រឿងសត្វសំពោច នឹងមាន់ចែ
ថ្ងៃសុក្រ ទី31.ឧសភា 2013.ម៉ោង 22:08

(និទាននេះមានដំណាលក្នុងក្បួនបារាំងែសស)
រឿងសត្វឥន្ទ្រីរបស់ព្រះឥសូរ

  មានសត្វឥន្រ្ទី ជាទីគាប់ព្រះទ័យនៃព្រះឥសូរៗ ក៏ស្រលាញ់រាប់អានជាទីទុកព្រះហរិទ័យ ឯសត្វឥន្រ្ទីនោះបើចង់​បាន​អ្វីៗ​ក្ដី ឬ​វា​ចង់​ស៊ី​សាច់​សត្វ​​ណា​ក្ដី វា​ទូល​ព្រះ​ឥសូរ​ថា វា​យល់​សុបិន​ត្រូវស៊ីសត្វនោះ ឯព្រះឥសូរក៏ចេះតែជឿតាមហៅសត្វនោះមកអោយវាស៊ីតែ​រឿយ​ៗ ក៏​បណ្ដា​សត្វ​​ទាំង​ឡាយ​មាន​គោ​ក្របី​ជា​ដើម​ កើត​ក្ដៅក្រហាយនឹងសត្វឥន្រ្ទីនោះមហិមា តែពុំហ៊ានថាអ្វីព្រោះខ្លាចអំណាច​ព្រះ​ឥសូរ ជា​ម្ចាស់​លើ​សត្វ​ក្នុង​លោក​នេះ​។

  គ្រាកាលនោះ មានសត្វទីទុយមួយទំនៅលើមែកឈើ បានឃើញដំរីសម្ដាយនិងកូន ដើរយំសោកដូច្នោះ ហើយ​ក៏​សួរ​ទៅ​ថា «នែ​ដំរីស អ្នក​មាន​ទុក្ខ​ទោ​មនស្ស​ព្រោះ​ហេតុ​អ្វី​? ឯដំរីសម្ដាយនិងកូន ក៏ថ្លែងសេចក្ដីទុក្ខនោះប្រាប់ទីទុយ តាំងអំពីដើម​ដល់​ចប់​សព្វ​គ្រប់​ប្រការ​។ ឯ​ទី​ទុយ​លឺ​ដូច្នោះ​ហើយ​ក៏​ថា «ឱ!.​ព្រះ​ឥសូរ​លោក​ម្ដេច​ក៏ ប្រកបទៅដោយឆន្ទាគតិគឺលំអៀងច្បាប់ លំអៀង​សេច​ក្ដី​ទៅ​តាម​សេច​ក្ដី​ស្រលាញ់ ទៅ​ជឿ​ស្ដាប់​តែ​ពាក្យ​សត្វ​ឥន្រ្ទី​អោយយាយីគេឯទៀតដូច្នោះ។ ដំរីសតបថា «ឱ!​.​អ្នក​ទីទុយ​អើយ​ខ្ញុំ​នេះ​ឥត​ទី​ពឹង​ពុំ​នាក់​សោះ​ ឡើយ សូម​អ្នក​ជួយ​មេត្ដា​សង្រ្គោះ​ដោះ​ដូរ​ជីវិតខ្ញុំអោយរួចពីភ័យម្ដងនេះទៅលោកម្ចាស់ ខ្ញុំម្ដាយ​និង​កូន​នឹង​នៅ​ជា​ខ្ញុំ​បំរើ​អ្នក​»​។ ឯ​ទី​ទុយ​មាន​ចិត្ដ​មេត្ដា​ករុណា​កើត​ឡើង​ ហើយ​ក៏ឆ្លើយទទួលថា «អើបើដូច្នោះ អ្នកឯងឆ្លើយក្ដីស័្មគ្រថា បាវខ្ញុំចុះ ខ្ញុំនឹងទៅ​និយាយ​កែ​តាម​កល​ឧបាយ​នឹង​ព្រះ​ឥសូរ​មើល​ម្ដង»​។

  ដីរីសក៏ព្រមតាម ហើយអោយទីទុយជិះ ទំលើក្បាលកូនដីរីស ចរទៅកាន់សំណាក់ព្រះឥសូរ អៃដ៏ភ្នំកៃលាស​មហា​ស្ថាន​ ដល់​ហើយ​ទី​ទុយ​ ក៏​ចុះ​ចាក​ក្បាល​ដំរីស ចូល​ទៅ​ទំ​ទៀប​បល្ល័ង្ក ទីនាំងព្រះឥសូរ ហើយទូលថា «បពិត្រព្រះអង្គ ជាកំពូលលើសលោក ព្រះ​អង្គ​មាន​ការ​អ្វី​បាន​ជា​ទ្រង់​អោយ​ហៅ​ដំរីស​ជា​បាវ​ខ្ញុំ ទូលព្រះបង្គំមកនេះ មានហេតុភេទយ៉ាងណាព្រះករុណា»។ ព្រះឥសូរក៏ឆ្លើយថា «អើ​ទី​ទុយ​បាវ​ឯង​នេះ ត្រូវ​ដល់​សេច​ក្ដី​ស្លាប់​ហើយ ក្នុង​ថ្ងៃ​នេះត្បិតសត្វឥន្រ្ទីគេយល់សុបិនថា ត្រូវបរិភោគសាច់ដំរីស ហេតុនោះទើបយើង​អោយ​ហៅ​ដំរី​ស​ជា​បាវ​ឯង​មក​អោយ​គេ​ស៊ី​ ទី​ទុយ​តប​ថា «សូមទាន ឯកិរិយាយល់សុបិនរបស់សត្វឥន្រ្ទីនោះ ជាទៀងពិតប្រាកដ ព្រះអង្គ​យក​ជា​ប្រមាណ​ណាស់​ទៅ ​ឬ​យ៉ាង​ម្ដេច​?»​។ អើ​ទី​ទុយ សត្វ​ឥន្រ្ទី​នោះ​គេ​យល់​សុបិនហើយសុបិននោះនិមិត្ដទៀងពិតណាស់ យើងយកជា​ប្រមាណ​បាន»​។ ក្រាប​ទូល​ខ្ញុំ​ទូល​ព្រះ​បង្គំ​ក៏​ជឿ​តាម​ព្រះ​បន្ទូល ដែលទ្រង់ជឿសុបិនសត្វឥន្រ្ទីនោះ ដំរីសបាវខ្ញុំព្រះករុណាវិសេសក៏គួរដល់ស្លាប់ហើយ ខ្ញុំ​ម្ចាស់​នាំ​មក​ថ្វាយ​អោយ​ទ្រង់​ប្រ​ទាន​ដំរី​ស​អោយ​សត្វ​ឥន្រ្ទីគេបរិភោគចុះ តែខ្ញុំល្អងធូលីព្រះបាទយប់មិញនេះមានធុរៈដើរចាប់ក្ដាម​បរិ​ភោគ ពុំ​បាន​ទទួល​ទាន​ដំណេក​សោះ បើ​ដូច្នេះ​សូម​មេត្ដាអត់ទោស សូមទទួលទានដំណេកបានមួយស្រលេតសិន ហើយខ្ញុំនាំបាវទៅអោយ​សត្វ​ឥន្រ្ទី​នោះ​គេ​ស៊ី» ថា​ហើយ​ទី​ទុយ​ធ្វើ​ធ្មេច​ភ្នែក​សំងំ​ដេក​បន្ដិច ទីទុយក៏ធ្វើជាភ្ញាក់ឡើងហើយពត់ខ្លួនពត់ប្រាណសសិតស្លាប ធ្វើកិរិយា​រីក​រាយ​ហើយ​ទូល​ព្រះ​ឥសូរ​ថា «សូម​ទ្រង់​ព្រះ​មេត្ដា​ប្រោស​ ខ្ញុំ​ម្ចាស់​ទទួល​ទានដំណេកអំបាញ់មិញនេះទៅ យល់សុបិនល្អណាស់ ជាសុបិន​មង្គល​ហៅ​សុបិន​និមិត្ដ»​។ ព្រះ​ឥសូរ​ក៏​សួរ​ថា «បា​ឯង​យល់​សុបិន​នោះ​ដូម្ដេច ចូរនិយាយទៅមើល? ទីទុយក៏ទូលថា «សុបិនខ្ញុំម្ចាស់នេះសេចក្ដី​ប្លែក​ណាស់​ទៅ​ជា​មិន​ហាន​និយាយ​ផង​» អើ​ឯង​និយាយ​ទៅ​មើល សុបិន​ឯង​នោះ​យ៉ាងណា?។

  សូមទាន សុបិននោះឃើញថា សម្ដេចព្រះនាងឧមាភោគវតីជាព្រះរាជមេហសី ល្អងធូលីព្រះបាទនេះ​ស្រលាញ់​ខ្លួន​ខ្ញុំ​ព្រះ​ករុណា​វិសេស​ល្អង​ធូលី​ព្រះ​បាទ​ក៏​ប្រោស​ប្រទាន​អោយ​មកជាភរិយាខ្ញុំ សុបិនខ្ញុំនេះទៀងពិតប្រាកដណាស់ យកប្រមាណបាន បើ​ដូច្នេះ​សូម​ល្អង​ធូលី​ព្រះ​បាទ​ហៅ​ព្រះ​នាង​ឧមា​ភោ​គវតី​នោះ​មក​ព្រះរាជទានអោយខ្ញុំទុកជាព្រះកេរ្ដិ៍របស់ព្រះករុណាវិសេស»។ ព្រះឥសូរលឺដូច្នោះ ​ក៏​តូច​ព្រះ​រាជ​ហរិ​ទ័យ​ទើប​ត្រាស់​ថា «អា​ឯង​យល់​សុបិន​នេះ​ផ្ដាស​ទេ​ យើងនឹងយកជាប្រមាណពុំបាន នឹងជឿស្ដាប់ពុំបានទេ អាទីទុយអើយ»។

  ទីទុយតបថា «ក្ដីយល់សុបិនខាងទូល ព្រះបង្គំព្រះអង្គថា យកជាប្រមាណពុំបាន ចុះខាងសត្វឥន្រ្ទីនោះ ម្ដេចក៏​ព្រះ​អង្គ​ជឿ​ស្ដាប់​យក​ជា​ប្រ​មាណ​បាន​? អើ​បើ​សុបិន​ខ្ញុំ​មិន​ពិត​ សុបិន​សត្វឥន្រ្ទីនោះក៏មិនពិតដូចគ្នា វិស័យសត្វសកុណជាតិដូចគ្នា សូម​ព្រះ​អង្គ​កាត់​សេច​ក្ដី​នេះ​អោយ​បាន​ប្រកប​ដោយ​យុត្ដិ​ធម៌​ទាំង​សង​ខាង​អោយទាន»។ ព្រះឥសូរលឺទីទុយស្ដីដូច្នោះហើយ ក៏ទញ់ទាល់ព្រះហរិទ័យ​ណាស់ ទើប​ត្រាស់​ថា «អើ​បើ​ដូច្នោះ​ចូរ​ឯង​នាំ​យក​ដំរី​ស​ជាបាវឯង វិលទៅកាន់ទីលំនៅឯងវិញចុះ ការនេះយើងលើកលែងគ្នាតែប៉ុណ្ណោះ»​។ ទី​ទុយ​ក៏​ក្រាប​ថ្វាយ​បង្គំ​លា​នាំ​ដីរី​ស​ទៅ​ទី​លំ​នៅ​បាន​ជួប​គ្នាម្ដាយនិងកូន នៅជាសុខសប្បាយរួចអំពីអន្ដរាយជីវិតព្រោះបានសេពគប់ទៅលើមិត្ដ គឺ​ទី​ទុយ​ជា​អ្នក​ប្រាជ្ញ​ អាច​ដោះ​ទុក្ខ​បាន​ដោយ​ប្រការ​យ៉ាង​នេះ​។

ទីអើយទីទុយរូបរាងទុយមុយអាក្រក់តែកាយ
តែត្រង់បញ្ញាជ្រះថ្លាពណ្ណរាយអាចកែដោះស្រាយ
ភព្រះសូរី ។
ឥសូរភូមិន្ទកាន់ខាងសុបិនឥន្រ្ទីបក្សី
វាក្លែងតំរូវថាត្រូវដំរីធ្លាក់ជាចំណី
នៃវាភោក្ដា។
ទីទុយបពា្ចប់យកសប្ដិនឹងសប្ដិលើកឡើងតវ៉ា
ទារយកមហេសីគឺនាងឧមាផ្ចាញ់ព្រះប្រាជ្ញា
មហិស្សរាចេញហោង។