ប្រវត្ដិសាស្ដ្រខ្មែរ តាមសិលាចារិក
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
២០ - ការកសាងក្រុងលង្វែក
ថ្ងៃសុក្រ ទី12.ធ្នូ 2014.ម៉ោង 19:51
ទំនាក់ទំនងជាមួយអឺរ៉ុប
បើតាមប្រភបអឺរ៉ុប ព្រះសត្ថា ជាក្សត្រទន់ខ្សោយហើយទ្រង់មានព្រះហរិទ័យច្រណែនចំពោះព្រះអនុជគឺ ព្រះស្រីសុរិយោពណ៌។ ដោយហេតុថាព្រះអង្គត្រូវការជំនួយ ដើម្បីប្រឆាំង នឹងសត្រូវខាងក្នុង និង ខាងក្រៅ ព្រះអង្គក៏ទ្រង់បានយកចិត្ដពួកអ្នកផ្សាយសាសនាយ៉ាងខ្លាំង ពួកនេះមានសិទ្ធិពេញលេញ ក្នុងការផ្សាយលទ្ធិរបស់ខ្លួន មានសិទ្ធិសង់ព្រះវិហារនៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រ។ ព្រះរាជាទ្រង់បានជួយឧបត្ថម្ភពួកនេះរហូតដល់បានបញ្ជូនអង្ករ និង វត្ថុផ្សេងៗទៀតទៅអោយអង្គការដូមីនីកាំងនៅម៉ាលាកា។ នៅគ.ស.១៥៨៥ នាយចៅហ្វាយរបស់បព្វជិត Sylvestre បានសំរេចចិត្ដថា ត្រូវតែគ្រាំទ្រលោក ហើយបានបញ្ជូនមកជាបន្ថែមនូវបព្វជិតទៀត គឺបព្វជិត Antonio Dorta និង បព្វជិត Antoio Caldeira។ ក្នុងពេលដំណាលគ្នានោះ មានបព្វជិតខាងគណៈ ហ្រ្វង្សីស្កាំង (Franciscain) ក៏បានមកប្រទេសខ្មែរដែរ ក្នុងចំណោមនេះ មានបព្វជិតនាម Gregorio Ruiz។ តែដោយមានការធ្វើទុក្ខបុកម្នេញកើតឡើងជាថ្មីទៀត បព្វជិតទាំងពីរអង្គខាងក្រោយនេះ ក៏និមន្ដត្រលប់ទៅវិញអស់។ ពេលនោះបព្វជិត Sylvestre បានប្រើឥទ្ធិពលរបស់លោក ហើយព្រះសត្ថាទី១ ក៏ទ្រង់អនុញ្ញាតនៅគ.ស.១៥៨៩ថា បព្វជិតអង្គណាក៏ដោយ ក៏អាចកាន់សាសនាថ្មីនេះបានដាយគ្មានខ្លាចពីការសងសឹកឡើយ។ ដោយហេតុនោះ បព្វជិត Syvestre ក៏បានសុំអោយអង្គការកណ្ដាលបញ្ជូនបព្វជិតមកបន្ថែម។ ជាការឆ្លើយតបនឹងសេចក្ដីអំពាវនាវនេះ បព្វជិត Jorge de Mota និង Luis de Fonseca ក៏ត្រូវបានគេបញ្ជូនមកទៀត តែនៅពេលនោះលោកទាំងពីរនិមន្ដមកដល់ បព្វជិត Sylvestre ក៏បានសុគតរួចទៅហើយ(១៩)។
គួរគប្បីជ្រាបថា នៅគ្រានោះមិនគ្រាន់តែមានពួកបព្វជិតទេ ដែលបានមកប្រទេសខ្មែរ ពួកអ្នកផ្សងព្រេងខ្លះក៏បានមកក្នុងពេលជាមួយគ្នាដែរ។ នៅគ.ស. ១៥៨៥ ជនជាតិព័រទុយកល ដែលមានវ័យនៅក្មេង (២០ឆ្នាំ) ឈ្មោះ Diogo Veloso បានមកដល់ប្រទេសខ្មែរជាមួយបក្សពួកមួយក្រុមគឺ Carneiro, Machado, Sagredo, Diogo der chaves Carnizares៘ ប៉ុន្មានឆ្នាំក្រោយមកទៀត (ដើមគ.ស.១៥៩៣) អ្នកផ្សងព្រេងជាតិអេស្បាញក៏បានមកដល់ គឺលោក Ruiz de Hernan Gonzalès និង Vargas Machuca។
ពួកជនផ្សងព្រេងទាំងនេះត្រូវបានព្រះសត្ថា ស្រលាញ់រាប់អានយ៉ាងខ្លាំង ហើយពួកនេះក៏ជាប់ជំពាក់ចិត្ដយ៉ាងខ្លាំង ជាមួយនឹងព្រះអង្គវិញដែរ។ ព្រះសត្ថាទ្រង់សព្វព្រះទ័យរៀបអភិសេកប្អូនជីដូនមួយស្រីម្នាក់របស់ព្រះអង្គអោយទៅលោក Diogo Veloso ឯចំណែកលោក Ruiz ត្រូវបានព្រះអង្គតែងតាំងជាអង្គរក្សរបស់ព្រះអង្គ(១)។
រួចមកហើយយើងឃើញថានៅ គ.ស. ១៥៩៣ ព្រះចៅសៀមព្រះនាម នរេសូរ បានលើកទ័ពចូលមកវាយខ្មែរជាលើកទី២ ដោយមានរេហ៍ពលច្រើនជាងលើកទី១ ទៅទៀត។ តាមរយៈ Veloso ព្រះសត្ថាទី១ ទ្រង់បានទាក់ទងជាមួយអ្នកកាន់អំណាចព័រទុយកលនៅ ម៉ាលាការ តែពួកព័រទុយកលមិនអាចជួយខ្មែរ ព្រោះរវល់តែជាប់ដៃច្បាំង នឹងពួកម៉ាលាយូ នៅ Acheh និង នៅ Johore(20)។ ដោយហេតុនោះព្រះសត្ថាទិ១ ទ្រង់ងាកទៅរកជំនួយពីពួកអេស្បាញវិញ តាមការថ្វាយយោបល់របស់លោក Ruiz និង Vargas។
គួរគប្បីជ្រាបថា ជនជាតិអេស្បាញជាជនជាតិអឺរ៉ុបដែលបានមកកាន់អាស៊ីអគ្គេយ៍បន្ទាប់ពីពួកព័រទុយកល។ ពួកនេះបានវាយប្រទេសហ្វីលីពីនដាក់ជាអាណានិគមរបស់ខ្លួនក្នុងរាជស្ដេច Philippe ទី២ ហើយការវាយប្រហារហ្វីលីពីននេះ ជាស្នាដៃរបស់មេទ័ពជើងទឹកម្នាក់ឈ្មោះ Miguel Lopez de Legaspi។ ពួកអេស្បាញបានត្រួតត្រាប្រទេសហ្វីលីពីនពីគ.ស ១៥២៧ ដល់ គ.ស. ១៥៩៦ ហើយបានតាំងរាជធានីរបស់ខ្លួននៅក្រុងមានីល។
នៅខែកក្កដា ១៥៩៣ ព្រះសត្ថាទី១ ទ្រង់ចាត់អោយលោក Veloso មួយអន្លើនឹងដើម្បីសុំជំនួយទ័ពមកច្បាំងនឹងសៀម។ ដើម្បីជាសគុណ ព្រះអង្គទ្រង់បានសន្យាថា នឹងបើកសិទ្ធិអោយពួកអេស្ប៉ាញ មកផ្សាយសាសនា និងធ្វើជំនួញនៅប្រទេសខ្មែរ។ លោកទេសាភិបាលអេស្ប៉ាញឈ្មោះ Gomez Perez Dasmarinas បានសរសេរលិខិតចុះថ្ងៃ២៧ ខែកញ្ញា ១៥៩៣ ឆ្លើយតបមកព្រះរាជាខ្មែរវិញថា នឹងជួយផ្សះផ្សាជំលោះរវាងខ្មែរ និងសៀម លោកពុំបានបញ្ជូនជំនួយទ័ពមកជួយខ្មែរទេ ព្រោះលោកកំពុងរៀបចំទៅវាយយកកោះម៉ូលុក (Moluques)។ ជាអកុសលនៅពេលដែលចេញដំណើរនៅថ្ងៃ៣០ ខែកញ្ញា ១៥៩៣ លោកត្រូវពួកចិនអ្នកអុំសំពៅលោក លួចធ្វើឃាតលោកទៅ(៩)។
កូនប្រុសឈ្មោះ Luis Perez Dasmarinas បានឡើងកាន់អំណាចជំនួសឳពុកលោក។ លោកទេសាភិបាលថ្មីនេះ បានសរសេរលិខិតមួយទៀតផ្ញើទៅថ្វាយព្រះរាជាខ្មែរ។ Veloso និងបក្សពួកបានសំបុត្រនោះហើយក៏ធ្វើដំណើរត្រលប់មកប្រទេសខ្មែរវិញ។ តែជាអកុសល ទ័ពសៀមបានវាយលុកយកបានបន្ទាយលង្វែកជាស្រេច។ Veloso និង Carneiro បានធ្វើសង្គ្រាមវាយឆ្មក់ប្រឆាំងនឹងពួកសៀម តែត្រូវចាប់បាន ហើយយកទៅឃុំឃាំងជាមួយ នឹង Ruiz ជាអ្នកនៅការពារបន្ទាយលង្វែក ជាមួយនឹងព្រះឧបយោរាជ ស្រីសុរិយោពណ៌។ ក្រៅពីនេះមានបព្វជិតជាតិអឺរ៉ុបខ្លះទៀតត្រូវសៀមចាប់យកទៅក្រុងអយុធ្យាដែរ គឺបព្វជិត Jarge de Mota និង Luis de Fon- seca ។ ពួកឈ្លើយសង្រ្គាមទាំងនោះ ខ្លះត្រូវបានដឹកនាំទៅតាមផ្លូវគោក ខ្លះទៀតទៅតាមផ្លូវទឹក។ លោក Ruiz. Car- neiro និង Machado ត្រូវគេដឹកទៅតាមសំពៅមួយ។ លោក Ruiz បាននាំពួកឈ្លើយបះបោរឡើង ដណ្ដើមយកបានសំពៅ ហើយធ្វើដំណើរឆ្ពោះទៅក្រុងម៉ានិល (ទៅដល់នៅខែ មិថុនា ១៥៩៤)។។
ចំណែកឯលោក Veloso នៅក្រុងអយុធ្យា ត្រូវបានព្រះនរេសូរ ចាត់អោយនាំរាជទូតសៀមទៅក្រុងម៉ានីលដើម្បីសុំចងសម្ព័ន្ធមេត្រីជាមួយពួកអេស្ប៉ាញនៅគ.ស. ១៥៩៥។ លុះសំពៅមកដល់ច្រកទន្លេមេណាម គេបានដំណឹងតាមទាហានសៀមដែលបាក់ទ័ពពីលង្វែកថា ស្ដេចខ្មែរដណ្ដើមអំណាចបានវិញហើយ។ លោក Veloso មិនដឹងថា ព្រះរាមជើងព្រៃស្មានថា ព្រះសត្ថា។ លោកក៏បន្ដដំណើរដល់ក្រុងម៉ានីលនៅពាក់កណ្ដាលខែមិថុនា ១៥៩៥ ហើយ បានជួប នឹងមិត្ដរបស់លោកគឺ Ruiz Carneiro និង Machado។ ដូច្នេះត្រង់ដែលត្រូវការពារផលប្រយោជន៍របស់សៀម លោក Veloso បែរជាមានគំនិតត្រលប់មកជួយខ្មែរវិញ។ ដោយហេតុនោះ លោកបានស្រុះស្រួល ជាមួយមិត្ដភក្ដិលោកធ្វើអន្ដរាគមន៍សុំជំនួយពីពួកអេស្ប៉ាញ ដើម្បីមកជួយព្រះរាជាខ្មែរ ហើយបានទទួលការគាំទ្រយ៉ាងសកម្មជាពិសេសពីសំណាក់ទេសាភិបាល Luis Perez Dasmarinas។
ផលវិបាកនៃការបែកបាក់ក្រុងលង្វែក
ការវាយបែកក្រុងលង្វែកដោយជនជាតិសៀមមានផលវិបាកអាក្រក់យ៉ាងខ្លាំង សំរាប់ប្រជាជាតិខ្មែរ។ តពីនេះទៅទៀតខ្មែរត្រូវពើបប្រទះ នឹងវិបត្ដិកាន់តែច្រើនឡើង។ យ៉ាងណាមិញ ទំនាស់ផ្ទៃក្នុង បូករួមជាមួយនឹងកត្ដាផ្សេងៗដ៏ទៃទៀតបានញ៉ាំងមហាអំណាចខ្មែរអង្គរ អោយចុះទន់ខ្សោយបន្ដិចម្ដងៗ រហូតដល់លើករាជធានីពី យសោធរបូរ មកតាំងនៅទួលបានសាន រួចនៅចតុមុខ។ នៅសម័យលង្វែក ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទចន្ទរាជា និងបរមរាជាទី៤ ខ្មែរបានពង្រីងជំហររបស់ខ្លួនបានវិញ ហើយមានលទ្ធភាពលើកទ័ពទៅវាយលុករាជធានីស្រីអយុធ្យា និងវាយរំដោះយកអាណាខេត្ដខាងលិចមកវិញបានជាច្រើន។ ប៉ុន្ដែក្រោយពីបន្ទាយលង្វែកត្រូវបែកបាក់ទៅ ទឹកដីមួយភាគធំ នៅអែនាយភ្នំដងរែក និង នៅខាងលិចត្រូវបាត់បង់ទៅវិញជាស្ថាពរ។ ការបែកបាក់បន្ទាយលង្វែកជាហេតុញ៉ាំងប្រទេសខ្មែរអោយអស់រិទ្ធានុភាព ធ្លាក់ខ្លួនជារដ្ឋតូចតាចនៅភូមិភាគអាស៊ីអគ្គេយ៍។ នេះជាលើកទី៣ ហើយដែលខ្មែរត្រូវបាត់បង់អស់ក្បួនខ្នាត អ្នកប្រាជ្ញ បណ្ឌិតកវីដែលត្រូវខ្មាំងកៀរយកទៅស្រុកវា។ ម្យ៉ាងទៀតអនាធិបតេយ្យក៏កើតមានឡើងហើយនៅចុងសតវត្សទី១៦នេះ គេឃើញមានការជ្រែករាជរហូតដល់ទៅពីរលើក។
ការជ្រែករាជនៃព្រះរាមជើងព្រៃ (១៥៩៤ - ១៥៩៦)
ព្រះរាមជើងព្រៃ ត្រូវជាព្រះញាតិរបស់ព្រះសត្ថាទី១។ នៅគ.ស. ១៥៩៤ ព្រះអង្គបានលើកទ័ពទៅវាយសៀមនៅបន្ទាយឧដុង្គ។ សៀមចាញ់ក៏ដកថយទៅស្រុកវិញអស់ទៅ។ ព្រះរាមជើងព្រៃ (តាមឯកសារព័រទុយកលហៅ ថា Anacaparan បានឡើងសោយរាជនៅស្រីសន្ធរ។ រួចមកហើយយើងបានឃើញថាលោក Veloso កាលដែលទៅសុំជំនួយពីទេសាភិបាលអេស្ប៉ាញនៅប្រទេសហ្វីលីពីនបំរុងយកមកជួយព្រះសត្ថាទី១នោះ ឃើញថាបានទទួលការគាំទ្រយ៉ាងសកម្ម ជាពិសេសពីសំណាក់លោកទេសាភិបាល Luis Perez Dasmarinas តែម្ដង។ បើតាមអែកសារអឺរ៉ុប លោក Veloso បានធ្វើបញ្ជីនៃតំរូវការ ហើយដាក់ជូនទៅលោកទេសាភិបាល។ ក្នុងបញ្ជីនោះមានគ្រោងពីការតាំងអានាព្យាបាលភាពរបស់អេស្ប៉ាញមកលើប្រទេសខ្មែរ និងការផ្លាស់សាសនារបស់ប្រជារាស្រ្ដខ្មែរទាំងស្រុង(១៩)។ កងនាវាបានចេញដំណើរពីក្រុងម៉ានីលនៅថ្ងៃទី១៩ មករា ១៥៩៦ ហើយត្រូវស្ថិត នៅក្រោមបញ្ជាការរបស់មេទ័ពឈ្មោះ Jaurez Gallinato : ពលទាហានមានប្រមាណពី ១២០ ទៅ១៣០នាក់ ជនជាតិជប៉ុនកាន់សាសនាគ្រិស្ដ ២០នាក់ ជនជាតិហ្វីលីពីនខ្លះ និងបព្វជិតគណៈដូមីនីកាំង ៣អង្គ។ មេពួកបព្វជិតគណៈដូមីនីកាំងគឺបព្វជិត Alonso Jimenez ជាសហមេបញ្ជាការនៃប្រតិបត្ដិការណ៍នេះ(១៩)។
លុះធ្វើដំណើរមកដល់ក្រុងចតុមុខ (Churdumuco) លោក Ruiz និង លោក Veloso ទើបភ្ញាក់ខ្លួនដឹងព្រះសត្ថាទី១ និងរាជបុត្រ ២អង្គបានភៀសទៅប្រទេសលាវហើយ ហើយមានក្សត្រថ្មីឡើងសោយរាជរួចស្រេចដែរ។ នៅថ្ងៃទី១២ មេសា ១៥៩៦ ជំលោះមួយបានផ្ទុះឡើងរវាងពួកឈ្មួញចិន និងពួកទានហានជើងទឹកអេស្ប៉ាញ។ ឈ្មួញចិនប្រមាណ ១០០នាក់ត្រូវស្លាប់ ហើយទំនិញ និង សំពៅរបស់ខ្លួនក៏ត្រូវរិបអូសទាំងអស់។ លោក Veloso បានសុំអនុញ្ញាតពីព្រះរាមជើងព្រៃ អោយចូលគាល់ដើម្បីបំភ្លឺព្រះអង្គពីឧប្បត្ដិហេតុ ដែលបានកើតឡើងនោះ តែព្រះរាជាដាក់លក្ខខណ្ឌថា ទាល់តែពួកអេស្ប៉ាញព្រមសងទំនិញទៅពួកចិនទាំងអស់ជាមុនសិន ទើបព្រះអង្គទ្រង់អនុញ្ញាតអោយបាន(៩)។ ដោយហេតុនោះ លោកវេលោសូ និង លោក រុអិស បានសំរេចថា ត្រូវតែប្រើកំលាំងទ័ពវិញ ជាមួយនឹងទាហាន៣៨នាក់ គេបាននាំគ្នាទៅឡោមព័ទ្ធវាំងនៅស្រីសន្ធរនៅពេលយប់ ធ្វើគត់ព្រះរាមជើងព្រៃបានមុនពេលថ្ងៃរះ (អែកសារខ្លះថានៅម៉ោង ២ល្ងាច) រួចវិលត្រលប់មកក្រុងភ្នំពេញ ហើយបានជួបនឹងកងនាវារបស់លោក ហ្គាល្លីនាទោ ដែលត្រូវខ្យល់បក់រុញច្រានរហូតទៅដល់សិង្ហបុរី និងត្រូវសំចតនៅម៉ាលាកា ដើម្បីជួសជុលខ្លះ។ លោកហ្គាល្លីនាទោ មានសេចក្ដីមិនពេញចិត្ដចំពោះសកម្មភាពរបស់ទាហានលោក។ លោកបានបង្ខំអោយទាហានសងទំនិញដែលបានប្លន់យកពីពួកឈ្មួញចិន ហើយក្រោយពីបានធ្វើការពិនិត្យអោយស្គាល់ទឹកដីបន្ដិចបន្ដួច ក៏បានចេញដំណើរឆ្ពោះទៅប្រទេសចំប៉ាទោះបីមានការប្រឆាំងតវ៉ាពីសំណាក់លោក វេលោសូ និងពួកបព្វជិតយ៉ាងណាក៏ដោយ។ លោកបានចូលសំចតនៅ Cachan (Faifo) ដើម្បីអោយលោករុអិស និង លោកវេលោសូ ធ្វើដំណើរទៅវៀងចន្ទន៍នាំយកពត៌មានទៅថ្វាយព្រះសត្ថាទី១ ស្ដីពីហេតុការណ៍នៅក្នុងប្រទេសខ្មែរ។ ក្រុមនាវិករបស់លោក ហ្គាល្លីនាទោ Gallinato មានជំលោះជាមួយឈ្មួញជប៉ុន និងជនជាតិយួននៅឆ្នេរសមុទ្រ ហើយដោយខ្លាចរដូវភ្លៀងមកដល់លោកក៏ចេញដំណើរឆ្ពោះទៅក្រុងម៉ានិលវិញនៅដំណាច់គ.ស.១៥៩៦។
ព្រះបរមរាជទី៦ ចៅពញាតន់ (១៥៨៦ - ១៥៩៩)
លុះទៅដល់ក្រុងវៀងចន្ទន៍ ដោយបានឆ្លងកាត់តាមជួរភ្នំអណ្ណាមមក លោករុអិស និង វេលោសូ មានសេចក្ដីសោកស្ដាយយ៉ាងខ្លាំងដោយដឹងថា ព្រះសត្ថាទី១ និងព្រះរាជបុត្រច្បងគឺ ជ័យជេដ្ឋាបានសោយទីវង្គតទៅហើយ។ លោកទាំងពីរក៏បានដង្ហែព្រះរាជបុត្របន្ទាប់គឺ ចៅពញាតន់រាជវង្សានុវង្ស និង ទាហានលាវខ្លះអោយត្រលប់ចូលប្រទេសខ្មែរវិញ។ នៅតាមផ្លូវគេបានជួបប្រះទះនឹងកងទ័ពជើងទឹកមួយដែលស្ថិតក្រោមបញ្ជាការរបស់ជ្វាម្នាក់ ដែលព្រះរាមជើងព្រៃបានតាំងអោយធ្វើជាមេទ័ព។ មេទ័ពរូបនេះបានគាំទ្រ និងការពារបុត្រមួយអង្គរបស់ព្រះរាមជើងព្រៃ ប៉ុន្ដែនៅពេលដែលពួកនាម៉ឺនសព្វមុខមន្រ្ដីបានទទួលស្គាល់ ចៅពញាតន់ ជាក្សត្រមានសិទ្ធិឡើងសោយរាជ គាត់ក៏យល់ស្របតាមគេដែរ។ ដូច្នេះចៅពញាតន់ ក៏បានឡើងសោយរាជ្យសម្បត្ដិនៅរាជធានីស្រីសន្ធរ ដោយមានព្រះនាមសំរាប់រាជថា ព្រះបរមរាជាទី៦ ហើយអែកសារអឺរ៉ុបហៅថា Prauncar។ គួរកត់សំគាល់ថា គ្រានោះបុត្ររបស់ព្រះរាមជើងព្រៃត្រូវបានពួកជ្វា ចិន និងជប៉ុនខ្លះគាំទ្រប៉ុណ្ណោះ។
តាមអែកសារអឺរ៉ុបថា មេទ័ពជ្វាដែលមានងារជា លក្សមីណា (អែកសារខ្មែរថាជាឈ្មោះទៅវិញ) មានការច្រណែននិន្ទានឹងជនជាតិអឺរ៉ុប ហើយពុំបានបំពេញកិច្ចការរដ្ឋអោយបានដិតដល់ទេ។ ចំណែកពួកទាហានលាវដែលបានដង្ហែ ចៅពញាតន់ត្រលប់ចូលស្រុកវិញនោះ បានបះបោរ ហើយនៅទីបំផុតក៏ត្រលប់ទៅវិញអស់ទៅ។ ដើម្បីជាសគុណ ព្រះបរមរាជាទី៦ បានតែងតាំងលោក វេលោសូ ជាចៅហ្វាយខេត្ដបាណាម អែលោករុអិស ជាចៅហ្វាយស្រុកខេត្ដទ្រាំង ក៏ដូចជាព្រះបិតារបស់ព្រះអង្គដែរ ព្រះបរមរាជាទី៦ ទ្រង់បានផ្ញើសារទៅក្រុងម៉ានិស ដើម្បីសុំអោយពួកបព្វជិតនិមន្ដមកប្រទេសខ្មែរ ដោយទ្រង់សន្យាថា នឹងជួយសង់ព្រះវិហារ និងទ្រង់អនុញ្ញាតអោយជនជាតិខ្មែរចូលសាសនាគ្រិស្ដទៅតាមជំនឿរបស់ខ្លួន។ បន្ទាប់ពីនោះ គេឃើញមានបព្វជិតខ្លះបានមកដល់ប្រទេសខ្មែរខ្លះដោយចេតនា ខ្លះដោយចៃដន្យ។ ប៉ុន្ដែស្ថានភាពរបស់អឺរ៉ុបពុំបាននឹងន។ គេថាព្រះបរមរាជា ទី៦ ជាមនុស្សខិលខូចជាងព្រះបិតាព្រះអង្គទៅទៀត ហើយត្រូវដឹកនាំដោយពួកមហេសី និង ព្រះមាតាក្មេកដែលក្លាយជាសហាយរបស់មេទ័ពជ្វាឈ្មោះ លក្សមីណា។ បើតាមលោករុអិសថា នៅពាក់កណ្ដាលគ.ស ១៥៩៨ ទៅហើយព្រះរាជាពុំទាន់បានទទួលរាជាភិសេកសោយរាជសម្បត្ដិនៅឡើយ អែលោករុអិស និងលោកវេលោសូ ក៏ពុំទាន់បានទៅកាន់អំណាចក្នុងខេត្ដរបស់ខ្លួនដែរ។
ដើម្បីពង្រឹងអំណាចរបស់ព្រះអង្គ ហើយដោយមានសំនើពីលោករុអិសផង ព្រះរាជាទ្រង់បានផ្ញើសារទៅជូនលោកទេសាភិបាលថ្មីនៃប្រទេសហ្វីលីពីន ដើម្បីសុំជំនួយជាទ័ព និង អ្នកផ្សាយសាសនា។ កាលណោះ មានការជំទាស់យ៉ាងខ្លាំងចំពោះការសុំជំនួយនេះ ប៉ុន្ដែលោកល្វីពែរេ ដាសមារិនាស ទទួលរៀបចំប្រតិបត្ដិការមួយដោយចេញសោហ៊ុយផ្ទាល់របស់លោក។ នៅថ្ងៃ ១៧ កញ្ញា ១៥៩៨ ក្បួននាវាមួយដឹកនាំទាហានអេស្ប៉ាញ២០០នាក់ បព្វជិតដូមីនីកាំង ២អង្គ បព្វជិតហ្រ្វង្សីស្កាំ ២អង្គ បានចេញដំណើរពីក្រុងម៉ានិលឆ្ពោះមកប្រទេសខ្មែរ ក្រោមបញ្ជាការលោក ល្វីពែរេ ដាមាសរិនាស ប៉ុន្ដែជាអកុសល ក្បួននាវាត្រូវប្រទះនឹងខ្យល់ព្យុះបក់ទៅទើរនៅប្រទេសចិន ជិតក្រុងកង់តុង។ ជនដែលរស់រានមានជីវិតទាំងប៉ុន្មាន បានត្រលប់ទៅក្រុងម៉ានិលវិញ។ កប៉ាល់មួយដែលទទួលបេសកកម្មអោយស្វែងរកពួកជនរងគ្រោះ ហើយដែលបានដឹកនាំទាហាន និង បព្វជិតបានមកដល់ចតុមុខ នៅគ.ស.១៥៩៩។ ជំលោះមួយបានកើតឡើងរវាងពួកនាវិកអេស្ប៉ាញ និងពួកជ្វា។ លុះដឹងដំណឹងនេះលោកវេលោសូ និង លោករុអិស បានមកដល់កន្លែងកើតហេតុ ហើយត្រូវគេសំលាប់ទាំងពីរនាក់។ ព្រះរាជាលើកទ័ពដោយផ្ទាល់ព្រះអង្គ ហើយត្រូវធ្វើគត់នៅលើសមរភូមិដោយពួកចាមជ្វាបះបោរទៀត(៩)។ គួរគប្បីជ្រាបថា ចំពោះការសោយទីវង្គតរបស់ព្រះបាទបរមរាជាទី៦នេះ អែកសារខ្មែរបានផ្ដល់ពត៌មានប្លែកពីពត៌មានរបស់ពួកអឺរ៉ុបទៅវិញ។ យ៉ាងណាមិញ រាជពង្សាវតារខ្មែរខ្លះបាននិយាយថា កាលព្រះអង្គមានព្រះជន្មបាន២១វស្សា ស្ដេចព្រះរាជដំណើរលើកទ័ពចេញទៅកាន់ស្រុកត្បូងឃ្មុំនោះ មានចាមឈ្មោះ ប៉ោរ៉ាត១ ជ្វាឈ្មោះ លក្ស្មីណា១ វាយលុកស្ដេចខ្មែរក្ស័យព្រះជន្មទៅ។
ព្រះបរមរាជាទី៧ ចៅពញាអន (១៥៩៩ - ១៦០០)
ចៅពញាអន ជាបុត្រពៅរបស់ព្រះសត្ថា ត្រូវបានពួកនាម៉ឺនសព្វមុខមន្រ្ដីយាងអោយឡើងសោយរាជនៅស្រីសន្ធរ ដោយមានព្រះនាមថា ព្រះបរមរាជាទី៧។ ព្រះអង្គទ្រង់បានបន្ដនយោបាយរបស់ដូនតាព្រះអង្គដោយអំពាវនាវ អោយពួកអ្នកផ្សាយសាសនាគ្រិស្ដចូលក្នុងប្រទេសព្រះអង្គ និង អោយពួកទាហានមកជួយការពារផងដែរ។ រាជពង្សាវតារខ្មែរបានបញ្ជាក់ថា ស្ដេចអង្គនេះជាក្សត្រមិនប្រកបដោយទសពិធរាជធម៌។ ថ្ងៃមួយយាងប្រពាតព្រៃ លុះទៅដល់ភូមិតាម្នាក់ ទ្រង់សព្វព្រះរាជហរិទ័យស្រលាញ់ស្រ្ដីម្នាក់ជាប្រពន្ធរបស់មេស្រុកឈ្មោះពញាថ្មី។ ព្រះអង្គទ្រង់បញ្ជាអោយចាប់យកដោយបង្ខំ ហើយដោយស្រីនោះប្រកែកមិនព្រមផិតក្បត់នឹងប្ដីរបស់នាង នាងក៏ត្រូវទទួលទារុណកម្មរហូតដល់បាត់បង់ជីវិត។ ប្ដីរបស់នាងមានសេចក្ដីក្ដៅក្រហាយយ៉ាងខ្លាំងចំពោះអំពើរំលោ ភជិះជាន់បែបនេះ ក៏រត់ទៅចូលខាងកែវព្រះភ្លើង។ ក្នុងអោកាសបុណ្យចំរើនព្រះជន្មព្រះបរមរាជាទី៧ កែវព្រះភ្លើងបាននាំបក្សពួកបន្លំចូលធ្វើគតព្រះអង្គបាននៅរាជវាំងស្រីសន្ធរនៅគ.ស.១៦០០។
សម្ដេចព្រះកែវហ្វា ចៅពញាញោម ១៦០០ -១៦០៣
ចៅពញាញោម អែកសារអឺរ៉ុបហៅថា Nacque Sumaday Peraorachyoncar ជាបុត្រពៅព្រះសត្ថាទី១។ រាជពង្សាវតារខ្មែរថា ព្រះអង្គបានឡើងគ្រងរាជសម្បត្ដិស្នងព្រះបេតុច្ឆានៅពេលដែលព្រះអង្គមានព្រះជន្ម២១វស្សា ព្រះអង្គមានព្រះនាមសំរាប់រាជថា សម្ដេចព្រះកែវហ្វា គង់នៅព្រះរាជវាំងស្រីសន្ធរ។
អែកសារអឺរ៉ុបនិយាយថា ព្រះអង្គទ្រង់ប្រយុទ្ធប្រឆាំងនឹងព្រះបេតុច្ឆាព្រះនាម ស្រីសុរិយោពរ ដើម្បីបានឡើងសោយរាជ។ ព្រះអង្គបានលើករាជធានីទៅតាំងនៅភ្នំពេញវិញ នៅគ.ស.១៦០១។ ព្រះអង្គបានបន្ដនយោបាយរបស់ក្សត្រសោយរាជមុនៗព្រះអង្គ គឺទ្រង់បានទាក់ទងជាមួយអង្គការផ្សាយសាសនានៅម៉ាលាកា។ នៅដើមគ.ស ១៦០៣ ទេសាភិបាលអេស្ប៉ាញនៅម៉ានិលបានបញ្ជូនទាហាន និងបព្វជិតខ្លះមកប្រទេសខ្មែរជាកិច្ចឆ្លើយតបចំពោះសេចក្ដីអំពាវនាវរបស់ចៅពញាញោម។ ពេលនោះប្រទេសកំពុងមានចលាចល ប៉ុន្ដែព្រះកែវហ្វា ទ្រង់បានទទួលជនបរទេសទាំងនោះយ៉ាងរាក់ទាក់ណាស់។ ព្រះអង្គទ្រង់បានជួយកសាងព្រះវិហារ ទ្រង់បានផ្ដល់ស្បៀង ជាអង្ករផ្ដល់នូវសេរីភាពផ្សាយសាសនា និង ការផ្លាស់សាសនាទៀត។ អែកសារអឺរ៉ុបបាននិយាយបន្ថែមថា នៅគ.ស. ១៦០៣ ដដែលព្រះស្រីសុរិយោពរ ដោយមានជំនួយទ័ពសៀមផងបានលើកទ័ពមកវាយឈ្នះ ព្រះកែវហ្វា ហើយស្រុកទេសក៏បានសុខសន្ដិភាពចាប់តាំងពីពេលនោះមក។ ស្ដេចខ្មៅ (ព្រះនរេសូរ) បាននាំពួកអ្នកផ្សាយសាសនាជាឈ្លើយយកទៅប្រទេសសៀម។ ព្រភពដដែលនេះបាន បញ្ជាក់ទៀតថា ដោយទ្រង់ទទួលអិទ្ធិពលខ្លាំងពីសៀម ព្រះស្រីសុរិយោពរទ្រង់មិននិយមរាប់អានសាសនាគ្រិស្ដទេ ហើយទ្រង់បានបញ្ចូលទំនៀមទំលាប់សៀមមកក្នុងប្រទេសខ្មែរថែមទៀតផង។
ចំណែកអែរាជពង្សាវតារខ្មែរបាននិយាយថា ព្រះកែវហ្វា ជាក្សត្រមិនរវល់នឹងកិច្ចការផែនដី ចូលចិត្ដបណ្ដើរឆ្កែ គង់សេះដេញសត្វបៀតបៀនកូនប្រពន្ធអ្នកដទៃ ជាហេតុបណ្ដាលអោយនាម៉ឺនជិះជាន់រាស្រ្ដ កើតចោរលួចប្លន់ ទើបសម្ដេចព្រះទេវីក្សត្រី ត្រូវជាសម្ដេចព្រះអយ្យាកាជំនុំនឹងមន្រ្ដី រួចផ្ញើសារទៅក្រុងស្រីអយុធ្យា ក្រាបទូលព្រះចៅសៀម សុំយាងសម្ដេចព្រះស្រីសុរិយោពអោយចេញមកក្រុងកម្ពុជាធិបតី។
បញ្ជីស្ដេចខ្មែរសោយរាជពីគ.ស. ១៣៩៣ - ១៦០៣ | ||||
រជ្ជកាល | នាមសំរាប់រាជនាមផ្ទាល់ | កាលកំនត់រជ្ជកាល | រាជធានី | រជវង្ស |
១ | បរមរាជាទី២ ចៅពញាយ៉ាត | ១៣៩៣ -១៤៦៣ | យសោធរបុរៈ,ទួលបាសាន,ភ្នំពេញ | បុត្រព្រះបាទសុរិយោវង្ស |
២ | នរាយរាជាទី១ | ១៤៦៣ -១៤៦៩ | ភ្នំពេញ | បុត្រស្ដេច១ |
៣ | ស្រីរាជា | ១៤៦៩ - ១៤៨៥ | ភ្នំពេញ | បុត្រស្ដេច១ |
៤ | ស្រីសុរិយោទ័យ | ១៤៧៥ - ១៤៨៥ | ទួលបានសាន | បុត្រស្ដេច២ |
៥ | ស្រីធម្មរាជាទី១ | ១៤៨៦ - ១៥០៤ | ភ្នំពេញ | បុត្រស្ដេច១ |
៦ | ស្រីសុគន្ធបទ ចៅពញាដាំខាត់រាជា | ១៥០៤ - ១៥១២ | ទួលបានសាន | បុត្រស្ដេច៥ |
៧ | ស្រីជេដ្ឋារាជ ស្ដេចកន | ១៥១២ -១៥២៥ | ទួលបាសាន ចន្លក់ដូនតី ស្រលប់ពិជ័យ | ជ្រែករាជ |
៨ | បរមរាជាទី៣ ចៅពញាចន្ទរាជា | ១៥១៦ - ១៥៦៦ | ពោធិសាត់, លង្វែក | បុត្រស្ដេច៥ |
៩ | បរមរាជាទី៤ បរមន្ទរាជា | ១៥៦៦ - ១៥៧៦ | លង្វែក | បុត្រស្ដេច៨ |
១០ | បរមរាជាទី៥ សត្ថាទី១ | ១៥៧៦ - ១៥៩៥ | លង្វែក | បុត្រស្ដេច៩ |
១១ | ជ័យជេដ្ឋាទី១ | ១៥៨៦ - ១៥៩៥ | លង្វែក | បុត្រស្ដេច១០ |
១២ | ព្រះរាមជើងព្រៃ | ១៥៩៤ -១៥៩៦ | ទួលបាសាន | ជ្រែករាជ |
១៣ | បរមរាជាទី៦ ពញាតន់ | ១៥៨៦-១៥៩៩ | ទួលបានសាន | បុត្រស្ដេច១០ |
១៤ | បរមរាជាទី៧ ចៅពញាអន | ១៥៩៩ - ១៦០០ | ទួលបានសាន | បុត្រស្ដេច៩ |
១៥ | កែវហ្វាទី១ ចៅពញាញោម | ១៦០០ -១៦០៣ | ទួលបានសាន ភ្នំពេញ | បុត្រស្ដេច១០ ជ្រែករាជ |