ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន
រស់ ចន្ត្រាបុត្រ
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ បារីស៍ទី១០
អតីតសាស្ត្រាចារ្យ ទស្សនវិជ្ជា ភ្នំពេញ
**********************************************
កំណត់សំគាល់ក្នុងរាជ្យព្រះបាទបក្សីចាំក្រុង
ថ្ងៃសៅរ៍ ទី1.ធ្នូ 2012.ម៉ោង 6:25
តាមរយៈប្រវត្ដិបក្សីចាំក្រុង យើងអាចកត់សំគាល់ឃើញមានព្រឹត្ដិការណ៍ និង ប្រការជាច្រើន ដែលទាក់ទងទៅនឹងចិត្ដគំនិត ទស្សនៈរបៀបគ្រប់គ្រងដឹកនាំកសាងប្រទេសជាតិ។
១ - ប្រវត្ដិបក្សីចាំក្រុង ដែលយើងទើបលើកយកមកនិទាន ជារឿងមួយមានប្រជាប្រិយភាពណាស់ក្នុងសង្គមជាតិខ្មែរ តាំងតែពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ខ្មែរពីជំនាន់មួយទៅជំនាន់មួយ នៅស្គាល់ឈ្មោះបក្សីចាំក្រុងច្បាស់ណាស់ ទោះបីជាគេមិនបានចងចាំប្រវត្ដិបក្សីចាំក្រុងអោយបានហូរហែចប់ចុងចប់ដើមត្រឹមត្រូវក៏ដោយក្សីចាំក្រុងមានជាប់ជំពាក់យ៉ាងជិតស្និទ្ធ ទៅនឹងឈ្មោះភូមិស្រុកខេត្ដពីព្រោះឈ្មោះទន្លេបឹង ឬអូរស្ទឹង ដែលមានមួយផ្នែកធំស្ថិតក្នុងទឹកដីខ្មែរភូមិភាគខាងត្បូង ព្រឹត្ដិការណ៍ទាំងប៉ុន្មាន ក្នុងបក្សីចាំក្រុងបើយើងពិនិត្យអោយបានជិតបន្ដិចទៅ យើងឃើញហាក់បីដូចជាគេចង់គូសបញ្ជាក់ថា ប្រវត្ដិសាស្រ្ដខ្មែរទៅថ្ងៃក្រោយ នឹងត្រូវវិលវល់វិវត្ដចុះឡើងក្នុងតំបន់ភូមិភាគខាងត្បូង ទោះបីជាដូច្នេះក៏ដោយ ក៏យើងកត់សំគាល់ឃើញថា ព្រះបាទបក្សីចាំក្រុង មិនបានយកឈ្មោះរបស់ខ្លួនផ្ទាល់ទៅដាក់អោយប្រាង្គប្រាសាទ វត្ដអារាម និងទីកន្លែងទឹកដីនោះដែរ។
ឯប្រាង្គប្រាសាទមួយទៀត ដែលស្ថិតនៅខេត្ដសៀមរាប ក្នុងចំនោមប្រាសាទអង្គរក៏មានឈ្មោះថា ប្រាសាទបក្សីចាំក្រុងដែរ ប្រាសាទនេះតាមការកំនត់របស់អ្នកបូរាណវិជ្ជា បានកសាងក្នុងសតវត្សទី ១០ ភស្ដុតាងជាក់ស្ដែង ប្រាសាទបក្សីចាំក្រុងអាចបញ្ចាក់បាននូវប្រវត្ដិពិត ភាពពិតនិងកិត្យានុភាពធំធេងរបស់ព្រះអង្គ។ ម្យ៉ាងទៀត ប្រជាប្រីយភាពបក្សីចាំក្រុង ស្ថិតនៅត្រង់កន្លែងសំខាន់ៗ ដែលព្រះអង្គធ្លាប់បានទៅជ្រកកោនលាក់ខ្លួនពួនអាត្មា ដែលបានក្លាយទៅជាកន្លែងពិសិដ្ឋ ដែលខ្មែរគ្រប់ទិសទី ទាំងស្រីទាំងប្រុស ទាំងក្មេងទាំងចាស់ទាំងស្ដេចទាំងនាម៉ឺនមន្រ្ដីទាំងរាស្រ្ដទាំងគ្រហស្ថ ទាំងព្រះសង្ឃនាំគ្នាជឿជាក់ថាជាកន្លែងស័ក្ដិសិទ្ធពូកែ ខ្មែរម្នាក់ៗតែងតែនាំគ្នាទៅធ្វើបុណ្យ បួងសួងបន់ស្រន់កន្លែងពិសិដ្ឋទាំងនេះមានជាអាទិ ដូចជាវត្ដវិហារសួរ ឬភ្នំប្រសិទ្ធជាដើម៘
ដូច្នេះហើយបានជាលោកថីវ ឆៃលាង អ្នកនិពន្ធខ្មែរដ៏ល្បីល្បាញមួយរូប បានលើកយកប្រវត្ដិបក្សី ចាំក្រុងមកតាក់តែង ចងក្រងសរសេរជារឿងប្រលោមលោកប្រវត្ដិសាស្រ្ដ ចេញផ្សាយក្នុងឆ្នាំ ១៩៥៥។ ស្នាដៃនេះ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងមជ្ឈដ្ឋានខ្មែរផ្លូវថ្នល់មួយនៅទីក្រុងភ្នំពេញ ក៏បានគេដាក់ឈ្មោះថា វិថីបក្សីចាំក្រុងដែរ ក្នុងទសវត្ស៧០ ហើយតន្រ្ដីករខ្មែរខ្លះទៀត បានដាក់ឈ្មោះវង់ភ្លេងរបស់គេថា ក្រុមតន្រ្ដីបក្សីចាំក្រុង។
២ - តាមរយប្រវត្ដិបក្សីចាំក្រុង យើងសង្កេត និង កត់សំគាល់ឃើញថាស្ដេចខ្មែរ អ្នកកាន់អំណាចខ្មែរ គ្មាននឹកគិតឃើញអ្វីក្រៅពីរាជបល្ល័ង្គ និងអំណាចផ្ដាច់ការរបស់ខ្លួនឡើយ ស្ដេចខ្មែរ អ្នកដឹកនាំជាតិខ្មែរ មិនញញើតរុញរាទេ ក្នុងការកាប់សំលាប់ប្រជាជនជាតិឯង ដើម្បីធ្វើម្ដេចអោយខ្លួននៅជាស្ដេចជាធំ អាចក្រាញអោបកាន់ក្ដាប់អំណាច អង្គុយលើរាជបល្ល័ង្គ ទោះបីខ្លួនអិតមានសមត្ថភាព ហើយនាំមកតែទុក្ខទោសវេទនា សង្រ្គាមព្រាត់ប្រាស់ អន្ដរាយដល់ប្រជានុរាស្រ្ដ។ ត្រង់សមត្ថភាពនេះ ក្នុងប្រវត្ដិបក្សីចាំក្រុង ស្ដេច រឺអ្នកដឹកនាំខ្មែរមិនដែលសុខចិត្ដយល់ព្រមទទួលស្គាល់ថា ខ្លួនគ្មានសមត្ថភាព ថាខ្លួនទាល់ប្រាជ្ញ ថាខ្លួនអន់ ថាខ្លួនធ្វើខុស ថាខ្លួនធ្វើមិនកើតឡើយ។ ក្នុងប្រវត្ដិសាស្រ្ដខ្មែររហូតមកដល់បច្ចុប្បន្ននេះ គេមិនដែលបានឃើញ បានជួបប្រទះអ្នកដឹកនាំគ្រប់គ្រងប្រទេសជាតិ រឺអ្នកទទួលខុសត្រូវខ្មែរណាម្នាក់មានសេចក្ដីក្លាហាន ហ៊ានអះអាងទទួលស្គាល់ សារភាពកំហុស អំពើប្រការឆ្គាំឆ្គងណានិមួយរបស់ខ្លួនឡើយ។ បើគេស្គាល់ដឹកនាំនគរ អ្នកនយោបាយខ្មែរគ្រប់ច្រកល្ហក គ្រប់បក្សគ្រប់ពួកទៅ យើងឃើញថាគ្មានណាមួយអាក្រក់ រឺគ្មានសមត្ថភាពសោះឡើយ។ ម្នាក់ៗសុទ្ធតែមានចំណេះ ចេះដឹងមានសមត្ថភាពពេញខ្លួន ហើយខ្លាំងពូកែអស្ចារ្យ គ្មាននរណាអាចមកប្រៀបផ្ទឹមអោយស្មើពុំបាន។ ម្នាក់ៗសុទ្ធតែស្រលាញ់ជាតិ ស្ទើរតែលេបជាតិនោះមិនអោយសេសសល់។
ឯលទ្ធផលចុងក្រោយនៅទីបំផុត គឺប្រទេសខ្មែរចេះតែរួញទៅៗ ខើចទៅៗ តូចទៅៗជាលំដាប់។ ភោគសម្បត្ដិកេរ្ដិ៍អាករដូនតាខ្មែរ ចេះតែរលេះបាត់បន្ដិចម្ដងៗ ហើយរាស្រ្ដខ្មែរចេះតែរងទុក្ខវេទនា ស្លាប់ព្រាត់ប្រាសរត់ចោលស្រុក ក្រទៅៗ ជាលំដាប់លំដោយគ្មានពេលល្ហែល្ហើយ តាំងតែពីចុងសត្សទី១៦ សម័យបន្ទាយលង្វែកត្រូវបែកខ្ចាត់ខ្ចាយ ក្រោមកំលាំងទ័ពសៀម ខ្មែរជួបប្រទះតែភ្លើងសង្គ្រាម បង្ហូរឈាមស្លាប់បាត់បង់ជីវិតអស់រាប់លាននាក់ ព្រាត់ប្រាស ក្រុមញាតិគ្រួសារ អត់បាយអត់ទឹក អត់ផ្ទះសំបែង អត់ថ្នាំសង្កូវ រងទុក្ខព្រួយសោកសង្រេងមិនចេះចប់មិនចេះហើយ គ្មានចេះស្រាកស្រាន្ដទាល់តែសោះ។ តើនេះជាកំហុសអ្នកណា? តើអ្នកណា ជាអ្នកទទួលខុសត្រូវ ចំពោះវិញ្ញាណខ័ន្ធបុព្វបុរសខ្មែរ? បើអ្នកដឹកនាំខ្មែរម្នាក់ៗ សុទ្ធតែល្អត្រឹមត្រូវ បរិសុទ្ធមានសមត្ថភាពគ្រប់គ្រាន់ ហើយចេះស្រលាញ់ជាតិ បំរើរាស្រ្ដឥតមានខ្ចោះ។
ក្នុងប្រវត្ដិសាស្រ្ដខ្មែរ ចាប់ពីសម័យក្រោយលង្វែក ខ្មែរយើងមិនដែលចេះរករូបមន្ដ រកច្រករកផ្លូវ ដោះស្រាយបញ្ហា អាយុជីវិតស្រុកទេសដោយខ្លួនឯងឡើយ។ ខ្មែរតែងតែរត់ទៅរកបរទេសអោយមកជួយដោះស្រាយជំនួស ហើយជឿតែលើបរទេសទៅវិញ។ គេមានជំនឿទៅលើបរទេសជាជាងមានជំនឿទៅលើអ្នកមានបុណ្យ អ្នកចេះដឹង អ្នក មានសមត្ថភាពខ្មែរ។
៣ - ដូច្នេះស្ដេចខ្មែរ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរ ត្រូវតែស្អប់ខ្ពើមត្រូវតែកំចាត់ត្រូវតែសំលាប់បំផ្លិចបំផ្លាញក្ដិចចោលចេញអស់ពួកអ្នកមានបុណ្យមានសមត្ថភាពចេះដឹង មានប្រាជ្ញាឈ្លាសវៃជាងខ្លួន ពោលអោយចំ គេចាត់ទុកអ្នកចេះដឹង ឬអ្នកមានបុណ្យជាសត្រូវធំចំពោះរាជបល្ល័ង្គ ឬការគ្រប់គ្រងរបស់គេ។ គេត្រូវនាំគ្នាចាត់វិធានការ ផ្ដាច់ជីវិតកំចាត់អ្នកមានបុណ្យ អោយបាត់ស្រមោល។ អ្នកមានបុណ្យ គឺអ្នកចេះដឹងជ្រៅជ្រះអ្នកមានសមត្ថភាព អាចនាំមកនូវពន្លឺ នូវសេចក្ដីសង្ឃឹមមួយថ្មីសំរាប់ប្រជាជន ដែលគេត្រូវជិះជាន់ ធ្វើទុក្ខបុកម្និញបំបិទមាត់បំបិទភ្នែកបំបិទត្រចៀក បំបិទអស់សិទ្ធិសេរីភាព។ វត្ដមានអ្នកមានបុណ្យ ឬ អ្នកចេះដឹង ឬ អ្នកមានសមត្ថភាព អាចធ្វើអោយរង្គោះរង្គើអំណាចរបស់ស្ដេចអ្នកដឹកនាំប្រទេសជាតិ គឺធ្វើអោយខ្លួនខាតប្រយោជន៍របស់ស្ដេច របស់ក្រុមពពួកអ្នកកាន់អំណាចផ្ដាច់ការ ដែលគិតតែប្រវ័ញ្ចជាន់ឈ្លី ធ្វើស្រែលើខ្នងរាស្រ្ដ។ យល់ដូចនេះហើយ ទើបបានជាស្ដេច និងក្រុមអ្នកដឹកនាំជាតិ ដែលគិតតែអំណាចផ្ដាច់ការនិងប្រយោ ជន៍ផ្ទាល់ខ្លួន ក្រុមបក្សពួក នាំគ្នាកំចាត់កាប់ចាក់សំលាប់ចោលអោយអស់ ពួកអ្នកមានបុណ្យអ្នកចេះដឹងរៀនសូត្រមានវិជ្ជា និងអ្នកដែលមានសមត្ថភាពអាចកសាងស្រោចស្រង់ប្រទេសជាតិបាន។ ស្ដេចព្រហ្មកិលភ័យព្រួយបារម្ភ ខ្លាចអស់រាជបល្ល័ង្គណាស់នៅពេលដែលដឹងថា អ្នកមានបុណ្យបានមកចាប់កំណើតបាន ១០ខែហើយ។ ស្ដេចពញាក្រែក ឬព្រហ្មកិល ដើម្បីការពារ ថែរក្សាអំណាចរាជបល្ល័ង្គរបស់ខ្លួន បានចេញបញ្ជា អោយពលទាហានសេនាមន្រ្ដីតូចធំ ចាប់ស្រ្ដីទាំអស់ក្នុងនគរ ដែលមានផ្ទៃពោះគំរប់១០ខែ យកទៅសំលាប់ចោលកុំអោយមានសល់មួយ។ នៅពេលដែលដឹងថាអ្នកមានបុណ្យមិនទាន់ស្លាប់ ពញាក្រែក ឬព្រហ្មកិល ក៏លើកទ័ពទីងច្រើនកុះករដេញតាមចាប់សំលាប់បក្សីចាំក្រុង និងតាគហេ ទោះបីជាដឹងថាកុមានេះ ជាប់សាច់ឈាមជ័រជាបងប្អូនបង្កើតនឹងខ្លួនក៏ដោយ។
ព្រឹត្ដិការណ៍ក្នុងប្រវត្ដិស្ដេចបក្សីចាំក្រុង អាចឆ្លុះនាំយើងអោយឃើញព្រឹត្ដិការណ៍ផ្សែងៗឯទៀត ក្នុងប្រវត្ដិសាស្រ្តខ្មែរ ដែលមានរៀងរហូតមកដល់បច្ចុប្បន្ន។ ភស្ដុតាងជាក់ស្ដែងថ្មីៗ ក្នុងសម័យប្រល័យពូជសាសន៍ខ្មែរក្រហម គោលជំហរ ទិសដៅធំបំផុត របស់ពួកពេជ្ឈឃាតទាំងនេះគឺត្រូវធ្វើដូចម្ដេចចាប់កាប់សំលាប់អ្នកមានបុណ្យឬអ្នកមានវិជ្ជាចំ នេះចេះដឹង រឺ អ្នកមានសមត្ថភាព អ្នកមានបុណ្យអ្នកមានវិជ្ជាអ្នកមានសមត្ថភាព ក្នុងសម័យប្រល័យពូជសាសន៍ខ្មែរក្រហម គេមិនចាំបាច់យកបាទដៃបាទជើងទៅដាក់លើម្សៅរកមើលកងចក្រដូចសម័យកាលបក្សីចាំក្រុងនោះទេ!។ ជនណា ខ្មែរណា មានពាក់វែនតា មានសំបុរជ្រះ ឬចេះអានអក្សរបន្ដិចបន្ដួច អ្នកនោះហើយដែលគេចោទប្រកាន់ថា ជាអ្នកមានបុណ្យ ជាបញ្ញវ័ន្ដ ជាអ្នកចេះដឹង ជាខ្មាំងប្រតិកិរិយាប្រឆាំងនឹងអង្ការ នឹងបក្ស នឹងបដិវត្ដន៍៘ និង ៘
ម្យ៉ាងវិញទៀត បន្ទាប់ពីការកាប់សំលាប់រង្គាល ដើម្បីរារាំងកុំអាយអ្នកមានបុណ្យចាប់កំនើតកើតមកបាន គេត្រូវធ្វើដូចម្ដេចអោយបណ្ដារាស្រ្ដល្ងង់ខ្លៅស្ថិតក្នុងភាពអវិជ្ជា កាលណារាស្រ្ដល្ងង់ខ្លៅ មិនដឹងខ្យល់ មិនស្គាល់ទិសតំបន់ ពេលនោះពួកអ្នកដឹកនាំកាន់អំណាចអាចធ្វើតាមតែអំពើចិត្ដរបស់ខ្លួន ដោយគ្មានភ័យបារម្ភខ្លាចប្រជាជនជំទាស់ ប្រឆាំងដាក់កំហុស ឬកាត់ទោសឡើយ។ ក្នុងទស្សនៈនេះ គេនាំគ្នាវាយបំបាក់បំបែកប្រាង្គប្រាសាទ រូបចំលាក់ ដុតបំផ្លាញគម្ពីរក្បួ នខ្នាតវត្តអារាម ដែលជាគ្រិះមូលដ្ឋានមួយនៃវប្បធម៌ជាតិខ្មែរ ភស្ដុតាងមិនមែនមានតែក្នុងអតីតកាលប៉ុណ្ណោះទេ! នៅពេលថ្មីៗ ក្នុងសម័យខ្មែរក្រហមប្រល័យពូជសាសន៍ យើងបានស្គាស់ហើយរបៀបឃោឃៅយង់ឃ្នងជួរជាតិ ហួសវិស័យ កាប់សំលាប់រំគៀល និង បំផ្លិចបំផ្លាញរំលំរំលើងរិសគល់ជាតិ ពួកមនុស្សផ្ដាច់ការព្រៃផ្សៃ ស្រេកឈាមទាំងនេះដែលស្រលាញ់តែអំណាច ហើយលក់ដូរតែសម្បត្ដិជាតិ គ្មានចិត្ដគំនិត អារម្មណ៍ រវីរវល់អំពីបញ្ហាអប់រំជាតិទេ គេ ត្រូវតែប្រើគ្រប់មធ្យោបាយរារាំង បំបិតបំបាំងប្រជាពលរដ្ឋ មិនអោយមានលទ្ធភាពក្រេបជញ្ជាក់ ចំណេះវិជ្ជាថ្មីៗ គោលគំនិតទ្រឹស្ដីថ្មីៗ និងវប្បធម៌អរិយធម៌ផ្សេងៗមធ្យោបាយដែលគេយកមកអនុវត្ដន៍នោះ មានការប្រើវិធីគំរាមកំហែ ង សំលុតបំភ័យបំភាន់មតិ សតិអារម្មណ៍ ចោទប្រកាន់ពីបទធ្វើវិទ្ធង្សនាក្បត់ជាតិ ចាប់ឃុំឃាំង ធ្វើទារុណកម្ម ឬសំលាប់បំបាត់ដានជាដើម៘
ត្រង់ចំនុចនេះក្នុងប្រវត្ដិសាស្រ្តខ្មែរ យើងសង្កេតឃើញថា អ្នកគ្រប់គ្រងប្រទេសជាតិខ្មែរតែងតែចាត់ទុកអ្នកមានបុណ្យ ឬអ្នកចេះដឹងមានចំណេះវិជ្ជា ជាសត្រូវធំងាប់រស់របស់គេ។ គេមិននិយមប្រមែប្រមូលយកអ្នកមានបុណ្យ អ្នកមានសមត្ថភាពទាំងនេះ មកអោយនៅជុំជិតសំរាប់ពិភាក្សា ជួយធ្វើការដោះស្រាយបញ្ហាប្រទេសជាតិឡើយ។ ស្ដេចខ្មែរ ឬអ្នកដឹកនាំខ្មែរចូលចិត្ដតែមនុស្សល្ងង់ខ្លៅ ឡែបឡបឡេមឡើម គ្មានសមត្ថភាព ដែលគ្មានចេះអ្វីក្រៅអំពីលុតជង្គង់ លើកសំពះប្រណម្យ ឆ្លើយ «ព្រះបាទៗ» ធ្វើត្រាប់តាមដូចសត្វសេកនាះឡើយ។ ចំណូលចិត្ដរបៀបនេះធ្វើអោយគេយល់ច្រលំ អំពីចិត្ដគំនិតទស្សនៈរបស់ក្រុមអ្នកមានបុណ្យ អ្នកដែលមានចំណេះវិជ្ជា មានសត្ថភាព អ្នកមានបុណ្យ មិនអាច នឹងដាក់ខ្លួនលុតជង្គង់សុំបុណ្យ អ្នកឥតមានសមត្ថភាពឡើយ។
ម្យ៉ាងវិញទៀត ស្ដេចខ្មែរ អ្នកនយោបាយខ្មែរតែងតែយល់ច្រលំ មានជំនឿថា ខ្លួនអាចរស់នៅកាន់អំណាចជាអមតៈ ថាអំណាចនេះ ទឹកដីនេះ ជាសម្បត្ដិដាច់មុខរបស់ពួកខ្លួន។ អ្នកទាំងនោះមិនដែលនឹកគិតពិចារណាថា បើគ្មានអ្នកមានបុណ្យអ្នកចេះដឹង អ្នកមានសមត្ថភាពទេនោះប្រទេសជាតិ នឹងត្រូវទ្រុឌទ្រោមធ្លាក់ចុះដុនដាបអន់ថយវិនាសអន្ដរាយ ហើយគ្រានោះ ពួកខ្លួនក៏ត្រូវធ្លាក់ទឹក រត់ប្រាស់ចោលនគរដែរ។ តែប្រសិនបើមានអ្នកមានបុណ្យ បើរាស្រ្ដមានការ ចេះដឹងមានសមត្ថភាពគ្រប់គ្រាន់ ខ្លាំងពូកែមាំមួន សំបូរសប្បាយនោះខ្លួនក៏មានកិត្ដិយស មានប្រជាពលរដ្ឋស្រលាញ់ គោរពរាប់អានកោតខ្លាច និង មានកិត្យានុភាពលើពិភពលោក។
អ្វីដែលអ្នកកាន់អំណាចផ្ដាច់ការ និងអ្នកនយោបាយខ្មែរនឹកមិនដល់នោះ ក្នុងពេលដែលកំពុងតែកាប់សំលាប់ កំទេចបំផ្លាញអ្នកមានបុណ្យ គឺពួកគេកំពុងតែរំលាយរំលំបំផ្លិចបំផ្លាញព្រលឹងជាតិ ធ្វើអោយជាតិចុះអន់ថយទន់ខ្សោយដុនដាប ហើយពួកគេក៏កំពុងតែបំរើផលប្រយោជន៍បរទេសដែរ។
ក្នុងប្រវត្ដិបក្សីចាំក្រុង មិនមែនមានតែការថ្កោលទោស ដាក់កំហុសចំពោះស្ដេច ឬ អ្នកដឹកនាំជាតិ ដែលគិតតែអំពីរាជបល្ល័ង្គ អំណាចផ្ដាច់ការ និងដេញកាប់សំលាប់ បំផ្លាញអោយអស់អ្នកមានបុណ្យ ឬ អ្នកចេះដឹងមានសមត្ថភាពប៉ុណ្ណោះទេ យើងកត់សំគាល់ឃើញមានដែរ ការបង្កប់នូវទស្សនៈទ្រឹស្ដីនយោបាយដែលទុកជាមេរៀនសំរាប់គ្រប់គ្រងដឹកនាំ ប្រទេសជាតិអោយបានល្អប្រសើរ។
១ - ជាពិសេស ក្នុងការស្វែងរកសន្តិភាព គេត្រូវរិះរកគិតពិចារណា ធ្វើដូចម្ដេចជៀសវាង គេចអោយផុត កុំអោយមានសង្គ្រាម ដែលជាប្រភពនាំមកនូវគ្រប់ផលអាក្រក់ និង មហន្ដរាយគ្រប់ប្រភេទ ដល់ប្រជានុរាស្ដ្រ និង អាយុជីវិតប្រទេ សជាតិ។ ព្រះបាទគោតម្ដ អមរទេវរាជ ឬដំបងគ្រញូង ព្រះមហាក្សត្រខ្មែរទី១៧ កាលដឹងជាក់ច្បាស់ថាខ្លួនអស់បុណ្យ លែងមានសមត្ថភាព ព្រះអង្គសុខចិត្ដសុំចុះចាញ់អ្នកមានបុណ្យថ្មី ស្ដេចពញាក្រែក ឬព្រហ្មកិល។ ព្រះអង្គសុខចិត្ដបោះបង់ ដើរចាកចោលចេញពីព្រះរាជបល្ល័ង្គ ពីអំណាចដើម្បីជៀងវាងកុំអោយមានចំបាំងរាំងជល ដែលធ្វើអោយរាស្រ្ដរង ទុក្ខវេទនាព្រាត់ប្រាសក្រុមញាតិគ្រួសារ ដោយសារព្រះអង្គ។
ព្រះបាទបក្សីចាំក្រុងបំរុងរាស្រ្ដ ទោះបីព្រះអង្គដឹងខ្លួនជាអ្នកមានបុណ្យ ហើយធ្លាប់រងទុក្ខទោសវេទនាមិនចេះចប់ ដោយសារស្ដេចពញាក្រែកក៏ដោយ ក៏ព្រះអង្គមិនបានចេញមុខ បង្កបង្កើតទ័ព ធ្វើអោយមានចលាចលទៅច្បាំងទល់ នឹង ស្ដេចអង្គនេះ ដើម្បីដណ្ដើមយករាជសម្បត្ដិដែរ ព្រះអង្គមិនបានយកគំនុំគុំគួនផ្ទាល់ខ្លួនមកដាក់លាយលំ លេងសើចនឹង បញ្ហាអាយុជីវិតប្រទេសជាតិឡើយ ព្រះអង្គសុខចិត្ដលាក់ខ្លួនពួនអាត្មា រស់នៅដាច់ស្រយាលឆ្ងាយអំពីព្រះមហានគរ។ ពីព្រោះព្រះអង្គធ្លាប់ស្គាល់ច្បាស់ណាស់ អ្វីទៅដែលជាការព្រាត់ប្រាសក្រុមញាតិគ្រួសារ អ្វីទៅដែលជាការរត់ចោលស្រុកភូមិកំណើត អ្វីទៅដែលជាការរងទុក្ខវេទនា ស្រេកឃ្លានគ្មានទីពឹងពុំនាក់ ឈឺចុកចាប់ខ្លោចផ្សា៘ ព្រះអង្គមិនចង់អោយប្រជានុរាស្ដ្រ និង នគររបស់ព្រះអង្គ ជួបប្រទះ នឹង មហន្ដរាយគ្រោះកាចទាំងនេះ ហើយប្រែក្លាយទៅជាទន់ខ្សោយ ដោយសារសង្រ្គាម និងការបែកបាក់គ្នា។
២ - ក្នុងការគ្រប់គ្រង ដឹកនាំប្រទេសជាតិ ស្ដេចអ្នកដឹកនាំ អ្នកនយោបាយត្រូវតែប្រកាន់នូវពាក្យសច្ចៈ ទសពិធយុត្ដិធម៌ ពាក្យដែលនិយាយចេញមកមួយមាត់ៗ សុទ្ធតែមានគេចាំកត់ត្រា គេចាំស្ដាប់ចងចាំ សុទ្ធតែមានន័យ មានខ្លឹមសារមានទំងន់អាចធ្វើអោយស្រុកទេសក្លាយទៅជាល្អក៏បានទៅជាអាក្រក់ក៏បាន ពាក្យទាំងនោះសោត ទោះខ្លួនជាស្ដេចផែនដី ជាមេដឹកនាំប្រទេសជាតិ មានអំណាចផ្ដាច់ការខ្លាំងក្លាមហិមាដូចម្ដេចក៏ដោយ ក៏មិនអាចនឹងដោះដូរ ផ្លាស់ប្ដូរកែបន្លំ ភូតភកុហក បំភ្លេចកាយកប់ត្រលប់ចោល ឬមិនគោរពបានឡើយ។ អ្នកដែលហានផ្លាស់ប្ដូរបំភ្លេចមិនគោរពពាក្យសំដីរបស់ខ្លួន គ្មានសច្ចៈធម៌ អ្នកនោះក៏ដូចជាបានក្បត់បណ្ដារាស្រ្ដ និងប្រទេសជាតិរបស់ខ្លួនដែរ។
ប្រសិនបើស្ដេច ឬ អ្នកដឹកនាំ ឬ អ្នកនយោបាយខ្មែរ មិនប្រកាន់ពាក្យសច្ចៈបំភ្លេចពាក្យសំដីរបស់ខ្លួន ប្ដូរចុះប្ដូរឡើងមិនចេះចប់ មិនចេះហើយ ភូតភរបោកប្រាស់ប្រជាពលរដ្ឋមិនចេះហត់ នោះប្រទេសជាតិ នឹង កើតក្ដីក្ដៅក្រហល់ក្រហាយ រំជើបរំជួលប៉ះទង្គិចចលាចលច្របូកច្របល់អន្ដរាយជាមិនខាន។ ពេលនោះ ទោះបីជាខំប្រឹងធ្វើបុណ្យធ្វើទាន មានលុយមានកាក់ច្រើនសំបូណ៌ហូរហៀរយកទៅទិញ ឬយកទៅជះដូចម្ដេចក៏ដោយ ក៏ស្ដេចនោះ អ្នកនយោបាយនោះ រត់ទៅណាមិនរួចដែរ។ ស្ដេចនោះ អ្នកនយោបាយនោះ នៅជាប់ជំពាក់ពាក្យសំដីរបស់ខ្លួនរៀងរហូតជានិច្ចលុះអវសានលោក ហើយអ្នកដែលធ្លាប់បោកបញ្ឆោតរាស្រ្ដល្ងង់ខ្លៅដូច្នេះ ធ្វើម្ដេចនឹងអោយគេជឿបានតទៅអនាគត។
ព្រះបាទបក្សីចាំក្រុង ព្រោះតែពាក្យសំដីចំអន់លេងសើច ដោយស្មានថាពាក្យសំដីទាំងប៉ុន្មានរបស់ព្រះអង្គ គ្មានន័យគ្មានផលរមាស់ ត្រូវគ្រប់កំលាំងបារមី និងវត្ថុស័ក្ដិសិទ្ធយាងចុះមកប្រមានប្រដែប្រដៅអោយគោរពធ្វើតាមពាក្យពេចន៍ ដែលពោលនិយាយចេញមក ពីព្រោះពាក្យសំដីរបស់ស្ដេច ឬអ្នកដឹកនាំនគរ ដែលហារខ្ជាក់ចេញមកជាពាក្យសច្ចៈ។ បក្សីចាំក្រុងខំប្រឹងរៀបចំធ្វើពិធីឧបកិច្ច ប្រលែប្រលំបោកបញ្ឆោតទេវតាដែរ តែបារមីទាំងអស់នៅតែមិនព្រមទទួល និង សុខចិត្ដ ទេវតា និង វត្ថុសក្ដិសិទ្ធនៅតែទាមទារអោយគោរពធ្វើតាមពាក្យសច្ចៈ បើពុំដូច្នោះទេ នឹងមកផ្ដាច់យកអាយុជីវិតប្រជាពលរដ្ឋ ហើយនិង ធ្វើអោយនគរស្រុកទេសទាំងមូល ជួបប្រទះតែទុក្ខភ័យវេទនាវិនាសអន្ដរាយហិនហោចព្រាត់ប្រាសគ្នាជាមិនខាន បើគោរពតាមពាក្យសច្ចៈ ដើម្បីប្រទេសជាតិ បក្សីចាំក្រុងត្រូវដាច់ចិត្ដលះបង់ប្រហារប្រហារជីវិតលោកតាគហេ អ្នកមានគុណដ៏ធំ និងដ៏ធ្ងន់របស់ព្រះអង្គ។
៣ -លក្ខណៈពិសេសមួយទៀត របស់ព្រះមហាក្សត្រ ឬ អ្នកដឹកនាំប្រទេសជាតិ គឺត្រូវចេះ ត្រូវស្គាល់អ្វីដែលជាគុណ និងជាសន្ដោសមេត្ដាធម៌គុណ គឺសុភាវធម៌ដែលនាំមកនូវសេចក្ដីល្អ នូវសេចក្ដីចំរុងចំរើន បុគ្គលដែលយកគុណ សន្ដោសមេត្ដាធម៌មកធ្វើជាគោលការណ៍ក្នុងជីវិត ឬក្នុងការគ្រប់គ្រង រៀបចំដឹកនាំកសាងប្រទេសជាតិ បុគ្គលនោះមិន អាចក្លាយទៅជាមនុស្សឃោឃៅសាហាវយង់ឃ្នងស្រេកឃ្លានឈាមសង្គ្រាម និងស្រលាញ់អំណាចផ្ដាច់ការឡើយ។ គ្រានោះនគរ ប្រជាពលរដ្ឋ នឹង បានទទួលនូវសាមគ្គីភាព សន្ដិភាពការសប្បាយរីករាយត្រជាក់ត្រជុំ និងការរីកចំរើន លូតលាស់ជាមិនខាន។
ព្រះបាទបក្សីចាំក្រុង ក្នុងជីវិតរបស់ព្រះអង្គ ព្រះអង្គពុំដែលបំភ្លេចគុណនរណាម្នាក់ ដែលធ្លាប់បានធ្វើល្អចំពោះរូបព្រះអង្គឡើយ សូម្បីតែជាសត្វដូចជាស្ដេចកណ្ដុរស សូម្បីតែកន្លែងទឹកដីរហោឋាន អ្នកតាដែលឥតវិញ្ញាណ ក៏ព្រះអង្គធ្វើបុណ្យរំលឹកគុណ មិនដែលអាក់ខានដែរ ផ្ទុយទៅវិញ ព្រះរាជា ឬអ្នកដឹកនាំដែលកាចសាហាវយង់ឃ្នង មិនស្គាល់គុណ មិនស្គាល់បុណ្យបាប គ្មានសន្ដោសមេត្ដាធម៌ មិនអាចនៅស្ថិតស្ថេរគ្រប់គ្រងប្រទេសជាតិបានយូរលង់អង្វែងឡើយ។ ប្រជាពលរដ្ឋនឹងស្អប់ខ្ពើម ដកទំនុកទុកចិត្ដ គ្មានជំនឿទៅលើ លែងអោយតំលៃ លែងគោរព ហើយប្រវត្ដិសាស្រ្ដនឹងវិនិច្ឆ័យ ផ្ដន់ទាទោស សួរពូជជាប់រៀងរហូតដល់អវសាន្ដលោកដែរ ហើយបាបកម្មនោះ នឹងតាមកដល់ទាន់ហន់ភ្នែកស្រស់ ទាមទារអោយសងបំណុលភ្លាមៗ ជាមិនខាន។