ថ្ងៃសៅរ៍ ទី29.ឧសភា 2021.ម៉ោង 09:05
ព្រិត្ដិការណ៍ ឆ្នាំ១៩៦០ -១៩៦៥

ព្រឹត្ដការណ៍ឆ្នាំ១៩៦០
ខែមិនា ថ្ងៃ​ទី៩ រដ្ឋា​ភិបាល​យួន​ខាង​ត្បូង​ទាម​ទារ​កោះ​នៅ​តាម​ឆ្នេរ​សមុទ្រ​ខ្មែរ ដូច​ជា​កោះ​ថ្មី កោះ​សេះ កោះ​អន្ដាយ កោះ​តា​គៀវ និង កោះ​ពោធិ​។

ខែ​មេសា ថ្ងៃ​ទី​២ ពិធី​សម្ពោធន៍​កំពុង​ផែ​ព្រះ​ស៊ី​ហនុ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ថវិការ​របស់​បារាំង​។ ថ្ងៃ​ទី​៣ ការ​ចូល​ទិវង្គត​របស់​ស្ដេច​សុរាម្រឹត​។ ថ្ងៃ​ទី​៩ ក្រុម​ប្រឹក្សា​រាជា​នុសិទ្ធ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ​សភា​ជាតិ​។ សំដេច​សីហនុ បដិ​សេធ​ការ​ឡើង​សោយ​រាជ​។​ ថ្ងៃ​ទី​១៩ រដ្ឋា​ភិបាល​សង្គម​ទី​១៥ គឺ​រដ្ឋា​ភិបាល ផូ ព្រឿង​។​

ខែ​ឧសភា ថ្ងៃ​ទី​៧ ពិធី​សម្ពោធន៍​រោង​ចក្រ​វាយន​ភ័ណ្ឌ កំពង់​ចាម ដែល​បាន​សាង​សង់​ឡើង​ដោយ​ជំនួយ​ថវិការ​របស់​ប្រទេស​ចិន​។
ខែ​មិថុនា ថ្ងៃ​ទី​៥ សំដេច​សីហនុ​ ត្រូវ​បាន​ជ្រើស​ជា​ប្រមុខ​រដ្ឋ​ដោយ​ការ​ធ្វើ​ប្រជា​មតិ។ ថ្ងៃ​ទី​១៤ សំដេច​សីហនុត្រូវ​បាន​តែង​តាំង​ជា​ប្រមុខ​រដ្ឋ​ ដោយ​សភា​ជាតិ​។​ ថ្ងៃ​ទី​២០​ សំដេច​សីហនុ​ ធ្វើ​ពិធី​សម្បថ​ចូល​កាន់​មុខ​តំណែង​ និង បាន​ប្រកាស​ចំពោះ​សភា​ជាតិ​ថា មហា​ក្សត្រី​យានី​កុសម​ គង់​ជា​អ្នក​តំណាង​អោយ​រាជ​វង្ស​ខ្មែរ​។

ព្រឹត្ដការណ៍ឆ្នាំ១៩៦១
ខែមករា ថ្ងៃ​ទី ២៨ រដ្ឋា​​ភិបាល​សង្គមទី ១៦ គឺ​រដ្ឋា​ភិបាល​សំដេច​សីហនុ​។​
ខែ​ឧសភា ថ្ងៃ​ទី៤ នៅ​ភូមិ​អន្លុង​រមៀត សំដេច​សីហនុ បាន​ប្រកាស​បើក​យុទ្ធ​នាការ​ អភិ​វឌ្ឍន៍​ជន​បទ​។ ថ្ងៃ​ទី​១៦ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​សំដេច​សីហនុ សន្និ​សិទ​អន្ដរ​ជាតិ​មួយ​បាន​ប្រជុំ​ឡើង​ ក្រោម​អធិ​បតី​សំដេច​​សីហនុ​ ដើម្បី​ដោះ​ស្រាយ​ជំលោះ​រវាង​ភាគី​ប្រឆាំង​គ្នា​ទាំង​បី​ នៅ​ក្នុង​ប្រទេស​លាវ​។​ ថ្ងៃ​ទី​២៦ ក្រិត​របស់​តុលា​ការ​អន្ដរ​ជាតិ​ បាន​ប្រកាស​អំពី​លទ្ធ​ភាព នៃ​ភាព​ខុស​គ្នា​រវាង​ប្រទេស​កម្ពុ​ជា និង ប្រ​ទេសថៃ​ ទាក់​ទង​ទៅ​ នឹង ប្រា​សាទ​ព្រះ​វិហារ​។​

ខែ​កក្កដា រដ្ឋា​ភិបាល​កម្ពុជា ធ្វើ​ការ​វាយ​តំលៃ​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្និញ​ផ្នែក​សាសនា និង ការ​ប្រកាន់​ពូជ​សាសន៍ ពី​សំនាក់​យួន​លើ​ខ្មែរ​ក្រោម​។ អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​។ ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី​៤ ខែ​កញ្ញា​ សន្និ​សិទ​ របស់​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ នៅ​ទី​ក្រុង​បែល​ហ្រ្គ​រាដ សំដេច​សីហនុ​ ផ្ដន់​ទា​ទោស​ លទ្ធិ​អានា​និគម​និយម​ លទ្ធិ​ចក្រ​ពត្ដិ​និយម​ និង លទ្ធិ​​ប្រកាន់​ពូជ​សាសន៍​និយម​។ សីហនុ ក៏​បាន​ប្រកាស​ ទទួល​ស្គាល់​ផង​​ដែរ​នូវ​រដ្ឋា​ភិបាល​បន្ដោះ​អាសន្ន​អាល់​​ហ្សេរី​។

ខែតុ​លោ ថ្ងៃ​ទី​២៣ ការ​ផ្ដាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​ថៃ​។
ខែ​វិច្ឆិកា ថ្ងៃ​ទី​១៤ សន្និ​សិទ​ពុទ្ធ​សាសនា​ពិភព​លោក​លើក​ទី​៦ នៅ​ទី​ក្រុង​ភ្នំ​ពេញ​ មាន​ប្រទេស​ជាតិ​ចំនួន​ ៣៧​​អ្នក បាន​ចូល​រួម​។ ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា រដ្ឋា​ភិបាល​សង្គម​ទី​១៧​ គឺ​រដ្ឋា​ភិបាល​សំដេច​សីហនុ​។

ព្រឹត្ដការណ៍ឆ្នាំ១៩៦២
ខែ​ឧសភា មាន​ការ​ចាប់​ខ្លួន​ពួក​អ្នក​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​ស្ទើរ​តែ​ទាំង​អស់​ ដូច​ជា ណុន សួន កែវ​មាស (ជាប់​គុក​ដល់​ឆ្នាំ​ ១៩៧០)​។ ជូ ចែត និពន្ធ​នាយក​កាសែត​ប្រជា​ជន​ក៏​ត្រូវ​ចាប់​ខ្លួន​ជា​មួយ​សហ​សេ​វិក​របស់​គេ​ ដែល​ធ្វើ​ការ​នៅ​កាសែត​បច្ច​សីលា​ ពី​បទ​បាន​ចុះ​ផ្សាយ​កំនាព្យ​មួយ​បទ​នៃ​សត្ស​វត្ដ​ទី​១៨ ដែល​និយាយ​សុំ​កុំ​អោយ​ពួក​មន្រ្ដី​រាជ​វាំង​ ប្រមាថ​មើល​ងាយ​ប្រជា​ជន​។​

ខែ​មេសា ថ្ងៃ​ទី​១៧ ការ​ស្រង់​ស្ថិតិ​ប្រជា​ជន​លើក​ទី​១ ប្រជា​ជន​សរុប ៥៧៤០១១៥​នាក់ ប្រុស ២៨៦២០០០​នាក់ ស្រី ២៨៦៥៨២៣នាក់​។
ខែ​មិថុនា ថ្ងៃ​ទី​១០ ការ​បោះ​ឆ្នោត​សភា​ធម្ម​នុញ្ញ​។ ដូច​ឆ្នាំ ១៩៥៨ បេក្ខ​ជន​នៃ​គណ​បក្ស​សង្គម​រាស្រ្ដ​និយម​ត្រូវ​បាន​ជ្រើស​រើស​ដោយ សំដេច​សីហនុ​ទាំង​អស់​មាន​ចំនួន​ ៣១៤​នាក់​។ ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ដ​ទៅ​ដោយ​គ្មាន​គណ​បក្ស​ប្រ​ជែង​ឡើយ​។​ គណ​បក្ស​សង្គម​រាស្រ្ដ​និយម​បាន​ឈ្នះ​កៅ​អី​ទាំង​អស់​ក្នុង​សភា​។ ខៀវ សំផន ក៏​ត្រូវ​បាន​ជាប់​​ឆ្នោត​ ជា​តំណាង​អោយ​ខេត្ដ​កណ្ដាល​។ ថ្ងៃ​ទី​១៥ ក្រិត​របស់​តុលា​ការ​អន្ដរ​ជាតិ​នៃ​ក្រុងឡា​អេ បាន​សំរេច​កាត់​ក្ដី​អោយ​​ប្រទេស​កម្ពុជា ឈ្នះ​បាន​ប្រាសាទ​ព្រះ​វិហា​វិញ​។

ព្រឹត្ដការណ៍ឆ្នាំ១៩៦៣
ពី​ថ្ងៃ ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែ​កុម្ភ សន្និ​បាត​គណ​បក្ស​កម្ម​ករ​ខ្មែរ​។ សាឡុត ស ឈ្នះ ស ភឹម (គ្មាន​ការ​បោះ​ឆ្នោត​) ក្នុងតំណែងជា​អគ្គ​លេខា​បក្ស​។ សមា​ជិក​នៃ​ការិ​យា​ល័យ​នយោ​បាយ​រួម​មាន អៀង សារី នួន ជា ស ភឹម និង វ៉ន វេត។ ចំនែក​ម៉ុក​ ជា​សមា​ជិក​គណ​កម្មា​ធិការ​កណ្ដាល អតីត​យុទ្ធ​ជន និង​ កប្ស​ពួក​ដែល​មាន​ការ​ជិត​ស្និទ​ ជា​មួយ​ យួន​កុំមុយ​និស្ដ​នោះ​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ​ ក្នុង​ការ​ដឹក​នាំ​នេះ​។

ខែ​មីនា ថ្ងៃ​ទី​៨ សំដេច​សីហនុ​ កោះ​ប្រ​ជុំ​ពួក​អិស្សរៈ​ជន​ឆ្វេង​និយម ៣៤​នាក់​ ដោយ​ស្នើ​អោយ​ចែក​រំលែក​អំណាច ស្មើ​គ្នា​តាម​ក្រសួង​ លើក​លែង​តែ​ក្រសួង​​នាយក​រដ្ឋ​មន្រ្ដី​។​ សមា​សភាព​ទាំង​នេះ​មាន គៀត ឈន់ កេង វ៉ាន់សាក់ ខៀវ សំផន ទេព​ ឈីវ​កេង ហ៊ូ នឹម ហ៊ូ យន់ ចៅ សេង សាឡុត ស អៀង សារី សុន សេន ជួន ប្រសិទ្ធ​ អុក​ សាគុណ​។ ពួក​គេ​ទាំង​អស់​បាន​បដិ​សេធ​ចោល​សំនើ​នេះ​ ដោយ​ពួក​គេ​បាន​ដឹង​ថា បញ្ជី​ឈ្មោះ​ ៣៤នាក់​នេះ​គឺ លន់ នល់ ជា​អ្នក​ធ្វើ ដើម្បី​សំលាប់​ពួក​គេ​។ សំដេច​សីហនុ​ បាន​បោះ​ពុម្ព​ផ្សាយ​បញ្ជី​នេះ​។ ពាក់​កណ្ដាល​ខែ​មីនា នៅ​ខេត្ដ​សៀម​រាប​បន្ទាប់​ពី​រក​ឃើញ​សាក​សព​សិស្ស​វិទ្យា​ល័យ​ម្នាក់​ ដែល​ត្រូវ​គេ​វាយ​រហូត​ដល់​ស្លាប់​នោះ​ បាន​ធ្វើ​អោយ​ មាន​ការ​ផ្ទុះ​បាតុ​កម្ម​ជា​ច្រើន​ប្រឆាំង​ នឹង អំពើ​ហឹង្សា​ នឹង អំពើ​ពុក​រលួយ​របស់​ពួក​ប៉ូ​លិស​។ ស្នង​កា​រដ្ឋាន​ប៉ូលិស​មួយ​កន្លែង​ ត្រូវ​បាតុ​ករ​វាយ​ខ្ទេច​។ រដ្ឋា​ភិសង្គម​រាស្រ្ដ​និយម​ និង ស៊ីហនុ ត្រូវ​ទទួល​ការ​តិះ​ទៀន​យ៉ាង​ខ្លាំង​។ រដ្ឋ​មន្រ្ដី​ជា​ច្រើន​បាន​ដាក់​ពាក្យ​សុំ​លា​លែង​ពី​តំណែង​ សំដេច​សីហនុ​ ថ្កោល​ទោស​ពួក​ឆ្វេង​និយម​ចំពោះ​គំនិត​ក្បត់​ខាង​លើ​។​

ឧសភា​ ថ្ងៃ​ទី​១ ដំនើ​ទស្សន​កិច្ច​របស់​ លីវ ចៅ ជី ប្រធានា​ធិប​តី​ចិន​ប្រជា​មានិត​មក​កម្ពុជា​។ សាឡុត ស អៀង សារី ចូល​ព្រៃ​។ ពួក​គេ​បាន​ទៅ​នៅ​ស្រុក​ក្រូច​ឆ្មា ខេត្ដ​កំពង់​ចាម​ ជា​មួយ​ ស ភឹម នៅ​ទី​នោះ​ពួក​គេ​ត្រូវ​ស្ថិត​ក្រោម​​ការ​ការ​ពារ​ពី​ពួក​កុំមុយ​និស្ដ​យួន នៅ​កន្លែង​មួយ​ដែល​មាន​លេខ​សំគាល់​ជា (មន្ទីរ​១០០)។ សុន សេន និង​ នួន​ ជា លាក់​ខ្លួន​នៅ​ភ្នំ​ពេញ​។

ខែ​មិថុនា ថ្ងៃ​ទី​២៣ ពួក​ស្ដាំ​និយម​ នៃ គណ​បក្ស​សង្គម​រាស្រ្ដ​និយម​បាន​ជជែក​តវ៉ា​ អោយ​មាន​ការ​កែ​ទំរង់​តាម​សំនើ​របស់​ពួក​វិវឌ្ឍន​និយម​នៅ​ក្នុង​រដ្ឋា​ភិបាល​។ ញាត្ដិ​សំដែង​ការ​មិន​ទុក​ចិត្ដ​ចំពោះ ហ៊ូ យន់ ដែល​គាត់​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​។

ខែកក្កដា ថ្ងៃ​ទី​១ ខៀវ សំផន ចុះ​ចេញ​ពី​តំណែង​ បន្ទាប់​​ពី​មាន​ញាត្ដិ​សំដែង​ការ​មិន​ទុក​ចិត្ដ​ចំពោះ​រូប​គេ​ កាល​​​ពីរ​​អាទិត្យ​មុន។ ការ​បង្កើត​ការ​កំនែ​ទំរង់​របស់​ពួក​ឆ្វេង​​និយម​ ក៏​ត្រូវ​បាន​បញ្ចប់​។

ខែសីហា ថ្ងៃ​ទី ១៥ គឺ​ជា​ការ​ចាប់​ផ្ដើម​នូវ​ការ​ផ្សាយ​វិទ្យុ​របស់​ខ្មែរ​សេរី​ប្រឆាំង​ សំដេច​សីហនុ​ ដែល​ចេញ​ថវិ​ការ​ដោយ​ពួក​សេ​អ៊ី​អា​ ហើយ​ចាក់​ផ្សាយ​ពី​យួន​ខាង​ត្បូង​ និង​ ពី​ប្រទេស​ថៃ។​ ថ្ងៃ​ទី ២៧ ការ​ផ្ដាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​យួន​ខាង​ត្បូង​។

ខែវិ​ច្ឆិកា ថ្ងៃ​ទី​១ រដ្ឋ​ប្រហារ​ដែល​រៀប​ចំឡើង​ដោយ​ពួក​សេ​អ៊ី​អា​នៅ​យួន​ខាង​ត្បូង​។ ថ្ងៃ​ទី ២​ឃាត​កម្ម​លើ​រូប​ប្រធានា​ធិប​តីយួន​ខាង​ត្បូង ង៉ោ ឌិញយីម និង ប្អូន​ប្រុស​របស់​គាត់​ង៉ោ ឌិញ​ញូ នៅ​ទី​ក្រុង​សៃ​ហ្គង។ ថ្ងៃ​ទី ៥ សំដេច​សីហនុ​ ទាម​ទារ​អោយ​បញ្ចប់​ការ​ផ្សាយ​វិទ្យុ​របស់​ពួក​ខ្មែរ​សេរី​ ពី​យួន​ខាង​ត្បូង និង ប្រទេស​ថៃ​។ ថ្ងៃ​ទី​៩ សំដេច​សីហនុ ប្រកាស​កែ​ទំរង់​សេដ្ឋ​កិច្ច (ការ​ធ្វើ​ជាតិ​តូប​នីយ​កម្ម​ផ្នែក​ធនាគា​ និង ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស) និង​ បដិ​សេធ​ជំនួយ​អាមេ​រិកាំង​។ ថ្ងៃ​ទី​១២ នរោត្ដម នរាដឺ​ប៉ូ ជា​កូន​របស់​ស្ដេច​សីហនុ និង ម្ចាស់​ក្សត្រី​ ស៊ីសុ​វត្ដិ មុនី​កេសា​ ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវ​ការ ជា​អ្នក​ស្នង​សីហនុ​ ដឹក​នាំ​គណ​បក្ស​សង្គម​រាស្រ្ដ​និយម​ ក្នុង​ករណី​ដែល​ សីហនុ​ ចូល​ទី​វង្គត​។ ថ្ងៃ​ទី ១៩​ប្រទេស​កម្ពុ​ជា​ បដិសេធ​ជំនួយ​យោធា​ និង សេដ្ឋ​កិច្ច​អា​មេ​រិក​។ ថ្ងៃ​ទី ២២ ឃាត​កម្ម​លើ​ប្រធានា​ធិបតី កេន ឌី នៃ​សហ​រដ្ឋ​អាមេ​រិក​។ ថ្ងៃ​ទី ​២៥ ការ​កាត់​ទោស​ខ្មែរ​សេរី​ម្នាក់​ឈ្មោះ ព្រាប អិន្ទ ដែល​ត្រូវ​ជា​ក្មួយ​របស់​អភិ​បា​លខេត្ដ​តាកែវ​ ឈ្មោះ អ៊ិន តាំ ហើយលោក អ៊ិន តាំ បាន​អោយ​លិខិត​អនុញ្ញាតិ​ទៅ​ព្រាប អិន្ទ អោយ​ចូល​ស្រុក​ ដែល​មាន​ទាំង​ការ​អែក​ភាព​ពី​នាយក​រដ្ឋ​មន្រ្ដី​ផង​ដែរ​។​

ខែ​ធ្នូ ថ្ងៃ​ទី​៨ មរណ​ភាព​របស់​សេនា​ប្រមុខ សារិន​ថា​នា​រាត​ នាយក​រដ្ឋម​ន្រ្ដី​ថៃ​។ ថ្ងៃ​ទី​៩ សំដេច​សីហនុ សំដែង​ការ​រីក​រាយ​ចំពោះ​ការ​ស្លាប់​សត្រូវ​ទាំង​បី​របស់​កម្ពុជា​ គឺ ង៉ោ ឌិញ​យីម កេន​ឌី និង សារិន​ថានា​រាត​។ សំដេច​សីហនុ​ បាន​អោយ​ប្រជា​ជន​ធ្វើ​បុណ្យ​ជូន​សព​ទាំង​នោះ​។ ថ្ងៃ​ទី ២០ ដោយ​កាន់​តែ​ពិបាក​ទ្រាំ​ចំពោះ​ការ​រិះ​គ​ន់​កាន់​តែ​ខ្លាំង​ឡើង​ៗ ពី​សំនាក់​លោក ឌុក រ៉ាស៊ី​ អំពី​នយោ​បាយ​សេដ្ឋ​កិច្ច​របស់​ស្ដេច​សីហនុ​ អំពី​អំពើ​ពុករ​លួយ និង​ការ​បដិសេធ​ជំនួយ​អាមេ​រិក​កាំង សំដេច​សីហនុ​ បាន​ប្រកាស​ ថា​ រាល់​ការ​ប្រឆាំង​ចំពោះ​ព្រះ​អង្គ​ គឺ​មិន​អាច​អត់​អោន​អោយ​បាន​ឡើយ​។ ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ សមាជ​លើក​ទី​១៦ នៃ​សង្គម​រាស្រ្ដ​និយម គឺ​ការ​អនុ​ម័ត​នូវ​ការ​ទាត់​ចោល​នូវ​រាល់​ជំនួយ​ យោធា និង ​ស៊ីវិល​របស់​អាមេ​រិក​។

ព្រឹត្ដការណ៍ឆ្នាំ១៩៦៤
ខែ​មករា បាតុ​កម្ម​ដោយ​ស្ម័គ្រ​ចិត្ដ​របស់​ពួក​យុវ​ជន​ប្រឆាំង​សហ​រដ្ឋ​អា​មេរិក​។ ការ​ធ្វើ​ជា​តូប​និយ​កម្ម​ផ្នែក​ធនា​គារ ក្រុម​ហ៊ុន​ធនា​រាប់​រង និង រាល់​ផ្នែក​​អាហារ​ណ​និហា​រណ​ទាំង​អស់​។
ថ្ងៃ​ទី ២០ ការ​ប្រហារ​ជីវិត​ ព្រាប អិន្ទ​។ ខ្សែ​ភាព​យន្ដ​នៃ​ការ​ប្រហារ​ជីវិត​នេះ ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​លំអិត​ ក្រោម​បញ្ជា​សំដេច​សីហនុ​ ហើយ​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ដ​ ក្នុង​រយៈ​ពេល​មួយ​ខែ រាល់​ពេល​បញ្ចាំង​រឿង​។ កកន ឈ : ការ​សំលាប់​មនុស្ស វា​ទៅ​ជា​ការ​ច្រៀង​រាំ​លេង​សើច​របស់​ស្ដេច​សីហនុ​ វា​ដូច​ជា​សត្វ​ខ្លែង​ស្រាក​ស្រែក​ច្រៀង​នៅ​ពេល​ដែល​មាន​មនុស្ស​ស្លាប់​ នេះ​ជា​ការ​​រំលោភ​​សិទ្ធ​មនុស្ស​ សិទ្ធិ​​​ធ្វើ​នយោ​បាយ​យ៉ាង​ខ្លាំង​បំ​ផុត​ គឺ​​ជា​​ការ​បំបាក់​ស្មារតី​ បំបិត​មាត់​ប្រ​​ជា​​ជន​ខ្មែរ​​​គ្រប់​ជាន់​ថ្នាក់​មិន​អោយ​ហ៊ាន​ងើប​ឡើង​និយាយ​ស្ដី​បាន​ របស់​​មេដឹក​នាំ​ផ្ដាច់​ការ (ស្ដេច​សីហនុ) ដ៏​អាក្រក់​បំផុត​នៅ​លើ​ពិភព​​លោក​​​។

ខែ​កុម្ភៈ ថ្ងៃ​ទី១៩ សំដេច​សីហនុ​ ស្នើ​អោយ​មាន​សន្និ​សិទ​ចតុ​ភាគី (កម្ពុជា ឡាវ ថៃ យួន) ក្នុង​ន័យ​នៃ​អព្យា​ក្រិត​ភាព​របស់​កម្ពុជា និង​ ការ​គូស​ព្រំដែន​។

ខែ​មិនា​ ថ្ងៃ​ទី​៦ ដេ​ប៉ាតឺ​ម៉ង​សហ​រដ្ឋ​អា​មេ​រិក ស្នើ​អោយ​ពិនិត្យ​ឡើង​វិញ​នូវ​គំនូស​ព្រំដែន​ ខ្មែរ​យួន​ និង​ខ្មែរ​ថៃ។​ អាមេ​រិក​គាំ​ទ្រ​ការ​ទាម​ទារ​ទឹក​ដី​ ពី​​ប្រ​ទេស​ជិត​ខាង​ទាំង​ពីរ​របស់​កម្ពុជា (ជិត​ស្និទ្ធ​ នឹង អាមេ​រិក)​។ ថ្ងៃ​ទី​​១១ បាតុ​កម្ម​ជា​ច្រើន​ដែល​រៀប​ចំ​ឡើង​ ដោយ​ពួក​អាជ្ញា​ធរ​ដើម្បី​ប្រឆាំង​តវ៉ា​ ស្ថាន​ទូត​អាមេរិក​ និង ស្ថាន​ទូត អង់​គេ្លស​ ចំ​ពោះ​ការ​ស្នើរ​អោយ​ពិនិត្យ​ឡើង​វិញ​នូវ​ព្រំ​ដែន​ខ្មែរ​ និង​ការ​លុក​លុយ​ នៃ​ទាហាន​អាមេ​រិក​កាំង​ និង យួន​ខាង​ត្បូង​។ ថ្ងៃ​ទី​១៦ ចំពោះ​អិរិយា​បទ​អា​មេរិក​បែប​នេះ​ នៅ​ក្នុង​សន្និ​សិទ​កាសែត​មួយ​ស្ដី​អំពី​បញ្ហា​ព្រំ​ដែន​ សំដេច​សីហនុ បាន​ទាត់​ចោល នូវ​គំរោង​នៃ​ការ​បើក​សន្និ​សិទ​ចតុ​ភាគី​ដែល​ព្រះ​អង្គ​បាន​ស្នើ​ពី​មុន​នោះ​។ ថ្ងៃ​ទី​២៦ យន្ដ​ហោះ ​និង​រថ​ពាសដែក​យួន​ខាង​ត្បូង បញ្ជា​ដោយ​នាយ​ទាហាន​អាមេ​រិក​កាំង​ម្នាក់​បាន​កំទេច​ ភូមិ​ចាន់​ទ្រា​​ទាំង​មូល​ (ក្នុង​ខេត្ដ​ស្វាយ​រៀង)​ ដោយ​ប្រើ​គ្រាប់​បែក​ណា​ប៉ាល់​ និង​កាំភ្លើង​ស្វ័យ​ប្រវត្ដ​​ធុន​ធ្ងន់​ជា​ច្រើន​។ ការ​វាយ​ប្រហារ​នេះ​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ និង​ របួស​ជា​ច្រើន​។ ប្រតិ​បត្ដិ​ការ​នេះ​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ដោយ​នាយ​ទាហាន​អាមេ​រិកាំង​ជា​ច្រើន​នាក់​។​

ខែ​ឧសភា ថ្ងៃ​ទី​៧ ក្រោម​បញ្ជា​ការ​របស់​នាយ​ទាហាន​អាមេ​រិកាំង ទាហា​យួន​ខាង​ត្បូង​ចំនួន​ ៣​កង​ពល​ពិសេស ​ដោយ​មាន​ការ​គាំ​ទ្រ​ពី​រថ​ពាសដែក​ចំនួន​ ១៣​គ្រឿង​ផង​នោះ​ បាន​វាយ​កំទេច​ភូមិ​តា​អី (ខេត្ដ​ស្វាយ​រៀង​) សំលាប់ និង​ ប្លន់​ដុត​ផ្ទះ​ប្រជា​ជន​ជា​ច្រើន។​ នៅ​ថ្ងៃ​បន្ទាប់​មាន​ការ​វាយ​ប្រហារ​ដូច​គ្នា​នេះដែរ​នៅ​ភូមិ​ថ្លុក​ ប៉ុន្ដែ​បាន​ជួប​ ប្រយុទ្ទ ​នឹង​ កង​ទ័ព​ជាតិ​ខ្មែរ​ហើយ​ត្រូវ​បាន​ទាហាន​ខ្មែរ​ កំទេច​រថ​ពាស​ដែក​មួយ​គ្រឿង​ និង ក្រុម​អ្នក​បើក​បរ​។ ប្រ​ទេស​កម្ពុជាបានប្ដឹងទៅ​ក្រុម​ប្រឹក្សា​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ថ្ងៃ​ទី​១៩ កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រឹក្សា​សន្ដិ​សុខ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដើម្បី​ពិភាក្សា​ពាក្យ​បណ្ដឹង​របស់​កម្ពុ​ជា​បន្ទាប់​ពី មាន​ការ​លុក​លុយ​របស់​អាមេ​រិក និង​ យួន​ខាង​ត្បូង​ជា​ច្រើន​សារ​មក​។ ប្រទេស​បារាំង​បាន​គាំ​ទ្រ​ពាក្យ​បណ្ដឹងរបស់​កម្ពុជា​។ ថ្ងៃ​ទី​២៨ ក្រុម​ប្រឹក្សា​សន្ដិ​សុខ​នៃ​អង្គការ​សហ​ប្រជា​ជាតិ បាន​សំរេច​បញ្ជូន​ក្រុម​បេ​សក​កម្ម​មួយ​ទៅ​កាន់​ព្រំ​ដែន​ ខ្មែរ​យួន​ខាង​ត្បូង​។ បេ​សក​កម្ម​នេះ​តំរូវ​អោយ​មាន​វត្ដ​មាន​ នៃ អ្នក​សង្កេត​ការ​សហ​ប្រជា​ជាតិ​នៅ​តាម​ព្រំ​ដែន ហើយ​បដិ​សេធ​មិន​ទទួល​ស្គាល់​វត្ដ​មាន​នៃ​កង​ទ័ព​អាមេរិក​។ ក្រោយ​មក​ប្រទេស​កម្ពុជា​ និង យួនខាង​ត្បូង​បដិ​សេធ​។​ កកន ឈ : ការ​វាយ​ប្រហារ​របស់​ទ័ព​អា​មេ​រិក​ទៅ​លើ​ភូមិ​ចន្ទទ្រាក្ដី​ និង ភូមិ​នៅ​តាម​បណ្ដោយ​​ជាយ​​ដែន​​ខ្មែរ-យួនក្ដី​​ គឺ​ជា​កំហុស​របស់​រដ្ឋា​ភិបាល​សីហនុ​ទាំង​អស់​ គឺ​ព្រះ​អង្គ​បាន​អនុញ្ញាត​អោយ​កង​ទ័ព​យៀ​កុង​ជា​ច្រើន​ យក​ទឹក​ដី​កម្ពុ​ជាធ្វើ​ជា​ទី​តាំង​ជម្រក​ទ័ព​ ច្បាំង​តទល់​​ នឹង កង​ទ័ព​សេរី​យួន​ខាង​ត្បូង​​។

ខែមិ​ថុនា ថ្ងៃ​ទី​៦ ក្រុម​ប្រឹក្សា​សន្ដិ​សុខ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​យល់​ព្រម​សង​ថ្លៃ​ខូច​ខាត​សំភារៈ​ បាន​គូស​ បញ្ជាក់​អំពី​ការ​ទទួល​ខុស​ត្រូវ​ទាំង​អស់​ និង បាន​ស្នើ​អោយ​រដ្ឋ និង អាជ្ញា​ធរ​ទាំង​អស់​ទទួល​ស្គាល់​ និង គោរព​អព្យា​ក្រឹត​ភាព​ និង បូរណ​ភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​។ ថ្ងៃ​ទី​២០ សំដេច​សីហនុ​ ស្នើ​អោយ​រណសិរ្ស​រំដោះ​យួន​ខាង​ត្បូង​យល់​ព្រម​លើ​គំនូស​ព្រំ​ដែន​បច្ចុប្បន្ន​ នៃ​ព្រំដែន​ គោក​និង​ទទួល​ស្គាល់​អធិប​តេយ្យ​ភាព​ប្រទេស​កម្ពុជា​ តាម​កោះ​សមុទ្រ ដែល​យួន​សៃ​ហ្គន​បាន​ទាម​ទារ​នោះ​។​ ថ្ងៃ​ទី​២៤ នៅ​ទី​ក្រុង​បារីស ឧត្ដម​សេនីយ៍​ដឺហ្គោល នៃ​ប្រ​ទេស​បារាំង​បាន​ទទួល​សំដេច​សីហនុ​យ៉ាង​កក់​ក្ដៅ​ជា​ទី​បំផុត ព្រម​ទាំង​គាំ​ទ្រ​អិត​សំចៃ​នូវ​សំនើ​របស់​កម្ពុជា​ អំពី​ការ​ទទួល​ស្គាល់​អព្យា​ក្រឹត​ភាព និង គំនូស​ព្រំ​ដែន​។​

ខែ​កញ្ញា ថ្ងៃ​ទី​២០ ការ​សម្ពោធន៍ វិជ្ជា​ស្ថាន​បច្ចេក​វិជ្ជា ជាន់​ខ្ពស់​មិត្ដ​ភាព​ខ្មែរ​សូ​វៀត​ ជា​ជំនួយ​របស់​សូវៀត​។ ថ្ងៃ​ទី​២៧ ទស្សន​កិច្ច​របស់​ សំដេច​សីហនុ​ នៅ​ក្រុង​ប៉េ​កាំង​។​ សេច​ក្ដី​ថ្លែង​ការ​ចុង​ក្រោយ​បាន​អោយ​ដឹង​នូវ​ជំនួយ​ យោធា​របស់​ចិន​យ៉ាង​សំបើម​ និង​ ការ​យល់​ព្រម​ជួយ​ប្រទេស​កម្ពុ​ជា​ ក្នុង​ករណី​មាន​ការ​ឈ្លាន​ពាន​ពី​បរទសេ​។ កិច្ច​​ចរ​ចា​នៅ​ ប៉េ​កាំង​ជា​មួយ​រណសិរ្ស​រំដោះ​យួន​ខាង​ត្បូង​ស្ដី​អំពី​បញ្ហា​ព្រំ​ដែន​។

ខែតុលា​ថ្ងៃទី​២០ ការ​ទំលាក់​គ្រាប់​បែក​របស់​អាមេ​រិក​លើ​ភូមិ​អន្លូង​ក្រេស​ (ខេត្ដ​កំពុង​ចាម) មាន​មនុស្ស​ស្លាប់ ៨​នាក់​ថ្ងៃ​ទី​២៤ ប៉ុស្ដ​យាម​ព្រំ​ដែន​ខ្មែ​រនៅ​ដក​ដាំ​ (ខេត្ដ​មណ្ឌល​គីរី​) ត្រូវ​ទទួល​រង​ការ​បាញ់​រះ​ពី​ឧទ្ធម្ភាក​ចក្រ​អាមេរិក​។ ថ្ងៃ​ទី​២៧ រដ្ឋា​ភិបាល និង សភា​ជាតិ​ខ្មែរ​គំរាម​ នឹង ផ្ដាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​អាមេ​រិក​បើ​ប្រសិន​ណា​យន្ដ​ហោះ​អាមេ​រិក​នៅ​តែ​បន្ដ​ហោះ​លើ​ទឹក​ដី​ខ្មែរ​ទៀត​។

ថ្ងៃទី​២៥ ខែ​វិច្ឆិ​កា ការ​បង្កើត​សកល​វិទ្យា​ល័យ​ថ្មី​ចំនួន ៤​ទៀត​គឺ សកល​វិទ្យា​ល័យ​ភូមិន្ទ​បច្ចេក​ទេស សកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្ប សកល​វិទ្យា​ល័យ​ភូមិន្ទ​កំពង់​ចាម​ និង សកល​វិទ្យា​ល័យ​ភូមិន្ទ​តាកែវ ​កំពត​។

ខែធ្នូ ថ្ងៃទី​១២ ការ​សម្ពោធន៍ កីឡា​ដ្ឋាន​អូឡាំ​ពិក​ភ្នំពេញ និង ពហុ​កីឡា​ដ្ឋាន​។ ថ្ងៃ​ទី ២៥ រដ្ឋា​ភិបាល​សង្គម​ទី​២០ គឺ​រដ្ឋាភិបាល នរោត្ដម កន្តុល​។

ព្រឹត្ដការណ៍ឆ្នាំ១៩៦៥
ខែ​មករា ថ្ងៃ​ទី១០ កំនត់​ទូត​ផ្ញើ​ទៅ​អោយ​ស្ថាន​ទូត​បារាំង​ដោយ​ស្នើ​អោយ​រដ្ឋា​ភិបាល​យួន​ខាង​ត្បូង​ប្រគល់​ដែន​ដី ដែល​វា​បាន​ឈ្លាន​ពាន​យក​ទៅ​ជា​កូសាំង​ស៊ីន​នោះ​មក​វិញ​។​

ខែមេសា ថ្ងៃទី២៦ មានបាតុកម្ម​ជា​ច្រើន​ប្រឆាំង​អា​មេ​រិកាំង​នៅ​មុខ​ស្ថាន​ទូត​អា​មេរិក​។
ខែ​ឧសភា ថ្ងៃ​ទី​៣ ការ​ផ្ដាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​អា​មេ​រិក​។ ថ្ងៃ​ទី​៧ រដ្ឋា​ភិបាល​សង្គម​ ទី២១ គឺ​រដ្ឋា​ភិបាល​នរោត្ដម កន្តុល​។​

ខែ​មិថុនា សឡុត ស កែវ មាស និង​ពួក​មេ​ដឹក​នាំ​កុំមុយ​និស្ដ​ផ្សេង​ទៀត បាន​ចាក​ចេញ​ពី​មន្ទីរ​១០០ ទៅ​កាន់​ហាណូយ​ដោយ​ដើរ​តាម​ផ្លូវ​លំ​ហូ​ជី​មិញ​។ ពួក​គេ​ស្នាក់​នៅ​ទីនោះ​អស់​រយ​ពេល​៩​ខែ​។ មាន​ការ​ជួប​គ្នា​ជា​ច្រើន​ដង​ ជា​មួយ​ពួក​ខ្មែរ​ដែល​នៅ​ហា​ណូយ​តាំង​ពី​ឆ្នាំ​១៩៥៤ (កែវ មុនី) និង ចរ​ចា​ដោយ​សំងាត់​ ជា​មួយ​ពួក​អ្នក​ទទួល​ខុស​ ត្រូវ​យួន​កុំមុយ​និស្ដ​ឡេ យួន​។ សាឡុត ស បាន​ចាក​ចេញ​ពី​ហាណូយ​ទៅ​កាន់​ប៉េ​កាំង​ ដែល​បាន​ស្នាក់​នៅ​ទី​នោះ អស់​រយ​ពេល​២​ខែ ព្រម​ទាំង​បាន​ជួប​ជា​មួយ​ ម៉ៅ សេ​ទុង​ លីវ សៅ​គី និង តេង សៅ​ពឹង ផង​ដែរ​។ លើស​ពី​នេះ​ សាឡុត​ស បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​យ៉ាង​សំងាត់​ និង​ លឿន​បំផុត​នៅ​ព្យុង​យ៉ាង​។ សំដេច​សីហនុ ក៏​បាន​ធ្វើ​ទស្សន​ កិច្ច​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នោះ​ដែរ ប៉ុន្ដែ​ព្រះ​អង្គ​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ឡើយ​។​

ខែ​តុលា ថ្ងៃ​ទី​៤ ការ​បើក​អោយ​ប្រើ​ប្រាស់​សកល​វិទ្យា​ល័យ កំពង់​ចាម​។ ថ្ងៃ​ទី​៨ ការ​មិន​សប្បាយ​ចិត្ដ​របស់​សហភាពសូ​វៀត ចំពោះ​ការ​ខិត​ជិត​គ្នា​រវាង​ចិន​ នឹង ខ្មែរ​បណ្ដាល​អោយ​មាន​ការ​លុប​ចោល​ទស្សន​កិច្ច​របស់​​សំដេច​សីហនុ​ ទៅ​កាន់​ទី​ក្រុង​មូ​ស្គូ​។ ថ្ងៃ​ទី​១៥ មាន​ការ​ប្រយុទ្ធ​នៅ​ភូមិ​​បាធូ​ ក្នុង​ខេត្ដ​ស្វាយ​រៀង​ពី​សំនាក់​ទ័ព​អា​មេ​រិកាំង​ បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់ ៧​នាក់​។​

ខែ​វិច្ឆិកា ថ្ងៃ​ទី​២៥ នៅ​ទី​ក្រុង​ប៉េ​កាំង នាយ​អគ្គ​សេនា​ធិការ​នៃ​ខេមរ​ភូមិន្ទ​គឺ ឧត្ដម​សេនីយ​លន់ នល់ បាន​ចុះ​ហត្ថ​លេខា​ ជា​មួយ​អគ្គ​សេនា​ធិការ​ចិន​នូវ​សន្ធិ​សញ្ញា​យោ​ធា​ខ្មែរ​ ចិន​ យ៉ាង​សំងាត់​មួយ​ដែល​តំរូវ​អោយ​ប្រ​ទេស​កម្ពុជា​ ទទួល​យល់​ព្រម​ជួយ​ការ​ពារ​ពួក​កុំមុយ​និស្ដ​យួន​នៅ​តាម​ព្រំ​ដែន និង អនុញ្ញាតិ​អោយ​មាន​ការ​ដឹក​អាវុធ​ពី​ប្រ​ទេស​​ចិន​ ទៅ​អោយ​ពួក​យួន​ ដោយ​ឆ្លង​កាត់​ប្រទេស​កម្ពុជា​។ កិច្ច​សន្យា​នេះ​បាន​ធ្វើ​អោយ​បាត់​បង់​នូវ​អព្យា​ក្រឹត​ភាព​របស់​ប្រទេស​កម្ពុ​ជា​។ មាន​កិច្ច​ព្រម​ព្រៀង​សំងាត់​មួយ​ទៀត​រវាង​​សីហនុ​ និង ពួក​កុំមុយ​និស្ដ​យួន​ គឺ​កង​ទ័ព​ខ្មែរ​ត្រូវ​បាន​ទទួល ១០% នៃ​សំភារ​សឹក​ដែល​ដឹក​ទៅ​អោយ​ពួក​យៀក​កុង​តាម​កំពុង​ផែ​នៃ​ក្រុង​សីហនុ​។

ខែធ្នូ ថ្ងៃ​ទី​២១ រដ្ឋា​ភិបាល​អាមេ​រិកាំង​ បាន​ចោទ​ប្រកាន់​ប្រទេស​កម្ពុ​ជា ពី​បទ​យល់​ព្រម​ផ្ដល់​ជំរក​អោយ​ពួក​យៀក​កុង​។​ រដ្ឋ​ការ​យោធា​អាមេ​រិក​បាន​ទទួល​ការ​អនុញ្ញាតិ​វាយ​លុក​ចូល​ទឹក​ដី​កម្ពុជា​។