១៤ - អោនភាពនៃប្រទេសកម្ពុជា
ថ្ងៃសៅរ៍ ទី10.ឧសភា 2014.ម៉ោង 22:51

  ព្រះបាទជ័យវរ្ម័នទី៧ ជាយុគមួយដ៏ខ្ពង់ខ្ពស់ ភ្លឺថ្លាត្រចះត្រចង់ ថ្កុំថ្កើងក្រៃលែង នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ តែបន្ទាប់មក ប្រ​ទេស​កម្ពុជា​ត្រូវ​ធ្លាក់​ចុះ​ទន់​ខ្សោយ​បន្ដិច​ម្ដង​ៗ​ជា​លំដាប់​។ បុព្វហេតុមានជាច្រើន តែបុព្វហេតុ ទាំងនោះគ្មានអ្វីជាថ្មីទេ។ ខ្មែរតែងតែជួបប្រទះ ខ្មែរ​តែង​តែ​ស្គាល់ និង​យល់​ តែ​ខ្មែរ​នៅ​តែ​ដើរ​ជាន់​ដាន​ចាស់​ដដែល ពីសតវត្សមួយទៅសតវត្សមួយ ពីសម័យមួយទៅសម័យមួយ និងពីជំនាន់មួយ​ទៅ​ជំនាន់​មួយ​។​

១. ព្រះបាទឥន្រ្ទវរ្ម័នទី២ គ.ស.១២០១ - ១២៤៣

  បន្ទាប់ពីព្រះបាទជ័យវរ្ម័ទី៧ ចូលទីវង្គត បុត្ររបស់ព្រះអង្គជាមួយនឹងព្រះនាងឥន្រ្ទទេវី ព្រះនាមឥន្រ្ទវរ្ម័នទី២ ត្រូវបានជ្រើស​រើស និង​បាន​ទទួល​អភិ​សេស​ឡើង​សោយ​រាជ​សម្បត្ដិ​ប្រ​ទេស​កម្ពុជា។ ដោយព្រះអង្គលុះទៅ តាមគន្លងព្រះពុទ្ធសាសនា ព្រះអង្គនិយមសុខ​សន្ដិ​ភាព ហើយ​គ្មាន​គំនិត​លោភ​លន់​ចង់​បាន​ផល​ប្រ​យោជន៍​ ប្រ​ទេស​ជិតខាងឡើយ។ ដូច្នេះហើយ បានជាព្រះអង្គបញ្ជាអោយដកកងទ័ពខ្មែរ​ចេញ​ពី​ប្រ​ទេស​ចំប៉ា ប្រ​គល់​ឯក​រាជ​ភាព​ និង​តែង​តាំង​អោយស្ដេចចាមម្នាក់ជាព្រះមហាក្សត្រនៅនគរចំប៉ា។

  ព្រឹត្ដិការណ៍ផ្សេងទៀត នៅក្នុងរជ្ជកាលស្ដេចអង្គនេះ យើងមិនបានស្គាល់ច្បាស់លាស់ទេ ដោយខ្វះឯកសារ។ តែយើងអាច​ប៉ាន់​ស្មាន​ថា វិបត្ដិ​យ៉ាង​ធំ​ដែល​ខ្មែរ​ត្រូវ​ជួប​ទៅ​ថ្ងៃ​ក្រោយ គឺបណ្ដាលមកអំពីឥរិយាបថ របស់ព្រះបាទ ឥន្រ្ទវរ្ម័នទី២ យល់ច្រលំបញ្ហាជាតិ និង​សាសនា​។ ព្រះ​អង្គ​បាន​សុគត​ ក្នុង​គ.ស​១២៤៣​។

២. ព្រះបាទជ័យវរ្ម័នទី៨ គ.ស.១២៤៣ - ១២៩៥
ការវិលត្រលប់នៃព្រហ្មញ្ញសាសនា

  អ្នកបំរើនៅជុំវិញព្រះអង្គ សុទ្ធតែជាពួកព្រាហ្មណ៍ ហើយមហេសីព្រះអង្គម្នាក់ឈ្មោះចក្រវត្ដីទេវី ត្រូវជាកូនស្រីរបស់ព្រាហ្មណ៍ រិសី​កេសៈ ដែល​ធ្លាប់​មាន​ឥទ្ធិ​ពល​នៅ​ក្នុង​ប្រទេស​។ បងប្អូនជីដូនមួយបង្កើតព្រះនាងម្នាក់ ជាព្រាហ្មណ៍ឈ្មោះ ជ័យមង្គលអដ្ឋៈ ដែល​ជា​អ្នក​ប្រាជ្ញ​កំពូល​ក្នុង​ព្រហ្ម​ញ្ញ​សាសនា ហើយ​ដែល​ព្រះ​មហា​ក្សត្រ និងនាម៉ឺនតូចធំតែងតែកោតខ្លាចគោរព។ ដើម្បីបញ្ជាក់បង្ហាញនូវទឹកចិត្ដរបស់​ព្រះ​អង្គ ចំពោះ​ព្រហ្មញ្ញ​សាសនា ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៨ បានកសាងប្រាសាទមួយសំរាប់តំកល់ដាក់រូបសំណាកព្រាហ្មណ៍ ជ័យមង្គលអដ្ឋៈ ទុក​ជា​ទី​សក្ការៈ​បូជា​។

ភាពរង្គោះរង្គើនៃមហាចក្រខ្មែរ

  ឥរិយាបថផ្ដាច់ការរបស់ព្រះបាទជ័យវរ្ម័នទី៨ និង ក្រុមបក្សពួក មិនបានបង្កើតបរិយាកាសរីករាយសុខសន្ដិភាព ចំរុងចំរើន​ក្នុង​នគរ​ទេ ផ្ទុយ​ទៅ​វិញ​ ការ​ជិះ​ជាន់​ចាប់​ចង​ឃុំ​ឃាំង កាប់សំលាប់ពីបទប្រមាថមាក់ងាយសាសនា ការភ័យខ្លាចតក់ស្លុត ទុក្ខសោកព្រួយ​វេទ​នា​ការ​ស្អប់​ខ្ពើម​មិន​សប្បាយ​ចិត្ដ និង​អសន្ដិ​សុខ បានផុសកើតនៅតាមគ្រប់ភូមិស្ថានក្នុងនគរ។ ប្រទេសជិតខាង ដែលសង្កេតឃើញ ភាព​រកេត​រកូត ភាព​ទន់​ខ្សោយ​ខ្វះ​សា​មគ្គី​ភាព ក៏​ឆ្លៀត​ឱកាស​នេះ​ដែរ ដើម្បីក្រេបជញ្ជក់លេបយកទឹកដីនគរខ្មែរ។

  ក្នុងគ.ស.១២៨២ ស្ដេចម៉ុងហ្គោល ឃូប៊ីឡាយ Khoubilai ជាចៅរបស់ស្ទង់ស្ទីខាន់ Gengis Khan អ្នកដែលវាយ​ប្រហារ​យក​បាន​ប្រទេស​ចិន​​ដាក់​​ជា​ចំនុះ បាន​បញ្ជា​មេ​ទ័ព​ម្នាក់​ឈ្មោះ សិហ្គាទូ Sögatou អោយដឹកនាំកងទ័ពចុះ មកវាយប្រហារដណ្ដើមយកប្រទេសចំប៉ា និង​កម្ពុជា​។ តែ​កង​ទ័ព​ចិន​ត្រូវ​បរា​ជ័យ ហើយមេទ័ពចិននោះ ក៏ត្រូវបាត់បង់ជីវិតក្នុងគ្រានោះដែរ។ ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៨ ដែល​យល់​ថា​ស្ថាន​ការណ៍​មិន​ស្រួល បាន​សុខ​ចិត្ដ​នាំ​សួយ​សារ​អាករ ទៅថ្វាយស្ដេចម៉ុងហ្គោល ដើម្បីសុំសេចក្ដីសុខ គឺ​នៅ​ក្នុង គ.ស.១២៨៥​។

  ប៉ុន្មានឆ្នាំក្រោយមក ពួកជនជាតិថៃ ដែលខ្មែរហៅថាសៀម ដែលធ្លាប់រស់នៅក្នុងស្រុកយូណាន់ ក្នុងប្រទេសចិន ហើយដែល​អីលូវ​បាន​មក​ជ្រក​កោន​លើ​ទឹក​ដី​ខ្មែរ បាន​ផ្សំ​គំនិត​រួម​ដៃ​គ្នា​ជា​មួយ​ស្ដេច នាម៉ឺនមុខមន្រ្ដីមេទ័ពខ្មែររៀបចំជាកង​ពល​សេនា​ធ្វើ​សង្គ្រាម​ផ្ដាច់​ទឹក​ដី​។

  ក្នុងសតវត្សទី៨ នគររបស់ជាតិថៃឈ្មោះ ណាន់ឆាវ ស្ថិតនៅខាងជើងឆៀងខាលិចប្រទេសភូមា។ ដោយមានសង្គ្រាមទប់​ទល់​នឹង​កង​ទ័ព​ស្ដេច​ម៉ុង​ហ្គោល​ឃូ​បី​ឡាយ​មិន​បាន ក្រុមជនជាតិថៃបានធ្វើដំណើរ រំកិលចុះទៅរកប្រទេសភូមា និងមួយទៀតសំដៅទៅរក​ស្រុក​ខ្មែរ​។ ដំណើរ​លូន​សន្សឹម​ៗ វាត​ទី​របស់​សៀម​មក​លើ​ទឹក​ដី​ខ្មែរ និងភូមាបានចាប់ផ្ដើមក្នុងសតវត្សទឺ១២។ នៅក្នុងភូមិភាគអាស៊ីអគ្នេយ៍ នៅ​មាន​ដំណើរ​ចុះ​មក​ទិស​ខាង​ត្បូង​ទី​បី​មួយ​ទៀត​ដែល​ជា​ដំណើរ​វាត​ទឹក​ដីរបស់យួន សំដៅប្រទេសចំប៉ា។

  ដំណើរសៀម ចុះមកវាតទីនៅលើទឹកដីខ្មែរ មានសភាពដូចជាស៊ីសង្វាក់គ្នារវាងជនជាតិទាំងពីរ រហូតដល់ទៅ ជនជាតិ​សៀម​បាន​រៀប​ចំ​ផ្ទាល់​ខ្លួន​ ទទួល​យក​វប្ប​ធម៌ និង អរិយ​ធម៌​ខ្មែរ មកធ្វើជាកេរមរតកសម្បត្ដិរបស់សាសន៍ជាតិខ្លួនឯង។ កាលនោះ ថៃដែលមាន​ឈ្មោះ​ថា​សៀម ឬ​ស៊ីយ៉ាម ក្នុង​សត​វត្ស​ទី​១៣ សង្រ្គាម​ប្រយុទ្ធ​គ្នា រវាងខ្មែរ និងសៀម ចាប់ផ្ដើមមានជាញឹកញាប់ធ្វើអោយមានការខូចខាតជា​ច្រើន​ដល់​ប្រ​ទេស​ជាតិ​។ កាល​នោះ​ស្ដេច​ខ្មែរ​មួយ​អង្គ ឈ្មោះរាមាកំហែង ដែលបានផ្ដាច់ទឹកដីខ្មែរយកទៅបង្កើតនគរសៀម ហើយបានយក ទី​ក្រុង​ខ្មែរ​សុខោ​ទ័យ​ ធ្វើ​ជា​រាជ​ធានី​។

អវសានរជ្ជកាល

  ព្រឹត្ដិការណ៍ចុងក្រោយនេះ ត្រូវបានកត់ត្រាដោយអ្នកដំណើរចិន ជីតាក្វាន់ ដែលក្នុងសម័យនោះបានធ្វើដំណើរទៅស្រុក​ខ្មែរ​។ កាល​នោះ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៨ មាន​ព្រះ​ជន្ម​កាន់​តែ​ច្រើន​ចាស់​ជរា​ហើយ​កំលាំង​លែង​មាំ​មួន​។
  ចិនជីតាក្វាន់ បានសរសេរទុកមកថា បុត្រីព្រះមហាក្សត្រ បានលួចព្រះខ័នរាជ ជាតំណាងអំណាច និងរាជសម្បត្ដិ ដូច្នេះ ព្រះ​រាជ​បុត្រ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៨ ដែល​ត្រូវ​ឡើង​សោយ​រាជ​បន្ដ​ពី​ឳ​ពុក ដោយគ្មានព្រះខ័នរាជ សំរាប់សំគាល់ជាតំណាងអំណាច និងរាជបល្ល័ង្គ ក៏​លែង​មាន​សិទ្ធិ​នឹង​ឡើង​សោយ​រាជ​គ្រប់​គ្រង​នគរ​ដែរ គឺបុគ្គលមានព្រះខ័នរាជ ដែលមានសិទ្ធិអំណាចត្រឹមត្រូវ ឡើធ្វើជាព្រះមហាក្សត្រកម្ពុជា​។ គ្រា​នោះ​ព្រះ​មហា​ក្សត្រ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៨ មិន​រិះ​រក​មធ្យោ​បាយ​អ្វីមកទប់ទល់ឡើយ។ ព្រឹត្ដិការណ៍បានជំរុញបង្ខំចិត្ដព្រះបាទជ័យ​វរ្ម័ន​ទី​៨ ដាក់​រាជ ក្នុង​គ.ស​ ១២៩៩​។

៣. ព្រះបាទឥន្រ្ទវរ្ម័នទី៣ គ.ស ១២៩៩ - ១៣០៨

  ព្រះបាទឥន្រ្ទវរ្ម័នទី៣ ជាកូនប្រសាររបស់ព្រះបាទជ័យវរ្ម័នទី៨ ក្នុងរាជព្រះអង្គ ព្រះរាជបុត្រព្រះបាទជ័យវរ្ម័ទី៨ ដែល​ត្រូវ​ទទួល​រាជ​សម្បត្ដិ​ពី​ឳពុក​ បាន​ទៅ​បង្ក​ទ័ព បង្កើត​ចលា​ចល​ធ្វើសង្គ្រាមដណ្ដើមយករាជបល្ល័ងមកវិញ។ តែព្រះអង្គត្រូវបរាជ័យ ហើយត្រូវព្រះបាទ​ឥន្រ្ទ​វរ្ម័ន​ទី​៣​ចាប់​បាន​។​ ព្រះ​បាទ​ឥន្រ្ទ​វរ្ម័ន​ទី​៣ បាន​បញ្ជា​អោយ​កាត់ម្រាមជើង ដើម្បីជាសញ្ញាបញ្ជាក់ថា ស្ដេចអង្គនេះគ្មានអំណាច នឹងទាមទាររាជសម្បត្ដិ​ទេ។ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៣ បាន​បញ្ជា​អោយ​យក​ព្រះ​អង្គ​ទៅ​ដាក់​ចាក់សោឃុំទុកក្នុងបន្ទប់ងងិតមួយ ក្នុងបរមរាជវាំង។

  ព្រះអង្គបានផ្លាស់ប្ដូរសាសនា មកប្រកាន់ព្រះពុទ្ធសាសនាផ្នែកថេរវាទ(១) ឬហីនយានវិញ។ ព្រះពុទ្ធសាសនា ថេរវាទត្រូវ​បាន​ព្រះ​អង្គ​​តមលិន្ដ ដែល​ជា​បុត្រ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ នាំចូលមកប្រទេសកម្ពុជា ព្រះអង្គជាក្សត្រទី១ ដែលបានរៀបចំយកភាសាបាលី មកសរសេរ​ជំនួស​ភាសា​សំ​ស្រ្កឹត​ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៣ ថែរក្សាការពារសាសនាទាំងអស់ ទាំងព្រហ្មញ្ញសាសនា ទាំងព្រះពុទ្ធសាសនា។ ក្នុងរជ្ជកាលព្រះអង្គ ប្រ​ទេស​ជាតិ​បាន​សុខ​សន្ដិភាព ប្រជា​នុ​រាស្រ្ដ​រស់​ដោយ​ក្សេមក្សាន្ដ គ្មានទុក្ខគ្មានភ័យ ហើយសង្រ្គាម នឹងប្រទេសជិតឆ្ងាយក៏គ្មានដែរ។ ថ្ងៃ​ក្រោយ​មក ក្នុង​គ.ស​.១៣០៨ ព្រះ​បាទ​ឥន្រ្ទ​វរ្ម័ន​ដាក់​រាជ ហើយ​ព្រះ​អង្គ​បាន​យាង​ទៅ​សាង​ផ្នួស​។
ការដណ្ដើមយកអំណាចយកសោយរាជ របស់ព្រះបាទឥន្រ្ទវរ្ម័ទី៣ ក្នុងឋានៈព្រះអង្គជាកូនប្រសារព្រះមហាក្សត្រ ការ​ប្រ​កាន់​គោរព​បូជា​ព្រះ​ពុទ្ធ​សាសនា​ផ្នែក​ថេរ​វាទ ឬ​ហីន​យាន ធ្វើ​អោយ​យើង​ប៉ាន់​ស្មាន​ថា ព្រះអង្គអាចជាតួ អង្គព្រះបាទត្រសក់ផ្អែមដែលជាស្ដេច​សំរែ ក្នុង​ពង្សា​វតារ​ខ្មែរ​ភាគ​រឿង​និទាន​។

៤. ព្រះបាទឥន្រ្ទជ័យវរ្ម័ន គ.ស.១៣០៨ - ១៣២៧

  ព្រះបាទឥន្ទ្រជ័យវរ្ម័ន បានឡើងសោយរាជបន្ដពីព្រះបាទឥន្រ្ទវរ្ម័នទី៣ យើងមិនបានស្គាល់ប្រវត្ដិព្រះអង្គ ខ្សែស្រលាយ ញាតិ​សន្ដាន​ជាប់​នឹង​ព្រះ​មហា​ក្សត្រ​ចាស់ និង​របៀប​ដែល​តែង​តាំង​អោយ​ធ្វើ​ជា​ស្ដេចយ៉ាងណានោះទេ ប្រវត្ដិស្ដេចអង្គនេះ យើងដឹងបានខ្លះៗ ដាយ​សារ​សិលា​ចារឹក​នៅ​ប្រា​សាទ​មង្គល​អដ្ឋៈ ក្នុង​បរិ​វេណ​នគរ​ធំ និង​សិលា​ចារឹក​នៅបន្ទាយ​ស្រី​។​

  ព្រះមហាក្សត្រអង្គនេះ កាលឡើងសោយរាជសម្បត្ដិហើយ ក៏ចាប់ផ្ដើមផ្លាស់ប្ដូរសាសនាប្រកាន់យកព្រហ្មញ្ញសាសនាគោរព​ព្រះ​សិវៈ មក​ធ្វើ​ជា​ត្រី​មុខ​។ សង្រ្គាម​សាសនា ឬ​សង្រ្គាម​មនោ​គម​វិជ្ជា​បានផុសនៅគ្រប់ទិសទី ហើយការដេញចាប់ចងសំលាប់ក្រុមគោរព និង​កាន់​ព្រះ​ពុទ្ធ​សាស​នា​ក៏​ចាប់​ផ្ដើម​មាន​ដែរ​។ ព្រះបាទឥន្រ្ទជ័យវរ្ម័ ទ្រង់ចូលទីវង្គតនៅ គ.ស.១៣២៧។

៥. ព្រះបាទជ័យវរ្ម័នបរមឥស្វរៈ

  ចំពោះព្រះមហាក្សត្រអង្គនេះ យើងពុំបានដឹងអំពីរិសគល់ពូជពង្សទេ។ យើងក៏មិនដឹងដែរអំពីរបៀបឡើងសោយរាជ តែ​សិលា​ចារឹក​នៅ​ប្រាសាទ​មង្គល​អដ្ន (ប្រាសាទ​តុប) ក្នុង​បរិ​វេណន​គរ​ធំ និង សិលាចារឹកនៅប្រាសាទ បន្ទាយស្រី អាចអោយយើងដឹងអំពីវត្ដមាន​របស់​ព្រះ​អង្គ នៅ​ក្នុង​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​។ យើង​អាច​យល់​បាន​ថា​ស្ដេច​អង្គ​នេះ គោរពបូជាព្រះសិវៈ។ ដើម្បីបញ្ជាក់ នូវទឹកចិត្ដប្ដូរផ្ដាច់មុះមុតជឿ​ទៅ​លើ​ព្រះ​សិវៈ ហើយ​ដើម្បី​ប្រ​ឆាំង កំចាត់​បំផ្លាញ​ព្រះ​ពុទ្ធ​សាសនា ព្រះអង្គបានចារអក្សរលើប្រាសាទបាយ័ន ចោទប្រកាន់ត្មះតិដៀលព្រះពុទ្ធសាសនា​។ ព្រះ​អង្គ​បាន​ចូល​ទី​វង្គត​ក្នុង​គ.ស ១៣៣៦។

  ១ = ថេរវាទ គឺជាព្រះពុទ្ធដិការ ឬពាក្យបន្ទូលទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះ​អហន្ដ​ទាំង​ឡាយ​បាន​លើក​សង្គាយ​នា រៀប​ចំចង​ក្រង​យ៉ាង​ទៀង​ទាត់​ទុក​ក្នុង​ព្រះ​ត្រៃ​បិតក​។