រឿងព្រាហ្មណ៍ចាស់ នឹងភរិយាក្រមុំ
ថ្ងៃសៅរ៍ ទី25.ឧសភា 2013.ម៉ោង 7:17

  ពោធិសត្វពិចារណាត្រិះរិះអាការៈពាក្យទេវតា យល់ហេតុមានមិនសង្ស័យ ទើបប្រើអោយអ្នកបំរើយកក្រសោបព្រា​ហ្មណ៍​នោះ ទៅ​ស្រាយ​​មាត់​នា​ទី​វាល ឯ​ពស់​វែក​នោះ​ និមិត្ដ​តែ​មាត់ក្រសោបនោះរសាយហើយ ទើបវារលូនចេញមកមួយរំពេច បណ្ដា​មហា​ជន និង​ព្រាហ្មណ៍​ចាស់​​នោះ​ បាន​ឃើញ​ពស់​វែក​ចេញ​ចាក​ក្រសោប ដូច្នោះហើយនាំគ្នាអោយសព្វសាធុការសរសើរប្រាជ្ញាបារមី​នៃ​ពោធិ​សត្វ ជា​អនេក​បរិ​យាយ​​ផ្សេង​ៗ​។ ពោធិ​សត្វ​ក៏​អោយ​អ្នក​បំរើចាប់ពស់នោះយកទៅលែងឯព្រៃ ហើយប្រាប់ព្រាហ្មណ៍ថា តាឯងចូរមើលសេចក្ដី​អន្ដ​រាយ​ជីវិត​តា​ឯង​​ដោយ​ពស់​វែក​នេះ​ចុះ​។ ព្រាហ្មណ៍​ចាស់​សំពះពោធិសត្វសរសើរថាខ្ញុំបាទបានរួចជីវិតក្នុងគ្រានេះ ក៏ព្រោះមកបាន​ជួប​នឹង​លោក​ជា​អ្នក​ប្រាជ្ញ អាច​​រក​សេចក្ដី​សុខ​បាន ខ្ញុំ​បាទ​ពុំ​មានវត្ថុអ្វី ជាឧត្ដមសមគួរ នឹងបូជាតបគុណឡើយ មានតែម្រាមដៃទាំង១០ ខ្ញុំវន្ទាតប​គុណ​លោក​ក្នុង​គ្រា​នេះ​។ ពោធិ​សត្វ​សួរ​ថា ព្រាហ្មណ៍​ឯង​ចាស់​ជរា​ហើយនរណាប្រើតាឯងអោយសូមទានគេដូច្នោះ។ ព្រាហ្មណ៍​ជំរាប​ថា ប្រពន្ធ​ខ្ញុំ​បាទ​ប្រើ​មក​។ នាង​​ប្រពន្ធ​តា​ឯង​នោះ តើ​ជា​ស្រី​ចាស់ ឬ​ជា​ក្រមុំ? សូមទាននៅក្រមុំក្មេង។ ពោធិសត្វពិចារណាអាការនោះទៀត​ក៏​យល់​ថា នាង​នោះ​មាន​សហាយ​​ប្រាកដ ទើប​ថា ​អើ​ព្រាហ្មណ៍​នាង​ប្រពន្ធតាឯងនោះមិនសុចរិតនឹងតាឯងទេ បើតាឯងទៅដល់ផ្ទះ ហើយចូលទៅ​ក្នុង​វេលា​រាត្រី​ស្ងាត់ របស់​​ទ្រព្យ​ដែល​តា​ឯង​បាន​នេះ​ចូរ​តាកុំយកទៅអោយឃើញទាំងអស់ គួរលាក់ទុកខ្លះ ពោធិសត្វប្រដៅព្រាហ្មណ៍នោះស្រេច​ហើយ ក៏​អោយ​ព្រា​ហ្ម​ណ៍​នោះធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​។ តា​ព្រាហ្មណ៍ក៏លាពោធិសត្វដើរទៅកាន់ផ្ទះអាត្មា ដល់ទៅក៏ជនវេលារាត្រីស្ងាត់។

  ឯមេព្រាហ្មណីជាប្រពន្ធនោះ តាំងតែពីប្ដីចេញទៅស្វែងរកលាភបាត់ វាក៏នាំចៅព្រាហ្មណ៍កំលោះសហាយនោះ​មក​ដេក​ជា​ប្រ​ក្រតី​។ តា​​ព្រា​ហ្ម​ណ៍​ទៅ​ដល់​ផ្ទះ ក៏​យក​ប្រាក់​ទៅ​កប់​លាក់នៅខាងជើងសសរផ្ទះ ហើយទើបហៅប្រពន្ធអោយបើកទ្វារផ្ទះទទួល​ខ្លួន​។ ឯ​មេ​នោះ​លឺ​សូរ​ប្ដី​​មក​ដល់​ក៏​ភិត​ភ័យ ទើប​បណ្ដោះ​សហាយ​អោយ​ចុះទៅតាមបង្អួច ហើយវាធ្វើជាមាយាបើកទ្វារម្នីម្នាទទួល​ព្រាហ្មណ៍​អោយ​ឡើង​ទៅ​ តា​​ព្រា​ហ្ម​​ណ៍​ឡើង​ដល់​ផ្ទះ​ហើយ ក៏​និយាយ​ចរ​ចា​ប្រស្រ័យសួរសុខទុក្ខតាមធម្មតា។ នាងភរិយាក៏សំនេះសំនាលសួរ​អំ​ពី​លាភ​ដែល​ទៅ​ស្វែង​នោះ​​រឿយ​​ៗ​។ ព្រា​ហ្ម​ណ៍​លុះ​អំណាច​ភរិ​យា​ក្រមុំ ក៏ពុំអាចបិទបាំងប្រាក់ដែលខ្លួនកប់ទុកនោះឡើយ ឆ្លើយប្រាប់ថា ខ្លួនបាន​ប្រាក់​មក​កប់​លាក់​នៅ​ជើង​​សសរ​ផ្ទះ​។ ឯ​សហាយ កាល​វា​ចុះ​ពី​ផ្ទះ​ទៅ​នោះ​វាពុំរត់ទៅឯណាឡើយ វាលបនៅក្រោមផ្ទះចាំស្ដាប់ព្រាហ្មណ៍ប្ដីប្រពន្ធ​និង​និយាយ​អ្វីៗ លុះ​វា​លឺ ​ថា​ប្រាក់ ១០០​កហាប​ណៈ ព្រាហ្ម​ណ៍កប់​លាក់​នៅ​ខាង​ជើងសសរផ្ទះដូច្នោះ វាក៏ទៅកកាយយកបាន វាក៏លួចយកទៅផ្ទះវាហោង។

  ព្រាហ្មណ៍ចាស់និងភរិយា ក៏ដេកនៅតាមបវេណី លុះព្រឹកឡើងព្រាហ្មណ៍ភ្ញាក់ចាកដំណេក ដើរទៅមើលប្រាក់ដែល​ខ្លួន​កប់​លាក់នោះ​ក៏​ពុំ​ឃើញ​ប្រាក់​នោះ ព្រាហ្ម​ណ៍​កើត​ទុក្ខ​មហិមា គិតថា សេចក្ដីអន្ដរាយអញដល់ទៀតហើយ បើដូច្នេះមានតែ ទៅរក​លោក​អ្នក​ប្រាជ្ញ​នោះ​ អោយ​​លោក​ជួយ​រក​ប្រាក់​ដែល​អា​នោះ​លួច​យកទៅនោះទើបបាន គិតហើយតាព្រាហ្មណ៍ក៏រៀបអាត្មា ដើរទៅកាន់​សំណាក់​បរម​ពោធិ​សត្វ​ឯ​ក្រុង​ ពា​រាណ​សី ដល់​ហើយ​ក៏​ជំរាប​សេចក្ដីតាំងពីដើមដល់ចប់សព្វប្រការ។

  ឯពោធិសត្វ បានស្ដាប់ព្រាហ្មណ៍ថ្លែងសេចក្ដីដូច្នោះហើយ ទើបរិះគិតអាការៈចោរលួចប្រាក់នោះ ក៏យល់ដោយប្រាជ្ញា​មួយ​រំ​ពេច ទើប​ប្រាប់​​ព្រាហ្ម​​ណ៍​ថា តា​ឯង​វិល​ទៅ​ផ្ទះ​វិញ​ប្រាប់​ប្រពន្ធតាឯថា ខ្លួនតាឯងបានបន់ទេវតាថា បើខ្លួនបានមកដល់ស្រុកសុខ​សប្បាយ​កាល​ណា នឹង​ធ្វើ​​បុណ្យ​គឺ​និមន្ដ​ព្រាហ្ម​ណ៍ប្រាំ​មួយ​នាក់​មក​ឆាន់ ចំណែកខាងតាឯង ៣នាក់ ចំណែកខាងប្រពន្ធ៣នាក់ ឆាន់៣ថ្ងៃ តែ​អោយ​ផ្លាស់​រូប​ព្រាហ្ម​ណ៍​ដែល​​ឆាន់​នោះ កុំ​អោយ​យក​ដដែល​ក្នុង​ថ្ងៃដើម៦រូប ថ្ងៃទី២ អោយផ្លាស់ និមន្ដព្រាហ្មណ៍ ៦រូបទៀតមកឆាន់ថ្ងៃទី៣ អោយ​ផ្លាស់​និមន្ដ​ព្រាហ្ម​ណ៍​ឯ​ទៀត​ ៦​រូប​ទៀត​មក​ឆាន់​ហើយ​តា​ឯង​ចាំ​មើលព្រាហ្មណ៍ខាងប្រពន្ធនោះ ជាវាផ្លាស់រូបទាំង៣ ឬៗយ៉ាងណានោះ បើ​ព្រាហ្ម​ណ៍​ណា​ជា​សង្សារ​វាៗ​ នឹង​​និមន្ដ​មក​ឆាន់​ដដែល​មិន​ផ្លាស់​ទេ បើរូបណានៅឆាន់ទាំង៣ថ្ងៃ រូបនោះហើយជាសហាយរបស់វា ចូរតាឯង​កំណត់​ទុក​ក្នុង​ចិត្ដ ហើយ​មក​ប្រាប់​​យើង​ជា​ឆាប់ យើង​នឹង​ទៅ​ចាប់​តួ​អា​ចោរ​លួច​ប្រាក់នោះឯង។ ពោធិសត្វប្រាប់អុបាយសព្វគ្រប់ហើយ ក៏​អោយ​ព្រាហ្ម​ណ៍​ចាស់​នោះ​វិល​ទៅ​ទី​​លំ​នៅ​វិញ​។ ព្រាហ្ម​ណ៍​ក៏​លា​ពោធិ​សត្វ​ទៅ​ផ្ទះវិញ ដល់ហើយក៏ថ្លែងសេចក្ដីនោះប្រាប់នាងភរិយា តាមពាក្យនៃពោធិសត្វសព្វប្រការ។

  ឯនាងភរិយាក៏ធ្វើតាម គឺចាត់ចែងភោជនាហារស្រេចហើយ ក៏និមន្ដព្រាហ្មណ៍កំលោះសហាយនោះមក​ឆាន់​ទាំង​៣​ថ្ងៃ តែ​រូប​ព្រាហ្មណ៍​ឯ​​ទៀត​ៗ​នោះ​ផ្លាស់​តាម​បង្គប់​ព្រាហ្មណ៍​នោះឯង។ ឯព្រាហ្មណ៍ចាស់ កាលណាបើឃើញព្រាហ្មណ៍កំលោះខាង​ប្រពន្ធ​មក​ឆាន់​ទាំង​៣​ថ្ងៃ​ដូច្នោះ​ ក៏​កំណត់​កត់​ចាំ​រូប ចាំ​ឈ្មោះ​ហើយ​យក​សេចក្ដីនោះទៅជំរាបដល់បរមពោធិសត្វៗ ក៏ប្រើអោយអ្នកបំរើ ទៅ​ចាប់​យក​ព្រាហ្ម​ណ៍​កំ​លោះ​ មក​គំរាម​សួរ​តាម​ហេតុ​ពិរុទ្ធ ព្រាហ្ម​ណ៍​កំលោះ​ពុំ​អាច​ប្រកែកគេចបាន ក៏ទទួលសារភាព ថាជាចោរមែន ទើបទៅ​យក​ប្រាក់​ដែល​ខ្លួន​លួច​​នោះ​ មក​ប្រគល់​អោយ​ព្រាហ្ម​ណ៍ចាស់​វិញ សូមទោសនឹងបរមពោធិសត្វ បរមពោធិសត្វក៏តិះដៀល​ជា​អនេក​បរិយាយ ហើយ​ទូន្មាន​អោយ​​លះ​បង់​ចោល​នូវ​អំ​ពើ​ពុត​ពាល ហើយលែងអោយវិលទៅស្រុកវិញ។ ព្រាហ្មណ៍បានប្រាក់វិញក៏សរសើរប្រាជ្ញា​នៃ​ពោធិ​សត្វ ហើយ​តម្កល់​នូវ​ បរម​ពោធិ​សត្វ​ជា​គ្រូ​អាចារ្យ​ចាប់ដើមពីថ្ងៃនោះមក។

  រឿងរ៉ាវនេះមានសេចក្ដីពិស្ដារក្នុងព្រះគម្ពីរ យើងទាញយកមកសំដែងនេះ តែជាន័យសង្ខេបជាបែបអោយ​ឃើញ​ថា​ លោក​អ្នក​មាន​ប្រាជ្ញា​ពិ​ចារ​ណា​តាម​អាការៈ​ដែល​ចេញ​មក​នោះ ពិ​ចារ​ណា​ដេញ​រក​ហេតុរកបច្ច័យទាល់តែការនោះច្បាស់ឡើងប្រាកដដូចសំដែងមកនោះ។

  មួយទៀត រឿងអ្នកប្រាជ្ញពីបុរាណ ដែលមានមកក្នុងគម្ពីរបាលីដោយពិតនោះ យ៉ាងដូចអង្គព្រះមហោសថបរម​ពោធិ​សត្វ​ក្ដី ឯង​គប្បី​ដឹង​ថា​ ជា​អ្នក​ប្រាជ្ញ​ប្រ​សើរ​វិសេស​ចុះ​។ មែន​ពិត ឯអ្នកមានប្រាជ្ញាឆ្លាសវាងវៃនោះមិនភ្លើភាន់សតិទៅផ្ដាស អាចគេច​កែ​ខ្លួន​បាន​ក្នុង​ប្រជុំ​ជន ឬ​ការ​​ដែល​មាន​ដល់​មក​មួយ​រំពេច ដូចនិទានមាន់ចែកែខ្លួនផុត អំពីសត្វសំពោចបាន...។