ច្បាប់ផ្សេងៗ
ចម្លងចេញអំពីសាស្ដ្រាស្លឹករឹត
ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
ថ្ងៃព្រហស្បតិ៍ ទី19.កញ្ញា 2013.ម៉ោង 20:31
វិចារកថា កែវ ឈុន : ច្បាប់កេរ្ដិ៍កាល ជាស្នាដៃរបស់កវីដ៏ឆ្នើមម្នាក់ ប៉ិនប្រសព្វទាំងសំដីថ្វីមាត់ ទាំងការកត់ត្រាតែងនិពន្វ ហើយជាអ្នកខំប្រឹងប្រែងធ្វើការរកស៊ីយ៉ាងខ្លាំង រហូតក្លាយខ្លួន អ្នកមានស្ដុកស្ដម ជាសេដ្ឋីមានទ្រព្យសម្បត្ដិយ៉ាងមហាសាលទៀតផង។
បទកំណាព្យផ្ដែផ្ដាំ ទូន្មានកូនចៅក្នុងច្បាប់កេរ្ដិ៍កាល អ្នកនិពន្ធបានលើកឡើង អំពីការប្រកបកិច្ចការរកស៊ីប្រចាំថ្ងៃធម្មតាៗ របស់កសិករខ្មែរយើង ដូចជាការនែនាំអោយកូនចៅមានស្មារតីភ្ញាក់រលឹក កុំឲ្យខ្ជិលច្រអូស ដេកដល់ថ្ងៃរះ ត្រូវក្រោករូតរះមើលថែរក្សាគោក្របីផ្ទះសម្បែង ខំប្រឹងប្រែងប្រកបកិច្ចការងារគ្រប់បែបយ៉ាង ធ្វើស្រែទាំងប្រាំង ទាំងវស្សា ទាំងចំការកុំអោយនៅទំនេរដៃសោះឡើយ។ ក្រៅពីកិច្ចការ អ្នកនិពន្ធនៅបានផ្ដែផ្ដាំទូន្មានអំពីសីលធម៌ សុជីវធម៌ នៅក្នុងការរស់នៅអោយបានខ្ពស់ប្រសើរ ដោយបានធ្វើការប្រៀបធៀបអំពីហេតុផលជាក់ស្ដែង ជាច្រើនប្រការ ដូចជាថា កុំចិញ្ចឹមសត្វខ្លា កាន់ក. ពស់អោយខ្ជាប់ អូសទូកកុំអោយល្អាន អ្នកប្រាជ្ញរក្សាខ្លៅ អ្នកមានរក្សាខ្សត់ជាដើម និងមានពាក្យប្រៀបធៀបសាមញ្ញៗ ណែងណងជាច្រើនទៀត មានន័យជ្រាលជ្រៅ ពីរោះដក់ជាប់ចិត្ដរកអ្វីប្រៀបពុំបានឡើយ។
អត្ថន័យក្នុងបទកំណាព្យច្បាប់កេរ្ដិ៍កាល បង្ហាញឲ្យឃើញជាក់ច្បាស់ថា អ្នកនិពន្ធគឺជាកសិករម្នាក់ ហើយដោយសារការឧស្សាហ៍ព្យាយាមខំប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ក៏បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្ដិយ៉ាងស្តុកស្ដមមហាសាស មិនមែនខ្ជិលច្រអូស ទន់ជ្រាយរវេបរវបដេកចាំព្រេងសំណាងនោះទេ គឺជាការភ្ញាក់រលឹកទាន់ពេលវេលា ខ្នះខ្នែងមាំមួន រឹងប៉ឹងទាំងផ្នែកសតិអារម្មណ៍ បញ្ញាស្មារតី ឥតបណ្ដែតបណ្ដោយ អោយធ្លាក់ចូលទៅក្នុងអបាយមុខដោយប្រការណាមួយឡើយ។
ច្បាប់កេរ្ដិ៍កាល
១ | កេរ្ដិ៍កាលពីព្រេងព្រឹទ្ធ | សាងសុចរិតទុកទៀងនៅ | សេដ្ឋីផ្ដាំប្រដៅ | បុត្រសង្សារទុកក្រោយហោង។ |
កូនអើយកេរ្ដិ៍មេបា | ចូររក្សាគន់គិតគ្រង | ថែទាំចាំរួសរង | ប្រុងប្រយ័ត្នប្រយោជន៍យូរ។ | |
ធម្មតាអ្នកជាជាតិ | ការគេអាទិ៍ឲ្យគិតគូរ | កុំខ្ជិលដេកទទូរ | ដល់ថ្ងៃរះពេញពន្លឺ។ | |
តាក់តែងខ្ញុំកំដរ | ចេញទៅរកធ្វើស្រែភ្លឺ | ចិញ្ចឹមគោក្របី | រកខ្សែវល្លិបោះក្រោលឃ្នង។ | |
៥ | ធ្វើស្រែទិសប្រាំបី | ខ្ញុំប្រុសស្រីចេញជួយផង | មើលផ្ទះស្រះរបង | វាំងចំណារគួររក្សា។ |
ឲ្យមានក្ដីបារម្ភ | ធ្វើស្រែកុំចោលចំការ | ដឹងដែកកាំបិតព្រា | ទុកអោយជាកុំឲ្យបាត់។ | |
ដេកយប់អោយរាំងទ្វារ | ទ្រព្យសម្រាលរៀបប្រយ័ត្ន | ចងទូកកុំឲ្យសាត់ | ផ្ទះបាក់បែកឆាប់ទល់ទ្រ។ | |
សារពើទ្រព្យអ្វីៗ | ប្រុងស្មារតីទុកអោយល្អ | អុសទឹកស្រូវអង្ករ | យកចេញចាយមានកំណត់។ | |
កុំអាងមានទ្រព្យច្រើន | ពុំក្រវើនរកផ្គត់ផ្គង់ | យកចាយចាយដោយបទ | ទោះនឹងទុក ៗដោយខ្នាត។ | |
១០ | រទេះសេះដំរី | រាប់បញ្ជីកុំឲ្យឃ្លាត | ខ្ញុំណាមានមាយាទ | ទុកដាក់ដៃឲ្យរក្សា។ |
សប្បុរសយល់ដោយមុខ | ស៊ុកគ្រលុកពេកពុំជា | កំណាញ់ក្រៅតំរា | សោតសឹងអាប់ប្រយោជន៍យស។ | |
រក្សាខ្លួនឲ្យរុង | រឿងឧតុង្គឧត្តមខ្ពស់ | ប្រដាប់ដោយស័ក្ដិយស | ខ្លួនជាធំឲ្យថែថួន។ | |
អោយទានតាំងចិត្ដស្មោះ | កុំអាឡោះអាល័យស្ងួន | ទ្រព្យនេះនឹងនាំខ្លួន | ទៅបរលោកពុំសោះសូន្យ។ | |
ទ្រព្យធនទោះថោកថ្លៃ | កុំដាក់ដៃអោយតែកូន | នូវអស់ទាំងបងប្អូន | អ្នកដទៃរក្សាតាង។ | |
១៥ | ទុកចិត្ដខ្ញុំមើលដាក់ | ស្មើភ្នែកខ្វាក់ទាំងសងខាង | អោយកូនគន់មើលតាង | ស្មើភ្នែកម្ខាងពុំពេញពីរ។ |
ធ្វើអ្វីធ្វើអោយហើយ | កុំទុកឡើយបង្កើតកិរ | សំអាតអស់សរិល | កុំអោយមានក្ដីមន្ទិល។ | |
ដំណេកដេកជាខ្នាត | អោយសំអាតសំអាងជា | ទើបទេវតារក្សា | ចំរើនសុខស្រីសួស្ដី។ | |
គ្រឹះហារអោយផ្ខិតផ្ខង់ | កុំឲ្យផង់ផុយធូលី | ជំរះបារបោសដី | អោយហ្មត់ហ្មងកើតសុខា។ | |
អញ្ជុលទុកអោយគង់ | ប្រាក់ក្នុងថង់ទុកអោយជា | ប្រើខ្ញុំមើលមុខវា | ទោះកាចជាមើលឲ្យស្ដែង។ | |
២០ | សារពើរួសរៀនរិះ | អោយចាំចេះ ៗចាចែង | ចង់គាប់ប្រើស្វះស្វែង | រករៀនរិះសារពើក្ដី។ |
សប្បុរសពេកចាញ់ធន | នាទុជ៌នចាញ់ឥន្ទ្រិយ | ប្រពន្ធល្អច្រើនចាញ់ប្ដី | ពាក្យច្រើនភូតចាញ់អាត្មា។ | |
ឈើផ្លែច្រើនចាញ់ស្លឹក | ត្រីច្រើនទឹកល្អក់ពុំជា | ទ្រព្យច្រើនព្រួយរក្សា | ទ្រព្យតិចណាព្រួយរិះគិត។ | |
ដេកយប់កុំដំអក់ | អោយលង់លក់ក្រៅសុចរិត | ខ្ញុំណាមានគំនិត | គួរអោយគិតប្រណីវា។ | |
ចងទូកបោះបង្គោល | រិះរកថ្នោលពួរយុថ្កា | ការខ្យល់កាចពុំជា | ក្រែងពានពារបោកបែកបាត់។ | |
២៥ | រៀនរិះសារពើក្ដី | ទោះស្រដីកាន់ពាក្យស័ត្យ | ចាំក្បួនចាំអោយស្ទាត់ | កុំអៀនព្រៀនសមពាក្យពោល។ |
ការក្រកុំគិតងាយ | ការសម្ចាយជាកំរោល | សន្សឹមកុំបំបោល | ក្រែងពុំដល់ដូចប្រាថ្នា។ | |
រៀនរិះរួសរវាំង | ធ្វើស្រែប្រាំងស្រែវស្សា | ធ្វើស្រែមានចំណារ | ធ្វើចំការចាររបង។ | |
ផ្លូវវៀចកុំបោះបង់ | ផ្លូវណាត្រង់កុំដើរហោង | ដើរដោយផ្លូវគន្លង | តំរាយអ្នកចាស់បុរាណ។ | |
ឆ្កែជាឲ្យបាយឆី | ដេកនៅដីចាំធនធាន | គ្រឿងសឹកទុកទាហាន | កេរ្ដី៍គម្ពីរទុកប្រាជ្ញប្រាយ។ | |
៣០ | យល់តូចកុំអាលខំ | ទោះយល់ធំកុំអាលស្រាយ | គិតក្ដីកុំគិតងាយ | មើពិនិត្យពិនិស្ច័យ។ |
កូនអើយកេរ្ដិ៍មេបា | ចូររក្សាចាំសព្វថ្ងៃ | ទ្រព្យធនទោះថោកថ្លៃ | គួររក្សាកុំបីធ្លោយ។ | |
ពាក្យនេះជាត្រកាល | ជាខ្លឹមសារទៀងទុកអោយ | កូនចៅនៅឯក្រោយ | តែងទូន្មានអង្គអាត្មា។ | |
ថែទាំទើបគង់ទ្រព្យ | រៀបរណ្ដាប់ទុកទើបជា | ចាយវាយក្រៅតំរា | សឹងវិនាសធនធានផង។ | |
បានមកទុកអោយគង់ | កុំអោយបង់បាត់បំណង | រៀនរិះរក្សាគ្រង | យកចេញចាយដោយរដូវ។ | |
៣៥ | ដឹងហាបឲ្យដឹងតុល | ភ្នែកឲ្យយល់ទៀងត្រាជូ | គិតត្រង់សព្វដោយផ្លូវ | ក្ដីចន្លោះកុំបីមាន |
ពាក្យនេះស្មើខ្លួនហើយ | កូនចៅអើយចូរចាំប្រាណ | អស់អាថ៌ឱវាទទាន | ជាសូរេចបណ្ដាំហោង។ |