បទវិភាគច្បាប់ប្រុស
ដោយវ៉ាន់ ឌីកាអុន(RFI)

ថ្ងៃសៅរ៍ ទី26.តុលា 2013.ម៉ោង 7:47

   កំហុស​ដ៏​ធំ​បី​យ៉ាង​ដែល​កវី​ម៉ៃ​​ទូន្មាន​អោយ​ជៀស​វាង​ដាច់​ខាត គឺ​ការ​ឆ្កួត​ស្រី បណ្ដោយ​អោយ​កាម​តណ្ហា​ញាំ​ញី ការ​ផឹក​ស្រា​ប៉ោ​លែ និង​ការ​លេង​ល្បែង​បៀ​ប៉ោ​ជា​ដើម អ្នក​និពន្ធ​អត្ថ​បទ​សរ​សេរ​ដូច្នេះ​ថា៖

«លោកហៅឆ្កួបី មួយឆ្កួតនឹងស្រី មួយឆ្កួតនឹងស្រា មួយឆ្កួតល្បែងពាលា លេងបៀប៉ោគួរកំចាត់។ ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នា បរបាញ់សត្វ អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត ។

   មិនតែប៉ុណ្ណោះសោត បណ្ឌិតម៉ៃហាម​ដាច់​ខាត​មិន​អោយ​ជំពាក់​ប្រាក់​គេ​ជា​ពិសេស​ជន​បរ​ទេស ដែល​មក​រក​ស៊ី​នៅ​ក្នុង​ស្រុក ហើយ​ទន្ទឹម​នោះ​ត្រូវ​ចេះ​ ថែ​រក្សា​ទ្រព្យ​សម្បត្ដិ ចេះ​ផ្គត់​ផ្គង់​គ្រួសារ​មិន​អោយ​ខ្វះ​អ្វី​ទៀត​ផង អ្នក​និពន្ធ​ច្បាប់​ចរិយា​ធម៌​នេះ បាន​លើក​ឡើង​នូវ​ចំនុច​លំអិត​ជា​ច្រើន​ទៀត ដែល​ទាក់​ទង​នឹង​ការ​ប្រយ័ត្ន​ប្រយែង​ប្រចាំ​ថ្ងៃ ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​សាមញ្ញ​ពេក​មែន ប៉ុន្ដែ​ដែល​​ការ​ពិត​សុទ្ធ​តែ​ជា​កត្ដា​ដែល​នាំ​ទៅ​រក​អន្ដ​រាយ​តែ​ម្តង​។

   តើគេត្រូវយល់​ដូចម្ដេច​អំពី​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ តាម​រយ​ពាក្យ​ប្រៀន​ប្រដៅ​ទាំង​អម្បាល​មាណ​នេះ គេ​សង្កេត​ឃើញ​ជា​អាទិ​ថា ការ​ស្វែង​រក​ក្ដី​សុខ​អោយ​គ្រួសារ ជា​តព្វ​កិច្ច​មួយ​ដ៏​សំខាន់​បំផុត​របស់​បុរស ស្រ្ដី​ជា​ប្រពន្ធ​ជា​អ្នក​គ្រប់​គ្រង​ចាត់​ចែង​គ្រួសារ​ក៏​ពិត​មែន ប៉ុន្ដែ​បុរស​ជា​ប្ដី ជា​អ្នក​ផ្គត់​ផ្គង់​សម្ភារៈ មិន​អោយ​មាន​ខ្វះ ហើយ​ជា​អ្នក​ធនា​សន្ដិ​សុខ​ទាំង​មូល​សំរាប់​គ្រួសារ ដើម្បី​ធ្វើ​កិច្ចការ​នេះ គេ​ត្រូវ​ជៀស​វាង​អំពើ​មួយ​ចំនួន​ ដែល​ជា​កត្ដា​នាំ​ទុក្ខ​មក​អោយ​គ្រួសារ ហើយ​ជា​កត្ដា​បាក់​បែក​ប្ដី​ប្រពន្ធ​ផង​ដែរ​។

   ការបាក់បែកប្រះឆា បែក​សាមគ្គី​ភាព​នៅ​ក្នុង​គ្រួសារ មិន​មែន​បណ្ដាល​មក​ពី​រឿង​ធំៗ​នោះ​ទេ គឺ​មក​តែ​ពី​រឿង​កំប៉ិច​កំប៉ុក ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​។ រឿង​រាវ​ធំៗ ដែល​កើត​មាន​ឡើង ហើយ​ដែល​ចេញ​មក​ពី​ប្រភព​ក្រៅ​មែន​ទែន​ទៅ​ ជា​កត្តា​ដែល​ពង្រឹង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​អោយ​កាន់​តែ​រឹង​មាំ​ទៅ​វិញ​ទេ​។ នេះ​ជា​ទស្សនៈ​មួយ រក​ជឿ​សឹង​ពុំ​បាន ប៉ុន្ដែ​តាម​ការ​ពិត​ទៅ រឿង​ធំ​ៗ កើត​មក​តែ​ពី​រឿង​ធ្វេស​ប្រហែស​បន្ដិច​បន្ដួច​ប៉ុណ្ណោះ ជា​ពិសេស​មក​ពី​ពាក្យ​សំដី​ពិស​ពុល ឥត​ប្រមាណ​ទុក​ជា​មុន​។

   តើរបៀប​រស​នៅ ដែល​បណ្ឌិត​ម៉ៃ​កំហិត​ដល់​ជន​ប្រុស​ស្រី មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សង្គម​ជាតិ​ទាំង​មូល មុន​ដំបូង​បង្អស់​ គឺ​ការ​ធនា​សណ្ដាប់​ធ្នប់​សង្គម​អោយ​បាន​រឹង​មាំ ព្រោះ​គឺ​សណ្ដាប់​ធ្នប់​ល្អ​នេះ​ហើយ​ដែល​ធ្វើ​អោយ​ស្រុក​ទេស រុង​រឿង​ថ្កុម​ថ្កើង យ៉ាង​ណា​មិញ​អំពើ​ឆ្កួត​បី​យ៉ាង ដែល​កវី​ម៉ៃ​បាន​លើក​ឡើង គឺ​ជា​កត្ដា​ដែល​នាំ​បុរស​ឆ្ពោះ​ទៅ​រក​ការ​ប្រមាណ​ច្បាប់​សង្គម មាន​ជា​អាទិ​អំពើ​ពុក​រលួយ បោក​ប្រាស ជាប់​គុក​ច្រវាក់​គ្រប់​បែប​យ៉ាង ប៉ុន្ដែ​គួរ​កត់​សំគាល់​ផង​ដែរ​ថា ពី​សម័យ​ឧត្ដុង មក​ទល់​សព្វ​ថ្ងៃ​នេះ ការ​ប្រែ​ប្រួល​ក៏​មាន​ច្រើន​ដែរ ហេតុ​ដូច្នេះហើយ​បាន​ជា​គេ​តែង​ពោល​ថា ឃ្លោក​លិច​អំបែង​អណ្ដែត ដែល​មាន​ន័យ​ថា សីល​ធម៌​មាន​ការ​ប្រែ​ប្រួល​ជា​មូល​ដ្ឋាន បើ​ពុំ​ហ៊ាន​ធ្វើ​អ្វី ដោយ​ខ្លាច​នេះ ​ខ្លាច​នោះ​ជ្រុល​ហួស​ហេតុ​ពេក អ្វី​ក៏​គេ​រក​ពុំ​បាន​ដែរ ហើយ​គ្រួសារ​ត្រូវ​បាក់​បែក​ដដែល​ជា​ដដែល​។

ច្បាប់ប្រុស

នេះបទព្រហ្មគីតិ ពីព្រេងព្រឹទ្ធទុកទូន្មាន ចែងចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី។
អោយអស់កូនចៅក្រោយ ស្តាប់កុំអោយភ្លេចស្មារតី ប្រដៅទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា។
ធម្មតាកើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា ក្រគិតក្នុងចិន្តា អោយបានដឹងសមនិងគួរ។
នឹងអស់ញាតិសន្តាន សោះគេមានពាក្យថាជួ កុំឆ្មើងកុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ ។
នឹងដើរដូចភូជង្គ អោយអោនអង្គអាចបារម្ភ អោយត្រូវនឹងច្បាប់ក្រម គួរប្រតិបត្តិកុំអោយឆ្គង ។
រៀនបទរៀនបាទចាស កុំក្រលាសលើរៀមច្បង ស្រីដីនឹងអ្នកផង ពាក្យអោយគួរកុំឯងវឺយ។
អ៊ឺអើអញដាច់សាច់ ឆ្គងពាក្យពេចន៍គេស្រដី ដើមដៀលអោយអប្រីយ ស្រដីថាកូនអិតពូជ ។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច គេថាកូនអិតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែអូវ កេរ្តិ៍អាស្រូវស្អុយរហ៊ុំ គេស្តីដើមជៀវជុំ ដំនៀលនោះដល់មកចាស់។
១០ កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស កុំខ្លាចកុំហ៊ានណាស់ អោយរំពឹងរំពៃគ្រប់ ។
ទោះដេកអោយរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប មុខមាត់មើលអោយគ្រប់ ទ្រព្យរបស់សឹមដេកវិញ ។
ស្លាម្លូស៊ីអោយច្រៀក កុំបីបៀកទាំងមូលមិញ តូចធំអោយច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ ។
ដេកយប់កុំដេកយូរ ហើយទទូរដូចគេងាប់ សំពត់ស្លៀកអោយខ្ជាប់ កុំអោយអាក្រាតក្រៅខ្លួន។
នឹងដេកកុំទ្រមក់ អោយលង់លក់ក្រៅពីក្បួន បើភ្ញាក់អោយដឹងខ្លួន ឡើងអង្គុយកុំមាត់ខ្លាំង ។
១៥ ប្រែប្រាណប្រុងវិញ្ញាណ ខ្លាចក្រែងមានចោរចិត្តខ្មាំង ប្រួញប្រាណប្របជញ្ជាំង ជញ្ជូនទ្រព្យលួចយកចេញ។
បើអិតមានមន្ទិល កុំអោយខ្ជិលដេកទៅវិញ ភ្ញាក់ហើយអោយក្រោកចេញ រកជក់ថ្នាំស៊ីម្លូស្លា។
ទោះពេលពន់ព្រលប់ គន់អោយគ្រប់ទ្រព្យនានា កាំបិតខាងអាត្មា អោយសឹតទឹកដាក់ចុងជើង។
ប្រអប់ដាក់ទឹមស្មា ថ្វាយទេព្តារក្សាយើង ហើយអោយបំពក់ភ្លើង នៅក្រានក្រៅកុំអោយដាច់។
កុំអោយអស់រលីង រលត់ធេងហើយថាភ្លេច សព្វថ្ងៃមើលកុំដាច់ កុំដើរយកពីផ្ទះគេ ។
២០ ថែទាំមើលជើងក្រាន អោយអុសមានកុំទំនេរ បង្កាត់បង្កើតកេរ្តិ៍ កុំប្រហែសអោយសូនសុង ។
ប្រយ័ត្នក្រែងក្រងាយ ពុំសប្បាយឈឺពោះពុង បង្កាត់កំដៅអង្គ អុជបំភ្លឺមើលនេះនោះ។
មានកាលយប់ងងឹត ភ្លេចមិនគិតជួនកូនជុះ គ្មានភ្លើងអុជចន្លុះ ក្រានរលុះរលត់ធេង ។
រត់រកភ្លើងសស្រាក់ ព្រួយលំបាកតែខ្លួនឯង ហេតុខ្ជិលពុំគិតក្រែង ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ ។
ហើយអោយថែទាំទឹក ទោះយប់ព្រឹកកុំគិតងាយ ដងដាក់ក្អមរត់រាយ សព្វពួចពាងអាងអុងធំ ។
២៥ កុំអោយស្ងួតក្អមធេង អស់រលីងពីពាងធំ គ្មានសោះនោះមិនសម ជួនក្រែងក្រងាយយប់ថ្ងៃ ។
ទោះដើរទៅឆ្ងាយជិត កាន់កាំបិតកំដរដៃ ក្រែងមានមែកឈើព្រៃ កាប់កាន់មកទុកជាអុស ។
ជួនកាលក្រែងបន្លា មុតអាត្មាគ្រាន់ចាក់ជោះ ជាគ្រឿងគ្រប់មិនខុស ការសត្រូវទោះឆ្មាឆ្កែ ។
ដើរព្រៃអោយមើលលើ ឃើញស្លឹកឈើជាបន្លែ កាន់កាប់កុំដៃទេ អង្គុយគន់មើលឆ្វេងស្តាំ ។
ក្រែងមានព្រៃឈើងាប់ គួរកាច់កាប់យកជាថ្នាំ ផ្ញើក្រានគ្រាន់ដណ្តាំ បាយបានឆ្អិនឆាប់ដូចចិត្ត ។
៣០ សោះស្រីស្រដីបាន បើអុសមានមិនព្រួយចិត្ត សព្វថ្ងៃប្រុងគំនិត ថែទាំទើបគង់របស់។
មាសប្រាក់ស្រូវអង្ករ ទុកអោយល្អកុំសប្បុរស សំចៃកុំអោយអស់ មើលថែធួនខ្លួនឯងណា ។
សូវស្តួចកុំអោយដាច់ បើវាតិចអោយឧស្សាហ៍ រិះរកផ្សំទៀតណា អោយបានច្រើនក្រវើនទុក ។
នឹងចាយអោយគិតក្រោយ ទោះនឹងអោយៗមើលមុខ កុំអោយស៊ុកគ្រលុក ទោះនឹងទុកអោយចំណាំ។
រដូវធ្វើចំការ អោយឧស្សាហ៍គ្រឿងគ្រាប់ដាំ ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់សព្វបន្លែ ។
៣៥ កុំខ្ជិលកុំច្រអូស ទៅងងុះរកសូមគេ គេមិនអោយឯងទេ តែគឺមោះព្រោះខ្ជិលដាំ ។
ទោះធ្វើស្រែចំការ អោយឧស្សាហ៍មើលថែទាំ កុំខ្ជិលកុំប្រចាំ ចបចូកជីកស្មៅវល្លិផង ។
កុំអោយបង់កំលាំង ទោះខែប្រាំងប្រើអោយដង ទឹកទៅស្រោចស្រប់ផង អោយលូតលាស់មានផ្កាផ្លែ។
ធ្វើការកុំគិតព្រួយ ខ្លួនឯងមួយកុំត្អូញត្អែរ ខ្លាំងខ្សោយកុំអោយល្ហែ ខ្លាចតែនឿយហើយមិនធ្វើ ។
ជាងយប់បិតរិស្សី ត្បាញជាល្អីតៅកញ្ជើ កុំអោយទ្រឹស្តីលើ អិតអំពើធ្វើលេងទៅ ។
៤០ កុំទុកដៃទទេ ជាងទំនេរបោចស្មៅព្រៅ ខាងផ្ទះខាងលំនៅ អោយវាលកាលកើតសុខា ។
អោយមានក្តីបារម្ភ ធ្វើស្រែកុំចោលចំការ ដឹងដែកដឹងបិតព្រា ទុកអោយជាកុំអោយបាត់ ។
ដេកយប់អោយរាំងទ្វារ ទ្រព្យជាៗប្រុងប្រយ័ត្ន ត្រចៀកចាំកុំភ្លាត់ កុំភ្លេចចោលមិនដឹងខ្លួន ។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែធួន ទោះទ្រព្យរបស់ខ្លួន អោយសួរកូនសួរប្រពន្ធ ។
កំអាងឯងជាប្រុស ចាយរបស់មិនគិតគន់ មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាអិតបើថា ។
៤៥ ទោះបីបើបងប្អូន ពឹងរកខ្លួនទៅណាៗ ទោះទៅលេងអិតការ អិតគេរកដើរឆ្ងាយជិត ។
អោយប្រាប់អ្នកនៅផ្ទះ កុំរលះអិតគំនិត គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា ។
បើទៅជាមានភ័ព្វ ប្រសើរគាប់នោះអិតថា ប្រសិនពានពស់ខ្លា ខ្យល់ចាប់ចុកអិតគេសម។
ទោះដើរមានដំណឹង អោយរំពឹងគិតបារម្ភ នឹងដើរៗអោយសម យប់ព្រលប់អោយមាត់ក ។
កុំស្ងៀមកុំស្ងាត់ពួន លបលាក់ខ្លួនខ្លាចមិនល្អ អោយមើលអោយមាត់ក ដើរអោយស្មោះសោះគេថា។
៥០ ទោះខ្លួនជាប៉ុន្មាន ពាក្យសន្តានវែងមុសា គេម៉ៃមកអាត្មា តាមដំណឹងដំណើរខុស ។
កូនអើយបាកុំធ្លោយ កុំធ្លាប់អោយអាប់កេរ្តិ៍យស ធម្មតាកើតជាប្រុស អោយរករៀនច្បាប់មាត្រា ។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា មួយឆ្កួតល្បែងពាលា លេងបៀប៉ោធួកំតាក់ ។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត ។
ធម្មតាប៉ោនិងបៀរ មិនដែលខ្មែរណានឹងកើត មិនលឺមានកំណើត មានតែលិចលង់ខ្លួនទេ ។
៥៥ ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងតែងនឹងរេ មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន ។
ពីព្រឹកស្លៀកហូលជរ ល្ងាចស្លៀកសខ្វះចងក្បិន ពីព្រឹកត្បកក្បាលចិន ល្ងាចមិនទាន់ចិនដាក់ខ្នោះ ។
ជួនកាលវាចងជើង ព្យួរខ្ពស់ឡើងក្បាលដាំចុះ ភ្នែកស្លឹងតឹងក្រញុះ វាទារប្រាក់អោយបានឆាប់ ។
មើលមុខល្អតិចអី មិនខ្មាសស្រីផ្សារឈរស្តាប់ មុខមិញដូចគេស្លាប់ មាត់ស្ញិញស្ញាញពេបដូចក្មេង។
ស្រែកថ្ងូរអះអូយអើយ អាចឹកអើយអាណិតលែង អញរកប្រាក់អោយឯង អោយអាចឹកស្អែកនេះបាន ។
៦០ ចិនលឺព្រមស្រាយមក បណ្តើររកប្រាក់សណ្តាន តឹងទារទាល់តែបាន ទ្រព្យអោយទៅទើបវាលែង។
អ្នកអាយអ្នកអើយកុំ គួរបារម្ភរាល់តែល្បែង កុំលកុំលូកលេង គួរអោយវាងអោយវៀរសោះ
កុំឈរកុំឈប់ជិត ក្រែងមិនអត់បង់កេរ្តិ៍កោះ កុំល្បងល្បែងនោះសោះ គួរអោយដោះអោយដើរចេញ។
ច្បាប់នេះចាំរាល់ខ្លួន ទោះបងប្អូនមិត្តសំលាញ់ ពឹងខ្លួនឯងអោយចេញ ធានាទ្រព្យគេយកទៅ ។
ឯទ្រព្យបានទៅវា ឯងធានាស្រាប់តែនៅ វាបានយកទ្រព្យទៅ ខ្លួនឯងនៅធានាស្រាប់ ។
៦៥ ដល់គេមកតឹងទារ អ្នកធានាអោយបានឆាប់ មិនបានគេប្រចាប់ ទៅជាខ្ញុំព្រោះធានា ។
ទោះបងប្អូនធុរៈ ក្រជំពាក់គេតឹងទារ បើមានទ្រព្យជួយជា កុំធានាណាអ្នកអាយ ។
កូនអើយចូរបាចាំ អូវពុកផ្តាំកុំបីណាយ ប្រយ័ត្នរាល់រូបកាយ កុំអោយភ្លេចពាក្យនេះណា ។
មួយទៀតហៅឆ្កួតស្រី គួរកុំបីសេពកាមា វាតែងទាញអាត្មា នាំវង្វេងភ្លេចបាបបុណ្យ ។
ភ្លេចសីលទានសូន្យសោះ ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម ភ្លេចទោសភ្លេចទាំងគុណ ភ្លេចទាំងការកាន់រសាយ ។
៧០ បង្កើតតែទោសទុក្ខ បើបានសុខសឹងប្រែក្លាយ បង្កើតក្តៅក្រហាយ អោយទាស់ទែងខឹងនិងគ្នា ។
ចងទោសគុំគង្គួន មិនគិតខ្លួនខ្លាចមរណា មានកាលក្មួយនិងមា គុំធ្វើគ្នាអោយសោះសូន្យ។
បង្កើតតែចិត្តធំ ចៅគំនុំនឹងជីដូន ឯបងខឹងនឹងប្អូន ម្តាយនិងកូនគំធ្វើគ្នា ។
រីខ្ញុំគុំកាប់ម្ចាស់ អោយក្តៅណាស់ក្នុងអង្គា កើតទោសខឹងនឹងគ្នា ជាគំនុំពុំត្រាស្បើយ ។
មានកាលគេដាក់ឃ្នាង វាមិនរាងចាលចិត្តឡើយ លក់ព្នៃខ្ញុំគេហើយ មិនខ្លាចស្លាប់ដល់អាត្មា ។
៧៥ គេកាប់ដោតទាំងក្បាល មិនចេះចាលចិត្តឡើយណា ភ្លេចខ្លួនសូន្យសោះសា នឹកតែត្រង់សេពសប្បាយ ។
រីឯកាមកិលេស កុំប្រហែសគួរអោយណាយ ស្អិតណាស់ណាអ្នកអាយ អ្នកអើយកុំគិតសង្ស័យ ។
នេះឯងហៅឆ្កួតស្រី គួរកុំបីអោយអាល័យ ចូរចងចាំសព្វថ្ងៃ ទុកទូន្មានរាល់អាត្មា។
អ្នកប្រាជ្ញលោកនិទាន ទុក្ខទូន្មានរាល់រូបា មួយហៅឆ្កួតសុរា នោះកុំផឹកវាស្រវឹង ។
វានាំភ្លេចវិញ្ញាណ ភ្លេចសីលទានសោះសូន្យឈឹង ផឹកហើយមិនដែលនឹង នាំចិត្តនោះអោយធំក្រៃ ។
៨០ ឯខ្លួនឯងតូចទេ មើលទៅគេប៉ុនមេដៃ កំលាំងឯងស្មើចៃ មិនកោតគេតិចឡើយណា ។
ក្អេងក្អាងពាក្យកក្អែ អួតពូកែបទបានស្រា មិនមានខ្លាចនរណា ស្រដីកោងរកកលឈ្លោះ ។
បញ្ជោរបញ្ចៀសផ្តាស ជេរវាងវាលមិនចំឈ្មោះ នាំហេតុតែខាងឈ្លោះ ឆ្លើយឆ្លងពាក្យអោយបានទាក់។
ប្រពន្ធឃើញឃាត់ទៅ ប្តីមិនត្រូវថាកុំអ្នក ឯងខឹងលោតវាយធាក់ ដោយចិត្តធំបទបានស្រា ។
មានកាលជួនស្រវឹង ពុំមានដឹងខ្លួនឡើយណា ដើរដួលដេកផ្កាប់ផ្ងារ ស្រាតសំពត់អស់ពុំដឹង ។
៨៥ គេឃើញអស់ខ្មាសខ្មុំ ក្មេងជៀវជុំសើចទ្រហឹង ដេកដូចគេស្លាប់ឈឹង ក្អែក្អួតពាសពេញទាំងខ្លួន ។
កំណើតអ្នកផឹកស្រា កុំអួតថាឯងនឹងនួន ផឹកហើយស្រវឹងមួន ខ្លួនខ្សត់ទេអួតថាមាន ។
អ្នកស្លូតទៅជាកាច ឯអ្នកខ្លាចទៅជាហ៊ាន ខុសត្រូវទៅបំពាន បំពុលខ្លួនអោយបានបាប ។
នេះឯងហៅឆ្កួតស្រា ក្នុងធម៌ថាពៀរដរាប អ្នកណាផឹកហើយបាប បង់កិត្តិយសពុំសួស្តី ។
គួរកុំសពេសុរា នាំអាត្មាអោយអប្រីយ នឹងធ្លាក់ទៅអវចី នរករងទុក្ខវេទនា ។
៩០ ហៃអស់ជនទាំងឡាយ កុំរាយមាយក្នុងអង្គា ចូរស្តាប់ច្បាប់នេះណា ទុកទូន្មានខ្លួនសព្វថ្ងៃ ។
នេះឯងហៅឆ្កួតបី លោកស្រដីក្នុងធម៌ថ្លៃ បើអ្នកណាមួយនៃ នឹកប្រាថ្នាដោយចំណង់ ។
លោកចងជាឧបមា អោយអ្នកណាមួយផ្ចិតផ្ចង់ យកដែកដុលបោះបង់ ក្នុងភ្លើងក្រានឆេះច្រាលឆ្អៅ ។
បើកាន់ដែកដែលដុត នោះមិនមុតមិនមានក្តៅ កាន់បាននោះទើបហៅ ចិត្តមុតមែនមិនគិតប្រាណ ។
នោះទើបលោកអោយធ្វើ នូវអំពើទាំងបីបាន ដោយធម៌ពីបុរាណ លោកឧបមាដូច្នេះណា ។
៩៥ ចាត់ចែងតែងជាបទ ព្រហ្មប្រាកដកាលបិតា ប្រដៅខ្ញុំនេះណា សព្វសេចក្តីដូច្នេះនៃ ។
កិច្ចកាព្យរាយរៀបរស់ ខ្ញុំនាមឈ្មោះបណ្ឌិតម៉ៃ គិតចងជាសេចក្តី ប្រដៅជនចប់ម៉្លេះហោង
----ចប់----