ថ្ងៃសៅរ៍ ទី31.មីនា 2018.ម៉ោង 7:20
ផែនដី ព្រះស្ដេចកន (ត) លេខ ១៥

ចំពោះ​មន្ត្រី​ក្នុង​សេនា​ទាហាន​ ក្រៅ​ពី​នេះ​ទៅ​ទៀត​ ព្រះ​បាទ​សម្ដេច​ព្រះ​ចន្ទ​រាជា​ទ្រង់​តាំង​ឲ្យ​ធ្វើ​ជា​ចៅ​ហ្វាយ​ស្រុក​ខ្លះ​ ជា​ក្រុម​ព្រះ​តម្រួត​ខ្លះ​ ជា​ក្រុម​វាំង​ខ្លះ​ ជា​នាយ​ទាហាន​ខ្លះ​ គ្រប់​មន្ត្រី​ដែល​មាន​គុណ​បំណាច់​ ក្នុង​ការ​ធ្វើ​ចម្បាំង​ គ្មាន​ខ្វះ​ចន្លោះ​ អ្នក​ណា​ម្នាក់​ឡើយ​។

ទ្រង់​រាប់​រៀប​សរ​សើរ​ពី​គុណ​បំណាច់​ នៃ​ចៅ​ហ្វាយ​ពញា​សួគ៌ា​លោក​មឿង​ (នូវ)​ ដែល​បាន​ថ្វាយ​សេះ​ ដំរី​ និង​ថ្វាយ​ កូន ​៤​នាក់​ក្នុង​គ្រា​ដែល​ព្រះ​អង្គ​ទ័ល​សម្បត្តិ​ ទាំង​គ្មាន​​ពល​សោះ​ ហើយ​រត់​ទៅ​ក្រុង​ទេព​ និង កាល​ទ័ព​សត្រូវ​ ចោម​បន្ទាយ​ពោធិ៍​សាត់​ ហើយ​ពញា​មឿង​ (នូវ​) ប្ដូរ​ជីវិត​ស្លាប់​ ទៅ​កេណ្ឌ​បិសាច​​យក​មក​ជួយ​ ឲ្យ​ឈ្នះ​សង្គ្រាម​ច្រើន​គ្រា​នោះ​ថា​ :​ ទ្រង់​តាំង​កូន​ពីរ​នាក់​ ឲ្យ​ធ្វើ​ជា​សួគ៌ា​លោក​មួយ​ សេនា​សង្គ្រាម​មួយ​ នោះ​ឃើញ​ថា​ ពុំ​ទាន់​ធួន​ល្មម​ នឹង កម្លាំង​បំណាច់​ទើប​ទ្រង់​តាំង​​ចៅ​ពញា​សួគ៌ា​លោក​ទេព​ ទី៣​ ជា​សម្ដេច​ចៅ​ពញា​យោធា​នរិន្ទ​ តាំង​ចៅ​ពញា​សេនា​សង្គ្រាម​ សុខ​ កូន​ទី ​៤ ​ជា​ឧក​ញ៉ា​សួគ៌ា​លោក​ ឲ្យ​មាន​អាណា​ខេត្ត​ឡើង​ (ខែត្រ​ឡើង​ គឺ​ ខែត្រ​ជា​ចំណុះ​)​ គឺ​ខែត្រ​ក្រគរ​មួយ​ ក្រង​មួយ​ ខ្លុង​មួយ​។

ត​មក​ ទ្រង់​គិត​ដល់​គុណ​បំណាច់​ នៃ​ពញាម​នោ​មេត្រី​ គល់​ ជា​ចៅ​មឿង​ ស្រុក​បាត់​ដំបង​ ដែល​កាល​សម្ដេច​ត្រឡប់​ពី​ស្រុក​សៀម​មក​ដល់​នោះ​ ហើយ​ចៅ​ពញា​មនោ​មេត្រី​បាន​ថ្វាយ​ដំរី​ ៥​ និង​ សេះ ​១៥​ ព្រម​ទាំង​ថ្វាយ​ ស្បៀង​អាហា​រ​ ១០០០ រទេះ​។ ទ្រង់​មាន​បន្ទូល​ថា ​:​ ចៅ​មឿង​នេះ​ មាន​សក្ដិ​ស្មើ​ នឹង សក្ដិ ​៦​ ហ៊ូ​ពាន់​ តែ​ពញា​មឿង​មាន​ស្ម័គ្រ​បក្ស​ពួក​ច្រើន​ស្រុក​ ដូច្នេះ​​ទ្រង់​លើក​ឡើង​ជា​ ចៅ​ហ្វាយ​ស្រុក​ធំ​ មាន​សក្ដិ​ ៩ ​ហ៊ូ​ពាន់​ ហើយ​ឲ្យ​មាន​ចៅ​មឿង​ ឡើង​ស្ដាប់​បង្គាប់​ ៥ ​ស្រុក គឺ​ស្រុក​មង្គល​បូរី​១​ ទឹក​ជោរ​១​ បរ​ត្បូង​១​ ពាម​សីមា​១​ មោង​ឫស្សី​១​ ស្រុក​ខាង​លើ​ទាំង​៥​ នេះ​ឲ្យ​ឡើង​ស្ដាប់​បង្គាប់​នៃ​ចៅ​មនោ​មេត្រី​ ទាំង​អស់​។​

សេចក្ដី​សារ​ស័ព្ទ​ អំពី​ព្រះ​កិត្តិ​យស​ ពីរោះ​ខ្ពស់​ប្រសើរ​នោះ​ ផ្សាយ​ចេញ​ទៅ​ដល់​ខេត្ត​នានា​ថា​ :​ ទ្រង់​ពុំ​ដែល​បក​សក្ដិ​ខ្ញុំ​រាជ​ការ​ នេះ​មួយ​ ថា​ទ្រង់​ពុំ​អួត​អាង​ថា​មាន​ថ្វី​ដៃ​នេះ​មួយ​ ថា​បើ​អ្នក​មាន​ប្រាជ្ញា​ ស្មារតី​ មាន​វោហារ​ ចេះ​អធិប្បាយ​ធម៌​អាថ៌​ នេះ​មួយ​ អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត​ដែល​ចេះ​ដឹង​គម្ពីរ​បាលី​ ក្បួន​តម្រា​នេះ​មួយ​ ទ្រង់​ឲ្យ​ស៊ើប​រក​យក​ខ្លួន​ មក​តាំង​ចិញ្ចឹម​ជា​នាម៉ឺន​តាម​ប្រាជ្ញា​ ស្មារតី​​របស់​ខ្លួន​ទាំង​អស់​។​ ម៉្លោះ​ហើយ​ អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត​ អ្នក​ចេះ​ដឹង​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​បុណ្យ​​ព្រះ​បារមី​ នៃ​ព្រះ​អង្គ​ច្រើន​ក្រៃ​ពេក​។

ក្នុង​ថ្ងៃ​មួយ​នោះ​ ព្រះ​បាទ​សម្ដេច​ ព្រះ​ចន្ទ​រាជា​ ទ្រង់​ព្រះ​តម្រិះ​ថា​ "តាំង​ពី​យើង​បាន​មក​នៅ​ក្នុង​ខែត្រ​អម្រិន្ទ​បូរ​នេះ​ យើង​គិត​កា​រណ៍​អ្វី​ៗ​ ក៏​បាន​សម្រេច​ដោយ​ធូរ​ទូលាយ​ អស់​អាណា​ប្រជា​នុរាស្ត្រ​ ក៏​មិត្ត​មូល​ចូល​មក​យក​យើង​ជា​ទី​ពុំ​នាក់​ សម្បូរ​ទាំង​មនុស្ស​ទាំង​សម្បត្តិ​ជា​ស្ថាន​នាំ​ឲ្យ​បាន​របស់​ចម្លែក​អស្ចារ្យ​ ទាំង​សេនា​ទាហាន​ ក៏​មាន​បរិបូណ៍​"​។ លុះ​ទ្រង់​ព្រះ​តម្រិះ​ឃើញ​យ៉ាង​នេះ​ហើយ​ ទើប​ទ្រង់​ប្រែ​ឈ្មោះ​ អមរ​គីរិន្ទ​បូរ​ អម្រិន្ទ​បូរ​នោះ​ ឲ្យ​ឈ្មោះ​ជា​ "ខែត្រ​បរិបូណ៍​" វិញ​ តាំង​ពី​ថ្ងៃ​នោះ​រៀង​មក​។

ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​តែង​តាំង​ នា​ម៉ឺន​មុខ​មន្ត្រី​នោះ​ ថ្ងៃ​រះ​ភ្លឺ​ច្បាស់​គ្មាន​ភ្លៀង​សោះ​ ក៏​ស្រាប់​តែ​មាន​ឥន្ទ​ធនូ​ ៧​ ពណ៌ ចុះ​ពាស​ពេញ​ទាំង​អាកាស​ ទាល់​តែ​ព្រះ​អង្គ​ទ្រង់​តាំង​មន្ត្រី​នា​ម៉ឺន​រួច​ ទើប​ស្ងប់​ស្ងាត់​បាត់​ទៅ​វិញ​។ ខណៈ​នោះ​ព្រះ​បរម​បពិត្រ​ និង សេនា​បតី​ មន្ត្រី​ធំ​តូច​ ខ្ញុំ​ព្រះ​រាជការ​ សង្ស័យ​ណាស់​ក៏​ទ្រង់​ត្រាស់​សួរ​ហោរា​ សុំ​ឲ្យ​ទំនាយ​ថ្វាយ​។​ ហោរា​ពិនិត្យ​យល់​ឃើញ​ស្រេច​ ទើប​ថ្វាយ​ព្យា​កា​រណ៍​ថា ​:​

សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​!​ អព្ភូត​ហេតុ​ដ៏​អស្ចារ្យ​នេះ​ ប្រាប់​​ឲ្យ​ដឹង​ថា​ ព្រះ​អង្គ​ នឹង មាន​បុណ្យ​បារ​មី​ជា​ឱកាស​ព្រះ​នគរ​ ទាំង​ព្រះ​​ខ័ន​ជ័យ​ និង​ ទេវ​រូប​ ក៏​នឹង​បាន​មក​ជា​របស់​សម្រាប់​ផែន​ដី​វិញ​​មិន​ខាន​។

ព្រះ​បរម​បពិត្រ​ ទ្រង់​ត្រាស់​សួរ​បញ្ជាក់​ហោរា​ថែម​ទៀត​ថា​ :​ ហេតុ​អ្វី​ បាន​ហោរា​ទាយ​ដូច្នេះ​ ?​ តើ​ឃើញ​ហេតុ​ដូច​ម្ដេច​ខ្លះ​ ?​
ហោរា​ក្រាប​ទូល​ថា​ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​!​ ទូល​ព្រះ​បង្គំ​បាន​ពិនិត្យ​សង្កេត​មើល​ក្នុង​ហោ​រា​សាស្ត្រ​ទៅ​ ឃើញ​មាន​ហេតុ ​៧​ ប្រការ​គឺ​:​

  • ប្រការ ១: កាលព្រះ​អង្គ​ចាប់​បដិ​សន្ធិ​នោះ​ សម្ដេច​ព្រះ​កន្លោង​ (សម្ដេច​ព្រះ​មាតា)​ ទ្រង់​ព្រះ​សុបិន​ឃើញ​ចន្ទ​គ្រាស​ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​។​
  • ប្រការ ២: ដល់​ព្រះអង្គ​ប្រសូត្រ​មក​ទៀត​នោះ​ ក៏​ប្រសូត​ក្នុង​ពេញ​បូណ៌មី​ ថ្ងៃ​នោះ​ក៏​មាន​ចន្ទ​គ្រាស​ទៀត​។​
  • ប្រការ ៣: ទ្រង់​មាន​ព្រះ​នាម​ទៀត ក៏​ហៅ​ថា ព្រះ​ចន្ទ​។
  • ប្រការ ៤: កាល​សម្ដេច​ព្រះ​ជេដ្ឋា​នៃ​ព្រះ​អង្គ​គង់​ព្រះ​ជន្ម​នៅ​ឡើយ​ ទ្រង់​បាន​ព្រះ​សុបិន​និមិត្ត​ឃើញ​ថា​ ព្រះ​វរ​រាជ​បិតា​នៃ​ទ្រង់​ មក​ហៅ​ព្រះ​អង្គ​ទៅ​ កុំ​ឲ្យ​ព្រះ​អង្គ​នៅ​តស៊ូ​ នឹង នាគ​។​ ថា​នាគ​នេះ​ លុះ​តែ​ព្រះ​ចន្ទ​ពី​ទិស​ខាង​លិច​មក​ ក្នុង​ថ្ងៃ​ណា ​ទើប​វា​នោះ​នឹង​រលាយ​បាត់​បង់​ទៅ​វិញ​។ ឥឡូវ​នេះ​ ព្រះ​អង្គ​ក៏​ស្ដេច​មក​ពី​ប្រទេស​សៀម​ ជា​នគរ​នៅ​ទិស​ខាង​លិច​នៃ​នគរ​កម្ពុជា​នេះ​ គឺ​ត្រូវ​ នឹង សុបិន​និមិត្ត​នោះ​មែន​។​
  • ប្រការ ៥: ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ថា​ ព្រះ​ចន្ទ​នេះ​ ជា​និមិត្ត​រូប​នៃ​ទី​ត្រជាក់​របស់​អាណា​ប្រជា​នុរាស្ត្រ​។​
  • ប្រការ ៦: ឥឡូវ​នេះ ឃើញ​ថា​ តាំង​ពី​ព្រះ​ស្ដេច​ចូល​មក​ជាន់​ផែន​ដី​ ក្រុង​កម្ពុ​ជា​ថ្ងៃ​ណា​អាណា​ប្រជា​នុរាស្ត្រ​ ក៏​ក្សេម​ក្សាន្ត​ក្នុង​ចិត្ត​ណាស់​។​
  • ប្រការ ៧:​ ព្រះនគរ​នេះ​ សម្ដេច​អម្រិន្ទ្រា​ធិ​រាជ​ ទ្រង់​បាន​ឧបត្ថម្ភ​ជួយ​ទំនុក​បម្រុង​ ឲ្យ​កើត​ជា​មហាន​គរ​មក​។ ដល់​ទ្រង់​ព្រះ​ករុណា​ពិសេស​ បាន​គ្រប់​គ្រង​នគរ​ ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​ ក៏​ធ្វើ​ដោយ​បុណ្យ​ ដោយ​ឫទិ្ធ​ ទាំង​តែង​តាំង​មន្ត្រី​ខ្ញុំ​រាជ​ការ​ ក៏​ត្រឹម​ត្រូវ​តាម​ដំណើរ​នៃ​អ្នក​មាន​គុណ​បំណាច់​។​ ហេតុ​នេះ​ហើយ​ ទើប​សម្ដេ​ច​ អម្រិន្ទ្រា​ធិរាជ​ ទ្រង់​បណ្ដាល​ជា​ឥន្ទធ​នូ ៧​ ពណ៌ ពាស​ពេញ​ទាំង​អាកាស​ ក្នុង​វេលា​ដែល​ទ្រង់​តាំ​ង​មន្ត្រី​នោះ​។​ បាន​សេច​ក្ដី​ថា​ ព្រះ​ឥន្ទ្រា​ធិ​រាជ​ ទ្រង់​ប្រទាន​សព្ទ​សា​ធុកា​រព​រ​ ថ្វាយ​ព្រះ​អង្គ​ឲ្យ​បាន​ជា​​កំពូល​ភព​ ជា​ម្លប់​កម្ពុជា​នេះ​​ហើយ កុំ​ឲ្យ​រាស្ត្រ​ស្ដាប់​មនុស្ស​​ក្រៅ​ពី​ព្រះ​រាជ​ត្រកូល​ឡើយ​។​

ព្រះ​បាទ​សម្ដេច​ព្រះ​ចន្ទ​រាជា​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​យល់​ឃើញ​ថា​ ហោរា​ទាយ​នេះ​ មាន​លក្ខណៈ​ មាន​គោល​ចារឹក​គ្រប់​គ្រាន់​ ល្មម​ជឿ​បាន​ ទើប​ទ្រង់​មាន​ព្រះ​អំណរ​ណាស់​។ ទ្រង់​បាន​ចំណាយ​ព្រះ​រាជ​ទ្រព្យ​ប្រទាន​ដល់​ហោ​រា​នោះ​ ហើយ​ទ្រង់​ចំណាយ​ព្រះ​រាជ្យ​ទ្រព្យ​ដល់​កង​ទ័ព​ ដែល​កាប់​ឈើ​ធ្វើ​ព្រះ​វិហារ​នៅ​ជំរំ​ដែល​ធ្វើ​រោង​រាជ​ពិធី​ នៅ​មាត់​ស្ទឹង​នោះ​។​

លុះ​ថ្ងៃ​ក្រោយ​មក​ សម្ដេច​ព្រះ​បរម​បពិត្រ​ ទ្រង់​ជ្រាប​ថា​ "ទឹក​ស្ទឹង​នេះ​ រីង​ហួត​អស់​"​ ទ្រង់​សង្ស័យ​ក្នុង​ព្រះ​ហ​ឫទ័យ​ណាស់​ ទើប​ស្ដេច​ឡើង​គង់​លើ​ព្រះ​រាជ​ទីនាំង​អស្ស​តរ​ព្រម​ទាំង​ពួក​និករ​ចេញ​ទៅ​ទត​ដល់​ក្បាល​ស្ទឹង​។​ ទ្រង់​ឃើញ​ ទឹក​ស្ទឹង​នោះ ហូរ​ច្រោះ​ដី​រូង​ហូរ​ទៅ​ទិស​ខាង​ជើង​ មាន​ឈើ មាន​ថ្ម​រលើង​រលំ ​ត្រង់​មាត់​ស្ទឹង​ខាង​ត្បូង​។​ ទើប​ទ្រង់​ត្រាស់​បង្គាប់​ ឧក​ញ៉ា​វង្សា​ធិបតី​ សម​ ក្រុម​ព្រះ​សុរិយោ​ដី​ឲ្យ​ប្រមូល​រាស្ត្រ​ ឲ្យ​បួង​សួង​អ្នក​តា ធ្វើ​ពិធី​លើក​ដី​បិទ​ផ្ទៃ​ស្ទឹង​នោះ​ មិន​ឲ្យ​ហូរ​ទៅ​ទិស​ខាង​ជើង​។​ ទឹក​នោះ​ក៏​ហូរ​តាម​ប្រឡាយ​ ដែល​ជីក​ថ្មី​ ហើយ​ហូរ​ចុះ​ទៅ​ស្ទឹង​ធំ​ ដូច​ដើម​វិញ​ ហើយ​ក៏​ស្ដេច​ព្រះ​រាជ​ដំណើរ​មក​បន្ទាយ​វិញ​។

​ ក្រោយ​ពី​នោះ​ មាន​ស្រី​ពីរ​នាក់​ មួយ​ឈ្មោះ​ឯម​ មួយ​ទៀត​ឈ្មោះ​អាំ ​មាន​ប្ដី​ទាំង​ពីរ​នាក់​ មាន​ផ្ទៃពោះ​ ហើយ​ផិត​ប្ដី​។ នាង​ឯម​ សា​ហាយ​ នឹង​ ចៅ​កៅ ចាក់​ចៅ​លួស​ជា​ប្ដី​ស្លាប់​។​ នាង​អាំ​ សាហាយ​ នឹង ចៅ​គាំ​កាប់​ចៅ​សោម​ជា​ប្ដី​ស្លាប់​។​ ពេល​នោះ​ ទី​ទំនប់​ស្ទឹង​ ក៏​ហូរ​ធ្លាយ​ចេញ​ ចុះ​ទិស​ខាង​ជើង​​ដូច​ជា​មុន​ទៀត​។ ចៅ​ហ្វាយ​ស្រុក​ ក្រម​ការ​ ខែត្រ​បរិ​បូណ៌​ចាប់​បាន​អា​ចោរ​មេ​ចោរ​ ទាំង​ប្រុស​ស្រី​ នាំ​ខ្លួន​យក​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​។​ ព្រះ​បរម​បពិត្រ​ទ្រង់​ជ្រាប​សេច​ក្ដី​គ្រប់​ប្រការ​ហើយ​ ទ្រង់​ត្រាស់​ថា​ អញ​បិទ​ទំនប់​នេះ​ ព្រោះ​ត្រូវ​ការ​ឲ្យ​ទឹក​ហូរ​ចេញ​ ចុះ​មក​ក្នុង​ស្ទឹង​ ដើម្បី​ឲ្យ​អ្នក​ស្រុក​ធ្វើ​​រហាត់​ទឹក​ យក​ទឹក​ដាក់​ស្រែ យក​ស្រូវ​ឲ្យ​បរិបូណ៌​ ពុំ​គួរ​ឡើយ​អាចោរ​មេចោរ​ទាំង​ពីរ​ ៤​ នាក់​នេះ​ទៅ​បំផ្លាញ​ពិធី​ទំនប់​ទឹក​នេះ​ឡើយ​។ បើ​ដូច្នោះ​ត្រូវ​មាន​ទោស ៣ ​ស្ថាន​គឺ​:​

  • ១. ត្រូវថាវាទាំង២ នាក់លួចប្រពន្ធគេ
  • ២. ត្រូវវាទាំង ៤ នាក់មានទោស ព្រោះបានសម្លាប់មនុស្សពីរនាក់
  • ៣. វាទាំង ៤ នាក់ត្រូវមានទោស ថាបង្អត់បាយគេ ទូទៅទាំងខែត្រ។

ទើប​ទ្រង់​បង្គាប់​មន្ត្រី​ក្រុម​ព្រះ​នគ​រ​បាល​ និង​ ក្រុម​ព្រះ​សុរិ​យោដី​ ឲ្យ​យក​អា​ចោរ​ មេ​ចោរ​ទាំង​៤ ​នាក់​នេះ​ ទៅ​ដាក់​ក្នុង​ទំនប់​នោះ​។​ មន្ត្រី​ក្រុម​ទាំង​ពីរ​ ក៏​ថ្វាយ​បង្គំ​លា​នាំ​មនុស្ស​ចោរ​ ទាំង​ ៤​នាក់​នោះ​ទៅ​ធ្វើ​ពលិ​ការ​ បួង​សួង​អាកាស​ទេវ​តា​ អារក្ខ​ទេវតា​ ហើយ​សម្រេច​ទោស​ អា​មេ​ទាំង ៤​នាក់​ រួច​លើក​ដី​លប់​ទៅ​។ បិសាច​ខ្មោច​ អា ​មេ​ ទាំង ​៤​នាក់​ និង កូន​ក្នុង​ពោះ​ពីរ​នាក់​ ជា​៦​នាក់​ ក៏​នៅ​ឃុំ​រក្សា​ទំនប់​នោះ​ ទំបន់​នោះ​ក៏​ជិត​ជាប់​រៀង​មក​ដល់​ឥឡូវ​នេះ​។​ អស់​បណ្ដា​អ្នក​ស្រុក​ ធ្វើ​ស្រែ​ដោយ​ហេតុ​ទំនប់​នេះ​ចម្រើន​ផល​ស្រូវ​ជា​សព្វ​ឆ្នាំ​។ ទឹក​ស្ទឹង​នេះ​ហូរ​ខ្លាំង​មក​ ប្រែះ​ដី​នោះ​ជ្រៅ​ ធំ​ទូលាយ​ អាច​ឲ្យ​ចេញ​ចូល​ទូក​បាន​ អ្នក​ឈ្មួញ​ ជួញ​លក់​ ចេញ​ចូល​ ទៅ​នៅ​រក​ស៊ី​តាំង​ជា​ផ្ទះ​ផ្សារ​ជា​ច្រើន​។ ហេតុ​នោះ​ហើយ​បាន​ជា​ហៅ​ថា​ "ផ្សារ​បរិ​បូណ៌"​ ត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ ឯ​ដី​ចុង​ស្ទឹង​នោះ​ទ្រង់​ត្រាស់​ឲ្យ​កង​ទ័ព​ និង​ អ្នក​ស្រុក​ធ្វើ​ស្រែ​ សឹង​តែ​បាន​ចម្រើន​ផល​ជា​ច្រើន​ សូម​ប្រកប​ នឹង មាន​ខេត្ត​បរិបូណ៌​ ដែល​ទ្រង់​ប្រែ​ឈ្មោះ​នោះ​។​

 លុះ​មក​​ដល់​​ឆ្នាំ​​ឆ្លូវ​ នព​​ស័ក​ ព.ស ២០៦១ - គ.ស. ១៥១៧ ម.ស. ១៤៣៩ ច.ស. ៨៧៩ នោះ​​ព្រះ​​បរម​​បពិត្រ​​ ទ្រង់​​ត្រាស់​​​ឲ្យ​រំសាយ​រេហ៍​ពល​ ឲ្យ​ធ្វើ​ស្រែ​គ្រប់​ខេត្ត​ ហើយ​ត្រាស់​ឲ្យ​ធ្វើ​ព្រះ​រាជ​បន្ទូល​ ព្រះ​រាជ​ប្រកាស​ ឲ្យ​មន្ត្រី​ប្រើ​បម្រើ​ឲ្យ​លប​យក​ទៅ​បិទ​ គ្រប់​ខេត្ត​ត្រើយ​ខាង​លិច​។​

 សេច​ក្ដី​ប្រកាស​នោះ​ថា​ បើ​ខេត្តណា​ មាន​ចិត្ត​សុច​រិត​ស្មោះ​ត្រង់​ នឹង សម្ដេច​ព្រះ​ឧប​រាជ​ដែល​ជា​ព្រះ​រាជត្រ​កូល​ ពុំ​ចូល​ នឹង ពួក​អា​ព្រះ​ស្ដេច ​កន​ជា​អ្នក​ងារ​ពល​ព្រះ​ (1) ទេ ក៏​ចូល​ទៅ​សារ​ពិភ័​ក្ដី​តាំង​ពី​ឥឡូវ​នេះ​ឲ្យ​ហើយ​ទៅ​។ តែ​ទុក​ឲ្យ​យូរ​ទៅ​ ដរាប​ដល់​បាន​រាប​ទាប​ ក្នុង​ព្រះ​នគរ​នោះ​ ព្រះ​អង្គ​ នឹង យក​ទោស​ ចាត់​ទុក​ជា​ក្បត់​ផែន​ដី​ ដូច​ពួក​អា​ស្ដេច​ កន​ ជា​ប្រាកដ​ ពុំ​លែង​ឡើយ​។​

កាលនោះ ដោយ​ហេតុ​តែ​បុណ្យ​បារមី​ របស់​ស្ដេច​ចៅ​ពញា​ចន្ទ​រាជា​អស់​បណ្ដា​រាស្ត្រ​ទាស​កម្ម​ករ​គ្រប់​ភាសា​ក្នុង​ក្រុង​កម្ពុជា​ ក៏​កើត​មាន​គំនិត​ប្រាជ្ញា​ ស្នេហា​មេត្រី​ នឹង​ ព្រះ​បរម​បពិត្រ​រាល់​រូប​កាយ​ពុំ​មាន​ខាន​។ បណ្ដា​រាស្ត្រ​ទាស​កម្ម​ទាំង​នោះ​ ក៏​នាំ​គ្នា​ចូល​មក​ថ្វាយ​បង្គំ​ សុំ​សារ​ពិភ័ក្ដិ​ច្រើន​ស្រុក​ច្រើន​ខេត្ត​។​

នេះ​នឹង​និយាយ​អំពី​ព្រះ​ចៅ ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃ​នគរ​ ទិស​ខាង​កើត​វិញ​។​ លុះ​ដល់​វស្សាន​រដូវ​ក្នុង​ឆ្នាំ​ឆ្លូវ​ នព​ស័ក​នោះ​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ស្ដេច​កន​ ព្រះ​អង្គ​ចេញ​ជួប​ជុំ​សេនា​បតី​មន្ត្រី​តូច​ធំ​ ខ្ញុំ​ព្រះ​រាជ​ការ​ហើយ​​ត្រាស់​ថា​ :​ ចៅ​ពញា​ចន្ទ​រាជា​ លើក​កង​ទ័ព​ទៅ​វាយ​យក​ផែន​ដី​ត្រើយ​ខាង​ជើង​ ហើយ​លើក​ខ្លួន​ឡើង​ជា​ម្ចាស់​ផែន​ដី​ទៀត​ ដូច្នេះ​ ឲ្យ​សេនា​បតី​ ចេញ​សំបុត្រ​ កេណ្ឌ​រេហ៍​ពល​ឲ្យ​មក​គ្រប់​ខេត្ត​ថា​ កាល​ណា​ចេញ​ព្រះ​វស្សា​ ព្រះ​អង្គ​ នឹង លើក​ទ័ព​ទៅ​យក​ខេត្ត​អម្រិន្ទ​បូរ​ ពោធិ៍​សាត់​វិញ​ឲ្យ​បាន​។​

 សេនា​បតី​ ទទួល​ព្រះ​រាជ​បញ្ជា​ហើយ​ ក៏​ចេញ​សំបុត្រ​ប្រាប់​ទៅ​ ចៅ​ហ្វាយ​ស្រុក​ចៅ​មឿង​ ចៅ​បាន​ ឲ្យ​កេណ្ឌ​កង​ទ័ព​តាម​ត្រាស់​បង្គាប់​។​ លុះ​ដល់​ខែ​នោះ​ គ្រប់​ចៅ​ហ្វាយ​ស្រុក​បញ្ជូន​រេហ៍​ពល​មក​ជួប​ជុំ​ បាន​ចំនួន​ ១២​០០០០ នាក់​។ ទ្រង់​ត្រាស់​ឲ្យ​បង្ហាត់​ឲ្យ​កាន់​អាវុធ​ឲ្យ​ស្ទាត់​តាម​ក្បួន​ពិជ័យ​សង្គ្រាម​ ទ្រង់​ចាត់​ឲ្យ​ចៅ​ពញា​លំពាំង​ ចៅ​ពញា​ស្រាល​ឲ្យ​ឃុំ​កង​ទ័ព​ ២០០០០ នាក់​ឆ្លង​ទៅ​តាំង​ទ័ព​ នៅ​ខេត្ត​សំរោង​ទង​ ឲ្យ​សម្ដេច​ចៅ​ហ្វា​កៅ ​ឃុំ​ពល​ ៣០០០០ នាក់​ទៅ​តាំង​បន្ទាយ​នៅ​ភ្នំពេញ​។​

 ក្នុង​ខណៈ​នោះ​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​បរម​បពិត្រ​ ទ្រង់​ជ្រាប​ដោយ​បម្រើ​សេះ​ ពី​ខេត្ត​លង្វែក​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ សព្វ​គ្រប់​ប្រការ​ហើយ​ ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង​ណាស់​។ ទ្រង់​ប្រាប់​ឧកញ៉ា​ចក្រី​កែវ​ និង​ ឧក​ញ៉ា​វង្សា​អគ្គ​រាជ​ កែ​ ឲ្យ​ឃុំ​រេហ៍​ពល ២០០០០​នាក់​លើក​ចេញ​ទៅ​។​ ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ ត្រាស់​ឲ្យ​សម្ដេច​ ព្រះ​ភាគិ​នេយ្យោ​ យស​រាជា​ នៅ​ចាំ​រក្សា​បន្ទាយ​ហើយ​ ព្រះ​អង្គ​ព្រ​ម​ដោយ​សេនា​ទាហាន​ រេហ៍ពល ៣០០០០​នាក់​ លើក​ទៅ​តាំង​នៅ​ភូមិ​ជ័យ​សួគ៌​ នៅ​ខែត្រ​លង្វែក​ រង់​ចាំ​ស្ដាប់​រាជ​ការ​សង្គ្រាម​ បើ​ឃើញ​កុន​ទ្រង់ នឹង លើក​ទៅ​ជួយ​ជា​ឆាប់​។ ក្នុង​គ្រានោះ​ឧក​ញ៉ាច​ក្រី​ កែវ​ឧកញ៉ា​វង្សា​អគ្គ​រាជ​ កែ​លើក​ទ័ព​ចូល​ច្បាំង​ត​នឹង​កង​ទ័ព​ចៅ​ពញា​ស្រាល​។​ វង្សា​អគ្គរាជ លើក​ទ័ព​ត​នឹង​ចៅ​ពញា​លំពាំង​ ជា​សេនា​បតី​ មេ​ទ័ព​ត្រើយ​ខាង​កើត​។ ខណៈ​នោះ​ សេនា​ទាហាន​ រេហ៍​ពល​ទាំង​សង​ខាង​ ចូល​ប្រយុទ្ធ​គ្នា​ ដោយ​អាវុធ​វែង​ខ្លី​ ជា​សន្ធឹក​ គឹក​កង​ កោលា​ហល​។​

 ពួក​ពល​ស្លុត​ស្លាប់​ ទាំង​សង​ខាង​ កង​ទ័ព​ដំរី​ (ទ័ព​ខាង​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​)​ ដែល​ជា​ឧកញ៉ា​ចក្រី​ឲ្យ​ ឧក​ញ៉ា​នរិន្ទ​នា​យក​ ព្រះ​រាជា​នុ​កូល​ ទៅ​បង្កប់​ក្នុង​ព្រៃ​នោះ​ ចំនួន​ដំរី​សឹក​ ១៤០​ នាក់ វាង​បាន​នៅ​ពី​ក្រោយ​ទ័ព​សត្រូវ​ ហើយ​ក៏​បរ​ចូល​ទៅ​រួស​រាន់​ជាន់​ជល់​ពង្រាប​ពី​ក្រោយ​កង​ទ័ព​។ ខណៈ​នោះ​ចៅ​ពញា​លំពាំង​ ចៅ​ពញា​ស្រាល​ទ្រាំ​ពុំ​បាន​ ក៏​បែក​ទ័ព​រត់​ទៅ​ ហើយ​រត់​ទៅ​នៅ​ ក្នុង​បន្ទាយ​ភ្នំ​ពេញ​វិញ​។​

 មេ​ទ័ព​នៃ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​បរម​បពិត្រ​ ទាំង​ពីរ​កង​​ក៏​លើក​រហូត​ទៅ​វាយ​ បាន​បន្ទាយ​ខេត្ត​បាទី​មួយ​ ខែត្រ​ទ្រាំង​មួយ​ ចាប់​បាន​ខ្លួន​ចៅ​ហ្វាយ​ស្រុក​បាទី​មួយ​ ចៅ​មឿង​ព្រៃ​កប្បាស​មួយ​ ចៅមឿង​កណ្ដាល​ស្ទឹង​មួយ​ ចៅ​មឿង​គង​ពិសី​មួយ​ ចៅ​មឿង​ភ្នំ​ស្រួច​មួយ​។​ ព្រម​ទាំង​ចាប់​បាន​ចៅមឿង​បន្ទាយ​មាស​មួយ​ ចៅ​មឿង​ពាម​មួយ​ ចៅ​មឿង​ស្រែ​រនោង​មួយ​ ចៅ​មឿង​ជើង​កញ្ជុំ​មួយ​ នាំ​មក​ក្រាប​ទូល​ថ្វាយ​។​ ព្រះ​បរម​បពិត្រ​ ទ្រង់​ចាត់​ឲ្យ​ទទួល​ទាន​ទឹក​ព្រះ​ពិភ័ទ្ទ​សច្ចា​ ហើយ​ទ្រង់​ព្រះ​មេត្តា​ប្រោស​លើក​លែង​ខ្លួន​ និង​ ឲ្យ​ទៅ​នៅ​រក្សា​ស្រុក​ខែត្រ​ដូច​ដើម​វិញ​។​

ចៅ​ពញា​ពិស្ណុ​លោក​ឯក​ ជា​ចៅ​ហ្វាយ​ស្រុក​ ខេត្ត​ទ្រាំង​ ក្នុង​ពេល​នោះ​រត់​រួច​ ហើយ​ទៅ​រួម​នឹង​ចៅ​ហ្វាយ​ស្រុក​បាសា​ក់​មួយ​ ព្រះ​ត្រពាំង​មួយ​ ក្រមួន​ស​មួយ ឳ​ម៉ៅ​មួយ​ តាំង​បន្ទាយ​មាំ​មួន​នៅ​ខេត្ត​នោះ​។​

ដល់​រដូ​វ​ទ្វារ​ទស​មាស​ អក​អំបុក​នោះ​ អស់​មុខ​មន្ត្រី​ ខាង​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ព្រះ​បរម​បពិត្រ​អម្ចាស់​ផែន​ដី​ ត្រើយ​ខាង​​ចតុ​មុខ​ ទៅ​ធ្វើ​ប្រាសាទ​គ្រឿង​ឈើ ប្រក់​ស្បូវ​នៅ​កំពង់​សែត​ ខេត្ត​លង្វែក​។ លុះ​ដល់​សម្រេច​ហើយ​ ក៏​អញ្ជើញ​ស្ដេច​ ទៅ​ប្រថាប់​ទត​ប្រណាំង​ទូក​ និង​ លយ​កន្ទោង​ធំ​ ទូក​ប្រទីប​ថ្វាយ​ទៅ​ព្រះ​ចង្កូម​កែវ​ ដែល​តម្កល់​នៅ​ពិភព​នាគ​ និង អុជ​កាំជ្រួច​រន្ទា​ ថ្វាយ​ទៅ​ចូឡា​មណី​ចេតីយ​ ដែល​តម្កល់​ព្រះ​ចង្កូម​កែវ​នៅ​ឋាន​ ត្រៃ​ត្រឹង្ស​ ៣​ថ្ងៃ​។​ ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​ឈ្មោះ​ ភូមិ ជ័យ​សូរ​ ដែល​ព្រះ​អង្គ​តាំង​បន្ទាយ​នោះ​ ឲ្យ​ហៅ​ថា "ភូមិ​សូរ​វង្ស​"​។ ឯ​ភូមិ​កំពង់​សែត​នោះ​ទ្រង់​ឲ្យ​ហៅ​ថា​ "កំពង់​ប្រាសាទ​"​។ ហេតុ​នេះ​ហើយ បាន​មាន​ឈ្មោះ​ហៅ​ថា​ ភូមិ​សូរ​វង្ស,​ កំពង់​ប្រាសាទ​ រៀង​មក​។​

លុះ​រួច​ការ​បុណ្យ​ទ្វារ​ទស​មាស​ហើយ​ សម្ដេច​ព្រះ​ចន្ទ​រាជា​ ព្រះ​អង្គ​ត្រាស់​បង្គាប់​ ឧកញ៉ា​ចក្រី​កែវ​ ឧកញ៉ា​វង្សា​អគ្គ​រាជ​កែ ​និង​ ឧក​ញ៉ា​ក្រឡា​ហោម​គាំ​ ឲ្យ​ឃុំ​ពល ៣០០០០ ​នាក់ លើក​ទៅ​ចោម​បន្ទាយ​ខេត្ត​ភ្នំ​ពេញ​។ ឧក​ញ៉ាទាំង ​៣​នាយ​ ក៏​ថ្វាយ​បង្គំ​លា​ ចេញ​ទៅ​ចាត់​ចែង​កង​ទ័ព​ ព្រម​ដោយ​គ្រឿង​សាស្ត្រា​វុធ​ស្រេច​ហើយ​ ក៏​លើក​ចេញ​ទៅ​ចោម​វាយ​បន្ទាយ​នោះ​ តាម​ត្រាស់​បង្គាប់​​។ ខណៈ​ នោះ​មេ​ទ័ព​ខាង​ស្ដេច​កន​ គឺ​ សម្ដេច​ចៅ​ហ្វា​កៅ​ ចៅ​ពញា​លំពាំង​ ចៅ​ពញា​ស្រាល​ ចៅ​ពញា​តេជោ​ ចៅ​ហ្វាយ​ស្រុក​សំរោង​ទង​ ចៅ​ពញា​រាជ​មេត្រី ​ចៅ​ហ្វាយ​ស្រុក​ភ្នំពេញ​ ជា​មេ​ទ័ព​ម្ចាស់​ផែន​ដី​ ត្រើយ​ខាង​កើត​ចេញ​ច្បាំង​ នឹង មេ​ទ័ព នៃ​អម្ចាស់​ត្រើយ​ខាង​លិច​ ជួន​ឈ្នះ​ជួន​ចាញ់​ ម្ដង​ម្នាក់​ ជា​ច្រើន​ដង​។ លុះ​ដល់​រដូវ​ភ្លៀង​ រាស្ត្រ​អត់​ឃ្លាន​ គ្មាន​ស្រូវ​ វេទ​នា​ណាស់​ ក៏​សន្យា​បើក​កង​ទ័ព​ទាំង​សង​ខាង​ ឲ្យ​ឈប់​ច្បាំង​រហូត​ដល់​ធ្វើ​ស្រែ​ហើយ​។​

លុះ​ដល់​មក​ឆ្នាំ​ខាល​ ទោស័​ក ព.ស. ២០៧៤, គ.ស. ១៥៣០, ម.ស. ១៤៥២, ច.ស. ៨៩២ តាំង​ពី​ខែ​មិគ​សិរ​ បុស្ស​ រៀង​ទៅ​ មន្ត្រី​ត្រើយ​ខាង​កើត​ (ខាង​ស្ដេច​កន​) ចេញ​កេណ្ឌ​មនុស្ស​ ចុះ​ក្បួន​ទ័ព​លើក​ច្បាំង​គ្នា​ ដណ្ដើម​យក​ខេត្ត​ត្រើយ​ខាង​លិច​ទៀត​។ ច្បាំង​គ្នា​ជា​ច្រើន​គ្រា​លុះ​ផុត​វេលា​ ក៏​រា​ទ័ព​ឈប់​ទាំង​សង​ខាង​។​

កាល​សង្គ្រាម​ជាន់​នោះ​ ជ្រាប​ដល់​ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​ផែន​ដី​ ត្រើយ​ខាង​លិច​ ព្រះចន្ទ​រាជា​ទ្រង់​យល់​ថា​។​

សង្គ្រាម​លើក​ក្រោយ​នេះ​ តាំង​ពី​ឆ្នាំ​ ឆ្លូវ​ដល់​ឆ្នាំ​ខាល មេ​ទ័ព​ទាំង​ ៣​យក​ជ័យ​ជំនះ​ពុំ​បាន​សោះ​។​ ទើប​ទ្រង់​ត្រាស់​ប្រើ​ ឃុន​វិជិត​តរង្គ​ពៅ ​ឲ្យ​ទៅប្រា​ប់​ឧក​ញ៉ា​ចក្រី​ និង​ ឧកញ៉ា​វង្សា​អគ្គ​រាជ​ ថា​ឲ្យ​ច្បាំង​រត់​ថយ​ក្រោយ​ រហូត​ដល់​ទៅ​ជួប​និង​ទ័ព​ឧក​ញ៉ាក្រឡា​ហោម​ ថា​ឲ្យ​ឧកញ៉ា​ក្រឡា​ហោម​ ក្លែង​ទង់​ជ័យ​ ជា​រូប​មនុស្ស​ ថា​បើ​ឃើញ​កង​ទ័ព​សត្រូវ​បាក់​រត់​មក​ ឲ្យ​ធ្វើ​ជា​ភ្ញាក់​ផ្អើល​ រត់​ទៅ​ជា​មួយ​នឹង​ទ័ព​ឧក​ញ៉ា​ចក្រី​ ឧក​ញ៉ា​វង្សា​អគ្គ​រាជ​ ត្រង់​រហូត​ទៅ​ដល់​ ស្រុក​ឧដុង្គ​។ ឃុន​វិជិត​តរង្គ​ពៅ ​ក៏​ទៅ​ប្រាប់​មេ​ទ័ព​ទាំង ​៣​កង​តាម​ព្រះ​រាជ​បន្ទូល​ពិសេស​។ ក្រោយ​ព្រះ​រាជ​បម្រើ​ទៅ​នោះ​ ទ្រង់​អនុញ្ញាត​ឲ្យ​ ឧក​ញ៉ា​យម​រាជ​ព្រំ​ ជា​មេ​ទ័ព​ធំ​ ឧក​ញ៉ា​ម​ហា​សេនា​សុខ​ ជា​មេទ័ព​មុខ​ ឧក​ញ៉ាយោ​ធា​សង្គ្រាម​ ជា​ប៉ែក​ឆ្វេង​ ឧក​ញ៉ា​យោ​ធា​មហា​សង្គ្រាម​ទេព​ ជា​ប៉ែក​ស្ដាំ ​ទៅ​ឃុំ​ពល ២០០០០​នាក់​ ទៅ​បង្កប់​នៅ​ក្នុង​ព្រៃ​មួយ​ ខាង​ជើង​បឹង​ពោង​ពាយ​។ ទ្រង់​ផ្ដាំ​ថា​ បើ​ឃើញ​កង​ទ័ព​ សត្រូវ​នៅ​បន្ទាយ​ដេញ​កង​ទ័ព​យើង​ទាំង​បី​កង​ទៅ​ហើយ​នោះ​ ឲ្យ​ដេញ​កង​​ទ័ព​យើង​ ឲ្យ​លើក​ជណ្ដើរ​កាន់​គប់​ភ្លើង​យក​ទៅ​ចោម​អុជ​បន្ទាយ​នោះ​ឲ្យ​បាន​។​ ទើប​ទ្រង់​ចាត់​ឧកញ៉ា​វិបុល​រាជ​គាំ​ ឧក​ញ៉ា​បរ​ទេស​រាជ​សូរ​ ឲ្យ​កេណ្ឌ​ទូក​រាស្ត្រ​ ផ្សំ​នឹង​ទូក​ចម្បាំង​របស់​ខ្លួន​ ទៅ​បោះ​នៅ​ជ្រោយ​ពន្លា​។ ថា​បើ​ឃើញ​កង​ទ័ព​សត្រូវ​លើក​ចេញ​ម​ក ឲ្យ​រា​ថយ​មក​ដល់​ព្រែក​ព្នៅ​។​ ទ្រង់​ចាត់​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ទេព​ ជា​កូន​ទី៣​ របស់​ពញា​មឿង​ ឲ្យ​លើក​ទ័ព​ទូក​ទៅ​បង្កប់​នៅ​ព្រែក​តា​ទែន​ដោយ​ផ្ដាំ​ថា​ បើ​ឃើញ​កង​ទ័ព​សត្រូវ​ ដេញ​តាម​ឧក​ញ៉ា​វិបុល​រាជ​ និង​ ឧក​ញ៉ា​ប្រទេស​រាជ​មក​ ឲ្យ​ព័ទ្ធ​ក្រោយ​ពួត​គ្នា​ច្បាំង​យក​ជ័យ​ជំនះ​ឲ្យ​បាន​។​

មេទ័ព មេកង ទាំង​ជើង​ទឹក​ ជើង​គោក​ ក៏​ថ្វាយ​បង្គំ​លា​ ឃុំ​កង​ទ័ព​លើក​ទៅ​ ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​ការ​។ លុះ​មក​ដល់​ថ្ងៃ ១២​កើត​ ខែ​មិគ​សិរ ឆ្នាំ​ខាល​ ទោ​ស័ក​នេះ ឧក​ញ៉ាចក្រី​ ឧកញ៉ា​វង្សា​អគ្គ​រាជ​លើក​កង​ទ័ព​ ចូលចោម​បន្ទាយ​ភ្នំ​ពេញ​ បាន​មួយ​ស្របក់​ក៏​ថយ​ទ័ព​រត់​ទៅ​។​ ចៅ​ពញា​តេជោ​ និង​ ចៅ​ពញា​រាជា​មេត្រី​ ឃើញ​ហើយ​ពុំ​ដឹង​កល​ ក៏​បើក​ទ្វារ​បន្ទាយ​ នាំ​កង​ទ័ព​របស់​ខ្លួន ២០០០​នាក់​នោះ​ ដេញ​តាម​ទ័ព​ដែល​ចោម​ព័ទ្ធ​ខ្លួន​នោះ​ដល់​អូរ​ផ្អរ​ ក៏​ប្រទះ​ឃើញ​ទង់​ជ័យ​ទ័ព​ហ្លួង​មួយ​កង​ទៀត​ បែក​ទ័ព​រត់​ទៅ​ទៀត​ដូច្នេះ​ ទ័ព​ខាង​ស្ដេច​កន​ ក៏​កម្រើក​ចិត្ត​ពន់​ប្រមាណ​។ លុះ​ឃើញ​ ទង់​រូប​មក​រ​ មេ​ទ័ព​ទាំង​ពីរ​នោះ​ ក៏​សម្គាល់​ថា​ជា​ទ័ព​ហ្លួង​ ចាញ់​បែក​ទ័ព​ទៅ​ហើយ​ ទើប​ឲ្យ​លើក​កង​ទ័ព​ដេញ​តាម​ទៅ​ទៀត​។​ លុះ​ទៅ​ដល់​ដំបូក​មាន​លក្ខណ៍​ទ័ព​សត្រូវ​ដេញ​តាម​ឧក​ញ៉ាចក្រី​ហួស​ទៅ​។ ខណៈ​នោះ​ ឧក​ញ៉ា​ក្រឡា​ហោម​ ឧក​ញ៉ា​វង្សា​អគ្គ​រាជ​ ឧក​ញ៉ា​ន​រិន្ទ្រា​ធិបតី​ (ទ័ព​ខាង​សម្ដេច​ព្រះ​ចន្ទ​រាជា​)​ ត្រឡប់​ពី​ក្រោយ​ ឡោម​ចោម​ច្បាំង​ផ្ទប់​មក​។ ឧក​ញ៉ា​ចក្រី​ (ខាង​សម្ដេច​ព្រះ​ចន្ទ​រាជា​)​ ក៏​រា​ទ័ព​ត្រឡប់​មក​វិញ​ ចូល​បាញ់​ចាក់​កាប់​សម្លាប់​ទ័ព​សត្រូវ​ ដែល​នៅ​ជា​កណ្ដាល​ សត្រូវ​ក៏​បែក​ទ័ព​រត់​ទៅ​។​ មេ​ទ័ព​ខាង​សម្ដេច​ព្រះ​ចន្ទ​រាជា​ ចាប់​បាន​ចៅ​ហ្វាយ​ស្រុក​ទាំង​ពីរ​ និង​ ក្រុម​សេនា​ទាហាន​ទាំង​ ២៣​នាក់​ព្រម​ទាំង​គោ ​ក្របី​ ដំរី​ សេះ ហើយ​នាំ​ខ្លួន​ឈ្លើយ​ទាំង​នោះ​ ទៅ​ក្រាប​បង្គំ​ទូ​ល​ថ្វាយ​។ សម្ដេច​ព្រះ​មហា​ខត្តិ​យា​ចន្ទ​រាជា​ ទ្រង់​ឲ្យ​ដាក់​ក្ដី​ឈ្លើយ​ទាំង​នោះ​ ទុក​ចាំ​ជួប​មេ​ទ័ព​គ្រប់​កង​។​

ឯ​សម្ដេច​ចៅ​ហ្វា​កៅ​កាល​ក្រឡេក​ទៅ​ ឃើញ​កង​ទ័ព​ទូក​ បោះ​នៅ​ជ្រោយ​ចង្វា​រ​មាន​ចំនួន​តិច​តួច​ស្ដួច​ស្ដើង​ណាស់​ ក៏​គិត​ថា​ចៅ​ហ្វាយ​ស្រុក​ទាំង​ពីរ​ (ខាង​ខ្លួន​) ច្បាស់​ជា​មាន​ជ័យ​ជំនះ​ហើយ​ ដែល​ដេញ​តាម​ទ័ព​ត្រើយ​ខាង​លិច​ទៅ​នោះ​ ប្រ​ហែល​ជា​នឹង​បាន​សម្រេច​ការ​សង្គ្រាម​ក្នុង​គ្រា​នេះ​ហើយ​ ថា​បើ​បាន​សម្រេច​ហើយ​ មុខ​តែ​ចៅ​ហ្វាយ​ស្រុក​ទាំង​ពីរ​នោះ​ នឹង បាន​គុណ​គាប់​ជាង​អញ​ហើយ​។​ ចៅ​ហ្វា​កៅ​ គិត​ទៀត​ថា ​: "ពី​មុន​អញ​អធ្យា​ស្រ័យ​ឲ្យ​ម្ដង​ពុំ​ទាន់​បាន​កែ​ខ្លួន​, គ្រា​ម្ដង​នេះ​ ចៅ​ហ្វាយ​ស្រុក​ទាំង​ពីរ​មាន​ជ័យ​លើ​ទ័ព​ត្រើយ​ខាង​លិច​ទៀត​ នោះ​ឃើញ​ថា​ មិន​ស្រួល​ដល់​អញ​ជា​ខ្លាំង​"​។ សម្ដេច​ចៅ​ហ្វា​កៅ ​គិត​ឃើញ​ដូច្នេះ​ហើយ​ទើប​ឲ្យ​ចៅ​ពញា​លំពាំង​ ចៅ​ពញា​ស្រាល​ ចៅ​ពញា​វៀង​ នៅ​រក្សា​បន្ទាយ​ឯ​ខ្លួន​ចៅ​ហ្វា​ឯង​ ដេញ​កង​ទ័ព​ឲ្យ​ចុះ​ទូក​ចម្បាំង​ ប្រមាណ​ ៦០​ ទៅ​ច្បាំង​ត​ ​នឹង ឧកញ៉ា​វិបុល​រាជ​ ឧក​ញ៉ា​ប្រទេស​រាជ​ ដែល​ចត​ទូក​នៅ​ជ្រោយ​ចង្វារ​។ កាល​ទ័ព​សត្រូវ​មក​ដល់​ហើយ​ ឧក​ញ៉ា​វិបុល​រាជ​ និង​ ឧក​ញ៉ា​បរ​ទេស​រាជ​ (មេ​ទ័ព​ខាង​ព្រះ​ចន្ទ​រាជា​)​ ក៏​ដេញ​ពល​ឲ្យ​ទទួល​ច្បាំង​ត​នឹង​អាវុធ​វែង​យ៉ាង​ឃោរ​ឃៅ។​ មួយ​ស្របក់​ក្រោយ​មក​ ឧក​ញ៉ា​ទាំង​ពីរ​នាក់​ ក៏​ឲ្យ​ពល​ថយ​ទូក​ រត់​ទៅ​ដល់​ព្រែក​ព្នៅ​។​ សម្ដេច​ចៅ​ហ្វា​កៅ ​ឃើញ​ដូច្នេះ​ក៏​ឲ្យ​ចែវ​ទូក​ដេញ​តាម​ទៅ​។​

សម្ដេ​ចៅ​ពញា​ទេព​ កូន​ចៅ​ពញា​មឿង​ មេ​ទ័ព​ម្ចាស់​ផែន​ដី​ ត្រើយ​ខាង​លិច​ កាល​ឃើញ​ចៅ​ហ្វា​កៅ ​ដេញ​ទ័ព​ឧក​ញ៉ា​ទាំង​ពីរ​ហួស​ទៅ​ហើយ​ ក៏​បង្គាប់​នាយ​កង​នាយ​ទ័ព​ ឲ្យ​ចេញ​ទូក​ចម្បាំង​ពី​ក្នុង​ព្រែក​តា​ទែន​ ហើយ​ដេញ​បាញ់​ពី​ក្រោយ​។​ ឯ​កង​ទ័ព​ឧកញ៉ា​វិបុល​រាជ​ ឧក​ញ៉ា​បរ​ទេស​រាជ​មេ​ទ័ព​អម្ចាស់​ផែន​ដី​ត្រើយ​ខាង​លិច​ ពេល​នោះ​ ក៏​រា​បែរ​មក​ច្បាំង​តាំង​ត​ជា​ឧឡា​រិក​។ កង​ទ័ព​ចៅ​ហ្វា​កៅ ​នៅ​ជា​កណ្ដាល​នៃ​ទ័ព​សត្រូវ​ ទាល់​កម្លាំង​ណាស់​ នឹង​ត​ទៅ​ទៀត​ពុំ​បាន​។ ដូច្នេះ​ហើយ​ ខ្លះ​ក៏​លោត​ទឹក​ធ្លាក់​ស្លាប់​ទៅ​ ខ្លះ​ក៏​ត្រូវ​ នឹង អាវុធ​ស្លាប់​ទៅ​ ខ្លះ​ទៀត​ពិការ​ជា​ច្រើន​។​ ចំណែក​ ឯ​ចៅ​ហ្វា​កៅ ​ខ្លួន​ឯង​វិញ​ លោត​ទឹក​ទន្លេ​ហែល​រត់​​ត្រា​តែ​រួច​ទៅ​ដល់​ក្រុង​បាសាន​។​

កង​ទ័ព ឧក​ញ៉ាយម​រាជ​ ឧក​ញ៉ា​មហា​សេនា​ ឧក​ញ៉ា​យោធា​សង្គ្រាម​ ដែល​បង្កប់​ទ័ព​ក្នុង​ព្រៃ​មួយ​​ កាល​ឃើញ​កង​ទ័ព​ក្នុង​បន្ទាយ​សត្រូវ​ ចេញ​ដេញ​មេ​ទ័ព​ត្រើយ​ខាង​លិច​ អស់​ជា​ច្រើន​កង​ហើយ​ យល់​ជា​មាន​មនុស្ស​តិច​ក្នុង​បន្ទាយ​ ក៏​ឲ្យ​ពួក​សេនា​រេហ៍​ពល​ កាន់​គប់​ភ្លើង​លី​ជណ្ដើរ​ទៅ​ព័ទ្ធ​ ទៅ​ឡើង​បន្ទាយ​នោះ​។​ ខណៈ​នោះ​ ​ចៅពញា​លំពាំង​ ចៅ​ពញា​សាល​ដេញ​ពល​ឲ្យ​ចូល​ត​ទល់​ និង​ទ័ព​ឧកញ៉ា​ទាំង​ពីរ​ តែ​ទ័ព​ចៅ​ពញា​ទាំង​ពីរ​នេះ​ទប់​មិន​ឈ្នះ​កង​ទ័ព​ខាង​ព្រះ​ចន្ទ​រាជា​ ទើប​ពញា​ទាំង​ពីរ​ ក៏​លោត​ចេញ​ពី​បន្ទាយ​ចុះ​រត់​មក​ទៀត​។ សេនា​ទាហាន​ខាង​ឧក​ញ៉ា​យម​រាជ​ មេ​ទ័ព​ហ្លួង​ត្រើយ​ខាង​លិច​ ទទួល​ចាក់​កាប់​ស្លាប់​ទាំង​ពីរ​នាក់​នោះ​ទៅ​ កង​ទ័ព​ជើង​គោក​ ជើង​ទឹក​ របស់​ព្រះ​បរម​បពិត្រ​ ត្រើយ​ខាង​លិច​ ចាប់​បាន​មន្ត្រី​ក្រម​ការ​ សេនា​ទាហាន​ ខាង​ស្ដេច​ត្រើយ​ខាង​កើត​ ចំនួន ៨៥​នាក់​ និង​ ស្បៀង​អាហារ​សស្ត្រា​វុធ​​ជា​ច្រើន​ ហើយ​នាំ​ទៅ​ក្រាប​ទូល​ថ្វាយ​។ ខណៈ​នោះ​សម្ដេច​ព្រះ​ចន្ទ​រាជា​ ព្រះ​បរម​បពិត្រ​ អម្ចាស់​ផែន​ដី​ត្រើយ​ខាង​លិច​ ទ្រង់​ព្រះ​សណ្ដាប់​​មេ​ទ័ព​ និង​នាយ​កង​ទ័ព​ ទាំង​ជើង​ទឹ​ក ជើង​គោក​ក្រាប​បង្គំ​ទូល​ថ្វាយ​មនុស្ស​ទោស​ក្បត់​គ្រប់​ប្រការ​ហើយ​ ទ្រង់​ឲ្យ​ចៅ​ក្រម​ប្រឹក្សា​ទៅ​​ឃើញ​ថា ​: អា​ក្បត់​​ដែល​មាន​ទោស​ធ្ងន់​ ៣៥​នាក់​ ទ្រង់​ឲ្យ​ប្រហារ​ជីវិត​ទាំង​អស់​ ឃើញ​ថា មនុស្ស​សល់​ពី​នោះ​មាន​ទោស​ស្រាល​ល្មម​ ត្រាស់​ឲ្យ​ដាក់​ក្ដី​ទាំង ​៥០​នាក់​។​ ព្រះ​អង្គ​ឈ្នះ​សង្គ្រាម​ក្នុង​គ្រា​នេះ​យក​បាន​ខែត្រ​ភ្នំ​ពេញ​, សំរោង​ទង​ បាទី​ ទ្រាំង​ កំពត​ កំពង់​សោម​។​ ចៅ​មឿង​ ដែល​ឡើង​ខែត្រ​ទាំង​នេះ​ ដែល​នៅ​ទិស​ខាង​លិច​ទាំង​ប៉ុន្មាន​នោះ​ ទ័ព​ហ្លួង​ខាង​លិច​ចាប់​បាន​ខ្លួន​ទាំង​អស់​ នៅ​សល់​តែ​ខែត្រ​បាសាក់​ ព្រះ​ត្រពាំង​ ក្រមួន​ស ​ឳម៉ៅ​ តែ​ប៉ុណ្ណោះ ​ព្រោះ​ចៅ​ពញា​ពិស្ណុ​លោក​ រត់​ទៅ​ប្រមូល​ ចៅ​ហ្វាយ​ស្រុក​ក្រៅ​បន្ទាយ​ទាំង​នោះ​ ឲ្យ​តាំង​បន្ទាយ​រឹង​នៅ​ឡើយ​ មិន​ទាន់​យក​បាន​។​

សម្ដេច ព្រះ​ស្រី​ជេដ្ឋា​ ម្ចាស់​ផែន​ដី​ ត្រើយ​ខាង​កើត​ ទ្រង់​ជ្រាប​អំពី​បរា​ជ័យ​នេះ​ហើយ​ ទ្រង់​ព្រះ​ពិរោធ​ណាស់​ថា​ :​ ចៅ​ពញា​ចន្ទ​នេះ​ កាន់​តែ​ទន្ទ្រាន​បាន​ទី​ច្រើន​ ពន់​ប្រមាណ​ហើយ​ មេ​ទ័ព និង​ នាយ​កង​ ដែល​យើង​ប្រើ​ទៅ​ទាំង​ប៉ុន្មាន​ ក៏​ចេះ​តែ​ធ្វេស​ប្រហែស​ឲ្យ​ចាញ់​ឧបាយ​កល​គេ​ ខូច​រេហ៍​ពល​​ច្រើន​ដង​ មិន​គិត​សង​សឹក​វិញ​ឲ្យ​បា​ន​សោះ​។​ ទើប​ទ្រង់​គិត​ឧបាយ​កល​ រើស​សេនា​ ទាហាន​ ដែល​មាន​នៅ​ជា​ទំនុក​ទុក​ព្រះ​ទ័យ​បាន​ ១០០​នាក់​ ហើយ​ត្រាស់​បង្គាប់​ថា ​:​ "​ឲ្យ​ក្លែង​រត់​ចូល​ទៅ​ នៅ​នឹង​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ កាល​បើ​ល្បង​ឲ្យ​ទុក​​ព្រះ​ទ័យ​បាន​កាល​ណា​ហើយ​ ឲ្យ​ទាហាន​ទាំង​នោះ​ នាំ​គ្នា​លុក​សម្លាប់​ឲ្យ​បាន​ បើ​អ្នក​ទាំង​ឡាយ​ធ្វើ​បាន​ យើង​នឹង​ឲ្យអ្នក​ឡើង​យស​សក្ដិ ​ឲ្យ​ទ្រព្យ​សម្បត្តិ​ ឲ្យ​ពេញ​ចិត្ត​"​។​ សេនា​ទាំង ​១០០​នាក់​ នោះ​ថ្វាយ​បង្គំ​សុំ​ទទួល​អាសា​ថា ​"ទូល​ព្រះ​បង្គំ​ទាំង​ឡាយ​ នឹង ធ្វើ​ឲ្យ​បាន​តាម​ព្រះ​រាជ​ហ​ឫ​ទ័យ​"​។ ព្រះ​ស្រី​ជេដ្ឋា​ ទ្រង់​ព្រះ​សណ្ដាប់​ឮ​ថា​ សេនា​ទាហាន​ព្រម​ព្រៀង​ហើយ​ ទ្រង់​ព្រះ​អំណរ​ណាស់​ ទើប​ទ្រង់​តាំង​ឲ្យ​លួង​ជ័យ​ ជា​ក្មួយ​មេ​បាន​ (ម្ដាយ​ព្រះ​ស្ដេច​កន​)​ ឲ្យ​ធ្វើ​ជា​ចៅ​ពញា​ មន្ត្រី​តេជះ​ (មេ​ទ័ព)​ ឃុំ​ពល​ទាហាន​ទាំង​ ១០០​នាក់​នោះ​ ទៅ​ចាត់​ការ​ឲ្យ​បាន​សម្រេច​។​ លុះ​ទៅ​ដល់​បន្ទាយ​ម្ចាស់​ផែន​ដី​ទិស​ខាង​លិច​ ទាហាន​ទាំង​១០១​ នាក់​នោះ​ក៏​ចូល​ទៅ​រក​សេនា​បតី​ឲ្យ​នាំ​ចូល​ទៅ​ថ្វាយ​ខ្លួន​ នៅ​ជា​ខ្ញុំ​រាជ​ការ​ ទ្រង់​ព្រះ​ករុណា​ពិសេស​។​

លុះ​ដល់​ខ្នើត​ ខែ​ពិសាខ​ ព.ស. ២០៦៣, គ.ស. ១៥១៩, ម.ស. ១៤៤១, ច.ស. ៨៨១ ឆ្នាំ​ថោះ ​ឯក​ស័ក​ សម្ដេច​ព្រះ​ចន្ទរា​ជា ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​អង្គ​ចុះ​ស្រង់​ ក្នុ​ង​ទឹក​ស្ទឹង​ខែត្រ​បរិ​បូណ៌​នោះ​ព្រមទាំង​សេនា​ទាហាន​ស្និទ​ព្រះ​អង្គ​ជា​ច្រើន​ តើ​សុទ្ធ​តែ​ដៃ​ទទេ​គ្មាន​សស្ត្រា​វុធ​សោះ​។ ទ្រង់​ត្រាស់​ឲ្យ​ក្រុម​ទាំង​នោះ​ ផ្លាស់​សំពត់​ចុះ​ងូត​ទឹក​គ្រប់​គ្នា​។ មន្ត្រី​សេនា​ទាហាន​ស្និទ​ព្រះ​អង្គ​ទាំង​អស់​ ក៏​ផ្លាស់​សំពត់​ងូត​ទឹក​តាម​ព្រះ​រាជ​អធ្យា​ស្រ័យ​។ ឯ​ពញា​មន្ត្រី​តេជះ ​និង​ ទាហាន​ ១០០​នាក់​នោះ​ដែល​ព្រះ​ស្រី​ជេដ្ឋា​ ប្រើ​ទៅ​នោះ​ ងូត​ទឹក​ទាំង​សំពត់​ស្លៀក​ ពុំ​ហ៊ាន​ផ្លាស់​ ព្រោះ​ក្រែង​គេ​ឃើញ​កាំ​បិត​ ដែល​ខ្លួន​ចង​ជាប់​នៅ​ភ្លៅ​នោះ​។​ សម្ដេច​ព្រះ​បរម​បពិត្រ​ទ្រង់​យល់​ដូច្នេះ​ហើយ​ ​ទ្រង់​សង្ស័យ​ក្នុង​ព្រះ​រាជ​ហឫ​ទ័​យ​ណាស់​ ទ្រង់​ត្រាស់​តឿន​ឲ្យ​ផ្លាស់​សំពត់​ឲ្យ​អស់​គ្រប់​គ្នា​។ ពួក​អាក្បត់​ទាំង​១០១​នាក់​នោះ​យល់​ថា​ មុខ​ជា​ពុំ​រួច​ខ្លួន​ទេ​ ក៏​ថ្លស់​ទឹក​មុខ​គ្រប់​ៗ​គ្នា​។ ទ្រង់​យល់​ ពិរុទ្ធ​ដូច្នោះ​ហើយ​ ហេតុ​តែ​បុណ្យ​បារមី​ ទ្រង់​ រឹត​តែ​សង្ស័យ​ក្នុង​ព្រះ​រាជ​ហឫ​ទ័យ​ណាស់​ ទ្រង់​ក៏​ស្ទុះ​ឡើង​ពី​ក្នុង​ស្ទឹង​ ទៅ​ប្រថាប់​ក្រោម​ម្លប់​ឈើ​មួយ​។ ទ្រង់​ចាប់​បាន​ព្រះ​សែង​ដាវ​ទាំង​ស្រោម​។ ឯ​ពួក​អាក្បត់​ទាំង​នោះ​គិត​ថា​ : ការណ៍​ម្ដង​នេះ បើ​មិន​ធ្វើ​ឲ្យ​​ហើយ​ទេ​ មុខ​ជា​មិន​រួច​ខ្លួន​ឡើយ​ ទើប​ពួក​វា​ទាំង​នោះ​ក្លែ​ង​ថា : ​វា​ចូល​ទៅ​ក្រាប​ទូល​ដ្បិត​ថា​មាន​ការណ៍​ជា​សម្ងាត់​ នឹង​ត្រូវ​ក្រាប​បង្គំ​ទូល​។ ព្រះ​អង្គ​ទ្រង់​ជ្រាប​ឧបាយ​ហើយ​ ទ្រង់​ព្រះ​រាជ​អាវុធ​ជាប់​នៅ​ព្រះ​ហត្ថា​ហើយ​ព្រះ​អង្គ​ក៏​ក្លា​នៅ​គុន​អាវុធ​ផង​។ លុះ​ពួក​អាក្បត់​ហូត​កាំបិត​ ចូល​មក​នឹង​ប្រហា​រ​ព្រះ​អង្គ​ ព្រះ​អង្គ​ទ្រង់​ត​នឹង​អាវុធ​ដាវ​នោះ។​ ទ្រង់​កាប់​ត្រូវ​អា​មន្ត្រី​តេជះ​ជា​មេ​ជា​មុន​គេ ហើយ​ទ្រង់​ស្ទុះ​ទៅ​ត​នឹង​អាក្បត់​ទាំង​ ១០០​ នាក់​ទៀត​។ ឯ​អស់​ ខ្ញុំ​រាជ​ការ​ដែល​តាម​ហែ​ ក៏​ផ្អើល​ឆោ​ឡោឡើង​, ខ្លះ​ចូល​ចាប់​ដោយ​ដៃ​ទទេ​ តែ​ពួក​អាក្ប​ត់​ចាក់​ត្រូវ​ស្លាប់​ និង​ ពិការ​ជា​ច្រើន​។ ខ្ញុំ​រាជ​ការ​ខ្លះ​ទៀត​ ស្ទុះ​ទៅ​ដក​បាន​បង្គោល​របង​ ចូល​ត​នឹង​ពួក​អាក្បត់​យ៉ាង​អង់​អាច​។ ពួក​អាក្បត់​ស្លាប់​ ត្រូវ​ចាប់​បាន​ ៣៥​នាក់​ អាក្បត់​ក្រៅ​ពី​នោះ​រត់​រួច​ទាំង​អស់​ទៅ។​ ឯ​ពួក​អាក្បត់​ដែល​ និង​ត្រូវ​ចាប់​បាន​នោះ ​ទ្រង់​ត្រាស់​ឲ្យ​កាត់​ក្បាល​ដោត​ជា​បំរាម​ ហើយ​ស្ដេច​ព្រះ​រាជ​ដំណើរ​ ត្រឡប់​ចូល​ទៅ​បន្ទាយ​វិញ​ដោយ​សុវត្ថិ​ភាព​។​

(1) អ្នក​ងារ​បាន​ដល់​មនុស្ស​ ២​ ពួក​ គឺ​អ្នក​ធ្វើ​ការ​តាម​កម្រិត​ច្បាប់​ ១​ អ្នក​មាន​ទោស​កំហុស​ នឹង បទ​បញ្ញត្តិ​ច្បាប់​ ១​ អ្នក​ងារ​នេះ​មាន​ច្រើន​ពួក​។​ ចំពោះ​អ្នក​ងារ​ពល​ព្រះ ​គឺ​អ្នក​នោះ​ឯង​ ធ្វើ​ការ​ជា​ប្រយោ​ជន៍​វត្ត​អារាម​ក្នុង​ពុទ្ធ​សាសនា​។​