ឧបសម្ព័ន្ធទី៣
ការបោះឆ្នោត

ថ្ងៃសៅរ៍ ទី27.វិច្ឆកា 2021.ម៉ោង 8:45

១ - សភា​ធម្ម​នុញ្ញ ​ដែល​​មាន​ចែង​ក្នុង​មាត្រា​១២ នៃ​កិច្ច​ព្រម​ព្រៀង​នេះ​មាន​សមា​ជិក ១២០​នាក់​។ ក្នុង​រយ​ពេល​បី​ខែ​ គិត​ចាប់​ពី​ថ្ងៃ​បោះ​ឆ្នោត​សភា​ធម្មនុញ្ញ​ ត្រូវ​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​ ក្នុង​ការ​តាក់​តែង​ និង អនុ​ម័ត​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​​របស់​​កម្ពុជា ​ហើយ​ផ្លាស់​ប្តូរ​ខ្លួន​ទៅ​ជា​សភា​នីតិ​បញ្ញត្តិ​ ដែល​ នឹង បង្កើត​រដ្ឋា​ភិបាល​កម្ពុជា​ថ្មី​។​

២ - ការ​បោះឆ្នោត​ដែល​មាន​ចែង​ក្នុង​មាត្រា​១២ នៃ កិច្ច​ព្រម​ព្រៀង​នេះ​ នឹង ត្រូវ​រៀប​ចំ​ឡើង​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា​ តាម​ខេត្ត​ តាម​ប្រព័ន្ធ​តំណាង​​សមា​មាត្រ​ ដោយ​ផ្អែក​លើ​​បញ្ជី​​ឈ្មោះ​​បេក្ខ​ ជន​​ដែល​គណ​បក្ស​នយោ​បាយ​ដាក់​ចេញ​។

៣ - ប្រជា​ជន​កម្ពុ​ជា​ទាំង​អស់ ​រួម​ទាំង​អ្នក​ដែល​នៅ​ពេល​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ គឺ​ជា​ជន​ភៀស​ខ្លួន​ និង ជនផ្លាស់​ប្ដូរ​ទី​នៅ​​​កម្ពុជា​ នឹង មាន​សិទ្ធិ​សេរី​ភាព​ និង ឱកាស​ដូច​គ្នាក្នុង​ការ​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​។​

៤ - មនុស្ស​គ្រប់​រូប​ ដែល​បាន​ឈាន​ដល់​អាយុ​ដប់​ប្រាំបី​ឆ្នាំ​ នៅ​ពេល​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ រឺ ​អ្នក​ដែល​មាន​អាយុ​ដប់​ប្រាំបី​ឆ្នាំ​ ក្នុង​កំឡុង​ពេល​ចុះ​ឈ្មោះ​ហើយ​ អ្នក​​ដែល​កើត​នៅ​កម្ពុជា​ រឺ ជា​កូន​របស់​បុគ្គល​ដែល​កើត​នៅ​កម្ពុជា​ នឹង មាន​សិទ្ធិ​​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។​

៥ - គណ​បក្ស​នយោ​បាយ​អាច​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ណា​មួយ​ ដែល​មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​ ៥​ពាន់​នាក់​។ វេទិកា​គណ​បក្ស​ត្រូវ​មាន​លក្ខណ​ស្រប​តាម​គោល​កា​រណ៍​ និង គោល​បំណង​ នៃ កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ដំណោះ​ស្រាយ​នយោ​បាយ​ ដ៏​ទូលំ​ទូលាយ​។

៦ - ដើម្បី​​ឈរ​ឈ្មោះ​អោយ​គេ​បោះ​ឆ្នោត​​ ជា​សមា​ជិក​សភា​ធម្ម​នុញ្ញ​ បេក្ខ​ជន​ត្រូវ​បង្ហាញ​សមា​ជិក​ភាព​ នៃ​ គណ​បក្ស​របស់​ខ្លួន​​។ គណ​បក្ស​នយោ​បាយ ត្រូវ​​បង្ហាញ​បញ្ជី​ឈ្មោះ​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ក្នុង​នាម​គណបក្ស​នោះ​ ហើយ​ដែល​ត្រូវ​មាន​សិទ្ធបោះ​ឆ្នោត​​ ដែល​បាន​​ចុះ​​ឈ្មោះ​​បោះ​​ឆ្នោត​ហើយ​​។

៧៖ គណបក្សនយោបាយ និង បេក្ខជន ត្រូវ​ចុះ​ឈ្មោះ​ក្នុង​​បញ្ជី​​ ដើម្បី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​។ អ៊ុនតាក់ ត្រូវ​បញ្ជាក់​ថា គណ​បក្ស​នយោ​បាយ និង បេក្ខ​ជន​ត្រូវ​​បំពេញ​​លក្ខណៈ​វិនិច្ឆ័យ​ ដែល​បាន​កំណត់​ ដើម្បី​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​។ ការ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីល​ធម៌​ ដែល​បង្កើត​ឡើង​ដោយ​អ៊ុន​តាក់​ ក្នុង​​ការ​ពិគ្រោះ​យោបល់​ជា​មួយ​ SNC នឹង​ក្លាយ​ជា​លក្ខ​ខណ្ឌ​មួយ​ សម្រាប់​ការ​ចូល​រួមបោះ​ឆ្នោត​​នេះ​។​

៨ - ការ​បោះឆ្នោត​ នឹង ត្រូវ​ធ្វើ​ឡើង​ដោយ​សន្លឹក​ឆ្នោត​​សម្ងាត់​ ដោយ​មាន​ផ្តល់​ជូន​ដើម្បី​ជួយ​ដល់​ជន​ពិការ​ រឺ​ អ្នក​ដែល​មិន​អាច​អាន​ រឺ សរ​សេរ​បាន​។​

៩ - សេរី​ភាព​ នៃ ការ​និយាយ​ ការ​ជួប​ជុំ​ និង ចលនា​ ត្រូវ​បាន​គោរព​យ៉ាង​ពេញ​លេញ​។ គណ​បក្ស​នយោ​បាយ​ ដែល​បាន​ចុះ​បញ្ជី​ទាំង​អស់​ នឹង ទទួល​បាន​ នូវ ​កា​រទទួល​បាន​ព័ត៌​មាន​ ដោយ​យុត្តិ​ធម៌​ រួម​ទាំង​សារ​ព័ត៌​មាន​ទូរ​ទស្សន៍​ និង វិទ្យុ​។​

ឧបសម្ព័ន្ធទី៤
ការធ្វើមាតុភូមិនិវត្ដន៍ នៃ ជនភៀសខ្លួន និង ជនផ្លាស់ប្ដូរទីលំនៅកម្ពុជា
ផ្នែកទី ១
សេចក្តីផ្តើម

១ - ជាផ្នែកមួយនៃដំណោះស្រាយនយោបាយរួមនោះ ចាំបាច់ត្រូវផ្ដល់ជំនួយឧបត្ថម​គ្រប់បែបយ៉ាង ដល់ជនភៀសខ្លួន និង ផ្លាស់ប្ដូរទីលំនៅ កម្ពុជា ក៏ ដូចជាបណ្ដាប្រទេសដែល ផ្ដល់ការជ្រកកោនបណ្តោះអាសន្ន និង ប្រទេសប្រភពដើម នៃ ជនភៀសខ្លួន ដើម្បីជួយសម្រួលដល់ការវិលត្រឡប់ដោយស្ម័គ្រចិត្ត របស់ជនភៀសខ្លួន និង ជនផ្លាស់ប្ដូរទីនៅកម្ពុជាទាំងអស់ ដោយសន្តិវិធី និង របៀបរៀបរយ។ គេក៏ត្រូវធានារ៉ាប់រង​ ផងដែរថា នឹង មិនមានបញ្ហាដែលនៅសេសសល់ សំរាប់ប្រទេស ដែលផ្ដល់ជំរកដល់ជនភៀសខ្លួនបណ្តោះអាសន្ននោះឡើយ។ ប្រទេសដើមកំណើត នៃ ជនភៀសខ្លួន ត្រូវមានទំនួលខុសត្រូវ ចំពោះប្រជាជនរបស់ខ្លួន នឹង ទទួលយកការវិលត្រឡប់របស់ពួកគេវិញ នៅពេលដែលលក្ខខណ្ឌអំណោយផលរួចរាល់ហើយនោះ

ផ្នែកទី២
លក្ខន្តិក នៃ ការសំរបសំរួល អោយវិលត្រលប់
នៃ ជនភៀសខ្លួន និង ជនផ្លាស់ប្ដូរទីលំនៅកម្ពុជា

២ - ភារ​កិច្ច​កសាង​ប្រទេស​ជាតិ​កម្ពុជា​ឡើង​វិញ​ តំរូវ​ទាម​ទារ​អោយ​មាន​ការ​ប្រើ​ប្រាស់​ធន​ធាន​មនុស្ស​ និង ធន​ធាន​ធម្ម​ជាតិ​ទាំង​អស់​ ដើម្បី​​​ឈាន​ដល់​គោល​ដៅ​នេះ​ ការ​វិល​ត្រលប់​របស់​ពួកគេ​ ត្រូវ​ធ្វើ​​ឡើង​ទៅ​កាន់​ទី​​កន្លែង​​ដែល​​ពួ​ក​គេ​ជ្រើស​រើស​​ដោយ​​ខ្លួន​​អែង​ ពេល​​វិល​ពី​ទី​ជំរក​បណ្តោះ​អាសន្ន​រ និង កន្លែង​ផ្សេង​ទៀត​នៅ​ក្រៅ​ប្រទេស​ដើម​កំណើត​របស់​ពួក​គេ​ គឺ ជា​ការ​រួម​ចំណែក​យ៉ាង​ធំ​ធេង​។​

៣ - រាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ធានា​ថា​ លក្ខ​ខ​ណ្ឌ​ ដែល​នាំ​អោយ​​មាន​ជន​ភៀស​ខ្លួន និង ជន​ផ្លាស់​ប្ដូរ​​ទី​លំ​នៅ​កម្ពុជា​ មួយ​ចំនួន​ធំ​ ដែល​កំពុង​ស្វែង​រក​ការ​ជ្រក​កោន ​នៅ​ប្រទេស​ផ្សេង​ទៀត​ មិន​គួរ​កើត​មាន​​ឡើង​វិញ​ឡើយ​។​ យ៉ាង​ណា​ក៏​ដោយ​ ជន​ភៀស​ខ្លួន និង ជន​ផ្លាស់​ប្ដូរ​​ទីលំ​នៅ​កម្ពុជា មួយ​ចំនួន​ ​ប្រាថ្នា ​នឹង វិល​ត្រលប់​មក​ស្រុក​កំណើត​វិញ​ដោយ​អែក​អែង​។​

៤ - ត្រូវ​តែ​មាន​ការ​គោរព​ទាំងស្រុង​ ​ចំពោះ​សិទ្ធិ​មនុស្ស​ និង សេរី​ភាព​ជា​មូល​ដ្ឋាន​ របស់​ប្រជា​ជន​កម្ពុជា​ទាំង​អស់​ រួម​ទាំង​ជន​ភៀស​ខ្លួន និង ជន​ផ្លាស់​ប្ដូរ​​ទី​លំនៅ ដែល​ត្រូវ​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍មក​កាន់​ប្រទេស​ដើម​វិញ​ ដោយ​ទទួល​ស្គាល់​ពី​សិទ្ធិ​របស់​ពួក​គេ​ ក្នុង​ការ​រស់​នៅ​ប្រកប​ដោយ​សន្តិ​ភាព និង សន្តិ​សុខ​ គ្មាន​ការ​គំរាម​កំហែង​ និង ការ​បង្ខិត​បង្ខំ​ពី​គ្រប់​ប្រ​ភេទ​។ សិទ្ធិ​ទាំង​នេះ​រួម​មាន​សិទ្ធិ ជ្រើស​រើស​សេរី​ភាព​ ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​កម្ពុជា​ ជំរើស នៃ ការ​ស្នាក់​នៅ​ និង ការ​ងារ​ និង សិទ្ធិ​ក្នុង​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​។

៥ - យោង​តាម​ដំណោះ​ស្រាយ​នយោ​បាយ​គ្រប់​ជ្រុង​ជ្រោយ​ រាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​ពេល​ដំណាល​គ្នា នៅ​ក្នុង​ស្ថាន​ភាព​នយោ​បាយ សេដ្ឋ​កិច្ច និង​ សង្គម​នៅ​កម្ពុជា​ ដែល​នាំ​អោយ​​មាន​ការ​វិល​ត្រលប់​ និង ការ​ធ្វើ​សមា​ហរណ​កម្ម ប្រកប​ដោយ​សុខ​ដុម​រម​នា របស់​ជន​ភៀស​ខ្លួន និង ជន​ផ្លាស់​ប្ដូរ​​​ទី​លំនៅ​កម្ពុជា​។

៦ - ដើម្បី​ធានា​ថា​ ជន​ភៀស​ខ្លួន​ និង ជន​ផ្លាស់​ប្ដូរ​​ទី​លំនៅ បាន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ គួរ​ចាប់​ផ្តើម​ និង បញ្ចប់​អោយ​បាន​ឆាប់​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​គិត​គូរ​ពី​កត្តា​នយោ​បាយ មនុស្ស​ធម៌ ភស្តុ​ភារ បច្ចេក​ទេស និង សេដ្ឋ​កិច្ច​សង្គម ដែល​ពាក់​ព័ន្ធ​ នឹង កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​ SNC។

៧ - ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​ជន​ភៀស​ខ្លួន និង ជន​ផ្លាស់​ប្ដូរ​​ទី​លំ​នៅ នៅ​កម្ពុជា​ ត្រូវ​តែ​ធ្វើ​​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ គួរ​តែ​ត្រូវ​បាន​ធ្វើឡើង​ដោយ​​ការ​ពេញ​ចិត្ដ​​ពិត​ជាក់​ស្ដែង​។ ជំរើស​ នៃ ទិស​ដៅ​ ទី​កន្លែង ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គប្បី​ជា​សិទ្ធ​ជ្រើស​រើស​របស់​បុគ្គល​ម្នាក់​ៗ​ដោយផ្ទាត់របស់​គេ​។ គេ​ត្រូវ​គោរព​តាម​ការ​ អែក​ភាព​រ​ក្នុង​គ្រួសារ​នីមួយ​ៗ​ជា​ចាំបាច់។​

ផ្នែកទី៣
កត្ដាប្រតិបត្តិការ

៨ - ត្រូវ​គោរព​តាម​គោល​ការណ៍​អធិប​តេយ្យ​ភាព​ជាតិ​ ចំពោះ​​បណ្តា​ប្រទេស​ដែល​ផ្ដល់​ជំរក​បណ្តោះ​អាសន្ន​ និង​ ប្រទេស​ដើម​ ហើយ​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ ជា​មួយ​បណ្តា​ប្រ​ទេស​ ដែល​បាន​ផ្ដល់​ជំរក​បណ្ដោះ​អាសន្នទាំង​នោះ​​ និង​ ប្រ​ភព​ដើម​ផង​ដែរ គេត្រូវ​ធានា អោយ​ការិ​យាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ UNHCR និង ទី​ភ្នាក់​ងារ​អន្តរ​ជាតិ​ពាក់​ព័ន្ធ​ដទៃ​ទៀត​ គួរ​តែ​ត្រូវ​បាន​ធានា​ដល់​ជន​ភៀស​ខ្លួន និង​ ជន​ផ្លាស់​ប្ដូរ​​ទី​លំនៅ​កម្ពុជា​ទាំង​អស់​ ដើម្បី​អោយ​បណ្ដា​ភ្នាក់​ងារ​ទាំង​នោះ​ធ្វើ​ជំរឿន​ប្រជា​ជន​ ជួយ​តាម​​ស្វែង​រក​ញាតិ​មិត្ដ​គ្រួសារ​ ផ្តល់​ជំនួយ​ផ្នែក​វេជ្ជ​សាស្ត្រ​​ថ្នាំ​ពេទ្យ​ អា​ហារ​ ការ​ចែក​ចាយ​ និង សកម្ម​ភាព​ផ្សេង​ទៀត​ដែល​មាន​សារៈ​សំខាន់​ ចំពោះ​ការ​ចាក​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ និង​ ប្រតិ​បត្តិ​ការ​របស់​ពួក​គេ​។ គេ​ត្រូវ​អនុញ្ញាត​អោយ​មាន​ការ​ជួប​ប្រា​ស្រ័យ​ទាក់​ទង​បែប​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ដើម្បី​អាច​អោយ​អង្គ​ការ​អន្តរ​ជាតិ​ ពាក់​ព័ន្ធ​ អនុ​វត្ត​ការ​ត្រួត​ពិនិត្យ​តាម​ បែប​បទ​ប្រពៃ​ណី ទំនៀម​ទំលាប់​ ក៏​ដូច​ជា​ទំនួល​ខុស​ត្រូវ​ប្រតិ​បត្តិ​ការ​។

៩ - នៅ​ក្នុង​បរិ​បទ​នៃ​ដំណោះ​ស្រាយ​នយោ​បាយ​រួម​ បណ្ដា​ហត្ថ​លេ​ខី​ កត់​សំគាល់​​ដោយ​ក្តី​ពេញ​ចិត្ត​ថា​ អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ប្រ​គល់​អោយ​ឧត្ដម​ស្នង​ការ​​ដ្ឋាន​ អង្គ​ការ​​សហ​ប្រជា​​ជាតិ​ UNHCR នូវ​តួ​នាទី​ដឹក​នាំ​ និង​ សំរប​សំរួល​ ក្នុង​ចំណោម​ទី​ភ្នាក់​ងារ​អន្តរ​រដ្ឋា​ភិបាល​ ដែល​ជួយ​ដល់​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ និង​ ការ​ជួយ​សង្គ្រោះ​ជន​ភៀស​ខ្លួន​ និង​ ជន​ផ្លាស់​ប្ដូរ​​ទី​លំនៅ​កម្ពុជា​។ បណ្ដា​ហត្ថ​លេខី​រំពឹង​ថា​ អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ទាំង​អស់​ នឹង​ សំរប​សំរួល​ការ​ងារ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ សំរាប់​ជន​ភៀស​ខ្លួន​ និង ជន​ផ្លាស់​ប្ដូរ​​ទី​លំនៅ​ កម្ពុជា​ជា​មួយ​អង្គ​ការ​ UNHCR ។

១០ - ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​ SNC រដ្ឋា​ភិ​បាល ​នៃ ប្រ​ទេស​ដែល​ជន​ភៀស​ខ្លួន និង​ ជន​ផ្លាស់​ប្ដូរ​​​ទី​លំនៅ​កម្ពុជា​ បាន​ជ្រក​កោនបណ្តោះ​អាសន្ន​ ព្រម​ទាំង​បណ្ដា​ប្រ​ទេស​ ដែល​រួម​ចំណែក​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ធ្វើ​មាតុ​ភូមិ​និវត្តន៍​ និង សមា​ហ​រណ​កម្ម មាន​បំណង​តាម​ដាន​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ និង​ ជួយ​សម្រួល​ដល់​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​ពួក​គេ​។ ស្ថា​ប័ន​ពិគ្រោះ​យោ​បល់​ពិសេស​មួយ​ គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ សំរាប់​រយ​ពេល​កំណត់​ សំរាប់​​គោល​បំណង​ទាំង​នេះ​។ UNHCR, ICRC និង ទី​ភ្នាក់​ងារ​អន្តរ​ជាតិ​ដទៃ​ទៀត​ តាម​ការ​សម​ស្រប​ ក៏​ដូច​ជា អ៊ុនតាក់ នឹង​ត្រូវ​បាន​អញ្ជើញ​អោយ​ចូល​រួម​ជា​សមា​ជិក​ពេញ​សិទ្ធ​។

១១ - ជំនួយ ក្នុង​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​រយៈ​ពេល​ខ្លី ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ ត្រូវ​បាន​ផ្តល់​ជូន​ដោយ​អិត​​លំអៀង​ ដើម្បី​អាច​អោយ​​គ្រួសារ​​ និង អ្នក​ដែល​វិល​ត្រលប់​មក​កម្ពុជា​​វិញ​ អាច​កសាង​ជីវិត​ និង ការ​រស់​នៅ​ប្រកប​ដោយ​សុខ​ដុម​រមនា​ នៅ​ក្នុង​​សង្គម​របស់​ពួក​គេ​។ វិធាន​ការ​បណ្តោះ​អាសន្ន​ទាំង​នេះ​ នឹង ត្រូវ​កាត់បន្ថយ​បណ្ដើរ​ៗ ហើយ​ជំនួស​វិញ​ក្នុង​រយ​ពេល​វែង​ដោយ​កម្ម​វិធី​កសាង​​ឡើង​វិញ​។

១២ - អ្នកទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀប​ចំ​ចាត់​ចែង និង ត្រួត​ពិនិត្យ​ប្រតិ​បត្តិ​ការ នៃ ​មាតុភូមិ​និវត្តន៍​ ត្រូវ​ធានា​ថា មាន​​​លក្ខណ​​ប្រ​កប​ដោយ​​សន្តិ​សុខ សំរាប់​ការ​​ធ្វើ​​ដំណើរ​បស់​​ជន​ភៀស​ខ្លួន​ និង ជន​ផ្លាស់​ប្ដូរ​ទី​នៅ។​ ក្នុង​ន័យ​នេះ​​វា​ជា​ការ​ចាំ​បាច់​ណាស់​​ ក្នុង​ការ​កំណត់​ ចំណុច​ផ្លូវ​ឆ្លង​កាត់​ព្រំ​ដែន បោស​សំ​អាតមីន​ និង​ រក្សា​អោយ​បាន​ នូវ​ បណ្ដា​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ទៀត​​ ដែល​អាច​ជួប​ប្រទះ​នៅ​តាម​ផ្លូវ ពេល​ធ្វើ​​ដំណើរ​ឆ្លង​កាត់​​។

១៣ - សហគមន៍​​អន្តរ​​ជាតិ​​គួរ​​រួ​ម​​ចំណែក​​ដោយ​​សប្បុ​រស​ ចំពោះ​តំរូវ​ការ​ហិរញ្ញ​វត្ថុ​ នៃ ប្រតិ​បត្តិ​ការ​មាតុ​ភូមិ​និវត្តន៍​។

ឧបសម្ព័ន្ធទី៥
គោលការណ៍ សំរាប់បង្កើតរដ្ឋធមនុញ្ញថ្មីមួយ នៅកម្ពុជា

១ - រដ្ឋធម្មនុញ្ញនឹងក្លាយជាច្បាប់កំពូលរបស់ប្រទេស។ គេអាចធ្វើវិសោធនកម្មបាន លុះ​ត្រា​តែ​មាន​របៀប​របបចាត់​តាំង​មួយ​ ទាក់​ទង​ដល់​ការ​យល់​ព្រម​ ពី​អង្គ​ការ​និតិ​បញ្ញត្ដិ​ ​ នឹង ការ​ធ្វើ​ប្រជា​មតិ​ ដោយកវិធីទាំងពីរ។

២ - ប្រវត្តិ​សាស្ត្រ​ថ្មី​ៗ​ ដ៏​ខ្លោច​ផ្សា​របស់​កម្ពុជា​ ទាម​ទារ​ឱ្យ​មាន​វិធាន​ការ​ពិសេស​ ដើម្បី​ធានា​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ ដូច្នេះ​រដ្ឋ​ធម្ម​នុញ្ញ​ នឹង មាន​សេច​​ក្តី​ប្រកាស​ អំពី​សិទ្ធិ​ជា​មូល​ដ្ឋាន​រួម ​មាន​សិទ្ធិ​ រស់​រានមាន​ជីវិត សេរី​ភាព ​ផ្ទាល់​ខ្លួន សន្តិ​សុខ​ សេរី​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ សេរី​ភាព​ខាង​សាសនា ការ​ជួប​ជុំ និង ការ​បង្កើត​សមា​គម​ រួម​ទាំង​គណ​បក្ស​នយោ​បាយ​ និង សហ​ជីព​ ដំណើរ​ការ​ត្រឹម​ត្រូវ និង សម​ភាព​ចំពោះ​មុខ​ច្បាប់​ ការ​ការពារ​​ពី​ការ​ដក​ហូត​ទ្រព្យ​សម្បត្តិ​ តាម​អំ​ពើ​ចិត្ត ​រឺ​ ការ​ដក​ហូត​ទ្រព្យ​សម្បត្តិ​ឯក​ជន​ ដោយ​មិន​មិនមាន​សំណងជម្ងឺ​ចិត្ដ​​ និង សេរីភាពអំ​ពី ​ការ​រើស​អើង​ជាតិ​សាសន៍ ពូជ​សាសន៍ សាសនា រឺ​ ភេទ​ឡើយ។​ រដ្ឋធម្មនុញ្ញ ​នឹង ​ហាម​ឃាត់​ ការ​អនុវត្តន៍​ច្បាប់​ព្រហ្ម​ទ​ណ្ឌ​ ដែលកើតឡើងពីអតីតកាលឡើង​វិញ​។ សេច​ក្តី​ប្រកាស​នេះ នឹង ស្រប​ជា​មួយ នឹង បទ​ប្បញ្ញត្តិ​ នៃ ​សេច​ក្តី​ប្រកាស​ជា​សកល​ ស្តី​ពី​សិទ្ធិ​មនុស្ស​ និង កិច្ចព្រម​ព្រៀង​​​អន្តរ​ជាតិ ពាក់​ព័ន្ធ​ដទៃ​ទៀត​។ បុគ្គល​ដែល​មានការ​រំលោះបំពាន​ នឹង មាន​សិទ្ធិប្ដឹង​ទៅ​តុលា​ការ អោយ​​កាត់​ក្តី​ និង​ អនុ​វត្តគោរព​​​សិទ្ធិ​ទាំង​នោះ។​

៣ - រដ្ឋធម្មនុញ្ញ នឹង ប្រកាស​ពី​ឋានៈ​ប្រទេស​កម្ពុជា ជា​រដ្ឋ​អធិ​បតេយ្យ​ ឯក​រាជ្យ អព្យា​ក្រឹត្យ​ និង អែក​ភាព​ជាតិ​របស់​ប្រជា​ជន​កម្ពុជា​។

៤ - រដ្ឋធម្មនុញ្ញចែងថា កម្ពុជា នឹង ដើរតាមប្រព័ន្ធប្រជាធិបតេយ្យសេរី និង ឈរលើពហុនិយម រដ្ឋធម្មនុញ្ញ នឹង កំណត់អោយ​មាន​ការ​បោះ​ឆ្នោត​តាម​កាល​កំណត់​ និង ពិត​ប្រាកដ​ ហើយ​ រដ្ឋ​ធម្ម​នុញ្ញ នឹង ផ្តល់​នូវ​សិទ្ធិ​បោះ​ឆ្នោត​ ​និង ការឈរឈ្មោះ​អោយ​គេ​បោះ​ឆ្នោត​​​ជា​​សកល​​ និង ស្មើ​ភាព​គ្នា​។​ រដ្ឋធម្មនុញ្ញអនុញ្ញាត​អោយការ​បោះ​ឆ្នោត​​ដោយ​សន្លឹក​ឆ្នោត​សម្ងាត់​ ដោយមតម្រូវអោយ​មាន​នីតិ​វិធី​បែប​​បទ​​ យុត្តិ​ធម៌ ក្នុង​ការ​រៀប​ចំ​ ​ចូល​រួម​​ការ​បោះ​ឆ្នោត​។​

៥ - ប្រព័ន្ធ​តុលា​ការ​ឯក​រាជ្យ​មួយ​ត្រូវ​​បង្កើត​ឡើង ​ដើម្បី​ផ្តល់​អំណាច​​អនុ​វត្ត​សិទ្ធិ ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

៦ - រដ្ឋធម្មនុញ្ញ នឹង ត្រូវ​អនុម័ត​ដោ​យសំលេងភាគច្រើន ពីរ​ភាគបី​ នៃ សមា​ជិក​សភា​ធម្មនុញ្ញ​។