១៦ -សម័យក្រោយអង្គរ ពង្សាវតារនៃរាជវង្សខ្មែរ
ថ្ងៃសៅរ៍ ទី15.វិច្ឆកា 2014.ម៉ោង 7:56

  បំនក​ស្រាយ​ផ្លូវ​ការ​ស្ដី​ពី​រាជ​វង្ស​សម័យ​ក្រោយ​អង្គរ​ដែល​យើង​បាន​ដឹង មាន​ភាព​ស្រ​ពិច​ស្រ​ពិល​ពិបាក​យក​ជា​ការ​បាន​ណាស់​។ ជា​រឿង​និទាន​សុទ្ធ​សាធ​ និង​មាន​លំនាំ​ដូច​ជា​រឿង​និទាន​នៅ​ម្ដុំ​នគរ​ជ្រោយ​សុវណ្ណ​ភូមិ ហើយ​បាន​ជន​ជាតិ​ភូមា​ដើម (ពួក​ទី​បេ) យក​មក​បក​ស្រាយ​នៅ​រវាង​ឆ្នាំ​១០០០ - ១០៤៤ នា​ពេល​ដែល​គេ​បាន​រួម​គំនិត​គ្នា​ធ្វើបដិ​វត្ដន៍​កំចាត់​របប​សក្ដិ​ភូមិ​អន្ដោ​ប្រ​វេសន៍ និង​ដើម្បី​បង្រួប​បង្រួម​ប្រទេស​ភូមា មាន​ពួក​មន​ពួក​ពុយ​ជា​ដើម​) អោយ​ក្លាយ​ទៅ​ជា​ជន​ជាតិ​តែ​មួយ​ គឺ​ជន​ជាតិ​ប៉ា​ហ្គង់​។ នៅ​ពេល​នោះ​គេ​បាន​លើក​យក​រឿង​ព្រេង «នាយ​ត្រសក់» មក​និទាន ដើម្បី​ភ្ជាប់​រាជ​វង្ស​ក្រោយ និង​រាជ​វង្ស​មុន និង ដើម្បី​បំបាត់​សាស​នា​ចាស់​ចេញ​ (ពុទ្ធ​សាសនា​មហា​យាន​និង ព្រហ្មញ្ញ​សាសនា​) នៅ​ពេល​នោះ​ពួក​គេ​បាន​ទាំង​ផ្លាស់​យក​ពុទ្ធ​សាសនាហីន​យាន​ធ្វើ​ជា​សាសនា​ជាតិ​របស់​គេ​រហូត​មក ពី​ឆ្នាំ​១០៤៤​។

  ចំណែក​ស្រុក​ខ្មែរ​យើង រឿង​នេះ​គេ​យក​មក​បញ្ចូល​នៅ​ក្នុង​ពង្សាវ​តារ​ខ្មែរ និង​បាន​ចង​ក្រង​ឡើង​នៅ​ក្នុង​រជ្ជ​កាល​ស្ដេច​អង្គ​អេង (ឆ្នាំ​១៧៩៦) ក្រោម​ការ​បញ្ជា​របស់​ស្ដេច​សៀម​។ បើ​យោល​ទៅ​តាម​ពង្សា​វតារ​នេះ រឿង​រាវ​ទាំង​នោះ​កើត​ឡើង​នៅ​អំលុង​ឆ្នាំ ១៣៥០​។ ពួក​ស្ដេច​សម័យ​ក្រោយ​អង្គរ ដែល​បាន​ទទួល​ស្គាល់​ថា​ខ្លួន​គេ​ជា​តំណ​ពូជ​ចុះ​មក​ពី​តា​ត្រសក់​ផ្អែម ពុំ​បាន​ចាត់​ទុកព្រឹត្ដិ​ការណ៍​នេះ​ជា​មហន្ដ​រាយ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ពូជ​សាសន៍​ខ្មែរ​ទេ ប៉ុន្ដែ​ការ​ពិត វា​ជា​ប្រភព និង​ការ​វិនាស​ហិន​ហោច​ខ្លោច​ផ្សារ និង​ទុក្ខ​វេ​ទនា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នៃ​ជន​ជាតិ​ខ្មែរ​​រហូត​ដល់​សម័យ​បច្ចុប្បន្ន​នេះ​។

បំនកស្រាយដែលមានលំនាំពិត

  នៅ​ពេល​ដែល​ពុទ្ធ​សាសនា​ហីន​យាន រីក​ដុះ​ដាល​គ្រប​ដន្ដប់​លើ​ព្រហ្មញ្ញ​សាសនា ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៩ ដែល​ជា​តំណាង​ចំបង អោយ​លិទ្ធិ​ព្រហ្មញ្ញ​សាសនា ត្រូវ​បាន​ជន​ជាតិ​សំរែ​ម្នាក់​ឈ្នោះ «ពូ» ធ្វើ​ឃាត​ក្នុង​ចលនា​បដិ​វត្ដន៍​សាសនា​នៅ​អង្គរ​នា​ឆ្នាំ ១៣៣៦​។ បន្ទាប់​ពី​ធ្វើ​គត់​ស្ដេច​ហើយ ជន​សំរែ​នោះ​ក៏​បាន​ឡើង​គ្រង​រាជ​នៅ​រាជ​ធានី​អង្គរ​។ ពួក​ស្ដេច​ដែល​បាន​រៀប​ចំ​ចង​ក្រង​ពង្សាវ​តារ​ខ្មែរ សុទ្ធ​សឹង​តែ​ស្ដេច​ជំនាន់​ក្រោយ ដែល​គ្មាន​ប្រ​ភព​ពូជ​ពង្ស​អ្វី​ច្បាស់​លាស់​ទេ គេ​គ្រាន់​តែ​កាត់​ស្មាន​ថា ខ្លួន​គេ​ចុះ​មក​ពី​ពូជ​សំរែ ដូច្នេះ​ហើយ​បាន​ជា​គេ​ខំ​បង្វែង​ដាន​លប់​រឿង​អា​ស្រូវ ដោយ​លួច​ដាក់​រឿង​ព្រេង​និទាន «តា​ត្រសក់​ផ្អែម​» បំបាំង​ការ​ពិត​។

  ស្ដេច​សំរែ​បាន​គ្រង​រាជ​រហូត​ដល់​ឆ្នាំ ១៣៤០ ស្ដេច​នោះ​បាន​ទាំង​រើ​រាជ​បល្ល័ង្គ​មក​តាំង​នៅ​ប្រា​សាទ​មួយ​ដែល​ជា​ស្នា​ដៃ​របស់​ព្រះបាទ​សុរិ​យា​វរ្ម័ន​ទី​២ ស្ថិត​នៅ​ក្បែរ​ប្រាសាទ​បន្ទាយ​ស្រី និង​មាន​ចំងាយ​ ១៥​គីឡូ​ម៉ែត្រ ពី​ប្រាសាទ​អង្គរ​វត្ដ​។ ប្រា​សាទ​នោះ​ក៏​ជាប់​ឈ្នោះ​ថា ប្រា​សាទ​បន្ទាយ​សំរែ​រហូត​មក​។ ដើម្បី​អោយ​ខ្លួន​បាន​ជា​ស្ដេច​ពេញ​ច្បាប់ ជន​សំរែ​នោះ​បាន​រៀប​អភិ​សេក​ជា​មួយ​ម្ចាស់​ក្សត្រី​ម្នាក់ មិន​តែ​ប៉ុណ្ណោះ​ជន​សំរែ​នោះ​បាន​កាប់​សំលាប់​ក្សត្រ​ពេញ​ច្បាប់​ដែល​ប្រ​ឆាំង​នឹង​ខ្លួន​គ្មាន​សេស​សល់​ម្នាក់ តែ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ជន​សំរែ​នោះ​ត្រូវ​គេ​កាត់​ក​សំលាប់​ចោល​ក្នុង​ឆ្នាំ ១៣៤០​។

  ការ​ធ្វើ​គត់​មហា​ក្សត្រ​ព្រហ្មញ្ញ​សាសនា​ដណ្ដើម​អំណាច​របស់​ជន​សំរែ កាន់​ពុទ្ធ​សាសនា​ហីន​យាន​នេះ បាន​កំនត់​ទី​បញ្ចប់​នៃ​លទ្ធិ​ទេវ​រាជ​របស់​មហា​បុរស​ខ្មែរ ហើយ​ក៏​ជា​ទី​បញ្ចប់​នៃ​សម័យ​កាល​ដ៏​រុង​រឿង​របស់​ជាតិ​សាសន៍​ខ្មែរ​ដែរ​។ គឺ​សម័យ​អង្គរ​នេះ​ឯង​។

បំនកស្រាយតាមពង្សាវតារខ្មែរ

  ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៩ ជា​ស្ដេច​ចុង​ក្រោយ​បង្អស់​ដែល​គេ​ស្គាល់​ដោយ​សិលា​ចារឹក ត​ពី​នេះ​ទៅ​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​រាជ​ពង្សាវ​តារ ដែល​ជា​អែក​សារ​ចង​ក្រង​ឡើង​នៅ​ស.វ​ទី​១៨ - ១៩ ហើយ​ដែល​អាង​ទៅ​លើ​ការ​ទន្ទេញ​ចាំ​មាត់ និង​លើ​អត្ថ​បទ​បូរាណ​ខ្លះ​ដែល​ពី​ដើម​គេ​តំកល់​ទុក​នៅ​ក្រុង​ឧដុង្គ​។ រាជ​ពង្សា​វតារ​មាន​ច្រើន​ច្បាប់ កត់​ត្រា​ព្រឹត្ដិ​ការណ៍​ដោយ​មាន​ការ​ដំណាល​ប្លែក​ៗ​ពី​គ្នា ហើយ​មាន​ការ​ចុះ​កាល​កំនត់​ខុស​ៗ​គ្នា​ទៀត​។ នេះ​ហើយ​ជា​ហេតុ​នាំ​អោយ​អ្នក​ប្រ​វត្ដិ​សាស្រ្ដ​ មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ចង​ក្រង​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​ ក្នុង​សម័យ​ចាប់​តាំង​ពី​ក្រោយ​រជ្ជ​កាល​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៩​។

  ម្យ៉ាង​ទៀត នៅ​មុន​ពេល​បោះ​បង់​ចោល​ក្រុង​អង្គរ គេ​ឃើញ​ខ្មែរ​យើង​មាន​ប្រើ​ពាក្យ ពញា(ញ) សំរាប់​ហៅ​ព្រះ​រាជ ​ហៅ​ព្រះ​រាជ​បុត្រ​ក្សត្រិយ៍​ទ្រង់​រាជ្យ និង​មន្រ្ដី​ជាន់​ខ្ពស់​ដូច​ពញា​យ៉ាត​ជា​ដើម​។ គេ​បាន​សង្កេត​ឃើញ​ថា ជន​ជាតិ​មន​ក្នុង​បុរាណ​កាល​ក៏​ធ្លាប់​ប្រើ​ពាក្យ ពញា នេះ​ជា​ឋា​នន្ដរ​សក្ដិ​នៃ​មន្រ្ដី​ជាន់​ខ្ពស់​ដែរ​។ នៅ​ត្រ​ង់​នេះ អ្នក​ប្រ​វត្ដិ​សាស្រ្ដ​បាន​ចោទ​សួរ​ថា តើ​រឿង​ព្រេង​នៅ​ស្រុក​ខ្មែរ​មាន​ទំនាក់​ទំនង​យ៉ាង​ដូច​ម្ដេច​ខ្លះ​ជា​មួយ​នឹង​រឿង​ព្រេង​នៅ​ប្រទេស​ភូមា​? ហើយ​កាល​ដែល​ខ្មែរ​ប្រើ​ពាក្យ ពញា នៅ​ពេល​នោះ​តើ​បណ្ដាល​មក​ពី​ហេតុ​អ្វី​ដែរ​? ទោះ​បី​ពុំ​ទាន់​មាន​ចំលើយ​ណា​អោយ​បាន​សម​រម្យ សំរាប់​សំនួរ​ទាំង​នេះ​ក៏​ដោយ ក៏​យើង​អាច​ប៉ាន់​ស្មាន​បាន​ថា ប្រហែល​ជា​ធាតុ​ទាំង​នោះ​បាន​នាំ​ចូល​ប្រទេស​ខ្មែរ​តាម​រយៈ​ពុទ្ធ​សាសនា​ហីន​យាន​ប្រើ​ភាសា​បាលី ដែល​អ្នក​ស្រាវ​ជ្រាវ​យល់​ថា បាន​ហូរ​ចូល​មក​ក្នុង​ជ្រោយ​សុវណ្ណ​ភូមិ ភាគ​ខាង​លិច​មុន​គេ គឺ​នៅ​ត្រង់​ម្ដុំ​ប្រ​ទេស​មន​ រួច​ផ្សាយ​ចូល​មក​តំបន់​វាល​ទំនាប​ទន្លេ​មេ​ណាម​រួច​ផ្សាយ​ចូល​បន្ដ​មក​ក្នុង​ប្រទេស​ខ្មែរ​ទៀត​។ លោក​ជីតា​ក្វាន់ ទូត​ចិន​ដែល​បាន​មក​ទស្សនា​ក្រុង​អង្គរ​នៅ​ចុងស វ.ទី​១៣​ ក៏​បាន​កត់​សំគាល់​ឃើញ​ថា​ នៅ​សម័យ​នោះ​មាន​គេ​និយម​កាន់​ច្រើន​​គ្នា​ណាស់​ទៅ​ហើយ​។ មាន​អ្នក​ប្រ​វត្ដិ​សាស្រ្ដ​ខ្លះ​ទៀត​ ដូច​ជា​លោក Adhémard Leclère និង​លោក Dauphin Meunier ជា​ដើម យល់​ថា​ព្រឹត្ដិ​ការណ៍​នាយ​ត្រសក់​ផ្អែម​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​អង្គរ​នោះ​ជា​មហា​បដិ​វត្ដន៍​មួយ​ក្នុង​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ ហើយ​បដិ​វត្ដន៍​នោះ គឺ​ជា​បដិវត្ដន៍​ខាង​នយោ​បាយ និង​ខាង​សាសនា​។ តើ​ពិត​ជា​មាន​បដិ​វត្ដន៍​មែន​រឺ​យ៉ាង​ណា​? តើ​អ្វី​ខ្លះ​ជា​មូល​ហេតុ​នៃ​បដិ​វត្ដន៍​នោះ​?

  យ៉ាង​ណា​​លទ្ធិ​ទេវ​រាជ​ដែល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២ បាន​ប្រា​រព្ធ​ធ្វើ​ជា​លើក​ដំបូង​នៅ​លើ​ភ្នំ​គូ​លែន​នៅ​ឆ្នាំ​៨០២ នោះ គឺ​ជា​អាវុធ​មួយ​យ៉ាង​សក្ដិ​សិទ្ធ ក៏​ប៉ុន្ដែ​អាវុធ​នោះ​ជា​អាវុធ​មុខ​ពីរ បាន​សេច​ក្ដី​ថា វា​អោយ​ផល​ល្អ​ផង អោយ​ផល​អាក្រក់​ផង​។ វា​អោយ​ផល​ល្អ​ត្រង់​ថា រាស្រ្ដ​ចាត់​ទុក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២​ ជា​អាទិ​ទេព​មួយ​អង្គ ដោយ​បាន​ធ្វើ​សន្ដិ​ភាព​វូប​នី​យ​កម្ម​បង្រួប​បង្រួម​ជាតិ និង​ដេញ​កំចាត់​សត្រូវ​ឈ្លាន​ពាន​អោយ​ចេញ​ពី​ទឹក​ដី​ខ្មែរ ម្លោះ​ហើយ​រាស្រ្ដ​ក៏​បាក់​បប​ខ្លប​ខ្លាច​ព្រះ​ចេស្ដា​ រួច​រួម​សាមគ្គី​ជុំ​វិញ​រាជ​បល្ល័ង្ក​ធ្វើ​ការ​កសាង​ជាតិ​អោយ​បាន​ដល់​ភាព​រុង​រឿង​ត្រចះ​ត្រចង់​បំផុត​ ក្នុង​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​ សម​ទៅ​តាម​បំណង​របស់​ស្ដេច​អាទិ​ទេព​ដែល​ចង់​បង្ហាញ​រាស្រ្ដ​អោយ​ឃើញ​ថា លោក​មាន​មហិទ្ធិ​រិទ្ធ​ពិត​ប្រាកដ​មែន​។ វា​អោយ​ផល​អាក្រក់​ត្រង់​វា​តំរូវ​អោយ​មាន​ការ​កសាង​ប្រាសាទ​ថ្ម​កាន់​តែ​ធំ​ឡើង ហើយ​កាន់​តែ​ច្រើន​ឡើង ហើយ​ស្រូប​យក​នូវ​កំលាំង​ពេល​វេលា និង​ទ្រព្យ​សម្បត្ដិ​ច្រើន​ពេក​ពី​រាស្រ្ដ ដែល​នៅ​ទី​បំផុត​ទៅ​រក​តែ​ផ្លូវ​គេច​អោយ​ផុត​ពី​បន្ទុក នៃ​ភាព​រុង​រឿង​របស់​ព្រះ​មហាក្សត្រ​ខ្លួន ហើយ​រត់​ទៅ​ជ្រក​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ ដែល​ប្រៀន​​ប្រដៅ​អោយ​មនុស្ស​លោក​លះ​បង់​អ្វី​ៗ​ទាំង​អស់ ដើម្បី​ឈោង​ចាប់​យក​និព្វាន​ជា​ទី​បរម​សុខ​។

  បើ​តាម​ពិនិត្យ​មើល​ទៅ​ឃើញ​ថា ទំនាស់​ក្នុង​ផ្លូវ​សាសនា​នេះ​មាន​យូរ​ណាស់​មក​ហើយ គឺ​តាំង​ពី​ក្នុង​រជ្ជ​កាល​ឧទយា​ទិត្យ​វរ្ម័ន​ទី​២​ម្ល៉េះ (១០៥០ - ១០៦៦) ដោយ​នៅ​ពេល​នោះ គេ​ឃើញ​មាន​ការ​បះ​បោរ​បី​លើក​ហើយ​ក្នុង​ចលនា​ទាំង​នោះ ពួក​បះ​បោរ​បាន​វាយ​កំទេច​សិវ​លិង្គ និង​បដិ​មា​ផ្សេង​ៗ​ខាង​ព្រាហ្មណ៍​សាសនា​ផង​។ ឯ​ពុទ្ធ​សាសនា ឃើញ​ថា​មាន​ការ​ចំរើន​លូត​លាស់​កាន់​តែ​ខ្លាំង ជា​ពិសេស​ក្នុង​រជ្ជ​កាល​របស់​ព្រះ​បាទ ធរ​និន្រ្ទ​វរ្ម័ន​ទី​២ (១១៥៥-?) និង​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ (១១៨១ - ១២១៨ ?) រហូត​ដល់​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ក្នុង​រជ្ជ​កាល​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៨ ពី​សំណាក់​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​។ ដូច្នេះ​យើង​ឃើញ​ថា វបត្ដិ​ខាង​សាសនា​កាន់​តែ​រីក​ធំ​ឡើង ដោយ​បន្ទាប់​​ពី​នោះ​មាន​ស្ដេច​ខ្លះ ក៏​ត្រលប់​ទៅ​កាន់​ព្រះ​ពុទ្ធ​សាសនា​វិញ ហើយ​ជា​ពុទ្ធសាសនា​ថេរ​វាទ​ថែម​ទៀត ដែល​ព្រះ​អង្គ​ម្ចាស់ តាម​លិន្ទ នាំ​ចូល​ស្រុក​ខ្មែរ​ប្រ​ហែល​តាំង​ពី​រជ្ជ​កាល​ឥន្រ្ទ​វរ្ម័ន​ទី​២​ម្ល៉េះ ហើយ​ក៏​មាន​ស្ដេច​ខ្លះ​ត្រលប់​ទៅ​កាន់​សាសនា​ព្រាហ្មណ៍​វិញ​ដែរ រហូត​ដល់​រជ្ជ​កាល​របស់​នាយ​ត្រសក់​ផ្អែម និង​កូន​ចៅ​របស់​គាត់ ដែល​សោយ​រាជ្យ​ត​រៀង​មក ទើប​ស្ដេច​ខ្មែរ​កាន់​ជាប់​តែ​ពុទ្ធ​សាសនា​រហូត​សព្វ​ថ្ងៃ​។ ត្រង់​នេះ​ហើយ​ជា​ហេតុ​នាំ​អោយ​អ្នក​ប្រ​វ​ត្ដិ​សាស្រ្ដ​ខ្លះ​យល់​ថា កាល​ដែល​នាយ​ត្រ​សក់​ផ្អែម​ធ្វើ​គត់​ស្ដេច​ហើយ​បាន​នាម៉ឺន​សព្វ​មុខ​មន្រ្ដី​លើក​ឡើង​អោយ​សោយ​រាជ្យ ជា​បដិ​វត្ដន៍​ដណ្ដើម​យក​អំណាច​នយោ​បាយ និង​អំណាច​សាសនា​ដែល​នៅ​ជាប់​គ្នា ព្រោះ​ក្នុង​សម័យ​នោះ​អំណាច ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ការ​កាន់​កាប់​របស់​ព្រះ​មហាក្សត្រ​ទាំង​អស់​។

  ចំលើយ​ទី​១ ជា​មួយ​សៀម សូម​អាន​ផ្នែក​រឿង​ភាគ​និទាន​ផង ត្រង់​ការ​លុក​លុយ​របស់សៀម​លើក​១ ក្រោយ​ពី​ព្រះ​បាទ​ត្រសក់​ផ្អែម​សោយ​ទី​វង្គត​ទៅ បុត្រ​របស់​ព្រះ​អង្គ​ព្រះ​នាម និព្វាន​បទ​ បាន​ឡើង​សោយ​រាជ្យ​ស្នង ពី​ឆ្នាំ​១៣៤០ ដល់ ១៣៤៦ និង​ចៅ​របស់​ព្រះ​អង្គ (បុត្រ​របស់​ព្រះ​បាទ​និព្វាន​បទ)​ ព្រះ​នាម​លំពង់​រាជា បាន​ទទួល​រាជ​សម្បត្ដិ​ពី​ឆ្នាំ ១៣៤៦ ដល់ ឆ្នាំ១៣៥១​។ នៅ​ឆ្នាំ​១៣៥១ ស្ដេច​សៀម​ព្រះ​នាម រាមា​ធិបតី ក្រោយ​ពី​បាន​តាំង​រាជ​ធានី​នៅ​ក្រុង​អយុធ្យា ហើយ​លើក​ទ័ព​ចូល​មក​វាយ​ខ្មែរ​។ តែ​មុន​នឹង​មក​ដល់​អង្គរ ទ័ព​សៀម​ត្រូវ​ឧបរាជ​ខ្មែរ (សុរិ​យោ​ទ័យ អនុជ​លំពង់​រាជា​លើក​ទ័ព​ទៅ​ស្កាត់​វាយ​បាក់​ទ័ព​ថយ​ទៅ​វិញ​អស់​។ ព្រះ​លំពង់​រាជា​នឹក​ស្មាន​ថា​សត្រូវ​​ពុំ​អាច​ធ្វើ​អ្វី​បាន​ទៀត​ក៏​ទ្រង់​បញ្ជា​រំសាយ​កង​ទ័ព​អោយ​ទៅ​កាន់​ទី​លំ​នៅ​រៀង​ៗ​​ខ្លួន​វិញ​។ លុះ​លឺ​ថា​សៀម​លើក​ទ័ព​ចូល​មក​ជា​ថ្មី​ម្ដង​ទៀត ខ្មែរ​កែន​ទ័ព​មិន​ទាន់​ក៏​ដេញ​រាស្រ្ដ​អោយ​ចូល​ក្នុង​កំពែង​មហា​នគរ ហើយ​កែន​ពល​អោយ​ការ​ពារ​។ ទ័ព​សៀម​មក​លោម​ទ័ព្ធ​ជុំ​ជិត​អស់​រយៈ​ពេល​១​ឆ្នាំ៥​ខែ ទ័ព​ជំនួយ​ខ្មែរ​ជា​ច្រើន បាន​លើក​ទ័ព​ពី​កន្លែង​ផ្សេង​ៗ តែ​ដោយ​មក​មិន​ស្មើ​គ្នា ក៏​ត្រូវ​ទទួល​បរា​ជ័យ ខាង​សៀម​ក៏​ចេះ​តែ​បញ្ជូន​ទ័ព​មក​ជា​បន្ថែម​។ ព្រះ​លំពង់​រាជា​ក៏​សោយ​ទី​វង្គត​ដោយ​រោគ​។ សៀម​វាយ​លុក​ចូល​កាន់​តែ​ខ្លាំង ហើយ​នៅ​ទី​បំផុត​មេ​ទ័ព​សៀម បាសាត​វាយ​ទំលាយ​បាន​ ទ្វារ​វិយោ​ទ័យ​ក៏​សុគត​ទៅ​ទៀត​។ ក្នុង​គ្រា​នោះ​ស្ដេច និង​រាជ​គ្រូ​បុរោ​ហិត​បាន​នាំ​យក​យក​គ្រឿង​សំរាប់​រាជ​ វាយ​ទំលាយ​ទ័ព​សៀម​រួច​ចេញ​ទៅ​។ ប៉ុន្ដែ​រាជ​ធានី​អង្គរ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កន្ដាប់​ដៃ​របស់​សៀម​នៅ​ឆ្នាំ​១៣៥២​។

  ក្រោយ​ពី​បាន​អភិ​សេក​បុត្រ​នាម ចៅ​បាសាត អោយ​ឡើង​សោយ​រាជ​នៅ​ក្រុង​អង្គរ និង​តែង​តាំង​ចៅ​ហ្វាយ​ខេត្ដ ជាតិ​សៀម​អោយ​ត្រួត​ត្រា​ខេត្ដ​ខ្មែរ​ទាំង​ឡាយ​ខាង​លិច ដែល​គេ​យក​បាន​ក្នុង​ដំណើរ​វាយ​លុក​ក្រុង​អង្គរ ព្រះ​ចៅ​រាមា​ធិបតី​ទ្រង់​បាន​ត្រលប់​ទៅ​ក្រុង​អយុធ្យា​វិញ ដោយ​បាន​កៀរ​រាស្រ្ដ​យក​ទៅ​ជា​ឈ្លើយ និង​ដឹក​ជញ្ជូន​ទ្រព្យ​សម្បត្ដិ​អស់​ជា​ច្រើន​ទៀត​ផង​។

  បុត្រ​របស់​ព្រះ​ចៅ​រាមាធិ​បតី​ទាំង​៣ គឺ បាសាត បាអាត និង កំបង់​ពិសី បាន​ឡើង​សោយ​រាជ្យ​ជា​បន្ដ​បន្ទាប់​គ្នា​នៅ ក្រុង​អង្គរ ពី​ឆ្នាំ​១៣៥២ ដល់ ១៣៥៧។ ពេល​នោះ​ព្រះ​សុរិយោ​វង្ស​អនុជ​ព្រះ​លំពង់​រាជា​ដែល​បាន​ភៀស​ព្រះ​អង្គ ទៅ​ប្រទេស​លាវ​លាន​ជាង នោះ​បាន​លើក​ទ័ព​មក​វាយ​យក​បាន​ក្រុង​អង្គរ​នៅ​ឆ្នាំ​១៣៥៧​។ ចៅ​កំបង់​ពិសី​ត្រូវ​សុគត​ក្នុង​សង្រ្គាម​។ បន្ទាប់​មក​ខ្មែរ​បាន​វាយ​កំចាត់​សៀម​អោយ​ចេញ​ផុត​ពី នគ​ររាជ​សីមា នៅ​ទិស​ពាយព្យ បស្ចឹម និង​នៅ​ទិស​នីរតី​។ ព្រះ​បាទ​សុរិយោ​វង្ស​បាន​ចូល​ទី​វង្គត​នៅ​ឆ្នាំ ១៣៦៣ ដោយ​រោគា​។ ក្មួយ​របស់​ព្រះ​អង្គ​ព្រះ​នាម បរម​រាមា បាន​ឡើង​សោយ​រាជ្យ​ស្នង​ពី​ឆ្នាំ ១៣៦៣ ដល់ ១៣៧៣។ ព្រះ​អង្គ​បាន​ចង​ស្ពាន​មេត្រី​ជា​មួយ​ព្រះ​ចៅ ហុងវ៉ូ នៃ​រាជ​វង្ស​មិង។ ឯ​ជន​ជាតិ​សៀម​ក៏​ពុំ​បាន​មក​ឈ្លាន​ពាន​ខ្មែរ​ទៀត​ទេ ដោយ​ជាប់​ដៃក្នុង​ ការ​ប្រយុទ្ធ​ជា​មួយ​ក្សត្រ​បុរី​ជា​ច្រើន​នៅ​ខាង​ជើង​ក្រុង​អយុធ្យា​។

ចំបាំងលើកទី២ ជាមួយសៀម(សូមអានផ្នែករឿងភាគនិទានផង)

  ស្ដេច​ដែល​ឡើង​សោយ​រាជ្យ​នៅ​ឆ្នាំ ១៣៧៣ គឺ​ព្រះ​បាទ ធម្មា​សោក​ជា​ព្រះ​អនុជ​ព្រះ​បរម​រាមា គ្រា​នោះ​នៅ​ប្រ​ទេស​សៀម​ ស្ដេច​រាមា​សូរ បាន​ឡើង​សោយ​រាជ្យ ហើយ​ក៏​បន្ដ​នយោ​បាយ​ពង្វាត​ទឹក​ដី​របស់​រាមាធិ​បតី​មក​លើ​ទឹក​ដី​ខ្មែរ​។ ក្រុង​អង្គរ​ត្រូវ​លោម​ព័ទ្ធ​សា​ជា​ថ្មី​អស់​រយៈ​ពេល​៧​ខែ (ពី​ខែមិគសិរ ដល់​ខែ​ជេស្ឋ ដោយ​ឃើញ​ថា​មិន​អាច​ប្រយុទ្ធ​យក​ជ័យ​ជំនះ​លើ​ខ្មែរ​ដោយ​កំលាំង​អាវុធ​បាន ទើប​សៀម​ប្រើ​ឧបាយ​កល​ម្ដង​វិញ​។ ទាហាន​សៀម​ចំនួន ១៥​នាក់​បាន​ធ្វើ​កល​សុំ​ចុះ​ចូល​ខាង​ខ្មែរ​ដោយ​យក​លេស​ថា ស្ដេច​សៀម​ធ្វើ​បាប​ខ្លួន​ខ្លាំង​ពេក ព្រោះ​តែ​ខ្លួន​ច្បាំង​មិន​ឈ្នះ​ខ្មែរ​។ នៅ​ទី​បំផុត​ពួក​នេះ​បាន​រក​មធ្យោ​បាយ​បើក​ទ្វារ​ខាង​លិច​បាន​។ ក្រុង​អង្គរ​ក៏​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម​ជា​លើក​ទី​២ នៅឆ្នាំ ១៣៩៣ ឯ​ព្រះ​បាទ​ធម្មា​សោក​ក៏​បាន​សោយ​ទីវង្គត​នៅ​ពេល​ដែល​សៀម​ហ៊ុំ​ព័ទ្ធ​ក្រុង​អង្គរ​នោះ​ទៅ​។

  ព្រះ​ចៅ​សៀម​បាន​អភិ​សេក​បុត្រ​ឈ្មោះ ពញា​ព្រែក អោយ​ឡើង​សោយ​រាជ្យ​នៅ​ឆ្នាំ​១៣៩៤ (អិន្ទរាជា) រួច​ដឹក ជញ្ជូន​ទ្រព្យ​សម្បត្ដិ និង​កៀរ​ប្រជា​រាស្រ្ដ​ខ្មែរ ៧០០០០​នាក់​ជា​ឈ្លើយត្រលប់​ទៅ​ក្រុង​អយុធ្យា​វិញ​។ គ្រា​នោះ​ពញា​យ៉ាត​ជា​បុត្រ​សុយោ​វង្ស​បាន​រត់​រួច​ហើយ​ទៅ​កែន​ទ័ព​តាំង​មូល​ដ្ឋាន​នៅ​ទួល​បាសាន​។ ចលនា​រំដោះ​ជាតិ​ដឹក​នាំ​ដាយ​ស្ដេច​អង្គ​នេះ​មាន​ការ​រីក​ចំរើន​ឆាប់​រហ័ស​ណាស់​។ តែ​ប្រាំ​ខែ​ក្រោយ​មក​ទ័​ព​ខ្មែរ​មាន​សមត្ថ​ភាព អាច​លើក​មក​វាយ​រំដោះ​យក​បាន​ក្រុង​អង្គរ​វិញ​។ តែ​មុន​នឹង​ទ័ព​ធំ​ចូល​មក​ដល់ ពញា​យ៉ាត​បាន​បញ្ឆោត​អោយ​ទា​ហាន​ស្ម័គ្រ​ចិត្ដ​១២​នាក់ ធ្វើ​កល​ទៅ​សុំ​ចុះ​ចូល​ជា​មួយ​ស្ដេច​សៀម ហើយ​ដក​អាវុធ​ធ្វើ​គត​ស្ដេច​សៀម​នៅ​នឹង​កន្លែង​តែ​ម្ដង លុះ​វាយ​រំដោះ​បាន​រាជ​ធានី​ហើយ​ពញា​យ៉ាត​ក៏​យក​ស្រី​សៀម​ឈ្មោះ ស៊ីសាងាម ជា​ប្អូន​ជីដូន​មួយ​របស់​ស្ដេច​សៀម​ធ្វើ​ជា​ស្នំ​ឯក ហើយ​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​អង្គរ​ជា​សុខ​សាន្ដរៀង​មក​ដោយ​មាន​មរណរ​នាម​ថា រាជ​ឱង្ការ​ព្រះ​បរម​រាជា​ធិរាជ​។

ការបោះបង់ចោលក្រុងអង្គរ

  នៅ​ឆ្នាំ១៤៣១ ដោយ​ចេះ​តែ​រ​អែង​ខ្លាច​សៀម​ចូល​មក​លុក​លុយ​ប្រទេស​ខ្មែរ​ទៀត ព្រះ​បាទ​ពញា​យ៉ាត​ក៏​បាន​សំរេច​ព្រះ​ទ័យ​លើក​រាជ​ធានី​ចេញ​អោយ​ឆ្ងាយ​ពី​អង្គរ​។ មូល​ហេតុ​នៃ​ការ​បោះ​បង់​ចោល​ក្រុង​អង្គរ​នេះ​គឺ​មក​ពី​ប្រជា​រាស្រ្ដ​ខ្មែរ​នៅ​អានា​ខេត្ដ​ខាង​លិច​ត្រូវ​សៀម​កៀរ​យក​ទៅ​អស់​ជាច្រើន​ ហើយ​មួយ​ផ្នែក​ទៀត​ត្រូវ​ស្លាប់ ដោយ​សង្រ្គាម​ជា​ច្រើន​លើក​ច្រើន​គ្រា​ជា​មួយ​សៀម​ទៀត ម៉្លោះ​ហើយ​ឃើញ​ថា​មាន​មនុស្ស​តិច​ពេក មិន​អាច​ការ​ពារ​រាជ​ធានី​ត​ទៅ​ទៀត ដែល​ពេល​នោះ​ស្ថិត​នៅ​ប្រមាណ​តែ​៤០០គម ពី​ក្រុង​អាយុធ្យា​តែ​ប៉ុណ្ណោះ​។

  ក្រោយ​ពី​បាន​ប្រឹក្សា​សួរ​យោ​បល់​ពី​នា​ម៉ឺន​សព្វ​មុខ​មន្រ្ដី​ហើយ ព្រះ​បាទ​ពញា​យ៉ាត ក៏​ទ្រង់​បញ្ជា​អោយ​លើក​រាជ​ធានី ទៅ​តាំង​នៅ​ទួល​បាន​សាន ក្នុង​ខេត្ដ​ស្រីស​ឈរ​វិញ​។ តែ​ដោយ​មាន​ទឹក​ជំនន់​ធំ​ខុស​ធម្មតា ព្រះ​អង្គ​ក៏​បញ្ជា​អោយ លើក​​រាជ​ធានី​ពី​ទួល​បាសាន​ទៅ​តាំង​នៅ​ភ្នំ​ដូន​ពេញ ចតុ​មុខ​វិញ​។