ថ្ងៃសៅរ៍ ទី17.កុម្ភៈ 2018.ម៉ោង 8:26
ផែនដីព្រះសុគន្ធបទ (ត)

ព្រះ​ករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ត្រាស់​មក​ឲ្យ​តឿន​យើង​ ឲ្យ​យើង​ចេញ​មក​ជា​មេ​កង​ ធ្វើ​គត​ចៅ​ពញា​ចន្ទ​រាជា​។ ថា​ក្រែង​អស់​រាស្ត្រ​ពុំ​ជឿ​ ទ្រង់​ចាត់​រាជ​បំរើ​ ឲ្យ​អញ្ជើញ​ព្រះ​រាជ​ឱង្ការ​បាន​ឡាយ​ព្រះ​ហស្ថ​លេខា​មក​ថែម​ទៀត​ផង​។ នោះ​បើ​ឈ្មោះ​ណា​យក​អាសា​ ចាប់​ចៅ​ពញា​ចន្ទ​រាជា​សម្លាប់​បាន​ ទ្រង់​ឲ្យ​ជា​មាស​មួយ​រយ​តំលឹង​ ហើយ​យើង​​ នឹង ក្រាប​ទូល​ឲ្យ​លើក​យស​សក្ដិ​អ្នក​នោះ​ ជា​នា​ម៉ឺន​ធំ​ផង​។ អស់​ក្រម​ការ​ប្រជា​រាស្ត្រ​បាន​ឃើញ​សំបុត្រ​ប្រកាស​ហើយ​ ពុំ​ដឹង​ឧបាយ​ ក៏​នាំ​គ្នា​ចុះ​ចូល​ទទួល​អាសា​ជា​ច្រើន​។​

ព្រះ​រាជ​បំរើ​នោះ​ត្រឡប់​វិញ​ ទៅ​ដល់​ហើយ​ ក៏​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ដំណើរ​ តាម​សេច​ក្ដី​ព្រះ​ស្ដេច​កន​ផ្ដាំ​មក​។ ព្រះ​បរម​បពិត្រ​ ទ្រង់​ជ្រាប​គ្រប់​ប្រការ​ ក៏​ស្មាន​ថា​ជា​ការ​ពិត​មែន​ ទ្រង់​ពុំ​បាន​ឲ្យ​កេណ្ឌ​កង​ទ័ព​រក្សា​ព្រះ​នគរ​ឡើយ​។ ទ្រង់​បង្គាប់​ព្រះ​ស្នំ​ឯក​ថា ​:​ ឲ្យ​ចាត់​បំរើ​ស្រី​ៗ​ ឲ្យ​ស្ដី​លួង​លោម​ព្រះ​ស្ដេច​កន​ ឲ្យ​ចូល​មក​ឲ្យ​ឆាប់​ កុំ​ឲ្យ​បង្អង់​ឲ្យ​យឺត​យូរ​ឡើយ​។ អ្នក​ព្រះ​ស្នំ​ឯក​ ពុំ​ហ៊ាន​ទូល​​ទាស់​ ក៏​ចាត់​បំរើ​ស្រី​ស្រដី​ថា​ ឲ្យ​ទៅ​ស្រដី​លួង​លោម​ បញ្ចុះ​បញ្ចូល​តាម​ត្រាស់​បង្គាប់​។ លុះ​បំរើ​ទៅ​ដល់​ជម្រាប​ថា​ :​ អ្នក​ជា​ម្ចាស់​ បាន​ក្រាប​បង្គំ​ទូល​សុំ​ ព្រះ​រាជ​ទាន​លើក​ទោស​ អ្នក​ព្រះ​ស្ដេច​អស់​ហើយ​។ បើ​អ្នក​ព្រះ​ស្ដេច​មិន​ចូល​ទៅ​គាល់​ក្នុង​វេលា​នេះ​ទេ​ ព្រះ​បរម​បពិត្រ​ស្ដេច​ នឹង លើក​ទ័ព​មក​ចាប់​ដោយ​ព្រះ​អង្គ​ឯង​។ ហេតុ​នេះ​ បើ​លោក​បង្អង់​ឲ្យ​យូរ​ទៅ​ ការណ៍​នេះ​ នឹង កើត​ជា​សឹក​សង្គ្រាម​ជ័យ​ ហើយ​អ្នក​ជា​ម្ចាស់​ នឹង ជួយ​លោក​ពុំ​រួច​ទេ​។​

ព្រះ​ស្ដេច​កន​ ស្ដាប់​ហើយ​ក៏​នឹក​ថា​ ស្ដេច​នេះ​ល្ងង់​ណាស់​។​ បើ​ល្ងង់​យ៉ាង​នេះ​ គង់​នឹង​បាន​រាជ​សម្បត្តិ​មក​អញ​ហើយ​។ លុះ​គិត​ដូច្នេះ​ហើយ​ ព្រះ​ស្ដេច​ក​ន ក៏​តប​ជា​ឧបាយ​ថា ​:​ ឲ្យ​អ្នក​បង​បង្អង់​ទម្រាំ​តែ​រាស្ត្រ​ត្រឡប់​ទៅ​ស្រុក​ដើម​វិញ​ចុះ​ ប្រ​ហែល​ជា​ខែ​ក្រោយ​ៗ​នេះ​ នឹង​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ ព្រះ​បរម​នាថ​បរម​បពិត្រ​ហើយ​ សូម​កុំ​ឲ្យ​ទ្រង់​ព្រួយ​ព្រះ​ទ័យ​ឡើយ​។ កុំ​ភ័យ​នឹង​ខ្ញុំ​ៗ​មិន​ក្បត់​ទេ​។​

ស្រី​បម្រើ​ទាំង​នោះ​ ត្រឡប់​វិល​មក​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ តាម​ដំណើរ​វិញ​គ្រប់​ប្រការ​។ ព្រះ​បរម​បពិត្រ​ ស្ដេច​បាន​ទ្រង់​ជ្រាប​ហើយ​ ក៏​ត្រាស់​ឲ្យ​បង្អង់​ស្ដាប់​ការណ៍​ត​ទៅ​ទៀត​។​

ព្រះ​ស្ដេច​កន​ កាល​បើ​ពួក​ស្រី​បម្រើ​ទាំ​ងនោះ​ ត្រឡប់​មក​វិញ​ហើយ​ ខ្លួន​ក៏​រឹង​រឹត​តែ​ចាត់​កង​ទ័ព​ ចេញ​ទៅ​សង្កត់​បញ្ចុះ​បញ្ចូល​អាណា​ប្រជា​នុរាស្ត្រ​ បង្ហាត់​សេនា​ទាហាន​បាន​ជា​ច្រើន​ កើន​ចំនួន​ឡើង​តែ​រាល់​ថ្ងៃ​។ អស់​ប្រជា​នុរាស្ត្រ​ ដែល​ជា​ខ្ញុំ​រាជកា​រឃើញ​មាន​ព្រះ​រាជ​បំរើ​ ឲ្យ​ទៅ​មក​រក​គ្នា​រឿយ​ៗ​ហើយ​ឮ​ពាក្យ​ប្រកាស​របស់​ព្រះ​ស្ដេច​កន​ថា​ : ព្រះ​បាទ​អ្នក​ជា​អម្ចាស់​ ត្រាស់​ប្រើ​ឲ្យ​ចេញ​ទៅ​គិត​ការណ៍​ សម្លាប់​ចៅ​ពញា​ចន្ទ​រាជា​ ដូច្នេះ​ក៏​យល់​ថា​មែន​។ រាស្ត្រ​ទាំង​នោះ​ស្រដី​ត​ៗ​គ្នាថា​ : លួង​ព្រះ​ស្ដេច​កន​ ទៅ​បង្កើត​ទ័ព​លើក​ទៅ​លុក​សម្ដេច​ព្រះ​អនុជ​នេះ​ ឃើញ​ថា​ ពិត​មែន​ហើយ​ ព្រោះ​មាន​បំរើ​ទៅ​មក​តឿន​ការ​រាជ​ការ​នេះ​រឿយ​ៗ​ សេច​ក្ដី​បរិ​ហារ​នេះ​ពុំ​ស្ងាត់​ រឹង​តែ​ឮ​ឡើង​ៗ​ ពេញ​ទាំង​ព្រះ​នគរ​បវរ​រាជ​ធានី​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​ប្រសូត​ឆ្នាំ​មមី​ អដ្ឋ​ស័ក​ មក​ដល់​ចុល្លស​ករាជ​ ៨៧០ ឆ្នាំ​មមី​ឯក​ស័ក ត្រូវ​បាន​ព្រះជន្ម​វស្សា​ ២៤ ​ឆ្នាំ​។ លុះ​បាន​ឮ​ពាក្យ​ដូច្នេះ​ហើយ​ ទើប​ទ្រង់​ព្រះ​ចិន្តា​ថា​ : ពាក្យ​ដែល​ឮ​នេះ​ប្រហែល​ជា​មែន​ បាន​ជា​សម្ដេច​ព្រះ​ជេដ្ឋា​ធិរាជ​ ធ្វើ​ព្រ​ងើយ​កន្តើយ​ ឲ្យ​បំរើ​ស្រី​ទៅ​មក​យ៉ា​ង​នេះ​ ណ្ហើយ​ចុះ​បើ​ព្រោះ​តែ​យើង​មួយ​ យើង​នឹង​នៅ​ឲ្យ​គេ​ទើស​ទាល់​រវល់​ថ្វី​ ទើប​ស្ដេច​នាំ​អស់​បណ្ដា​ជា​ខ្ញុំ​៥​០​នាក់​ ដោះ​រត់​ជើង​គោក​ទាំង​រាត្រី​នោះ​ពី​ក្រុង​ចតុម្មុខ​ ស្រូត​រូត​ចូល​ទៅ​ក្រុង​ទេព​បុរី​ទៅ​។ លុះ​ស្ដេច​ទៅ​ដល់​ខេត្ត​ពោធិ៍​សាត់​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​ចូល​ទៅ​សំណាក់​អាស្រ័យ​ នៅ​ផ្ទះ​តាមឿង​(1) មេ​ស្មឹង​ភ្នំ​ក្រវាញ​។ តា​មឿង​ឃើញ​ស្ដេច​យាង​ទៅ​ដល់​ហើយ​ក៏​អរ​ណាស់​ ចុះ​មក​អញ្ជើញ​ស្ដេច​ឡើង​ទៅ​គង់​លើ​ផ្ទះ​ ហើយ​រៀប​​ក្រយា​ស្ងោយ​ ថ្វាយ​សោយ​ តាម​ភាសា​អ្នក​ស្រែ​។​ លុះ​ព្រឹក​ឡើង តា​មឿង​ថ្វាយ​ដំរី​ ៨​ ​សេះ ​១០​ និង​កូន​ប្រុស ៤​នាក់​ជា​ខ្ញុំ​ តាម​ហែ​ស្ដេច​ទៅ​ក្រុង​ទេព​។ ព្រះ​ចៅ​ចន្ទ​រាជា​ បាន​ដង្វាយ​គួរ​សម​ហើយ​ ទ្រង់​ព្រះ​អំណរ​ណាស់​។ ទ្រង់​ត្រាស់​ថា​ : តា​ឯង​ធ្វើ​គុណ នឹង យើង​ យើង​ពុំ​ភ្លេច​គុណ​តា​ឡើយ​ ហើយ​ស្ដេច​លា​តាមឿង​ ឡើង​ដំរី លើក​ចេញ​ទៅ​តាម​រយៈ​ផ្លូវ​ជា​ច្រើន​ថ្ងៃ​។ លុះ​បាន​ដល់​ក្រុង​ទេព​មហា​នគរ​ហើយ​ ទ្រង់​ក៏​ឲ្យ​មន្ត្រី​សៀម​ នាំ​ឡើង​ក្រាប​បង្គំ​ទូល​ ព្រះ​ចៅ​ចក្រ​ពត្តិ​តាម​ដំណើរ​គ្រប់​ប្រការ​។ ព្រះ​ចៅ​ចក្រពត្តិ​បាន​ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ព្រះ​អំណ​រ​ណាស់​។ ទ្រង់​ត្រាស់​ថា ​:​ យើង​នឹង​ជួយ​ទំនុក​បម្រុង​ដល់​អ្នក​ ហើយ​ទ្រង់​ព្រះ​រាជ​ទាន​គ្រឿង​អម្ពរ​ គ្រឿង​ឧប​ភោគ​បរិ​ភោគ​ សម្រាប់​យស​ស័ក្ដិ​ និង​ វាំង​ដំណាក់​ ឲ្យ​ស្ដេច​គង់​ខាង​វត្ត​ប្រណែង​ធឿន​ ជា​សុខ​រៀង​មក​។​

ស្ដេច​កន​ ដែល​ចាត់​មេ​កង​ទ័ព​ ឲ្យ​ចេញ​សង្កត់​ខេត្ត​តូច​ធំ​ កេណ្ឌ​រេហ៍​ពល​បាន​មក​ជួប​ជុំ​ល្មម​ជា​មាំ​មួន​ហើយ​ លុះបា​ន​ដឹង​ថា​ ចៅ​ពញា​ចន្ទ​រាជា​រត់​ទៅ​ស្រុក​សៀម​ ដូច​ឧបាយ​ដែល​ខ្លួន​គិត​ដូច្នោះ​ហើយ​ក៏​អរ​ណាស់​ ទើប​ប្រឹក្សា​នឹង​នាយ​កង​ទ័ព​ថា​:​

ពី​ដើម​អញ​ញញើត​តែ​ ចៅ​ពញា​ចន្ទ​រាជា​មួយ​អង្គ​នេះ​ឯង​ ក្រៅ​ពី​នេះ​ អញ​ពុំ​ឃើញ​នរ​ណា​ នឹង ក្លា​ហាន​ចេញ​ត​នឹង​អញ​បាន​ឡើយ​។​ ឥឡូវ​ចៅ​ពញា​ចន្ទ​រាជា​ រត់​ទៅ​ស្រុក​សៀម​បាត់​ហើយ​ បើ​ដូច្នេះ​គំនិត​អញ​នេះ​​គង់​ នឹង​ បាន​សម្រេច​ ដោយ​ងាយ​ជា​មិន​ខាន​។ ព្រះ​ស្ដេ​ច​កន​ថា​ហើយ​ ក៏​ប្រជុំ​រេហ៍​ពល​ចាត់​ទ័ព​ជា​ប៉ែក​ឆ្វេង​ប៉ែក​ស្ដាំ​ ទ័ព​ស្រួច​លើក​ទៅ​បោះ​នៅ​ចុង​ខេត្ត​ស្រីស​ឈរ​ ដែន​ព្រះ​នគរ​ហ្លួង​។​

ចំណែក​ឯ​ ព្រះ​បរម​បពិត្រ​ ដែល​ស្ដេច​រង់​ចាំ​ព្រះ​ស្ដេច​ក​ន​ នឹង ចូល​មក​គាល់​នោះ​ លុះ​យល់​បាត់​យូរ​ពេក​ ក៏​ត្រាស់​សួរ​អ្នក​ព្រះ​ស្នំ​ឯក​ថា​ :​
ប្អូនឯង ម្ដេចក៏ពុំឃើញចូលមក តើឯងឮដំណឹងដូចម្ដេចដែរ?
ព្រះម្នាង កេសរបុប្ផា ក្រាបទូលថា :
ខ្ញុំ​ម្ចាស់​ឲ្យ​បំរើ​ទៅ​តឿន​វា​ វា​ថា​កុំ​ឲ្យ​ភ័យ​ នឹង វា​ វា​មិន​ក្បត់​ទេ​។ ថា​កាល​ណា​ វា​ជូន​រាស្ត្រ​ទៅ​ស្រុក​រួច​ហើយ​ វា​នឹង​ចូល​មក​ក្រាប​បង្គំ​គាល់​។​ ឥឡូវ​ស្រាប់​តែ​បាត់​ទៅ​ៗ​ ចាំ​ព្រឹក​នេះ​ ខ្ញុំ​ម្ចាស់​នឹង​ចាត់​បំរើ​ ឲ្យ​ទៅ​តឿន​វា​ទៀត​។​

ចំណែ​ក​ឯក​ង ល្បាត​ព្រះ​នគរ​ កាល​ឃើញ​ថា​ ព្រះ​ស្ដេច​កន​លើក​កង​ទ័ព​ធំ​មក​ បោះ​នៅ​ចុង​ខេត្ត​ស្រី​ស​ឈរ​ដូច្នេះ​ហើយ​ ក៏​ស្រូត​រូត​នាំ​យក​សេច​ក្ដី​នេះ​ ទៅ​ប្ដឹង​ចៅ​ពញា​យម​រាជ​,​ សេនា​បតី​នេះ​ ក៏​នាំ​ឡើង​ក្រាប​បង្គំទូល​ថា​ :​
ឥឡូវ​នេះ​ ព្រះ​ស្ដេច​លើក​កង​ទ័ព​ មក​បោះ​នៅ​ចុង​ខែត្រ​ស្រី​ស​ឈរ​ គឺ​ចុង​ដែន​ក្រុង​ហើយ​។ កង​ល្បាត​ទប់​ពុំ​ជាប់​ ក៏​រត់​ចូល​មក​ប្ដឹង​។​

សម្ដេច​ព្រះ​បរម​ពិត្រ​ លុះ​បាន​ទ្រង់​ជ្រាប​ហើយ​ទ្រង់​ខ្ញាល់​ណាស់​ ទ្រង់​ត្រាស់​ថា​ : "អញ​ស្មាន​ថា​វា​ នឹង ចូល​មក​គាល់​បម្រើ​ នៅ​ជា​ខ្ញុំ​រាជ​ការ​ត​ទៅ​ទៀត​ មិន​ដឹង​ជា​វា​មាន​គំនិត​ចិត្ត​ធំ​ដល់​ម៉្លេះ​ឡើយ​"​​។

ទ្រង់​ត្រាស់​តែ​ប៉ុណ្ណេះ​ហើយ​ ក៏​ត្រាស់​បង្គាប់​ឲ្យ​កេណ្ឌ​កង​ទ័ព​ បាន​ចំនួន​ជាង​ប្រាំ​ពាន់​ប្លាយ​នាក់​ទើប​ទ្រង់​ចាត់​ហើយ​ឲ្យ​នៅ​ចាំ​រក្សា​ព្រះ​នគរ​ពីរ​ពាន់​ ចាត់​ឲ្យ​ចៅ​ពញា​យោធា​សង្គ្រាម​ លើក​ទៅ​ជា​ទ័ព​មុខ ​១០០០​នាក់​ ចៅ​ពញា​ចក្រី​លើក​ទៅ​ជា​ទ័ព​ធំ​២០០០​នាក់​។​ លុះ​បាន​ឫក្ស​ពារ​ពិលា​ល្អ​ហើយ​ ចៅ​ពញា​យោធា​សង្គ្រាម​ ក៏​លើក​ទ័ព​ទៅ​ជា​មុន​ ចៅ​ពញា​ចក្រី​ លើក​ទ័ព​ធំ​ទៅ​ជា​ក្រោយ​ ដោយ​ក្បួន​ពិជ័យ​សង្គ្រាម​។​ ព្រះ​បាទ​បរម​បពិត្រ​ ទ្រង់​យល់​ទ័ព​មុខ​ ទ័ព​ធំ​ លើក​ចេញ​ហើយ​ ទ្រង់​ត្រាស់​បង្គាប់​មន្ត្រី​ក្រុម​ រក្សា​ព្រះ​អង្គ​ ឲ្យ​ទៅ​អញ្ជើញ​សម្ដេច​ព្រះ​អនុជ​ចន្ទ​រាជា​ នឹង​ ឲ្យ​ចេញ​ជា​មេ​ទ័ព​ហ្លួង​លើក​ទៅ​ជា​ក្រោយ​ទៀត​។ ខណៈ​នោះ​មន្ត្រី​មហា​ថៃ​ (សព្វ​ថ្ងៃ​ហៅ​ក្រសួង​មហា​ផ្ទៃ​)​ ក្រាប​ទូល​ថា ​:​ សម្ដេច​ព្រះ​អនុជ​ជ្រាប​ថា​ ព្រះ​អង្គ​ត្រាស់​ប្រើ​ ព្រះ​ស្ដេច​កន​ឲ្យ​ប្រ​មូល​កង​ទ័ព​នឹង​លើក​ទៅ​លុក​ព្រះ​អង្គ​។​ ព្រះ​អង្គ​ភ័យ​ណាស់​ ក៏​ប្រមូល​តែ​បណ្ដា​ជា​ខ្ញុំ​៥០​នាក់​ រត់​ទៅ​ក្រុង​ទេព​ទាំង​យប់​នោះ​ទៅ​ហើយ​។​ ព្រះ​បាទ​បរម​នាថ​ បរម​ពិត្រ​ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ស្ដាយ​ណាស់​ ទ្រង់​ត្រាស់​ថា ​:​ មិន​គួរ​ជា​ប្អូន​មិន​សួរ​បង​សិន​ ​មិន​គួរ​រត់​ចោល​ ឲ្យ​បង​ព្រួយ​ដល់​ម៉្លេះ​ទេ​។ ត្រាស់​ហើយ​ព្រះ​អង្គ​យាង​ចូល​ទៅ​ខាង​ក្នុង​ទៅ​។​

ចៅ​ពញា​យោធា​សង្គ្រាម​ កាល​ជិះ​ដំរី​ចេញ​ទៅ​ជា​មេ​ទ័ព​មុខ​នោះ​បាន​ជួប​ នឹង ទ័ព​ព្រះ​ស្ដេច​កន​។ ព្រះ​ស្ដេច​កន​ ក៏​បរ​ដំរី​ចេញ​ចំ​មុខ​កង​ទ័ព​នោះ​ ទើប​ចៅ​ពញា​យោធា​សង្គ្រាម​ស្រែក​ថា ​: " យើ​ អ្នក​ព្រះ​ស្ដេច​ ម្ដេច​ក៏​អ្នក​ឯង​មិន​កោត​ក្រែង​ព្រះ​ចេស្ដា​សោះ​។​ បំណាច់​ទ្រង់​​ព្រះ​មេត្តា​ប្រោស​អ្នក​ឯង​ដល់​ម៉្លេះ​ម្ដេច​ក៏​ហ៊ាន​ចេញ​ក្បត់​ ​ប្រព្រឹត្ត​អ​កតញ្ញូ​ នឹង ព្រះ​មហា​ករុណា​ទិគុណ​យ៉ាង​នេះ?

ព្រះ​ស្ដេច​កន​ ឮ​ហើយ​គិត​ថា ​:​ បើ​អញ​ នឹង បើក​ឲ្យ​ចៅ​ពញា​យោធា​សង្គ្រាម​និយាយ​វែង​ទៅ​ទៀត​ក្រែង​កង​ទ័ព​យល់​ថា​ខ្លួន​ជាមនុស្ស​ក្បត់​ ពុំ​មែន​ជា​ត្រាស់​ប្រើ​ទេ​ ទើប​ឆ្លើយ​ថា​ :​
អ្នក​ឯង​ កុំ​និយាយ​កា​រ​អ្វី​ ជា​ជ្រៅ​ខាង​ក្នុង​នោះ​ឲ្យ​សោះ ​ទ្រង់​ព្រះ​បណ្ដាំ នឹង ខ្លួន​ខ្ញុំ​សព្វ​គ្រប់​ហើយ​។​

ព្រះស្ដេច កន ថា​ហើយ​ ក៏​យឹ​ត​ធ្នូ​បាញ់​ទៅ​ ត្រូវ​ដើម​ក​ចៅ​ពញា​យោធា​សង្គ្រាម​ ចៅ​ពញា​យោធា​សង្គ្រាម​ ក៏​ធ្លាក់​ពី​លើ​ដំរី​ស្លាប់​មួយ​រំពេច​។​

កង​ទ័ព​ឃើញ​នាយ​បរា​ជ័យ​ហើយ​ ក៏​បែក​ទ័ព​រត់​ទៅ​រក​កង​ទ័ព​ធំ​។ ចៅ​ពញា​ចក្រី​ កាល​ឃើញ​ទ័ព​មុខ​បែក​មក​ហើយ​ ក៏​កាល់​ពល​ឲ្យ​ចូល​ត​យុទ្ធ​ នឹង ព្រះ​ស្ដេច​កន​ តែ​ចៅ​ពញា​ចក្រី​ទប់​ពុំ​ឈ្នះ​ ទើប​ថយ​ទ័ព​មក​ជិត​ព្រះ​នគរ​ ហើយ​បញ្ឈប់​កង​ទ័ព​នៅ​ទី​នោះ​ ដើម្បី​រាំង​ទ័ព​ព្រះ​ស្ដេច​កន​ កុំ​ឲ្យ​ដេញ​ចូល​មក​ទៀត​។ ខណៈ​នោះ​ ចៅ​ពញា​ចក្រី​ ក៏​បក​សំបុត្រ​ចាត់​បម្រើ​ ឲ្យ​ចូល​មក​សុំ​កង​ទ័ព​ថែម​ទៅ​ទៀត​។​ ព្រះ​បរម​បពិត្រ​ ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​សុគន្ធ​បទ​ជា​ម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​អង្គ​ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ត្រាស់​ឲ្យ​ប្រជុំ​សេនា​បតី​ មន្ត្រី​បុរោ​ហិត​ព្រឹទ្ធា​ចារ្យ​ អមាត្យ​ទាំង​ឡាយ​មក​ជួប​ជុំ​ត្រាស់​ប្រឹក្សា​ កិច្ច​ការ​រាជា​ការ​សង្គ្រាម​។​ ខណៈ​នោះ​ ចៅ​ពញា​យម​រាជ​ យក​សេច​ក្ដី​ក្រាប​ទូល​ថា​ :​

ទ័ព​អាព្រះ​ស្ដេច​កន​ លើក​មក​ឥឡូវ​នេះ​ ប្រកិត​ជិត​ព្រះ​រាជ​វាំង​ណាស់​ហើយ​ ថា​បើ​យើង​ឲ្យ​ទៅ​កេណ្ឌ​កង​ទ័ព​ត្រើយ​ខាង​លិច​មក​ ក៏​មុខ​ជា​យូរ​ ហើយ​មក​មិន​ទាន់​ការណ៍​ផង​។ ថា​ពល​កង​ល្បាត​យើង​មាន​តែ​ ១០០០០​នាក់​ប៉ុណ្ណោះ ​ទូល​ព្រះ​បង្គំ​យល់​ថា​ មិន​សួន​ការណ៍ នឹង ទទួល​ត​នឹង​ទ័ព​ធំ ​អាព្រះ​ស្ដេច​កន​បាន​ឡើយ​។​ ហេតុ​ដូច្នេះ​ហើយ​ ទូល​ព្រះ​បង្គំ​ សូម​អញ្ជើញ​ព្រះ​អង្គ​ថយ​ ទាំង​គ្រប់​គ្រួ​ទៅ​ឯ​ក្រុង​ចតុ​ម្មុខ​សិន​។​ លុះ​បាន​ទ័ព​គ្រប់​សព្វ​ហើយ​ សឹម​លើក​ត្រឡប់​មក​កាត់​ក្បាល​អាក្បត់​ផែន​ដី​នេះ​ ដោត​ទុក​ជា​បម្រាម​ត​ទៅ​។ ឯ​ខ្លួន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ នឹង ចៅ​ពញា​ចក្រី​ពីរ​នាក់​នេះ​ នឹង​យក​អាសា​ការ​ (គឺ​ការ​ពារ​ ឬ​ ​កាល់​) គ្រប់​គ្រួ​ មិន​ឲ្យ​អា​ព្រះ​ស្ដេច​កន​ វា​មក​ធ្វើ​អុក​ឡុក​ឲ្យ​អន្ត​រាយ​បាន​ឡើយ​។​ លុះ​ធ្វើ​ការ​រួច​សព្វ​គ្រប់​ហើយ​ ទូល​ព្រះ​បង្គំ​ នឹង លើក​ទ័ព​តាម​ដង្ហែ​ ទ្រង់​ព្រះ​ករុណា​ទៅ​ជា​ក្រោយ​។​

ព្រះ​ពិជ័យ​នាគ​នឹក​ខឹង​ព្រះ​ស្ដេច​ក​ន​ណាស់​ថា​ ដ្បិត​វា​ទទឹង​រឹង​នឹង​សំបុត្រ​បង្គាប់​របស់​ខ្លួន​ ដែល​ឲ្យ​ចូល​មក​ មិន​ចូល​មក​នេះ​មួយ​ ថា​ទ្រង់​ប្រោស​ប្រាណ​ម៉្លេះ​ហើយ​ នៅ​តែ​ប្រែ​ចិត្ត​ជា​គិត​ក្បត់​វិញ​នេះ​​មួយ​ ទើប​ព្រះ​ពិជ័យ​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ថា ​:​

កូន​ប្រពន្ធ​ញាតិ​សន្តាន​ របស់​ទូល​ព្រះ​បង្គន់​ជា​ខ្ញុំ​ទាំង​ប៉ុន្មាន​នោះ​ សុំ​ឲ្យ​នៅ​តាម​ហែ​ព្រះ​ករុណា​ជា​អម្ចាស់​ទៅ​ជា​មុន​ទាំង​អស់​ចុះ​ តែ​ចំណែក​ខ្លួន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​មួយ​ ទូល​ព្រះ​បង្គំ​សូម​ព្រះ​រាជ​ទាន​ពល​ ១០០០​នាក់​ ​ចេញ​ទៅ​ត​ដៃ​នឹង​អាកន​ ដែល​ក្បត់​នោះ​យក​ថ្វី​ដៃ​ថ្វាយ​។ ថា​បើ​ទូល​បង្គំ​ជា​ខ្ញុំ​ ប្រែ​ចិត្ត​ក្បត់​ជា​មួយ​នឹង​អាកន​វិញ​ សូម​ឲ្យ​ទូល​ព្រះ​បង្គំ​ ស្លាប់​តែ​នឹង​ត្រូវ​គ្រឿង​សស្ត្រា​វុធ​ ហើយ​សូម​ឲ្យ​សម្លាប់​បុត្រ​ភរិយា​ ញាតិ​សន្តាន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ទាំង​អស់​តាម​សព្វ​ព្រះ​រាជ​ហឫ​ទ័យ​។​

ព្រះ​បរម​បពិត្រ​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ឲ្យ​បុរោ​ហិត​ អញ្ជើញ​គ្រឿង​អាវុធ​ មក​ពិធី​សុំ​ទឹក​ពិ​ភទ្ទ​សច្ចា​ ឲ្យ​ព្រះ​ពិជ័យ​នាគ​ផឹក​។​ ព្រះ​ពិជ័យ​នាគ​ផឹក​ស្រេច​ហើយ​ ព្រះ​បរម​បពិត្រ​ ស្ដេច​ព្រះ​រាជ​ទាន​ពល ១០០០​នាក់​ ឲ្យ​ទៅ​ព្រះ​ពិជ័យ​នាគ​ ឲ្យ​លើក​ជា​ក្បួន​ទ័ព​ចេញ​ទៅ​។​

ថ្ងៃ ៥​ កើត​ខែ​ជេស្ឋ​ ឆ្នាំ​វក​ចត្វា​ស័ក​ ព្រះ​បរម​បពិត្រ​ ព្រះ​អង្គ​ទ្រង់​នាំ​គ្រប់​គ្រួ​ហ្លួង​ ​និង​ គ្រប់​គ្រួ​ខ្ញុំ​រាជ​ការ​ ចុះ​ព្រះ​ទី​នាំង​ និង​ ទូក​ទាំង​ពួង​ ឆ្លង​ទៅ​តាំង​ទ័ព​នៅ​ចតុ​ម្មុខ​ ស្រុក​ភ្នំពេញ​។ ទ្រង់​ឲ្យ​បន្ថយ​គ្រប់​គ្រួ​ ទាំង​ក្នុង​ទាំង​ក្រៅ​ ទៅ​ឈប់​នៅ​បន្ទាយ​លង្វែក​ ហើយ​ទ្រង់​ត្រាស់​ឲ្យ​រក​កេណ្ឌ​កង​ទ័ព​ ថែ​ម​បាន​រេហ៍​ពល​មក​ដល់​២៥០០​នាក់​។​ ខែត្រ​ណា​ដែល​នៅ​ឆ្ងាយ​ ក៏​ពុំ​ទាន់​មក​ដល់​។ ឯ​ពញា​យម​រាជ​ លុះ​ឃើញ​ទ័ព​ហ្លួង​ ចេញ​ផុត​ទៅ​ហើយ​ ហើយ​ពុំ​ឃើញ​មាន​កង​ទ័ព​ព្រះ​ស្ដេច​កន​ លើក​ទ័ព​ចូល​មក​សោះ​ក៏​ថយ​ទ័ព​តាម​ហែ​ឆ្លង​មក​ចតុម្មុខ​ស្រុក​ភ្នំ​ពេញ​ដែរ​។​

ព្រះ​ស្ដេច​កន​ លុះ​ដឹង​ថា​ ទ័ព​ហ្លួង​ថយ​ចោល​ក្រុង​ហើយ​ ក៏​លើក​កង​ទ័ព​រហ៍​ពល ៥០០០០​នាក់​ចូល​ទៅ​វាយ​ទ័ព​ចៅ​ពញា​ចក្រី​។ ចៅ​ពញា​ចក្រី​ បែក​ទ័ព​ ស្លាប់​ទាំង​ខ្លួន​ក្នុង​សង្គ្រាម​ទៀត​។ ព្រះ​ស្ដេច​កន​លើក​ទ័ព​ទៅ​ដល់​ទ្វារ​ព្រះ​នគរ​ ក៏​ប្រទះ​នឹង​ទ័ព​ព្រះ​ពិជ័យ​នាគ​ជា​បិតា​។ នាយ​កន​គិត​ថា ​:​ បិតា​ខ្លួន​មក​នេះ​ ប្រាកដ​ជា​មក​ហាម​ប្រាម​បញ្ចុះ​បញ្ចូល​ខ្លួន​។​ ថា​បើ​ដូច្នេះ​ខ្លួន​ នឹង នៅ​ស្ងៀម​ ឲ្យ​បិតា​និយាយ​ទៅ​ក្រែង​បែក​ការណ៍​ ថា​ខ្លួន​ជា​មនុស្ស​ក្បត់​។ ​លុះ​គិត​ដូច្នេះ​ហើយ​ ព្រះ​ស្ដេច​កន​ក៏​ស្រែក​ឲ្យ​កង​ទ័ព​ចូល​ប្រ​កាប់​ នឹង បិតា​ខ្លួន​ តែ​​ឯ​បិតា​នេះ​ ព្រះ​ស្ដេច​កន​ឲ្យ​ពល​ចូល​ចាប់​ នឹង ដៃ កុំ​បី​ធ្វើ​ឲ្យ​សៅ​ហ្មង​ដល់​រូប​កាយ​ឡើយ​។ នាយ​កង​ទ័ព​ និង​ រេហ៍​ពល​ឮ​ហើយ​ ក៏​ស្ទុះ​ចូល​ទៅ​ដេញ​ចាក់​កាប់​តែ​ពល​ៗ​។​ ខាង​ព្រះ​ស្ដេច​កន​មាន​ពល​ច្រើន​ ខាង​បិតា​មាន​ពល​តិច​។ ពល​ខាង​ព្រះ​ស្ដេច​កន​សម្លាប់​ពល​ខាង​បិតា​ស្លាប់​ជា​ច្រើន​។ ព្រះ​ពិជ័យ​នាគ​ឃើញ​ដូច្នេះ​ ក៏​ទាល់​ប្រាជ្ញា​ នឹង ហា​មាត់​ស្ដី​ហាម​ប្រាម​ពុំ​បាន​។ មួយ​រំពេច​នោះ​ពិជ័យ​នាគ​ នាំ​រេហ៍​ពល​ដែល​សល់​ពី​ស្លាប់​នោះ​រត់​តាម​ថ្នល់​ព្រះ​នគរ​ចេញ​ទៅ​។ អស់​រាស្ត្រ​ដែល​សល់​នៅ​ក្នុង​ព្រះ​នគរ​ ផ្អើល​វឹក​វរ​កោលា​ហល​។​ កង​ទ័ព​ព្រះ​ស្ដេច​កន​ ក៏​លើក​ដេញ​ចូល​ទៅ​ក្នុង​ព្រះ​នគរ​ចាក់​កាប់​សម្លាប់​រាស្ត្រ​ ដែល​សល់​នៅ​នោះ​ ហើយ​ដេញ​ព្រះ​ពិជ័យ​នាគ​ទៀត​។ ព្រះ​ពិជ័យ​នាគ​ សល់​ពល​តែ​៥០០​នាក់​ នាំ​រត់​ទៅ​ជ្រក​កោន​ក្នុង​ព្រះ​អារាម​ សម្ដេច​ព្រះ​សុគន្ធា​ធិបតី​ ឈ្មោះ​ ហៅ​ វត្ត​ស្ដី​ធំ​ជា​គ្រូ​ព្រះ​ស្ដេច​កន​ ហើយ​ឲ្យ​ពល​បិទ​ទ្វារ​កំផែន​ជាន់​ក្នុង​ ចាំ​ទទួល​ច្បាំង​។ កង​ទ័ព​ព្រះ​ស្ដេច​កន​ ដែល​ដេញ​ទៅ​ទាន់​ ក៏​តាំង​ចោម​ព្រះ​អារាម​នោះ​ជា​មាំ​មួន​ ព័ទ្ធ​ច្រើន​ជាន់​ ច្រើន​សង្កាត់​។ វេលា​នោះ​ មាន​ចលា​ចល​ជា​ខ្លាំង​ រេហ៍​ពល​ក៏​ស្លាប់​ជា​ច្រើន​ណាស់​ ទើប​សម្ដេច​ព្រះ​សុគន្ធា​ធិបតី​ ទ្រង់​ឮ​អ៊ឹក​ធឹក​ហើយ​ទ្រង់​ចេញ​មក​ទូត​។​ ឃើញ​ហើយ​ទ្រង់​វេ​ទនា​ នឹង មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​នោះ​ណាស់​ ទើប​សម្ដេច​ព្រះ​សុគន្ធា​ចេញ​មក​ឲ្យ​កង​ទ័ព​ឈប់​ ហើយ​ហៅ​ព្រះ​ស្ដេច​កន​ ឲ្យ​ចូល​ទៅ​សំពះ​សុំ​ទោស​បិតា​។ លំដាប់​ត​មក​ ព្រះ​សុគន្ធា​ធិបតី​ប្រាប់​ពិជ័យ​នាគ​ថា​ : កូន​អ្នក​ឯង​នេះ​ នឹង មាន​បុណ្យ​ជា​ព្រះ​មហាក្សត្រ​ ក្នុង​កម្ពុជា​នេះ​ហើយ​។​

ព្រះ​ពិជ័យ​នាគ​កាល​បាន​ស្ដាប់​ថេរ​វាចា​ហើយ​ ក៏​ក្រាប​ទូល​ថា ​:​ បើ​សម្ដេច​មាន​បន្ទូល​ដូច្នោះ​ បុត្រ​ភរិ​យា​ញាតិ​សន្តាន​របស់​ខ្ញុំ​ព្រះ​ករុណា​ មិន​ស្លាប់​អស់​ហើយ​ឬ​?​ ថា​ហើយ​ព្រះ​ពិជ័យ​នាគ​ ក៏​ហូត​ដាវ​ស្ទុះ​ទៅ​ នឹង កាប់​ព្រះ​ស្ដេច​កន​។ តែ​ពេល​នោះ​អស់​សេនា​ទាហាន​ រេហ៍​ពល​ខាង​ព្រះ​ស្ដេច​កន​ ព្រួត​គ្នា​ចូល​ទៅ​ដណ្ដើម​ ចាប់​យក​ដាវ​នោះ​។​ សម្ដេច​ព្រះ​សុគន្ធា​ធិបតី​ នាំ​ព្រះ​ពិជ័យ​នាគ​ យក​ទៅ​ទុក្នុង​ព្រះ​វិហារ​។​ ក្រោយ​នោះ​ សម្ដេច​ព្រះ​សុគន្ធា​ធិបតី​ ស្ដេច​មាន​ថេរ​វាចា​ ឲ្យ​បិតា​ និង​បុត្រ​ សះ​ជា​នឹង​គ្នា​ទៅ​។​ លុះ​ផ្សះ​ផ្សា​ស្រេច​ហើយ​ សម្ដេច​ឲ្យ​កង​ទ័ព​យក​គ្រឿង​អាវុធ​មក​ប្រគង​ប្រកល់​​ដល់​កំពស់​ស្មើ​ក្បាល​ ហើយ​ស្ដេច​ឲ្យ​ពិជ័យ​នាគ​ និង​ព្រះ​ស្ដេច​កន​ឡើង​លើ​គំនរ​អាវុធ​ទាំង​ពីរ​នាក់​ ឲ្យ​បិតា​ និង​ បុត្រ​សត្យ​សញា(2)។ សម្ដេច​ព្រះ​សុគន្ធា​​ធិបតី​ធ្វើ​ជា​អាចារ្យ​ស្រោច​ទឹក​ ចំរើន​ជ័យ​មង្គល​សិរី​សួស្ដី​ឲ្យ​ទាំង​ពីរ​នាក់​។ ស្រេច​ហើយ​ ព្រះ​ស្ដេច​កន​ឲ្យ​រេហ៍​ពល​យក​គ្រឿង​អាវុធ​នោះ​ទៅ​ធ្វើ​ជា​ចប​ ជីក​ដី​​លើក​ជា​ថ្នល់​(3) ថ្វាយ​សម្ដេច​ព្រះ​សុគន្ធា​ធិបតី​ ត្រង់​ផ្លូវ​ចេញ​ពី​ព្រះ​វិហារ​ ពី​អារាម​រៀង​ទៅ ​ហើយ​ប្រែ​ឈ្មោះ​វត្ត​ស្ដី​ធំ​នោះ​ ឲ្យ​ឈ្មោះ​វត្ត​ព្រះ​ថ្នល់​ រៀង​មក​ដល់​ឥឡូវ​នេះ​។​

លុះ​សុរេច​ការ​ហើយ​ ព្រះ​ស្ដេច​កន​ ចាត់​ចែង​នាយ​កង​ទ័ព​ ឲ្យ​ចេញ​កេណ្ឌ​សង្កត់​ខេត្ត​ធំ​តូច​ ត្រើយ​ខាង​កើត​ទាំង​អស់​ ហើយ​ឲ្យ​ប្រមូល​មក​ជួប​ជុំ​ លើក​ទ័ព​ជើង​គោក​ជើង​ទឹក​សន្ធឹក​មហិមា​ ឆ្លង​ទៅ​វាយ​បន្ទាយ​ភ្នំ​ពេញ​ទៀត​។​

លុះសុរេចការហើយ ព្រះស្ដេចកន ចាត់ចែងនាយកងទ័ព ឲ្យចេញកេណ្ឌសង្កត់ខេត្តធំតូច ត្រើយខាងកើតទាំងអស់ ហើយឲ្យប្រមូលមកជួបជុំ លើកទ័ពជើងគោកជើងទឹកសន្ធឹកមហិមា ឆ្លងទៅវាយបន្ទាយភ្នំពេញទៀត។

ព្រះ​បរម​បពិត្រ​ កាល​បាន​ទ្រង់​ជ្រាប​ថា ​:​ ព្រះ​ស្ដេ​ច​កន​លើក​ទ័ព​មក​ហើយ​ ក៏​ស្ដេច​ចាត់​រេហ៍​ពល​ សកល​យោធា​ លើក​ចេញ​ទៅ​ទទួល​ច្បាំង​ នឹង ស្ដេច​កន​ ៣​ថ្ងៃ​ តែ​ពុំ​ទាន់​ឈ្នះ​ចាញ់​សោះ​។ ព្រះ​ស្ដេច​កន​យល់​ថា ​:​ ទ័ព​ខាង​ព្រះ​បរម​បពិត្រ​ របឹង​រឹង​រូស​ណាស់​ នឹង វាយ​បង្ខំ​មិន​បាន​ទេ​ លុះ​វេលា​យប់​ស្ងាត់​ ក៏​ឲ្យ​កង​ទ័ព​៥០០០០​នាក់​ ឆ្លង​ទៅ​ព័ទ្ធ​បន្ទាយ​ភ្នំ​ពេញ​ ពី​ទិស​ខាង​លិច​, ឲ្យ​មួយ​កង​ទៀត​ទៅ​ព័ទ្ធ​ពីខាង​ត្បូង​។ កង​ទ័ព​ព្រះ​បរម​បពិត្រ​ តែ​៣០០០០​នាក់​ កង​ទ័ព​ខាង​ព្រះ​ស្ដេច​កន​, នាយ​កង​នាយ​ទ័ព​ចេះ​តែ​កេណ្ឌ​បញ្ចូល​មក​ បាន​ជួប​ជុំ​ទាំង​មុន​ទាំង​ក្រោយ​ ១២០០០០​នាក់​ លើក​ចោម​បន្ទាយ​ភ្នំ​ពេញ​ជា​បី​ផ្លូវ​ ព្រម​ដោយ​នៅ​កាំ​ភ្លើង​ធំ​តូច​ ​ធ្នូ​ស្នា​ឧបមា​បី​ដូច​ជា​ម្រោម​ចោម​សំបុក​ ជា​សន្ធឹក​គឹក​កង​ពន់​ប្រមាណ​។​

ព្រះ​បាទ​បរម​ពិត្រ​ ស្ដេច​ចេញ​កង​ទ័ព​ទៅ​ ក៏​ឃើញ​ថា ​: កង​ទ័ព​ព្រះ​ស្ដេច​កន​ច្រើន​ក្ដាត់​ ចោម​ព័ទ្ធ​ជា​បី​ផ្លូវ​ដូច្នេះ​ហើយ​ កង​ទ័ព​ខាង​ព្រះ​អង្គ​ ក៏​ចេះ​តែ​រត់​រា​មិន​ទទួល​ច្បាំង​សោះ​។​ ខណៈ​នោះ​ ព្រះ​អង្គ​ថយ​ទ័ព​ទៅ​តាំង​នៅ​ខេត្ត​លង្វែក​ បន្ថយ​គ្រប់​គ្រួ​ឲ្យ​ទៅ​ឈប់​នៅ​សំរោង​សែន​ ដែន​ខេត្ត​អាសន្ទុក​ (សព្វ​ថ្ងៃ​សំរោង​សែន​ជា​ឃុំ​មួយ​ នៅ​ក្នុង​ស្រុក​កំពង់​លែង​ ខេត្ត​កំពង់​ឆ្នាំង​)​។ ស្ដេច​ចាត់​នាយ​កង​ នាយ​ទ័ព​ឲ្យ​ទៅ​កេណ្ឌ​កង​ទ័ព​ពី​ខេត្ត​ខាង​ជើង​ថែម​ទៀត​។​

ស្ដេច​កន ​​​កាល​បាន​វាយ​បន្ទាយ​ភ្នំ​ពេញ​បែក​ហើយ​ ក៏​ដេញ​កង​ទ័ព​ចូល​បន្ទាយ​ ចាប់​អស់​រាស្ត្រ​ប្រជា​ រឹប​យក​ស្បៀង​អាហារ​សស្ត្រា​វុធ​បាន​ជា​ច្រើន​ ហើយ​ក៏​តាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ ចៅ​ហ្វាយ​ស្រុក​ធំ​តូច​ ឲ្យ​ចេញ​ទៅ​សង្កត់​ខេត្ត​ខាង​ត្បូង​ ខាង​លិច​ គឺ​ខេត្ត​បាទី​ ព្រៃ​ក្របាស​ ទ្រាំង​ បន្ទាយ​មាស​ កំពត កំពង់​សោម​ ខេត្ត​បាសាក់​ ព្រះ​ត្រពាំង​ ឪម៉ោ​ ក្រមួន​ស​ ទឹក​ខ្មៅ ​រៀង​ដល់​ព្រៃ​នគរ​ បារៀ​ ដូន​ណាយ​ លង់​ហោ​ ផ្សារ​ដែក​ សឹង​ចុះ​ចូល​ព្រះ​ស្ដេច​កន​ទាំង​អស់​ ព្រោះ​ក្នុង​វេលា​នោះ​ បណ្ដា​រាស្ត្រ​ចូល​ចិត្ត​ថា​ : ព្រះ​ស្ដេច​កន​នេះ​ ជា​អ្នក​មាន​បុណ្យ​ ទើប​អាណា​ប្រជា​នុ​រាស្ត្រ​ នាំ​គ្នា​មក​ថ្វាយ​បង្គំ​ ចុះ​ចូល​ជា​ច្រើន​។​

លុះ​ដល់​មក​ឆ្នាំ ​កុរ​សប្ត​ស័ក ព.ស. ២០៥៩ - គ.ស. ១៥១៥ - ម.ស. ១៤៣៧ - ច.ស. ៨៧៧ ព្រះ​ស្ដេច​កន​ ចាត់​ចែង​កង​ទ័ព​ជា​ ៤​កង ឲ្យ​លើក​ទៅ​វាយ​បន្ទាយ​លង្វែក​មួយ​កង​ មាន​រេហ៍ពល​ ៤០០០០​នាក់​ ឲ្យ​លើក​ទៅ​នៅ​បន្ទាយ​ភ្នំ​ពេញ​មួយ​កង​ មាន​រេហ៍​ពល​៥០០០០​នាក់​ ឲ្យ​លើក​ទៅ​ខាង​ផ្លូវ​ទន្លេ​ធំ​មួយ​កង​ មាន​ពល​៣០០០០​នាក់​។ តែ​ខ្លួន​ព្រះ​ស្ដេច​កន​ឯង​ មាន​កង​ពល​ ៤០០០០នាក់​ត​ ត្រឡប់​ទៅ​នៅ​ខែត្រ​ស្រី​សន្ធរ​វិញ​។​

មេ​ទ័ព​ ដែល​ព្រះ​ស្ដេច​កន​ ឲ្យ​ទៅ​វាយ​បន្ទាយ​លង្វែក​នោះ​ បាន​លើក​ទៅ​ចោម​វាយ​មួយ​ថ្ងៃ​ហើយ​ តែ​មិន​ទាន់​ជា​បាន​ការ​យ៉ាង​ណា​នៅឡើយ​។ ឯ​មេ​ទ័ព​ ដែល​ទៅ​ខាង​ផ្លូវ​ទន្លេធំ​នោះ​ លុះ​ទៅ​ដល់​ខែ​ត្រ​កំពង់​សៀម​ហើយ ក៏​បោះ​បន្ទាយ​បញ្ឈប់​ទ័ព​ចាំ​ស្ដាប់​ កិច្ច​កល​ចៅ​ហ្វាយ​ស្រុក​នានា​។ ចៅ​ហ្វាយ​ស្រុក​ខែត្រ​កំពង់​សៀម​ ស្ទឹង​ត្រែង​ ដឹង​ថា មេ​ទ័ព​ខាង​ព្រះ​ស្ដេច​កន​ លើក​ទ័ព​ចូល​មក​ដល់​ខែត្រ​របស់​ខ្លួន​ហើយ​ ក៏​កេណ្ឌ​ទ័​ព​បម្រុង​ទុក​ ចាំ​ទទួល​ច្បាំង​ ហើយ​ក៏​បក​សំបុត្រ​ប្ដឹង​ទៅ​សេនា​បតី​គ្រប់​ប្រការ​។​ សេនា​បតី​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ តាម​ដំណើរ​។ ព្រះ​បរម​បពិត្រ​ ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ​ ទ្រង់​ត្រាស់​ថា ​:​ ខាង​នេះ​មាន​កង​ទ័ព​ចូល​មក​ចោម​រោម​ ខាង​នោះ​ក៏​មាន​កង​ទ័ព​ទៅ​ចោម​ដែរ​។ បើ​ដូច្នេះ​ យើង​ នឹង​ចែក​កង​ទ័ព​ឲ្យ​ទៅ​ជួយ​ខ្លះ​ កាល​ណា​ឡើយ​ទ័ព​យើង​ នឹង ទ្រាំ​នឹង​ទ័ព​សត្រូវ​បាន​។ ព្រះ​បរម​បពិត្រ​ទ្រង់​ត្រាស់​ត​ទៅ​ទៀត​ថា ​:​ ពី​ដើម​ឡើយ​ សង្ឃឹម​សម្ដេច​ព្រះ​អនុជ​ចន្ទ​រាជា​ ឥឡូវ​សម្ដេច​ព្រះ​អនុជ​ចាញ់​ឧបាយ​កល​សត្រូវ​រត់​ទៅ​ក្រុង​ទេព​​បាត់​ទៅ​ហើយ​។​ នៅ​ឡើយ​សង្ឃឹម​តែ​ ចៅ​ពញា​យស​រាជា​ ដែល​ឧកញ៉ា​យម​រាជ​ យក​ទៅ​រក្សា​ តែ​បុត្រា​ក៏​ទើប​តែ​នឹង​បាន​ព្រះជន្ម​ បួន​ប្រាំ​ខួប​ប៉ុណ្ណោះ​ នឹង រំពឹង​លើ​អ្នក​ណា​ក៏​ពុំបាន​ ទើប​ទ្រង់​ត្រាស់​ប្រើ​ ចៅ​ពញា​ក្រឡា​ហោម​ ឲ្យ​ឃុំ​ពល​ដែល​ទើប​នឹង​មក​ដល់​ថ្មី​នោះ ១០០០០​នាក់ ឲ្យ​លើក​ឆ្លង​ទៅ​ជួយ​ខែត្រ​ខាង​កើត​។ ចៅ​ពញា​ក្រឡា​ហោម​ បាន​ទទួល​រាជ​បញ្ជា​ហើយ​ ក៏​ថ្វាយ​បង្គំ​ ឃុំ​ពល ១០០០០នាក់​នោះ​ លើក​ឆ្លង​ទៅ​តាម​ព្រះ​រាជ​បញ្ជា​។ ព្រះ​បរម​បពិត្រ​ស្ដេច​ទុក​ទាហាន​ ឲ្យ​នៅ​រក្សា​បន្ទាយ​លង្វែក​តែ​ពល​ ២៥០០០​នាក់​ប៉ុណ្ណោះ​។​

មេ​ទ័ព ដែល​ព្រះ​ស្ដេច​កន​ ឲ្យ​លើក​ទៅ​ចោម​ទ័ព​ហ្លួង​ នៅ​បន្ទាយ​លង្វែក​នោះ​ កាល​ដឹង​ថា​បន្ទាយ​នោះ​ធ្វើ​មាំ​មួន​ណាស់​ ប៉ុន្តែ​កង​ទ័ព​ដែល​នៅ​រក្សា​បន្ទាយ​នោះ​ មាន​តែ​២៥០០០​នាក់​ទេ​ ក៏​មាន​សំបុត្រ​បក​មក​សុំ​កង​ទ័ព​ ពី​បន្ទាយ​ចតុ​ម្មុខ​បាន​ ១០០០០​នាក់​ទៀត​ជា ​៥០០០០​​នាក់​ ព្រម​ដោយ​គ្រឿង​សស្ត្រា​វុធ​ផ​ង​។ កាល​បាន​ទ័ព​ហើយ​ មេ​ទ័ព​ខាង​ព្រះ​ស្ដេច​កន​ ក៏​លើក​ទៅ​ចោម​បន្ទាយ​លង្វែក​ច្បាំង​បាញ់​គ្នា ​អស់​ ៤​យប់​ ៤​ថ្ងៃ​ ពុំ​ឈប់​ឈរ​សោះ​។ វាយ​ផ្លាស់​គ្នា​ចូល​ចោម​ជា​មាំ​មួន​ណាស់​។ កង​ទ័ព​ហ្លួង​ ដែល​មាន​រេហ៍​ពល​តិច​ ក្រឡេក​មើល​ទៅ​ខាង​កង​ទ័ព​សត្រូវ​ ដែល​ផ្លាស់​គ្នា ដូច​ជា​គេ​មាន​កង​ទ័ព​ថែម​មក​ទៀត​ ព្រះ​អង្គ​ក៏​យល់​ថា​ នឹង​ទ្រាំ​ទៅ​ទៀត​ពុំ​បាន​ឡើយ​ ទើប​ទ្រង់​ថយ​ទ័ព​​ទៅ​តាំង​នៅ​ខេត្ត​អម្រាគ​គិរិន្ត​បូណ៌ (គឺ​ស្រុក​បរិបូណ៌​សព្វ​ថ្ងៃ​នេះ​)​។ ទ្រង់​ឲ្យ​បន្ថយ​គ្រប់​គ្រូ​ ទៅ​​នៅ​សំ​រោងសែន​ ក្នុង​ខែត្រ​សន្ទុក​អស់​។​

មេ​ទ័ព​ព្រះ​ស្ដេច​កន​ ក៏​លើក​ទ័ព​ដេញ​តាម​ទៅ​។ ចំណែក​ចៅ​ពញា​ក្រឡា​ហោម​ ជា​មេ​ទ័ព​ហ្លួង​ដែល​ហ្លួង​បង្គាប់​ឲ្យ​លើក​ឆ្លង​ទៅ​ជួយ​ខែត្រ​ខាង​កើត​នោះ ​លុះ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ ដឹង​ថា​ទ័ព​ហ្លួង​បែក​ នឹង ទ័ព​សត្រូវ​ហើយ​ ក៏​លើក​កង​ទ័ព​ត្រឡប់​មក​វាយ​ទ័ព​សត្រូវ​ពី​ខាង​ក្រោយ​វិញ​។ ឯ​សត្រូវ​ ក៏​រាយ​ទ័ព​វាយ​ត្រឡប់​មក​ ប្រ​កាប់​គ្នា​យ៉ាង​ក្លា​ហាន​ នឹង ទ័ព​ចៅ​ពញា​ក្រឡា​ហោម​ជា​មេទ័ព​ហ្លួង​។ ទ័ព​សត្រូវ​នៅ​ក្នុង​ចំណោម​រេហ៍​ពល​ហ្លួង​ ដែល​វាយ​ផ្ទប់​ទាំង​សង​ខាង​ ក៏​ស្លុត​ស្លាប់​ជា​ច្រើន​ពាន់​ប្លាយ​ អន្ត​រាយ​បែក​ទ័ព​ រត់​ត្រឡប់​ចូល​មក​ភ្នំ​ពេញ​វិញ​។​

ឯ​សម្ដេច​ព្រះ​បរម​បពិត្រ​ (មហា​ក្សត្រ​ខ្មែរ​) ស្ដេច​ត្រាស់​ឲ្យ​ចៅ​ពញា​សួគ៌ា​លោក​ (ចៅ​ហ្វាយ​ស្រុក​ខែ​ត្រពោ​ធិ៍សាត់)​ ជា​មេ​ទ័ព​ឃុំ​ពល ១០០០០​នាក់​ ទៅ​ឈរ​រក្សា​ខែត្រ​រលា​ប្អៀ ​ឲ្យ​ចៅ​ពញា​យម​រាជ​ ជា​បិតា​លៀង​ (ឪពុក​ចិញ្ចឹម)​ របស់​ចៅ​ពញា​យស​រាជា​ នាំ​ពល​៥០០០​នាក់​​ ទៅ​វាយ​យក​ខែត្រ​ខាង​កើត​ឲ្យ​បាន​មក​វិញ​។​ លុះ​ចាត់​ការ​រួច​ហើយ​ សម្ដេច​ព្រះ​បរម​បពិត្រ​ លើក​ទ័ព​ទៅ​ប្រជុំ​នៅ​ខែត្រ​អា​សន្ទុក​។​

ចៅ​ពញា​យម​រាជ​ បាន​ទទួល​ព្រះ​រាជ​បញ្ជា​ហើយ​ ក៏​ចាត់​ចែង​កង​ទ័ព​ ជា​ប៉ែក​មុខ​ប៉ែក​ក្រោយ​ ប៉ែក​ឆ្វេង​ប៉ែក​ស្ដាំ ​ហើយ​លើក​ទ័ព​ចេញ​ទៅ​។ លុះ​ទៅ​ដល់​ខែត្រ​បារាយណ៍ ​ចៅ​ពញា​យម​រាជ​ ក៏​បាន​ជួប​ នឹង ទ័ព​ខាង​មេ​ទ័ព​ព្រះ​ស្ដេច​កន​ ហើយ​បាន​ច្បាំង​គ្នា​ជា​កោលា​ហល​យ៉ាង​ខ្លាំង​។ ក្រោយ​ដែល​បាន​ច្បាំង​គ្នា ​ជា​ច្រើន​យប់​ច្រើន​ថ្ងៃ​មក​ ទ័ព​ខា​ង​ចៅ​ពញា​យម​រាជ​ មាន​កម្លាំង​ជាង​ខាង​មេ​ទ័ព​ព្រះ​ស្ដេច​កន​ ដូច្នេះ​ចៅ​ពញា​យម​រាជ​ ក៏​បញ្ជា​ឲ្យ​ទ័ព​ដេញ​មេ​ទ័ព​ស្ដេច​កន​រហូត​ទៅ​ ហើយ​យក​បាន​ខែត្រ​បារាយណ៍​ ជើង​ព្រៃ ​កំពង់​សៀម​ ស្ទឹង​ត្រង់​ រួច​ចាត់​មន្ត្រី​ឲ្យ​នៅ​រក្សា​ខែត្រ​ទាំង​នោះ​យ៉ាង​មាំ​មួន​។ ត​មក ​ចៅ​ពញា​យម​រាជ​ ក៏​លើក​ទ័ព​ទៅ​ក្រាប​បង្គំ​ទូល​ ព្រះ​បរម​បពិត្រ​ នៅ​ខែត្រ​អាសន្ទុក​ថា​ បាន​វាយ​ឈ្នះ​ ហើយ​យក​បាន​ខែត្រ​ទាំង​នេះ​ តាម​កិច្ច​រាជ​ការ​ ហើយ​ដើម្បី​សូម​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។​

សម្ដេចព្រះបរមបពិត្រ ស្ដេចទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអំណរណាស់។
ស្ដេច​កន តាំង​តែ​ពី​វាយ​យក​បាន​បន្ទាយ​ភ្នំ​ពេញ​មក​ ក៏​ចាត់​មេ​ទ័ព​ឲ្យ​នៅ​រក្សា​បន្ទាយ​នោះ​ យ៉ាង​មាំ​មួន​ តែ​ខ្លួន​ព្រះ​ស្ដេច​កន​ ត្រឡប់​ទៅ​គ្រង​ស្រុក​​បាសាន​វិញ​។ ត​មក​ ព្រះ​ស្ដេច​កន​ ក៏​តាំង​តែ​​ឲ្យ​កេណ្ឌ​ទ័ព​មក​ថែម​ទៀត​ បាន​ទ័ព​ទាំង​ថ្មី​ទាំង​ចាស់​ ចំនួន​ទាំង​អស់​ដប់​ម៉ឺន​នាក់​ ហើយ​ឲ្យ​ធ្វើ​ព្រះ​រាជ​ពិធី​លើក​ខ្លួន​ឯង​ឡើង​ជា​មហា​ឧប​រាជ​ភូ​សម្រេច​រាជ​ការ​មហា​ក្រស័ត្រ​សឹក​។ ស្ដេច​កន​ ឲ្យ​ធ្វើ​ទង់​ពណ៌​ក្រហម​ ប៉ាក់​រូប​នាគ​ក្បាល​៨​ សម្រាប់​ទ័ព​។ ខ្លួន​ស្ដេច​កន​បាំង​ក្លស់​ដូច​ស្ដេច​។​ ហេតុ​នេះ​ហើយ​ ​​បាន​ជា​មាន​ពាក្យ​រាស្ត្រ​ប្រជា​ហៅ​ថា​ ស្ដេច​កន​ តាម​ឈ្មោះ​ពី​ឪពុក​ឲ្យ​ខ្លះ​ តាម​ឈ្មោះ​ដែល​ហ្លួង​ប្រទាន​ឲ្យ​ខ្លះ​ គឺ​ហៅ​តាម​ឈ្មោះ​ដែល​គ្រូ​ឲ្យ​ខ្លះ​។ មហា​ឧប​រាជ​កន​ តែង​តាំង​មន្ត្រី​ក្រៅ ​និង​ ក្នុង​ក្រុង​ជា​ស្រេច​ហើយ​ ទើប​ឲ្យ​ព្រះ​ពិជ័យ​នាគ​រក្សា​បន្ទាយ​ក្នុង​នគរ​។ ឯ​ខ្លួន​ឯង​លើក​ទ័ព​ឆ្លង​ទៅ​បោះ​ នៅ​ខែត្រ​កំពង់​សៀម​។​

អស់​មុខ​មន្ត្រី​ ដែល​ចៅ​ពញាយ​ម​រាជ​ ឲ្យ​នៅ​រក្សា​ខែត្រ​ទាំង​ឡាយ​ ដែល​ដណ្ដើម​យក​បាន​ ពី​មេ​ទ័ព​ស្ដេច​កន​ កាល​បើ​ឃើញ​ទ័ព​របស់​សត្រូវ​ ច្រើន​លប់​​លើស​កម្លាំង​ណាស់​ ក៏​រត់​ប្រាស​យក​តែ​អាយុ​សព្វ​ខ្លួន​ រួច​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ ព្រះ​បរម​ពិត្រ​​គ្រប់​ៗ​គ្នា​។​

មហា​ឧប​រាជ​កន​ លុះ​ចូល​តាំង​បន្ទាយ​រាយ​ទ័ព​ខ្ជាប់​ខ្ជួន​ហើយ​ ទើប​គិត​ឧបាយ​កល​ចាត់​បម្រើ​ឲ្យ​ទៅ​ក្រាប​ទូល​ ព្រះ​បរម​បពិត្រ​។​ លុះ​បម្រើ​ទៅ​ដល់​ ក៏​ចូល​ប្ដឹង​សេនា​បតី​ សេនា​បតី​នាំ​ឡើ​ង​គាល់​ ព្រះ​បរម​បពិត្រ​​ជា​អម្ចាស់​។ ខណៈ​នោះ​ ព្រះ​បាទ​ស្រី​សុគន្ធ​បទ​ ស្ដេច​កំពុង​ចេញ​ជួប​ជុំ​ រាជ​សេវ​កាមាត្យ​ ជា​នាយ​កង​ខាង​ទ័ព​ហ្លួង​ កាល​បើ​ទ្រង់​បាន​ជ្រាប​ថា​ បំរើ​ពី​អា​កន​ក្បត់​ចូល​មក​ហើយ​ ទ្រង់​ក៏​ត្រាស់​ឲ្យ​ដាក់​ក្ដី​ម្ចាស់​ និង​ ញាតិ​សន្តាន​វា​ ៥​ប្រការ​ ធ្វើ​ហាក់​ដូច​ជា​ នឹង ប្រហារ​ជីវិត​ ហើយ​ឲ្យ​ចេញ​មក​ទទួល​បំរើ​ដែល​ចូល​មក​ក្រាប​បង្គំ​ពេល​នោះ​។ លុះ​បំរើ​ចូល​ដល់​ព្រះ​រាជ​ទីនាំង​ហើយ​ ព្រះ​បរម​បពិត្រ​ស្ដេច​ត្រាស់​បង្គា​ប់​ឲ្យ​អាល័ក្ស​ទទួល​សំបុត្រ​ពី​បំរើ​នោះ ​មក​សូត្រ​ថ្វាយ​។ សំបុត្រ​នោះ​ មាន​សេច​ក្ដី​ថា​ :​

"សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ ឃុន​លួង​ព្រះ​ស្ដេច​ធិប​តី​ ទូល​បង្គំ​ជា​ខ្ញុំ​នេះ​ កាល​ដើម​ឡើយ​មាន​ទោស​ សូម​ក្រាប​ថ្វាយ​បង្គំ​ ក្រោម​ល្អង​ធូលី​ព្រះ​បាទ​
សូមទ្រង់ជ្រាប។

ដ្បិត​ទូល​ព្រះ​បង្គំ​ ដែល​បាន​ធ្វើ​ការ​មក​ទាំង​ម៉្លេះ ​មិន​បាន​មាន​ចិត្ត​ប្រទូស​រ៉ាយ​ ដល់​ល្អង​ធូលី​ព្រះ​បាទ​ក៏​ទេ​ គឺ​ធ្វើ​នេះ​ដោយ​ខ្លាច​ព្រះ​រាជ​អាជ្ញា​ ដោយ​ពិត​ណាស់​ ទើប​បាន​ជា​ទូល​ព្រះ​បង្គំ​គិត​ធ្វើ​ការ​នោះ​ឲ្យ​គង់​តែ​ជីវិត​តែ​ប៉ុណ្ណោះ​។ សព្វ​ថ្ងៃ​នេះ​ ទូល​ព្រះ​បង្គំ​ មាន​ចិត្ត​ចង់​មក​នៅ​ជា​ខ្ញុំ​ ល្អង​ធូលី​ព្រះ​បាទ​ដូច​កាល​អំពី​ដើម​រៀង​មក​ ប៉ុន្តែ​ក្រែង​ទ្រង់​ជា​អម្ចាស់​ពុំ​ប្រោស​ព្រះ​រាជ​ទាន​។​

សេច​ក្ដី​នេះ ​បើ​ទ្រង់​ជា​អម្ចាស់​ ទ្រង់​ព្រះ​មេត្តា​ប្រោស​ អភ័យ​ទោស​នោះ​ សូម​ព្រះ​បរម​បពិត្រ​ស្ដេច​ព្រះ​រាជ​ទាន​ ម្ដាយ​ និង ញាតិ​កា បង​ប្អូន​ ទៅ​ទូល​ព្រះ​បង្គំ​ជា​មុន​ចុះ​ ដើម្បី​ឲ្យ​ទូល​ព្រះ​បង្គំ​បាន​ឃើញ​មុខ​ នឹង បំបាត់​ទុក្ខ​ ដោយ​សា​រ​ព្រះ​រាជ​ហឫ​ទ័យ​ ទ្រង់​ព្រះ​ករុណា​ប្រោស​។ ថា​បើ ​ព្រះ​បរម​បពិត្រ​ ទ្រង់​នៅ​ព្រះ​រាជ​ករុណា​មែន​ ទូល​ព្រះ​បង្គំ នឹង រំលាយ​កង​ទ័ព​ទាំង​ដប់​ម៉ឺន​ ឲ្យ​ត្រឡប់​ទៅ​កាន់​ទី​លំ​នៅ​ តាម​ស្រុក​ទេស​​រៀង​ៗ​ខ្លួន​វិញ​ជា​ពុំ​ខាន​។​

គួរ ពុំគួរ សូមទ្រង់ព្រះករុណាប្រោស

(1) ក្នុង​សាស្ត្រា​វត្ត​កំពង់​ត្រឡាច​ក្រោម​ដដែល​នេះ​ មាន​កន្លែង​ខ្លះ​និយាយ​ថា តា​មឿង​នេះ​មិន​មែន​ឈ្មោះ​មឿង​ ឬ​ ឈ្មោះ​ឃ្លាំង​មឿង​ដូច្នេះ​ទេ​ គឺ​ថា​គាត់​មាន​ឈ្មោះ​ជា​ ពេជ​ ដូច្នេះ​ទៅ​វិញ​។ គេ​និយាយ​បែប​នេះ​ក៏​សម​ដែរ​ ព្រោះ​តាមឿង​នោះ​ស្លាប់​ទៅ​ ទៅ​កើត​ជា​អ្នក​តា​ចាស់​ស្រុក​ ដែល​សៀម​ហៅ​អ្នក​តាចាស់​ស្រុក​តាម​ពាក្យ​​វា​ថា​ "ខ្លាង​មឿង​" ហើយ​ខ្មែរ​យើង​ហៅ​តាម​វាយា​រ​ៗ​ មក​ជា​ឃ្លាំង​មឿង​ដូច្នេះ​ទេ​ឬ​?​។
(2) សម័យ​ពី​ដើម​បូរាណ​ចារ្យ​ច្រើន​យក​នាម​​មក​ធ្វើ​ជា​កិរិ​យា​សព្ទ​។
(3) សា​ស្ត្រា​ខ្លះ​ថា​យក​អាវុធ​នោះ​ទៅ​កប់​ហើយ​យក​ដី​លុប​ពី​លើ​ធ្វើ​ជា​ថ្នល់​។