១៧ -វិបត្ដិក្នុងរាជវង្សខ្មែរ នៃសតវត្សទី១៥
ថ្ងៃសៅរ៍ ទី22.វិច្ឆកា 2014.ម៉ោង 8:15

ក. ការកសាងភ្នំដូនពេញ

រាជ​ពង្សា​តារ​ខ្លះ​បាន​និទាន​ពី​ប្រ​វត្ដិ​សាស្រ្ដ​នៃ​ក្រុង​ភ្នំ​ពេញ​ដោយ​មាន​សេច​ក្ដី​សំរួល​ដូច​ត​ទៅ​៖ ក្នុង​កាល​ដែល​កន្លង​យូរ​ទៅ​ហើយ មាន​ស្រ្ដី​មេ​ម៉ាយ​ម្នាក់​ជា​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ស្ដុក​ស្ដម្ភ ដែល​អ្នក​ផង​ហៅ​ថា ដូន​ពេញ​។ ផ្ទះ​គាត់​តាំង​នៅ​លើ​ទួល​ខ្ពស់​មួយ​នៅ​លើ​ត្រើយ​ខាង​លិច​នៃ ទន្លេ​ច្រាប​ឈាម (ទន្លេ​ចតុ​មុខ​សព្វ​ថ្ងៃ)​។ នា​សម័យ​ថ្ងៃ​មួយ ក្នុង​រដូវ​វស្សា​មាន​ទឹក​ជំនន់​នៅ​ប្រទេស​លាវ​យ៉ាង​ធំ​បណ្ដាល​អោយ​បាក់​ច្រាំង​រលំ​ដើម​គគីរ​ជា​ច្រើន ហើយ​អណ្ដែត​បណ្ដាយ​ទឹក​តាម​ទន្លេ​មេ​គង្គ​រហូត​មក​ដល់​ទន្លេ​ច្រាប​ឈាម​។ ក្នុង​ចំណាម​នោះ មាន​ដើម​គគីរ​ធំ​មួយ បាន​​អណ្ដែត​មក​ទើ​នៅ​ត្រង់​មាត់​កំពង់​របស់​ដូន​ពេញ​។ គាត់​ក៏​បាន​បបួល​ញាតិ​មិត្ដ​ជិត​ខាង​ជិះ​ទូក​ទៅ​ចង​ដើម​គគីរ​នោះ ហើយ​នាំ​យក​មក​លើ​គោក​។ កាល​បើ​អ្នក​ទាំង​នោះ​រើ​សំរាម​នៅ​គល់​គគីរ ស្រាប់​តែ​ឃើញ​ព្រះ​ពុទ្ធ​រូប​បួន​ព្រះ​អង្គ និង​រូប​បដិមា​ថ្ម​ មាន​លក្ខណៈ​ជា​ព្រាហ្មណ៍ នៅ​ក្នុង​ប្រហោង​ឈើ​នោះ​។ ពួក​អ្នក​ស្រុក​បាន​ដង្ហែ​រូប​បដិមា​ទាំង​នោះ យក​ទៅ​កំកល់​ទុក​នៅ​ផ្ទះ​ដូន​ពេញ ហើយ​គាត់​បាន​អោយ​គេ​ជញ្ជូន​ដី ពូន​ដំបូក​ធំ​ខាង​ឥសាន​ផ្ទះ និង​អោយ​គេ​យក​ដើម​គគីរ​នោះ​សង់​ព្រះ​វិហារ​តូច​មួយ​នៅ​លើ​កំពូល​ភ្នំ​នោះ ហើយ​បាន​យក​ព្រះ​ពុទ្ធ​រូប​ទៅ​តំកល់​នៅ​ក្នុង​ព្រះ វិហារ​នោះ​នៅ​ក្នុង​ឆ្នាំ​ជូត ឆស័ក ព.ស​.១៩១៦ គ.ស. ១៣៧៣។ ត​មក​ទៀត​ដូន​ពេញ​បាន​អោយ​គេ​សង់​ខ្ទម​មួយ​ខាង​ទិស​ឥសាន​ព្រះ​វិហារ រួច​យក​បដិមា​ថ្ម​ទៅ​តំកល់​ទុក​នៅ​ទី​នោះ ហើយ​បាន​សន្មត​ថា អ្នក​តា​ព្រះ​ចៅ​ត​រៀង​មក (សព្វ​ថ្ងៃ​គេ​ហៅ​ថា លោក​តា​ព្រះ​ចៅ)​។ ពិធី​បុណ្យ​សំពោធ​ក៏​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​សំពោធ​ពុទ្ធសេនា​សនៈ​ យ៉ាង​អធិក​អធម​។ ដោយ​អាស្រ័យ​ហេតុ​នេះ​ ភ្នំ​នោះ​ក៏​មាន​ឈ្មោះ​ហៅ​ថា ភ្នំ​ដូន​ពេញ ហើយ​ដែល​យូរ​ៗ​ទៅ​ក្លាយ​នៅ​ត្រឹម ភ្នំពេញ ដូច​យើង​ហៅ​សព្វ​ថ្ងៃ​នេះ​។

គួរ​គប្បី​បញ្ជាក់​ថា ចំពោះ​រូប​បដិមា​ដែល​ដូន​ពេញ​បាន​រក​ឃើញ​ក្នុង​រន្ធ​ដើម​គគីរ​នោះ រាជ​ពង្សាវ​តារ និង​អត្ថ​បទ​ចំលង​តៗ​មក​ទៀត និយាយ​មិន​ស្រប​គ្នា​សោះ​ ខ្លះ​ថា​មាន​ព្រះ​ពុទ្ធ​បដិមា ៤​អង្គ​ធ្វើ​ពីលង្ហិន និង​បដិមា​ថ្ម​កាន់​ស័ង្ខ និង​គទា (ព្រះ​នរាយន៍?) ខ្លះ​ថា​មាន​ព្រះ​ពុទ្ធ​រូប​ពីរ​ព្រះ​អង្គ មាន​ព្រះ​ភ័ក្រ្ដ​ឈម​ជា ៤​ទិស ខ្លះ​ទៀត​ថា​មាន​ព្រះ​ពុទ្ធ​រូប​សំរិទ្ធ​មួយ​ព្រះ​អង្គ​មាន​ព្រះ​ភ័ក្រ្ដ​៤ តាំង​សមាធិ និង​រូប​សិលា ១ ដៃ​កាន់​ស័ង្ខ​មាន​ផ្នួង​សក់ ដូច​ជា​ពួក​ព្រាហ្មណ៍ តែ​បើ​តាម​រូប​សំណាក​ដែល​មាន​តំកល់​ក្នុង​ព្រះ​វិហារ​វត្ដ​ភ្នំ (ភ្នំ​ដូន​ពេញ) សព្វ​ថ្ងៃ​គឺ​ជា​ព្រះ​ពុទ្ធ​រូប​ប្រក់​នាគ ៤​អង្គ គង់​លើ​បុស្បុក​ទល់​ព្រះ​​ប្រឹស្ឋ​(ខ្នង) នឹង​គ្នា​។

ត​មក​ទៀត​ព្រះ​រាជា​ទ្រង់​ត្រាស់​បង្គាប់ ឧក​ញ៉ា វង្សា​អនុ​ជិត​ផ្លុង ចៅ​ហ្វាយ​ស្រុក​ខេត្ដ​បាទី​អោយ​ជីក​ព្រែក​បង្ហូរ​ទឹក​ទន្លេ​ចូល​ទៅ​ក្នុង​បារាយ​មួយ នៅ​ក្នុង​រាជ​ធានី​សំរាប់​យក​ទឹក​ប្រើ​ប្រាស់​ដល់​ប្រជា​រាស្រ្ដ​ទាំង​អស់​គ្នា ព្រែក​នោះ​គេ​ហៅ​ថា ព្រែក​ឧក​ញ៉ា​ផ្លុង​។ បើ​តាម​ស្រាវ​ជ្រាវ​ទៅ​ឃើញ​ថា ពី​ដើម​ព្រែក​នេះ​ស្ថិត​នៅ​តាម​បណ្ដាយ​សួន​ច្បារ​នៅ​មុខ​ស្ថានីយ​កណ្ដាល​នៃ​អាយ​ស្ម័យ​យាន គឺ​ស្រប​នឹង​វិថី​ឧកញ៉ា​ផ្លុង​សព្វ​ថ្ងៃ​នេះ​ឯង​។

ដើម្បី​ជា​កិច្ច​ការ​ពារ ព្រះ​រាជា​ទ្រង់​បញ្ជា​អោយ​ជីក​គូ និង​លើក​ជា​កំពែង​តាំង​ជា​សើន​បន្ទាយ ព័ទ្ធ​ជុំវិញ​រាជ​ធានី ដូច្នេះ​នៅ​ទិស​ខាង​ត្បូង​គឺ​ព្រែក​តាកែវ ខាង​លិច​ព្រែក​អូរ​គរ ខាង​ជើង​ព្រែក​ពោង​ពាយ រឺ​ព្រែក​ចិន​ដំដែក ព្រោះ​កន្លែង​នោះ​មាន​ជន​ជាតិ​ចិន​រក​ស៊ី​របរ​ដំដែក​។ ក្រៅ​ពី​មុខ​ងារ​ការ​ពារ​ក្រុង ព្រែក​ទាំង​នោះនៅ​មាន​មុខ​ងារ​សំខាន់​ម្យ៉ាង​ទៀត គឺ​យក​ទឹក​សំរាប់​អោយ​រាស្រ្ដ​ធ្វើ​ស្រែ​នៅ​ទិស​ខាង​លិច​។ ពួក​នា​ម៉ឺន​សព្វ​មុខ​មន្រ្ដី និង​ពួក​ប្រជា​រាស្រ្ដ​បាន​សង់​គេហ​ដ្ឋាន​រៀង​ៗ​ខ្លួន​ក្នុង​បរិ​វេណ​នៃ​រាជ​ធានី​។ លុះ​សំរេច​ការ​កសាង​ហើយ ព្រះ​រាជា​ទ្រង់​តាំង​ប្រ​ទាន​នាម​ព្រះ​នគរ​ថា ក្រុង​ចតុ​មុខ​មង្គល​​សកល​កម្ពុជា​ធិប​តី សីរី​ធរ​បវរ​ឥន្ទ​បត្ដ​បុរី រដ្ឋ​រាជ​សីមា​មហាន​គរ​។ ចំណែក​ឯ​ទន្លេ​ច្រាប​ឈាម ក៏​ត្រូវ​បាន​ប្រសិទ្ធិ​នាម​ថ្មី​ថា ទន្លេ​ចតុមុខ​វិញ​ដែរ​។

ក្រោយ​បន្ដិច​មក ព្រះ​រាជ​បុត្រ​ច្បង​ព្រះ​នាម នរាយណ៍​រាជា ទ្រង់​បាន​តែង​តាំង​ជា​ឧបរាជ​ ហើយ​យាង​ទៅ​គង់​ក្នុង​តំណាក់​នៅ​ជ្រោយ​រលួស​។ ឯ​ព្រះ​រាជ​បុត​ទីពីរ​ព្រះ​នាម ស្រី​រាជា​យាង​ទៅ​គង់​នៅ​ខាង​លិច ត្រង់​ដី​ទួល​មួយ​កន្លែង​ដែល​ត​មក​គេ​ហៅ​ថា ទួល​ព្រះ​ស្រី (ម្ដុំ​វត្ដ​ព្រះ​ពុទ្ធ​មាន​បុណ្យ​សព្វ​ថ្ងៃ​)​។ នៅ​គ្រា​នោះ​ព្រះ​វិហារ​កសាង​ឡើង​ដោ យ​ដូន​ពេញ​ក៏​បាន​ទ្រុឌ​ទ្រោម​ខ្លះ​ទៅ​តាម​កាល​វេលា​។ ព្រះ​បាទ​បរម​រាជា​ចៅ​ពញា​យ៉ាត ទ្រង់​បាន​ក៏សាង​វិហារ​នោះ​ជា​ថ្មី​ឡើង​វិញ ដោយ​ពង្រីក​និង​ពូន​ភ្នំ​នោះ​អោយ​កាន់​តែ​ខ្ពស់​ជាង​ដើម​ហើយ​ទ្រង់​ចាត់​អោយ​ក្រាល​ថ្មនៅ​កំពូល​ខាង​លើ និង​ កសាង​ចេតិយ​មួយ​យ៉ាង​ធំ​ពី​ខាង​ក្រោយ​ព្រះ​វិហារ​។ រួច​ព្រះ​អង្គ​ទ្រង់​បញ្ជា​អោយ​ទៅ​យក​ព្រះ​ ពុទ្ធ​បដិ​មា​លង្ហិន ដែល​សេស​សល់​នៅ​នគរ​វត្ដ​ព្រម​ទាំ​រូប​សិង្ហ​តោ​មក​តំកល់ និង​តាំង​នៅ​លើ​ភ្នំ​នោះ​។ ពិធី​ត្រូវ​ធ្វើ​អស់​រយៈ​ពេល​បី​ថ្ងៃ គេ​យក​ព្រះ​ពុទ្ធ​បដិមា​ដែល​ដូន​ពេញ​បាន​រក​ឃើញ​ពី​ក្នុង​ដើម​គគីរ​ពី​មុន​នោះ​ទៅ​តំកល់​ក្នុង​ជាន់​ខាង​លើ​នៃ​ចេតិយ​ធំ ឯ​ព្រះ​ពុទ្ធ​បដិមា​ដែល​យក​ពី​នគរ​វត្ដ​ត្រូវ​បាន​កំកល់​នៅ​ជាន់​ក្រោម​។ វត្ដ​ភ្នំ​ដូន​ពេញ​ត្រូវ​ប្រសិទ្ធ​នាម​ថ្មី​ថា វត្ដ​ចេតិយ​បព៌ត​វិញ​។

គ. វិបត្ដិក្នុងរាជវង្សខ្មែរ
១. ព្រះបាទបរមរាជា ចៅពញាយ៉ាត (១៣៩៣ - ១៤៦៣)

ព្រះ​បាទ​បរម​រាជា​ចៅ​ពញា​យ៉ាត បាន​សោយ​រាជ​នៅ​រាជ​ធានី​ចតុមុខ ដោយ​បាន​សុខ​សាន្ដ​រហូត​រៀង​មក​។ អែក​សារ​ខ្លះ​បាន​និយាយ​ថា ប្រ​ទេស​ចិន​យួន ចាម ជ្វា បាន​នាំ​គ្រឿង​បណ្ណា​ការ​មក​ក្រាប​ទូល​ថ្វាយ​ពឹង​បុណ្យ​បារ​មី​ជា​​ច្រើន​។ អែក​សារ​ខ្លះ​ទៀត​ បាន​បញ្ជាក់​ថា ពួក​យួន​ដែល​កំពុង​ចាប់​ផ្ដើម​មក​តាំង​នៅ​ប្រ​ទេស​កម្ពុ​ជា គឺ​សុទ្ធ​សឹង​ជា​ពួក​អ្នក​ជំនួញ និង​ពួក​ជាង តែ​ការ​ផ្ទៀង​ផ្ទាត់​ជា​មួយ​សៀវ​ភៅ​ប្រ​វត្ដិ​សាស្រ្ដ​យួន​ពុំ​ឃើញ​មាន​បញ្ជាក់​ពី​ចំនុច​នេះ​សោះ​។ចំពោះ​ទំនាក់​ទំនង​ជា​មួយ​ប្រ​ទេស​ចិន​វិញ លោក Etienne Aymonier បាន​សរ​សេរ​ដាយ​រំលឹក​សំដី​របស់​លោក​Moura ថា​ «នៅ​ឆ្នាំ ១៤២១ ស្ដេច​ពញា​យ៉ាត ដែល​ពួក​អ្នក​កាល​ប្ប​វត្ដិ​ចិន​ និយម​ហៅ Chieu-binh-nha បាន​បញ្ជូន​រាជ​ទូត​ទៅ​គាល់​ព្រះ​ចៅ​ក្រុង​ចិន​។ រាជ​ទូត​រូប​នេះ បាន​នាំ​យក​ព្រះ​រាជ​សារ ដែល​ព្រះ​រាជា​ទ្រង់​បាន​សរ​សេរ​ដោយ​ព្រះ​ហស្ថ​ផ្ទាល់ ហើយ​តំកល់​ក្នុង​ហិប​មួយ​ធ្វើ​ពី​មាស ដែល​ត្រូវ​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ​ចៅ​ក្រុង​ចិន ព្រម​ជា​មួយ​នឹង​ភ្លុក​ដំរី លក្ដ​ម្រេច ក្រមួន កុយ​រមាស គ្រឿង​ក្រអូប សត្វ​ក្ងោក...»។

គណ​បេ​សក​កម្ម​ទូត​បញ្ជូន​ទៅ​ប្រ​ទេស​ចិន ត្រូវ​ផុត​រលត់​សឹង​តែ​អស់​រលីង​ចាប់​ពី គ.ស.១៤៣៥ ប៉ុន្ដែ​គេ​ឃើញ​ពួក​អ្នក​កាលប្ប​វត្ដិ​ចិន​បាន​កត់​ត្រា​ទុក​ពី​គណ​បេ​សក​កម្ម​ទូត​មួយ​នៅ គ.ស.១៤៥២ មាន​សេច​ក្ដី​ដូច​ត​ទៅ «តាម​ក្រម​នៃ​រាជ​វង្ស​មិង ឆ្នាំ​ទី៣​ គិង​ថៃ (១៤៥២) នៃ​រជ្ជ​កាល​ព្រះ​បាទ​ Tai-tsoung គេ​បាន​ថ្វាយ​ទៅ​ព្រះ​ចៅ​ប្រ​ទេស​ចិន​លា​នូវ កំណាត់​សូត្រ​ប៉ាក់​២​ផ្ទាំង សំពត់​ផ្កា​ ៦​ផ្ទាំង ស្បៃ​ធ្វើ​ពី​សូត្រ​៤ផ្ទាំង​។ គេ​បាន​ថ្វាយ​ទៅ​ព្រះ​អគ្គម​ហេសី​សំពត់​ផ្កា​៤​ផ្ទាំង និង​ស្បៃ​៣​ផ្ទាំង លោក​ប្រធាន​គណ​បេ​សក​កម្ម អ្នក​បក​ប្រែ​ភាសា​ទាំង​អស់ និង​ពួក​ភ្នាក់​ងារ​អែ​ទៀត​ៗ បាន​ទទួល​ នូវ​អាវ​ផាយ​ធំ សំពត់​ផ្កា និង​សំពត់​សូត្រ ពួក​នេះ​បាន​ទទួល​ការ​ជប់​លៀង​ភោជ​នាហារ​យ៉ាង​អ៊ឹក​ធឹក​។ នៅ​ពេល​ធ្វើ​ដំណើរ​ត្រលប់​មក​ស្រុក​វិញ នាយ​ក្រុម​ភស្ដុ​ភារ​នៃ​ខេត្ដ​ក្វាង​ទុង​បាន​ទទួល​បញ្ជា​អោយ​ធ្វើ​បដិ​សន្ឋារ​កិច្ច​ចំពោះ​ពួក​នេះ​ទៀត​។ ក្នុង​រយៈ​ពេល​យប់​ថ្ងៃ​ដែល​ស្នាក់​នៅ នៅ​ក្នុង​ប្រ​ទេស​ចិន​ គេ​បាន​ចែក​អោយ​ពួក​នេះ​ក្នុង​មួយ​ក្រុម​ៗ មាន​​១០​នាក់ នូវ​ចៀម២ ក្ងាន​ញី​២ ស្រា​២០​ដប អង្ករ ម្សៅ​មី និង​បន្លែ​សំរាប់​ចំអិន​ធ្វើ​ជា​អាហារ​បរិ​ភោគ»​។ គួរ​គប្បី​ជ្រាប​ថា ក្បួន​រាជ​ពង្សាវ​តារ​ផ្សេង​ៗ បាន​និយាយ​ស្រប​គ្នា​ថា ព្រះ​បាទ​បរម​រាជា​ចៅ​ពញា​យ៉ាត មាន​រាជ​បុត្រ​បី​អង្គ តែ​ពុំ​សូវ​ស្រប​គ្នា​ចំពោះ​នាម​មហេសី​របស់​ព្រះ​អង្គៈ ១. នរាយ​រាជា រាជ​បុត្រ​ អ្នក​ម្នាង​ទេវី (ក្បួន​ខ្លះ​ថា ជា​រាជ​បុត្រ​អ្នក​ម្នាង​ស្រី​សៀម ស្រងៀម រឺ ស៊ីសា​ងាម) ២. ស្រី​រាជា រាជ​បុត្រ អ្នក​ម្នាង​បទុម​កេ​សរ (ក្បួន​ខ្លះ​ថា រាជ​បុត្រ​អ្នក​ម្នាង ចន្ទ រឺ​ចាន់ ៣. ធម្ម​រាជា រាជ​បុត្រ​អ្នក​ម្នាង​ស្រី​សៀម​ស្រងៀម រឺ​ស៊ី​សាងាម»​

ព្រះបាទនរាយរាជា (១៤៦៣ - ១៤៦៩)

មក​ដល់ គ.ស. ១៤៦៣ ព្រះ​បាទ​បរម​រាជា​ចៅ​ពញា​យ៉ាត ទ្រង់​បាន​បង្វែ​រាជ​សម្បត្ដិ​ទៅ​អោយ​បុត្រ​ច្បង គឺ​នរាយ​រាជា​ ដែល​មាន​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​រាជ​អោង្ការ ព្រះ​នរាយ​រាជា​ធិបតី ព្រះ​ស្រី​សុយោ​ពណ៌ ធម្មិក​មហា​រាជា​ធិ​រាជ​បរម​បពិត្រ​បណ្ឌិត​ជាឥសូរ គង់​នៅ​រាជ​វាំង​ចតុ​មុខ​រៀង​មក​។ នៅ​គ.ស.១៤៦៦ ព្រះ​វរ​រាជ​បិតា​បាន​សោយ​ទី​វង្គត​ទៅ​ដោយ​ជរា​រោគ ក្នុង​ជន្មា​យុ​ជាង​៧០​វស្សា​។ នៅគ.ស ១៤៦៧ ព្រះ​អង្គ​ទ្រង់​បាន​សាង​ព្រះ​ចេតិយ​នៅ​លើ​ភ្នំ​ដូន​ពេញ ដើម្បី​ធ្វើ​បុណ្យ​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះ​បិតា​។ សព្វ​ថ្ងៃ​មាន​អក្សរ​ចារឹក​លើ​ថ្ម​តាម​បញ្ជា​​របស់​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុ​វត្ដិ តំ​កល់​នៅ​ទី​នោះ​តាំង​ពី គ.ស.១៩១៧​រៀង​មក​។

ព្រះបាទស្រីរាជា (១៤៦៩ - ១៤៨៥)

ព្រះ​បាទ​សម្ដេច​នរាយ​រាជា​សោយ​រាជ​បាន​តែ ៥ -៦​វស្សា (១៤៦៣ -១៤៦៩) ក៏​សោយ​ទី​វង្គត​ទៅ​ដោយ​ប្រ​ឈួន​ជា​ទំងន់​។ អែក​សារ​ខ្លះ​បាន​បញ្ជាក់​ថា​ព្រះ​អង្គ​មាន​រាជ​បុត្រ​ជា​មួយ​អ្នក​ម្នាង​កែវ ព្រះ​នាម​ស្រី​សុរិ​យោ​ទ័យ​។ គេ​មិន​ដឹង​ច្បាស់​ថា នៅ​ពេល​នោះ ព្រះ​រាជ​បុត្រ​មាន​ព្រះ​ជន្ម​ប៉ុន្មាន​វស្សា​ទេ តែ​បើ​តាម​ប៉ាន់​ស្មាន​មើល​ទៅ​ឃើញ​ថា​ទំនង​ជា​នៅ​ក្មេង​ពេក​ទើប​ព្រះ​រាជ​វង្សា​នុវង្ស និង​នាម៉ឺន​សព្វ​មុខ​មន្រ្ដី​សូម​យាង​ព្រះ​ស្រី​រាជា ជា​ព្រះ​អនុជ​បន្ទាប់​អោយ​ឡើង​សោយ​រាជ​ស្នង​ព្រះ​ជេដ្ឋា ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​រាជ​អោង្ការ​ព្រះ​ស្រី​រាជា​រាមា​ធិប​តី​ធម្មិក​វរ គោត្ដម​បរម​មហា​ចក្រ​ពត្រា​ធិ​រាជ ព្រះ​បរម​នាថ​មហា​បពិត្រ​។

នៅ គ.ស. ១៤៧១ ព្រះ​អង្គ​ទ្រង់​បាន​សាង​ព្រះ​ចេ​តិយ​នៅ​ខាង​ជើង​ភ្នំ​ដូន​ពេញ ត្រង់​ទិស​ឥសាន ដើម្បី​ធ្វើ​បុណ្យ បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះ​នរាយ​រាជា​។ ចេតិយ​នេះ​បាន​ស្ថិត​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​ហើយ​មាន​អក្សរ​ចារឹក​តាម​បង្គាប់ របស់​ព្រះ​បាទ​ស៊ីសុ​វត្ដិ​កំកល់​នៅ​ទី​នោះ​តាំង​ពី គ.ស. ​១៩១៧ រៀង​មក​។ គឺ​ចាប់​តាំង​ពី​រជ្ជ​កាល​របស់​ព្រះ​បាទ​ស្រី​រាជា​នេះ​ហើយ ដែល​ប្រទេស​ខ្មែរ​ត្រូវ​ពើប​ប្រទះ​នូវ​ទុក្ខ​វេ​ទនា​យ៉ាង​ខ្លាំង បណ្ដាល​មក​ពី​វិបត្ដិ​ក្នុង​រាជ​វង្ស​ខ្មែរ​។

ក្បួន​ពង្សា​វតារ​ខ្លះ​បាន​សរ​សេរ​ថា​នៅ គ.ស១៤៧៥ ឆ្លៀត​អោ​កាស​ដែល​ព្រះ​បិតុលា (ឳពុក​មា) លើក​ទ័ព​ទៅ​វាយ​រំដោះ​យក​អានា​ខេត្ដ​ខាង​លិច ដែល​ត្រូវ​សៀម​ត្រួត​ត្រា​ជា​យូរ​មក​ហើយ​នោះ ដោយ​បាន​កៀរ​យក​មនុស្ស​ជា​ច្រើន​ពាន់​នាក់​នៅ​បស្ចឹម​បុរី នគរ​យុក ចូល​មក​ប្រទេស​ខ្មែរ ក្មួយ​របស់​ព្រះ​អង្គ គឺ​ស្រី​សុរិ​យោ​ទ័យ​មាន​ចិត្ដ​លោភ​ចង់​យករាជ​សម្បត្ដិ​សោយ ក៏​ថយ​ពី​ចតុ​មុខ​ទៅ​សង្កត់​រាស្រ្ដ ក​ទ័ព​បាន​ច្រើន​ពេល​នោះ​ព្រះ​ធម្ម​រាជា​ជា​ឧប​រាជ​ បាន​ចាត់​មន្រ្ដី​អោយ​ទៅ​ឈរ​ខេត្ដ ពី​សំរោង​ទង​ទៅ​ដល់​ទឹក​ខ្មៅ ហើយ​ទ្រង់​ចាត់​អោយ​យក​ដំណឹង​ទៅ​ថ្វាយ​ព្រះ​ស្រី​រាជា​។ ព្រះ​អង្គ​ក៏​ប្រ​ញាប់​លើក​ទ័ព​​​ត្រលប់​មក​វិញ ហើយ​ចំបាំង​ក៏​ផ្ទុះ​ឡើង​រវាង​មា និង​ក្មួយ​។ ក្បួន​ខ្លះ​និយាយ​ខ្លី​ជាង​នេះ គឺ​មិន​បាន​បញ្ជាក់​ហេតុ​ផល​អ្វី​អោយ​ច្បាស់​លាស់​ទេ​។ ចំពោះ​ប្រវត្ដិ​វិទូ​បរ​ទេស​ខ្លះ​មាន​លោក Dauphin Meunier ជា​ដើម​ ទំនាស់​នេះ​បណ្ដាល​មក​ពី​ព្រះ​ស្រី​សុរិ​យោ​ទ័យ​យល់​ថា ព្រះ​អង្គ​ត្រូវ​តែ​មាន​សិទ្ធិ​សោយ​រាជ​ត​ពី​ព្រះ​បិតា គឺ​ព្រះ​នរាយ​រាជា​​។

ឃ. អន្ដរាគមរបស់សៀម

ក្បួន​ពង្សាវ​តារ​ផ្សេង​ៗ សុទ្ធ​តែ​បាន​និយាយ​ពី​អន្ដរា​គម​របស់​សៀម ក្នុង​ជំលោះ​រវាង​ស្ដេច​ខ្មែរ ប៉ុន្ដែ​របៀប​ធ្វើ​អន្ដ​រា​គម​នោះ​ឃើញ​ថា មាន​បែប​ខុស​ៗ​គ្នា​។ ក្បួន​ខ្លះ​បញ្ជាក់​ថា គឺ​ព្រះ​ធម្មរា​ជា​ដែល​ត្រូវ​ជា​បុត្រ​របស់​អ្នក​ម្នាង​សៀម ស្រ​ងៀម​នេះ​អែង ដែល​ទៅ​ពឹង​កំលាំង​របស់​សៀម ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចំបាំង​ក្នុង​គ្រួសារ​ផង និង​ដើម្បី​បាន​សោយ​រាជ​តែ​ម្នាក់​អែង​ផង​។

ព្រះបាទធម្មរាជា (១៤៨៦ - ១៥០៤)

នៅ​គ.ស. ១៤៨៥ ព្រះ​ចៅ​មហា​​ចក្រព​ត្រា​ធិ​រាជ​ស្ដេច​សៀម​សោយ​រាជ​នៅ​ក្រុង​អយុធ្យា ទ្រង់​បាន​យល់​ព្រម​តាម​សំនូម​របស់​ស្ដេច​ធម្ម​រាជា ហើយ​ទ្រង់​បាន​បញ្ជា​អោយ​លើក​ទ័ព​ចូល​មក​ក្នុង​ប្រ​ទេស​ខ្មែរ​។ ដោយ​យល់​ឃើញ​ថា ប្រ​ជា​នុរាស្រ្ដ​បាន​នឿយ​ណាយ នឹង​សង្រ្គាម​ខ្លាំង​ពេក​ហើយ​ ព្រះ​បាទ​ស្រី​រាជា ក៏​ទ្រង់​យល់​ព្រម​ចូល​មក​ផ្សះ​ផ្សាប​ញ្ចប់​សង្គ្រាម​។ ចំណែក​ខាង​ព្រះ​ស្រី​សុរិយោ​ទ័យ ដោយ​ពួក​រេហ៍​ពល​ពុំ​ព្រម​ច្បាំង​ត​ទៅ​ទៀត ព្រះ​អង្គ​ក៏​ត្រូវ​បង្ខំ​ព្រះ​ហរិ​ទ័យ​យាង​ចូល​រួម​ក្នុង​កិច្ច​ចរ​ចារក​សន្ដិ​ភាព​ដែរ​។ ជា​កិច្ច​ដោះ​ស្រាយ ព្រះ​ចៅ​ចក្រ​ពត្រ ក៏​បាន​សំរេច​ថា​ត្រូវ​តែ​ចាប់​ ព្រះ​ស្រី​រាជា និង​ស្រី​សុរិ​យោ​ទ័យ​ទៅ​គង់​ឯ​ស្រី​អយុធ្យា ទើប​ប្រទេស​ខ្មែរ​បាន​សុខ​សន្ដិ​ភាព​ឡើង​វិញ​។

ក្បួន​ខ្លះ​និយាយ​ថា ឆ្លៀត​ឱកាស​ដែល​ប្រ​ទេស​ខ្មែរ​កំពុង​តែ​មាន​ចលា​ចល​ដោយ​សង្គ្រាម​រវាង​ស្រី​រាជា និង ស្រី​សុរិ​យោ​ទ័យ សៀម​បាន​លើក​ទ័ព​ចូល​មក​ច្បាំង​យក​បាន​ចន្ទ​បុរី មហា​នគរ​វត្ដ នគ​រាជ​សីមា ហើយ​ចាប់​បាន​ទាំង​ស្ដេច​ស្រី​រាជា ទាំង​ស្រី​សុរិ​យោ​ទ័យ និង​ក្រប​គ្រួ​នាំ​យក​ទៅ​ស្រី​អយុធ្យា ហើយ​ទុក​នាយ​គង់​អោយ​នៅ​រក្សា​ស្រុក​ភ្នំ​ពេញ​។ គ្រា​នោះ​ស្ដេច​ធម្ម​រាជា​ដែល​ទៅ​ឈរ​នៅ​នគរ​វត្ដ បាន​ថយ​ទៅ​បាភ្នំ ក​ទ័ព​មក​ច្បាំង​យក​បាន​ភ្នំពេញ ហើយ​ឡើង​សោយ​រាជ​ដោយ​មាន​ព្រះ​នាម​ថា ព្រះ​បាទ​សម្ដេច​ព្រះ​រាជ​អោង្ការ​ព្រះ​ធម្ម​រាជា​មហា​ចក្រព​ត្រា​ធិ​រាជ​។

ក្បួន​ខ្លះ​ទៀត​និយាយ​ថា គឺ​ស្ដេច​ស្រី​សុរិ​យោ​ទ័យ​អង្គ​ឯង​តែ​ម្ដង ដែល​បាន​ទៅ​ពឹង​អោយ​សៀម​ជួយ​។ ពួក​នេះ​បាន​លើក​ទ័ព​ចូល​មក​វាយ​យក​បាន​នគរ​រាជ​ អង្គរ ចន្ទបុរី​។ ចំណែក​អែ​ធម្ម​រាជា ដែល​មាន​ភារ​កិច្ច​ការ​ពារ​ក្រុង​ចតុ​មុខ ក៏​បែរ​ជា​ក្បត់​ចូល​ដៃ​ជា​មួយ​សត្រូវ​ប្រឆាំង នឹង​ព្រះ​ស្រី​រាជា​ ជា​ស្ដេច​ពេញ​ច្បាប់​ទៅ​វិញ​។ ស្ដេច​ស្រី​សុរិ​យោ​ទ័យ លុះ​ឃើញ​ដូច្នោះ​ក៏​យាង​ទៅ​ជួប នឹង​ស្ដេច​សៀម តែ​ត្រូវ​ស្ដេច​សៀម​ចាប់​ខ្លួន​នាំ​យក​ទៅ​ប្រទេស​សៀម​ទៅ​។

គួរ​គប្បី​បញ្ជាក់​ថា ព្រះ​ស្រី​រាជា និង​ស្រី​សុរិ​យោ​ទ័យ​សុទ្ធ​តែ​បាន​សុគត​នៅ​ប្រ​ទេស​សៀម​ទាំង​ពីរ​ព្រះ​អង្គ (ក្បួន​ខ្លះ ថា​សុគត​នៅ​តាម​ផ្លូវ​)​។ ព្រះ​ស្រី​រាជា​មាន​បុត្រ​ជា​មួយ​អ្នក​ម្នាង​កេសរ នាម​ចៅ​ពញា​អុង​។ ចំណែក​អែ​ព្រះ​ធម្ម​រាជា ត្រូវ​បាន​អភិ​សេក​អោយ​ឡើង​សោយ​រាជ​នៅ​គ.ស. ១៤៨៦ ហើយ​ប្រ​ទេស​ខ្មែរ​ក៏​បាន​សុខ​រៀង​មក រហូត​ដល់​ពេល សោយ​ទី​វង្គត​នៅ​គ.ស.១៥០៤ ព្រះ​អង្គ​មាន​បុត្រ​ពីរ​ព្រះ​អង្គ ១. ចៅ​ពញា​ដាំ​ខាត់​រាជា បុត្រ​អគ្គម​ហេសី សម្ដេច​ព្រះ​ភគ​វតី​ស្រី​ទេព​ធិតា ២. ពញា​ចន្ទ​រាជា បុត្រ​អ្នក​ម្នាង​ទេព​បុប្ផា អែក​សារ​ខ្លះ​បាន​បញ្ជាក់​ថា​ ព្រះ​អង្គ​ជា​ព្រះ​រាជា​ដែល​ទ្រង់​ប្រកប​ដោយ​ទស​ពិធ​រាជ​ធម៌ យក​ព្រះ​រាជ​ហរិ​ទ័យ​ទុក ដាក់​នឹង​វាសនា​ប្រជា​រាស្រ្ដ និង​ព្រះ​ពុទ្ធ​សាសនា​ខ្លាំង​ណាស់​។ ព្រះ​អង្គ​ទ្រង់​បាន​សាង​ព្រះ​ចេតិយ​នៅ​ខេត្ដ​អាសន្ទុក ដើម្បី​តំកល់​សារី​រិក​ធាតុ ហើយ​មាន​ហរិ​ទ័យ​ប្រាថ្នា​ចង់​បាន​ជា​ពុទ្ធ​ភូមិ​ទៀត​ផង​។

ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ គឺ​ពី​គ.ស. ១៤៧៥ ដល់ ១៤៨៥ ប្រ​ទេស​ខ្មែរ​បាន​ជួប​នូវ​វិបត្ដិ​មួយ​ដ៏​ធ្ងន់​ដែល​បណ្ដាល​មក​ពី​ទំនាស់​ក្នុង​រាជ​វង្ស ដែល​ដឹក​នាំ​ជាតិ​ក្នុង​ពេល​នោះ​។ ចំបាំង​ដែល​ជា​វិធី​ ដែល​គេ​ប្រើ​សំរាប់​ដោះ​ស្រាយ​ជំលោះ​នោះ បាន​ធ្វើ​អោយ​ប្រជា​នុ​រាស្រ្ដ​ទុក្ខ​វេទ​នា​យ៉ាង​សំបើម​ បាន​ធ្វើ​អោយ​សេដ្ឋ​កិច្ច​ចុះ​អោន​ថយ និង​ជា​ពិសេស​ធ្វើ​អោយ ប្រ​ជា​ជាតិ​ខ្មែរ​ធ្លាក់​ដុន​ដាប​ជា​លំ​ដាប់​។ នេះ​ជា​លើក​ទី​១ ក្នុង​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ ដែល​គេ​ឃើញ​មាន​ស្ដេច​ខ្មែរ ទៅ​ អន្ទង​ពឹង​ពាក់​បរ​ទេស​ជិត​ខាង​អោយ​ចូល​មក​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ជាតិ​អែង​ផ្ទាល់ នេះ​គឺ​តំរាប់​អាក្រក់​មួយ​ សំរាប់​ព្រះ​រាជា​សោយ​រាជ​ត​ៗ​មក ហើយ​ដែល​រត់​ទៅ​សុំ​ជំនួយ​ពី​បរ​ទេស ជា​លេស​អោយ​គេ​មាន​ឱកាស​លូក​ដៃ ចូល​មក​ជ្រៀត​ជ្រែក​ក្នុង​ផ្ទៃ​របស់​ខ្មែរ​។ ហើយ​ទាញ​យក​ផល​ប្រយោជន៍​អោយ​គេ​។ នេះ​ក៏​ជា​លើក​ទី​១​ដែរ ដែល​មាន​ស្ដេច​ខ្មែរ​ទៅ​រស់​នៅ​បរ​ទេស (ពញា​អុង) ក្នុង​ការ​ទំនុក​បំ​រុង​របស់​គេ​។ ចំពោះ​រឿង​នេះ​លោក Moura បាន​ចាត់​ទុក​ថា​ជា​កល​យុទ្ធ​មួយ​របស់​ស្ដេច​សៀម សំរាប់​ទុក​ជា​គូ​ប្រ​ជែង នឹង​ព្រះ​មហាក្សត្រ​ខ្មែរ​អង្គ​ណា​ដែល​ចង់​រំដោះ​ព្រះ​ អង្គ​អោយ​រួច​ពី​ចំនុះ​របស់​សៀម​។