៦- អាណាចក្រភ្នំ
ថ្ងៃអង្គារ ទី25.មិនា 2014.ម៉ោង 22:01

I. គ្រាដំបូងនៃអាណាចក្រភ្នំ
   ១. បញ្ហាឈ្មោះស្រុក

  នៅខាងដើមគ្រិស្ដសករាជ រដ្ឋដែលខំខាន់ជាងគេនៅអាស៊ីអគ្នេយ៍គឺ អាណាចក្រភ្នំ។ ចិនហៅថា ហ្វូណន។ ពាក្យហ្វូណន ចិន​បូរាណ​អាន​ថា បឺយូ​ណាម ដែល​ជា​ពាក្យ​គ្មាន​ន័យ​អ្វី​អោយ​ប្រា​ដក​ក្នុង​ភាសា​ចិន​ទេ។ ដោយហេតុនេះ ហើយបានជាអ្នកសិក្សាស្រាវជ្រាវ បានព្យា​យាម​រាវ​រក​មើល​ថា​តើ​ពាក្យ ហ្វូណន នេះ​ត្រូវ​នឹង​ពាក្យ​អ្នក​ស្រុក​អាយ​ថា​ម៉េច​?

  មានមតិខ្លះចាត់ទុកថា ហ្វូណន ត្រូវនឹងពាក្យខ្មែរថា ភ្នង ដោយសំអាងថា កុលសំព័ន្ធភ្នង ដែលរស់នៅលើខ្ពង់ រាបសព្វថ្ងៃ ស្ថិត​នៅ​ក្នុង​អំបូរ​ជា​មួយ​ខ្មែរ​នេះ​ម្យ៉ាង ហើយ​ម្យ៉ាង​ទៀត ដោយ​សំអាង​ថា​រូបចំលាក់នៅលើជញ្ជាំង ប្រាសាទបូរាណខ្មែរ បានបង្ហាញថាខ្មែរក្នុង​សម័យ​នោះ មាន​សំលៀក​បំពាក់ និង​ទំលាប់​ខ្លះ​ដូច​ពួក​ភ្នង​​ដែរ​។ ចំ ពោះរឿងនេះគួរកត់សំគាល់ថាលោកសាស្រ្ដចារ្យ L. Brumpt បានបញ្ជាក់ថា ខ្មែរ​និង​ភ្នង​ពិត​ជា​មាន​ពូជ​អំបូរ​ជា​មួយ​គ្នា​មែន​ ដោយ​សំអាងទៅលើលទ្ធផលនៃការសិក្សារបស់លោក ទៅលើឈាម​ក្រហម hémoglobines(23)

  ចំណែកលោក G. Coedès លោកយល់ថា ហ្វូណន ត្រូវនឹងពាក្យខ្មែរបុរាណ វ្នំ ដែលសព្វថ្ងៃក្លាយជាភ្នំ។ លោកបាន​បញ្ជាក់​ថា ស្ដេច​នៅ​សម័យ​នោះ​មាន​ឋា​នន្ដរ​នាម​ថា ស្ដេច​ភ្នំ​ ពាក្យ​ខ្មែរបុរាណថា កុរុងវ្នំ ត្រូវនឹងសំស្រ្កឹតថា បវិតភូបាល ឬ សៃលរាជ។ ជនជាតិ​ចិន​ក៏​បាន​យក​ឋា​នន្ដរ​នាម​នេះ​ប្រើ​សំរាប់​ហៅ​ប្រ​ទេស​ដែល​ស្ដេច​ទាំង​នោះ គ្រប់គ្រងផងដែរ។

  ចំពោះទំលាប់ខាងលើនេះ លោក E Aymonier បានកត់សំគាល់ឃើញថា ក្នុងសម័យបុរាណចិនមិនចេះវែកញែកមនុស្ស​អោយ​ដាច់​ពី​ប្រ​ទេស​ទេ​។ ពួក​នេះ​ច្រើន​ប្រើ​ឈ្មោះ​តែ​មួយ​សំរាប់សំគាល់មនុស្សផង រាជធានីផង ប្រទេសទាំងមូលផង ឬ ក៏ឈ្មោះឋានន្ដរ​នាម​របស់​អ្នក​ដឹក​នាំ​ផង​(24)

  ចំពោះទស្សនៈរបស់លោក G.coedès នេះ គួរកត់សំគាល់ថា ឯកសារចិនបាននិយាយច្បាស់ថា អធិរាជអាណាចក្រភ្នំមាន​ឋានន្ដរ​នាម គូ​លុង គឺ​ ក្រុង​ដែល​សព្វ​ថ្ងៃ​មាន​ន័យ​ថា ស្ដេចសោយរាជ្យ។ បើដូច្នេះពាក្យ ហ្វូណន ចិនហៅតាមឋានន្ដរនាមរបស់អធិរាជ​អាណាច​ក្រភ្នំ គឺ​កុរុង​ភ្នំ នេះ​ឯង​។ ឯ​ការ​ដែល​មាន​ឋានន្ដរ​នាម​យ៉ាង​នេះ​គឺ ប្រហែលមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនឹងព្រះឥសូរ ឯ​ចិន​បាន​និយាយ​ថា​ «ព្រះ​អាទិ​ទេព​យាង ចុះ​លើ​ភ្នំ​ម៉ូតាន Mo-tan ជាញឹកញាប់ ព្រះអង្គមកទីនោះ ដើម្បីបញ្ចេញមហិទ្ធិរិទ្ធរបស់ព្រះអង្គ ព្រះ​អធិ​រាជ​ទាំង​ឡាយ​បាន​ទទួល​នូវ​ពរ​ជ័យ​ពី​ព្រះ​អង្គ ហើយ​ប្រជា​រាស្រ្ដ​ក៏បានសុខចំរើនដោយសារនោះផង»។

២. បញ្ហាទីតាំង

  នៅមុនពេលសង្គ្រាមសកលលោកលើកទី១ គេឃើញមានសង្វែងយោបល់ច្រើនចំពោះទីតាំងរបស់អាណាចក្រភ្នំ​។លោក​ A. Rémusat ជឿ​ថា ហ្វូណន​ជា​អាណា​ខេត្ដ​មួយ​របស់​ចិន ហើយស្ថិតនៅត្រង់ប្រទេសតុងកឹង។ លោក klaproth និង Pauthier ថា ហ្វូណន​ត្រូវ​នឹង​ដែន​ដី ​pégou និង​ប្រទេស​ភូមា​។ លោក Dequines ថា​ត្រូវ នឹងកោះមួយនៅខាងលិចប្រទេសសៀម។ ឯលោក Barth ថា​ត្រូវ​នឹង​ឆ្នេរ​សមុទ្រ​តេណា​ស្សេ​រីម ក្រៅ​ពី​នេះ​អ្នក សិក្សា​ឯ​ទៀត​ជឿថា ហ្វូណននៅត្រង់ប្រទេសខ្មែរ ឬប្រទេសសៀម។

  ដើម្បីអោយបានដឹងច្បាស់ពីទីតាំងរបស់ហ្វូណន គួរគប្បីយើងលើកយកឯកសារចិនមកពិនិត្យអោយបានហ្មត់ចត់​សិន​។ ឯក​សារ​ទាំង​នោះ​បាន​ផ្ដល់​ពត៌​មាន​សំខាន់​ៗ​ដូច​ត​ទៅ៖
១. ហ្វូណនមានចំងាយ ៣០០០លី ខាងលិចប្រទេសលីនយី
២. ហ្វូណនមានចំងាយ ៧០០០លី ពី Jenan តុងកឹង
៣. ហ្វូណនមានទំហំ ៣០០០ លី ក្រោយពង្រីកធំដល់ ៥០០០ ឬ ៦០០០លី
៤. ហ្វូណនស្ថិតនៅក្នុងឈូងសមុទ្រធំមួយ
៥. មានទន្លេធំមួយហូរពីខាងលិច ឯកសារខ្លះថាពាយព្យ ហើយចាក់ទៅសមុទ្រ។

  គួរកត់សំគាល់ម្យ៉ាងទៀតថា នៅតំបន់បាភ្នំឈើកាច់សព្វថ្ងៃនេះមានភូមិជាច្រើនដែលមានឈ្មោះទាក់ទងនឹង ដំរី គឺភូមិ​រោង​ដំរី ក្បាល​ដំរី និង​ព្រៃ​ដំរី​។ តើ​យើង​អាច​ចាត់​ទុក​ឈ្មោះ​ទាំង​នេះ​ថា ជាអនុស្សាវរីយ៍លើទីតាំងរាជធានីអាណាចក្រភ្នំបានទេ? តាមប្រវត្ដិ​រាជ​វង្ស​លាង ក្រុង​នេះ​ស្ថិត​នៅ​ប្រ​ហែល​២០០​លី ពី​សមុទ្រ បើ​គិត​ទៅ​គឺ​ត្រូវ នឹងចំងាយពីបាភ្នំទៅ អូរកែវដែលជាកំពង់ផែធំមួយរបស់ហ្វូណន។ នៅ​ពេល​សង្គ្រាម​លោក​លើក​ទី២​ លោក Louis Malleret អ្នក​ប្រាជ្ញ​បារាំងបានធ្វើកំនាយផ្សេងៗ ក្នុងដែនដីសន្ដរទន្លេមេគង្គ ហើយបានរក​ឃើញ​រម្ម​ណីយ​ដ្ឋាន​ អូរ​កែវ​នេះ ដែល​លោក​ចាត់​ទុក​ថា ជា​កំពង់​ផែធំរបស់ហ្វូណន ព្រោះនៅទីនោះគឺនៅខាងត្បូងភ្នំបាថេ ខេត្ដក្រមួនស គេបាន​ជីក​រក​ឃើញ​ឃឿន​សំណង់​ផ្សេង​ៗ ព្រម​ទាំង​វត្ថុ​ផ្សេង​ៗ​ទៀត​ជាច្រើន ខ្លួះមកពីចក្រភពរ៉ូម ខ្លះទៀតមកពីប្រ ទេសឥណ្ឌា និងខ្លះទៀតជាវត្ថុ​ធ្វើ​ពី​ថ្ម​រំលីង​។ ដោយ​ហេតុ​នេះ​ហើយ​ទើប​មាន​មតិ​ខ្លះ​យល់​ថា អូរកែវនេះរាជធានី ដើមបង្អស់របស់ហ្វូណន។ ប៉ុន្ដែមានអ្នកសិក្សាខ្លះទៀត​ដូច​ជា​លោក Jean Boisselier ជា​ដើម​បែរ​ជា​យល់​ថា រាជ​ធានីនេះស្ថិតនៅត្រង់វាលទំនាប ខាងក្រោមនៃទន្លេមេនាមវិញ ព្រោះលោក​សំអាង​ថា នៅ​ទី​នោះ​លោក​បាន​រក​ឃើញ​រូប​ខ្លះ​ធ្វើ​ពី​ឥដ្ឋ​។ បើតាមលោក របស់បែបនេះគឺជារបស់ធ្វើក្នុងស្រុក មិនមែននាំយកមកពីក្រៅទេ។ ប៉ុន្ដែ​អ្នក​ប្រាជ្ញ​បារាំង​នេះ​យល់​ដែរ​ថា នៅ​ខាង​ចុង​សម័យ​ហ្វូណន រាជ​ធានី​នេះត្រូវលើកយកទៅតាំងត្រង់កន្លែងមួយ នៅជិតពាមទន្លមេគង្គ​ខាង​ត្បូង​ប្រទេ​សកម្ពុជា​(26)

៣. បញ្ហាបង្កើតរាជវង្សដំបូង
ព្រះបាទហ៊ុនទៀន ព្រះនាងលីវយី

  លោក កាំង ថៃ រាជទូតចិនដែលបានធ្វើដំណើរមកហ្វូណននៅពាក់កណ្ដាលស.វ.ទី៣ បានកត់ទុកថា បឋមក្សត្រនៃរដ្ឋហ្វូណន​ឈ្មោះ ហ៊ុន​ទៀន​ បាន​មក​ពី​ប្រទេស​ឥណ្ឌា​ឬ​ពីជ្រោយម៉ាលាយូ ឬពីកោះខាងត្បូង។ ហ៊ុនទៀន បានយល់សប្ដិឃើញទេវតារក្សាខ្លួនប្រគល់​ធ្នូ​ទិព្វ​អោយ ហើយ​បញ្ជា​អាយ​ឡើង​ជិះ​សំ​ពៅ​ធំ​មួយ​។ ព្រលឹមឡើងហ៊ុនទៀន បានទៅកាន់ប្រាសាទតំកល់ទេវតា ហើយបានឃើញធ្នូ​ដូច​យល់​សប្ដិ​មែន​។ បន្ទាប់​ពី​នោះ​ក៏​បាន​ធ្វើ​ដំណើរ​តាម​សមុទ្រ ហើយទៅដល់ហ្វូណន។ រាជនីរដ្ឋនេះឈ្មោះនាង លីវយី លុះបានឃើញ​សំពៅ​ចំលែក​ក៏​លើក​ទ័ព​មក​បំរុង​ដេញ​កំចាត់​សត្រូវ តែ​ត្រូវ​ហ៊ុន​ទៀន យក​ធ្នូ​ទិព្វ​បាញ់​សំពៅ​របស់​នាង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​។ នាង​ភិត​ភ័យ​ខ្លាំង ហើយ​សុំ​ចុះ​ចាញ់ ហ៊ុន​ទៀន ក៏​យក​នាង​ធ្វើ​ជា​មហេ​សី​។ រួច​មក​ក៏​នៅ​គ្រប់​គ្រង​រដ្ឋ​ហ្វូណន​ជាតំន តទៅកូនចៅទៀតផង។

ព្រះបាទកៅឌិញ្ញ ព្រះនាងសោមា

  បើយោងទៅតាមសិលាចារឹកនៅមីសុន និងព្រះឥន្ទកោសីវិញ គេអាចកត់សំគាល់បានថា ព្រះមហាក្សត្រខ្មែរទី១ មាន​ព្រះ​នាម​កៅ​ឌិញ ព្រះ​អង្គ​ជា​ជន​ជាតិ​ឥណ្ឌា មក​ពី​ស្រុក​ឥណ្ឌា​ក្នុងវណ្ណៈព្រាហ្មណ៍។ ព្រះអង្គបានធ្វើដំណើរតាមសំពៅ ឆ្លងកាត់តាមមហាសាគរ​មក​ដល់​នគរ​គោក​ធ្លក​។ សំពៅ​ព្រះ​អង្គ​ត្រូវ​ប្រ​ជា​ជន​នៅ​ទី​នោះ នាំគ្នាវាយប្រហារចង់លួចប្លន់។ ព្រះកៅឌិញ្ញបានវាយតបទៅលើកងទ័ព​ព្រះ​នាង​សោមា ដែល​ត្រូវ​បរា​ជ័យ បាក់​ទ័ព​លិច​លង់​ទូក​កណ្ដាល​សមុទ្រ រត់ចុះចាញ់អស់។ ក្រោយបានជ័យជំនះហើយ ព្រះកៅឌិញ្ញក៏រៀបអភិ​សេក​នឹង​ព្រះ​នាង​សោ មា ស្ដេច​ស្រី​នគរ​ភ្នំ​។ ព្រះ​អង្គ​ក៏​បាន​ឡើង​សោយរាជ្យជាព្រះមហាក្សត្រនៅនគរភ្នំ ព្រឹត្ដិការណ៍នេះបើតាមប្រវត្ដិ​វិទូ​ខ្លះ​បាន​កើត​ឡើង​នៅ​ក្នុង​ស.វ​ទី១ នៃ​គ្រឹស្ដ​សាសនា​។

  ដោយឃើញស្រ្ដី និងបុរសនៅនគរភ្នំ ជាពិសេសម្ចាស់ក្សត្រីលីវយី មិនចេះស្លៀកពាក់បញ្ចេញខ្លួនអាក្រាត ឥត​អៀន​ខ្មាស ព្រះ​បាទ​កៅ​ឌិញ្ញ ក៏​បង្ហាត់​បង្រៀន​អ្នក​ទាំង​នោះ អោយចេះកាត់ដេរសំលៀកបំពាក់បិទបាំងកេរខ្មាស់ ។ ដំបូងព្រះអង្គបានអោយយកក្រណាត់​មក​ចោះ​ធ្វើ​ប្រ​ហោង​ល្មម​ស៊ក​ក្បាល​ចុះ ដែល​ថ្ងៃ​ក្រោយ ក្លាយទៅជាអាវបំពង់វែង។នេះបើតាមឯកសារចិនដដែល។ ប៉ុន្ដែអ្វីដែលសំខាន់ ដែល​ព្រះ​អង្គ​បាន​នាំ​មក​ផ្ដល់​ដល់​សង្គម​ខ្មែរ​នោះគឺ វិជ្ជា​ចំណេះ​ចេះ​ដឹង ដែលមាននៅក្នុងភាសា អក្សរសំស្រ្កិត ទ្រឹស្ដីឧត្ដម​គតិ ទស្សនៈ ច្បាប់​វិន័យ​ក្បួន​ខ្នាត គម្ពីរ​តំរា​ និង​របៀប​រៀប​ចំ​ចាត់​ចែង​គ្រប់​គ្រង​នគរ ដែលមាននៅក្នុងលទ្ធិព្រហ្មញ្ញសាសនា។

  របបរាជានិយមខ្មែរ ត្រូវបានរៀបចំ ចាត់ចែងកំនត់ទៅតាមក្រិត្យក្រមវិន័យក្បួនខ្នាត ដែលមាននៅក្នុងគម្ពីរព្រហ្មញ្ញ​សាសនា​។ ឯ​ការ​គោរព​បូជា​ផ្នែក​សាសនា​វិញ បាន​ផ្លាស់​ប្ដូរ​មក​ព្រះ​សិវៈ ឬព្រះឥសូរ ដែលជាព្រះអាទិទេព មួយអង្គយ៉ាងសំខាន់ នៅក្នុងព្រហ្មញ្ញសាសនា​។ លិង្គ​ជា​ច្រើន​ត្រូវ​បាន​គេ​សាង​សង់​ឡើង សំរាប់​តំណាង​ព្រះ​អាទិ​ទេព​អង្គ​នេះ​។ ដូច្នេះ នេះជាលើកទី១ក្នុងប្រវត្ដិសាស្រ្ដ ដែលនគរខ្មែរ ឬ​នគរ​គោក​ធ្លក​បាន​ទទួល​អរិយ​ធម៌ វប្ប​ធម៌ និង​ឥទ្ធិ​ពល​ឥណ្ឌា​។ ព្រះរាជធានីដំបូងរបស់នគរហ្វូណន ឬនគរភ្នំ មានឈ្មោះថាវ័យធបុរៈ ដែល​ស្ថិត​នៅ​ជិត​ទន្លេ​មេគង្គ​ ជិត​ស្រុក​បាណាម និង​បាភ្នំ​។

រាជវង្សអាណាចក្រភ្នំ
១ ព្រះបាទហ៊ុនហ្វាន់ហួង

  ព្រះបាទហ៊ុនហ្វាន់ហួង ជាបុត្រច្បងរបស់ព្រះបាទហ៊ុនទៀន(កៅឌិញ) ព្រះអង្គបានទទួលស្នងរាជពីបិតា។កាលនោះនគរ​ហ្វូណន​មាន​នគរ​ចំណុះ​៧ ហើយ​នគរ​ទាំង​៧​នោះ​មាន​បំណង​រើបំរះទារយកឯករាជ្យវិញ តែត្រូវព្រះបាទ ហ៊ុនហ្វាន់ហួងវាយបង្រួបបង្រួម​ធ្វើ​ជា​ប្រទេស​តែ​មួយ និង​ដាក់​ញាតិ​វង្ស​របស់​ព្រះ​អង្គ​អោយ​គ្រប់​គ្រងលើនគរចំណុះទាំងអស់នោះផង។

២ ព្រះបានហ្វាន់ហ្វាន់

  ព្រះអង្គគឺជាបុត្រទី២របស់ព្រះបាទហ៊ុនហ្វាន់ហួង ព្រះអង្គបានទទួលស្នងរាជពីបិតា តែព្រះអង្គជាមនុស្សខ្ជិល ច្រអូស​មិន​រវី​រវល់​ពី​រឿង​នគរ​ទេ ដូច្នេះ​កិច្ច​ការ​តូច​ធំ​ត្រូវ​បាន​មេ​ទ័ព​ដ៏អង់អាចម្នាក់ (ហ្វាន់ឆេម៉ាន់)ទទួលរ៉ាប់រង ជំនួសទាំងអស់។ បីឆ្នាំក្រោយ​មក​ព្រះ​អង្គ​ក៏​ចូល​ទី​វង្គត់​បាត់​ទៅ​ នាហ្មឺន​សព្វ​មន្រ្ដី​បាន​សំរេច​លើក​លោកមេទ័ព ហ្វាន់ឆេម៉ាន់អោយស្នងរាជបន្ដពីព្រះអង្គ ព្រោះលោកក៏ជារាជវង្ស​ម្នាក់​របស់​ព្រះ​បាទ​ហ្វាន់​ហ្វាន់​ដែរ​។

ព្រះបាទហ្វាន់ឆេម៉ាន់ ឬហ្វាន់ម៉ាន់ ឬព្រះបាទស្រីមារៈ

  វត្ដមានរបស់ព្រះបាទហ្វាន់ម៉ាន់ក្នុងការស្នងរាជ ពុំបានធ្វើអោយស្ដេចក្រាញ់ទាំងឡាយសប្បាយចិត្ដទេ។ ពួកគេ បាន​ធ្វើ​ការ​បះ​បោរ​ជា​ខ្លាំង តែ​ត្រូវ​បាន​ព្រះ​បាទ​ហ្វាន់​ម៉ាន់​វាយ​បង្រ្កាប​អោយ​ស្ងាត់​ស្ងៀមទៅវិញ។ ព្រះបាទហ្វាន់ ម៉ាន់ជាក្សត្រអង់អាចក្លាហានណាស់។ ព្រះ​អង្គ​បាន​បញ្ជា​អោយ​គេ​ធ្វើ​សំពៅ​ធំ​ៗ ដាក់​បាន​មនុស្ស​រហូត​ដល់ ៧០០នាក់។ ព្រះអង្គបានវាយបង្រ្កាបប្រទេសជិតខាងរហូតដល់​ជ្រោយ​មាលា​កា និ​ងបាន​យក​នគរ​ជា​ច្រើន​មក​ដាក់ជា​ចំណុះ​។ ព្រះអង្គបានគ្រប់គ្រងលើដីធំទូលាយ និងលើផ្ទៃសមុទ្រដ៏ល្វឹងល្វើយ ពីសមុទ្រចិន គឺ​ម្ដុំ​ញ៉ា​ត្រាង (កម្ពុជា​ក្រោម)​ ទៅ​ឈូង​សមុទ្រ​ថៃរ​ហូតដល់ឈូងសមុទ្របឹងហ្គាល។ បើយោលទៅតាមលោកហ្សកកូដេស ព្រះបាទហ្វាន់​ម៉ាន់ បាន​បាត់​បង់​ព្រះ​ជន្ម​នា​ពេល​ដែល​ព្រះ​អង្គ​យាង​ចេញ​ទៅ​បំ​ពេញ​បេសកកម្មនៅតាមព្រំប្រ ទល់មានគីនលីន (ម្ដុំជ្រោយម៉ាលាកា)។

  ក្នុងពេលប្រតិបត្តិការមួយ ដោយព្រះអង្គចាប់ផ្ដើមមានជំងឺ ព្រះអង្គបានបញ្ជូនកូនឈ្មោះ គិនចេង អោយដឹកនាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះ​អង្គ។ ព្រះ​អង្គ​ហ្វាន់​ម៉ាន់ បាន​ទុក​ក្មួយ​ឈ្មោះចាន់ដែលមានកងពលប្រមាណ២០០០ នាក់ នៅជិត សំរាប់ការពារ។ ចាន់ជាកូន​ប្រុស​របស់​បង​ស្រី​ព្រះ​អង្គ​។ តែ​មេ​ទ័ព​ចាន់​បែរ​ជា​ឆ្លៀត​ឱកាស​នេះ ធ្វើរដ្ឋប្រហារ សំលាប់ព្រះបាទហ្វាន់ម៉ាន់ជាមា ហើយប្រកាសតាំង​ខ្លួន​ជា​ព្រះ​មហា​ក្សត្រនគរ​ភ្នំ​។ ព្រឹត្ដិ​ការ​នេះ ប្រ​ហែល​ជា​ផ្ទុះ​នៅក្នុងគ.ស២២៥-២៣០។

ព្រះបាទហ្វាន់ចាន់ ឬព្រះបាទធរនិន្រ្ទវរ្ម័ន(គស២២៥-២៤៥)

  ពេលឡើងគ្រងរាជភ្លាម ព្រះបាទហ្វាន់ចាន់បានចេញបញ្ជាអោយគេធ្វើឃាតពួកក្សត្រពេញច្បាប់ចោលអស់ តែ​កាល​នោះ​អនុជ​ព្រះ​បាទ​គិន​ចេង​បាន​រត់​រួច​ពី​ការ​កាប់​សំលាប់​នេះ។ លុះធំដឹងក្ដីកាលណាព្រះអង្គក៏វិលត្រលប់ មកសម្លាប់ព្រះបាទហ្វាន់ចាន់សងសឹក​ជួស​រាជ​វង្ស​ព្រះ​អង្គ​បាន​ដូច​ប្រា​ថ្នា​មែន​។ តែ​មិន​បាន​ប៉ុន្មានផងព្រះអង្គ បែរជាត្រូវមេទ័ពជំនិតរបស់ព្រះហ្វាន់ចាន់ធ្វើគតវិញម្ដង។ រឿង​រាវ​នេះ​កើត​នៅ​រវាង​ គស​២២៥-​២៣០​ គេ​បាន​រក​ឃើញ​សិលា​ចារឹកមួយដែលមានចំនាស់ជាងគេបំផុតនៅវ៉ូកាញ់ ដែលចាពីទំនាក់ទំនងការ​ទូត​រវាង​ព្រះ​អង្គ នឹង​មហា​ក្សត្រ​ឥណ្ឌា (រាជ​វង្ស​មុរុណ​ទស)។

  កាលណោះព្រះបាទហ្វាន់ចាន់បានចងសម្ព័ន្ធជាលើកទី១ ជាមួយប្រទេសឥណ្ឌានិងប្រទេសចិន។ នៅដើមគ.ស ២២៥ ព្រះ​បាទ​ហ្វាន់​ចាន់​បាន​បញ្ជូន​រាជ​វង្ស​ទ្រង់​ម្នាក់​ទៅ​ដល់​ពាម​សៃ​ហ្កង់ ហើយបានឡើងទៅដល់រាជធានី របស់ព្រះមហាក្សត្រនៃរាជ្យវង្ស​មុរុណ​​ទស (ងារ​​នៃ​​រាជ​​វង្ស​​កុស​​ច័ន្ទ​​នៃ​កុសនៈ​)​។ ពេល​ត្រលប់​មក​ប្រទេសខ្មែរ វិញ ព្រះមហាក្សត្រមុរុណទស បានជូនអំណោយនូវសេះ​អាជា​នេយ្យ​បួន​ពី​ឥណ្ឌា​សីត​ផង​​។ នៅ​គស​២៤៣ ព្រះ​អង្គ​ បាន​បញ្ជូនបេសកជនទៅប្រទេសចិនម្ដង ដោយនាំយកសួយសារអាករ និង ក្រុមភ្លេងទៅថ្វាយ​អធិ​រាជ​ចិន​ផង​។ មួយ​ឆ្នាំ​ក្រោយ​មក​អធិ​រាជ​ចិន​ក៏​បាន​រៀប​ចំស្ថានទូតមួយអោយខ្មែរនៅណង់កាំង។

  បេសកកម្មចិនដែលត្រូវបានមកហ្វូណន នៅចន្លោះ គស២៤៥-២៥០ បានពើបប្រទះជនជែងរាជម្នាក់ នៅ​លើ​រាជ​បល្ល័ង្គ​ខ្មែរ​គឺ​ហ្វាន់​ស៊ីយុន​(ហ្វាន់​ស៊ី​ហុង) ឬ​ព្រះ​បាទ​អស្សា​ជ័យ ហើយក៏បានជួបរាជទូតមរុណទសនៅទីនោះ ដែរ។ បេសកកម្មចិនលើកនេះ​បាន​ផ្ដល់​នូវ​ពត៌​មាន​សំខាន់​ៗ​ជា​ច្រើន​ពី​នគរ​ហ្វូណន​ដូច​ត​ទៅ "ប្រជាជននៅនគរ នោះមិនសូវស្អាតទេគឺមានសំបុរខ្មៅ មានសក់ក្រញ៉ាញ់ មានខ្លួនអាក្រាត​ហើយ​ដើរ​នឹង​ជើង​ទទេ ចូល​ចិត្ដ​របរ​កសិ​កម្ម និង​ចូល​ចិត្ដឆ្លាក់រចនា។ របស់ប្រើប្រាស់ដែលគេសំរាប់ដាក់គ្រឿងបរិភោគសុទ្ធតែ​ធ្វើ​អំពី​ប្រាក់​។ ឯ​ពន្ធដារ​គេបង់​ជា​មាស ប្រាក់ គុជ ឬ​គ្រឿង​កំញាន​។ ពួកគេមានសៀវភៅ និងប័នសារពន្ធអាករដែលមានអក្សរស្រដៀង អក្សរ​ហ៊ូ (បាន​ន័យ​ថា​ដូច​ពួក​អាស៊ី​កណ្ដាល​ដែល​ប្រើ​ប្រាស់​អក្សរ​ដើម​ពី​ឥណ្ឌា​ដែរ​(ហ្សក​កូដេស))។

ព្រះបាទហ្វាន់ស៊ីយុន(ស៊ីហុង) ឬព្រះបាទអស្សាជ័យ(គស២៤៥-២៨៧)

  ក្រោយពីបានធ្វើគតបុត្រាទី២របស់ព្រះបាទហ្វាន់ម៉ាន់ មេទ័ពរបស់ហ្វាន់ចាន់ គឺហ្វាន់ស៊ីហុងក៏បានក្លាយទៅជាស្ដេច នៃ​នគរ​ហ្វូណន នៅ​គ.ស​.២៤៥ ព្រះ​អង្គ​បាន​ទទួល​រាជ​ទូត​ចិន​ពីរ​នាក់។ នៅចន្លោះ ស.គ. ២៦៨ -២៨៧ ព្រះ អង្គបានបញ្ជូនរាជទូតខ្មែរទៅ​ស្រុក​ចិន​វិញ​ជា​បន្ដ​បន្ទាប់​។ ព្រះ​បាទ​ហ្វាន់​ស៊ី​ហុង​គ្រង​រាជ​នៅ​នគរ​ភ្នំយ៉ាងហោច ណាស់ក៏ដល់ គស២៨៧ដែរ គឺជាឆ្នាំទំនាក់ទំនងការទូតចុងក្រោយ​របស់​ព្រះ​អង្គ​ជា​មួយ​ប្រទេស​ចិន​។ បើ​តាម​ឯក​សារ​ចិន​នោះ រាជវង្សរបស់ព្រះថោងនិងនាងនាគ បានគ្រប់គ្រងនៅប្រទេសខ្មែររហូត​ពីរ​សត​វត្ស ដូច្នេះ​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​បាន​រៀប​រាប់​ខាង​លើ​សុទ្ធ​សឹងតែជារាជវង្សរបស់ព្រះថោងនិងនាងនាគទាំងអស់។

II. សង្គមខ្មែរសម័យអាណាចក្រភ្នំ

  ដំណើរវិវត្ដន៍នៃប្រវត្ដិសាស្រ្ដបានង្ហាញថា អាណាចក្រភ្នំ បានទទួលឥទ្ធិលពលអរិយធម៌ ឥណ្ឌាយាងខ្លាំងអស់ពីរលើក គឺ​មួយ​លើក​នៅ​ដើម​ គ.ស​ទី​១ និង​មួយ​លើក​ទៀត​នៅ​ដើម​គ.សទី៥។ តទៅទៀត យើងនឹងសាកល្បងគូសវាសរូប ភាពសង្គមខ្មែរនៅសម័យ​នោះ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ឯក​សារ​ចិន (២៨) និង​សិលា​ចារឹក​។

ក. ជីវភាពសង្គម លក្ខណមនុស្ស ការរស់នៅ ទំនៀមទំលាប់

  ឯកសារចិនជាច្រើនបាននិយាយបញ្ជាក់ថា មនុស្សនៅអាណាចក្រភ្នំមានសំបុរខ្មៅ សក់រួញអង្គាដី រូបច្រើនមិន សូវ​បាន​។ ព៌ត​មាន​ប៉ុណ្ណោះ​អាច​ប្រាប់​យើង​ពី​លក្ខណ​នរ​វិទ្យា​របស់​ជនជាតិខ្មែរ-មនជាទូទៅ និងជាពិសេសរបស់ ជនជាតិខ្មែរយើងនេះឯង ដែលចិន​និយាយ​ថា មាន​សំបុរ​ខ្មៅ​ក្ដី រូប​ច្រើន​មិន​សូវ​បាន​ក្ដី គឺគេនិយាយដោយប្រៀបធៀបជាមួយលក្ខណរបស់មនុស្សចិន។ ប៉ុន្ដែដោយមានកង្វះ​ឯក​សារ​ជា​ភាសា​ខ្មែរ​​នៅ​សម័យ​នោះ​ទើប អ្នក​សិក្សា​ស្រាវ​ជ្រាវ​បានបញ្ចេញទស្សនៈប្លែកៗចំពោះម្ចាស់ដើមនៃអាណាចក្រភ្នំនេះ អ្នកខ្លះ​យល់​ថា​រដ្ឋ​នេះ​ជា រដ្ឋ​ឥណ្ឌា​ខ្លះ​ទៀត​យល់​ថា​រដ្ឋ​មន ឬ​ខ្មែរ​មន​ផង ឬ​មល​​យូ​ទៅ​វិញ​។ តាមការពិតជាតិទាំងប៉ុន្មានខាងលើនេះសុទ្ធតែ បានរស់នៅក្នុង​អាណា​ចក្រ​ភ្នំ​ជា​មួយ​គ្នា​ទាំង​អស់ ហើយ​អ្នក​ខ្លះ​ជា​អ្នក​កាន់​អំណាច​គ្រប់គ្រងគេ(ខ្មែរនិងឥណ្ឌាខ្លះ) ឯអ្នកឯទៀតជាអ្នកត្រូវគេគ្រប់គ្រងប៉ុណ្ណោះ (មន-​មលយូ) (ចំពោះ​បញ្ហា​នេះ សូម​មើល​អត្ថ​បទ «ហ្វូណន​ជា​រដ្ឋ​ខ្មែរ ឬ​ពុំ​មែន​ទេ? » ចុះ​ផ្សាយក្នុងព្រិត្ដិប័ត្រវិទ្យាស្ថានខ្មែរលេខ ៥ខែសីហា គ.ស.​១៩៧៣)​។

  ឯកសារចិនដដែលបាននិយាយទៀតថា មនុស្សនៅអាណាចក្រភ្នំច្រើនលែងខ្លួន អ្នកក្រស្លៀកសារុងអំបោះដើរ ជើងទទេ​អ្នក​មាន​និង​នាម៉ឺន​ស្លៀក​សារុង​ចរបាប់​ពាក់​ស្បែក​ជើង​។ ផ្ទះ​សង់​ខ្ពស់​ពី​ដី​ប្រក់​ស្លឹក​ចាក ដែលដុះនៅមាត់សមុទ្រ ហើយមានការតុបតែង។ ផ្ទះ​ទាំង​នោះ​សុទ្ធ​សង់​ពី​ឈើ​ដែល​គេ​កាប់​យក​មក​ពី​ក្នុង​ព្រៃ មាន​របង​ព័ទ្ធ​ជុំ​វិញ ហើយផ្ដុំគ្នាជាភូមិ មានពី៥០ ទៅ៦០ ផ្ទះ ដែលមានស្រះមួយ​សំរាប់​យក​ទឹក​ប្រើ​ប្រាស់​រួម​គ្នា​។​

  មនុស្សនៅអាណាចក្រភ្នំ គ្មានគំនិតរញិមរញ៉ាំត្រង់ណាស់ មិនចេះលួចទេ (ឯកសារខ្លះថា មានចិត្ដលោភលន់) មាន​ការ​ប៉ិន​ប្រសប់​ហើយ​ខិល​ ព្រោះ​ចូល​ចិត្ដ​ចាប់​យក​មនុស្ស​នៅ​ក្រុងជិតខាង ដែលមិនព្រមគោរពរាប់អានខ្លួន មកធ្វើជាខ្ញុំកំដរ។ នៅពេល​ទំនេរ គេ​ចូល​ចិត្ដ​លេង​ប្រជល់​មាន់ និង​ប្រជល់​ជ្រូក​។

  សង្គមអាណាចក្រភ្នំជាសង្គម «មេនិយម» គឺគេទុកស្រីជាធំ ក្នុងគ្រួសារផង ក្នុងសង្គមផង រឿងនាងលីវយី លើក​ទ័ព​ទៅ​ត​ទល់​នឹង​ហ៊ុន​ទៀន​ ជា​ភស្ដុ​តាង​មួយ​យ៉ាង​ជាក់​ស្ដែង​។ ឯកសារចិនបាននិយាយថា ពិធីបុណ្យការ និង បុណ្យសពមានលំនាំដូចនៅលើយី ហើយ​បាន​បញ្ជាក់​ថា​ នៅ​ស្រុក​នោះ​ស្រី​ៗ​ទៅ​ដណ្ដឹង​ប្រុស​ៗ បើ​ដូច្នេះ​អ្នកស្រុកភ្នំ សម័យនោះច្បាស់ជានៅនិយាយអោយស្រីទៅដណ្ដឹងប្រុស​នៅ​ឡើយ​។ នេះ​ជា​ធាតុ​មួយ​ទៀត​សំរាប់​បញ្ជាក់​ពី អត្ថិភាពនៃលទ្ធិ «មេនិយម» ទៀតដែរ។ ចំពោះរឿងនេះពួកចិនបានកត់សំគាល់ម្យ៉ាង​ទៀត​ថា នៅ​ក្នុង​គ្រួ​សារ​ពួក​ស្រី​ប្រុស​គេ​អាច​ទាក់​ទង​គ្នា​បាន​តាមទំនើងចិត្ដ។ ក្នុងករណីកាន់ទុក្ខ គេត្រូវតែកោរសក់កោរពុកមាត់ ឯ​ពិធី​រំលាយ​សព្វ​មាន​៤​យ៉ាង​៖

១. បោះសពចោលទៅក្នុងទឹកទន្លេ
២. បូជាដោយភ្លើង
៣. យកសពទៅកប់
៤. យកសពទៅដាក់ចោលក្នុងព្រៃស្មសានអោយសត្វស៊ី។
ក្នុករណីបូជាដោយភ្លើង គេតែងប្រមូលធាតុ ដែលនៅសល់យកទៅដាក់ក្នុងកោដ្ឋ១បិទជិត ហើយយកទៅបោះ​ចោល​ក្នុង​ទឹក​ទន្លេ​។ បើ​ជា​ព្រះ​មហា​ក្សត្រ​កោដ្ឋ​នោះ​ធ្វើ​ពី​មាស បើជានាម៉ឺនសព្វមុខមន្រ្តីគេប្រើកោដ្ឋជាប្រាក់ ហើយបើជារាស្រ្ដសាមញ្ញ​ប្រើ​កោដ្ឋ​ដី​។ អ្នក​ស្រុក​អាណា​ចក្រ​ភ្នំ​ចូល​ចិត្ដ​ប្រើ​វិធី​អស្ចារ្យ​ដើម្បីរកសេចក្ដីពិត។ កាលណាមានបាត់របស់អ្វីមួយ គេយកបាយមួយពុំនូត យក​ទៅ​ដាក់​ចំពោះ​ព្រះ​ភក្រ្ដ​ទេព្ដា​ រួច​គេ​អង្វរ​សូម​អោយ​ព្រះ​អង្គ​ជួយ​បង្ហាញមុខជនទុច្ចរិត។ ស្អែកឡើងគេយក បាយនោះ ទៅចែកអោយពួកខ្ញុំនៅក្នុង​ផ្ទះ​អោយ​បរិ​ភោគ ក្នុង​មាត់​របស់​ចោរ​នឹង​មាន​ឈាម​ហូរ​ចេញយ៉ាងជាក់ ស្ដែង ហើយវាមិនអាចទំពារបាយផង ឯមាត់របស់ជនទៀងត្រង់បាយ​នោះ​​អាច​រឥល​ទៅ​ក្នុង​មាត់​ដោយ​ស្រួល​។ ម្យ៉ាង​ទៀតបើកាលណាមានជនជាប់ចោទ គេអោយជននោះអត់បាយ៣ថ្ងៃ រួចគេតំរូវអោយលូកយក​វត្ថុ​ផ្សេង​ៗ ចេញ​ពី​ទឹក​កំពុង​ពុះ ឬ​កាន់​ពូ​ថៅ ឬច្រវាក់ដុតក្រហមដើរ ៧ជំហាន។ បើមានកំហុសមែន ដៃរបស់ជននោះត្រូវ រលាករលួយ ផ្ទុយ​ទៅ​វិញ​គឺ​គ្មាន​ហ្មង​អ្វី​ទាំង​អស់​។

III. ឥណ្ឌាវូបនីយកម្មលើកទី២

  បន្ទាប់ពីរាជរបស់ស្ដេចអស្សាជ័យ ឬហ្វាន់ស៊ីយុន ឬហ្វាន់ស៊ីហុង មក ស្ថានភាពរាជបល័្លង្គនៃនគរហ្វូណនហាក់ដូច ជា​មាន​ការ​ល្អក់​កករ​​ស្រ​ពិច​​ស្រ​ពិល​ជា​ខ្លាំង​។ ដោយ​ខ្វះ​ឯក​សារ​គេពុំអាចដឹងបានពីព្រឹត្ដិការណ៍ផ្សេងៗ ដែលកីតឡើងនៅក្នុងពេលនោះទេ។ នៅ​ចេន្លាះ គ.ស.​២៨៥​ ២៨៨ មាន​រាជ​ទូត​ហ្វូណន​បី​នាក់​បាន​ចូលទៅគាល់មហា ក្សត្រចិន ព្រោះកាលនោះពាណិជ្ចកម្មនាវាចររវាងចិននឹងខ្មែរ មាន​ការ​រីក​ចំរើន​ជា​ខ្លាំង​ ដោយ​សារ​រាជ​វង្ស​ចិន ទើប​តែ​បង្រួបបង្រួមគ្នា ដូច្នេះបានជាគេត្រូវការវត្ថុមានតំលៃផ្សេងៗ សម្រាប់បំពេញសេចក្ដី​ត្រូវ​ការ​បស់​អធិ​រាជ ថ្មី​​។ បើ​តាម​យោ​បល់​របស់​លោក​ហ្សក​កូដេស នៅរវាង គស៣៥៧ ដោយសារមានវិបត្ដិនិងការវិកវរជាថ្មីនៅប្រ ទេស​ឥណ្ឌា នគរ​ហ្វូ​ណន​ត្រូវ​​បាន​ទទួល​ការ​រាត​ត្បាត ឬនឹងហូរចូលជាថ្មីនៃជនអន្ដោប្រវសេន៍ឥណ្ឌា មានជាអាទិព្រះ បាទត្ថានតាន់ ឬចាន់ដាន់(រាជ​ងារ​របស់​ពួក​សក​​រាជ​វង្ស​នៃ​ពួក​សក​រាជ​វង្ស​នៃ​ពួក​កុសន​ ​ដែល​ទើបតែត្រូវរលត់ រលាយនៅប្រទេសឥណ្ឌា) ដែលប្រហែលជាមានដើមកំណើត​ចេញ​ពី​អ៉ីរ៉ង់​ ប្រ​ហែល​ជា​ពួក "កុស​ច័ន្ទ"​។ ក្រោយ​ពេល​ដែល​ព្រះអង្គបានទទួលរាជាភិសេក ព្រះអង្គមាននាមថា ព្រះបាទកៅឌិញ​វរ្ម័ន​ទី​២​។ សិលា​ចារឹក​ខ្លះ​នៅ​អង្គរ​ក៏​បាន​រៀប​រាប់​ពី​ប្រវត្ដិ​របស់​ទ្រង់​ដែរ​។ ព្រះអង្គជាក្សត្រមកពីប្រទេសឥណ្ឌា ជាត្រកូលព្រាហ្មណ៍ដូចគ្នានឹង​ព្រះ​បាទ​កៅ​ឌិញ​ទី​១ (ព្រះ​ថោង​)​ដែរ​។ ព្រះ​អង្គ​គ្រង​រាជ​នៅ "វ័យធបុរៈ" ឬ "បុរីទម័ក" ដដែល។នៅពេលជាមួយ គ្នានោះដែរ មានការកកើត​នគរ​ឥណ្ឌូ​ជា​បន្ដ​បន្ទាប់​នៅ​បក​នេ​អូ និង​នៅ​កោះ​ជ្វា​។ គឺ​នៅ​ក្នុង​ជំនាន់​នោះ​ឯង ដែលប្រជាជនខ្មែរនៅហ្វូណនបានធ្វើពាណិជ្ជកម្មអន្ដរជាតិជាមួយ​ប្រ​ទេស​នានា​នៅ​អា​ស៊ី​ និង​នៅ​ទ្វីប​អឺ​រុប​ផង​ដែរ​។ កំពុង​ផែ​សំខាន់​របស់​ខ្មែរនាសម័យនោះស្ថិតនៅ អូរអោ (កម្ពុជាក្រោម) និងនៅអូរកែវ​(បច្ចុប្បន្ន​ឈូង​សមុទ្រ​ថៃ​)​។

ព្រះបាទកៅឌិញវរ្ម័នទី២

  កាលឡើងគ្រងរាជសម្បត្ដិនៅស្រុកខ្មែរ ព្រះអង្គបន្ថែមឈ្មោះវរ្ម័ន មកលើព្រះនាមព្រះអង្គ ដែលក្លាយទៅជាព្រះ​បាទ​កៅ​ឌិញ​វរ្ម័ន ព្រះ​អង្គ​ជា​ក្សត្រ​មួយ​អង្គ ប្រ​កប​ដោយ​ទស​ពិធ​រាជ​ធម៌ ស្រលាញ់សន្ដិភាព និងមានរិទ្ធិចេស្ដា ខ្លាំងណាស់។ ព្រះអង្គតែងមានចិត្ដ​ប្រណី​​ចំពោះ​​បណ្ដាជន​ទាំង​ឡាយ​។ ព្រះ​អង្គ​ជា​ក្សត្រ​កាន់​ព្រហ្មញ្ញសាសនាគោរពបូជាព្រះសីវៈ (ព្រះឥសូរ)។ នៅក្នុងរាជព្រះអង្គ ប្រជាជនខ្មែរ​រស់​នៅ​ដោយ​សុខ​សាន្ដ​ និង​បរិ​បូណ៌​ណាស់​។ ឯ​ស្ថា​ប័ន​ផ្សេង​ៗ ដូចជាការអប់រំ ជំនឿសាសនា វប្បធម៌ អរិយធម៌ជាដើម ត្រូវព្រះអង្គរៀបចំតាម​របៀប​ព្រហ្មញ្ញ​សាសនា​​ដដែល​។ ទោះ​ជា​ព្រហ្មញ្ញ​សាសនា​មាន​ឥទ្ធ​ពល​ខ្លាំងមែន តែពុទ្ធសាសនា(មហាយាន) ក៏នៅតែអាច នៅស្រុះស្រួល​ជា​មួយ​គ្នា​បាន​ដោយ​សុខ​សាន្ដ​ដែរ​។ ព្រះ​បាទ​កៅ​ឌិញ​វរ្ម័ន​ទី​២ បានស្នើសុំក្សត្រនៅឥណ្ឌា ដែល ត្រូវជាញាតិវង្សទ្រង់ អោយបញ្ជូនព្រាហ្មណ៍​បណ្ឌិត​ជា​ច្រើន​មក​ពី​ឥណ្ឌា ដើម្បី​ជួយ​រៀប​ចំ​ស្រុក​អោយ​បាន​រុងរឿង ព្រះអង្គក៏បានប្រទានរង្វន់ជាទីគាប់ចិត្ដ ជាកិត្ដិយស មាសប្រាក់ បុណ្យសក្ដិ និង​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​ដល់​ពួក​ព្រាហ្មណ៍​ទាំង​នោះ​។

  ព្រះបាទកៅឌិញវរ្ម័នទី២ ជាព្រះមហាក្សត្រមួយអង្គ ខ្លាំងពូកែ ល្បីល្បាញ មាននគរជិតឆ្ងាយជាច្រើនបានចុះចូលជានគរ​ចំនុះ​។ ព្រះ​អង្គ​មាន​បុត្រា​មួយ​ដែល​គេ​បាន​ស្គាល់​ក្រោម​ព្រះ​នាម​ថា ព្រះបាទស្រីឥន្រ្ទវរ្ម័ន។ ព្រះអង្គ ឡើងសោយរាជពី គ.ស ៣៥៧ ដល់ ៤៣០ ព្រះ​រាជ​ធានី​តាំង​នៅ វ័ធ​បុរៈ ហើយ​ដែល​ចិន​ហៅក្លាយទៅជា ទូមូ ឬទម័ក។

ព្រះបាទស្រីអន្រ្ទវរ្ម័ន(គស៤៣០-៤៨០)

  ព្រះបាទស្រីអន្រ្ទវរ្ម័ន ជាព្រះរាជបុត្ររបស់ព្រះបាទកៅឌិញវរ្ម័នទី២ ព្រះអង្គបានទទួលស្នងរាជពីបិតាទ្រង់នៅ រវាង គស​៤៣០-៤៣៥​។ ព្រះ​អង្គ​បាន​រក្សា​ទំនាក់​ទំនង​ការ​ទូត​ជា​​មួយប្រទេសចិនជានិច្ច។ នៅគស៤៣៤ ៤៣៥ និង ៤៣៨ ព្រះអង្គបានបញ្ជូនរាជទូត​ព្រះ​អង្គ​បី​ដង​ទៅ​គាល់​ព្រះ​ចៅ​ចិន​ឈ្មោះ «វេន» ត្រកូល​សុង។ កាលណោះ ប្រទេសចិនកំពុងមានទំនាស់ជាមួយប្រទេសចំប៉ាក្នុងការដន្ដើមគ្នា​យក​អាណា​ខេត្ដ​តុង​កឹង​។ ក្នុង​នាម​ជា​មិត្ដ​ភាព ព្រះ​អង្គ​មិន​បានគាំទ្រ ជួយជ្រោមជ្រែងស្ដេចចាមដែលច្បាំងនឹងប្រទេសចិននោះទេ។

ព្រះបាទកៅឌិញជ័យវរ្ម័ន(គ.ស.៤៨០ ៥១៤ )

  ព្រះអង្គគឺជាបុត្ររបស់ព្រះបាទស្រីឥន្រ្ទវរ្ម័ន។ ព្រះអង្គបានបន្ដកិច្ចការទូតជាមួយប្រទេសចិនដដែល។ ព្រះ​ចៅ​ក្រុង​ចិន​បាន​ដាក់​ងារ​ព្រះ​អង្គ​ថា​ «មេ​ទ័ព​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិកខាងត្បូង»។ ព្រះបាទកៅឌិញជ័យវរ្ម័នក៏ជាក្សត្រ ហិណ្ឌូម្នាក់ដែរ គោរពប្រតិបត្ដិព្រះ​មហិ​ស្វរៈ​(សីវៈ, ព្រះ​ឥសូរ​)​ ជា​ព្រះ​ចុះ​មក​លើ​ភ្នំ​ខ្ពស់ និម្មិតរូបដោយលិង្គ(សីវៈ គីរីសៈ)។

  នៅគ.ស.៤៨៤ នគរហ្វូណន មានទំនាស់ជាមួយនគរចំប៉ា ព្រះបាទកៅឌិញជ័យវរ្ម័ន ក៏បានបញ្ជូន​តំណាងពុទ្ធសាស និក​ខ្មែរ​ម្នាក់​ឈ្មោះ «សក្ស​នាគ​សេន​» ទៅ​ស្រុក​ចិន​ដើម្បីសុំជំនួយពីព្រះចៅចិន ប៉ុន្ដែសំនូមពរនេះត្រូវបានបដិ សេធ។ នៅគស៤៩២ ស្ដេចចាម​នោះ​ត្រូវ​ជន​ជែង​រាជ​ចាម​ម្នាក់​ធ្វើ​ឃាត​បាត់​ទៅ​សង្រ្គាម​ជា​មួយ​នឹង​ចំប៉ាក៏ត្រូវ ចប់ត្រឹមនេះ។

  ព្រះបាទកៅឌិញជ័យវរ្ម័ន គឺជាមហាក្សត្រឧស្សាហ៍ព្យាយាមក្នុងការកសាង និងអភិវឌ្ឍន៍នគររបស់ទ្រង់ណាស់ ព្រះអង្គ​បាន​រៀប​ចំ​តំបន់​លិច​ទឹក​(កម្ពុជា​ក្រោម) បច្ចុប្បន្ន​វៀត​ណាម​ខាង​ត្បូង) ដើម្បីពង្រីកភូមិដ្ឋានថ្មី និងដីធ្លីដាំ ដំណាំបន្ថែមទៀតដែលមានបណ្ដោយ​ប្រវែង​២០០​គម​។ នៅ​សម័យ​នោះ​ពុទ្ធ​សាសនា​បាន​រីក​ដុះ​ដាល​ជាខ្លាំង ហេតុនេះបានជាព្រះមហាក្សត្របានបញ្ជូន​តំណាងពុទ្ធសាសនិកពីររូប គឺ​លោក​មន្ទ្រ​សេនា និង​ភិក្ខុ​ប៉ាល អោយ​ទៅ​ស្រុក​ចិន ដើម្បី​បក​ប្រែភាសាសំស្រ្កឹត។ ព្រះបាទកៅឌិញជ័យវរ្ម័នបានចូល​ទី​វង្គត់​នៅ​ឆ្នាំ​៥១៤​។

  ពួកចិនបានបន្សល់ទុកនូវពត៌មានខ្លះៗស្ដីពីអរិយធម៌ហ្វូណនកាលពីសម័យនោះ។ ពួកគេបានកត់ត្រាពីការអនុវត្ដន៍ របប​ទាស​ភាព​ដែល​បាន​មក​ពី​ការ​ចាប់​ឈ្លើយ​ប្រ​ទេស​ជិត​ខាង ពីការធ្វើជំនួញ មាស ប្រាក់ សំពត់ ព្រែ សូត ការ ផលិតគ្រឿងអលង្កាពីមាស គ្រឿង​ចាន​ឆ្នាំង​ធ្វើ​អំពី​ប្រាក់​។ល។ គេ​សំ​គាល់​ឃើញ​ថា​ស្ដេច​តែងរស់ នៅក្នុងពន្លា ជាថ្នាក់ៗ ប្រជារាស្រ្ដរស់នៅក្នុងផ្ទះផុតពីដីដែល ប្រក់​ស្លឹក​បបុស​។ គេ​បាន​ឃើញ​សំពៅ​ធំ​ៗ​ជា​ច្រើន​ដែល​មានប្រវែង​៨០​-៩០ម៉ែត្រ និងទទឹង៦-៧ម៉ែត្រ។ សំពៅទាំងនេះអាចផ្ទុកមនុស្សបានរហូតដល់៧០០​នាក់ និង​អាច​បើក​ បរ​លើ​សមុទ្រ​ធំ​ល្វឹង​ល្វើយ​។ នៅលើក្បាលនិងកន្ទុយសំពៅទាំងនោះមានឆ្លាក់រូបត្រី (ក្បាល និងកន្ទុយត្រី)។ ពេល​ចេញ​យាត្រា​ទៅ​ណា​មក​ណា មហា​ក្សត្រ​តែង​ជិះ​ដំរី​។ ឯ​ល្បែង​កំសាន្ដ​របស់​គេគឺការជល់មាន់ និងជល់ជ្រូក។ នៅពេលកាត់សេចក្ដីគេដាំទឹកអោយ​ពុះ​រួច​ដាក់​ចិញ្ចៀន​មាស និង​ពង​មាន់ ឬ​ដុត​ច្រវាក់​ដែក​អោយឡើងក្រហម បន្ទាប់មកគេអោយអ្នកក្ដីក្ដាន់ដើរចំនួន៧ជំហាន ដៃពិរុទ្ធជននឹង​រលាក​រលួយ តែ​ដៃ​សុចរិត​ជន​នឹង​មិន​ត្រូវ​រលាក​ទេ​។ ម្យ៉ាងទៀតគេយកអ្នកក្ដីទាំងពីរទៅជ្រមុជទឹក បើគេជាជនទុច្ចរិត គេនឹងលង់ទឹកនោះ តែ​បើសុច​រិត​ជន​មិន​លង់​ទឹក​ឡើយ​។ គេ​បាន​ចារ​ទៀត​ថា «នៅ​តាម​ភូមិ​ដ្ឋាននីមួយៗគ្មានអណ្ដូងទឹកទេ តែនៅកន្លែងផ្ដុំគ្នាប្រមាណបួនដប់គ្រួសារ ទើប​មាន​ស្រះ​ទឹក​មួយ​ដែល​គេ​ជីក​ប្រើ​រួម​គ្នា​។​ គេ​គោ​រព​ប្រតិបត្ដិព្រះនៃផ្ទៃមេឃ ដោយបានធ្វើរូបទាំងនោះពីសំរិត រូបដែលមានក្បាល​ពីរ​គេ​ធ្វើ​ដៃ​បួន ឯ​រូប​ដែល​មាន​ក្បាល​បួន​គេ​ធ្វើ​ដៃ​ប្រាំ​បី​ហើយ​នៅ នឹងដៃនីមួយៗមានកាន់វត្ថុផ្សេងៗ ដូចជាកូនក្មេង សត្វបក្សី សត្វ​ចតុប្បាទ ព្រះ​អាទិ​ត្យ​ឬ​ព្រះ​ច័ន្ទ​។ល។​ ពេល​ព្រះ​មហា​ក្សត្រ​គង់​លើ​បល្ល័ង្គ ព្រះ​អង្គ​តែងបញ្ឈរជង្គង់ខាងស្ដាំ។ នៅពីមុខព្រះអង្គមានជើងពាន ផ្ដិលមាស និងមានដុត​គ្រឿង​កំញាន​ទៀត​ផង​។ គេ​កាន់​មរណ​ទុក្ខ​ដោ​យកោរពុកមាត់ឬពុកចង្កា។ របៀបរំលាយសពមានបួនយ៉ាងគឺ ទំលាក់សពចោលទៅ​ក្នុង​ទឹក បូជា​ដោយ​ភ្លើង​ បញ្ចុះ​(កប់)​ដី ឬ​យក​ទៅ​ចោល​ក្នុង​ព្រៃ​ស្ម​សាន​ទុក​ជា​ចំណី​សត្វ​បក្សី​ (ហ្សកកូដេស)។

ព្រះបាទរុទ្រ្ទវរ្ម័ន(គស៥១៤-៥៥០ រាជធានីបុរីទម័ក)

  ព្រះអង្គជាបុត្រក្រៅច្បាប់របស់ព្រះបាទកៅឌិញជ័យ(កូនជាមួយស្នំ) តាមប្រពៃណី និងក្រិតក្រមនៅជំនាន់នោះ ព្រះ​អង្គ​គ្មាន​សិទ្ធិ និង​គ្រង​រាជ​ទេ​។ ដោយ​សារ​ការ​លោភ​លន់​អំណាច​ខ្លាំង​ពេក ព្រះអង្គបានសំលាប់បុត្រពេញ ច្បាប់របស់ព្រះបាទកៅឌិញជ័យវរ្ម័នគឺព្រះបាទ​គុណវ​រ្ម័ន​ ដើម្បី​ដណ្ដើម​​យក​រាជ​បល្ល័ង្គ​។ ចំណែក​មាតា​ព្រះ​បាទ​គុណ​វរ្ម័ន ម្ចាស់ក្សត្រីកុលារដ្ឋាវត្ដីមានការឈឺចាប់ ឆ្អែតចិត្ដនឹងអំពើកាចសាហាវយង់​ឃ្នង​របស់​ព្រះ​បាទ​រុទ្រ្ទ​វរ្ម័ន​ ព្រះ​នាង​ក៏​បាន​ចេញ​ទៅ​សាង​ផ្នួស​ក្នុង​ព្រៃ​ស្ម​សាន​តែ​ម្នាក់​ឯង​បាត់​ទៅ​។

  ព្រះបាទរុទ្រ្ទវរ្ម័ន បានបន្ដការទូតជាមួយប្រទេសចិនដដែល នៅគស៥១៧ និង៥៣៩ ព្រះអង្គបានបញ្ជូនរាជទូត ខ្មែរ​ទៅ​គាល់​ព្រះ​ចៅ​ចិន​ជា​បន្ដ​បន្ទាប់​។ ឯក​សារ​ចិន​បាន​បញ្ជាក់​ថា ព្រះអង្គបានទាំងធ្វើអំណោយសក់ព្រះពុទ្ធ មួយសសៃដល់ស្ដេចចិនទៀតផង​។ ដោយ​សារ​អំពើ​យង់​ឃ្នង​ខុស​តំរា​របស់​ព្រះ​បាទ​រុទ្រ្ទ​វរ្ម័ន នគរ​ហ្វូណនបានធ្លាក់ចុះក្នុងស្ថានភាពវឹកវរជាខ្លាំង មិនបានប៉ុន្មានផងព្រះអង្គបាន​បាត់​ខ្លួន​ដោយ​មិន​ដឹង​មូល​ហេតុ​អ្វី​ច្បាស់​លាស់​ទេ​។ សង្គ្រាម​ផ្ទៃ​ក្នុង​ ក្នុងចន្លោះគ.ស ៥៤០-៥៥០ បានបណ្ដាលអោយនគរភ្នំបែកបាក់ប្រេះ​ឆា លែង​មាន​ឯក​រាជ​ភាព​ ក្លាយ​ជា​នគរ​តូច​ៗ​ដាច់​ៗ​ពី​គ្នា ក្រោយ​មក​នគរ​ហ្វូណនបានត្រូវគ្រប់គ្រងដោយញាតិវង្សរបស់ព្រះបាទគុណវរ្ម័នវិញ​។ តែ​បន្ទាប់​មក​ទៀត រាជ​របស់​ញាតិ​វង្ស​ព្រះ​បាទ​គុណ​វរ្ម័ន​នេះ ត្រូវចៅរបស់ព្រះបាទរុទ្រ្ទវរ្ម័ន ដែលបានរៀបអភិសេកជាមួយបុត្រីនៃ​នគរ​កម្ពុជា លើក​គ្នា​មក​វាយ​យក​នគរ​ហ្វូ​ណន និង​បង្រួប​បង្រួម​គ្នា​ជានគរតែមួយវិញ គឺនគរ ចេនឡារួម។ ដូច្នេះតាមដែលគេបានស្គាល់គឺព្រះបាទរុទ្រ្ទវរ្ម័ន​ជា​មហា​ក្សត្រ​ចុង​ក្រោយ​នៃ​នគរ​ហ្វូណន​។

  នេះជារបៀបនិទានរឿង version របស់ចិនស្ដីអំពីដើមកំណើតនៃរាជវង្សនៅហ្វូនន។ ចំណែកសិលាចារឹក​ចាម​នៅ មីសឺន (គ.ស.​៦៥៨)(២៧) បាន​រំលឹក​ពី​ដើម​កំណើត​នេះ​ដោយ​និទាន​ថា ព្រាហ្មណ៍ កៅណ្ឌិន្យ ដែលបានទទួលលំពែងមួយពីព្រាហ្មណ៍ អស្វត្ថា​ម័ន បាន​ពួយ​លំពែង​នោះ ដើម្បី​រក​កន្លែង​កសាង​រា​ជធានី រួចបានរៀបរាជាភិសេក ជាមួយនាង សោមា ជាបុត្រីរបស់ស្ដេចភុជង្គនាគ ដែល​បាន​បង្កើត​រាជ​វង្ស​មួយ​ គឺ​សោម​វង្ស​។ គួរ​កត់​សំគា​ល់ថា រឿង​បែប​នេះ​ត្រូវបានសិលាចារឹកខ្មែរមួយនៅ ស.វ.ទី១០ (សិលា​ចារឹក​បក្សី​ចាំ​ក្រុង) រំលឹក​ឡើង​វិញ​ ហើយ​បើ​តាម​គេ​ប៉ាន់​ស្មាន​មើល​ទៅ​គឺ​ត្រូវ​នឹងរឿង ដែលលោកជីវតាក្វាន់បានកត់ទុក កាលបានមកទស្សនាប្រទេសខ្មែរ​នៅ​សម័យ​អង្គរ ​(ចុង​ ស.វ.១៣) និង​ត្រូវ​នឹង​រឿង​ព្រះ​ថោង នាង​នាគ ក្នុងរាជពង្សាវតារខ្មែរយើងទៀតដែរ។

  ដូច្នេះទោះបីរបៀបនិទានរឿងមានសភាពប្លែកៗគ្នាក៏ដោយ ក៏យើងអាចសន្និដ្ឋានបានថា តួអង្គ ហ៊ុនទៀន ឬ កៅ​ណ្ឌិន្យ ឬ​ព្រះ​ថោង ជា​មនុស្ស​តែ​ម្នាក់ ឯនាងលីវយី ក៏ដូចគ្នានឹង សោមា ឬនាងនាគដែរ។ហើយទោះបីរឿង ទាំងនេះមានលក្ខណៈជារឿងព្រេង​ក៏​ដោយ​ក៏​អាច​បង្ហាញ​​ការ​ពិត​ដល់​យើង​ខ្លះ​មិន​ខាន គឺ​ថា​មានធាតុបរទេស មួយគឺធាតុឥណ្ឌាបាននាំអរិយធម៌របស់ខ្លួនមកផ្ដុំផ្សំជាមួយ នឹង​អរិយ​ធម៌​របស់​អ្នក​ស្រុក​អាយ (មាន​នាង​នាគ​ជា​​តំណាង​) ដើម្បី​បង្កើត​អរិយធម៌ចំរុះមួយដែលបានវិវត្ដរហូតដក់សព្វថ្ងៃនេះ។ ម្យ៉ាងទៀតព្រឹត្ដិ​ការណ៍​ទាំង​នេះ ត្រូវ​តែ​បាន​កើត​ឡើង​ក្នុង​គ្រិស្ដ​សត​វត្ស​ទី១ ព្រោះថានៅសតវត្សបន្ទាប់មកទៀត ព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដត្រូវ បានកត់ត្រាដោយ​សិលា​ចារឹក​ផង និង​ដោយ​អ្នក​ប្រវត្ដិ​សាស្រ្ដចិ​ន​ផង​។

  បើតាមពង្សាវតាររាជវង្សលាង ហ៊ុនទៀនមានបុត្រម្នាក់ដែលបានទៅត្រួតត្រាលើទឹកដីមួយផ្នេកដែលមានក្រុង​ប្រាំ​ពីរ​។ ក្នុង​​ចំណោម​អ្នក​សោយ​រាជ្យ​ត​មក​មាន​ស្ដេច​ឈ្មោះ ហ៊ុន​ប៉ាង​ហួង​។ ស្ដេចអង្គនេះបានប្រើឧបាយកលផ្សេងៗ ដើម្បីអោយក្រុងទាំងនោះ​បែក​បាក់​សា​មគ្គី​គ្នា​អស់ រួច​លើក​ទ័ព​ទៅ​វាយ​យក​បាន​ទាំង​អស់​។ បន្ទាប់មក ចាត់អោយកូននិងចៅរបស់ព្រះអង្គទៅត្រួតត្រាក្រុង​ទាំង​នោះ មួយ​ម្នាក់​ៗ​។ ស្ដេច​ ហួន​ប៉ាន​ហួង សោយ​ទី​វង្គត​នៅ​ពេល​ដែល​មានជន្មាយុជាង៩០ឆ្នាំ។ កូនប្រុសទី២ ឈ្មោះ ប៉ានប៉ាន ត្រូវលើកអោយឡើង​សោយ​រាជ​តែ​បាន​ប្រ​គល់​កិច្ច​ការ​រដ្ឋ​ទាំង​ឡាយ​អោយ​មេ​ទ័ព​ហ្វាន​ចេម៉ាន មើលខុសត្រូវ។ ស្ដេចប៉ានប៉ាន សោយរាជបានតែបីឆ្នាំក៏សុគត​ទៅ​។ ប្រជា​រាស្រ្ដ​បាន​ព្រម​គ្នា លើក​​ហ្វាន​ចេ​ម៉ានអោ​​ឡើង​សោយ​រាជ្យ។ ស្ដេចអង្គនេះមានសេចក្ដីក្លាហាន ហើយរិទ្ធានុភាពខ្លាំងណាស់ ព្រះ​អង្គ​បាន​លើ​ទ័ព​ទៅ​វាយ​ប្រ​ទេស​ជិត​ខាង​ដាក់​ជា​ចំនុះ​អស់​ជា​ច្រើន​។ ព្រះអង្គទ្រង់ប្រកាសថាជា «មហារាជនៃហ្វូនន» ។ បន្ទាប់មកទ្រង់បញ្ជា​អោយ​ធ្វើ​សំពៅ​ធំ​ៗ​ជិះ​កាត់​សមុទ្រ ទៅ​វាយ​នគរ​បាន​ជាង​១០ ដែលក្នុងចំណោមនោះមាននគរ គីវទូគុន K'iu-tou-K'ouen កៀវឆេ kieou-tche ទៀន ស៊ុន​ Tien-Souen។ ព្រះ​អង្គ​បាន​ពង្រី​ទឹក​ដី​ធំ​រហូត​ដល់​៥ ឬ ៦ពាន់លី។

  អ្នកប្រវត្ដិសាស្រ្ដនិយមចាត់ទុកដោយសមហេតុសមផលថា ហ្វានចេម៉ាន នេះត្រូវនឹងស្ដេចស្រីមារៈ ដែលមាន​ឈ្មោះ​ចារ​នៅ​ក្នុង​សិលា​ចារឹក​វ៉ូ​កាញ់ ខេត្ដ​ញ៉ា​ត្រាង ប្រទេស​វៀត​ណាម​សព្វ​ថ្ងៃ ដែលពីដើមគេយល់ច្រលំថាជា របស់ចំប៉ា តែក្រោយមកគឺ​ចាប់​ពី គ.ស.១៩២៧ លោក​ Louis Finot ចាត់​ទុក​ថា​ជា​របស់​សាមន្ដ​រដ្ឋ​មួយ​របស់អាណាចក្រភ្នំទៅវិញ។

  ឯកសារចិនបានបញ្ចាក់ប្រាប់យើងជាបន្ដទៅទៀតថាស្ដេច ហ្វានចេម៉ាន់ បានសោយទីវង្គតនៅពេល​លើក​ទ័ព ទៅ​វាយ​រដ្ឋ «គីន​លីន» (កំពែង​មាស​) ដែល​លោក G. Coedès ថា​ត្រូវ​នឹង​សុវណ្ណភូមិ (ដីមាសក្នុងអត្ថបទបាលី) សុវណ៌កុដ្យ (កំពែងមាសក្នុង​អត្ថ​បទ​សំស្រ្កឹត​នៅ​ប្រ​ទេស​ភូមា​ខាង​ត្បូង ឬ​ជ្រោយ​ម៉ា​លាយូ) ។ នៅពេលដែលទ្រង់ ប្រឈួន ហ្វានចេម៉ាន់ ទ្រង់បានបញ្ជូនរាជបុត្រឈ្មោះ គិន​ចេង អោយ​ទៅ​សោយ​រាជ្យ​ជំនួស​ព្រះ​អង្គ​។ ពេល​នោះ​ក្មួយព្រះអង្គឈ្មោះ ឆាន (កូននៃបងស្រីរបស់ព្រះអង្គ) ដែលជាមេត្រួតទ័ព ២០០០​នាក់ ក៏​បាន​ជ្រែក​រាជ្យ​ ដោយ​បាន​ធ្វើ​គត់​រាជ​ទា​យាទ គិនចេង ។ ពេលដែលព្រះអង្គសោយទីវង្គតទៅ ហ្វានចេម៉ាន់ មានបុត្រមួយទៀត ដែល​នៅ​បៅ​ដោះ​នៅ​ឡើយ​។ បុត្រ​នេះ​ឈ្មោះ ឆាង ហើយ​រស់​នៅ​ក្នុងចំណោមប្រជារាស្រ្ដ។ លុះធំឡើងបាន ព្រះជន្ម ២០វស្សាហើយ បុត្រអង្គនេះ​បាន​ប្រមូល​បក្ស​ពួក​លើក​ទៅ​សំលាប់​ស្ដេច​ឆាន​បាន​។ ប៉ុន្ដែមេទ័ពរបស់ ឆាន ឈ្មោះ ហ្វានស៊ីយុន បានធ្វើគត ឆាងវិញបាន រួចឡើងសោយ​រាជ្យ​។ ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​អោយ​កសាង​កន្លែង​ផ្សេងៗសំរាប់ទ្រង់ទៅកំសាន្ដ។ ពេលព្រឹក និងពេលថ្ងៃត្រង់ ព្រះអង្គទ្រង់ប្រទាន​ស​វនា​ការ ៣​ឬ​៤ដង​។ ជន​បរ​ទេស និង​ប្រ​ជា​រាស្រ្ដ​បាន​យក​ដង្វាយ​ផ្សេង​ៗ​មក​ថ្វាយ មានចេក អំពៅ អណ្ដើក និងសត្វបក្សី...។

  ព្រឹត្ដិការណ៍ទាំងប៉ុន្មានខាងលើចាប់ពី ហ្វានចេម៉ាន់ សោយទីវង្គតដល់ ហ្វានស៊ីយុន ឡើងសោយរាជ្យ បានកើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ ២២៥ និង​ ២៥០​។ គឺ​នៅ​ចន្លោះ​កាល​កំនត់​ទាំង​ពីរ​នេះហើយ ក្នុងរជ្ជកាលរបស់ ហ្វានឆាន ដែលអាណាចក្រភ្នំបានទាក់ទងជា​លើក​ដំបូង​ជា​មួយ​នឹង​រាជ​វង្ស មុរុណ្ឌ នៅ​ប្រ​ទេស​ឥណ្ឌា និងបានបញ្ជូនរាជទូតទី ១ ទៅកាន់ប្រទេសចិន។ ចំពោះទំនាក់ទំនងជាមួយចិនខាង​លើ​នេះ​លោក​ G.Coe​dès យល់​ថា​ជា​រឿង​មាន​លក្ខណៈ​ពាណិជ្ជ​កម្មច្រើនជាងលក្ខណៈនយោបាយ។ យ៉ាងណាមិញនៅសម័យនោះ គឺសម័យ​រាជា​អាណា​ចក្រ​បី​ប្រ​ទេសចិន​ខាង​ត្បូង (រាជា​អាណា​ចក្រ​វូ) ដែល​មិនអាចធ្វើជំនួញជាមួយបស្ចឹមប្រទេសតាមផ្លូវគោក (កាន់កាប់ដោយ ពួកវ៉ី) ក៏​បែរ​មក​រក​ទិញ​វត្ថុ​ប្រនិត​ដែល​ខ្លួន​ត្រូវ​ការ​តាម​ផ្លូវ​សមុទ្រ​វិញ។ ដោយហេតុនេះហើយបានជាគេមកទាក់ ទងជាមួយអាណាចក្រ​ភ្នំ​ដែល​ស្ថិត​នៅ​ចំ​ផ្លូវ​ទៅ​មក​នៃ​ជំនួញ​ខាង​សមុទ្រ ហើយ​ដែល​ជាតំណាក់មួយជៀសវាងមិន បានសំរាប់អ្នកដើរសំពៅឆ្លងកាត់តាមច្រកម៉ាឡាកា ឬ​អ្នក​ចូល​ចិត្ដ​ដឹក​ទំនិញ​​ឆ្លង​ចុះ​ឡើង​តាម​បួរ​ដី​នៃ​ជ្រោយ​ម៉ា​លា​យូ។

  ចំពោះទំនាក់ទំនងជាមួយឥណ្ឌាវិញ ឯកសារចិនមួយនៅចុងសតវត្សទី៥ បាននិយាយថា មានមនុស្សម្នាក់ឈ្មោះ កៀ​សៀង​លី ជា​មនុស្ស​នៃ​ស្រុក​តាន់​យ៉ាង (នៅ​ខាង​លិច​ប្រ​ទេស​ឥណ្ឌា) បានធ្វើដំណើរទៅប្រទេសឥណ្ឌូ រួចបង្ហួស មកអាណាចក្រភ្នំ។ គឺជននេះ​ហើយ​ដែល​បាន​និយាយ​ប្រាប់ ហ្វាន​ឆាន ពី​រឿង​ប្លែកៗ​នៅ​ប្រ​ទេស​ឥណ្ឌា ប៉ុន្ដែដំណើរ ទៅកាន់ប្រទេសនោះ ត្រូវអស់ពេលយូរ ទាំង​ទៅ​ទាំង​មក​អស់ ៣​ឆ្នាំ ឬ​ដល់​៤​ឆ្នាំ​ក៏​សឹង​មាន​។ គេ​ដឹង​ច្បាស់​ថា​ស្ដេច ហ្វាន​ឆាន ប្រហែលជក់ចិត្ដនឹងរឿងចំលែកអស់ទាំងនោះ ហើយបានបញ្ជូន​ញាតិ​របស់​ព្រះ​អង្គ ​ឈ្មោះ​ ស៊ូវូ ជា​ទូត​ទៅ​កាន់​ប្រ​ទេស​ឥណ្ឌា​។ រាជទូតរូបនេះបានចុះសំពៅទៅ តូវគីវលី Teou kiuli ប្រហែលត្រូវនឹង ត ក្ដោល​ត្រង់​នេះ ស​អោយ​ឃើញ​ថា អា​ណា​ចក្រ​ភ្នំ​លាត​សន្ធឹង ឥទ្ធិពលទៅដល់មហាសមុទ្រឥណ្ឌូ។ រាជទូតអាណាចក្រភ្នំបានទៅ ដល់​ពាម​ទន្លេ​គង្គា រួច​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​ឡើង​ទៅ​ដល់​រាជ​ធានីរបស់ស្ដេចមួយអង្គ ដែលលោក Lévi ថាជាស្ដេច ក្នុងរាជវង្ស មុរុណ។ ស្ដេច​អង្គ​នេះ​នាំ​ភ្ញៀវ​អោយ​ដើរ​ទស្ស​នា​ប្រ​ទេស​ព្រះ​អង្គ រួច​អោយ​ឥណ្ឌា​ម្នាក់​ឈ្មោះឆេន សុង នាំត្រលប់មកវិញដោយប្រគល់អោយសេះ៤ នៃ​ស្រុក​នោះ ដើម្បី​ទុក​ជា​ដង្វាយ​នៃ​ព្រះ​អធិរាជ​អាណា​ចក្រ​ភ្នំ​ផង​។

  បើតាមពង្សាវតារនៃអាណាចក្របី គឺស្ដេចហ្វានឆាន ដដែលនេះហើយដែលបានបញ្ជូនទូតទី១ទៅកាន់ប្រទេស ចិន​នៅ គ.ស.២៤៣ ដើម្បី​នាំ​ដង្វាយ​ជា​អ្នក​ភ្លេង និង​ផលិត​ផល​ផ្សេង​ៗ​ទៅ​ថ្វាយស្ដេចក្រុងចិន។ គេអាចចោទសួរម្យ៉ាងទៀតថា តើស្ដេច ហ្វានឆាន នេះ​ដែរ​ឬ ដែល​ជា​អ្នក​និពន្ធ​សិលា​ចារឹក​វ៉ូ​កាញ់​ដែល​បាន​ចាត់​ទុក​ព្រះ​អង្គ​ថាជាញាតិរបស់ព្រះបាទ ស្រីមារៈ?

  ស្ដេច ហ្វានស៊ីយុន ដែលបានសោយរាជ្យតពី ហ្វានឆាន ក្រោយពីបានធ្វើគត់មួយអង្គរបស់ ហ្វាន់ចេម៉ាន់ បានទទួល​នៅ​ប្រមាណ គ.ស. ២៤៥​-​២៥០ នូវ​គណ​បេស​ក​កម្ម​ទូត​របស់លោក កាំងថៃ និងលោក ឈូយីង ដែលបានមកជួមគ្នាជាមួយ​នឹង​ទូត ឥណ្ឌា​នៅ​ក្នុង​រាជ​វាំង​។ គណៈ​បេស​ក​កម្ម​ទូត​នេះ​បាន​មកចងស្ពានមេត្រីជាមួយអាណា​ចក្រ​ភ្នំ​។ បន្ទាប់ពីនោះគេឃើញស្ដេច ហ្វានស៊ីយុន បញ្ជូន​ទូត​ទៅ​ប្រ​ទេស​ចិន​ជា​ច្រើន​លើក​នៅ​ចន្លោះ​ គ.ស ២៦៨ ដល់ ២៨៧ ហើយដែលមានកត់ទុកក្នុងពង្សាវតាររាជវង្សស៊ីន។ តាម​គេ​ប៉ាន់​ស្មាន​មើល​ទៅ​ការ​បញ្ជូន​ទូត បី​លើក​ចុង​ក្រោយ គឺពី គ.ស.២៨៥ ដល់ ២៨៧ ប្រហែលជាផលវិបាកនៃការមានសន្ទុះឡើងវិញក្នុងផ្នែកជំនួញ ផ្លូវ​សមុទ្រ ក្រោយ​ពី​ការ​ធ្វើ​អោយ​ប្រ​ទេស​ចិន​មាន​ឯក​ភាព​ឡើងវិញ ដោយរាជវង្សស៊ីន ព្រោះព្រឹត្ដិការណ៍នេះ បណ្ដាលអោយមាន​សេច​ក្ដី​ត្រូវ​ការ​នូវ​វត្ថុ​ប្រនិត​យ៉ាង​ខ្លាំង​ពី​សំណាក់​ពួក​ស្ដេច​។

II. អាណាចក្រភ្នំ គ.ស ៣៥៧ ដល់ការវាយលុករបស់ចេនឡា

  ស្ដេច ហ្វានស៊ីយុន បានសោយរាជដល់ គ.ស.២៨៩ ។ ពីនេះដល់ពាក់កន្ដាលស.វទី៤ គ្មានឯកសារណានិ យាយពី​អាណា​ចក្រ​ភ្នំ​សោះ​។ ពង្សា​វតារ​រាជ​វង្ស​ស៊ីន និង លាង បាននិយាយថា នៅគ.ស៣៥៧ ស្ដេចអាណាចក្រភ្នំ ឈ្មោះ ធៀនឈូ ឆានតាន បាន​លើក​សូយ​ជា​ដំរី​ផ្សាំង​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន​។ ធៀន​ឈូ គឺឈ្មោះដែលចិនហៅ ប្រទេសឥណ្ឌា។ ដូច្នេះពាក្យថា ធៀន ឈូ -ឆានតាន បាន​ន័យ​ថា ឥណ្ឌា​ឈ្មោះ​ ឆាន​តាន​។ បើ​តាម​លោក​ S.Lévi ឆាន​តាន​ គឺជាពាក្យកត់សំលេង Chandan ដែលមានឋានន្ដរនាមរបស់ពួកឥន្ឌូ -ស៊ីថ ជា​ពី​សេស​របស់​រាជ​វង្ស កុសានៈ​។ គួរ​គប្បី​បញ្ជាក់​ថា ពួក កុសានៈ នេះបានលើកទ័ពចូលវាយប្រទេសឥណ្ឌា ហើយត្រួតត្រាតំបន់ទន្លេ​គង្គា យ៉ាង​ហោច​រហូត​ដល់​ក្រុង​ពា​រាសី​។ នៅ​គ.ស.៣៥៧ប្រទេសឥណ្ឌាភាគខាងជើងទាំងមូលត្រូវធ្លាក់នៅក្រោមការ គ្រាប់គ្រងរបស់រាជ​វង្ស គុប្ដ​ក្រោម​កិច្ច​ដឹក​នាំ​របស់​ព្រះ​ចៅ សមុទ្រ​គុប្ដ​។ ដូច្នេះពួកស៊ីថ ឈ្លានពានក៏ត្រូវកំចាត់ ចេញ។ គឺប្រហែលជាក្នុងកាលៈទេសៈបែប​នេះ​ហើយ​ដែល​មាន​ពួក ​កុសានៈ​ បាន​ភៀស​ខ្លួន​មក​កាន់​សុវណ្ណ​ភូមិ ហើយជាពិសេសមកកាន់អាណាចក្រភ្នំ ដូចករណីរបស់ស្ដេច ធៀនឈូ ឆាន​តាន នេះ​ឯង​។ អ្នក​សិក្សា​យល់​ថា ប្រ​ហែល​ជា​ស្ដេច​អង្គ​នេះ​ហើយ ដែលបាននាំមកអោយអាណាចក្រភ្នំនូវធាតុសំខាន់ៗខ្លះក្នុងផ្នែកសិល្បៈ​ចំលាក់ ដូច​ជា​អាវ​ផាយ​របស់​ព្រះ​សូរ្យ និង​មកុដ​រាង​បំពង់​របស់​ព្រះ​វិសណុ​។ ការបញ្ចេញយោបល់បែបនេះ គឺបានសំអាង មួយផ្នែក​ទៀត​ទៅ​លើ​របស់​ខ្លះ​ ដែល​គេ​បាន​រក​ឃើញ​នៅ​រម្យ​មណីយ​ដ្ឋាន​អូរកែវ ហើយដែលជាភស្ដុតាងបង្ហាញពីទំនាក់ទំនងរវាងអាណាចក្រភ្នំ នឹង​ពិភព​អ៉ី​រ៉ង់ ដូច​ជា​ដុំ​ថ្ម​ឆ្លាក់​រូប​ពិធី​បួង​សួង​ចំពោះ​ព្រះ​អគ្គី និង​ដុំ​ពេជ្រ​មាន​រូបស្ដេច នៃរាជវង្សសាស្សានីដ Sassanide។

  ចំពោះរជ្ជកាលស្ដេច ធៀនឈូ ឆានតាន នេះព្រឹត្ដិការណ៍ដែលគេបានដឹងច្បាស់មានតែមួយ គឺការលើកសូយ ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន​នៅ​គ.ស ៣៥៧នេះ​ឯង​។ ក្រោយ​ពី​នោះ អ្នក​ប្រវត្ដិសាស្រ្ដត្រូវជួបប្រទះនឹងកង្វះឯកសារជាថ្មីម្ដងទៀត ហើយពត៌មាន​ស្ដី​ពី​អាណា​ចក្រ​ភ្នំ គេ​នឹង​អាច​ដឹង​បាន​តែ​ចាប់​ពី​ចុង ស.វ. ទី​៤​ទៅ​ប៉ុណ្ណោះ​។ នៅ​ពាក់​កណ្ដាល​ទី​១ នៃស.វ ទី៥គេបានសង្កេតឃើញថាចលនាផ្សព្វ​ផ្សាយ​អរិយ​ធម៌​ឥណ្ឌា​នៅ​តំបន់​មនុស្ស​សុវណ្ណ ភូមិ​មាន​កំលាំងរិតតែខ្លាំងក្លាលើសដើម។ អ្នកប្រវត្ដិសាស្រ្ដបានខិតខំរកមើលថាតើអ្វី​ទៅ​ជា​មូល​ហេតុ​នៃ​រឿង​នេះ ​។ តាម​គេ​ប៉ាន់​ស្មាន​មើល​ទៅ​ការ​វាយ​លុករបស់ព្រះបាទសមុទ្រគុប្ដ (៣៣៥ - ៣៧៥) នៅក្នុងប្រទេសឥណ្ឌាភាគ​ខាង​ត្បូង ប្រ​ហែល​ជា​បាន​បណ្ដាល​អោយ​មាន​ពួក​អភិ​ជន​ភៀស​ខ្លួនមកកាន់បូព៌ាប្រទេស។ រួចមកហើយយើង បានឃើញថាលោក S. Lévi បាន​ចាត់​ទុក​ថា​គឺ ​ការ​វាយ​លុក​របស់​ព្រះ​បាទ សមុទ្រគុប្ដ ដដែលនេះនៅតំបន់វាលទំនាបទន្លេគង្គាដែលបណ្ដាលអោយមានជនជាតិស៊ីថ​ម្នាក់​មក​សោយ​រាជ​នៅ​អាណា​ចក្រ​ភ្នំ នៅ​គ.ស៣៥៧​។ បើ​តាម មើល​ទៅ​ព្រឹត្ដិ​ការណ៍​នេះ​គ្រាន់​តែជាជំហានដំបូង នៃចលនាទូលំទូលាយមួយ ដែល​បាន​នាំ​មក​កាន់​តំបន់ដែល បាន​ទទួល​ឥទ្ធិ​ពល​ឥណ្ឌា​ស្រាប់​ទៅហើយនូវពួកស្ដេច ពួកព្រាហ្មណ៍ និងពួកបញ្ញវន្ដចាប់ពីកណ្ដាល​ស.វទី៤ ដល់​កណ្ដល​ស.វ​ទី​៥​។

  គឺនៅក្នុងពេលជាមួយគ្នានេះ នឹងដោយមានមូលហេតុដូចគ្នានេះដែរ ដែលអាណាចក្រភ្នំបានទទួលនូវសន្ទុះ​ថ្មី​មួយ​នៃ​ការ​ផ្សាយ​អរិយ​ធម៌​ឥណ្ឌា​។