ក្រោយដែលព្រះបាទសុរិយោទ័យបានចូលទិវង្គត ពង្សាវតារមិនបានបញ្ជាក់អំពីមូលហេតុនៃការជ្រើសតាំង ព្រះបរម​រា​មា​បុត្រ​ច្បង​ព្រះ​បាទ​ លំ​ពង្ស ជា​ព្រះ​មហា​ក្សត្រ​ឡើយ​។
ថ្ងៃ១១ រោចខែកត្កិក ឆ្នាំខាល ព.ស ១៩០៦ ម.ស១២៨៤ ច.ស.៧២៤ គ.ស.១៣៦២ ព្រះបរមរាមាបានទទួលព្រះ​រាជា​ភិសេក​យ៉ាង​មហោ​លា​ រិក​នៅ​មហា​នគរ​។ កាល​នោះ​ព្រះ​អង្គមានព្រះជន្ម ២១វស្សា។ ព្រះអង្គបានក្លាយទៅជាព្រះមហាក្សត្រទី៣០ ដោយ​មាន​ព្រះ​បរម​នាម​ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​រា​មា​ធិប​តី ព្រះ​អង្គ​គង់​នៅព្រះមហានគរដដែល។

  ក្នុងរាជស្ដេចអង្គនេះ គេពុំកត់សំគាល់ឃើញមានព្រឹត្ដិការណ៍អ្វីសំខាន់ គួរអោយកត់សំគាល់ព្រះអង្គក៏គ្មានព្រះរាជ​បុត្រ​សំរាប់​បន្ដ​រាជ​ដែរ​។​ សោយរាជ្យ​សម្បត្ដិ​ប្រ​ទេស​កម្ពុជា​បាន​ប្រមាន ១១ឆ្នាំ ព្រះអង្គមានជំងឺ ឈឺជាទំងន់ ហើយបានចូលទិវង្គតទៅ នៅឆ្នាំជូត ក្នុង​ព្រះ​ជន្ម​៣១​វស្សា​។ ក្រុម​នា​ម៉ឺន​សព្វ​មុខ​មន្រ្ដី​បាន​នាំគ្នាមូលមតិស្រុះស្រួលទៅសុំយាងព្រះធម្មសោករាជ ដែលត្រូវជាប្អូន អោយឡើងសោយរាជ្យ​សម្បត្ដិ​ប្រទេស​ កម្ពុ​ជា​បន្ដ​ពី​បង។

ព្រះបាទធម្មសោករាជ

  ព្រះធម្មសោករាជបានទទួលព្រះរាជាអភិសេក នៅថ្ងៃ១១កើត ខែបុស្ស ឆ្នាំជូត ព.ស១៩១៦ ម.ស១២៩៤ ច.ស៧៣៤ និង​ត្រូវ​ជា គ.ស​១៣៧២​ កាល​នោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​២៧វស្សា។ ព្រះអង្គជាព្រះមហាក្សត្រទី៣១ ព្រះបរមនាមរបស់ព្រះអង្គ គឺព្រះបាទ​សម្ដេច​ព្រះ​ធម្ម​សោក​រាជ​ មហា​រាជា​ធិ​រាជ ព្រះ​អង្គ​គង់​នៅមហានគរដដែល។

  នៅក្នុងរាជ្យព្រះអង្គ គេអាចចាំបានថា ព្រះអង្គបានរៀបចំលើកកងពលសេនា ចេញទៅវាយប្រហារប្រយុទ្ធ​រំ​ដោះ យក​ខេត្ដ​ចន្ទ​បុរី និង​ជល​ បុរី​(ឆុន​បុរី សព្វ​ថ្ងៃ​) ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រាសង្កត់សង្កិនរបស់សៀម។ ព្រះអង្គរំដោះខ្មែរបានប្រាំពីរពាន់​គ្រួសារ​។ គ្រា​នោះ​ស្ដេច​ សៀម​ឈ្មោះ​ថោង លាន់​(1) បាន​លើក​ទ័ព​មកប្រយុទ្ធទប់ទល់នឹងខ្មែរ តែកងទ័ពសៀមត្រូវបរាជ័យដកថយវិលត្រលប់​ទៅ​ក្រុង​ស្រី​អា​យុធ្យា​ វិញ ដោយ​បាន​ទាំង​កេណ្ឌ​កៀរ​ខ្មែរ ចំនួនប្រាំបីពាន់គ្រួសារ ដែលរស់នៅក្នុងខេត្ដចន្ទបុរី និងជលបុរី យកទៅជាមួយ​ផង ឯក​សារ​ខ្មែរ​ទាំង​លាយ​ មិន​បាន​បញ្ជាក់​រៀប​រាប់​អំ​ពី​ចំបាំង​នឹង​សៀមនេះ អោយបានច្បាស់លាស់ទេ។

  ព្រះបាទធម្មសោករាជ ព្រះមហាក្សត្រខ្មែរទី៣១ ព្រះអង្គបានទៅខេត្ដបាទី កសាងវត្តមួយ នៅក្នុង ស្រុកកណ្ដាល​ស្ទឹង​សព្វ​ថ្ងៃ ដែល​ព្រះ​អង្គ​ដាក់​ ឈ្មោះ​ថា វត្ដ​ព្រះ​ធាតុ គឺ​ដើម្បី​រំលឹក​ឧប​ការ​គុណ និង អនុស្សាវរីយ៍ ទីកន្លែងនោះ ដែលព្រះអង្គធ្លាប់បានយាងមក​សំ​ណាក់​រស់​នៅ ប្រ​មែ​ប្រ​ មូល ក​ផ្ដុំ​ទ័ព​នា​កាល​សម័យ​កងទ័ពសៀម លើកចូលមកវាយប្រហារលុកលុយមហានគរ ហើយដែលព្រះអង្គ​ត្រូវ​រត់​ខ្ចាត់​ខ្ចាយ​។ ព្រះ​អង្គ​មាន​ ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ ព្រះនាមបរមសោករាជ ដែលប្រសូតក្នុងឆ្នាំឆ្លូវ។ សោយរាជសម្បត្ដិប្រទេសកម្ពុជាបាន ២៩​ឆ្នាំ ព្រះ​អង្គ​ទ្រង់​មាន​ជំងឺ​ រោ​គា​ព្យាធិ​ឈឺ​ជា​ទំ​ងន់ ត្រូវ​ពេទ្យ​ហ្ម​ដែលមានឈ្មោះល្បីល្បាញពូកែៗ មកពីគ្រប់ទិសទីក្នុងនគរ ខំប្រឹងប្រែងថែទាំដាក់​ថ្នាំ​ព្យា​បាល​រោគ​គ្រប់​វិធី​ អស់​ចំ​ណេះ​ហើយ នៅ​តែ​មិន​អាចមើលព្រះអង្គអោយជាសះស្បើយ ព្រះបាទធម្មសោករាជបានចូលទិវង្គតទៅ នៅឆ្នាំ​រោង ក្នុង​ព្រះ​ជន្ម ៥៦​ វស្សា​។

  ព្រះស្រីសុរិយោវង្ស ព្រះរាជបុត្រព្រះស្រីសុរិយោទ័យ ព្រះមហាក្សត្រទី២៩ ត្រូវបានអស់សព្វមន្រ្ដីតូចធំទាំងឡាយ សុំ​យាង​អោយ​ឡើង​គ្រប់​ គ្រង​សោយ​រាជ​សម្បត្ដិ​ ជា​បន្ដ​។

ព្រះបានទស្រីសុរិយោវង្ស

  ព្រះរាជាភិសេក ត្រូវបានរៀបចំធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅមហានគរ នៅថ្ងៃ១១រោច ខែបុស្ស ឆ្នាំរោង ព.ស ១៩៤៤ ម.ស.១៣២២​ ចស​.៧៦២ និង​គស​.១៤០០​។ កាល​ព្រះអង្គឡើងសោយរាជ្យ ជាព្រះមហាក្សត្រទី៣២ ព្រះស្រីសុរិយោវង្ស ព្រះ​អង្គ​បាន​ព្រះ​ជន្ម​៤៧​វស្សា​ ព្រះ​អង្គ​បាន​មាន​ព្រះ​បរម​នាមថា ព្រះបាទសម្ដេច ព្រះស្រីសុរិយោវង្ស រាជាធិរាជ ព្រះរាជធានីស្ថិតនៅមហា​នគរ​ដដែល​។ ក្នុង​ឆ្នាំ​ឆ្លូវ មុន​ដែល​ ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ​សម្បត្ដិ បើតាមពង្សាវតារសំដេចវាំងជួនព្រះបាទស្រីសុរិយោវង្ស ព្រះអង្គបានមានព្រះរាជ​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ ថា ពញា​យ៉ាត តែ​បើ​តាម​ពង្សា​វតារ​វត្ដ​កោកកាក ចៅពញាយ៉ាតបានប្រសូតក្នុងឆ្នាំមមី។

  យោងទៅតាមពង្សាវតាររបស់សម្ដេចវាំងជួន គេមិនបានកត់សំគាល់ ឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់ក្នុងរាជ្យ​ព្រះ​អង្គ​ទេ ប៉ុន្ដែ​បើ​តាម​ ពង្សា​វតារ​វត្ដ​ទឹក​វិល ក្នុង​ស្រុក​ស្អាង​ខេត្ដកណ្ដាល និង ពង្សាវតាររបស់ក្រុមជុំនុំសម្ដេចសង្ឃរាជទៀងវិញ គេបានដឹងថា​សង្គ្រាម​រវាង​ខ្មែរ និង​ សៀម​តែង​តែ​មាន​ជា​ហូរ​ហែ​(2)​។ ក្រោយ​ដែលព្រះអង្គសោយរាជ្យបាន៦ឆ្នាំព្រះស្រីសុរិយោវង្ស ព្រះអង្គបានចាត់​អោយ​មេ​ទ័ព​ចៅ​ពញា​ចក្រី​ លើក​ទ័ព​ចេញ​ទៅ​វាយ​រំដោះ​យក​ស្រុក​នាងរោង ដែលជាទឹកដីខ្មែរមកវិញ។ កងទ័ពខ្មែរវាយប្រហារកំចាត់កងទ័ព​សៀម បាន​ទទួល​ជោគ​ជ័យ​ យ៉ាង​ត្រចះ​ត្រចង់​។

  សម័យជាមួយគ្នានេះដែរ នៅតាមព្រំប្រទល់ខ្មែរ-សៀម តាមមាត់សមុទ្រ ការប៉ះទង្គិចប្រយុទ្ធគ្នាក៏មានជាញឹក​ញាប់​ដែរ។ កង​ទ័ព​សៀម​ តែង​រំលោភ​ចូល​ក្នុង​ទឹក​ដី​ខ្មែរ ចាប់​ចង​កៀរកេណ្ឌយកប្រជាជនខ្មែរធ្វើជាឈ្លើយ ចៅហ្វាយខេត្ដខ្មែរនៅទីនោះ តែង​តែ​លើក​ទ័ព​ចេញ​ទៅ​ទប់​ ទល់​វាយ​ដណ្ដើម​ការ​ពារ​ទឹក​ដី រំដោះ​ប្រមូលយកប្រជាជនមកវិញជាប្រក្រតី មិនចេះចប់មិនចេះហើយ។ ថ្ងៃមួយ​សៀម​បាន​លើក​ទ័ព​ចូល​មក​ ឈ្លាន​ពាន វាយ​ប្រ​ហារ​ខ្មែរ​ទៀត ម្ដង​នេះមានសភាពខ្លាំងក្លា និង មានចំនួនកងទ័ពច្រើនជាងធម្មាតា។ មន្រ្ដីខ្មែរបាន​យក​ដំណឹង​នេះ ទៅ​ទូល​ ថ្វាយ​ព្រះ​រាជា​នៅ​មហា​នគរ​នៅចំពោះមុខបញ្ហាធ្ងន់ធ្ងរនេះ ព្រះមហាក្សត្រខ្មែទី៣២ ព្រះស្រីសុរិយោវង្ស បាន​បញ្ជា​អោយ​ចៅ​ហ្វាយ​ខេត្ដ​មេ​ ទ័ព​ខ្មែរ​តូច​ធំ​ជិត ឆ្ងាយ​នៅកម្ពុជាក្រោម ដូចជាខេត្ដទ្រាំង បាសាក់ (ឬ បាសក្ដិ?) ព្រះត្រពាំង ឧមោរ ក្រមួនស ពាម កំពត និង​កំពុង​សោម​រៀប​ចំ​ កង​ពល​រេហ៍ ទៅ​វាយ​ប្រហារ​ទប់ទល់ នឹងសត្រូវសៀមដែលកំពុងតែចូលមក ទន្រ្ទានជាន់ឈ្លីលើទឹកដីខ្មែរ។កងទ័ពខ្មែរ​ចំនួន​ប្រាំ​ម៉ឺន​នាក់ ត្រូវ​ ដាក់​អោយ​ស្ថិត​នៅ​ក្រោម​បញ្ជា​ការ របស់មេទ័ពចៅពញាពិសនុលោក ឯមេទ័ពស្រួចវិញ ត្រូវដឹកនាំដោយចៅហ្វាយ​ខេត្ដ ស្រុក​បា​សក្ដិ​។ កង​ ទ័ព​ខ្មែរ​បាន​លើក​ទៅ​តាម​គោកផង ទៅតាមសមុទ្រផង ជិះទូក សំពៅផង នាំគ្នាវាយប្រយុទ្ធ គៀបខ្ចប់សត្រូវ​យ៉ាង​អង់​អាច​ក្លា​ហាន​ យក​បាន​ ជោគ​ជ័យ​ឈ្នះ បណ្ដេញ​អស់​កង​ទ័ពឈ្លានពានសៀម ដណ្ដើមយកបានស្រុកសុនយ៉ៃ (បច្ចុប្បន្ន គឺស្រុកត្រាត) រយ៉ង ចន្ទ​បុរី និង​ជល​បុរី មក​វិញ​ គ្រួ​សារ​សៀម​ចំនួន​ប្រ​មាណ​ប្រាំ​បួន​ពាន់គ្រួ ត្រូវខ្មែរចាប់កេណ្ឌកៀរមកធ្វើជាឈ្លើយ។

  ព្រះស្រីសុរិយោវង្ស ដែលយល់អំពីស្ថានការណ៍ប្រទេសជាតិ និង អំពីចិត្ដលោភលន់របស់សៀម ដែលចង់លួចប្លន់​បន្លំ​យក​ទឹក​ដី​ខ្មែរ ព្រះ​អង្គ​ បាន​រៀប​ចំ​ដាក់​ផែន​ការណ៍​ការ​ពារ បង្គាប់​អោយ​ខ្មែររាល់រូប នៅគ្រប់ខេត្ដខ័ណ្ឌក្នុងនគរ រៀនសូត្រហាត់​ហ្វឹក​ហ្វឺន​គ្រប់​មុខ​វិជ្ជា​ក្បួន​ទ័ព ធ្វើ​ សង្គ្រាម​។

  ស្ដេចសៀមព្រះរាមមេសួង កាលបើត្រលប់ពីធ្វើចំបាំងនឹងលាវ មកដល់នគរវិញ បានទទួលដំណឹងជូចត់ថា ខ្មែរវាយ​ប្រ​ហារ​កង​ទ័ព​សៀម​ របើក​របាញ ហើយ​រំដោះ​យក​ទឹក​ដី​បាន​មួយចំនួនធំ ព្រះអង្គកើតក្ដីមួរមៅក្ដៅក្រហាយពេកកន្លងក៏ចាត់ចេញបញ្ជាអោយ​រៀប​ចំ​ទ័ព​ភ្លាម​ជា​ ប្រ​ញាប់ ដើម្បី​ទៅ​វាយ​ប្រហារប្រទេសខ្មែរជាការសងសឹក។ គឺនៅក្នុងឆ្នាំឆ្លូវ។ ព្រះរាមមេសួង បានតែងតាំងចៅ​ពញា​ជ័យ​ជរុង​ជា​មេ​ទ័ព​ ស្រួច​។ ចំណែក​ព្រះ​អង្គ​វិញ ដឹក​នាំ​ទ័ព​ធំ​ដោយខ្លួនឯងផ្ទាល់។ កងទ័ពសៀមដើរសំរុកចូលស្រុកខ្មែរវាយប្រយុទ្ធ ដណ្ដើម​យក​បាន​ភូមិ​ខេត្ដ​ខ័ណ្ឌ​ ខ្មែរ​ជា​លំ​ដាប់​លំ​ដោយ ហើយ​សំ​ដៅ​តំរង់​ឆ្ពោះ​ទៅរកកំទេចមហានគរ។

  រីព្រះមហាក្សត្រខ្មែរ ព្រះបាទស្រីសុរិយោវង្សវិញ ព្រះអង្គបានចាត់តាំងព្រះមហាឧបរាជជាមេទ័ពធំ ដឹកនាំ​ពល​រេហ៍ ទាំង​តាម​ផ្លូវ​ទឹក ទាំង​ តាម​ផ្លូវ​គោក អោយ​ចេញ​ទៅ​ច្បាំងទប់ទល់នឹងខ្មាំង ធ្វើដំណើរមកដល់កន្លែងមួយ ដែលមានឈ្មោះថា ស្ពាននាគ ព្រះ​មហា​ឧប​រាជ​ បាន​បញ្ជា​ អោយ​កង​យោ​ធា​ឈប់​សំរាក បោះ​ជុំរុំ​រៀបបន្ទាយការពារ ជីកដីដាក់សំរះកប់ចំរូង ចាំត្រៀមប្រយុទ្ធនឹងកង​ទ័ព​សៀម មិន​យូរ​ប៉ុន្មាន កង​ ទ័ព​ស្រួច​សៀម​របស់​ចៅ​ពញា​ជ័យ​ដរុងបានមកដល់ កងទ័ពទាំងពីរក៏ចាប់ផ្ដើមប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា លាន់លឺសូរ​សំ​លេង​កង​រំពង​ទ្រ​ហឹង​ អាប់​ស្រែក​ខ្ញៀវ​ខ្ញា លាយ​លំ​ទៅ​ដោយស្នូរអាវុធប៉ះទង្គិចគ្នា តែកងទ័ពទាំងសងខាងនៅស្មើដៃគ្នា មិនទាន់មានខាង​ណា​មួយ អាច​យក​ប្រៀប​ ឈ្នះ​បាន​ឡើយ​។

  ប៉ុន្ដែគ្រានោះ ទ័ពធំស្ដេចសៀមព្រះរាមមេសួង បានមកដល់វាយព័ទ្ធព្រះមហាឧបរាជពីឆ្វេងផងពីស្ដាំផង ធ្វើអោយ​ទ័ព​ខ្មែរ​មាន​ចំ​នួន​តិច​ ទន់​ដៃ​ចុះ​អន់​ខ្សោយ មិន​អាច​ទ្រាំ​ទ្រ​ទប់​ទល់នឹងកំលាំងវាយប្រហាររបស់សត្រូវ ព្រះមហាឧបរាជក្នុងគ្រាប្រថុច​ញុច​នេះ ដោយ​ដឹង​ថា​មិន​ អាច​ត​ទល់​នឹង​ខ្មាំង​បាន បាន​ហក់​លោតដកឃ្លាថយ ចុះមករកទូកដែលចតតាមដងស្ទឹង តែទ័ពសៀមបានបាញ់សំរុក​ស្រោច​ស្រប់​មក​លើ​ទូក​ ប៉ះ​ចំ​ធុង​រំសេវ ធ្វើ​អាយ​ផ្ទុះ​ឆាប​ឆេះ របួស​ព្រះមហាឧបរាជជាទំងន់ ព្រះមហាឧបរាជបានបាត់បង់ជីវិតដោយសារ​សៀម​សំលាប់​? ឬ​មួយ​ ក៏​ដោយ​សារ​មាន​របួស​ធ្ងន់​? ចំនុច​ត្រង់​នេះ ឯកសារពង្សាវតារខ្មែរមិនបានសរសេរកត់ត្រាបំភ្លឺទេ។

  កាលបើបានទទួលពត៌មានមកថា ព្រះមហាឧបរាជត្រូវបាត់បង់ជីវិតលើសមរភូមិ ពលទាហានខ្មែរបាក់ទ័ពរត់ខ្ចាត់ខ្ចាយ​ព្រះ​មហា​ក្សត្រ​ក៏​ បញ្ជា និង​លើក​ទ័ព​ដោយ​ខ្លួន​ព្រះ​អង្គ​ផ្ទាល់​ចេញទៅប្រយុទ្ធតទល់នឹងសៀម គ្រាន់តែបានទៅដល់ ជួបនឹងទ័ពសៀម​ស្ដេច​រាម​មេ​សួង​ភ្លាម​មិន​​ រង់​ចាំ​យូរ ព្រះ​អង្គ​បញ្ជា​អោយ​លោម​ព័ទ្ធ​សៀមទាំងអស់ ហើយទូងស្គរទូងគងស្រែកហោរកញ្ជៀវបើកការវាយ​ប្រហារ​សន្ធប់​សន្ធាប់​ លាន់​ លឺ​ដូច​ស្នូរ​រន្ទះ​ យុទ្ធ​ជន​ខ្មែរ​ប្រយុទ្ធ​កាប់ចាក់ ហក់លោតឆ្វេងស្ដាំ ការពារតស៊ូយ៉ាងអង្គអាចក្លាហាន ឥតរុញរា ឥត​សំចៃ​ដៃ​ឡើយ នៅ​ចំពោះ​ មុខ​សេច​ក្ដី​ក្លា​ហាន និង​កំលាំង​តស៊ូ​ប្ដូរផ្ដាច់ ការពារជាតិមាតុភូមិ របស់កំលាំងទ័ព និង ប្រជានុរាស្រ្ដខ្មែរ កងទ័ព​សៀម​ព្រះ​រាម​មេ​សួង មាន​ ការ​តក់​ស្លុត​បាត់​អស់​ស្មារតី អស់​សេច​ក្ដី​ក្លាហាន នាំគ្នារត់ចោលជួរយករួចជីវិតតែរៀងខ្លួន។ ទ័ពសៀមត្រូវបាក់បែក ខ្ចាត់​ខ្ចាយ​ដក​ថយ​តំរង់​ ចូល​ទៅ​នគរ​វិញ ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ព្រះស្រីសុរិយោវង្ស ក៏បាននាំពលរេហ៍ខ្មែរទាំងប៉ុន្មាន ដេញតាមវាយប្រហារកំ​ទេច​ទ័ព​សៀម និង​ រុល​លុក​បន្ដ​ទៅ​ទៀត រហូត​ដល់​ព្រំប្រទល់ជាយដែនខ្មែរ កងទ័ពខ្មែរចាប់បានឈ្លើយសៀមជាច្រើន នាំយកមកនគរ ក្រោយ​ដែល​បាន​ជ័យ​ជំនះ​ លើ​ទ័ព​សៀម ព្រះ​ស្រី​សុរិ​យោ​វង្ស​ព្រះ​អង្គ​នាំ​អស់ពលរេហ៍មន្រ្ដីសេនា ត្រលប់ចូលមកព្រះមហានគរវិញ។

  ក្នុងព្រះរាជាអង្គនេះ ទឹកដីខ្មែរមានព្រះប្រទល់ ខាងលិចទល់ នឹងបស្ចឹមបុរី ខាងជើងឆៀងខាងលិចទល់ នឹងស្រុកនាង​រោង និង​នគរ​រាជ​សីមា​ ខាង​ជើង​ទល់ នឹង​ស្រុក​ស្នាម​ខ្សាច់ ខាង​ជើង​ឆៀង​ខាង​កើត​ទល់ នឹង​ស្រុក គោក​ខ័ណ្ឌ ខាង​កើតទល់និងបារៀ និង ដូន​ណយ ហើយ​និង​ខាង​ត្បូង​ ទល់​ នឹង​សមុទ្រ ស្រុក​ចាម និង​យួន​។ មួយ​ផ្នែក​ទៀត ពង្សាវតារខ្មែរភាគច្រើនបានកត់ត្រាទុកមកថា ក្នុងរាជព្រះ​ស្រី​សុរិ​យោ​វង្ស ព្រះ​មហា​ ក្សត្រ​ខ្មែរ​ទី​៣២ ទោះ​បី​ជា​មាន​ចំបាំងញឹកញាប់ជាមួយនឹងសៀមក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែររស់នៅដោយសុខសប្បាយ និង​ចំ​រើន​លូត​លាស់​ ដែរ​។ គេ​បាន​ចាត់​ទុក​ព្រះ​អង្គ​ជាព្រះមហាក្សត្រមួយអង្គដែលល្អប្រសើរ ពោពេញប្រកបទៅដោយព្រហ្មវិហាធម៌ និង ទស​ពិធ​រាជ​ធម៌ យក​ ចិត្ដ​ទុក​ដាក់​អំ​ពី​ជោគ​វា​សនា​អនា​គត​ប្រទេសជាតិ និងជាទីម្លប់ត្រជាក់ត្រជុំ ចំពោះប្រជានុរាស្រ្ដតូចតាច ខ្សត់​ខ្សោយ ក្រី​ក្រ​ទូ​ទៅ​ទាំង​​ប្រ​ទេស​ ​។

  ព្រះបាទស្រីសុរិយោវង្ស ព្រះមហាក្សត្រខ្មែរទី៣២ ព្រះអង្គបានសោយរាជសម្បត្ដិ ប្រទេសកម្ពុជាបាន ១៤ឆ្នាំ។ ព្រះអង្គ​បាន​ចូល​ទិវង្គត នៅ​ឆ្នាំ​ ម្សាញ់ ក្នុង​ព្រះ​ជន្ម​៦០ វស្សា​។ ពង្សា​វតារ​ខ្មែរ​ទាំងឡាយមិនបានបញ្ជាក់ អំពីមូលហេតុនៃការសុគតរលត់ខន្ធនេះទេ ត្រង់​ចំនុច​នេះ គេ​ពុំ​បាន​សរ​ សេរ​កត់​ត្រា រៀប​រាប់​អធិប្បាយ បង្ហាញ​អំពីរបៀបជ្រើសតាំងព្រះមហាក្សត្រថ្មី ដូចដែលធ្លាប់មានក្នុងពង្សាវតាររបស់​សម្ដេច​វាំង​ជួន​នោះ​ទេ ​។

ព្រះបាទបរមសោករាជ

  ព្រះបរមសោករាជ ដែលត្រូវជាព្រះរាជបុត្ររបស់ព្រះបាទធម្មសោករាជ ព្រះមហាក្សត្រទី៣១ បានទទួលព្រះរាជា​ភិសេក​យ៉ាង​មហោ​លា​រិក​ នៅ​ថ្ងៃ ៥​កើត ខែ​កត្ដិក ឆ្នាំ​ម្សាញ់ ព.ស.១៩៥៧ ម.ស.១៣៣៥ ច.ល.១៤១៣ ព្រះអង្គទ្រង់បានព្រះជន្ម ២៩វស្សា ព្រះ​អង្គ​ជា​ព្រះ​មហា​ក្សត្រ​ទី​៣៣ ព្រះ​អង្គ​បាន​ទទួល​ព្រះ​បរម​នាម​ជា ព្រះបាទសម្ដេចព្រះបរមសោករាជ មហារាជាធិរាជ។

  ឆ្នាំវក ព.ស.១៩៦០ ម.ស.១៣៣៨ ច.ស.៧៧៨ គ.ស.១៤១៦(3)។ កាលនោះព្រះមានព្រះជន្ម៣២ វស្សា ហើយសោយ​រាជ្យ​ទើប​តែ​បាន​៤ ឆ្នាំ​ ស្ដេច​សៀម​ដែល​សោយ​រាជ្យ​នៅ​ក្រុង​ស្រីអាយុធ្យា បានលើកទ័ពយ៉ាងធំ ច្រើនគគ្រឹកគគ្រេងអស្ចារ្យ ចូលមកវាយ​ប្រហារ​ឈ្លាន​ពាន​យក​ទឹក​ ដី​ខ្មែរ​ម្ដង​ទៀត​។ ស្ដេច​សៀម​អង្គ​នេះ​ដែលជាប់ជាកូនចៅរបស់ព្រះរាមមេសួង មានឈ្មោះថា ចៅសោមពញា ឯគោ​រម​នាម​ព្រះ​មហា​ក្សត្រ​ វិញ​គឺ ព្រះ​បរម​រាជា​(4)​។ គ្រា​នោះ​កងទ័ពសៀមដែលដឹកនាំដោយចៅសោមពញា ឬ ព្រះបរមរាជាទី២ មាន​ចំនួន​ដល់​ទៅ​ ១០​ម៉ឺន​នាក់ ចែក​ ចេញ​ជា​៤កង​ពល​ធំ​ៗ​ ព្រះ​អង្គបានចាត់កូនប្រុសព្រះអង្គ ឈ្មោះអិន្ទរាជា ជាមេទ័ពស្រួច។

  កងទ័ពសៀមវាយប្រហារ ដណ្ដើមយកបានខេត្ដខ្មែរមួយម្ដងៗ ជាប់តែតាមផ្លូវរហូតដល់ទីក្រុងមហានគរ ស្ដេចសៀម​បាន​បញ្ជា​អោយ​មេ​ទ័ព​ ពល​សេនា លោម​ព័ទ្ធ​ជិត​ជុំ​វិញ​មហា​នគរ ចំណែកខាងខ្មែរវិញ ដែលនៅក្នុងមហានគរ ព្រះបរមសោករាជបានបញ្ជា​អោយ​ការ​ពារ​កំ​ពែង​នគរ​ ដោយ​មុត​មាំ ព្រះ​អង្គ​បាន​ចាត់​តាំង​ពញាកែវ ជាមេទ័ពការពារកំពែងរាជធានីទិសខាងលិច ពញាទ័យ(5) ជាមេទ័ពកំពែង​ខាង​ជើង ព្រះ​ចៅ​ពញា​ យ៉ាត ព្រះ​រាជ​បុត្រ​ព្រះ​ស្រី​សុរិ​យោ​វង្ស ជាមេទ័ពការពារកំពែងទិសខាងត្បូង និង សម្ដេចចៅហ្វាទល្ហៈ ជាមេទ័ពទិស​ខាង​កើត​។ ការ​ប្រ​យុទ្ធ​ កាប់​ចាក់​គ្នា បាញ់​កាំ​ភ្លើង(6)​​ព្រួញ​ធ្នូ​ស្នា គប់ចោលលំពែងដុំថ្ម ស្រោបស្រប់លើគ្នាទៅវិញទៅមកមានសភាពខ្លាំង​សំបើម​អស្ចារ្យ ជា​ហូរ​ហែ​ រៀង​រាល់​ថ្ងៃ ឥត​មាន​ស្រាក​ស្រាន្ដឈប់សំរាកសោះឡើយ ពលរេហ៍ទាំងសងខាងមានរបួស និង ស្លាប់ជាច្រើនដេរ​ដាស​ដេក​ពាស​ពេញ​តាម​ ជើង​កំពែង​មហា​នគរ រហូត​មក​ដល់​ខែជេស្ឋ ត្រូវជាប្រាំពីរខែហើយ ដែលចំបាំងកាប់ចាក់ប្រយុទ្ធគ្នារវាងខ្មែរ និង​សៀម​នៅ​តែ​បន្ដ​យ៉ាង​សា​ ហាវ​ជា​និច្ច​ដដែល តែ​សៀម​នៅ​តែ​វាយ​បំបែក ដណ្ដើមយកមហានគរមិនបាន

  គ្រានោះបើតាមពង្សាវតាសម្ដេចវាំងជួន ព្រះមហាក្សត្រខ្មែរទី៣៣ ព្រះបរមសោករាជមានជំងឺជាទំងន់ ដោយសារ​អាក់​អន់​ស្រ​ពន់​ព្រះ​ទ័យ​ តូច​ចិត្ដ​នឹង​ក្រុម​អ្នក​ជិត​ស្និទ្ធ​មុខ​មន្រ្ដីខ្លះដែលក្បត់ទៅឃុបឃិតផ្សំគំនិត ចូលដៃចូលជើងជាមួយនឹងសត្រូវ ពង្សាវតារវត្ដ​កោក​កាក​បាន​បញ្ជាក់​ ថា ជន​ក្បត់​ទាំង​នោះ គឺ​ពញា​កែវ និង​ពញា​ទ័យ​។ ជនក្បត់ទាំងពីរនាក់ជាអ្នកដៃដល់ធ្វើឃាតព្រះមហាក្សត្រ ព្រះ​បាទ​បរម​សោក​រាជ ចូល​ទិវង្គត​ នៅ​ឆ្នាំ​វក​ដដែល ក្នុង​ព្រះ​ជន្ម ៣២​វស្សា ក្រោយ​ដែលសោយរាជសម្បត្ដិប្រទេសខ្មែរបាន៤ឆ្នាំ។

  ការក្បត់លក់ជាតិរបស់ព្រះញាតិវង្សស្ដេច និងមន្រ្ដីខ្មែរជាមូលហេតុមួយដែលធ្វើអោយមហានគរត្រូវបែកបាក់រលំ​រលាយ​សៀម​យក​បាន​។​ យុទ្ធ​វិធី​សៀម​ទី១ គឺ​បញ្ចុះ​បញ្ចូល បញ្ជា​ទិញ​បំបែក​បំបាក់អ្នកដឹកនាំខ្មែរនៅខាងក្នុង។ និងទី២សៀមបញ្ជូនមនុស្សអោយ​ទៅ​បង្កប់​ខ្លួន​ផ្ទៃ​ក្នុង​ចាំ​ ស្ដាប់​លប​លួច​យក​ការណ៍​ និង​ធ្វើ​វិទ្ធង្សនាផ្សេងៗ។ សៀមប្រើជានិច្ចនូវគ្រប់មធ្យោបាយ ល្បិចកិច្ចកល ដើម្បីលួច​ប្លន់​ដណ្ដើម​យក​ទឹក​ដី​ខ្មែរ​ ពង្សា​វតារ​វត្ដ​ទឹក​វិល បាន​សរ​សេរ​គូសបញ្ជាក់ថា ឧបាយកលដែលស្ដេចសៀមយកមកប្រើនោះ គឺគេយកមេ​ទ័ព ស្មោះ​ត្រង់​ប្រាំ​មួយ​នាក់​ អោយ​មក​ដើរ​តួ​ជា​ជន​ក្បត់​ហើយរត់ទៅសុំចុះចូលនៅបំរើស្ដេចខ្មែរ ស្ដេចសៀមបានសន្យាអះអាងប្រាប់ មេទ័ព​ស្មោះ​ត្រង់​ទាំង​នោះ​ថា បើ​ វាយ​យក​មហា​នគរ​បាន ដូច​ក្ដី​បំណងមែន នោះព្រះអង្គប្រទានរង្វន់បុណ្យស័ក្ដិខ្ពង់ខ្ពស់ និងទ្រព្យសម្បត្ដិសំបូណ៌​ហូរ​ហៀរ​តាមចិត្ដ​ប្រាថ្នា​ មេ​ ទ័ព​សៀម​ទាំង​៦​នាក់ មាន​ឈ្មោះ នាយ​អៀន នាយសាន នាយច័ន្ទ នាយដេត នាយកៅ និង នាយឌី ដើម្បីរៀបចំគំរោង​ការណ៍ ឆាក​ល្ខោន​ ក្បត់​អោយ​សម​រម្យ​ល្អ​មើល​ទៅ​ឃើញ​ពិតជារឿងក្បត់មែនទែនព្រះមហាក្សត្រសៀមបានចោទប្រកាន់មេទ័ព​ទាំង​៦​នាក់​ថា មិន​បាន​នាំ​ទ័ព​ ចេញ​ទៅ​ប្រ​យុទ្ធ​តាម​បទ​បញ្ជា​ទេ ហើយបែរជាខ្លាចសត្រូវនាំកូនទ័ពរត់ដកថយទៅវិញ ដូច្នេះគេត្រូវតែទទួលទោស​ទៅ​តាម​ច្បាប់​វិន័យ​ដែល​ បាន​កំ​រិត​។ ស្ដេច​សៀម​បញ្ជា​អោយ​ចាប់​មេទ័ពសៀមទាំង៦ នាក់យកទៅចងផ្អោបនឹងបង្គោល វាយម្នាក់៥០​រំពាត់ ដែក​ដុត​ថ្ងាស​ធ្វើ​សញ្ញា​ ជើង​ក្អែក ហើយ​សំលាប់​ចោល​ទុក​ជា​មេ​រៀន ព្រមានដល់ពលសេនាឯទៀត តែនៅពេលប្រហារជីវិត ពេជ​ឃាត​សៀម​ទាំង​១៥​នាក់​ដែល​ ទទួល​ភារ​កិច្ច​យក​ទៅ​សំលាប់​នៅ​ជិត​ទ្វារមហានគរខាងលិច បានដោះលែងមេទ័ពជាប់ទោសទាំងប៉ុន្មានអោយ​រត់​រួច​មាន​សេរី​ភាព​គ្មាន​ សល់​។ មេ​ទ័ព​ទាំង​នោះ​បាន​ទៅ​ក្រាប​ថ្វាយ​បង្គំសំពះសុំចុះចូល បំរើព្រះមហាក្សត្រខ្មែរ ដូចដែលបានគ្រោងទុកមែន។ ព្រះ​រាជា​និង​នា​ម៉ឺន​ ខ្មែរ​ទាំង​ឡាយ ក្រោយ​ដែល​ស្ដាប់​ពិនិត្យ ពិចារណាសព្វគ្រប់ហើយ យល់ជឿជាក់ថាជាការពិត មិនមែនជាការក្លែង​បន្លំ​ឡើយ ព្រះ​អង្គ​ទ្រង់​ អាណិត​ខ្លោច​ផ្សារ អនុញ្ញាត​អោយ​មាន​សិទ្ធិសេរីភាពរស់នៅ ថែទាំមើលជំងឺមុខរបួសក្នុងមហានគរ។ ដោយ​មាន​មុខ​របួស​ធំ​ធ្ងន់ មិន​អាច​ព្យា ​បាល​បាន​ មេ​ទ័ព​សៀម​ទាំង​ពីរ​នាក់​ក៏​ត្រូវ​ផុតជីវិតទៅ។ ចំណែកមេទ័ពសៀមបួននាក់ទៀតដែលនៅរស់មិន​យូរ​ប៉ុន្មាន របួស​ក៏​បាន​ជា​សះ ​ស្បើយ​ដូច​ធម្ម​តា គេ​អាច​ចេញ​មុខ​ធ្វើការបំរើព្រះមហាក្សត្រខ្មែរដោយអង់អាចក្លាហាន គួរជាទីទំនុកទុកចិត្ដ ឃើញ​ដូច្នោះ ព្រះ​បរម​សោក​ រាជ​ព្រះ​អង្គ​បាន​ប្រទាន​រង្វន់​ធន​ធាន និង​ឋានន្ដរស័ក្ដិជាញឹកញាប់ កាលបើដឹងច្បាស់ថាខ្មែរទុកចិត្ដ ជឿស៊ប់ហើយ​មេ​ទ័ព​សៀម​បង្កប់​ខ្លួន​ទាំង​៤​ ឆ្លៀត​ឱកាស​ល្អ​ដែល​ហុច​អោយ នាំ​គ្នា​យក​ដែកគោល ញាត់បុកបិទផ្ជិតរន្ធកាំភ្លើងកាណុង ធ្វើអោយខូចលែងបាញ់ប្រើ​ប្រាស់​កើត រួច​ហើយ​ ពួក​សៀម​បង្កប់​ខ្លួន​បាញ់​ព្រួញ​ដោយ​មាន​ចង​ភ្ជាប់សំបុត្រសំងាត់ ធ្វើទៅថ្វាយប្រាប់ស្ដេចសៀម ព្រះបរមរាជាទី២ តាម​ដំណើរ​ការណ៍ ដែល​ ពួក​គេ​បាន​រៀប​ចំ​ធ្វើ​ហើយ​ជា​ស្រេច​។

  ស្ដេចសៀមព្រះបរមរាជាទី២ គ្រាន់តែបានទទួលដំណឹងល្អភ្លាម ឥតបង្អង់យូរ ក៏បញ្ជាអោយលើកទ័ពពលរេហ៍ ចេញទៅ​វាយ​សំរុក​ផ្ទប់​ចូល​ ព្រះ​មហា​នគរ​ទាំង​៤​ទិស ទ័ព​សៀម​វាយលុកប្រយុទ្ធបាញ់កាំភ្លើងស្នាព្រួញ គប់ចោលលំពែង ទូងស្គរវាយគង ស្រែក​ហោរ​កញ្ជៀវ សន្ធាប់​ លាន់​លឺ​សន្ធឹក​ដូច​ព្យុះ​សង្ឃរា ដែល​កំពុងតែហោះបោកបក់ហក់លៀនស្លេវ ស្ទុះទៅកំទេចមហានគរ ទោះបីជាស្ថាន​ភាព​មាន​ការ​យ៉ាប់​យ៉ឺន​ចុះ​ ដុន​ដាប​ក៏​ដោយ ក៏​កង​ទ័ព​ខ្មែរ​មិន​ទាន់ទន់ដៃទន់ជើងដែរ ប្រយុទ្ធគ្នាអស់មួយថ្ងៃហើយ មហានគរ នៅរឹងមាំមួន​ឈរ​នឹង​ដដែល​។ ទ័ព​សៀម​ នៅ​តែ​មិន​ទាន់​មាន​លទ្ធ​ភាព​អាច​យកជ័យជំនះ វាយបំបែកចូលដណ្ដើមយកមហានគរបាន ប្រហែលជាក្នុងឱកាស​នេះ​ហើយ ដែល​ក្រុម​ក្បត់​ ពញា​កែវ និង​ពញា​ទ័យ​បាន​នាំ​គ្នាធ្វើឃាតព្រះបាទព្រះបរមសោករាជ ព្រឹត្ដិការណ៍នេះ បានធ្វើអោយមានការច្របូក​ច្របល់​ខ្វល់​ខ្វាយ ចលា​ ចល​វិល​វក់​ជា​ខ្លាំង​ក្នុង​មហា​នគរ គ្មានអ្នកត្រួតត្រាគ្រប់គ្រងចាត់ចែងកិច្ចការផែនដី ដឹកនាំការពារប្រទេសជាតិ។

  ពេលនោះ ពញាកែវ ពញាទ័យ និង ពួកសៀមទាំងបួននាក់ ដែលលាក់បង្កប់ខ្លួន ក្នុងជួរកងទ័ព និង ប្រជាជនខ្មែរ នាំគ្នាចេញ​ទៅ​លួច​បើក​ទ្វារ​ មហា​នគរ​ទិស​ខាង​លិច អោយ​កង​ទ័ព​សៀម សេនាទាហានឃើញដូច្នោះ ក៏បានបាញ់ចាក់សំលាប់ សៀមទាំង៤​នាក់​នេះ​ទៅ មួយ​រំពេច​នោះ ​ដែរ​កង​ទ័ព​សៀម​ក៏​បាន​រុល​បុក​សំរុក រត់ហក់លោតចូលតាមទ្វារ ដែលបើកស្រាប់នោះដូចទឹកបាក់ទំនប់ កង​ពល​ខ្មែរ​ខំ​ប្រឹង​ទប់​ទល់ ប្រ​យុទ្ធ​ យ៉ាង​ប្ដូរ​ផ្ដាច់​ អង់​អាច​ម៉ើង​ម៉ាត់​ក្លា​ហានអស្ចារ្យ គេប្រយុទ្ធគ្នាគ្រប់ទិសទី ពាសពេញក្នុងមហានគរ មនុស្សម្នា​ស្រី​ប្រុស ចាស់ ក្មេង ដេក​ដួល​ របួស ស្លាប់​គរ​ជើង​លើ​គ្នា​។គេ​លឺសូរតែសំលេងស្រែកទ្រហ៊ឺងអឹងកង លាយលំទៅដោយសំរែកយំថ្នូរ ព្រាត់ប្រាស ឈឺ​ចុក​ចាប់​ដង្ហោយ​ហៅ​ អោយ​គេ​ជួយ ម្នាក់​ៗ​វង្វេង​វង្វាន់​ ភាំង​ភាន់ស្មារតី ច្របូកច្របល់ លែងស្គាល់ដឹងទិសតំបន់អ្វីទាំងអស់។

  ក្នុងគ្រាដ៏សែនលំបានកនេះ មេទ័ពខ្មែរមួយចំនួន ដែលដឹង និងយស់យ៉ាងជាក់ច្បាស់ថា ស្ថានការណ៍មិនអនុញ្ញាត​អោយ​ទ្រាំ​ទ្រ ប្រ​យុទ្ធ​ត​តាំង​ ត​ទៅ​មុខ​ទៀត​បាន​ បាន​នាំ​គ្នា​ប្រមូលផ្ដុំកងកំលាំងទ័ពដែលនៅសេសសល់ ហើយចាប់ផ្ដើមវាយបំបែកញែក សំរុក​បុក​បើក​ផ្លូវ ដង្ហែ​ការ​ពារ​ នាំ​យក​ព្រះ​ចៅ​ពញា​យ៉ាត ព្រះ​រាជ​បុត្រ​ព្រះបាទស្រីសុរិយោវង្ស ព្រះមហាក្សត្រទី៣២ រត់ចេញពីព្រះមហានគរ។ មេ​ទ័ព និង​នា​ម៉ឺន​មន្រ្ដី ដែល​ បាន​វាយ​ប្រយុទ្ធ​បំបែក​ទ័ព​សៀម រំដោះ​ការ​ពារ​អមដំណើរព្រះចៅពញាយ៉ាត ក៏បាននាំទៅជាមួយដែរ ព្រះ​ខ័ន​រាជ លំពែង​ជ័យ បញ្ច​ក្សត្រ និង​ ព្រះ​បដិ​មាករ​ស័ក្ដិ​សិទ្ធ​ផ្សេង​ៗ ជា​ច្រើន​ទៀត​។ ប្រជាពលរដ្ឋខ្មែរមួយភាគធំ បានរត់រួចគេចវេះទៅពួនលាក់ខ្លួន រស់នៅតាមព្រៃភ្នំដែរ។

  នៅទីបំផុតកងទ័ពសៀមព្រះបរមរាជាទី២ បានយកជ័យជំនះលើទ័ពខ្មែរ ហើយបានចូលកាន់កាប់ត្រួតត្រាមហានគរ​នេះ​ជា​លើក​ទី២ ហើយ​ ដែល​សៀម​វាយ​ប្រ​ហារ​ឈ្លាន​ពាន​លុក​លុយដណ្ដើមយកបានព្រះមហានគរ(7)។ ស្ដេចសៀមបង្គាប់អោយប្រមែ​ប្រ​មូល​លួច​ប្លន់ ដឹក​ជញ្ជូន​ យក​ទ្រព្យ​សម្បត្ដិ​ខ្មែរ មាន​មាស​ប្រាក់ ពេជ្រកែវកងពិទូរសូរ្យកាន្ដ ដែលមានច្រើនឥតឧបមាក្នុងនគរ។ រូប​ចំលាក់​ជា​ច្រើន មាន​ព្រះ​គោ ដែល​ ក្នុង​ពោះ អ្នក​ប្រាជ្ញ គ្រូ​អាចារ្យ​បា​ធ្យាយ​បូរម្យបូរាណខ្មែរ ធ្លាប់បានកំកល់ទុកនូវព្រះត្រៃបិតក ត្រៃវេទ និង ក្បួន​គម្ពីរ​សីល​សាស្រ្ដ​វិជ្ជា​វែទ​មន្ដ​ គ្រប់​បែប​យ៉ាង និង​ព្រះ​បដិ​មាករ​ជា​ច្រើន​នៅនគរវត្ដ ក៏ត្រូវស្ដេចសៀមលួចប្លន់ដឹកជញ្ជូនយកទៅក្រុងស្រី​អាយុ​ធ្យា​ដែរ​។ គ្រួសារ​ខ្មែរ​ជា​ច្រើន​ ម៉ឺន​សែន​នាក់ ត្រូវ​សៀម​សង្កត់​សង្កិន​ជិះ​ជាន់ ធ្វើបាបវាយដំជ្រាំធាក់ កាប់ចាក់សំលាប់ចាប់ចងដាក់ច្រវាក់ខ្នោះឃ្នង​ចោះ​ត្រ​ចៀក​បង្ហូត​ខ្សែ​ ដោត​ជា​ជួរ កេណ្ឌ​កៀរ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ជាទាសាទាសី ពញាកែវ និង ពញាទ័យ បើតាមពង្សាវតារ ដែលរៀបចំ​ដោយ​សម្ដេច​សង្ឃ​នា​ យក​ប៉ាន និង​ពង្សា​វតារ​វត្ដ​ទឹក​វិល ត្រូវស្ដេចសៀមចាប់ខ្លួន។

  កាលបើយកជ័យជំនះលើប្រទេសខ្មែរ និង កាន់ក្ដាប់ព្រះមហានគរបានហើយ នៅក្នុងឆ្នាំរការដដែល ស្ដេច​សៀម​ព្រះ​បរម​រាជា​ទី​២ ក៏​តែង​ តាំង អភិ​សេក​កូន​ប្រុស​អិន្ទ​រាជា ជា​ព្រះមហាក្សត្រសៀមគ្រប់គ្រង ត្រួតត្រា មើលការខុសត្រូវលើប្រទេសកម្ពុជា។ កាល​នោះ​ព្រះ​អង្គ​បាន​ ព្រះ​ជន ២៥​វស្សា ព្រះ​អិន្ទ​រាជា បាន​ខំ​ស៊ើប​រក​វត្ថុស័ក្ដិសិទ្ធជាច្រើនទៀត ដូចជាព្រះខ័នរាជ្យ និង បញ្ចក្សត្រជាដើម ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​ ស្រុក​សៀម គោល​បំណង​សៀម ដើរ​លួច​ប្លន់ប្រទេសខ្មែរ បានធ្វើអោយវត្ថុស័ក្ដិសិទ្ធទាំងឡាយ មានការក្ដៅក្រហាយ បង្កប​ង្កើត​អោយ​មាន​ អភូត​ហេតុ ដ៏​សែន​អស្ចារ្យ​កើត​ចេញ​ជា​ភ្លៀងខ្យល់ព្យុះសង្ឃរាបោកបក់ខ្លាំងក្លាទៅលើគ្រប់ទិសទី លាយលំទៅដោយ​ផ្គរ​រន្ទះ​បាញ់​លាន់​លឺ​កង​ រំពង​ពេញ​អស់​នភា​ល័យ គួរ​អោយ​តក់ស្លុតរន្ធត់អនេកកប្បការ អស់រយពេលច្រើនយប់ច្រើនថ្ងៃ យប់​មួយ កំពុង​តែ​និន្រ្ទា​លង់​លក់ ស្ដេច​ សៀម​ព្រះ​អិន្ទ​រាជា យល់​សប្ដ​ឃើញ​ព្រះមហាក្សត្រខ្មែរមួយអង្គជំនាន់ដើម យាងមកឈរចំលើក្បាលដំណេក​ព្រមាន​ថា ព្រះ​អង្គ​នឹង​មក​យក​ ជីវិត​ជា​មិន​ខាន ស្ដេច​សៀម​ភ្ញាក់​ដឹង​ខ្លួនកាលណា ភ័យញាប់ញ័រកត្តមា សឹងលែងហ៊ាននៅក្នុងព្រះបរមរាជវាំង​មហា​នគរ​។ ទោះ​បី​ជា​សៀម​ បាន​ជ័យ​ជំនះ​លើ​ខ្មែរ កាន់​កាប់​មហា​នគរ និងខេត្ដខ័ណ្ឌខ្មែរមួយភាគក៏ដោយ ក៏សៀមមិនទាន់បង្រ្កាបខ្មែរបានទាំង​អស់​ដែរ​។ មិន​ទាន់​បាន​ប៉ុន្មាន​ ខែ​ផង ភាព​រំជើប​រំជួល​បះ​បោរ​តស៊ូ​រំដោះជាតិ បានផ្ទុះកើតមានឡើងនៅគ្រប់ទិសទីក្នុងប្រទេស ប្រឆាំងនិងវត្ដមានសៀម។

ព្រះចៅពញាយ៉ាត ឬ ការរំដោះមហានគរជាលើកទី២

  ចំណែកចៅពញាយ៉ាត ព្រះរាជបុត្រព្រះស្រីសុរិយោវង្ស ព្រះមហាក្សត្រខ្មែរទី៣២ ក្រោយពីបានដកឃ្លារត់រួចចេញ​ពី​មហា​នគរ បាន​នាំ​អស់​ មេ​ទ័ព​នា​ម៉ឺន​មុខ​មន្រ្ដី ទៅ​រៀប​ចំ​តាំង​ទី​មូលដ្ឋានសឹកនៅស្រុកកោះបាសាន្ដ ដែលព្រះអង្គយល់ និងមានជំនឿថាជា​ជ័យ​ភូមិ ទឹក​ដី​ស័ក្ដិ​សិទ្ធ មាន​ មហិទ្ធិ​រិទ្ធិ​តេជៈ​បារមី ខ្លាំង​ពូ​កែ​ជាក់​ស្ដែង ពីព្រោះដើមឡើយ នៅទីកន្លែងទឹកដីនេះ ព្រះបាទបក្សីចាំក្រុងព្រះមហាក្សត្រ​ខ្មែរ​ទី​១៩ ព្រះ​អង្គ​ធ្លាប់​ បាន​យាង​មក​បោះ​ជុំរុំ​តាំង​ទី គង់​នៅ មុន​នឹង​បាន​ឡើងសោយរាជ្យសម្បត្ដិប្រទេសកម្ពុជា នាម៉ឺនមន្រ្ដីមេទ័ព និង ប្រ​ជា​នុរាស្រ្ដ​ជិត​ឆ្ងាយ​គ្រប់​ទិស​ ទី​ក្នុង​ព្រះ​រាជ​អាណា​ចក្រ បាន​មូល​មី​កុះ​ករ នាំគ្នាមកសុំចុះចូល បំរើកងទ័ពស្ម័គ្រចិត្ដ ដើម្បីចេញទៅប្រយុទ្ធ​រំដោះ​ជាតិ អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​សត្រូវ​​សៀម​​។

  ព្រះអង្គរៀបចំចាត់ចែង អោយសាងសង់បន្ទាយមួយយ៉ាងធំមាំ សំរាប់ការពារទប់ទល់នឹងសត្រូវ និង​ជា​កន្លែង​យុទ្ធ​សាស្រ្ដ​សំរាប់​បង្ហាត់​ បង្រៀន​ហ្វឹក​ហ្វឺន​កង​ទ័ព​។ ប្រជានុរាស្រ្ដ និង អស់ពលទាហានទាំងអស់ ត្រូវតែហាត់រៀនគ្រប់មុខវិជ្ជាចំបាំង​យុទ្ធ​សាស្រ្ដ ទាំង​យប់​ទាំង​ថ្ងៃ​ ឥត​មាន​ពេល​ទំនេរ​សំរាក​ឡើយ​។

  ប្រមែប្រមូលកងកំលាំងបានគ្រប់ចំនួន ថ្ងៃជាពេលាល្អ មាននក្ខត្ដរិក្សដ៏ឧត្ដមមកដល់កាលណា ព្រះចៅពញា​យ៉ាត​ព្រះ​អង្គ​បាន​ដឹក​នាំ​មុខ​កង​ ពល​យោធា​ខ្មែរ​យ៉ាង​ស្វា​ហាប់​គគ្រឹក​គគ្រេង ចេញទៅប្រយុទ្ធដេញកំចាត់ទ័ពសៀម។ ចៅហ្វាយខេត្ដ និង មេ​ទ័ព​ខ្មែរ​តាម​ស្រុក​ខេត្ដ​ខ័ណ្ឌ​នា​នា​ ក៏​បាន​លើក​ទ័ព​នាំ​ចេញ​ពី​គ្រប់​ច្រក​ល្ហក តាមគោលកំនត់ ចូលមកចោមរោមលោមព័ទ្ធទ័ពសៀម ដែលតាំងទីនៅ​ក្នុង​មហា​នគរ​ដែរ កង​ទ័ព​ខ្មែរ​ បាន​បោះ​ជុំរុំ​ទល់​មុខ​ជាប់​ជិត​និង​មហា​នគរ​។

  គ្រានោះ មេទ័ពជំនិតរបស់ព្រះអង្គពីរនាក់ ម៉ឺនពៅ និង ម៉ឺនពេជ្រ ដែលត្រូវជាបងប្អូនបង្កើត បានស្ម័គ្រចិត្ដ នាំ​គ្នា​ទៅ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ចៅ​ ពញា​យ៉ាត សុំ​សេច​ក្ដី​អនុញ្ញាត ដើម្បី​ទៅ​លួច​ធ្វើ​ឃាតស្ដេចសៀម មុននឹងចេញទៅបំពេញបេសកម្ម មេទ័ពខ្មែរដ៏​ក្លា​ហាន​ទាំង​ពីរ បាន​ជ្រើស​ រើស​សេនា​ខ្លាំង​ពូកែ​មាឌ​ធំ​មាំ​មួន ហើយរហ័យរហួន ដប់នាក់ទៀតយកទៅជាមួយ បន្ទាប់មកម៉ឺនពៅ និងម៉ឺនពេជ្រ នាំ​ពល​សេនា​ទាំង​ដប់​នាក់​ ទៅ​សុំ​គាល់ ចុះ​ចូល​បំរើ​ស្ដេច​សៀម ស្ដេចសៀមអិន្ទរាជា លឺសូរដូច្នេះ សប្បាយចិត្ដណាស់ ពីព្រោះជាងបីខែហើយ ដែល​ខ្លួន​បាន​មក​សោយ​ រាជ្យ​ត្រួត​ត្រា​កាន់​កាប់​ស្រុក​ខ្មែរ ពុំ​ទាន់​ដែល​មានមេទ័ព ឬមន្រ្ដីខ្មែរណាម្នាក់ បានចុះចូលចំណុះសុំយកជីវិតមក​បំរើ​សោះ​ឡើយ​។ ស្ដេច​សៀម​ បញ្ជា​អោយ​ក្រុម​បរិ​វារ យក​ខោ​អាវ​ក្រណាត់ល្អប្រណិត មកប្រទានជូនជាវង្វន់ លើកទឹកចិត្ដទាំងដប់ពីរនាក់។ ម៉ឺន​ពៅ និង​ម៉ឺន​ពេជ្រ ដែល​ កំពុង​តែ​ក្រាប​ថ្វាយ​បង្គំ​ស្ដេច​សៀម ចេះតែលួចរំកិល ខិតចូលទៅជិតស្ដេចអិន្ទរាជា បន្ដិចម្ដងៗជាលំដាប់ គ្រាន់តែ​ចូល​ទៅ​ដល់​កៀក​ជិត​ភ្លាម​ កាល​ណា មេ​ទ័ព​ខ្មែរ​ទាំង​ពីរ​រូប ក៏​ស្ទុះ​ងើប​ស្រ​ឡើង លូក​កញ្ឆក់យកកំាបិតស្នៀតដែលលាក់បង្កប់ក្នុងផ្នួងសក់ ចាក់​បុក​បុស​ចំ​ដើម​ទ្រូង​ស្ដេច​ សៀម​ មួយ​កាំ​បិត​ទៀត​ចាក់​ចំ​ត្រូវ​ធ្លាយ​ពោះខាងស្ដាំ។ គ្រាន់តែខំស្រែកហៅ កងអាមាត្យការពារ អោយចូល​មក​ជួយ​ចប់​កាល​ណា ស្ដេច​ សៀម​ព្រះ​អិន្ទ​រាជា​ ក៏​ដួល​ដេក​ដាច់​ខ្យល់អស់អាយុ ក្នុងថ្លុកឈាម មួយរំពេចភ្លាមនោះដែរ ពលទានហាន​សៀម​ជា​ច្រើន រត់​ចេញ​ពី​គ្រប់​ទិស​ទី​ លោម​ព័ទ្ធ​ស្ទាក់​វាយ​ប្រហារ​អ្នក​ស្ម័គ្រ​ចិត្ដ​ខ្មែរពីមុខពីក្រោយ។ អ្នកក្លាហានខ្មែរទាំង១២នាក់ ដែលគ្មានគ្រឿង​អាវុធ​ជាប់​នឹង​ខ្លួន​បាន​ឆក់​យក​ព្រះ​ ខ័ន​ស្ដេច​សៀម មក​កាប់​ចាក់​ដណ្ដើម​យក​ដាវ​លំពែង​អង្គរក្សសៀម ហើយប្រយុទ្ធការពារប្រឈមមុខតតាំង​សំលាប់​សត្រូវ​បាន​ជាង​មួយ​ រយ​នាក់​។

  តែនៅទីបំផុត ដោយអស់កំលាំងខ្លាំងពេក ហើយ ដោយកងទ័ពសៀមមានគ្នាច្រើនលើសលប់ផង មេទ័ពខ្មែរម៉ឺនពៅ​ម៉ឺន​ពេជ្រ និង​យុទ្ធ​ជន​ស្ម័គ្រ​ចិត្ដ​ខ្មែរ​ដប់​នាក់​ទៀត​ត្រូវ​បូជា​ជីវិត​ក្រោម​ផ្លែ​ដាវ​កំា​បិត​លំពែងសៀមក្នុងពេលនោះទៅ។

  ចៅពញាយ៉ាត ដែលត្រៀមខ្លួនចាំ នៅក្រៅមហានគរ ហើយដែលចាំតែឱកាសដ៏ល្អនេះក៏ចាប់ផ្ដើមបញ្ជាកងទ័ព​ទាហាន​ពល​រេហ៍​ទាំង​អស់​ អោយ​បើក​ការ​វាយ​លុក សំរុក​ចូល​ក្នុង​ព្រះរាជធានី គ្រានោះនៅក្នុងទីក្រុង ប្រជាពលរដ្ឋ និងពលសេនាខ្មែរទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្រោម​ ការ​ត្រួត​ត្រា​សៀម ក៏​បាន​បះ​បោរ​ងើប​ឡើង​ស្រ​ស្រុះគ្នា ជួយវាយផ្ទប់សំលាប់កងទ័ពសៀមបច្ចាមិត្ដពីក្រោយខ្នង យក​បាន​ជ័យ​ជំនះ​ឈ្នះ អាច​ បើក​ទ្វារ​មហា​នគរគ្រប់​ទិស​ទី ទទួល​ទ័ព​ខ្មែរ​រំដោះរបស់ព្រះចៅពញាយ៉ាត ទ័ពខ្មែរចូលដល់ក្នុងមហានគរ កាប់សំលាប់​កំ​ទេច​​កង​​ពល​​យោ​ធា​​ សៀម​បាន​អស់​ជា​ច្រើន សៀម​មួយ​ចំនួន​ធំ​​ទៀត ត្រូវខ្មែរចាប់ធ្វើជាឈ្លើយ ព្រះមហានគរត្រូវរំដោះបានរួចចេញ​ពី​កណ្ដាប់​ដៃ​សៀម​ដោយ​ សារ​ស្នា​ដៃ​ព្រះ​ពញា​យ៉ាត​។

  ព្រះចៅពញាយ៉ាត ក៏យាងចូលទៅដល់ក្នុងព្រះបរមរាជវាំង បានជួបប្រទះស្រ្ដីម្នាក់ ដ៏សែនល្អស្អាតស្រស់បំព្រង មាន​សម្ផស្ស​ស័ក្ដិ​សម​បវរ​ល្អ​ ឥត​ខ្ចោះ នឹង​រក​ស្រី​ឯ​ណា​មក​ប្រៀប​ផ្ទឹមពុំបាន កំពុងតែអង្គុយយំសោកសង្រេង ភ័យរន្ធត់តែម្នាក់ឯង ព្រះអង្គទ្រង់​មាន​បន្ទូល​សាក​សួរ ចង់​ដឹង​ ចង់​យល់​តាម​ដំណើរ នាង​ក្រាប​ថ្វាយ​បង្គំព្រះអង្គ ហើយរៀបរាប់ទូលថ្វាយបញ្ជាក់ថានាងឈ្មោះស៊ីសងៀម​ត្រូវ​ជា​កូន​របស់ ឃុន​ទ្រង់​ព្រះ​ អិន្ទ​ឳពុក​នាង ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ នឹងពញាតេជោ នៅក្រុងទេពស្រីអាយុធ្យា។ ស្ដេចសៀមព្រះអិន្ទរាជា ដែល​ត្រូវ​ជា​បង​ជីដូន​មួយ បាន​ តែង​តាំង​ព្រះ​នាង​ជា​មហេសី ហើយ​នាំព្រះនាងយកមកនៅស្រុកខ្មែរជាមួយ។ ដោយដឹងថាព្រះនាងមាន​ជាប់​ឈាម​ជ័រ​ក្រ​សែ​ក្សត្រ ហើយ​ ដោយ​មិន​អាច​ទ្រាំ​ទ្រ​នឹង​សំរស់​រូប​ឆោម​លោមពណ៌ល្អត្រកាលរបស់ព្រះនាងបាន ដោយមិនអាចទប់ចិត្ដ មិនអាច​ទប់​អារម្មណ៍ មិន​អាច​ទប់​ មនោ​សញ្ចេត​នា​មិន​អោយ​ជាប់​ជំពាក់​ចិត្ដ ស្រលាញ់ព្រះនាងស៊ីសងៀមបាន ព្រះចៅពញាយ៉ាតក៏បានតែងតាំង​ព្រះ​នាង​ជា​ស្នំ​ឯក​ចាប់​ពី​ថ្ងៃ​ នោះ​មក​។

  ដោយសារស្នាដៃព្រះអង្គ រំដោះទឹកដីខ្មែរចេញរួចផុតពីកណ្ដាប់ដៃសៀម ព្រះចៅពញាយ៉ាតត្រូវបានក្រុមនាម៉ឺន​មន្រ្ដី​គ្រប់​ជាន់​ថ្នាក់ និង​ក្រុម​ បុរោ​ហិត នាំ​គ្នា​មូល​មតិ សុំ​យាង​អោយ​ឡើង​សោយរាជសម្បត្ដិនគរខ្មែរ។ ព្រះអង្គបានទទួលព្រះរាជាភិសេកយ៉ាង​ឧលា​រិក គគ្រឹក​គគ្រេង​ អស្ចារ្យ នៅ​ថ្ងៃ​១១​កើត ខែ​ពិសាខ ឆ្នាំ​រកា ព.ស.១៩៦១ ម.ស.១៣៣៩ ច.ស៧៧៩ គ.ស. ១៤១៧។ កាលនោះព្រះ​អង្គ ព្រះ​ជន្ម​បាន ២១​វស្សា​ ព្រះ​អង្គ​ជា​ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី​៣៤ ដែលឡើងសោយរាជសម្បត្ដិ ដោយមានគុណបំនាច់ បានវាយយកជ័យជំនះ កំទេច​កំចាត់​សត្រូវ​ និង​ រំដោះ​ជាតិ​។ ព្រះ​បាទ​ពញា​យ៉ាត​បាន​ទទួល​ព្រះបរមនាម ជាព្រះមហាក្សត្រថា ព្រះបាទសម្ដេចស្ដេចព្រះរាជ​ឱង្ការ​ព្រះ​បរម​រាជា​ធិ​រាជ រាមា​ ធិប​តី ព្រះ​ស្រី​សុរិ​យោពណ៌ ធម្មិក​មហា​រាជា​ធិ​រាជ​បរម​បពិត្រ​។ ព្រះនាមព្រះអង្គត្រូវអ្នកប្រវត្ដិវិទូជំនាន់ថ្មី ដាក់​ឈ្មោះ​ថា ព្រះ​បរម​រាជា​ទី១​ ដើម្បី​កុំ​អោយ​ច្រលំ នឹង​ព្រះ​មហា​ក្សត្រ​ជំនាន់​ក្រោយ ដែលមានឈ្មោះបរមរាជាដែរ។ ព្រះអង្គគង់នៅព្រះបរមរាជ​វាំង​មហា​នគរ​ដដែល​។

កំនត់សំគាល់

  ១ - ព្រឹត្ដការណ៍សៀមលើកទ័ពចូលមកលុកលុយ វាយដណ្ដើមយកប្រទេសខ្មែរជាលើកទី២នេះ អាចបញ្ជាក់​អោយ​យើង​ដឹង និង​ស្គាស់​​ យ៉ាង​​ច្បាស់​​លាល់​​អំ​ពី​​ធាតុ​ពិត​របស់​ប្រ​ទេស​សៀម

  1. សៀមមានកងទ័ព មានធនធាន និងមានកំលាំងគ្រប់គ្រាន់ អាចក្លាយខ្លួនជាមហាអំណាចមួយបាន ក្នុង​ភូមិ​ភាគ​​អាស៊ី​​អគ្នេយ៍​​។ សៀម​​ ក៏​​លែង​​ខ្លាច​​ខ្មែរ​​ដែរ​,
  2. - សៀមមាននយោបាយពង្រីក វាតទឹកដីជានិច្ច ទោះបីជាក្នុងកាលៈទេសៈ ឬសម័យណាក៏ដោយ។
  3. - សៀមបានចាត់ទុកប្រទេសខ្មែរជាគោលទិសដៅ ដែលគេត្រូវតែ វាយដណ្ដើមយកធ្វើជាទឹកដីសៀម។ ផែន​ការណ៍​នេះ មាន​ជានិច្ច​ ក្នុង​ទ្រឹស្ដី​នយោ​បាយ និង​ប្រ​វត្ដិ​សាស្រ្ដ​សៀម​។
  4. - ដើម្បីលួចប្លន់បន្លំ កេងយកទឹកដីខ្មែរ យកប្រជាពលរដ្ឋខ្មែរមកធ្វើជាទាសាទាសី ប្រមូលអស់ភោគ​សម្បត្ដិ ក្រាំង​គម្ពីរ​វិជ្ជា និង​វត្ថុ​ ស័ក្ដិ​សិទ្ធិ​របស់​ខ្មែរ​ សៀម​បាន​ប្រើ​នូវ​គ្រប់​មធ្យោ​បាយ នូវគ្រប់កិច្ចកល ដើម្បីអោយគំរោងការណ៍របស់គេ​បាន​សំ​រេច ឧទា​ហរណ៍​ មាន​តួ​អង្គ​ពញា​កែវ ពញា​ទ័យ និង​មេ​ទ័ព​សៀមបង្កប់​ខ្លួន​ទាំង៦នាក់ ជាភស្ដុតាងជាក់ស្ដែង។ ក្នុងប្រវត្ដិទំនាក់​ទំនង​រវាង​ខ្មែរ នឹង​សៀម​ គេ​ឃើញ​ថា​ទ្រឹស្ដី ទស្សនៈ​នយោ​បាយ​សៀម​ចំពោះ​ខ្មែរ ឥតដែលមានផ្លាស់ប្ដូរសោះឡើយ បើផ្លាស់ប្ដូរ គឺ​មាន​តែ​សម័យ​កាល​ប៉ុណ្ណោះ​ ឯ​សាច់​រឿង​វិញ​នៅ​តែ​ដដែល​ជា​ដដែល ឥត​មាន​ដោះដូរគ្រាន់តែវិលចុះវិលឡើង  ត្រលប់ចុះត្រលប់ឡើង ជាន់​តែ​ស្នាម​ចាស់​ដដែល​។  ផ្ទុយ​ទៅ​វិញ បើ​តាម​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ ខ្មែរ​មិន​ដែល​មាន​គំនិត ឬ មានបំណងអាក្រក់ចំពោះសៀមម្ដង​ណា​ឡើយ ខ្មែរ​តែង​តែ​យល់​ សប្ដិ ស្រមើ​ស្រមៃ រវើ​រវាយ​ផ្ដេស​ផ្ដាស ជឿជាក់ថា «ខ្មែរព្រះរាម សៀមព្រះលក្សណ៍»។

  ២ - ម្យ៉ាងវិញទៀតយើងសង្កេតឃើញថា ខ្មែរជាពិសេស អ្នកដឹកនាំប្រទេសជាតិ ច្រើនតែគោរព និងមានជំនឿ​ទៅ​លើ​បរ​ទេស ជា​ជាង​ប្រ​ ជា​ជន​សាច់​ឈាម​ឯង គេ​យល់​ថា​បរ​ទេស​ខ្លាំង​ពូកែ​ចេះប៉ិនប្រសប់ មានចំណេះវិជ្ជា មានសមត្ថភាពខ្ពង់ខ្ពស់ជាង​សាសន៍​ជាតិ​ឯង​។ ការ​អោយ​ តំលៃ​ខុស​ទៅ​លើ​បរ​ទេស​នេះ​ហើយ ដែលធ្វើអោយព្រះមហាក្សត្រខ្មែរទី៣៣ ព្រះបរមសោករាជ យល់ច្រលំលើ​បុគ្គល​មេ​ទាហាន​សៀម​ បង្កប់​ខ្លួន​ទាំង​៦​នាក់ ឥរិយា​បទ​នេះ ជា​មូលហេតុធំបណ្ដាលធ្វើអោយមហានគរត្រូវរលំរលាយសៀមយកបាន។ ទស្សនៈលែងមានជំនឿលើខ្លួន ឯង លើជាតិសាសន៍ឯង ហើយបែរជាជឿស៊ប់ទុកចិត្ដទៅលើបរទេស បានក្លាយជាចំនុចខ្សោយមួយ ដែលដិត​ដាម​ជាប់​ក្នុង​សន្ដាន​ចិត្ត​ខ្មែរ​ គ្រប់​ៗ ជំនាន់​ រហូត​ទាល់​តែ​ខ្មែរ​ទុញ​ទាល់​គំនិត គ្មាន​តំរិះ​អាប់​ប្រាជ្ញា អស់សង្ឃឹមលែងហានចាប់ធ្វើសកម្មភាព ឬ​ស្ថាប​នា​បង្ក​បង្កើត សមិទ្ធិ​អ្វី​មួយ​។

  ៣ - ប៉ុន្ដែ ប្រជានុរាស្រ្ដខ្មែរតែងតែមានទឹកចិត្ដ ស្នេហាជាតិជានិច្ចនិរន្ដរ មិនដែលខកខានឡើយ? កាលណា​ប្រ​ទេស​ជាតិ​ជួប​ប្រទះ​នូវ​គ្រោះ​ ភ័យ​មហន្ដ​រាយ ត្រូវ​បរ​ទេស​ចូល​មក​យាយី លួចប្លន់ឈ្លានពាន ខ្មែរគ្រប់ច្រកល្ហក មិនដែលនៅស្ងៀមព្រងើយ​កន្ដើយ អោប​ដៃ​មើល​បំណាំ​ ឡើយ​។ ខ្មែរ​តែង​តែ​ឈឺ​ចាប់ ងើប​ឈរ​រួប​រួម​សាមគ្គីពួតដៃគ្នា យកអាយុជីវិតបូជា ការពារជាតិមាតុភូមិ គ្រាន់​តែ​សៀម​វា​ប្លន់ ដណ្ដើម​យក​ មហា​នគរ​បាន​ភ្លាម ចលនា​ខ្មែរ​អ្នក​តស៊ូ​ផ្ទុះ​កើតមាននៅគ្រប់ទីកន្លែង បណ្ដារាស្រ្ដខ្មែរច្រើនកុះករ បាននាំគ្នា​សុំ​ចុះ​ចូល ស្ម័គ្រ​ចិត្ដ​ធ្វើ​ជា​ទាហាន​ ដើម្បី​ទៅ​ច្បាំង​បណ្ដេញ​សៀម​ចេញ​ពី​ទឹក​ដី​​ខ្មែរ គ្រាន់តែដឹងថាទ័ពព្រះពញាយ៉ាតលើកទៅដល់មហានគរ ខ្មែរ​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ក្នុង​ព្រះ​ រាជ​ធានី​នាំ​គ្នា​ងើប​ស្រុះ​ស្រ​ឡើង កាប់ចាក់ វាយប្រយុទ្ធផ្ទប់ដេញកំចាត់សត្រូវ។

  សន្ទុះកំលាំងស្នេហាជាតិ នឹងត្រូវសាបរលាបរលត់អស់គ្មានប្រសិទ្ធិភាព ប្រសិនបើព្រះមហាក្សត្រ អ្នក​ដឹក​នាំ​ជាតិ ឬ​អ្នក​នយោ​បាយ គ្មាន​ ឧត្តម​គតិ​ជាតិ មិន​ដែល​គិត​គូរ​ដោះ​ស្រាយ ឧបត្ថម​វាសនា​អានា​គតប្រជានុរាស្រ្ដ គ្មានកិត្ដិយស ពុករលួយ គិត​តែ​អំណាច​បុណ្យ​ស័ក្ដិ ហើយ​ បង្វិល​បង្វែរ បន្លំ​លួច​យក​កំលាំង​ស្នេហា​ជាតិ មកបំរើប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារនិងបក្សពួក

  ដូច្នេះ ដើម្បីប្លន់បន្លំលួចយកប្រទេសជាតិនិមួយៗ បរទេសត្រូវតែសំលាប់ទឹកចិត្ដស្នេហាជាតិនេះ ដោយប្រើ​គ្រប់​មធ្យោ​បាយ គ្រប់​ល្បិច​ កិច្ច​កល ក្នុង​របៀប​សំលាប់​ទី​មួយ គេ​តែង​តែ​ប្រើកំលាំងទ័ព កំលាំងអាវុធ វីធីសំលាប់ទីពីរ គេប្រើ​ទឹក​ប្រាក់ បុណ្យ​ស័ក្ដិ ស្រី​ស្រា​យក​ទៅ​ ទិញ​ជន​ដែល​វង្វេង​ជាតិ ឯ​ល្បិច​ទីបី សំរាប់​សំលាប់​ទឹកចិត្ដស្នេហាជាតិ គឺគេបង្កើតអោយមានព្រឹត្ដិការណ៍ ហើយ​គេ​ពន្យល់​បញ្ចុះ​បញ្ចូល​ ធ្វើ​អោយ​ខ្មែរ​ឈ្លោះ​ស្អប់​គ្នា ពេល​នោះ ខ្មែរ​ជេរ​គ្នាហែកហួរប្រខាំគ្នា បកកេរ្ដិ៍អាស្រូវអាក្រាតដោយគ្មានពិចារណា ហើយ ខ្មែរ​នឹង​ទាញ​អាវុធ​ យក​មក​កាប់​ចាក់​ បាញ់​សំលាប់ច្បាំងគ្នាឥតត្រាប្រណី ដែលជាមូលហេតុធ្វើអោយខ្មែរចុះទន់ខ្សោយ លែង​មាន​ជំនឿ ទៅ​លើ​អ្នក​នយោ​បាយ​ របស់​ខ្លួន បរិ​យា​កាស​ចំបាំង​ស៊ីវិល គ្មាន​លំ​នឹង គ្មានសន្ដិសុខ គ្មានស្ថិរភាព ពុករលួយ អនាធិប្បតេយ្យ ប្រើ​អំណាច​ផ្ដាច់​ការ​លួច​ប្លន់​ជិះ​ជាន់​ អ្នក​ទាប​តូច​ក្រី​ក្រ អយុត្ដិ​ធម៌ ចលាចលច្របូកច្របល់ ជាឱកាសមួយសែនល្អ ដែលបរទេសរង់ចាំ និង​ខំ​ចិញ្ចឹម បង្កាត់​ភ្លើង ថែ​រក្សា​អោយ​ ឆាប​ឆេះ​ជា​ប្រ​ក្រតី ដើម្បី​គេ​ងាយ​ស្រួលត្រួតត្រា កាន់ក្ដាប់ក្ដោបអំណាចលួចប្លន់ទឹកដីខ្មែរ ខ្មែរត្រូវតែអស់​កំលាំង​ចិត្ដ កំលាំង​កាយ លែង​ មាន​ក្ដី​សង្ឃឹម លែង​មាន​ថាម​ពល​សំរាប់​តស៊ូការពារបំរើជាតិ ពីព្រោះគេយល់ថា យកជីវិតទៅបូជាតស៊ូធ្វីអ្វី! បើ​គេ​ស្លាប់ សំរាប់​មនុស្ស​ឥត​ សីល​ធម៌​ម្នាក់! សំរាប់​មនុស្ស​បក្យ​ពួក​មួយ​ក្រុម ដែលនាំគ្នាហែកជាតិ លក់ជាតិ ចែកគ្នាធ្វើសេដ្ឋី ស៊ីសប្បាយហ៊ី​ហា​ប៉ោ​លែ ហុត​ឈាម​ផឹក​ ឈាម​រាស្រ្ដ​ជិះ​ជាន់​ដើរ​លើ​ក្បាល​រាស្រ្ដ មិនដែលស្រាកស្រាន្ដ! តើការធ្វើពលិកម្មរបស់គេមានន័យនៅត្រង់ណា? យុទ្ធ​វិធី​ទី​បួន​សំរាប់​សំលាប់​ ទឹក​ចិត្ដ​ស្នេហា​ជាតិ គឺ​សំលាប់​វប្បធម៌ ជាតិ​បន្ដិច​ម្ដងៗ ដោយយកវប្បធម៌ជាតិគេមកផ្សព្វផ្សាយ ឃោសនាបង្វក់​បង្វិល បង្ហាត់​បង្រៀន​ជំនួស​ វីធី​នេះ​ត្រូវ​ប្រើ​ពេល​វេលា​យូរ តែ​មាន​ប្រសិទ្ធ​ភាព ជាង​គេទាំងអស់។

  គឺនៅក្នុងលក្ខណៈនេះហើយ ដែលខ្មែរមានតែសំបកកាយក្រៅ តែខ្វះព្រលឹង

(1) ស្ដេចសៀមអង្គនេះ ត្រូវជាកូនរបស់ស្ដេចសៀម ព្រះបរមរាជាទី១ ១៣៧០-១៣៨៨ ហើយមានឈ្មោះថា ថោងចាន់។
(2 )ពង្សាវតារវត្ដកោកកាក និង ពង្សាវតាររបស់សម្ដេចវាំងជួន បានចាត់ទុកសង្គ្រាមខ្មែរ​-សៀមនេះនៅក្នុងរាជរបស់ព្រះបាទធម្មសោករាជ។
(3) កាលបរិច្ឆេតនេះ មិនដូចគ្នាទាំងអស់ទេ បើប្រៀបធៀបជាមួយពង្សាវតារឯទៀត។
(4) បើតាមអ្នកប្រវត្ដិវិទូ ឯកទេសខ្លះ គេបានប៉ាន់ស្មានថា ស្ដេចសៀមអង្គនេះ ជាព្រះបរមរាជាទី២ ដែលសោយរាជសម្បត្ដិនៅប្រទេស​សៀម​ពី គ.ស​១៤០៤ ដល់ ១៤៤៨ តែ​ចំណោទ​ស្ថិត​នៅ​ត្រង់​កាល​បរិច្ឆេត ថ្ងៃខែឆ្នាំដែលមិនស្របគ្នា។
(5) ពង្សាវតារវត្ដទឹកវិលបានសរសេរ ម្ដងថា ពញាកែវ ពញាទ័យ ជាកូនព្រះបាទធម្មសោករាជ ម្ដងទៀតជាកូនព្រះបាទស្រិសុរិយោវង្ស។
(6) នេះបើតាមពង្សាវតារសម្ដេចវាំងជួន។
(7) ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា មហានគរត្រូវសៀមវាយដណ្ដើមយកបានជាលើកទី២ នៅក្នុងឆ្នាំ គ.ស.១៤១៦ចំពោះឯកសារ​ខ្មែរ​ខ្លះ​ទៀត មាន​ពង្សាវ​តារ​ សម្ដេច​សង្ឃ​នាយក​ប៉ាន់ និង​វត្ដ​ទឹក​វិល​ជា​ដើម គឺនៅក្នុតឆ្នាំ គ.ស១៣៧៣ ចំណែកអ្នកស្រាវជ្រាវអាមេរិកាំង ឈ្មោះ L.p Bruggs,មហា​នគរ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម​ ក្នុង គ.ស.១៤៣១ តែ​អ្នក​ប្រវត្ដិ​វិទូ​ម្នាក់​ទៀតឈ្មោះ OW Wolter អះអាងថា នៅក្នុង គ.ស.១៣៨៩។