ថ្ងៃសៅរ៍ ទី11.កុម្ភៈ 2017.ម៉ោង 7:45
បាតុកម្មថ្ងៃ១១ មីនា ១៩៧០
សភាពច្របូកច្របល់នៅក្នុងមនោសញ្ចោតនា
La confusion des sentiments

ដោយ សុទ្ធ-ប៉ូលិន

យើង​បាន​ទទួល​ដំណឹង​អំពី​បាតុ​កម្ម​ (នៃ​ថ្ងៃ​ទី​៨​មីនា)​ នៅ​ខេត្ត​ស្វាយ​រៀង... តែ​នៅ​ថ្ងៃ​ទី​៩​មីនា​ទៅ​ហើយ​ តាម​រយៈ “AKP” (​ទី​ភ្នាក់​ងារ​ពត៌​មាន​ខ្មែរ​)​។ លោក​លី អេង អភិ​បាល​កា​សែត «​នគរធំ​» បាន​ស្នើ​សុំ​បោះ​ពុម្ព​ផ្សាយ​រូប​គ្លី​សេ​មួយ​ដ៏​សំខាន់​បង្ហាញ​អំពី​ខ្មែរ​កាប់​យួន​នៅ​សម័យ​ទ្រឿង​-មិញ​យ៉ាំង​។ ទាំង​រូប​គំនូរ​ ទាំង​គ្លីសេ​, លោក​លី-អេង​ បាន​បង្គាប់​អោយ​គេ​ធ្វើ​ ដើម្បី​លំអ​​អត្ថ​បទ​ប្រវត្តិ​សាស្ត្រ​របស់​លោក​សាស្ត្រា​ចារ្យ​នួន-ឃឿន​, ប៉ុន្តែ​វា​យឺត​ពេល​បន្តិច​ទៅ​ហើយ​ពី​ព្រោះ​អត្ថ​ បទ​ចេញ​ផុត​រួច​កាល​ណា ទើប​គាត់​បាន​ទទួល​គ្លី​សេ​នោះ​មក​។

លោក​លី-អេង​ក៏​បាន​សុំ​សេច​ក្តី​អនុញ្ញាត​ពី​ខ្ញុំ ដើម្បី​បោះ​ផ្សាយ​គ្លីសេ​នេះ​ នៅ​ក្នុង​សារ​ពត៌​មាន «​នគរធំ​» ស្រប​គ្នា​ជា​មួយ​នឹង​ពត៌​មាន​បះ​បោរ​នៅ​ខេត្ត​ស្វាយ​រៀង​។ ខ្ញុំ​ក៏​បាន​ផ្តល់​សេច​ក្តី​យល់​ព្រម​ ដោយ​មាន​ការ​រា​រែក​ក្នុង​ចិត្ត​ ពី​ព្រោះ​វា​ជា​ទង្វើ​ផ្ទុយ​ពី​សីល​ធម៌​នៃ​វិជ្ជា​ជីវៈ​សារ​ពត៌​មាន​ (Ethique) ដោយ​​យក​រូប​ភាព​ បង្ហាញ​ពី​កល្លិ​យុគ​អតីត​កាល​ មក​តុប​តែង​លំអ​ព្រឹត្តិ​ការណ៍​បច្ចុប្បន្ន​។ ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​បាន​កំ​ចាត់​វិប្ប​ដិសារី​នេះ ​យ៉ាង​ឆាប់​រហ័ស​ទៅ​វិញ ហើយ​ក៏​ពុំ​បាន​នឹក​ស្មាន​ទាល់​តែ​សោះ​ថា គ្លីសេ​របស់​លោក​លី-អេង ​អាច​មាន​អិទ្ធិ​ពល​យ៉ាង​ក្រលាប់​ចាក់​ ទៅ​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​គេ​កំពុង​កេណ្ឌ​អោយ​បះ​បោរ​ប្រឆាំង​យួន​ ហើយ​ដែល​កំពុង​តែ​មាន​សភាព​រំ​ជើប​រំជួល​ច្របូក​ច្របល់​ពន់​ប្រមាណ​។ គ្លី​សេ​នេះ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០​មីនា ហើយ​នៅ​ពេល​ល្ងាច​ថ្ងៃ​នោះ​ ពោល​គឺ​នៅ​នាទី​ចុង​ក្រោយ​ទៅ​ហើយ​ ទើប​យើង​បាន​ដឹង​ដោយ​មាន​មនុស្ស​និយាយ​ត​មាត់​គ្នា​ថា គេ​កំពុង​រៀប​ចំ​អោយ​មាន​បាតុ​កម្ម​ប្រឆាំង​យួន​នៅ​ភ្នំ​ពេញ​ នៅ​វេលា​ព្រឹក​ស្អែក​​។ មើល​ទៅ​ទំនង​ដូច​ជា​អុត្តម​សេនីយ៍​លន់-នល់​មាន​កំលាំង​ទឹក​ចិត្ត ដោយ​សារ​បាតុ​កម្ម​ដ៏​តូច​ដែល​បាន​កើត​ឡើង​នៅ​ខេត្ត​ស្វាយ​រៀង ក៏​ប៉ុន្តែ​បាតុ​កម្ម​នៅ​ទី​ក្រុង​ភ្នំ​ពេញ​នេះ ហាក់​ដូច​ជា​កំពុង​មាន​ដំណើរ​ប្រព្រឹត្ត​ទៅ​ដោយ​លួច​លាក់​ គឺ​ហាក់​ដូច​ជា​មាន​ការ​ទាញ​ខ្សែ​ពី​ចំងាយ​ពី​ព្រះ​ប្រ​មុខ​រដ្ឋ​ រឺ ក៏​ហាក់​ដូច​ជា​អ្នក​ផ្ចុង​ផ្តើម​រៀប​ចំ​ មាន​ការ​ភ័យ​ព្រួយ​អំពី​ផល​វិបាក​ ពី​ព្រោះ​ដំនើរ​ការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​ខ្លី​ហួស​ពេក​ណាស់​ រក​តែ​ខ្ញុំ​ឆ្លៀត​អោកាស​ផ្តល់​ពត៌​មាន​តាម​រយៈ​កាសែត​របស់​ខ្ញុំ​មិន​ទាន់​ផង​។ ខ្ញុំ​មិន​ទាំង​ជឿ​ថែម​ទៀត​ផង ថា​បាតុ​កម្ម​នៅ​ភ្នំ​ពេញ​នេះ ជា​ ពត៌​មាន​ពិត​។

នៅ​ថ្ងៃ​ស្អែក​ឡើង​ ពេល​ព្រលឹម​ស្រាង​ៗ​, ខ្ញុំ​ក៏​បាន​ឈរ​លាយ​ឡំ​ក្នុង​នាម​ជា​អ្នក​សង្កេត​ការណ៍​, ជា​មួយ​នឹង​ក្រុម​បាតុករ​២០ - ៣០​នាក់ ដែល​ទើប​ចាប់​ផ្តើម​ជួប​ជុំ​គ្នា​នៅ​មហា​វិថី​មុនី​វង្ស​, នៅ​ចំ​ពី​មុខ​វិទ្យា​ល័យ​ព្រះ​យុគន្ធរ​។ នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំពេល​នោះ​ ខ្ញុំ​មាន​ជំនឿ​ថា បាតុ​កម្ម​ម្តង​នេះ​ក៏​ជា​បាតុ​កម្ម​ទី​២​ សន្តិ​និយម​...​ ហើយ​ក៏​ប្រ​ហែល​គ្មាន​នរ​ណា​ចាប់​អារម្មណ៍​ប៉ុន្មាន​ផង​ទេ​។ ពួក​អ្នក​កំពុង​ឈរ​នៅ​ទី​នោះ គឺ​ជា​ក្រុម​និស្សិត​ជំនាន់​ខ្ញុំ (ពី​អាយុ​២៥​ឆ្នាំ​ទៅ​៣០​ឆ្នាំ)​ ដែល​លើក​បដា​ជា​ភាសា​ខ្មែរ​ អង់​គ្លេស​ និង​​បារាំង​ ថ្កោល​ទោស​អំពី​វត្ត​មាន​យៀក​កុង​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ «Vietcong go home» «បរា​ជ័យ​ពួក​ចោរ​ប្លន់​​ទឹក​ដី», «Le pays Khmer n'est pas le pays du Vietcong»... ហើយ​និង​បដា​មួយ​យ៉ាង​ធំ​ទូលំ​ទូលាយ​ ដែល​ហាក់​ដូច​ជា​ការ​ប្រឹង​ប្រែង​ផ្សះ​ផ្សារ​ព្រះ​បិតា​ជា​មួយ​និង​កូន​ចៅ​នៃ «សង្គម​រាស្ត្រ​និយម​» «សំដេច​ព្រះ​ប្រមុខ​រដ្ឋ​មិន​អនុញ្ញាត​អោយ​មាន ការ​តាំង​នៅ​របស់​ពួក​យៀក​កុង​ចោរ​ប្លន់​ទឹក​ដី​នោះ​ទេ»​។ ប្រសិន​បើ​មាន​ស្នាម​ម្រាម​ដៃ​ចាត់​ចែង​របស់​លោក​លន់-នល់ នៅ​ក្នុង​សកម្ម​ភាព​ទាំង​នេះ​, គេ​មិន​អាច​មើល​ឃើញ​បាន​ទេ​។ ពួក​អ្នក​ដឹក​នាំ​បាតុ​កម្ម ច្រើន​តែ​ជា​ពួក​ជន​ស៊ីវិល​​ ពួក​ក្រុម​សាស្ត្រា​ចារ្យ​អនាមិក​ ដែល​ពាក់​អាវ​ស ដើម្បី​អោយ​ច្រលំ​ជា​មួយ​នឹង​កូន​សិស្ស​។ នៅ​ពេល​នោះ​អិត​មាន​វត្ត​មាន​នៃ​ពួក​យោធា​ទេ​។ ហើយ​ទោះ​បី​ជា​មាន​ពួកទាហាន​ ដែល​ស្លៀក​ពាក់​បន្លំ​ជា​ស៊ីវិល​ ក៏​ពុំ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់​ដែរ​។ បើ​តាម​ការ​សង្កេត​របស់​ខ្ញុំ​ៗ​​ពុំ​បាន​ឃើញ​នាយ​ទាហាន​ស័ក្តិ​១ រឺ​ ស័ក្តិ​២​មក​ទី​នោះ​ផង​ទេ​។ គឺ​ជា​ការ​រៀប​ចំ​ល្អិត​ល្អន់​គ្មាន​ខ្ចោះ តែ​ចង់​បង្ហាញ​តាំង​ពី​ដំបូង​ទី​ថា​ បាតុ​កម្ម​នេះ​មាន​លក្ខណ​អហឹង្សា​ និង​ សន្តិ​និយម​។ ទាំង​នេះ​ហើយ​ជា​ស្លាក​ស្នាម (ស្នាដៃ) របស់​អុត្តម​សេនីយ៍​លន់-នល់​, បុគ្គល​ម្នាក់​ដែល​មិន​ចេះ​និយាយ​ស្តី.​.. ហើយ​ដែល​មិន​ចង់​បញ្ចោញ​មុខ​មាត់​។

«ប្រជា​ជន​ខ្មែរ​ទាំង​នេះ ដែល​ហៀប​នឹង​ដាច់​ខ្យល់​ស្លាប់​ទៅ​ហើយ​ ក៏​នៅ​តែ​នឹក​ភ្នក​ទៅ​ដល់​គ្រួសារ​ស្តេច​ទាំង​នេះ​ទៀត​ ដែល​ធ្លាប់​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គេ​ជា​យូរ​សត​វត្ស​មក​ហើយ​ សត​វត្ស​នៃ​សង្គ្រាម​ស៊ីវិល​ និង ​សង្គ្រាម​បរទេស​ ដែល ពួក​ក្រុម​សមា​ជិក​ប្រខាំ​គ្នា​ដណ្ដើម​អំណាច​ និង រាជ​បល្ល័ង្ក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ដោយ ពុំ​មាន​នឹក​ភ្នក​អានិត​ អាសូរ​ដល់​​ហ្វូង​ប្រជា​ពល​ករ​ក្រី​ក្រ​នោះ​ទាល់​តែ​សោះ​។ គឺ​អំពី​ពូជ​ស្តេច​នេះ​ហើយ​ ដែល​ប្រជា​ពល​រដ្ឋ​កំពុង​រង់​ចាំ​សេច​ក្តី​សង្គ្រោះ​»​។

ភក្តី​ភាព​នៃ​ប្រជា​ជន​ខ្មែរ​នេះ​ មិន​មែន​ជា​លទ្ធ​ផល​នៃ​ការ​សិក្សា​ប្រវត្តិ​វិទ្យា​បច្ចុប្បន្ន​នោះ​ទេ​។ គឺ​ជា​សេច​ក្តី​អធិប្បាយ​ អំពី​ប្រជា​ជន​ខ្មែរ​ក្នុងស​ម័យ​ទ្រឿង​-មិញ​យ៉ាំង​ដោយ​លោក​ Adhémard Leclère ដែល​ស្ថិត​នៅ​ក្នុង​ចំនោម​ពួក​រ៉េ​ស៊ី​ដង់​ និង​ប្រវត្តិ​វិទូ​នៃ​កម្ពុជា​មុន​គេ កាល​ក្នុង​សម័យ​ប្រូតិច​តូ​រ៉ា​បារាំង​​។​ ក៏​ប៉ុន្តែ​ភក្តី​ភាព​ និង សេច​ក្តី​ស្មោះ​ត្រង់​ចំពោះ​ស្តេច​នេះ វា​ត្រូវ​ចំ ​នឹង​ ហ្វូង​ពល​រដ្ឋ​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​មីនា​១៩៧០​នោះ​តែ​ម្តង​។

ប្រមាណ​ជា​ម៉ោង​៩​ព្រឹក​ប៉ុណ្ណោះ​ ពួក​ក្រុម​បាតុ​ករ​បាន រីក​ធំ​ប៉ោង​ឡើង ១​ជា​១០០ តែ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក​។ ក្រុម​នេះ​កាន់​តែ​រីក​ធំ​ឡើង​ដូច​ទឹក​ជំនន់​ ហើយ​នៅ​ពេល​ដែល​ហ្វូង​ប្រជា​បាតុ​ករ​ដ៏​ចង្អៀត​ណែន​ប៉ែស​ចាប់​ផ្តើម​ធ្វើ​ចលនា ពោល​គឺ​ដើរ​ចុះ​តាម​មហា​វិធី​មុនី​វង្ស​ទៅ​ទិស​ខាង​ត្បូង​ ឆ្ពោះ​តំរង់​​ទៅ​ស្ថាន​ទូត​វៀត​ណាម​ខាង​ជើង​ គឺ​ហាក់​ដូច​ជា​ពស់​នាគ​រាជ​មួយ​ដ៏​ធំ​សំបើម​ ដែល​វារ​លូន​ទៅ​កិន​អ្វី​ៗ សព្វ​យ៉ាង​អោយ​ខ្ទេច​​ម៉ដ្ឋ​នៅ​តាម​មាគ៌ា​របស់​ខ្លួន​។ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា នៅ​ក្នុង​ថ្ងៃ​នោះ ប្រជា​ពល​រដ្ឋ​នៅ​ភ្នំពេញ​​បាន​ឆ្លើយ​តប នឹង​ សេច​ក្តី​អំពាវ​នាវ​ ដ៏​មិន​ចំពោះ​របស់​ស្តេច​សីហនុ​តែ​ម្តង​ (ដែល​ធ្វើ​ឡើង​តាម​រយ​លោក​លន់​-​នល់​) ពី​ព្រោះ​វា​មាន​ពួក​និស្សិត​ក្មេង​ៗ ពី​អាយុ​១៦ ទៅ ​១៨​ឆ្នាំ ដ៏​ច្រើន​សន្ធឹ​កសន្ធាប់​ ដែល​កាន់​រូប​ថត​របស់​សំដេច​សីហនុ​ និង​ ព្រះ​មហាក្ស​ត្រីយានី​កុសុមៈ​គ្រប់​ដៃ​។ យោង​តាម​លក្ខណៈ​ខាង​ក្រៅ​ បាតុ​កម្ម​អ្វី​ក៏​ដោយ​នៅ​ប្រទេស​កម្ពុ​ជា​ គឺ​ជា​ទង្វើ​ក្រៅ​ផ្លូវ​ការ​ទាំង​អស់​ ប៉ុន្តែ​តាម​ការ​ពិត​វិញ​ គឺ​ជា​បាតុ​កម្ម​រៀប​ចំ​ឡើង​ដោយ​រាជ​រដ្ឋា​ភិបាល​ទាំង​ស្រុង​ ពី​ព្រោះ​ថា​អ្វី​ៗ​ក៏​មិន​អាច​ធ្វើ​បាន ដោយ​គ្មាន​សេច​ក្តី​អនុញ្ញាត​ ពី​សំដេច​សីហនុ​នោះ​ដែរ​។ ពួក​ប្រជា​ពល​រដ្ឋ​តូច​តាច​ទាំង​នេះ​ ពួក​អ្នក​រាជ​ការ​ ពួក​កូន​សិស្ស​ទាំង​នេះ​ គឺ​បាន​រត់​ឆ្ពោះ​តំរង់​ មក​យក​អា​សារ​ព្រះ​អគ្គ​មគ្គុ​ទ្ទេស​​ដ៏​ឆ្នើម​ គឺ​សំដេច​សីហនុ​ ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​អ្នក​បើក​បរ​នាវា​កម្ពុ​ជា​ឆ្ពោះ​ទៅ​រក​សេច​ក្តី​សង្គ្រោះ​ គឺ​មិន​មែន​រត់​ឆ្ពោះ​តំរង់​ទៅ​រក​លោក​លន់-នល់​នោះ​ទេ​។ បើ​​ទោះ​ជា​មាន​ការ​ល្វីង​ជូរ​ចត់​ និង សេច​ក្តី​ខក​ចិត្ត​យ៉ាង​ណា​ក្តី ហ្វូង​ប្រជា​ជន​ទាំង​នេះ​នៅ​តែ​មាន​ជំនឿ​ផ្កាប់​មុខ​ ទៅ​លើ​សំដេច​សីហនុ​ដដែល​។ អ្វី​ៗ​ដែល​ធ្វើ​អោយ​ពូក​គេ​រត់​មក​មាន​ចំនួន​ច្រើន​ដល់​ម៉្លេះ គឺ​សេច​ក្តី​ព្រួយ​បារម្ភ​រន្ធត់​តក់​ស្លុត​គ្មាន​រសាយ​អំពី​គ្រោះ​ថ្នាក់​យួន​ ក៏​ប៉ុន្តែ​ដូច​ធម្មតា​​សព្វ​មួយ​ដង​ ពួក​គេ​នៅ​តែ​ចាត់​ទុក​សំដេច​សីហនុ​ ជា​ទេវ​តា​កំពូល​ដែល​អាច​រំដោះ​ពួក​គេ​ចេញ​ផុត​ពី​ក្រញ៉ាំ​មរណៈ​នៃ​ពួក​ចោរ​យៀក​កុង​ឈ្លាន​ពាន​។ នៅ​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក​ប៉ុណ្ណោះ​ ពួក​ក្រុម​បាតុ​ករ​បាន​ក្លាយ​ទៅ​ជា​សមុទ្រ​មនុស្ស​រួច​ទៅ​ហើយ​ ពួក​គេ​បាន​កើន​ចំនួន​ដ៏​អស្ចារ្យ​នៅ​ក្នុង​ថ្ងៃ​នោះ​ ឡើង​រហូត​ដល់​៤៥០០០​នាក់​។

ដោយ​ដើរ​ប្រជ្រៀត​ចូល​ក្នុង​ហ្វូង​ប្រជា​ជន​ ខ្លួន​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​ដៃ​ជើង ​រឺ ​ជា​សមាជិក​ម្នាក់​របស់​ពួក​គេ​ផង​ដែរ​។ ហ្វូង​ប្រជា​ពល​ករ​ទាំង​នេះ​ មាន​លក្ខណៈ​សន្តិ​និយម​និង​អហឹង្សា​។ ខ្លួន​ខ្ញុំ​ក៏​ដូច្នោះ​ដែរ គឺ​មាន​លក្ខណៈ​ត្រេក​អរ​សប្បាយ​ និង ពោរ​ពេញ​ដោយ​សេច​ក្តី​សង្ឃឹម​។ យុវ​ជន​ប្រុស​ស្រី​ទាំង​នេះ​ ដែល​ពាក់​អាវ​ស ក៏​ដូច​ជា​ហ្វូង​បុប្ផា​នៃ​ប្រជា​ជាតិ​របស់​យើង​។ ចំនែក​ខ្ញុំ​ក៏​ដូច្នោះ​ដែរ​ ខ្ញុំ​កំពុង​ប្រៀប​ធៀប​ខ្លួន​អែង​ នឺង បុប្ផា​មួយ​នៃ​ក្រុម​បញ្ញា​ជន​ប្រឆាំង​យួន​ ខ្ញុំ​កំពុង​ស្រមើ​ស្រមៃ​ដោយ​រំភើប​ញាប់​ញ័រ​ ជា​សក​រាជ​មួយ​ថ្មី​កំពុង​តែ​បើក​ទ្វារ​ចំហ​សំរាប់​រូប​យើង​ទាំង​អស់​ដែល​ត្រូវ​ធ្វើ​ការ​រួប​រួម​គ្នា​ជា​​ធ្លុង​មួយ​ ដើម្បី​កសាង​ជាតិ​មាតុ​ភូមិ​ នៅ​ពី​ក្រោយ​ព្រះ​អគ្គម​គ្គុទ្ទេស​ក៍​​របស់​យើង​។ ខ្មែរ​យើង​ នឹង បង្ហាញ​ដល់​ជន​ជាតិ​យួន​ អោយ​ឃើញ​ថា យើង​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដឹង​ក្តី​ ប្រកប​ដោយ​កំលាំង​មាំ​មួន និង វិចា​រញ្ញាណ​រួច​សព្វ​គ្រប់​ហើយ​។ ពេល​នោះ​ យើង​ភ្លេច​អស់​ហើយ​អំពី​ការ​ចាយ​វាយ​ខ្ជះ​ខ្ជាយ​ និង​ទង្វើ​អិត​ន័យ​ទាំង​ប៉ុន្មាន​របស់​សំដេច​សីហនុ​។ មហា​បាតុ​កម្ម​ បាន​ធ្វើ​ដំនើរ​មក​ឈប់​នៅ​មុខ​ស្ថាន​ទូត​យួន​ខាង​ជើង​ ហ្វូង​មនុស្ស​ក៏​ចាប់​ផ្តើម​ស្រែក​ថ្កោល​ទោស​ដ៏​ទ្រហឹង​អឺង​កង «បរា​ ជ័យ​យៀក​កុង... យៀក​កុង​ត្រូវ​ដើរ​ចេញ​ពី​ទឹក​ដី​ខ្មែរ​ »​។

ប៉ុន្តែ​ក្នុង​រំពេជ​នោះ​ មន្ត​ស្នេហ៍​ទាំង​ប៉ុន្មាន​ដែល​បាន​អម​ដំនើរ​ពួក​យើង​ តាំង​ពី​ពេទ្យ​ចិន​រហូត​មក​ទី​នេះ​ ក៏​ស្រាប់​តែរលាយ​បាត់​អស់​។ គឺ​ប្រ​ហែល​គ្នា ​នឹង​ យើង​រសាត់​ចេញ​ពី​សុបិន្ត​មួយ​ដ៏​ល្អ​ ហើយ​ក៏​បាន​មក​ដល់​មាត់​ទ្វារ​នៃ​ហឹង្សា​របស់​ប្រែត​អសុរ​កាយ​។ ខ្ញុំ​បាន​សង្កេត​ឃើញ​មនុស្ស​មួយ​ក្រុម​ នាំ​មុខ​ដោយ​ គឹម​-កេត​ ជន​ដៃ​ដល់​ម្នាក់​របស់​លោក​ស័ក្តិ​៤​ថាច់​-​ប៉ូច កំពុង​តែ​វាយ​សំរុក​ចូល​ទៅ​ក្នុង​ស្ថាន​ទូត​ អ្នក​ខ្លះ​ឡើង​តាម​ជញ្ជាំង​ ហើយ​គាស់​ទ្វារ​ចូល​ទៅ​។ ពួក​គេ​ព្រួត​គ្នា​វាយ​តប់​កំហែង​​កំហល់​ ទៅ​លើ​ពួក​យួន​បី​បួន​នាក់​ដែល​នៅ​ចាំ​យាម ដេញ​តាម​បន្ថោក​បន្ទាប​ពួក​នេះ​យ៉ាង​កាច​សាហាវ​។ ចំនែក​ខ្លួន​​ខ្ញុំ​វិញ​ ពេល​នោះ​ខ្ញុំ​ខំ​ប្រឹង​អត់​ដង្ហើម​។ ពី​ជន​រង​គ្រោះ ខ្ញុំ​មិន​ចង់​ប្រែ​ក្លាយ​តួ​នាទី​ជា​ «ពេជ្ឈ​ឃាត​» បែប​ដូច​នេះ​ទេ ពោល​គឺ​ធ្វើ​ឡើង​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​។ គឺ​ពី​ព្រោះ​ថា អ្នក​សង្កេត​ការណ៍​បរ​ទេស​ ច្បាស់​ជា​មិន​អាច​ភ្លេច​បាន​អំពី​ទង្វើ ​«ភេរ​វកម្ម​ និង​ ទារុណ​កម្ម​» របស់​ជន​ជាតិ​ខ្មែរ​នោះ​ទេ​។ ពួក​ក្រុម​គឹម​-កេត​នេះ​ មិន​មែន​ជាពួក​ «សុភាព​បុរស​» អ្វី​ទេ គឺ​ជា​ពួក​ក្រុម​ថ្នាក់​ទាប​ អិត​ការ​ងារ​ធ្វើ ​ហើយ​ចង់​បង្ហាញមុខ​មាត់ ពួក​គេ​មិន​យល់​ថា​អ្វី​ជា​នយោ​បាយ​នោះ​ឡើយ​។ ម៉្យាង​វិញ​ទៀត​ ពួក​គេ​នឹក​ស្មាន​ថា សំដែង​នូវ​អំពើ​ល្អ​ ដោយ​មាន​មនុស្ស​មួយ​ភាគ​ ស្រែក​ហ៊ោរ​ក្រេវ​ៗ​អប​អរ​សាទរ​ចំពោះ​ពួក​គេ​ស្មើ​ នឹង វិរ​បុរស​​។ ពួក​នេះ​ទំនង​ដូច​ជា​ពួក​ត្រី​ងៀត​ឆ្លៀត​ពង ពួក​នេសាទ​ក្នុង​ទឹក​ល្អក់ ប៉ុន្តែ​តាម​ពិត​គឺ​ជា​ពួក​ជន​ស្រ​វឹង​ នឹង ទង្វើ​របស់​ខ្លួន​អែង​​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មហា​ជន​ដោយ​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​លក្ខណៈ​ស្ងៀម​ស្ងាត់​។

នៅ​មិន​ឆ្ងាយ​ពី​ខ្លួន​ខ្ញុំ​ប៉ុន្មាន​ ជន​ម្នាក់​បាន​បញ្ចោញ​យោបល់​ថា​៖ គឹម-កេត នេះ​ចំលែក​ណាស់​ វា​មាន​ប្រពន្ធ​យួន​... ហើយ​អីលូវ​នេះ​បែរ​ជា​មក​​វាយ​ពួក​យួន​។ គឹម​-កេត ជា​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ មាឌ​ធំ​ខ្ពស់​ មាន​សក់​រួញ​អង្គារ​ដី​ មាន​ពុក​មាត់​កោង​ខុប​ដូច​ដង​ធ្នូ​។ គឺ​ជា​បុរស​រូប​ស្អាត​ម្នាក់​។ ខ្ទង់​ច្រមុះ​ទ្រវែង​ ប្រកប​ដោយ​រន្ធ​ធំ​ៗ​ និង ញាប់​ញ័រ​ធ្វើ​អោយ​ទំរង់​មុខ​របស់​គាត់​ស្រដៀង​ នឹង ជន​ជាតិ​ជ្វា​ (នៅ​ក្នុង​ឆ្នាំ​១៩៧០ គឺ​គឹម​-កេត​នេះ​ដដែល ដៃ​ទាំង​សង្ខាង​យួរ​ក្បាល​ខ្មាំង​សត្រូវ​ ដែល​អនុញ្ញាត​អោយ​គេ​ថត​រូប​ចុះ​ផ្សាយ​ នៅ​ក្នុង​ទស្សនា​វដ្តី​អាមេ​រិកាំង​)​។

យុវជន​មួយ​ចំនួន​បាន​ស្ទុះ​ស្ទារ​ទៅ​តាម​ក្រោយ​គន្លង​គឹម​-កេត​ ផ្លោះ​ចូល​ទៅ​ក្នុង​ស្ថាន​ទូត​តាម​បង្អួច​ យក​អែក​សារ​ទាំង​ពំនូក​​ចេញ​មក​ ព្រម​ជា​មួយ​ប្រាក់​ដុល្លារ​អាមេ​រិកាំង​ផង​។ ពួក​គេ​នៅ​មិន​ទាន់​ប៉ះ​ពាល់​លុយ​នៅ​ឡើយ​ទេ (ដោយ​យក​ដាក់​ហោ ​ប៉ៅ) ពួក​គេ​នៅ​ស្អាត​ស្អំ​នៅ​ឡើយ​។ ប៉ុន្តែ​ការ​ប្លន់​រឹប​អូស​ប្រមែ​ប្រមូល​បាន​ចាប់​ផ្តើម​ឡើង​ហើយ​ ជា​មួយ​គ្នា​នឹង​ការ​កំហែង​កំហល់​ ដែល​អិត​មាន​ស្គាល់​ព្រំ​ដែន​។ ទាំង​នេះ​ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ក្រៀម​ក្រំ​ នឹង​ច្បាស់​ជា​ជំនួយ​លើក​កំលាំង​ចិត្ត ​ដល់​ការ​ឃោ​សនា​របស់​យួន​ខាង​ជើង​ជា​ពុំ​ខាន​។ ពួក​យៀក​កុង​នឹង​ច្បាស់​ជា​បន្ត​ធ្វើ​អំពើ​ហឹង្សា​តាម​ពី​ក្រោយ​ជំហាន​របស់​យើង​ ហើយ​ទំលាក់​ទោស​កំហុស​ទាំង​ប៉ុន្មាន​មក​លើ​ជន​ជាតិ​ខ្មែរ​យើង​ជា​ចាំ​បាច់​។

ខ្ញុំ​បាន​ឈរ​សំលឹង​មើល​ទាំង​អៀន​ខ្មាស់​ នូវ​ទិដ្ឋិ​ភាព​នៃ​ការ​លួច​ប្លន់​ នៃ​ទង្វើ​អនា​ធិប​តេយ្យ​របស់​ហ្វូង​ប្រជា​ជន​ដ៏​ធំ​សំបើម​ ដែល​ខ្ញុំ​ប្រៀប​អុបមា​ទៅ​ នឹង​ កូន​របស់​ខ្ញុំ​ផ្ទាល់​ ហើយ​ដែល​បណ្ដាល​អោយ​ខូច​ខាត​ល្អក់​ពណ៌​ចំពោះ​ទិវា​ប្រវត្តិ​សាស្ត្រ​នៃ​បដិ​វត្តន៍​របស់​យើង​អស់​រលីង​។ ខ្ញុំ​បាន​ឈរ​សំលឹង​មើល​ព្រឹត្តិ​ការណ៍​ទាំង​នេះ​ ហាក់​ដូច​ជា​មេ​ធ្មប់​របេះ​ក្បាច់​ម្នាក់​ ដែល​ខក​សេច​ក្តី​សង្ឃឹម​ រឺ​ បើ​ពុំដូច្នោះ​ទេ​ ខ្ញុំ​មាន​អារម្មណ៍​ប្រ​ហែល​គ្នា នឹង​ Meursault តួ​អង្គ «l'étranger» របស់ Albert Camus) ដែល​បន្ទាប់​ពី​បាន​ទាញ​កៃ​ផ្ទួន​ៗ​ច្រើន​ដង បាញ់​កាំ​ភ្លើង​រេ​វ៉ុល​វែរ​ នៅ​កណ្ដាល​ពន្លឺ​សូរិ​យា​ក្តៅ​ហែង​ចាំង​ខ្វាក់​ភ្នែក​ទៅ​លើ សាក​អសុភ​របស់​ជន​អារាប់​ម្នាក់​ដែល​គ្មាន​កំរើក ខ្ញុំ​មាន​ជំនឿ​ថា ខ្ញុំ​ទើប​នឹង​បាន​គោះ​ទ្វារ​ឋាន​នរក​អោយ​របើក​ឡើង​។

នៅ​ពេល​នោះ​ បើ​ទោះ​ជា​កង​ទ័ព​លោក​លន់​-នល់​ ក៏​ពុំ​មាន​សមត្ថ​ភាព​ធ្វើ​អន្ត​រា​គមន៍​ ដើម្បី​ទប់​ទល់​ នឹង​ អំពើ​ហឹង្សា​របស់​ប្រជា​ជន​ផង​ដែរ វៀរ​លែង​តែ​គេ​បាញ់​ប្រហារ​ត្រង់​ៗ​ ទៅ​លើ​ក្រុម​និស្សិត​តែ​ម្តង​​។ ទាំង​នេះ​ហើយ​គឺ​ផល​វិបាក​នៃ​បាតុ​កម្ម​មួយ​ ដែល​គេ​ទាញ​ខ្សែ​ពី​ចំងាយ​។ ពួក​អ្នក​ទទួល​ខុស​ត្រូវ​មិន​បាន​មក​ឈរ​នៅ​ទី​នោះ​ ដើម្បី​ត្រួត​ពិនិត្យ​លើ​កំហឹង​របស់​ប្រជា​ពល​ករ​នោះ​ឡើយ​។ ខ្ញុំ​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា រដ្ឋ​អំនាច​ខ្មែរ​កំពុង​តែ​របូត​ធ្លាក់​ជា​សំងាត់​ទៅ​ក្នុង​កន្ដាប់​ដៃ ​នៃ​ហ្វូង​ប្រជា​ជន​អនា​ធិប​តេយ្យ​។ ខ្ញុំ​ខំ​ប្រឹង​ទប់​ទល់​ នឹង​ខ្លួន​អែង​ ដោយ​រឹង​គ្រញែង​ខ្លួន ដោយ​មក​នឹក​គិត​ថា​ ខ្ញុំ​ក៏​មិន​អាច​វិល​ត្រលប់​បក​ថយ​ក្រោយ​បាន​ដែរ​ ព្រម​ទាំង​សំរេច​ថា​ បាតុ​កម្ម​អ្វី​ក៏​ដោយ​នៅ​ប្រទេស​កម្ពុ​ជា​ តែង​តែ​ក្លាយ​នៅ​​ចុង​ចប់​ទៅ​ ជា​ជំនោរ​កំហឹង​ដ៏​ភ្លូក​ក្រលាប់​។ ម៉្លោះ​ហើយ​ខ្ញុំ​ក៏​ខំ​ប្រឹង​សំរប​ខ្លួន​យ៉ាង​ជិត​ដិត​បំផុត​ ជា​មួយ​នឹង​គោល​ជំហរ​ជា​មូល​ដ្ឋាន​នៃ​ប្រ​ជា​ជន​ទាំង​នេះ​ ដែល​ជា​គោល​ជំហរ​របស់​ខ្ញុំ​ផង​ដែរ ពោល​គឺ​ប្រឆាំង​យ៉ាង​ដាច់​ខាត​ ដោយ​គ្រប់​មធ្យោ​បាយ មិន​អោយ​មាន​វៀត​ណាមូ​បនិ​យ​កម្ម​នៃ​ប្រទេស​កម្ពុជា​ តាម​រយៈ​ពួក​យៀក​កុង​នោះ​ឡើយ​។

បន្តិច​ក្រោយ​មក​ ហ្វូង​មនុស្ស​ដ៏​សំបើម​ក៏​ធ្វើ​ចលនា​ត្រលប់​បញ្ច្រាស់​ទិស​ទៅ​វិញ​ គឺ​ដើរ​តំរង់​ទៅ​រក​ស្ថាន​ទូត​វៀត​កុង​ដែល​នៅ​អែ​នាយ​ឆ្ងាយ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ នៅ​ម្តុំ​ប្រជុំ​ជន Downtown) នៃ​ទី​ក្រុង​ភ្នំពេញ​តែ​ម្តង​។ នៅ​ពេល​ដែល​ពួក​គេ​បាន​ ដើរ​មក​ដល់​ផ្លូវ​បែក មហា​វិថី​មុនី​វង្ស​ជា​មួយ​និង​រុក្ខ​វិថី​ Charles De Gaulle, ពួក​ពុល​ក្តួច​មួយ​ក្រុម​ដែល​នៅ​ជុំ​វិញ​ខ្ញុំ ក៏​ចង់​ដើរ​តាម​ផ្លូវ​ក្រោយ​នេះ​ ដើម្បី​ទៅ​​ថ្កោល​ទោស​ស្ថាន​ទូត​ចិន​ ដែល​នៅ​ចំងាយ​ប្រមាណ​៨០០​ម៉ែត្រ​ពី​ទីនោះ​។ ប៉ុន្តែ​ពួក​នេះ ​បាន​ប្តូរ​គំនិត​វិញ​យ៉ាង​រហ័ស​រហួន​ ដោយ​អ្នក​ផង​ដឹង​ថា ស្ថាន​ទូត​ចិន​មាន​លក្ខៈ​ដូច​បន្ទាយ​ ហើយ​មាន​របង​ព័ទ្ធ​ជុំ​វិញ​ដូច​កំពែង​។

ប្រ​ហែល​ជា​ថ្ងៃ​ត្រង់​ ពួក​អ្នក​ដឹក​នាំ​ក្បួន​ចលនា​របស់​យើង​ ក៏​បាន​ដើរ​មក​ដល់​ស្ថាន​ទូត​យៀក​កុង​។ ទី​កន្លែង​នេះ​ រឹត​តែ​ស្រួល​វាយ​ប្រហារ​ជាង​ស្ថាន​ទូត​វៀត​ណាម​ខាង​ជើង​ទៅ​ទៀត ពី​ព្រោះ​ជា​អាគារ​មួយ​ដ៏​ស្តើង​ស្គម​ ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ ទី​ប្រជុំ​ជន​អ្នក​ជំនួញ​តែ​ម្តង​។ ជា​ពិសេស​ គេ​អាច​ចូល​ទៅ​ដល់​រាន​ហាល​នៃ​ស្ថាន​ទូត​តែ​ម្តង​ ដោយ​គ្រាន់​តែ​សួរ​ឡើង​តាម​ ដំបូល​ផ្ទះ​របស់​អ្នក​ជិត​ខាង​តែ​ប៉ុណ្ណោះ​។ ម្តង​នេះ​ពួក​បាតុ​ករ​កាន់​តែ​ស្រវឹង​ភ្លើត​ភ្លើន​ ចំនែក​ទង្វើ​លួច​ប្លន់​កាន់​តែ​កើន​ចំនួន​ឡើង​ជា​លំដាប់​។ ប្រការ​នេះ​បាន​ចាប់​ផ្តើម​ឡើង​ ដោយ​បាតុ​ករ​មួយ​ចំនួន​ បាន​វាយ​សំរុក​ចូល​ស្ថាន​ទូត​។ បន្ទាប់​មក​ ក៏​មាន​អ្នក​ដើរ​លំហែ​កាយ​​ ពួក​អ្នក​ធាក់​ស៊ីក្លូ​ ពួក​មនុស្ស​មក​ពី​ខាង​ក្រៅ​បាតុ​កម្ម​សុទ្ធ​សាធ​ ដែល​ចូល​លាយ​ឡំ​ជា​មួយ​នឹង​ពួក​និស្សិត​ ដើម្បី​មក​ប្រ​មែ​ប្រ​មូល​បោស​សំអាត​គ្មាន​អោយ​សល់​។ ពួក​គេ​បាន​ចូល​ទៅ​ដល់​ការិ​យា​ល័យ​នៃ​ស្ថាន​ទូត​ ហើយ​មិន​យូរ​ប៉ុន្មាន​ ក៏​បាន​ចូល​ទៅ​ដល់​ឃ្លាំង​ប្រាក់​របស់​យៀក​កុង​​។​ ពួក​គេ​បាន​ប្រមូល​យក​ប្រាក់​ដុល្លារ​អាមេ​រិកាំង​ មក​បាច​សាច​នៅ​ត្រង់​រាន​ហាល​។ ពួក​អ្នក​ខ្លះ​ ក៏​ដុត​ក្រដាស់​ប្រាក់​ទាំង​នេះ​ ដែល​ជា​សញ្ញា​និមិត្ត​រូប​នៃ​អំពើ​ពុក​រលួយ​ គឺ​ហាក់​ ដូច​ជា​ដេញ​ខ្មោច​អោយ​ចេញ​ពី​រូប​កាយ​ជន​ខ្មែរ ពោល​គឺ​មិន​ត្រូវ​យក​ដី​កម្ពុជា​ទៅ​ដូរ​ជា​មួយ​ប្រាក់​ដុល្លារ​សោះ​ឡើយ​។ ពួក​អ្នក​ខ្លះទៀត​ តាម​អ្នក​ផង​ប្រាប់​ខ្ញុំ គឺ​បាន​លួច​យក​ប្រាក់​នេះ​ញាត់​ក្នុង​ហោ​ប៉ៅ​តែ​ម្តង​។

ខ្ញុំ​បាន​ចាក​ចេញ​ពី​កន្លែង​ពុល​ក្តួច​យ៉ាង​ប្រញាប់ ហើយ​ក៏​បាន​វិល​ត្រលប់​មក​ការិ​យាល័យ​សា​រពត៌​មាន​របស់​ខ្ញុំ​វិញ​។ រូប​ខ្ញុំ​តែ​មួយ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ហេង​ហាង​ រា​រែក​បែក​ជា​ពីរ​ ម្ខាង​ស្រ​វឹង ម្ខាង​មាន​ការ​សោក​ស្តាយ។ ជា​និច្ច​ជាកាល​ ខ្ញុំ​តែង​តែ​មាន​ «ចិត្ត​ពីរ​» (សេច​ក្តី​ភ័យ​ខ្លាច​ញញើត​ញញើម​) ម៉្យាង​ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​ធូរ​ស្បើយ​ ប៉ុន្តែ​ម៉្យាង​វិញ​ទៀត ​ខ្ញុំហាក់​ដូច​ជា​មាន​ការ​សង្ស័យ​ ពោល​គឺ​មិន​ច្បាស់​លាស់​ចំពោះ​អនា​គត​នៃ​ប្រទេស​របស់​យើង​។ ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា​ ពួក​ខ្មែរ​អ្នក​ជាតិ​និយម​បាន​ប្រ​ព្រឹត្ត​កំហុស​មួយ​ ដែល​មិន​អាច​កែ​កុន​បាន​ គឺ​ធ្វើ​អោយ​ពួក​យៀក​កុង​លេច​ឡើង​ជា​ជន​ រង​គ្រោះ​។ ចំពោះ​ក្រុម​អ្នក​សារ​ពត៌​មាន​ដែល​មក​ពី​ប្រទេស​ខាង​លិច​ រឿង​បញ្ហា​ដែល​យៀក​កុង​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​ គឺ​ ជា​ប្រការ​ «​អរូបិយ​» ដែល​ពួក​គេ​មើល​មិន​ឃើញ​ទេ​ ក៏​ប៉ុន្តែ​ការ​លួច​ប្លន់​ស្ថាន​ទូត​នៅ​ចំពោះ​មុខ “កា​មេ​រ៉ា”​ នៃ​ពិ​ភព​​លោក​ទាំង​មូល​តែ​ម្តង​ វា​ជា​រឿង​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​​ ជា​រឿង​មួយ​ដែល​ត្រូវ​ទទួល​ការ​ផ្តន្ទា​ទោស​។

ខ្ញុំ​គ្មាន​មោទ​ន​ភាព​ទាល់​តែ​សោះ ​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​ស្ថាន​ទូត​ទាំង​ពីរ​នេះ ចំនែក​កំលាំង​ទឹក​ចិត្ត​ប្រ​យុទ្ធ​តស៊ូ​របស់​ខ្ញុំ​ បាន​ធ្លាក់​ដល់​សូន្យ​។ ប៉ុន្តែ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៅ​ ខ្ញុំ​មិន​អាច​ដាក់​ទោស​ពិន័យ​ទៅ​លើ​ពួក​ក្រុម​បាតុ​ករ​ ដែល​បាន​ងើប​ឡើង​តាម​សេច​ក្តី​អំពាវ​នាវ​ស្នេហា​ជាតិ​របស់​ពួក​ខាង​យើង​នោះ​ទេ ​(ពួក​រដ្ឋា​ភិបាល​លន់-នល់​)​។ នៅ​ពេល​អារម្មណ៍​ធូរ​ស្បើយ​ខ្ញុំ​ក៏​ ចាប់​ផ្តើម​សរ​សេរ​អត្ថ​បទ​​ប្រកាន់​គោល​ជំហរ​កណ្ដាល​ ពោល​គឺ​យក​រួច​ខ្លួន​ «កំហឹង​ដ៏​ត្រឹម​ត្រូវ​នៃ​ប្រជា​ជន​ខ្មែរ​ ចំពោះ​ការ​ឈ្លាន​ពាន​ដែល​មិន​អាច​ទ្រាំ​ទ្រ​បាន​របស់​វៀត​ណាម​ខាង​ជើង​»​។ នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ ខ្ញុំ​បាន​មក​គិត​ឃើ​ញ​ថា​ គេ​ត្រូវ​តែ​ មក​ដល់​ការ​ចុង​ចប់​បែប​ដូច​នេះ​អែង​។ ពួក​វៀត​ណាម​ខាង​ជើង​ មិន​ត្រូវ​មាន​វត្ត​មាន​លើ​ទឹក​ដី​នៃ​ប្រទេស​យើង​នោះ​ទេ​។

នៅ​ពេល​ល្ងាច​ឡើង​ ខ្ញុំ​បាន​បំភ្លេច​ចោល​ទាំង​អស់​ អំពី​ការ​ខក​ចិត្ត​ទាំង​ប៉ុន្មាន​​។ ក្រុង​ភ្នំ​ពេញ​ទាំង​មូល​មាន​ការ​ត្រេក​អរ​​សប្បាយ​​។ គឺ​ជា​សេច​ក្តី​សប្បាយ​របស់​ប្រជា​ពល​ករ​ដែល​ឆ្លង​តាម​គ្នា​ ដ៏​ជ្រាល​ជ្រៅ​ និង ដ៏​គួរ​អោយ​ស្រវឹង​ ហាក់​ដូច​ជា​គេ​ប្រា​រព្វ​ធ្វើ​ពិធី​បុណ្យ​ជាតិ​។​ គឺ​ជា​សេច​ក្តី​រីក​រាយ​ពេញ​ចិត្ត​ ពេញ​ថ្លើម​ ការ​ធូរ​ស្រាល​នៃ​ប្រជា​ជាតិ​មួយ​ទាំង​មូល​ ដែល​នឹក​ស្មាន​ថា បាន​រំដោះ​រួច​ពី​សេច​ក្តី​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​ពួក​យៀក​កុង​។ គឺ​ជា​ការ​គួរ​អោយ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ ចំនួន​ជន​ជាតិ​ខ្មែរ​ ដ៏​ច្រើន​អិត​គណនា​ ដែល​មក​រួម​ប្រជុំ​នៅ​ចំពោះ​មុខ​មន្ទីរ​រដ្ឋស​ភា​ជាតិ​ ដើម្បី​ស្តាប់​សំលេងេ​របស់​អ្នក​នយោ​បាយ​ យើង​ ដែល​គាំ​ទ្រ​ក្រុម​បាតុ​ករ​ដោយ​គ្មាន​សំចៃ​។ នៅ​ក្នុង​រដ្ឋ​សភា ពួក​អ្នក​តំណាង​រាស្ត្រ​ស្ទើរ​តែ​ទាំង​អស់ បាន​ឡើង​ម្នាក់​ម្តង ​ៗ មក​កាន់​វេ​ទិកា ​ដើម្បី​ថ្កោល​ទោស​ធ្ងន់​ធ្ងរ​ ទៅ​លើ​វត្ត​មាន​យៀក​កុង​នៅ​ក្នុង​ទឹក​ដី​របស់​យើង​ ព្រម​ទាំង​ទទួល​ស្គាល់​អំពី​ សេច​ក្តី​បារម្ភ​តក់​ស្លុត​ ដែល​កាន់​តែ​រីក​ធំ​ឡើង​របស់​ប្រជា​ជន​ខ្មែរ​​។ សំនួន​វោ​ហា​រ​ដ៏​ក្បោះ​ក្បាយ​ស្រវឹង​ នឹង​ ខ្លួន​អែង​ទាំង​នេះ​ ដែល​មាន​សំលេង​ខ្លាំង​ដូច​រន្ទះ​ បាន​ត្រូវ​ចាក់​ផ្សាយ​តាម​វិទ្យុ​ជាតិ​។ អ្នក​តំណាង​រាស្ត្រ​ ដាញ់​-សាង​ ជា​អុទា​ហរណ៍ មនុស្ស​ម្នាក់​របស់​ទ្រង់​ស៊ីសុវត្ថិ​-សិរិមតៈ​ ក៏​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ ដោយ​វាយ​បញ្ឆិត​ទៅ​លើ​នយោ​បាយ​ខ្វាក់​ និង​អិត​ ទទួល​ខុស​ត្រូវ​ (នយោ​បាយ​របស់​សំដេច​សីហនុ​) ដែល​បាន​អនុញ្ញាត​អោយ​មាន​ទី​តាំង​ជា​ស្ថាពរ​របស់​យៀក​កុង​។ ការ​វាយ​ប្រហារ​តាម​ពាក្យ​សំដី​ ដែល​កំពុង​តែ​ឡើង​សរ​សៃ​ក​ ក៏​បាន​ក្លាយ​ទៅ​ជា​សង្គ្រាម​វាចា​ប្រកប​ដោយ​គ្រោះ​ថ្នាក់​។

*** នៅ​ក្នុង​សៀវ​ភៅ Cambodge du sourire à l'horreur របស់​លោក Jean Morice បាន​សរ​សេរ​អំពី​បាតុ​កម្ម​នៃ​ថ្ងៃ​ទី​១១ មីនា​១៩៧០ «នៅ​ពេល​ថ្ងៃ​រសៀល​ ពួល​ក្រុម​និស្សិត​បាន​មក​រួម​ប្រជុំ​នៅ​ពី​មុខ​សភា​ជាតិ​ ដើម្បី​ដាក់​ញតិ​មួយ ទាម​ទារ​សា​ជា​ថ្មី​អោយ​មាន​បណ្ដេញ​ពួក​យៀក​កុង​ ដែល​តាំង​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​។ នៅ​ពេល​ល្ងាច​ឡើង​ ពួក​អ្នក​តំណាង​រាស្ត្រ​ និង​ក្រុម​ប្រឹក្សា​ព្រះ​រាជា​ណា​ចក្រ​ ដែល​រួម​ប្រជុំ​គ្នា​នៅ​ក្នុង​មហា​សន្និ​បាត​វិ​សាមញ្ញ​ បាន​បោះ​ឆ្នោត​ជា​អែក​ច្ឆ័ន្ទ​​ ដើម្បី​ធ្វើ​ញតិ​មួយ ​មាន​សេច​ក្តី​ថា៖

- គាំ​ទ្រ​ទាំង​ស្រុង​ចំពោះ​បាតុ​កម្ម​ដែល​ធ្វើ​ឡើង​ដោយ​ប្រជា​ជន​និង​ក្រុម​និស្សិត​
- ស្នើ​សុំ​ដល់​រដ្ឋា​ភិបាល​ អោយ​ធ្វើ​ចំណាត់​ការ​ ដែល​តំរូវ​ដោយ​កាល​ទេស​ ដើម្បី​ជា​សេច​ក្តី​បញ្ជាក់​ ដល់​រដ្ឋាភិ​បាល​បដិ​វត្តន៍​នៃ​វៀត​ណាម​ខាង​ត្បូង (យៀក​កុង) និង​រដ្ឋា​ភិបាល​សាធា​រណ​រដ្ឋ​ប្រជា​មានិតុ​នៃ​វៀត​ណាម (យួន​ខាង​ជើង) អំពី​ខ្សែ​បន្ទាត់​នយោ​បាយ​ ដែល​ប្រ​ទេស​កម្ពុ​ជា​ត្រូវ​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​គ្រប់​កាល​ទេស​ ក្នុង​នាម​ជា​ប្រ​ទេស​អព្យា​ក្រឹត្យ​ពិត​ប្រាកដ​។
- ស្នើ​សុំ​ទៅ​រដ្ឋាភិ​បាល អោយ​ធ្វើ​ចំនាត់​ការ​ដ៏​ខ្លាំង​ក្លា (ដក​ស្មៅ​ទាំង​រិស) និង​ដ៏​ប្រញាប់​ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដីខ្មែរ​។

ប៉ុន្តែ​សង្គ្រាម​មិន​ទាន់​បាន​ផ្ទុះ​នៅ​ឡើយ​ទេ​នៅ​កម្ពុជា​។ សភាព​ការណ៍​មិន​ត្រលប់​ក្រោយ​ពិត​មែន​ ក៏​ប៉ុន្តែ​ក៏​មិន​មែន​មាន​ន័យ​ថា មិន​អាច​កែ​កុន​បាន​នោះ​ដែរ​។ ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទើប​នឹង​ភ្ញាក់​រលឹក​ពី​ដំនេក​ ម៉្លោះ​ហើយ​ពួក​គេ​មិន​ទាន់​យល់​ ពី​អ្វី​ៗ​ទាំង​អស់ ដោយ​ពួក​គេ​សំលឹង​មើល​ឃើញ​តែ​សភាព​ក្រ​លាប់​ក្រលើត​នៃ​ព្រឹត្តិ​ការណ៍​ដែល​រមៀល​ចុះ​ឡើង​ ប្រហែល​គ្នា​នឹង​ដំនក់​ទឹក​នៅ​លើ​ស្លឹក​ឈូក​។ ជន​ជាតិ​ខ្មែរ​ដឹង​ថា​ប្រទេស​ជាតិ​ កំពុង​ឆ្លង​កាត់​គ្រោះ​អាសន្ន​ តែ​ពួក​គេ​ពុំ​បាន​ដឹង​ទេ​ អំពី​ការ​រាល​ដាល​ដូច​ទឹក​បាក់​ទំនប់​ នៃ​សង្គ្រាម​អា​មេរិកាំង​-​យួន​ ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ សង្គ្រាម​ដែល​ស្តេច​សីហនុ​ កំពុង​ចង់​បាន​ជា​ទី​បំផុត​ ដោយ​ព្រះ​អង្គ​ទទួល​ជួយ​ពួក​យួន​យៀក​កុង​អោយ​មាន​ទី​ជំរក​អចិន្រ្ដៃ​ នៅ​លើ​ទឹក​ដី​កម្ពុជា​ ព្រះ​អង្គ​ កំពុង​ប្រឹង​ប្រែង​ស្វះ​ស្វែង​ពេញ​ទំហឹង​ ក្នុង​ប្រការ​បាន​ទទួល​ភោគ​ផល​ចំណេញ​ពី​សង្គ្រាម​ ទ្រង់​ចង់​បាន​ចំនែក​កេរ្តិ៍​ឈ្មោះ​ និង ជោគ​ជ័យ​របស់​យៀក​មិញ​ គឺ​ចំនែក​ដ៏​ធំ​ជាង​គេ​សំរាប់​រាជ​សីហ៍​ (ដើម្បី​ត្រួត​ត្រា​នៅ​លើ​ប្រទេស​បី​ គឺ​មរតក​ទាំង​មូល​របស់​ ហូ-ជីមិញ​ នៅ​លើ​អិណ្ឌូ​ចិន​ រឺ​ «ព្រះ​បាទ​ធម្មឹក​ស្តេច​ស​តូច​ស្តើង​សោយរាជ្យ​នគ​របី​» បន្ទាប់​ពី​មាន​ជោគ​ជ័យ​នៃ​ការ​ប្រយុទ្ធ​ តស៊ូ​របស់​ពួក​គេ​ ត​ទល់​នឹង «ចក្រ​ពត្តិ​និយម​អាមេ​រិកាំង​»​។

ប្រជា​ជន​ខ្មែរ​ដ៏​អភ័ព្វ​ក៏​អាច​ដើរ​មួយ​ជំហាន​ត្រលប់​ថយ​ក្រោយ​វិញ​ដែរ​ នៅ​ល្ងាច​ថ្ងៃ​ទី​១១​មីនា​១៩៧០​។ យ៉ាង​ហោច​ណាស់​ ក៏​ពួក​គេ​អាច​សន្សំ​ពេល​វេលា​ សន្សំ​កំលាំង​ប្រុង​ប្រៀប​រៀប​ចំ​ខ្លួន​អោយ​បាន​រួច​ជា​ស្រេច​ មុន​នឹង​លោត​ចូល​ទៅ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​មួយ​ដ៏​មហា​ខ្លោច​ផ្សារ​។ ប្រការ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ការ​រៀប​ចំ​របស់​អុត្តម​សេ​នីយ៍​លន់-នល់​ ដែល​ជា​​មនុស្ស​ម្នាក់មាន​អំនត់​អត់​ធន់​ ប្រ​ហែល​នៅ​ក្នុង​ចំនោម​ពួក​យើង​រាល់​គ្នា​ លោក​ជា​បុគ្គល​ដែល​មាន​អំនត់​អត់​ធន់​ច្រើន​ជាង​​គេ​ទាំង​អស់​! ក៏​ហាក់​ដូច​ជា​រឿង​ «ស្រី​ស្រស់​ដែល​ដេក​លក់​នៅ​ក្នុង​ព្រៃ​ជ្រៅ​ La Belle au bois dormant) ប្រជា​ជន​ខ្មែរ​ក៏​អាច​ដេក​លក់​ត្រលប់​ទៅ​វិញ​បាន​បន្តិច​ទៀត​ដែរ​ ល្គឹក​ណា​បើ​លោក​លន់​-នល់​ នាយក​រដ្ឋា​ភិបាល​អាច​មាន​លទ្ធ​ភាព​ចាក់​ថ្នាំ​ងុយ​ដេក​ដល់​ពួក​គេ​។ ក៏​ប៉ុន្តែ​គឺ​សំដេច​សីហនុ​ ដែល​មិន​បាន​ទុក​អោកាស​អោយ​គាត់​បាន​បំពេញ​កិច្ច​ការ​នេះ​ទាល់​តែ​សោះ​។

ប្រទេស​កម្ពុជា​នៃ​ថ្ងៃ​ទី​១១​មីនា​១៩៧០​ គឺ​គ្រាន់​តែ​ជា​នាវា​មួយ​ ដែល​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​បើក​បរ​យ៉ាង​លឿន​ស្លេវ​ តំរង់​ទៅ​បុក​ជល់​នឹង​ថ្ម​ស្រួច​។ លោក​លន់-នល់​ពុំ​មែន​ជា​អ្នក​កាច់​ចង្កូត​ទេ​ ថ្វី​បើ​គេ​យក​រូប​គាត់​ទៅ​ចង​ភ្ជាប់​នឹង​ចង្កូត​ក៏​ដោយ​។ គឺ​សំដេច​ព្រះ​ប្រ​មុខ​រដ្ឋ​ ដែល​បាន​ដាស់​ស្មា​រតី​ប្រជា​ពល​រដ្ឋ​ខ្លួន​អែង​ អោយ​ភ្ញាក់​ពី​ដំនេក​ ដើម្បី​គ្រាន់​តែ​បោះ​បង់​ពួក​គេ​ចោល​ទៅ​ក្នុង​វាសនា​ដ៏​មហា​អភ័ព្វ​។ មក​ទល់​ពេល​នេះ​ទង្វើ​នយោ​បាយ​ទាំង​ប៉ុន្មាន​ ពុំ​មែន​ជា​របស់​អុត្តម​សេនីយ៍​លន់-នល់​ នាយ​ក​រដ្ឋា​ភិបាល​នោះ​ឡើយ​ ដោយ​លោក​អុត្តម​សេនីយ៍​ គាត់​គ្រាន់​តែ​បាន​គោរព​ទាំង​ងងិត​ងងល់​ តាម​បង្គាប់​បញ្ជា​ ព្រះ​មហា​ក្សត្រ​របស់​គាត់​ ដែល​មាន​លក្ខណៈ​ជា​ទេវ​រាជ​។ គឺ​សំដេច​ដែល​បាន​រុញ​ច្រាន​លោក​អុត្តម​សេនីយ៍ តាំង​ពីការ​ ដួល​រលំ​នៃ​រដ្ឋា​ភិបាល​ទី១​ របស់​គាត់​ នៅ​ពាក់​កណ្ដាល​ឆ្នាំ​១៩៦៧​ អោយ​ជ្រើស​រើស​យក​មាគ៌ា​នៃ​សឹក​សង្គ្រាម​ ទោះ​ដោយ​សំងាត់​ក្តី​ ទោះ​ដោយ​ចំហ​​ក្តី​ គឺ​បាន​ជំរុញ​អោយ​គាត់​ប្រឆាំង​ទប់​ទល់​នឹង​គ្រោះ​ថ្នាក់​យៀក​កុង អោយ​បង្ហាញ​ដល់​ប្រជា​ជន​​ខ្មែរ​ អំពី​វៀត​ណាមូ​បនិយ​កម្ម​ដ៏​យង់​ឃ្នង​ និង​ដ៏​ជាក់​ស្តែង​នៃ​កម្ពុជា​។

នៅ​ល្ងាច​ថ្ងៃ​ទី​១១​មីនា​១៩៧០ ប្រជា​ជាតិ​ខ្មែរ​ដែល​មិន​បាន​ដឹង​ពី​វាសនា​អាក្រក់​របស់​ខ្លួន​ ដែល​មិន​បាន​ដឹង​ពី​គ្រោះ​ថ្នាក់​ ដល់​ស្លាប់​ ដែល​កំពុង​រង់​ចាំ​ពួក​គេ​ ដែល​មិន​បាន​ដឹង​ ពី​គោល​បំណង​ក្បត់​ជាតិ​នៃ​ព្រះ​អគ្គ​មគ្គុ​ទ្ទេសក៍​ដ៏កំពូល ប្រជា​ជាតិ​ខ្មែរ​បានរ​អិល​មក​ដល់​មាត់​ជ្រោះ​នៃ​មហន្ត​រាយ​រួច​ទៅ​ហើយ​​។​ ថ្ងៃ​ដែល​ពល​រដ្ឋ​ខ្មែរ​បាន​ងើប​ឡើង​យ៉ាង​ច្រើន​សំបើម​ ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​អិត​លាក់​លៀម​ តស៊ូ​ប្រឆាំង​នឹង​ពួក​យួន​កុម្មុយ​និស្ត​ គឺ​ជា​ទិវា​ចុង​ក្រោយ​នៃ​សន្តិភាព​របស់​យើង​។

(អត្ថបទដកស្រង់ចេញពី «មាគ៌ានៃមហាអន្តរាយ» )