នៅប្រទេសខ្មែរយើង គេសង្កេតឃើញជាទូទៅថា បងប្អូនខ្មែរមួយភាគធំ តាំងតែពីអ្នកស្រែចំការរហូតដល់នាម៉ឺន​មុខ​មន្ត្រី​អ្នក​នយោ​បាយ​មាន​យស​សក្ដិ​ធំ គេ​មិន​សូវ​អោយ​តំលៃ និង​មិន​សូវ​និយម​យក​ចិត្ដ​ទុកដាក់ត្រិះរិះពិចារណា ចង់​ដឹង​ចង់​ស្គាស់​អំពី​ប្រវត្ដិ​សាស្រ្ដ​ជាតិ​ដែល​ជា​រិស​គល់​ជា​ពូជ​សាសន៍ និង​ជា​ព្រលឹង​ជាតិ​របស់ខ្លួនឡើយ។

   ទោះជាខ្មែរ យើងមានប្រវត្ដិសាស្រ្ដ ជាងពីរពាន់ឆ្នាំមកហើយ។ ការមិនយកចិត្ដទុកដាក់ ការបំភ្លេចចោលនូវប្រវត្ដិ​របស់​ជាតិ​ខ្លួន​ អាច​ចាត់​ទុក​ជា​កំហុស​មួយ​ធ្ងន់​ណាស់​នៅ​ចំពោះមុខ វិញ្ញាណក្ខន្ធជីដូនជីតាបុព្វបុរសយើង។ ដូចនេះ យើងជា​កូន​ខ្មែរ ត្រូវ​នាំ​គ្នា​ស្វាធ្យាយ​រៀន​សូត្រ អោយ​បាន​ចេះ​ចង​ចាំ​ច្បាស់​លាស់ ដើម្បីទុកយកមកស្រាវជ្រាវរិះគិតថ្លឹងថ្លែងពិចារណា ហើយដកស្រង់​យក​មក​ធ្វើ​ជា​មេ​រៀន​សំរាប់​បច្ចុប្បន្ន​កាល​ផង និង​សំរាប់​អានា​គត​កាល​ផង។ អ្វីដែលនឹងត្រូវកើតក្នុងអនាគតកាល សុទ្ធតែមានជាប់ជំពាក់ទាក់ទង ចេញ​មក​អំពី​គ្រប់​សកម្ម​ភាព គ្រប់​អំពើ ឬ​គ្រប់​បញ្ហា​នយោ​បាយបច្ចុប្បន្ន។ ហើយអ្វី ដែលកំពុងតែកើតក្នុងបច្ចុប្បន្ន មិនមែនកើតដោយចៃ​ដន្យ​ដោយ​ឯក​ឯង​នោះ​ទេ គឺ​បាន​កើត​ចេញ​មក​អំពី​គ្រប់​អំពើ គ្រប់សកម្មភាពនយោបាយ ដែលគេបានប្រព្រិត្ដក្នុងអតីតកាល។

   ដូច្នេះគ្រប់ព្រឹត្ដការណ៍តូចធំ ដែលមានពាសពេញក្នុងប្រវត្ដិសាស្រ្ដខ្មែរយើង សុទ្ធតែមានកំណើតកើតមកអំពីអំពើនិង សកម្ម​ភាព​របស់​ខ្មែរ​គ្រប់​រូប ក្នុង​គ្រប់​ជំនាន់​។ បើ​យើងបានកសាងល្អធ្វើសកម្មភាព បំពេញករណីយកិច្ចដោយចិត្ដអារម្មណ៍​ស្មោះ​ត្រង់​ត្រឹម​ត្រូវ​ល្អ​ប្រពៃ​ចំពោះប្រ​ទេស​ជាតិ​មាតុ​ភូមិ ពេល​នោះ ប្រទេសជាតិខ្មែររបស់យើង ក៏បានទទួលនូវផលល្អបរិសុទ្ធ គ្មានជំពាក់ជំពិតពិសពុល​ដែរ​។ តែ​បើ​យើង​កសាង​នូវ​អំពើ​អាក្រក់ ពោរ​ពេញ​ទៅ​ដោយ​បាបកម្ម មានចិត្ដគំនិតជាទេវទត្ដមិនទៀងត្រង់ ក្បត់ប្រយោជន៍ប្រទេសជាតិ ប្រទេស​ជាតិ​និង​ត្រូវ​ជួប​ប្រទះ​នូវ​សោក​នាដ​កម្ម​អន្ដរ​កប្ប ចលាចល និង ទទួលនូវផលវិបាក វិនាសហិនហោចអន្ដរាយ ទន់ខ្សោយអន់ថយជា​លំដាប់​។ គឺ​មិន​ខុស​អំពី​ពុទ្ធ​ដិកា «ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អា​ក្រក់​បាន​អា​ក្រក់» នោះ​ឡើយ។

   បើដូនតាខ្មែរយើង លោកមិនកសាងល្អ មិនបានខំប្រឹងប្រែងរៀបចំទឹកដី កាលពីក្នុងអតីតកាលទេនោះ ប្រទេសខ្មែរ​យើង​ក៏​មិន​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច ជា​ចក្រ​ភព​មួយ នៅក្នុងអាស៊ីភាគអគ្នេយ៍ដែរ។ បើគាត់ជាមនុស្សល្ងិតល្ងង់ អវិជ្ជា គ្មាន​ចំណេះ​វិជ្ជា មិន​ចេះ​ចង​ចាំ​គម្ពីរ​ក្បួន​ខ្នាត ច្បាប់​តំរា​ក្រិត្យ​ក្រម​វិន័យ ទំនៀមទំលាប់ ហើយបើគាត់គ្មានទ្រឹស្ដីនយោបាយ គ្មានទស្សនៈ និង​មនោ​គម​វិជ្ជា នោះ​បុព្វ​បុរស​ខ្មែរ ក៏​មិន​អាច​កសាង​មហា​នគរ និង​ប្រាង្គប្រាសាទតូចធំបានដែរ។ ថ្ងៃណាដែលខ្មែរលែងចេះកសាងអំពើល្អ មាន​តែ​អវិជ្ជា​ល្ងិត​ល្ងង់ គ្មាន​ច្បាប់​ទំលាប់​ធម្ម​វិន័យ គ្មាន​សីល​ធម៌ ស្រលាញ់អំណាច ប្រយោជន៍ផ្ទាល់ខ្លួន ក្រុមបក្សពួក ស្រលាញ់ការបង្ហូរឈាម ហើយ​ប្រ​ព្រឹត្ដ​តែ​អំពើ​បាប​កម្ម​ព្រៃ​ផ្សៃ លាមក​ស្មោក​គ្រោក ជិះ​ជាន់កាប់សំលាប់តែប្រជាជនឯង ពេលនោះ ខ្មែរចាប់ផ្ដើមបែកបាក់ទ្រុតទ្រោម​ទន់​ខ្សោយ​រលត់​រលាយ​បន្ដិច​ម្ដងៗ​ដែរ​។ លទ្ធ​ផល​ដ៏សែនអាក្រក់ ទុក្ខភ័យព្រួយវេទនាព្រាត់ប្រាស់មិនចេះចប់ មិនចេះហើយ និងការ​អាមាស់​មុខ​អាប់​កិត្ដិ​យស ដែល​យើង​ឃើញ​មាន​ជា​ហូរ​ហែ នៅ​ក្នុងប្រវត្ដិសាស្រ្ដខ្មែរ បានសេសសល់មានរៀងរហូតចូលមកដល់បច្ចុប្បន្ន​កាល ហើយ​និង​បន្ដ​ទៅ​អនា​គត​ទៀត​ជា​មិន​ខាន​។ វាសនា​អានា​គត​ប្រទេសជាតិនិមួយៗ។ ស្ថិតនៅលើការតស៊ូ និង ការកសាង។ ឯសកម្មភាព​របស់​ព្រះ​មហា​ត្សត្រ​ អ្នក​នយោ​បាយ​សុទ្ធ​តែ​មាន​ទំងន់ មាន​ឥទ្ធិ​ពល​ធ្ងន់ គាបទៅលើជោគវាសនារបស់ប្រទេសជាតិ ទាំងក្នុងបច្ចុប្បន្នកាល​ទាំង​ក្នុង​អនា​គត​កាល​។

   ខ្មែរត្រូវតែនាំគ្នារៀនចងចាំអតីតកាល ឬ ប្រវត្ដិសាស្រ្ដរបស់ខ្លួន អោយបានចះចាំស្ទាត់ច្បាស់លាស់ម៉ឺងមាត់ សំរាប់​យក​មក​ធ្វើ​ឧបករណ៍ រៀប​ចំ​បច្ចុប្បន្ន​កាល និង​អនាគត​កាល​ប្រទេសជាតិ អោយបានល្អប្រសើរ ក្នុងន័យជាផលប្រយោជន៍ដល់ប្រជា​នុរាស្រ្ដ​ខ្មែរ​ទូ​ទៅ​។ ការ​ចេះ​ចង​ចាំ​ស្គាល់​ប្រវត្ដិ​សាស្រ្ដ អាច​នាំ​អោយ​យើងគេចផុតពីគ្រោះថ្នាក់ ពីមហន្ដរាយ ពីគ្រប់ឧបស័គ្គពីគ្រប់ការកុហក​ភូត​ភរ ឃោសនា​អកុសល​បោក​ប្រាស់​បំភាន់​មតិ ហើយ​បង្ហាត់បង្រៀនយើងមិនអោយដើរធ្លាក់ជ្រោះទៅតាមគន្លងចាស់។ ពេលនោះហើយ​ដែល​កង់​ប្រវត្ដិ​សាស្រ្ដ​មិន​អាច​វិល​ត្រលប់​ក្រោយ​បាន​ ហើយក៏មិនអាចនិងវិលមកជាន់ដានចាស់ផ្នួនគ្នាដដែលៗទៀតបានដែរ។ សិទ្ធិ សេរី​ភាព ប្រជា​ធិប​តេយ្យ​ភាព យុត្ដិ​ធម៌​និង​ការ​រឺក​ចំរើន​រុង​រឿង​ថ្កុំថ្កើង ក៏អាចមានកំណើតប្រសូតកើតចេញមកពីការចេះដឹងនេះដែរ។

   គឺក្នុងន័យ និង ទស្សនៈនេះហើយ ដែលខ្ញុំបានខំប្រឹងប្រែង តាក់តែង ចងក្រង និពន្ធសៀវភៅ «ប្រវត្ដិសាស្រ្ដ» ដើម​ឡើយ​ក្នុង​គ.ស.១៩៧១ ខ្ញុំ​បាន​ស្រាវ​ជ្រាវ​និពន្ធ អំពី​ប្រវត្ដិ​សាស្រ្ដខ្មែរ ក្នុងសម័យសាធារណរដ្ឋខ្មែរ។ បន្ទាប់មក ខ្ញុំចាប់ផ្ដើមស្រាវជ្រាវសរ​សេរ និង​និពន្ធ​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​ជា​ដំបូង​ក្នុង​ខែ​តុលា ឆ្នាំ១៩៩៣ ពី​ព្រោះ​ខ្ញុំ​ចង់ស្វែងរកគម្ពីរច្បាប់ក្បួនតំរាទឹស្ដី និង ទស្សនៈនយោបាយបុព្វបុរស​ខ្មែរ ដែល​មាន​ប្រសិទ្ធ​ភាព​ធ្លាប់​បាន​ធ្វើ​អោយ​ខ្មែរ​ខ្លាំង​ពូកែ ក្លាយទៅជាមហាអំណាចមួយដ៏ធំរុងរឿង ហើយខ្ញុំចង់យល់ដែរ អំពីបុព្វហេតុ​ដែល​បណ្ដាល​ធ្វើ​អោយ​ខ្មែរ​ចុះ​ទន់​ខ្សោយ​រួញ​រួម​បន្ដិច​ម្ដងៗ​ ក្លាយ​ជាប្រទេសយ៉ាងក្រីក្រធំបំផុតមួយក្នុងពិភពលោក។ ស្នាដៃប្រវត្ដិសាស្រ្ដ​ខ្មែរ មាន​ចែក​ចេញ​ជា​៧ភាគ​​

  1. ភាគទី១ ភាគរឿងព្រេងនិទាន និង សិលាចារិក
  2. ភាគទី២ សម័យក្រោយមហានគរ (រជ្ជកាលព្រះបាទពញាយ៉ាត ដល់ព្រះសុរិយោពណ៌)
  3. ភាគទី៣ សម័យក្រោមអាណានិគមសៀម និង យួន
  4. ភាគទី៤ សម័យអាណានិគមបារាំង
  5. ភាគទី៥ សម័យក្រោយឯករាជ១៩៥៣
  6. ភាគទី៦ សម័យសាធារណរដ្ឋខ្មែរ
  7. ភាគទី៧ សម័យកុម្មុយនិស្ដ

   ខ្ញុំគ្មានបំណងនឹងចាត់ទុកស្នាដៃនេះ ជាសៀវភៅប្រវត្ដិសាស្រ្ដល្អត្រឹមត្រូវដែលត្រូវជំនួសឯកសារផ្សេងឯទៀតនោះទេ។ គោល​បំណង និង​ទិស​ដៅ​ធំ​របស់​ខ្ញុំ​គឺ​ចង់​ធ្វើ​ដូចម្ដេច ចងក្រងឯកសារប្រវត្ដិសាស្រ្ដខ្មែរ ដែលមាននៅគ្រប់ទិសទី យកមកធ្វើជា​សំយោគ​សំរួល​ទុក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ យុវ​ជន ដើម្បី​អោយ​ងាយ​យល់ ក្រេបជញ្ជាក់ ត្រងត្រាប់ និង​ចេះចងចាំ។

   សៀវភៅប្រវត្ដិសាស្រ្ដខ្មែរនេះ អាចចាត់ទុកត្រឹមតែជាសៀវភៅជំនួយស្មារតីមួយ ក្នុងការស្វែងរកយល់ និង ចេះចង​ចាំ​អំពី​ដើម​កំណើត​ប្រវត្ដិ​ខ្មែរ​។ យើង​ជា​ខ្មែរ​ត្រូវ​តែ​ស្គាល់ខ្លួនឯង និងធាតុពិតប្រាកដរបស់យើងជាខ្មែរមុនសិន មុននិងហ៊ានអះអាង​ធ្វើ​សកម្ម​ភាព​អ្វី​មួយ​។

   ម្យ៉ាងវិញទៀត ស្នាដៃនេះ ក៏អាចចាត់ទុកជាវិភាគទានមួយដែរ ក្នុងពេលដែលយើងជាខ្មែរគ្រប់រូប កំពុងតែនាំ​គ្នា​ស្វះ​ស្វែង​ប្រមែ​ប្រមូល​ អន្ទង​ហៅ​រក​គ្រប់​អស់​ព្រលឹង​ជាតិ​ខ្មែរ ទាំងនៅជិតទាំងនៅឆ្ងាយ អោយមូលជុំត្រកូលចូលមកក្នុងរូបរាងកាយខ្មែរ​វិញ​។ រហូត​មក​ដល់​ពេល​នេះ​ជិត​ប្រាំ​រយ​ឆ្នាំ​ហើយ ដែល​ខ្មែរ​យើង​ធ្លាក់ខ្លួនដុនដាប ស្គាល់តែទុក្ខសោកវេទនា ឈឺចុកចាប់ ព្រាត់ប្រាសស្លាប់គ្មាន​សល់​ គ្មាន​ឃើញ​ពន្លឺ​សុ​ភមង្គល និង​គ្មាន​ស្គាល់​អ្វី​ដែល​ហៅ​ថា​កិត្ដិយស។ ខ្មែរលែងមានព្រលឹង ខ្មែរលែងមានជំនឿលើខ្លួនឯង។ តែ​ខ្មែរ​បែរ​ជា​មាន​ជំនឿ​ជឿ​លើ​បរ​ទេស​ទៅ​វិញ។

   ខ្ញុំមានជំនឿថា ក្នុងពេលណា កាលៈទេសៈណា ដែលខ្មែរបានស្គាល់ បានចេះចងចាំប្រវត្ដិសាស្រ្ដ និង​វប្បធម៌របស់​ខ្លួន​ពិត​ប្រាកដ ពេល​នោះ​ខ្មែរ​មុខ​ជា​មាន​ជំនឿ​លើ​ខ្លួន​ឯង​វិញ​ជា​មិន​ខាន ខ្មែរមុខជាមានមោទនភាព និង​មានមហិច្ឆតាក្នុងការកសាងប្រទេសជាតិ អោយ​បាន​រីក​ចំរើន​លូត​លាស់​ដូច​ប្រទេស​ប្រជា​ធិបតេយ្យ​និយមឯទៀតជាមិនខាន។