គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************

ប្រស្នារឿងស្រីល្អ ទឹកផ្អែម

     ស. ស្រ្ដីយ៉ាងណា ហៅថាល្អលើសស្រ្តីទាំងពួងក្នុងលោកនេះ ទឹកយ៉ាងណា ជាទឹកផ្អែមឆ្ងាញ់លើសទឹកទាំងពួងក្នុងលោកនេះ ត្រីយ៉ាងណា ដែលមានរសជាតិឆ្ងាញ់ ពិសាលើសត្រីទាំងពួងក្នុងលោកនេះ?។

     គ. ឱ! ឯជាតិស្រ្ដីល្អលើសគេនោះ បើតាមនិយាយដោយរូប គឺស្រីដែលប្រកបដោយបពា្ចពិធធម៌ គឺស្រ្ដីដែលមានសីលមារយាទល្អនោះ ឯង បើនិយាយដោយវោហាវិញនោះ គឺស្រ្តីប្រពន្ធគេនោះឯង ហៅថាល្អ លើសលែងស្រ្ដីក្នុងលោក ហេតុអ្វីក៏បានជាថាលើសគេនោះ ព្រោះស្រ្ដី ប្រពន្ធគេនោះមានទោសខុសទាំងពីរផ្លូវ ថាបើបុរសណាទៅប្រព្រឹត្តកន្លង បវេណីនោះហើយ គឺក្នុងលោកនេះ តែគេដឹងលឺ ហើយ គេក៏ចាប់ទៅប្តឹង ដល់សាលាជំនុំ សាលាជំនុំលោក ក៏ពិនិច្ឆ័យលក់ ឬ ដាក់គុក ធ្វើទោសទៅ ផ្សេងៗ ឯខាងផ្លូវបរលោកនោះសោត ក៏បានបាបគឺ ធ្លាក់ទៅសោយទុក្ខ វេទនាក្នុងអបាយភូមិទាំង៤ មាននរកជាដើម ការដែលដឹងថាមានទោស យ៉ាងនេះហើយ ហេតុអ្វីបុរសលែងពុំបាន បើដូច្នេះស្រ្តីនោះមិនល្អលើស គេហើយហះ បានជាបុរសលែងពុំបាន យ៉ាងនេះឯងហៅថា ស្រ្តីល្អលើស លែងក្នុងលោក។

     ២ - ឯទឹកដែលផ្អែមពិសាលើសទឹកទាំងពួងនោះ គឺសុរានេះឯង មែនពិត ឯទឹកសុរាបានជាផ្អែមលើសលែងនោះ ព្រោះទឹកសុរានោះ មានអំណាច អាចហាម មិនអោយបិទ មិនអោយធ្វើខ្លួនឯង តោងចេញប្រាក់ទៅទិញចិន ឯទោសផឹកសុរា គឺបង់ប្រាក់១ គឺផឹកទៅហើយ កើតស្រវឹងវង្វេងចិត្ត ទៅ ប្រព្រឹត្តការជួអាក្រក់ផ្សេងៗ មានបង្កពាក្យជម្លោះ ប្រកែកប្រកួតជាដើម១ មានទោសធ្លាក់ទៅអបាយភូមិទាំង៤ មាននរកជាដើម១ អ្នកលេង សុរាសឹងដឹងប្រាកដថា ផឹកសុរានោះជាទីនាំមកនៅសេចក្តីទុក្ខទោសទាំងអស់ តែនឹងលះលែងពុំបាន បើដូច្នោះសុរានោះមិនជាផ្អែមលើសគេ ហើយហះ បានជាមនុស្សយើងលះលែងពុំរួច។

     ៣ -ឯត្រីដែលមានរសពិសាលើសត្រីនានានោះគឺត្រីព្រលូងនោះឯង បានជាថាត្រីព្រលូងមានរសពិសានោះព្រោះដឹងថាត្រីព្រលូងនេះជួន បរិភោគទៅហើយពុលក៏មាន តែនឹងលះបង់ពុំបាន បើដូច្នោះត្រីព្រលូងនោះមិនឆ្ងាញ់លើសគេហើយហះ បានជាមនុស្សលះលែងពុំបាន។

     ស. ករុណាចូលចិត្តហើយ ១ទៀតការទទួលទានសុរានោះ  ហេតុអ្វីថាមានបាប សុរានោះទទួលទានទៅជាថ្នាំកែរោគក៏មាន ជាគុណអោយ ទទួលទានបាយបានក៏មាន សូមនិមន្តលោកគ្រូកែខៃអោយចូលចិត្តបន្តិចមើល?។

     គ. តបថា ការផឹកសុរានោះ បានជាបាបព្រោះព្រះបរមគ្រូទ្រង់ហាមពុំអោយសេពសុរានោះ ព្រោះជារបស់នាំអោយស្រវឹង នាំអោយខូច ចិត្ត ត្បិតមនុស្សយើងសព្វថ្ងៃនេះមានស្រវឹងនៅពេញខ្លួនហើយ សេចក្តីស្រវឹងនេះ លោភោ គឺសេចក្តី ជាប់ជំពាក់ ឬ ចំណង់ចង់បាននេះជា ស្រវឹងប្រការ១ទោសោ គឺសេចក្តីក្រោធខឹងនេះស្រវឹងប្រការ១ មោហោគឺសេចក្តីល្ងង់វង្វេងពុំស្គាល់ខុសត្រូវនេះស្រវឹងប្រការ១ មានៈទិដ្ឋិ គឺសេចក្តីរឹងត្អឹងកាន់ខ្លួន អួតខ្លួននេះជាស្រវឹងប្រការ ១ ស្រវឹងទាំងអស់នេះ តែងមាននៅសំរាប់រូបមកហើយ ហើយមកថែមផឹកទឹកស្រវឹង ចូលទៅទៀត ស្រវឹងថ្មី ក៏នាំស្រវឹងចាស់អោយមានកំលាំងក្លាហានឡើង គឺខ្លួនអ្នកលោភក៏នាំអោយលោភខ្លាំងឡើង ខ្លួនអ្នកទោសៈ រឺមោហៈ មានៈទិដ្ឋិ ក៏នាំអោយចំរើន ទោសៈមោហៈ មានៈទិដ្ឋិខ្លាំងក្លាឡើង មួយទៀតពាក្យជាអាថិកំបាំង ឬកេរ្តិ៍ ខ្មាសជារបស់មិនគួរ នឹង ចេញសំដែង ប្រាប់គេនោះក៏អាចនាំចេញបង្ហាញគេបានទាំងអស់ មួយទៀតនាំអោយកើតជំលោះប្រកែក ជួនក៏ត្រូវព្រះរាជអាជ្ញាបង់ទ្រព្យធនទៅផ្សេង ផ្សេងមួយទៀតទោសសុរានេះនាំអោយកើតរោគឆាប់ងងឹតភ្នែក ឆាប់ជរាគ្រាំគ្រាទ្រោមទ្រុឌ ទោសយ៉ាងនេះឯង បានថាមានក្នុងលោកនេះ មួយទៀតប្រាក់ដែលទៅទិញសុរា នោះក្នុងមួយឆ្នាំៗបើប្រមូលទុក គង់បាននៅច្រើន  គ្រាន់ទុករក្សាការពារអន្តរាយក្នុងគ្រាក្រ ទុកទិញ បាយត្រីចំណីឯទៀតចែកកូនប្រពន្ធអាស្រ័យជាជាង រឺឯងយល់ដូចម្តេច។

ទោសកើតអំពីជក់អាភៀននិងកញ្ឆា

     ស. ករុណា ខ្ញុំករុណាចូលចិត្តហើយ អើយ៉ាងជក់អាភៀនជក់កពា្ឆនោះ តើមានទោសយ៉ាងណាខ្លះទាន?។
     គ. អោ រឿងជក់អាភៀនជក់កញ្ឆានោះ មានទោសប្រហែលៗ នឹងសុរានោះដែរ ឯងគិតមើលចុះ សុរាអាភៀននោះសឹងមានផាស៊ីគេទិញ ដាច់មុខក្នុងស្រុកមួយៗ ធ្វើលក់បានតែម្នាក់ៗ ម្ល៉ោះហើយ គេចង់តំឡើងថ្លៃយ៉ាងណា ក៏តាមតែចិត្តគេទាំងអស់ តំលៃនោះលើសប្រមាណ ឃើញចុះទុនយ៉ាងច្រើនៗ បើខ្លួនទៅប្រកបគិតធ្វើឡើងបានតែនាយផាស៊ីគេដឹងហើយ គេក៏ចាប់លក់ព្នៃតាមច្បាប់ព្រះរាជបញ្ញាត្តិ ត្រូវ បង់ប្រាក់ ធ្លាក់ដល់ទោសជាប់គុកជាប់ក្តីក្នុងលោកនេះ។ ១ទៀត អ្នកជក់អាភៀននោះ សព្វថ្ងៃនេះឯងយល់ស្រាប់ហើយ អ្នកណាមានរូបល្អខ្លះ អ្នកល្អណាគេគាប់ចិត្ត សេចក្តីចំរើនមានយ៉ាងណាខ្លះ គួរឯងគិតមើលចុះ ឯរឿងកញ្ឆាទៀត ក៏ប្រហែលៗនឹងអាភៀនដែរ សឹងជារបស់ នាំអោយកាយវិកលវិការ នាំអោយឆ្កួតចិត្តប្រព្រឹត្ត ទៅក្នុងកិរិយាទាបថយទាំងអស់។

ប្រស្នារឿងពាលដែលគួរអោយខ្លាច

     ស. ករុណា ខ្ញុំយល់ហើយទាន មួយទៀតការគួរអោយខ្លាចក្នុងលោកនេះតើអោយខ្លាចអ្នកណាទាន?។
     គ. ឱ ការដែលខ្លាចនោះ ក្នុងចិត្តគំនិតឯងតើខ្លាចអ្វីសព្វថ្ងៃនេះ?។
     ស. ខ្ញុំព្រះករុណាសព្វថ្ងៃនេះគិតខ្លាចស្តេច១ ខ្លាចអ្នកមានទ្រព្យសម្បត្តិ១ យ៉ាង នេះត្រូវរឺមិនត្រូវ?
     គ. ឯងគិតខ្លាចស្តេច  ខ្លាចអ្នកមានទ្រព្យសម្បត្តិនោះមិនត្រូវទេ ខ្លាចអីស្តេចនោះ បើយើងទៅប្រព្រឹត្តការឯណាអោយខុស នឹង ព្រះរាជ បញ្ញាតិ្តក្រិត្យព្រះអាជ្ញា គឺយើងទៅធ្វើការខុស មានធ្វើចោរកម្មជាដើមនោះទើបមហាក្សត្រ លោកដាក់ទោសទណ្ឌកម្មយើងបាន បើយើង រក្សាខ្លួនយើងអោយត្រឹមត្រូវតាមច្បាប់ហើយ យើងប្រព្រឹត្តកាយ ប្រព្រឹត្តចិត្តសុចរិត តាមព្រះរាជប្រកាសហើយ ស្តេចនោះលោក នឹង ដាក់ទោសទណ្ឌកម្មយើងឯណាបាន ឯអ្នកមានទ្រព្យសម្បត្តិនោះសោត បើយើងកុំទៅខ្ចីទ្រព្យគេយើងកុំទៅពឹងទ្រព្យគេ គេនឹងមកធ្វើទោស យើងឯណាបានហេតុ នោះទើបថា យើងមិនត្រូវខ្លាច។

     ស. ចុះលោកគ្រូអោយខ្លាចមនុស្សយ៉ាងណាវិញ?
     គ. ត្រូវអោយខ្លាចមនុស្សពាលជំពូក១ ទើបត្រូវព្រោះមនុស្សពាលក្រនឹងគេចរត់អំពីវាទៅបាន ពាលនោះពុំប្រាកដថា នៅត្រង់នេះត្រង់ នោះបាន ជួនណាកូនប្រពន្ធឯង បងប្អូនឯង ត្រឡប់ជាពាលវិញក៏មាន ពាលនេះរក្សាក្រពេកណាស់កុំថាដល់ពាលខាងក្រៅនោះឡើយតែពាល ខាងក្នុងនៅជាមួយនឹងខ្លួនក៏ពុំដឹងថាជាពាលមកដល់ថ្ងៃណា ខែណាពេលណា ដូចប្រពន្ធដែលរួមសុខទុក្ខផងគ្នា ជួនណាក៏ប្រែចិត្តគិតស្អប់ប្តី ទៅស្រលាញ់ប្រុសដទៃប្រើសហាយវាអោយប្រហារប្តី ដល់នូវសេចក្តីស្លាប់ទៅវិញក៏មាន ឯរឿងនិទានប្រពន្ធសំលាប់ប្តី រឿងបុរាណមាន និយាយមកថា៖

រឿងប្រពន្ធចិត្ដពាល

     មានបុរសម្នាក់មានភរិយាជាទីគាប់ចិត្ត នៅរួមសុខទុក្ខនឹងគ្នាអស់កាលជាយូរមក តែបុរសនោះមានប្អូនប្រុសម្នាក់ យកមកនៅរកស៊ីជា មួយផង លុះនៅយូរមកមេប្រពន្ធនោះ ទៅប្រតិព័ទ្ធស្រឡាញ់ចៅប្អូនថ្ងៃ បានលួចលាក់ធ្វើស័្មគ្រសង្វាស នឹងគ្នា ដល់ក្រោយមេនោះនិយាយ ញុះចៅប្អូនថ្លៃអោយសំលាប់ប្តី ឯចៅប្អូនថ្លៃនោះ ហេតុតែជាមនុស្សលុះក្នុងអំណាចភ្លើងរាគខ្លាំង ក៏លុះពាក្យញុះញង់នោះ កើតទ្រុស្តមិត្ត ទ្រុស្តបងអាតា្មទើបកាន់ដាវទៅចាំនៅនាកំពង់ទឹក លុះបងទៅងូតទឹកចៅប្អូននោះ ក៏ពិឃាតបងនោះដល់នូវមរណភាពកាលកណ្តាលផ្លូវទៅ ហើយក៏បានយកគ្នាជាប្តីប្រពន្ធមក។ រឿងរ៉ាវនេះ មានសេចក្តីពិស្តារក្នុងព្រះគម្ពីរសង្គហឯនោះ អញ្ជីញទៅមើលចុះ។

     មានរឿងក្នុងកាល ឥឡូវនេះក៏មានដូចរឿងស្រ្តីម្នាក់នៅស្រុកចក ខេត្តត្នោត ស្រ្ដីនោះជាកូននាយជាងមាស មាតាបិតា ដាក់ទុកអោយមាន ស្វាមី លុះនៅយូរមក មេនោះមានសហាយក្បត់កើតស្អប់ប្តីអាត្មា ទើបវានិយាយបញ្ឆោតប្តីនោះ អោយទៅបោចវល្លិក្នុងព្រៃស្ងាត់ ហើយវា អោយសហាយនោះ ទៅតាមសំលាប់ចៅប្តីនោះចោល។

     មួយទៀតមានមេម្នាក់ប្រពន្ធមេឃុំ នៅភូមិស្រុកស្ទោងជីកែ្រង ស្រ្ដីនោះឯងទៅ សហាយ នឹងចៅអធិកាម្នាក់ កើតស្អប់ប្តីអាត្មា ទើបវាទៅជួល អ្នកលេង អោយបាញ់មេឃុំជាប្តីស្លាប់ទៅ។ រឿងអស់ទាំងនេះមានសេចក្តីពិស្តារ នៅក្នុងពាក្យបណ្តឹងក្នុង សាលាវិនិច្ឆ័យឯនោះ។

រឿងកូនពាល

     គឺកូនជាអវជាតបុត្រ អកតញ្ញូពុំដឹងគុណមាតាបិតា អាចសំលាប់មាតាបិតា ដូចនិទានព្រះមោគ្គល្លានត្ថេរកាលនៅក្នុងអតីតជាតិនៅឡើយ លោកកើតជាមាណពម្នាក់ លុះអំណាចមេភរិយា វាញុះអោយមាណពនោះនាំមាតាបិតាទៅសំលាប់ចោលបង់ក្នុងព្រៃ មាណពនោះត្រូវ ទោសអនន្តរិយកម្ម ធ្លាក់ទៅសោយទុក្ខវេទនា ក្នុងមហាអវចីនរកអស់កំណត់ លុះដល់ភទ្ទកប្បនេះ គ្រាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់យើង បានត្រាស់ឡើង មាណពនេះបានមកកើតជាព្រះមោគ្គល្លានត្ថេរ ជាអគ្គសាវកខាងឆ្វេង។ រឿងបិតុឃាត ដូចនិទានព្រះបាទអជាតសត្រូវទៅ សេពគប់ នឹង ទេវទត្ត កើតមោហចិត្តគិតចង់បានរាជសម្បត្តិព្រះវររាជបិតា ចាប់ព្រះបាទពិម្ពិសាររាជ ជាព្រះវររាជបិតាប្រហារជីវិតដល់នូវ មរណភាពទៅ។ រឿងនិទានអស់នេះ មានសេចក្តីពិស្តារក្នុងព្រះគម្ពីរមង្គលត្ថទីបនី ឯនោះហេតុនោះទើបហៅថា មនុស្សពាលនោះគួរខ្លាច កៃ្រពេកណាស់ ព្រោះនៅជិតជាប់ នឹងអាត្មាពុំដឹងជានឹងកើតមកក្នុងថ្ងៃណា នឹងគេចរត់អោយផុតចេញពីវាទៅ បាន។

     មួយទៀត ឯនុស្សពាលនេះ ចេះអុបាយកល បញ្ឆោតបញ្ឆុកច្រើនយ៉ាងណាស់ តែពុំមានបញ្ញាត្រិះរិះគិតអោយដឹងកល អាការវាហើយ ក៏នឹង បង់ខ្លួនបង់ទ្រព្យទៅដោយអំពើពាលនោះពុំខាន ដូចនិទានឃុនរ៉ាតអោយមនុស្សពាលវាធ្វើបាន ឯនិទាននោះដោយលឺថា៖

: : :