច-ប្លន់គុំគិត
ស្រែកថាកាច់ៗតាមសេចក្ដីពិតលក់ទាំងជីវិត
ក៏នៅតែកាច់។
តែរាស្ដ្រយល់ថាលោកអ្នកអ្នកតាគឺចោរសម្ដេច
រិបជាន់គូលីដេកស៊ីឈាមសាច់ទល់តែរាស្ដ្រកាច់
អាអ្នកតាវិញ។
------------------------------------------
ភ្ជុំបិណ្ឌក្នុងគុក
កេង វ៉ាន់សាក់
យប់នេះផ្គរលាន់សូរ រងំ បុណ្យភ្ជុំមូលញាតិសន្ដាន
សូត្រធម៌ ឬសើចលេងកំសាន្ដឱកែវកល្យាណបងជាប់គុក។
បងភ្ជុំជាមួយនឹងជញ្ជាំង បួនផ្ទាំងឆ្វេងស្ដាំក្រោយ និង មុខ
ខាងលើខាងក្រោមឃើញតែទុក្ខក្នុងគុកបុណ្យភ្ជុំ នឹង ខ្លួនអែង។
យប់នេះម៉្លេះសមកែវវរមិត្ដនាងគិតរកបងរែងចម្បែង
ថែមខ្នើយភួយមុង មិនប្រលែងអូនគេងម្នាក់អែងយប់បុណ្យភ្ជុំ។
ក្នុងគុកគង់បងនៅមានគ្នាកម្មព្រាត់កំព្រា ថ្នូររងំ
អ្នកទោសដូចបង ដេកទួញយំនឹកដល់បុណ្យភ្ជុំ ជុំវទេនា។
អ្នកខ្លះនឹក ទៅ ម្ដាយឪពុកខ្លះចង់ជួបមុខបុត្រភរិយា
ខ្លះចង់បានសិទ្ធិ ជាអ្នកជាគ្រប់គ្នាប្រជុំ ភ្ជុំទុក្ខព្រួយ។
ខ្លះដេកគងថ្ងាស ពព្រិចភ្នែកខ្លះដែកយំយែកអោយព្រះជួយ
ខ្លះដកដង្ហើមសូរមួយៗខ្លះព្រួយនៅស្ងៀមឥតស្រាកស្រាន្ដ។
ចាំបាច់ថាអី ត្រឹមបងព្រួយអ្នកទោសរងួយ​ យំគ្រប់ប្រាណ
សូម្បីអ្នកជាទាំងប៉ុន្មានបងស្មានថាភ្ជុំ ទុក្ខព្រួយដែរ។
អូនស្ដាប់មើលចុះ សូររងំគឺព្រួយប្រជុំធ្វើបុណ្យខ្មែរ
កើតស្លាប់ព្រាត់ប្រាសមានហូរហែអូនអើយមានតែក្ដីស្នេហា។
ទើបជួយស្រោចស្រង់សត្វលោកបានអោយមានកំសាន្ដដោយប្រាថ្នា
សង្ឃើមអាណិត ចិត្ដមេត្ដាកើតពីស្នេហា មនុស្សគ្រប់គ្នា។
------- ooo -------