៧ - កម្ពុជាសម័យមុនអង្គរ
ថ្ងៃសុក្រ ទី28.មិនា 2014.ម៉ោង 20:13

  ទោះបីជាក្រុមកូនចៅព្រះគុណវរ្ម័ន យកជ័យជំនះកាន់កាប់ត្រួត្រា នគរហ្វូនន់ ឬនគរភ្នំក៏ដោយ ក៏សង្គ្រាមផ្ទៃក្នុងខ្មែរ មិន​ទាន់​បាន​ចប់​សព្វ​គ្រប់​មាន​សុខ​សន្ដិ​ភាព​ដែរ​។ ចំបាំងអសន្ដិសុខ និង ចលាចលនៅតែមានបន្ដជាប់ជានិច្ច ពីព្រោះនគរដែលចំនុះទាំងប៉ុន្មាន​ឆ្លៀត​ឱកាស​នេះ​ ដើម្បី​រើ​បំរះ​ប្រកាស​យក​ឯក​រាជ​ភាព​រៀង​ខ្លួន​។ មានដូច ជានគរកម្ពុជា ដែលអ្នកដំណើរចិន ដាក់ឈ្មោះហៅថា ចេនឡា​ជា​ដើម​។ នគរ​កម្ពុជា​ ឬ​នគរ​ចេន​ឡា ប្រហែល​ជា​បាន​កើត​នៅ​ក្នុង​សតវត្សទី៥។

  គេបានសន្និដ្ឋានថា ព្រះរាជវង្សដែលសោយរាជគ្រប់គ្រងនគរកម្ពុជា ឬនគរចេនឡា មានដើមកំណើតចុះមកពីក្រកូល​ព្រាហ្មណ៍​នៅ​ប្រ​ទេស​ឥណ្ឌា​។ ហើយ​ក្នុង​សម័យ​នោះ​នគរ​ហ្វូ​នន់​ក៏មិនទាន់មានលទ្ធភាព ដណ្ដើមយកទឹកដីចេន ឡាបញ្ចូលអោយក្លាយទៅ​ជា​នគរ​តែ​មួយ​ដែរ​។​

ក. នគរកម្ពុជា ឬ នគរចេនឡា
   ១. សិលាចារឹកជាសាក្ខីភាព

  នគរកម្ពុជា ឬ នគរចេនឡា ជាទឹកដីដែលស្ថិតនៅខាងជើង ល្បាក់ខោន (នៅលើដងទន្លេមេគង្គ) ក្នុងភូមិភាគបាសាក់ គឺ​ស្រុក​ចំប៉ា​សាក់ បច្ចុ​ប្បន្ន​ប្រ​ទេស​លាវ​ផ្នែក​ខាង​ត្បូង​។ ឯ​ព្រះ​រាជ​ធានីវិញ ដែលស្ថិតក្នុងតំបន់ដដែលនេះ មានឈ្មោះ ស្រេស្ថបុរៈ។ សិលា​ចារឹក​ជា​ច្រើន ដូច​ជា​នៅ​ភូលោ​ខោន ជ្រោយ​អំពិល វាល​កន្ទេល ដែលមានហូរ ហែតាមដងទន្លេមេគង្គ និងនៅវត្ដភូ ក្នុងខេត្ដចំប៉ាសាក់​ប្រទេស​លាវ​ជា​សាក្ខី​ភាព​ អាច​បញ្ជាក់​អំពី​អតីត​កាល និង​ព្រឹត្ដិ​ការណ៍​ដែលកើតមាន នៅនគរចេនឡា។

២. ព្រះមហាក្សត្រចេនឡា

  ព្រះមហាក្សត្រនគរកម្ពុជា ឬនគរចេនឡា ជាព្រះរាជវង្សបន្ដចុះមកពី ឥសីកម្ពុ ស្វ័យ្យ៉ាភុវៈ និងព្រះនាង មេរ៉ា ដែល​មាន​ដើម​កំណើត​ចុះ​មក​ពី​ព្រះ​អា​ទិត្យ​។

  ដោយនៅក្រោមចំនុះនៃនគរហ្វូនន់ នគរចេនឡា តែងតែលើកសួយអាករ និងរបស់មានតំលៃទៅថ្វាយព្រះ មហាក្សត្រ​នៃ​នគរ​ហ្វូ​នន់​ជា​និច្ច​។ លុះ​មក​ដល់​រាជ​ព្រះ​បាទ​វរ​វរ្ម័ន ព្រះអង្គក៏បានលើកព្រះរាជបុត្រីព្រះអង្គ ព្រះ នាម កម្ពុជរាជាលក្សី អោយទៅព្រះភវរ្ម័ន ជា​ត្រា​នៃ​នគរ​ហ្វូនន់​ ដែល​ត្រូវ​ជា​ចៅ​របស់​ព្រះ​បាទរុន្រ្ទវរ្ម័ន ទុកធ្វើជា មហេសីទៀត។ លុះព្រះបាទវរវរ្ម័នសោយទីវង្គត់ទៅ ព្រះបាទភវរ្ម័ន​ត្រូវ​បាន​តែង​តាំង​ឡើង​អោយ​សោយ​រាជ្យ​នគរចេន​ឡា ឬន​គរកម្ពុជា។ ដោយអាងថាព្រះអង្គត្រូវជាចៅព្រះមហាក្សត្រព្រះរុទ្រ្ទវរ្ម័ន ព្រះ​បាទ​ភវរ្ម័ន​បាន​ប្រ​កាស​ តាំង​ខ្លួន​ជា​ព្រះ​មហា​ក្សត្រ​នគរ​ហ្វូនន់ ឬ​នគរ​ភ្នំ​។

ខ. ការបង្រួបបង្រួមនគរចេលានឹងនគរភ្នំ
ព្រះបាទភវវរ្ម័ន(គស៥៥០-៦០០)

  នៅពេលដែលព្រះបាទភវវរ្ម័នបានគ្រងរាជនៅនគរចេនឡាពេញលេញហើយ ព្រះអង្គក៏បាននាំអនុជទ្រង់ព្រះនាម ចិត្រ​សេនា​មក​វាយ​យក​នគរ​ហ្វូនន់​ទៀត​។ ប៉ុន្ដែ​ព្រះ​អង្គ​បាន​វាយ​យកតែផ្នែកខ្លះនៃនគរ ហ្វូនន់មកកាន់កាប់ប៉ុណ្ណោះ។ ដូច្នេះញាតិវង្សរបស់ព្រះ​បាទ​គុណ​វរ្ម័ន ក៏​បាន​ចុះ​មក​តាំង​រាជ​ធានី​ថ្មី​នៅ​ផ្នែក​ខាង​ត្បូង​វិញ គឺនៅ​អង្គរបុរី ក្នុងខេត្ដតាកែវ ដែលជារាជធានីចុងក្រោយនៃរាជ​វង្ស​នគរ​ភ្នំ (ហ្វូនន់)។

  ព្រឹត្ដិការណ៍ព្រះព្រះបាទភវវរ្ម័ន មហាក្សត្រចេលា លើកទ័ព មកវាយបង្រួបបង្រួមនគរហ្វូនន់ និងនគរចេនឡា ត្រូវ​បាន​ប្រវត្ដិ​វិទូ​ទាំង​ឡាយ​ ចាត់​ទុក​ជា​ព្រឹត្ដិ​ការណ៍​ប្រវត្ដិ​សាស្រ្ដ​មួយ​យ៉ាងសំខាន់ នៃដើមកំណើតប្រទេសខ្មែរបច្ចុប្បន្ន។ សិលាចារឹកមួយបានចារ​ពី​ព្រះ​អង្គ​ថា «ព្រះ​បាទ​ភវ​វរ្ម័ន​ជា​ក្សត្រ​មាន​រិទ្ធិ​ចេស្ដា​ខ្លាំង​អស្ចារ្យ ធំ​ខ្ពស់​ដូចភ្នំព្រះសុមេរុ ដែលបានយកជ័យជំនះ លើគ្រប់បច្ចាមិត្ររបស់ទ្រង់។ ព្រះ​អង្គ​គ្រប់​គ្រង​លើ​ផ្ទៃ​ដ៏​ធំ​ទូលាយ​ព្រះ​អង្គ វាត​ទឹក​ដី​ខ្មែរ​គ្រប់​ទិស​ទី ព្រះអង្គបានវាយយកស្រុកច័ន្ទបុរី ស្រុកភូមិភ្នំខ្ពង់រាប ភ្នងគួយផង​មក​ដាក់​ជា​ចំនុះ​របស់​ ទ្រង់»​។

ព្រះបាទមហិន្រ្ទវរ្ម័ន(គស៦០០-៦១៥ )

  នៅឆ្នាំ៦០០ ប្អូនប្រុសព្រះបាទភវវរ្ម័ន ចិត្រសេនា បានទទួលស្នងរាជបន្ដពីទ្រង់ ក្រោមព្រះនាមថា ព្រះបាទ​មហិន្រ្ទ​វរ្ម័ន​។ គេ​ពុំ​បាន​ដឹង​រឿង​រ៉ាវ​ដែល​ទាក់​ទង​ពី​ដំណរ​ពូជ​ពង្ស​របស់ព្រះបាទភវវរ្ម័នទេ ឯព្រះសិលាចារឹកនៅភូ លោខោន និងអង្គរជំនីក បានចារតែ​ពី​ព្រះ​បាទ​ភវ​វរ្ម័ន និង​ព្រះ​បាទ​មហិន្រ្ទ​តែ​ប៉ុណ្ណោះ​។ ព្រះ​បាទ​មហិន្រ្ទ​វរ្ម័ន បានបន្ដនយោបាយបង្រួបបង្រួមនគរហ្វូនន់ និងនគរចេនឡា​ត​ទៅ​ទៀត​។

  ព្រះបាទមហិន្រ្ទវរ្ម័នក៏មានចេស្ដាដូចព្រះរៀមទ្រង់ដែរ។ ព្រះអង្គបានវាយយកប្រទេសជិតខាងជាច្រើនមកធ្វើ ជាចំនុះរបស់​ព្រះ​អង្គ​។ ព្រះ​អង្គ​បាន​ទុក​មន្រ្ដី​ដ៏​ចំនាន​ពីរ​នាក់​ ពីរាជព្រះរៀមទ្រង់។ ពួកគេជាបងប្អូនជីដូនមួយនឹងគ្នា ម្នាក់ឈ្មោះ ធម្មទេវៈ(កូនព្រហ្មទត្ដ) និង​ម្នាក់​ឈ្មោះ សិង្ហ​ទេវៈ​(ជា​កូន​ព្រហ្ម​សិង្ហៈ)​។ មន្រ្ដីទាំងពីរជាមនុ ស្សសុចរិតទៀងត្រង់ សប្បុរស និងប៉ិ​នប្រសប់ក្នុងកិច្ចការនគរណាស់​គេ​តែង​រក​ឃើញ​មធ្យោ​បាយ​យ៉ាង​ប្រ​សើរ មក​ដោះ​វិបត្ដិ​ក្នុង​នគរ ដោយសន្ដិវិធីជានិច្ច។ ដូច្នេះហើយបានជាប្រជាជនក្នុងនគរអាចរស់នៅ​ដោយ​សុខ​សាន្ដ​។ មនុស្ស​ម្នា​ក្នុង​នគរ​បាន​ចាត់​ទុក​មន្រ្ដី​ទាំង​ពីរ​ជាវីរបុរសរបស់គេ។ ដើម្បីថ្លែងអំណរគុណដល់មន្រ្ដីទាំងពីរ គេក៏ បានចារឹកពីវិរៈ​ភាព និង​បេស​ក​កម្ម​ផ្សេង​ៗ​របស់​មន្រ្ដី​ទាំង​ពីរ​។ ព្រះ​បាទ​មហិន្រ្ទ​វរ្ម័ន​បានចូលទីវង្គត់នៅឆ្នាំ៦១៥ ឯបុត្ររបស់ព្រះអង្គឥសាសេនា ក៏បានទទួល​ស្នង​រាជ​បន្ដ​ពី​ទ្រង់​។​

ព្រះបាទឥសានវរ្ម័ន(គស៦១៥-៦៣៥ រាជធានី ឥសានបុៈ នៅសំបូរព្រៃគុក ខេត្ដកំពង់ធំ)

  ព្រះបាទឥសានសេនា ត្រូវបានអភិសេកឡើងគ្រងរាជដោយទទួលព្រះនាមថា ព្រះបាទឥសានវរ្ម័ន។ ព្រះអង្គបានបន្ដនយោ​បាយ​បង្រួប​បង្រួម​ប្រទេស​ខ្មែរ​បន្ដ​ទៅ​ទៀត​រហូត​បានសំរេចជាស្ថាពរ ពោលគឺព្រះអង្គបានកំចាត់ កំចាយរាជវង្សចុងក្រោយនៃនគរ​ហ្វូនន់​នៅ ​គស​៦៣០ ​ហើយ​ចាប់​ពី​ពេល​នោះ​មក គេ​ក៏​លែងលឺអ្នកណារំលឹក ពីរាជរង្ស គុណវរ្ម័ន ទៀតដែរ។

  ព្រះបាទឥសានវរ្ម័នជាក្សត្រមានចេស្ដាមិនចាញ់បិតានិងមាទ្រង់ទេ ទើបសិលាចារឹកនៅវត្ដក្រិត និងវត្ដស្វាយច្នូ បាន​អួត​សរ​សើរ​ពី​ព្រះ​អង្គ​ថា «ព្រះ​អង្គ​មាន​រិទ្ធិ​ស្មើ​នឹង​ព្រះ​ឥន្ទ(១) មានតេជៈបារមីស្មើនឹងហរិ (២)» តែព្រះអង្គ ក៏ជាមេទ័ពដ៏អង់អាចក្លាហានម្នាក់ និង​ជា​មនុស្ស​ម្នាក់​ស្រ​លាញ់​សន្ដិ​ភាព​ដែរ​។ ព្រះ​អង្គ​បាន​ចងសម្ព័ន្ធសារជាថ្មី ជាមួយប្រទេសចិន។ ព្រះអង្គបានបញ្ជូនរាជទូតខ្មែរបី​ដង​ទៅ​ស្រុក​ចិន​គឺ​នៅ ​គ.ស​.៦១៦, ៦២៣ និង​៦២៨​។ ព្រះ​អង្គ​បាន​រៀបអភិសេកបុត្រីព្រះអង្គម្នាក់ឈ្មោះសុវណ្ណីអោយទៅចៅរបស់ក្សត្រនគរ​ចំប៉ា​។ ក្រោយ​មក​ព្រះ​នាង​​បាន​បុត្រ​មួយ​ដែល​បាន​គ្រង​រាជនៅនគរចំប៉ានាឆ្នាំ៦៥៣ ក្រោមព្រះនាមថា វិក្រាន្ដវរ្ម័ន។ ព្រះបាទឥសានវរ្ម័នជា​បរិ​ស័ទ​ម្នាក់​ខ្ជប់​ខ្ជួន​ណាស់​ ព្រះ​អង្គ​បាន​អោយ​គេ​សាង និងជួសជុលសក្ការៈដ្ឋានជាច្រើន។ ព្រះអង្គជាក្សត្រ ព្រហ្មញ្ញ គោរពបូជា ហរិហរា តែ​ព្រះ​អង្គ​ក៏​បាន​អនុញ្ញាតិ​អោយ​មាន​ការ​គោរព​បូជា​ចំពោះសាសនាផ្សេងៗ ទៀតដែរ។

  ព្រះបាទឥសានវរ្ម័នបានប្ដូររាជធានីពី «វ័យធបុរៈ» មកតាំងទីនៅ សំបូរព្រៃគុក ខេត្ដកំពុងធំវិញ ព្រោះវានៅចំកណ្ដាល​នៃ​ប្រ​ទេស​ចំនុះ​​។ ព្រះ​​អង្គ​បាន​ដាក់​ឈ្មោះ​ថា ឥសាន​បុរៈ​។ នៅក្នុងរាជព្រះអង្គ អរិយធម៌ខ្មែរមានការ រីកចំរើនលូតលាស់ជាខ្លាំង ដូច​មាន​ការ​ដ្ឋាន​បុរាណ​វត្ថុនៅ​សំបូរ​ជា ឧទា​ហរណ៍​ស្រាប់​។ ឯក​សារ​ប្រវត្ដិសាស្រ្ដ ចិនឈ្មោះស៊ូអឺយ បានទុកនូវពត៌មានយ៉ាងក្បោះក្បាយ​ពី​ប្រ​ទេស​ខ្មែរ​នៅ​ជំនាន់​នោះ​ថា «រាជ​ធានី​នោះ​មាន​ប្រ​ជា​ជនប្រមាណ២០០០គ្រួសារ ហើយនគរនេះមានទីប្រជុំជនបែបនេះចំនួន ៣០​ឯ​ណោះ​។ នៅ​តាម​រាជ​រដ្ឋ​​នីមួយ​ៗ មាន​ស្ដេច​ក្រាញ់ (លិន​យី)​គ្រប់គ្រង។ ពេលគេទៅគាល់ព្រះរាជា គេតែងអោនក្បាលទាបជើងបល្ល័ង្គបី ដង។ ពេល​ព្រះ​រាជា​កោះ​ហៅ​ពួក​មន្រ្ដី​មក​បង្ហាញ​ខ្លួន ពួក​គេ​ចូលទៅដោយលុតជង្គង់ និងដាក់ដៃនៅលើស្មាទាំង សងខាង ទើបទៅអង្គុយតាម​កន្លែង​រៀង​ខ្លួន​ជុំ​វិញ​ព្រះ​រាជា​ដើម្បី​ពិ​គ្រោះ​កិច្ច​ការ ហើយនៅពេលចប់កិច្ចការ គេ លុតជង្គង់សារជាថ្មីម្ដងទៀត ទើបដើរចេញទៅ។ មាន​តែ​បុត្រា​របស់​ព្រះ​អគ្គ​មហេសី​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ អាចស្នងរាជបាន គេបានបញ្ជាក់ទៀតថា នៅថ្ងៃធ្វើរាជាភិសេកព្រះមហាក្សត្រថ្មី គេ​មាន​ធ្វើ​ពិធី​កាយ​វិកល​កម្ម ទៅ​លើ​បង​ប្អូន​ប្រុស​របស់​មហាក្សត្រថ្មីនោះផង គេបានចែងបន្ដទៀតថា នៅស្រុកនេះគេទុកដៃស្ដាំ ជាបរិសុទ្ធ និង​ដៃ​ឆ្វេង​ជា​អបរិ​សុទ្ធ​។ គេ​តែង​ងូត​ទឹក​ជំរះ​កាយ​ជា​រៀង​រាល់​ព្រឹក និងដុសធ្មេញជាមួយនឹងឈើម្យ៉ាង ហើយ គេមិនដែលភ្លេចសូត្រធម៌អារ​ទេ​។ នៅ​ពេល​ថ្ងៃ​ត្រង់​គេ​ងូត​ទឹក​ទៀត ហើយ​ចាក់​ធ្មេញ​ក្រោយពេលបាយ និងសូត្រធម៌ទៀត។ ពេលមានមនុស្សស្លាប់គ្រួសារគេតែងតម​អាហារ​ចំនួន​៧​ថ្ងៃ គេ​កោរ​សក់ និង​ស្រែក​យំ​ទ្រ​ហ៊ោរ ឯ​សព​គេ​ដុត​នឹងឈើក្រអូបម្យ៉ាង បន្ទាប់មកគេដាក់ធាតុក្នុងកោដិប្រាក់ ឬមាស ចំណែក​អ្នក​ក្រ​គេ​ដាក់​ក្នុង​កោដិ​អំពី​ដី​ដុត​។ មាន​អ្នក​ខ្លះ​គេ​យក​សពទៅបោះជាចំណីសត្វក៏មានដែរ (ហ្សកកូដេស)។ ព្រះបាទឥសានវរ្ម័នបានចូលទី​វង្គត់​នៅ​ឆ្នាំ​៦៣៥ ធ្វើ​អោយ​ប្រ​ទេស​ខ្មែរ​ធ្លាក់​ក្នុង​ស្ថាន​ភាព​វឹកវរ រំជើបរំជួល និងកើតអសន្ដិសុខពាសពេញនគរ។

ព្រះបាទភវវរ្ម័នទី២ (គស៦៣៩-៦៥៥)

  ព្រះបាទភវវរ្ម័នទី២ បានទទួលគ្រងរាជបន្ដពីព្រះបាទឥសានវរ្ម័ន បន្ទាប់ពីព្រះអង្គបានបង្រ្កាបពួកបះបោរ និង​បាន​រៀប​ចំ​នគរ​អោយ​មាន​ស្ថិរ​ភាព​ឡើង​វិញ​។ គេ​ពុំ​បាន​ដឹង​ពី​ប្រ​ភព​របស់ព្រះអង្គច្បាស់លាស់ទេ តែបើយោល ទៅតាមលោកអង់ដ្រេមីហ្គោ ព្រះ​បាទ​ភវ​វរ្ម័ន​ទី​២ គឺ​ជា​បុត្រ​របស់​ព្រះ​បាទ​ឥសាន​វរ្ម័ន​។ ព្រះ​អង្គ​ក៏​ជាក្សត្រព្រហ្ម ញ្ញសាសនាម្នាក់ដែរ ព្រះអង្គគោរពបូជាព្រះសីវៈ។ ព្រះអង្គបាន​កសាង​ប្រា​សាទ​ជា​ច្រើន​ មាន​ដូច​ជា​នៅ​ភ្នំបា​យ៉ង់​ជា​ដើម​។ រជ្ជ​កាល​ព្រះ​អង្គ បើតាមអ្នកប្រវត្ដិវិទូខ្លះ ហាក់បីដូចជាខ្លីៗ ហើយគេពុំបានដឹងពុំបាន​ស្គាល់​អំពី​អវ​សាន​រាជ​ព្រះ​អង្គ​ដែរ​។

ព្រះបាទជ័យវរ្ម័នទី១ (គស៦៥៥-៦៨១ រាជធានីអង្គរបុរី "នរវរៈនគរ")

  ព្រះបាទជ័យវរ្ម័នទី១ ជាបុត្ររបស់ព្រះបាទភវវរ្ម័នទី២ ព្រះអង្គបានទទួលគ្រងរាជបន្ដពីបិតាទ្រង់។ ព្រះអង្គត្រូវ​គេ​ចាត់​ទុក​ថា​ជា​ក្សត្រ​ចូល​ចិត្ដ​សន្ដិ​ភាព និង​វៀង​វៃ​ណាស់​។ ព្រះ​អង្គ​យក​ចិត្ដទុកដាក់នឹងកិច្ចការនគរ ការពារថែ រក្សាកេរមរតករបស់បុព្វជន។ សិលា​ចារឹក​បាន​កត់​ត្រា​ថា​ «ហៃ​ព្រះ​អង្គ​ឈ្លាស​វៃ មាន​ភ្នែក​រាប់រយពាន់ អាច មើលឃើញទៅឆ្ងាយ» មិនតែប៉ុណ្ណាះព្រះអង្គបានវាយយកនគរ​ជា​ច្រើន​ទៀត​ដាក់​ជា​ចំនុះ​ទ្រង់​។ ព្រះ​អង្គ​បាន រៀប​ចំ​ក្បួន​យុទ្ធ​សាស្រ្ដ​ថ្មី គឺបានបង្កើតក្បួនទ័ពសេះ និងយុទ្ធវិធីបំបែកក្បួនដំរី។ ព្រះអង្គបានរើរាជ​ធានី​មក​នៅ​អង្គរ​បុរី​វិញ ហើយ​បាន​ប្ដូរ​ឈ្មោះ​រាជ​ធានី​នោះ​ថា «នរវរៈគរ» ចិនហៅថា ណាហ្វូណា ដែលមានន័យថា នគរ ដ៏បវរ សំរាប់​មនុស្ស​លោក​។ ព្រះ​អង្គ​ជា​ក្សត្រ​ព្រហ្មញ្ញ​សាសនា គោរព​បូជា​ហិរ​ហរា​។

  នៅចន្លោះ គស៦៧១ - ៦៩៥ មានអ្នកដំណើរចិនម្នាក់ឈ្មោះ យីត្សិញ បានមកដល់ស្រុកខ្មែរក្នុងតំបន់ខាងត្បូង គឺ​នៅ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​១ គេ​បាន​កត់​ត្រា​ថា សព្វ​ថ្ងៃ​នេះ ពុទ្ធសាសនាបានត្រូវស្ដេចកាចសាហាវមួយ អង្គ តាមធ្វើបាបឈ្នាននិស និង​បំផ្លិច​បំផ្លាញ​ចោល​គ្មាន​សល់ សូម្បី​តែ​សង្ឃ​មួយ​អង្គ​ក៏​គ្មាន​ដែរ ត្រង់នេះយើងអា ចចោទសួរថា តើព្រះអង្គ ឬដែលជាស្ដេចកាច​សា​ហាវ​ដែល​អ្នក​ដំណើរ​ចិន​និទាន​នោះ​។ សូម​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះគេពុំបានរកឃើញមានសិលាចារឹកណាមួយដែលចារពីរឿងនេះទេ ឯ​លោក​ហ្សក​កូ​ដេស និង​បិណ្ឌិត​ មួយ​ចំនួន​ទៀត​បាន​សង្ស័យ​ទៅ​លើ​ព្រះបាទភវវរ្ម័នទី១ និងព្រះអនុជព្រះអង្គ ចិត្រសេនា តែបើតាមកាលបរិច្ឆេទ នៃ​ព្រឹត្ដ​ការណ៍​សម័យ​នោះ គេ​អាច​សនិដ្ឋាន​បាន​ថា អំពើ​ព្រៃ​ផ្សៃនេះជាស្នាដៃរបស់ស្ដេចត្រាញ់ជ្រែករាជណា ម្នាក់ ដែលមិនមែនជាព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​១ និង​ក៏​មិន​មែន​ជា​ព្រះ​បាទ​ភវ​វរ្ម័ន​ទី​១ ឬ​ប្អូន​ប្រុស​ព្រះ​អង្គ ចិត្រ​សេនា​នោះ​ឡើយ​។

  ព្រះបាទជ័យវរ្ម័នទី១ បានចូលទីវង្គត់នៅគស៦៨១ ដោយពុំមានបន្សល់បុត្រាសំរាប់ស្នងរាជទេ។ ព្រះអង្គមាន​តែ​បុត្រី​ពីរ​អង្គ ដែល​គេ​បាន​ស្គាល់​ គឺ​ព្រះ​នាង​ជ័យ​ទេវី និង​?​។ ប៉ុន្ដែ​មាន​ឯក​សារ​ខ្លះ​ចារថានាងជ័យទេវីជាព្រះហេ សី របស់ព្រះបាទជ័យវរ្ម័នទី១ ទៅ​វិញ​។ ព្រះ​នាង​ជ័យ​ទេវី​ បាន​ទទួល​ស្នង​រាជ​បន្ដ​ពី​បិតា​រហូត​ដល់ គ.ស.៧១៣។ វត្ដមានរបស់ព្រះនាងជ័យទេវីគ្រងរាជបល្ល័ង មិនបានធ្វើ​អោយ​នា​ម៉ឺន មន្រ្ដី និង​បណ្ដា​ជន​ពេញ​ចិត្ដ​ឡើយ​។ ដោយ​ការ​ខ្វះរិទ្ធិអាជ្ញារបស់ព្រះនាងប្រទេសខ្មែរក៏បានធ្លាក់ក្នុងស្ថានភាពច្របូកច្របល់ អានា​ធិប​តេយ្យ​សា​​ជា​ថ្មី​​ម្ដង​​ទៀត​។ សិលា​ចារឹក​មួយ​នៅ​អង្គរ បានរៀបរាប់អំពីទុក្ខសោក និងការព្រួយបារម្មណ៍ របស់ព្រះនាងចំពោះអស្ថិរ ភាព​និង​ការ​រំជើប​រំជួល​ផ្ទៃ​ក្នុង និង​ដោយ​សារ​គ្រោះ​កាច​ចង្រៃ​មហន្ដរាយបានបោកបក់លើប្រទេសជាតិ និងប្រ ជាពលរដ្ឋខ្មែរ។ ចាប់​ពី​គ.ស. ៧១៧ និង​ពេញ​មួយ​សត​វត្ស​ទី​៨ ប្រវត្ដ​វិទូ​ចិន​បាន​កត់​ត្រា​ក្នុង​របាយ​ការណ៍របស់គេពី នគរចេនឡាទាំងពីរគឺ៖ ចេលាដីគោគស្ថិត នៅ​លើ​ទន្លេ​មេ​គង្គ​ខាង​ជើង​ភ្នំ​ដង​រែក និង​ចេលា​ទឹក ស្ថិត​នៅ​ភាគ​ខាង​ត្បូង ដែល​ស្រប​និង​ប្រទេសខ្មែរបច្ចុប្បន្នរួមទាំងទឹកដីសន្ដរកម្ពុជាក្រោមទាំងមូលផង។

គ. នគរចេលាដីគោក និង នគរចេលាទឹកលិច

  សតវត្សទី៨ ជាសម័យមួយដែលប្រទេសកម្ពុជា បានជួបប្រទះការបែកបាក់សាមគ្គី ចលាចល និងចំបាំងដណ្ដើមអំណាចគ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​ជា​ឱកាស​មួយ​ល្អ​ហុច​អោយ​ប្រ​ទេស​ជិត​ខាង ឆ្លៀតយកចំណេញលើគ្រប់វិស័យ។

  ប្រទេសខ្មែរត្រូវប្រេះឆាបែកបាក់រលេះជ្រុះធ្លាក់ជាលំដាប់លំដោយ ហើយបែកចេញជានគរពីរ ដែល​ប្រឈម​មុខ​ប្រ​ឆាំង​ច្បាំង​គ្នា​នឹង​គ្នា​។ នគរ​ខ្មែរ​ទាំង​ពីរ មាន​មួយ​ស្ថិត​នៅ​ភូមិ​ភាគខាងជើង ដូចនគរចេឡាពីដើម និងមួយទៀតនៅភូមិភាគខាងត្បូង ដូចនគរហ្វូនន់​ពី​ដើម​ដែរ ដែល​ជា​តំបន់​មាន​ទឹក​ទន្លេ​បឹង​បួ​អូរ​ស្ទឹង​ព្រែក​។ ដើម្បីអោយងាយស្រួលក្នុងការយល់ចងចាំ អ្នកប្រវត្ដិវិទូ បាននាំគ្នាសន្មត​យក​ឈ្មោះ ចេន​ឡា ដែល​ជា​ឈ្មោះ​ចិន​ធ្លាប់​បាន​ហៅ​ទឹក​ដី​ខ្មែរ​ផ្នែក​ខាង​ជើងជួរភ្នំដងរែក មកដាក់សំគាល់នគរខ្មែរខាងជើង គឺចេនឡាដីគោក និង​នគរ​ខ្មែរ​ខាង​ត្បូង​ ចេនឡា​លិច​ទឹក​។

ចេលាដីគោក (ចេនឡាដើម ឬកម្ពុជៈ)

  ដោយខ្វះឯកសារ យើងពុំអាចដឹងបានពីព្រឹត្ដិការណ៍ផ្សេងៗ ដែលកើតឡើងនៅទីនោះទេ។ ប្រវត្ដិវិទូមួយចំនួន មាន​មតិ​ថា ព្រឹត្ដិ​ការណ៍​ផ្សេង​ៗ គឺ​នៅ​ជាប់​ទាក់​ទិន នឹង​ប្រវត្ដិ​សាស្រ្ដ​នៃប្រទេសលាវបច្ចុប្បន្ន។ តែទោះជាយ៉ាង ណាគេអាចយកពត៌មានមួយ​ចំនួន​តាម​រយៈ​ប្រវត្ដិ​វិទូ​ចិន​ ដែល​បាន​កត់​ត្រា​ក្នុង​ប្រ​វត្ដិ​ដើម​ចិន អំពីទំនាក់ទំនងការ ទូតរបស់គេ នឹងនគរចេនឡា។ ប្រវត្ដិដើមចិនបានចែងថា «ស្ដេច​នៃ​នគរ​ចេន​ឡា​ដីគោក បាន​ចូល​រួម​ដោះ​ស្រា យ​ទំនាស់​ទឹក​ដីរវាងចិន និងយួននៅ គ.ស.៧១៧ និង ៧៥០ មហាក្សត្រនគរចេនឡា​ដីគោក «វិន​តាន» បាន​បញ្ជូន​បេសក​ជន​ទ្រង់​មក​ប្រ​ទេស​ចិន​ចំនួនពីរលើក។ ហើយបន្ទាប់មកនៅ គ.ស.៧៥៣ បុត្រារបស់មហាក្សត្រចេនឡា ដី​គោក បាន​ដឹក​នាំ​បេសក​ជន​ចំនួន​ ២៦​នាក់​មក​ប្រ​ទេស​ចិន​ទៀត​។ ព្រះអង្គបានធ្វើដំណើរ ទៅខេត្ដយូនណានជា មួយមេទ័ពចិនឈ្មោះ ហ៊ូគី ក្វាង ដែល​ទទួល​បេសក​កម្ម​លើក​ទ័ព​ទៅ​ច្បាំង​វាយ​កំទេច ពួក​សៀម និងយួន។ នៅគ. ស.៧៧១ ព្រះឧបរាជខ្មែរ ពោមី បាននាំគណៈប្រតិភូ​ខ្លួន​ឯង​ទៅ​គាល់​ស្ដេច​ចិន​។ នៅ​ គ.ស.៧៩៩​មហា​ក្សត្រ នគរចេនឡានៅតែរក្សាទំនាក់ទំនងការទូតជាមួយប្រទេសចិនជានិច្ច។ សិលាចារឹក​នៅ​ល្បើក​ស្រូវ​ខេត្ដ​ក្រ​ចេះ ក៏​បាន​រៀប​រាប់​ពី​ទំនាក់​ទំនង​នេះ​ដែរ។ រាជធានីនៃនគរចេនឡាដីគោកគឺ «ភវបុរៈ» ស្ថិតនៅផ្នែកកណ្ដាល​នៃ​ដង​ទន្លេ​មេ​គង្គ គឺ​នៅ​តំបន់​ ប៉ាក់​ហិន​បុន (ប្រ​ទេស​លាវ)​។

  មកដល់សតវត្សទី១០ ចេនឡាគោកត្រូវបានពួកមហាក្សត្រអង្គរ វាយយកមកបង្រួបបង្រួមជានគរតែមួយវិញ មុននឹង​ត្រូវ​បែក​គ្នា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ចុង​សម័យ​អង្គរ​នា​សត​វត្សទី១៤-១៥ រហូតដល់សម័យបច្ចុប្បន្ននេះ គឺប្រទេសលាវសព្វថ្ងៃនេះឯង។ រាជ​វង្ស​នៃ​ភវ​បុរៈ បាន​ប្រកាស​ខ្លួន​ថា​ពួក​គេ​ជា​តំណរ​ពូជ​នៃ​នគរ​ចេនឡា​ឯក​សមោ​ធាន​។

ចេនឡាទឹក(នគរហ្វូនន់ដើម)

  បន្ទាប់ពីត្រូវរងការបាក់បែកជាមួយនគរចេនឡាគោក នគរចេនឡាទឹកត្រូវទទួលការបែកខែ្ញកជាពីរចំណែកទៀតគឺ រាជ​រដ្ឋ​អនិន្ដិ​បុរៈ ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង គ្រប់​គ្រង​ដោយ​រាជ​វង្ស ពល្លទិត្យា ដែលមានរាជធានីឈ្មោះពល្លទិត្យបុរៈ និងរាជរដ្ឋមួយទៀតនៅផ្នែក​ខាង​ជើង ដែល​មាន​រាជ​ធានី​ឈ្មោះ សម្ភុ​បុរៈ មាន​ទី​តាំង​នៅសបូរព្រៃគុក ជិតដងទន្លេមគេង្គ (បច្ចុប្បន្នខេត្ដក្រចេះ) ហើយដែលគេបានរក​ឃើញ​ការ​ដ្ឋាន​បុរាណ​វត្ថុ​មួយ​ដ៏​សំខាន់​នៅ​ជំនាន់​នោះ​។ រាជ​វង្សនៃពល្លទិត្យាបានចាត់ទុកខ្លួនគេថា ជាតំណពូជក្សត្ររបស់ព្រះថោង និងនាង​នាគី​សោមា គឺ​តាម​រយៈ​ព្រះ​បាទ​រុទ្រ្ទ​វរ្ម័ន​រហូត​មក​ដល់​ព្រះបាទភវវរ្ម័ន។ ចំណែកឯពួករាជវង្សសម្ភុបុរៈបានប្រកាសថា ពួកគេជាតំណពូជ​ក្សត្រ​នៃ​នគរ​ចេនឡា ​ឯក​សមោ​ធាន​ដែរ​ (ពូជ​ពង្ស​រួម​នៃ​នគរ​ចេនឡាដើម និងហ្វូនន់)គឺ​ពួកគេជាញាតិវង្សរបស់ព្រះ នាងជ័យទេវី។

  ក្នុងគោលបំណងចង់បង្រួបបង្រួមរាជវង្សទាំងពីរវិញ ព្រះបាទបុស្សករក្សដែលជាក្សត្រនៃពល្លទិត្យបុរៈបាន​ទទួល​រៀប​អភិ​សេក​ជា​មួយ​ព្រះ​នាង​ជ័យ​ទេវី​ ដែល​គ្រង​រាជ​នៅ​សម្ភុ​បុរៈ​។ គេបានរកឃើញសិលាចារឹកមួយនៅសំបូរ ដែលបានចារអំពីព្រឹត្ដិការណ៍​ទាំង​នេះ និង​សិលា​ចារឹក​ផ្សេង​ៗ​ទៀត​(ចារ​នៅ​គស​៧១៦-៧៨៩) ដែល​បាន​កត់ត្រា ឈ្មោះក្សត្រជាច្រើនទៀត ដែលេយីងពុំអាច​ដឹង​ថា​ជា​នរណា​ទេ​។

  ក្រោយមកទៀតបុត្ររបស់ព្រះបាទបុស្សករ័ក្សក៏បានព្យាយាមបន្ដនយោបាយនេះដែរ តែពុំបានលទ្ធផលអ្វីសោះ ។ ទី​បំផុត​នគរ​ចេនឡា​ទឹក​ត្រូវ​បែក​ខែ្ញក​ជា ៧​នគរ​តូច​ៗ​ទៀត ដែលគេពុំបានដឹងអំពីដែនសីមាកំនត់ទឹកដីនៃនគរនិមួយៗច្បាស់លាស់ទេ។ ឯ​ព្រឹត្ដិ​ការណ៍​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​ដែល​កើត​ឡើង​នៅ​ជំនាន់​នោះ​ក៏​គេ​ពុំបានដឹងជាក់លាក់ ដែរ។

ឃ. ចេនឡាទឹកលិចក្រោមការត្រួត្រាអានានិគមជ្វា

  នៅពេលដែលនគរចេនឡាទឹក កំពុងតែមានការបែកបាក់សាមគ្គីគ្នានិងមានសង្រ្គាមផ្ទៃក្នុងយ៉ាងគគុកគគុល ទើប​រាជ​វង្ស​ជ្វា​ឈ្មោះ​សី​លិន្រ្ទា ​ដែល​កំពុង​តែ​ពេញ​ដោយ​អនុ​ភាព ឆ្លៀតពេលវាយរំលោភយកចេនឡាទឹកដាក់ជាប្រទេសចំនុះខ្លួន។ នគរជ្វាជា​នគរ​មួយ​ដែល​ទើប​តែ​ក​កើត​នៅ​សត​វត្ស​ទី​៤ និង​កត់​ចូល​ក្នុង​ប្រ​វត្ដិ​សាស្រ្ដនៅរវាងសតវត្សទី៥ ក្រោមឈ្មោះថា នគរសូម៉ាត្រានៃរាជវង្ស​ស្រី​វិជ័យ (ផល្លម​បង)​។ នគរ​ជ្វា​ត្រូវ​បាន​បាត់​ឈ្មោះ​បោះ​សំលេង​រហូតដល់តំបន់នេះត្រូវបានរាជវង្សជ្វា សីលិន្រ្ទាដណ្ដើមយកមកគ្រប់គ្រងនាសតវត្ស​ទី​៧-៨ និង​បាន​ធ្វើ​អោយ​ក្លាយ​ជា​នគរ​មួយ​ល្បី​ឈ្មោះ​ជា​ខ្លាំង ខាងផ្លូវសាសនាក៏ដូចជាខាងផ្លូវពាណិជ្ជកម្មនាវិកដែរ។

  ដោយសារពួកជ្វាមានសំពៅសង្រ្គាមធំៗ ពួកគេបានត្រាច់ចរគ្រប់ទិសទីដោយសេរី។ នៅរវាង គ.ស.៧៧៤ ពួក ជ្វា​ក៏​បាន​មក​ដល់​ទឹក​ដី​ខ្មែរ​នៅ​ព្រៃ​នគរ​។ ពួក​វា​បាន​វាយ​យក​កោះ​ត្រលាច​ទុកជាទីតាំងកងទ័ពសម្រាប់វាយលុក ឈ្លានពានទឹកដីខ្មែរនឹងចាម។ ពួក​ចោរ​ជ្វា​នេះ បាន​សាប​ព្រោះ​អំពើ​កាច​សា​ហាវ​យង់​ឃ្នង​កាប់​សំលាប់​ប្រជាជនតាមតំបន់នោះយ៉ាងព្រៃផ្សៃ។ សិលាចារឹកចាមមួយឈ្មោះ ពោន​គរ​នៅ​ញ៉ាត្រាង​ បាន​កត់​ត្រា​ថា នៅ​ឆ្នាំ ៧៧៤ មាន​ជន​បរ​ទេស​ដែលជាមនុស្សរស់អាស្រ័យនៅគួរអោយរន្ធត់ ជាងខ្មោចអសុកាយ​ទៅ​ទៀត​។ ពួក​នេះ មាន​សំបុរ​ខ្មៅ​ឃ្លីក ស្គម​កំប្រឹង​អា​ក្រក់​ក្រៃ​លែង ហើយកាចសាហាវដូចបីសាច ពួកវាបានជិះទូកចូលមកលួចប្លន់ យករូប​លិង្គ និង​ដុត​បំផ្លាញ​ប្រាសាទ​តាម​អំពើ​ចិត្ដ​របស់​វា​។ ពូក​វា​បាន​ប្រើនាវាល្អៗដើម្បីបន្ដការលុកលុយ និងរាតត្បាតដែនសមុទ្រ តែត្រូវបានព្រះបាទ​សត្យ​វរ្ម័ន ដេញ​រត់​ខ្ចាត​ខ្ចាយ​អស់​ទៅ​។

  នៅឆ្នាំ៧៨៧ ពួកទ័ពជ្វាបានជិះសំពៅចូលមកឈ្លានពាន និងដុតបំផ្លាញប្រាសាទម្ដងទៀត។ ពេលនោះស្ដេចជ្វា បាន​​ប្រកាស​ខ្លួន​គេ​ថា ជា​អធិ​រាជ​ភ្នំ​ដែរ តែ​គ្មាន​អ្នក​ណា​ម្នាក់​ដែលអាចបញ្ជាក់ថា គេជាតំណពូជនៃរាជវង្សវ័យ ធបុរៈ ឬសិលារាជាទេ។ ការ​ពិត​ពួក​គេ​គ្រាន់​តែ​ចង់​អួត​ថា គេ​ក៏​ខ្លាំង​ដូច​ពួក​ក្សត្រ​នគរ​ភ្នំ​ដែរ​។

  បន្ទាប់ពីបានជាន់ឈ្លីតំបន់ខាងជាយសមុទ្ររួចហើយ ពួកគេក៏បន្ដដំណើរឈ្លានពានមកដល់ដីកណ្ដាលទៀត។ ពួក​វា​បាន​ជិះ​ទូក​លុក​មក​តាម​ដង​ទន្លេ​មេ​គង្គ​ចូល​មក​ដល់​រាជ​វាំងសម្ភុបុរៈ ហើយបានកាត់ក្បាលព្រះរាជាខ្មែរបញ្ជូន ទៅថ្វាយស្ដេចជ្វា។ បន្ទាប់​មក​ស្ដេច​ជ្វា​ក៏​ផ្ញើ​ក្បាល​ស្ដេច​ខ្មែរ​មក​អោយ​មហា​ក្សត្រ​ខ្មែរ​ថ្មី ហើយបង្គាប់អោយក្សត្រ ខ្មែរថ្មីនេះគោរពប្រតិបត្ដិស្ដេចជ្វាដូចជាព្រះរបស់គេ។

  ពាណិជ្ជករជ្វាម្នាក់ ឈ្មោះសុលាយម៉ាន់ បានចងក្រងប្រវត្ដិរឿងនេះជារឿងប្រលោមលោកមួយ (ស.វទី១០) ដែល​គេ​អាច​ដក​ស្រង់​យក​ពត៌​មាន​មួយ​ចំនួន​ពី​ប្រទេស​ខ្មែរ​នា​សម័យ​នោះ​។ គេបានសរសេរថា ប្រទេសខ្មែរជាប្រទេសមួយដែលគេអាចទិញដូរដំណាំ​កប្បាស វា​មិន​នៅ​លើ​កោះ​ទេ​តែ​នៅ​ជាប់​ទ្វីប​អា​រ៉ាប់​។ គ្មាន​ប្រ​ទេស​ណា​មួយ​ដែលមានប្រជាជនច្រើនដូចនៅស្រុកខ្មែរទេ ហើយប្រជាជន​នៅ​ស្រុក​នេះ​ទៅ​ណា​មក​ណា​ដោយ​ជើង​ទទេ​។ ប្រទេសខ្មែរមានជីវភាពខ្ពង់ខ្ពស់ដូចកោះជ្វាដែរ។ នៅចន្លោះប្រទេសទាំងពីរ គេអាច​ទៅ​មក​ដោយ​សំពៅ ​១០​ -២០​ថ្ងៃ​។ ស្ដេច​ជ្វា​ទើប​តែ​បាន​វាយ​នគរ​នេះ​ដាក់​ចំនុះ បានទាំងកាត់ក្បាលស្ដេចខ្មែរព្រហើនម្នាក់ និងបានបញ្ជាអោយ​ស្ដេច​ថ្មី គោរព​ប្រតិ​បត្ដិ​ស្ដេច​ជ្វា​ដូច​ព្រះ​។ ជា​រៀង​រាល់​ព្រឹក ស្ដេច​ថ្មី​នេះ​តែង​អោន​ក្រាប​ថ្វាយ​បង្គំស្ដេចជ្វាបីដងពីចម្ងាយ។

  ពួកចោរជ្វាបានចោទប្រកាន់ស្ដេចខ្មែរថាបានមាក់ងាយខ្លួនទើបបាន ជាគេវាយរំលោភលើស្រុកខ្មែរដើម្បីប្រដៅ ទុក​ជា​មេរៀន​។ នេះ​វា​គ្រាន់​តែ​ជា​ការ​ដោះ​សារ​ចំពោះ​អំពើ​ព្រៃ​ផ្សៃ​យង់​ឃ្នងរបស់ពួកជ្វាតែប៉ុណ្ណោះ មានសិលាចារឹកតិចតួចណាស់ ដែល​បាន​កត់​ត្រា​អំពី​ប្រ​វត្ដិ​សាស្រ្ដ​ដ៏​ជូរ​ចត់​នេះ​។ ដូច្នេះ​ហើយ​បាន​ជា​រហូត​មក​ដល់ពេលនេះ គេពុំទាន់រកេឃីញឯកសារណាដែលបានរៀបរាប់អោយ​ពិស្ដារ អំពី​ព្រឹត្ដិ​ការណ៍​ផ្សេង​ៗ​ដែល​កើត​ឡើង​នៅ​សម័យ​នោះ​ទេ​។ ឯការប្រព្រឹត្ដិបែបណារបស់ពួកជ្វាមកលើប្រជាជនខ្មែរ នៅក្នុងរយៈ​ពេល​ដែល​ពួក​វា​កាន់​ កាប់​ក៏​យើង​ពុំ​បាន​ដឹង​ដែរ​។ យើង​គ្រាន់​តែ​បាន​ដឹង​ថា ពួកជ្វាបានកាប់សំលាប់ប្រជាជនខ្មែរជាច្រើនឥតគណនា ហើយ​បាន​ចាប់​រាជ​វង្ស​ខ្មែរ​និង​ប្រ​ជា​ជន​ខ្មែរ​មួយ​ចំនួន​យក​ទៅ​ស្រុក​ជ្វា​ធ្វើ​ជា​ទាស​ករ​វា​ទៀត ដែលនៅក្នុងកំនែន នោះមានព្រះបាទជ័យវរ្ម័នទី២ផងដែរ។

១ = ព្រះនរាយណ៍ ២ = ព្រះអាទិត្យ ពណ៌លឿង