វិភាគទានប្រវត្តិវិទ្យាសន្ធិសញ្ញាបារាំង-ខ្មែរឆ្នាំ១៩៤៩
Le Traité Franco-Khmer de 1949
ដោយ សុទ្ធ-ប៉ូលិន

សន្ធិ​សញ្ញា​បារាំង​-ខ្មែរ​ឆ្នាំ១៩៤៩ ដែល​បណ្ដាល​អោយ​ខ្មែរ​យើង​បាត់​បង់​ទឹក​ដី​កម្ពុ​ជា​ក្រោម​ទៅ​ស្តេច​បាវ​ដាយ បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​គូ​ភាគី​បារាំង​-ខ្មែរ​ តាំង​តែ​ពី​ឆ្នាំ ​១៩៤៥ មក​ម៉្លេះ​។ នៅ​ក្នុង​អែក​សារ​នេះ​ ក្រុម​ភាគី​ខាង​ខ្មែរ​បាន​និពន្ធ​ដោយ​ខ្លួន​អែង​ អំពី​លក្ខន្តិកៈ​រដ្ឋ​បាល​និង​ភូមិ​សាស្ត្រ​នៃ​កម្ពុជា​ថ្មី​ សំរាប់​ការ​បោះ​ឆ្នោត​និង​ការ​គ្រប់​គ្រង​ផ្ទៃ​ក្នុង​ និង​ដើម្បី​ទទួល​អែក​រាជ្យ​មុន​ពេល​ដែល​បារាំង​ចាក​ចេញ​ទៅ​ នៅ​ក្នុង​ក្របខណ្ឌ​នៃ​កម្ពុជា​កណ្ដាល​តែ​ប៉ុណ្ណោះ ​ដោយ​ពុំ​មាន​រំលឹក​សូម្បី​តែ​មួយ​ម៉ាត់​ អំពី​វត្ត​មាន​នៃ​កម្ពុជា​ក្រោម​។ គឺ​មក​ពី​មូល​ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​គេ​អាច​ចោទ​ប្រកាន់​ដោយ​សុភ​និច្ឆ័យ​ថា សន្ធិ​សញ្ញា​បារាំង​-​ខ្មែរឆ្នាំ ១៩៤៩ ជា​អែក​សារ​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល​ទៅ​អោយ​យួន​ ​ដោយ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កម្ពុជា​ក្រោម​ មាន​ទឹក​ដី​កោះ​ត្រល់​នៅ​ក្នុង​នោះ​ដែរ​, ដូច្នេះ​កោះ​ត្រល់​បាន​ត្រូវ​កាត់​ដោយ​ភាគី​ខ្មែរ​ខ្លួន​អែង​ ទៅ​អោយ​យួន​នៅ​ក្នុង​ឆ្នាំ​១៩៤៩​ នៅ​ក្នុង​រាជ្យ​ព្រះ​បាទ​នរោត្តម​-​សីហនុ នៅ​ក្នុង​សម័យ​មួយ​ដែល​ហ៊ុន​-​សែន​មិន​ទាន់​បាន​មក​ចាប់​កំណើត​ផង​។​   

យោង​តាម​អត្ថ​បទ​របស់​លោក Philippe Preschez ខាង​លើ​នេះ​ យើង​ឃើញ​ថា ក្រុម​អ្នក​និពន្ធ​លក្ខន្តិក​នៃ​សន្ធិ​សញ្ញា​​បារាំង​-​ខ្មែរ​ មាន​ឧត្តម​គតិ «អ្នក​ជាតិ​និយម​» ដ៏​ខ្លាំ​ងក្លា​។ ម៉្យាង​វិញ​ទៀត​ ក្រុម​នេះ​ក៏​ជា​ក្រុម​និពន្ធ​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ​១៩៤៧​ផង​ដែរ​។   

ជំពូកទី៣ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ៖ កិច្ច​ការ​សំនេរ​ខាង​ផ្នែក​រដ្ឋ​ធម្ម​នុញ្ញ​របស់​គណៈ​កម្មា​ធិ​ការ​សិក្សា​បារាំង​-​ខ្មែរ​មាន​គំរោង​ពីរ​យ៉ាង​។ គំរោង​ទី​១ បាន​ធ្វើ​ចប់​នៅ​ក្នុង​ខែ​កុម្ភៈ​១៩៤៦ គឺ​គ្រាន់​តែ​ជា​ការ​បក​ស្រាយ​រៀប​រៀង​អោយ​ទៅ​ជា​អត្ថ​បទ​ច្បាប់​ក្រម​​នូវ​អ្វី​ៗ​ ដែល​ធ្លាប់​មាន​ជាប់​លាប់​ ជា​យូរ​ណាស់​មក​ហើយ​នៅ​ប្រទេស​កម្ពុជា​ ដោយ​ស្វែង​រក​រូប​មន្ត​ដ៏​ទូលំ​ទូលាយ​នៅ​ក្នុង​សំនេរ​រដ្ឋ​ធម្មនុញ្ញ​ផ្សេង​ៗ​ នៃ​ប្រទេស​​ជា​ច្រើន​ មាន​តាំង​ពី​ប្រទេស​ចិន ប្រទេស​លី​បង់​ ប្រទេស​អាហ្វ​ក្ហា​និស្ថាន​។ នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ ព្រះ​រាជា​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ទិស​ព្រួញ​នៃ​សេរី​និយម​ផង​ដែរ​ នៅ​ក្រោម​អិទ្ធិ​ពល​នៃ​ក្រុម​បញ្ញ​វ័ន្ត​ខ្មែរ​ដ៏​ក្មេង​ៗ ដោយ​ទ្រង់​ប្រកាស​ថា​ ទ្រង់​មាន​ ចំណង់​ធ្វើ​ប្រជា​មតិ​មួយ​ អំពី​អនា​គត​រដ្ឋ​ធម្ម​នុញ្ញនៃ​ប្រទេស​កម្ពុជា​ សេច​ក្តី​ប្រកាស​នៅ​ថ្ងៃ​ ១៣ មេសា ១៩៤៦។ គណៈ​ប្រតិភូ​ ខាង​ខ្មែរ​នៃ​គណ​កម្មា​ធិ​ការ​និពន្ធ​ខ្មែរ​-​បារាំង​ (ទ្រង់​មុនី​រេត​, ជូឡុង​,ឃឹម​ទិត​, វ៉ារ​កាមែល​ មិន​សូវ​មាន​នយោ​បាយ​ជឿន​លឿន​​ប៉ុន្មាន​ទេ ទាក់​ទង​នឹង​លក្ខន្តិក​ផ្ទៃ​ក្នុង​នៃ​ប្រទេស​កម្ពុជា​, ពួក​គេ​សំដៅ​តំរង់​តែ​ទៅ​លើ លក្ខន្តិកៈ​អន្តរ​ជាតិនៃ​ប្រទេស​ពួក​គេ​តែ​ប៉ុណ្ណោះ ​(កកន លក្ខន្តិកៈ​អន្តរ​ជាតិ​ គឺ​ជា​លក្ខន្តិកៈ​ភូមិ​សាស្ត្រ​ជា​មួយ​នឹង​ប្រទេស​ជិត​ខាង​។ (ដកស្រង់ពី Essai sur la Démocratie au Cambodge, Ibidem page 22)។   

យើង​មាន​ការ​សង្កេត​ពីរ​យ៉ាង​ទៅ​លើ​អត្ថ​បទ​ខាង​លើ​នេះ ៖
ទី១- គេ​មិន​អាច​ទំលាក់​ទោស​កំហុស​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​លើ​បារាំង​ទេ តែ​គេ​ត្រូវ​ទំលាក់​ទោស​ទៅ​លើ​ភាគី​ខ្មែរ​នៃ​គណៈ​កម្មា​ធិការ​បារាំង​-​ខ្មែរ​នោះ​វិញ​។ គឺ​ដោយ​ហេតុ​ថា បារាំង​ជា​ជន​បរទេស ពួក​គេ​មិន​អាច​ស្រលាញ់​ទឹក​ដី​ខ្មែរ​ជា​ង​ជន​ជាតិ​ខ្មែរ​នោះ​ទេ​។ បើ​ភាគី​ខាង​ខ្មែរ​ជា​អ្នក​សំរេច​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​អោយ​ទៅ​យួន​ទៅ​ហើយ​ បារាំង​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដែរ។
ទី២- មើល​ពី​ខាង​ក្រៅ​ទៅ​ គណៈ​កម្មា​ធិការ​និពន្ធ​បារាំង​-​ខ្មែរ​ មាន​លក្ខណៈ​ស្អាត​ស្អំ​ណាស់​។ ពួក​គេ​បាន​រៀប​ចំ​គំរោង​រដ្ឋ​ធម្មនុញ្ញ​ ពួក​គេ​បាន​រៀប​ចំ​លក្ខន្តិកៈ​រដ្ឋ​បាល (Statut administratif) និង​លក្ខន្តិកៈ​ភូមិ​សាស្ត្រ​ពេល​ដែល​បារាំង​ចាក​ចេញ​ទៅ​។

ដូច្នេះ​បើ​គេ​ចង់​ស្វែង​រក​ទោស​កំហុស​របស់​គណៈ​កម្មា​ធិការ​នេះ​ គេ​មិន​អាច​រក​ឃើញ​នៅ​ក្នុង​កិច្ច​ការ​ ដែល​គេ​បាន​ធ្វើ​យ៉ាង​ល្អ​ប្រពៃ​នោះ​ទេ​។ ក៏​ប៉ុន្តែ​ឧក្រឹដ្ឋ​កម្ម​របស់​គេ​ ចំពោះ​ប្រជា​ជាតិ​ខ្មែរ​ គឺ​មិន​ស្ថិត​នៅ​ក្នុង​កិច្ច​ការ​ដែល​ពួក​គេ​បាន​ធ្វើ​ គឺ​ស្ថិត​នៅ​លើ​កង្វះ​ដ៏​ជាក់​ស្តែង​មួយ​ គឺ​មិន​បាន​បញ្ចូល​លក្ខន្តិកៈ​នៃ​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ឆ្នាំ​១៩៤៧​។ ពេល​ដែល​បារាំង​ចាក​ចេញ​ទៅ គឺ​ជា​ពេល​ដែល​បារាំង​ត្រូវ​បែង​ចែក​ទឹក​ដី​រវាង​ខ្មែរ​និង​យួន​ជា​ផ្លូវ​ការ​។ បើ​នៅ​ពេល​ចាប់​ផ្តើម​ដំបូង​ឡើង​នៃ​សន្ធិ​សញ្ញា​បារាំង​-​ខ្មែរ​ ភាគី​ខាង​ខ្មែរ​មិន​ព្រម​បញ្ចូល​លក្ខន្តិកៈ​នៃ​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ក្នុង​គំរោង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្មែរ​ទេ គឺ​វា​មាន​តែ​ភាគី​ខាង​ខ្មែរ​បាន​សំរេច​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​អោយ​យួន​ដោយ​ខ្លួន​អែង​។   

១៩៤៩ ជា​ឆ្នាំ​នៃ​រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ៖ ដើម្បី​បិទ​បាំង​ឧក្រឹដ្ឋ​កម្ម​ប៉ុន​ភ្នំ​នោះ​ នៅ​ពី​ក្រោយ​សំណុំ​អែក​សារ​នៃ​សន្ធិ​សញ្ញា​បារាំង​-​ខ្មែរ​ ពួក​ក្រុម​មន្ត្រី​វាំង​ (ក្បត់​ជាតិ​) បាន​ខំ​ប្រឹង​ «កកូរ​ទឹក​អោយ​ល្អក់​» ពោល​គឺ​បាន​បង្កើត​កល្លិ​យុគ​នយោ​បាយ​នៅ​ក្នុង​ឆ្នាំ​១៩៤៩ ក្នុង​ប្រការ​កុំអោយ​នរ​ណា​ម្នាក់​មើល​​ឃើញ​ការ​ពិត​។​ សូម​អាន​អត្ថ​បទ​មួយ​ទៀត​របស់​លោក​ Philippe Preschez​។   

ទំនាស់​វិវាទ​រវាង​រដ្ឋ​សភា​ហើយ​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ យ៉ែម​-​សំបូរ​ បាន​ក្លាយ​ទៅ​ជា​រឿង​អាឃាត​ព្យា​បាទ​គ្នា​ទៅ​វិញ​ ទៅ​មក​យ៉ាង​ខ្លាំង​ក្លា​។ នៅ​ក្នុង​សេច​ក្តី​ប្រកាស​មួយ​ផ្សាយ​តាម​វិទ្យុ​ លោក​នាយក​រដ្ឋ​មន្ត្រី​ទី​១​ បាន​ចោទ​ប្រកាន់​ក្រុម​អ្នក​តំណាង​រាស្ត្រ​ខ្លះ​ ថា​កំពុង​តែ​រៀប​ចំ​លក់​ស្រុក​ទេស​ បន្ទាប់​ពី​បាន​លក់​គំនរ​ភ្នំ​អំបិល​, ស្រូវ​អង្ករ​ និង​ត្រី​សាច់​។ ហើយ​ដោយ​មិន​ព្រម​ អនុ​លោម​ទៅ​តាម​ការ​គំរាម​របស់​រដ្ឋស​ភា​, លោក​បាន​ប្រកាស​ថា “យើង​ចង់​ដឹង​ណាស់​ថា តើ​ប្រ​ទេស​កម្ពុជា​នឹង​ត្រូវ​ដឹក​នាំ​ដោយ​សមា​ជិក​មួយ​ក្រុម​នៃ​គណ​បក្ស​មួយ​ (គណ​បក្ស​ប្រជា​ធិប​តេយ្យ​) ដែល​សូម្បី​តែ​រដ្ឋ​ធម្ម​នុញ្ញ​ក៏​លែង​គោរព​ផង​ដែរ​នោះ​ទេ​? ( កកន​ គឺ​លោក​យ៉ែម​-​សំបូរ​ ខ្លួន​អែង​ទៅ​វិញ​ទេ​ ដែល​មិន​បាន​គោរព​រដ្ឋ​ធម្មនុញ្ញ​)​​។ សមាជិក​ម្នាក់​នៃ​គណ​បក្ស​ភាគ​ច្រើន​ ក៏​បាន​ដាក់​ញតិ​នៃ​ការ​ដក​សេច​ក្តី​ទុក​ចិត្ត​ (Motion de censure) ក្នុង​ប្រការ​នៃ​ការ​បក​ស្រាយ​ផ្ទុយ​គ្នា​បែប​ខាង​លើ​នេះ​នៃ​រដ្ឋ​ធម្ម​នុញ្ញ​។ លោក​យ៉ែម​-​សំបូរ​ក៏​បាន​ថ្លែង​ថា​ នឹង​ស្នើ​ដល់​ព្រះ​មហា​ក្សត្រ​ សូម​ទ្រង់​រំលាយ​រដ្ឋ​សភា។ រដ្ឋ​សភា​មិន​ព្រម​អនុ​លោម ចំណែក​លោក​យ៉ែម​-​សំបូរ​ក៏​បាន​ទទួល​ពី​ព្រះ​មហា​ក្សត្រ​ នូវ​ព្រះ​ហត្ថ​លេខា​លើ​ក្រឹត្យ​រំលាយ​រដ្ឋ​សភា​។ រដ្ឋស​ភា​ខំ​ប្រឹង​ដក​ញតិ​នៃ​ការ​សួរ​ចំលើយ​មក​វិញ​ដែរ​ ដោយ​វិធី​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៧​ កញ្ញា ១៩៤៩ ដោយ​មាន​ ៥៤​សំលេង​ទល់​ នឹង ៧​។ ក៏​ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ​។​ សញ្ញា​នៃ​ការ​ស្តាយ​គ្រោយ​នេះ​ ពុំ​បាន​ជួយ​រដ្ឋ​សភា​អោយ​គង់​វង់​ជីវិត​នោះ​ទេ​។​ ព្រះ​មហា​ក្សត្រ​ដែល​មាន​ទំនាស់​ហរិ​ទ័យ​ជា​មួយ​ នឹង ក្រុម​តំណាង​រាស្ត្រ​ប្រជា​ធិប​តេយ្យ​និយម​ជ្រុល​មួយ​ក្រុម​ ដែល​បាន​ប្រឆាំង​នឹង​ឆន្ទ​ ព្រះ​អង្គ​ក្នុង​ប្រការ​ចុះ​ហត្ថ​លេខា​ជា​មួយ​ប្រទេស​បារាំង​ លើ​សេច​ក្តី​ព្រម​ព្រៀង​អំពី​លក្ខន្តិកៈ​នៃ​កម្ពុជា​ថ្មី​ (កកន​ លក្ខន្តិក​នៃ​កម្ពុជា​ថ្មី​នេះ​ គឺ​សន្ធិ​សញ្ញា​បារាំង​-ខ្មែរ​ដែល​លើក​ថ្វាយ​ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល​ទៅ​ស្តេច​យួន​បាវ​ដាយ)​ព្រះ​មហា​ក្សត្រ ក៏​ទ្រង់​ព្រះ​តំរិះ​ថា រដ្ឋ​សភា​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ ហើយ​នៅ​ថ្ងៃ​ទី​១៨​ កញ្ញា​ទ្រង់​បាន​ប្រកាស​ថា ក្រឹត្យ​នៃ​ការ​រំលាយ​រដ្ឋ​សភា​ មិន​អាច​ដក​ជំហាន​ថយ​ក្រោយ​វិញ​បាន​ទេ​។   

ការ​រំលាយ​រដ្ឋ​សភា​នេះ​ សម​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​ពិត​មែន​។ ប៉ុន្តែ​ចំណាត់​វិធាន​ការ​ជា​បន្ទាប់​មក​ទៀត​ មិន​សម​ស្រប​ទាល់​តែ​សោះ​។ ព្រះ​មហា​ក្សត្រ​ក៏​បាន​ស្នើ​យ៉ាង​ភ្លាម​​ប្រញាប់​ ទៅ​ដល់​ប្រមុខ​ខេត្ត​ទាំង​ឡាយ​ អំពី​លទ្ធ​ភាព​នៃ​ការ​បោះ​ឆ្នោត​សា​ជា​ថ្មី ដោយ​សេរី​និង​ដោយ​យុត្តិ​ធម៌​ ពួក​គេ​បាន​ឆ្លើយ​តប​មក​វិញ​ថា មិន​អាច​ធ្វើ​បាន​ទេ​ ដោយ​មាន​ស​កម្ម​ភាព​នៃ​ពួក​​អិស្សរៈ​​ និង​ក្រុម​បក្ស​សម្ព័ន្ធ​របស់​គេ​ គឺ​ពួក​យៀក​មិញ​។ ព្រះ​មហា​ក្សត្រ​នរោត្តម​-​សីហនុ​ក៏​បាន​សំរេច​ថា​ រដ្ឋា​ភិបាល​ នឹង ត្រូវ​ធ្វើ​ការ​គ្រប់​គ្រង​ ជា​បណ្ដោះ​អាសន្ន​សិន​ ដោយ​មាន​ជំនួយ​ពី​ក្រុម​ប្រឹក្សា​ព្រះ​រាជ​បល្ល័ង្ក​។ គណ​បក្ស​ប្រជា​ធិប​តេយ្យ​ក៏​បាន​ឆ្លៀត​អោ​កាស​នោះ​ ចោទ​ព្រះ​កូណា​ថា បាន​រំលោភ​លើ​រដ្ឋ​ធម្ម​នុញ្ញ​ ពី​ព្រោះ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា​ កាល​ណា​មាន​ការ​រំលាយ​រដ្ឋ​សភា​ ហើយ​គេ​ត្រូវ​ អនុ​វត្ត​ការ​បោះ​ឆ្នោត​សា​ជា​ថ្មី ​នៅ​ក្នុង​រយៈ​ពេល​ពីរ​ខែ​ជា​បន្ទាប់​ (មាត្រា​ទី​៣៨)​។ ព្រះ​មហា​ក្សត្រ​ក៏​បាន​ឆ្លើយ​តប​វិញ​ថា នៅ​ក្នុង​កាលៈ​ទេសៈ​ពិសេស​ ដែល​មិន​អនុញ្ញាត​អោយ​មាន​ចំណាត់​ការ​សម​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​ ហើយ​ម៉្យាង​វិញ​ទៀត​ គឺ​ទ្រង់​អង្គ​អែង​ ដែល​បាន​ផ្តល់​អំណោយ​រដ្ឋ​ធម្ម​នុញ្ញ​ដល់​ប្រទេស​ជាតិ​ ម៉្លោះ​ហើយ​ទ្រង់​មាន​សិទ្ធិ​ និង ព្យួរ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​មួយ​រយៈ​ពេល​សិន​ ដោយ​គិត​ទៅ​ដល់​ផល​ប្រយោជន៍​ខ្ពង់​ខ្ពស់​នៃ​ប្រទេស​ជាតិ​។   

ក៏​ប៉ុន្តែ​វិធាន​ការ​ខ្លះ​ទៀត​ដែល​មិន​សម​ស្រប​នឹង​សុភ​និច្ឆ័យ​សោះ​ (mesures moins justifiées) ក៏​បាន​បង្កើត​អោយ​ មាន​បរិ​យាកាស​នៃ​ការ​ច្របូក​ច្របល់​​។ ដោយ​មាន​អសន្តិ​សុខ​ ដែល​មិន​អនុញ្ញាត​អោយ​មាន​ការ​បោះ​ឆ្នោត​សា​ជា​ថ្មី លោក​យ៉ែម​-​សំបូរ​ក៏​នៅ​មាន​ឋានៈ​ជា​ប្រមុខ​រដ្ឋា​ភិបាល​ដដែល​។​ គឺ​ជា​លក្ខណៈ​ផ្ទុយ​នឹង​រដ្ឋ​ធម្ម​នុញ្ញដែល​បាន​ចែង​ថា​ បន្ទាប់​ពី​មាន​ការ​​រំលាយ​រដ្ឋស​ភា​រួច​ហើយ​ ព្រះ​មហា​ក្សត្រ​ត្រូវ​តែង​តាំង​ប្រធាន​រដ្ឋ​សភា នៅ​ពេលនោះ គឺ​លោក​អៀវ​-​កើស​ ដែល​ជា​មេ​ដឹក​នាំ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ អោយ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​។ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​ក្រោយ​នេះ​ ក៏​ត្រូវ​តែង​តាំង​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ថ្មី​ម្នាក់​ទៀត​ ដោយ​យល់​ស្រប​ជា​មួយ​នឹង​មន្ទីរ​រដ្ឋ​សភា ចំណែក​សមា​ជិក​រដ្ឋា​ភិ​បាល​ទាំង​អស់​ ត្រូវ​នៅ​កាន់​មុខ​តំណែង​ជា​បន្ត​ទៅ​ទៀត​ ដើម្បី​បំពេញ​កិច្ច​ការ​រាល់​ថ្ងៃ​។ ក៏​ប៉ុន្តែ​មិន​ដូច្នោះ​ទេ លោក​យ៉ែម​-​សំបូរ​បែរ​ជា​ត្រូវ​ទទួល​បន្ទុក​អោយ​ បង្កើត​រដ្ឋាភិ​បាល​ថ្មី​នៅ​ថ្ងៃ​ទី​២៩ កញ្ញា ១៩៤៩ ហើយ​ជា​ការ​ច្បាស់​ណាស់​ រដ្ឋា​ភិបាល​នេះ​មិន​បាន​ទទួល​សេច​ក្តី​ទុក​ចិត្ត​ពី​រដ្ឋ​សភា​ទេ​ (កកន គឺជារដ្ឋាភិបាលដែលចេញរូបរាងឡើង ពីរដ្ឋប្រហារប្រឆាំងនឹងរដ្ឋធម្មនុញ្ញ)។   

ជា​ការ​ពិត​ណាស់​, ព្រះ​មហា​ក្សត្រ​ចង់​ដើរ​តួ​សំរុះ​សំរួល​តែ​ប៉ុណ្ណោះ​។ នៅ​ពេល​រំលាយ​រដ្ឋ​សភា​ ទ្រង់​បាន​ប្រកាស​ជា​សាធា​រណៈ​ថា ព្រះ​អង្គ​ពុំ​មាន​គោល​បំណង​ដើរ​ចេញ​ពី​គន្លង​ច្បាប់​ ហើយ​ក៏​ពុំ​ចង់​ប្រឆាំង​នឹង​គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​ផង​ដែរ​។ ក៏​ប៉ុន្តែ​ព្រះ​អង្គ​ដឹង​ច្បាស់​ថា​ បើ​ទ្រង់​បើក​សភា​ចាស់​ឡើង​វិញ​ នោះ​ពួក​គេ​ នឹង​មិន​យល់​ព្រម​ជា​ដាច់​ខាត​ អនុញ្ញាត​អោយ​ព្រះ​អង្គ​ចុះ​ហត្ថ​លេខា​ទៅ​លើ​សន្ធិ​សញ្ញា​បារាំង​-ខ្មែរ​ឡើយ​។ (កកន នេះ​ជា​ភស្តុ​តាង​យ៉ាង​ច្បាស់​ក្រ​លែត​ថា រដ្ឋ​ប្រហារ​ប្រ​ឆាំង​រដ្ឋ​ធម្មនុញ្ញ​នៅ​ក្នុង​ឆ្នាំ​១៩៤៩ គឺ​ធ្វើ​ឡើង​ដើម្បី​បិទ​បាំង​ឧក្រឹដ្ឋ​កម្ម​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​អោយ​វៀត​ណាម​)​ ។ (ដក​ស្រង់​ចេញ​ពី​ Essai sur la Démocratie au Cambodge Ibidem -P.38-29)។   

កាល​បរិច្ឆេទ​នៃ​ឧក្រឹដ្ឋឹ​កម្ម​នយោ​បាយ​ មុន​ពេល​ដែល​បារាំង​ចាក​ចេញ​ទៅ​៖
ថ្ងៃ​​ទី​​១៨ កក្កដា ១៩៤៧ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្តិ​-​យុត្តិវង្ស​ រដ្ឋ​មន្ត្រី​ទី​១​ខ្មែរ​ជា​ដំបូង​ ដែល​ឡើង​កាន់​កាប់​តំណែង​ ដោយ​សារ​ការ​បោះ​ឆ្នោត​ (ទើប​ឡើង​បាន​រយៈ​ពេល​បី​ខែ​ប៉ុណ្ណោះ​ បាន​ទទួល​សេច​ក្តី​ស្លាប់​ដោយ​គេ​បំពុល​ (ឃាតករ​គឺ​លោក​យ៉ែម​-​សំបូ​រ​ ដែល​មាន​ឋានៈ​ជា​លេខា​ធិការ​ពិសេស​របស់​ទ្រង់​ស៊ីសុ​វត្ថិ​-​យុត្តិ​វង្ស)​
ថ្ងៃ​ទី​១៤ មករា ១៩៥០​ លោក​យ៉ែម​-​សំបូរ​បាន​ចាត់​មេ​ប៉ូ​លិស​ឈ្មោះ សេង​-​ទិប​ អោយ​បញ្ជូន​មនុស្ស​ទៅ​ពិឃាត​លោក​អៀវ​-​កើស​ ដោយ​មាន​ការ​គប់​គ្រាប់​បែក​ដៃ​នៅ​ទី​ស្នាក់​ការ​គណបក្ស​ប្រជា​ធិប​តេយ្យ​ បណ្ដាល​អោយ​លោក​ស្លាប់​។
ថ្ងៃទី​២៩ តុលា ១៩៥១ បារាំង​បាន​ដោះ​លែង​លោក​សឺង​-​ង៉ុក​ថាន់​ អោយ​វិល​ត្រលប់​មក​ភ្នំ​ពេញ​វិញ​។ ថ្ងៃ​នោះ​​នៅ​ពេល​ ដែល​លោក​សឺង​-​ង៉ុក​ថាន់​បាន​មក​ដល់​ពោធិ​ចិន​តុង មាន​ខ្មែរ​ចំនួន​ ៥០០០​នាក់​ បាន​ទៅ​ស្រែក​ជ័យ​ឃោស​អោយ​លោក​។ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល​នោះ ​យួន​យៀក​មិញ​បាន​ពិឃាត​លោក Jean De Raymond ដែល​ជា​អាណា​ព្យា​បាល​បារាំង​នៅ​ប្រទេស​កម្ពុជា​ (មាន​អំណាច​ខ្ពស់​ជាង​ព្រះ​កូណា​នរោត្តម​សីហនុ​ទៅទៀត​)​។ រួច​ហើយ​គេ​បាន​ទំលាក់​ទោស​កំហុស​នេះ​ ទៅ​លើ​ក្រុម​សឺង​-​ង៉ុក​ថាន់​។

ឃាត​កម្ម​ទាំង​អស់​ខាង​លើ​នេះ​ គឺ​ជា​ការ​កកូរ​ព្រឹត្តិ​ការណ៍​អោយ​មាន​សភាព​ចលា​ចល​វឹក​វរ​ ដើម្បី​កុំ​អោយ​ជន​ជាតិ​ខ្មែរ​ណា​ម្នាក់​មើល​ឃើញ​ថា ពួក​គេ​កំពុង​តែ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​រួច​ទៅ​ហើយ​ មុន​ឆ្នាំ​១៩៥៣​ ដែល​ព្រះ​កូណា​នរោត្តមសី​ហនុ​ បាន​ទទួល​អែក​រាជ្យ​ពី​បារាំង​។  

___________________________________________________________
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

កំនត់សំគាល់

ក្រោយ​ពី​ក្រុង​លង្វែក​ត្រូវ​បែក​បាក់​ដោយ​ការ​វាយ​លុក​របស់​សៀម ទឹក​ដី​ខ្មែរ​មួយ​ភាគ​ធំ​នៅ​អែ​នាយ​ភ្នំ​ដង​រែក​ត្រូវ​បាត់​បង់​ជា​ស្ថាពរ​។ ប៉ុណ្ណឹង​ហើយ អ្នក​ដឹក​នាំ​ជាតិ​ខ្មែរ​នៅ​តែ​មិន​ទាន់​ចេះ​ទាញ​មេ​រៀន​ពី​ការ​បែក​បាក់​សាមគ្គី​រវាង​គ្នា​អែង​នៅ​ឡើយ​។ ជំលោះ​ដណ្ដើម​អំណាច ដណ្ដើម​រាជ​សម្បត្ដិ​មាន​រិត​តែ​ច្រើន​ឡើង ហើយ​រិត​តែ​ញឹក​ញាប់​ឡើង​ ជា​ហេតុ​បណ្ដាល​អោយ​អ្នក​ជិត​ខាង ជា​ពិសេស​ជាតិ​យួន​ដែល​បាន​ក្លាយ​ជា​មហា​អំណាច​មួយ​ក្រោយ​ពី​បាន​ច្បាំង​ឈ្នះ​ប្រ​ទេស​ចំប៉ា​នោះ មាន​អោកាស និង មាន​លេស​ដើម្បី​អន្ដរា​គមន៍ លូក​ដៃ​កកូរ​ផ្ទៃ​ក្នុង​របស់​ខ្មែរ​តាម​តែ​អំពើ​ចិត្ដ​។

អ្នក​ដឹក​នាំ​ជាតិ​ក្នុង​សម័យ​នោះ ពុំ​បាន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​វាសនា​ប្រ​ទេស​ជាតិ ចំពោះ​ជីវ​ភាព​របស់​រាស្រ្ដ គឺ​ថា​ពុំ​បាន​គិត​ដល់​ប្រ​យោជន៍​រួម​ទេ តែ​គិត​ធ្វើ​យ៉ាង​ណា​អោយ​តែ​បាន​អំណាច បាន​យស​សក្ដិ បាន​រាជ​បល្ល័ង្ក បាន​ស្នេហា បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ម៉្លោះ​ហើយ ក្នុង​ការ​ធ្វើ​អោយ​សំរេច​បំណង​រៀង​ៗ​ខ្លួន គេ​មិន​និយម​សំរប​សំរួល​ផ្សះ​ផ្សា​រាជ​វង្សា​នុវង្ស​ទេ គេ​សុខ​ចិត្ដ​កែន​រាស្រ្ដ​អោយ​បង្ហូរ​ឈាម​គ្នា រួច​រត់​ទៅ​ពឹង​ពាក់​បរទេស​ជិត​ខាង​អោយ​គេ​ជួយ​គាំ​ទ្រ អោយ​គេ​ជួយ​ជំនួយ​ជា​ទ័ព​យក​មក​ជិះ​ជាន់​ស្រុក​ទេស​ខ្លួន យក​មក​កាប់​សំលាប់​តែ​ជាតិ​អែង​។

នៅ​ទី​បំផុត​ខ្មែរ​ទាំង​សង​ខាង​ត្រូវ​ទ្រុឌ​ទ្រោម អស់​ឋាម​ពល​តែ​រៀង​ខ្លួន ប្រយោជន៍​ត្រូវ​បាន​ទៅ​អ្នក​ជិត​ខាង​ ដែល​គេ​តែង​តែ​ទារ​យក​សគុណ​ពី​ជំនួយ​រស់​គេ​គ្រប់​ប្រ​ភេទ​ក្នុង​ការ​ជួយ​គាំ​ទ្រ​ស្ដេច​ខ្មែរ​ដែល​កើត​វិវាទ​នឹង​គ្នា​។ ដោយ​ហេតុ​នោះ ស្ដេច​ខ្លះ​ដូច​ជា​អង្គ​អិម កែវ​ហ្វា​ទី​៣ សុខ​ចិត្ដ​ដាក់​ប្រ​ទេស​ចំនុះ​សៀម អោយ​តែ​សៀម​ទុក​អោយ​ព្រះ​អង្គ​បាន​សោយ​រាជ្យ ហើយ​នាំ​ស្ដេច​ជា​គូ​បដិ​បក្ខ​ត្រលប់​ទៅ​ស្រុក​វិញ រឺ សត្ថា​ទី​២ អង្គ​ជី សុខ​ចិត្ដ​យល់​ព្រម​អោយ​ពួក យួន​មក​តាំង​អំណាច​ត្រួត​ត្រា​លើ​ស្រុក​ខ្មែរ អោយ​តែ​ពួក​នេះ​ព្រម​ទទួល​ស្គាល់​ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​ខ្មែរ និង​ស្ដេច​ខ្លះ​ទៀត​បាន​យល់​ព្រម​លះ​បង់​ទឹក​ដី អោយ​បរ​ទេស​ដូច​ជា​ករណី​របស់​នារាយណ៍​រាជា​អង្គ​តន់​ជា​ដើម​។

ក្នុងការដណ្ដើម​យក​ទឹក​ដី​ខាង​លើ​នេះ គេ​សង្កេត​ឃើញ​ថា យួន​បាន​អនុ​វត្ដ​វិធី​៣​យ៉ាង៖
- វិធី​ទូត រឺ សន្ដិ​វិធី : វិធី​នេះ​គេ​បាន​យក​មក​អនុ​វត្ដ​មុន​គេ​បង្អស់ ព្រោះ​ពេល​នោះ​ទោះ​បី​យួន​ច្បាំង​ឈ្នះ​ចាម​ហើយ​​ តែ​នៅ​មិន​ទាន់​លេប​អស់​ទឹក​ដី​ចាម​នៅ​ឡើយ​។ ស្ដេច​យួន​បាន​បញ្ជូន​ទូត​អោយ​មក សូម​អនុញ្ញាត​ពី​ស្ដេច​ខ្មែរ អោយ​រាស្រ្ដ​យួន​ចូល​រក​ស៊ី​ក្នុង​ទឹក​ដី​ខ្មែរ​។ នេះ​ជា​វិធី​មួយ​ដែល​យួន​ពុំ​បាន​ប្រើ​ជា​មួយ​ចាម​ទេ ព្រោះ​ជា​មួយ​ចាម គេ​បាន​បញ្ជូន​ទ័ព​មក​វាយ​ឈ្នះ​សិន​ទើប​បញ្ជូន​រាស្រ្ដ​មក​តាម​ក្រោយ​។

- វិធីយោធា : យួន​បាន​ប្រើ​វិធី​នេះ ដោយ​ផ្ដល់​ជំនួយ​ជា​ទ័ព​ដើម្បី​ជួយ​ច្បាំង​ស្ដេច មេ​ដឹក​នាំ​ខ្មែរ រឺ​មន្រ្ដី​ណា​ដែល​បាន​រត់​ទៅ​ពឹង​គេ​អោយ​ជួយ (ករណី​របស់​អុក​ញ៉ា​នរិន្ទ​អិម​នៅ គ.ស. ១៦៩៩) រឺ​ដោយ​យក​លេស​ថា ការ​ពារ​ជន​ជាតិ​គេ​មក​រស់​នៅ​លើ​ដី​ខ្មែរ ក៏​លើក​ទ័ព​មក​ច្បាំង​នឹង​ខ្មែរ(ការ​បះ​បោរ​ប្រ​ឆាំង​យួន​ក្នុង​គ.ស ១៧៣០)។

- វិធី​ចិត្ដ​សាស្ដ្រ : យួន​ប្រើ​វិធី​នេះ​ដោយ​ធ្វើ​ការ​បំបះ​បំបោរ​បង្កើត​អោយ​មាន​ចលា​ចល អោយ​មាន​អន្ដិ​សុខ គេ​ធ្វើ​យ៉ាង​ណា​អោយ​រាជ​ការ​ខ្មែរ​ទ្រាំ​មិន​បាន ត្រូវ​លះ​បង់​ទឹក​ដី​អោយ​គេ​ទៀត​។ វិធី​នេះ យួន​ក៏​មាន​ប្រើ​ក្នុង​ការ​ទទួល​ស្គាល់ រឺ​លើក​ស្ដេច​ខ្មែរ​អង្គ​ណា​មួយ​អោយ​ឡើង​សោយ​រាជ្យ (ករណី​ព្រះនរាយណ៍​អង្គ​តន់​)។

គួរ​កត់​សំគាល់​ម្យ៉ាង​ទៀត​ថា ជន​ជាតិ​យួន​គេ​បាន​សរ​សេរ​ក្នុង​សៀវ​ភៅ​ប្រវត្ដិ​សាស្រ្ដ​របស់​គេ​ថា «ការ​បញ្ចូល​ទឹក​ដី​ជា​ផ្លូវ​ការ​ក្នុង​ផែន​ទី​ប្រទេស​គេ និង ការ​ដាក់​អាជ្ញា​ធរ​អោយ​ត្រួត​ត្រា​ច្រើន​ តែ​បាន​ប្រ​ព្រឹត្ដ​ក្រោយ​ពេល​ដែល​ជន​ជាតិ​យួន​បាន​ទៅ​នៅ​កុះ​ករ​នៅ​លើ​ទឹក​ដី​នោះ​ហើយ​។ ជន​ជាតិ​យួន​ជា​មនុស្ស​ឧស្សាហ៍​ព្យា​យាម​ក្នុង​ការ​រក​ស៊ី ហើយ​ម្យ៉ាង​ទៀត​ដោយ​មាន​វប្បធម៌ មាន​ទំនៀម​ទំលាប់​ខុស​គ្នា​ផង បាន​ជា​កន្លែង​ណា​ដែល​មាន​ជន​ជាតិ​យួន​ទៅ​នៅ​ហើយ ជន​ជាតិ​ខ្មែរ​ក៏​បោះ​បង់​ចោល​ទី​នោះ​ដើម្បី​ទៅ​រស់​នៅ​កន្លែង​ដទៃ​វិញ​។ មាន​កន្លែង​ខ្លះ មាន​ខ្មែរ​ និង យួន​នៅ​លាយលំ​គ្នា​ដែរ។ កាល​ណា​មាន​ជន​ជាតិ​យួន​ទៅ​រស់​នៅ​កន្លែង​ណា​បាន​ច្រើន​គ្នា​ហើយ ពួក​ស្ដេច​ង្វៀង ក៏​រក​មធ្យោ​បាយ​ដណ្ដើម​យក​ទឹក​ដី​កន្លែង​នោះ​ជា​ផ្លូវ​ការ និង ដាក់​អាជ្ញា​ធរ​អោយ​នៅ​ត្រួត​ត្រាត​ទៅ​។ «កកន កែវឈុន» រហូត​មក​ដល់​សព្វ​ថ្ងៃ​ ដូច​ដែល​យើង​គ្រប់​គ្នា​បាន​ជ្រាប​ស្រាប់​ហើយ លើ​​បញ្ហា​ព្រៃ​សម្បទាន​ ៩៩​ឆ្នាំ គួរ​តែ​ពិនិត្យ​ឡើង​វិញ ហើយ​គួរ​តែ​កាត់​បន្ថយ​មក​ត្រឹម​តែ​១៥ ​រឺ​២០​ឆ្នាំ​យ៉ាង​យូរ គឺ​វា​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ​ ពី​ព្រោះ​ថា​៩៩​ឆ្នាំ​វាយូរ​ណាស់ ហួស​ជំនាន់​មនុស្ស​ណា​ទាំង​អស់ ហើយ​នៅលើ​វិស័យ​ជា​ច្រើន​ទៀត ឧទាហរណ៍​ដូច​ជា​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ បក្ស​ពួក​គ្រួសារ​និយម​របស់​មេដឹក​នាំ​ខ្មែរ​សព្វ​ថ្ងៃ ល្មម​ឆ្អែត​ឆ្អន់​គ្រប់​គ្រាន់​ហើយ ល្មម​ដល់​ពេល​អស់​លោក​ចេះ​ឈប់​នៃ​ការ​លោភ​លន់​ទាំងឡាយ ដើម្បី​​បើក​ឱកាស​អោយ​ជាតិ​​ធ្វើ​ដំណើរ​បាន​ស្រួល​ផង កុំ​គិត​តែ​ពី​បូម​ គិត​តែ​ពីសំនូក​សូក​ប៉ាន់​គ្រប់​ច្រក​គ្រប់​ល្ហក។ ម្យ៉ាង​មួយ​ទៀត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំ​ៗ កុំ​អោយ​មាន​ភាព​តាន​តឹង ឧទា​ហរណ៍​ជាក់​ស្ដែង​គឺ​បញ្ហា​អន្ដោ​ប្រ​វេស ហើយ​គឺ​អន្ដោ​ប្រវេស​យួន​ហ្នឹង​តែ​ម្ដង គណ​បក្ស​កាន់​អំណាច ត្រូវ​តែ​ជំរុញ​អនុញ្ញាត​អោយ​គណបក្ស​ប្រឆាំង (គណ​បក្ស​សង្គ្រោះ​ជាតិ) ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ការ​អនុ​វត្ដ​ច្បាប់​អន្ដោ​ប្រ​វេស​អោយ​បាន​យ៉ាង​ម៉ឹង​មាត់ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​រូប​​ភា​ព​នៃ​អន្ដោ​ប្រ​វេស​នេះ ធ្វើ​អោយ​ប្រជា​ពល​រដ្ឋ​អាច​ទុក​ចិត្ដ​បាន ថា​ព្រំ​ដែន​យើង​មិន​ត្រូវ​បាន​បើក​ចំហរ អោយ​គេ​ចេញ​ចូល​បាន​ដោយ​ស្រេច​តែ​ចិត្ដ ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ត​ទៅ​ទៀត​ទេ​។