៥ -ប្រភពប្រវត្ដិសាស្រ្ដខ្មែរ
ថ្ងៃសៅរ៍ ទី22.មិនា 2014.ម៉ោង 8:16  

I .ប្រភពជាតិ
ក. សិលាចារឹកនិងបុរាណវត្ថុ

  ពិតមែនហើយសិលាចារឹក និងបុរាណវត្ថុជាប្រភពយ៉ាងសំខាន់ តែការសិក្សាស្រាវជ្រាវក្នុងវិស័យទាំងពីរនេះ គឺជនជាតិ​អឺ​រុប​​ទេ​​ដែល​បាន​ផ្ដើម​ធ្វើ​ឡើង​មុន​គេ​។ ដូច្នេះ​គួរ​គប្បី​យើង​សិក្សា​ពី​បុព្វ​ហេតុ​ដែល​ជំរុញអោយជនជាតិនេះ ចូលធ្វើការទាក់ទង នឹង​ខ្មែរ​ហើយ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​វប្ប​ធម៌​អរិយ​ធម៌​យើង​រហូត​ដល់​ខំ​ធ្វើការសិក្សាស្រាវជ្រាវយ៉ាងសកម្ម។

១.បុព្វហេតុដែលបណ្ដាលអោយពួកអឺរុបមកកាន់អាស៊ីអគ្នេយ៍

  គេនៅចាំបានថា នៅគ.ស.វ ទី១៥ មនុស្សនៅបស្ចឹមប្រទេសមានសេចក្ដីត្រូវការគ្រឿងទេសយ៉ាងខ្លាំង។ ជនជាតិ អឺរុបបានស្គាល់​គ្រឿង​បរិ​ភោគ​ប្រ​ភេទ​នេះ​ជា​លើក​ដំបូង ដោយ​សារ​ពួក​ទាហានដែលទៅច្បាំងដណ្ដើមយកផ្នូរព្រះយេស៊ូពីកណ្ដាប់ដៃពួកអារ៉ាប់​នៅ​ប៉ា​លេ​ស្ទីន ហើយ​នាំ​យក​ទៅ​ស្រុក​វិញ ដើម្បី​អោយ​ក្រុម​គ្រួសារ​ខ្លួន​បានស្គាល់រសជាតិផង។ លុះចេះប្រើប្រាស់គ្រឿងបរិភោគថ្មីនេះហើយ សេច​ក្ដី​ត្រូវ​ការ​របស់​​គេ​ក៏​ចេះ​តែ​កើន​ឡើង​ជា​លំ​ដាប់​។ ពួក​ឈ្មួញ​អា​រ៉ាប់ និងប៉ែរ្ស បានទៅនាំគ្រឿងទេសទាំងនោះ ពីអាស៊ីអគ្នេយ៍ហើយ​យក​ទៅ​លក់​នៅ​អឺរុប​ដោយ​ បាន​​ទទួល​ប្រាក់​ចំណេញ​ជា​ច្រើន​។ នៅ​អឺ​រុប​ពួក​ឈ្មួញ​នៅ​ក្រុង Yenise និង Génés បានទទួលគ្រឿងទេសនោះ ដើម្បី​យក​ទៅ​លក់​អោយ​​ប្រ​ទេស​ឯ​ទៀត​ៗ ដោយ​បាន​ចំណេញ​ច្រើន ជា​ហេតុ​នាំ​អោយ​តំលៃ​ទំនិញ​កាន់តែកើន ឡើងៗ។ ដោយហេតុនោះជន​ជាតិ​ព័រ​ទុយ​​ហ្គាល ក៏​មាន​គំ​និត​គិត​ឃើញ​ថា ប្រ​សិន​បើ​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់កន្លែងផលិតគ្រឿងទេស​តែ​ម្ដង នោះ​គេ​នឹង​ទិញ​បាន​ដោយ​តំលៃ​ថោក​ជា​ទី​បំផុត​។

  ក្រោយពីការរុករកអស់រយៈពេលច្រើនឆ្នាំ (ពី១៤៣៤ ដល់ ១៤៩៨) កងនាវាព័រទុយហ្គាល ក៏បានធ្វើដំណើរទៅដល់អាស៊ី​អគ្នេយ៍​។ ចំបាំង​កើត​មាន​ឡើង​រវាង​ពួក​​ព័រ​ទុយ​ហ្គាល នឹង​ពួកអារ៉ាប់ជាអ្នកមកដល់ទីនោះមុន។ នៅទី បំផុត ពួកព័រទុយហ្គាលបានទទួល​ជោគ​ជ័យ​ដោយ​វាយ​យក​បាន​ក្រុង​ម៉ា​លា​កា ជាផ្សារអន្ដរជាតិមួយយ៉ាងធំនៅ ឆ្នាំ ១៥១១។ ឃើញដូច្នោះហើយជនជាតិអឺរុបឯទៀតៗ ក៏​បញ្ជូន​កង​នា​វា​មក​ភូមិ​ភាគ​អាស៊ី​អគ្នេយ៍​ជា​បន្ដ​បន្ទាប់​គ្នា គឺហុល្លង់ អេស្បាញ អង់គ្លេស បារាំង ហើយជំលោះក៏កើតមានឡើងជានិច្ចជាកាល​ក្នុង​វិស័យ​ជំនួញ​។

២. ទំនាក់ទំនងខ្មែរ អឺរុប

  ក្រោយពីបានពង្រឹងជំហររបស់ខ្លួននៅជ្រោយម៉ាលាយូ ហើយពួកព័រទុយហ្គាល គឺជនជាតិអឺរុបដំបូងដែលបាន ចូល​មក​ទាក់​ទង​ជា​មួយ​ខ្មែរ​ក្នុង​រជ្ជ​កាល​របស់​ព្រះ​បាទ​អង្គ​ចន្ទ (១៥៥៥)។ ក្នុងចំនោមអ្នកដែលចូលមកក្នុងប្រទេស ខ្មែរ មានខ្លះជាអ្នកផ្សាយសាសនា ហើយ​ខ្លះ​ទៀត​ជា​អ្នក​ផ្សង​ព្រេង​។ គឺ​ពួក​ចុង​ក្រោយ​នេះហើយដែលបានទៅ នៅបំរើស្ដេចខ្មែរ បានធ្វើដំណើរទស្សនាប្រទេសខ្មែរ ហើយ​បាន​កត់​ត្រា​ទុក​នូវ​ហេតុ​ការណ៍​ដែល​ខ្លួន​បាន​ឃើញ​។ គឺ​កំនត់​ទាំង​នោះហើយដែលអ្នកប្រវត្ដិសាស្រ្ដបានយកទៅប្រើជាឯកសារសំរាប់ឆ្លុះមើល​សង្គម​ខ្មែរ​ក្នុង​សម័យ​ ក្រោយ​អង្គរ ជា​ពិសេស​ក្នុង​ស.វ ១៦​នេះ​ឯង​។ បន្ទាប់ពីជនជាតិព័រទុយហ្គាលមក មានពួកអេស្បាញ ហើយចុង ក្រោយ​បង្អស់ គឺ​ពួក​បារាំង​ ដែល​បាន​ចូល​មក​តាំង​អាណាព្យាបាលរបស់គេលើប្រទេសខ្មែរ។

៣​. ការសិក្សាស្រាវជ្រាវពីអរិយធម៌ខ្មែរដោយជនជាតិអឺរុប

  បើពិនិត្យទៅឃើញថា គឺការរុករករបស់ពួកអាណានិគមនិយមស្បែកស នេះហើយជារិសគល់នៃការសិក្សាស្រាវ​ជ្រាវ​យ៉ាង​ពេញ​ទំហឹង​ពី​អាស៊ី​អគ្នេយ៍​ជា​ទូទៅ និង​ពី​ប្រ​ទេស​ខ្មែរ​ជា​ពិសេស​។ បុព្វហេតុធំៗគឺថាពួកនេះមានការ ចាំបាច់ក្នុងផ្នែកនយោបាយផង មានចំណង់​ចង់​ចេះ​ដឹង​របស់​ដែល​នៅ​ក្រៅ​ប្រ​ទេស​ផង ហើយ​ចង់​បាន​ចំណេះ​ថ្មី​ ខាងផ្នែកមនុស្សសាស្រ្ដដែលកំពុងតែរីកចំរើនឡើង​នៅ​ថ្វីប​អឺ​រុប​(18) ​។

  សូមបញ្ជាក់ថា ការសិក្សាស្រាវជ្រាវពីអាស៊ីអគ្នេយ៍ បានធ្វើឡើងក្រោយការសិក្សាស្រាវជ្រាវពីប្រទេសចិន និង​ឥណ្ឌា ដូច្នេះ​ហើយ​បាន​ជា​មាន​ទំនោរ​ចង់​ចាត់​ទុក​ថា អាស៊ី​អគ្នេយ៍​គ្រាន់​តែ​ជា​អាណា​ខេត្ដ​របស់ប្រទេសធំៗ ទាំងពីរ ខាងលើប៉ុណ្ណោះ។ តែការសិក្សាស្រាវ​ជ្រាវ​ជា​បន្ទាប់​មក​បាន​បង្ហាញ​អោយ​ឃើញ​នូវ​ភាព​ប្លែក និង​ភាព​រុង​រឿង នៃអរិយធម៌នៅអាស៊ីអគ្នេយ៍។

  នៅឆ្នាំ១៨៦១ លោក Henri Mouhot ធម្មជាតិវិទូបារាំងម្នាក់បានមកដល់អង្គរ។ ក្នុងកំនត់ហេតុរបស់លោកៗ បានស្ងើច​សរ​សើរ​យ៉ាង​ខ្លាំង​ចំពោះ​ប្រា​សាទ​ខ្មែរ​។ នៅ​ឆ្នាំ​១៨៦៣ បូព៌ា​វិទូ​ Orientaliste ជា​ជាតិ​អាល្លឺ​ម៉ង់ A Bas- tian បានរកឃើញថា អក្សរ និងសាសនា​ខ្មែរ​នៅ​សម័យ​អង្គរ មាន​ដើម​កំណើត​មក​ពី​ឥណ្ឌា​។ ៣​ឆ្នាំ​ក្រោយ​ទៀត (១៨៦៦) លោក J.Thomson ជាតិអេកូស បានថតរូបអង្គរ​ជា​លើក​ដំបូង ហើយ​បាន​បក​ស្រាយ​អំពី​និមិត្ដ​រូបនិយម​លោក​ធាតុ​នៃ​អង្គរ​វត្ដ​តាម​បែប​ហិណ្ឌូ​និយម​​។

  ការសិក្សាស្រាវជ្រាវនៅចុងបូព៌ាប្រទេស មានទំហំកាន់តែធំឡើង សេចក្ដីត្រូវការ និងសេចក្ដីចំរើនលូតលាស់ ក្នុង​វិស័យ​នេះ តំរូវ​អោយ​មាន​ការ​បង្កើត​អង្គ​ការ​អចិន្រ្តៃយ៍ ព្រោះ​ឯក​ជន​ម្នាក់​ៗ ឬ​សមាគម​អ្នកប្រាជ្ញខ្លះ ដូចជា Societé des Etudes Indochinoises ដែល​តាំង​នៅ​ព្រៃនគរ​ពី​ឆ្នាំ​១៨៦៥ មិន​អាច​បំពេញ​កិច្ច​ការ​ដ៏​ធំ​ធេង​ខាង​លើ អោយ​បាន​ពេញ​លេញឡើយ។ គឺនៅក្នុងក្របខណ្ឌនេះហើយ​ដែល​ភាសា​បារាំង​នៅ​ចុង​បូព៌ា​ប្រទេស Ecolfran- çaise d' Extreme Orient ត្រូវ​បង្កើត​ឡើង​ដោយឥណ្ឌាវិទូសំខាន់ៗ ដូចជាលោក Barth Bréal និង Bergaigne​។ ដំបូង​ឡើង​អង្គ​ការ​នេះ​មាន​ទី​តាំង​នៅ​ព្រៃ​នគរ (១៨៩៨) ក្រោយ​មកត្រូវបានលើកទៅតាំងនៅក្រុងហានណូយ​ដោយ​លោក​ Paul Doumer ដែល​បាន​បង្កើត​នៅ​ទី​នោះ នូវ​ក្រសួង​ភូមិ​សាស្រ្ដ និង​ក្រ​សួង​ភូគព្ភ​សាស្រ្ដ (១៨៩៩) ថែម​ទៀត​។ ក្រោយ​មក​ទៀត​អង្គ​ការ​នេះ​ត្រូវ​ទទួល​​មើល​​ការ​​ខុស​ត្រូវ​លើ​សារ​មន្ទីរ និង​ប្រាង្គ​ប្រា​សាទ​ទាំង​ឡាយ នៅឥណ្ឌូ​ចិន​ទៀត​។

  ជាមួយនឹងការបង្កើត «សាលាបារាំងនៅចុងបូព៌ាប្រទេស» លោក Georges Coedès និងលាក Louis Finot បាន​អោយ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​សិលា​ចារឹក​ខ្មែរ ចេះ​តែ​មាន​ការ​ចំរើន​លូត​លាស់ជានិច្ច មានសិលាចារឹក ជាង១០០០ អត្ថបទ ត្រូវបានបកប្រែ និង​បោះ​ពុម្ព​ផ្សាយ​។

  ចាប់ពីឆ្នាំ១៩០០ ហើយដើម្បីផលប្រយោជន៍ លាសាបារាំងនៅចុងបូព៌ាប្រទេស លោក Lunet de Lajonquière បាន​ធ្វើ​បញ្ជី​សារ​ពើ​ភ័ណ្ឌ​នៃ​ប្រាង្គ​ប្រា​សាទ​ខ្មែរ​។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​លោក Henri Parmentier ត្រូវបានទទួ លបន្ទុកមើលការខុសត្រូវកិច្ចការ​ខាង​​បុរាណ​វត្ថុ​វិទ្យា​។ នៅ​ឆ្នាំ​១៩០៧ ខេត្រ​បាត់​ដំបង និង​ខេត្ដ​សៀម​រាប ត្រូវ​បាន​សៀម​សង​មកអោយខ្មែរវិញ។ ភ្លាមនោះ ការអភិរក្ស​អង្គរ Conservation d' Angkor ក៏​បាន​បង្កើត​ឡើង​ហើយ​ដឹក​នាំ​ដោយ​លោក J.Comaille និង​បន្ទាប់មកលោក Heneri Marchal។ កិច្ចការដំបូង​ដែល​គេ​ចាប់​ធ្វើ​គឺ កាប់​ឆ្ការ​ព្រៃ​ដែល​ដុះ​ព័ទ្ធ​ជុំវិញ​ប្រា​សាទ និង​ស្រង់​ឈ្មោះ​ប្រា​សាទ​ជាបន្ដពីកិច្ចការរបស់លោក Lunet del la Jonqui- ère មាន​ប្រា​សាទ​ទាំង​អស់ ១០០០​ត្រូវ​គេ​រក​ឃើញ​។ លោក Georges Groslier បាន​បង្កើត​សារ​មន្ទីរ​មួយនៅភ្នំពេញ នៅឆ្នាំ ១៩១៨​។ ការ​ថត​រូប​ប្រា​សាទ​សំខាន់​ៗ​ខ្លះ​​បាន​ធ្វើ​ឡើង​នៅ​ប្រា​សាទ​បាយ័ន (១៩០៨) ដោយ​លោក Dufour និង Carpeaux រួចនៅអង្គរវត្ដ និងបន្ទាយឆ្មារ។

  ក្នុងដំណាក់ការទីមួយនេះ កិច្ចការសំខាន់របស់សិលាចារឹកវិទូ គឺរកអោយឃើញឈ្មោះ និងកាលកំនត់​កសាង​ប្រា​សាទ​។ នៅ​ឆ្នាំ ១៩៣៥ លោក Philippe Stern បាន​ទៅ​បំពេញ​បេ​សក​កម្ម​នៅ​តំបន់​អង្គរ និងភ្នំគូលែន ហើយលោកបានអោយគេកាប់ឆ្ការព្រៃដុះព័ទ្ធប្រាសាទ​នៅ​ទី​នោះ​។ នៅ​ឆ្នាំ​១៩៣៩ គឺ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​ស្រី Gilberte de Coral Rémusat បានបង្ហាញអោយ​ឃើញ​ជា​ស្ថាពរ​នូវ​តំណ​កាល​កំនត់ និង​វិវត្ដន៍​រចនា​បថ​នៃ​ប្រា​សាទ​ទាំង​ឡាយ​របស់​ខ្មែរ​។

  ក្នងពេលជាមួយគ្នានោះ សេចក្ដីចំរើនលូតលាស់ ក្នុងវិស័យរុះរើប្រាសាទដើម្បីសាងសង់ឡើងវិញ anastylose ដែល​សំរេច​ឡើង​ដោយ​ក្រសួង​បុរាណ​វត្ថុ​វិទ្យា​ហុល្លង់​នៅ​កោះ​ជ្វា​បាន​ធ្វើ​អោយ​ក្រុមអភិរក្សអង្គរចាប់អារម្មណ៍យ៉ាងខ្លាំង។ លោក Georges Trouvé អភិ​រក្ស​អង្គរ​ពី​ឆ្នាំ​ ១៩៣១ ដល់ ១៩៣៥ បាន​យក​បច្ចេក​ទេស​ថ្មី​នោះ​មក អនុ​វត្ដ​នៅប្រទេសខ្មែរ។ លោកបានរកឃើញវត្ថុបុរាណជាច្រើន និង​បាន​យល់​ច្បាស់​ពី​សារ​សំខាន់​នៃ​ការ​បង្ហូ​ទឹក បញ្ចូល​ស្រែ​របស់​ជន​ជាតិខ្មែរក្នុងសម័យបុរាណ។ លោក Maurice Glaize ដែលបានបន្ដដំណែង​ពី​លោក​ពី​ឆ្នាំ ១៩៣៧ ដល់​ឆ្នាំ ១៩៤៥ បាន​យក​បច្ចេក​ទេស​ថ្មី​នោះ​មក​អនុវត្ដ​ជា​បន្ដ​ទៅទៀតចំពោះប្រាសាទសំខាន់ៗរបស់ខ្មែរ ដែល​អាច​នៅ​គង់​វង់​បាន​ដោយ​សារ​តែ​រូប​លោក​។ នៅ​ទី​បំផុត​កិច្ច​ការ​ស្រាវ​ជ្រាវ និង​រក្សា​បាន​ប្រ​ព្រឹត្ដ​ជាទូ​ទៅក្នុង ប្រទេសខ្មែរ ដូចជានៅប្រាសាទអាស្រម​មហា​រិសី នៅ​ភ្នំ​ជីសូរ​ និង​នៅ​ភ្នំ​បាយ៉ង់​ជា​ដើម​។

  ចាប់ពីឆ្នាំ១៩០៨ ដល់ឆ្នាំ ១៩១១ វត្ថុ និងស្ថានីយ៍ខ្លះក្នុងចំនោមវត្ថុ និងស្ថានីយ៍ខ្មែរ ដែលមានចំនាស់ជាងគេបាន​ រក​ឃើញ​ដោយ​លោក Heneri Parmentier និង​លោក​​ឧត្ដម​សេ​នីយ de Beylié ។ លោក Louse Mallenet អភិរក្សសារមន្ទីរព្រៃនគរ (បង្កើតនៅឆ្នាំ ១៩២៨) បាន​ធ្វើ​ការ​រុក​រក​យ៉ាង​សកម្ម​ហើយ​រក​ឃើញ​ស្ថាណីយ​អូរ​កែវ​ក្នុង​ដែន​ដី​កម្ពុ​ជា​ក្រោម​សព្វ​ថ្ងៃ​។

រាជពង្សាវតារ

ពាក្យរាជពង្សាតារនេះកើឡើងពីការផ្សំពាក្យ :
រាជ + ពង្ស + អវតារ => រាជពង្សាវតារ។
រាជៈ អ្វីដែលជារបស់ស្ដេចផែនដី
ពង្ស< វង្ស : ក្រសែ
អវតា : ដំណើរឆ្លងចុះ ដំណើរប្រែប្រួល។

  ដូច្នេះ រាជពង្សាវតារ គឺឯកសារដែលអធិប្បាយអំពីដំណើរប្រែប្រួលរបស់វង្សស្ដេចផែនដីក្នុងអតីតកាល។ បើតាម​ឯក​សារ​ចិន រាជ​ពង្សាវ​តារ​ ប្រ​ហែល​មាន​តាំង​ពី​សម័យ​អាណា​ចក្រ​ភ្នំ​ម៉្លេះ ព្រោះអ្នកធ្វើដំណើរចិន បានកត់ ទុកថាមានកន្លែងទុកបណ្ណសារ។ មួយ​ផ្នែក​ទៀត​សិលា​ចា​រឹក​របស់​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​១ នៅប្រាសាទព្រះវិហារ បាននិយាយពីត្រកូលមន្រ្ដីដែលមានមុខងារថែរក្សារាជពង្សាវតារ។ តែ​គួរ​អោយ​ស្ដាយ​! រាជ​ពង្សា​វតារ​នៅ​សម័យ​នោះ មិន​ស្ថិតស្ថេររហូតដល់សព្វថ្ងៃនេះទេ នេះប្រហែលជា ត្រូវអន្ដរាយទៅដោយធាតុអាកាស ឬ​ដោយ​បំ​ផ្លិច​បំផ្លាញ​របស់​ខ្មាំង​សត្រូវ​ដែល​ចូល​មក​ឈ្លាន​ពានទឹកដី ឬមួយដោយប្រការណាមួយដែលគេមិនអាចដឹងបាន។

១. រាជពង្សាវតារដែលគង់វង់រហូតមកដល់សព្វថ្ងៃ

  រាជពង្សាវតារជាឯកសារអ្នកប្រវត្ដិសាស្រ្ដ ប្រើសំរាប់ចងក្រងប្រវត្ដិសាស្រ្ដខ្មែរជាបន្ដពីឯកសារសិលាចារឹកគឺ ចាប់​ពីស.វ. ទី​១៤​មក​។ ពង្សាវ​តារ​ទាំង​នេះ​បាន​រៀប​ចំ​ឡើង​នៅស.វ.ទី១៩ ដោយពឹងផ្អែកទៅលើការទន្ទេញចាំ មាត់ខ្លះ និងលើអត្ថបទបុរាណខ្លះ ដែល​ពី​ដើម​តំកល់​ទុក​ក្រុង​ឧដុង្គ​។ ដោយ​អាស្រ័យ​ហេតុ​ទាំង​នេះ​ហើយ​ទើប មានភាពខុសប្លែកគ្នាក្នុងផ្នែកព្រឹត្ដិការណ៍ផង និងក្នុងផ្នែកកាលកំនត់​ផង ពី​ច្បាប់​មួយ​ទៅ​ច្បាប់​មួយ​ទៀត​។

២. រាជពង្សាវតាររបស់អុកញ៉ាវង្សា សារពេជនង

  ឧកញ៉ាវង្សា សារពេជនង ជារាជគ្រូរបស់ព្រះបាទហរិរក្សរាមាអង្គឌួង។ លោកបានចងក្រងរាជពង្សាវតារមួយច្បាប់ ពី​ឆ្នាំ​១៨១៣ ដល់ឆ្នាំ​១៨១៨​។ ស្នា​ដៃ​របស់​លោក​ត្រូវ​បាន​ប្រែជាភាសាយួននៅឆ្នាំ១៨៣៥ និងជាភាសាសៀមក្នុងឆ្នាំ១៨៥៥ រួចមកត្រូវបាន​ចំលង​ជា​តួ​អក្សរ​ឡា​តាំង​ដោយ​ឧកញ៉ា កុល​ដឺ​ម៉ុង​តេរ៉ូ សំរាប់​លោក Douldart de Lagrée ។ លោក Francis Garnier បានអោយប្រែស្នាដៃនេះ​ជា​ភាសា​បារាំង​នៅ​ឆ្នាំ ១៨៥៥ - ១៨៦៦ ហើយ​បាន​ចុះ​ផ្សាយ​ក្នុងទស្សនាវដ្ដី Journal Nsiatique (១៨៧៣) តែដោយហេតុមានកង្វះព្រឹត្ដិការណ៍​នៅ​ស្រុក​ខ្មែរ ពី​ឆ្នាំ ១៧៣៩ ដល់​ឆ្នាំ ១៧៨៥ ទើប​លោកយកឯកសារ Gia dinh Thong Chi មកបង្រ្គប់។ ឯកសារនេះប្រ ហែលបាន​សរ​សេរ​នៅ​ឆ្នាំ​១៨១០ ដោយ​លោក​ទ្រិញ​ហ្វាយ​ឌឹក ក្នុងរជ្ជកាលរបស់ស្ដេចមិញម៉ាង ហើយត្រូវបាន បកប្រែជាបារាំងដោយលោកអនុនាវីឯក Gabriel Aubaret (20)

៣.រាជពង្សាវតារឯទៀតៗ

  រាជពង្សាវតារឯទៀតៗដែលស្ថិតស្ថេររហូតដល់សព្វថ្ងៃគឺ : នៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត៖ ព្រះរាជពង្សាវតារ​ក្រុង​កម្ពុជា​ធិបតី របស់​ឧក​ញ៉ា​វាំង​ជួន​។ព្រះ​រាជ​ពង្សា​វតារ​នគរ​ខ្មែរ ចំលង​តាម​ក្បួនវត្ដកោកកាកតាំងពីឆ្នាំ ១៩៤១។ព្រះរាជពង្សាវតារខត្ដិយារមហារាជ ចំលង​តាម​ក្បួន​វត្ដ​សិត​បូរ តាំង​ពី​ឆ្នាំ​១៩៤១​ក្បួន​វត្ដ​សិត​បូរ​នេះ​ជាសេចក្ដីចំលងពីរាជពង្សាវតារបស់អុកញ៉ាវង្សា សារពេជនង ផ្នែកចាប់​ពី​រជ្ជ​កាល​ព្រះ​បាទ និព្វាន​បាទ​ត​ទៅ ឯ​ផ្នែក​រឿង​ចង​ក្រង​ឡើង​ដោយ​ព្រះ​អង្គ​ម្ចាស់​នព​រត្ន​នៅបណ្ណាល័យអតីតវាំង។ ពង្សាវតារប្រទេសកម្ពុជា ស្លឹករិតមានចំនួន​៣២​ខ្សែ ចាប់​ពី​ស្ដេច​ចាម​៦​អង្គ និង​វង្ស​ស្ដេច​ខ្មែរ ចាប់​ពី​ព្រះ​ថោង កុមែរាជរហូតដល់ព្រះរាមាធីតី ព្រះស្រីសុរិយោពណ៌ គ.ស. ១៦៣៧ ចារ​ដោយ​ព្រះ​គ្រូស​រិវង្សា​មេ​គណ​ហាស់ ស៊ុក វត្ដ​ទឹក​វិល​សង្កាត់​កោះ​ខែល ស្រុក​ស្អាង ខេត្ដកន្ដាល ពីឆ្នាំ១៩៤១។ ពង្សាវតារប្រទេសកម្ពុជា ស្លឹករិត​មាន​ចំនួន​១២​ខ្សែ ពី​ស្ដេច​ចាម​៥​អង្គ និង​ស្ដេច​ខ្មែរ​ចាប់​ពី​ព្រះ​បាទ​អាទិច្ច​វង្ស​មុន គ.ស.៣១២ឆ្នាំ ដល់ព្រះអង្គទងគំរប់ ២ដង គ.ស. ១៧៥១។

II ប្រភពបរទេស
ក. ប្រភពចិន

  ប្រទេសចិនបានចាប់អារម្មណ៍មកលើភូមិភាគនៅអាស៊ីអគ្នេយ៍នេះជាយូរណាស់មកហើយ ហើយបានលើកទ័ព វាយ​យក​ប្រ​ទេស​តុង​កឹង ដើម្បី​ត្រួត​ត្រា​ផ្ទាល់​តាំង​ពី​ឆ្នាំ ១១១មុន គ.ស. ដល់​ឆ្នាំ ៩៣៩ នៃគ.សទៀតផង(២១)។ ២១ = ព្រះរាជពិធីទ្វារទសមាសភាគ១ បោះ​ពុម្ព​លើ​ទី​២​ការ​ផ្សាយ​របស់​ពុទ្ធ​សាសន​បណ្ឌិត ពស.២៥០០ គស១៩៥៦

  នៅពាក់កន្ដាលសតវត្សទី៣នៃគ.ស បេសកជនចិនពីរនាក់គឺលោកកាំងថៃ Kang Thai និងលោកឈូយីង Tchou Ying បាន​មក​ស្នាក់​នៅ​ក្នុង​អាណា​ចក្រ​ភ្នំ​អស់​មួយ​រយៈ​ពេល​។ លុះ​ត្រ​លប់​ទៅ​វិញ​លោកកាំងថៃបានបោះពុម្ពផ្សា យនូវកំនត់រឿងរ៉ាវដែលទាក់ទង នឹងការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​លោក​។ ត​មក​ព្រះ​រាជា​គ្រប់​គ្រង​លើ​អាណាចក្រ ភ្នំតែងបានទាក់ទងយ៉ាងខ្ចប់ខ្ជួនជាមួយនឹងប្រទេស​ចិន​។ ដោយ​ហេតុ​នេះ​ហើយ​ទើប​មាន​គណ​បេ​សក​កម្ម​ខាង​ទូត ខាង​ជំនួញ និង​ខាង​វប្ប​ធម៌ត្រូវបានប្ដូរគ្នាទៅវិញទៅមកជាញឹកញាប់ ហើយហេតុការណ៍ទាំងនោះ​បាន​អ្នក​ប្រវត្ដិ​សាស្រ្ដ​ចិន​កត់​ទុក​យ៉ាង​ហ្មត់​ចត់​។

  ក្រៅពីឯកសារដែលមានលក្ខណៈផ្លូវការខាងលើនេះ នៅមានកំនត់ហេតុស្ដីពីរឿងរ៉ាវទាក់ទងនឹងបូជនីយេស ក៏ចិនកាន់ពុទ្ធ​សាសនា​។ ពុទ្ធ​សាស​និក​ទាំង​នោះ​ ភាគ​ច្រើន​ជា​អ្នក​ចេះ​ដឹង ហើយ​មាន​ជំនឿ​យ៉ាង​មុះមុតលើពុទ្ធ សាសនា បានធ្វើដំណើរទៅប្រទេសឥណ្ឌាដើម្បី​ទស្សនា​កន្លែង​ពិ​សិដ្ឋៗ​ខ្លះ និង​ដើម្បី​បង្កើន​ចំណេះ​ខាង​សាសនា​ថែមទៀតផង។ ការធ្វើដំណើរតាមសមុទ្រ ហើយបានចូលឈប់សំចតក្នុងរដ្ឋដែល​បាន​ទទួល​ឥទ្ធិ​ពល​ឥណ្ឌា​។ ស្នា​ដៃ​ដែល​មាន​និយាយ​ពី​ស្រុក​ខ្មែរ គឺ​កំនត់​ហេតុ​លោក​ស្យុន​សាង Huian tsang និងលោកយីស៊ីង Yitsing ស.វ.ទី៧។

  ក្នុងចំណោមឯកសារចិនទាំងឡាយ ឯកសារដែលសំខាន់ជាងគេគឺ កំនត់ហេតុរបស់លោកជីវតាក្វាន់ Tcheou ta Kouan មាន​ចំណង​ជើង​ថា «កំនត់​ហេតុ​ស្ដី​ពី​ទំនៀម​ទំលាប់​នៃ​ប្រ​ទេស​ចេន​ឡា» Tchen La fong t'ou Ki។ កំនត់ហេតុនេះបាននិយាយរៀបរាប់ពីប្រទេស​ខ្មែរ​នៅចុង​សម័យ​អង្គរ​គឺ បាន​ធ្វើ​ការ​ពណ៌​នា​ពី​រាជ​ធានី​ ពីជីវភាពការរស់នៅ ទំនៀមទំលាប់របស់អ្នកស្រុក និងពីស្ថាប័ននានាក្នុង​សម័យ​នោះ​។ ស្នា​ដៃ​របស់​លោក​ជីវតា​ក្វាន់​បាន​ប្រែ​ជា​ភាសា​បា​រាំង​ពីរ​លើក លើកទី១ : ដោយលោក Abel Rémusat នៅឆ្នាំ១៨១៩ និងលើទី២ ដោយ​លោក Paul  Pelliot នៅ​ឆ្នាំ​១៩០២​។ គឺ​សេច​ក្ដី​បក​ប្រែ​ចុង​ក្រោយ​នេះហើយដែលអ្នកសិក្សាស្រាវជ្រាវច្រើនប្រើជាឯកសារ ក្នុងការស្រាវជ្រាវ​អំពី​អរិយ​ធម៌​ខ្មែរ​។ គួរ​បន្ថែម​ដែរ​ថា លោក​លី ធាម​តេង ជា​សមា​ជិក​សមា​គម​អ្នកនិពន្ធខ្មែរ ដែលបានទៅទស្សនាប្រទេសចិននៅក្នុងឆ្នាំ ១៩៦២ បាន​ចំលង​យក​ឯក​សារ​របស់​លោក​ជីវតា​ក្វាន់​ជា​ភាសា​ចិន ហើយយកមកប្រែជាភាសាខ្មែរបោះពុម្ពផ្សាយ​នៅឆ្នាំ១៩៧១។

ខ. ប្រភពប្រទេសឯទៀត

  ក្រៅពីឯកសារជាតិ និងឯកសារចិន ដែលជាឯកសារមូលដ្ឋាននៅមានឯកសារបន្ទាប់បន្សំខ្លះទៀត ដែល​ចង​ក្រង​ឡើង​ដោយ​ជន​ជាតិ​ក្រិច ឥណ្ឌា អារ៉ាប់ ព័រ​ទុយ​ហ្គាល អេស្បាញ យួន សៀម និងលាវ។។

  នៅស.វ. ទី២ នៃគ.ស. អ្នកភូមិសាស្រ្ដក្រិចឈ្មោះ Ptolémée បានសរសេរសៀវភៅភូមិសាស្រ្ដដែលមានវគ្គមួយ​និយាយ​ពី​ភូមិ​ភាគ​អាស៊ី​អគ្នេយ៍​ដី​គោក និង​កោះ​។អ្នក​ស្វែង​រក​មាស​អោយ​ឈ្មោះ ភូមិភាគនេះថា សុវណ្ណ ភូមិ (សំគាល់ដីគោក) និង សុវណ្ណទ្វីប (សំគាល់ដី​កោះ) គឺ​ត្រូវ​នឹង​ពាក្យ La Chrysé និង La Chersonèse របស់​ជន​ជាតិ​ក្រិច​។

  មានផ្នែកខ្លះក្នុងគម្ពីរត្រៃបិតកក៏បានសរសេរពីកំពង់ផែសំខាន់ៗទាក់ទងនឹងការធ្វើជំនួញរវាង ប្រទេសឥណ្ឌា និង​ភូមិ​ភាគ​អាស៊ី​អគ្នេយ៍​ដែរ​។ ក្នុង​អត្ថ​បទ​ទាំង​នោះ​គឺ​រឿង​ជាតក និង​និទ្ទេស​។

  ឯកសារព័រទុយហ្គាល និង អេស្បាញ ក៏បានរួមចំណែកខ្លះក្នុងការចងក្រងប្រវត្ដិសាស្រ្ដខ្មែរដែរ។ នៅឆ្នាំ១៩៥៤ ក្នុង​អោ​កាស​បើក​សម័យ​ប្រ​ជុំ​សមាជ​អន្ដរ​ជាតិ​លើក​ទី​២៣ នៃ​បូព៌ា​វិទូ​នៅ​ក្រុង Cambridge លោក Boxer បាន យកឯកសារមួយរបស់លោក Diogo docouto ដែល​និយាយ​ពី​ក្រុង​អង្គរ​នៅ​ស.វ ទី​១៦​ទៅ​លាត​ត្រដាង​(២២) ។ លោក Bernata Philippe Groslier បច្ចុប្បន្នអភិរក្សអង្គរបាន​សរ​សេរ​សៀវ​ភៅ​មួយ​មាន​ជំណង​ជើង​ថា Ang- kor et le Cambodge au 16 siécle ដោយ​ពឹង​ផ្អែកទៅលើឯកសារព័រទុយហ្គាល និងអេស្បាញ ហើយបោះ​ពុម្ព​នៅ​ប៉ារីស​នៅ​ឆ្នាំ​១៩៥៨​។

  ចុងក្រោយបង្អស់ រាជពង្សាវតារសៀម លាវ និងយួនក៏អាចជួយបំភ្លឺប្រវត្ដិសាស្រ្ដខ្មែរ ដោយ​អន្លើ​ខ្លះ​ដែរ តែ​ឯក​សារ​ទាំង​នេះ​មាន​គុណ​វិបត្ដិ​ដូច​រាជ​ពង្សាវ​តារ​ខ្មែរ​ដែរ​។

18= ប្រវត្ដិសាស្រ្ដភាគ១ ថ្នាក់ទី១ ខេមរយានកម្ម ភ្នំពេញ ១៩៧២។
19 =Lawrence Palmer Priggs. Les missionnaires portugals et espagnols au Cambodge (155-1603) texte traduit de l'anglais par Monique Dupont et publié dans Fullectin de la Société des Etudes Indochinoises (Nouvelle série - Tome xxv.no 1 - ler trimestre 1950) Saigon. 1950.
20 = H. sutton. Singapore in history, federal publications, Singapore, 1967